Category: សង្គម និងសេដ្ឋកិច្ច

  • ពេជ្រ អាវីហ្សា ស្ដាយពេលវេលាសាងកេរ្ដិ៍ឈ្មោះ ក្រោយពេលវះកាត់រួច

    ពេជ្រ អាវីហ្សា ស្ដាយពេលវេលាសាងកេរ្ដិ៍ឈ្មោះ ក្រោយពេលវះកាត់រួច

    ប៉ុន្មានថ្ងៃមុននេះកញ្ញា ពេជ្រ អាវីហ្សា បានធ្វើឱ្យមិត្ដភ័ក្ដិក្នុងសិល្បៈ ក៏ដូចជាអ្នកគាំទ្រនាងជា ច្រើនមានការភ្ញាក់ផ្អើល គ្រាដែលនាងត្រូវចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទាំងយប់ដើម្បីធ្វើការវះកាត់ និងបច្ចុប្បន្ន នាងបានធូរស្បើយពីជំងឺនោះហើយ តែទោះយ៉ាងណានាងក៏បានសម្ដែងនូវការហួសចិត្ដបន្ទាប់ពីនាងជួបនឹងបញ្ហាជាប់ៗគ្នាបែបនេះ។

    ចូលមកដល់ឆ្នាំ2017 នេះគេសង្កេតឃើញថា តារាសម្ដែងសាច់សខ្ចីដូចបណ្ដូលចេកដែលធ្លាប់តែមានហុងស៊ុយ និងទទួលបានការគាំទ្រក្នុងវិស័យសិល្បៈ ស្រាប់តែត្រូវមកកើតរឿងជាប់ៗគ្នាដែលសូម្បីតែសាមីខ្លួនក៏មានការហួសចិត្ដនឹងខ្សែជីវិតខ្លួនដែរ។ គេនៅចាំបានថា មុនពេលកញ្ញា ពេជ្រ អាវីហ្សា ត្រូវចូលមន្ទីរពេទ្យវះកាត់ពោះវៀនដុះខ្នែងនេះ នាងធ្លាប់បានធ្វើខួបកំណើតដើម្បីលាងជម្រះ ភាពអពមង្គលចង្រៃទាំងឡាយចេញពីជីវិតនាង តែក្រោយពីពិធីនោះចប់រួចរាល់មិនទាន់ទាំងបានមួយខែស្រួលបួលផង ស្រាប់តែនាងត្រូវជួបបញ្ហាចូលពេទ្យទាំងយប់តែម្តង។

    ជួបកញ្ញា ពេជ្រ អាវីហ្សា តាមរយៈទូរស័ព្ទ នាងបញ្ជាក់ថា កន្លងមកនាងពុំធ្លាប់មានជំងឺប្រចាំកាយអ្វីឡើយ សូម្បីតែរូបនាងផ្ទាល់ក៏មិននឹកស្មានថា នឹងកើតមានជំងឺដែលធ្វើឱ្យនាងឈឺចុកចាប់ពេញខ្លួនភ្លាមៗដូច្នេះឡើយ។ នាងបន្ដថា តាមនាងដឹងព័ត៌មានខ្លះៗពីគ្រូពេទ្យថា វាជាជំងឺសាមញ្ញដែលនរណាៗក៏អាចកើតបានដែរ តែនៅពេលអាការធ្វើទុក្ខខ្លាំងបណ្ដាលឱ្យចុកពោះខ្លាំងណាស់ និងបើបញ្ជូនទៅពេទ្យមិនទាន់ទេ ប្រហែលនឹងអាចជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬក៏អាចនឹងជួបគ្រោះថ្នាក់ដល់ជីវិតបានទៀតផង។

    ជាមួយគ្នានេះកញ្ញា ពេជ្រ អាវីហ្សា បានដកដង្ហើមធំសម្ដែងនូវការហួសចិត្ដបន្ទាប់ពីនាងបានជួបរឿងហេតុមិនល្អម្ដងហើយម្ដងទៀតក្នុងជីវិតបែបនេះ។ អ្វីដែលនាងស្ដាយនោះគឺ ក្រោយពេលនាងវះកាត់ហើយ ត្រូវការពេលវេលាយូរទៀតក្នុងការសម្រាកថែទាំសុខភាព ព្រោះនាងត្រូវការពេលវេលាឆាប់ៗក្នុងការសាងកេរ្ដិ៍ឈ្មោះក្នុងសិល្បៈឡើងវិញបន្ទាប់ពីជួបបញ្ហាឥតឈប់ឈររួចមក។

    កញ្ញាពេជ្រ អាវីហ្សា បញ្ជាក់ថា៖«សំណាងហើយដែលខ្ញុំពុំបានជាប់កុងត្រាជាមួយក្រុមហ៊ុនឬផលិតកម្មណាមួយ មិនដូច្នោះទេច្បាស់នៅជាប់ការងារគេពេញហ្នឹង និងមិនដឹងថាត្រូវដោះស្រាយរបៀបណាទេ»៕

  • ឯកឧត្តម ថោង ខុន៖ វិស័យទេសចរណ៍នៅកម្ពុជាត្រូវការធនធានមនុស្សបន្ថែម

    ឯកឧត្តម ថោង ខុន៖ វិស័យទេសចរណ៍នៅកម្ពុជាត្រូវការធនធានមនុស្សបន្ថែម

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានឯកភាពលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្សឱ្យបានប្រមាណ 5ម៉ឺននាក់ក្នុងមួយឆ្នាំ ដើម្បីបម្រើក្នុងវិស័យទេសចរណ៍ឱ្យបានគ្រប់គ្រាន់។

    ឯកឧត្តមបានលើកឡើងថា ក្រសួងបានដាក់ចេញនូវយន្តការចម្បងតាមរយៈការបង្កើតមូលនិធិអភិវឌ្ឍន៍ទេសចរណ៍ និងនីតិវិធីចាត់ចែងប្រើប្រាស់មូលនិធិ កម្មវិធីកម្ចីនិស្សិតដែលជាឱកាសផ្តល់លទ្ធភាពដល់និស្សិតក្រីក្រអាចទទួលបានការអប់រំវិជ្ជាជីវៈជំនាញ និងប្រព័ន្ធធានាការងារជូននិស្សិតតាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគីរវាងសាលា មូលដ្ឋានអាជីវកម្មសណ្ឋាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីគាំទ្រលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ឆ្នាំ 2017 – 2025 ដែលត្រូវបានរៀបចំឡើងដោយបានធ្វើការសិក្សាយោងលើគោលនយោបាយជាតិមុខរបរ និងការងារឆ្នាំ2015 – 2025 និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន2016 – 2025 ព្រោះថាយន្តការនេះត្រូវបានយកមកអនុវត្តក្នុងវិស័យទេសចរណ៍ដោយសារអាជីវកម្មទេសចរណ៍មានលក្ខណៈប្រមូលផ្តុំច្រើន ហើយវិស័យទេសចរណ៍មានលក្ខណៈជាប្រព័ន្ធទៀតផង។

    នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍ដែលដឹកនាំដោយឯកឧត្តម ថោង ខុន នៅព្រឹកថ្ងៃទី27 ខែមិថុនា ឆ្នាំ2017 បានឯកភាពគាំទ្រលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្សឱ្យបានប្រមាណ5ម៉ឺននាក់បន្ថែមក្នុងមួយឆ្នាំ ដោយកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងឆ្នាំ2025 កម្ពុជានឹងមានអ្នកជំនាញទេសចរណ៍ប្រមាណ30ម៉ឺននាក់ដែលមានសមត្ថភាពខ្ពស់ ប្រកបដោយភាពច្នៃប្រឌិត និងគំនិតបង្កើតថ្មីដើម្បីបម្រើការងារទាំងក្នុង និងក្រៅតំបន់អាស៊ានក្នុងការចូលរួមពង្រឹងឧត្តមភាពប្រកួតប្រជែង និងបង្កើនមូលធនមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជាស្របតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទិផ្សារការងារ។

    ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍នេះផ្តោតសំខាន់ទាំងការបណ្តុះបណ្តាលធនធានមនុស្ស ទាំងជំនាញវិជ្ជាជីវៈទេសចរណ៍ និងមន្ត្រីជំនាញមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ដោយមន្ទីរទេសចរណ៍ត្រូវបង្កើតផែនការការងារបណ្តុះបណ្តាល គ្រប់គ្រង និងតាមដានការអនុវត្តដោយផ្ទាល់តាមរាជធានី-ខេត្តរបស់ខ្លួន ដោយមានរចនាសម្ព័ន្ធគ្រូបង្គោល និងកម្មវិធីសិក្សាច្បាស់លាស់ និងការសម្របសម្រួលពីថ្នាក់ជាតិដើម្បីរួមគ្នាអភិវឌ្ឍធនធានមនុស្សជំនាញស្របតាមទិសដៅយុទ្ធសាស្ត្របន្តពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន អភិវឌ្ឍ និងពង្រឹងជំនាញវិជ្ជាជីវៈទេសចរណ៍តាមស្តង់ដារជាតិ និងតម្រូវការនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងពង្រឹងសមត្ថភាពស្ថាប័ន មន្ត្រីជំនាញ និងភាពជាដៃគូរដ្ឋ ឯកជនតាមរយៈការអប់រំ បណ្តុះបណ្តាល តាមជំនាញដែលមានការងារធ្វើស្រាប់ និងបណ្តុះបណ្តាលអ្នកធ្វើការថ្មី។

    ជាមួយគ្នានេះ ក្រសួងក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពន្លឿនអនុវត្តគម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ក្រោមគម្រោងកម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំងឱ្យបានឆាប់រហ័ស ដើម្បីរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍នេះឱ្យសម្រេចបានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងនិន្នាការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍កម្ពុជា ដោយធានាគុណភាពសេវាកម្មទេសចរណ៍ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

    យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក និងក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោកឆ្នាំ2016 បានរាយការណ៍ថា ពិភពលោកទទួលបានទេសចរប្រមាណ1,235លាននាក់ បង្កើតការងារដោយផ្ទាល់ និងប្រយោលបានសរុបប្រមាណ 290លាននាក់ ខណៈដែលវិស័យទេសចរណ៍ និងការធ្វើដំណើរកម្ពុជាបានបង្កើតការងារដោយផ្ទាល់ និងប្រយោលសរុបប្រមាណ 2,3លាននាក់ ស្មើនឹង 27%នៃការងារសរុប ក្នុងនោះការងារផ្ទាល់មានប្រមាណ 1,2លាននាក់ ស្មើនឹង 14%នៃការងារសរុបដែលការងារផ្ទាល់ក្នុងវិស័យទេសចរណ៍មានប្រមាណជា 62ម៉ឺននាក់៕

  • អង្គការរដ្ឋមន្ត្រីអប់រំនៅអាស៊ីអាគ្នេយ៍ ជ្រើសរើសមន្ត្រីគម្រោងជាន់ខ្ពស់

    អង្គការរដ្ឋមន្ត្រីអប់រំនៅអាស៊ីអាគ្នេយ៍ ជ្រើសរើសមន្ត្រីគម្រោងជាន់ខ្ពស់

    អង្គការរដ្ឋមន្ត្រីអប់រំនៅអាស៊ីអាគ្នេយ៍ (SEAMEO) បានប្រកាសជ្រើសរើសមន្ត្រីគម្រោងជាន់ខ្ពស់ (The Post Program Officer II) ដើម្បីបម្រើការនៅអគ្គលេខាធិការដ្ឋានរបស់ SEAMEO នៅទីក្រុងបាងកកប្រទេសថៃ។

    កម្មវីធីនេះ ត្រូវបានប្រកាសនៅកម្ពុជាដោយក្រសួងអប់រំ យុវន និងកីឡា ដោយក្នុងនោះបានបញ្ចាក់យ៉ាងច្បាស់ពីលក្ខខណ្ឌនៃការដាក់ពាក្យដែលត្រូវមានជីវប្រវត្តិច្បាស់លាស់ មានបទពិសោធក្នុងការគ្រប់គ្រងវាយតម្លៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍកម្មវិធីនៃសកម្មភាពរបស់ SEAMEO។ នៅក្នុងសេចក្តីប្រកាសដែលបង្ហាញដោយ SEAMEO បញ្ជាក់ថាអ្នកដែលជាប់ជាមន្ត្រីផ្នែកនេះ នឹងទទួលបានប្រាក់ឧបត្ថម្ភមូលដ្ឋាន 25,321ដុល្លារ/ឆ្នាំ ឆ្នាំទី2 នឹងបាន 26,810ដុល្លារ/ឆ្នាំ និងឆ្នាំទី3 នឹងទទួលបានប្រាក់ឧបត្ថម្ភ 28,299ដុល្លារក្នុងមួយឆ្នាំ។

    បេក្ខជនដែលចាប់អារម្មណ៍ដាក់ពាក្យសម្រាប់មុខតំណែងនេះ ត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី3 ខែកក្កដា ឆ្នាំ2017 នៅនាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាននៃក្រសួងអប់រំ យុវជន និងកីឡា៕

  • លោកជំទាវ លឹម ឈីវហូ ប្រាប់ពីវិធីសាស្រ្តធ្វើជាអ្នកមាន

    លោកជំទាវ លឹម ឈីវហូ ប្រាប់ពីវិធីសាស្រ្តធ្វើជាអ្នកមាន

    ភ្នំពេញៈ ស្រ្តីជើងខ្លាំងក្នុងវិស័យជំនួញនៅកម្ពុជាបានចាប់ផ្តើមមុខជំនួញតាំងពីដើមទសវត្សរ៍ទី90 ដែលពេលនោះគេស្គាល់គាត់ត្រឹមតែជាថៅកែស្រីម្នាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះលោកជំទាវមានក្រុមហ៊ុនមិនតិចជាង 20ឡើយនៅក្នុងដៃរហូតមកទល់ពេលនេះ។

    លោកជំទាវឧកញ៉ា លឹម ឈីវហូ ជាអគ្គនាយិកាក្រុមហ៊ុនជាច្រើន រួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ែតវូដ កំពង់ផែស្ទឹងហាវ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត និងក្រុមហ៊ុននាំចូលស្រាល្បីៗនៅកម្ពុជាជាច្រើនទៀត។

    តើលោកអ្នកចង់ធ្វើជាអ្នកមានឬទេ? លោកជំទាវលឹម ឈីវហូបានផ្តល់ជាដំបូន្មានថា ដើម្បីសម្រេចបានអ្វីមួយយើងត្រូវលើកទិសដៅនាពេលអនាគតថា តើខ្លួនឯងចង់បានអ្វី? ឪពុកម្តាយចែកចំណេះដឹងឱ្យ តែអាចមិនចែកទ្រព្យសម្បត្តិឱ្យទេ ដូច្នេះពេលចង់បើកក្រុមហ៊ុនអ្វីមួយយើងត្រូវធ្វើការឲ្យគេដើម្បីយកបទពិសោធសិន។ លោកជំទាវបន្តថា ពេលនេះផ្ទះកំពុងមានឱ្យបង់រំលស់ ពេលប្អូនៗបានទទួលប្រាក់ខែ កុំចង់ដើរលេងហ៊ឺហារច្រើនពេក សូមទិញផ្ទះបង់រំលស់ ដោយអត់ធ្មត់ គឺរយៈពេល5 ឬ10ឆ្នាំក្រោយប្អូននឹងមានលុយដុំកាន់នៅក្នុងដៃអាចទិញដីទុក ឬអាចបើកក្រុមហ៊ុនរកស៊ីពីតូចរហូតដល់ធំបាន។

    លោកជំទាវបានបន្តថា ពេលនេះធនាគារក៏មានផ្តល់ឥណទានផងដែរ ហេតុនេះត្រូវរៀនដើម្បីយកចំណេះសិន ហើយត្រូវសួរខ្លួនឯងថា តើទិសដៅអនាគតចង់បានអ្វី? បន្ទាប់មកសម្រួចឆន្ទៈរបស់ខ្លួនទៅតាមនោះ។ លោកជំទាវបន្តថា ពេលយើងមានប្រាក់ខែ 200ដុល្លារ ឬ500ដុល្លារ ឬ1,000ដុល្លារ តើយើងមានតួនាទីជាអ្វី? ប្រាក់ខែទទួលបានអាស្រ័យលើសមត្ថភាពរបស់យើងទាំងអស់គ្នា។

    លោកជំទាវបន្តថា “បើយើងមានភាពស្មោះត្រង់ មានការខិតខំប្រឹងប្រែង យើងអាចជោគជ័យទាំងអស់គ្នាបានហើយ”។ លោកជំទាវបន្តថា “បើយើងមានប្រាក់ខែ1,000ដុល្លារ ប្រពន្ធសន្សំបន្តិច ប្តីសន្សំបន្តិច យើងអាចសន្សំបាន 500ដុល្លារក្នុងមួយខែ។ យើងអាចសល់លុយ និងយកទៅទិញដី ឬផ្ទះបង់រំលស់ យើងអាចបានលុយទាំងដុំ និងអាចធ្វើអ្នកមានបានហើយ៕

  • អេនឌ្រូ ក្រោយឈរជើងក្នុងសិល្បៈ 6ឆ្នាំ ទើបអាចក្លាយជាតារាចម្រៀង

    អេនឌ្រូ ក្រោយឈរជើងក្នុងសិល្បៈ 6ឆ្នាំ ទើបអាចក្លាយជាតារាចម្រៀង

    អស់រយៈពេល 6ឆ្នាំហើយដែលតារាសម្ដែង ហែម មុន្នីរិទ្ធ ហៅ អេនឌ្រូ ចាប់យកអាជីពសិល្បៈ។ ទោះជាការគាំទ្រពីមហាជនមកលើរូបលោកនៅមានកម្រិតក៏ដោយ ក៏លោកបញ្ជាក់ថា បច្ចុប្បន្នលោកពេញចិត្ដជាខ្លាំងជាមួយការងាររបស់ខ្លួន ខណៈលោកបានក្លាយជាតារាចម្រៀងប្រចាំនៅផលិតកម្ម BN។ លោក អេនឌ្រូ ត្រូវបានទស្សនិកជនស្គាល់តាមរយៈកម្មវិធីជាច្រើននៃស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ9។ នៅមិនយូរប៉ុនា្មនទេមហាជននឹងបានស្ដាប់បទមនោសញ្ចេតនារបស់លោកតាមរយៈផលិតកម្ម BN មិនខាន។

    ជាមួយគ្នានេះលោក អេនឌ្រូ បានបញ្ជាក់ថា ក្រោយពីចូលប្រឡូកការងារជាតារាសម្ដែង និងពិធីករនៃស្ថានីយទូរទស្សន៍អស់រយៈពេល 6ឆ្នាំមក បច្ចុប្បន្នលោកងាកមកចាប់យកអាជីពថ្មីមួយទៀតជាតារាចម្រៀង។ លោកបន្ដថា៖ «ការពិតខ្ញុំចេះច្រៀងយូរហើយ ហើយក៏ធ្លាប់ប៉ងចង់ក្លាយជាតារាចម្រៀងដែរ ប៉ុន្ដែខ្ញុំគ្មានមានឱកាសបញ្ចេញសមត្ថភាពខ្លួនឯង ទើបតែពេលខ្ញុំឃើញ BN ជាផលិតកម្មបង្កើតបទOriginal Song ខ្ញុំក៏ឆក់យកឱកាសនោះតែម្ដង»។

    បទចម្រៀងដែលលោក អេនឌ្រូ ត្រៀមចេញនៅលើទីផ្សារនៅអំឡុងខែសីហាខាងមុខនេះមានចំនួនពីរបទជាប្រភេទបទមនោសញ្ចេតនាបែបស្រុកស្រែ ក្នុងនោះក៏មានទាំង MV ផងដែរ។

    អេនឌ្រូ បានបញ្ជាក់ពីមូលហេតុដែលលោកងាកទៅចាប់អាជីពចម្រៀងគ្រាដែលកំពុងតែមានការរវល់ជាមួយការងារច្រើននោះថា ដោយសារវាអាចផ្ដល់ប្រយោជន៍ដល់លោកច្រើនសម្រាប់ការងារជាពិធីករដូចរូបលោក។ លោកបន្ដថា៖ « នៅពេលបងប្អូនទស្សនិកជនត្រូវការខ្ញុំចូលរួមក្នុងកម្មវិធីគាត់ខ្ញុំអាចរៀបជាកញ្ចប់ជូនបានដូចជា ការធ្វើជាពិធីករដែលអាចបកប្រែភាសាអង់គ្លេស និងបារាំងបាន ពិសេសថែមទាំងអាចច្រៀងបានទៀតផង»។

    រំលឹកដល់ប្រជាប្រិយភាពក្នុងសិល្បៈត្រូវបានលោកអេនឌ្រូប្រាប់ថា លោកមិនដែលអន់ចិត្ដ ឬខ្វាយខ្វល់អ្វីទេ ផ្ទុយទៅវិញលោកសប្បាយចិត្ដនឹងអ្វីដែលខ្លួនកំពុងតែមាន ព្រោះសព្វថ្ងៃនេះលោកធ្វើការងារនៅក្នុងធនាគារឯកជនមួយ និងរវល់ស្ទើររកពេលដកឃ្លាពុំបានផង មានពេលតិចតួចណាស់សម្រាប់សិល្បៈ ដូច្នេះអ្វីដែលលោកទទួលបាននេះវាសមល្មម ឬក៏អាចថាលើសបន្ដិចផង បើធៀបទៅនឹងការចំណាយពេលរបស់លោក៕

  • Lady Gaga មានសេចក្ដីសុខជាមួយមិត្តប្រុសនៅក្នុងព្រៃ

    Lady Gaga មានសេចក្ដីសុខជាមួយមិត្តប្រុសនៅក្នុងព្រៃ

    នៅថ្ងៃឈប់សម្រាកចុងសប្ដាហ៍ដែលជាឱកាសល្អបែបនេះ តារាចម្រៀងស្រីកំពូលស្លៀកពាក់ប្លែកៗ Lady Gaga បានទៅធ្វើដំណើរកម្សាន្ដនៅតំបន់ព្រៃជាមួយមិត្តប្រុសរបស់នាងគឺលោក Christian Carino ជាការលម្ហែអារម្មណ៍ ព្រមទាំងបង្កើនសេចក្ដីសុខជាមួយមិត្តប្រុសតាមបែបធម្មជាតិរ៉ូមែនទិកទៀតផង។

    តារាស្រីវ័យ 31 ឆ្នាំរូបនេះបានបណ្ដើរមិត្តប្រុសដោយឱបស្មាគ្នាទៅវិញទៅមកយ៉ាងរ៉ូមែនទិកនៅក្នុងព្រៃ ថែមទាំងនិយាយប្រាប់អ្នកសារព័ត៌មានបរទេសថា “អូ ! ព្រះជាម្ចាស់ ការដើរកម្សាន្ដព្រៃបែបនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចហោះហើរលើធម្មជាតិ មានសេចក្ដីសុខខ្លាំងណាស់ វាជាការប្រសើរខ្លាំងជាងការដែលអង្គុយនៅធ្មឹងៗមួយកន្លែង ហើយល្អជាងការគេងមើលរឿងភាគទូរទស្សន៍នៅផ្ទះទៅទៀត វាពិតជាវិសេសវិសាលមែនទែន”។

    គួរបញ្ជាក់ផងដែរថា បន្ទាប់ត្រឡប់មកពីកម្សាន្ដនៅក្នុងព្រៃហើយ Lady Gaga បានបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់នាងថា នាងថែមទាំងបានទៅចូលរួមកម្មវិធីសម្ពោធខ្សែភាពយន្ដជាបន្ដទៀត គឺរឿង A Star is Born ព្រមទាំងត្រៀមបាច់ផ្កាយ៉ាងពិសេសសម្រាប់អ្នកដឹកនាំរឿងនេះ និងក្រុមការងារទៀតផង។ នាងបានបញ្ជាក់ទៀតថា នេះជាក្ដីសុបិនសម្រាប់ក្រុមការងារ៕

  • សមាជិកក្រុម Super Junior ត្រូវចោរប្លន់នៅប្រទេសស្វ៊ីស

    សមាជិកក្រុម Super Junior ត្រូវចោរប្លន់នៅប្រទេសស្វ៊ីស

    សមាជិកក្រុមចម្រៀងប្រុស Super Junior គឺ Lee Teuk បានជួបប្រទះហេតុការណ៍អាក្រក់មួយដោយសារចោរបានវាយបំបែកកញ្ចក់រថយន្ដ ព្រមទាំងលួចសម្ភារអស់មួយចំនួន រួមទាំងលិខិតឆ្លងដែនទៀតផង នៅពេលដែលលោកបានធ្វើដំណើរកម្សាន្ដទៅប្រទេសស្វ៊ីស កាលពីថ្ងៃទី25 ខែមិថុនា ថ្មីៗនេះ។

    តាមការបញ្ជាក់របស់តារាចម្រៀង Lee Teuk បានឲ្យដឹងថា “នៅក្នុងហេតុការណ៍នោះ គឺចោរបានវាយបំបែកកញ្ចក់រថយន្តរបស់យើង ហើយបានប្រមូលយកទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងនោះ ដែលរួមទាំងលិខិតឆ្លងដែនរបស់ខ្ញុំ និងក្រុមការងារយើងទៀតផង“។

    តែក្រោយពីកើតហេតុការណ៍ជ្រួលច្របល់នឹងករណីប្លន់ដ៏អាក្រក់មួយនេះរួច តារាចម្រៀង Lee Teuk និងក្រុមការងារបានវិលត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញហើយ ដោយបានទទួលលិខិតឆ្លងដែនបណ្ដោះអាសន្នពីស្ថានទូតប្រទេសរបស់ពួកគេ ព្រមទាំងមានការធានាសុវត្ថិភាពក្នុងការហោះហើរទៀតផង៕

  • «គន្លឹះកសាងខ្លួនដើម្បីក្លាយជាយុវជនឆ្នើមសតវត្សរ៍ទី21»

    «គន្លឹះកសាងខ្លួនដើម្បីក្លាយជាយុវជនឆ្នើមសតវត្សរ៍ទី21»

    សិក្ខាសាលា «គន្លឹះកសាងខ្លួនដើម្បីក្លាយជាយុវជនឆ្នើមសតវត្សរ៍ទី21» សម្រាប់ឆ្នាំ 2017 នេះជាវេទិកាមួយដែលជំរុញឱ្យយុវជនកម្ពុជាកាន់តែមានគំនិតអភិវឌ្ឍន៍ឆ្ពោះទៅរកភាពជាបុគ្គលដែលមានតម្លៃពិតប្រាកដសម្រាប់សង្គម។

    វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយក្រុម «យុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម (YVSD)» ដោយគោលបំណងសំខាន់នៃវេទិកានេះគឺ ការបង្ហាញនូវយុទ្ធសាស្រ្តក្នុងការកំណត់គោលដៅជីវិត ការទំនាក់ទំនងជាមួយនឹងមជ្ឈដ្ឋានខាងក្រៅដែលនាំឱ្យទទួលបានលទ្ធផលល្អក្នុងការចាប់យកឱកាសទាំងការសិក្សា និងការងារឱ្យសមស្របនឹងសមត្ថភាពដែលខ្លួនមាន និងលទ្ធភាពនៃការទទួលបានព័ត៌មានពីគ្រប់មជ្ឈដ្ឋាន។

    ទីប្រឹក្សាគម្រោងស្តីពីគន្លឹះកសាងខ្លួនដើម្បីក្លាយជាយុវជនឆ្នើមសតវត្សរ៍ទី21 លោក តង់ រតនា បានលើកឡើងថា ការចែករំលែកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សង្គម។ ការបង្កើតព្រឹត្តិការណ៍នេះឡើង គឺយើងបានផ្តល់ឱកាសឱ្យវាគ្មិននានាចែករំលែកបទពិសោធរបស់ខ្លួនទៅកាន់យុវជនប្រមាណជាជាង 500នាក់ដែលមកពីគ្រឹះស្ថានសិក្សាផ្សេងៗគ្នា និងជាការផ្តល់ឱកាសដល់យុវជនកម្ពុជាទទួលយកបទពិសោធជីវិត ក៏ដូចជាចំណេះដឹងពីបុគ្គលឆ្នើមដើម្បីយកទៅអភិវឌ្ឍខ្លួនឯង។

    គួរបញ្ជាក់ថា វាគ្មិនសំខាន់ៗដែលបានចូលរួមធ្វើបទបង្ហាញនៅក្នុងកម្មវិធីនេះមានដូចជា កញ្ញា អ៊ុង ច័ន្ទសោភា ផលិតករ និងជាពិធីការិនីព័ត៌មាននៃទូរទស្សន៍ CNC & CTN លោក ហ៊ុយ សម្បត្តិ ស្ថាបនិក Youth Force 2030 in Cambodia និងលោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ៕

  • ប្រទេសចិនវិនិយោគទឹកប្រាក់ 10ពាន់លានដុល្លារនៅកម្ពុជា

    ប្រទេសចិនវិនិយោគទឹកប្រាក់ 10ពាន់លានដុល្លារនៅកម្ពុជា

    ភ្នំពេញៈ ប្រទេសចិនបានវិនិយោគទឹកប្រាក់ច្រើនជាងគេនៅកម្ពុជា ដែលមានទំហំរហូតដល់10ពាន់លានដុល្លារកាលពីឆ្នាំមុន ជាទំហំវិនិយោគមួយដែលផ្សារភ្ជាប់ទំនាក់ទំនង និងជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅកម្ពុជា។

    លោក លី អាន ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មអមស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងនៅក្នុង វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំនួញពាណិជ្ជកម្មកម្ពុជា-ចិន ខេត្តសាតុងកាលពីម្សិលមិញថា ដោយមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងមានភាពជាដៃគូយ៉ាងសំខាន់នោះ ជាក់ស្តែងនៅឆ្នាំ 2016កន្លងមក ទំហំពាណិជ្ជកម្មទេ្វភាគីកម្ពុជា-ចិនមានចំនួនជាង 47ពាន់លានដុល្លាអាមេរិក កើនឡើង 7.4ភាគរយ គឺជាអត្រាកំណើនឈរក្នុងលំដាប់ថ្នាក់ទី1 នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង10។ ក្នុងនោះបើតាមស្ថិតិភាគីកម្ពុជាគិតត្រឹមចុងឆ្នាំ2016 ចិនបានចុះកិច្ចព្រមព្រៀងវិនិយោគទុននៅកម្ពុជា មានចំនួនជាង 1ម៉ឺនលានដុល្លារអាមេរិក គឺស្មើនឹង 34.3ភាគរយនៃការវិនិយោគទុននៅកម្ពុជា ដោយបានចាត់ទុកកម្ពុជាជាប្រទេសដែលមានសក្តានុពលបំផុតក្នុងការធ្វើពាណិជ្ជកម្មទី1 និងជាប្រភពវិនិយោគទុនទី1ផងដែរ ។

    លោកបន្តថា “កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ និងជាប្រទេសដែលមានសក្តានុពលបំផុត បច្ចុប្បន្នប្រទេសចិនបានចាត់ទុកកម្ពុជាជាដៃគូយ៉ាងសំខាន់ក្នុងការធ្វើពាណិជ្ជកម្មទី1 និងជាប្រភពវិនិយោគទុនទី1 នៅកម្ពុជាផងដែរ”។

    លោក លី អាន បានបន្តទៀតថា បច្ចុប្បន្នប្រទេសទាំងពីរកំពុងទទួលបានសមិទ្ធផលយ៉ាងសកម្ម នៅក្នុងកិច្ចសហប្រតិបត្តិការវិនិយោគមួយដ៏មានតម្លៃបំផុត ដែលបានបម្រើផលប្រយោជន៍ដល់សង្គមមួយកំពុងមានការអភិវឌ្ឍយ៉ាងខ្លំាង ដូចជាវិស័យថាមពលអគ្គិសនី កសិកម្ម ការអភិវឌ្ឍវិស័យទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស និងទូរគមនាគមន៍ជាដើម ។

    លោកហោ ដារិទ្ធ អនុរដ្ឋលេខាធិការក្រសួងផែនការ ក៏បានថ្លែងនូវការសាទរចំពោះសមាគមអភិវឌ្ឍសេដ្ឋកិច្ចខេត្តសានតុងនៅកម្ពុជាដែលជាផ្នែកមួយក្នុងការចូលរួមចំណែកអភិវឌ្ឍ និងជាការជួយ ជំរុញបង្កើនដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ដែលធ្វើឲ្យកម្ពុជាទទួលផលវិជ្ជមានជាច្រើនមកដល់ពេលបច្ចុប្បន្ន។ ដើម្បីជាផ្លូវតម្រង់ទិសក្នុងការអភិវឌ្ឍកាន់តែប្រសើរនោះ ក្រសួងផែនការកំពុងរៀបចំផែនទីបង្ហាញផ្លូវភោគសាស្រ្តដែលជាការងារកាន់តែប្រសើរដល់អ្នកវិនិយោគគ្រប់ៗគ្នាផងដែរ៕

  • Matic ត្រៀមពិនិត្យសុខភាពមុនពេលបំពេញការផ្ទេរពី Chelsea ទៅ Man Utd

    Matic ត្រៀមពិនិត្យសុខភាពមុនពេលបំពេញការផ្ទេរពី Chelsea ទៅ Man Utd

    ខ្សែបម្រើការពារ Nemanja Matic របស់ក្លិបតោខៀវ Chelsea នឹងត្រូវធ្វើការត្រួតពិនិត្យសុខភាពជាមួយនឹងក្លិបបិសាចក្រហម Manchester United ក្នុងរយៈពេល48ម៉ោងទៀត។

    កាសែត The Sun បានចេញផ្សាយកាលពីថ្ងៃចន្ទថា ខ្សែបម្រើរូបនេះនឹងត្រូវចូលរួមជាមួយនឹង Man United ក្នុងតម្លៃខ្លួន40លានផោន (ស្មើនឹង50.88លានដុល្លារអាមេរិក) ជាតម្លៃខ្លួនដែលក្លិប Chelsea និង Man United បានព្រមព្រៀងគ្នា។ ដោយឡែកគេហទំព័រ The Guardian បានចេញផ្សាយថា ការផ្ទេរនេះនឹងត្រូវបំពេញនៅប៉ុន្មានថ្ងៃខាងមុខទៀត ខណៈដែល Matic បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរបស់គេរួចស្រេចហើយទៅលើកុងត្រាមួយដែលផ្តល់ចំណូល155,000ផោនក្នុងមួយសប្តាហ៍ដល់រូបគេ បើទោះបីការស្លាប់របស់លោក Felix Mourinho ដែលជាឪពុករបស់លោកគ្រូបង្វឹក Jose Mourinho អាចនឹងពន្យារពេលដល់ដំណើរការនេះក៏ដោយ។


    អ្នកចាត់ការទូទៅរូបនេះកំពុងតែស្ថិតក្នុងប្រទេសព័រទុយហ្គាល់ ដើម្បីរៀបចំពិធីបុណ្យសព ប៉ុន្តែ Matic ត្រូវបានរំពឹងទុកថា នឹងចុះហត្ថលេខានៅមុនពេលក្រុម Man United ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់ដំណើរប្រកួតមុនបើករដូវកាលនាថ្ងៃទី9 ខែកក្កដា ខាងមុខនេះ។ Matic បានចូលរួមជាថ្មីជាមួយនឹងក្លិប Chelsea កាលពីឆ្នាំ2014 ក្នុងតម្លៃខ្លួន21លានផោនពីក្លិប Benfica ក្នុងពេលដែលលោក Mourinho នៅដឹកនាំក្នុងក្លិបតោខៀវមួយនេះនៅឡើយ ខណៈដែលរូបគេបានក្លាយជាសមាជិកដ៏សំខាន់ក្នុងពេលដែល Chelsea បានឈ្នះពាន Premier League កាលពីរដូវកាលមុន។ ប៉ុន្តែដំបូងឡើយ ការចូលរួមរបស់ Matic ជាមួយនឹងក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ មិនបានទទួលជោគជ័យឡើយ ក្រោយពីរូបគេបានផ្ទេរមកពីក្លិបស្លូវ៉ាគី Kosice កាលពីឆ្នាំ2009 មុននឹងផ្ទេរទៅកាន់ព័រទុយហ្គាល់ក្នុងឆ្នាំ2011។ ជាមួយនឹងក្លិប Chelsea រូបគេបានបង្ហាញខ្លួន121លើក និងបានស៊ុតបាល់បញ្ចូលទី4គ្រាប់៕
    ប្រភពពី៖ Independent