Category: សង្គម និងសេដ្ឋកិច្ច

  • សាស្ត្រាចារ្យ ព្រឿង ឈៀង៖ ប្រជាជនខ្មែរគួរស្គាល់ពីគ្រឹះនៃវប្បធម៌ជាជាងផ្អើលតាមស្ថានការណ៍

    សាស្ត្រាចារ្យ ព្រឿង ឈៀង៖ ប្រជាជនខ្មែរគួរស្គាល់ពីគ្រឹះនៃវប្បធម៌ជាជាងផ្អើលតាមស្ថានការណ៍

    «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ជាឃ្លាដែលបុព្វបុរសខ្មែរយើង ចង់បង្ហាញពីតម្លៃរបស់វប្បធម៌ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិ។ ជាស្ថានភាពជាក់ស្តែងគេសង្កេតឃើញថា យុវជនកម្ពុជានាពេលបច្ចុប្បន្ននេះ ចាប់ផ្តើមមានការចាប់អារម្មណ៍លើស្ថានការណ៍នានាដែលពាក់ព័ន្ធនឹងបញ្ហាវប្បធម៌ហើយ តែសកម្មភាពទាំងអស់នោះហាក់មានភាពសកម្មបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

    ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសាស្រ្តាចារ្យ ឯកឧត្តម ព្រឿង ឈៀង បានលើកឡើងនៅក្នុងការជជែកពិភាក្សារបស់កម្មវិធី The Perspectives Cambodia ថា វប្បធម៌ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់សង្គមមួយ ឬអាចនិយាយបានថា វប្បធម៌ជាព្រលឹងនៃជាតិសាសន៍មួយដែលប្រជាជនគ្រប់រូប ជាពិសេសយុវជនត្រូវព្យាយាមស្វែងយល់ឱ្យច្បាស់។ មានយុវជនមួយចំនួនធំមិនទាន់ស្គាល់ច្បាស់ពីគ្រឹះនៃវប្បធម៌ខ្លួនឯងនៅឡើយទេ។ ពួកគេមិនទាន់ស្គាល់ពីប្រវត្តិ លក្ខណៈពិសេស និងចំណុចលម្អិតនៃទម្រង់សិល្បៈ ក៏ដូចជាផ្នែកសំខាន់ផ្សេងៗទៀតនៃវប្បធម៌ខ្មែរនៅឡើយទេ ដែលជាហេតុធ្វើឱ្យពួកគេធ្វើសកម្មភាពដើម្បីវប្បធម៌តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

    ឯកឧត្តម ព្រឿង ឈៀង បានមានប្រសាសន៍ថា៖ «យុវជនបច្ចុប្បន្នគួរព្យាយាមស្វែងយល់ពីគ្រឹះនៃវប្បធម៌របស់ជាតិខ្លួនជាមុនសិន មុននឹងធ្វើការអភិវឌ្ឍមរតកវប្បធម៌ និងធ្វើសកម្មភាពវប្បធម៌នានាដើម្បីសង្គមរបស់យើង»។

    ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខាងលើបានលើកឡើងផងដែរថា យើងត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយធ្វើការគាំទ្រវប្បធម៌ជាតិខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន ជាជាងការផ្អើលតាមស្ថានការណ៍ដែលកើតមានឡើង ដូចជាការឃើញបណ្តាប្រទេសនានាដាក់ទម្រង់សិល្បៈដែលស្រដៀងខ្មែរចូលក្នុងបេតិកភណ្ឌពិភពលោក យើងមានការភ្ញាក់ផ្អើលតាម តែយើងមិនព្រមស្វែងយល់ពីចំណុចលម្អិតនៃទម្រង់សិល្បៈខ្លួនឯង និងមិនសូវគាំទ្រ៕

  • ក្រសួងចំនួន3 និងដៃគូអភិវឌ្ឍន៍នឹងរៀបចំផែនការយុទ្ធសាស្រ្តថ្មីសម្រាប់វិស័យកសិកម្ម

    ក្រសួងចំនួន3 និងដៃគូអភិវឌ្ឍន៍នឹងរៀបចំផែនការយុទ្ធសាស្រ្តថ្មីសម្រាប់វិស័យកសិកម្ម

    ភ្នំពេញៈ ក្រសួងចំនួន3 និងដៃគូអភិវឌ្ឍន៍នានានឹងជួបប្រជុំគ្នាជាលើកដំបូង ដើម្បីពិនិត្យមើលបញ្ហាប្រឈម និងរៀបចំផែនការយុទ្ធសាស្រ្តថ្មីសម្រាប់អភិវឌ្ឈវិស័យកសិកម្ម ខណៈកម្លាំងពលកម្មក្នុងវិស័យនេះបានធ្លាក់ចុះ និងរឿងតម្លៃកំពុងចោទជាបញ្ហា។

    រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី30 មិថុនានេះថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មព្រមទាំងដៃគូអភិវឌ្ឍន៍នឹងជួបប្រជុំគ្នា ដើម្បីប្រមើលមើលយុទ្ធសាស្រ្តថ្មី ដើម្បីអភិវឌ្ឍវិស័យកសិកម្ម។ កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ គន្លងថ្មីនៃកំណើនកសិកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា កិច្ចប្រជុំនេះនឹងផ្តោតលើផែនការអភិវឌ្ឍន៍វិស័យកសិកម្មរយៈពេលវែង យុទ្ធសាស្រ្ត និងការរៀបចំផែនការថវិកាយ៉ាងដូចម្តេចដើម្បីជួយវិស័យនេះ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះនឹងធ្វើឡើងនៅថ្ងៃទី4 ខែកក្កដាខាងមុខនេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    លោករដ្ឋមន្រ្តីបានបន្តថា ដើម្បីអភិវឌ្ឍវិស័យនេះ តើយើងគួរបញ្ចូលបច្ចេកវិទ្យាបែបណាដើម្បីជួយកសិករ ដោយសារកម្លាំងពលកម្មក្នុងវិស័យនេះបានថយចុះមកក្នុងរង្វង់ 40ភាគរយនៅឆ្នាំ2017 ហើយនឹងថយមកនៅត្រឹម 29ភាគរយក្នុងឆ្នាំ2030។ នេះជាបញ្ហាប្រឈម គឺកម្លាំងពលកម្មធ្លាក់ចុះ តែយើងត្រូវធ្វើយ៉ាងណាឲ្យចំណូលមានការកើនឡើង ហេតុនេះយើងត្រូវបញ្ចូលបច្ចេកវិទ្យាក្នុងវិស័យនេះ និងចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងពិនិត្យមើលបញ្ហាមួយចំនួន ដូចជាកសិករមានដីតិច ធ្វើយ៉ាងណាឲ្យគាត់អាចរស់បាន បង្កើតកសិដ្ឋានដើម្បីកំណើនវិស័យនេះ និងជំរុញការនាំចេញ ភាពប្រទាក់ក្រឡារវាងវិស័យឯកជន ដើម្បីបង្កើនទិន្នផល និងអាចនាំចេញបាន។

    សេដ្ឋវិទូកម្ពុជាលោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការអភិវឌ្ឍវិស័យកសិកម្ម យើងត្រូវតែវិភាគ និងគិតពិចារណាឲ្យមានភាពស៊ីជម្រៅថា ត្រូវធ្វើបែបណាទើបអាចអភិវឌ្ឍវិស័យនេះបាន ប៉ុន្តែវិស័យនេះមានភាពចម្រុះដែលមានទាំងបច្ចេកវិទ្យា ការដឹកជញ្ជូន ទីផ្សារ និងបញ្ហាដទៃទៀតដែលទាមទារឱ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយ។

    លោកបណ្ឌិតបានបន្តថា “អ្វីដែលត្រូវធ្វើ គឺពិនិត្យ និងអនុវត្តជាក់ស្តែង ដើម្បីឲ្យចេញជាលទ្ធផល ហេតុនេះការចូលរួមពីភាគីពាក់ព័ន្ធមានសារៈសំខាន់ណាស់ ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយនិរន្តរភាព”។ លោកបន្តថា “អ្វីដែលត្រូវធ្វើមិនមែនតែក្រសួងកសិកម្មមួយទេ តែត្រូវការវិស័យជាច្រើនចូលរួម ហើយបញ្ហាកសិកម្មគឺយើងខ្វះបច្ចេកវិទ្យា ខ្វះទីផ្សារ ហេតុនេះការអភិវឌ្ឍវិស័យនេះសំខាន់ណាស់ ដើម្បីទប់ស្កាត់ការចំណាកស្រុកទៅក្រៅប្រទេស និងលំហូរប្រជាជនចូលទីក្រុង”៕

  • កុមារជនជាដើមតិភាគតិច ពិបាកទទួលបានការអប់រំតាមប្រព័ន្ធត្រឹមត្រូវ

    កុមារជនជាដើមតិភាគតិច ពិបាកទទួលបានការអប់រំតាមប្រព័ន្ធត្រឹមត្រូវ

    បន្ទាប់ពីមានការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ជាពិសេសនៅពេលប្រឡងដែលកាន់តែមានលក្ខណៈសុក្រឹត ហើយធ្វើឱ្យសិស្សខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនឯង ស្របពេលដែលស្ថាប័នអប់រំនានាពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការបណ្តុះបណ្តាលផងដែរ។

    សាលារៀនកាន់តែខិតទៅជិតផ្ទះរបស់សិស្ស ហើយចំនួនគ្រូបង្រៀនក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ដែរនៅគ្រប់រាជធានី-ខេត្ត តែក៏នៅមានចំណុចដែលគួរឱ្យចាប់អាម្មណ៍មួយចំនួនទៀតដែរ ដូចជាកុមារជនជាតិដើម ឬជនជាតិភាគតិចហាក់មានភាពពិបាកក្នុងការទទួលបានការអប់រំតាមប្រព័ន្ធត្រឹមត្រូវដោយសារតែមានឧបសគ្គដ៏ច្រើនប្រភេទផ្សេងៗគ្នា។

    សមាជិកគណៈកម្មការទ្រទ្រង់សាលានៃសាលាបឋមសិក្សាចងរ៉ា ក្នុងខេត្តរតនគីរី ដែលជាសាលាបណ្តុះបណ្តាលកុមារដែលភាគច្រើនជាជនជាតិដើមភាគតិច លោក ទូច ជ្រៀង បានថ្លែងនៅក្នុងវីដេអូដែលផលិតឡើងដោយអង្គការ UNICEF ថា ភូមិរបស់លោកជាភូមិមួយដែលនៅដាច់ស្រយាលពីទីប្រជុំជន និងឆ្ងាយពីគេ។ បន្ទាប់ពីរដ្ឋាភិបាលបានអភិវឌ្ឍ សាលារៀនក៏ត្រូវបង្កើតឡើង ហើយធ្វើឱ្យចំនួនសិស្សមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះបីជាយ៉ាងនេះក្តី សិស្សមួយចំនួនក៏នៅតែជួបបញ្ហាជាច្រើន ដូចជាការធ្វើដំណើរ ដែលនៅកន្លែងខ្លះគ្មានផ្លូវ និងស្ពានមិនល្អដែលរាំងស្ទះដល់ការមកសិក្សារបស់ពួកគេ។ មានសិស្សតូចៗខ្លះទៀតត្រូវធ្វើដំណើរទៅ-មកសាលារៀនប្រមាណ5គីឡូម៉ែត្រក្នុងមួយថ្ងៃ ហើយកន្លែងខ្លះទៀតត្រូវធ្វើដំណើរប្រមាណ8គីឡូម៉ែត្រឯណោះដើម្បីមកដល់សាលារៀន។

    លោក ទូច ជ្រៀង បាននិយាយថា៖ «ទោះបីជាមានសាលាហើយ មានគ្រូបង្រៀនហើយ មានគណៈកម្មការសាលា រួមទាំងប្រព័ន្ធអប់រំល្អហើយក៏ដោយ តែប្រសិនបើគ្មានផ្លូវ គ្មានស្ពានទេ គ្មានអ្នកណាចង់មករៀននោះទេ»។

    យោងតាមការបង្ហាញរបស់អង្គការ UNICEF បានបង្ហាញថា នៅកម្ពុជាមានភាសាជនជាតិដើមភាគតិចជាង 20 អម្បូរ ហើយនៅក្នុងខេត្តរតនគីរី នាភាគឦសាន មានប្រជាជនប្រមាណជាង 60ភាគរយជាជនជាតិដើមភាគតិច ហើយជាញឹកញាប់ កុមារនៃសហគមន៍ជនជាតិដើមភាគតិច គឺពុំសូវទទួលបានការអប់រំតាមប្រព័ន្ធអប់រំត្រឹមត្រូវឡើយ៕

  • ឡាយ សម្ផស្ស៖ រឿង «សង្រ្គាមបេះដូង» ធ្វើតេស្ដបីដងទម្រាំបានធ្វើតួឯក

    ឡាយ សម្ផស្ស៖ រឿង «សង្រ្គាមបេះដូង» ធ្វើតេស្ដបីដងទម្រាំបានធ្វើតួឯក

    ទស្សនិកជនប្រាកដជានៅចាំតួឯកស្រីក្នុងរឿង «សង្រ្គាមបេះដូង» គឺកញ្ញា ឡាយ សម្ផស្ស ដែល សម្ដែងជាតួស្រីកម្សត់ ព្រោះតែត្រូវបានឪពុកម្ដាយបង្ខំឱ្យនាងរៀបការជាមួយបុរសម្នាក់ដែលខ្លួនមិនស្រឡាញ់ បណ្ដាលឱ្យជីវិតអាពាហ៍ពិពាហ៍គ្មានសេចក្ដីសុខ។ តាមរយៈរឿងនេះក៏មានការលើកឡើង ថា ដោយសារនាងមិនយកតម្លៃខ្លួនក្នុងការសម្ដែង ទើបផលិតកម្មសម្រេចជ្រើសយកនាងធ្វើជាតួឯកស្រី។

    ជាមួយឱកាសម្ដែងជាតួឯកស្រីនៅក្នុងរឿង «សង្រ្គាមបេះដូង» នេះ ត្រូវបានកញ្ញា ឡាយ សម្ផស្ស បញ្ជាក់ប្រាប់ថា វាមិនដូចអ្វីដែលគេបានលើកឡើងនោះទេ នាងចាត់ទុកថាការនិយាយបែបនេះ ជាការបង្ហាញអារម្មណ៍មិនសប្បាយចិត្ដចំពោះភាពរីកចម្រើនរបស់នាងតែប៉ុណ្ណោះ។ នាងបន្ដថា មុនពេលដែលនាងជាប់តំណែងជាតួឯកស្រីនេះ គឺត្រូវឆ្លងកាត់ការធ្វើតេស្ដជាមួយក្រុមការងារផលិតកម្ម ខ្មែរមេគង្គ ចំនួនបីដងឯណោះ។ ឡាយ សម្ផស្ស បញ្ជាក់ថា៖ «ចាប់តាំងពីខ្ញុំចូលប្រឡូកសិល្បៈរយៈពេលជិត 5ឆ្នាំមក ទើបតែលើកទីមួយហើយ ដែលផលិតកម្មខ្មែរមេគង្គហ៊ានឱ្យតម្លៃខ្លួននៃការសម្ដែងខ្ពស់ជាងគេ។ ដូច្នេះខ្ញុំមិនដល់ថ្នាក់ថា ដើម្បីបានតំណែងតួឯក សុខចិត្ដថតអត់យកលុយនោះទេ ព្រោះតួឯក ឬតួរងវាមិនជាបញ្ហាចោទសម្រាប់ខ្ញុំឡើយ »។

    ទោះជាតំណែងតួឯកនៅក្នុងរឿង «សង្គ្រាមបេះដូង» របស់កញ្ញាឡាយ សម្ផស្ស ទទួលរងការរិះគន់ក៏ដោយ ក៏ត្រូវបាននាងប្រាប់ថា រឿងនេះបានជួយជំរុញឱ្យនាងមានប្រជាប្រិយភាពកាន់តែខ្លាំងជាងមុនបន្ថែមទៀត ព្រោះក្រោយពីរឿងនេះបញ្ចប់ការចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍PNN នាងចាប់ផ្ដើមទទួលបានការងារច្រើន។ ជាងនេះវាក៏បានជួយដល់អាជីពជាពិធីការិនីរបស់នាងឱ្យកាន់តែទទួលបានប្រជាប្រិយភាព និងតម្លៃខ្លួនខ្ពស់ជាងមុនថែមទៀតផង៕

  • ចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតនៅកម្ពុជាកើនឡើងដល់ 7លាននាក់

    ចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតនៅកម្ពុជាកើនឡើងដល់ 7លាននាក់

    ភ្នំពេញៈ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តបានកើនឡើងខ្ពស់ ក្នុងនោះការប្រើប្រាស់អ៊ិនធើណិត ក៏បានកើនឡើងនូវចំនួនផងដែរ តែតាមតួលេខ មានរហូតដល់ទៅជាង 7លាននាក់នៅកម្ពុជា។

    លោកស្រី រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍នៅក្នុងសិក្ខាសាលា ស្តីពីការវិវឌ្ឍបច្ចេកវិទ្យា 4G LTE នាព្រឹកថ្ងៃទី30 មិថុនានេះថា បច្ចុប្បន្នការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ និងការផ្ទេរសាច់ប្រាក់តាមប្រព័ន្ធទូរស័ព្ទចល័តមានការកើនឡើង ដែលទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកជំទាវបន្តថា តាមរយៈការវិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងប្រទេសត្រូវផ្សារភ្ជាប់ជាមួយនឹងតម្រូវការរបស់សាធារណជន និងស្របទៅតាមនិន្នាការថ្នាក់តំបន់ និងសកលលោក។

    សិក្ខាសាលានេះនឹងផ្តោតសំខាន់លើប្រធានបទមួយចំនួនរួមមាន ការប្រែក្លាយបច្ចេកវិទ្យាឌីជីថលដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងឧស្សាហកម្មបច្ចេកវិទ្យា 4G និងគុណសម្បត្តិ និងគុណវិបត្តិនៃបច្ចេកវិទ្យា 4G ក្នុងទីផ្សារកម្ពុជា។ ទាក់ទិននឹងសិក្ខាសាលានេះដែរ ក៏នឹងក្លាយជាឱកាសជួបជុំគ្នារវាងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាគមនាគមន៍ និងព័តមានក្នុងស្រុកដើម្បីពិភាក្សាគ្នាលើចំណុចសក្តានុពលនៃបច្ចេកវិទ្យាក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងស្វែងរកដៃគូពង្រីកទីផ្សារ៕

  • T.O.P ទម្លាយរឿងធ្លាប់ប្រើប្រាស់ថ្នាំញៀន

    T.O.P ទម្លាយរឿងធ្លាប់ប្រើប្រាស់ថ្នាំញៀន

    តារាចម្រៀង T.O.P បានទម្លាយឱ្យដឹងថា លោកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រីម្នាក់មានឈ្មោះថា Han SeoHee ដែលធ្លាប់ប្រើប្រាស់ថ្នាំញៀន ជក់បារី និងជក់កញ្ឆា ព្រមទាំងចូលចិត្តផឹកស្រាជាមួយគ្នាទៀតផង។ តារាប្រុសរូបនេះបានបង្ហើបប្រាប់ថា នៅពេលដែលនារីម្នាក់នេះដើរចូលមកក្នុងជីវិតរបស់លោក នាងបានធ្វើឱ្យលោកកាន់តែមានក្តីទុក្ខវេទនាខាងផ្លូវចិត្ត និងសម្រេចចិត្តជក់បារី និងកញ្ឆាតាមនាងដែរ។

    តារាប្រុសវ័យ 29 ឆ្នាំរូបនេះបានបន្ដទៀតថា “ខ្ញុំមានអារម្មណ៍ថាសោកស្តាយ និងខូចចិត្តខ្លាំងណាស់ចំពោះអ្វីដែលខ្ញុំបានធ្វើកន្លងមក ខ្ញុំចេះផឹកស្រា និងផឹកខ្លាំងទៀតផង ចេះជក់បារី ចេះជក់កញ្ឆាតាមការបង្ហាត់របស់នាង តែនៅពេលបែកពីនាង ខ្ញុំក៏ឈប់ជក់បារី និងកញ្ឆា និងឈប់ផឹកស្រាហើយ“។

    គួរបញ្ជាក់ផងដែរថា ប៉ូលិសបានធ្វើការស៊ើបអង្កេតរឿងរ៉ាវរបស់តារាប្រុស T.O.P កាលពីខែមីនា ឆ្នាំ2017 កន្លងមក ហើយថ្មីៗនេះប៉ូលិសក៏បន្ដស៊ើបករណីពាក់ព័ន្ធជាមួយនារីឈ្មោះ Han SeoHee ដែលធ្លាប់បានប្រើប្រាស់គ្រឿងញៀនប្រភេទកញ្ឆាខុសច្បាប់តាមការឱ្យការណ៍របស់តារាប្រុស T.O.P និងនៅតែបន្ដការសួរចម្លើយបន្ថែមពីតារាចម្រៀងរូបនេះទៀតផងដែរ ព្រោះថាតារាប្រុសខាងលើនេះ បានបង្ហាញភ័ស្ដុតាងដែលបានប្រើប្រាស់កញ្ឆានៅក្នុងផ្ទះរបស់ Han SeoHee ដល់ប៉ូលិសហើយ៕

  • Vivo វ៉ៃដាច់ Apple ក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបំពាក់បច្ចេកវិទ្យាស្គែនក្រយៅដៃក្រោមអេក្រង់ទូរស័ព្ទ

    Vivo វ៉ៃដាច់ Apple ក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបំពាក់បច្ចេកវិទ្យាស្គែនក្រយៅដៃក្រោមអេក្រង់ទូរស័ព្ទ

    ពិតជាមិនធម្មតា និងមិនសរសើរក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះមិនបានមែន នៅពេលដែលគេអាចយកឈ្នះក្រុមហ៊ុន Apple ហើយក្លាយខ្លួនជាក្រុមហ៊ុនទូរស័ព្ទដែលបានបំពាក់បច្ចេកវិទ្យាស្គែនក្រយៅដៃបង្កប់ក្រោយអេក្រង់ដំបូងបំផុតក្នុងពិភពលោក ធ្វើឱ្យការស្គែនតាមប៊ូតុងជំនាន់មុន ចាប់ផ្ដើមហួសស៊េរីក្លាយជារឿងធម្មតា សូម្បីទូរស័ព្ទតម្លៃ 100ដុល្លារក៏មានប្រើដែរ។

    Vivo បានដើរមួយជំហានមុនក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ខណៈ Apple នៅបន្តត្រឹមតែព័ត៌មានចចាមអារ៉ាម ថាអាចមានស្មាតហ្វូនគ្មាន Home Button ជាមួយនឹងការបំពាក់ប្រព័ន្ធស្គែនក្រយៅដៃ (Fingerprint Scanner) នៅក្រោមអេក្រង់នៅចុងឆ្នាំនេះ។ ក្នុងន័យនេះ Apple ហាក់យឺតពេលបន្តិចហើយ ក្រោយក្រុមហ៊ុនបច្ចេកវិទ្យាចិន Vivo បានដាក់ចេញនូវស្មាតហ្វូន ក្រោមការសហការគ្នាជាមួយនឹងក្រុមហ៊ុន Qualcomm ដែលជាអ្នកផលិតបន្ទះឈីប Snapdragon ដ៏ល្បីល្បាញ។

    នៅក្នុងព្រឹត្តិការណ៍ MWC 2017 នៅទីក្រុងស៊ាងហៃ ប្រទេសចិន កាលពីថ្ងៃទី28 មិថុនាកន្លងទៅថ្មីៗក្រុមហ៊ុន Vivo បានធ្វើការដាក់តាំងផលិតផលគំរូមួយដែលក្រុមហ៊ុនមិនបានបញ្ជាក់ឈ្មោះ ដោយវាអាចធ្វើការបានយ៉ាងល្អលើមុខងារស្គែនក្រយៅដៃលើអេក្រង់ទូរស័ព្ទផ្ទាល់ តាមរយៈបច្ចេកវិទ្យា Ultrasonic។ យ៉ាងណាមិញ តាមការបញ្ជាក់របស់ក្រុមហ៊ុន Qualcomm បច្ចេកវិទ្យាថ្មីនេះ ក្រុមហ៊ុននឹងចាប់ផ្ដើមបញ្ចេញទៅឱ្យដៃគូសហការនៅត្រីមាសទី4 ឆ្នាំ2017 នេះ។ ដូច្នេះ ក្រុមហ៊ុនផ្សេងក៏អាចមានលទ្ធភាពបង្កើត និងដាក់លក់ដំណាលគ្នានឹង Vivo ផងដែរក៏អាចថាបាន ព្រោះថាក្រុមហ៊ុនទូរស័ព្ទចិនមួយនេះមិនបានបញ្ជាក់ទេថា ទូរស័ព្ទដែលមានបំពាក់បច្ចេកវិទ្យាស្គែនក្រយៅក្រោមអេក្រង់របស់ខ្លួននេះនឹងចេញលក់នៅពេលណាទេ៕

  • ចង់​មាន IQ ខ្ពស់​ត្រូវតែ​អាន 5 តិច​និក​នេះ​ដើម្បី​អភិវឌ្ឍភាព​ឆ្លាត​វៃ​ខាង​អារម្មណ៍​

    ចង់​មាន IQ ខ្ពស់​ត្រូវតែ​អាន 5 តិច​និក​នេះ​ដើម្បី​អភិវឌ្ឍភាព​ឆ្លាត​វៃ​ខាង​អារម្មណ៍​

    បច្ចុប្បន្ននេះ​ដូចដែល​យើងទាំងអស់គ្នា​បានដឹងហើយថា ក្រៅពី​សមត្ថភាព​ក្នុង​ការគិត​វិភាគ ការប្រើ​ហេតុផល និង​ការគិត​គណនា​ដែល​ហៅថា I.Q. ហើយ​នោះ មនុស្ស​យើង​គួរ​មាន​ភាព​ឆ្លាត​វៃ​ខាង​អារម្មណ៍ ឬ​ដែល​ហៅថា E.Q. គួប​គូ​គ្នា​ជាមួយ​ផងដែ​លវា​នឹង​ជួយ​ឱ្យ​ការ​ដំណើរការ​ជីវិត​រស់នៅ​ប្រព្រឹត្តទៅ​យ៉ាង​ចម្រើន និង​មាន​សេចក្តីសុខ។ អ្នក​ដែលមាន E.Q. (Emotional Quotient) ខ្ពស់​នឹងមាន​ថាមពល​ផ្លូវចិត្ត​ដែល​ល្អ ពឹងពាក់​លើ​ខ្លួនឯងបាន មាន​ឥស្សរភាព​អាច​ទទួល​ដឹង និងយល់​ទាំងពី​អារម្មណ៍​របស់​ខ្លួនឯង និង​របស់​អ្នកដទៃ រហូតដល់​អាច​សម្រួល ឬ​គ្រប់គ្រង​អារម្មណ៍​បាន​ស័ក្តិសម​នឹង​ស្ថានការណ៍ ដូច្នេះ​ការអភិវឌ្ឍ​ភាពឆ្លាតវាងវៃ​ខាង​អារម្មណ៍​ជា​រឿង​សំខាន់​មួយ ដែល​អ្នក​អាច​ធ្វើបាន​ដោយ​ប្រើ​តិច​និក​ដូចខាងក្រោម​នេះ ៖

    ដឹង​ទាន់
    ហ្វឹកហាត់​ឱ្យដឹង​ទាន់​ពី​អារម្មណ៍​របស់​ខ្លួនឯង​ឱ្យបាន​ញឹកញាប់ ដោយ​ការ​ប្រាប់​ខ្លួនឯង​ឱ្យបាន​ថា ខណៈ​នេះ​កំពុងមាន​អារម្មណ៍​យ៉ាងម៉េច និង​ទទួល​ដឹង​ឱ្យបាន​ពី​ភាពប្រែប្រួល​ខាង​អារម្មណ៍​ដែល​កំពុង​កើតឡើង។

    ចាត់ការ​អារម្មណ៍​ខ្លួនឯង
    នៅពេល​កើត​អារម្មណ៍​អវិជ្ជមាន ដូចជា មួម៉ៅ មិន​ពេញចិត្ត សោកសៅ ខូចចិត្ត ចូរ​ដឹង​ទាន់​ពី​អារម្មណ៍​ទាំងនោះ និង​រិះរក​វិធី​ចាត់​ការដែល​ស័ក្តិសម។

    យល់​ពី​អារម្មណ៍​អ្នកដទៃ
    ផ្តល់នូវ​ការយកចិត្តទុកដាក់ ចាប់អារម្មណ៍​ចំពោះ​អារម្មណ៍​អ្នកដទៃ រួមទាំង​តបស្នង​ឱ្យដឹងថា យល់ និង​យល់ចិត្ត​អាណិត​មេត្តា។

    សាង​កម្លាំង​ដឹកនាំ​ផ្លូវចិត្ត​ដល់​ខ្លួនឯង
    រំឭក​ឡើងវិញ​នូវ​អ្វីដែល​សំខាន់​ចំពោះ​ជីវិត ស្វែងរក​ប្រយោជន៍​ពី​ឧបសគ្គ សម្លឹង​ពិភពលោក​ក្នុងន័យ​វិជ្ជមាន សាង​អត្ថន័យ​ក្នុង​ជីវិត និង​ផ្តល់​កម្លាំងចិត្ត​ដល់​ខ្លួនឯង។

    ស្គាល់​ពី​ការ​សាង​សម្ពន្ធភាព​ដែល​ល្អ
    មានទឹក​ចិត្តល្អ មេត្តា អនុគ្រោះ ចែករំលែក ហ៊ាន​សម្តែង​ចេញ​យ៉ាង​ស័ក្តិសម និង​រៀន​យល់ដឹង​ពី​ការបង្ហាញ​គំនិត​យោបល់​ជំទាស់​យ៉ាង​រីកចម្រើន។

    អ្នក​ដែលមាន​ភាព​ឆ្លាត​វៃ​ខាង​អារម្មណ៍ នឹងមាន​ប្រៀប​ជាង​អ្នកដទៃ​ក្នុងការ​រស់នៅ និង​ដំណើរ​ជីវិត​ដែល​នឹង​ប្រកបទៅដោយ​សេចក្តីសុខ សន្តិភាព និង​សម្បូរ​ទៅដោយ​សម្ពន្ធមិត្ត និង​មាន​អ្នក​គោរព​ស្ងើចសរសើរ​ច្រើន៕

  • Angelina Jolie នៅពីក្រោយការបិទសំណុំរឿងបុរសម្នាក់រំលោភសេពសន្ថវៈ

    Angelina Jolie នៅពីក្រោយការបិទសំណុំរឿងបុរសម្នាក់រំលោភសេពសន្ថវៈ

    បណ្តាមិត្តរួមការងាររបស់សកម្មជនដឹកនាំយុទ្ធនាការដើម្បីសន្តិភាពដ៏មានកេរ្តិ៍ឈ្មោះមួយមានការភ្ញាក់ផ្អើលសឹងតែមិនជឿខ្លួនឯងនៅពេលដែលមានសេចក្តីរាយការណ៍មួយកាលពីឆ្នាំមុនថាលោក Jeremy Gilley ដែលជាមិត្តរួមការងាររបស់ពួកគេត្រូវបានចាប់ខ្លួនក្រោមបទសង្ស័យថា បានរំលោភសេពសន្ថវៈលើកុមារដ៏ក្មេងវ័យម្នាក់ តែយ៉ាងណាមិញពួកគេមានភាពធូរស្រាលក្នុងចិត្តឡើងវិញខ្លះហើយអំពីលោក Jeremy Gailly ដោយសារតែមានការគាំទ្រពីតារាភាពយន្តហូលីវូដល្បីៗរួមមានអ្នកនាង Angelina Jolie និងលោក Jude Law ជាដើមនាខណៈពេលនេះ ព្រោះទទួលបានដំណឺងថា ប៉ូលិសនឹងមិនបន្តសំណុំរឿងនេះទៀតឡើយ។

    លោក Jeremy Gilley មានវ័យ 50 ឆ្នាំគឺជាស្ថាបនិករបស់អង្គការ Peace One Day ជាតារាសម្តែង និងជាអ្នកដឹកនាំរឿងមួយរូបជនជាតិអង់គ្លេស ត្រូវបានចាប់ខ្លួន និងសួរចម្លើយដោយអង្គភាពបទល្មើសផ្លូវភេទលើកុមារនៅក្នុងទីក្រុងឡុងដ៍កាលពីឆ្នាំ2016 ។ លោក Gilley មានក្តីតក់ស្លុតជាខ្លាំងចំពោះស្ថានការណ៍នោះ ក៏ប៉ុន្តែបានសហការយ៉ាងពេញទំហឹងជាអាជ្ញាធរ និងដោយឡែកនាពេលថ្មីៗនេះ អ្នកនាំពាក្យប៉ូលិសបានប្រាប់លោក Gilley វិញថា ពួកគេបានសម្រេចមិនបន្តសំណុំរឿងនេះទៀតឡើយ។

    គួរបញ្ជាក់ថា អ្នកនាង Angelina Jolie គឺជាអ្នកគាំទ្រដ៏សកម្មមួយរូបនៃមូលនិធិដើម្បីសន្តិភាព Peace One Day នេះ ហើយក៏ធ្លាប់បង្ហាញខ្លួននៅក្នុងភាពយន្តឯកសាររបស់អង្គការនោះជាមួយលោក Jude Law ក្នុងរឿង The Day After Peace កាលពីឆ្នាំ2008 ដឹកនាំដោយលោក Gilley ផងដែរ៕

  • «ចង់ហៅ ណូ ថតទាល់តែប្រាប់កន្លះខែមុន» នេះជាការវាយឫកឬមិនមែន?

    «ចង់ហៅ ណូ ថតទាល់តែប្រាប់កន្លះខែមុន» នេះជាការវាយឫកឬមិនមែន?

    មួយរយៈចុងក្រោយនេះគេមើលឃើញថា VJ អាណូ ចាប់ផ្ដើមបង្ហាញវត្ដមានក្នុងវិស័យសិល្បៈវិញហើយ ជាមួយគ្នានេះដែរនាងបាននិយាយថា «ចង់ហៅ ណូ ថតទាល់តែប្រាប់កន្លះខែមុន» គ្រាន់តែស្ដាប់ឮពាក្យនេះភ្លាម ធ្វើឱ្យកើតមានការងឿងឆ្ងល់មួយឡើងថា ហេតុអ្វីបានជាអាណូ ចាំបាច់មានក្រឹត្យក្រមអីបែបហ្នឹង?។

    ចាប់តាំងពី VJ អាណូ ប្រកាសខ្លួនថានាងវិលត្រឡប់ចូលសិល្បៈវិញនោះ មួយរយៈចុងក្រោយនេះនាងទទួលបានការងារយ៉ាងច្រើនមានទាំងការថតខារ៉ាអូខេ និងមានផលិតកម្មចង់បាននាងថតចំនួន4រឿងក្នុងអំឡុងខែសីហាខាងមុខនេះ។ តើនេះបណ្ដាលមកពីនាងទទួលបានការងារសិល្បៈច្រើនហើយឬ បានជានាងប្រើពាក្យពេចន៍បែបនេះ?

    កញ្ញា សួន ភក្ដី ហៅ VJ អាណូ បានលើកឡើងថា ការបញ្ជាក់បែបនេះមិនមែនសម្ដែងចេញឱ្យឃើញពីការបដិសេធ ឬជាការវាយឫកអ្វីទេ តែផ្ទុយទៅវិញនាងគ្រាន់តែចង់ប្រាប់ដំណឹងដល់អ្នកដឹកនាំរឿង ឬអ្នករៀបចំកម្មវិធីឱ្យដឹង ងាយស្រួលនាងរៀបផែនការការងារតែប៉ុណ្ណោះ ព្រោះសព្វថ្ងៃក្រៅពីការងារសិល្បៈ នាងក៏រវល់ជាមួយការរកស៊ីផងដែរ។ អាណូ បន្ដថា៖«សព្វថ្ងៃនេះមុខរបរលក់បាយរបស់ខ្ញុំដាច់ខ្លាំងដែលនឹកស្មានមិនដល់ ពេលខ្លះទាមទារឱ្យខ្ញុំត្រូវនៅប្រចាំដើម្បីមើលការខុសត្រូវក្នុងហាង ដូច្នេះហើយទើបខ្ញុំចង់ដឹងមុន ងាយស្រួលឱ្យខ្ញុំរៀបចំរបរមុខរកស៊ីកុំឱ្យប៉ះជាមួយការងារសិល្បៈ»។

    VJ អាណូ បញ្ជាក់ថា រហូតមកដល់ពេលនេះនាងអាចលក់បាយបានជាមធ្យមប្រមាណ350ប្រអប់តាមរយៈការកុម្ម៉ង់ទិញតាមទូរស័ព្ទ។ នាងបន្ដថា ដំបូងនាងគ្រាន់តែចង់លក់តាម Online ឬសម្រាប់តែអ្នកសិល្បៈកុម៉្មង់សម្រាប់យកទៅហូបពេលធ្វើការងារសិល្បៈប៉ុណ្ណោះ ប៉ុន្ដែក្រោយពីការលក់ដាច់ខ្លាំងនាងក៏ត្រូវការបង្កើតទីតាំងឱ្យច្បាស់លាស់។ រហូតមកដល់ពេលនេះនាងមានហាងចំនួនពីរហើយ គឺនៅភ្នំពេញក្រោយរដ្ឋសភាចាស់មួយកន្លែង និងនៅខេត្ដសៀមរាបមួយកន្លែង។ ដូច្នេះនាងចង់ពង្រឹងមុខរបររកស៊ីឱ្យបានរឹងមាំស្របគ្នាទៅជាមួយការងារសិល្បៈដែរ។

    អាណូ បានប្រាប់បន្ថែមថា៖ «ទោះជាការងារសិល្បៈលំបាក ពិសេសធ្វើឱ្យខ្ញុំពិបាកបែងចែកពេលវេលាក៏ដោយ តែខ្ញុំក៏មិនអាចបោះបង់វាចោលបានដែរ ព្រោះមានតែអាជីពនេះហើយដែលធ្វើឱ្យខ្ញុំមានប្រជាប្រិយភាព និងបង្កើនទំនុកចិត្ដក្នុងរបររកស៊ីរបស់ខ្ញុំ»៕