Category: សង្គម និងសេដ្ឋកិច្ច

  • តារាចម្រៀង Adel លុបចោលការសម្ដែង និងខាតបង់ប្រាក់លក់CDរាប់លានផោន

    តារាចម្រៀង Adel លុបចោលការសម្ដែង និងខាតបង់ប្រាក់លក់CDរាប់លានផោន

    តារាចម្រៀង Adel ត្រូវបានបង្ខំឱ្យលុបចោលការសម្ដែង និងត្រូវខាតបង់ប្រាក់រាប់លានផោនពីការលក់ CD និង DVD នៃការប្រគំតន្រ្តីទេសចរណ៍ពិភពលោករបស់នាង នៅក្នុងពហុកីឡដ្ឋាន Wembley។​

    មានបុរសក្រុមការងារអ្នកកាន់កាមេរ៉ាជាច្រើនបានត្រៀមចាំប្រមាញ់ការផ្សាយផ្ទាល់ការប្រគំតន្រ្តីរបស់តារាស្រី Adel  ក៏ប៉ុន្ដែនៅទីបំផុតគម្រោងការនេះត្រូវបានលុបចោលពីតារាងផ្សាយរបស់ពហុកីឡដ្ឋាន Wembley វិញ ហើយ Adel ក៏បានតបតទៅវិញដោយបានលុបចោលការសម្ដែងរបស់ខ្លួននាពេលរាត្រីនៅក្នុងពហុកីឡដ្ឋាន Wembley វិញដូចគ្នា ព្រោះដោយសារតែនាងត្រូវខាតបង់ថវិកាពីការលក់ស៊ីឌីនៅទីនោះដល់ទៅរាប់លានផោន។

    អ្នកគ្រប់គ្រងការចាក់តន្ត្រីម្នាក់មានឈ្មោះថា Matt Askem បាននិយាយថា “នាងត្រូវទទួលខុសត្រូវចំពោះការខកបំណងនេះ”។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រតារាស្រីរូបនេះ បានពោលទាំងចិត្តខឹងសម្បាទៀតផងថា “បរិយាកាសធ្វើការងាររបស់ពួកគេបានធ្លាក់មកដល់កម្រិតសូន្យ” ក៏ព្រោះតែពួកគេបានកក់សំបុត្រតម្លៃថ្លៃអស់ក្នុងការរង់ចាំការទស្សនារយៈពេល 4 ថ្ងៃពេញ តែបែរជាមិនបានទស្សនាទៅវិញ។

    ជាចុងក្រោយតារាស្រីវ័យ 29 ឆ្នាំរូបនេះ បានបង្ហោះសារនៅក្នុងបណ្ដាញសង្គម ធ្វីធើរ ទាំងអារម្មណ៍ឈឺចាប់ប្រាប់អ្នកគាំទ្ររបស់នាងថា នាងត្រូវបានគេបង្ខំឱ្យលុបចោលការសម្ដែងនៅក្នុងទីលានពហុកីឡដ្ឋាន Wembley ក្នុងសប្ដាហ៍នេះ ដូច្នេះសូមកុំឱ្យមានការយល់ច្រឡំ និងទម្លាក់កំហុសមកលើរូបនាងទៀត៕

  • អង្គភាពប្រឆាំងអំពើពុករលួយ ជ្រើសរើសអ្នកសង្កេតការណ៍សម្រាប់ការប្រឡងបាក់ឌុប

    អង្គភាពប្រឆាំងអំពើពុករលួយ ជ្រើសរើសអ្នកសង្កេតការណ៍សម្រាប់ការប្រឡងបាក់ឌុប

    បន្ទាប់ពីមានកំណែទម្រង់ប្រព័ន្ធអប់រំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬដែលគ្រប់គ្នាហៅថា ការប្រឡងបាក់ឌុប កាន់តែមានភាពសុក្រឹត និងតឹងតែងឡើង។ ភាពល្អប្រសើរឡើងនៃលទ្ធផលប្រឡងនៅទូទាំងប្រទេសនេះ មានការចូលរួមពីគ្រប់សមាសភាពសង្គម ជាពិសេសស្ថាប័នសំខាន់ៗដែលបានតាមដានការអនុវត្តចំពោះគ្រូ និងសិស្ស។

    នៅឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយបានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតដើម្បីជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលមានសមាសភាពនានាមកពីសមាគម អង្គការសង្គមស៊ីវិល និងបុគ្គលឯកជន ដើម្បីចូលរួមចំណែកឃ្លាំមើលការប្រឡងសម្រាប់ឆ្នាំសិក្សា 2016-2017 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 21 ខែសីហា ឆ្នាំ2017នេះ។

    បេក្ខជនដែលចាប់អារម្មណ៍សូមដាក់ពាក្យចាប់ពីថ្ងៃទី03 ខែកក្កដា នេះតទៅ ដោយក្នុងមានលក្ខខណ្ឌមួយចំនួនដូចជា មានធនធាន និងមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនសម្រាប់បំពេញការងារ មិនដើរសុំថវិកាពីអ្នកដទៃដើម្បីបំពេញការងារ។
    ចៀសវាងមានទំនាស់ផលប្រយោជន៍ជាមួយបេក្ខជនក្នុងមណ្ឌលប្រឡង និងធានាថាការចូលរួមសង្កេតការណ៍មិនមានប៉ះពាល់ដល់ការងាររដ្ឋ និងឯកជន រួមទាំងលក្ខខណ្ឌមួយចំនួនទៀតដែលកំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ។

    បេក្ខជនត្រូវផ្ញើរូបថត2សន្លឹក អត្តសញ្ញាណប័ណ្ណថតចម្លង 1សន្លឹក ឬកាតនិស្សិត ចំពោះអ្នកស្ម័គ្រចិត្តដែលធ្លាប់ចូលរួម សូមភ្ជាប់ជាមួយនូវលិខិតសរសើរ ឬប័ណ្ណពាក់សម្គាល់ខ្លួនសង្កេតការណ៍ថតចម្លងមួយច្បាប់៕

  • Sulli បកស្រាយរឿងអាក្រាតកាយក្នុងរឿង Real

    Sulli បកស្រាយរឿងអាក្រាតកាយក្នុងរឿង Real

    កាលពីថ្ងៃសម្ពោធខ្សែភាពយន្ដខ្នាតធំរឿង “Real” មានសំណួរជាច្រើនបានចោទសួរទៅកាន់តារាស្រី Sulli ដែលជាអតីតសមាជិកក្រុមចម្រៀងនារី Fx ចំពោះឈុតឆាកអាក្រាតកាយរបស់នាងដែលត្រូវបានក្រុមការងារបង្ហើបឱ្យដឹងថា នឹងត្រូវកាត់ឈុតនោះចោល។ តែផ្ទុយទៅវិញតារាស្រីរូបនេះបានប្រាប់ទៅអ្នកសារព័ត៌មានវិញថា នាងមានអារម្មណ៍ថា ឈុតឆាកនៅលើគ្រែរបស់នាងនៅក្នុងរឿង Real នោះ ជាឈុតឆាកចាំបាច់មួយដែលត្រូវតែមាននៅក្នុងរឿងនោះ។

    តារាស្រី Sulli បានបន្ដប្រាប់អ្នកសារព័ត៌មាននៅក្នុងថ្ងៃសម្ពោធរឿងនោះថា “ខ្ញុំគិតថា វាមិនមែនជារឿងងាយទេ …តែវាជាបញ្ហាប្រឈមយ៉ាងធំបំផុតមួយនៅក្នុងជីវិតខ្ញុំក៏ថាបានដែរ ហើយការសម្ដែង និងអត្ថបទរឿងដែលបានសាកល្បង វាពិតជាលំបាកណាស់សម្រាប់ខ្ញុំ ហើយខ្ញុំក៏មានកង្វល់ចំពោះរឿងនេះរហូតមកដែរ តែយ៉ាងណាមិញ ក៏ហាក់មានអារម្មណ៍សប្បាយម៉្យាងដែរ”។

    គួរបញ្ជាក់ផងដែរថា អតីតសមាជិកក្រុមចម្រៀង Fx វ័យ 23 ឆ្នាំរូបនេះបានដាក់ទុនខ្លួនប្រាណទទួលថតរឿងដែលមានឈុតអាក្រាតកាយនេះជាលើកដំបូង ហើយបានសម្ដែងជាមួយដែលតារាប្រុស Kim Soo Hyun ដែលអាក្រាតកាយស្រស់ៗជាមួយគ្នានៅក្នុងអគារក្រុមហ៊ុនទៀតផង។ ជាចុងក្រោយតារាស្រីរូបនេះ បានបន្ដថ្លែងទៀតថា ” ខ្ញុំគិតថា មុនពេលសម្ដែងខ្ញុំមានបំណងប្រាថ្នាដំបូងគេគឺ ភាពយន្ដនេះបានធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្លួនឯងធំឡើង ហើយមានញាណមួយបង្ហាញឱ្យដឹងពីភាពជោគជ័យរបស់ខ្ញុំ នៅពេលដែលបានសម្ដែង ខ្ញុំបានគិតខ្លួនឯងថា បើខ្លួនឯងដែលមិនដែលបានធ្វើអ្វីសម្រេចមួយសោះឡើយនោះ ចុះហេតុអ្វីមិនធ្វើ? បើវាគ្រាន់តែជាការសម្ដែងសោះហ្នឹង!”៕

  • កម្ពុជាបានប្រាក់ជិត 52លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល 6ខែ

    កម្ពុជាបានប្រាក់ជិត 52លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល 6ខែ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានថ្លែងថា កម្ពុជាទទួលបានចំណូលសរុបជិត 52លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរជូនភ្ញៀវទេសចរអន្តរជាតិនានា។

    លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី3 កក្កដានេះថា ក្នុងរយៈពេល 6ខែដើមឆ្នាំនេះ សំបុត្រចំនួន 1,233,137សន្លឹក ត្រូវបានលក់ជូនភ្ញៀវទេសចរអន្តរជាតិ ដោយបានកើនឡើង 12.92ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងទទួលបានចំណូលសរុបចំនួន 51,933,076ដុល្លារអាមេរិក ដោយបានកើនឡើង 62.82ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    ដោយឡែកគិតត្រឹមខែមិថុនា ការលក់សំបុត្របានចំនួន 140,760សន្លឹក កើន 17.99ភាគរយ និងទទួលបានចំណូលសរុបចំនួនជាង 6លានដុល្លារកើនឡើង 82.53 ភាគរយ ធៀបនឹងខែមិថុនាឆ្នាំមុន។

    លោកថោង ខុន បានបន្តថា «ខ្ញុំគិតថាឆ្នាំ2017 នេះ កម្ពុជានឹងទទួលបានចំណូលជាង100លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ហើយការសម្រួលតម្លៃមិនប៉ះពាល់ដល់លំហូរភ្ញៀវទេសចរនោះទេ»។ លោកបន្តថា «រមណីយដ្ឋានអង្គរមានតម្លៃមហាសាល ហេតុនេះការកែសម្រួលតម្លៃមានហេតុផលត្រឹមត្រូវ ព្រោះចាប់តាំងពីឆ្នាំ1993មក រដ្ឋាភិបាលមិនដែលបានកែសម្រួលតម្លៃនោះទេ»។

    លោកបន្តថា នៅឆ្នាំ2017 នេះ ចំនួនភ្ញៀវទេសចរចិននឹងកើនឡើងដល់ 1លាននាក់ ព្រោះគិតត្រឹមរយៈពេល 4ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជិត37ម៉ឺននាក់រួចទៅហើយ បើទោះខែភ្លៀងក៏ដោយ ក៏ភ្ញៀវទេសចរចិន និងអឺរ៉ុបនៅតែបន្តកើនឡើង៕

  • ឈិត សុវណ្ណបញ្ញា បង្ហាញពីអារម្មណ៍កក់ក្ដៅជាមួយផលិតកម្មថោន

    ឈិត សុវណ្ណបញ្ញា បង្ហាញពីអារម្មណ៍កក់ក្ដៅជាមួយផលិតកម្មថោន

    ទោះបីជាកញ្ញា ឈិត សុវណ្ណបញ្ញា ចាកចេញពីទ្រនំចាស់ផ្លាស់ចូលផលិតកម្មថោន ទើបតែបានរយៈពេលជិត 4ខែក៏ដោយ ប៉ុន្ដែនាងបានសម្ដែងចេញនូវអារម្មណ៍កក់ក្ដៅជាមួយទ្រនំថ្មីនេះជាខ្លាំង។

    ឈិត សុវណ្ណបញ្ញា ជាតារាចម្រៀងអាជីពឈរលើវិថីសិល្បៈអស់រយៈពេលជិត 10ឆ្នាំហើយ អាចនិយាយបានថាភាពល្បីល្បាញរបស់នាងនៅក្នុងពិភពចម្រៀងក៏មានសម្ទុះខ្លាំងគួរសមដែរ តែដោយសារតែនាងចាកចេញមកកាន់ផលិតកម្ម ថោន ពុំទាន់មានជំហររឹងមាំនៅឡើយនោះ ដូច្នេះហើយទើបធ្វើឱ្យអ្នកគាំទ្រជាច្រើន សម្ដែងនូវការបារម្ភជាខ្លាំងជាមួយទ្រនំថ្មីនេះ។

    កញ្ញា ឈិត សុវណ្ណបញ្ញា បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយជាខ្លាំងគ្រាដែលនាង បានផ្លាស់បទពិសោធការងារមកកាន់កន្លែងថ្មី នាងនិយាយថា៖ «សព្វថ្ងៃនេះខ្ញុំមានអារម្មណ៍ជ្រះស្រឡះច្រើន ព្រោះក្រុមការងារនៅផលិតកម្ម ថោន គាត់ទទួលស្វាគមន៍ខ្ញុំ និងផ្ដល់តម្លៃឱ្យខ្ញុំតាំងពីលើដល់ក្រោម ដល់អ៊ីចឹងពេលខ្ញុំធ្វើការងារ ខ្ញុំមានភាពសប្បាយរីករាយណាស់»។

    រហូតមកដល់ពេលនេះ នាងមានបទចម្រៀងចំនួន6បទចេញលក់លើទីផ្សារ និងបទដែលកំពុងតែទទួលបានការគាំទ្រជាងគេគឺបទ «ចង់តែចងក» និង «ឃើញហើយក៏ហួសចិត្ដ» ជាបទចម្រៀងដើមរបស់អ្នកស្រី សុង សេងហ៊ន។ បច្ចុប្បន្ននាងកំពុងតែរៀបចំចេញបទចម្រៀងរបស់ខ្លួនជាបន្ដបន្ទាប់ទៀត។

    តារាចម្រៀងរូបនេះបញ្ជាក់យ៉ាងច្បាស់ថា៖ «នៅកន្លែងការងារថ្មី គាត់ផ្ដល់ឱកាសឱ្យខ្ញុំច្រើន តាមរយៈការបញ្ចេញបទចម្រៀងជាច្រើនទៅលើទីផ្សារ ពិសេសនោះ គឺគាត់ទទួលយកនូវអ្វីដែលជាការផ្ដល់យោបល់របស់ខ្ញុំដើម្បីធ្វើយ៉ាងណាជំរុញឱ្យការងារទទួលបានលទ្ធផលជោគជ័យ»។

    ជាមួយគ្នានេះនាងក៏បញ្ជាក់ថា បើទោះជាមានការបើកឱកាសច្រើនដល់រូបនាងក៏ពិតមែន តែរាល់ការងារនៅខាងក្រៅដែលនាងទទួលយកមកធ្វើ គឺត្រូវឆ្លងកាត់ការពិភាក្សាជាមួយអ្នកគ្រប់គ្រងជាមុនសិនដែរ ដូចជាការសម្ដែងភាពយន្ដឱ្យផលិតកម្មនានាជាដើមជាដើម៕

  • ដីដាំចេកជាង 20អា មួយសប្តាហ៍កាប់ផ្លែលក់បាន 20 ទៅ 30ម៉ឺនរៀល

    ដីដាំចេកជាង 20អា មួយសប្តាហ៍កាប់ផ្លែលក់បាន 20 ទៅ 30ម៉ឺនរៀល

    ចេកជាដំណាំមួយប្រភេទដែលងាយស្រួលដាំដុះជាងដំណាំផ្សេងៗទៀត ព្រោះមិនចាំបាច់ចំណាយពេលវេលា ឬកម្លាំងពលកម្មក្នុងថែទាំជាប្រចាំនោះទេ ហើយនៅពេលបានផល ផ្លែវាគឺជាតម្រូវការរបស់គ្រប់ៗគ្នាក្នុងការយកទៅធ្វើជាបង្អែមញ៉ាំ ធ្វើនំអន្សមចេក អន្សមអាំង ឬយកទៅសែនជារៀងរាល់ថ្ងៃបុណ្យទានមិនសូវដែលខានឡើយ។

    លោក ប្រុស សុវណ្ណ កសិករដាំចេកនៅក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាលបានឱ្យដឹងថា គ្រួសាររបស់គាត់បានធ្វើរបរកសិកម្មដាំចេកណាំវ៉ា ប្រមាណជាជាង 3ឆ្នាំមកហើយ ដោយដាំនៅលើផ្ទៃដីទំហំក្បាល 30ម៉ែត្រ និងទទឹង 80ម៉ែត្រ ដែលអាចដាំដើមចេកបានប្រមាណជា 300គុម្ព។ នៅពេលវាឱ្យផលអាចកាប់លក់បានប្រមាណពី 20 ទៅ 30ម៉ឺនរៀល ហើយមានម៉ូយមកទិញដល់ចម្ការតែម្តង មិនចាំបាច់យកទៅលក់ខ្លួនឯងទេ។

    លោកបន្តថា តម្លៃចេកមួយស្និតលក់នៅនឹងចម្ការមានតម្លៃចន្លោះពី 1,500រៀល ទៅ 2,000រៀល ហើយម៉ូយយកទៅលក់បន្តបានមួយស្និតតម្លៃចន្លោះពី 2,000 ទៅ3,000រៀល ទៅតាមស្និតតូច និងស្និតធំហើយក៏មិនពិបាកលក់ដែរ ដោយសារចេកនេះដាំនៅក្នុងចម្ការក្រោយផ្ទះ មិនប្រើថ្នាំគីមី100%។ នៅពេលអ្នកម៉ៅទិញគាត់ដឹង គាត់មកចាំទិញរៀងរាល់ថ្ងៃសីល ហើយបើយកទៅលក់មុខរោងចក្រវិញ ក៏មានកម្មករទិញដែរដោយចំណាយពេលលក់ប្រហែលតែជាង1ម៉ោងប៉ុណ្ណោះ អាចចំណេញប្រាក់បាន10ម៉ឺនរៀលឬច្រើនជាងនេះទៅតាមចំនួនចេកតិច ឬច្រើន។

    កសិករម្នាក់ទៀតឈ្មោះ តាន់ វុធ ឱ្យដឹងដែរថា លោកមានផ្ទៃដីដាំចេកប្រហែលមួយហិកតាដែរ ដោយកាប់លក់រៀងរាល់ថ្ងៃសីល ហើយមានម៉ូយមកទទួលទិញដល់កន្លែងតែម្តង មិនពិបាកយកទៅលក់ខ្លួនឯងនោះទេ តែបើមានពេលយកទៅលក់ខ្លួនឯងវិញ រឹតតែចំណេញបានប្រាក់ច្រើន ព្រោះថា ចេកងាយស្រួលលក់ណាស់ ដោយសារការដាំដុះតាមបែបធម្មជាតិ100% មិនដាក់ថ្នាំគីមីដើម្បីឱ្យបានផ្លែល្អនោះទេ។ លោកនិយាយថាការដាំចេកមានភាពងាយស្រួល និងមិនលំបាកថែទាំនោះទេ គ្រាន់តែជម្រះស្មៅពេលដើមចេកនៅតូចៗម្តងម្កាល លុះដល់ធំឡើងស្លឹកវាម្លប់ដីទាំងមូលហើយ ដំណាំផ្សេងៗនឹងមិនដុះនាំឱ្យប៉ះពាល់ដល់ដំណាំចេកនោះទេ។

    យ៉ាងណាក៏ដោយកសិករដាំចេកទាំងអស់បាននិយាយថា ដំណាំចេកឆ្នាំនេះធ្លាក់ថ្លៃជាងឆ្នាំមុន ដោយឆ្នាំមុនលក់រាយបានចន្លោះពី3,000រៀល ទៅ4,000រៀល តែចំណែកឆ្នាំនេះលក់រាយបានតម្លៃតែ2,000រៀល ទៅ,3000រៀលប៉ុណ្ណោះ ដោយសារចេកនាំចូលមកពីក្រៅប្រទេសច្រើនពេក។

    លោក ប្រុស សុវណ្ណ បានរៀបរាប់ពីរបៀបដាំចេកថា ចេកងាយស្រួលដាំណាស់ ដោយគ្រាន់តែជីកដីដាក់កូនចេកក្នុងរណ្តៅ1គុម្ព1ដើម ដាំទុកចន្លោះពី1ដើម ទៅ1ដើមចម្ងាយទទឹង 3ម៉ែត្រ បណ្តោយ 4ម៉ែត្រ ពេលដាំហើយបូមទឹកស្រោចប្រមាណជា2ដង ដើម្បីឱ្យចេកចាប់ឫស និងអាចរស់បានហើយ។ យើងមិនបាច់ដាក់ទឹកទៀតទេ គ្រាន់តែថែស្មៅកុំឱ្យដុះដោយបោចចេញម្តងម្កាលទៅបានហើយ។ ហើយដាំបានរយៈពេលត្រឹម7ខែ ចេកនឹងចាប់ផ្តើមធ្លាក់ត្រយូងចេញផ្លែឱ្យផលហើយ៕

  • រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កម្ពុជាមានសម្បទាគ្រប់គ្រាន់សម្រាប់ភ្ញៀវអារ៉ាប់

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កម្ពុជាមានសម្បទាគ្រប់គ្រាន់សម្រាប់ភ្ញៀវអារ៉ាប់

    ភ្នំពេញៈ ស្របពេលដែលអាកាសចរណ៍លំដាប់ពិភពលោក Emirates ភ្ជាប់ការហោះហើរត្រង់មកកម្ពុជា រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអះអាងថា កម្ពុជាមានសម្បទាទ្រទ្រង់ភ្ញៀវទេសចរមកពីតំបន់អារ៉ាប់ស្ទើរគ្រប់គ្រាន់ហើយ។

    លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី3 កក្កដានេះថា ការភ្ជាប់ជើងហោះហើរនេះធ្វើឲ្យកម្ពុជាចំណេញច្រើន ដោយការហោះហើរនេះបានចុះចតនៅមីយ៉ាន់ម៉ា មុននឹងឆ្ពោះមកកាន់កម្ពុជាដែលជាឱកាសធ្វើឲ្យអ្នកធ្វើដំណើរកាន់តែមានភាពងាយស្រួលមកកាន់កម្ពុជា ហើយក្រុមហ៊ុនអាកាសចរណ៍នេះ បានសិក្សាច្បាស់លាស់ណាស់ទើបភ្ជាប់ការហោះហើរត្រង់មកកម្ពុជា។

    លោកបន្តថា យើងសង្ឃឹមថា នឹងមានភ្ញៀវមកពីទីក្រុងឌូបៃ ភ្ញៀវអឺរ៉ុប និងភ្ញៀវមីយ៉ាន់ម៉ាមកកម្ពុជាច្រើន ព្រោះនៅឌូបៃ និងប្រទេសមីយ៉ាន់ម៉ា មានភ្ញៀវទេសចរអឺរ៉ុបច្រើនបានទៅទស្សនាទីនោះ ហេតុនេះពេលពួកគេចង់មកកម្ពុជាក៏មានភាពងាយស្រួលផងដែរ។

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបន្តថា បច្ចុប្បន្នកម្ពុជាមានសម្បទាទេសចរណ៍ដើម្បីទទួលភ្ញៀវទេសចរមកពីតំបន់អារ៉ាប់គ្រប់គ្រាន់ហើយ ដោយនៅរាជធានីភ្នំពេញយើងមានសណ្ឋាគាររ៉ាហ្វ៉លដែលបានទិញដោយថៅកែអារ៉ាប់ ខណៈដែលចំនួនភ្ញៀវអារ៉ាប់មកកម្ពុជាកំពុងកើនឡើង។

    លោកធូន ស៊ីណាន ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាបានថ្លែងថា ការភ្ជាប់ជើងហោះហើរត្រង់ពីពិភពអារ៉ាប់មកកម្ពុជា ជាឱកាសល្អដែលផ្តល់ជម្រើសកាន់តែច្រើនដល់ភ្ញៀវទេសចរ ហើយយើងស្វាគមន៍គ្រប់អាកាសចរណ៍មកកម្ពុជា ទោះជាមកពីណាក៏ធ្វើឲ្យយើងមានផលចំណេញដែរ៕

  • អាល្លឺម៉ង់ ផ្តួលស៊ីលី ដើម្បីលើកពាន Confed Cup ខណៈព័រទុយហ្គាល់បានលេខ3

    អាល្លឺម៉ង់ ផ្តួលស៊ីលី ដើម្បីលើកពាន Confed Cup ខណៈព័រទុយហ្គាល់បានលេខ3

    ខ្សែបម្រើ Lars Stindl បានស៊ុតបាល់បញ្ចូលទីតែ1គ្រាប់គត់ក្នុងការប្រកួតនៅតង់ទី1 និងជាគ្រាប់ដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ប្រជុំដោយតារាវ័យក្មេងឆ្នើមៗ បានផ្តួលក្រុមពោរពេញដោយបទពិសោធ ស៊ីលី ក្នុងលទ្ធផល 1-0 ក្នុងការប្រកួតពាន Confederations Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យម្សិលមិញ។

    នេះគឺជាលើកទីមួយហើយដែលអាល្លឺម៉ង់ ដែលជាម្ចាស់ការពារតំណែងជើងឯក World Cup បានឈ្នះពាន Confederations Cup ក្នុងយុទ្ធនាការទី8នៃព្រឹត្តិការណ៍មុនការប្រកួត World Cup មួយនេះ។ ការធ្វេសប្រហែសរបស់ខ្សែការពារ Marcelo Diaz បានបណ្តោយឲ្យបាល់ធ្លាក់ទៅលើជើងរបស់ខ្សែប្រយុទ្ធ Timo Werner ខណៈដែលរូបគេបានអូសបាល់ផុតអ្នកចាំទី មុននឹងបញ្ជូនទៅឲ្យ Stindl ដែលបានស៊ុតបាល់បញ្ចូលទីយ៉ាងងាយស្រួលនៅនាទីទី20 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។

    ប្រធានក្រុមនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ Julian Draxler ដែលបានឈ្នះពានបាល់មាសសម្រាប់ការជាប់ជាកីឡាកឆ្នើមប្រចាំយុទ្ធនាការនោះ បាននិយាយទាំងញញឹមថា៖ «វាពិតជារឿងមិនគួរឲ្យជឿឡើយ។ យើងបានវាយសម្រុកយ៉ាងល្អ និងស័ក្តិសមក្នុងការទទួលបានជ័យជម្នះ»។

    ខ្សែបម្រើស្លាបរូបនេះបានប្រាប់បន្តថា៖ «យើងមិនដែលបានលេងជាមួយគ្នាឡើយនៅមុនពេលយុទ្ធនាការនេះ ដែលវាធ្វើឲ្យជ័យជម្នះនេះកាន់តែមានតម្លៃឡើង»។

    ស្របពេលជាមួយគ្នានេះ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ដែលជាម្ចាស់ជើងឯក Euro ឆ្នាំ2016 បានធ្វើការវាយបកដើម្បីយកឈ្នះលើក្រុមជម្រើសជាតិម៉ិកស៊ិក ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ3នៃយុទ្ធនាការ Confederations Cup ក្នុងទីក្រុង Moscow កាលពីថ្ងៃដដែលនោះ។

    ក្រោយពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 នៅត្រឹមនាទីទី90 ហើយខ្សែបម្រើ Adrien Silva បានរកគ្រាប់បាល់ឈ្នះដោយការស៊ុតបាល់ប៉េណាល់ទី នៅនាទីបន្ថែម15នាទី2ដង ដើម្បីផ្តល់ជ័យជម្នះដល់ក្រុមខ្លួនតែម្តង៕
    ប្រភពពី៖ BBC

  • Lacazette ទៅទីក្រុងឡុងដ៍ ដើម្បីបំពេញការផ្ទេរទៅកាន់ Arsenal

    Lacazette ទៅទីក្រុងឡុងដ៍ ដើម្បីបំពេញការផ្ទេរទៅកាន់ Arsenal

    Alexandre Lacazette នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីបំពេញការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបនៅ Arsenal ក្រោយពីក្លិបកាំភ្លើងធំមួយនេះ បានយល់ព្រមលើតម្លៃខ្លួន52លានផោន (ស្មើនឹង67.6លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធរូបនេះ។

    Arsenal បានយល់ព្រមបង់ប្រាក់ជាបឋមចំនួន46លានផោន ទៅឲ្យក្លិប Lyon ដើម្បីទិញយក Lacazette ដែលនឹងបំបែកកំណត់ត្រាផ្ទេរកាលពីមុនក្នុងតម្លៃខ្លួន42.5លានផោនដែលកាំភ្លើងធំបានចំណាយទិញខ្សែបម្រើ Mesut Ozil ពីក្លិប Real Madrid កាលពីឆ្នាំ2013។ Lyon អាចនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន6លានផោនផ្សេងទៀត សម្រាប់ការផ្ទេរមួយនេះ។ ស្របពេលលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗត្រូវបានឈានដល់រួចជាស្រេច Lacazette បច្ចុប្បន្ននឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីបំពេញការពិនិត្យសុខភាព និងដើម្បីចុះហត្ថលេខាជាផ្លូវការជាមួយនឹងក្លិប Asenal។

    លោក Jean-Michel Aulas ដែលជាម្ចាស់ក្លិប Lyon បានប្រកាសពីការចាកចេញរបស់ Lacazette តាមរយៈការបញ្ជាក់ថា៖ «ការផ្ទេររបស់ Alexandre Lacazette ទៅកាន់ Arsenal អាចនឹងដំណើរការក្នុងរយៈពេលមួយថ្ងៃឬពីរថ្ងៃទៀត។ ពិតណាស់ វាជាការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ Arsenal ហើយក៏សម្រាប់ក្លិប Lyon ផងដែរ»។ Lacazette បានស៊ុតបាល់បញ្ចូលទីច្រើនជាង20គ្រាប់ក្នុងក្របខ័ណ្ឌ Ligue 1 រាល់រដូវកាលទាំង3លើកចុងក្រោយរបស់គេសម្រាប់ Lyon និងបានស៊ុតបាល់បញ្ចូលទីសរុប129គ្រាប់ក្នុងការបង្ហាញខ្លួន 275លើកសម្រាប់ក្លិបរបស់បារាំងមួយនេះ៕
    ប្រភពពី៖ The Telegraph