Category: សង្គម និងសេដ្ឋកិច្ច

  • ធ្លាយព័ត៌មានមកថា Sony ក៏ត្រៀមបង្ហាញស្មាតហ្វូនគ្មានគែមអេក្រង់នឹងគេដែរ!!

    ធ្លាយព័ត៌មានមកថា Sony ក៏ត្រៀមបង្ហាញស្មាតហ្វូនគ្មានគែមអេក្រង់នឹងគេដែរ!!

    ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទជាច្រើនចាប់ផ្ដើមមានស្មាតហ្វូនស្ទើរតែគ្មានគែមអេក្រង់ និង Home Button ចេញនៅលើផ្នែកខាងមុខរួចមកនោះ ថ្មីៗនេះមានព័ត៌មានបែកធ្លាយមកថា Sony ក៏កំពុងត្រៀមនឹងបង្ហាញសមិទ្ធផលថ្មីមួយនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ IFA នៅចុងឆ្នាំនេះ ដែលវាប្លែកពីទូរស័ព្ទជំនាន់មុនៗ ហើយអាចឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងទៀតផង។
    យោងតាមបណ្តាញសង្គមដ៏ធំបំផុតរបស់ចិន Weibo បានចុះផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុននេះ កំពុងត្រៀមបង្ហាញស្មាតហ្វូនស៊េរីថ្មីមួយដែលស្ទើរតែគ្មាន Bezel-Less អេក្រង់ទំហំ 6 អ៊ីញប្រភេទ LCD ជាមួយនឹងកម្រិត Aspect Ratio 18:9 នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ IFA ចុងឆ្នាំនេះ។


    Sony ក៏ធ្លាប់មានស្មាតហ្វូនមានគែមឆ្វេង/ស្ដាំ ស្ដើងជាច្រើនម៉ូដែលមកហើយដែរ ដែលរួមមាន Xperia XZ Premium, Xzs, XA1 និង XA1 Ultra គ្រាន់តែស្មាតហ្វូនទាំងនេះ នៅមានសល់គែមនៅផ្នែកលើ និងផ្នែកក្រោមច្រើនប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើព័ត៌មានខាងលើក្លាយជាការពិតមែន Sony នឹងក្លាយជាក្រុមហ៊ុនថ្មីមួយទៀតបន្ទាប់ពី Xiaomi និង Sharp ដែលប្រកាសចេញស្មាតហ្វូន និងអេក្រង់គ្មានគែមដ៏ស្ដើងគួរឱ្យចាប់អារម្មណ៍សម្រាប់សម័យបច្ចេកវិទ្យាក្នុងឆ្នាំ 2017 នេះមិនខាន៕

  • Sophie Turner និយាយរឿង Game of Thrones បង្ហាញពីរឿងរ៉ាវសិចរបស់នាង

    Sophie Turner និយាយរឿង Game of Thrones បង្ហាញពីរឿងរ៉ាវសិចរបស់នាង

    ខ្សែភាពយន្តភាគខ្នាតធំដូចជារឿង Game of Thrones បានធ្វើឱ្យយើងដឹងថា ក្រៅពីឈុតឆាកវាយប្រហារ តស៊ូ យ៉ាងក្ដៅគគុកហើយ វានៅមានឈុតឆាកស្នេហាក្ដៅសាច់យ៉ាងរោលរាលទៀតផង ដែលទាំងអស់នោះបានបណ្ដាលឱ្យតារាស្រី Sophie Turner ចេញមុខមកនិយាយប្រាប់ថា រឿងភាគមួយនេះជារឿងដែលបង្ហាញពីរឿងរ៉ាវសិចរបស់នាង។

    តារាសម្ដែងស្រីវ័យ 21 ឆ្នាំ បានទទួលអត្ថបទរឿងសម្ដែងជា Sanz Stark តាំងពីឆ្នាំ 2011 ខណៈដែលបានផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន Sunday Times ដោយនាងបាននិយាយពីឈុតឆាកក្ដៅសាច់នេះថា “គ្រាដំបូងដែលខ្ញុំបានស្គាល់ពីការរួមភេទ គឺនៅពេលបានអានអត្ថបទរឿង Game of Thrones នេះឯង។ នៅគ្រានោះខ្ញុំមានវ័យ 13 ឆ្នាំតែប៉ុណ្ណោះ  វ៉ាវ….តើមនុស្សផ្សេងទៀត គេធ្វើបែបនេះបានអ៊ីចឺងដែរឬ? ..វាពិតជាទាក់ចិត្តដិតអារម្មណ៍ខ្លាំងណាស់។ ខ្ញុំបានគិតថា នោះគ្រាន់តែជាការយល់ដឹងពីរឿងផ្លូវភេទតែប៉ុណ្ណោះសម្រាប់ខ្ញុំចាប់តាំងពីពេលចាប់ផ្ដើមថតរឿង Game of Thrones នេះមក”។

    ជាចុងក្រោយ តារាស្រីរូបនេះបានបញ្ជាក់ផងដែរថា “ការតបស្នងពីរឿងនេះមកឱ្យខ្ញុំវិញ គឺជាការដែលស្គាល់ពីរឿងបែបនោះហើយ ( រឿងផ្លូវភេទ) តែពេលខ្លះវាក៏មិនគួរបង្ហាញតាមកញ្ចក់ទូរទស្សន៍ដែរ។ នៅពេលដែលយើងនិយាយពីរឿងនោះពិតជាព្រឺសម្បុរឡើងតែម្ដង យើងមិនគួរបញ្ចាំងឈុតហ្នឹងនៅលើទូរទស្សន៍ឡើយ តែមានក្រុមមនុស្សមួយចំនួននិយាយថា ពួកគេកំពុងទៅដល់ទីបំផុតនៃការសម្ដែងហើយ”៕

  • សាត រស្មី ប្រឹងចាប់យកអាជីពសិល្បៈវិញ ក្រោយពីទុកចិត្តសង្សារ

    សាត រស្មី ប្រឹងចាប់យកអាជីពសិល្បៈវិញ ក្រោយពីទុកចិត្តសង្សារ

    ក្រោយពីតារាសិល្បៈមានបទពិសោធក្រាស់ក្រែលអ្នកនាង សាត រស្មី ប្រាប់ថា នាងកំពុងមានស្នេហាជាមួយបុរសអាណិកជនរស់នៅអាមេរិក និងមានការលើកឡើងថា មិនយូរប៉ុន្មានទេនាងនឹងចូលរោងការជាក់ជាមិនខាន។

    អ្នកនាងសាត រស្មី ធ្លាប់បានបង្ហើបថា នាងមានបុរសម្នាក់កំពុងតែស្រឡាញ់ និងយល់ចិត្ដនាងខ្លាំងណាស់។ ទោះបីជានាងបានបង្ហាញពីអារម្មណ៍ស្រឡាញ់ និងយល់ចិត្ដទៅលើបុរសម្នាក់នោះវិញក៏ដោយ ក៏នាងបានបញ្ជាក់ដែរថា បច្ចុប្បន្ននាងពុំទាន់បានគិតដល់រឿងរៀបការទេ ព្រោះនាង និងសង្សារមានការយល់ចិត្ដគ្នាទៅហើយ ដូច្នេះទុកពេលវេលាឱ្យនៅយូរបន្ដិចសិនក៏មិនថ្វីដែរ ដោយបច្ចុប្បន្ននាងកំពុងតែគិតពីការងារសិល្បៈ។

    នាងបន្ដថា នាងចង់ធ្វើការងារសិល្បៈឱ្យរីកចម្រើនជាមុនសិន ទើបគិតរឿងមង្គលការ ព្រោះនាងមិនខ្វាយខ្វល់អ្វីទៀតឡើយ ដោយសារតែនាង និងគេបានជឿជាក់លើគ្នាជាខ្លាំង ពិសេសសង្សារនាងបានដឹងរឿងអតីតកាលរបស់នាងអស់ហើយ ហើយបុរសម្នាក់នេះក៏មិនដែលប្រកាន់អ្វីដែរ។

    ទោះបីជានាងមិនទាន់ឈានដល់ថ្ងៃមង្គលការក៏ដោយ ប៉ុន្ដែត្រូវបាននាងបញ្ជាក់ប្រាប់ថា ទៅអនាគតប្រសិនរៀបការរួចហើយ នាងនឹងធ្វើអ្វីៗជាច្រើនទៅតាមបំណងរបស់ស្វាមីនាង ពោលគឺនាងអាចនឹងបោះបង់ចោលសិល្បៈក៏អាចថាបាន  ប្រសិនបើជាសំណូមពរពីស្វាមី ប៉ុន្ដែពេលនេះនាងនឹងប្រឹងប្រែងឆក់យកប្រជាប្រិយភាពឱ្យបានខ្លាំងជាមុនសិន។

    កាលពីដើមឆ្នាំនេះបានលេចចេញនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនាងសាត រស្មី  ដែលធ្វើឱ្យគេបានដឹងថា នាងជាអតីតភរិយារបស់លោក ជៀស ស្រួច ជាកីឡាករប្រដាល់ដ៏ល្បីក្នុងអំឡុងឆ្នាំ2005។ នៅគ្រានោះនាងក៏ពុំបានប្រកែកអ្វីដែរ ប៉ុន្ដែនាងគ្រាន់តែបញ្ជាក់ថា នាង និងអតីតស្វាមីបានចែកផ្លូវគ្នាចប់សព្វគ្រប់អស់ហើយ៕

  • Kim Soo Hyun ៖ “រឿង Real មានឈុតឆាកពិសេសច្រើន មិនគួររំលងឡើយ”

    Kim Soo Hyun ៖ “រឿង Real មានឈុតឆាកពិសេសច្រើន មិនគួររំលងឡើយ”

    បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនចំពោះខ្សែភាពយន្ដខ្នាតធំរបស់កូរ៉េខាងត្បូងគឺរឿង “Real” រួចមក តារាឯកប្រុសនៅក្នុងរឿងនេះបាននិយាយពាក្យខ្លះៗផ្ដាំផ្ញើដល់អ្នកគាំទ្ររូបលោកឱ្យទៅទស្សនារឿងនេះទាំងអស់គ្នា ព្រោះថារឿង Real មានឈុតឆាកពិសេសៗច្រើន ដែលមិនគួរខកខានក្នុងការទស្សនាឡើយ។

    រឿង Real ត្រូវបានសម្ដែងដោយលោក Kim Soo Hyun ជាតួឯកប្រុស និងតួឯកស្រី Sulli ជានារីសិចស៊ីពង្វក់អារម្មណ៍តួប្រុស ហើយរឿងនេះផងដែរត្រូវបានអនុញ្ញាតឱ្យតែមនុស្សដែលមានវ័យ 19 ឆ្នាំឡើងទៅប៉ុណ្ណោះទើបអាចចូលទស្សនាបាន។ តារាឯកប្រុសរូបនេះបានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ស្របពេលដែលមានការផ្សព្វផ្សាយរឿងចុងក្រោយមួយទៀតដែលមានចំណងជើងថា “Kukmin Ilbo”។  លោកបានថ្លែងថា “ដំបូងឡើយដែលខ្ញុំបានឃើញអត្ថបទរឿង Real ខ្ញុំមានអារម្មណ៍មានសម្ពាធ និងភ័យខ្លាចណាស់ តែទោះជាយ៉ាងណាក៏ដោយ តួសម្ដែងរឿងនេះទទួលបានសិទ្ធិសម្រេចម៉្យាង ដែលសឹងតែជាមន្ដស្នេហ៍មួយបានសម្ដែងចេញទៅជូនមហាជន ទើបធ្វើឱ្យខ្ញុំមិនអាចបដិសេធបាន ព្រោះមានឈុតឆាកពិសេសៗច្រើន មិនគួររំលងឡើយ” ។

    លោកបានបន្ដថ្លែងទៀតថា “ខ្ញុំគិតថា លទ្ធផលដែលហុចឱ្យនេះគឺជារឿងធម្មជាតិ ខ្ញុំបានជួបឧបសគ្គក្នុងភាពត្រឹមត្រូវមួយ ហើយបានគិតថា រឿង Real មានបរិយាកាសមួយដែលចាប់ផ្ដើមចាក់ចូលក្នុងបេះដូងខ្ញុំ ខ្ញុំចង់ឱ្យអ្នកគ្រប់គ្នាទស្សនាយ៉ាងសប្បាយចិត្តអស់ពីបេះដូង និងមានឈុតឆាកច្រើនទៀតដែលរំភើប ព្រឺសម្បុរ” ។

    ជាចុងក្រោយតារាប្រុសវ័យ 29 ឆ្នាំរូបនេះបានថ្លែងបញ្ចប់ថា “ខ្សែភាពយន្ដរឿងនេះ ត្រូវបានសម្លឹងឃើញថា ជារឿងមើលទៅអាសអាភាស ទើបធ្វើឱ្យខ្ញុំមានអារម្មណ៍វិលវល់ និងច្របូកច្របល់អស់ តែតាមពិតទៅផលសម្រេចចេញមក រឿង Real មួយនេះ គឺជាគម្រោងរឿងដែលខ្ញុំស្រឡាញ់បំផុត ព្រោះខ្ញុំបានបញ្ចេញការសម្ដែងអស់ពីសមត្ថភាពហើយ”៕

  • ខេខេ បើទទួលបានអាជីពថ្មី អ្វីក៏ហ៊ានធ្វើ

    ខេខេ បើទទួលបានអាជីពថ្មី អ្វីក៏ហ៊ានធ្វើ

    កញ្ញាសឿ ស្រីកា ហៅ ខេខេ ជាតារាសម្ដែង​ និងតារាម៉ូដែលដែលបានបង្ហាញវត្ដមានក្នុងវិស័យសិល្បៈអស់រយៈពេល3ឆ្នាំហើយ ការងារដែលនាងទទួលបានភាគច្រើនគឺការដើរម៉ូដ និងសម្ដែងកាយវិការខារ៉ាអូខេ ព្រមទាំងថតស្ប៉តមួយចំនួន។ ថ្មីៗនេះនាងប្រាប់ថា ដើម្បីឆ្ពោះទៅរកភាពល្បីល្បាញនាងចង់ភ្លក្សរសជាតិការសម្ដែងភាពយន្ដម្ដងដែលវាជាបទពិសោធថ្មីសម្រាប់នាង។

    កញ្ញាខេខេ បានប្រាប់ថា ចាប់តាំងពីនាងចូលប្រឡូកសិល្បៈតាំងពីឆ្នាំ2014មក នាងទទួលបានការងារជាច្រើនទៅលើការសម្ដែងខារ៉ាអូខេ និងដើរម៉ូដ។ ពិសេសក្នុងឈុតសម្ដែងខារ៉ាអូខេភាគច្រើនត្រូវបានអ្នកដឹកនាំតម្រូវឱ្យនាងសម្ដែងជាតួអង្គស្រីដែលមានបុរសស្រឡាញ់ច្រើន និងចូលចិត្ដលេងល្បែងស្នេហា និងមានឈុតឆាកសិចស៊ីមួយចំនួនទៀតផង។

    នាងបន្ដថា៖ «បន្ទាប់ពីទទួលបានការសម្ដែងខារ៉ាអូខេជាច្រើនបទមក  ទើបខ្ញុំដឹងថា ខ្លួនឯងអាចមានបទពិសោធក្នុងការសម្ដែងដោយមិនខ្មាសអៀនបានហើយ។ ខ្ញុំគិតថា ប្រសិនបើខ្ញុំមានឱកាសសម្ដែងក្នុងភាពយន្ដ និងពិសេសទទួលបានឈុតឆាកស្រដៀងគ្នាទៅនឹងការសម្ដែងខារ៉ាអូខេ នឹងជំរុញឱ្យខ្ញុំទទួលបានប្រជាប្រិយភាពក្នុងការសម្ដែងបន្ថែមទៀតមិនខាន»។ កញ្ញា ខេខេ ជាតារាសម្តែងម្នាក់ដែលមាននិស្ស័យស្រឡាញ់សិល្បៈតាំងពីក្មេងមកម្ល៉េះ នាងតែងមានបំណងប្រាថ្នា និងចង់បង្ហាញទេពកោសល្យខ្លួនទាំងការដើរម៉ូដ និងសម្ដែងទៅកាន់សាធារណជន។ តារាស្រីរូបនេះបានបញ្ជាក់ទៀតថា៖ «បន្ទាប់ពីឃើញរៀមច្បងមួយចំនួនគាត់បានចាប់អាជីពសម្ដែងបន្ថែម ព្រមទាំងទទួលបានជោគជ័យនោះ ខ្ញុំក៏បានតាំងចិត្ដថា ខ្ញុំត្រូវតែធ្វើឱ្យបានដូចពួកគាត់ដែរ»។

    ទោះជាយ៉ាងណា ខេខេ បានប្រាប់ទៀតដែរថា នាងនឹងក្រាញននាលជាមួយការសម្ដែងគ្រប់ឈុតឆាកទាំងអស់ មិនថាតួអង្គសិចស៊ី ឬអ្វីឡើយ ឱ្យតែជាតម្រូវការរបស់អ្នកដឹកនាំរឿង នាងនឹងធ្វើឱ្យបានល្អដើម្បីឱ្យមហាជនទទួលយករូបនាងទៅទុកក្នុងដួងចិត្ដរបស់ពួកគាត់ក្នុងនាមជាតារាសម្ដែងដ៏ល្អមួយរូប៕

  • UNICEF ថា ប្រព័ន្ធអប់រំកម្ពុជានៅជួបឧបសគ្គច្រើននៅឡើយ

    UNICEF ថា ប្រព័ន្ធអប់រំកម្ពុជានៅជួបឧបសគ្គច្រើននៅឡើយ

    ការអប់រំជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស ហើយនៅកម្ពុជាប្រព័ន្ធអប់រំបានក្លាយជាផ្នែកមួយដ៏សំខាន់ដែលគ្រប់ភាគីទាំងអស់ក្នុងសង្គមកំពុងយកចិត្តទុកដាក់។
    ទោះបីជាមានការកែទម្រង់ ហើយភាពវិជ្ជមានក៏កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់វិស័យអប់រំនៅកម្ពុជាយ៉ាងណាក៏ដោយ តែវិសមភាពនៃការផ្តល់ឱ្យនូវចំណេះដឹង ជាពិសេសនៅតាមតំបន់ជនបទក៏នៅតែមានបញ្ហាប្រឈមជាច្រើនដែលធ្វើឱ្យវាក្លាយជាឧបសគ្គដែលរាំងស្ទះដល់ដំណើរការនៃការកសាងធនធានមនុស្ស។
    អង្គការ UNICEF បានបង្ហាញក្នុងបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា ប្រព័ន្ធអប់រំនៅកម្ពុជា ជាពិសេសគុណភាពអប់រំនៅមានកម្រិត ដែលជាមូលហេតុនាំឱ្យមានការរៀនត្រួតថ្នាក់ និងការបោះបង់ចោលការសិក្សានៅមានអត្រាខ្ពស់នៅឡើយ។
    តែទោះជាយ៉ាងណាក៏ដោយក្រសួងអប់រំ ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និងទីភ្នាក់ងារស៊ុយអែតដើម្បីអភិវឌ្ឍន៍អន្តរជាតិ រួមជាមួយអង្គការ UNICEF បានបង្កើតគម្រោងមួយឈ្មោះថា មូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ ដើម្បីដោះស្រាយបញ្ហាទាំងអស់ខាងលើនោះ។
    យោងតាម ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងសន្និបាតបូកសរុបការងារក្រសួងអប់រំថា បច្ចុប្បន្នការបោះបង់ការសិក្សានៅថ្នាក់បឋមសិក្សាមានការថយចុះ តែសម្រាប់សិស្សនៅកម្រិតមធ្យមសិក្សា គឺនៅមានចំនួនច្រើននៅឡើយ ព្រោះពួកគេស្ថិតក្នុងវ័យដែលត្រូវចេញទៅរកប្រាក់ចំណូលជួយគ្រួសារ៕

  • Keane ផ្ទេរពី Burnley ទៅកាន់ Everton ក្នុងតម្លៃខ្លួន30លានផោន

    Keane ផ្ទេរពី Burnley ទៅកាន់ Everton ក្នុងតម្លៃខ្លួន30លានផោន

    ក្លិបទូកក្តោង Everton បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារអន្តរជាតិអង់គ្លេស Michael Keane ពីក្លិប Burnley ក្នុងតម្លៃខ្លួនមួយដែលអាចនឹងកើនដល់ចំនួន30លានផោន (ស្មើនឹង38.8លានដុល្លារអាមេរិក)។
    Keane វ័យ24ឆ្នាំ បានផ្ទេរទៅកាន់កីឡដ្ឋាន Goodison Park ក្រោយពីបានយល់ព្រមចុះហត្ថលេខារយៈពេល5ឆ្នាំ។ ខ្សែការពារអង់គ្លេសរូបនេះ គឺជាកីឡាករចំណូលថ្មីទី5របស់ក្លិប Everton នារដូវក្តៅនេះ ខណៈដែលខ្សែប្រយុទ្ធ Sandro Ramirez របស់ក្លិប Malalga ក៏បានចូលរួមមួយនឹងក្រុមទូក ក្តោងនេះផងដែរ ក្នុងតម្លៃខ្លួន5.2លានផោន។ ការចុះហត្ថលេខាជាមួយនឹងកីឡាករថ្មីទាំងនោះ ធ្វើឲ្យ Everton ចំណាយប្រាក់ក្នុងពេលបើកទីផ្សារដោះដូរកីឡាករមកទល់ពេលនេះ មានចំនួនច្រើនជាង90លានផោនហើយ ក្នុងនោះរាប់បញ្ចូលទាំងការនាំយកអ្នកចាំទី Jordan Pickford ក្នុងតម្លៃខ្លួន30លានផោនផងដែរ។ លោក Ronald Koeman គ្រូបង្វឹករបស់ក្លិប Everton បានឲ្យដឹងថា៖ «Michael មានកម្រិតលេងដ៏ខ្ពស់ក្នុងចំណោមកីឡាករដែលយើងចង់នាំយកមកកាន់ Everton នៅរដូវក្តៅនេះ ហើយខ្ញុំពិតជារីករាយណាស់ដែលរូបគេស្ថិតនៅទីនេះ»។ Kean បានបញ្ជាក់ថា ការពិភាក្សាជាមួយនឹងគ្រូបង្វឹករបស់ Everton គឺលោក Ronald Koeman ដែលធ្លាប់បានលេងឲ្យក្លិប Barcelona ក្នុងតំណែងខ្សែការពារដូចគ្នាដែរនោះ បានធ្វើឲ្យរូបគេមានការជឿជាក់ក្នុងការចូលរួម។
    ខ្សែការពាររូបនេះបានឲ្យដឹងថា៖ «អ្នកតែងតែចង់លេងឲ្យអ្នកចាត់ការទូទៅម្នាក់ដែលជឿជាក់លើរូបអ្នក។ ខ្ញុំចង់ទៅកន្លែងណាដែលខ្ញុំបានស្ថិតក្រោមការចង់បានដោយបុគ្គលិក កីឡាករ និងអ្នកគាំទ្រ»៕
    ប្រភពពី៖ BBC

     

  • West Brom ចុះហត្ថលេខាជាមួយ Rodriguez ក្នុងតម្លៃខ្លួន12លានផោន

    West Brom ចុះហត្ថលេខាជាមួយ Rodriguez ក្នុងតម្លៃខ្លួន12លានផោន

    ក្លិប West Bromwich Albion បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Jay Rodriguez មកពីក្លិប Southampton ជាផ្លូវការក្នុងតម្លៃខ្លួន12លានផោន (ស្មើនឹង15.5លានដុល្លារអាមេរិក)។
    ខ្សែប្រយុទ្ធវ័យ27ឆ្នាំរូបនេះ បានជួបភាពត្រដាបត្រដួសដោយសារតែរបួសក្នុងពេលចំណាយពេល5ឆ្នាំរបស់គេនៅឯក្លិប Southampton ដោយបានស៊ុតបាល់បញ្ចូលទី32គ្រាប់ ក្នុងការបង្ហាញខ្លួន126លើក។ រដូវកាលដ៏ជោគជ័យរបស់គេ គឺនៅក្នុងឆ្នាំ2013-2014 ដែលនៅពេលនោះរូបគេបានស៊ុតបាល់បញ្ចូលទី15គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League និងបានធ្វើឲ្យគេបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងទៀតផង។ Rodriguez ដែលស្ថិតក្នុងគោលដៅរបស់លោក Tony Pulis ដែលជាគ្រូបង្វឹកយូរមកហើយនោះ បានឲ្យដឹងថា៖ «ក្រោយពីស្ទើរតែអវត្តមានទាំងស្រុងអស់រយៈពេល2រដូវកាល ខ្ញុំពិតជាស្រេកឃ្លានក្នុងការមកទីនេះខ្លាំងណាស់»។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «រឿងដ៏សំខាន់បំផុតសម្រាប់រាល់កីឡាករទាំងអស់ គឺការត្រូវការពីក្លិបផ្សេង ហើយលោក Tony Pulis និង West Brom បានបញ្ជាក់យ៉ាងច្បាស់ពីកម្រិតដែលពួកគេចង់ឲ្យខ្ញុំចូលរួមជាមួយ។ នោះគឺជាភាពអស្ចារ្យសម្រាប់កីឡាករបាល់ទាត់ទាំងអស់»។
    Rodriguez បានអវត្តមានក្នុងរដូវកាលឆ្នាំ2014-2015ទាំងមូល ក្រោយពីរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ ហើយបន្ទាប់មកបានរងរបួសកជើងកាលពីខែវិច្ឆិកា ឆ្នាំ2015 ដោយបានបង្ហាញខ្លួនត្រឹមតែ16លើកប៉ុណ្ណោះនៅរដូវកាលនោះនៅមុនពេលស៊ុតបាល់បញ្ចូលទីបាន6គ្រាប់ក្នុងការបង្ហាញខ្លួន34លើកកាលពីរដូវកាលមុន៕
    ប្រភពព័ត៌មាន៖ BBC

  • ខ្សែការពារជើងចាស់ Terry ចូលរួមជាមួយនឹងក្លិប Aston Villa

    ខ្សែការពារជើងចាស់ Terry ចូលរួមជាមួយនឹងក្លិប Aston Villa

    អតីតប្រធានក្រុមក្លិប Chelsea និងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស John Terry បានចូលរួមជាមួយនឹងក្លិប Aston Villa របស់ក្របខ័ណ្ឌ Championship ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃចន្ទ នៅលើគេហទំព័ររបស់ពួកគេ។
    Terry បានប្រាប់គេហទំព័ររបស់ Aston Villa ថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការចូលរួមជាមួយនឹង Aston Villa។ វាជាក្លិបមួយដែលខ្ញុំបានកោតសរសើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។ Terry បានប្រាប់បន្តថា៖ «វាមានហេដ្ឋរចនាសម្ព័ន្ធដ៏អស្ចារ្យនៅ Bodymoor Heath ខណៈដែល Villa Park ជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានដ៏ស្រស់ស្អាតបំផុតក្នុងប្រទេសនេះ ហើយវាមានកីឡាករឆ្នើមៗជាច្រើននៅទីនេះ រួមជាមួយនឹងអ្នកចាត់ការទូទៅប្រកបដោយបទពិសោធ និងជោគជ័យដូចជាលោក Steve Bruce»។ ខ្សែការពារវ័យ36ឆ្នាំរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំពិតជាចង់ចាប់ផ្តើមលេងនៅពេលនេះ និងសម្លឹងឆ្ពោះទៅកាន់ការជួយដល់ក្រុមនេះឲ្យសម្រេចបាននូវសមិទ្ធផលដ៏ពិសេសក្នុងរដូវកាលនេះ»។ Terry បានក្លាយជាកីឡាករមិនជាប់កិច្ចសន្យាលេងឲ្យក្លិបណាទាំងអស់កាលពីចុងសប្តាហ៍មុន ក្រោយពីបានចំណាយពេលអស់22ឆ្នាំនៅឯកីឡដ្ឋាន Stamford Bridge ជាកន្លែងដែលរូបគេបានលេងក្នុងអាជីពទាំងមូលរបស់គេក្នុងក្របខ័ណ្ឌ Premier League។

    រូបគេបានធ្វើការបង្ហាញខ្លួនជាលើកចុងក្រោយរបស់គេសម្រាប់ក្រុមម្ចាស់ជើងឯក Chelsea កាលពីខែឧសភា មុននឹងត្រូវបានប្តូរចេញនៅនាទីទី26ក្នុងការប្រកួតនោះ ដើម្បីស្របទៅតាមលេខអាវរបស់គេ។ ប៉ុន្តែ បើទោះបីមានការចាប់អារម្មណ៍ពីសំណាក់ក្លិប West Bromwich Albion, Stoke City និង Bournemouth ក៏ដោយ ប៉ុន្តែ Terry ត្រូវបានបញ្ចុះបញ្ចូលឲ្យទៅលេងក្នុងក្របខ័ណ្ឌលំដាប់ទី២ដោយលោក Bruce គ្រូបង្វឹករបស់ Aston Villa៕
    ប្រភពពី៖ BBC

  • ឡេង ណាវ៉ាត់ត្រា ចំណាយលុយធ្វើMVមួយបទដើម្បីធ្វើតេស្ដទីផ្សារបរទេស

    ឡេង ណាវ៉ាត់ត្រា ចំណាយលុយធ្វើMVមួយបទដើម្បីធ្វើតេស្ដទីផ្សារបរទេស

    នៅដើមសប្ដាហ៍ទីពីរ ខែកក្កដា ខាងមុខនេះអ្នកដែលគាំទ្រOriginal Song  របស់ផលិតកម្ម Galaxy ពិសេសអ្នកនិយមបទ«ឱ្យតែគិត ចេះតែចង់យំ» នឹងបានទស្សនាMV បទនេះ​យ៉ាងរីករាយ​ហើយ​    ខណៈបទនេះត្រូវបានចំណាយទុនពីម្ចាស់ផលិតកម្មអស់ 7 ពាន់ដុល្លារអាមេរិក។

    លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្មGalaxyបានលើកឡើងថា បន្ទាប់ពីចំណាយ​ពេល​វេលា និងថវិកាដ៏ច្រើនក្នុងការផលិតបទចម្រៀងសំណព្វចិត្ដខ្លួនហើយ លោកគ្រោងនឹងចេញបទនេះ នៅដើមសប្ដាហ៍ទីពីរ ខែកក្កដាខាងមុខ។ លោកបន្ដថា មុននឹងចេញMVបទ«ឱ្យតែគិត ចេះតែចង់​យំ»​នេះលោកបាន​ធ្វើការយ៉ាងសម្រិតសម្រាំងជាមួយ​ក្រុម​ការងារ  ពិសេសពិនិត្យលើSound ដើម្បីទទួល​បានការគាំទ្រពីសាធារណជន។

    ចាងហ្វាងផលិតកម្មរូបនេះបានបញ្ជាក់ថា មូលហេតុបទនេះត្រូវ​ចំណាយថវិកា​ច្រើន​ក្នុងការ​ផលិត ព្រោះលោក​ចង់បានផលិតផលល្អដែល​ធ្វើឡើងដោយការសម្រិតសម្រាំងទាំងការ​ចាប់យក​រូបភាពល្អៗ និងការប្រើសម្ភារទំនើបៗ។ ក្នុងបទនេះក៏បានផ្ដិត​យករូបភាពពីតំបន់ពិសេស​នៅក្នុងទី​ក្រុង​ភ្នំពេញ និងតំបន់មួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកបន្ដ​ថា៖«ខ្ញុំធ្វើបែប​នេះគ្មាន​គោលបំណងចង់បានប្រាក់ចំណេញទេ គឺខ្ញុំគ្រាន់តែចង់សាកល្បងថា តើគុណភាពដែលខ្ញុំធ្វើ​ចេញទៅ​អាច​តម្រូវទៅតាមទីផ្សារបរទេសបានដែរឬទេ? ព្រោះខ្ញុំបានចាត់ទុកថាMVបទនេះថា គ្រាន់តែជា​គ្រឹះ​ក្នុងការចាប់ផ្ដើមការផលិតភាពយន្ដរបស់ខ្ញុំតែប៉ុណ្ណោះ ប្រសិនបើមានការគាំទ្រពីទីផ្សារ​បរទេស​ខ្ញុំនឹង​អនុវត្តតាមស្ដង់ដារនេះតែម្តង»។

     

    តារាចម្រៀងនៅក្នុងបទនេះបានបញ្ជាក់ទៀតថា កន្លងមកយើងសង្កេតឃើញថា គុណភាព​ខ្សែ​ភាពយន្ដរបស់ខ្មែរយើងនៅមានកម្រិតនៅឡើយ ពុំទាន់អាចយកទៅប​ញ្ជ្រាបចូល​ទីផ្សារបរទេស​បាន​ទេ​។ ប្រសិនបើយកទៅលក់បានក៏ពុំសូវមានការគាំទ្រដែរ។ យើងអាចនិយាយបានថា គុណភាព​នៃ​ភាពយន្ដរបស់យើងនៅដើរក្រោយគេច្រើនឆ្នាំណាស់។ ណាវ៉ាត់ត្រា បញ្ជាក់បន្ថែមថា៖ «អ៊ីចឹង​ហើយ​ទើប​ខ្ញុំចង់ធ្វើឱ្យភាពយន្ដក្រោយៗប្រកបដោយគុណភាពល្អ ប្រសិនបើទៅអនាគតខ្ញុំមានលុយច្រើន ខ្ញុំនឹង​ដកយក20%ពីអ្វីដែលខ្ញុំមានមកវិនិយោគលើឧស្សហកម្មភាពយន្ដ ធ្វើយ៉ាងណាឱ្យខ្សែភាពយន្ដ​របស់​យើង​​មានគុណភាពល្អ»៕