Category: សង្គម និងសេដ្ឋកិច្ច

  • Celine Dion បញ្ចេញស្ទីលកន្ធែកជើងនៅទីក្រុងបារីស

    Celine Dion បញ្ចេញស្ទីលកន្ធែកជើងនៅទីក្រុងបារីស

    ម្ចាស់បទ My heart will go on ពិតជាមិនធម្មតាមែន ព្រោះទើបតែបានទទួលការសរសើឥតឈប់ឈរកាលពីការសម្ដែងនៅក្នុងរាត្រី Billboard Music Awards 2017 ថ្មីនេះៗ ដោយតារាចម្រៀង Celine Dion ត្រូវបានអញ្ចើញឱ្យទៅសម្ដែងជាពិសេសនៅទីក្រុងបារីស ប្រទេសបារាំង។

    តារាចម្រៀងស្រីវ័យ 49 ឆ្នាំរូបនេះ បានបង្ហាញវត្តមានយ៉ាងមានទំនុកចិត្តនៅលើកម្រាលព្រំក្រហមរបស់កម្មវិធីបង្ហាញម៉ូដ Giambattista Valli សម្រាប់គម្រោង Paris Fashion Week នៅទីក្រុងបារីស ប្រទេសបារាំង។ នៅថ្ងៃដំបូងនេះ តារាស្រីជើងចាស់មានសម្រស់ស្រស់សោភារូបនេះ បានបញ្ចេញស្ទីលបង្ហាញម៉ូដដោយបង្ហាញស្ទីលកន្ធែកជើងពេញទំហឹងដ៏គួរឱ្យអស់សំណើច ក៏ប៉ុន្ដែនេះជាសមត្ថភាពពិសេសមួយដែលលោកស្រីចង់បញ្ចេញជាយូរណាស់ហើយ តែកម្រមានឱកាស។

    គួរបញ្ជាក់ផងដែរថា ការបញ្ចេញស្ទីលចម្លែកបែបដូច្នោះ បានធ្វើឱ្យតារាបង្ហាញម៉ូដនានារំភើបចិត្តយ៉ាងខ្លាំងពេលដែលបានឃើញ ព្រមទាំងមានអ្នកប្រមាញ់រូបថតជាច្រើននាក់បានតម្រង់កាណុងកាមេរ៉ាមករកលោកស្រីតែម្នាក់គត់នៅពេលបង្ហាញវត្តមាន មិនត្រឹមតែប៉ុណ្ណោះទេ លោកស្រីបានបន្ដទៅបង្ហាញម៉ូដនៅក្នុងកម្មវិធីមួយទៀតដែលមានឈ្មោះថា  Christian Dior Haute Couture  ជាកម្មវិធីប្រគំតន្រ្តីដែលតម្រូវឱ្យអ្នកចូលរួមត្រូវស្លៀកសម្លៀកបំពាក់ឈុតពណ៌លឿងទៀតផង៕

  • អៀង ចេនឡា មានចំណុចអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យ

    អៀង ចេនឡា មានចំណុចអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យ

    លោកអៀង ចេនឡា ជាតារាសិល្បៈដែលបានឈរជើងលើអាជីពនេះអស់រយៈពេលជាង10ឆ្នាំមកហើយ ប៉ុន្ដែលោកទើបតែអាចធ្វើឱ្យមហាជនចាប់អារម្មណ៍ និងស្គាល់រូបលោកច្បាស់ក្រោយពីមានឱកាសបានសម្ដែងក្នុងរឿង«ភពផែនដែនស្នេហ៍»ដែលចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍MY TV។

    ការពិត ដំបូងឡើយលោកអៀង ចេនឡា មិនមែនជាតារាសម្ដែងទេ រយៈពេលជាង10ឆ្នាំមកនេះលោកបានប្រើពេលវេលាជាមួយការច្រៀងដោយគ្មានផលិតកម្ម។ តែក្រោយពីលោកចង់បន្ថែមអាជីព ក៏ដូចជាតម្រូវការរកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គត់ជីវភាពគ្រួសារ គ្រាដែលឪពុកលោកជាអ្នករត់ម៉ូតូឌុបជួបឧប្បត្តិហេតុរហូតពិការដើរលែងរួច លោកក៏សម្រេចចិត្ដថតភាពយន្ដតែម្តង។

    លោកអៀង ចេនឡា បញ្ជាក់ថា នៅឆ្នាំ2014លោកទទួលបានឱកាសសម្ដែងនៅក្នុងរឿង«ភពផែនដែនស្នេហ៍» តែមួយប៉ុណ្ណោះ ដោយកាលនោះលោកសម្ដែងជាតួអង្គឧកញ៉ាដែលបង្ហាញពីខ្សែជីវិតពិតរបស់ឧកញ៉ាម្នាក់ ហើយចាប់ពីពេលនោះមកលោកហាក់មានរាសីឡើងចាប់ផ្ដើមទទួលបានការងារសម្ដែងយ៉ាងច្រើនជាបន្ដបន្ទាប់។ លោកបន្ដថា ចូលមកដល់ឆ្នាំ2016 កេរ្ដិ៍ឈ្មោះក្នុងការសម្ដែងត្រូវបានស្ទុះឡើងយ៉ាងខ្លាំងរហូតដល់លោកអាចទទួលបានការសម្ដែងរឿងភាគក្នុងមួយឆ្នាំដល់ទៅ10រឿង ដែលក្នុងនោះមានរឿងល្បីៗដូចជា«កំលោះក្ដាមប្រៃកញ្ញាស្ពៃជ្រក់» និង«ចិត្ដស្អប់បង្កប់ស្នេហ៍ជាដើម»។

    តារាសិល្បៈពហុជំនាញរូបនេះបញ្ជាក់ថា៖«ខ្ញុំតែងតែគិតថា ភាពដដែលៗជាសត្រូវនៃសិល្បៈ ដូច្នេះហើយទើបខ្ញុំខិតខំបង្កើតទេពកោសល្យថ្មីៗសម្រាប់ខ្លួនឯងជាច្រើនដើម្បីបំពេញតាមតម្រូវការទីផ្សារ វាក៏ជាមូលហេតុមួយដែរដែលធ្វើឱ្យខ្ញុំអាចមានទីផ្សារការងារយ៉ាងល្អដូចបច្ចុប្បន្ន»។ លោកបន្ដថា យ៊ីអ៊ុន និងភ័ព្វសំណាងក៏គួបផ្សំជាមួយដែរ ព្រោះបើនិយាយដល់ការថតភាពយន្ត10រឿងក្នុងមួយឆ្នាំ មានតារាសិល្បៈជាច្រើនគិតថា ច្រើនណាស់ និងពិបាកបែងចែកពេលវេលា ហើយក៏មានអ្នកខ្លះសួរលោកដែរថា តើធ្វើម៉េចបានទៅរួច?  តែផ្ទុយទៅវិញសម្រាប់រូបលោកអាចធ្វើបានល្អរួចទៅហើយ។ មិនមែនតែការសម្ដែងមួយមុខនោះទេ គឺមានការងារជាច្រើនទៀតដែលលោកទទួលបាន ដូចជាច្រៀងនៅតាមកម្មវិធីធំៗ ថតរឿងខ្លីនានា និងថតស្ប៉តឱ្យក្រុមហ៊ុននានាទៀតផង។

    លោកអៀង ចេនឡា ប្រាប់ទៀតថា៖ «ការពិតដូចទេវតាជួយខ្ញុំអ៊ីចឹង ពោលគឺចាប់ពីមានឈ្មោះក្នុងទីផ្សារសិល្បៈមក គឺរវល់ជាប់ ពេលខ្លះគិតថា បានសម្រាកមួយថ្ងៃ គឺថ្ងៃនោះហើយដែលត្រូវគេហៅទៅថតស្ប៉ត ឬធ្វើការងារផ្សេងៗ ពោលគឺវាចេះតែទៅស្រួលរហូត»។ ទោះជាយ៉ាងណាលោកអះអាងថា បើទោះជាមានទេវតាជួយក៏ដោយ តែយើងក៏ត្រូវជួយខ្លួនឯងដែរ។ ឧទាហរណ៍ថា បើយើងទទួលបានការងារល្អៗច្រើនហើយ តែយើងមិនចេះគោរពពេលវេលា មិនស្រឡាញ់ការងារ ធ្វើឱ្យអ្នករួមការងារជាមួយយើងគាត់លំបាក ក៏ទេវតាមិនអាចជួយបន្ដទៀតបានដែរ។ ជាងនេះទៅទៀត លោកបន្ដថា​ ​ការគោរព និងដឹងគុណចំពោះឪពុកម្ដាយបានធ្វើឱ្យលោកមានកម្លាំងចិត្ដ  ធ្វើអ្វីៗចេះតែបានជោគជ័យជាបន្ដបន្ទាប់។

    គួរបញ្ជាក់ថា ​លោកអៀង ចេនឡា ក្រៅពីលោកកំពុងទទួលបានទីផ្សារសម្ដែងភាពយន្ដហើយ លោកនៅអាចច្រៀងភ្លេងការ  កាត់សក់ ច្រៀងចម្រៀងសម័យ និងកំប្លែងបានទៀតផង៕

  • Lacazette ពិនិត្យសុខភាពរួចរាល់មុនពេលផ្ទេរទៅ Arsenal

    Lacazette ពិនិត្យសុខភាពរួចរាល់មុនពេលផ្ទេរទៅ Arsenal

    ខ្សែប្រយុទ្ធ Alexandre Lacazette របស់ក្លិប Lyon បានបំពេញការពិនិត្យសុខភាពរួចរាល់ជាផ្លូវការ ហើយនៅឯក្លិប Arsenal មុនពេលបំពេញការផ្ទេរមួយទៅកាន់ក្លិបក្នុងទីក្រុងឡុងដ៍មួយនេះក្នុងតម្លៃខ្លួនដែលអាចកើនដល់52លានផោន (ស្មើនឹង67.3លានដុល្លារអាមេរិក)។
    ក្លិបកាំភ្លើងធំមួយនេះបានរងនូវការច្រានចោលសម្រាប់ការដេញថ្លៃទិញ Lacazette ជាលើកទី1 ប៉ុន្តែការពិភាក្សាផ្សេងៗបានបន្តធ្វើឡើងទៀត។ តម្លៃខ្លួនរបស់គេដែលអាចកើនដល់52លានផោន បើបូកថែមទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតផងនោះនឹងបំបែកកំណត់ត្រាលើតម្លៃខ្លួនក្នុងទឹកប្រាក់42.4លានផោនដែលក្លិប Arsenal ធ្លាប់បានចំណាយទិញខ្សែបម្រើ Mesut Ozil កាលពីឆ្នាំ2013 ពីក្លិប Real Madrid។ Lacazette គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី2ក្នុងក្របខ័ណ្ឌកំពូលបារាំង Ligue 1 កាលពីរដូវកាលមុន ក្រោយពីរកបាន28គ្រាប់។ រូបគេបានស៊ុតបាល់បញ្ចូលទីសរុប129គ្រាប់ ក្នុងការប្រកួត275លើក គឺរាល់យុទ្ធនាការទាំងអស់ចាប់តាំងពីចូលលេងក្នុងក្រុមឈុតធំក្នុងរដូវកាលឆ្នាំ2009-2010។ គ្រាប់បាល់សរុបក្នុងការប្រកួតលីករបស់គេកាលពីរដូវកាលមុន គឺដេញតាមពីក្រោយតែខ្សែប្រយុទ្ធ Edinson Cavani របស់ក្លិប Paris St-Germain មួយប៉ុណ្ណោះ ក្រោយពី Cavani រកបាន35គ្រាប់។


    Lacazette ដែលបានបង្ហាញខ្លួនជាអន្តរជាតិចំនួន11លើកសម្រាប់ក្រុមជម្រើសជាតិបារាំង ត្រូវបានទាក់ទងឲ្យផ្ទេរទៅកាន់ក្លិបជាច្រើន និងស្ទើរតែបានចូលរួមជាមួយនឹងក្លិប Atletico Madrid ទៅហើយ មុនពេលក្លិបរបស់អេស្ប៉ាញមួយនេះត្រូវបានជាប់ពិន័យព្យួរមិនឲ្យដោះដូរកីឡាករដោយតុលាការអាជ្ញាកណ្តាលកីឡា។ ខ្សែការពារស្លាបឆ្វេង Sead Kolasinac ដែលបានផ្ទេរមកពីក្លិប Schalke គឺជាកីឡាករចំណូលថ្មីដំបូងគេរបស់ Arsenal ចាប់តាំងពីបញ្ចប់រដូវកាលមុនរួចមក៕
    ប្រភពពី៖ BBC

  • Iborra យល់ព្រមចូលរួមជាមួយនឹងក្លិប Leicester ពីក្លិប Sevilla

    Iborra យល់ព្រមចូលរួមជាមួយនឹងក្លិប Leicester ពីក្លិប Sevilla

    ក្លិប Sevilla នឹងត្រូវបាត់បង់ប្រធានក្រុម Vicente Iborra ដោយសារតែក្លិប Leicester City ក្រោយពីក្លិបរបស់អេស្ប៉ាញមួយនេះ បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានយល់ព្រមលក់ខ្សែបម្រើរូបទៅនេះ ទៅឲ្យ Leicester ក្នុងតម្លៃខ្លួន១៤លានអឺរ៉ូ (ស្មើនឹង១៦លានដុល្លារអាមេរិក)។ Iborra វ័យ២៩ឆ្នាំ បានចំណាយពេល៤ឆ្នាំជាំមួយនឹងក្លិប Sevilla ចាប់តាំងពីផ្ទេរមកពីក្លិប Levante កាលពីឆ្នាំ២០១៣ ដោយបានស៊ុតបាល់បញ្ចូលទី៣០គ្រាប់ក្នុងការបង្ហាញខ្លួន១៧២លើក និងបានឈ្នះពាន Europa League ចំនួន៣លើកជាប់ៗគ្នា ហើយរូបគេក៏បានចូលរួមលេងក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹង Sevilla ក្នុងយុទ្ធនាការ២លើកចុងក្រោយផងដែរ។

    ក្លិបអេស្ប៉ាញមួយនេះ បានបញ្ជាក់ថា Iborra នឹងធ្វើដំណើរទៅកាន់ក្លិប Leicester ដើម្បីត្រួតពិនិត្យសុខភាព នៅមុនពេលចុះហត្ថលេខាលើកុងត្រារបស់គេ និងវិលទៅកាន់ Sevilla វិញ ដើម្បីនិយាយថា លាហើយទៅកាន់អ្នកគាំទ្ររបស់គេ។ Sevilla បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «Iborra បានបង្ហាញពីឥរិយាបថជាគំរូមក្នុងពេលរូបគេចំណាយពេលនៅក្លិបនេះ និងបានទទួលបានការគោរពជាឯកច្ឆន្ទ និងក្តីស្រឡាញ់ពីរាល់អ្នកគាំទ្ររបស់ក្លិប Sevilla ទាំងអស់»។ ក្លិប Sevilla បានបន្ថែមទៀតថា៖ «ការសម្រេចបានសមិទ្ធផលរបស់គេជាមួយនឹងក្លិបនេះ ពិតជាធំធេងណាស់ ប៉ុន្តែ រូបគេក៏នឹងត្រូវគេចងចាំទៅលើភាពជាអ្នកដឹកនាំរបស់គេទាំងនៅលើ និងក្រៅទីលានផងដែរ»៕
    ប្រភពពី៖ Sport24

  • ជប៉ុនផ្តល់ជំនួយជាង 5លានដុល្លារលើគម្រោងពង្រឹងធនធានមនុស្សនៅកម្ពុជា

    ជប៉ុនផ្តល់ជំនួយជាង 5លានដុល្លារលើគម្រោងពង្រឹងធនធានមនុស្សនៅកម្ពុជា

    ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន 649លានយ៉េនជប៉ុន ស្មើនឹង 5.77លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍធនធានមនុស្សនៅឆ្នាំនេះ និងឆ្នាំខាងមុខ។

    ពិធីផ្តល់ជំនួយខាងលើបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស ដោយមានការចុះហត្ថលេខារួមគ្នារវាងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងឯកឧត្តម horinouchiHidehisa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ ជំនួយជប៉ុននាពេលនេះគឺក្នុងគោលបំណង 1.ហិរញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់ 2.5លានដុល្លារសម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (3ឆ្នាំរំកិល) សម្រាប់ឆ្នាំសិក្សា 2017 និង 2. ហិរញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់ចំនួន 3.27លានដុល្លារ សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់ឆ្នាំសិក្សា 2018។

    ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា នៅឆ្នាំ2000 និស្សិតកម្ពុជារាប់រយនាក់បានទទួល អត្ថប្រយោជន៍ពីគម្រោងនេះដើម្បីបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមក្នុងជំនាញទំនាក់ ទំនងអន្តរជាតិ សេដ្ឋកិច្ច ការអភិវឌ្ឍ ការអភិវឌ្ឍច្បាប់ និងតុលាការ ក្នុងចំណោមជំនាញផ្សេងទៀតជាច្រើន។ រហូតមកទល់ឆ្នាំ2016 និស្សិតកម្ពុជាចំនួន 275នាក់បានបញ្ចប់ការសិក្សាពីកម្មវិធីអាហារូបករណ៍នេះ និងបានបម្រើការងារក្នុងវិស័យរដ្ឋ និងឯកជនក្នុងប្រទេសកម្ពុជា៕

  • ចិនគ្រោងផលិតទឹកស្អាត ពីភ្នំកំចាយសម្រាប់ផ្គត់ផ្គង់ខេត្តជាប់មាត់សមុទ្រ

    ចិនគ្រោងផលិតទឹកស្អាត ពីភ្នំកំចាយសម្រាប់ផ្គត់ផ្គង់ខេត្តជាប់មាត់សមុទ្រ

    ភ្នំពេញ៖ គម្រោងការយកទឹកធ្លាក់ពីវារីអគ្គិសនីភ្នំកំចាយ ខេត្តកំពតដើម្បីផ្គត់ផ្គង់ចែកចាយក្នុងវិសាលភាពគ្របដណ្តប់លើខេត្តចំនួនពីរ គឺខេត្តកំពត និងខេត្តកែប ត្រូវបានឈានដល់ដំណាក់កាលសិក្សាពីសមិទ្ធលទ្ធភាពដោយក្រុមហ៊ុនចិនឈ្មោះ China Energy Engineering Corporation Limited ហើយ។

    តំណាងក្រុមហ៊ុនចិនបានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងសិប្បកម្មថា ការអនុវត្តគម្រោងនេះអនុលោមតាមគំនិតផ្តួចផ្តើមរបស់រដ្ឋចិន ស្តីពីគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយដើម្បីជួយដល់ខេត្តពីរដែលជាប់មាត់សមុទ្រឱ្យមានបណ្តាញទឹកស្អាតប្រើប្រាស់ក្នុងគោលដៅសម្រេចជាបណ្តើរៗរហូតដល់ឆ្នាំ2030។ ទាំងអស់នោះក្នុងដំណាក់កាលទី1 នឹងផលិតក្នុងកម្រិត6ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ ដំណាក់កាលទី2 ចំនួន 12ម៉ឺនម៉ែត្រគុប និងដំណាក់កាលទី៣ ចំនួន18ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ។

    ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសាទរចំពោះលទ្ធផលជាលើកដំបូងនៃការសិក្សាសមិទ្ធលទ្ធភាពនេះ។ តែយ៉ាងណា ឯកឧត្តមបានស្នើឲ្យមានការពិភាក្សាលម្អិតជាងនេះទៅទៀតក្នុងចំណោមអ្នកជំនាញទាំងពីរភាគី ដោយត្រូវចុះទៅពិនិត្យមើលជាក់ស្តែងដល់ទីតាំងអនុវត្តគម្រោង ក្នុងន័យបញ្ចៀសបាននូវផលប៉ះពាល់នានាផ្នែកបរិស្ថាន ក៏ដូចជាសង្គម។ ចំពោះទីតាំងបង្កើតរោងចក្រផលិតទឹកស្អាតនៅខេត្តកំពតមួយ និងនៅខេត្តកែបមួយនេះ ក្រសួង និងអាជ្ញាធរខេត្តនឹងខិតខំដោះស្រាយជូនដើម្បីឱ្យគ្រោងការនេះសម្រេចជោគជ័យបានតាមផែនការ ក្នុងគោលបំណងឱ្យខេត្តកំពត និងកែបទទួលបានការផ្គត់ផ្គង់ទឹកស្អាតដែលនឹងជួយលើកកម្ពស់ថែមទៀតផ្នែកវិស័យទេសចរណ៍ ជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាទីផ្សារការងារជួយរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕

  • ចំណុចពិសេសរបស់ទូរស័ព្ទ LG G6 ដែលអ្នកប្រើប្រាស់គួរដឹង!

    ចំណុចពិសេសរបស់ទូរស័ព្ទ LG G6 ដែលអ្នកប្រើប្រាស់គួរដឹង!

    បើនិយាយពីទូរស័ព្ទ LG G6 ប្រិយមិត្តប្រហែលជាបានដឹងពីលក្ខណសម្បត្តិរបស់ស្មាតហ្វូនមួយនេះច្រើនហើយ ខណៈវាត្រូវបានបង្ហាញខ្លួនតាំងពីខែកុម្ភះ ក្នុងព្រឹត្តិការណ៍ MWCឆ្នាំ 2017 នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញមកម្ល៉េះ។ ប៉ុន្តែ សម្រាប់ទីផ្សារកម្ពុជាយើង G6 នៅមិនទាន់បានបង្ហាញខ្លួនជាផ្លូវការនៅឡើយទេ ដោយតំណាងក្រុមហ៊ុននាំចូលបានបង្ហើបឱ្យដឹងថា វានឹងមកដល់ឆាប់ៗនេះ តែទោះមិនទាន់មកដល់ក៏ដោយ ថ្ងៃនេះក្រុមការងារ ឡារ៉ែន សូមលើកយកចំណុចពិសេសមួយចំនួនរបស់ទូរស័ព្ទ LG G6 មកជម្រាបជូនជ្រាបទុកជាព័ត៌មាន និងចំណេះដឹងខ្លះៗដល់ប្រិយមិត្តអ្នកអាន។

    កាមេរ៉ា 3 គ្រាប់៖ ចំណុចដំបូងនៃលក្ខណៈពិសេសរបស់ទូរស័ព្ទមួយនេះ គឺវាមានបំពាក់ដោយកាមេរ៉ាចំនួន 3 គ្រាប់ ដែលខាងក្រោយភ្លោះ មានទំហំ 13 MP ដោយមួយមានមុខ Wide angle អាចថតរូបកម្រិត 125ដឺក្រេ អាចថតរូបភាពបានធំ និងមួយទៀត 71ដឺក្រេ។

    កាមេរ៉ាភ្លោះនេះគឺល្អក្នុងការថតរូបទេសភាព(Landscapes និង Scenic Shots) និងមានមុខងារដែលថតរូបម្ហូបអាហារបានស្អាត។ LG បានបញ្ជាក់ថា កាមេរ៉ាG6 មិនផ្ដោតសំខាន់ទៅលើមេហ្គាភិកសែលទេ ប៉ុន្តែផ្ដោតសំខាន់ទៅលើគុណភាពរូបភាពវិញ ដូច្នេះរូបភាពថតរបស់ G6 គឺមានគុណភាពខ្ពស់ ហើយយើងអាចធ្វើការ Zoom ចេញចូលបានរហ័សទៀតផង។ ចំពោះកាមេរ៉ាមុខមានទំហំ 5 MP មានកម្រិត Aperture f/2.2 ថតរូបក្នុងមុម 100 ឌឺក្រេ អាចថតរូបបានច្បាស់ល្អ។

    សម្រាប់អ្នកដែលដឹងច្បាស់ពីការថតរូប G6ក៏មានមុខងារ Manual Mode ដូចនឹងប្រភេទកាមេរ៉ា DSLR ដែលអ្នកអាចកំណត់ការត្រួតពិនិត្យលើរបៀបផ្សេងៗនៃមុខងារសំខាន់ៗដូចជាShutter Speed, ISO និង White balanceជាដើមបានដែរ។

    អេក្រង់ធំទូលាយល្អ៖ G6 ត្រូវបាន LG បំពាក់នូវអេក្រង់ទំហំ 5.7 អ៊ីញប្រភេទFullVision ថ្មី លាតទ្រវែងស្ទើរពេញផ្ទៃខាងមុខរបស់វា មិនចាញ់គ្នានឹងទូរស័ព្ទ Galaxy S8 ប៉ុន្មានទេ គ្រាន់តែមិនមានគែមកោងប៉ុណ្ណោះ។ អេក្រង់ថ្មីនេះមានកម្រិតRatio 18:9 មានសមត្ថភាពបង្ហាញរូបភាពដល់កម្រិត Quad-HD ឬស្មើនឹង 2K លើដង់ស៊ីតេអេក្រង់564ppi។

    LG G6 ក៏មានភ្ជាប់មកនូវមុខងារ HDR 10 ផ្ដល់នូវភាពល្អប្រសើរសម្រាប់អ្នកដែលចូលចិត្តទស្សនាវីដេអូ និងលេងហ្គេមបានកាន់តែជក់ចិត្ត ហើយសម្រាប់ការប្រើប្រាស់ក្រោមពន្លឺព្រះអាទិត្យ អេក្រង់ទូរស័ព្ទនេះនឹងបញ្ចេញពន្លឺបានកម្រិត 500 nit ដល់600 nit ដែលធ្វើឱ្យយើងនៅតែអាចមើលឃើញ និងប្រើប្រាស់វាបានដូចធម្មតា។ មួយវិញទៀត វាក៏មានមុខងារ Always On Display បន្ថែមទៀត ដែលអ្នកប្រើប្រាស់អាចមើលម៉ោង និងសារក្រើនរំឭកផ្សេងៗ ដោយមិនចាំបាច់ចុងអេក្រង់ឱ្យភ្លឺឡើយ។

    សមត្ថភាពម៉ាស៊ីន៖ សម្រាប់ម៉ូដែលនេះ LG បំពាក់ត្រឹមបន្ទះឈីប Snapdragon 821 ប៉ុណ្ណោះ ដែលវាហាក់ដុចជាទាបជាងបន្តិចរវាងគូប្រកួតប្រជែងរបស់វាដែលប្រើដល់ទៅ Snapdragon 835 ប៉ុន្តែវាក៏មិនចោទជាបញ្ហាអ្វីធំដុំដែរ។ តាមការបញ្ជាក់ពីក្រុមហ៊ុន LG ទូរស័ព្ទ G6 អាចដំណើរការកម្មវិធី និងហ្គេមធំៗបានរលូនល្អជាមួយនឹង Ram ទំហំ 4GB និងGPU Adreno 530 និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 32GB និង 64GB។

    G6 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Nougat ជំនាន់ 7.0 ចេញពីប្រអប់ផ្ទាល់តែម្ដង ស្រោបឡើងដោយ UI ថ្មីរបស់ LG ខុសប្លែកពី UI ផ្សេងៗទៀត ហើយមានថាមពលថ្មកាន់តែប្រសើរជាងមុន ខណៈក្រុមហ៊ុនបានបង្កើនសមត្ថភាពថ្មដល់ទំហំ 3300mAh រួមនឹងការសាកថ្មកម្រិតលឿនលើបច្ចេកវិទ្យា QuickCharge 3.0 ដែលអាចបញ្ជូលថ្មពេញបានរយៈពេល 96 នាទី ហើយវាអាចបញ្ចូលថ្មបាន 50% ដោយចំណាយពេលត្រឹមតែ 32 នាទីប៉ុណ្ណោះ។

    ក្នុងនោះ LG G6 នៅមានចំណុចថ្មីមួយទៀត គឺមុខងារការពារការជ្រាបទឹក ខុសប្លែកពីរៀមច្បងមុនៗ ដែល LG មួយនេះអាចការពារធូលីដី និងទឹកបានក្នុងជម្រៅ1.5ម៉ែត្រក្នុងរយៈ30នាទីដោយគ្មានបញ្ហា ដែលនេះមានន័យថា អ្នកនឹងគ្មានក្ដីបារម្ភសោះឡើយ ទោះពេលមេឃភ្លៀង និងពេលចូលថតរូបក្នុងហាងហែលទឹកជាដើម។

    ទាំងអស់នេះ គ្រាន់តែជាលក្ខណសម្បត្តិល្អៗមួយចំនួនរបស់ស្មាតហ្វូននេះប៉ុណ្ណោះ នៅមានចំណុចពិសេសជាច្រើនទៀតដែល G6 មាន ដែលក្រុមការងារយើងនឹងជម្រាបជូននៅពេលក្រោយៗទៀត៕

  • វិស័យឯកជនស្នើរដ្ឋាភិបាលជួយសម្រួលថ្លៃដឹកជញ្ជូន

    វិស័យឯកជនស្នើរដ្ឋាភិបាលជួយសម្រួលថ្លៃដឹកជញ្ជូន

     ភ្នំពេញៈ វិស័យឯកជនស្នើរដ្ឋាភិបាលជួយសម្រួលថ្លៃដឹកជញ្ជូន ដែលជាផ្នែកមួយជួយសម្រូល និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្មដែលកំពុងជួបបញ្ហាលើការធ្លាក់ថ្លៃកសិផល។ លោកឧកញ៉ា ភួ ពុយ ប្រធានសម្ព័ន្ធសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជាបានថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្មរយៈពេលវែងនាព្រឹកថ្ងៃទី4 កក្កដានេះថា រដ្ឋាភិបាលគួរជួយសម្រួលថ្លៃដឹកជញ្ជូន តម្លៃទីផ្សារឲ្យបានត្រឹមត្រូវ និងស្នើសុំកុំឲ្យមានការឃាត់ឃាំងពីសមត្ថកិច្ចតាមដងផ្លូវ(កុងត្រូលជជុះ) ព្រមទាំងស្នើសុំឲ្យរដ្ឋាភិបាល និងវិស័យឯកជនបង្កើតសហគមន៍ដើម្បីគ្រប់គ្រងតម្លៃទីផ្សារនៅនឹងកន្លែងដែលជាដំណោះស្រាយសម្រាប់ទីផ្សារអ្នកលក់ និងអ្នកទិញ។ អ្នកជំនាញក្នុងវិស័យនេះក៏បានលើកឡើងដែរថា ប្រព័ន្ធចែកចាយនៅកម្ពុជាមិនអាចឆ្លើយតបនឹងតម្រូវការ និងឆ្លើយតបបានទាន់ពេលវេលានោះទេ ទើបនាំឲ្យមានការនាំចូលពីប្រទេសជិតខាងមកទៀត ដូចជាប្រទេសថៃ និងវៀតណាមជាដើម។ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុនបានថ្លែងថា កម្ពុជាមានបញ្ហាប្រឈមជាច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការដឹកជញ្ជូនមានតម្លៃថ្លៃ អគ្គិសនីនៅកម្ពុជាមានតម្លៃថ្លៃ ដែលធ្វើឲ្យតម្លៃដើមនៃការផលិតរបស់យើងឡើងថ្លៃខ្ពស់ ធ្វើឲ្យមានការលំបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ លោកបន្តថា លោកបានជួបជជែកជាមួយអ្នកវិនិយោគជាច្រើន ដើម្បីជំរុញឲ្យពួកគេមកវិនិយោគកែច្នៃផលិតផលកសិកម្មកម្ពុជា ប៉ុន្តែដោយសារសេវាកម្មរបស់យើងនៅស្មុគស្មាញ តម្លៃអគ្គិសនីថ្លៃ ពិបាកក្នុងការដឹកជញ្ជូន បានធ្វើឲ្យពួកគេសម្រេចចិត្តវិនិយោគនៅប្រទេសជិតខាងវិញ ជាជាងជ្រើសរើសមកវិនិយោគនៅកម្ពុជា។ លោកបន្តថា “បើធៀបជាមួយប្រទេសជិតខាង ការដឹកជញ្ជូនតាមផ្លូវគោក តាមកំពង់ផែរបស់យើង គឺមានតម្លៃថ្លៃបើធៀបជាមួយប្រទេសជិតខាង ដែលធ្វើឲ្យតម្លៃដើមរបស់យើងថ្លៃ មិនអាចប្រកួតប្រជែងជាមួយគេបាន”៕

  • Pan Cake គ្រងតំណែងតួឯកក្នុងរឿង “ណាឃី” វគ្គ 2

    Pan Cake គ្រងតំណែងតួឯកក្នុងរឿង “ណាឃី” វគ្គ 2

    បើតាមសារព័ត៌មានថៃ បានឱ្យដឹងថា មានដំណឹងលេចឮមកថា នៅទីបំផុតគម្រោងការថតរឿងភាគរបស់ស្ថានីយទូរទស្សន៍ថៃប៉ុស្ដិ៍លេខ 3 បានត្រៀមយករឿងភាគដ៏ល្បីល្បាញបំផុតគឺរឿង “ណាឃី” មកថតជាវគ្គទី​ 2 បន្ដទៀត​ ដែលសាច់រឿងនឹងនិយាយអំពីនាង ខាំកែវ វិញម្ដង។

    ដូចដែលយើងធ្លាប់បានដឹងរួចមកហើយថា រឿង ណាឃី គឺជារឿងដែលទទួលបានពានរង្វាន់ជាច្រើនប្រចាំឆ្នាំ​ 2016 និងជារឿងភាគដែលពេញនិយមខ្លាំងជាងគេបំផុត រហូតដល់មានប្រជាជនក្នុងបណ្ដាប្រទេសក្នុងសហគមន៍ AEC បានទស្សនារឿងនេះហើយ លាន់មាត់សរសើរឥតឈប់ទៀតផង។

    ដំណឹងថ្មីចុងក្រោយនេះ ត្រូវបានទម្លាយឱ្យដឹងថា អ្នកដឹកនាំរឿងនេះគឺលោក អហ្វ ផុងផាត់ មានគម្រោងប្ដូរតួសម្ដែងពីរឿងមុនដែលនាង TaewAew ជាអ្នកសម្ដែងតួនាង ខាំកែវ នឹងត្រូវបានជំនួសដោយតារាស្រី Pan Cake វិញម្តង នៅក្នុងសាច់រឿងរបស់នាង ខាំកែវ ។ គួរបញ្ជាក់ផងដែរថា ដំណឹងនេះមិនទាន់មានការអះអាងបញ្ជាក់ពីអ្នកដឹកនាំរឿងជាផ្លុវការនៅឡើយទេ ខណៈដែលតារាស្រីរូបស្អាត Pan Cake ក៏កំពុងជាប់ដៃសម្ដែងក្នុងរឿងប្រវត្តិសាស្ត្រថៃមួយដែរ គឺរឿង ស៊្រីអាយ៉ូថាយ៉ា ( ស្រីអយុធ្យា ) របស់ស្ថានីយទូរទស្សន៍ True 4U។

    គួររំលឹកផងដែរថា Pan Cake គឺជាតារាឯករាជ្យដែលគ្មានជាប់កុងត្រាជាមួយស្ថានីយទូរទស្សន៍ណាមួយឡើយ ហើយនាងត្រូវបានគេទទួលស្គាល់ទៀតថា ជាតារា AEC ដែលទទួលបានការស្រឡាញ់ និងគាំទ្រពីបណ្ដាប្រទេសក្នុងសហគមន៍អាស៊ាន  ព្រោះនាងបានជួយការងារសង្គមជាច្រើន ជាពិសេសបានជួយការងារសប្បុរសធម៌ដល់ប្រទេសកម្ពុជា យើងទៀតផង៕

  • គិតត្រឹមឆ្នាំ2020កម្ពុជាត្រូវការធនធានមនុស្ស20ម៉ឺននាក់គិតត្រឹមឆ្នាំ2020កម្ពុជាត្រូវការធនធានមនុស្ស20ម៉ឺននាក់ក្នុងវិស័យទេសចរណ៍

    គិតត្រឹមឆ្នាំ2020កម្ពុជាត្រូវការធនធានមនុស្ស20ម៉ឺននាក់គិតត្រឹមឆ្នាំ2020កម្ពុជាត្រូវការធនធានមនុស្ស20ម៉ឺននាក់ក្នុងវិស័យទេសចរណ៍

     ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានថ្លែងថា កម្ពុជាត្រូវការធនធានមនុស្ស20ម៉ឺននាក់បន្ថែមទៀតត្រឹមដំណាច់ឆ្នាំ2020ខាងមុខដើម្បីឆ្លើយតបនឹងតម្រូវការក្នុងវិស័យនេះ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញថា បច្ចុប្បន្នវិស័យទេសចរណ៍បានស្រូបយកកម្លាំងពលកម្មដោយផ្ទាល់ប្រមាណ62ម៉ឺននាក់ ប៉ុន្តែបើគិតទាំងវិស័យដឹកជញ្ជូនដែលពាក់ព័ន្ធនឹងវិស័យនេះផងនោះ គឺវិស័យនេះបានស្រូបយកកម្លាំងពលកម្មជាង1លាននាក់ឯណោះ ហើយនៅឆ្នាំ2020ខាងមុខនេះ កម្ពុជាត្រូវការធនធានមនុស្សក្នុងវិស័យនេះ20ម៉ឺននាក់បន្ថែមទៀត គឺមួយឆ្នាំត្រូវការបណ្តុះបណ្តាលធនធានមនុស្ស5ម៉ឺននាក់ ប៉ុន្តែយើងមិនមានសាលាគ្រប់គ្រាន់ដើម្បីបណ្តុះបណ្តាលធនធានមនុស្សទាំងនេះទេ ដែលវាទាមទារឲ្យវិស័យឯកជនចូលរួម។ លោកបន្តថា បច្ចុប្បន្នយើងមានសាលាធ្វើម្ហូបស្វ៊ីសកំពុងជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកចុងភៅ និងសាលាមួយចំនួនទៀត ខណៈសាលាដែលស្ថិតនៅក្រោមក្រសួងទេសចរណ៍មិនទាន់បានដាក់ឲ្យដំណើរការនៅឡើយ តែទន្ទឹមគ្នានេះក្រសួងកំពុងធ្វើតេស្តលើជំនាញរបស់អ្នកធ្វើការក្នុងវិស័យនេះ ដើម្បីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ដល់ពួកគេ មុនពេលពួកគេដាក់ពាក្យដើម្បីទទួលបានការវាយតម្លៃពីគណៈកម្មការជំនាញ ដើម្បីបញ្ជាក់ពីគុណវុឌ្ឍិរបស់ពួកគេថា អាចមានសមត្ថភាពធ្វើការក្នុងតំបន់អាស៊ានបាន។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបន្តថា “ការធ្វើការងារក្នុងវិស័យទេសចរណ៍ទាល់តែមានជំនាញ អត់ជំនាញធ្វើការងារមិនបានទេ ហេតុនេះធនធានមនុស្សមានគុណវុឌ្ឍិពិតមានសារៈសំខាន់ណាស់ ដើម្បីផ្តល់សេវាកម្មពាក់ព័ន្ធនឹងវិស័យនេះឱ្យមានគុណភាព”។ សហប្រធានក្រុមការងារវិស័យឯកជនលោកលូ ម៉េងបានទទួលស្គាល់បញ្ហានេះ ដោយលោកបានមានប្រសាសន៍ថា ធនធានមនុស្សក្នុងវិស័យនេះពិតជានៅមានបញ្ហាប្រឈមច្រើន ពិសេសជំនាញផ្នែកចុងភៅ ដែលជាជំនាញត្រូវការកម្លាំងពលកម្មច្រើន ប៉ុន្តែយុវជនកម្ពុជាមិនសូវចូលចិត្តរៀនជំនាញទាំងនេះទេ ដោយសារពួកគេគិតថា ជាការងារមិនល្អ ប៉ុន្តែតាមពិតវាជាជំនាញមួយដែលទទួលបានប្រាក់ខែច្រើន និងមិនទាមទាររយៈពេលបណ្តុះបណ្តាលវែងទៀតផង៕