Category: សង្គម និងសេដ្ឋកិច្ច

  • ស្ងាត់ៗទូរស័ព្ទ Galaxy ស៊េរី JPro ចំនួន 2 ម៉ូដែលមកដល់កម្ពុជា

    ស្ងាត់ៗទូរស័ព្ទ Galaxy ស៊េរី JPro ចំនួន 2 ម៉ូដែលមកដល់កម្ពុជា

    ក្រោយប្រកាសបង្ហាញមុខនៅលើទីផ្សារបរទេសកាលពីខែមុននោះ ទូរស័ព្ទ Samsung Galaxy J5 pro និង Galaxy J7 pro រូបរាងថ្មី និងមានបំពាក់បច្ចេកវិទ្យាទំនើបជាងមុនបានបង្ហាញខ្លួនក្នុងទីផ្សារកម្ពុជាយើងហើយជាមួយនឹងតម្លៃដ៏សមរម្យបំផុត។

    ទូរស័ព្ទទាំង 2 ស៊េរីមានតួខ្លួនផលិតចេញពីលោហៈមានគុណភាពខ្ពស់ កាមេរ៉ាអាចថតរូបបានច្បាស់ល្អ និងមានភ្ជាប់នូវបច្ចេកវិទ្យាសុវត្ថិភាពដោយស្គែនម្រាមដៃបង្កប់ក្រោមប៊ូតុង Home ដែលស្ថិតនៅក្រោមអេក្រង់ ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការAndroid 7.0 Nougat ជាមួយនឹងជម្រើស 3 ពណ៌គឺ ខ្មៅ ខៀវទឹកប្រាក់ និងពណ៌មាស។ ក្នុងនោះវាក៏មានមុខងារការពារជម្រាបទឹក IP54 Certified ដែលអាចការពារទឹកបានក្នុងកម្រិតល្មមៗ ដូចជាទឹកភ្លៀង និងការធ្លាក់ចូលទឹកបន្តិបន្ទួចជាដើម។

    លោក Seungho Choi នាយកគ្រប់គ្រងសាខា Samsung ថៃ បានឱ្យដឹងថា វត្តមានរបស់ស្មាតហ្វូននេះ ក្រុមហ៊ុនចង់ផ្ដល់ជូនអ្នកប្រើប្រាស់កម្ពុជានូវបច្ចេកវិទ្យាថ្មីៗចុងក្រោយលើទូរស័ព្ទដែលមានតម្លៃសមរម្យ រូបរាងបែបទាន់សម័យ។ ទូរស័ព្ទ Galaxy J5 Pro មានរូបរាងស្អាតតូចច្រទ្បឹង ប្រើនូវអេក្រង់ HD Super AMOLEDទំហំ 5.2អ៊ីញ អាចបង្ហាញរូបភាព 720 x 1080 pixels និងមានកម្រិតPixel Density282ppi។

    លោកថ្លែងថា ៖ «ខ្ញុំមានការជឿជាក់ថា ការរចនាដ៏ស្រស់ស្អាត រួមជាមួយបច្ចេកវិទ្យាកាមេរ៉ាដ៏ទំនើប និងលក្ខណៈពិសេសរបស់ Galaxy ស៊េរី J នឹងបន្តទាក់ទាញអតិថិជនចាស់ និងថ្មីឱ្យនៅតែប្រើប្រាស់ស្មាតហ្វូនទំនើបដែលបានរចនាទ្បើងដ៏ល្អឥតខ្ចោះ និងមានតម្លៃសមរម្យនេះទៀតជាមិនខាន»។

    J5 Pro មានកាមេរ៉ាមុខ និងក្រោយទំហំ 13 MP ដូចគ្នា អាចថតរូបបានច្បាស់ទោះជាស្ថិតក្នុងទីតាំងស្ទើរពន្លឺក៏ដោយ ខណៈស្មាតហ្វូនមួយនេះមានកម្រិត Aperture f/1.7 ហើយកាមេរ៉ាមុខមានភ្ជាប់នូវភ្លើង LED Flash និងមានAperturef/1.9។ ចំពោះសមត្ថភាពម៉ាស៊ីនទូរស័ព្ទនេះវិញមាន Ram ទំហំ 2 GB ទំហំផ្ទុកទិន្នន័យ 16GB ប្រើ CPU ប្រភេទ Octa-core ល្បឿន 1.6 GHz Cortex-A53 និងមាន GPU Mali-T830MP2 រួមនឹងថាមពលថ្ម 3000mAh។

    ដោយឡែកទូរស័ព្ទ Galaxy J7 Pro មានទំហំអេក្រង់ 5.5 អ៊ីញ ប្រភេទ HD Super AMOLED1080x1920 pixels និងមានកម្រិតPixel Density401ppi។ វាក៏មាន Ram ទំហំ 3GB ទំហំផ្ទុកទិន្នន័យ 64GB ប្រើ CPU ប្រភេទ Octa-core ល្បឿន 1.6 GHz Cortex-A53 និងមាន GPU Mali-T830MP2 រួមនឹងថាមពលថ្ម 3600mAh អាចសាកបានតាមរន្ធដោត USB Type-C ។

    លោកនាយកគ្រប់គ្រងបានបន្ថែមទៀតថា ស្មាតហ្វូន Galaxy ស៊េរី J ថ្មីនេះ ក្រុមហ៊ុនរំពឹងថា នឹងរួមចំណែកដល់ការលក់ក្នុងត្រីមាសទី 3 ដែលផ្តោតសំខាន់លើអ្នកប្រើប្រាស់ស្មាតហ្វូនដែលមានបំណងចង់បង្កើនសមត្ថភាពស្មាតហ្វូនរបស់ខ្លួន ខណៈពេលពួកគាត់ធ្វើការសម្រចចិត្តដ៏ល្អបំផុតរវាងសេចក្តីត្រូវការ និងការចំណាយជាក់ស្តែង។ ទូរស័ព្ទ Galaxy J5 Pro មានតម្លៃ 279 ដុល្លារ និង Galaxy J7 Pro មានតម្លៃ 329 ដុល្លារ៕

  • ធ្វើយ៉ាងណា​ដើម្បី​ឱ្យជើង​ស្អាត និង​សិច​ស៊ី?​

    ធ្វើយ៉ាងណា​ដើម្បី​ឱ្យជើង​ស្អាត និង​សិច​ស៊ី?​

    ការដណ្តើម​គ្នា​បង្អួត​ភាព​សិច​ស៊ី បង្ហាញ​សាច់​ជើង​សខ្ចី មាន​ទាំង​ជើង​ស្រ​ឡូ​នតូចៗ និង​ជើង​ទ្រលុកទ្រលន់​តាមរ​យៈ​ការ​ស្លៀក​សម្លៀកបំពាក់ខ្លីៗ គឺជា​សកម្មភាព​ដែល​កំពុង​ពេញនិយម​បំផុត​សម្រាប់នារីៗ ជាពិសេស​គឺ​យុវតី​សម័យថ្មី​នេះ​តែម្ដង។ ប្រាកដ​ណាស់​ថា អ្នកណាៗក៏​នឹង​លួច​កោតសរសើរ​អ្នក​ដែរ ប្រសិនបើ​គេ​បានឃើញ​ជើង​ដ៏​ស្រស់ស្អាត មើលទៅ​មាន​សភាព​ទន់​រលោងរ​បស់​អ្នក។ប៉ុន្តែ​ប្រសិនបើ​អ្នក​នៅ​មិនទាន់មាន​ទំនុកចិត្ត​ថា ជើង​របស់​អ្នកមាន​សភាព​ស្រស់ស្អាត​គ្រប់គ្រាន់​ក្នុងការ​ប្រណាំងប្រជែង​ជាមួយ​អ្នកដទៃ​ទេនោះ សូម​ចាប់ផ្តើម​ថែរក្សា​ជើង​របស់​អ្នក​ឱ្យបាន​ស្អាត​ចាប់ពីពេលនេះ​តទៅ។

    ដុសខាត់​កែងជើង៖ បង្កើត​ទម្លាប់​ក្នុងការ​ដុសខាត់​កែងជើង និង​បាតជើង​ឱ្យបាន​ស្អាត​ដោយ​ច្រាស ឬ​ថ្ម​ខាត់ មុននឹង​ដុស​អ្នក​គួរ​ត្រាំ​ជើង​របស់​អ្នក​ទៅក្នុង​ទឹក (ប្រសិនបើ​ត្រាំ​ជាមួយ​ទឹក​ក្តៅឧណ្ហៗកាន់តែ​ល្អ) ប្រមាណ​ជា10-15នាទី​ជាមុនសិន ដើម្បីឱ្យ​ស្បែកជើង​របស់​អ្នក​ទន់​ងាយស្រួល​ក្នុងការ​ដុស​សម្អាត​សារធាតុ​កខ្វក់ និង​ស្បែកចាស់ៗចោល។ ប្រសិនបើ​ជើង​របស់​ស្ងួត និង​មាន​សភាព​ប្រះ​បែក​នោះ អ្នក​ត្រូវតែ​ផ្តល់​សំណើម​ឱ្យជើង​របស់​អ្នក។ មាន​ផលិតផល​ច្រើនណាស់​ដែល​អាចឱ្យ​អ្នក​ជ្រើសរើស​ប្រើប្រាស់ ដូច្នេះ​វា​ពិតជា​មិន​ពិបាក​ទេ​បើ​គ្រាន់តែ​ចង់​ស្វែងរក​ផលិតផល​មួយ​ដែល​ត្រូវ​នឹង​អ្នកនោះ។

    ធ្វើ​ចលនា និង​ម៉ាស្សា​ជើង៖ ម្រាមជើង និង​ប្រអប់ជើង​ក៏​អាច​បង្កើន​ភាពស្រស់ស្អាត​ឱ្យ​អ្នក​បានដែរ ហេតុនេះ​ការ​ទាញ​ម្រាមជើង ច្របាច់ ធ្វើ​ចលនា​ចុះឡើង និង​ការ​ម៉ាស្សា​ប្រអប់ជើង​ដោយ​ប្រេង​អូ​លីវ ឬ​ប្រេងដូង​ជាដើម​គឺជា​វិធី​ល្អ​បំផុត​ក្នុង​ការបន្ថែម​ភាព​តឹង​ណែន​ដល់​ប្រអប់ និង​ម្រាមជើង​របស់​អ្នក។

    សម្អាត​ជើង​ឱ្យ​ស្អាត៖ ការលាង​សម្អាត និង​ជូត​ជើង​របស់​អ្នក​ឱ្យបាន​ស្អាត និង​ស្ងួត​ល្អ គ្រប់កន្លែង ពិសេស​គឺ​នៅ​ចន្លោះ​ម្រាមជើង​ជាដើម​នោះ​គឺជា​ចំណុច​មួយ​ដែល​អ្នក​មិនគួរ​ភ្លេច​ជាដាច់ខាត។

    កុំ​មើលរំលង​ស្បែកជើង​ដែល​អ្នក​ពាក់៖ ស្បែកជើង​ស្អាត​ល្អ​ពិតប្រាកដ​មិន​ត្រឹមតែ​ជា​ម៉ូដ​ដែល​អាច​លើក​សម្រស់​ជើង​តែប៉ុណ្ណោះ​ទេ តែ​វា​ត្រូវតែ​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ស្លៀកពាក់​ផងដែរ។ សូម​ចាំ​ថា ស្បែកជើង​ដែល​មិន​ធ្វើឱ្យ​ឈឺ​ជើង និង​ងាយស្រួល​ដើរ​គឺជា​ជម្រើស​ទីមួយ​ដែល​អ្នក​ត្រូវ​គិតដល់៕

  • Lee Hyori រកឃើញអ្នកស្នងតំណែងតារាមិនសិចស៊ីដូចរូបនាងហើយ

    Lee Hyori រកឃើញអ្នកស្នងតំណែងតារាមិនសិចស៊ីដូចរូបនាងហើយ

    តារាចម្រៀងស្រី Lee Hyori បានសម្លឹងឃើញតារាចម្រៀងស្រីដែលនាងគិតថាជា Lee Hyori IDol ទីពីរ ហើយ គឺជាតារាចម្រៀងដែលមិនបញ្ចេញស្ទីលសិចស៊ីដូចរូបនាងតែម្តង ដោយនាងបានថ្លែងយ៉ាងដូច្នេះនៅក្នុងកម្មវិធីសម្ពោធអាល់ប៊ុមចម្រៀងថ្មីរបស់នាងដែលមានចំណងជើងថា “BLACK”។

    នាងមានលក្ខណៈឯកនៃភាពពិសេសជាងតារាចម្រៀង K Pop ដទៃទៀតដែលមានឈ្មោះល្បីល្បាញ ហើយនាងបានសម្លឹងឃើញថា តារាស្រី IU អាចមានភាពស្រដៀងនឹងរូបនាងដែរ ដោយតារាស្រីរូបនេះបានពោលថា “នាងខ្ញុំគិតថា តារាចម្រៀង IU នឹងក្លាយជា Lee Hyori មួយរូបទៀត”។ តារាវ័យ 38 ឆ្នាំរូបនេះបានបកស្រាយពីភាពមិនសូវសិចស៊ី ហើយលក្ខណៈនៃភាពជាតារាចម្រៀងស្រីដែលអាចស្នងតំណែងរបស់នាងបាន គឺ “ជំនួសដោយភាពសិចស៊ី នាងខ្ញុំគិតថា ជាអៃដល Lee Hyori បន្ទាប់ទៀតគួរតែជាតារាស្រីដែលតែងចម្រៀងបានដោយខ្លួននាងផ្ទាល់ និងមានភាពសិចស៊ីពណ៌សម្បុរដូចនាងខ្ញុំ”។

    បើទោះបីជាតារាស្រីរូបនេះបានសម្លឹងឃើញតារាចម្រៀង IU ក៏ដោយ ក៏ប៉ុន្ដែនៅមានក្រុមចម្រៀង MAMAMOO មួយក្រុមទៀតដែលជាទីពេញចិត្តពេញថ្លើមរបស់នាង។ នាងបានថ្លែងប្រាប់អ្នកគាំទ្រនាង បន្ទាប់ពីបានទស្សនាការសម្ដែងផ្ទាល់ថា “ក្រុមចម្រៀងនេះ ពួកគេមានលទ្ធផលការងារយ៉ាងល្អអស្ចារ្យកន្លងមក ពួកគេច្រៀងចម្រៀងបានល្អ និងធ្វើការបានល្អ ក៏ប៉ុន្ដែកម្លាំងម៉្យាងដែលគេត្រូវតែបង្កើតឱ្យមានមកជាមួយវានោះគឺ ការធ្វើការងារជាក្រុមដែលពួកគេមានគ្នាច្រើន”៕

  • Jennifer Lopez បញ្ចេញបទថ្មី តែមិនសូវមានអ្នកគាំទ្រ

    Jennifer Lopez បញ្ចេញបទថ្មី តែមិនសូវមានអ្នកគាំទ្រ

    នៅថ្ងៃទី4 ខែកក្កដា​​ ឆ្នាំ2017 តារាចម្រៀង Jennifer Lopez បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួននៅលើ VeVo ដែលមានចំណងជើងថា “Ni Tú Ni Yo” ដែលច្រៀងរួមគ្នាជាមួយតារាចម្រៀងប្រុស Gente de Zona ជាវីដេអូ MV Lyrics ដែលរហូតមកដល់ថ្ងៃនេះ ម៉ោងនេះ ទើបតែមានអ្នកចូលទស្សនាតែជាង 5 ម៉ឺននាក់ប៉ុណ្ណោះ មិនសូវជាមានសម្ទុះខ្លាំងដូចបទចម្រៀងមុនៗរបស់នាងឡើយ។

    តារាចម្រៀងវ័យ 47 ឆ្នាំរូបនេះទើបតែបញ្ចប់ការសម្ដែងផ្ទាល់របស់ខ្លួនក្នុងការផ្សព្វផ្សាយបទថ្មីនេះនៅលើកញ្ចក់ទូរទស្សន៍ NBC កាលពីល្ងាចថ្ងៃម្សិលមិញ ហើយនាងរំពឹងទុកថា ការបញ្ចេញបទចម្រៀងថ្មីរបស់នាងនៅលើបណ្ដាញសង្គមអនឡាញនានា និងទទួលបានការគាំទ្រពីទស្សនិកជនដែលនិយមស្ដាប់សំឡេងរបស់នាង។ ក៏ប៉ុន្តែ ដើម្បីកាន់តែជាក់ច្បាស់ថា តើបទ “Ni Tú Ni Yo” នោះពីរោះដល់កម្រិតណា សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • តារាហុងកុង Ray Lui គ្រងតំណែងពានរង្វាន់មាសសម្ព័ន្ធភាពល្អថៃ-ចិន នៅទីក្រុងបាងកក

    តារាហុងកុង Ray Lui គ្រងតំណែងពានរង្វាន់មាសសម្ព័ន្ធភាពល្អថៃ-ចិន នៅទីក្រុងបាងកក

    តារាឯកប្រុសហុងកុង Ray Lui បានបង្ហាញវត្តមាននៅលើកម្រាលព្រំក្រហមក្នុងឱកាសទទួលពានរង្វាន់មាស Thailand Headlines Person Of The Year Award 2017 ជាពានរង្វាន់សម្ព័ន្ធភាពល្អថៃ-ចិន នៅទីក្រុងបាងកក ប្រទេសថៃ។ ដោយឡែកតារារូបនេះបានធ្វើឱ្យនារីៗអ្នកគាំទ្រជនជាតិថៃស្រឡាញ់ និងស្វាគមន៍រូបលោកយ៉ាងកក់ក្ដៅបំផុត ដោយសារតែពួកគេធ្លាប់បានទស្សនាការសម្ដែងរបស់លោក ដែលភាគច្រើនជាតួអង្គអ្នកលេងបងធំនៅសៀងហៃ និងមានឈុតឆាកក្ដៅសាច់មួយចំនួនទៀតនៅក្នុងរឿងទៀតផង។

    ពីធីជាមហាកិតិ្តយសនេះបានរៀបចំឡើងនៅក្នុងបរិវេណសាលប្រជុំ Bangkok Convention Center ជាន់ទី 22 នៃសណ្ឋាគារ Centara Grand Bangkok ក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលមានការដើរបង្ហាញម៉ូដលើកម្រាលព្រំក្រហមជាពិសេស និងមានវត្តមានតារាហុងកុងដូចជា Tain Boy Band NCT , Henry SJ , តារាស្រីថៃ Esther និងតារាជាច្រើនដួងទៀតផងដែរ។

    ជាចុងក្រោយ នៅពេលដែលតារាឯកប្រុស Ray Lui បានបង្ហាញវត្តមានលើកម្រាលព្រំក្រហមភ្លាម ស្រាប់តែមានសំឡេងហ៊ោកញ្ច្រៀវលាន់ឡើងពេញសាលប្រជុំនោះ ដោយគេសង្កេតឃើញថា មានសុទ្ធតែអ្នកគាំទ្រនារីៗបានចេញមកស្វាគមន៍លោកដោយការសែលហ្វ៊ី និងចាប់ដៃគ្នា។ គួរបញ្ជាក់ផងដែរថា តារាប្រុសវ័យ 60 ឆ្នាំរូបនេះបានបង្កបរិយាកាសនាថ្ងៃនោះយ៉ាងសប្បាយរីករាយ ដោយមានការថតរូបជុំគ្នាជាពិសេសជាមួយអ្នកគាំទ្រ និងតារាថៃ ព្រមទាំងមានការសម្ដែងឈុតឆាកបងធំ និងបង្ហាញក្បាច់គុនលាយឡំនឹងទឹកមុខដ៏សង្ហារបស់លោក ដែលធ្វើឱ្យទស្សនិកជនចូលរួមកម្មវិធីនោះនឹកស្ងើចសរសើចំពោះសមត្ថភាពសម្ដែងរបស់លោកមិនដាច់ពីមាត់ឡើយ៕

  • ផលិតករភាពយន្តរឿង «រាជបុរីCome back» មានភាពជឿជាក់ខ្លាំង

    ផលិតករភាពយន្តរឿង «រាជបុរីCome back» មានភាពជឿជាក់ខ្លាំង

    ទស្សនិកជនកំពុងតែរង់ចាំការចាក់បញ្ចាំងរឿង«រាជបុរីCome back» ដោយរំពឹងថានឹងបានទស្សនានៅក្នុងខែកក្កដានេះហើយ  នេះបើតាមការបញ្ជាក់ពីលោក ហ៊ួ សុផល ចាងហ្វាងផលិតកម្ម Classic។

    រឿង«រាជបុរីComeback» បានធ្វើឱ្យមានការទាក់ទាញអារម្មណ៍ពីសាធារណជនជាខ្លាំងខណៈ អ្នកនិពន្ធបានផ្ដោតយកឈ្មោះតារាចម្រៀងនៅក្នុងផលិតកមុ្មClassicដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុនយកមកធ្វើជាប្រធានបទ។

    លោកហ៊ួ សុផល ចាងហ្វាងផលិតកម្ម Classic បានបញ្ជាក់ថា បច្ចុប្បន្នរឿងនេះបានថតបញ្ចប់ និងត្រៀមចាក់បញ្ចាំងនៅក្នុងខែកក្កដានេះហើយ។ លោកបន្ដថា «រាជបុរីComeback» បានចំណាយទុនក្នុងការផលិតអស់ចំនួន 5ម៉ឺនដុល្លារអាមេរិកដោយមានការចូលរួមពីតារាសិល្បៈជិត100នាក់។

    ចាងហ្វាងផលិតកម្មរូបនេះបានសម្ដែងពីអារម្មណ៍របស់ខ្លួនថា គ្រាដែលរឿងនេះគ្រោងនឹងចាក់បញ្ចាំងឆាប់ៗនេះ វាក៏ធ្វើឱ្យលោកកំពុងមានចិត្ដរំភើបខ្លាំងដែរ នៅពេលលោកទទួលបានព័ត៌មានមកពីខាងក្រៅថា ​មានអ្នកកំពុងរង់ចាំទស្សនារឿងនេះច្រើនណាស់។ លោកប្រាប់ទៀតថា៖ «ទោះបីជាខ្ញុំមិនអាចទស្សន៍ទាយបានថា លទ្ធផលនៃការដាក់បញ្ចាំងរឿងនេះនឹងទៅជាយ៉ាងណាក៏ដោយ ក៏ប៉ុន្ដែចិត្ដខ្ញុំផ្ទាល់ គឺមានក្ដីសង្ឃឹមទៅលើសាច់រឿងល្អៗដែលខ្ញុំបានដាក់បញ្ចូលគ្រប់រសជាតិ ពិសេសមានតារាល្បីៗ មានបទពិសោធជាច្រើនចូលរួមសម្ដែង»។ ជាមួយគ្នានេះដែរលោកបានប្រាប់ថា អ្វីដែលកាន់តែធ្វើឱ្យលោកមានភាពជឿជាក់ខ្លាំងនោះ គឺដោយសារតារាសម្ដែងគ្រប់រូបដែលចូលរួមសម្ដែងសុទ្ធតែពេញចិត្ដនឹងសាច់រឿងនេះទាំងអស់ និងបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យរឿងនេះទទួលបានគុណភាពល្អ។

    គួរបញ្ជាក់ផងដែរថា លោកហ៊ួ សុផល ធ្លាប់ផលិតរឿងទទួលបានការគាំទ្រជាច្រើនរួចមកហើយ ដូចជារឿង «អាបកាលីប009» «ទាយាទអារីយ៉ា» និង «កូនភ្លោះខ្ទើយចម្លែក» ជាដើម។ នេះជារឿងទី7 ហើយដែលលោកបានផលិត។ រឿង«រាជបុរីComeback» មានការចូលរួមសម្ដែងពីតារាល្បីៗដូចជា លោករតនៈ ពិសិដ្ឋ លោកឈួន ពន្លឺ  កញ្ញាអ៊ុន អាលីហ្សា កញ្ញាកុល ដាវី កញ្ញាស្រីពេជ្រ កញ្ញាជេស៊ីកា  ជាដើម។

    កន្លងមកគេមើលឃើញថា លោកហ៊ួ សុផល បានផលិតសុទ្ធតែរឿងបែបកំប្លែង ឈុតឆាកខ្មោច បញ្ហានេះត្រូវបានលោកបញ្ជាក់ថា លោកចំណាយទុនផលិត គឺតម្រូវទៅតាមទីផ្សារយុវវ័យ និងតម្រូវការរបស់រោងភាពយន្ដ ប្រសិនបើលោកផលិតខុសពីតម្រូវការរបស់ទីផ្សារនឹងអាចធ្វើឱ្យលោកជួបបញ្ហាប្រឈមខ្លាំងជាមួយទុនផលិតរបស់ខ្លួន៕

  • កម្ពុជាត្រៀមបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្រុងគុនមិងប្រទេសចិន

    កម្ពុជាត្រៀមបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្រុងគុនមិងប្រទេសចិន

    ភ្នំពេញ៖ ដើម្បីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិនឱ្យមានភាពរលូន និងយូរអង្វែង ក្រសួងពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាជាមួយគណៈប្រតិភូមកពីទីក្រុងគុនមិងនៃខេត្តយូណាន់ ប្រទេសចិន ដែលដឹកនាំដោយលោក Li Shaoquan ប្រធានក្រុមហ៊ុន Construction and Investment Holding Group Co.,Ltd ក្នុងបំណងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មតំណាងកម្ពុជាប្រចាំនៅខេត្តគុនមិង ប្រទេសចិន។
    ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅក្នុងគោលបំណងពិភាក្សាអំពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុងគុនមិង ខេត្តយូណាន់ ប្រទេសចិន ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេសរវាងកម្ពុជា-ចិន។ ក្នុងនោះខាងភាគីចិន លោក Li Shaoquan បានសុំខាងភាគីកម្ពុជាមានគោលនយោបាយគាំទ្រអ្វីខ្លះដល់ភាគីចិនក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ។


    ឆ្លើយតបទៅនឹងសំណើខាងលើ ឯកឧត្តម ស៊ាង ថៃ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មបានជម្រាបជូនគណៈប្រតិភូចិនអំពីនីតិវិធីនៃការបង្កើតមជ្ឈមណ្ឌល និងកិច្ចដំណើរការផ្សេងៗ ហើយឯកឧត្តមបានជម្រាបជូនភាគីចិនថា ក្រសួងគាំទ្រយ៉ាងពេញទំហឹងក្នុងការសហការដើម្បីបងើ្កតមជ្ឈមណ្ឌលពាណិជ្ជកម្មនោះ និងជួយសម្របសម្រួលត្រឹមការងារ និងឯកសារតែប៉ុណ្ណោះ។ ឯកឧត្តមបានបញ្ជាក់ប្រាប់ទៅខាងភាគីចិនថា ក្រសួងមិនមានមូលនិធិសម្រាប់ជួយទ្រទ្រង់ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះទេ។
    ចុងបញ្ចប់នៃជំនួបពិភាក្សានេះ ទាំងភាគីក្រសួង និងភាគីចិនបានជំរុញឱ្យមានការទំនាក់ទំនងគ្នាជាប្រចាំ និងសហការឱ្យបានរលូនដើម្បីឱ្យការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះទទួលបានជោគជ័យ៕

     

  • កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិន1លាននាក់នៅដំណាច់ឆ្នាំនេះ

    កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិន1លាននាក់នៅដំណាច់ឆ្នាំនេះ

     ភ្នំពេញៈ បើសិនជាមិនមានអ្វីប្រែប្រួលទេនោះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនចំនួន1លាននាក់នៅដំណាច់ឆ្នាំនេះ ដូចនឹងអ្វីដែលជាការព្យាកររបស់ក្រសួងទេសចរណ៍។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញថា តាមការព្យាករ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ1លាននាក់នៅដំណាច់ឆ្នាំនេះ ព្រោះគិតត្រឹមរយៈពេល4ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង36ម៉ឺននាក់រួចស្រេចទៅហើយ ដោយកើនឡើងជាង30ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោកបន្តថា កំណើនភ្ញៀវទេសចរចិន និងអឺរ៉ុបមិនបានធ្លាក់ចុះទេនៅឆ្នាំនេះទោះជារដូវភ្លៀងធ្លាក់ក៏ដោយ គឺយើងឃើញនៅតែមានកំណើនភ្ញៀវមកពីអឺរ៉ុប និងមកពីប្រទេសចិន និងភ្ញៀវទេសចរមកពីគោលដៅផ្សេងៗទៀតផងដែរ។ ក្រសួងទេសចរណ៍កាលពីឆ្នាំមុនបានដាក់ចេញនូវយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរចិនតាមរយៈការដាក់ចេញនូវសៀវភៅ“ស” ឬChina Readyដើម្បីទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន2លាននាក់នៅឆ្នាំ2020ខាងមុខនេះ។ លោក ថោង ខុនបានបន្តថា “ភ្ញៀវទេសចរចិនជាភ្ញៀវចំណាយប្រាក់ច្រើន និងជាភ្ញៀវទេសចរដែលពិភពលោកប្រាថ្នាចង់បាន”។

    ភ្ញៀវចិនបាន និងកំពុងនាំមុខភ្ញៀវទេសចរវៀតណាមដែលបានកាន់កាប់ចំណាត់ថ្នាក់លេខ1ជាច្រើនឆ្នាំ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ប្រសិនជាកម្ពុជាសម្រេចបាននូវកំណើនបែបនេះ កម្ពុជាពិតជាសម្រេចបាននូវចំនួនភ្ញៀវចិន1លាននាក់នៅដំណាច់ឆ្នាំនេះ ដោយសារមានការភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរកើនឡើង និងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជានៅប្រទេសចិន និងបណ្តាប្រទេសនានាកាន់តែមានសកម្មភាពទូលំទូលាយជាងមុន។ លោកស្រីបន្តថា “ទោះជាយ៉ាងណាវិស័យឯកជនស្នើសុំឲ្យក្រសួងជួយលុបបំបាត់កញ្ចប់ទេសចរណ៍ហ្សេរ៉ូ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យនេះទាំងមូលប្រសិនជាមិនទប់ស្កាត់ទេនោះ”។ កញ្ចប់ទេសចរណ៍ហ្សេរ៉ូមានន័យថា ក្រុមហ៊ុនលក់សេវាកម្មនេះដល់ភ្ញៀវទេសចរមកទស្សនាកម្ពុជា ឬប្រទេសណាមួយដោយមិនយកប្រាក់ចំណេញ ផ្ទុយទៅវិញពេលភ្ញៀវទេសចរមកដល់ ពួកគេនាំភ្ញៀវទេសចរទៅទិញទំនិញ ឬទិញសេវាកម្មផ្សេងៗក្នុងតម្លៃខ្ពស់ក្នុងរូបភាពជាការបោកប្រាស់ភ្ញៀវទៅវិញ៕

  • អគ្គនាយកដ្ឋានពន្ធដារមិនអនុញ្ញាតឲ្យបារីបិទតែមចាស់ចរាចរលើទីផ្សារ

    អគ្គនាយកដ្ឋានពន្ធដារមិនអនុញ្ញាតឲ្យបារីបិទតែមចាស់ចរាចរលើទីផ្សារ

     ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ចាប់ពីថ្ងៃទី1 ខែសីហា ឆ្នាំ2017 ខាងមុខនេះតទៅ រាល់ផលិតផលបារីណាដែលបិទតែមចាស់ នឹងមិនអនុញ្ញាតឲ្យធ្វើចរាចរលក់នៅក្នុងទីផ្សារទៀតទេ។ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល បានថ្លែងក្នុងឱកាសចុះពិនិត្យមើលការផលិតបារីនៅក្នុងក្រុមហ៊ុន British American Tobacco Cambodia កាលពីដើមសប្តាហ៍នេះថា គឺជាការចុះពិនិត្យមើលនូវការអនុវត្តតែមបារី ឬតែមសារពើពន្ធដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចកី្តប្រកាសនៅខែធ្នូ ឆ្នាំ2016 ដើម្បីឲ្យអនុវត្តនូវការបិទតែមបារីថ្មី(សន្លឹកតែមថ្មី)។ អគ្គនាយកដ្ឋានពន្ធដារបានចេញនូវសារាចរណែនាំមួយស្តីពីការអនុវត្តតែមបារីនៅក្នុងខែមករា ឆ្នាំ2017 គឺមានន័យថា ចាប់ពីខែសីហាខាងមុខ គ្រប់សហគ្រាសដែលផលិតបារីក្នុងស្រុក និងទាំងបារីនាំចូល គឺត្រូវមកទិញសន្លឹកតែមថ្មីយកទៅបិទដែលហៅថា ការអនុវត្តនូវសន្លឹកតែមថ្មី ដោយសន្លឹកតែមចាស់គឺទី1 ពិនិត្យឃើញថាគុណភាពនៃសន្លឹកតែមចាស់អាចក្លែងបន្លំបាន និងងាយស្រួលក្នុងការថតចម្លង ហើយការដាក់ឲ្យអនុវត្តកន្លងទៅនេះ ឃើញថា មិនសូវមានប្រសិទ្ធភាពទេ។ ដូច្នេះទើបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការកែទម្រង់ក៏ដូចជា អគ្គនាយកដ្ឋានពន្ធដារកែទម្រង់នូវការបោះពុម្ពសន្លឹកតែមថ្មីនេះដើម្បីឲ្យសហគ្រាស និងរោងចក្រទាំងអស់ដែលផលិតបារីនៅក្នុងស្រុក ក៏ដូចជានាំចូលត្រូវតែអនុវត្តការទិញសន្លឹកតែមថ្មីនេះ។លោក គង់ វិបុលបានអំពាវនាវ និងជូនដំណឹងដល់ម្ចាស់សហគ្រាសផលិតបារីក្នុងស្រុកក៏ដូចជាម្ចាស់សហគ្រាសនាំបារីចូល ម្ចាស់ដេប៉ូបារីចែកចាយបន្ត ម្ចាស់ស្តង់លក់បារីក្នុងផ្សារ ម្ចាស់ផ្សារទំនើបទាំងឡាយ សូមមេត្តាចូលរួមក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវ ចៀសវាងការលក់បារីទាំងឡាយណាដែលពុំមានបិទតែមប្រីអាករ។តំណាងក្រុមហ៊ុនប្រ៊ីធីស អឺមើរីខិន ថឺប៊ែកខូ ខេមបូឌា លីមីតធីត លោក រតនា បានបញ្ជាក់ថា “សន្លឹកតែមថ្មីនេះមានគុណភាពប្រសើរជាងមុនឆ្ងាយណាស់។ ដូច្នេះមិនមានក្រុមហ៊ុនណាអាចក្លែងបន្លំបាននោះទេ”។ ការចុះពិនិត្យរោងចក្រផលិតបារីខាងលើនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងប្រមូលចំណូលពន្ធ ក៏ដូចជាទប់ស្កាត់ការគេចវេស និងបន្លំពន្ធ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសារាចរណែនាំសី្តពីការអនុវត្តការប្រើបា្រស់តែមអាករប្រភេទថ្មីសម្រាប់ការបង់អាករពិសេសលើកញ្ចប់បារី៕

  • មិនគួរឱ្យជឿសោះ Song Joong Ki ប្រកាសរៀបការជាមួយ Song Hye Kyo !!

    មិនគួរឱ្យជឿសោះ Song Joong Ki ប្រកាសរៀបការជាមួយ Song Hye Kyo !!

    នេះគឺជារឿងដែលមិននឹកស្មានដល់ទាល់តែសោះ ព្រោះទើបតែលេចឡើងនូវព័ត៌មានស្នេហាលួចលាក់ក្រៅពិភពសិល្បៈសោះ ស្រាប់តែថ្មីនេះៗ តារាឯកប្រុស Song Joong Ki ប្រកាសសុំរៀបការជាមួយតារាឯកស្រី Song Hye Kyo ឱ្យដូចនៅក្នុងសាច់រឿង Descendants of the Sun ដែលអ្នកទាំងពីរបានសម្ដែងជាគូស្នេហ៍ឆ្លងឧបសគ្គលំបាកជាមួយគ្នា និងកាន់តែធ្វើឱ្យអ្នកគាំទ្រលង់ស្នេហ៍លើអ្នកទាំងពីរទ្វេដងថែមទៀត។

    បើទោះបីជាមានការបដិសេធពីខាងអ្នកគ្រប់គ្រងតារាពីរដួងនេះកាលពីពេលកន្លងមក និងព្រមទាំងបានអះអាងថាគ្មានទំនាក់ទំនងស្នេហ៍ក្រៅសិល្បៈ ឬនៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ីតែពីរនាក់ស្ងាត់ៗក៏ដោយ ក៏កាលពីថ្ងៃម្សិលមិញនេះ ខាងផលិតកម្មដដែល គឺ Blossom Entertainment និង United Artists Agency (UAA) បានចេញមកថ្លែងជាសាធារណៈហើយថា “សួស្តី! យើងខ្ញុំគឺជា Blossom Entertainment និង UAA…ជាដំបូងនេះ យើងខ្ញុំសូមអរគុណចំពោះអ្នកគាំទ្រគ្រប់រូបជាជនជាតិកូរ៉េ និងបណ្ដាអ្នកគាំទ្រអន្ដរជាតិដែលបានចាប់អារម្មណ៍លើទំនាក់ទំនងស្នេហារបស់ Song Hye Kyo និង Song Joong Ki  និងសូមឱ្យអ្នកទាំងអស់យល់ថា ការរៀបមង្គលការនេះជាក្ដីរំភើប និងជាការភ្ញាក់ផ្អើលដ៏អស្ចារ្យមួយសម្រាប់យើង”។

    Generated by IJG JPEG Library

    គួរបញ្ជាក់ផងដែរថា ខាងអ្នកគ្រប់គ្រងតារាទាំងពីរដួងខាងលើនេះ បានប្រកាសបញ្ជាក់ទៀតថា អ្នកទាំងពីរនឹងចូលពិធីអាពាហ៍ពិពាហ៍នៅអំឡុងខែតុលា ខាងមុខនេះ ដែលការរៀបមង្គលការនេះជាការស្ម័គ្រចិត្តរបស់អ្នកទាំងពីរ និងមានការយល់ព្រមពីក្រុមគ្រួសាររបស់ពួកគេផងដែរ ហើយយើងចង់ឱ្យអ្នកគាំទ្រទាំងអស់បានជូនពរជ័យដល់ពួកគេចាប់តាំងពីពេលនេះតទៅ ព្រោះថា ពិធីរៀបអាពាហ៍ពិពាហ៍នេះគ្រោងនឹងធ្វើឡើងយ៉ាងអធិកអាធម៕