Category: សង្គម និងសេដ្ឋកិច្ច

  • ស៊ុន ស្រីពេជ្រ ចេញពីរស្មីហង្សមាស ក៏មិនភ័យខ្លាចធ្លាក់ប្រជាប្រិយដែរ

    ស៊ុន ស្រីពេជ្រ ចេញពីរស្មីហង្សមាស ក៏មិនភ័យខ្លាចធ្លាក់ប្រជាប្រិយដែរ

    បន្ទាប់ពីមានដំណឹងលេចឮថា តារាចម្រៀងស្រីនិយមបែបមនោសញ្ចេតនាស្រុកស្រែ និង និយមបែបប្រពៃណីបុរាណខ្មែរ កញ្ញា ស៊ុន ស្រីពេជ្រ បានចូលទៅជ្រកនៅក្នុងផលិតកម្មថោនហើយនោះ តារាស្រីរូបនេះបានផ្ដល់បទសម្ភាសជាពិសេសជុំវិញបញ្ហានេះ ជាមួយអ្នកសារព័ត៌មាន ឡារ៉ែន ខណៈដែលនាងបានចូលរួមកម្មវិធីខួបអាពាហ៍ពិពាហ៍ 14ឆ្នាំ របស់លោក កុយ ស៊ីឌឿន កាលពីពេលកន្លងទៅ។

    ស៊ុន ស្រីពេជ្រ បាននិយាយថា “ចា៎ស បងបានចេញពីផលិតកម្មចម្រៀងរស្មីហង្សមាសហើយ ហើយក៏មានផលិតកម្មធំក្នុងស្រុកដ៏ល្បីមួយដែរ បានហៅបងទៅថតបទចម្រៀងសម្រាប់អបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលទាំងអស់មានចំនួន 5បទរួចហើយ”។

    មានសំណួរមួយទៀតបានចោទសួរថា តើបងស្រី ស៊ុន ស្រីពេជ្រ បានចូលទៅច្រៀងក្នុងផលិតកម្មថោន តើពិតដែរឬទេ? ព្រោះកន្លងមកមានដំណឹងលេចឮជាច្រើន ថាបងបានទៅជ្រកនៅទ្រនំនោះហើយ។ មិនបង្អង់យូរ តារាស្រីល្បីបទទេសចរណ៍រូបនេះបានបញ្ជាក់ប្រាប់ថា “រឿងនេះបងសុំមិនទាន់និយាយសិន ចាំដល់ពេលចេញបទចម្រៀងមក អ្នកគាំទ្រនឹងបានដឹងមិនខាន” ។

    កញ្ញា ស៊ុន ស្រីពេជ្រ បានបញ្ជាក់ប្រាប់ថា បើទោះបីជានាងបានចេញពីផលិតកម្ម រស្មីហង្សមាស ជាផលិតកម្មធំក្ដី ក៏ប៉ុន្ដែនាងមិនបានភ័យបារម្ភក្នុងការធ្លាក់ប្រជាប្រិយភាពឡើយ ស្រីពេជ្របាននិយាយទាំងក្ដីសង្ឃឹមថា “មិនភ័យខ្លាចទេ ព្រោះបងរំពឹងទៅលើអ្នកគាំទ្រដែលបានគាំទ្របទចម្រៀងបងពីមុនៗមក ហើយថ្មីៗខាងមុខនេះ បងនឹងមានចេញបទចម្រៀងទេសចរណ៍ជាច្រើនបទទៀត ដើម្បីត្រៀមនៅក្នុងពិធីបុណ្យសមុទ្រ នាខែធ្នូ ឆ្នាំ2017 ខាងមុខនេះទៀតផង”៕

  • ស្លាកស្នាម​ក្រោយ​កើតមុន​អាច​បំបាត់​បានទេ?​

    ស្លាកស្នាម​ក្រោយ​កើតមុន​អាច​បំបាត់​បានទេ?​

    វា​ជា​រឿង​មួយ​សំណាង​ណាស់ ប្រសិនបើ​ស្បែក​របស់​អ្នក​មិនដែល​បន្សល់ទុក​នូវ​ស្លាកស្នាម​បន្ទាប់ពី​កើតមុន​រួច ប៉ុន្តែ​សំណាង​នេះ​មិន​កើតមាន​ចំពោះ​មនុស្ស​ស្រី​ភាគច្រើន​នោះទេ ហេតុដូច្នេះ​ហើយ​បានជា​ពួកគាត់​តែងតែ​ខិតខំ​ធ្វើ​គ្រប់​មធ្យោបាយ ដើម្បី​ការពារ​កុំឱ្យ​កើតមុន ក៏ដូចជា​ខិតខំ​ប្រើប្រាស់​ផលិតផល​ជាច្រើន​ប្រភេទ​ទាំង​ផលិតផល​បែប​ធម្មជាតិ និង​លាយ​ជាតិគីមី ដើម្បី​បំបាត់ចោល​នូវ​រាល់​ស្លាកស្នាម​ដែល​នឹង​កើតមានឡើង​បន្ទាប់ពី​កើតមុន​រួច។

    ស្លាកស្នាម​អាច​កើតមាន​នៅលើ​ស្បែក ដោយសារតែ​វា​ជា​រឿង​ធម្មតា​ដែល​តែងតែ​កើតឡើង ឬ​អាច​បណ្តាលមកពី​ការព្យាបាល​ដែល​មិន​ត្រឹមត្រូវ រហូត​បណ្តាលឱ្យ​ក្លាយជា​ស្លាកស្នាម។ស្នាម​ដែល​កើតមាន​បន្ទាប់ពី​កើតមុន​រួច​នេះ​បណ្តាលមកពី​ការបំផ្លាញ​នៃ​ស្រទាប់​ស្បែក។

    ស្នាម​ដែល​បន្សល់ទុក​ក្រោយ​កើតមុន​ជាទូទៅ​តែងតែ​កើតមាន​នៅលើ​មុខ ខ្នង ស្មា និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ។ ស្នាម​ទាំងនេះ​ត្រូវបាន​ចែកចេញជា​ពីរ​ប្រភេទ​គឺ ស្នាមសើៗលើ​ស្បែក​និង​ស្នាម​ដែល​ចូល​ជ្រៅ​ទៅក្នុង​សាច់។ ស្នាមសើៗនៅលើ​ស្បែក​ជា​ស្នាមតូចៗដែល​អាចមើលឃើញ​តាមរយៈ​ការឆ្លុះ​កញ្ចក់​ពិនិត្យមើល ហើយ​ការព្យាបាល​ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ ប៉ុន្តែ​ប្រសិនបើ​វា​ជា​ស្នាម​ជ្រៅ​វិញ​នោះ (ស្នាម​ធំ​ខូង​ជ្រៅ​ទៅក្នុង​ស្បែក) វា​មានការ​ពិបាក​ក្នុងការ​ព្យាបាល ឬ​អាច​នឹង​ព្យាបាល​មិន​បាត់​តែម្តង ប្រសិនបើ​អ្នក​មិន​រួសរាន់​ក្នុងការ​ព្យាបាល​វា​ទេនោះ។

    ការព្យាបាល​តាមបែប​គីមី ៖ ការព្យាបាល​បែបនេះ​ភាគច្រើន​ត្រូវបាន​យកមកអនុវត្ត​សម្រាប់​អ្នក​ដែលមាន​ស្នាម​ជ្រៅ (ទទួលបាន​លទ្ធផល​ល្អ​ច្រើន) ហើយ​រយៈពេល​នៃ​ការព្យាបាល​គឺ​អាស្រ័យ​លើ​ទំហំ និង​ជម្រៅ​នៃ​ស្លាកស្នាម។ ប្រសិនបើ​អ្នក​ចង់​ទទួល​ការព្យាបាល​តាមបែប​គីមីដែរនោះ អ្នក​គួរតែ​ស្វែងរក​អ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​ព្យាបាល​ទើប​ជាការ​ប្រសើរ។

    ការព្យាបាល​ដោយ​ឡាស៊ែរ ៖ នេះ​ក៏​ជា​វិធី​ព្យាបាល​មួយទៀត​ដែល​តែងតែ​ផ្តល់នូវ​ប្រសិទ្ធភាព​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ស្នាម​គ្រប់​ប្រភេទ ជាពិសេស​ស្នាមធំៗ ឬ​ខូង​ចូល​ជ្រៅ​ទៅក្នុង​សាច់​ជាដើម។

    ការព្យាបាល​ដោយ​ផលិតផល​កម្ចាត់​ស្នាម ៖ វា​អាច​មិនមាន​ប្រសិទ្ធភាព​លឿន​ដូច​ការព្យាបាល​ដោយ​គីមី ឬ​ដោយ​ឡាស៊ែរ​នោះទេ ប៉ុន្តែ​វា​មាន​ភាពងាយស្រួល ហើយ​សូមកុំ​បារម្ភ​ខ្លាំងពេក​អី​ព្រោះ​បច្ចុប្បន្ននេះ​មាន​ផលិតផល​ខ្លះ​មាន​សមត្ថភាព​ខ្ពស់​ណាស់ ក្នុង​ការជួយ​ព្យាបាល​បញ្ហា​ស្នាម​ហើយក៏​មិន​ប្រើ​ពេលវេលា​យូរពេក​នោះដែរ។

    ព្យាបាល​តាមបែប​ធម្មជាតិ ៖ ភាគច្រើន​ការព្យាបាល​ស្នាម​ដែល​កើតមាន​បន្ទាប់ពី​កើតមុន​រួច​តាម​វិធី​ធម្មជាតិ​ត្រូវបាន​គេ​អនុវត្ត​នៅពេល​វា​ទើបតែ​កើតថ្មីៗ ហើយ​ជា​ស្នាម​ដែលមាន​ទ្រង់ទ្រាយ​តូច។ មិន​ពិបាក​ណាស់ណា​ទេ បើ​អ្នក​ចង់​ព្យាបាល​ដោយ​វិធី​ធម្មជាតិ ដោយ​ធ្វើតាមដំណាក់កាល​មួយចំនួន​ដូចជា លាង​សម្អាត​មុខ​ឱ្យ​ស្អាត ជូត​មុខ​ឱ្យ​ស្ងួត រួច​យក​សំឡី​មួយ​ដុំ​តូច​ជ្រលក់​ក្នុង​ទឹកក្រូច​ឆ្មារ​ដែលមាន​លាយ​ជាមួយ​ទឹក​បន្តិច មក​ជូត​ពីលើ​ស្បែក​ត្រង់​កន្លែង​ដែលមាន​ស្នាម រួច​ទុកចោល15នាទី ឬ​ពេញ​មួយ​យប់​ក៏បាន បន្ទាប់មក​សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច។ វិធី​នេះ​អាច​ប្រើ​ពេលវេលា​យូរ​បន្តិច​ហើយ តែ​ទទួលបាន​លទ្ធផល​ជាទី​ពេញចិត្ត​បន្ទាប់ពី​ព្យាបាល​រួច៕

  • ទូរស័ព្ទ Nokia 3 និង Nokia 5 ប្រើប្រព័ន្ធ Android ចេញលក់ព្រឹកនេះហើយ

    ទូរស័ព្ទ Nokia 3 និង Nokia 5 ប្រើប្រព័ន្ធ Android ចេញលក់ព្រឹកនេះហើយ

    បន្ទាប់ចេញលក់ទូរស័ព្ទ Nokia 3310 កាលពីចុងខែមុន ជាមួយនឹងការគាំទ្រយ៉ាងច្រើនសន្ទឹករួចមក ទូរស័ព្ទ Nokia ប្រើប្រាស់ប្រព័ន្ធ Android ចំនួន 2 ស៊េរីទៀតត្រូវបានក្រុមហ៊ុនដាក់លក់ហើយក្នុងទីផ្សារកម្ពុជា នៅព្រឹកថ្ងៃទី10 ខែកក្កដា ឆ្នាំ2017 នេះ។

    តាមការឱ្យដឹងពីអ្នកតំណាងក្រុមហ៊ុន Nokia ប្រចាំកម្ពុជាបានឱ្យដឹងថា ទូរស័ព្ទ Nokia 3 និង Nokia 5 បានចេញលក់ហើយនៅព្រឹកថ្ងៃនេះ។ ទូរស័ព្ទ Nokia 5 មានទំហំអេក្រង់ 5.2 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពបានក្នុងកម្រិត HD ឬ 720p។ បំពាក់មកជាមួយនូវឈីប CPU របស់ Qualcomm លេខ Snapdragon 430 SoC អមមកជាមួយ RAM ទំហំ 2GB និងមានកាមេរ៉ាខាងក្រោយទំហំ 13 MP ដំណើរការដោយ Android ជំនាន់ចុងក្រោយគេ Nougat និងមានតម្លៃ 193 ដុល្លារ។

    ដោយឡែកទូរស័ព្ទ Nokia 3 អេក្រង់ IPS ទំហំ 5.0 អ៊ីញ ប្រភេទ HD ស្រោបដោយផ្ទៃកញ្ចក់ Corning® Gorilla® និងមានកាមេរ៉ាមុខ-ក្រោយ ទំហំ 8MP ដាក់លក់ក្នុងតម្លៃ 143 ដុល្លារ។ អតិថិជនទាំងអស់គ្នាអាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ៕

  • ផ្លូវរថភ្លើងភ្ជាប់ប្រទេសថៃ និងកម្ពុជាអាចនឹងចាប់ផ្តើមឆ្នាំ2018

    ផ្លូវរថភ្លើងភ្ជាប់ប្រទេសថៃ និងកម្ពុជាអាចនឹងចាប់ផ្តើមឆ្នាំ2018

    ភ្នំពេញៈ បណ្តាញខ្សែរថភ្លើងអាស៊ានដែលភ្ជាប់រវាងទីក្រុងបាងកក និងរាជធានីភ្នំពេញនឹងដំណើរការនៅឆ្នាំ2018 ខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

    លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ការជួសជុល និងស្ថាបនាផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែតនឹងមកដល់ខេត្តពោធិសាត់នៅឆ្នាំនេះ ហើយបើសិនជាមានថវិកាគ្រប់គ្រាន់ ការតភ្ជាប់ផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែតនឹងមកដល់រាជធានីភ្នំពេញនៅឆ្នាំ2018 ខាងមុខនេះ។ លោកបន្តថា ការស្ថាបនា និងជួសជុលផ្លូវរថភ្លើងនេះគ្រោងចំណាយថវិកាចំនួន32លានដុល្លារអាមេរិក ដែលជាការចំណាយដោយរដ្ឋាភិបាល។

    អ្នកនាំពាក្យរូបនេះបានបន្តថា ប្រសិនជាការភ្ជាប់ផ្លូវនេះបញ្ចប់ យើងរំពឹងថាខ្សែរថភ្លើងពីប្រទេសថៃនឹងមកដល់រាជធានីភ្នំពេញនៅឆ្នាំ2018 ខាងមុខ ដោយរថភ្លើងអាចរត់បានក្នុងល្បឿន30គីឡូម៉ែត្រក្នុងមួយម៉ោង។ លោកបន្តថា បច្ចុប្បន្នយើងនៅជួបឧបសគ្គមួយចំនួនដោយសារប្រជាពលរដ្ឋ បានរំលោភយកដីចំណីផ្លួវរថភ្លើងនៅក្រុងប៉ោយប៉ែតប្រវែង1,300ម៉ែត្រ ដែលមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។

    លោកហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ប្រសិនជាការភ្ជាប់ខ្សែរថភ្លើងរវាងប្រទេសទាំងពីរបញ្ចប់ និងដាក់ឲ្យដំណើរការនោះ វានឹងក្លាយជាការភ្ជាប់ដ៏ថ្មីសន្លាងមួយ ជាប្រវត្តិសាស្រ្តថ្មីមួយដែលជួយបានច្រើនបំផុតដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពិសេសនឹងជាការភ្ជាប់ទេសចរណ៍ទី3 មកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត។ លោកបន្តថា គម្រោងភ្ជាប់ព្រះរាជាណាចក្រពីរក្នុងគោលដៅតែមួយនឹងលេចចេញជារូបរាងពិតប្រាកដ ហើយភ្ញៀវទេសចរនឹងចូលមកទស្សនាកម្ពុជាកាន់តែមានរយៈពេលវែង។

    លោកហូ វណ្ឌីបានបន្តថា ក្រៅពីវិស័យទេសចរណ៍ហើយ ការភ្ជាប់ខ្សែរថភ្លើងនេះនឹងជួយសម្រួលដល់វិស័យពាណិជ្ជកម្ម ពិសេសការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ និងប្រទេសក្នុងតំបន់អាស៊ានដទៃទៀតកាន់តែងាយស្រូល ដែលនឹងជួយកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការសឹករេចរឹលផ្លូវគោកផងដែរ៕

  • ឪពុកម្ដាយ ណា ខុន ធ្លាក់ខ្លូនឈឺព្រមគ្នាក្នុងថ្ងៃតែមួយ

    ឪពុកម្ដាយ ណា ខុន ធ្លាក់ខ្លូនឈឺព្រមគ្នាក្នុងថ្ងៃតែមួយ

    លោក ណា ខុន ដែលត្រូវបានស្គាល់គេថា ជាតារាសម្ដែងដែលកំពុងមានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្នតាមរយៈរឿងភាគទូរទស្សន៍ PNN គឺរឿង កញ្ញាអម្ពិលផ្អែម និងកំពុងតែថតរឿង ម្ចាស់ចម្ការ ផងដែរនោះ ដោយឡែកនៅព្រឹកថ្ងៃទី10 ខែកក្កដា ឆ្នាំ 2017 នេះលោកកំពុងមានទុក្ខសោកយ៉ាងខ្លាំងចំពោះអាការជំងឺឪពុកម្ដាយរបស់លោកដែលបាននាំទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនមួយដែលមានឈ្មោះថា មន្ទីរសម្រាកព្យាបាល លឹមតាំង ហើយដែលគេបានឃើញតាមរយៈរូបភាពនៅលើបណ្ដាញសង្គម Facebook នោះ បានឱ្យដឹងថា ស្ថានភាពរបស់ឪពុកម្ដាយលោក ណាខុន ស្ថិតក្នុងសភាពគួរឱ្យបារម្ភ។

    តាមរយៈរូបភាពប៉ុន្មានសន្លឹកមុននេះបន្ដិចនៅលើ Facebook ផ្ទាល់ខ្លួនរបស់ណា ខុន លោកបានបង្ហោះសារថា “នាំប៉ាម៉ាក់មកឱ្យពេទ្យថត ឃើញហើយថា ម៉ាក់បាក់ដៃ ប៉ាគ្រុនពោះវៀន និងឈឺក្រពះ ជូនពរឱ្យប៉ាម៉ាក់ឆាប់ជា”។ មិនតែប៉ុណ្ណោះនៅមានអ្នកគាំទ្រជាច្រើនបានចូលទៅជូនពរលោក និងឪពុកម្ដាយឱ្យបានឆាប់ជាសះស្បើយផងដែរ។

    លោក ណា ខុន បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន ឡា រ៉ែន តាមទូរស័ព្ទថា “បាទបង ព្រឹកនេះខ្ញុំបានជូនឪពុកម្ដាយខ្ញុំទៅពិនិត្យជំងឺ ដែលម្ដាយខ្ញុំបានឈឺដៃអស់រយៈពេលកន្លះខែមកហើយ រួចក៏បានថតទៅឃើញថា គាត់បាក់ដៃ ហើយឪពុករបស់ខ្ញុំវិញ គាត់មានជំងឺគ្រុនពោះវៀនរយៈពេល 1 ខែដែរហើយ ដែលព្រឹកនេះខ្ញុំបាទជាកូនប្រុសបានបំពេញកាតព្វកិច្ចជូនគាត់ទៅពេទ្យ បើទោះបីជាមានភាពមមាញឺកក្នុងការងារជាច្រើនយ៉ាងណាក៏ដោយ”។ លោកបានបញ្ជាក់ថា រាល់ការចំណាយថ្លៃពេទ្យគឺលោកជាអ្នករ៉ាប់រង តែសុំមិនបញ្ជាក់ពីតម្លៃនោះទេ។

    គួបញ្ជាក់ផងដែរថា ថ្មីៗនេះតារារូបនេះកំពុងមានការងារថ្មីពីរក្នុងការថតរឿង គឺរឿង នាវាជីវិត របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 5 និងកំពុងគ្រោងរៀបចុះកុងត្រាថតរឿងជាមួយស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័នបន្ថែមទៀត៕

  • បវរកញ្ញា Miss Grand Thailand ពាក់មកុដមិនទាន់ស្រួលបួលផង ម្ចាស់ឈុតទារលុយថ្លៃឈុតភ្លាម

    បវរកញ្ញា Miss Grand Thailand ពាក់មកុដមិនទាន់ស្រួលបួលផង ម្ចាស់ឈុតទារលុយថ្លៃឈុតភ្លាម

    នៅរាត្រីថ្ងៃទី8 ខែកក្កដា ឆ្នាំ2017 ជារាត្រីដ៏អស្ចារ្យមួយក្នុងការប្រកាសលទ្ធផលនៃការប្រកួត Miss Grand Thailand 2017 ដែលសំណាងល្អបានធ្លាក់ទៅលើបវរកញ្ញាដែលមានឈ្មោះថា ផែម ប៉េមីកា ជាបវរកញ្ញាឈ្នះការប្រកួតបានគ្រងមកុដក្នុងឆ្នាំនេះ ហើយក៏ជាបវរកញ្ញាតំណាងឱ្យប្រទេសថៃ ទៅប្រកួតនៅឆាកអន្ដរជាតិ Miss Grand International 2017 ដែលនាងក៏ជាតំណាងឱ្យខេត្ត Chanthaburi ផងដែរ។

    ទន្ទឹមនឹងទទួលបានរង្វាន់មកុដដែលមានតម្លៃប្រហែលជា 12០,០០០​បាត​ និង​រង្វាន់បន្ថែម​ជា​ច្រើន​ទៀតដូចជា​ ផ្ទះ​ ដី​ រួម​ទាំង​ឡាន​ទំនើប​ ១​គ្រឿង​ និង​រង្វាន់​ជា​ច្រើន​ទៀត​សរុបជាង ៦​លានបាតនោះ មិនទាន់ទាំងបានបំពាក់ម្កុដស្រួលបួលប៉ុន្មានផង បវរកញ្ញារូបនេះក៏ត្រូវបានម្ចាស់ហាងលក់សម្លៀកបំពាក់មួយដែលមានឈ្មោះថា Bowii SadarinSirikul បង្ហោះសារនៅលើទំព័របណ្តាញសង្គម Facebook ទារលុយថ្លៃឈុតចំនួន 20 ឈុតដែលនាងបានជួលយកទៅស្លៀកប្រកួតនៅក្នុងកម្មវិធី និងធ្វើឱ្យមានការខូតខាតចំពោះឈុតទាំងអស់នោះទៀតផង។

    ចំពោះបញ្ហានេះ Miss Grand ផែម ប៉េមីកា បានរៀបរាប់ថា “មុនការប្រកួតនេះ នាងខ្ញុំបានទៅយកឈុតនៅក្នុងហាងមួយកន្លែងសម្រាប់ស្លៀកប្រកួតជាង 20 ឈុត និងសម្រាប់ពេលឡើងបង្ហាញខ្លួនផង ដោយមិនបានឱ្យថ្លៃឈ្នួលឈុតអស់ទេ ព្រោះមានការឯកភាពគ្នាថា នឹងយកទៅសងហាងវិញ ក៏ប៉ុន្ដែ នាងខ្ញុំមិនបានធ្វើតាមការព្រមព្រៀងគ្នានោះឡើយ ថែមទាំងនាំយកឈុតដែលស្ថិតក្នុងសភាពប្រឡាក់ប្រឡូសនោះទៅឱ្យគេវិញ និងថែមទាំងមិនបានបង់លុយថ្លៃបោកសម្អាតទៀត ទើបត្រូវម្ចាស់ហាងផូស្តទារលុយភ្លាមៗបែបនេះ”៕

  • តារាស្រីថៃ Punpun Sutatta ចិត្តបុណ្យបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃ

    តារាស្រីថៃ Punpun Sutatta ចិត្តបុណ្យបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃ

    ក្រៅពីមានរូបសម្រស់ស្រស់ស្អាតហើយ ថែមទាំងមានទឹកចិត្តល្អទៀត សម្រាប់តារាសម្ដែងស្រីដែលកំពុងទាក់ទាញចិត្តយុវវ័យ Punpun Sutatta នាពេលនេះ ដោយសាមីខ្លួនបានប្រើបា្រស់ពេលវេលាជាផលប្រយោជន៍ដល់មនុស្សជាតិ ដោយបានពាំនាំនូវចំណេះដឹងពាក់ព័ន្ធនឹងភាសាអង់គ្លេសទៅធ្វើជាគ្រូភាសាអង់គ្លេសបង្ហាត់បង្រៀនដល់ព្រះសង្ឃដោយផ្ទាល់នៅក្នុងបរិវេណវត្ត ថាំម៉ុងឃន់ ដែលមានអ្នកគាំទ្រជាច្រើនបានប្រាប់ថា តារាស្រីរូបនេះបានចុះទៅបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃដោយផ្ទាល់ជាច្រើនវត្តមកហើយ រហូតដល់ព្រះសង្ឃទ្រង់មានសមត្ថភាពប្រើប្រាស់ភាសានេះបានខ្លះៗហើយ និងទង្វើនេះអាចនិយាយបានថា ក្រៅពីល្អប្រពៃហើយ នាងថែមទាំងមានសមត្ថភាពខាងផ្នែកបង្រៀនភាសាទៀតផង។

    គួរបញ្ជាក់ផងដែរថា តារាស្រីល្បីឈ្មោះនៅក្នុងរឿង Hormone រូបនេះ ក៏ធ្លាប់មានព័ត៌មានល្បីល្បាញម្ដងរួចមកហើយដែរ ក្នុងការចុះទៅបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃកាលពីខែកញ្ញា ឆ្នាំ2016 កន្លងមក ដែលនាងបានគិតថា នេះគឺជាការងារមួយដែលមានផលប្រយោជន៍ដល់សង្គមជាតិ ដែលអាចរាប់បានថា គឺជាអំពើកុសលផលបុណ្យដែលល្អមួយ។

    បើទោះបីជានាងជាតារាជំនាន់ថ្មីក៏ដោយ ក៏ប៉ុន្ដែ Punpunត្រូវបានទទួលស្គាល់ថា មានអ្នកចាប់អារម្មណ៍ និងតាមដានព៏ត៌មានរបស់នាងច្រើនបំផុតនៅលើបណ្ដាបណ្ដាញទំនាក់ទំនងសង្គម Facebook និង Instargramទាំងឡាយ៕

  • Chelsea បំពេញការចុះហត្ថលេខាជាមួយ Rudiger ដែលមកពី Roma

    Chelsea បំពេញការចុះហត្ថលេខាជាមួយ Rudiger ដែលមកពី Roma

    ក្លិបតោខៀវ Chelsea បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារ Antonio Rudiger ដែលមកពីក្លិប Roma ស្របពេលដែលកីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះមានតម្លៃខ្លួន34លានផោន (ស្មើនឹង44លានដុល្លារអាមេរិក)។ Rudiger ដែលអាចលេងក្នុងតំបន់ការពារកណ្តាល ឬតំបន់ការពារស្លាបស្តាំនោះបានចុះហត្ថលេខារយៈពេល5ឆ្នាំ ហើយនិងក្លាយជាកីឡាករចំណូលថ្មីទី2របស់ក្លិប Chelsea នៅរដូវក្តៅដ៏មមាញឹកនេះ។

    វត្តមានរបស់គេ នឹងធ្វើការពង្រឹងនៅតំបន់ការពារសម្រាប់ក្រុមរបស់លោក Antonio Conte ក្រោយពីខ្សែការពារ Nathan Ake បានទៅចូលរួមជាមួយនឹងក្លិប Bournemouth ក្នុងតម្លៃខ្លួន20លានផោន និង John Terry ត្រូវបានអនុញ្ញាតឲ្យចាកចេញនៅពេលបញ្ចប់កិច្ចសន្យារបស់គេ។ Rudiger វ័យ 24ឆ្នាំ ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្លិប Chelsea កាលពីរដូវកាលមុន មុននឹងរងរបួសលើជង្គង់ស្តាំរបស់គេក្នុងពេលហ្វឹកហាត់។ Rudiger បានឲ្យដឹងថា៖ «វាជាអារម្មណ៍ដ៏អស្ចារ្យមួយពីព្រោះមិនមែនរាល់កីឡាករទាំងអស់សុទ្ធតែមានឱកាសក្នុងការចូលរួមជាមួយនឹងក្លិបដ៏ធំមួយបែបនេះឡើយ។
    ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅមុខដើម្បីជួបជាមួយនឹងមិត្តរួមក្រុមថ្មីរបស់ខ្ញុំ ហើយខ្ញុំពិតជាមានមោទនភាពណាស់ក្នុងការក្លាយជាកីឡាករ Chelsea ជាផ្លូវការ»។

    លោក Michael Emenalo ប្រធានផ្នែកបច្ចេកទេសរបស់ Chelsea បានឲ្យដឹងថា៖ « Rudiger ជាកីឡាករវ័យក្មេង ប៉ុន្តែ ពោរពេញដោយបទពិសោធក្នុងកម្រិតក្លិប និងអន្តរជាតិ។ រូបគេមានរាល់ឥរិយាបថទាំងអស់ដែលយើងត្រូវការជាចាំបាច់ក្នុងការលេងក្នុងក្របខ័ណ្ឌ Premier League»៕
    ប្រភពពី៖ ESPN

  • រៀបការ​ពេល​អាយុ​ចន្លោះ 28-31ឆ្នាំ ជីវិត​គូ​នឹង​ស្ថិតស្ថេរ​យូរអង្វែង​

    រៀបការ​ពេល​អាយុ​ចន្លោះ 28-31ឆ្នាំ ជីវិត​គូ​នឹង​ស្ថិតស្ថេរ​យូរអង្វែង​

    អ្នក​សង្គមវិទ្យា​នៃ​មហាវិទ្យាល័យ យូ​ថា​ហ៍ សហរដ្ឋអាមេរិក បានបង្ហាញ​ពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​រកឃើញថា​ក្នុងអំឡុង​អាយុ​ចន្លោះ​ពី 28-32ឆ្នាំ គឺជា​វ័យ​ដែល​ស័ក្តិសម​សម្រាប់​ការរៀប​អាពាហ៍ពិពាហ៍​ខ្លាំង​បំផុត ព្រោះ​ជា​អំឡុង​វ័យ​ដែល​ស្គា​ល់ពី​អារម្មណ៍​របស់​ខ្លួនឯង រកឃើញ​ដំណើរ​ជីវិត និង​មាន​ភាព​ទទួលខុសត្រូវ​ក្នុង​ក​ម្រឹត​មួយ​ហើយ។ ការស្រាវជ្រាវ​បាន​រកឃើញ​ផងដែរ​ថា​អ្នក​ដែល​រៀបការ​ក្រោយ​អាយុ ៣២ឆ្នាំ មាន​អត្រា​ការ​លែងលះ​កើនឡើង ខណៈដែល​គូស្នេហ៍​វ័យ​ជំទង់​អាយុ ១៥-១៩ឆ្នាំ លែងលះគ្នា​ច្រើន​បំផុត។

    ទស្សនា​វ​ដ្តី ថា​ម បាន​រាយការណ៍​ពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់ និគ វូ​ហ្វ៊ី​ង​ហ្គើ​រ៍ អ្ន​សង្គមវិទ្យា​ដែល​បាន​រកឃើញថា អំឡុង​អាយុ​ដែល​ស័ក្តិសម​សម្រាប់​ការចាប់ផ្តើម​ជីវិត​គូ​នោះ​គឺ 28-32ឆ្នាំ ដោយ​អ្នកស្រាវជ្រាវ​បាន​នាំយក​ព័ត៌មាន​ការពិនិត្យ​ពីស​ភាវ​គ្រួសារ​ជនជាតិ​អាមេរិក​ក្នុង​ចន្លោះ​ឆ្នាំ 2006-2010 និង 2011-2015 មក​វិភាគ និង​រកឃើញថា​គូ​អាពាហ៍ពិពាហ៍​ដែល​ស្ថិតក្នុង​វ័យ​នេះ​មាន​អត្រា​ការ​លែងលះ​ទាប​ជាង​អ្នក​ដែល​រៀបការ​ក្នុង​វ័យ​ផ្សេងទៀត ជាពិសេស​ក្នុងអំឡុងពេល 5ឆ្នាំ​ក្រោយពេល​រៀបការ​មាន​អត្រា​ការចែក​ផ្លូវ​គ្នា​តិច​បំផុត។

    វូ​ហ្វ៊ី​ង​ហ្គើ​រ៍​បាន​អធិប្បាយ​ថា ហេតុផល​ដែល​មនុ​ស្សវ័យ 28-32 ឆ្នាំ​ស័ក្តិសម​ល្អ​ក្នុងការ​រៀបការ​នោះ​មាន​ច្រើន​ចំណុច ដូចជា៖
    -មនុស្ស​វ័យ​នេះ​ធំ​គ្រប់គ្រាន់​ក្នុង​ការដឹង​ទាន់​ពី​អារម្មណ៍​របស់​ខ្លួនឯង​ថា តើ​ខ្លួន​ចូល​ចុះ​ជាមួយ​ដៃគូ​បាន​មែនឬ​គ្រាន់តែ​ជា​អារម្មណ៍​រំជើបរំជួល​របស់​អ័រម៉ូន?
    -រូបគេ ឬ​នាង​បានជ្រើសរើស​ដំណើរ​ផ្លូវ​ជីវិត​ដែល​ខ្លួនឯង​ត្រូវការ​ហើយ និង​ចាប់ផ្តើម​មាន​ភាព​ទទួល​ខុសត្រូវ​ចំពោះ​រឿងផ្សេងៗហើយ។
    -មាន​ស្ថិរភាព​ខាង​ហិរញ្ញវត្ថុ​បាន​មួ​យក​ម្រិត​ហើយ។
    -នៅ​មិនទាន់​ចាស់​ជ្រុល​ក្នុងការ​សម្របសម្រួល​ខ្លួន កែសម្រួល​និស្ស័យ ឡៃ​ហ្វ៍​ស្តា​យល៍ ជីវិត​រស់នៅ​ប្រចាំថ្ងៃ -ល- ឱ្យចូល​គ្នា​ជាមួយ​ដៃគូ​ឡើយ ដែល​នេះ​គឺជា​រឿង​សំខាន់​ណាស់​ក្នុងការ​មានជីវិត​គូ។

    អ្នកខ្លះ​អាច​ហៅ​ការសិក្សា​ស្រាវជ្រាវ​នេះ​ថា​ជា ទ្រឹស្តី​មាស​របស់​ការ​រៀបការ ដែល​គូរ​អាពាហ៍ពិពាហ៍​ត្រូវតែ​មិន​ក្មេង ឬ​ចាស់​ជ្រុល​ពេក ក្រៅពីនេះ​នៅមាន​ហេតុផល​ជាច្រើន​ទៀត​ដែល​គាំទ្រ​ថា ក្នុងអំឡុង​អាយុ 20ឆ្នាំ​ក្រាស់ និង 30ឆ្នាំ ស្តើង​គឺជា​អំឡុងពេល​ដ៏​ល្អ​ក្នុងការ​ចាប់ផ្តើម​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​នរណាម្នាក់​នោះ អ្នក​សង្គមវិទ្យា​ពី​មហាវិទ្យាល័យ យូ​ថា អះអាង។

    វូ​ហ្វី​ង​ហ្គើ​រ៍ បាន​បន្ថែមទៀតថា គូ​អាពាហ៍ពិពាហ៍​ដែល​ទទួលជោគជ័យ​ក្នុង​ជីវិត​គូ ភាគច្រើនៗតែ​ជា​គូ​ដែល​ស្គាល់​ពី​និស្ស័យ​ចិត្តថ្លើម​គ្នា។

    ការរៀប​អាពាហ៍ពិពាហ៍​ក្នុងអំឡុង​វ័យ 15-19ឆ្នាំ នឹងធ្វើ​ឱ្យ​កើត​មានការ​លែងលះ​ច្រើន​បំផុត បន្ទាប់មក​គឺ​ក្នុងអំឡុង​វ័យ 20-24ឆ្នាំ 28-32ឆ្នាំ តាម​លំដាប់ ក្រៅពីនេះ មាន​បច្ច័យ​ជាច្រើន​ទៀត​ដែល​អ្នក​សង្គមវិទ្យា​ជឿថា នឹង​ជួយ​ឱ្យ​ជីវិត​គូ​ស្ថិតស្ថេរ​យូ​អង្វែង​នោះ មានដូចជា ស្ថិរភាព​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ការសិក្សា​ដែល​ល្អ ការរៀប​ការ​មុន​មាន​បុត្រ-ល- សុទ្ធ​តែមាន​ចំណែក​ធ្វើឱ្យ​គូ​អាពាហ៍ពិពាហ៍​មានជីវិត​ប្រកបដោយ​សុភមង្គល​និង​គង់វង្ស​ស្ថិតស្ថេរ​យូរអង្វែង​បាន​ទាំងអស់៕

  • ទីបំផុត! សុបិនរបស់ Lukaku បានក្លាយជាការពិត ក្រោយពីបានបំពេញការផ្ទេរទៅ Man United

    ទីបំផុត! សុបិនរបស់ Lukaku បានក្លាយជាការពិត ក្រោយពីបានបំពេញការផ្ទេរទៅ Man United

    ខ្សែប្រយុទ្ធ Romelu Lukaku បានទទួលស្គាល់ថា រូបគេមិនអាចច្រានចោលឱកាសក្នុងការចូលរួមជាមួយនឹងក្លិបបិសាចក្រហម Manchester United បានឡើយ។ ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះ បានបំពេញការត្រួតពិនិត្យសុខភាពរបស់គេកាលពីព្រឹកថ្ងៃសៅរ៍រួចហើយ មុននឹងបំពេញការផ្ទេររបស់គេកាលពីថ្ងៃអាទិត្យនេះក្នុងតម្លៃខ្លួន 75លានផោន (ស្មើនឹង 97លានដុល្លារអាមេរិក) ខណៈដែលតម្លៃខ្លួននេះអាចនឹងកើនដល់ 90លានផោន បើបូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតផងនោះ។

    Lukaku បានច្រានចោលឱកាសក្នុងការវិលទៅកាន់ក្លិប Chelsea ដើម្បីបានទៅចូលរួមលេងក្រោមការដឹកនាំរបស់លោក Jose Mourinho ម្តងទៀតនៅឯកីឡដ្ឋាន Old Trafford ក្រោយពីរូបគេបានផ្ទេរទៅកាន់ក្លិប Everton ក្នុងតម្លៃខ្លួន 28លានផោន។ Lukaku បានប្រាប់ទូរទស្សន៍ ESPN ថា៖ «នេះគឺជាឱកាសមួយដែលខ្ញុំតែងតែចង់បានតាំងពីខ្ញុំនៅវ័យក្មេងម្ល៉េះ»។ ខ្សែប្រយុទ្ធរូបនេះបានប្រាប់បន្តថា៖ «នៅពេលដែល Manchester United បានចូលមកដាក់សំណើ ខ្ញុំមិនចាំបាច់គិតពីរដងឡើយ។ ខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ពួកគេ។ តើនរណាអាចនិយាយថា ទេ ចំពោះក្លិបដ៏ធំបំផុតក្នុងពិភពលោកមួយនេះ? នេះគឺជាឱកាសយ៉ាងល្អឥតខ្ចោះមួយ។ ពួកគេមានកីឡដ្ឋានដ៏ល្អបំផុតនៅអង់គ្លេស និងអ្នកគាំទ្រដ៏ច្រើនបំផុត។ ខ្ញុំបានកំណត់គោលដៅរួចជាស្រេចហើយ ខ្ញុំមិនមើលថយក្រោយឡើយ»។

    Lukaku បានបន្ថែមទៀតថា៖ «ខ្ញុំតែងតែនិយាយថា ខ្ញុំចង់លេងឲ្យក្រុមមួយដែលប្រជែងដណ្តើមរាល់ពានទាំងអស់ដែលមាន។ ខ្ញុំគិតថា Manchester United ចង់ក្លាយជាក្រុមខ្លាំងដាច់គេ។ នៅពេលនេះ វាដល់ពេលក្នុងការធ្វើការងារយ៉ាងលំបាកហើយ ពោលគឺធ្វើការងារលំបាកជាងកាលពីមុន ហើយខ្ញុំពិតជាចង់ធ្វើបែបនេះខ្លាំងណាស់»៕
    ប្រភពពី៖ The Mirror