Category: សង្គម និងសេដ្ឋកិច្ច

  • ចងចាំ 5 ចំណុច​នេះ អ្នកនឹងមាន​សុភមង្គល​ក្រោយពេល​រៀបការ​

    ចងចាំ 5 ចំណុច​នេះ អ្នកនឹងមាន​សុភមង្គល​ក្រោយពេល​រៀបការ​

    ក្រោយពេល​រៀបការ​រួច​ជីវិត​របស់​អ្នកនឹង​ត្រូវ​ផ្លាស់ប្តូរ​ទាំងស្រុង មិនមែន​ដូចជា​ពេល នៅ​លីវ​ទៀតឡើយ។ ចំណែកឯ​ភាព​ល្អូកល្អិន និង​កើតមានឡើង​បន្ទាប់ពី​រៀបការ​ថ្មោងថ្មី ប៉ុន្តែយូរៗទៅ​អ្នកនឹង​ចាប់​ផ្តើ​មាន​អារម្មណ៍​នឿយណាយ គួបផ្សំ​ជាមួយនឹង​រឿងរ៉ាវ​រាប់រយ​ជំពូក អ្នក​នឹងមាន​ភាពស្មុគស្មាញ​កាន់តែខ្លាំង​ឡើង។ ប្រសិនបើ​រឿងនេះ​នៅតែ​បន្ត​រហូត ហើយ​អ្នក​ទាំងពីរ​ពុំមាន​វិធី​អ្វី​ដោះស្រាយ អ្នក​ទាំងពីរ​ច្បាស់​ជា​រក​សុភមង្គល​មិនឃើញ​ឡើយ។ ដូច្នេះហើយ​អ្នក​ទាំងពីរ​គួរតែ​រៀន​ពី​ចំណុចសំខាន់ៗមួយចំនួន​ដើម្បី​ឲ្យ​ជីវិត​ប្រកបទៅដោយ​សុភមង្គល។

    ចេះ​យល់ចិត្ត​គ្នា៖ រឿង​ដ៏​សំខាន់​មួយ​ដែល​គូរ​ស្នេហ៍​ថ្មោងថ្មី​គួរតែ​ដឹង គឺ​ការស្វែងយល់​ចិត្ត​គ្នា​ទៅវិញទៅមក។ ជីវិត​អាពាហ៍ពិពាហ៍​នឹង​កាន់​តែមាន​សុភមង្គល ប្រសិនបើ​ប្តី​ប្រពន្ធ​ចេះ​យល់ចិត្ត​គ្នា ហើយ​មិន​ថា​គ្រប់​ឧបសគ្គអ្វីៗទាំងអស់​នឹងត្រូវ​បាន​ដោះស្រាយបាន​យ៉ាង​ងាយស្រួល។

    មានចិត្ត​អំណត់៖ ភាព​អំណត់​មិនមែន​មានតែ​ប្រពន្ធ ឬ​ស្វាមី​នោះទេ តែ​ត្រូវ​ឲ្យ​អ្នក​ទាំងពីរ​ពូកែ​មានចិត្ត​អំណត់​ដូចគ្នា។ ជាធម្មតា​ការរួម​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​គេច​មិន​ផុតពី​ការតំឡើង​ពាក្យសំដី​ធំ​តូច​ដាច់​គ្នា​ឡើយ ប៉ុន្តែ​ប្រសិនបើ​ភាគី​ទាំង​សង​មានចិត្ត​អំណត់​ក្នុងដំណាក់កាល​នេះអ្វីៗនឹង​ល្អប្រសើរ​ឡើងវិញ។

    ចេះ​ជួយ​យកអាសារ​គ្នា៖ ការចេះ​ជួយ​យកអាសារ​គ្នា​ក្នុងពេល​គ្រា​លំបាក គឺជា​រឿង​ដែល​គូស្នេហ៍​គួរតែ​អនុវត្ត។ ព្រោះ​ជីវិត​រស់នៅ​របស់​មនុស្សម្នាក់ៗគេច​មិន​ផុតពី​ជួប​នូវ​បញ្ហា​នោះទេ គ្រាន់តែ​បញ្ហា​នោះ​តិច​ឬក៏​ច្រើនតែ​ប៉ុណ្ណោះ។ ដូច្នេះ​ប្រសិនបើ​ភាគី​ណាមួយ​ជួបនឹង​បញ្ហា​អ្នក​ត្រូវ​ចេះ សួរនាំ ឬ​ជួយ​រក​វិធី​ដោះស្រាយ​ជំនួស ទើប​សម​មាន​ឈ្មោះថា​ស្វាមីភរិយា​ល្អ។

    ចេះ​ផ្តល់​កម្លាំងចិត្ត៖ អ្វីដែល​គូស្នេហ៍​គួរ​បាន​ពីគ្នា​ទៅវិញទៅមក គឺ​ផ្តល់​កំលាំងចិត្ត​នៅពេលដែល​ជួបនឹង​ទុក្ខលំបាក​ដោះស្រាយ​មិន​ចេញ។ ប្រសិនបើ​អ្នកចេះ​ផ្តល់​កំលាំងចិត្ត​ដល់​គ្នា​ទៅវិញទៅមក ជឿថា​បញ្ហា​អ្វី​នឹង​បាន​ដោះស្រាយ ហើយ​ភាព​រីករាយ​នឹង​វិលត្រឡប់​មករក​អ្នក​វិញ​ជា​មិន​ខាង​ឡើយ។

    ភាពស្មោះត្រង់៖ អ្នក​មិនអាច​មើលរំលង​ចំណុច​មួយ​នេះ​បានទេ ព្រោះ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​អាច​បន្ត​ទៅមុខទៀត​បាន ឬ​មិនបាន​គឺ​អាស្រ័យទៅលើ​ភាពស្មោះត្រង់​នេះឯង។ ប្រសិនបើ​អ្នកទទួលបាន​ភាពស្មោះត្រង់​ហើយ ក្តី​សុខ នឹង​សុភមង្គល​នឹង​តាម​មកជា​មួយ​ជាមិនខាន៕

  • រដ្ឋមន្ត្រី​អប់រំថា​លទ្ធផល​ប្រឡងបាក់ឌុបឆ្នាំនេះនឹងប្រសើរជាងឆ្នាំមុន​

    រដ្ឋមន្ត្រី​អប់រំថា​លទ្ធផល​ប្រឡងបាក់ឌុបឆ្នាំនេះនឹងប្រសើរជាងឆ្នាំមុន​

    សម័យប្រឡង​មធ្យមសិក្សាទុតិយភូមិ ឬគ្រប់គ្នាហៅថាប្រឡងបាក់ឌុប ​នឹងធ្វើឡើងនៅថ្ងៃទី 21 ខែសីហា ឆ្នាំ2017 ខាងមុខ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡានាពេលថ្មីៗនេះ។ ចំណែកឯ​ថ្ងៃចេញលទ្ធផល​នៅតាមមណ្ឌលប្រឡងនីមួយៗ​ នឹងប្រកាស​នៅ​ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2017 សម្រាប់មណ្ឌល​ប្រឡង​នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយថ្ងៃទី13 ខែកញ្ញា ឆ្នាំ2017 សម្រាប់មណ្ឌល​ប្រឡង​នៅខេត្តផ្សេងៗទៀត។

    ពាក់ព័ន្ធនឹងការប្រឡងនៅឆ្នាំនេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាន​លើកឡើង​ថា សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ​ឆ្នាំនេះនឹងទទួលបាន​លទ្ធផល​រឹតតែប្រសើរជាងឆ្នាំកន្លងទៅ ដោយសារការខិតខំប្រឹងប្រែង​របស់សិស្សានុសិស្ស​ ការចូលរួម​លើកទឹកចិត្តពីមាតាបិតា​ អ្នកអាណាព្យាបាលសិស្ស ជាពិសេស​ការយកចិត្តទុកដាក់​បង្រៀន​ពីសំណាក់​លោកគ្រូ អ្នកគ្រូ ភាគីពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់កម្រិត​ថ្នាក់ ដែលជាកត្តាសំខាន់ធ្វើឱ្យ​សមត្ថភាព​សិស្សានុសិស្ស​មានការរីកចម្រើន​កើនឡើង​ជាបន្តបន្ទាប់។

    សម្រាប់​ការប្រឡង​នៅក្នុងឆ្នាំ 2017 នេះ មានបេក្ខជន​ប្រឡង​សរុប​ទាំងវិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម ចំនួន​ 130,112នាក់ និងមានមណ្ឌលប្រឡង​ចំនួន 178 មណ្ឌល ចែកចេញជា 4,155 បន្ទប់នៅទូទាំងរាជធានីខេត្ត៕

  • ហេតុ​អី​បាន​ក្រោយ​ពេល​ចាក់​វ៉ា​ក់​សាំង​ហើយ​ ​កូន​តូច​ក្តៅ​ខ្លួន​?​

    ហេតុ​អី​បាន​ក្រោយ​ពេល​ចាក់​វ៉ា​ក់​សាំង​ហើយ​ ​កូន​តូច​ក្តៅ​ខ្លួន​?​

    បើ​អ្នក​ម្តា​យ​ធ្លាប់​នឹក​ឆ្ងល់​នៅ​ក្នុង​ចិត្ត​ថា​ ​តើ​ហេតុ​អី​បាន​កូន​តូច​ជា​ទី​ស្រឡាញ់​ក្តៅ​ខ្លួន​ក្រោយ​ពេល​ចាក់​វ៉ា​ក់​សាំង​ហើយ​នោះ​ ​ខាង​ក្រោម​នេះ​គឺ​ជា​ចម្លើយ​ដូច​ឆ្នេះ​សូម​តាម​ដាន​អាន​ទាំង​អស់​គ្នា​។

    វ៉ា​ក់​សាំង​គឺ​អ្វី​?
    វ៉ា​ក់​សាំង​ ​គឺ​ជា​ជី​វ​វត្ថុ​ដែល​ផ​លិ​ត​ចេញ​មក​ពី​មេ​រោគ​ ​ឬ​ពិស​របស់​មេ​រោគ​ដែល​ត្រូវ​បាន​ធ្វើ​ឱ្យ​មិន​អាច​បង្ក​ជា​ជំងឺ​បាន​ ​ដោយ​ចាក់​ចូល​ទៅ​ក្នុង​រាង​កាយ​មនុស្ស​ដើម្បី​ជំរុញ​ប្រព័ន្ធ​ការពារ​ជំងឺ​ចំពោះ​មេ​រោគ​ ​ដែល​វា​មាន​ផល​ការពារ​ការ​កើត​ជំងឺ​ ​ឬ​ធ្វើ​ឱ្យ​កម្រិត​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​នោះ​ថយ​ចុះ​។​

    ចុះ​ហេតុ​អី​បាន​ក្រោយ​ពេល​ចាក់​វ៉ា​ក់​សាំង​ហើយ​ ​កូន​តូច​ក្តៅ​ខ្លួន​?
    នៅ​ពេល​វ៉ា​ក់​សាំង​ចូល​ក្នុង​រាង​កាយ​ ​ប្រព័ន្ធ​ការពារ​ជំងឺ​របស់​យើង​នឹង​បញ្ជូន​ ​“Antibody​” ដែល​មាន​តួ​នាទី​ចាត់​ការ​ពួក​មេ​រោគ​(វ៉ា​ក់​សាំង​)ដែល​ចូល​មក​ខាង​ក្នុង​រាង​កាយ​ ​ហើយ​ក្នុង​អំឡុង​ពេល​ដែល​ប្រព័ន្ធ​រាង​កាយ​កំពុង​ចាត់​ការ​ជាមួយ​អ្វី​ដែល​ប្លែក​នេះ​ឯង​ដែល​វា​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​កើត​អាការ​ក្តៅ​ខ្លួ​ន​។​ ​នៅ​ពេល​ ​Antibody​ ​ចាត់​ការ​ជាមួយ​វ៉ា​ក់​សាំង​រួចរាល់​ហើយ​ ​រាង​កាយ​ក៏​នឹង​វិល​ត្រ​ឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​ ​ហើយ​បន្ទាប់​ពី​នោះ​ទៅ​បើ​មាន​មេ​រោគ​ដូច​គ្នា​នោះ​ចូល​មក​ទៀត​រាង​កាយ​នឹង​ចាត់​ការ​ភ្លាម​តែ​ម្ត​ង​ ​ព្រោះ​រាង​កាយ​របស់​យើង​ស្គាល់​មេ​រោគ​នោះ​មុន​រួច​មក​ហើយ​តាម​រ​យៈ​ការ​ចាក់​វ៉ា​ក់​សាំង​ហ្នឹង​ឯង​ ​​តែ​… ប្រតិកម្ម​ដែល​រាង​កាយ​របស់​កូន​តូច​ម្នា​ក់ៗ​មាន​ចំពោះ​វ៉ា​ក់​សាំង​នោះ​ ​មាន​ច្រើន​តិច​មិន​ដូច​គ្នា​ទេ​ ​៖

    – វ៉ា​ក់​សាំង​ដែល​គ្រូ​ពេទ្យ​ប្រាប់​ថា​ ​“ចាក់​ហើយ​ ​កូន​អាច​នឹង​ក្តៅ​ខ្លួន​ណា៎​” ក៏​មិន​ចាំបាច់​ត្រូវ​តែ​ក្តៅ​ខ្លួន​គ្រប់​គ្នា​នោះ​ទេ​ ​ព្រោះ​វ៉ា​ក់​សាំង​តែ​មួយ​ដូច​គ្នា​នោះ​ ​ក្មេង​ខ្លះ​ក្រោយ​ពី​ចាក់​ហើយ​ក្តៅ​ខ្លួន​ ​តែ​ក្មេង​ខ្លះ​នៅ​ប្រក្រតី​ធម្ម​តា​។​
    – “មិន​មែន​ទេ​!” ដែល​ថា​ ​វ៉ា​ក់​សាំង​គ្រប់​ប្រភេទ​ពេល​ចាក់​ហើយ​ត្រូវ​តែ​ក្តៅ​ខ្លួន​នោះ​។
    – ក្មេង​ដែល​មាន​អាការ​ក្តៅ​ខ្លួន​ ​មិន​បាន​មាន​ន័យ​ថា​កើត​ប្រតិកម្ម​ចាញ់​វ៉ា​ក់​សាំង​នោះ​ទេ​។​

    ចុង​ក្រោយ​បំផុត​ដែល​ ​ឡា​រ៉ែ​ន​ ​ចង់​ផ្តាំ​ផ្ញើ​នោះ​គឺ​ ​ប្រហែល​ជា​មិន​មាន​ឪពុក​ម្តា​យ​ម្នាក់​ណា​ចង់​ឃើញ​កូន​ឈឺ​ថ្កាត់​ ​ឬ​មិន​ស្រួល​ខ្លួន​សូ​ម្បី​តែ​បន្តិច​ណា​ឡើយ​ ​ដូច្នេះ​ហើយ​ទើប​ការ​សាង​ប្រព័ន្ធ​ការពារ​ជំងឺ​ដល់​រាង​កាយ​តូច​មួយ​របស់​កូន​ដោយ​វិធី​ចាក់​វ៉ា​ក់​សាំង​នេះ​ ​គឺ​ជា​វិធី​មួយ​ដែល​ល្អ​បំផុត​ក្នុង​ការ​ការពារ​ជំងឺ​ ​ជា​ពិសេស​បំផុត​នៅ​លើ​ក្មេង​តូច​ដែល​មាន​ប្រព័ន្ធ​ការពារ​ជំងឺ​នៅ​មិន​ទាន់​ល្អ​ឥត​ខ្ចោះ​។

    បាន​ដឹង​បែប​នេះ​ហើយ​កុំ​ភ្លេច​នាំ​កូន​តូច​ទៅ​ទទួល​យក​វ៉ា​ក់​សាំង​តាម​ដែល​ក្រសួង​សុ​ខា​ភិ​បា​ល​បាន​កំណត់​ទុក​តាម​ពេល​វេលា​​​ដែល​​ត្រឹម​​ត្រូវ​​ស័ក្តិ​សម​​ផ​ង​៕​

     

  • របៀបដាំសាលាដដើម្បីទទួលបានផលច្រើន ដោយមិនប្រើជីគីមី

    របៀបដាំសាលាដដើម្បីទទួលបានផលច្រើន ដោយមិនប្រើជីគីមី

    ភ្នំពេញ៖ កសិករដាំសាលាដនៅស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថា ការប្រកបរបរដាំបន្លែសាលាដឆាប់ទទួលបានផលណាស់ ដោយគិតចាប់ពីពេលដាំដុះត្រឹមតែ1ខែ 7ថ្ងៃ ទៅ1ខែ 10ថ្ងៃប៉ុណ្ណោះ គេអាចកាត់លក់បានហើយ។ សម្រាប់ការដាំនៅលើផ្ទៃដីតែ30អា អាចកាត់លក់ម្តងបានទម្ងន់ជាមធ្យមប្រមាណជា 3តោន ដែលមានតម្លៃចន្លោះពី 3,500រៀលទៅ 5,000រៀលក្នុងមួយគីឡូក្រាម សរុបបានកម្រៃជាង10លានរៀលក្នុង1លើកៗ។

    លោក តុង ឈាងកាំង បានរៀបរាប់ឱ្យដឹងថា គាត់បានចាប់របរដាំបន្លែសាលាដនេះជិត 20ឆ្នាំមកហើយ គឺដាំវិលជុំនៅលើផ្ទៃដីទំហំ 30អា ហើយឆ្នាំនេះសាលាដឃើញថា បានថ្លៃគ្រាន់បើ ដោយកាលពីមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ 1គីឡូក្រាមថ្លៃ 4,500 ទៅ 5,000រៀល ប៉ុន្តែពេលនេះគឺធ្លាក់មកត្រឹម 3,500រៀល ក្នុង1គីឡូក្រាម។ កសិករខាងលើដដែលនេះក៏បានប្រាប់អំពីរបៀបដាំដុះ និងថែទាំផងដែរថា សាលាដមិនខុសអំពីបន្លែផ្សេងៗទៀតប៉ុន្មានទេ ទាំងការដាំ ក៏ដូចជាថែទាំដែរ ប៉ុន្តែវាជាប្រភេទបន្លែដែលមិនសូវប្រើថ្នាំគីមីច្រើនដូចជាបន្លែមួយចំនួនទៀតនោះទេ និងប្រើពេលចាប់ពី1ខែ 7ថ្ងៃ ទៅ1ខែ 10ថ្ងៃ គឺអាចដកលក់បានហើយ។

    លោកបានប្រាប់អំពីវិធីដាំដុះ និងថែទាំផងដែរថា មុនពេលដាំ យើងត្រូវភ្ជូរដីហាលទុកសិន ហើយមិនកំណត់ពេលនោះទេ បើមេឃក្តៅដីឆាប់ឆ្អិន ហើយបើមានភ្លៀងយើងហាលទុកយូរបន្តិចទៅ ទាល់តែដីឆ្អិនល្អទើបឆូតជាងរង ព្រោះបើដាំលើដីដែលឆ្អិនមិនល្អ គឺមិនសូវបានផលល្អនោះទេ។ បន្ទាប់មកយើងបាចជីលាមកគោ ហើយគ្រប និងស្រោចទឹកឱ្យដុះស្មៅទើបបាញ់ថ្នាំសម្លាប់ស្មៅវិញ រួចយកគ្រាប់មកបាចដាំដើម្បីកុំឱ្យនឿយធ្វើស្មៅ។ ក្រោយបាចគ្រាប់ដាំហើយត្រូវស្រោចទឹកក្នុង1ថ្ងៃ2 ទៅ3ដង ហើយ1អាទិត្យក្រោយមកនៅពេលសាលាដដុះ យើងត្រូវឧស្សាហ៍ពិនិត្យមើលក្រែងមានសត្វល្អិត ឬដង្កូវបំផ្លាញ និងបន្តស្រោចទឹកព្រឹកល្ងាចរហូតដល់ពេលដកយកទៅលក់តែម្តង។

    លោក តុង ឈាងកាំង ក៏បានបន្ថែមដែរថា បើបន្លែបានថ្លៃនឹងមានតម្លៃស្ថេរដូចឆ្នាំនេះនោះ កសិករសប្បាយចិត្តណាស់ ហើយតាំងតែពីដើមរៀងមកគ្រួសារលោក គឺពឹងតែលើរបរធ្វើចម្ការបន្លែនេះតែ1មុខប៉ុណ្ណោះ នៅលើផ្ទៃដី 30អា និងទទួលបានទិន្នផលជាមធ្យមប្រមាណ3តោនក្នុង1លើកៗ ដែលអាចជួយឱ្យជីវភាពបានធូរធារសមរម្យមានផ្ទះធំទ្រនំខ្ពស់រស់នៅ ព្រមទាំងមានលទ្ធភាពបញ្ជូនកូនៗឱ្យរៀនដល់ថ្នាក់មហាវិទ្យាល័យថែមទៀតផង។

    ចំណែកឯឈ្មួញទិញបន្លែម្នាក់ គឺលោក ហ៊ុយ ឡូញ មានទីលំនៅភូមិព្រែកតាប៉ុក ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បានទទួលស្គាល់ថា ឆ្នាំនេះសាលាដពិតជាបានថ្លៃគួរសមជាងឆ្នាំមុនៗមែន ហើយលោកតែងចុះមកទិញពីបងប្អូនកសិករយើង ដល់ចម្ការតែម្តងនិងដឹកយកទៅលក់នៅឯផ្សារដើមគឯណោះ។ លោកបានបន្តថា កាលពីមុនបោះឆ្នោតនេះ សាលាដ 1គីឡូក្រាមបានថ្លៃដល់ទៅ 5,000រៀលឯណោះ ប៉ុន្តែឥឡូវនៅសល់1គីឡូក្រាម 3,500រៀល ហើយបើតម្លៃនៅស្ថេរដូច្នេះនោះ អ្នកដាំនឹងបានចំណេញច្រើនមិនខាន៕

  • លោកតាបណ្ឌិត កុល ផេង៖ កុំបង្អាប់ខ្លួនឯង និងកុំសន្និដ្ឋានថា ខ្លួនឯងអន់

    លោកតាបណ្ឌិត កុល ផេង៖ កុំបង្អាប់ខ្លួនឯង និងកុំសន្និដ្ឋានថា ខ្លួនឯងអន់

    ការរៀបចំដំណើរជីវិត ទាមទារនូវចំណេះដឹងច្រើនប្រភេទ ទាំងចំណេះដឹងផ្នែកសង្គម ចំណេះដឹងពីសាលា ចំណេះដឹងក្នុងការគិត និងជាពិសេស គឺមានមូលដ្ឋាននៃការពិចារណាច្បាស់លាស់ពីដំណើរជីវិត ព្រោះការគិតជាចំណុចចាប់ផ្តើមនៃសកម្មភាព មុននឹងកំណត់វាសនាមនុស្សថា នឹងក្លាយជាបុគ្គលខ្លាំង ឬខ្សោយ។

    ពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះ លោកតាបណ្ឌិត កុល ផេង បិតាស្ថាបនិកនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបានលើកឡើងថា មនុស្សទាំងអស់គ្នាកើតមក គឺនាំមកជាមួយនូវសមត្ថភាពប្រហាក់ប្រហែលគ្នា ហេតុនេះការខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង ជារឿងចាំបាច់បំផុតសម្រាប់ជីវិត។ សំណាង កើតមកពីការសាង ការសាងសមត្ថភាពនៅពេលបច្ចុប្បន្ន នឹងអាចឆ្លុះបញ្ចាំងឱ្យឃើញពីភាពល្អប្រសើរនៅថ្ងៃអនាគត។ ការសាងល្អ ខិតខំព្យាយាមដោយផ្លូវត្រូវ នឹងនាំមកនូវសំណាងល្អ និងលទ្ធផលល្អនៅថ្ងៃអនាគត តែប្រសិនបើការគិតរបស់សិស្ស និស្សិតមិនត្រឹមត្រូវហើយ ពួកគេនឹងមិនអាចបង្កើតសមិទ្ធផលសម្រាប់ខ្លួនឯងប្រកបដោយភាពវិជ្ជមានបាននោះទេ។

    លោកតាបណ្ឌិត បានបន្ថែមផងដែរថា ក្នុងនាមជាសិស្ស និស្សិត សូមកុំគិត និងវាយតម្លៃសមត្ថភាពខ្លួនឯងដោយគិតថាខ្លួនឯងជាមនុស្សអន់ និងកុំសន្និដ្ឋានដោយគ្មានអ្វីមកវាស់វែងតែឯកឯងថា ខ្លួនជាមនុស្សមិនអាចអភិវឌ្ឍសមត្ថភាពបានល្អឱ្យសោះ ព្រោះថានៅពេលដែលយើងបង្អាប់ខ្លួនឯង យើងនឹងជឿ ហើយបណ្តោយខ្លួនឱ្យទន់ទោរទៅតាមភាពខ្ជិល ឬភាពអសកម្មជាក់ជាមិនខាន។ យុវជនជំនាន់ក្រោយរបស់កម្ពុជា គួរតែគិត ហើយបង្កើតសកម្មភាពប្រកបដោយភាពវិជ្ជមានដើម្បីក្លាយជាធនធានមនុស្សដែលប្រកបដោយគុណតម្លៃសម្រាប់សង្គមខ្មែរវិញទើបជាការប្រសើរ៕

  • ចូលរួមរំលែកទុក្ខមរណភាពរបស់ម្ដាយរ៉ូលីន

    ចូលរួមរំលែកទុក្ខមរណភាពរបស់ម្ដាយរ៉ូលីន

    ប៉ុន្មានម៉ោងមុននេះបន្ដិច រ៉ូលីនបានបង្ហោះរូបភាពនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook Page ដ៏សែនសោកសៅ និងក្រៀមក្រំបំផុត ខណៈដែលរូបគេបានបាត់បង់មាតាជាទីស្រឡាញ់ពីពិភពលោកនេះហើយ។

    កញ្ញារ៉ូលីន ឬលោកជួប ច័ន្ទកក្កដាបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ម្ដាយលោកបានទទួលមរណភាពដោយសារតែរោគាពាធក្នុងជន្មាយុ70ឆ្នាំ ព្រោះថាលោកស្រី ស៊ីន ស៊ីផាងា ជាម្ដាយមានជំងឺសួតធ្ងន់ធ្ងរហើយរ៉ាំរ៉ៃប្រមាណជាមួយឆ្នាំមកហើយ។ កាលវិលត្រឡប់មកពីទឹកដីសហរដ្ឋអាមេរិកមិនទាន់បានប៉ុន្មាននាទីផង តារារូបនេះក៏ប្រញាប់ចាត់ចែងពិធីបុណ្យសពរបស់ម្ដាយខ្លួនភ្លាមៗតែម្ដង ដែលជារឿងដ៏គួរឱ្យខ្លោចចិត្ត និងទុក្ខសោកបំផុតសម្រាប់រូបលោក។

    គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសពលោកស្រីស៊ីន ស៊ីផាងាដែលជាម្ដាយបង្កើតរបស់រ៉ូលីនបានទទួលមរណភាពនៅវេលាម៉ោង11 ថ្ងៃត្រង់ ថ្ងៃទី10 ខែកក្កដា ឆ្នាំ2017 ហើយកំពុងរៀបចំនៅក្នុងខេត្តកំពង់ស្ពឺផងដែរ។លោកជួប ច័ន្ទកក្កដា ឬរ៉ូលីន មិនទាន់បានបញ្ជាក់ថានិងត្រូវតម្កល់សពម្ដាយរបស់លោករយៈពេលប៉ុន្មានថ្ងៃ រួចបានបូជានោះទេ។ ដូច្នោះហើយក្នុងនាមជាមិត្តសិល្បករ និងជាអ្នកគាំទ្រសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង៕

     

  • ព្រះកាយ ច័ន្ទ ក្រុមចម្រៀងខ្ញុំអាចនឹងបរាជ័យ បើពុំទទួលបានទីផ្សារ Concert

    ព្រះកាយ ច័ន្ទ ក្រុមចម្រៀងខ្ញុំអាចនឹងបរាជ័យ បើពុំទទួលបានទីផ្សារ Concert

    ទោះបីជាក្រុមតារាចម្រៀង Girl Girl មានឱកាសឡើងបង្ហាញទេពកោសល្យនៅតាមការប្រគំតន្រ្ដីនៃស្ថានីយទូរទស្សន៍នានា និងទទួលបានការគាំទ្រពីយុវវ័យក៏ពិតមែន ប៉ុន្ដែកញ្ញាព្រះកាយ ច័ន្ធ ដែលជាប្រធានក្រុមបានសម្ដែងការបារម្ភថា ប្រសិនបើក្រុមនាងមិនប្រឹងប្រែងពង្រីកសមត្ថភាពទេអាចនឹងជួបបរាជ័យ។

    កញ្ញាព្រះកាយ ច័ន្ទ បានបញ្ជាក់ថា មូលហេតុដែលនាងជាតារាសម្ដែងហើយងាកមកបង្កើតក្រុមចម្រៀងស្រី Girl Girl ផងនោះ ព្រោះនាងសម្លឹងឃើញសមាជិករបស់ខ្លួនមានសម្ទុះជាមួយការងារនេះ គ្រាន់តែពុំមានអ្នកត្រួសត្រាយផ្លូវឱ្យប៉ុណ្ណោះ ដូច្នេះហើយទើបនាងសម្រេចចិត្ដបង្កើតក្រុមនេះតែម្ដង។ នាងអះអាងថា បើទោះជាជំហានដំបូងនាងទទួលបានការគាំទ្រ និងការចាប់អារម្មណ៍ពីអ្នករៀបចំការប្រគំតន្រ្ដីមែន តែនាងនឹងខំប្រឹងពង្រឹងសមត្ថភាពខ្លួនឡើងទៀត ដើម្បីឱ្យមានទីផ្សារក្នុងវិថីសិល្បៈ។

    ប្រធានក្រុមរូបនេះបញ្ជាក់ថា៖ «បច្ចុប្បន្នយើងមើលឃើញថា ទីផ្សារសិល្បៈនៃការប្រគំតន្រ្ដីនេះ លុះត្រាតែតារាចម្រៀងមានកេរ្ដិ៍ឈ្មោះល្បីទើបគាត់មានទីផ្សារនៃការប្រគំតន្រ្ដីនៅតាមបណ្ដាខេត្ដ។ ប្រសិនបើយើងមិនអាចទទួលបានការប្រគំតន្ដ្រីទាំងនោះទេ យើងនឹងអាចបរាជ័យ ដូច្នេះខ្ញុំត្រូវតែខំប្រឹងពង្រឹងសមត្ថភាពសមាជិក ក៏ដូចជាសមត្ថភាពខ្លួនឯង ដើម្បីក្ដោបក្ដាប់ទីផ្សារក្នុងប្រទេសកម្ពុជាឱ្យបាន ធ្វើយ៉ាងណាឱ្យទស្សនិកជនងាកមកចាប់អារម្មណ៍តារាចម្រៀងជាក្រុមវិញម្តង»។

    ក្រុម Girl Girl បានបង្កើតឡើងរយៈពេលកន្លះឆ្នាំទៅហើយ មានតារាចម្រៀងដូចជាកញ្ញា ព្រះកាយ ច័ន្ទ កញ្ញានៅ ដាណេ កញ្ញាជេស៊ី កញ្ញាយ៉ានុត។ ក្រុមនេះទទួលបានការហ្វឹកហាត់ក្បាច់រាំដោយផ្ទាល់ពីកញ្ញាព្រះកាយ ច័ន្ទ។

    កញ្ញាព្រះកាយ ច័ន្ទ បញ្ជាក់ថា ទោះមានអ្នករៀបចំកម្មវិធីនៃការប្រគំតន្ដ្រីតាមខេត្ដចាប់អារម្មណ៍ជាមួយក្រុមនាងក៏ដោយ ក៏នាងពុំទាន់ហ៊ានទទួលយកការងារទាំងនេះភ្លាមដែរ ព្រោះនាងគិតថា សមត្ថភាពរបស់សមាជិកក្នុងក្រុមនៅមានកម្រិតនៅឡើយ ដែលត្រូវទាមទារពេលវេលាបន្ដិចទៀតទើបអាចធ្វើឱ្យនាងមានទំនុកចិត្ដបាន៕

  • កែវ ឡង់ឌី៖ ខ្ញុំមិនដែលគិតថា បានរៀនដល់មហាវិទ្យាល័យទេ តែខ្ញុំនៅតែតស៊ូ

    កែវ ឡង់ឌី៖ ខ្ញុំមិនដែលគិតថា បានរៀនដល់មហាវិទ្យាល័យទេ តែខ្ញុំនៅតែតស៊ូ

    ចេញពីអ្នកអប់រំ ឆ្ពោះទៅក្លាយជាសហគ្រិនដែលមានឈ្មោះល្បីល្បាញម្នាក់នៅកម្ពុជា លោក កែវ ឡង់ឌី បានឆ្លងកាត់ការតស៊ូជាច្រើនក្នុងសមរភូមិនៃការអប់រំដើម្បីទទួលជោគជ័យក្នុងការសិក្សា ការងារ និងអាជីវកម្ម។

    លោក កែវ ឡង់ឌី បានមានប្រសាសន៍ថា៖ «ខ្ញុំមិនដែលធ្លាប់នឹកស្រមៃទាល់តែសោះថា ខ្ញុំបានរៀនមហាវិទ្យាល័យ ព្រោះកាលនៅពីក្មេង គ្រួសារខ្ញុំមិនមែនជាអ្នកធូរធានោះទេ តែខ្ញុំនៅតែខំប្រឹងរៀន ហើយសង្ឃឹមថា ថ្ងៃណាមួយការអប់រំអាចផ្លាស់ប្តូរវាសនាខ្ញុំឱ្យកាន់តែប្រសើរឡើងបាន»។

    ជាលទ្ធផលនៃការខិតខំប្រឹងប្រែងក្នុងវ័យជំទង់ សហគ្រិនរូបនេះដែលកាលនោះជាយុវជន កែវ ឡង់ឌី ជាសិស្សដែលស្រឡាញ់ការសិក្សា និងមានក្តីសង្ឃឹមច្រើនរាប់មិនអស់បានយកឈ្នះការប្រកួតប្រជែងដ៏ពិបាកមួយគឺ បានជាប់ជាសិស្សនៃវិទ្យាស្ថានភាសាបរទេស (IFL) ជាគ្រឹះស្ថានអប់រំល្បីល្បាញមួយដែលនិស្សិតគ្រប់រូបស្រមៃចង់សិក្សានៅទីនោះ។

    ជាទូទៅ ស្ថានភាពរបស់មនុស្សគឺមិនខុសគ្នាប៉ុន្មាននោះទេ សុខ និងទុក្ខ តែងតែដើរទន្ទឹមគ្នា ទោះក្នុងកាលៈទេសៈល្អយ៉ាងណាក៏ដោយ។ ស្រដៀងគ្នានេះដែរ យុវជន កែវ ឡង់ឌី ក៏ជួបនឹងបញ្ហាពិបាកដោះស្រាយមួយដែរ បន្ទាប់ពីលោកបានប្រឡងជាប់ ព្រោះថវិកាក្រុមគ្រួសាររបស់លោកនៅខ្សត់ខ្សោយ ហើយមិនសូវមានអ្នកគាំទ្រឱ្យរៀនមហាវិទ្យាល័យនោះឡើយ តែទោះជាយ៉ាងណាក៏ដោយ ការស្រឡាញ់ផ្នែកអប់រំបានជំរុញឱ្យយុវជនឡង់ឌីខិតខំពន្យល់ឪពុកពីឱកាសដ៏កម្រមួយនេះ។ ក្រោយពីឃើញឱកាសល្អមួយនេះ បងប្រុសរបស់ឡង់ឌី ក៏បានលះបង់ការសិក្សារបស់ខ្លួនឯង ហើយសន្យាចេញថ្លៃបង់សាលាពាក់កណ្តាលដើម្បីធ្វើយ៉ាងណាឱ្យឡង់ឌីបានរៀន។

    ទឹកចិត្តដែលកំពុងចង់រៀនខ្លាំង ហើយបានឮសម្តីប្រកបដោយទំនុកចិត្តរបស់បងប្រុស យុវជន កែវ ឡង់ឌី ពិតជាមានសង្ឃឹមខ្លាំងណាស់ ខណៈពេលដែលឪពុករបស់គាត់ក៏បានយល់ព្រមជាមួយនឹងលក្ខខណ្ឌនេះដែរ។ ក្រោយមកក្តីស្រមៃបានក្លាយជាការពិត យុវជនដែលពោរពេញដោយការតស៊ូខាងលើបានចុះឈ្មោះចូលរៀននៅវិទ្យាស្ថានភាសាបរទេស (IFL) តែសំណាងមិនល្អក៏បានចូលមកដល់ម្តងទៀតភ្លាមដែរ គឺមិនទាន់ទាំងបានជួយបង់ប្រាក់ផង បងប្រុសបង្កើតដែលធានាលើការសិក្សារបស់ឡង់ឌីពាក់កណ្តាលនោះ បានទទួលមរណភាព ដែលធ្វើឱ្យរូបគេត្រូវតែរិះរកដំណោះស្រាយដោយខ្លួនឯងផ្ទាល់ដើម្បីបានបន្តការសិក្សា។

    លោក កែវ ឡង់ឌី បាននិយាយថា៖ «ខ្ញុំពិតជាពិបាក តែខ្ញុំមានគំនិតមួយគិតថា មកដល់ដំណាក់កាលបានរៀនមហាវិទ្យាល័យ វាជារឿងពិបាកណាស់ទៅហើយ ខ្ញុំមិនបោះបង់វាចោលនោះទេ។ ខ្ញុំបានសម្រេចចិត្តដោះស្រាយបញ្ហាដោយខ្លួនឯងឱ្យអស់ពីលទ្ធភាពដែលខ្លួនឯងមាន»។

    ក្រោយពីជួបស្ថានភាពដែលមិននឹកស្មានដល់រួចមក ក្នុងនាមជានិស្សិតមហាវិទ្យាល័យដែលមានទុននៃចំណេះដឹងច្រើនគួរសមហើយនោះ លោកក៏បានដាក់ពាក្យបង្រៀនភាសាអង់គ្លេសនៅគ្រប់កន្លែងដើម្បីយកថវិកាមកផ្គត់ផ្គង់ដល់ការសិក្សា។ លោកត្រូវខិតខំប្រឹងប្រែងឱ្យច្រើនជាងនិស្សិតដទៃ ព្រោះត្រូវរៀនផង និងធ្វើការងារផង តែការតស៊ូពិតជាមិនធ្វើឱ្យមនុស្សយើងអស់សង្ឃឹមនោះទេ។ ការងារបង្រៀនរបស់លោកបានបង្រៀនរូបលោកឱ្យមានបទពិសោធល្អៗជាច្រើនលើវិស័យអប់រំ ដែលធ្វើឱ្យលោកបានបញ្ចប់ការសិក្សាដោយជោគជ័យ និងមានការងារល្អធ្វើ។

    ចេញពីសាលាភ្លាម ហាក់ដូចជាមិនពិបាកពេកនោះទេ សម្រាប់និស្សិតដែលបានហាត់ពត់លត់ដំរួចមកហើយ និងមានបទពិសោធការងារពិតដូចរូបលោក កែវ ឡង់ឌី។ លោកបានអភិវឌ្ឍខ្លួនពីបុគ្គលិកអប់រំធម្មតា មកគ្រប់គ្រងកម្មវិធីសិក្សារបស់សាលាអន្តរជាតិធំមួយអស់រយៈពេល 12ឆ្នាំពេញ បន្ទាប់មកក៏បានផ្លាស់ប្តូរពីបុគ្គលិករបស់ក្រុមហ៊ុនឯកជននោះ មកប្រកបអាជីវកម្មដោយខ្លួនឯង រហូតក្លាយជាសហគ្រិនដែលលេចធ្លោម្នាក់នៅកម្ពុជា៕

  • យុវជនខ្មែរចាប់ផ្ដើមអភិវឌ្ឍខ្លួនជាមួយបច្ចេកវិទ្យា

    យុវជនខ្មែរចាប់ផ្ដើមអភិវឌ្ឍខ្លួនជាមួយបច្ចេកវិទ្យា

    សំឡេងយុវជន ជាសហគមន៍អ្នកសរសេរប្លុក (Blog) ដែលផ្តួចផ្តើមឡើងដោយទីស្នាក់ការកណ្តាលរបស់អង្គការ UNICEF នៅទីក្រុង New York។ វាត្រូវបានគេរចនាជាសហគមន៍អ្នកសរសេរ Blog ដែលគ្រប់អត្ថបទ គឺសរសេរដោយយុវជនដែលផ្តោតលើមាតិកាពាក់ព័ន្ធនឹងការយល់ដឹងថ្មីៗនៅជុំវិញពិភពលោក។

    តាមការបញ្ជាក់របស់អង្គការ UNICEF បានឱ្យដឹងថា យុវជនកម្ពុជាប្រមាណ 60% មានអាយុក្រោម 25ឆ្នាំ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន និងអនាគត ស្របពេលដែលបច្ចេកវិទ្យា និងបណ្តាញសង្គមកំពុងរីកចម្រើន។

    ក្នុងលក្ខខណ្ឌនេះ Blog បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនង និងបង្ហាញពីគំនិតរបស់យុវជនទៅកាន់សង្គមក៏ដូចជាការរួមចំណែកអភិវឌ្ឍយុវជនដូចគ្នាដែរ។

    ដោយមើលឃើញពីសារៈសំខាន់របស់យុវជន និងការសរសេរ Blog នៅឆ្នាំ 2016 អង្គការ UNICEF បានធ្វើកម្មវិធីសរសេរ Blog សាកល្បងលើកដំបូងរបស់ខ្លួនដោយការបង្កើតកម្មវិធីសំឡេងយុវជនជាសកល។ ជាលទ្ធផលដែលទទួលបាន គឺយុវជនជាច្រើនទទួលបានមតិវិជ្ជមានជាច្រើនត្រឡប់មកវិញ បន្ទាប់ពីពួកគេបានបង្ហាញអត្ថបទរបស់ខ្លួនជាសាធារណៈ ដោយមានការបណ្តុះបណ្តាលត្រឹមត្រូវ។ ចាប់ផ្តើមពីសកម្មភាពនេះ UNICEF បានបង្កើតកម្មវីធីរបស់ខ្លួនបន្តទៀតនៅឆ្នាំ 2017 នេះ ដែលផ្តល់ឱកាសឱ្យយុវជនបានដាក់ពាក្យដើម្បីធ្វើការហាត់ការរយៈពេលខ្លីក្នុងគម្រោងរបស់ខ្លួន៕

  • ប្រាសាទសំបូរព្រៃគុកនឹងទាក់ទាញទេសចរណ៍កាន់តែច្រើន

    ប្រាសាទសំបូរព្រៃគុកនឹងទាក់ទាញទេសចរណ៍កាន់តែច្រើន

    ភ្នំពេញៈ វិស័យឯកជនផ្នែកទេសចរណ៍បានលើកឡើងថា ការចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ប្រាសាទសំបូរព្រៃគុកនឹងធ្វើឲ្យប្រាសាទនេះរឹតតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាប្រាសាទនេះកាន់តែច្រើន។

    លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី10 កក្កដានេះថា ការចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នឹងធ្វើឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិសេសភ្ញៀវទេសចរអឺរ៉ុបនឹងទៅទស្សនាប្រាសាទសំបូរព្រៃគុកកាន់តែច្រើន ហើយនឹងជាការបង្ហាញជូនភ្ញៀវទេសចរថា កម្ពុជាមិនត្រឹមតែមានប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែកម្ពុជានៅមានប្រាសាទជាច្រើនទៀតដែលទាក់ទាញ។

    លោកស្រីបន្តថា ពីមុនមកប្រាសាទសំបូរព្រៃគុកមិនត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់ទេសចរណ៍រយៈពេលខ្លីទេ គឺទាល់តែភ្ញៀវមកស្នាក់នៅកម្ពុជាចាប់ពី4យប់ឡើងទៅ ទើបការីទេសចរណ៍ដាក់ប្រាសាទនេះចូលក្នុងខ្សែទស្សនកិច្ចរបស់ខ្លួន ដោយសារតែភ្ញៀវខ្លះមិនយល់ មិនដឹងពីរតនសម្បត្តិរបស់កម្ពុជា ប៉ុន្តែនៅពេលប្រាសាទសំបូរព្រៃគុកបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយនោះ នឹងរឹតតែធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ ចង់ដឹង ចង់ឃើញ ចង់ជ្រួតជ្រាបសិក្សាស្វែងយល់កាន់តែច្រើនឡើងមិនខាន។

    ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជានាយកក្រុមហ៊ុនទេសចរណ៍ World Express Tours& Travel លោក ហូ វណ្ឌី បានថ្លែងថា បន្ទាប់ពីរយៈពេល9ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចមក កម្ពុជាបានដាក់ប្រាសាទសំបូរព្រៃគុកជាសម្បតិ្តបេតិកភណ្ឌពិភពលោកមួយទៀត ដែលធ្វើឲ្យកម្ពុជាកាន់តែមានភាពល្បីល្បាញលើផ្នែកទេសចរណ៍ប្រាង្គប្រាសាទ ដែលប្រាសាទនេះបានបន្សល់ទុកតាំងពីសតវត្សរ៍ទី7 មកម្ល៉េះ។ ពិតជាវិសេសវិសាលណាស់!។

    លោកបន្តថា “ចំនួនភ្ញៀវទេសចរអន្តរជាតិនឹងមកទស្សនាប្រាសាទនេះកាន់តែច្រើនបន្ទាប់ពីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ប៉ុន្តែការទទួលបានភ្ញៀវច្រើន ឬតិច វាអាស្រ័យលើការីទេសចរណ៍ជាតិ និងអន្តរជាតិមានឆន្ទៈជួយជ្រោមជ្រែងផងដែរ”។ លោកបន្តថា “ពីមុនមកមានភ្ញៀវអឺរ៉ុបចាប់អារម្មណ៍ប្រាសាទនេះច្រើនដែរ ហើយយើងក៏បានដាក់ប្រាសាទនេះចូលក្នុងកញ្ចប់ទស្សនកិច្ចភ្ជាប់ជាមួយប្រាសាទកោះកេរ្តិ៍ មុនបន្តទៅកាន់ក្រុងសៀមរាប”។

    លោកហូ វណ្ឌី បានបន្តថា ពីមុនមកការឈប់សំចតនៅក្រុងស្ទឹងសែនមិនសូវមាននោះទេ ព្រោះខេត្តនេះគ្រាន់តែជាតំបន់ឆ្លងកាត់ប៉ុណ្ណោះ ប៉ុន្តែប្រសិនជាអាជ្ញាធរខេត្ត មន្ទីរទេសចរណ៍រៀបចំខេត្តឲ្យមានភាពទាក់ទាញ មានភាពស្រស់ស្អាត មានអនាម័យ ពិសេសរៀបចំភោជនីយដ្ឋាន និងទូកជិះកម្សាន្តនៅតាមដងស្ទឹងសែននោះ លោកជឿថា ភ្ញៀវទេសចរអាចនឹងសម្រាកលម្ហែនៅក្នុងខេត្តនេះ ហើយវានឹងផ្តល់ផលចំណូលដោយផ្ទាល់ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តដោយផ្ទាល់ និងប្រយោលផងដែរ៕