Category: សង្គម និងសេដ្ឋកិច្ច

  • ឃើញតូចអ៊ីចឹងកុំអាលថា… Sony SRS-XB40 សាកសិនបានដឹង!

    ឃើញតូចអ៊ីចឹងកុំអាលថា… Sony SRS-XB40 សាកសិនបានដឹង!

    ក្រុមហ៊ុន Sony បានដាក់ចេញនូវស៊េរីប្រដាប់បំពងសំឡេងតូចៗជាច្រើនម៉ូដែលកាលពីប៉ុន្មានខែមុនជាមួយ​នឹង​លក្ខណៈសម្បត្តិល្អប្រសើរជាច្រើនសម្រាប់អ្នកប្រើប្រាស់ ទោះបីជាវាមានទំហំតូចប៉ុណ្ណឹងក្ដី។

    សម្រាប់អ្នកចូលចិត្តសំឡេងតន្រ្ដីដាក់តាមខ្លួន Sony SRS-XB40 អាចជាជម្រើសថ្មី និងល្អមួយរបស់លោកអ្នក។ ឧបករណ៍បំពងសំឡេងមួយនេះត្រូវបានក្រុមហ៊ុន Sony បញ្ជាក់ឱ្យដឹងថា វាត្រូវបានបង្កើតឡើងយ៉ាងពិសេសបំផុត ជាមួយ​នឹង​រូបរាងតូចតែស្រស់ស្អាត និងគួរឱ្យទាក់ទាញ ផ្តោតខ្លាំងទៅលើមិត្តយុវវ័យ។ វាអាចចាក់ចម្រៀងតាមរយៈបច្ចេកវិទ្យា Bluetooth និង NFC លើសមត្ថភាពថ្មបាន 24 ម៉ោង និងបំពាក់នូវបច្ចេកវិទ្យាការពារការជ្រាបទឹក Water Resistant បាន ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏អាចកម្សាន្តបានដែរ។

    SRS-XB40 ក៏បានបំពាក់បច្ចេកវិទ្យាសំឡេង EXTRA BASS ជំនាន់ទី 2 ដែលយើងអាចបន្ថែមសំឡេង​បុកបាស់​ខ្លាំងបាន ដោយគ្រាន់តែចុងប៊ូតុងនៅផ្នែកខាងលើ ព្រមជាមួយនឹងភ្លើងពណ៌លោតរាំតាមចង្វាក់ភ្លេងទៀតផង។ ចំណុចដែល​កាន់តែពិសេសមួយទៀត គឺវាមានបំពាក់នូវបច្ចេកវិទ្យា Wireless Party Chain ដែលអាចតភ្ជាប់កូនធុងបាស់​នេះទៅ​កូន​ធុងបាស់ដូចគ្នាផ្សេងទៀតបានចំនួន 10 ដែលជាស៊េរីតែមួយ (ចាក់បទចម្រៀងជាក្រុម)។ ក្នុងនោះយើងក៏អាចទាញយក​កម្មវិធី​ Fiestable app សម្រាប់គ្រប់គ្រង និងរៀបចំចម្រៀង ហើយអាចផ្លាស់ប្ដូរពណ៌ភ្លើងដែលលោតលើកូនធុងបាស់ SRS-XB40 នេះព្រមជាមួយមុខងារ DJ Sound Effects ចេញពីស្មាតហ្វូនបានទៀតផង។ ចំពោះតម្លៃ Sony SRS-XB40 នេះត្រូវបានក្រុមហ៊ុនដាក់ក្នុងតម្លៃ 199 ដុល្លារ សម្រាប់ទីផ្សារកម្ពុជា៕

  • ង៉ែត សុវណ្ណនេត ទោះកើតក្នុងគ្រួសារក្រីក្រ តែមានមោទនភាពនឹងវីរភាពម្ដាយ

    ង៉ែត សុវណ្ណនេត ទោះកើតក្នុងគ្រួសារក្រីក្រ តែមានមោទនភាពនឹងវីរភាពម្ដាយ

    ក្រោយពីតស៊ូក្នុងអាជីពសិល្បៈអស់រយៈពេល 4ឆ្នាំមក គេមើលឃើញថា តារាសម្ដែងង៉ែត សុវណ្ណនេត ហាក់មានកេរ្ដិ៍ឈ្មោះជាងមុន ខណៈលោកទទួលបានការងារថតភាពយន្ដ ស្ប៉ត និងថតបទចម្រៀងខារ៉ាអូខេច្រើនគួរសម។ លោកប្រាប់ថាបើទោះបច្ចុប្បន្នអាជីពសិល្បៈមានការរីកចម្រើនពិតមែន ប៉ុន្ដែលោកនៅមិនទាន់ធូរស្រាលក្នុងចិត្ដនៅឡើយទេ។

    កន្លងមកគេបានដឹងថាតារាសម្ដែងង៉ែត សុវណ្ណនេត មានការតាំងចិត្ដចូលប្រឡូកក្នុងសិល្បៈដើម្បីរកប្រាក់ចំណូលចិញ្ចឹមម្ដាយ គ្រាដែលម្ដាយរបស់គេកំពុងតែមានជំងឺប្រចាំកាយ។ ង៉ែត សុវណ្ណនេត បញ្ជាក់ថា បច្ចុប្បន្នអាជីពសិល្បៈរបស់លោកចាប់ផ្ដើមទទួលបានការគាំទ្រខ្លាំង ពិសេសតម្លៃខ្លួនក្នុងការងារកាន់តែមានកំណើនដែលអាចឱ្យលោករកប្រាក់ចំណូលបានច្រើនជាងមុន។ ទោះយ៉ាងណាលោកពុំសូវហ៊ានចាយវាយឱ្យបានពេញដៃនៅឡើយទេ ព្រោះនៅមានកាតព្វកិច្ចមើលថែម្ដាយរូមជាមួយបងប្រុសរបស់ខ្លួន។

    តារាសម្ដែងរូបនេះប្រាប់បន្ដថា៖ «ទោះអាចរកប្រាក់បានច្រើនជាងមុនក៏ដោយ ក៏ខ្ញុំពុំសូវហ៊ានចាយវាយច្រើនលើសកម្រិតដែរ ព្រោះថវិកាដែលរកបានខ្ញុំត្រូវសន្សំទុកមួយចំនួនធំសម្រាប់ផ្ញើរទៅផ្ទះ ដើម្បីយកទៅព្យាបាលជំងឺម្ដាយនៅពេលមានអាការធ្វើទុក្ខម្ដងម្កាល»។

    សុវណ្ណនេតបន្ថែមថា លោកទទួលបន្ទុកនេះជាមួយបងប្រុសតាំងពីមិនទាន់ចូលសិល្បៈម្ល៉េះ ព្រោះចាប់តាំងពីលោកដឹងក្ដីពេលណាបានឃើញតែម្ដាយរងទុក្ខជាមួយនឹងការទទួលបន្ទុកមើលថែគ្រួសារ ចិញ្ចឹមបីបាច់កូនទាំងពីរយ៉ាងលំបាក។ ង៉ែត សុវណ្ណនេត បន្ដថា កាលលោកនៅក្មេង ម្ដាយលោកសុខចិត្តស៊ីឈ្នួលគេលើកថ្ម ជិះកង់ដើរលក់ធូប និងធ្វើការងារជាច្រើនទៀត ដើម្បីចិញ្ចឹមកូនប្រុសទាំងពីររហូតបានធំពេញវ័យ ដូច្នេះទោះលំបាកយ៉ាងណាលោកត្រូវតែមើលថែទាំគាត់វិញក្នុងនាមជាកូន។

    ទោះបីជាមានកាតព្វកិច្ចដែលយើងមើលឃើញថា ជាបន្ទុកធ្ងន់ធ្ងរសម្រាប់តារាសម្ដែងរូបនេះក្ដី ប៉ុន្ដែលោកង៉ែត សុវណ្ណនេតបញ្ជាក់ថា៖ «បើទោះជាខ្ញុំកើតមកក្នុងគ្រួសារមានជីវភាពក្រលំបាកក៏ដោយ ក៏ខ្ញុំមានមោទនភាពជាមួយគ្រួសារខ្ញុំខ្លាំងណាស់ ពិសេសអ្នកម្ដាយរបស់ខ្ញុំគ្រាដែលគាត់សុខចិត្ដរស់នៅក្នុងភាពមេម៉ាយតាំងពីខ្ញុំនៅក្មេងរហូតមកដល់បច្ចុប្បន្ន។ ខ្ញុំពិតជាស្ញប់ស្ញែងចំពោះវីរភាពរបស់ម្ដាយខ្ញុំខ្លាំងណាស់ ព្រោះគាត់សុខចិត្ដរស់នៅម្នាក់ឯងមិនយកប្ដីថ្មីទៀត ខ្លាចគេធ្វើបាបកូន»។

    គួរបញ្ជាក់ថា បច្ចុប្បន្នលោកទើបតែបញ្ចប់ការថតរឿង «ពេទ្យភូមិខ្ញុំ» និងរឿង «កំហឹងអ្នកស្រុក» ដែលគ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN និងMY TV៕

  • Dominar 400cc ម៉ូតូថ្មីត្រៀមបង្ហាញខ្លួនក្នុងទីផ្សារកម្ពុជា សប្ដាហ៍នេះ

    Dominar 400cc ម៉ូតូថ្មីត្រៀមបង្ហាញខ្លួនក្នុងទីផ្សារកម្ពុជា សប្ដាហ៍នេះ

    ថ្មីទៀតហើយសម្រាប់អ្នកនិយមចូលចិត្តជិះម៉ូតូធំ ដោយម៉ូតូម៉ូដែលថ្មីមានកម្លាំង 400cc បំពាក់បច្ចេកវិទ្យាដ៏ទំនើបរបស់ប្រទេសឥណ្ឌា ម៉ាក Dominar 400cc នឹងត្រៀមបង្ហាញខ្លួនក្នុងទីផ្សារកម្ពុជានៅក្នុងសប្ដាហ៍នេះហើយ។

    នាយកគ្រប់គ្រងផ្នែកលក់របស់ម៉ូតូ Bajaj Auto Limited លោក ភួង សុផល បានប្រាប់អ្នកយកព័ត៌មានឡារ៉ែន តាមរយៈទូរស័ព្ទថា ក្រុមហ៊ុននឹងសម្ពោធដាក់លក់ម៉ូតូស៊េរីថ្មីមួយទៀតសម្រាប់ទីផ្សារកម្ពុជាយើងជាមួយនឹងកម្លាំងខ្លាំងជាងមុន បច្ចេកវិទ្យាក៏កាន់តែទំនើប ប៉ុន្តែមានតម្លៃសមរម្យជាងគូប្រកួតប្រជែង។ លោកបន្តថា ច្រើនឆ្នាំមកហើយដែលក្រុមហ៊ុននាំយក និងដាក់លក់ម៉ូតូ Bajaj ក្នុងទីផ្សារមួយនេះជាមួយនឹងកម្លាំងត្រឹមតែ 200 cc ប៉ុណ្ណោះ ប៉ុន្តែពេលនេះក្រុមហ៊ុនចង់ណែនាំម៉ូតូស៊េរីថ្មីដែលមានកម្លាំងខ្លាំងដល់ទៅ 400cc សម្រាប់អ្នកគាំទ្រកម្ពុជា។

    លោកថា៖ «ប្រហែលក្នុងសប្ដាហ៍នេះ Dominar400cc អាចមានលក់ហើយ ជាមួយនឹងតម្លៃប្រមាណ 4,200ដុល្លារ ហើយមានតែ 2 ពណ៌ប៉ុណ្ណោះ គឺ ស និងពណ៌គ្រាប់អម្ពិល»។

    លោក ភួង សុផល បន្ថែមទៀតថា រយៈពេលជាង 5ឆ្នាំមកនេះ Bajaj Auto Limited លក់បានតែម៉ូតូតម្លៃក្រោម 3000 ដុល្លារ ឬថ្លៃជាងនេះតិចតួចប៉ុណ្ណោះ មានជាអាទិ៍ម៉ូតូ Pulsar NS200 ម៉ូដែលនេះមានការគាំទ្រពីអ្នកប្រើប្រាស់ច្រើនលើសលុប សូម្បីតែបច្ចុប្បន្នវានៅតែលក់ដាច់បើទោះបីវាហួសឆ្នាំហើយក្ដី។

    សម្រាប់ម៉ូតូ Bajaj Dominar400cc មានម៉ាស៊ីនប្រភេទ Triple spark 4-valve DTS-i បំពាក់ដោយប្រព័ន្ធធុងទឹកត្រជាក់ Liquid Cooled ជាមួយនឹងកម្លាំង 373 cc ដោយមានល្បឿនស្ទុះពី 0 ទៅ 100 គីឡូម៉ែត្រប្រើពេលតែ 8.3 វិនាទី និងមានប្រព័ន្ធហ្រ្វាំងថាស ABS មុខក្រោយ៕

  • តើអ្នកដឹងទេថា អាជីវកម្មលក្ខណៈគ្រួសារមិនចាំបាច់បង់ពន្ធទេ

    តើអ្នកដឹងទេថា អាជីវកម្មលក្ខណៈគ្រួសារមិនចាំបាច់បង់ពន្ធទេ

    ភ្នំពេញ៖ មុននឹងចាប់ផ្តើមអាជីវកម្មមួយ មិនថាអាជីវកម្មខ្នាតតូច អាជីវកម្មខ្នាតមធ្យម ឬខ្នាតធំនោះទេ គេតែងបារម្ភអំពីផលលំបាកក្នុងការបង់ពន្ធជូនរដ្ឋ ប៉ុន្តែយ៉ាងណានោះការប្រកបអាជីវកម្មលក្ខណៈគ្រួសារដែលមានទំហំទឹកប្រាក់ក្រោម 250លានរៀល(ប្រមាណជា 6,000 ដុល្លារ) មិនត្រូវបានតម្រូវឱ្យបង់ពន្ធនោះទេ ដែលនេះជាការលើកឡើងរបស់ឯកឧត្តម គង់ វិបុល ទីប្រឹក្សារដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ។

    ឯកឧត្តម គង់ វិបុល មានប្រសាសន៍បញ្ជាក់ជាថ្មីទៀតនៅក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការគ្រប់គ្រងចំណូលពន្ធសម្រាប់ថ្នាក់ក្រោមជាតិ ព្រមទាំងការចុះអង្កេតផ្ទៀងផ្ទាត់សហគ្រាស និងការធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យក្នុងខេត្តសៀមរាបនៅក្នុងសាលាខេត្តសៀមរាបកាលពីម្សិលមិញនេះថា អគ្គនាយកដ្ឋានពន្ធដារតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តយុទ្ធសាស្រ្តកៀងគរចំណូលរយៈពេលមធ្យម ឆ្នាំ2014 – 2018 ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលបានដាក់ចេញគឺមិនមានការបង្កើតប្រភេទពន្ធថ្មី ឬដំឡើងអត្រាពន្ធនោះទេ គឺមានតែពង្រឹងការគ្រប់គ្រងប្រមូលពន្ធប៉ុណ្ណោះ។

    ឯកឧត្តមបញ្ជាក់បន្ថែមថា លើសពីនេះរាជរដ្ឋាភិបាលតែងគិតគូរដល់ប្រជាពលរដ្ឋអ្នករកស៊ីតូចតាចតាមរយៈការលុបចោល របបម៉ៅការស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2016 ដែលក្នុងនោះប្រជាពលរដ្ឋជាអាជីវករតូចតាចបែបលក្ខណៈគ្រួសារដូចរៀបរាប់ខាងលើ និងមានកម្រិតផលរបរក្រោម 250លានរៀល គឺជាកម្មវត្ថុនៃការលើកលែងពន្ធ និងមិនមានកាតព្វកិច្ចសារពើពន្ធនោះទេ៕

  • តារាជើងចាស់ថៃ 6 ដួងទទួលមរណភាពបន្តបន្ទាប់គ្នាក្នុងខែ​កក្កដានេះ

    តារាជើងចាស់ថៃ 6 ដួងទទួលមរណភាពបន្តបន្ទាប់គ្នាក្នុងខែ​កក្កដានេះ

    ខែកក្កដានេះ បានសាងភាពសោកសៅដ៏ធំធេងសម្រាប់ពិភពសិល្បៈថៃ ដែលការសោកសៅនេះគឺជារឿងធម្មតារបស់ធម្មជាតិ ព្រោះថា ការកើតចាស់ឈឺស្លាប់ គឺជារឿងដែលយើងមិនអាចចៀសផុតបានឡើយ ហើយនៅក្នុងអំឡុងពេលនេះ សិល្បៈប្រទេសថៃកំពុងស្ថិតនៅក្នុងសភាវសោកសៅយ៉ាងខ្លាំងបំផុត ដោយសារតារាសម្ដែងជើងចាស់ និងតារាចម្រៀងជើងចាស់របស់ប្រទេសថៃ បានលាចាកលោកព្រមៗគ្នានៅក្នុងខែកក្កដានេះ។

    បើវិលទៅរកអតីតកាលឆ្នាំ1995 ពិភពសិល្បៈប្រទេសថៃក៏កើតមានហេតុការណ៍ស្រដៀងគ្នានេះកើតឡើងម្តងដែរ ដោយសារតារាជើងចាស់ថៃចំនួន 3 រូបបានទទួលមរណភាពបន្តបន្ទាប់គ្នា ក៏ប៉ុន្ដែជាអកុសលណាស់ ដែលនៅក្នុងឆ្នាំ​2017 នេះ មានតារាជើងចាស់ថៃដល់ទៅ 6 រូបបានលាចាកលោកនេះ រួមមាន៖

    1.នៅថ្ងៃទី5 ខែកក្កដា ឆ្នាំ2017 លោកយាយ អ៊ីត ស៊ិនីនាដ ផូធីវេត ជាតារាសម្ដែងជាន់ខ្ពស់ដែលបានសាងស្នាមញញឹម និងសំឡេងសើចក្អាកក្អាយដល់ទស្សនិកជនតាមរយៈរឿងភាគជាច្រើនកន្លងមកនោះ លោកយាយបានទទួលមរណភាពក្នុងជន្មាយុ 89 ឆ្នាំ។

    2.នៅថ្ងៃទី5 ខែកក្កដា ឆ្នាំ2017 អ៊ំស្រី ទីង ភីមផាន់ បូរណៈភីម ជាតារាសម្ដែងជាន់ខ្ពស់បំផុត ដែលមានសមត្ថភាពពហុជំនាញបានលាចាកលោកយ៉ាងស្ងប់ស្ងាត់នៅក្នុងផ្ទះសំណាក់ខេត្តខនគែន ក្នុងជន្មាយុ 71 ឆ្នាំ។​

    3.នៅថ្ងទី7​ ខែកក្កដា ឆ្នាំ2017 តារាចម្រៀងរ៉ុកស្រីមានឈ្មោះ វ៉ែន ធិទិម៉ា ជាតារារ៉ុកឃើរ៍ស្រីដ៏ល្បីល្បាញដំបូងបង្អស់របស់ប្រទេសថៃបានទទួលមរណភាពក្នុងអាយុ 54 ឆ្នាំ ដោយសារតែកើតជំងឺមហារីកសុដន់រ៉ាំរ៉ៃរយៈពេល 2 ឆ្នាំ បន្ទាប់មករាលដាលដល់កើតជំងឺមហារីកឆ្អឹង និងពោះវៀនទៀតផង។

    4.នៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2017 តារាចម្រៀង ទើយ ហៃរ៉ុក ជាអតីតតន្ត្រីករ និងជាតារាចម្រៀងនៅក្នុងក្រុម HiRock ទទួលមរណភាពដោយសារជំងឺមហារីកថ្លើមក្នុងអាយុ 52 ឆ្នាំ។



    5.នៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2017 លោកអ៊ំ ដៀរ៍ ឈុំផន ជាឪពុកតារាស​ម្ដែងប្រុស សនរ៉ាម ឬនាយផា បានទទួលមរណភាពក្នុងជន្មាយុ 78 ឆ្នាំ ដោយសារលោកកើតជំងឺរ៉ាំរ៉ៃ និងមានជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាល។

    6.នៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2017 តារាសម្ដែង និងកំប្លែងស្រី មានឈ្មោះ វ៉ែវ ចុកម៉ុក និងជាប្អូនស្រីបង្កើតរបស់តារាកំប្លែងល្បីឈ្មោះ នាយ ម៉ាំ ចុកម៉ុក បានលាចាកលោកនេះទៅដោយសាររោគគាំងបេះដូងក្នុងអាយុ 50 ឆ្នាំ។

    គួរបញ្ជាក់ផងដែរថា តាមរយៈសារព័ត៌មាន gossipstar.mthai.com បានសម្ដែងការសោកស្តាយ ចូលរួមរំលែកទុក្ខ និងសូមផ្ដល់កម្លាំងចិត្តចំពោះក្រុមគ្រួសារតារាជើងចាស់ទាំង 6 រូបនេះផងដែរ៕

  • Chelsea កំពុងចង់​ដាក់​សំណើ​ដេញ​ថ្លៃ ​62លានផោន​សម្រាប់ Morata ពីក្លិប Real

    Chelsea កំពុងចង់​ដាក់​សំណើ​ដេញ​ថ្លៃ ​62លានផោន​សម្រាប់ Morata ពីក្លិប Real

    ក្លិប​តោ​ខៀវ Chelsea នឹង​​ដាក់​សំណើ​ដេញថ្លៃ​ក្នុង​ទឹកប្រាក់ ​62លានផោន (ស្មើ​នឹង​ 80លាន​ដុល្លារ​អាមេ​រិក) ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ Alvaro Morata ពីក្លិប Real Madrid​។

    លោក Antonio Conte សង្ឃឹម​ថា នឹង​ឈានដល់​ការ​ព្រម​ព្រៀង​គ្នាមួយ​សម្រាប់ Morata​ ស្រ​បពេល​ដែល​ខ្សែ​ប្រយុទ្ធ Diego Costa ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​បន្ត​សម្រាក​​ថ្ងៃ​វិស្សម​កាល មុននឹង​ផ្ទេរ​ទៅកាន់ក្លិប Atletico Madrid​។ Costa ធ្លាប់​ចង់​ធ្វើការ​សម្រប​សម្រួល​ជា​មួយនឹងលោក Conte ប៉ុន្តែគ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូបនេះមិន​ចាប់​អារម្មណ៍​ក្នុងការអនុ​ញ្ញាត​ឲ្យ​រូប​គេ​​បន្តនៅ​ជា​មួយ​នឹងក្លិប​តោ​ខៀវ​​ឡើយ​។ តា​រាឆ្នើមអន្តរ​ជាតិអេ​ស្ប៉ាញ Costa នឹង​ត្រូវ​បង្ហាញខ្លួនក្នុងការ​​ហ្វឹកហាត់​កាលពីថ្ងៃ​ម្សិល​មិញនៅ​ឯ​ទីលាន Cobham ប៉ុន្តែត្រូវ​បាន​អនុ​ញ្ញាត​​ឲ្យ​សម្រាក​រយៈ​ពេល​1​សប្តាហ៍ទៀត​។

    សញ្ញា​ផ្សេង​ៗ​ទៀតបានបង្ហាញ​ថា រូប​គេនឹង​ត្រូវ​តែ​ចាក​ចេញពី Chelsea នៅមុនពេលលោក Conte និងក្រុម​របស់​លោកធ្វើ​ដំណើរ​ទៅ​កាន់សហ​រដ្ឋ​អាមេ​រិកនៅ​សប្តាហ៍​ក្រោយ​។ ក្រោយ​ពី​បាត់​បង់​ខ្សែ​ប្រយុទ្ធ Romelu Lukaku វ័យ ​24​ឆ្នាំ ដោយ​សារ​តែ​រូប​គេទៅ​ចូល​រួម​ជាមួយនឹងក្លិប Manchester United និង Chelsea កំពុង​តែ​ស្ថិត​ក្រោម​សម្ពាធក្នុងការ​ចុះហត្ថលេខា​ជាមួយ Morata​​។​

    ប៉ុន្តែ សំណើ​ដេញថ្លៃ​របស់គេ​​អាចនឹង​ត្រូវ​ច្រានចោល​ដោយក្លិប Real Madrid ដែល​ចង់​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​​នេះ​។ លោក Zinedine Zidane គ្រូ​បង្វឹក​របស់​ក្លិប Real Madrid ពិត​ជា​ចង់​ឲ្យខ្សែ​ប្រយុទ្ធ​វ័យ ​24​ឆ្នាំ​រូបនេះ​បន្តនៅ​កីឡដ្ឋាន Bernabeu បើ​ទោះ​បី​រូប​គេ​ចង់​ផ្ទេរ​ទៅកាន់ក្រប​ខ័ណ្ឌ Premier League ក៏ដោយ​៕
    ប្រភព​ពី៖ The Sun

  • ក្រសួងសាធារណការ គ្រោងចំណាយ 64លានដុល្លារសាងសង់ផ្លូវជាតិលេខ2 នៅឆ្នាំក្រោយ

    ក្រសួងសាធារណការ គ្រោងចំណាយ 64លានដុល្លារសាងសង់ផ្លូវជាតិលេខ2 នៅឆ្នាំក្រោយ

    ភ្នំពេញ៖ ផ្លូវជាតិលេខ2 គឺជាផ្លូវសេដ្ឋកិច្ចដ៍សំខាន់មួយដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅប្រទេសវៀតណាម ឆ្លងកាត់តាមខេត្តកណ្តាលឆ្ពោះទៅច្រកអន្តរជាតិកម្ពុជា-វៀតណាម «ភ្នំឌិន» ក្នុងខេត្តតាកែវ។ ដោយសារមើលឃើញពីសក្តានុពលនៃការដឹកជញ្ជូនទំនិញចេញ-ចូលរបស់ប្រទេសទាំងពីរ រដ្ឋាភិបាលគ្រោងចំណាយទឹកប្រាក់ប្រមាណជា 64លានដុល្លារ​ សាងសង់ផ្លូវនេះឱ្យមានភាពល្អប្រសើរឡើងវិញនៅដើមឆ្នាំក្រោយ បន្ទាប់ពីរងការខូចខាតធ្ងន់ធ្ងរ។

    ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូអញ្ជើញ​ចុះពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ2 កាលពីម្សិលមិញនេះ និងបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយថវិកាប្រមាណ 56លានដុល្លារអាមរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ 8.5លានលើចម្ងាយផ្លូវប្រវែងសរុប66គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅរហូតដល់រង្វង់មូលអូរចំបក់មានប្រវែង 57គីឡូម៉ែត្រ និង9គីឡូមែត្រនៅលើផ្លូវជាតិលេខ22 ក្រាលកៅស៊ូAC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឱ្យបាន13ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាលចាប់ពីរង្វង់មូលកួរស្រូវទៅទិសខាងត្បូងប្រវែង8គីឡូម៉ែត្រគម្រោងសាងសង់ជាបួនគន្លង។ បច្ចុប្បន្នដៃគូអភិវឌ្ឍន៍ភាគីកូរ៉េកំពុងជ្រើសរើសទីប្រឹក្សាបច្ចេកទេសដើម្បីអាចចាប់ផ្តើមរៀបចំ design និងជ្រើសរើសក្រុមហ៊ុនសាងសង់ដែលនឹងចំណាយពេលប្រហែល1ឆ្នាំ មុននឹងចាប់ផ្តើមសាងសង់។

    ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីក្រោមឱវាទធ្វើរបាយការណ៍ដាក់ជូនសម្តេចនាយករដ្ឋមន្ត្រីដើម្បីស្នើសុំគោលការណ៍ស្វែងរកកញ្ចប់ថវិកាពិសេសមួយដើម្បីដោះស្រាយជួសជុលបណ្តោះអាសន្នអោយបានទាន់ពេលវេលា៕

  • Swansea ដាក់​តម្លៃខ្លួន​​ខ្សែ​បម្រើ​ឆ្នើម Sigurdsson 50​លានផោន​

    Swansea ដាក់​តម្លៃខ្លួន​​ខ្សែ​បម្រើ​ឆ្នើម Sigurdsson 50​លានផោន​

    ក្លិប Swansea City បាន​ដាក់​តម្លៃខ្លួន​50​លាន​ផោន (ស្មើ​នឹង​64.4​លានដុល្លារ​អាមេ​រិក) ទៅលើ​ខ្សែ​បម្រើ​ដ៏ឆ្នើម Gylfi Sigurdsson​។

     

    ការ​​ដាក់តម្លៃខ្លួន​នេះកើត​ឡើងស្រប​ពេល​ដែល​​ខ្សែ​បម្រើអន្តរ​ជាតិ​អ៊ី​ស្លង់ Sigurdsson បន្ត​ស្ថិតក្នុង​ការ​ទាក់​ទង​ជាមួយ​នឹងការផ្ទេរ​ទៅកាន់ក្លិប Everton និង Leicester​។ ក្លិប Swanseaនៅ​តែ​រក្សាការ​ទាម​ទារ​តម្លៃ​ខ្លួន​យ៉ាង​ខ្ពស់​សម្រាប់ Sigurdsson ដែល​បាន​ជាប់​ជាកីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំរ​បស់​ក្លិបនេះ​ក្នុង​យុទ្ធនាការ​2លើក​​ជាប់​ៗ​គ្នា កាល​ពី​រដូវកាល​មុន​។ ខ្សែ​បម្រើ​​វ័យ​27ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទីក្នុងការប្រកួតលីក​ចំនួន​9​គ្រាប់​ និង​ជួយ​ឲ្យ​មិត្ត​រួមក្រុម​រក​បាន​13​​គ្រាប់​ផ្សេង​ទៀត សម្រាប់ក្រុម Swansea ដែល​បាន​ចំណាយ​ពេលកាល​ពី​រដូវកាល​មុន ដោយ​ការ​ប្រជែង​គេច​ឲ្យ​ផុតពី​តំបន់​កាត់ចោល​។ វា​ត្រូវ​បាន​គេមើលឃើញ​ថា ក្លិប Swansea ចង់​បាន​តម្លៃ​ខ្លួន​40​លាន​ផោន ប្រសិន​បើ​ពួកគេ​ចង់​លក់ Sigurdsson ប៉ុន្តែតម្លៃខ្លួននោះ​ត្រូវ​បាន​ត្រួត​ពិនិត្យឡើងវិញ​នៅពេលនេះដោយ​សារ​តែ​ការ​ទិញ​ចូលកីឡាករ​ហាក់ដូច​ជា​​​ស្ថិតក្នុង​តម្លៃខ្លួន​ខ្ពស់​នៅ​រដូវក្តៅនេះ​​។ Sigurdsson នៅ​សល់​រយៈ​ពេល​3ឆ្នាំ​ទៀត​ក្នុង​កិច្ច​សន្យា​របស់​គេ ក្រោយ​ពីបាន​ចុះ​ហត្ថ​លេខាលើកុង​ត្រា​ថ្មីមួយកាលពី​ខែ​សីហា ឆ្នាំ​មុន​។ រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​30​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន​112លើកចាប់​តាំងពីក្លិប Swansea បាន​ទិញ​រូប​គេ​ពីក្លិប Tottenham ក្នុង​តម្លៃខ្លួន​6.8លានផោន កាល​ពី​ខែកក្ក​ដាឆ្នាំ​2014​។ លោក Huw Jenkins ប្រធានក្លិប Swansea បានប្រកាស​កាល​ពី​ខែកុម្ភៈ​ថា Sigurdssonបាន​ទទួល​សំណើ​ជាច្រើន​អំឡុងពេល​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ​​កាលពី​ពេលមុនស្រប​ពេល​ដែលការ​​ចាប់អារម្មណ៍ផ្សេង​ៗ​បាន​​​កើត​ឡើង​​ទាំង​លីកក្នុង​ស្រុក និង​ក្រៅ​ស្រុក​៕

    ប្រភព​ពី៖ The Guardian

  • Theo សប្បាយចិត្ត ក្រោយ​​ផ្ទេរ​ពី Atletico ទៅ Real រួចរាល់

    Theo សប្បាយចិត្ត ក្រោយ​​ផ្ទេរ​ពី Atletico ទៅ Real រួចរាល់

    Theo Hernandez បាន​និយាយ​ថា រូបគេ​ពិត​ជា​រីករាយ​ណាស់ក្នុង​ការ​ស្ថិតនៅជាមួយ​ក្លិប​ដ៏អស្ចារ្យ​បំផុតក្នុង​ពិភព​លោក ក្រោយ​ពី​ត្រូវ​បានប្រកាស​ថាជា​កីឡាករ​ចំណូ​លថ្មី​ដំបូង​គេ​របស់​ក្លិប Real Madrid នា​រដូវក្តៅនេះ​។

    ខ្សែ​ការ​ពារ​វ័យ​19​ឆ្នាំ​រូបនេះបាន​ផ្ទេរ​មកពី​ក្លិ​ប​ស្ថិតក្នុង​ទីក្រុង​​ Atletico ក្នុង​តម្លៃ​ខ្លួន​30លានអឺ​រ៉ូ(ស្មើ​នឹង​34.14​លាន​ដុល្លារ​អាមេ​រិក)​ ក្រោយពីក្លិប Real បាន​ចំណាយ​ប្រាក់​ទិញ​រំលាយកិច្ច​សន្យា​របស់​គេ​។ ខ្សែ​ការពារ​សញ្ជាតិ​បារាំង​រូបនេះមិន​បាន​លេង​ឲ្យក្រុម Atletico របស់​លោក Diego Simeone ទេ ប៉ុន្តែរូប​គេ​បានប​ង្ហាញពី​ទម្រង់លេងយ៉ាងល្អអំឡុង​ពេល​ស្ថិត​ជាកីឡាករ​កម្ចី​នៅ​ឯ​ក្លិប Alaves កាល​ពី​រដូវកាល​មុន​។ Hernandez ត្រូវ​បាន​ប្រកាស​ថា ជាកីឡាករ​របស់​ក្លិប Real ក្នុង​កម្ម​វិធី​មួយ​ដែល​​បាន​ចាប់ផ្តើម​តាមរយៈ​ការ​ចាក់​បញ្ចាំង​ពី​រូបភាព​វី​ដេ​អូមួយ​ដើម្បី​បង្ហាញពី​អាជីព​របស់​គេ​។

    លោក Perez ប្រធាន​ក្លិប Real បាន​ឲ្យ​ដឹង​ថា៖ «សូម​អប​អរ​សា​ទរ ពី​ព្រោះ​​ពេល​នេះអ្នកជា​កីឡាករ​របស់​ក្លិប Real Madrid ហើយ ហើយ​ការ​ផ្ទេរ​នេះកើតឡើង​ដោយ​សារ​​តែ​ទេពកោសល្យ និង​បុគ្គ​លិក​លក្ខណៈ​របស់​អ្នក និងទាំង​អស់​នោះ​សុទ្ធ​​សឹង​ជា​អ្វី​ដែល​អ្នក​បានប​ង្ហាញ បើ​ទោះ​បីស្ថិតក្នុង​វ័យ​ក្មេង​ក៏ដោយ​»​។ Hernandez បានប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ថា៖ «ខ្ញុំ​ពិត​ជា​រំភើប និង​រីក​រាយណាស់​ក្នុងការ​​ស្ថិតក្នុង​ក្លិប​ដ៏​​ធំ​បំផុត​ក្នុង​ពិភព​លោក​។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​​​អ្នក​គាំ​ទ្រ​ចំពោះ​រាល់​ការ​គាំ​ទ្រ​ដែល​ពួកគេ​ផ្តល់​ឲ្យ​ខ្ញុំ​។ ក្រុម​ជាច្រើន​ចង់​បាន​ខ្ញុំ ប៉ុន្តែជម្រើស​ដ៏ល្អ​បំផុត​គឺការ​ចូល​រួម​ជា​មួយ​នឹង​ក្លិប Real Madrid​»​​៕

    ប្រភព​ពី៖ Daily Mail

  • អ៊ីវ៉ា៖ ប៉ាដាក់បម្រាមរឿងការសម្ដែង តែរឿងផ្ទាល់ខ្លួនគាត់អត់ហាមទេ…

    អ៊ីវ៉ា៖ ប៉ាដាក់បម្រាមរឿងការសម្ដែង តែរឿងផ្ទាល់ខ្លួនគាត់អត់ហាមទេ…

    គ្រាដែលកញ្ញា អ៊ីវ៉ា មានបទចម្រៀងរបស់ខ្លួនបែបញាក់កន្ដ្រាក់អារម្មណ៍ច្រើននោះ មានមហាជនជាច្រើនសន្និដ្ឋានថា តារាចម្រៀងម្នាក់នេះប្រហែលជាលែងអៀនខ្មាស ឬកំណាញ់ខ្លួនដូចពេលនាងចូលសិល្បៈដំបូងៗទៀតហើយមើលទៅ។

    កញ្ញា អ៊ីវ៉ា បានចាប់អាជីពសិល្បៈតាំងពីនាងមានអាយុប្រមាណជិត 20ឆ្នាំម្ល៉េះ ពេលនោះនាងបានប្រាប់ថា នាងមិនយកភាពសិចស៊ី ឬការសម្ដែងក្នុងឈុតឆាកខារ៉ាអូខេបែបស្និទ្ធស្នាលឱបថើបធ្វើជាទុនដើម្បីទាញយកប្រជាប្រិយភាពឡើយ បើទោះជានាងជាតារាថ្មោងថ្មីក៏ដោយ។

    ជួបជាមួយកញ្ញា អ៊ី វ៉ា នាងបានបញ្ជាក់ថា ចិត្ដនាងនាពេលបច្ចុប្បន្នក៏នៅតែមិនខុសពីពេលមុនៗដដែល ពោលគឺនាងនៅតែប្រកាន់ខ្ជាប់នូវការតាំងចិត្ដរបស់នាង ប៉ុន្តែកន្លងមកដោយសារតែផលិតកម្មតម្រូវឱ្យសម្ដែងជាមួយតារាចម្រៀងប្រុសនៅក្នុងផលិតកម្មតែមួយ ទើបនាងសម្ដែងក្នុងលក្ខណៈស្និទ្ធស្នាល។ នាងបន្ដថា កន្លងមកនាងសម្ដែងតែជាមួយតារាចមៀងប្រុសមួយចំនួន ដូចជាលោក កែវ វាសនា លោកអាន គុណកូឡា ព្រមទាំងលោក ឆាយ វីរៈយុទ្ធប៉ុណ្ណោះ។

    តារាចម្រៀងរូបនេះ បញ្ជាក់ថា៖ «ទោះបីខ្ញុំចូលប្រឡូកសិល្បៈយូរហើយក្ដី ក៏ខ្ញុំនៅតែខ្មាសអៀនចំពោះការសម្ដែងជាមួយតារាប្រុសដូចតែពេលមុនៗអ៊ីចឹង។ ខ្ញុំអាចសម្ដែងបានក្នុងលក្ខណៈស្និទ្ធស្នាលល្មមៗ តែបើកាន់ដៃជើងកៀកកិតគ្នាជ្រុលហួសហេតុខ្លាំងពេក ខ្ញុំមិនសម្ដែងទេ»។

    បញ្ហានេះត្រូវនាងប្រាប់បន្ថែមថា មូលហេតុនាងមិនទទួលយកការសម្ដែងបែបសិចស៊ី ឬស្និទ្ធស្នាលនោះ គឺដោយសារតែចិត្ដនាងមិនចង់សម្ដែងផង និងមានបម្រាមពីឪពុករបស់នាងផង។ សូម្បីតែពេលថតបទចម្រៀងបែបញាក់កន្រ្ដាក់អារម្មណ៍ម្ដងៗ ក៏នាងមានការប្រយ័ត្នប្រយែងចំពោះការសម្ដែងដែរ។

    ទោះយ៉ាងណាកញ្ញា អ៊ី វ៉ា បញ្ជាក់ថា ឪពុកនាងរឹតត្បិតតែលើការសម្ដែងបែបស្និទ្ធស្នាលកាន់ដៃកាន់ជើងតែប៉ុណ្ណោះ តែចំពោះរឿងផ្ទាល់ខ្លួន និងជុំវិញរឿងស្នេហាវិញ ឱពុកនាងពុំបិទសិទ្ធិឡើយ ព្រោះឪពុកនាងស្គាល់ច្បាស់ពីចរិតកូន។ នាងបន្ថែមថា៖”គាត់ជូនខ្ញុំទៅណាមកណាមិនមែនគាត់បារម្ភរឿងហ្នឹងទេគឺ គាត់បារម្ភពីសុវត្ថិភាពពេលចេញច្រៀងឆ្ងាយពិសេសចេញទៅតាមបណ្ដាខេត្ដម្ដងៗ ម្យ៉ាងវាជាការសំណូមពររបស់ខ្ញុំផង ខ្ញុំយល់ថា ពេលទៅណាមកណាមានប៉ា គឺខ្ញុំកក់ក្ដៅ”៕