Category: សង្គម និងសេដ្ឋកិច្ច

  • ស៊ីស៊ី៖ ខ្ញុំមិនចង់ជាប់ឈ្មោះជាតារាសិចស៊ីទេ

    ស៊ីស៊ី៖ ខ្ញុំមិនចង់ជាប់ឈ្មោះជាតារាសិចស៊ីទេ

    មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា កញ្ញាស៊ី ស៊ី ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ដោយគេបានផ្ដោតទៅលើការតុបតែងខ្លួនបែប Fashion បង្កប់នូវភាពសិចស៊ី តែទោះយ៉ាងណាតារារូបនេះបានបញ្ជាក់ថា នាងគ្មានបំណងចង់បង្អួតលើភាពសិចស៊ី ឬទទួលតំណែងជាតារាសិចស៊ីឡើយ។

    ទោះបីជាកញ្ញាស៊ីស៊ីបានចូលប្រឡូកក្នុងអាជីពសិល្បៈតាំងពីឆ្នាំ2005 តាមរយៈកម្មវិធីប្រឡងកញ្ញាឯកប្រ៊ីតស្ដុនក៏ដោយ ក៏នាងពុំសូវមានមហាជនស្គាល់ច្រើនដែរ ទើបតែកាលពីឆ្នាំ2016កន្លងទៅ នាងទទួលបានការចាប់អារម្មណ៍ច្រើន ខណៈដែលនាងទទួលបានឱកាសការងារជាច្រើន ដូចជាថតវីដេអូឃ្លីប សម្ដែងភាពយន្ដ និងដើរបង្ហាញម៉ូដនៅក្នុងកម្មវិធីធំៗជាដើម។

    កញ្ញា ស៊ី ស៊ី បញ្ជាក់ថា មូលហេតុដែលនាងពុំសូវទទួលបានប្រជាប្រិយភាព ព្រោះតែដំបូងឡើយនាងគិតថា ការចូលប្រឡូកក្នុងការងារសិល្បៈគ្រាន់តែជាការកម្សាន្ដប៉ុណ្ណោះ ប៉ុន្ដែក្រោយពីមានឱកាសបានទទួលការងារជាបន្ដបន្ទាប់មកធ្វើឱ្យនាងកាន់តែស្រឡាញ់អាជីពនេះ នឹងចង់ចាប់យកការងារទាំងនោះឱ្យបានជាប់លាប់តែម្ដង ពិសេសក្រោយពីមានការចាប់អារម្មណ៍លើរូបសម្រស់ និងការតុបតែងខ្លួនរបស់នាងច្រើនធ្វើឱ្យនាងកាន់តែមានកម្លាំងចិត្ដដើម្បីបន្ដអាជីពនេះទៅមុខទៀត។

    កាលពីនៅវ័យកុមារ ស៊ីស៊ី​តែងមានក្ដីស្រមៃថា នាងនឹងអាចក្លាយជាតារាសិល្បៈមួយរូបដែលមានឈ្មោះបោះសំឡេង ខណៈដែលនាងបានឃើញរូបតារារៀមច្បងនៅតាមប៉ាណូ និងលើកញ្ចក់ទូរទស្សន៍ជាដើម។ ជាក់ស្ដែងនៅពេលនេះ ក្ដីបំណងរបស់នាងចាប់ផ្តើមសម្រេចបានក្នុងរង្វង់80%ហើយ ខណៈដែលប្រជាប្រិយភាពរបស់នាងក៏កំពុងតែមាននៅលើទីផ្សារសិល្បៈផងដែរ។ នាងបន្ដថា ជុំវិញការតុបតែងខ្លួនដែលគេមើលឃើញថា មានភាពសិចស៊ីនោះ វាគ្រាន់តែជាស្ទីលបែប Fashion ធ្វើយ៉ាងណាឱ្យប្លែក ឱ្យមានភាពទាក់ទាញ ព្រោះនាងពុំចូលចិត្ដប្រើគ្រឿងអលង្ការមកពាក់លើខ្លួនច្រើនដើម្បីលម្អកាយនោះឡើយ។

    តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «ទោះបីជាមហាជនមានការចាប់អារម្មណ៍ជាមួយការតុបតែងខ្លួនរបស់ខ្ញុំក៏ដោយ ប៉ុន្ដែខ្ញុំពុំចង់ជាប់ឈ្មោះជាតារាសិចស៊ីទេ ដ្បិតអីប្រទេសយើងនៅមានការតឹងរ៉ឹង និងប្រកាន់លើផ្នែកប្រពៃណីច្រើន។ ម្យ៉ាងខ្ញុំចង់ឱ្យគេសរសើរថា ជាតារាសិល្បៈពូកែសម្ដែង ឬតារាមានភាពស្រស់ស្អាតច្រើនជាង»។

    ស៊ីស៊ី បញ្ជាក់ថា ភាពស្រស់ស្អាតដែលនាងចង់បញ្ជាក់នៅទីនេះគឺ មិនប្រកាន់ថា ស្អាតបែបធម្មជាតិ ឬស្អាតបែបកែសម្ផស្សនោះទេ សំខាន់គឺ តារាសិល្បៈនោះត្រូវតែចេះថែរក្សាសម្ផស្សរបស់ខ្លួនឱ្យមានភាពស្រស់ស្អាតបានយូរអង្វែងតាមរយៈការហាត់ប្រាណឱ្យមានរាងកាយស្រស់ស្អាត និងមានភាពទាក់ទាញពីមហាជនជានិច្ច៕

  • ការជួសជុលស្ពានជ្រោយចង្វារទំនងជាត្រូវពន្យារពេលម្តងទៀត

    ការជួសជុលស្ពានជ្រោយចង្វារទំនងជាត្រូវពន្យារពេលម្តងទៀត

    ភ្នំពេញៈ ការជួលជុលស្ពានជ្រោយចង្វារនឹងត្រូវមានការពន្យារពេលម្តងទៀត បន្ទាប់ពីភាគីជប៉ុនបានសម្តែងការព្រួយបារម្ភថា ថវិកាសម្រាប់ជួសជុលស្ពាននេះអាចនឹង​មិនគ្រប់តាមតម្រូវការ។

    លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបាន​ថ្លែងឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី11 កក្កដានេះថា បន្ទាប់ពីមានការវាយតម្លៃឡើងវិញ ភាគីជប៉ុនបានបារម្ភថា ថវិកាទំហំ 30លានដុល្លារសម្រាប់ជួសជុល​ស្ពាននេះអាចនឹងមិនគ្រប់តាមតម្រូវការ ទើបភាគីជប៉ុនត្រូវធ្វើការវាយតម្លៃឡើងវិញពីទំហំចំណាយដែលយើងមិនទាន់ដឹងនៅឡើយ គឺត្រូវរង់ចាំរហូតទាល់តែប្រតិភូជាន់ខ្ពស់ក្រសួងសាធារណការទៅកាន់ប្រទេសជប៉ុនពិភាក្សាអំពីរឿងនេះម្តងទៀតសិនទើបអាចដឹងពីថវិកាដែលត្រូវចំណាយពិតប្រាកដ។

    លោកបន្តថា “ការជួសជុលឡើងវិញមិនទាន់ដឹងថាចាប់ផ្តើមនៅពេលណាពិតប្រាកដទេ​ រហូតទាល់តែការវាយតម្លៃចប់ទើបការជួសជុលចាប់ផ្តើម ព្រោះការជួសជុលនេះជា​ការជួសជុលធំ និងជួលជុលរចនាសម្ព័ន្ធគ្រឹះរបស់ស្ពាន”។ លោកបន្តថា “ជប៉ុនមាន​និតិវិធីធ្វើការយូរ មានតម្លៃថ្លៃ តែគម្រោងរបស់ពួកគេគឺ រឹងមាំ និងជាប់បានយូរ”។ តាមគម្រោងជំហានដំបូង ការជួសជុលស្ពាននេះគ្រោងចំណាយរយៈពេល២ឆ្នាំ។

    អ្នកនាំពាក្យរូបនេះបានបន្តថា ការជួសជុលស្ពាននេះ មិនមែនជាការកែប្រែរូបរាងរបស់ស្ពានទេ គឺទម្រង់ស្ពានស្ថិតនៅដដែល ប៉ុន្តែការជួសជុលអាចនឹងលើកតួស្ពានចាស់ចេញ ហើយដាក់ស្ពានថ្មីជំនួសវិញ។ ជាមួយគ្នានេះដែរសាលារាជធានីភ្នំពេញក៏គ្រោងរៀបចំសាងសង់ស្ពានបាឡេ​ថ្មីមួយដែលស្ថិតនៅទល់មុខឃ្លាំងសាំងសូគីម៉ិចនៅតាមបណ្តោយផ្លូវជាតិលេខ5 ដែលមានទទឹង12ម៉ែត្រ និងបណ្តោយប្រវែងប្រហែល 700ម៉ែត្រផងដែរ។

    លោក មាស ម៉េតភ័ក្តី បានថ្លែងថា ការសាងសង់ស្ពានបាឡេនេះ សាលាក្រុងបានសហ​ការជាមួយក្រុមហ៊ុន OCIC ហើយបច្ចុប្បន្នសាលាក្រុងកំពុងសិក្សាពីផលប៉ះពាល់របស់​ស្ពាននេះមុននឹងធ្វើការសាងសង់ ដោយធ្វើយ៉ាងណាឲ្យមានផលប៉ះពាល់តិចបំផុត ហើយការសាងសង់អាចនឹងចាប់ផ្តើមនៅខែសីហាខាងមុខនេះ៕

  • Bayern នាំ​យក James ពីក្លិប Real ក្នុង​លក្ខ​ខណ្ខ​2​

    Bayern នាំ​យក James ពីក្លិប Real ក្នុង​លក្ខ​ខណ្ខ​2​

    ក្លិប​យក្ស​​អាល្លឺ​ម៉ង់ Bayern Munich បាន​ចុះហត្ថលេខា​ជាមួយនឹង​តា​រាឆ្នើម James Rodriguez របស់​ក្លិប Real Madrid ក្នុងកិច្ច​សន្យា​ខ្ចី​ជើង​រយៈ​ពេល​2​ឆ្នាំ ជា​មួយនឹង​ជម្រើសក្នុងការ​ទិញ​ដាច់​​តែម្តង។ ក្លិប​ Manchester United, Paris Saint-Germain, Chelsea និង Juventus សុទ្ធ​សឹង​ជាក្លិប​ដែលបានធ្វើការ​ទាក់​ទង​ចង់បានខ្សែ​បម្រើ​ប្រយុទ្ធ​អន្តរ​ជាតិ​កូ​ឡុំ​ប៊ី​វ័យ ​25​ឆ្នាំ​រូប​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ ខណៈ​ដែលលោក Florentino Perez ប្រធាន​ក្លិប Real Madrid ចង់បាន​តម្លៃខ្លួនយ៉ាង​ហោច​ណាស់​​​70លាន​អឺ​រ៉ូ (ស្មើ​នឹង​80លាន​ដុល្លារ​អាមេ​រិក​)​សម្រាប់កីឡាករម្នាក់នេះ។

    ប៉ុន្តែ ទោះ​បី​ជា​យ៉ាងណា លោក Carlo Ancelotti គ្រូ​បង្វឹកនៃក្រុម Bayern បាន​ដាក់​សំណើ​ដេញថ្លៃ​ដោយជោគ​ជ័យ​ដើម្បីនាំ​យក​អតីត​​កីឡាករ​ម្នាក់​ដែល​​​លោក​​ធ្លាប់បាន​បង្វឹក​​​ក្នុង​ពេល​ដឹកនាំ​នៅក្លិប Real Madrid កាលពី​រដូវកាលឆ្នាំ2014-2015 ស្រប​ពេល​ដែល​ក្លិប​ទាំងពីរ​បាន​យល់​ព្រមលើ​កិច្ច​ព្រមព្រៀង​ខ្ចី​ជើង​រយៈពេល​2​ឆ្នាំ ជា​មួយ​នឹង​​ជម្រើស​ក្នុង​ការ​ទិញ​យក​ដាច់​​នៅ​ខែមិថុនា ឆ្នាំ​2019​។

    លោក Christian Falk អ្នក​យក​ព័ត៌មាន​ឲ្យ​កា​សែត Sport Bild បាន​បញ្ជាក់​ថា ក្លិប Bayern បាន​យល់ព្រម​​លើតម្លៃ​ខ្លួន​​ខ្ចី​ជើង​ប្រចាំ​ឆ្នាំ​ចំនួន​5​លាន​អឺ​រ៉ូ ហើយ​អាចនឹង​ចំណាយក្នុង​ទឹក​ប្រាក់​35.2លានអឺ​រ៉ូ ដើម្បី​ទិញ​យក​ដាច់តែម្តង​។ លោក Karl-Heinz Rummenigge ប្រធាន​ក្លិប​របស់ Bayern បាន​ឲ្យ​ដឹង​ថា៖ «យើង​ពិត​ជា​រីករាយ​ណាស់​ដែលយើង​បាន​​បំពេញ​ការ​ផ្ទេរ​មួយនេះ​​។ ការ​ចុះ​ហត្ថ​លេខា​ជាមួយ​នឹង James Rodriguez គឺ​ជា​បំណង​ដ៏​ធំមួយ​ពី​អ្នក​ចាត់​ការ​ទូទៅ​របស់​លោក​គឺលោក Carlo Ancelotti ក្រោយពី​ពួក​គេ​ទាំង​ពីរ​ធ្លាប់​បាន​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជោគ​ជ័យកាល​​នៅ​ក្លិប Real Madrid​»​។ James បាន​ជួប​ទាំង​ភាព​រីក​រាយ និង​ខក​ចិត្ត​ក្នុង​រយៈ​ពេល​3​ឆ្នាំ​នៅ​ឯ​ក្លិប​ Real ចាប់​តាំងពីផ្ទេរ​មកពីក្លិប Monaco ក្នុង​តម្លៃ​ខ្លួន​80​លាន​​អឺ​រ៉ូ ក្រោយ​ពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ​2014​​៕
    ប្រភព​ពី៖ ESPN

  • សិស្សពូកែៗបង្ហាញវិធីសាស្ត្រត្រៀមប្រឡង​បាក់ឌុប​

    សិស្សពូកែៗបង្ហាញវិធីសាស្ត្រត្រៀមប្រឡង​បាក់ឌុប​

    ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប ជាការប្រឡង​សំខាន់មួយ​សម្រាប់សិស្សវិទ្យាល័យ ហើយសិស្សគ្រប់គ្នាតែងតែមានការបារម្ភ​ខ្លាំងនៅពេលដែល​ថ្ងៃជិតប្រឡងបានចូលមកដល់។

    ពាក់ព័ន្ធនឹងបញ្ហានេះអតីតសិស្សពូកែ​ដែល​ធ្លាប់បាននិទ្ទេស B+ យុវជន​ នាង កុសល បានលើកឡើងថា ការប្រឡងបាក់ឌុបជាការប្រឡងសំខាន់មួយ​ដែលត្រូវយកចិត្តទុកដាក់ខ្លាំង​ព្រោះ​​វាជាដំណាក់កាល​សំខាន់បំផុត​សម្រាប់រយៈពេល 12ឆ្នាំក្នុងការសិក្សាតាំងពី​បឋមសិក្សារហូតដល់​ថ្នាក់វិទ្យាល័យ។ ជាលក្ខណៈបេក្ខជន​ប្រឡង​គួរ​រៀបចំខ្លួនឱ្យបានល្អ ដោយការ​ត្រៀមសម្រាប់មុនពេលប្រឡង និងពេលប្រឡងផ្ទាល់។

    សម្រាប់រយៈពេលមុនប្រឡងសិស្សគួរ​ត្រៀមខ្លួន​សិក្សាដោយធ្វើការប្រឡងសាកល្បង​តាមរយៈ​វិញ្ញាសា​ដែលធ្លាប់បានប្រឡងកាលពីឆ្នាំមុនៗ ឬ​សាកល្បងប្រមូល​ឯកសារ​ដែលគ្រូធ្លាប់បានបង្រៀន​ដើម្បីធ្វើតេស្ត​ឱ្យបានច្រើន។ ម្យ៉ាងវិញទៀត សិស្ស​គួរ​ធ្វើការសង្ខេបមេរៀន ឱ្យបានខ្លីបំផុតតាមដែលអាចធ្វើទៅបានព្រោះនៅពេលដែល​ពួកគេ​សង្ខេប​មេរៀនបានច្រើនពួកគេនឹងងាយ​ចងចាំចំណុចសំខាន់នៃមេរៀន ព្រមទាំង​មានទំនុកចិត្តខ្ពស់ថែមទៀតផង។

    អតីតសិស្សពូកែទូទាំងប្រទេសផ្នែក​រូបវិទ្យា យុវជន ​ពេជ្ជ ដេវីដ ធ្លាប់បានប្រាប់ថា ដើម្បីត្រៀមប្រឡង​សំខាន់ៗ​យើងគួរ​រៀបចំ​មេរៀន​របស់យើងឱ្យមានរបៀបរៀបរយជាមុនសិន ដូចជាមេរៀន​ផ្នែកទ្រឹស្តី និងផ្នែកលំហាត់ជាដើម។ ការ​រៀបចំ​មេរៀនឱ្យមានរបៀបនេះអាចជួយដល់សិស្សឱ្យ​មានភាពងាយស្រួលក្នុងការកំណត់ពេលវេលាសម្រាប់ខ្លួនឯងថា​ត្រូវ​រំឭកផ្នែកណាមុន ហើយត្រូវសង្ខេប ឬអនុវត្តដោយវីធីណាខ្លះ​ដើម្បី​ធានា​​គ្រប់មេរៀន ឬភាគច្រើននៃមេរៀន​ត្រូវ​បានកត់ទុកក្នុងខួរក្បាលបើទោះបីជាមិនអាចចងចាំទាំងអស់ក៏ដោយ។ នៅពេលដែល​មានចំណេះដឹង​គ្រប់គ្រាន់ហើយ ឬ​នៅពេលដែល​បានរំឭក​ច្បាស់លាស់ហើយ សិស្ស​នឹង​មានទំនុកចិត្ត​ហើយ​អាចប្រឡងដោយគ្មានភាពភ័យខ្លាច៕

  • ឪពុក Nadech Kugimiya ធ្លាក់ខ្លួនឈឺទ្រុឌទ្រោមនៅលើរទេះរុញ

    ឪពុក Nadech Kugimiya ធ្លាក់ខ្លួនឈឺទ្រុឌទ្រោមនៅលើរទេះរុញ

    ខណៈនេះលោកឪពុករបស់តារាសម្ដែងប្រុស Nadech Kugimiya កំពុងធ្លាក់ខ្លួនឈឺយ៉ាងទ្រុឌទ្រោម ហើយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងបាងកក អស់រយៈពេល 6 ថ្ងៃហើយ បន្ទាប់ពីតារាសម្ដែងរូបនេះបានលះបង់ការងារមួយចំនួនធំ ដើម្បីនៅថែរក្សាឪពុក និងនាំលោកឪពុកទៅកម្សាន្ដទៅតាមបណ្ដាខេត្តផ្សេងៗ។

    បច្ចុប្បន្ននេះសភាពជំងឺឪពុករបស់តារាសម្ដែងរូបនេះ មានភាពប្រសើរឡើងវិញបន្ដិចហើយ ក៏ប៉ុន្ដែលោកមិនទាន់អាចដើរបានធម្មតាដូចមុនទេ បានត្រឹមតែអង្គុយលើរទេះរុញប៉ុណ្ណោះ។ លោក Nadech បាននិយាយប្រាប់អ្នកសារព័ត៌មានថា ៖ “6 ថ្ងៃហើយដែលប៉ាបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ម្សិលមិញនេះលោកគ្រូពេទ្យបានពិនិត្យបន្ថែមអំពីរោគរបស់ប៉ា … ប៉ានឹកកូនប្រុសពេករហូតដល់ថ្នាក់បង្ហូរទឹកភ្នែក … ព្រមទាំងយល់ពីអារម្មណ៍របស់កូនថា កូនប្រុសកំពុងធ្វើការនៅតាមខេត្តច្រើនថ្ងៃ ទើបមិនអាចទៅសួរសុខទុក្ខប៉ាបាន”។

    គួរបញ្ជាក់តាមរយៈការនិយាយឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មានទាំងអារម្មណ៍ក្ដុកក្ដួលលាយឡំនឹងទឹកភ្នែករលីងរលោងផងនោះ Nadechបានបន្ដទៀតថា ៖ “នៅថ្ងៃចូលវស្សា ម៉ាក់បានទៅវត្តជំនួសក្រុមគ្រួសារយើង ប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងជូនកុសលដល់ប៉ាឱ្យបានឆាប់ជាសះស្បើយ ព្រមទាំងរូបខ្ញុំផងដែរក៏សូមឱ្យបុណ្យកុសលនេះក្លាយជាប្រយោជន៍ និងសេចក្ដីសុខឱ្យទាំងអស់គ្នាបានទទួល និងរួចផុតពីគ្រោះភ័យ”៕

  • ស្ថានទូតជប៉ុន​ បើកការប្រកួត​ប្រឡង​រឿង​ខ្លីសម្រាប់សិស្សវិទ្យាល័យ

    ស្ថានទូតជប៉ុន​ បើកការប្រកួត​ប្រឡង​រឿង​ខ្លីសម្រាប់សិស្សវិទ្យាល័យ

    ​ស្ថានទូតជប៉ុន បានសហការជាមួយ​នឹងក្រសួង​អប់រំ យុវជន និងកីឡា រៀបចំ​ការប្រឡង​ផលិតរឿងខ្លី រយៈ​ពេល 3នាទី ក្រោមប្រធានបទ «​School Teacher» សម្រាប់សិស្សវិទ្យាល័យ​។ បេក្ខជន​ប្រឡង​ដែលមាន​ពិន្ទុល្អជាងគេ​ 3ក្រុមនឹងមានឱកាស​ចូលរួម​មហាស្រពភាពយន្ត​អន្តរជាតិ​អាស៊ី​ឆ្នាំ 2017 ដែលនឹងប្រព្រឹត្ត​ទៅនៅទីក្រុង Kitami ក្នុងប្រទេសជប៉ុន។

    បេក្ខជន​ដែលមានសិទ្ធិដាក់ពាក្យចូលរួមប្រកួត​លុះត្រាតែជាសិស្សដែលកំពុង​សិក្សាថ្នាក់ទី 10 និងថ្នាក់ទី 11 ក្នុងឆ្នាំសិក្សា 2017 ដោយមានប័ណ្ណសម្គាល់ខ្លួនសិស្សត្រឹមត្រូវ និងជាសិស្ស​ដែល​មិនធ្លាប់​បាន​ចូលរួមក្នុងកម្មវិធីនេះ ឬកម្មវិធី JENESYS 2.0 នាពេលកន្លងមក។ សម្រាប់ការចាប់ក្រុម​ បេក្ខជន​ត្រូវ​ជ្រើសរើស​សមាជិ​ក​ត្រឹមតែ 3 នាក់តែប៉ុណ្ណោះសម្រាប់ការរឿងខ្លីមួយ។

    សិស្សានុសិស្ស​ដែល​មានចំណាប់អារម្មណ៍​ចូលរួមប្រឡង​អាច​ដាក់ពាក្យ​នៅនាយកដ្ឋាន​ព័ត៌មាន និង​កិច្ចការអាស៊ាន​ នៃក្រសួងអប់រំ យុវជន និងកីឡា ឱ្យបាន​មុនថ្ងៃទី 25 ខែកក្កដា ឆ្នាំ2017 ខាងមុខនេះ៕

  • យ៉ែម ស្រីពេជ្រ កាន់តែមានទំនុកចិត្ដនឹងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5

    យ៉ែម ស្រីពេជ្រ កាន់តែមានទំនុកចិត្ដនឹងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5

    ក្រោយពីកញ្ញា យ៉ែម ស្រីពេជ្រ បានចុះកុងត្រាជាមួយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5 រួចមក នាងបានសម្ដែងនូវអារម្មណ៍រីករាយជាខ្លាំងក្រោយពីទទួលបានការងារជាបន្ដបន្ទាប់ ខណៈដែលនាងក៏មិនអាចទទួលយកការសម្ដែងពីស្ថានីយទូរទស្សន៍ណាផ្សេងបានដែរ។

     

    គិតមកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយដែលកញ្ញា យ៉ែម ស្រីពេជ្រ បានធ្វើកុងត្រាជាមួយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5។ រហូតមកដល់ពេលនេះនាងទទួលបានការសម្ដែងរឿងភាគចំនួន4រឿងហើយ។ ក្នុងនោះត្រូវបានអ្នកដឹកនាំតម្រូវឱ្យនាងសម្ដែងជាតួឯកស្រីចំនួន3រឿង ដូចជា​រឿង​ «កូន​ក្រមុំ​លោក​មេឃុំ​» «ចម្ការម្លប់ស្នេហ៍» និងរឿង«នេះឬជីវិត»។

    កញ្ញា យ៉ែម ស្រីពេជ្រ បញ្ជាក់ថា នាងពិតជាសប្បាយចិត្ដមែនចំពោះការសម្រេចចិត្ដរបស់ខ្លួនក្នុងគ្រានោះ ដែលឥឡូវវាកំពុងតែបង្ហាញលទ្ធផលវិជ្ជមានជាច្រើនតបមកនាងវិញតាមរយៈការទទួលបានការងារពីស្ថានីយទូរទស្សន៍ជាបន្ដបន្ទាប់ទាំងការសម្ដែង និងពិធីការិនី។ នាងបន្ដថា ក្រោយពីសម្លឹងឃើញទីផ្សារការងារមានច្រើននាងធ្លាប់មានចិត្តនឹកស្ដាយខ្លះដែរ ប៉ុន្ដែក្រោយមកនាងយល់ថា នៅពេលនាងឈរជើងនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5នេះ ក៏មិនខ្វះការងារធ្វើដែរ។

    តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «ក្រោយពីនឹកស្ដាយរួច ខ្ញុំក៏គិតត្រឡប់ទៅវិញថា ប្រសិនបើគ្មានស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5 ជាអ្នកផ្ដល់កំណើតឱ្យខ្ញុំទេ តើខ្ញុំអាចល្បីបានដែរឬ? ខណៈដែលកាលពីមុន ខ្ញុំទៅធ្វើតេស្ដសម្ដែងតាមបណ្ដាផលិតកម្មមួយចំនួន ពុំមាននរណាចង់ទទួលយកខ្ញុំផងហ្នឹង!»។

    ខណៈរឿង «នេះឬជីវិត» បានធ្វើក្រុងពាលីកាលពីព្រឹកមិញគឺជារឿងទី3របស់កញ្ញា យ៉ែម ស្រីពេជ្រដែលទទួលបានតំណែងជាតួឯកស្រីនោះ នាងបានប្រាប់ទៀតថា ការពិតទៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5មិនដែលបិទសិទ្ធិនាងឡើយ គ្រាន់តែមុននឹងធ្វើអ្វីមួយត្រូវពិភាក្សាជាមួយថ្នាក់ដឹកនាំសិនប៉ុណ្ណោះ។ ពិសេសនៅពេលមានការងារជាន់គ្នាយើងត្រូវផ្ដល់អាទិភាពឱ្យការងារប៉ុស្ដិ៍លេខ 5 មុនគេ។ ដល់ពេលទំនេរហើយ ចង់ធ្វើអ្វីក៏បានដែរ៕

  • រដ្ឋមន្រ្តីទេសចរណ៍៖ ក្រសួងបង្កើនការផ្សព្វផ្សាយពីប្រាសាទសំបូរព្រៃគុក

    រដ្ឋមន្រ្តីទេសចរណ៍៖ ក្រសួងបង្កើនការផ្សព្វផ្សាយពីប្រាសាទសំបូរព្រៃគុក

    ភ្នំពេញៈ ស្របពេលដែលប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ក្រសួងទេសចរណ៍បានបង្កើនការផ្សព្វផ្សាយពី​រមណីយដ្ឋាននេះ ទៅកាន់ពិភពលោកកាន់តែច្រើនជាងមុន និងជំរុញឲ្យក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដាក់ប្រាសាទនេះចូលក្នុងកញ្ចប់ទេសចរណ៍របស់ខ្លួនផង។

    ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងនៅការិយា​ល័យរបស់លោកនាព្រឹកថ្ងៃទី11 កក្កដានេះថា ក្រសួងបាន និងកំពុងរៀបចំ និងបានផ្សព្វផ្សាយរួចមកហើយនូវរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ប៉ុន្តែពេលប្រាសាទនេះត្រូវបានដាក់បញ្ចួលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ក្រសួងនឹងបង្កើនការ​ផ្សព្វផ្សាយបន្ថែមទៀតពីរមណីយដ្ឋាននេះ។ ឯកឧត្តមបន្តថា ការដាក់បញ្ចូលរមណីយដ្ឋាននេះជាសម្បត្តិបេតិកភណ្ឌពិភពលោកនឹងបង្កើតឲ្យមានខ្សែទស្សន​កិច្ចបេតិកភណ្ឌថ្មីមួយទៀតរវាងប្រាសាទសំបូរព្រៃគុកទៅកាន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងឆ្ពោះទៅកាន់ប្រាសាទព្រះវិហារ ព្រមទាំងភ្ជាប់ខ្សែទស្សនកិច្ច​ទៅកាន់ប្រាសាទវត្តភូ ក្នុងប្រទេសឡាវផងដែរ។

    ឯកឧត្តមបន្តថា “ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងចាប់អារម្មណ៍ នឹងមកទស្សនាប្រាសាទនេះច្រើនមិនខាន ព្រោះកន្លងមកក្រសួងក៏បានសហការជាមួយ​សហគមន៍នៅជុំវិញប្រាសាទរៀបចំបង្កើតជាផលិតផលទេសចរណ៍ផងដែរ តាមរយៈការសហការជាមួយអង្គការ ADB ដែលបានជួយជាមូលនិធិ អភិវឌ្ឍន៍សហគមន៍នៅតំបន់នោះ។ ឯកឧត្តមបន្ថែមថា លើសពីនេះក្រសួងនឹងសហការជាមួយអាជ្ញាធរខេត្ត និងគណៈកម្មការគ្រប់គ្រងប្រាសាទសំបូរព្រៃគុក ដើម្បីរៀបចំធ្វើជាផ្ទះស្នាក់នៅ (Home Stay) ភោជនីយដ្ឋាន ដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ​ផងដែរ ដោយធ្វើយ៉ាងណាផ្តោតលើទិសស្លោក “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ”។

    ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ជាមួយនឹងផែនការអភិវឌ្ឍន៍តំបន់នេះ ខេត្តកំពង់ធំក៏មានសណ្ឋាគារលំដាប់ផ្កាយ4 សណ្ឋាគារកម្រិតមធ្យម និងផ្ទះសំណាក់ជាច្រើនទៀត ព្រមទាំងមានភោជនីយដ្ឋានដែលអាចទទួលភ្ញៀវទេសចរបាន ព្រោះ​ក្រុងស្ទឹងសែន ខេត្តកំពង់ធំមានចម្ងាយត្រឹមតែ 25គីឡូម៉ែត្រពីប្រាសាទនេះប៉ុណ្ណោះ។

    លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាន​ថ្លែងថា ពិតណាស់ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកនឹងទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាប្រាសាទនេះកាន់តែច្រើន ពិសេសភ្ញៀវអឺរ៉ុបដែលចូលចិត្តតំបន់រមណីយដ្ឋានបែបនេះ។លោកស្រីបន្តថា កន្លងមកប្រាសាទសំបូរព្រៃគុកមិនសូវទាក់ទាញភ្ញៀវទេសចរអន្តរជាតិប៉ុន្មានទេ តែពេលប្រាសាទនេះដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកហើយ ភ្ញៀវទេ​សចរជាតិ-អន្តរជាតិនឹងមានការចាប់អារម្មណ៍ច្រើនពីប្រាសាទនេះមិនខាន៕

  • ផលប៉ះពាល់​នៃ​ការសម្អាត​ត្រចៀក​ដែល​អ្នក​មិន​ធ្លាប់​ដឹង​

    ផលប៉ះពាល់​នៃ​ការសម្អាត​ត្រចៀក​ដែល​អ្នក​មិន​ធ្លាប់​ដឹង​

    មនុស្ស​ភាគច្រើន​តែងតែ​សម្អាត​ត្រចៀក​របស់ខ្លួន​ជាមួយនឹង​ដុំ​សំឡីផ្សេងៗ ដើម្បី​ធ្វើ​អនាម័យ និង​ដើម្បី​សុខភាព​ត្រចៀក នៅពេលដែល​គាត់​មាន​អារម្មណ៍​ថា​ដូច​ជាមាន​អាចម៍ត្រចៀក​ច្រើន និង​មួយវិញទៀត​នៅក្រោយពេល​ងូតទឹក​រួច។ សកម្មភាព​បែបនេះ លោកអ្នក​បានគិត​ថា ជា​សកម្មភាព​ដ៏​ល្អ​មួយ ដើម្បី​អនាម័យ​ខ្ពស់​ដល់​ត្រចៀក ប៉ុន្តែ​តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ការសម្អាត​ត្រចៀក​ញឹកញាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ត្រចៀក​ទៅវិញ។

    អ្នកជំនាញ​ខាង​វះកាត់​ត្រចៀក​របស់​អាមេរិក​បាន​ព្រមាន​ថា ការប្រើ​ឧបករណ៍​ត្បារ​ត្រចៀក​ញឹកញាប់ អាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ (ជំងឺ​ថ្លង់)។ ជាធម្មតា​អាចម៍ត្រចៀក​ត្រូវបាន​អ្នកជំនាញ​បញ្ជាក់​ដឹងថា វា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្អាត​ត្រចៀក ដោយ​ខ្លួនឯង ដូចជា ផ្តល់​ជាតិ​ប្រេង រក្សា​លំនឹង​សំណើម​ក្នុង​ត្រចៀក និង​ប្រឆាំង​មេរោគ​បាក់តេរី។ ជាទូទៅ​អាចម៍ត្រចៀក កើត​មកពី​កាកសំណល់​បញ្ចេញ​ពី​ក្រដាសត្រចៀក ធ្វើដំណើរ​បន្ត​ចេញ​ក្រៅ​តាម​រន្ធ​ត្រចៀក និង​ធ្វើការ​សម្អាត​ស​ម្ងួ​ត ដោយ​ខ្លួនឯង រួច​ជ្រុះ​មក​ក្រៅ ។ ប្រសិនបើ​គ្មាន​អាចម៍ត្រចៀក​ទេ ត្រចៀក​អ្នក​នឹងមាន​សភាព​ស្ងួត ហើយ​រមាស់​មិន​ខាន។ ដូច្នេះ​អ្នក​គួរ​ចៀសវាង​ទម្លាប់​ត្បារ​ត្រចៀក​ដោយ​ឧបករណ៍​រឹងផ្សេងៗ ព្រោះ​វា​ក៏​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ក្រដាសត្រចៀក និង​អាច​បង្ក​ជា​បញ្ហា​សុខភាពផ្សេង។

    ការសម្អាត​ត្រចៀក​អាចធ្វើ​ទៅបាន​លុះ ណា​តែមាន​ការអនុញាត និង​ធ្វើឡើង​ដោយ គ្រូពេទ្យ​ជំនាញ ព្រោះ​បើ​មិន​ដូច្នោះ​ទេ អ្នក​អាច​ប្រឈមមុខ​នឹង​បញ្ហា​ឈឺ​ត្រចៀក ដាច់​រលាត់​រលាក កើត​តេ​តា​ណុ​ស និង​កើត​បាក់តេរី​បន្ថែមទៀត បើ​ឧបករណ៍​ត្បារ​ត្រចៀក​គ្មាន​អនាម័យ។ បើតាម​លោក​វេជ្ជបណ្ឌិត Backous បានស្នើ​ឱ្យ​អ្នក​ប្រើ សំឡី​ជ្រលក់​ទឹកខ្មេះ​បន្តិច ឬ​អាល់កុល និង​ទឹក​យកទៅ​ត្បារ​សម្អាត​ត្រចៀក​បាន ប្រសិនបើ​អ្នក​ទម្លាប់​សម្អាត និង​មិនអាច​ប​ពា្ឈ​ប់​ទម្លាប់​នេះ​បានទេ៕

  • សនរ៉ាម និងគូស្នេហ៍អាឡោះអាល័យសពឪពុក

    សនរ៉ាម និងគូស្នេហ៍អាឡោះអាល័យសពឪពុក

    នេះជាវេលាដ៏សោកសៅបំផុតសម្រាប់ក្រុមគ្រួសាររបស់តារាសម្ដែង សនរ៉ាម ឬនាយ ផា បន្ទាប់ពីឪពុករបស់លោកបានទទួលមរណភាពកាលពីថ្ងៃទី9 ខែកក្កដា ឆ្នាំ2017 គឺលោកអ៊ំ ដៀរ៍ ឈុំផន ឬលោកតាឥន្រ្ទ ដែលប្រិយមិត្តខ្មែរយើងបានស្គាល់ច្បាស់តាមរយៈរឿង អាបយាយសាយ បានលាចាកលោកនេះដោយសារជំងឺរ៉ាំរ៉ៃ និងជំងឺត្បៀតសរសៃឈាមខួរក្បាល។ លោក សនរ៉ាម និងគូស្នេហ៍នាង នីខូល ថេរីអូ បានទៅទទួលសពលោកឪពុកជាមួយគ្នាពីមន្ទីរពេទ្យមកកាន់វត្ត ស្រៈកេត ដើម្បីធ្វើពិធីបុណ្យសព និងពិធីបូជា។

    រូបភាពទាំងអស់នេះ រាប់ថាជាកិត្តិយសដល់ក្រុមគ្រួសារ ថេពភិថាក់(នាមត្រកូលរបស់សនរ៉ាម) ហើយនៅវេលាម៉ោង 16 : 45 នាទី ព្រះសង្ឃនិមន្ដសូត្រធម៌បំពេញកុសលដល់សពតារាជើងចាស់រូបនេះ ដែលខណៈពេលនោះគេសង្កេតឃើញមានតារាល្បីៗគ្រប់ជំនាន់បានចូលរួមក្នុងពិធីសូត្រមន្ដនេះ ដូចជា អ្នកនាង កុប ស៊ុវៈណាន់ ( ផ្កាយព្រឹក) ក្រុមគ្រួសារតារាចម្រៀង ម៉ស ប៉ាឌិផាន តារាសម្តែងជើងចាស់លោក ក្រុង ស្រ៊ីវិល័យ លោក វិលលី លោក សុទ្ធិផុង និងភរិយា ជាដើម ដែលបានមកចូលរួមរំលែកទុក្ខដល់វិញ្ញាណក្ខន្ធរបស់លោកអ៊ំ ដៀរ៍ ឈុំផន ដែរ។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពទាំងឡាយនៅក្នុងពិធីបុណ្យសពឪពុកលោក សនរ៉ាម៖