Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមហ៊ុន Disney នៅតែបន្ដពុះពារស្វែងរកតារាសម្ដែងជាតួអង្គ Aladdin

    ក្រុមហ៊ុន Disney នៅតែបន្ដពុះពារស្វែងរកតារាសម្ដែងជាតួអង្គ Aladdin

    ក្រុមហ៊ុនផលិតភាពយន្តតុក្កតា Disney នៅតែបន្ដពុះពារស្វែងរកតារាសម្ដែងជាតួអង្គ Aladdin នៅក្នុងខ្សែភាពយន្ដរឿងព្រេងនិទាន Aladdin ដែលផលិតសាជាថ្មីមិនមែនតុក្កតា​។

    ក្រុមការងារ Studio និង អ្នកដឹកនាំរឿងលោក Guy Ritchie បានពន្យារការចាប់ផ្តើមថតបន្ទាប់ពីបានធ្វើតេស្ដសាកល្បងតួសម្ដែងអស់ជាង 100 ដងមកហើយ នៅតែបរាជ័យក្នុងការស្វែងរកតារាសម្ដែងដែលមានអត្តចរិតដូចតួអង្គ Aladdin ល្អឥតខ្ចោះ ព្រមទាំងជាក្មេងកំព្រាដែលមានភាពឆ្លាតវៃផងដែរ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Hollywood Reporter។

    គួរបញ្ជាក់ផងដែរថា ក្រុមការងារ Studio មានគម្រោងនាំតារាប្រុសមួយរូបដែលគេជឿជាក់ថាអាចសម្ដែងបាន ព្រមទាំងអាចច្រៀង និងបង្ហាញទស្សនីយភាពរស់រវើកតាមរយៈកាយវិការរបស់គេមកធ្វើតេស្តសាកល្បងក្នុងការងារធំមួយនេះដោយសារបុរសម្នាក់នោះមានប្រភពមកពីតំបន់មជ្ឈិមបូព៌ា និងមានខ្សែលោហិតជាជនជាតិឥណ្ឌាទៀតផង តែប្រភពព័ត៌មានផ្ទៃក្នុងមួយបាននិយាយថា ក្រុមការងារ Studio បានចាប់អារម្មណ៍ទៅលើតារាពីររូបដែលមានវ័យ 27 ឆ្នាំដូចគ្នាគឺ Dev Patel និង Riz Ahmed ក៏ប៉ុន្ដែពួកគេមើលទៅទំនងជាតារាទើបតែរះថ្មីតែប៉ុណ្ណោះ។

    អ្នកដឹកនាំការធ្វើតេស្ដតួសម្ដែង Randi Hiller បានបញ្ចេញតារាងធ្វើតេស្ដតួសម្ដែងដែលបានបរាជ័យក្នុងការងារនេះកន្លងមកដែលមានតារាសម្ដែងរហូតដល់ទៅ 2000 រូបឯណោះដែលបានធ្លាក់ពីការសម្ដែងជាតួអង្គ Jasmine និង Aladdinនេះ ហើយក្ដីបារម្ភចុងក្រោយរបស់ក្រុមហ៊ុនគឺ ការផលិតខ្សែភាពយន្តនេះជិតដល់ពេលវេលាដែលបានកំណត់ទុកហើយ គឺចុងខែកក្កដានេះឯង ដូច្នេះការបរាជ័យក្នុងការជ្រើសរើសតួសម្ដែងអាចនឹងធ្វើឱ្យក្រុមហ៊ុន Disney ជួបនឹងហានិភ័យធំមួយ៕

  • ក្រុមហ៊ុនកូនខ្មែរដំបូងបង្អស់ដែលលក់ (Franchise) ឱ្យបរទេសបើកធ្វើអាជីវកម្មបន្ត

    ក្រុមហ៊ុនកូនខ្មែរដំបូងបង្អស់ដែលលក់ (Franchise) ឱ្យបរទេសបើកធ្វើអាជីវកម្មបន្ត

    ភ្នំពេញ៖ បច្ចុប្បន្នគេសង្កេតឃើញថា នៅលើទីផ្សារក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនមួយចំនួនជាឈ្មោះដែលទិញ Franchise ពីបរទេសយកមកធ្វើអាជីវកម្មបន្តដើម្បីស្វែងរកការគាំទ្រពីអតិថិជន។ ប៉ុន្តែយ៉ាងណាមិញកូនខ្មែរមួយរូបបានបង្កើតក្រុមហ៊ុនប្រកបដោយគុណភាពខ្ពស់រួមនឹងសេវាកម្មល្អផងនោះបានធ្វើឱ្យបរទេសចាប់អារម្មណ៍ ហើយទិញ (Franchise) យកទៅបើកធ្វើអាជីវកម្មបន្តនៅប្រទេសរបស់ខ្លួន។

    លោក សួរ ឌែនី ម្ចាស់ហាង Car Lover ដែលមានទីតាំងនៅលើផ្លូវលេខ122 ខាងក្រោយហាងនំបុ័ង (Tous Les Jour) ដែលផ្តល់សេវាកម្មខាងផ្នែកឡើងស៊េរីរថយន្ត ដាក់គជ់ក្នុងចង្កៀងរថយន្តឱ្យថ្មី និងភ្លឺ ក៏ដូចជាផ្គត់ផ្គង់គ្រឿងបន្លាស់ឡានជាច្រើនទៀតបានឱ្យដឹងថា កាលពីចុងសប្តាហ៍មុននេះលោកបានចុះកិច្ចសន្យាលក់ Franchise ឱ្យទៅវិនិយោគិនវៀតណាមដើម្បីយកទៅធ្វើអាជីវកម្មបន្តនៅប្រទេសរបស់គេ។ សហគ្រិនវ័យក្មេងរូបនេះបន្តថា អ្វីដែលធ្វើឱ្យវិនិយោគិនបរទេសសម្រេចចិត្តទិញ Franchise ពីក្រុមហ៊ុនរបស់លោកយកទៅធ្វើអាជីវកម្មបន្តនេះគឺដោយសារ តែក្រុមហ៊ុនរបស់លោកផ្គត់ផ្គង់សម្ភារជាគ្រឿងបន្លាស់រថយន្តប្រកបដោយគុណភាពខ្ពស់នាំចូលពីក្រុមហ៊ុនដើមដែលមានមូលដ្ឋាននៅប្រទេសចិន អាមេរិក ជប៉ុន អាល្លឺម៉ង់ និងសហគមន៍អឺរ៉ុបជាដើម។

    ក្រៅពីផ្តល់ជូននូវគ្រឿងបន្លាស់គុណភាពហើយ ហាងរបស់លោកក៏មានជាងបម្រើសេវាកម្មប្តូរគ្រឿងបន្លាស់ប្រកបដោយជំនាញខ្ពស់ ដែលសុទ្ធតែធ្លាប់បានទៅផ្លាស់ប្តូរបទពិសោធ ក៏ដូចជាបានទៅសិក្សាជំនាញផ្ទាល់ពីក្រុមហ៊ុនដើម ជាពិសេសប្រទេសថៃ និងប្រទេសចិនដែលធ្វើឱ្យអតិថិជនមានជំនឿទុកចិត្ត ហើយមកទទួលយកសេវាកម្មក្នុងហាងរបស់លោកមានចំនួនកាន់តែច្រើនឡើងៗពីមួយខែទៅមួយខែ។

    លោកមានប្រសាសន៍ថា «ការដាក់គជ់ចង្កៀងនេះគឺដើម្បីឱ្យចង្កៀងស្អាត បំភ្លឺផ្លូវពេលយប់បានច្បាស់ល្អ ហើយការកែចង្កៀងនេះសុទ្ធតែធ្វើឡើងទៅតាមស្តង់ដារលក្ខណៈបច្ចេកទេសដែលក្រសួងបានកំណត់ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ»។
    លោកថា ហាងរបស់លោកបានចាប់ដំណើរការតាំងពីឆ្នាំ2013មក ដោយសារតែលោកសង្កេតឃើញថា ការផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តនៅក្នុងទីក្រុងកាលណោះភាគច្រើនមិនសូវមានគុណភាពស្តង់ដារគួរឱ្យទុកចិត្តបាននោះទេ ហើយតម្លៃក៏គ្មានការកំណត់ច្បាស់លាស់នោះដែរ គឺអាស្រ័យទៅលើការកាត់ថ្លៃតាមមាត់របស់ម្ចាស់ហាងនីមួយៗ។

    ដោយឃើញបញ្ហាអសកម្មនេះលោកបានសម្រេចចិត្តនាំចូលគ្រឿងបន្លាស់រថយន្តលក្ខណៈស្តង់ដារដែលមានតម្លៃសមរម្យ និងមានការធានារយៈពេលជូនអតិថិជនទើបធ្វើឱ្យអតិថិជនមានការគាំទ្រកាន់តែច្រើនឡើងៗ មិនថាតែប្រជាជនខ្មែរទេសូម្បីតែប្រជាជនដែលនិយមលេងឡាននៅប្រទេសជិតខាងក៏មកទទួលសេវាឡើងស៊េរី និងដាក់គជ់ចង្កៀងនេះដែរ។

    លោកបញ្ជាក់ថា ក្នុងនាមជាកូនខ្មែរ ការធ្វើអាជីវកម្មមួយគឺមិនមែនសំដៅតែទៅលើប្រាក់ចំណេញមួយមុខនោះទេ ប៉ុន្តែត្រូវគិតពីកិត្តិយសកេរ្តិ៍ឈ្មោះក្រុមហ៊ុនដែលបង្កើតឡើងដោយកូនខ្មែរដើម្បីឱ្យបរទេសបានឃើញថា កូនខ្មែរយើងក៏មានសមត្ថភាពមិនចាញ់បរទេសនោះដែរ ទើបមានការគាំទ្រពីអតិថិជនកាន់តែច្រើនឡើងៗ រហួតមានក្រុមហ៊ុនបរទេសទិញFranchiseយកទៅធ្វើអាជីវកម្មបន្តដូច្នេះ៕

  • បញ្ញា សិទ្ធិ ក្រោយពីបាត់មុខយូរ ចង់ស្ដារដើមឡើងវិញ

    បញ្ញា សិទ្ធិ ក្រោយពីបាត់មុខយូរ ចង់ស្ដារដើមឡើងវិញ

    លោក បញ្ញា សិទ្ធិ ដែលធ្លាប់តែឡើងបង្ហាញវត្ដមានតាមកញ្ចក់ស្ថានីយទូរទស្សន៍ក្នុងនាមជាតារាចម្រៀង ពិធីករនៅក្នុងកម្មវិធីនានាបានបាត់មុខមួយរយៈធំ ធ្វើឱ្យមហាជនមួយចំនួនស្ទើរតែភ្លេចមុខលោកទៅហើយនោះ ស្រាប់តែថ្មីៗនេះលោកបានបង្ហាញវត្ដមានសាជាថ្មីដោយអះអាងថា លោកនឹងស្រង់ដើមវិញហើយ។

    ការពិតលោក បញ្ញា សិទ្ធិ មិនបានឈប់សម្រាក ឬមានបំណងផ្អាកពីការងារសិល្បៈឡើយ ពោលគឺមួយរយៈចុងក្រោយនេះលោកឧស្សាហ៍មានឱកាសបានចេញសម្ដែងនៅក្រៅប្រទេស ខណៈប្រជាជនខ្មែររស់នៅឯនាយសមុទ្រក៏អន្ទះសារង់ចាំចង់ឃើញវត្ដមានលោកដោយផ្ទាល់ដែរ។ ក្រោយពីត្រឡប់មកកាន់ប្រទេសកំណើតវិញ លោកហាក់ដឹងថា ការអវត្ដមាននៅលើទីផ្សារសិល្បៈមួយរយៈនេះ ពិតជាបានធ្វើឱ្យលោកបាត់ប្រជាប្រិយភាពខ្លះមែនសម្រាប់ទីផ្សារក្នុងស្រុក។

    លោក បញ្ញា សិទ្ធិ បានបញ្ជាក់ថា បន្ទាប់ពីត្រឡប់មកពីសម្ដែងនៅក្រៅប្រទេសលោកប្រហែលជាផ្អាកចេញទៅបរទេសមួយរយៈ ព្រោះលោកចង់ពង្រឹងទីផ្សារក្នុងស្រុកឱ្យមានសម្ទុះគាំទ្រដូចមុនសិន ស្របពេលដែលទីផ្សារក្នុងស្រុកក៏អាចរកប្រាក់ចំណូលបានច្រើនផងដែរ។ ជាមួយគ្នានេះលោកក៏នឹងបន្ដថតខ្សែភាពយន្ដទៅតាមអ្វីដែលបានគ្រោងទុក ខណៈលោកទទួលបានតំណែងតួឯកប្រុសប្រមាណជា 2ទៅ3រឿង។

    តារាសម្ដែងរូបនេះបន្ដថា ក្រៅពីនេះលោកក៏គ្រោងនឹងចេញបទ Original Song របស់ខ្លួនក្នុងរង្វង់1សប្ដាហ៍ខាងមុខនេះ បន្ទាប់ពីលោកបានប្រើពេលផលិតវាអស់រយៈពេលយូរគួរសមហើយ។ បទចម្រៀងនោះមានចំនួនពីរបទ មួយបទជាប្រភេទមនោសញ្ចេតនា មួយបទទៀតជាប្រភេទបទញាក់។ ជាមួយគ្នានេះដែរ លោក បញ្ញា សិទ្ធិ បានបញ្ជាក់ថា៖«ការផលិតបទចម្រៀងរបស់ខ្ញុំ គឺបានការផ្ដល់យោបល់ពីបងប្រុសម្នាក់មានងារជាឯកឧត្ដម ហើយខ្ញុំជឿជាក់ថា បទចម្រៀងទាំងពីរបទនេះនឹងទទួលបានការគាំទ្រជាមិនខាន ពីព្រោះបទទាំងនេះ គឺជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូបផងដែរ»។

    គួរបញ្ជាក់ថា មុនពេលលោកចេញទៅសម្ដែងនៅក្រៅប្រទេសលោកបាន​រៀបចំពិធីខួបកំណើតគម្រប់ខួប27ឆ្នាំ ដែលបានធ្វើឡើងកាលពី​ថ្ងៃ​ទី9 ខែ​មិថុនា ឆ្នាំ2016 នា​ភោជនីយដ្ឋាន​វី​ហ្រេ្វ​ន ផ្សា​របឹង​ត្របែកដើម្បីសុំសេចក្ដីសុខ និងភាពរីកចម្រើនក្នុងវិថីសិល្បៈរបស់លោក។ គ្រានោះមានការចូលរួមពី​​តារា​ល្បី​ៗជាច្រើន ដូចជាអ្នក​នាង​លី ម៉ា​រី​ណា​, អ្នក​នាង​ប៉ែន សុ​ផា​នី​, អ្នក​នាង​យក់ ថិ​តរ​ដ្ឋា និង​ស្វាមី​, កុ​ល ដា​វី​, សុខ​រក្សា​, ថន ល​ក្ខិ​ណា​, តូ​តា​, គង់ វង្ស​យ៉ា​ទី​, ឌួ​ង ហ្សូ​រី​ម៉ា ,​សូ​ដា នី​តា​, យ៉ែ​ម សំ​អូន​, សាយ សៀ​រ៉ា​, អេ​ឡិច ហ្សូ​រ៉ា​, អ៊ឹម ជីវ៉ា​, លោក​កុយ ស៊ី​ឌឿ​ន​, លោក​ខេន វ​ណ្ណា​ថា​ត់​, ម៉ា​ដូ​ណា​, រ៉ូ​លី​ន​, សាន សុ​ម៉ា​លី​, នៅ ស៊ី​នឿ​ន​, សុ​ផា​លី​ន​ដា​, កញ្ញា​អ៊ី​វ៉ា​, កញ្ញាឯក សុ​វ​ណ្ណា​រ័​ត្ន​, លី​ ច័ន្ទ​សីហា​, ផា​ន់ ម៉ូ​នី​កា និង​ស្វាមី​, ញឹ​ម ចាន់​ថន​, បូ​នី​តា​ដា​ដេ​ណា ព្រមទាំង​តារា​កិត្តិយស​ជា​ច្រើន​ទៀត​ផង​ដែរ​៕

  • Jennifer Lopez ព្យាយាមអាក្រាតកាយ និងមិនបិទបាំងកេរ្ដ៍ខ្មាសក្នុងវីដេអូចម្រៀងថ្មី

    Jennifer Lopez ព្យាយាមអាក្រាតកាយ និងមិនបិទបាំងកេរ្ដ៍ខ្មាសក្នុងវីដេអូចម្រៀងថ្មី

    Jennifer Lopez ទើបតែបញ្ចេញវីដេអូចម្រៀងរបស់នាងនាពេលថ្មីៗនេះ ដែលមានចំណងជើងថា Ni Tú Ni Yoជាអាល់ប៊ុមចម្រៀងទោលរបស់នាង។ បទចម្រៀងនេះ ត្រូវបានច្រៀងរួមគ្នាជាមួយតារាចម្រៀងអេស្ប៉ាញដែលមានឈ្មោះថា Gente de Zona ហើយជាបទចម្រៀងដំបូងបង្អស់ដែលតារាស្រី Jennifer Lopez ច្រៀងជាភាសាអេស៉្បាញនៅក្នុងអាល់ប៊ុមចម្រៀងរបស់នាង។

    តារាចម្រៀងវ័យ 47 រូបនេះបានចាប់ផ្ដើមបំផ្ទុះការលក់វីដេអូចម្រៀងរបស់ខ្លួន ខណៈដែលនាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយ Alex Rodriguez ដែលនេះទំនងជាគោលគំនិតមួយក្នុងការទាក់ទាញទស្សនិកជន​ឱ្យលង់ស្នេហ៍នាង និងការលក់ដាច់ឱ្យបានច្រើន តាមរយៈការថតវីដេអូចម្រៀងអាក្រាតកាយនៅក្នុងព្រៃ ហើយនាងថែមទាំងព្យាយាមមិនបិទបាំងកេរ្តិ៍ខ្មាសរបស់នាង ដោយគ្រាន់តែទាញស្លឹកឈើតូចមួយមកបិទបាំងបន្តិចប៉ុណ្ណោះ។

    គួរបញ្ជាក់ផងដែរថា វីដេអូចម្រៀងនេះ ត្រូវបានថតនៅលើទឹកដី Isla Morada រដ្ឋ Florida កាលពីអំឡុងខែមិថុនា​ កន្លងទៅនេះ ក្រោមស្នាដៃដឺកនាំសម្ដែងដោយ Emil Nava ហើយបានបង្ហោះជាផ្លូវការលើបណ្ដាញសង្គម Youtube កាលពីថ្ងៃម្សិលមិញនេះឯង ដែលរហូតមកដល់ម៉ោងនេះមានអ្នកចូលទស្សនាបាន 1 លាន 7 សែននាក់ជាងហើយ៕

  • ចុម! បើ Microsoft ធ្វើអ៊ីចឹង អ្នកប្រើស្រុកខ្មែរមិនចប់ទៅហើយទេឬ?

    ចុម! បើ Microsoft ធ្វើអ៊ីចឹង អ្នកប្រើស្រុកខ្មែរមិនចប់ទៅហើយទេឬ?

    អ្នកប្រើប្រាស់នៅស្រុកខ្មែរយើង ក៏ដូចជាពិភពលោកដែរ គឺអាចនឹងខកចិត្តខ្លាំង ជាមួយនឹងដំណឹងស្ដីពីការប្រកាសឈប់​អភិវឌ្ឍកម្មវិធី និងផ្នែកគាំទ្រដល់​​ប្រព័ន្ធ​​ប្រតិបត្តិការ Windows Phone 8.1សម្រាប់ទូរស័ព្ទដៃ ពីក្រុមហ៊ុន Microsoft កាលពីថ្ងៃម្សិលមិញ។

    Microsoft បានប្រកាសឱ្យដឹងថាចាប់ពីថ្ងៃទី11 ខែកក្កដា ឆ្នាំ2017 តទៅ ក្រុមហ៊ុននឹងសម្រេចឈប់គាំទ្រដល់ប្រព័ន្ធ​ប្រតិបត្តិការក្នុងជំនាន់ 8.1 ផ្នែកទូរស័ព្ទដៃហើយ ដោយខ្លួននឹងផ្ដោតសំខាន់ទៅលើតែប្រព័ន្ធWindows 10 Mobile តែមួយគត់ប៉ុណ្ណោះ។ ដូច្នេះ សម្រាប់អតិថិជនដែលមានប្រើប្រាស់ទូរស័ព្ទដៃ ក្រុមហ៊ុនតម្រូវឱ្យធ្វើការ Update ទៅជំនាន់ក្រោយ។

    នេះមានន័យថា ក្រុមហ៊ុនកំពុងតែលេងនៅលើផ្លូវតែមួយដូចនឹងក្រុមហ៊ុន Apple ដែលក្រោយពីចេញ iOS ថ្មីម្ដងៗ គឺត្រូវកាត់ទូរស័ព្ទម៉ូដែលចាស់ចោល ព្រោះគ្មានលទ្ធភាពអាចដំឡើងទៅជំនាន់ថ្មីបាន (សមត្ថភាព Ram និង CPU មិនគ្រប់តម្រូវការ) ហើយការប្រកាសរបស់ Microsoft ក៏នឹងធ្វើឱ្យទូរស័ព្ទក្លាយជាឧបករណ៍​អេឡិចត្រូនិកហួសជំនាន់ (Out of date) ប្រើបានតែកម្មវិធីហ្គេមដែលមានស្រាប់ ឬជំនាន់ទាបៗជាដើមប៉ុណ្ណោះ។

    តាម​របាយការណ៍មួយបានឱ្យដឹងថា ក្នុង​ចំណោម​ស្មាតហ្វូន​ប្រើប្រាស់ Windows Phone ទាំង​អស់ ចំនួន​ជាង 70% នៅមិនទាន់ Update ហើយអ្នកប្រើប្រាស់កម្ពុជាក៏មានមិនតិចដែរ ដែលកំពុងប្រើឧបករណ៍​អេឡិចត្រូនិកដំណើរការដោយប្រព័ន្ធWindows Phone 8.1នេះ។ ដូច្នេះ សម្រាប់អ្នកប្រើប្រាស់ខ្មែរយើងដែលកំពុងប្រើផលិតផលដំណើរការដោយប្រព័ន្ធខាងលើ អាចសាកចូលទៅពិនិត្យ​មើលក្នុង Setting ក្រែងលោឧបករណ៍ខ្លួនអាច Update ទៅជំនាន់ថ្មីសម្រាប់ទូរស័ព្ទបាន៕

  • សារព័ត៌មាន​ មានឥទ្ធិពលអ្វីខ្លះ​ចំពោះ​វិស័យអប់រំ?

    សារព័ត៌មាន​ មានឥទ្ធិពលអ្វីខ្លះ​ចំពោះ​វិស័យអប់រំ?

    សារព័ត៌មាន ត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃសង្គម ហើយមាន​ប្រទេសខ្លះ​ចាត់ទុកសារព័ត៌មាន​ថាជា​អំណាចទី4 នៃប្រទេសថែមទៀតផង ព្រោះសារព័ត៌មានជាផ្នែកមួយក្នុងការកសាងសមត្ថភាពនៃគំនិតរបស់ប្រជាជន និងជាសំឡេងរបស់​ប្រជាជននៅក្នុងប្រទេស​ថែមទៀតផង។

    ពាក់ព័ន្ធនឹងបញ្ហានេះគណៈកម្មការក្លិបអ្នកកាសែតកម្ពុជាលោក ឆាយ សុផល បានលើកឡើងថា សារព័ត៌មាន​ មានឥទ្ធិពល​លើវិស័យជាច្រើននៅក្នុងសង្គម ជាពិសេស​វិស័យអប់រំ។ តាមរយៈ​ព័ត៌មានគ្រប់ភាគីក្នុងសង្គម​នឹងឃើញពីភាពវិជ្ជមាន និងអិវជ្ជមាន​ ឬចំណុចខ្វះខាតនានាដែលត្រូវកែតម្រួវ។ កញ្ចក់សង្គមមួយនេះ​ក៏​ជាផ្នែកមួយមិនអាចខ្វះបាន​ផងដែរចំពោះការអភិវឌ្ឍវិស័យអប់រំ ព្រោះ​បញ្ហាផ្សេងៗដែលកើតចេញពីការផលិតរបស់អ្នកសារព័ត៌មាន អាចនឹងក្លាយជា​ចំណុចសំខាន់សម្រាប់ការស្វែងយល់​របស់អ្នកជំនាញលើការអភិវឌ្ឍ​ផ្នែកសិក្សាធិការ។

     

    អ្នកជំនាញសារព័ត៌មានខាងលើបានបង្ហាញផងដែរថា បញ្ហា​សម្ភារ បញ្ហា​គ្រូ និង​បញ្ហា​ប្រឈម​នានា​ដែល​អ្នកសារព័ត៌មាន​បាន​សរសេរ​អាច​នឹង​ធ្វើឱ្យ​មានការ​កែប្រែ ឬ​បញ្ចេញ​សំឡេង​ឱ្យ​កាន់តែខ្លាំង​ដើម្បី​បង្កើន​ការយកចិត្តទុកដាក់​ដ​ល់​សាលា​នានា​នៅ​ទូទាំងប្រទេស។ សម្រាប់​ការសិក្សា​ជាទូទៅ​វិញ អ្នកសារព័ត៌មាន​ក៏បាន​សរសេរ​អត្ថបទ​ចំណេះដឹង​ជា​ប្រភេទ​បទ​យកការណ៍ ឬ​សម្ភាសដើម្បី​អប់រំ​ច្រើន​ដល់​ប្រជាជន​ដែល​អាចធ្វើ​ឱ្យមាន​ការផ្លាស់​ប្តូរ និង​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​កាន់តែ​ប្រសើរឡើង។
    លោក ឆាយ សុផល បាននិយាយថា៖ «​ព័ត៌មាន​អប់រំ ដែល​បង្ហាញ​ពី​ការសិក្សា​ស្រាវជ្រាវ និង​ការបង្កើត​គំនិតថ្មីៗ អាចធ្វើឱ្យ​ប្រជាជន​នៅក្នុង​ប្រទេស​ទទួលបាន​នូវ​ចំណេះដឹងថ្មីៗដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​អភិវឌ្ឍ​ការគិត​ដើម្បី​បង្កើត​សកម្ម​ភាពជា​វិជ្ជមាន​នៅក្នុង​សង្គម។ ចាប់ផ្តើម​ពី​ការអភិវឌ្ឍ​គុណភាព​របស់​ប្រជាជន​ប្រទេសជាតិ​ក៏​នឹង​រីកចម្រើន​តាម​នោះដែរ»។

    ស្រដៀងគ្នានេះដែរ លោក ឈាវ ណាក់ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ បានថ្លែងថា ព័ត៌មាន​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គម​ជាពិសេស គឺ​លើ​ការអប់រំ​ប្រជាជន​នៅក្នុង​ប្រទេស។ វា​អាចជួយ​តម្រង់ទិសដល់បុគ្គលគ្រប់ផ្នែកដើម្បី​​ពង្រឹង​ប្រព័ន្ធ​អប់រំ​ឱ្យ​ស្ថិតក្នុង​គន្លង​ត្រឹមត្រូវ មាន​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព​ខ្ពស់។

    លោក ឈាវ ណាក់ បាន​បន្តទៀតថា៖ “ព័ត៌មាន​នឹងធ្វើ​ឱ្យ​ការអប់រំ​ទូទៅ​មានការ​ចូលរួមចំណែក​កាន់តែ​សកម្ម មាន​ភាព​ប្រកួតប្រជែង មានការ​កំណត់​ទិសដៅ​ច្បាស់លាស់ និង​មានការ​សម្រេចចិត្ត​ត្រឹមត្រូវ ជាពិសេស​ទស្សនៈវិស័យ​វែងឆ្ងាយ​សម្រាប់​ការអប់រំ»។

    អ្នកជំនាញខាងលើ​បានលើកឡើងផងដែរថា ព័ត៌មាន​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការអប់រំ​ប្រជាជន​ឱ្យបាន​យល់ដឹង​ពី​ការប្រែប្រួល​នៃ​ដំណើរ​របស់​សង្គម ហើយ​ត្រៀមខ្លួន​ឱ្យស្រប​ទៅតាម​ស្ថានភាព​របស់​សង្គម។ ក្រៅពីនេះ​ការចូលរួមចំណែក​ពី​សារព័ត៌មាន អាច​នឹង​បង្ក​ភាពងាយស្រួល​ដល់​ក្រសួង​អប់រំ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​របស់​ប្រជាជន និង​សិស្សានុសិស្ស​ដែល​កំពុង​សិក្សាផងដែរ៕

  • Man Uted ស្ថិតកាន់​តែ​កៀក​ក្នុង​ការ​ផ្ទេរ Perisic ចេញពីក្លិប Inter

    Man Uted ស្ថិតកាន់​តែ​កៀក​ក្នុង​ការ​ផ្ទេរ Perisic ចេញពីក្លិប Inter

    ក្លិប​បិសាចក្រហម Manchester United កំពុង​តែ​ស្ថិតយ៉ាង​ប្រកៀក​ក្នុង​ការ​ចុះហត្ថ​លេខា​ជា​មួយនឹង​ខ្សែ​ប្រយុទ្ធ Ivan Perisic​។ នេះ​បើយោង​ទៅ​តាម​កាសែត The Independent​។

    ក្លិប​បិសាចក្រហម​មួយនេះបាន​ធ្វើការងារទាក់​ទង​នឹង​ការ​ផ្ទេរ Perisic ពី​ក្លិប Inter Milan អស់រយៈ​ពេល​ជា​ច្រើនខែមក​ហើយ ហើយបច្ចុប្បន្ន អ្វី​ៗ​ហាក់​កំពុង​តែមានភាពច្បាស់លាស់ និងមាន​ដំណើរ​ការ​ទៅមុខហើយ​។ ក្លិប Inter របស់​ក្រប​ខ័ណ្ឌ Serie A បាន​ដាក់​តម្លៃ​ខ្លួន ​50លានផោន (ស្មើ​នឹង​ 64​លាន​​ដុល្លារ​អាមេរិក) សម្រាប់ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​រូបនេះ ប៉ុន្តែក្រុម Man United ដែល​ជាម្ចាស់​ជើង​ឯកក្រប​ខ័ណ្ឌ Europa League នៅ​តែ​ជឿ​ជាក់​ថា ពួកគេអាចនាំ​យក Perisic វ័យ​28​ឆ្នាំក្នុងតម្លៃខ្លួន​តិច​ជាង​នេះបាន ពោលគឺ​ច្រើន​ជាង​ 45លានផោន​។

    វា​ត្រូវ​បាន​គេផ្សព្វផ្សាយ​ថា ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ក្រូអាស៊ីរូបនេះ បានយល់​ព្រម​ទៅលើលក្ខ​ខណ្ឌផ្ទាល់​ខ្លួន​រួច​ជាស្រេចហើយ ជាមួយ​ក្លិប Man United​។ Man United បាន​បញ្ជាក់​ថា ពួក​គេ​ជឿ​ជាក់​ថា ការ​ផ្ទេរនេះ​អាច​នឹង​​ត្រូវ​បំពេញ​ជាផ្លូវការ និង​ថា ក្លិប​របស់​អង់គ្លេសមួយ​នេះកំពុង​តែ​​សម្លឹង​រកការ​​ឆ្លើយ​តប​ទៅនឹងការ​ទាម​ទារ​របស់ក្លិប Inter ក្នុង​រយៈ​ពេល​ខាងមុខនេះ ដើម្បី​ធា​នាថា Perisic នឹង​បាន​ផ្ទេរ​ទៅកាន់​កីឡដ្ឋាន Old Trafford នៅ​រដូវកាល​ក្រោយ​។ លោក Luciano Spalletti ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Inter ចង់​ឲ្យកីឡាករ​រូបនេះបន្ត​​នៅ​ ប៉ុន្តែ Perisic ពិត​ជា​ចង់​ផ្ទេរ​ទៅកាន់​កីឡដ្ឋាន Old Trafford​។

    លោក Jose Mourinho ចង់​ធ្វើការ​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​លោក​ជាមួយ​នឹង​​ខ្សែ​ប្រយុទ្ធ​វ័យ ​28​ឆ្នាំ​រូបនេះ ដែល​នឹង​ត្រូវ​​រ៉ាប់​រងក្នុង​តំបន់​ប្រយុទ្ធ​យ៉ាងល្អ​​។ អ្នក​ចាត់​​ការ​ទូទៅ​​របស់​ក្លិប Man United រូបនេះ នៅ​តែ​មិន​មាន​ភាពច្បាស់លាស់​ទៅលើ​សមត្ថ​ភាព​របស់​កីឡាករ Anthony Martial, Henrikh Mkhitaryan និង Jesse Lingard​​​៕
    ប្រភពពី៖ Daily Mail

  • ខុនដូចំនួន 7,000 យូនីតទៀត នឹងដាក់ចូលទីផ្សារក្នុងឆ្នាំនេះ

    ខុនដូចំនួន 7,000 យូនីតទៀត នឹងដាក់ចូលទីផ្សារក្នុងឆ្នាំនេះ

    ភ្នំពេញៈ ខុនដូចំនួន 7,000យូនីតទៀត នឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ ខណៈការលក់ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ។

    អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី12 កក្កដានេះថា តាមការព្យាករចំនួនខុនដូផ្គត់ផ្គង់ចូលទីផ្សារនឹងកើនដល់ 7,000យូនីតបន្ថែមទៀត ដែលធ្វើឲ្យចំនួនខុនដូផ្គត់ផ្គង់​ចូលទីផ្សារសរុបកើនដល់ប្រមាណ 12,000យូនីត គិតត្រឹមដំណាច់ឆ្នាំ2017នេះ។ អ្នកនាងបន្តថា ការលក់នៅតែដំណើការសម្រាប់ខុនដូដែលផ្តោតលើ​ប្រជាជនមានជីវភាពមធ្យម ប៉ុន្តែខុនដូដែលមានតម្លៃថ្លៃផ្តោតលើប្រជាជនមានជីវភាពធូរធារខ្លាំងមានការលក់យឺតបន្តិច។

    អ្នកនាងបន្តថា “វាមិនមានអ្វីគួរឲ្យបារម្ភនោះទេ បើទោះជាមានការបារម្ភពី​ការផ្គត់ផ្គង់លើសតម្រូវការក្តី ប៉ុន្តែទីផ្សារជាក់ស្តែងមិនមានបញ្ហានោះទេ”។ អ្នកនាងបន្តថា “យើងពិតជាមានការលំបាកក្នុងការប្រមូលទិន្នន័យពីការលក់ ដោយ​សារគម្រោងខុនដូនីមួយៗ មិនបង្ហាញពីតម្លាភាពនៃការលក់របស់ពួកគេនោះទេ”។

    ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ា​ងបានថ្លែងថា ការទិញខុនដូសម្រាប់វិនិយោគមិនសូវមានច្រើននោះទេ ដោយ​សារមិនសូវមានភាពចំណេញ និងពិបាកលក់ចេញ ប៉ុន្តែតម្លៃដីធ្លី និងផ្ទះនៅតាមបុរីនានាបានបន្តកើនឡើង និងមានតម្រូវការច្រើន។ លោកបន្តថា ការវិនិយោគខុនដូច្រើន មិនមាន​បញ្ហាក្នុងទីផ្សារនោះទេ វាអាស្រ័យលើពេលវេលាប៉ុណ្ណោះ៕

  • ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល Douglas Costa របស់ Bayern បំពេញការ​ផ្ទេរ​ទៅ Juventus

    ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល Douglas Costa របស់ Bayern បំពេញការ​ផ្ទេរ​ទៅ Juventus

    ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិពល Douglas Costa បាន​បំពេញ​ការផ្ទេរ​របស់​គេ​ទៅកាន់​ក្លិបយក្ស​អ៊ី​តាលី Juventus របស់​ក្រប​ខ័ណ្ឌ Serie A ក្រោយ​ពី​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Turin នៅ​ថ្ងៃ​ពុធនេះ​។

    រូបភាព​វីដេ​អូ​នៃ​ការទៅ​ដល់​របស់​ខ្សែ​បម្រើ​ស្លាប Costa ក្នុង​ទីក្រុង Turin ត្រូវ​បាន​ចាក់​បង្ហាញ​នៅលើគណនី Twitter របស់ក្លិប Juventus។ នេះបើយោង​ទៅ​តាម​កា​សែត MailOnline ដែលបាននិយាយថា ខ្សែ​បម្រើអន្តរ​ជាតិប្រេស៊ីល Costa នឹង​ចុះហត្ថលេខា​ជាមួយ​នឹងក្លិប Juventus ដោយមកពីក្លិប Bayern Munich ក្នុង​កិច្ច​ព្រមព្រៀង​ខ្ចី​ជើង​ជាមុន​សិនក្នុង​តម្លៃ​ជា​ទឹក​ប្រាក់5​​លានផោន ប៉ុន្តែ តម្លៃ​ខ្លួន​នេះអាច​នឹង​កើន​ដល់​35លាន​ផោន (ស្មើនឹង​45លាន​ដុល្លារ​អាមេ​រិក) ប្រសិន​បើ​ការផ្ទេរ​នេះ ក្លាយ​ជា​ការ​ផ្ទេរ​ជា​អចិន្ត្រៃយ៍​​។

    ការ​ផ្ទេរ​នេះនឹង​បញ្ចប់​រយៈ​ពេល​2​ឆ្នាំ​នៅ​ឯ​កីឡដ្ឋាន Allianz Arena សម្រាប់ Costa ក្រោយពីផ្ទេរមកពីក្លិប Shakhtar Donetsk ទៅកាន់ក្លិប Bayern ក្នុង​តម្លៃខ្លួន​21លានផោន កាលពី​ខែកក្កដា ឆ្នាំ​2015​កន្លងមក។ មុន​នេះ​បន្តិច លោក Karl-Heinz Rummenigge ដែល​ជា​ប្រធានក្លិប Bayern បាន​បញ្ជាក់ថា ​ក្លិប​​ទាំង​ពីរកំពុ​ង​តែ​ស្ថិតក្នុងការពិភាក្សា​គ្នា​ជាផ្លូវការ​អំពីការផ្ទេរ​របស់ Costa​។

    លោក Rummenigge បាន​ឲ្យ​ដឹង​ថា៖ «យើងកំពុង​តែ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការ​ចរ​ចា​គ្នា ហើយ​ខ្ញុំអាចនិយាយ​ថា វា​មាន​ចំណុច​វិជ្ជមាន​ជាច្រើន និងជាក់​លាក់ ប៉ុន្តែ ខ្ញុំមិនអាចនិយាយ​ថា ការផ្ទេរ​នេះត្រូវ​បាន​បំពេញនៅថ្ងៃនេះឡើយ​»​។

    Costa ត្រូវ​បាន​ចាត់​ទុក​ថាជាកីឡាករលើស​ពី​តម្រូវ​ការនៅ​ឯ​ក្លិប Bayern ក្រោយ​ពី​ក្លិប​យក្ស​អាល្លឺ​ម៉ង់មួយនេះបាន​​យល់​ព្រម​ចុះហត្ថលេខា​ជាមួយ​នឹង​ខ្សែ​បម្រើប្រយុទ្ធ James Rodriguez របស់​ក្លិប Real Madrid ក្នុង​​លក្ខ​ខណ្ឌ​ខ្ចី​ជើង2​ឆ្នាំ​៕
    ប្រភព​ពី៖ ESPN

  • អត្ថប្រយោជន៍ 8យ៉ាង បានមកពី​ការ​ឆាប់​ក្រោកពីដំណេក​

    អត្ថប្រយោជន៍ 8យ៉ាង បានមកពី​ការ​ឆាប់​ក្រោកពីដំណេក​

    ខាងក្រោម​នេះ​គឺជា​គុណសម្បត្តិ​ទាំង ៨យ៉ាង​ដែល​បានមកពី​ការ​ឆាប់​ក្រោកពីដំណេក៖

    1.ជួយ​ឲ្យ​អ្នករក្សា​បាន​នូវ​ភាព​វិជ្ជមាន
    មនុស្ស​ម្នាក់ អាច​នឹង​រក្សា​នូវ ភាពជា​វិជ្ជមាន​របស់គេ​បាន ពេញ​មួយថ្ងៃ​ប្រសិនបើ​គេ បាន​ក្រោក​ពី ដំណេក​នៅក្នុង​ពេលព្រឹក​ព្រលឹម។ អាកប្បកិរិយា​ជាទូទៅ នឹងមាន​ការផ្លាស់ប្តូរ ហើយ​វា​នឹង​បង្កើត​នូវ​អារម្មណ៍ នៃ​ភាព​ស្រស់ស្រាយ​មួយ។ ដោយ​ការ​ឆាប់ ក្រោកពីដំណេក​នោះ អ្នកនឹង​អាច បន្ត​ស្ថិតនៅ មាន​កម្លាំងចិត្ត​ជានិច្ច។វា​នឹង​ជួយ​ធ្វើ​ឲ្យ យើងម្នាក់ៗ អាច​រក្សា​បា​នូវ​អារម្មណ៍ ធូរស្រាល​បាន​ពេញ​មួយ ថ្ងៃ ។

    2. បង្កើន​នូវ​កម្រិត​នៃ​ទំនុកចិត្ត​លើ​ខ្លួនឯង
    មនុស្ស​ដែល ក្រោកពីដំណេក​យឺតយ៉ាវ ជារឿយៗ តែង​ប្រឈម​នឹង​បញ្ហា នៃ​ការ​មាន​ទំនុកចិត្ត​ទាប លើ​ខ្លួនឯង។ ប៉ុន្តែ​ការ ឆាប់​ក្រោកពីដំណេក​អាច ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បង្កើន កម្រិត​នៃ​ទំនុកចិត្ត​លើ​ខ្លួនឯងបាន​ទៅវិញ ។ អ្នកនឹង​ទទួលបាន​នូវ អារម្មណ៍​នៃ​ការពេញចិត្ត និង​មាន​ភាព​រីករាយ ប្រសិនបើ​អ្នក បាន​ក្រោក​ពី​គេង​នៅក្នុង​ពេលព្រឹក​ព្រលឹម។

    3. បង្កើន​នូវ​ផលិតផល​ការងារ​របស់​អ្នក
    អារម្មណ៍​នៃ​ភាពស្រស់​ស្រាយ នៅក្នុង​ពេលព្រឹក នឹងធ្វើ​ឲ្យ​អ្នកធ្វើការ​បាន យ៉ាងសកម្ម​នៅក្នុងពេល ថ្ងៃ។ ដោយ​ការ​ក្រោកពីដំណេក នៅក្នុង​ពេលព្រឹក នឹង​អាចធ្វើ​ឲ្យ​មនុស្ស​ម្នាក់ បង្កើនបាន​នូវ ផលិតផល​ការងារ បាន​ជាទី​គាប់ចិត្ត។អារម្មណ៍​នៃ​ភាពស្រស់​ស្រាយ នឹងធ្វើ​ឲ្យ​អ្នកបង្កើត​បាន​នូវ គំនិតថ្មីៗ ជាច្រើន ដូច្នេះហើយ​វា​នឹង​អាច ជះឥទ្ធិពល​ទៅលើ​សមិទ្ធិផល​ការងា​របស់​អ្នក។

    4. ស្វែង​រកឃើញ​ការពិត​ពី​ខ្លួន​អ្នក
    មនុស្ស​ម្នាក់ ដែល​បាន​ក្រោក​ពី ព្រឹក​ព្រលឹមជារឿយៗ តែងតែ​អាច​ស្វែង​រកឃើញ នូវ​ផ្លូវ​នៃ​ការ​ឆ្ពោះទៅ កាន់ការ​ស្វែងរក​ការ ពិត​របស់​ខ្លួនឯង។ ការតាំង​សមាធិ និង ការហាត់​យូ​ហ្គា​នៅក្នុង​ពេលព្រឹក​ព្រលឹម អាចជួយ​ធ្វើ​ឲ្យ​អ្នក មាន​រាងកាយ និង​អារម្មណ៍​ធូរស្រាល បាន​ពេញ​មួយថ្ងៃ ។ មនុស្ស​ម្នាក់ នឹង​អាច ទទួលបាន​នូវ​តុល្យភាព​នៃ​ផ្លូវចិត្ត​ដ៏​ត្រឹមត្រូវ​មួយ ដោយ​ការ​បន់ស្រន់​នៅក្នុង​ពេលព្រឹក​ព្រលឹម ។ វា​នឹង​ជួយ​ធ្វើ​ឲ្យ​ផ្លូវចិត្ត​របស់​យើងម្នាក់ៗ បាន​ស្ងប់​សុខ​ល្អ។

    5.កាត់បន្ថយ​ការ​មាន​ស្ត្រេ​ស
    ការចូល​គេង​យឺតយ៉ាវ និង ការ​ក្រ​ភ្ញាក់​ពី​ដំណេក​អាច នឹង​បណ្តាល​ឲ្យ​ខ្លួន​អ្នកមាន​ស្ត្រេ​ស ដោយសារតែ​រាងកាយ​អ្នក មិនមាន​តុល្យភាព​ត្រឹមត្រូវ​មួយ។ ដោយ​ការ​ក្រោកពីដំណេក នៅក្នុង​ពេលព្រឹក ព្រលឹម នោះ​វា​នឹង​ជួយ ឲ្យ​យើង​កាត់បន្ថយ​បាន នូវ​ស្ត្រេ​សបាន​ចេញពី រាងកាយ និង ផ្លូវចិត្ត។ កាលបើ​ផ្លូវចិត្ត​របស់​យើង​ស្រស់ស្រាយ នោះ​មនុស្ស​ម្នាក់​ក៏​នឹង​ទទួលបាន​នូវ ភាពស្រស់ថ្លា ជាជាង​ការ​មាន​ស្ត្រេ​ស​ផ្ទុក​ទុក នៅក្នុង​ខ្លួន​ទៀត​នោះដែរ។

    6. មាន​ពេល​ក្នុងការ​សម្រាក
    ប្រសិនបើ​មនុស្ស​ម្នាក់ បាន​ក្រោក​ពី​ព្រឹក នោះគេ​នឹង​អាចធ្វើអ្វីៗបាន ដូចជា​ការគ្រោងទុក។ ការកំណត់​ទុក នូវ​រឿងរ៉ាវ​ចាំបាច់​ដែល ត្រូវធ្វើ​មុនគេ ជាប្រចាំ​ថ្ងៃ នឹង​ផ្តល់​ពេល​ឲ្យ​អ្នក មាន​ពេលវេលា​បាន សម្រាក​គ្រប់គ្រាន់ បន្ថែមទៀត។ នៅក្នុង​ពេលទំនេរ​នោះ ពួកគេ​អាច ធ្វើ​នូវ​កិច្ចការ​ដែលជា ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ដូច​ចា សរសេរ​កំណត់ហេតុ ឬ គូររូប​ជាដើម។

    7. បង្កើន​កម្រិត​នៃ​ការប្រមូលផ្តុំ​អារម្មណ៍
    ដោយ​ការ​ក្រោកពីដំណេក នៅក្នុង​ពេលព្រឹក នោះ​យើងម្នាក់ៗ នឹង​អាចធ្វើ​ឲ្យ​ថាមពល នៃ​ការចងចាំ របស់​យើង​ប្រសើរឡើង។ អ្នក​ដែល​តែងតែ​ក្រោក​ពី​ព្រឹក ក៏​នឹង​អាចធ្វើ​ការប្រមូលផ្តុំ​អារម្មណ៍​បានល្អ​ប្រសើរ ជាង អ្នក​ដែល​មិនបាន​ក្រោក​ពី​ព្រឹក​នោះដែរ។

    8. ជួយ​ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ
    វា​ជា​ការពិត​មួយ ដែលថា មនុស្ស​ដែល​ឆាប់​ចូល​គេង និង ឆាប់​ក្រោក​ពី​ព្រឹក​គឺ​តែងតែមាន​ស្ថានភាព រូបរាងកាយ និង សុខភាព​មាំទាំ​ជាង​អ្នក​ដែល​មិន​បានធ្វើ​ដូចនេះ ។ ដោយ​គ្រាន់តែ​ការ ឆាប់​ក្រោក​ពី ដំណេក​វា​នឹងធ្វើ​ឲ្យ​អ្នក​រក្សាបាន​នូវ​ទម្លាប់ ដ៏​ល្អ​មួយ​ចំពោះ​សុខ៕