Category: សង្គម និងសេដ្ឋកិច្ច

  • ក្លិប​យក្ស​ជប៉ុន FC Tokyo ខ្ចី​ជើង​ខ្សែ​បម្រើ​ឆ្នើម​ពីក្លិប Bangkok United របស់​ថៃ

    ក្លិប​យក្ស​ជប៉ុន FC Tokyo ខ្ចី​ជើង​ខ្សែ​បម្រើ​ឆ្នើម​ពីក្លិប Bangkok United របស់​ថៃ

    ក្លិប​យក្ស​​របស់​ជប៉ុន FC Tokyo បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ខ្សែ​បម្រើ​​ដ៏ឆ្នើម​អន្តរ​ជាតិ​​ថៃ Jakkit Wachpirom ពី​ក្លិប Bangkok United ក្នុង​លក្ខ​ខណ្ឌ​ខ្ចី​ជើងរហូត​ដល់​បញ្ចប់​​រដូវ​កាលនេះ​។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់​ក្លិប​​ស្ថិតក្នុងក្រប​ខ័ណ្ឌ​​កំពូល J-League មួយនេះ កាលពីថ្ងៃពុធ​។ Jakkit វ័យ​20​ឆ្នាំ បាន​លេង​​​ឲ្យក្រុម​ជម្រើស​ជាតិ​ថៃ​អាយុក្រោម​23​ឆ្នាំ និង​បាន​ស្ថិត​ជា​សមា​ជិក​របស់​ក្រុម​​ជម្រើស​ជាតិ​ថៃដែល​បានបញ្ចប់ក្នុង​ចំណាត់ថ្នាក់​លេខ​2​ក្នុង​ព្រឹត្តិការណ៍ Asian Under-19 Championship កាលពីឆ្នាំមុន​។ Jakkit គឺ​ជាកីឡាករ​ថៃ​ទី​2​​ដែល​បាន​ចូល​រួម​ជាមួយនឹង​​ក្រប​ខ័ណ្ឌកំពូល​ជប៉ុន J-League ក្រោយ​ពី​ខ្សែ​បម្រើ​ដ៏ឆ្នើម Chanathip Songkrasin បានផ្ទេរ​ទៅ​កាន់ក្លិប Consadole Sapporo​។ កីឡាករ Jakkit បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​​រីក​រាយណាស់ក្នុងការមាន​ឱកាស​ទៅលេង​នៅ​ក្រៅ​ប្រទេស​នៅ​ឯ​ក្លិប​ល្បីដូច​ជា FC Tokyo​ នេះ។ ខ្ញុំនឹង​ខិត​ខំព្យាយាម​ឲ្យ​អស់ពីសមត្ថភាព​តាម​ដែលខ្ញុំ​អាច​ធ្វើ​បាន និង​ព្យាយាមដណ្តើម​​លទ្ធផល​​ឲ្យបានល្អ​បំផុត​​»​។ ស្រប​ពេល​ជាមួយគ្នា​នេះ ក្លិប FC Tokyo ក៏​បានបញ្ជាក់​ផងដែរ​ថា ពួក​គេ​បាន​ចុះ​ហត្ថ​លេខា​ជាមួយនឹង​ខ្សែ​បម្រើ Lipe Veloso ដែល​ជា​អតីតកីឡាករ​របស់​ក្លិបប្រេស៊ីល Palmeiras និង​ខ្សែ​ការ​ពារ​អន្តរ​ជាតិកូរ៉េ​ខាងត្បូង Jang Hyun-soo ពីក្លិប Guangzhou R&F​។ Jang ធ្លាប់​បាន​លេង​ឲ្យក្លិប FC Tokyo ពីរ​រដូវកាលមុន​ពេលផ្ទេរ​ទៅកាន់ក្លិប Guangzhou កាលពីឆ្នាំ​2014​​៕

    ប្រភពពី៖ Bangkok Post

  • ប្រព័ន្ធសេវា 2G ផ្ដើមត្រូវបានគេបំភ្លេចចោល…

    ប្រព័ន្ធសេវា 2G ផ្ដើមត្រូវបានគេបំភ្លេចចោល…

    ប្រព័ន្ធសេវា 2G ដែលមានកំណើតតាំងពីឆ្នាំ1991 របស់ប្រទេសហ្វាំងឡង់ ចាប់ផ្ដើមត្រូវបានក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័តជាច្រើនទូទាំងពិភពលោក ជាពិសេសតំបនអាស៊ីបោះបង់ចោលបណ្ដើរៗហើយ គិតត្រឹមឆ្នាំ 2017 ខណៈប្រព័ន្ធបណ្ដាញបំពាក់បច្ចេកវិទ្យាថ្មីដូចជា 4G LTE និង 5G ក្លាយជាតម្រូវការដ៏មិនអាចខ្វះបានរបស់អ្នកប្រើប្រាស់។

    យោងតាមសារព័ត៌មានចិន ឆាយណាប៉ុស្តិ៍ បានរាយការណ៍ថា ប្រតិបត្តិករផ្តល់បណ្តាញ និងសេវាទូរស័ព្ទចំនួន 3 រួមមាន Chunghwa Telecom, Taiwan Mobile & Far EasTone បានបិទមិនឱ្យដំណើរការបណ្តាញ និងសេវា 2G របស់ខ្លួន បើទោះបីជាមានការបដិសេធមិនទទួលយកពីសំណាក់អតិថិជនរបស់ខ្លួនជិត 90,000 នាក់ ស្មើនឹង ០.3% ក្នុងចំណោម 31 លាននៃអតិថិជនសរុបរបស់ប្រទេសនេះក៏ដោយ។ នៅក្នុងខែធ្នូ ឆ្នាំ2016 ក្រុមហ៊ុនតែលស្រ្តា ដែលជាប្រតិបត្តិករទូរស័ព្ទដ៏ធំបំផុតរបស់ប្រទេសអូស្រ្តាលីក៏បានបិទដំណើរការបណ្តាញសេវានេះដែរ ក្រោយពីបានដាក់ឱ្យដំណើរការអស់រយៈពេលជាង 23 ឆ្នាំរួចមក។ ចំណែកក្រុមហ៊ុន Optus របស់ស៊ីងតែល ដែលជាគូប្រកួតរបស់ក្រុមហ៊ុនតែលស្រ្តាក៏បានបញ្ឈប់ការផ្តល់បណ្តាញសេវានេះផងដែរនៅក្នុងខែមេសា ឆ្នាំ 2017 ស្របពេលក្រុមហ៊ុន Vodafone របស់ប្រទេសអូស្រ្តាលីមានគម្រោងលុបចោល GSM ដ៏សំខាន់របស់ខ្លួនត្រឹមខែកញ្ញាខាងមុខនេះ។

    ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនចំនួន 3 របស់ប្រទេសសិង្ហបុរីក៏បានបញ្ឈប់ការផ្តល់បណ្តាញសេវា 2G នេះផងដែរកាលពីខែមេសាកន្លងទៅ បន្ទាប់ពីការបិទដំណើរការនៃសេវានេះក្នុងរយៈពេល 3 សប្តាហ៍។

    ក្នុងនោះ ក្រុមហ៊ុន NTT Codomo របស់ប្រទេសជប៉ុនបានក្លាយជាក្រុមហ៊ុនដែលបានបិទបណ្តាញសេវានេះមុនគេបង្អស់ក្នុងឆ្នាំ 2011។ ទង្វើរបស់ក្រុមហ៊ុននាំមុខគេក្នុងទីផ្សារទូរគមនាគមន៍ជប៉ុនបានធ្វើឱ្យក្រុមហ៊ុនដទៃទៀតរបស់ប្រទេសជប៉ុនបន្តបិទដំណើរការភ្លាមៗផងដែរ សល់តែក្រុមហ៊ុន Softbank ដែលនៅបន្តបម្រើប្រព័ន្ធទូរស័ព្ទដៃផ្ទាល់ខ្លួនហៅថា PHS- Personal Handy-Phone System (ស្តង់ដារជប៉ុន) 2G ដល់អតិថិជនជិត 3 លាននាក់របស់ខ្លួនចាប់តាំងពីការទិញក្រុមហ៊ុន Willcom នៅក្នុងឆ្នាំ 2010។ ស្របពេលដែលបណ្ដាញសេវា 4G LTE បានបើកដំណើរការ ក្រុមហ៊ុនកូរ៉េខាងត្បូង KT ក៏បានបិទសេវានេះដូចគ្នា កាលពីដើមឆ្នាំ 2012៕

  • ហ្អា៎ា!? ហាងបាយសាច់ជ្រូកអាំងរបស់ VJ អាណូ មានអ្នកចង់ទិញ Franchise?

    ហ្អា៎ា!? ហាងបាយសាច់ជ្រូកអាំងរបស់ VJ អាណូ មានអ្នកចង់ទិញ Franchise?

    ក្រោយពី VJ អាណូ បង្កើតអាជីវកម្មលក់បាយសាច់ជ្រូកអាំងអស់រយៈពេល 6ខែកន្លងមក បច្ចុប្បន្ននាងទទួលបានអតិថិជនច្រើនដែលជាមធ្យមនាងលក់បានប្រមាណ 350 ប្រអប់ក្នុងមួយថ្ងៃតាមរយៈការកុម្ម៉ង់ទិញតាមទូរស័ព្ទ។ ស្របពេលជាមួយគ្នានេះដែរ នាងបានប្រាប់ថា ហាងបាយដែលមានឈ្មោះថា «Christian បាយសាច់ជ្រូកអាំងពិសេស» នេះកំពុងតែមានអ្នកចង់ទិញ Franchise។

    កញ្ញា សួន ភក្ដី ហៅ VJ អាណូ បានលើកឡើងថា បន្ទាប់ពីនាងទទួលបានយោបល់ពីមិត្ដភ័ក្ដិជាច្រើនបង្ខំឱ្យនាងរៀបចំបើកអាជីវកម្មហាងលក់បាយរួចមក នាងក៏បានដាក់ឈ្មោះហាងថា «Christian បាយសាច់ជ្រូកអាំងពិសេស» និងបានសុំចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មរួចជាស្រេចទៀតផង។ នាងបន្ដថា ការធ្វើដូច្នេះព្រោះនាងចង់រៀបចំឱ្យអាជីកម្មរបស់ខ្លួនដំណើរការមានលក្ខណៈត្រឹមត្រូវតាមច្បាប់ ចៀសវាងការចម្លងឈ្មោះពាណិជ្ជកម្មមួយនេះ គ្រាដែលនាងរំពឹងថា មុខរបរមួយនេះនឹងមានភាពរីកចម្រើនទៅអនាគត។

    VJ អាណូ បានប្រាប់ទៀតថា បន្ទាប់ពីដំណើរការបានកន្លះឆ្នាំ ឃើញថាមានលក្ខណៈល្អប្រសើរដូចនាងរំពឹងទុកមែន ទើបធ្វើឱ្យនាងឈានទៅពង្រីកសាខាមួយទៀតនៅខេត្ដសៀមរាប ជាពិសេសបាយសាច់ជ្រូកប្រឡាក់របស់នាងក៏មានអ្នកមានមុខមាត់ក្នុងសង្គម និងឧកញ៉ាមួយចំនួនធ្លាប់បានទទួលសេវាកម្មពីហាងរបស់នាងផងដែរ។ VJ អាណូ ប្រាប់ទៀតថា៖ «ដោយសារតែមានសាខានៅខេត្ដសៀមរាបនេះហើយ ទើបខ្ញុំត្រូវចំណាយពេលចុងសប្ដាហ៍រៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ជិះយន្ដហោះទៅមើលការងារនៅទីនោះ»។

    ពិធីការិនី និងតារាសម្ដែងរូបនេះបញ្ជាក់ថា បន្ទាប់ពីមានការសរសើរពីរសជាតិសាច់ប្រឡាក់ឆ្ងាញ់ តាមរយៈការប្រើរូបមន្ដប្រឡាក់សាច់ផ្ទាល់ខ្លួនរបស់នាងដែលទម្លាប់ធ្វើក្នុងគ្រួសារគួបផ្សំជាមួយ និងសេវាកម្មផ្ដល់ទៅឱ្យភ្ញៀវបានល្អផងនោះ ក៏មានអ្នកចង់ទិញ Franchise ឬរូបមន្ដនៃការប្រឡាក់សាច់នោះ។

    តែទោះជាយ៉ាងណានាងមានអារម្មណ៍ស្ទាក់ស្ទើរមិនចង់លក់ទេ ខណៈនាងកំពុងតែមានបំណងចង់ពង្រីកសាខារបស់ខ្លួនមួយទៀតនៅក្នុងផ្សារសុវណ្ណា ទីក្រុងភ្នំពេញ៕

  • Horn ស្នើឲ្យមានការប្រកួតសងសឹកជាមួយ Pacquiao ដើម្បីបញ្ចប់ជម្លោះ

    Horn ស្នើឲ្យមានការប្រកួតសងសឹកជាមួយ Pacquiao ដើម្បីបញ្ចប់ជម្លោះ

    កីឡាករប្រដាល់ Jeff Horn របស់អូស្ត្រាលី ជឿជាក់ថា រូបគេពិតជាបានទទួលជ័យជម្នះលើកីឡាករជើងចាស់ Manny Pacquiao យ៉ាងស័ក្តិសមប្រាកដមែន ខណៈដែលរូបគេក៏បានស្វាគមន៍ទៅលើលទ្ធផលនៃការត្រួតពិនិត្យឡើងវិញនៃការផ្តល់ពិន្ទុពីការប្រកួតរបស់គេកាលពីដើមខែនេះពីសំណាក់ WBO ផងដែរ។

    ប៉ុន្តែ ទោះបីជាយ៉ាងណា កីឡាករមិនស្គាល់ចាញ់រូបនេះនៅតែជឿជាក់ថា មានតែការប្រកួតសងសឹកជាមួយនឹងតារាប្រដាល់របស់ហ្វីលីពីនរូបនេះប៉ុណ្ណោះ ទើបអាចដោះស្រាយភាពចម្រូងចម្រាសផ្សេងៗបាន។ Horn បានកត់ត្រាជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទក្នុងការប្រកួត12ទឹកដ៏មិននឹកស្មានដល់លើកីឡាករ Pacquiao ក្នុងទីក្រុង Brisbane កាលពីថ្ងៃទី2 ខែកក្កដា ប៉ុន្តែលទ្ធផលនេះបានធ្វើឲ្យមានការតវ៉ា និងការរិះគន់យ៉ាងខ្លាំងក្លាក្នុងប្រទេសហ្វីលីពីន។

    ស្ថាប័ន WBO បានបង្កើតក្រុមប្រឹក្សាឯករាជ្យមួយ និងចៅក្រមអនាមិកដើម្បីទស្សនាការប្រកួតនេះដោយគ្មានសំឡេង និងដើម្បីកាត់សេចក្តីថា តើកីឡាកររូបណាឈ្នះក្នុងទឹកនីមួយៗ?។ កាលពីថ្ងៃអង្គារ ស្ថាប័ននេះបានបញ្ជាក់ថា ចៅក្រមបានរកឃើញថា Horn បានទទួលជ័យជម្នះ7ទឹក ហើយ Pacquiao ឈ្នះត្រឹមតែ5ទឹកប៉ុណ្ណោះ។ Horn វ័យ29ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុង Los Angeles ថា រូបគេបានស្វាគមន៍ចំពោះការត្រួតពិនិត្យឡើងវិញរបស់ស្ថាប័ន WBO បើទោះបីរូបគេមានភាពច្បាស់លាស់ក្នុងចិត្តរបស់គេថា គេពិតជាបានទទួលជ័យជម្នះក៏ដោយ។

    ទោះបីជាយ៉ាងណា អតីតគ្រូបង្រៀនរូបនេះជឿជាក់ថា មានតែការប្រកួតសងសឹកប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាចម្រូងចម្រាស់ផ្សេងៗបាន។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំជឿថា មធ្យោបាយដ៏ល្អក្នុងការដោះស្រាយបញ្ហានេះបាន គឺការប្រកួតសងសឹក។ ខ្ញុំគិតថា ខ្ញុំនឹងធ្វើបានកាន់តែល្អឡើងទៀតក្នុងការប្រកួតលើកទី2»។ ប៉ុន្តែ ក្រុមការងាររបស់ Pacquiao បានចោទប្រកាន់ថា អាជ្ញាកណ្តាល បានអនុញ្ញាតឲ្យ Horn ប្រើប្រាស់ស្នៀតប្រយុទ្ធដែលខុសពីច្បាប់កីឡា។

    ក្រោយពីការត្រួតពិនិត្យឡើងវិញរបស់ WBO កីឡាករ Pacquiao បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា៖ «យើងបានឃើញការកាត់សេចក្តីដ៏អន់បំផុត កាលពីមុនដោយចៅក្រមជាអ្នកគ្រប់គ្រងលើលទ្ធផលផ្សេងៗ។ គ្មានអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលឡើយ។ សូមឲ្យអ្នកគាំទ្រកាត់សេចក្តីដោយខ្លួនឯងចុះ។ មនុស្សជាច្រើនបានឃើញអ្វីដែលបានកើតឡើង»៕
    ប្រភពពី៖ ESPN

  • ការនាំចូលរថយន្តថ្មីកើនឡើង ខណៈរថយន្តជជុះថយចុះ

    ការនាំចូលរថយន្តថ្មីកើនឡើង ខណៈរថយន្តជជុះថយចុះ

    ភ្នំពេញៈ ដំណាច់ឆមាសទី1ឆ្នាំនេះ និន្នាការនៃការនាំចូលរថយន្តថ្មីបានកើនឡើង ខណៈការនាំចូលរថយន្តជជុះបានថយចុះ ដោយសារតែនិន្នាការប្រើប្រាស់រថយន្តថ្មីកើនឡើង។

    លោក សេង វឹង អគ្គនាយកផ្នែកបច្ចេកទេសយានយន្តនៃក្រុមហ៊ុន RMA Asia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី12 កក្កដាម្សិលមិញថា ទីផ្សាររថយន្តរបស់ក្រុមហ៊ុនខ្លះបានថយចុះ ប៉ុន្តែក្រុមហ៊ុនរបស់លោកនៅតែទទួលបានកំណើននៃការលក់ដដែល ដោយសារតែប្រព័ន្ធបញ្ជា និងប្រើប្រាស់ក្នុងរថយន្តទំនើបពិសេសទទួលបានទំនុកចិត្តពីអតិថិជន ។ លោកបន្តថា និន្នាការប្រើប្រាស់រថយន្តថ្មី បាននិងកំពុងកើនឡើង ដោយយោងតាមតួលេខនាំចូលរថយន្តបានបង្ហាញថា ការនាំរថយន្តថ្មីចូលបានកើនពី13ដល់19ភាគរយ និងនាំចូលរថយន្តជជុះបានថយពី89 មកនៅត្រឹម83ភាគរយ។

    លោកបន្តថា “ការលក់រថយន្តរបស់ក្រុមហ៊ុនបានកើនឡើងចន្លោះពី20 ទៅ30ភាគរយ នៅដំណាច់ឆមាសទី1ឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយរថយន្តលក់ដាច់ភាគច្រើនជាប្រភេទរថយន្ត Pick Up ដែលជារថយន្តមានបំពាក់សេវាកម្ម និងប្រព័ន្ធបញ្ជាទំនើប និងមានការពេញនិយមពីអ្នកប្រើប្រាស់។

    កញ្ញា ស៊ឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា និន្នាការប្រើប្រាស់រថយន្តថ្មីពិតជាកើនឡើងមែន ហើយជាគោលនយោបាយ រដ្ឋាភិបាលលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់រថយន្តថ្មីផងដែរ ប៉ុន្តែទីផ្សាររថយន្តមួយទឹកក៏នៅតែរក្សាបានកំណើនផងដែរ ដោយសារជីវភាពប្រជាពលរដ្ឋដែលមានកម្រិតមធ្យមច្រើន និងដោយសារអាចទិញរថយន្តបង់រំលស់បានផងនោះ ទើបប្រជាជនមួយចំនួនបានទិញរថយន្តថ្មីប្រើប្រាស់ផងដែរ។

    កញ្ញាបន្តថា “កម្រិតកំណើននៃការលក់រថយន្តថ្មី វាអាស្រ័យលើកម្លាំងទិញរបស់ប្រជាពលរដ្ឋ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះអ្នកមានជីវភាពធូរធារបានកើនឡើង ដែលធ្វើឲ្យទីផ្សាររថយន្តថ្មីមានកំណើនផងដែរ៕

  • ក្រសួងលើកទឹកចិត្តឱ្យគ្រប់សហគ្រាសពង្រឹងគុណភាពដើម្បីជ្រៀតចូលទីផ្សារបរទេស

    ក្រសួងលើកទឹកចិត្តឱ្យគ្រប់សហគ្រាសពង្រឹងគុណភាពដើម្បីជ្រៀតចូលទីផ្សារបរទេស

    ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ីលើកទី11 ឆ្នាំ2017 ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌល និងសន្និសីទកោះពេជ្រ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជាទាំងអស់ត្រូវពង្រឹងសមត្ថភាពដើម្បីជ្រៀតចូលទីផ្សារបរទេសក្នុងយុគសម័យសមាហរណកម្មអាស៊ាននេះ។

    ឯកឧត្តមបានផ្ដាំផ្ញើទៅសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងលើកទឹកចិត្តឲ្យសហគ្រាសកម្ពុជាទាំងអស់ប្រឹងប្រែងអភិវឌ្ឍខ្លួនឯងដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមពិព័រណ៍ផលិតផលស្រដៀងគ្នានៅបរទេសដើម្បីជ្រៀតចូល និងធ្វើពិពិធកម្មទីផ្សារផលិតផលកម្ពុជា។ ឯកឧត្តមសង្កត់ធ្ងន់ថា ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនឹងផ្ដល់អត្ថប្រយោជន៍រួមមកលើឧត្តមភាពរបស់ប្រជាជនកម្ពុជា ដោយសារសហគ្រាសធុនតូច និងមធ្យមជាចលករដ៏ខ្លាំងក្លាក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ និងលើកកម្ពស់សេដ្ឋកិច្ចជាតិកម្ពុជា។

    ក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរដែលមានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមានការវេចខ្ចប់បានល្អប្រសើរត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្មនៅទូទាំងប្រទេសមកដាក់តាំងបង្ហាញដើម្បីស្វែងរកការគាំទ្របន្ត ដែលការតាំងពិព័រណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី26-29 ខែតុលា ឆ្នាំ2017 ខាងមុខ នៅមជ្ឈមណ្ឌលវិមានសុភមង្គលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

  • Song Joong Ki និង Song HyeKyo រៀបចំពិធីភ្ជាប់ពាក្យយ៉ាងស្ងាត់ៗ

    Song Joong Ki និង Song HyeKyo រៀបចំពិធីភ្ជាប់ពាក្យយ៉ាងស្ងាត់ៗ

    សារព័ត៌មានកម្សាន្តល្បីឈ្មោះរបស់កូរ៉េមួយបានចេញផ្សាយថា តារាសម្ដែងប្រុស Song Joong Ki និងគូស្នេហ៍ Song HyeKyo បានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងស្ងាត់ៗមួយនៅក្នុងភោជនីយដ្ឋានជប៉ុនដែលមានការជ្រោមជ្រែងពីមិត្តភ័ក្ដិ និងបុគ្គលិករួមក្រុមហ៊ុនរបស់ពួកគេ។

    ប្រភពព័ត៌មានដែលបានទម្លាយចេញនោះ គឺបុគ្គលិករបស់ភោជនីយដ្ឋានជប៉ុនមួយនោះដែលបានអះអាងថា គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះបានរៀបចំពិធីភ្ជាប់ពាក្យដ៏ធំមួយ តែស្ងាត់ស្ងៀមបំផុតនៅទីនោះ។ “មានភ្ញៀវចូលរួមប្រហែលជា 30 នាក់ប៉ុណ្ណោះដែលសុទ្ធតែជាបុគ្គលិកក្រុមហ៊ុន ហើយពួកគេបានរៀបចំពិធីភ្ជាប់ពាក្យនៅក្នុងពិធីជប់លៀងនោះតែម្ដង” បុគ្គលិករបស់ភោជនីយដ្ឋានជប៉ុនមួយនោះបញ្ជាក់បន្ថែម។

    គូស្នេហ៍មួយគូនេះបានក្លាយជាទីចាប់អារម្មណ៍ចង់ដឹង ចង់ឮរបស់ប្រិយមិត្តទស្សនិកជនជាច្រើននាក់ ហើយពូកគេប្រៀបដូចជាបុប្ផាដែលកំពុងក្រពុំពេញសម្រស់មានក្លិនក្រអូបក្នុងការទាក់ទាញអ្នកគាំទ្រឱ្យកាន់តែស្រឡាញ់ពួកគេខ្លាំងឡើងដូច្នោះដែរ។ បុគ្គលិករបស់ភោជនីយដ្ឋានជប៉ុននោះ ក៏បានបន្ថែមទៀតផងដែរថា “នៅពេលដែលតួប្រុសជូនបាច់ផ្កាទៅគូស្នេហ៍ អ្នករាល់គ្នាហាក់បីដូចជារំភើប និងចូលរួមសប្បាយរីករាយជំនួសតួស្រីទៀតផង។  វ៉ាវ….ពិតជារូមែនទិកមែន!”៕

  • កម្ពុជាមានក្រុមហ៊ុនតំណាង Apple ជាផ្លូវការហើយ!!!

    កម្ពុជាមានក្រុមហ៊ុនតំណាង Apple ជាផ្លូវការហើយ!!!

    បន្ទាប់ពីមានលក់ក្នុងទីផ្សារអស់រយៈពេលជាច្រើនឆ្នាំមក កម្ពុជាចាប់ផ្ដើមមានក្រុមហ៊ុនតំណាងចែកចាយផ្លូវការពីក្រុមហ៊ុន Apple Inc ហើយ ដែលកន្លងមកទីផ្សារមួយនេះមានតែក្រុមហ៊ុនទទួលសិទ្ធិលក់រាយស្របច្បាប់ដូចជា iOne ឬ Smart តែប៉ុណ្ណោះ។

    អ្នកតំណាងចែកចាយថ្មីនេះ មានឈ្មោះថា Falcon Tech Co, LTD ដែលក្រុមហ៊ុនមួយនេះនឹងក្លាយខ្លួនជាក្រុមហ៊ុនគ្រប់គ្រងការចែកចាយនៅទូទាំងប្រទេសកម្ពុជា គ្របដណ្ដប់ទៅលើក្រុមហ៊ុនមានសិទ្ធិលក់រាយស្របច្បាប់ដូចជា iOne, Smart ហាងនីកា ហាងអប្សរា និង Futureworld Cambodia ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀតក្នុងការលក់បន្ត។ ក្នុងនោះហាងលក់រាយតូចៗជាច្រើនក៏នឹងមានលក់ផលិតផលទាំងអស់ពីAppleសុទ្ធ100% ជាមួយនឹងការធានាជូនពេញ1ឆ្នាំ ដោយយកចេញពីក្រុមហ៊ុនខាងលើដូចគ្នា។

    ក្រុមហ៊ុន Falcon Tech នឹងដើរតួជាភ្នែកច្រមុះរបស់ Apple ក្នុងការគ្រប់គ្រងទីផ្សារ ជាមួយនឹងការនាំមកនូវផលិតផល Apple ថ្មីៗ ចេញពីរោងចក្រផ្ទាល់ផងដែរ។ តាមសេចក្ដីបញ្ជាក់របស់ Falcon Tech ក្រុមហ៊ុននេះនឹងធ្វើការនាំចូលទូរស័ព្ទ iPhone, iPad, Apple Watch, កុំព្យូទ័រ MacBook, និង Accessories ជាច្រើនទៀតរបស់ក្រុមហ៊ុន Apple៕

  • តារាម៉ូដែល Jessica Hart អះអាងថា កំពុងមានស្នេហាជាមួយមហាសេដ្ឋីបារាំង

    តារាម៉ូដែល Jessica Hart អះអាងថា កំពុងមានស្នេហាជាមួយមហាសេដ្ឋីបារាំង

    តារាម៉ូដែលល្បីឈ្មោះ Jessica Hart បានចេញមកអះអាងថា នាងកំពុងមានសេ្នហាជាមួយនឹងមហាសេដ្ឋីបារាំងមួយរូបមានឈ្មោះថា Stavros Niarchos III។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail Australia នៅព្រឹកថ្ងៃពុធនេះ ដែលបានឱ្យដឹងថា តារាម៉ូដែលស្រីវ័យ 31 ឆ្នាំរូបនេះបានប្រាប់ពីអារម្មណ៍ពិតរបស់នាងថា តាំងពីដើមមក នាងមិនដែលមានសេចក្ដីសុខដូចពេលដែលបានទាក់ទងជាមួយកំលោះមហាសេដ្ឋីបារាំងនៅក្នុងគ្រានេះឡើយ។

    “ចា៎! ពិតមែនហើយ នាងខ្ញុំសូមអះអាងថា ទំនាក់ទំនងស្នេហាមួយនេះបានកើតចេញពីទំនាក់ទំនងមិត្តភាពមួយ ដែល Jessica នាងមិនធ្លាប់ទទួលបានសេចក្ដីសុខពីមុនមកដូចពេលនេះឡើយ” នេះបើតាមសម្ដីមិត្តជិតស្និទ្ធរបស់តារាម៉ូដែល Jessica។ គូស្នេហ៍មួយគូនេះមានទំនាក់ទំនងស្នេហ៍អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ពួកគេក៏ជិតឈានទៅដល់ដំណាក់កាលភ្ជាប់ពាក្យផងដែរ។ កាលពីឆ្នាំ 2014 មានដំណឹងចចាមអារ៉ាមមកថា ការចំណេញក្នុងមុខជំនួញរបស់មហាសេដ្ឋីកំលោះរូបនេះ គឺជាពរជ័យនៃការរៀបអាពាហ៍ពិពាហ៍របស់ពួកគេនាថ្ងៃអនាគត ក៏ប៉ុន្ដែអស់រយៈពេលជាង 3 ឆ្នាំមកហើយនៅមិនទាន់មិនដំណឹងពីរឿងរៀបការនៅឡើយទេ។

    បើទោះបីជាយ៉ាងណាក៏ដោយ ការទស្សន៍ទាយពីពិធីរៀបមង្គលការរបស់តារាម៉ូដែលស្រី Jessica Hart និងកំលោះមហាសេដ្ឋីបារាំង Stavros Niarchos III កាលពីខែមេសាកន្លងទៅនេះបានបរាជ័យម្ដងរួចមកហើយ ព្រោះតែមានសារព័ត៌មានមួយបានចេញផ្សាយថា តារាស្រីរូបនេះកំពុងខូចចិត្តដោយសារតែការបែកបាក់ស្នេហាជាមួយសង្សារនាង ហើយនាងបានបំផ្លាញវត្ថុអនុស្សារីយជាច្រើនចោលទៀតផង ក៏ប៉ុន្ដែនៅពេលដែលទំនាក់ទំនងស្នេហានេះបានបើកចំហជាសាធារណៈ នាងក៏ចេញមុខមកប្រកាសថា ខ្លួនសប្បាយចិត្តបំផុតនៅពេលទាក់ទងជាមួយ Stavros Niarchos III៕

  • UNDP បើកការប្រឡងវីដេអូស្តីពីការប្រែប្រួលអាកាសធាតុ

    UNDP បើកការប្រឡងវីដេអូស្តីពីការប្រែប្រួលអាកាសធាតុ

    កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបើកការប្រកួតប្រជែងផលិតវីដេអូខ្លីដើម្បីជ្រើសរើសយកយុវជនពីររូបដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំ COP23 និងដំណើរកម្សាន្តនៅប្រទេសអាល្លឺម៉ង់។

    បេក្ខជនដែលអាចដាក់ពាក្យប្រកួតបានលុះត្រាតែមានអាយុចាប់ពី18ឆ្នាំ ដល់ 30ឆ្នាំ ដោយប្រធានបទគឺនិយាយពីការប្រែប្រួលអាកាសធាតុ។ នៅក្នុងភាពលម្អិតនៃវីដេអូបេក្ខជនអាចបញ្ជូលនូវផ្នែកសំខាន់ៗ ដូចជាដំណោះស្រាយ ឬគំនិតសម្រាប់ដោះស្រាយបញ្ហាបរិស្ថាន ដោយការអភិវឌ្ឍតំបន់ជនបទ ឬសហគមន៍ប្រកបដោយនិរន្តរភាព។ បំផុសគំនិតឱ្យចូលរួមគ្នាដើម្បីមានការប្រើប្រាស់ថាមពលស្អាត ការដឹកជញ្ជូនស្អាត ការដាំដើមឈើនៅក្នុងសហគមន៍ និងវិធីជាច្រើនទៀតដែលកាត់បន្ថយដល់ការបំពុលបរិស្ថាន ឬដែលអាចប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។

    ថ្ងៃផុតកំណត់នៃការដាក់ពាក្យគឺ ថ្ងៃទី18 ខែសីហា ឆ្នាំ2017 ដោយបេក្ខជនអាចដាក់ពាក្យតាមតំណនៅក្នុងព័ត៌មាននេះ https://bit.ly/2tLCPA0