Category: សង្គម និងសេដ្ឋកិច្ច

  • លំហូរវិនិយោគផ្ទាល់បរទេស មានកំណើនប្រមាណ 89% ក្នុងវិស័យធនាគារ

    លំហូរវិនិយោគផ្ទាល់បរទេស មានកំណើនប្រមាណ 89% ក្នុងវិស័យធនាគារ

    ភ្នំពេញ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាបានលើកឡើងថា ទុនបម្រុងអន្តរជាតិបានកើនឡើងជាលំដាប់ដែលអាចធានាការនាំចូលទំនិញ និងសេវាបានរហូតដល់ 6ខែ។ ចំពោះវិស័យធនាគារ លំហូរវិនិយោគផ្ទាល់បរទេសមានកំណើនប្រមាណ 89% ដែលរួមចំណែកដោយលំហូរទុនវិនិយោគរបស់ធនាគារបរទេសថ្មីចំនួនពីរគឺប្រេដប៊ែង ខេមបូ ភីអិលស៊ី និងសាខាធនាគារមីហ្ស៊ូហូ អិលធីឌី គួបផ្សំនឹងការបន្ថែមដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។

    ការលើកឡើងខាងលើធ្វើឡើងក្នុងជំនួបជាមួយក្រុមបេសកកម្មពិគ្រោះយោបល់មាត្រាទី4 របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយ លោក Jarkko Turunen អនុប្រធានការិយាល័យនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិករបស់ IMF ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដែលបេសកកម្មនេះមានគោលបំណងតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពស្ថានភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ព្រមទាំងផ្តល់ជាអនុសាសន៍គោលនយោបាយនានាដើម្បីបន្តពង្រឹងកំណើនសេដ្ឋកិច្ច។

    ឯកឧត្តមបញ្ជាក់បន្ថែមថា ចំណែកកំណើនឥណទានបានថយចុះគួរឱ្យកត់សម្គាល់ពីប្រមាណជាមធ្យម 28%ក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះមកត្រឹម16% នៅឆមាសទី1 ឆ្នាំ2017។ ម្យ៉ាងវិញទៀតធនាគារជាតិនៃកម្ពុជាបន្តពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងដាក់ចេញនូវវិធានការមីក្រូ និងម៉ាក្រូប្រុងប្រយ័ត្ននានា សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ការពង្រឹងឧបករណ៍គោលនយោបាយរូបិយវត្ថុផ្អែកលើយន្តការទីផ្សារ ព្រមទាំងវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក៏ត្រូវបានបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

    លោក Jarkko Turunen មានប្រសាសន៍ថា IMF នឹងបន្តគាំទ្ររាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍធនធានមនុស្ស។ នៅពីរសប្តាហ៍ខាងមុខនេះក្រុមបេសកកម្មរបស់លោកនឹងជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធនានា ដើម្បីវាយតម្លៃឱ្យបានស៊ីជម្រៅ ពីវឌ្ឍនភាព និងបញ្ហាប្រឈមចម្បងៗរបស់សេដ្ឋកិច្ចកម្ពុជា និងរួមចំណែកផ្តល់ជាអនុសាសន៍សំខាន់ៗដល់កម្ពុជា ក្នុងការបន្តសម្រេចបាននូវកំណើនរឹងមាំប្រកបដោយចីរភាព៕

  • ចិននឹងបញ្ជូនអ្នកជំនាញទេសចរណ៍មកជួយបង្ហាត់ជំនាញដល់កម្ពុជា

    ចិននឹងបញ្ជូនអ្នកជំនាញទេសចរណ៍មកជួយបង្ហាត់ជំនាញដល់កម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម Zhang Xilong អគ្គនាយករដ្ឋបាលទេសចរណ៍ជាតិចិនបានលើកឡើងថា រដ្ឋាភិបាលចិននឹងបញ្ជូនអ្នកជំនាញទេសចរណ៍មកបង្ហាត់ជំនាញដល់មគ្គុទេសក៍ទេសចរណ៍កម្ពុជា ឱ្យកាន់តែមានចំណេះដឹងប្រសើរឡើង។
    ការលើកឡើងខាងលើធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ដើម្បីពន្លឿនការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍គ្រប់ជ្រុងជ្រោយសម្រាប់តំបន់អង្គរវត្តឱ្យបានឆាប់រហ័សដើម្បីធានាការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្នឆ្លើយតបទៅនឹងនិន្នាការកើនឡើងនៃចំនួនភ្ញៀវទេសចរមកទស្សនាតំបន់សៀមរាបអង្គរជារៀងរាល់ឆ្នាំ។

    ឯកឧត្តម Zhang Xilong បន្តថា លោកនឹងស្នើសុំគោលការណ៍ពីឯកឧត្តមប្រធានរដ្ឋបាលទេសចរណ៍ជាតិចិនដើម្បីបញ្ជូនអ្នកជំនាញមកសហការជាមួយក្រុមការងារក្រសួងទេសចរណ៍កម្ពុជាដើម្បីសិក្សារៀបចំបង្កើតផែនការនេះក្នុងពេលឆាប់ៗខាងមុខ ព្រោះថាចិនមានបទពិសោធច្រើនក្នុងការរៀបចំតំបន់បេតិកភណ្ឌពិភពលោក(លំដាប់ទី2) រហូតដល់បច្ចុប្បន្ននេះ ចិនបានដាក់តំបន់បេតិកភណ្ឌចំនួន52កន្លែងទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

    ឯកឧត្តម Zhang Xilong ក៏បានសន្យាដែរថា នឹងបន្តចែករំលែកបទពិសោធដែលចិនបាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវស្តង់ដាឧស្សាហកម្មទេសចរណ៍ ស្តង់ដារតំបន់ទេសចរណ៍សម្រាកលំហែ ការអភិវឌ្ឍវិស័យទេសចរណ៍នៅតាមជនបទ កសិ-ទេសចរណ៍ និងបដិវត្តន៍កំណែទម្រង់បង្គន់អនាម័យ។ ដើម្បីជំរុញការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងទេសចរណ៍កម្ពុជាបានបង្កើតក្រុមការងារមួយដើម្បីសហការជាមួយភាគីចិន ដែលក្រុមការងារនេះនឹងដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់។

    តាមការបញ្ជាក់របស់ឯកឧត្តម ថោង ខុន ឱ្យដឹងទៀតថា ការរៀបចំផែនការនេះទាមទារឱ្យមានការសិក្សាហ្មត់ចត់គ្រប់ជ្រុងជ្រោយដើម្បីធានាថា ការធ្វើផែនការអភិវឌ្ឍន៍តំបន់អង្គរ និងតំបន់ជុំវិញស្របតាមទស្សនទាន “ស្អាត និងបៃតង” ដោយប្រែក្លាយតំបន់សៀមរាបទៅជាទីក្រុងស្អាត និងបៃតងក្នុងការទាក់ទាញទេសចរណ៍ឱ្យបានកាន់តែច្រើនឡើង៕

  • វិធីងាយៗក្នុងការកម្ចាត់សត្វកន្លាត

    វិធីងាយៗក្នុងការកម្ចាត់សត្វកន្លាត

    កន្លាត ជាសត្វចង្រៃដែលតែងតែមកពួនសម្ងំនៅក្នុងចង្រ្កានបាយ ក្នុងទូ ឬនៅក្នុងទីកន្លែងផ្សេងៗក្នុងផ្ទះនោះ មានវិធីកំចាត់ដ៏ងាយសែនងាយ តែស្រ្តីមេផ្ទះភាគច្រើន អាចមិនដឹង ឬគិតមិនដល់។ វិធីនោះគឺ យកគ្រាប់ម្រេចទៅដាក់នៅតាមកន្លែងណាដែលសត្វកន្លាតចូលចិត្តចេញមក ដោយដាក់ក្នុងមួយចំណុច 4-5 គ្រាប់បានហើយ ។ តែប៉ុណ្ណឹងសត្វកន្លាតនឹងលែងហ៊ានមករំខានទៀតហើយ ព្រោះវាមិនត្រូវធាតុគ្នាជាមួយនឹងក្លិនគ្រាប់ម្រេចឡើយ មិនចាំបាច់ប្រើថ្នាំបាញ់សម្លាប់សត្វល្អិតនាំតែអស់លុយ និងមានគ្រោះថ្នាក់ដល់អ្នកនៅក្នុងផ្ទះឡើយ ដល់ពេលគ្រាប់ម្រេចនោះអស់ក្លិន ក៏ដូរដាក់គ្រាប់ម្តេចថ្មីទៀតជំនួសជាការស្រេច៕

  • កម្ពុជាកំពុងខ្វះកម្លាំង​ពលកម្មជំនាញមធ្យមបច្ចេកទេស

    កម្ពុជាកំពុងខ្វះកម្លាំង​ពលកម្មជំនាញមធ្យមបច្ចេកទេស

    កង្វះ​ពលកម្មជំនាញ​ផ្នែក​បច្ចេកទេសជា​បញ្ហា​ប្រឈម​មួយរបស់កម្ពុជា ខណៈ​វិស័យ​កសិកម្មឧស្សាហ​កម្ម  និង​សំណង់មាន​ការ​លើក​ឡើងពីមួយថ្ងៃទៅមួយថ្ងៃ តែចំនួន​និស្សិត​ដែលចូលរៀន​ជំនាញ​បច្ចេកទេសនៅមានកម្រិតតិចតួចនៅឡើយ។

    ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបានថ្លែងថា ប្រសិន​បើ​ក្រឡេក​មើល​ទីផ្សារ​ការងារ​ជាក់ស្តែង និង​ការ​បណ្តុះបណ្តាល​នៅ​កម្ពុជា គឺមាន​ភាព​ផ្ទុយ​គ្នា​ទាំង​ស្រុង ព្រោះ​បើ​យោង​តាម​ទិ​ន្នន័យ​នាពេល​ថ្មីៗ​នេះ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ធន​ធាន​មនុស្ស​ដែល​រៀន​ចប់​ចាប់​ពី​ថ្នាក់​បរិញ្ញាបត្រ រហូត​ដល់​ថ្នាក់​បណ្ឌិត​មាន​ចំនួន​ដល់​ទៅ 249,869 នាក់នៅចន្លោះឆ្នាំ 2015 ខណៈ​ដែល​ធនធាន​មនុស្ស​កម្រិត​មូលដ្ឋាន និង​កម្រិត​មធ្យម​បច្ចេកទេសមាន​ចំនួន​ត្រឹម​តែ 32,769 ​នាក់​តែ​ប៉ុណ្ណោះ។ ចំណុចនេះ​អាច​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​អតុល្យភាព​នៃ​ការ​ផ្គត់ផ្គង់​ធនធាន​មនុស្ស​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា ព្រោះ​ធនធាន​មនុស្ស​ដែល​ស្ថិត​ក្នុង​កម្រិតខ្ពស់​ត្រូវ​សល់ ឬ​ធ្វើ​ការខុសជំនាញ ហើយ​បែរជាខ្វះខាត​ធនធាន​ផ្នែកកម្មករជំនាញ និង​មធ្យម​យ៉ាង​ច្រើន​លើសលប់។

    ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងផងដែរថា តម្រូវការទីផ្សារ​ការងារ​នៅ​កម្ពុជាត្រូវ​បាន​បែង​ចែក​ជា​3​កម្រិត​ធំៗ ទី1 កម្រិត​មូលដ្ឋាន​សំដៅ​លើ​កម្មករ​ជំនាញ កម្មករ​ពាក់កណ្តាល​ជំនាញ ឬ​កម្មករគ្មាន​ជំនាញ ទី2 តម្រូវការ​ពលកម្មកម្រិត​មធ្យម និង​ទី3 គឺ​តម្រូវការ​ពលកម្ម​កម្រិត​ខ្ពស់​បំផុត​។ តម្រូវការ​ការងារ​នៅ​កម្រិតមូលដ្ឋាន​មាន​ចំនួន​ច្រើនជាង​គេ​បំផុត បន្ទាប់​មក​គឺ​តម្រូវការ​កម្រិត​មធ្យម ហើយ​ចុងក្រោយ​គេគឺ​តម្រូវការ​ពលកម្ម​កម្រិត​ខ្ពស់​ជា​កម្រិត​ជំនាញ​ដែល​សង្គម​ត្រូវការ​តិចតួច​។ ជាក់ស្តែងប្រសិន​បើ​យើង​ក្រឡេក​មើល​ការដ្ឋាន​សំណង់មួយ​យើង​នឹង​ឃើញថា ​គេ​ត្រូវការ​អ្នក​គ្រប់គ្រង ឬ​វិស្វករ​តែ​ម្នាក់​ប៉ុណ្ណោះ ហើយបន្ទាប់​មក​គេ​អាចត្រូវការ​មេការ​សាង​សង់​ពីរ​បីនាក់តែ​ស្ថិត​នៅ​ក្រោមបីនាក់​នោះ​គឺ​មាន​កម្មករ​ជំនាញ​ជាច្រើន​ដែលត្រូវការ​ជា​ចាំបាច់៕

  • ដួង ម៉ានិច ចេញក្បាច់រាំ ធ្វើឱ្យប្រុសៗមើលហើយមិនចង់ធ្មេចភ្នែក

    ដួង ម៉ានិច ចេញក្បាច់រាំ ធ្វើឱ្យប្រុសៗមើលហើយមិនចង់ធ្មេចភ្នែក

    កញ្ញា ដួង ម៉ានិច ដែលមហាជនស្គាល់នាងថា ជាតារាសិល្បៈមានទេពកោសល្យសម្ដែងយ៉ាងជំនាញពិសេសឈុតឆាកបែបសិចស៊ី ដែលគេកត់ចំណាំឃើញតាំងពីនាងសម្ដែងនៅក្នុងរៀង «ផ្កាបួនទង» មកម្ល៉េះ ដោយសាតែហេតុនេះហើយទើបធ្វើឱ្យឆ្នាំ2017 នេះនាងទទួលបានឱកាសការងារជាច្រើន ខណៈប្រជាប្រិយភាពរបស់នាងក៏កំពុងតែស្ទុះឡើងខ្លាំងផងដែរ ហើយនៅថ្ងៃនេះកញ្ញា ដួង ម៉ានិច បានបង្ហោះវីដេអូឃ្លីបធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន។

    ក្នុងចំណោមឃ្លីបវីដេអូចំនួន3ដែលនាងបានបង្ហោះ មានឃ្លីបមួយដែលនាងឈររាំគ្រវីត្រគាកចុះឡើងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសប្រុសៗដែលបានទស្សនាវីដេអូនេះហើយស្ទើរតែពុំហ៊ានធ្មេចភ្នែកឡើយ។ ខណៈកំពុងតែទស្សនាវីដេអូឃ្លីបនោះ ក៏មានបុរសមួយចំនួនលាន់មាត់ថា យី!ទំនងដល់ហើយ?។

    ជុំវិញវីដេអូឃ្លីបដែលកញ្ញា ដួង ម៉ានិច បានបញ្ចេញក្បាច់រាំគ្រលែងត្រគាកពត់ពេនចង្កេះ កាច់ខ្លួនចុះឡើងជាមួយសម្លៀកបំពាក់បែបសិចស៊ីគួរឱ្យខ្នាញ់ត្រូវបាននាងបញ្ជាក់ថា នោះជាសកម្មភាពសម្ដែងខារ៉ាអូខេឱ្យផលិតកម្មថោនដែលនាងកំពុងតែថតនៅថ្ងៃនេះមិនទាន់បានបញ្ចប់នៅឡើយទេ។ បទនេះមានចំណងជើងថា ៖ «ខូចចិត្ដធ្វើអី?» ជាការបកស្រាយរបស់កញ្ញា មាស សុខសោភា។

    ដួង ម៉ានិច បានបញ្ជាក់ពីមូលហេតុដែលនាងបង្ហោះសកម្មភាពវីដេអូឃ្លីបនេះឡើង គឺគ្រាន់តែចង់បង្ហាញពីសកម្មភាពការងារទៅកាន់អ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះ។ នាងបន្ដថា មានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានថតកាយវិការក្នុងបទចម្រៀងនេះ ជាពិសេសនៅពេលវីដេអូរបស់នាងទទួលបានការចាប់អារម្មណ៍ពីប្រិយមិត្ដបែបនេះ ខណៈដែលនាងក៏ទទួលស្គាល់ថា ក្បាច់រាំដែលនាងរាំនេះហាក់មានភាពសិចស៊ី និងទាក់ទាញអារម្មណ៍មែនទែន។ ទោះយ៉ាងណាម៉ានិចបញ្ជាក់ថា៖ «រាល់ការដឹកនាំសម្ដែងផ្សេងៗ គឺ Director គាត់ប្រាប់ ប៉ុន្ដែការស្លៀកពាក់ និងការរាំគឺជាគំនិតរបស់ខ្ញុំ»៕

  • ដឹងទេ? កាលពីឆ្នាំ 2016 តារាចម្រៀង Beyonce…!!

    ដឹងទេ? កាលពីឆ្នាំ 2016 តារាចម្រៀង Beyonce…!!

    បន្ថែមពីលើការផ្ដល់កំណើតដល់បុត្រភ្លោះកាលពីពេលថ្មីៗនេះហើយ នៅមានអាថ៌កំបាំងមួយទៀតដែលលោកអ្នកមិនបានដឹងពីតារាចម្រៀងស្រី Beyonce។

    កាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងស្រីមុខស្អាតសម្បុរស្រអែមរូបនេះបានក្លាយជាកំពូលតារានៅលើតារាងចម្រៀងទស្សនាវដ្តី Billboard ឆ្នាំ2016 ដែលមានលុយចំនួន 62.1 លានដុល្លារនៅក្នុងតារាង Money Maker ដែលបូកសរុបរៀងរាល់ចុងឆ្នាំ។ យ៉ាងណាមិញរឿងនេះ មិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលធំសម្បើមចំពោះប្រជាប្រិយភាពរបស់នាង និងអ្នកគាំទ្រឡើយ ក៏ប៉ុន្តែតួលេខដែលនៅលើកំពូលតារាងនោះបានបង្កភាពអស្ចារ្យមួយសម្រាប់នាងគឺ នាងត្រូវបានដាក់ងារថាជា “រាជិនី B” មកពីពាក្យថា Queen Billboard នៅឆ្នាំ2016 ដែលរកចំណូលបានលើសពី 20 លានដុល្លារ ច្រើនជាងតារាចម្រៀង Guns N Roses ដែលស្ថិតក្នុងលំដាប់ថ្នាក់ទី2 បន្ទាប់ពីនាង។

    គួរំឭកផងដែរថា នៅខែមេសា ឆ្នាំ2016 ក្រុមការងារសិល្បៈកម្សាន្តបានអះអាងពីភាពជោគជ័យលើអាល់ប៊ុមចម្រៀង និងភាពយន្ដ Combo Lemonade ដែលទទួលបានជោគជ័យយ៉ាងរហ័សពីកម្មវិធីប្រគំតន្រ្តី Formation World Tour នៅក្នុងបរិវេណពហុកីឡដ្ឋាន ហើយកើបលុយបានចំនួន 161 លានដុល្លារក្នុងរយៈពេលតែមួយយប់។ ក៏ប៉ុន្តែ នាង និងស្វាមី Jay-Z មិនទាន់បានទទួលតំណែងណាមួយនៅក្នុងឆ្នាំ 2017 នៅឡើយទេ មានតែបន្ដការរង់ចាំតាមដានជាតទៅទៀត៕

  • រឿង “Real” រងការរិះគន់ថា ជារឿងដែលយ៉ាប់បំផុតក្នុងប្រវត្តិសាស្ត្រភាពយន្ដកូរ៉េ

    រឿង “Real” រងការរិះគន់ថា ជារឿងដែលយ៉ាប់បំផុតក្នុងប្រវត្តិសាស្ត្រភាពយន្ដកូរ៉េ

    ខ្សែភាពយន្ដ “Real” ជារឿងថ្មីដែលសម្ដែងដោយតួឯកប្រុស Kim Soo Hyun និងតារាឯកស្រី Sulli បានរងនូវពាក្យរិះគន់ជាច្រើនចំពោះខ្សែភាពយន្តដែលទើបតែដាក់បញ្ចាំងកាលពីថ្ងៃទី28 ខែមិថុនា ឆ្នាំ2017 បន្ទាប់ពីបានឆ្លើយតបចំពោះការរង់ចាំទស្សនារបស់ទស្សនិកជនជាយូររួចមក ដោយសារតែចង់ឃើញការសម្ដែងរបស់់តារាឯកប្រុស ដែលខកខានក្នុងការបង្ហាញខ្លួនជាច្រើនឆ្នាំមកហើយ។

    គួរបញ្ជាក់ផងដែរថា រឿងនេះដែរ បានទទួលនូវការចាប់អារម្មណ៍តាំងពីចាប់ផ្ដើមបើកសម្ពោធការថតមកម្ល៉េះ ហើយក៏បានទម្លាយពីព័ត៌មានអាក្រាតកាយរបស់ Sulli ក្នុងពេលជាមួយគ្នាដែរ ក៏ប៉ុន្ដែខណៈនេះបែរជាកំពុងទទួលរងនូវពាក្យរិះគន់យ៉ាងពេញទំហឹងពីបណ្ដាអ្នកគាំទ្រនៅលើបណ្ដាញសង្គមថា ជារឿងដែលយ៉ាប់បំផុតនៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មភាពយន្ដកូរ៉េខាងត្បូង។

    តាមរយៈគេហទំព័រល្បីប្រចាំប្រទេសកូរ៉េ Naver Movie បានឱ្យដឹងថារឿង “Real” ទទួលបានការបោះឆ្នោតគាំទ្រត្រឹមតែ 4.85 តែប៉ុណ្ណោះ បើគិតពិន្ទុពេញ10 ពីអ្នកគាំទ្រ រហូតដល់មានអ្នកលេងបណ្ដាញសង្គមម្នាក់បានពោលថា “អ្នកដែលមើលភាពយន្ដរឿងនេះយល់ ស័ក្ដិសមទទួលបានពានរង្វាន់ណូបែល” និងរងនូវពាក្យរិះគន់មួយទៀតថា “ខ្ញុំអាចមានសមត្ថភាពថតរឿងនេះបានល្អជាងដោយប្រើត្រឹមកាមេរ៉ា iPhone” និងកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតគឺ “ខ្ញុំឈប់ជក់បារី 5 ឆ្នាំហើយ តែពេលមើលរឿងនេះហើយ ធ្វើឱ្យខ្ញុំចង់ជក់បារីឡើងវិញ”៕

  • បច្ចេកវិទ្យា Blue Core ជាផ្នែកមួយធ្វើឱ្យ Yamaha មានសម្ទុះឡើងវិញក្នុងទីផ្សារកម្ពុជា

    បច្ចេកវិទ្យា Blue Core ជាផ្នែកមួយធ្វើឱ្យ Yamaha មានសម្ទុះឡើងវិញក្នុងទីផ្សារកម្ពុជា

    គិតត្រឹមឆមាសទី1 ឆ្នាំ2017 នេះ សម្ទុះនៃការលក់ម៉ូតូរបស់ក្រុមហ៊ុន Yamaha បានកើនឡើងប្រហែល 50% បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ នេះបើតាមការបញ្ជាក់របស់លោក ឧកញ៉ា គង់នួន អគ្គនាយកក្រុមហ៊ុនគង់ នួន គ្រុប។

    លោកឧកញ៉ាបានឱ្យដឹងថា បច្ចេកវិទ្យា Blue Core គឺជាផ្នែកមួយដែលបានជួយជំរុញការលក់ម៉ូតូ Yamaha ឱ្យមានសម្ទុះទៅមុខលឿនជាងមុន ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈលើទីផ្សារម៉ូតូលេខអូតូ។ បច្ចេកវិទ្យាមួយនេះធ្វើឱ្យការប្រើប្រាស់ម៉ូតូមានការសន្សំសំចៃប្រេង ជួយកាត់បន្ថយកម្តៅម៉ាស៊ីន, កាត់បន្ថយសំឡេងរំខាន និងបង្កើនថាមពលម៉ាស៊ីនដែលជាកត្តាសំខាន់ជួយសន្សំសំចៃដល់អ្នកប្រើប្រាស់ជាចម្បង។

    លោកថា៖«Blue Core បានជួយយើងច្រើនក្នុងការវាតយកចំណែកទីផ្សារបន្ថែម។ ចំណុចល្អសម្រាប់បច្ចេកវិទ្យាមួយនេះ គឺការសន្សំសំចៃប្រេងរបស់វា ដែលធ្វើឱ្យអតិថិជនមានការពេញចិត្ត»។

    លោកឧកញ៉ា គង់ នួន បានបន្ថែមទៀតថា ក្រៅពីនេះ វាក៏ដោយសារការរៀបចំយុទ្ធសាស្រ្ដទីផ្សារបានត្រឹមត្រូវ ដោយចេះសម្លឹងមើលពីតម្រូវការ និងដាក់តម្លៃសមរម្យមួយ ព្រមនឹងការចាប់ដៃគូសហការក្នុងការបើកហាងលក់បន្តថ្មីៗ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន។ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនបានពង្រីកទីតាំងហាងលក់តាមតំបន់ធំៗក្នុងរាជធានីភ្នំពេញបាន 3 កន្លែង ដូចជាហាងតំណាងចែកចាយថ្មី អ៊ុយ សាខននៅតំបន់រោងកុនគិរីរម្យ ហាងតំណាងចែកចាយថ្មី អ៊ីវ ភិរុណ នៅតំបន់អូរឬស្សី និងចុងក្រោយគេ គឺហាងតំណាងចែកចាយម៉ូតូ វ៉ាសៀង ដែលស្ថិតនៅតំបន់រោងកុនគិរីរម្យដូចគ្នា។ ក្នុងនោះ ក្រុមហ៊ុនមានសុទិដ្ឋិនិយមថា កំណើនការលក់ម៉ូតូ Yamaha នឹងកើនឡើងចំនួន 3 ដងនៅឆ្នាំនេះ បន្ទាប់ពីមានការចាប់ដៃគូសហការចែកចាយជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនានារួចមក៕

  • ក្រសួងបរិស្ថានចាប់ផ្តើមផ្តោតលើសេដ្ឋកិច្ចបៃតង

    ក្រសួងបរិស្ថានចាប់ផ្តើមផ្តោតលើសេដ្ឋកិច្ចបៃតង

    ភ្នំពេញៈ ក្រសួងបរិស្ថាននឹងរៀបចំពង្រឹងសមត្ថភាពលើការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតាមរយៈការពង្រឹងសមត្ថភាពមន្រ្តីវ័យក្មេង និងយន្តការជាច្រើនទៀត។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានដែលទទួលបាននៅព្រឹកថ្ងៃទី14 កក្កដានេះបានឲ្យដឹងថា ក្រសួងនេះនឹងរៀបចំសិក្ខាសាលារយៈពេល 2ថ្ងៃ ចាប់ពីថ្ងៃទី17 ដល់18 កក្កដាខាងមុខនេះដើម្បីចែករំលែកបទពិសោធ និងភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ដែលរៀបចំឡើងដោយផ្ទាល់ពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន។

    សិក្ខាសាលានេះនឹងផ្តល់ឲ្យអ្នកចូលរួមទទួលបានការស្វែងយល់ស៊ីជម្រៅ លើទស្សនទាន និងបទពិសោធនៃការអភិវឌ្ឍបៃតងរបស់កម្ពុជា។ សិក្ខាសាលានេះក៏នឹងពិភាក្សាលើបញ្ហាប្រឈមនានាដែលអាចគំរាមកំហែងដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។

    លោកហូ វណ្ឌីទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា នេះជាការផ្តួចផ្តើមរបស់ក្រសួងដើម្បីជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរក្សាបាននូវកំណើនរឹងមាំតាមរយៈគោលនយោបាយ និងយុទ្ធសាស្រ្តផែនការរបស់រាជរដ្ឋាភិបាល។ សិក្ខាសាលានេះជាការផ្តល់ចំណេះដឹង និងផែនការនេះជាការលើកទឹកចិត្តដល់កសិករ អ្នកស្រែចម្ការ ពិសេសអ្នកទទួលបានកសិផលពីការដាំដុះ ដូចជា ទី1 កម្ពុជាអាចនាំចេញអង្ករបានជាង50ម៉ឺនតោន ទី2 ការនាំចេញផល្លានុផលមួយចំនួន ខណៈមហាមិត្តចិនបានផ្តល់បច្ចេកវិទ្យាថ្មីៗដើម្បីការពារកុំឲ្យមានការបំផ្លាញពីសត្វល្អិត។

    តើអ្វីជាសេដ្ឋកិច្ចបៃតង? លោក ហូ វណ្ឌី បានពន្យល់ថា សេដ្ឋកិច្ចបៃតងសំដៅលើរឿងកសិកម្មជាមួយនឹងការនាំចេញនូវផលិតផលកសិកម្ម  ពិសេសការដាំដុះរបស់បងប្អូនប្រជាពលរដ្ឋតាមភូមិ ឃុំ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដែលជាការចូលរួមកាត់បន្ថយភាពក្រីក្រដោយស្វ័យប្រវត្តិ៕

  • Everton នឹងបង្កើនការដេញថ្លៃសម្រាប់ Sigurdsson ក្រោយ Swansea ច្រានចោលសំណើ40លានផោន

    Everton នឹងបង្កើនការដេញថ្លៃសម្រាប់ Sigurdsson ក្រោយ Swansea ច្រានចោលសំណើ40លានផោន

    ក្លិបទូកក្តោង Everton កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើដ៏ឆ្នើម Gylfi Sigurdsson ដែលបានវិលមកប្រទេសវែលស៍វិញ ក្រោយពីដកខ្លួនចេញពីដំណើរប្រកួតមិត្តភាពរបស់ក្លិប Swansea City នៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងរយៈពេលតិចជាងមួយម៉ោងនៅមុនពេលកីឡាកររូបនេះ ត្រូវចាកចេញពីសណ្ឋាគាររបស់ពួកគេក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍។

    ការសម្រេចចិត្តដកខ្លួនរបស់ Sigurdsson បានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ Swansea និងបានធ្វើឲ្យមានបញ្ហាកាន់តែច្រើន ខណៈដែល Everton នឹងត្រូវធ្វើការពង្រឹងការបំពេញការផ្ទេរកីឡាកររូបនេះឲ្យទាន់ពេលដើម្បីអាចឲ្យ Sigurdsson ធ្វើដំណើរជាមួយនឹងពួកគេទៅកាន់ប្រទេសហូឡង់ នៅសប្តាហ៍ក្រោយ។ ក្លិប Swansea បានច្រានចោលសំណើដេញថ្លៃក្នុងទឹកប្រាក់40លានផោន (ស្មើនឹង51.7លានដុល្លារអាមេរិក) និងដាក់តម្លៃខ្លួនលើខ្សែបម្រើអន្តរជាតិអ៊ីស្លង់រូបនេះក្នុងទឹកប្រាក់50លានផោន ប៉ុន្តែ ការព្រមព្រៀងគ្នាមួយត្រូវបានរំពឹងទុកថា នឹងត្រូវឈានដល់ ដោយសារតែ Sigurdsson បានបញ្ជាក់យ៉ាងច្បាស់ថា រូបគេចង់ផ្ទេរទៅកាន់កីឡដ្ឋាន Goodison Park។

    ក្លិប Swansea បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍នៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា៖ «Gylfi មិនមានអារម្មណ៍ល្អឡើយក្នុងការធ្វើដំណើរក្រោមភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់គេ»៕
    ប្រភពពី៖ The Guardian