Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមហ៊ុនចិន ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការផលិតទឹកស្អាតនៅភ្នំកំចាយ

    ក្រុមហ៊ុនចិន ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការផលិតទឹកស្អាតនៅភ្នំកំចាយ

    ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានអនុញ្ញាតឱ្យក្រុមហ៊ុនចិន China Energy Engineering Corporation Limited សិក្សាលើសមិទ្ធលទ្ធភាពក្នុងការទាញយកផលប្រយោជន៍ ពីទឹកធ្លាក់ចេញពីវារីអគ្គិសនីភ្នំកំចាយ ខេត្តកំពតដើម្បីផលិតជាទឹកស្អាតមានគុណភាពសម្រាប់ផ្គត់ផ្គង់ចែកចាយដល់ប្រជាជនរស់នៅក្នុងខេត្តចំនួនពីរ គឺខេត្តកំពត និងខេត្តកែប ។

    ដើម្បីពន្លឿនបញ្ហានេះ នៅព្រឹកថ្ងៃទី16 ខែកក្កដា ឆ្នាំ2017 ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូបច្ចេកទេសរបស់ក្រសួង និងតំណាងអាជ្ញាធរខេត្តទៅពិនិត្យមើលទីតាំងជាក់ស្តែងនៅអតីតព្រលានយន្តហោះខេត្តកំពត និងខេត្តកែបដែលជាដីកម្មសិទ្ធិរបស់រដ្ឋ ដើម្បីកាត់មួយចំណែកបង្កើតរោងចក្រផលិតទឹកស្អាត និងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលលើវិស័យទឹកស្អាត ពីព្រោះភាគីកម្ពុជាទទួលបន្ទុកស្វែងរកទីតាំងសម្រាប់បង្កើតរោងចក្រផលិតទឹកស្អាតក្នុងខេត្តទាំងពីរខាងលើ។

    ឯកឧត្តមបញ្ជាក់ថា ការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនចិនខាងលើ គឺជាការផ្តួចផ្តើមគំនិតដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងជំរុញវិស័យទេសចរណ៍ ក៏ដូចជាវិស័យសេវាកម្មឱ្យមានភាពកាន់តែទាក់ទាញសម្រាប់បណ្តាខេត្តនៅជាប់តំបន់ឆ្នេរសមុទ្រ ដែលគម្រោងនេះមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល។

    ប្រជាពលរដ្ឋរស់នៅខេត្តកែប និងខេត្តកំពត បានសម្តែងការសាទរចំពោះគម្រោងខាងលើ នឹងរំពឹងថា នឹងបានប្រើប្រាស់ទឹកស្អាតដែលផ្គត់ផ្គត់ដោយក្រុមហ៊ុនចិនខាងលើនេះ និងប្រព័ន្ធទឹកស្អាតទាំងនោះនឹងទៅដល់លំនៅដ្ឋានពួកគាត់ទាំងនៅទីប្រជុំជន និងជនបទដាច់ស្រយាលនាពេលឆាប់ៗនេះមិនខាន៕

  • ផាណា ម៉ុច ៖ ចំណូលខ្ញុំបានមកពីញើសឈាមសុទ្ធសាធ មិនមែនលេងផ្លូវកាត់ទេ

    ផាណា ម៉ុច ៖ ចំណូលខ្ញុំបានមកពីញើសឈាមសុទ្ធសាធ មិនមែនលេងផ្លូវកាត់ទេ

    មួយរយៈចុងក្រោយនេះតារាសិល្បៈពហុជំនាញកញ្ញា ផាណា ម៉ុច ហាក់មានយីអ៊ុនឡើងខ្លាំងបើធៀបទៅនឹងឆ្នាំចាស់ ដោយគេអាចមើលឃើញបានតាមរយៈឱកាសនៃការសម្ដែងភាពយន្ដ និងការច្រៀងតាមការប្រគំតន្រ្ដីជាច្រើន។

    ថ្លែងនៅក្នុងឱកាសថ្ងៃខួបកំណើតគម្រប់អាយុ24ឆ្នាំ កញ្ញា ផាណា ម៉ុច បញ្ជាក់ប្រាប់ថា ទោះបី ជានាងមិនមែនជាតារាចម្រៀងមានប្រជាប្រិយភាព និងមានកេរ្ដិ៍ឈ្មោះបោះសំឡេងដូចតារាលំដាប់ជួរមុខក៏ដោយ ក៏នាងអាចមានលទ្ធភាពរកប្រាក់ចំណូលបានច្រើនគួរសមដែរ។ នាងបន្ដថា ចូលមកដល់ឆ្នាំ2017 នាងមានយីអ៊ុនខ្ពស់ ដោយសារទទួលបានការងារច្រើន មានទាំងការងារសម្ដែង ពិសេសការប្រគំតន្រ្ដីនៅតាមបណ្ដាខេត្ដជាច្រើនដែលជាប្រភពចំណូលមួយដ៏ធំ។

    កញ្ញា ផាណា ម៉ុច ទទួលស្គាល់ថា បច្ចុប្បន្នការងារសិល្បៈនាងមិនទាន់ទទួលបានភាពជោគជ័យទាំងស្រុងទេ ប៉ុន្ដែនាងសប្បាយចិត្ដចំពោះអ្វីដែលកំពុងតែមាន។ នាងបន្ថែមថា៖ «ចូលសិល្បៈដំបូង ខ្ញុំពុំដែលរំពឹងថា អាជីពនេះអាចរកប្រាក់ចំណូលបានច្រើនទេ ផ្ទុយទៅវិញក្រោយពីការខំប្រឹងប្រែងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខ្ញុំអាចរកប្រាក់សម្រាប់គ្រប់គ្រងលើការចំណាយផ្ទាល់ខ្លួនបានស្រួលហើយ និងអាចយកមកផ្គត់ផ្គង់ដល់គ្រួសារបានផងដែរ»។

    បើទោះជាពិធីខួបកំណើតរបស់កញ្ញា ផាណា ម៉ុច បានរៀបចំនៅផ្ទះមានទ្រង់ទ្រាយតូចល្មមក៏ដោយ ប៉ុន្ដែក៏គេសង្កេតឃើញមានការចូលរួមពីសំណាក់តារាសិល្បៈជាច្រើនរូបដែរ។ ពិធីនេះត្រូវបានគេដឹងថា នាងធ្វើឡើងដើម្បីអបអរជាមួយនឹងភាពរីកចម្រើននៅក្នុងអាជីពសិល្បៈរបស់ខ្លួន ក៏ដូចជាសុំសិរីសួស្ដីដើម្បីបន្ដការងារទាំងនេះទៅអនាគតផងដែរ។


    តារាសម្ដែងរូបនេះលើកឡើងថា៖ «មនុស្សយើងពិតជាមានមហិច្ឆតាមែន នៅពេលខ្លួនមិនទាន់មានសោះ ប្រាថ្នាចង់បានអ្វីមួយត្រឹមតិចតួចប៉ុណ្ណោះ លុះពេលមានអ្វីដែលខ្លួនធ្លាប់ចង់បានហើយ កាន់តែចង់បានបន្ថែមទៀត។ ដូច្នេះទោះបីជាបច្ចុប្បន្នខ្ញុំអាចរកប្រាក់ចំណូលបានច្រើនក៏ពិតមែន ប៉ុន្ដែខ្ញុំនៅតែបន្ដការប្រឹងប្រែងធ្វើការងារឱ្យកាន់តែទទួលបានភាពជោគជ័យបន្ថែមទៀត»។

    ទន្ទឹមនឹងការរកប្រាក់ចំណូលបានច្រើនជាមួយនឹងការបង្ហាញភាពហ៊ឺហា ក៏មានអ្នកធ្លាប់លើកឡើងដែរថា នាងប្រហែលជាលេងផ្លូវកាត់ជាមិនខាន ទើបជីវភាពឆាប់ធូរធារយ៉ាងនេះ។ ទោះយ៉ាងណា ផាណា ម៉ុច បានប្រាប់ថា៖ « ខ្ញុំចូលប្រឡូកក្នុងអាជីពសិល្បៈមិនដែលមានបំណងទៅពាក់ព័ន្ធនឹងរឿងមានគេចិញ្ចឹម ឬមិនចិញ្ចឹមនោះទេ គឺខ្ញុំប្រឹងប្រែងដោយសមត្ថភាពខ្លួនឯង ដូច្នេះអ្វីដែលខ្ញុំមានសព្វថ្ងៃនេះ គឺកើតចេញពីញើសឈាម និងការខំប្រឹងប្រែងរបស់ខ្ញុំសុទ្ធសាធ មិនមែនខ្ញុំលេងផ្លូវកាត់ដូចគេលើកឡើងនោះឡើយ»។ គួរបញ្ជាក់ថា បច្ចុប្បន្នកញ្ញា ផាណា ម៉ុច អាចរកប្រាក់ចំណូលពីការងារសិល្បៈ បូករួមនឹងជំនួញបន្ដិចបន្ដួចនៅខាងក្រៅផងនោះ នាងអាចទទួលបានប្រាក់ជាមធ្យមរង្វង់3ពាន់ដុល្លារក្នុងមួយខែ៕

  • Chelsea ចុះហត្ថលេខាជាមួយខ្សែបម្រើ Bakayoko ហើយ

    Chelsea ចុះហត្ថលេខាជាមួយខ្សែបម្រើ Bakayoko ហើយ

    ក្លិប Chelsea បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើដ៏មានឥទ្ធិពល Tiemoue Bakayoko មកពីក្រុមម្ចាស់ជើងឯកបារាំង Monaco ហើយក្នុងតម្លៃខ្លួន 40លានផោន (ស្មើនឹង 52.4លានដុល្លារអាមេរិក)។ ខ្សែបម្រើអន្តរជាតិបារាំងវ័យ22ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល5ឆ្នាំជាមួយនឹងក្រុម Chelsea ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League។

    រូបគេក្លាយជាកីឡាករចំណូលថ្មីទី2របស់ Chelsea ក្រោយពីពួកគេបានទិញខ្សែការពារ Antonio Rudiger ពីក្លិប Roma របស់អ៊ីតាលី។ Bakayoko បានចូលរួមជាមួយនឹងក្លិប Monaco ដោយចេញពីក្លិប Rennes ដែលស្ថិតក្នុងក្របខ័ណ្ឌ Ligue 1 ដូចគ្នាកាលពីឆ្នាំ2014 និងបានបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុមជម្រើសជាតិបារាំងក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីខែមីនា ដើមឆ្នាំនេះ។

    រូបគេបានក្លាយជាសមាជិកដ៏សំខាន់របស់ក្រុម Monaco ដែលបានឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន មុននឹងធ្លាក់ចេញក្រោមស្នាដៃក្រុម Juventus។ Bakayoko បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ Chelsea ថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការមកទីនេះ និងចូលរួមជាមួយនឹងក្លិបដ៏អស្ចារ្យបែបនេះ។ ខ្ញុំបានចាប់អារម្មណ៍ទៅលើការប្រកួតរបស់ Chelsea យ៉ាងខ្លាំង។

    ការចុះហត្ថលេខាគឺជារឿងធម្មជាតិសម្រាប់ខ្ញុំ ពីព្រោះវាជាក្លិបមួយដែលខ្ញុំស្រឡាញ់យ៉ាងខ្លាំងក្នុងពេលស្ថិតជាកុមារភាព»។ ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖ «បច្ចុប្បន្ន ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅមុខក្នុងការធ្វើការក្រោមការដឹកនាំរបស់គ្រូបង្វឹកដ៏អស្ចារ្យ និងធ្វើការរួមជាមួយនឹងមិត្តភាពក្រុមដ៏ឆ្នើមរបស់ខ្ញុំ»៕
    ប្រភពពី៖ BBC

  • វិស័យឯកជនចូលរួមលើកកម្ពស់ចលនាទេសចរម្នាក់ដើមឈើ 1ដើម

    វិស័យឯកជនចូលរួមលើកកម្ពស់ចលនាទេសចរម្នាក់ដើមឈើ 1ដើម

    ភ្នំពេញៈ វិស័យឯកជន បាននិងកំពុងចូលរួមកាន់តែសកម្មឡើងក្នុងគោលនយោបាយទេសចរម្នាក់ដើមឈើមួយដើម ជាផ្នែកមួយនៃការលើកកម្ពស់បរិស្ថាន និងទេសចរណ៍។

    លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងក្នុងពិធីចូលរួមដាំកូនឈើនៅក្នុងសាលាបឋមសិក្សាភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងកាលពីព្រឹកថ្ងៃម្សិលមិញថា ក្រុមហ៊ុនរបស់លោក ក៏ដូចជាសមាគមដែរ គឺតែងតែផ្សារភ្ជាប់នឹងការងារសង្គម តាមរយៈកម្មវិធីលើកកម្ពស់បរិស្ថាន និងដាំដើមឈើ។ ជាក់ស្តែងថ្ងៃនេះ លោក និងក្រុមការងារបានចុះមកដាំដើមឈើគ្រញូងនៅសាលាបឋមសិក្សាភូមិថ្មីចំនួនជាង 100ដើមដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ សិស្សានុសិស្សបានស្គាល់ឈើគ្រញូងដ៏មានតម្លៃ និងចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា។

    លោកបន្តថា “បរិស្ថានជាជីវិតរបស់យើងទាំងអស់គ្នា ហេតុនេះការចូលរួមដាំកូនឈើ និងសម្អាតបរិស្ថានជាការងាររបស់យើងទាំងអស់គ្នា ហើយការងារនេះផ្តើមចេញពីយើងម្នាក់ៗ”។ លោកបន្តថា “នេះជាសកម្មភាពមួយចូលរួមក្នុងគោលនយោបាយរបស់ក្រសួងទេសចរណ៍ គឺទេសចរម្នាក់ដើមឈើមួយដើម”។

    លោក អែល អូន នាយកសាលាបឋមសិក្សាភូមិថ្មីបានមានប្រសាសន៍ឲ្យដឹងថា បរិស្ថានជាអាយុជីវិតរបស់កុមារ និងមនុស្សទូទៅ ព្រោះបើបរិស្ថានមិនស្អាត នាំឲ្យមានបញ្ហាសុខភាព និងបង្កជាជំងឺមួយចំនួនដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នោះ ដូចជាមេរោគគ្រុនចាញ់ មេរោគគ្រុនឈាមជាដើម។ លោកបន្តថា ការដាំដើមឈើនេះ ជាការឆ្លើយតបតាមអ្វីដែលសាលាត្រូវការជាយូរមកហើយ ប៉ុន្តែសាលាមិនទាន់មានលទ្ធភាពដាំ ហេតុនេះការនាំយកកូនឈើគ្រញូងមកដាំនាពេលនេះ ជាការប្រពៃណាស់សម្រាប់សាលា និងសហគមន៍ទាំងមូល។

    ក្រសួងទេសចរណ៍ជាច្រើនឆ្នាំមកនេះបានដាក់ចេញគោលនយោបាយមួយចំនួន ដើម្បីលើកកម្ពស់បរិស្ថានដូចជា ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ គោលនយោបាយទេសចរម្នាក់ដើមឈើមួយដើមជាដើម៕

  • Sevilla ចុះហត្ថលេខាជាមួយ Nolito ពីក្លិប Man City ក្នុងតម្លៃខ្លួន 9លានអឺរ៉ូ

    Sevilla ចុះហត្ថលេខាជាមួយ Nolito ពីក្លិប Man City ក្នុងតម្លៃខ្លួន 9លានអឺរ៉ូ

    ក្លិប Sevilla បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាបអន្តរជាតិអេស្ប៉ាញ Nolito ពីក្លិប Manchester City។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ La Liga មួយនេះ កាលពីថ្ងៃអាទិត្យ។

    កីឡាករវ័យ 30ឆ្នាំដែលទើបតែចេញពីក្លិប Celta Vigo ទៅចូលរួមជាមួយនឹងក្លិប Man City កាលពី1ឆ្នាំមុនរូបនេះ ឥឡូវនេះបានផ្ទេរក្នុងតម្លៃខ្លួន 9លានអឺរ៉ូ (ស្មើនឹង 10.3លានដុល្លារអាមេរិក) ទៅកាន់ Sevilla និងបានចុះហត្ថលេខារយៈពេល 3ឆ្នាំ។ Sevilla បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ពួកគេថា៖ «Nolito នឹងត្រូវស្ថិតនៅជាមួយនឹងក្លិប Sevilla សម្រាប់រយៈពេល 3រដូវកាលទៀត រហូតដល់ឆ្នាំ2020»។

    Nolito បានស៊ុតបាល់បញ្ចូលទីជាអន្តរជាតិចំនួន 6គ្រាប់ ក្នុងការបង្ហាញខ្លួន 16លើក ប៉ុន្តែបានជួបភាពត្រដាបត្រដួសក្នុងការបង្ហាញខ្លួនក្នុងជម្រើសដំបូងមិនបានទៀងទាត់ក្រោមការដឹកនាំរបស់លោក Pep Guardiola នៅឯក្លិប Man City កាលពីរដូវកាលមុន។

    កីឡាកររូបនេះនឹងត្រូវជំនួសកន្លែងរបស់ Vitolo នៅឯកីឡដ្ឋាន Ramon Sanchez-Pizjuan ក្រោយពីមិត្តរួមក្រុមអេស្ប៉ាញរបស់គេបានផ្ទេរទៅកាន់ក្លិប Atletico Madrid កាលពីដើមសប្តាហ៍មុន ហើយ Nolito នឹងត្រូវចូលរួមជាមួយនឹងលោក Eduardo Berizzo ក្រោយពីគ្រូបង្វឹករបស់ក្លិប Sevilla រូបនេះ និងរូបគេធ្លាប់បានធ្វើការជាមួយគ្នានៅឯក្លិប Celta Vigo រយៈពេល2ឆ្នាំម្តងរួចមកហើយ។

    លោក Berizzo សង្ឃឹមថា Nolito នឹងរកឃើញទម្រង់លេងដ៏ល្អឥតខ្ចោះរបស់គេត្រឡប់មកវិញ ក្រោយពីរូបគេបានស៊ុតបាល់បញ្ចូលទី 39គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ La Liga ចំនួន 100លើក ក្នុងរដូវកាលឆ្នាំ 2013-2016 ពោលគឺក្នុងពេលរូបគេលេងឲ្យក្លិប Celta Vigo។

    ការផ្ទេរនេះនឹងបំពេញសប្តាហ៍ដ៏រីករាយសម្រាប់ Sevilla ក្រោយពីពួកគេបានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិកូឡុំប៊ី Luis Muriel មកពីក្លិប Sampdoria កាលពីថ្ងៃអង្គារ៕
    ប្រភពពី៖ Sky Sports

  • ផលិតផលល្បីរំលាយកុងត្រាជាមួយ Kim Woo Bin ព្រោះ…

    ផលិតផលល្បីរំលាយកុងត្រាជាមួយ Kim Woo Bin ព្រោះ…

    តាមរយៈសារព័ត៌មាន Sports Seoul បានចេញផ្សាយថា តារាសម្ដែងប្រុស Kim Woo Bin ដែលកំពុងតែកើតជំងឺមហារីកដំណាក់កាលដំបូង និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាអកុសលស្រាប់តែក្រុមហ៊ុនផលិតផលម៉ាកល្បីសម្រេចរំលាយកិច្ចសន្យាមុនពេលកំណត់ជាមួយតារាប្រុសរូបនេះ ដោយសំអាងលើហេតុផលថា លោកមានជំងឺមហារីក ។

    បើតាមប្រភពជិតស្និទ្ធជាមួយតារាប្រុសរូបនេះបានបញ្ជាក់ឱ្យដឹងថា លោក Kim Woo Bin ត្រូវអ្នកតំណាងក្រុមហ៊ុនផលិតផលម៉ាកល្បីមកបញ្ជាក់ប្រាប់ថា សូមធ្វើការរំលាយកិច្ចសន្យាជាមួយលោកពេលមុនពេលកំណត់ ដោយសារខាងក្រុមហ៊ុនទទួលដំណឹងថា លោកមានជំងឺមហារីកកាលពីខែឧសភាកន្លងទៅ ។ បើតាមមជ្ឈដ្ឋានអ្នកគាំទ្រ បានបង្ហើបប្រាប់ថា ក្រុមហ៊ុនដែលបានបញ្ឈប់កិច្ចសន្យាជាមួយតារាឯកប្រុសរូបនេះមុនពេលកំណត់គឺជាក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកល្បីដែលអ្នកគាំទ្រលោកទាំងអស់មិនពេញចិត្តចំពោះរឿងនេះឡើយ ។

    គួររំឮកផងដែរថា លោកវេជ្ជបណ្ឌិត Jung Yoo Seok ធ្លាប់បានបញ្ជាក់ពីស្ថានភាព និងការព្យាលបាលជំងឺមហារីកពីមុនមកថា ដោយសារតែដុំសាច់មហារីកមាននៅកន្លែងដែលរកឃើញនេះមានចំនួនតិច ទើបការព្យាបាលដំណាក់កាលដំបូង គឺគ្រាន់តែផ្ដល់ថ្នាំដោយមិនចាំបាច់ធ្វើការវះកាត់ឡើយ ព្រោះបរិវេណនោះមិនអាចធ្វើការវះកាត់បាន ហើយចំពោះមេរោគមហារីកដែលទើបចាប់កំណើត និងស្ថិតក្នុងដំណាក់កាលទី ២ គឺមានឱកាសជាសះស្បើយដល់ទៅ ៧០ភាគរយ រីឯដំណាក់កាលទី ៣ និងឡើងដល់ទី ៤ គឺអាស្រ័យទៅលើសុខភាពរបស់អ្នកជំងឺ៕

  • Njie បំពេញការផ្ទេរពី Spurs ទៅកាន់ Marseille ជាអចិន្ត្រៃយ៍

    Njie បំពេញការផ្ទេរពី Spurs ទៅកាន់ Marseille ជាអចិន្ត្រៃយ៍

    ខ្សែប្រយុទ្ធអន្តរជាតិកាមេរូន Clinton Njie បានចូលរួមជាមួយនឹងក្លិប Marseille ក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍ ពីក្លិប Tottenham Hotspur ក្រោយពីបានចំណាយពេលកាលពីរដូវមុនក្នុងនាមជាកីឡាករកម្ចីក្នុងលីករបស់បារាំង។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃអាទិត្យ។

    ខ្សែបម្រើវ័យ23ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងក្លិប Spurs ពីក្លិប Lyon កាលពីឆ្នាំ2015 ប៉ុន្តែ បានបង្ហាញខ្លួនត្រឹមតែប៉ុន្មានលើកប៉ុណ្ណោះនៅឯកីឡដ្ឋាន White Hart Lane នៅមុនពេលរូបគេត្រូវបានខ្ចីជើងទៅកាន់ក្លិប Marseille ដែលជាកន្លែងរូបគេបានស៊ុតបាល់បញ្ចូលទី4គ្រាប់ក្នុងការបង្ហាញខ្លួន23លើក។ Tottenham បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា៖ «យើងបានឈានដល់ការព្រមព្រៀងជាមួយនឹងក្លិប Marseille សម្រាប់ការផ្ទេរជាអចិន្រ្តៃយ៍របស់កីឡាករ Clinton Njie។ យើងសូមជូនពរឲ្យ Clinton ជួបតែសំណាងល្អទៅថ្ងៃអនាគត»។

    Njie បានក្លាយជាសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិកាមេរូន ដែលបានឈ្នះពាន Africa Cup of Nations ឆ្នាំ2017 ក្នុងប្រទេសហ្គាបុង។ រូបគេបានចូលរួមមួយនឹងក្លិប Tottenham កាលពីខែសីហា ឆ្នាំ2015 ពីក្លិប Olympique Lyonnais ក្នុងតម្លៃខ្លួន 10លានផោន (ស្មើនឹង 13,10លានដុល្លារអាមេរិក។ នេះបើយោងទៅតាមបណ្តាញសារព័ត៌មានរបស់ចក្រភពអង់គ្លេស ហើយរូបគេបានបង្ហាញខ្លួន14លើកសម្រាប់ក្លិប Tottenham៕
    ប្រភពពី៖ Reuters

  • គុណប្រយោជន៍​នៃ​ការផឹក​ទឹក​ក្ដៅឧណ្ហៗ ដែល​អ្នក​មិន​បានដឹង​

    គុណប្រយោជន៍​នៃ​ការផឹក​ទឹក​ក្ដៅឧណ្ហៗ ដែល​អ្នក​មិន​បានដឹង​

    ការទទួល​ទាន​ទឹក​ឲ្យ​បាន 8កែវ​ក្នុង​មួយថ្ងៃ នឹង​ជួយ​ធ្វើ​ឲ្យ​រាងកាយ​របស់​មនុស្ស​យើង មាន​សុខ​ភាពល្អ ប៉ុន្តែ​អ្នក​ប្រហែលជា ពុំទាន់​បានដឹង​បន្ថែមទៀត​ទេ​ថា ការទទួល​ទាន​ទឹក​ក្ដៅ ឬ​ទឹក​ក្ដៅឧណ្ហៗ បានផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ ដល់​រាង​ការ​របស់​អ្នក?

    01) សម្រក​ទម្ងន់
    ការទទួល​ទាន​ទឹក​ក្ដៅ លាយ​ជាមួយនឹង​ក្រូចឆ្មារ ជា​រៀងរាល់​ពេលព្រឹក អាចជួយ​កាត់បន្ថយ ជាលិកា​ខ្លាញ់ នៅក្នុង​រាងកាយ ដែល​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន ។

    02) ជួយ​បំបាត់ អាកា​រៈ​តឹង​ច្រមុះ និង​ឈឺបំពង់ក
    ការទទួល​ទាន​ទឹក​ក្ដៅ គឺជា​ឱសថ​កែរោគ​ធម្មជាតិ ដ៏​ពិសេស សម្រាប់​សុខភាព​របស់​យើង ដូចជា ជួយ​បំបាត់ បញ្ហា​តឹង​ច្រមុះ ឈឺបំពង់ក ក្អក ផ្ដាសាយ និង​ថែមទាំង​អាចជួយ ធ្វើ​ឲ្យ​អ្នក​ជៀសផុត ពី​ការ​រលាក​ផ្លូវដង្ហើម​បាន​ទៀតផង។

    03) ជួយ​កាត់បន្ថយ ជាតិពុល​នៅក្នុង​ខ្លួន
    ទឹក​ក្ដៅ​ពិតជា​ពិសេស​ណាស់ សម្រាប់​ការ​បន្សាប​ជាតិពុល នៅក្នុង​ខ្លួន​របស់​មនុស្ស​យើង ព្រោះ​នៅពេលដែល​អ្នក​ផឹក​វា​ទៅ នឹងធ្វើ​ឲ្យ​កំដៅ​ក្នុង​ខ្លួន​កើន​ទ្បើង ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក បែកញើស ហើយ​ជាតិពុល ក៏​ត្រូវបាន​ចេញមកក្រៅ តាមរយៈ​ញើស​ផងដែរ។

    04) ការពារ​ភាព​ចាស់​មុន​អាយុ
    ពិតណាស់ថា មនុស្ស​យើង​ម្នាក់ សុទ្ធសឹងតែ​មិន​ចង់​ចាស់ មុន​វ័យ​នោះទេ ប៉ុន្តែ​គួរ​ធ្វើ​យ៉ាងដូចម្ដេច ទើប​អាច​ឲ្យ​អ្នក​នៅ​ក្មេង​ជាង​វ័យ​បាន? បើតាម​ការសិក្សា​ស្រាវជ្រាវ បាន​ឲ្យ​ដឹងថា ការទទួល​ទាន​ទឹក​ក្ដៅ អាចជួយ​ជួស ជុល​កោសិកា ស្បែកចាស់ៗ និង​ខូច ឲ្យ​ប្រែ​មកជា​សភាព​ស្បែក​ធម្មតា បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក នៅតែ​ក្មេង​ជាង​វ័យ​បាន។

    05) ការពារ និង​ព្យាបាល​ការកើត​មុន
    ការទទួល​ទាន​ទឹក​ក្ដៅ អាចជួយ​ការពារ និង​លុបបំបាត់​ឫសគល់ នៃ​ការកើត​ជំងឺ​មុន បាន​យ៉ាង​មាន​ប្រសិទ្ធភាព ព្រមទាំង​ធ្វើ​ឲ្យ​ស្បែ​កមុខ របស់​អ្នកមាន​ភាពស្រស់ស្អាត​ទៀតផង។

    06) ជួយ​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ និង​មិនកើត​អង្គែ
    អត្ថប្រយោជន៍ ដែល​ទទួលបាន​ពី​ការផឹក​ទឹក​ក្ដៅ អាចជួយ​ធ្វើ​ឲ្យ​សក់ មាន​សភាព​ទន់ និង​ភ្លឺរលោង។ លើសពីនេះទៅទៀត វា​ថែមទាំង​អាចជួយ ធ្វើ​ឲ្យ​ការ​ចាក់ឫស នៃ​សក់​របស់​អ្នក មាន​សភាព​រឹងមាំ និង​មាន​សុខភាព​ល្អ។ ទឹក​ក្ដៅ​អាចជួយ រក្សា​ស្បែកក្បាល​របស់​អ្នក ឲ្យ​មាន​សុខភាព​ល្អ ដែល​អាច​ធានា បាន​ពី​ការកើត​អង្គែ។

    07) ជួយ​បង្កើន​ចរន្តរ​ត់នៃ​ឈាម និង​ជំរុញ​ប្រព័ន្ធ​ប្រសាទ ឲ្យ​មាន​សុខភាព​ល្អ
    ការទទួល​ទាន​ទឹក​ក្ដៅ ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​បង្កើន​ចរន្ត នៃ​ការរត់​របស់​ឈាម ឲ្យ​មាន​ភាពប្រសើរ​ទ្បើង និង​ជំរុញ​ប្រព័ន្ធ​ប្រសាទ ឲ្យ​មាន​សុខភាព​ល្អ។

    08) ជួយ​ធ្វើ​ឲ្យ​ការរំលាយ​អាហារ មាន​ភាពប្រសើរ​ទ្បើង
    តាម​ការសិក្សា​ថ្មី​មួយ បាន​បង្ហា​ញា​ថា ការទទួល​ទាន​ទឹក​ក្ដៅ កំ​ទ្បុ​ង​ពេល ឬ​បន្ទាប់ពី​អ្នក​បរិភោគ អាហារ​រួច ពិតជា​អាចជួយ​ធ្វើ​ឲ្យ​ការរំលាយ អាហារ នៅក្នុង​ក្រពះ​របស់​អ្នក មាន​លក្ខណៈ ប្រសើរ​ទ្បើង។

    09) ធ្វើ​ឲ្យ​ពោះវៀន​មាន​ចលនា
    ចំណែកឯ​អត្ថប្រយោជន៍ ចុងក្រោយ​របស់​ទឹក​ក្តៅ​នោះ គឺអាច​ជួយ​ធ្វើ​ឲ្យ​ពោះវៀន មាន​ចលនា​ប្រក្រតី និង​មាន​សុខភាព​ល្អ ព្រមទាំង ពុំមាន​ការឈឺចាប់​នៅក្នុង​ពោះវៀន​នោះទេ៕

  • ក្រុមហ៊ុន Minebea គ្រោងផ្ទេររោងចក្រពីចិន និងហ្វីលីពីនមកកម្ពុជា

    ក្រុមហ៊ុន Minebea គ្រោងផ្ទេររោងចក្រពីចិន និងហ្វីលីពីនមកកម្ពុជា

    ភ្នំពេញ៖ លោក Yoshihisa Kainuma នាយកប្រតិបត្តិក្រុមហ៊ុន Minebea (Cambodia) Co, Ltd មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក នឹងផ្ទេរចង្វាក់ផលិតកម្មរបស់ខ្លួនចូលមកពង្រីកការផលិតបន្ថែមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញក្នុងពេលឆាប់ៗខាងមុខ។

    ក្នុងជំនួបជាមួយឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម លោក Yoshihisa Kainuma មានប្រសាសន៍បញ្ជាក់ថា ដោយមើលឃើញលក្ខណៈអំណោយផលផ្នែកសេដ្ឋកិច្ច ទីតាំងភូមិសាស្ត្រ និងកម្លាំងពលកម្មប្រកបដោយសក្តានុពលនោះ ក្រុមហ៊ុនរបស់លោកនឹងចាប់ផ្តើមពង្រីកផលិតកម្មនៅពេលខាងមុខទៀត ដោយនឹងផ្ទេរផលិតកម្មពីប្រទេសហ្វីលីពីន និងប្រទេសចិន ដោយផ្តោតសំខាន់ ទៅលើការផលិតឧបករណ៍អេឡិចត្រូនិកសម្រាប់គ្រោងការទីក្រុងឆ្លាតនៅកម្ពុជា (Smart City Project in Cambodia) ជាពិសេសប្រព័ន្ធភ្លើង LED តាមផ្លូវ និងប្រព័ន្ធបច្ចេកវិទ្យា Wireless ដែលបានជួយច្រើនក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

    ក្នុងជំនួបនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើនរបស់ក្រុមហ៊ុនជាបន្តបន្ទាប់ និងគាំទ្រពេញទំហឹង ចំពោះគ្រោងការពង្រីកផលិតកម្មរបស់ខ្លួនដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរបន្ថែមទៀត។ ឯកឧត្តមបានចាត់ទុកក្រុមហ៊ុន Minebea ថាជាក្រុមហ៊ុនគំរូរបស់ជប៉ុនដែលគោរពលក្ខខណ្ឌការងារល្អប្រសើរ ដូចជាការបណ្តុះបណ្តាលកម្មករជំនាញនៅក្រៅប្រទេស ផ្គត់ផ្គង់អាហារ និងការស្នាក់នៅ សេវាសុខភាព និងសាលាបង្រៀនអាន និងសរសេរភាសាខ្មែរផងដែរ។

    គួរបញ្ជាក់ថា ក្រុមហ៊ុន Minebea មានវត្តមានលើទឹកដីកម្ពុជានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងបានចាប់ផ្តើមដំណើរការចាប់តាំងពីឆ្នាំ 2011 រហូតដល់បច្ចុប្បន្ន ក្នុងការផលិតម៉ូទ័រខ្នាតតូចសម្រាប់ប្រើប្រាស់ក្នុងឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធភ្លើង LED ជាដើម ហើយបានស្រូបកម្លាំងពលកម្មប្រមាណជាង2ពាន់នាក់នៅពេលបច្ចុប្បន្ន៕

  • កម្ពុជានឹងមានកសិករជំនាញ 4ពាន់នាក់នៅឆ្នាំ2018

    កម្ពុជានឹងមានកសិករជំនាញ 4ពាន់នាក់នៅឆ្នាំ2018

    ភ្នំពេញ – ស្របពេលកម្ពុជាមានកង្វះខាតធនធានមនុស្ស និងបច្ចេកទេសក្នុងការដាំដុះ និងការកែច្នៃកសិផល ក្រុមហ៊ុនចិនមានមូលដ្ឋាននៅខេត្ដ Guangxi ដែលមានជំនាញលើផ្នែកកសិកម្ម បានចំណាយថវិកាក្រោមជំនួយរបស់រដ្ឋាភិបាលចិន ដើម្បីធ្វើការបណ្ដុះបណ្ដាលបច្ចេកទេសទាំងនោះដល់កសិករកម្ពុជា និងមន្រី្ដជំនាញចំនួន8ខេត្ដ។

    ជាមួយលោកLU ZHUOMING Liaison officer of CAPROC នៃក្រុមហ៊ុន Guangxi Forword Agricultural Technology International Cooperation Co.,Ltd បានប្រាប់ថា គម្រោង CAPROC បានដំណើរការនៅកម្ពុជា តាំងពីឆ្នាំ2015 មកម្ល៉េះក្រោមជំនួយរបស់រដ្ឋាភិបាលចិន កម្មវិធីនេះមានរយៈ3ឆ្នាំ។ ក្នុងឆ្នាំទី1 យើងបានបណ្ដុះបណ្ដាលអ្នកបច្ចេកទេស និងមន្រ្ដីជំនាញសរុប1,265នាក់ តាមផែនការរយៈពេលបីឆ្នាំនេះ យើងនឹងបណ្ដុះបណ្ដាលឱ្យបាន 4,000នាក់ជាកសិករជំនាញដែលអាចមានសមត្ថភាព និងជំនាញក្នុងដាំដុះ ព្រមទាំងបច្ចេកទេសវេចខ្ចប់កសិផលក្រោយពេលប្រមូលផលរួច។

    ក្រុមហ៊ុន Forword បានចុះបញ្ជីនៅខេត្ដ Guangxi ប្រទេសចិនតាំងពីឆ្នាំ2008 និងបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ 2009។ CAPROC (China- Cambodia Agriculture Promotion Center) «មជ្ឈមណ្ឌលផ្សព្វផ្សាយ និងលើកកម្ពស់វិស័យកសិកម្មកម្ពុជា-ចិន» ដែលត្រូវចាយថវិកាក្រោមជំនួយរបស់រដ្ឋាភិបាលចិនក្នុងរង្វង់ទឹកប្រាក់ 6 លានដុល្លារអាមេរិក ដើម្បីធ្វើកិច្ចសហប្រតិបត្ដិការរវាងចិន និងកម្ពុជាទៅលើគម្រោងកសិកម្ម។

    Liaison officer of CAPROC នៃក្រុមហ៊ុន Forword បញ្ជាក់ថា មូលហេតុដែលរដ្ឋាភិបាលចិន ក៏ដូចជាក្រុមហ៊ុនរបស់លោករៀបចំឱ្យមានគម្រោងCAPROC ព្រោះសម្លឹងឃើញថា កម្ពុជាជាប្រទេសមានស្ថិរភាពនយោបាយល្អ ដែលជាឱកាសទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុននៅទីនេះ។

    ពិសេសដោយយើងជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មស្រាប់ដូច្នេះទើបសម្រេចបង្កើតការិយាល័យនៅក្នុងប្រទេសកម្ពុជាតែម្ដង។ លើសពីនេះកម្ពុជាមានគុណសម្បត្ដិល្អច្រើនដូចជា សណ្ឋានដីល្អ ដីមានជីវជាតិ និងគុណភាពខ្ពស់ ពុំទាន់ត្រូវបានបំពុលពីកាកសំណល់ឧស្សាហកម្ម តម្លៃពលកម្មក៏មិនសូវថ្លៃផង។ មួយវិញទៀតយើងមើលឃើញថា ទំហំដីសម្រាប់ធ្វើកសិកម្មក្នុងកម្ពុជានៅមានភាពទូលាយ កត្តាទាំងនេះហើយដែលនាំឱ្យយើងគិតថា កម្ពុជានៅមានឱកាសក្នុងការពង្រីកសក្ដានុពលកសិកម្មរបស់ខ្លួនបន្ដទៀតបាន។

    លោកបញ្ជាក់ថា បន្ទាប់ពីបញ្ចប់គម្រោង CAPROC ក្រមហ៊ុនមានគម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈបច្ចេកទេសកសិកម្ម និងគ្រឿងចក្រផ្សេងផងដែរ ធ្វើយ៉ាងណាដើម្បីពង្រីកសកម្មភាពការងារទាំងនេះឱ្យកាន់តែមានភាពទូលំទូលាយ ដើម្បីផ្ដល់ចំណេះជំនាញដល់ប្រជាជនខ្មែរដែលមានចិត្ដស្រឡាញ់វិស័យកសិកម្ម៕