Category: សង្គម និងសេដ្ឋកិច្ច

  • លោក Conte បន្តកុងត្រារយៈពេល 2ឆ្នាំទៀតនៅ Chelsea ដើម្បីបញ្ចប់ការសង្ស័យ

    លោក Conte បន្តកុងត្រារយៈពេល 2ឆ្នាំទៀតនៅ Chelsea ដើម្បីបញ្ចប់ការសង្ស័យ

    លោក Antonio Conte បានសម្រេចចិត្តពីអនាគតរបស់លោកជាមួយក្លិប Chelsea តាមរយៈការចុះកុងត្រាថ្មីរយៈពេល2ឆ្នាំទៀតជាមួយនឹងក្លិបនេះ ដែលនឹងទទួលបានចំណូលដល់ទៅ20លានផោន (ស្មើនឹង26លានដុល្លារអាមេរិក)។

    គ្រូបង្វឹករបស់ក្រុមតោខៀវរូបនេះត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ប្រទេសអ៊ីតាលីវិញនៅរដូវក្តៅនេះ ប៉ុន្តែ លោកបានបញ្ចប់ពាក្យចចាមអារ៉ាមផ្សេងៗដែលថា លោកអាចនឹងចាកចេញ។ លោក Conte បានដឹកនាំឲ្យក្លិប Chelsea លើកពានក្របខ័ណ្ឌ Premier League ក្នុងរដូវកាលទី1របស់លោកនៅឯកីឡដ្ឋាន Stamford Bridge។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការចុះហត្ថលេខាលើកុងត្រាថ្មីជាមួយនឹងក្លិប Chelsea។ យើងបានធ្វើការងារជាមួយគ្នាយ៉ាងល្អ និងលំបាកក្នុងឆ្នាំទី1របស់យើងដើម្បីសម្រេចបានសមិទ្ធផលដ៏អស្ចារ្យ ដែលខ្ញុំពិតជាមានមោទនភាពណាស់។ ពេលនេះយើងត្រូវតែធ្វើការងារឲ្យកាន់តែខ្លាំងជាងមុនដើម្បីរក្សាការស្ថិតក្នុងកម្រិតកំពូល»។

    លោក Conte បានបន្ថែមទៀតថា៖ «អ្នកគាំទ្ររបស់ Chelsea បានផ្តល់នូវការគាំទ្រដល់ខ្ញុំយ៉ាងខ្លាំងក្លា ចាប់តាំងពីខ្ញុំបានមកដល់ទីនេះកាលពី1ឆ្នាំមុន ហើយវាពិតជាសំខាន់ណាស់ដែលយើងបន្តទទួលជោគជ័យជាមួយគ្នា»។ ក្រុមតោខៀវរបស់លោក Conte នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីអាស៊ី សម្រាប់ដំណើរប្រកួតមុនបើករដូវកាលរបស់ពួកគេនៅសប្តាហ៍នេះ ដោយពួកគេនឹងត្រូវប្រកួតជាមួយនឹងក្រុម Arsenal, Bayern Munich និង Inter Milan។

    លោក Marina Granovskaia ប្រធានផ្នែកកីឡារបស់ Chelsea បានឲ្យដឹងថា៖ «លោក Antonio បានទទួលបានជោគជ័យដ៏មិននឹកស្មានដល់កាលពីរដូវកាលមុន តាមរយៈការសម្របខ្លួនក្នុងកីឡាបាល់ទាត់អង់គ្លេសបានយ៉ាងឆាប់រហ័ស និងជួយឲ្យយើងឈ្នះពាន Premier League»៕
    ប្រភពព័ត៌មាន៖ The Sun

  • ដឹង​ទុក​ចេះ​ជា​ចំណេះ…វិធី​សង្គ្រោះ​ជីវិត​ពេល​រថយន្ត​ធ្លាក់ចូល​ក្នុង​ទឹក​ (មានវីដេអូ)

    ដឹង​ទុក​ចេះ​ជា​ចំណេះ…វិធី​សង្គ្រោះ​ជីវិត​ពេល​រថយន្ត​ធ្លាក់ចូល​ក្នុង​ទឹក​ (មានវីដេអូ)

    ឧប្បត្តិហេតុ​អាច​កើតឡើង​បាន​គ្រប់ពេលវេលា ជាពិសេស​ឧប្បត្តិហេតុ​ខាង​រថយន្ត​ដែល​យើង​ត្រូវតែ​ទទួលស្គាល់ថា មាន​ច្រើនដង​ណាស់​ដែល​រថយន្ត​របស់​ជនរងគ្រោះ​ត្រូវ​ធ្លាក់ចូល​ទៅក្នុង​ទឹកទន្លេ បឹង ឬ​ត្រពាំងជ្រៅៗ និង​បើសិនជា​កើតហេតុ​ការណ៍​បែបនេះ​ចំពោះ​ខ្លួន​អ្នក​វិញ អ្នកនឹង​មាន​ពេល​មិន​ដល់ 1 នាទី​ទេ​ក្នុងការ​រំដោះខ្លួន​ឱ្យ​រួច​ផុតពី​ការ​លង់ទឹក​ស្លាប់។ ប្រាកដ​ណាស់ ការតាំង​ស្មារតី ជាមួយនិង​វិធី​ការរំដោះ​ខ្លួន​ដែល​ត្រឹមត្រូវ នឹង​ជួយ​ឱ្យ​អ្នក​រួច​ផុតពី​ស្ថានការណ៍​ដ៏​សែន​អាក្រក់​នេះ​បាន ដូច្នេះ​បើសិនជា​កើតហេតុ​ការណ៍​បែបនេះ​ឡើង​មែន តែ​យើង​គួរ​ធ្វើយ៉ាងណា?

    1 . កុំ​ស្លន់ស្លោ តាំងស្មារតី ប្រញាប់​ចុច​ដោះ​ខ្សែក្រវាត់​សុវត្ថិភាព​ចេញពី​ខ្លួន​ឱ្យបាន​លឿន​បំផុត​ភ្លាម។

    2 . ប្រញាប់​ចុច​កញ្ចក់​បើក​ឱ្យបាន​លឿន​បំផុត។

    3 . ប្រញាប់​ហក់​ចេញមកក្រៅ​តាម​បង្អួច​ឡាន​ឱ្យបាន​លឿន​បំផុត។

    ចូរ​ចាំ​ទុក​ថា នៅពេល​ឡាន​ធ្លាក់​ចូលទៅ​ប៉ះ​នឹង​ទឹក​ហើយ បើ​រុញ​ទ្វារ​ឡាន​បើក​មិនបាន ចូរ​កុំ​រវល់​តែ​ខាត​ពេល​ក្នុងការ​រុញ​ទ្វារ​បើក ព្រោះ​អ្នក​គ្មាន​ផ្លូវ​ស៊ូ​នឹង​កម្លាំង​រុញ​ផ្ទប់​របស់​ទឹក​ពី​ខាងក្រៅ​មក​បានឡើយ។ សូម​សាកល្បង​ទស្សនា​ឃ្លិប​ដែល​អនុវត្ត​ពី​វិធី​សង្គ្រោះ​ខ្លួនឯង​ខាងក្រោម​នេះ​ដូចតទៅ។

    ប្រាកដ​ណាស់​មកដល់ពេលនេះ មនុស្ស​ជាច្រើន​ប្រហែល​ជាមាន​សំណួរ​ជាច្រើន ព្រោះ​ក្នុង​ស្ថានការណ៍ពិតៗអាច​មិន​ងាយស្រួល​បែប​នោះទេ កញ្ចក់​អគ្គិសនី​អាច​នឹង​លែង​ធ្វើការ។ ពេលដែល​កំពុងតែ​លិច​ចូលទៅក្នុង​ទឹក មិន​ថា​ដោយ​មូល​ហេតុអ្វី​ក៏ដោយ តែបើ​លោក​អ្នកមាន​ពេលវេលា​គ្រប់គ្រាន់ ក៏​សាកល្បង​ប្រើ​វិធី​នេះ ក៏​អាច​រួចខ្លួន​បានដែរ គឺ​រក​របស់​អ្វីស្រួចមាំៗមក​គាស់​កញ្ចក់​បែបនេះ​ក៏បាន។

    តែបើ​ចៃដន្យ​ឡាន​របស់​អ្នក​លិចទៅ​ក្នុង​ទឹក​យ៉ាង​ឆាប់រហ័ស​នោះ រឿង​ដែល​សំខាន់​នៅពេលនេះ​គឺ “ចូរ​តាំងស្មារតី​ឱ្យ​មុតមាំ” នៅពេល​ទឹក​ហូរ​ចូលមកក្នុង​ឡានជារឿយៗហើយ​នោះ ចូរ​កុំ​ភ្លេច​ដក​សោ​គន្លឹះទ្វារ​ឡាន ហើយ​អ្នក​ត្រូវ​ព្យាយាម​រង់ចាំ​រហូតដល់​ទឹក​ហូរ​ចូលមក​ពេញ​ឡាន ដើម្បីឱ្យ​កម្លាំង​រុញ(សម្ពាធ)របស់​ទឹក​នៅ​ខាងក្នុង​ស្មើគ្នា​នឹង​កម្លាំង​រុញ​របស់​ទឹក​ខាងក្រៅ​ឡាន​ស្មើគ្នា បន្ទាប់ពីនោះ​ចូរ​រុញ ឬ​ធាក់​ទ្វារ​ចេញ​ឱ្យ​អស់ពី​កម្លាំង​ដែលមាន។ ប្រាកដ​ណាស់ អ្នកមាន​ពេល​តែ​មិន​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ តែ​នេះ​គឺជា​វិធី​ចុងក្រោយ​បំផុត​ដែល​អ្នក​អាច​នឹង​រួច​ជីវិត។

    បន្ទាប់ពី​អ្នកចេញ​ផុតពី​ក្នុង​រថយន្ត​មកហើយ និង​មិនដឹងថា ទិស​ខាង​ណា​គឺ​ផ្ទៃ​ទឹក​ខាងលើ​នោះ ចូរ​សង្កេតមើល​ពពុះទឹក​ដែល​យើង​បញ្ចេញ​ពី​មាត់ ហើយ​ធាក់​ទឹក​ឱ្យ​ខ្លាំង​ឡើងទៅ​តាម​ពពុះទឹក​នោះ​ទៅ។ តែ​អ្វីដែលគ្រប់ៗគ្នា​មិនគួរ​ភ្លេច​តាំងពី​ដំបូង​នោះ​គឺ ការពាក់​ខ្សែក្រវាត់​សុវត្ថិភាព ព្រោះ​បើ​អ្នក​មិនបាន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព

    តាំងពី​ដំបូង​នោះ កម្លាំង​បោក​ផ្ទប់​ដែល​បណ្តាលមកពី​ការបុក អាចធ្វើឱ្យ​អ្នកសន្លប់ ឬ​រងគ្រោះថ្នាក់​រហូត​មិនអាច​កែខៃ​ស្ថានការណ៍​ជា​បន្តបាន តែ​យ៉ាងណាក៏ដោយ សូមឱ្យ​លោកអ្នក​សំណាងល្អ និង​សង្ឃឹមថា វា​នឹងមិន​កើតហេតុ​ការណ៍​បែបនេះ​ជាមួយ​នរណាម្នាក់​ឡើយ៕

    https://www.youtube.com/watch?v=WLvL_AsjzmY

  • ផលិតកម្ម JYP ចាត់វិធានការចំពោះតារាប្រុសផឹកក្នុងហាងមានស្រីបម្រើ

    ផលិតកម្ម JYP ចាត់វិធានការចំពោះតារាប្រុសផឹកក្នុងហាងមានស្រីបម្រើ

    លោក Park Jin Young បានពន្យល់អះអាងថា ច្បាប់សំខាន់មួយនៅក្នុងគោលការណ៍ច្បាប់ទាំងអស់របស់ផលិតកម្ម JYP Entertainment គឺត្រូវតែបង្គាប់ឱ្យបុគ្គលិក និងតារាទាំងអស់គោរពតាម ។ លោកបានអះអាងបែបនេះចំពោះបុគ្គលិក និងតារាទាំងអស់របស់ JYP Entertainment ដែលបានទៅផឹកស៊ីនៅក្នុងបារ៍រាត្រី ព្រមទាំងរំខាន និងបង្កទង្វើអសីលធម៌ចំពោះស្ត្រីបម្រើការក្នុងបារ៍។

    ដោយឡែកបារ៍ទាំងអស់នោះបានជួលនារីៗដើម្បីឲ្យបម្រើបុរសជាអតិថិជនក្នុងការផឹកជាមួយ និងកំដភ្ញៀវ និងធ្វើការសន្ទនាគ្នាលេងតែប៉ុណ្ណោះ។ លោក Park Jin Young បានពន្យល់ និងអះអាងច្បាប់ដំបូងបង្អស់របស់លោកទៅកាន់តារាប្រុស និងបុគ្គលិកថា៖ «មុនហ្នឹងខ្ញុំបានប្រាប់អ្នករាល់គ្នាតាំងពីដំបូង ពួកអ្នកបានខឹងសម្បាយ៉ាងខ្លាំងមកលើខ្ញុំ ហើយបានសួរថា កន្លែងណាដែលពួកយើងត្រូវជួបនិយាយគ្នា និងពិភាក្សាអំពីការងារ ? តើពួកយើងជួបគ្នានៅទីនោះមែនឬទេ?»។

    ជាការឆ្លើយតប តារាចម្រៀង និងប្រធានក្រុមហ៊ុន JYP Entertainment រូបនេះបានឆ្លើយថា “ខ្ញុំបានប្រាប់អ្នកទាំងអស់រួចមកហើយ ហើយវាគ្មានបញ្ហាអ្វីត្រូវឱ្យក្រុមហ៊ុនភ័យខ្លាចដួលរលំឡើយ ហើយភ្លាមៗនេះ បើអ្នកឈានជើងចូលទៅក្នុងបារ៍រាត្រីណាមួយភ្លាមនោះ អ្នកនឹងត្រូវល្មើសច្បាប់ក្រុមហ៊ុនហើយ” ៕

  • ឧកញ៉ា ចេង ខេងៈ វិនិយោគលើដីធ្លី ពេលណាក៏ជោគជ័យដែរ ឱ្យតែចេះរកអ្នកជំនាញជួយ

    ឧកញ៉ា ចេង ខេងៈ វិនិយោគលើដីធ្លី ពេលណាក៏ជោគជ័យដែរ ឱ្យតែចេះរកអ្នកជំនាញជួយ

    ភ្នំពេញ – សព្វថ្ងៃមានអ្នកមានធនធាន និងទ្រព្យសម្បតិ្ដជាច្រើនមានបំណងចង់ធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យ ប៉ុន្ដែអ្នកទាំងនោះហាក់នៅមានអារម្មណ៍ស្ទាក់ស្ទើរជាមួយការសម្រេចចិត្ដរបស់ខ្លួន ដោយពួកគាត់បារម្ភខ្លាចខាតបង់ប្រាក់ទុន។ បញ្ហានេះត្រូវបានលោកឧកញ៉ា ចេង ខេង បញ្ជាក់ថា បើចង់វិនិយោគលើវិស័យនេះបានជោគជ័យគួរតែពិភាក្សាជាមួយអ្នកជំនាញដែលមានបទពិសោធ។

    លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ កម្ពុជា ស៊ីភីអិល (CPL)បានលើកឡើងថា មនុស្សគ្រប់រូបអាចយកលុយដែលខ្លួនមានមកវិនិយោគលើវិស័យអចលនទ្រព្យ ឬវិស័យដីធ្លី ហើយគាត់នឹងអាចក្លាយជាអ្នកមានទ្រព្យសម្បត្ដិកើនឡើងបាន ប៉ុន្ដែចំណុចនេះលោកសំដៅទៅលើការវិនិយោគដែលបានឆ្លងកាត់ការពិភាក្សាជាមួយអ្នកជំនាញដែលមានបទពិសោធ។ ជួនកាលគាត់មានលុយច្រើន អាចវិនិយោគលើវិស័យនេះបានមែន ប៉ុន្ដែគាត់មិនបានពិភាក្សាជាមួយអ្នកជំនាញ គាត់អត់ទទួលបានព័ត៌មានគ្រប់គ្រាន់ ពុំដឹងថា ទីផ្សារត្រូវពង្រីកទៅកន្លែងណា ដូច្នេះគាត់ក៏ពុំទទួលបានភាពជោគជ័យដែរ។

    អគ្គនាយកក្រុមហ៊ុន CPL បញ្ជាក់ថា៖ «ដូចជារូបខ្ញុំជាដើម កន្លងមកខ្ញុំបាននាំអ្នកវិនិយោគលើវិស័យនេះឱ្យក្លាយជាសេដ្ឋីច្រើននាក់មកហើយក្នុងរយៈពេល20ឆ្នាំកន្លងមកនេះ ពោលគឺខ្ញុំបាននាំអ្នកដែលចូលចិត្ដវិនិយោគលើដីធ្លីឱ្យទទួលបានជោគជ័យច្រើន ទើបគេជឿជាក់លើខ្ញុំ។ ប្រសិនបើយើងឱ្យយោបល់ទៅគេនូវអ្វីដែលមិនមែនជាការពិត និយាយផ្សេង លទ្ធផលក៏នឹងចេញមកផ្សេង នោះគេនឹងមិនអាចជឿជាក់លើយើងបានទេ»។

    លោកឧកញ៉ាបន្ដថា  ប្រសិនបើយើងចង់វិនិយោគលើអចលនទ្រព្យពិតប្រាកដមែន មានថវិកាប៉ុន្មានក៏អាចវិនិយោគបានដែរ អ្វីដែលសំខាន់គឺគួរតែមកពិភាក្សាជាមួយអ្នកជំនាញ ព្រោះពួកគេអាចធ្វើការងារនេះបានពី Aដល់ Z។ គេអាចដឹងថាមានថវិកាប៉ុន្មាន គួរវិនិយោគកន្លែងណា? យើងមានលុយតិចរកស៊ីតាមតិច មានលុយច្រើនរកស៊ីតាមហ្នឹង ព្រោះអ្នកជំនាញគេអាចច្នៃគ្រប់រសជាតិបានទាំងអស់។ ពាក់ព័ន្ធនឹងការបោះឆ្នោតនាពេលខាងមុខដែលអ្នកវិនិយោគជាច្រើនតែងមានការព្រួយបារម្ភនោះ ត្រូវបានលោកឧកញ៉ា ចេង ខេង បញ្ជាក់ថា ជាទស្សនរបស់លោកគឺគ្មានអ្វីជាការព្រួយបារម្ភទេ ព្រោះយើងមើលឃើញថា គណបក្សនយោបាយទាំងអស់មានចរិតចាស់ទុំហើយតាមរយៈការបោះឆ្នោតឃុំ -សង្កាត់កន្លងមក តាមរយៈការបង្ហាញនូវសកម្មភាពល្អៗ។ ដូច្នេះអ្វីដែលគួរបារម្ភគឺថា តើយើងអាចរកបានអ្នកជំនាញមានបទពិសោធពិតប្រាកដ មានក្រមសីលធម៌វិជ្ជាជីវៈមកជួយយើងបានដែរឬទេ? ដូច្នេះ មុននឹងយើងជឿជាក់លើមនុស្សម្នាក់យើងត្រូវមើលពីប្រវត្ដិរបស់គេឱ្យបានច្បាស់។ លោកបញ្ជាក់បន្ថែមថា៖ «ភ្នាក់ងារអចលនវត្ថុមានច្រើន ប៉ុន្ដែភ្នាក់ងារខ្លះអត់មានសច្ចភាពក្នុងការងាររបស់គាត់ទេ គាត់ក៏មិនគិតដល់អនាគតដែរ គាត់ធ្វើយ៉ាងម៉េចឱ្យតែបានលុយពេលហ្នឹង បោកប្រាស់គេបានកាន់តែល្អ ព្រោះគាត់អត់មានជំនាញត្រឹមត្រូវ គ្មានកេរ្ដិ៍ឈ្មោះក្នុងសង្គម»។

    លោកឧកញ៉ាសង្កត់ធ្ងន់ថា ការវិនិយោគក្នុងវិស័យដីធ្លី យើងវិនិយោគពេលណាក៏ជារឿងត្រឹមត្រូវដែរ សំខាន់រកអ្នកជំនាញឱ្យជួយ។ កន្លងមកយើងមើលឃើញថា អ្នករង់ចាំទិញដីធ្លាក់ថ្លៃ ឬមានតម្លៃទាបមិនដែលទិញបាននោះទេ ព្រោះការរកស៊ីលើវិស័យនេះគឺយើងត្រូវទិញហើយរង់ចាំបន្ដិច នោះយើងនឹងទទួលបានផលចំណេញ ព្រោះមកដល់ចំណុចនេះ ដីវាពិបាកនឹងធ្លាក់ថ្លៃចុះណាស់ ដោយសារតម្រូវការមនុស្សមានជាប់ជានិច្ច៕

  • ភាពយន្តដ៏ល្បីរបស់ថៃ Bad Genius ទទួលបានពាន 2 ក្នុងឆ្នាំ2017 នៅញូវយ៉ក!

    ភាពយន្តដ៏ល្បីរបស់ថៃ Bad Genius ទទួលបានពាន 2 ក្នុងឆ្នាំ2017 នៅញូវយ៉ក!

    ខ្សែភាពយន្តនិយាយពីសិស្សវិទ្យាល័យដែលមានចំណងជើង Bad Genius បានឈ្នះពានរង្វាន់ 2ផ្ទួនគ្នា ជាតារារះប្រចាំទ្វីបអាស៊ី នៃផ្ទាំងទស្សនីយភាពអន្តរជាតិ (IRSAA)នៅក្នុងកម្មវិធី​ប្រកួតមហោស្រពខ្សែភាពយន្តលើកទី 16 ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក NYAFF។

    នាយកដឹកនាំរឿងខាងលើ គឺលោក Nattawut Poonpiriya ហៅកាត់ Baz បានទៅចូលរួមក្នុងពិធីប្រគល់ពានរង្វាន់​ខាងលើនេះនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី15 ខែកក្កដា ខណៈភាពយន្តរបស់លោក Baz បានធ្វើការដាក់បញ្ចាំង​នៅ​ក្នុងមហោស្រពខាងលើនេះ នៅថ្ងៃទី17 នៃពិធី ហើយទីបំផុត​វាក៏ទទួលបានពានរង្វាន់​ IRSAA នេះ ខណៈដែលខ្សែភាព​យន្ត​របស់នាង Chuengcharoeng sukyong ជនជាតិថៃក៏បានទទួលពានរង្វាន់មួយផងដែរនៅក្នុង​មហោស្រព Walter Reade Theater។

    គួរបញ្ជាក់ថា ខ្សែភាពយន្ត Bad Genius គឺស្ថិតនៅក្នុងលំដាប់ខ្សែភាពយន្តកំពូលៗទាំង 7 ដែលស្ថិតនៅក្នុងការប្រកួតប្រជែង​គ្នាដ៏ប្រកៀកប្រកិតនៅចំពោះមុខគណៈកម្មការជាច្រើនរូបដែលធ្វើការត្រួតពិនិត្យម្តងហើយម្តងទៀត។ សម្រាប់ខ្សែភាពយន្តដែលទទួលបានពានរង្វាន់ពិសេស (មានអ្នកនិយាយពីវាច្រើនជាងគេ) បានទៅលើខ្សែភាពយន្តរឿង A Double Life របស់ប្រទេសជប៉ុន ខណៈពានរង្វាន់កិត្តិយសមួយទៀតបានទៅលើខ្សែភាពយន្តរឿង Le Binh Giang ដោយ KFC របស់ប្រទេសវៀតណាម៕​

  • ដំណាច់ឆមាសទី1 ឥណទានអេស៊ីលីដាស្ថិតក្នុងសភាពទ្រឹង

    ដំណាច់ឆមាសទី1 ឥណទានអេស៊ីលីដាស្ថិតក្នុងសភាពទ្រឹង

    ភ្នំពេញៈ ដំណាច់ឆមាសទី1 ឆ្នាំនេះ ការផ្តល់ឥណទានពីសំណាក់ធនាគារធំជាងគេទី1នៅកម្ពុជាបានស្ថិតក្នុងសភាពទ្រឹង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអឹលស៊ីបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី18 កក្កដានេះថា ការផ្តល់ឥណទានរបស់អេស៊ីលីដាឆ្នាំនេះមានកំណើនទាបជាង1ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទំហំទឹកប្រាក់បានកើនពី2,771ដល់2,793លានដុល្លារអាមេរិកប៉ុណ្ណោះ គឺស្មើនឹងកំណើន0.79ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោកបន្តថា ទោះជាយ៉ាងណាការទទួលប្រាក់បញ្ញើមានកំណើនល្អប្រសើរ ដោយទំហំប្រាក់បញ្ញើបានកើនពី3,051លានដុល្លារ ដល់3,253លានដុល្លារអាមេរិក កើនឡើង202លានដុល្លារ ស្មើនឹងកំណើន6.6ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
    លោកបន្តថា “ការផ្តល់ឥណទានមិនសូវមានភាពលូតលាស់ ដោយសារបញ្ហាកសិផលរបស់ប្រជាកសិករមានបញ្ហានៅឆ្នាំនេះ ទើបពួកគេមិនសម្រេចចិត្តខ្ចីប្រាក់ ហើយអ្នកមានប្រាក់នៅសល់បានយកប្រាក់មកទុកនៅធនាគារ ដោយសារការវិនិយោគមិនមានផលចំណេញ”។ លោកបន្តថា “ទោះជាយ៉ាងណាវិស័យដទៃទៀតក្រៅពីកសិកម្ម មិនមានបញ្ហាអ្វីនោះទេ នៅតែដំណើរការល្អជាធម្មតា”។

    លោក អ៊ិន ចាន់នី បានបន្តថា ចំណែកឥណទានចំណាយទូទៅ(ដូចជាឥណទានទិញរបស់របរប្រើប្រាស់) ក៏មានសភាពទ្រឹងផងដែរ ដោយរយៈពេល6ខែឆ្នាំនេះ ការផ្តល់ឥណទានលើផ្នែកនេះមានទំហំទឹកប្រាក់58លានដុល្លារ ខណៈដំណាច់ឆ្នាំមុនទំហំឥណទានផ្នែកនេះ មានទំហំទឹកប្រាក់63លានដុល្លារអាមេរិក។ លោកបន្តថា លោករំពឹងថា ឥណទានទូទៅឆ្នាំនេះនឹងមានប្រហាក់ប្រហែលឆ្នាំមុន បើគិតរហូតដល់ដំណាច់ឆ្នាំ។

    លោកបន្តថា “ការផ្តល់ឥណទានបែបនេះ មានបញ្ហាល្អ និងមិនសូវល្អសម្រាប់អតិថិជន ប្រសិនជាពួកគេទិញអ្វីមួយដើម្បីបង្កើនចំណូលជាការល្អ ប៉ុន្តែប្រសិនជាខ្ចីយកទៅទិញរបស់ប្រើប្រាស់ធម្មតាវិញ នឹងមិនបង្កើនចំណូលនោះទេ”។

    ទោះជាយ៉ាងណាលោក ឆារស៍ វ៉ាន់ ប្រធានស្តីទីសមាគមធនាគារកម្ពុជាបានថ្លែងថា ការផ្តល់ឥណទានពីធនាគារនានានៅតែមានភាពល្អប្រសើរ ដោយសារការរីកចម្រើននៃសេដ្ឋកិច្ចជាតិ កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ អ្នកវិនិយោគបរទេសដែលមកវិនិយោគនៅកម្ពុជា ទទួលបានជោគជ័យ ដែលធ្វើឲ្យទីផ្សារក្នុងវិស័យនេះបន្តមានភាពរីកចម្រើន៕

  • បោះបង់ការងារក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ មកបើកកសិដ្ឋានចិញ្ចឹមចង្រិត

    បោះបង់ការងារក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ មកបើកកសិដ្ឋានចិញ្ចឹមចង្រិត

    ភ្នំពេញ៖ ពាក្យចាស់លោកថា «អត់លុយបានតឺនុយយោង» ដែលពាក្យនេះហាក់ឌឺដងទៅដល់អ្នកធ្វើការនៅក្នុងការិយាល័យមួយចំនួន ដែលអ្នកខ្លះបានប្រាក់ខែតិចចាយមិនដល់ខែផងក៏មានដែរ ប៉ុន្តែគ្រាន់តែថា បានតឺនុយស្អាតរាល់ថ្ងៃ។ ដោយសារតែប្រាក់ខែជាអ្នករដ្ឋបាលមានកំណត់បែបនេះ ទើបធ្វើឱ្យយុវជនម្នាក់សម្រេចចិត្តបោះបង់ការងារអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ហើយងាកមកចិញ្ចឹមចង្រិតនៅផ្ទះវិញ ព្រោះអាចរកប្រាក់ចំណូលបានខ្ពស់ជាងឆ្ងាយណាស់។

    កំពុងដាក់ចំណីឱ្យសត្វចង្រិតនៅក្នុងកសិដ្ឋានមួយកន្លែងដែលមានផ្ទៃដីទំហំទទឹង6ម៉ែត្រ បណ្តោយ 15ម៉ែត្រ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យុវជន ពុំ ប៊ុនម៉ៅ បានផ្តល់បទសម្ភាសថា ខ្លួនបានរៀបចំកសិដ្ឋានចិញ្ចឹមចង្រិតនេះរយៈពេលមួយឆ្នាំមកហើយ ដោយកាលណោះធ្វើការជាជំនូយការនៅក្នុងរោងចក្រកែវបណ្តើរ ឆ្លៀតពេលចិញ្ចឹមចង្រិតលក់បណ្តើរ ព្រោះការងារចិញ្ចឹមចង្រិតនេះមិនលំបាក និងមិនចំណាយពេលថែទាំច្រើននោះទេ។ ដោយសារតែមានមហិច្ឆតាពង្រីកកសិដ្ឋានចិញ្ចឹមចង្រិតឱ្យបានកាន់តែធំឡើងៗ យុវជនរូបនេះក៏បានសម្រេចបោះបង់ការងារជាជំនួយការរដ្ឋបាលក្នុងរោងចក្រកែវនេះតែម្តង កាលពីខែមិថុនា ឆ្នាំ2017 កន្លងទៅថ្មីៗនេះ។

    ប្អូនប្រុស ប៊ុនម៉ៅ បញ្ជាក់ថា សម្រាប់កសិដ្ឋានចិញ្ចឹមចង្រិតនៅលើផ្ទៃដីតូចខាងលើនេះគាត់អាចចាក់បេតុងធ្វើជាអាងចិញ្ចឹមចង្រិតបានដល់ទៅ7អាង ដោយអាងនីមួយៗពេលប្រមូលផលម្តងបានប្រហែល100គីឡូក្រាម តិចឬច្រើនជាងនេះទៅតាមការថែទាំ ដោយក្នុងមួយគីឡូក្រាមលក់បោះដុំឱ្យម៉ូយបានតម្លៃចន្លោះពី 10,000 ទៅ 12,000រៀល ហើយបើលក់រាយមួយគីឡូក្រាមតម្លៃ 15.000រៀល តែដល់រដូវសម្បូរចង្រិតធម្មជាតិ ចង្រិតចិញ្ចឹមនឹងចុះថ្លៃមកនៅត្រឹមតែ 8.000 ទៅ 9.000 រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។

    ម្ចាស់កសិដ្ឋានវ័យក្មេងខាងលើបញ្ជាក់ថា ការចិញ្ចឹមចង្រិតមិនលំបាកដូចការចិញ្ចឹមជ្រូកឬសត្វមាន់ទាផ្សេងៗនោះទេ ដំបូងឡើយគេចិញ្ចឹមចង្រិតឱ្យវាភ្ញាស់ពងនៅលើផើងមួយដែលមានដាក់ផេះអង្កាមពីលើ ពេលចង្រិតពងហើយគេយកទាំងពង និងផើងច្រកថង់ចងមាត់ឱ្យជិតដើម្បីឱ្យក្តៅភ្ញាស់ពង ហើយត្រឹមតែរយៈពេល 7ថ្ងៃប៉ុណ្ណោះ កូនចង្រិតតូចៗចាប់ផ្តើមញាស់ បន្ទាប់មកយើងស្រាយថង់ចេញយកកូនចង្រិតមកដាក់ក្នុងអាង ដោយដាក់កន្ទក់ហ្មត់ឱ្យពួកវាស៊ី និងដាក់ស្រកីដូង និងបាញ់ទឹកដាក់ ដើម្បីឱ្យចង្រិតផឹកទឹកបឺតយកសំណើមពីស្រកីដូងនោះ «ពេលដែលគេដាក់ទឹក គឹមិនដាក់ក្នុងថូ ឬផើងដូចមាន់ទេ ព្រោះអាចធ្វើឱ្យចង្រិតលង់ស្លាប់ គ្រាន់តែដាក់ស្រកីដូងផ្សើមទឹកបានហើយ ព្រោះចង្រិតវាចេះផឹកទឹកដោយបឹតពីស្រកីដូងបាន និងមិនលំបាកដាក់ទឹកច្រើនដងទៀតផង»។

    ក្រោយពីចង្រិតមានអាយុ10ថ្ងៃ គេអាចដាក់ចំណីឱ្យស៊ីធម្មតាបាន ដោយរួមមានកន្ទក់ ចំណីកូនមាន់ ត្រកួនឬបន្លែផ្សេងៗ ប៉ុន្តែចៀសវាងយកបន្លែមានសារធាតុគីមីដែលទិញពីផ្សារមកឱ្យចង្រឹតស៊ី ព្រោះថា វាងាយនឹងពុលស្លាប់។ ការចិញ្ចឹមចង្រិតមិនរវល់ដូចការចិញ្ចឹមសត្វផ្សេងៗនោះទេ មួយថ្ងៃគេដាក់ចំណីឱ្យស៊ី និងទឹកឱ្យផឹកតែម្តងប៉ុណ្ណោះ បើសិនថ្ងៃណារវល់ដើរឆ្ងាយ យើងអាចដាក់ចំណីសម្រាប់ 2ថ្ងៃម្តងក៏បាន ហើយចាប់តាំងពីពេលភ្ញាស់រហូតដល់ថ្ងៃចាប់លក់គេត្រូវចំណាយពេលប្រមាណពី 40 ទៅ45 ថ្ងៃប៉ុណ្ណោះ។

    យុវជនជាម្ចាស់កសិដ្ឋានខាងលើឱ្យដឹងថា ចំពោះអាងចិញ្ចឹមចង្រិត គឺត្រូវចាក់បេតុងឱ្យជិតល្អ ការពារស្រមោចឡើងស៊ីពងចង្រិត ហើយត្រូវធ្វើរោងប្រក់ស័ង្កសី ដោយត្រូវរាយសំណាញ់ព័ទ្ធជុំវិញឱ្យជិតល្អ ការពារក្រែងមានសត្វចាបឬសត្វស្លាបដទៃចូលមកស៊ីចង្រិតយើងអស់។ សម្រាប់បងប្អូនដែលមានបំណងចិញ្ចឹមចង្រិត អាចទាក់ទងទិញពូជបាន ដោយកន្លងមកកសិដ្ឋានខាងលើ ធ្លាប់បានផ្តល់ពូជទៅឱ្យអ្នកចិញ្ចឹមនៅតាមខេត្តមួយចំនួន ដូចជាខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ និងថែមទាំងជួយផ្តល់វិធីសាស្រ្តឱ្យពួកគាត់ចិញ្ចឹមបានជោគជ័យទៀតផង៕

  • វីន វីន បកស្រាយរឿងលុយទុនបើកភោជនីយដ្ឋានធំមួយនៅភ្នំពេញ

    វីន វីន បកស្រាយរឿងលុយទុនបើកភោជនីយដ្ឋានធំមួយនៅភ្នំពេញ

    កញ្ញាវីន វីន ជាតារាសិល្បៈដែលគេឧស្សាហ៍បានឃើញវត្ដមានក្នុងកម្មវិធីដើរម៉ូដជាច្រើន។ រាល់ការងារដែលនាងធ្វើកន្លងមកមានការខំប្រឹងប្រែងជាខ្លាំង រហូតធ្វើឱ្យអ្នករួមអាជីពជាមួយនាងលើកឡើងថា ធម្មតាទេ ជាតារាសម្ដែងថ្មោងថ្មី នាងត្រូវតែខំប្រឹងប្រែងអ៊ីចឹងហើយ ម្យ៉ាងទំនងជានាងពឹងផ្អែកលើប្រាក់ចំណូលពីសិល្បៈតែមួយមុខទេ ទើបនាងខំប្រឹងប្រែងខ្លាំងបែបហ្នឹង។ថ្មីៗនេះនាងបានបង្ហើបប្រាប់ថា  ក្រៅពីការងារសិល្បៈ នាងក៏ជាម្ចាស់ភោជនីយដ្ខានធំមួយក្នុងទីក្រុងភ្នំពេញឈ្មោះថា «រាជធានីថ្មី» ដែរ។ ពិតជាគួរឱ្យភ្ញាក់ផ្អើលមែន ដែលតារាវ័យក្មេងម្នាក់មានឱកាសក្លាយជាម្ចាស់ភោជនីយដ្ឋានធំមួយក្នុងក្រុងភ្នំពេញខណៈដែលនាងជាក្មេងកំព្រាឱពុកម្ដាយផងនោះ។

    ជុំវិញបញ្ហានេះត្រូវបានកញ្ញា វីន វីន ប្រាប់ថា តាមពិតនាងបានចាប់យកអាជីពសិល្បៈជាច្រើនឆ្នាំមកហើយ តែដោយសាររវល់ជាមួយការរកស៊ី និងការបើកភោជនីយដ្ឋាន ទើបនាងពុំសូវផ្ដោតអារម្មណ៍លើអាជីពសិល្បៈធ្វើឱ្យប្រជាប្រិយភាពរបស់នាងនៅមានកម្រិត។ ជាមួយភាពអស្ចារ្យរបស់តារាសម្ដែងវ័យក្មេង វីន វីន ត្រូវបាននាងបញ្ជាក់ថា ទម្រាំមានដូចពេលបច្ចុប្បន្ន ជីវិតនាងបានឆ្លងកាត់ការលំបាក និងការងារជាច្រើន សូម្បីតែធ្វើការជាអ្នកអនាម័យក៏ធ្លាប់  និងការងារក្នុងក្រុមហ៊ុនក៏នាងធ្លាប់ឆ្លងកាត់មកអស់ហើយ។ តារាសម្ដែងវ័យ23 ឆ្នាំរូបនេះបន្ដថា៖ « អ្វីដែលលំបាក និងឈឺចាប់បំផុតនោះ គឺនៅពេលធ្វើការងារនៅកន្លែងមួយ ហើយត្រូវបានគេមើលងាយ រិះគន់ រករឿងក្នុងចេតនាចង់ឱ្យយើងសុំឈប់ពីការងារ»។ ដូច្នេះហើយទើបនាងមានគំនិតចង់បង្កើតមុខរបរផ្ទាល់ខ្លួនមួយដោយខ្លួនឯងដើម្បីបង្កើនប្រាក់ចំណូលឱ្យបានច្រើនបន្ទាប់ពីនាងបានឆ្លងកាត់ជីវិតក្រលំបាក និងក្រោយពីនាងត្រូវបាត់បង់ឪពុកម្ដាយរួចមក។ នាងបន្ថែមថា៖ «មុនពេលចូលធ្វើការងារឱ្យក្រុមហ៊ុនគេ មានថ្ងៃខ្លះ លុយតែមួយរយរៀលក៏គ្មានក្នុងខ្លួនដែរ»។

    ពាក់ព័ន្ធអាជីវកម្មមួយនេះត្រូវបានគេលើកការសង្ស័យថា តើនាងបានលុយមកពីណាច្រើនម្ល៉េះក្នុងការបើកភោជនីយដ្ឋាន?  ទោះជាយ៉ាងណាកញ្ញា វីន វីន ទទួលស្គាល់ថា ខណៈដែលនាងជាតារាសម្ដែងពុំទាន់ទទួលបានប្រជាប្រិយភាពខ្លាំង តែបែរជាមានអាជីវកម្មផ្ទាល់ខ្លួនពិតជាធ្វើឱ្យមហាជនមានការសង្ស័យមែន ប៉ុន្ដែជាក់ស្ដែងអ្វីដែលនាងមានសព្វថ្ងៃ គឺបានមកពីកម្លាំងញើសឈាមនាងសុទ្ធសាធ។ នាងបញ្ជាក់ថា៖ «សម្រាប់ការគិតរបស់គេផ្សេង ឯការគិតរបស់ខ្ញុំផ្សេង អ្នកដែលស្គាល់ខ្ញុំគេប្រាកដជាដឹងថា ជីវិតរបស់ខ្ញុំតស៊ូតាំងពីក្មេង តាមរយៈការខំប្រឹងប្រែងធ្វើការងារដើម្បីសន្សំប្រាក់យកមកបើកមុខរបររកស៊ីនេះ»។

    នាងប្រាប់បន្ដទៀតថា កន្លងមកនាងធ្វើការងារឱ្យគេយកប្រាក់ខែ រួចយកប្រាក់នេះមករកស៊ីចងការប្រាក់ និងដោយសារតែការរកស៊ីលើផ្នែកនេះកាក់កបខ្លាំង ទើបធ្វើឱ្យលុយរបស់នាងចាប់ផ្ដើមកើនរហូតធ្វើឱ្យនាងមានគំនិតចូលហ៊ុនគ្នាជាមួយបងប្រុសដើម្បីបង្កើតភោជនីយដ្ឋាននេះ។ទោះបីជាមុខរបរនេះជាទីបង្អែកក៏ដោយ ក៏នាងមិនបោះបង់ចោលអាជីពសិល្បៈរបស់នាងដែរ ព្រោះការងារសិល្បៈក៏ជាការរួមចំណែកជួយឱ្យកិច្ចការរកស៊ីរបស់នាងដំណើរការល្អដែរ។ ផ្ទុយទៅវិញនាងបញ្ជាក់ថា បច្ចុប្បន្ននាងបានពង្រីកអាជីពសិល្បៈពីធ្លាប់តែដើរម៉ូដមកជាការសម្ដែងផងដែរ ដោយ  បច្ចុប្បន្ននាងកំពុងតែទទួលបានការសម្ដែងខ្សែភាពយន្ត2រឿងហើយ គឺរឿង«ស្នេហាយុវវ័យ» និង «ទេពធីតាម៉ាណឺកាំង»។ ក្រៅពីទទួលបានការសម្ដែងពីររឿងហើយនោះ ថ្មីៗនេះនាងក៏ទទួលបានស្ប៉តផលិតផលហ្វូងដុសមុខា alite៕

  • គន្លឹះបង្កើតគោលដៅសម្រាប់ជីវិតឱ្យមានប្រសិទ្ធភាព

    គន្លឹះបង្កើតគោលដៅសម្រាប់ជីវិតឱ្យមានប្រសិទ្ធភាព

    មនុស្សគ្រប់គ្នាតែងតែមានគោលដៅប្រចាំជីវិត ខណៈមានអ្នកខ្លះមិនដឹងវិធីសាស្រ្តដើម្បីស្វែងរកខ្លួនឯងដែលទាមទារឱ្យមានវិធីសាស្ត្រក្នុងការកំណត់គោលដៅ។ ជំហានដំបូងក្នុងការកំណត់គោលដៅ គឺត្រូវពិចារណាលើអ្វីដែលអ្នកចង់បាននៅលើគម្រោងសម្រាប់ពេលវេលានៃជីវិតរបស់អ្នក (អ្នកអាចធ្វើការរំពឹងទុកថា តើអ្នកនឹងមានអ្វីខ្លះនៅអាយុប៉ុន្មាន?) ។

    ការបង្កើតនូវគម្រោងពេលវេលា (Lifetime) សម្រាប់គោលដៅផ្តល់ឱ្យអ្នកនូវរូបភាពយ៉ាងច្បាស់លាស់នៃទស្សនៈវិស័យទាំងឡាយដែលអ្នកបានរំពឹងទុក សម្រាប់ធ្វើការសម្រេចចិត្ត ។

    ដើម្បីទទួលបាននូវភាពជោគជ័យលើគោលដៅរបស់អ្នក ហើយមានតុល្យភាពលើគ្រប់ផ្នែកដែលសំខាន់បំផុតក្នុងជីវិត អ្នកគួរតែកំណត់គោលដៅផ្ទាល់ខ្លួនរបស់អ្នកតាមវិធីដូចខាងក្រោម៖

    1. អាជីព (Career): តើអាជីពដែលមានកម្រិតធំប៉ុនណាដែលអ្នកចង់សម្រេចបានក្នុងជីវិតរបស់អ្នក? ឬអ្វីខ្លះដែលអ្នកចង់ធ្វើសម្រាប់ជីវិត?

    2. ហិរញ្ញវត្ថុ (Financial): តើអ្នកចង់រកប្រាក់ឱ្យបានច្រើនប៉ុនណាសម្រាប់ជីវិត? (អ្នកគួរធ្វើការប៉ាន់ស្មានថាតាមដំណាក់កាលនៃជីវិត ថាត្រឹមអាយុ ២០ ឆ្នាំអ្នកនឹងមានប្រាក់ច្រើនប៉ុនណា? អាយុ ៣០ ឆ្នាំនឹងមានលុយច្រើនប៉ុនណា?) ហើយអ្នកក៏ចាំបាច់ត្រូវឆ្លើយនឹងសំណួរថា តើប្រាក់ដែលអ្នករកបាននោះជាប់ទាក់ទងនឹងអាជីពក្នុងគោលដៅរបស់អ្នកយ៉ាងដូចម្តេចខ្លះ?

    3. ការអប់រំ (Education): តើអ្នកនឹងត្រូវសិក្សាត្រឹមកម្រិតណា (បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត) ជំនាញអ្វីដើម្បីសម្រេចគោលដៅរបស់អ្នក ? តើមានចំណេះដឹងអ្វីខ្លះដែលអ្នកចង់ទទួលបានជាពិសេស ក្រៅពីការអប់រំដែលអ្នកទទួលបានក្នុងសាកលវិទ្យាល័យ? តើពត៌មាន ឬជំនាញអ្វីខ្លះដែលអ្នកនឹងត្រូវការដើម្បីសម្រេចគោលដៅជាបន្តបន្ទាប់ទៀត?

    4. គ្រួសារ (Family): តើអ្នកចង់ក្លាយជាបុគ្គលដែលមានសុភមង្គលបំផុតក្នុងជីវិតដែរឬទេ? តើអ្នកត្រូវសម្រេចវាដោយវិធីណា? តើអ្នកគួរស្វែងរកគូស្រករបែបណា? អ្នកត្រូវថ្លឹងថ្លែងឱ្យច្បាស់ពីសុភមង្គល និងការងារ ឬ សុភមង្គល និងទឹកប្រាក់។ អ្នកត្រូវចាំឱ្យច្បាស់ថា អ្នកធ្វើការងារដើម្បីសុភមង្គល ហើយអ្នកក៏រកប្រាក់ដើម្បីសុភមង្គលដែរ ហេតុនេះកុំឱ្យការងារ និងលុយដឹកមុខអ្នករហូតដល់ភ្លេចគិតពេលសុភមង្គលឱ្យសោះ បើមិនដូច្នេះទេ អ្នកនឹងរស់នៅដោយគ្មានភាពរីករាយពិតប្រាកដ ហើយប្រាក់ដែលអ្នករកបាននោះក៏លែងមានន័យដែរ (បើអ្នកគិតតែរកប្រាក់ ហើយភ្លេចគិតពីសុភមង្គល ហើយបណ្ដោយឱ្យវាខ្ទេចខ្ទាំដោយអំណាចទឹកប្រាក់ នោះអ្នកនឹងក្លាយជាមហាសេដ្ឋីក្នុងប្រទេសដែលគេមិនចាយលុយជាមិនខាន)៕

  • សាស្រ្តាចារ្យ ឆាំ ប៊ុនថេត៖ យុវជនគួរបើកចិត្តឱ្យទូលាយ និងទទួលស្គាល់ការពិតសម្រាប់ខ្លួនឯង

    សាស្រ្តាចារ្យ ឆាំ ប៊ុនថេត៖ យុវជនគួរបើកចិត្តឱ្យទូលាយ និងទទួលស្គាល់ការពិតសម្រាប់ខ្លួនឯង

    ចាប់ផ្តើមចេញសម្ដីជាមួយនឹងសំណើចលាយឡំជាមួយអត្ថន័យអប់រំ ក្នុងសិក្ខាសាលា «បេសកកម្មនិស្សិតសាកលវិទ្យាល័យ» លោក ឆាំ ប៊ុនថេត សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានលើកឡើងនូវគោលការណ៍ជាច្រើនដែលយុវជនអាចពិចារណាសម្រាប់ប្រើប្រាស់ក្នុងជីវិតឱ្យកាន់តែមានលក្ខណៈប្រសើរឡើង។

    សាស្រ្តាចារ្យប្រកបដោយប្រជាប្រិយភាពរូបនេះបានលើកឡើងថា កុំនិយាយថា «ខ្ញុំមិនអីទេ!» បើខ្លួនឯងកំពុងមានបញ្ហា តែត្រូវបើកចិត្តឱ្យទូលាយទទួលយកការពិតសម្រាប់ខ្លួនឯង។ ប្រសិនបើមានបញ្ហា ឬកំពុងស្ថិតក្នុងឧបសគ្គក្នុងជីវិត ត្រូវទទួលស្គាល់ថា ខ្លួនពិតជាមានបញ្ហា ហើយប្រមូលបញ្ហាទាំងអស់នោះដើម្បីត្រៀមខ្លួនដោះស្រាយប្រកបដោយថាមពល និងភាពវិជ្ជមាន។

    លោក ឆាំ ប៊ុនថេត ក៏បានលើកឡើងផងដែរថា ប្រសិនបើយើងមានបញ្ហា ហើយយើងនៅតែមិនបើកចិត្តទទួលស្គាល់ថា យើងកំពុងមានបញ្ហា ហើយគេចវេះពីបញ្ហាដែលកំពុងប្រឈម រឿងអវិជ្ជមានដែលកើតឡើងពីបញ្ហាក្នុងជីវិតនឹងវាយប្រហារយើង ហើយធ្វើឱ្យជីវិតរបស់យើងបាត់បង់សេចក្តីសុខ។ ហេតុនេះការដែលយើងព្យាយាមប្រើជីវិតក្នុងផ្លូវវិជ្ជមានដើម្បីដើរទៅមុខសម្រាប់ការអភិវឌ្ឍខ្លួនឯង ស្របពេលដែលយើងព្យាយាមប្រឈមជាមួយបញ្ហាហើយដោះស្រាយឱ្យអស់នោះ យើងនឹងទទួលបានសេចក្តីសុខនៅក្នុងការរស់នៅ។

    សូមមានភាពស្មោះត្រង់ជាមួយខ្លួនឯង កុំលាក់ខ្លួនឯង ហើយត្រូវច្បាស់ថា យើងដឹងពីខ្លួនឯងគ្រប់ពេលដើម្បីគ្រប់គ្រងស្ថានការណ៍ក្នុងជីវិត កុំឱ្យស្ថានការណ៍គ្រប់គ្រងជីវិតរបស់យើងវិញឱ្យសោះ៕