Category: សង្គម និងសេដ្ឋកិច្ច

  • ចង់ដឹងអត់…ហេតុអ្វីបានជា អ៊ុន អាលីហ្សា ចូលធ្វើយោធា ?

    ចង់ដឹងអត់…ហេតុអ្វីបានជា អ៊ុន អាលីហ្សា ចូលធ្វើយោធា ?

    ខណៈមានតារាសម្ដែងជាច្រើនទាំងថ្មីទាំងចាស់កំពុងតែសម្រុកទទួលយកការសម្ដែងភាពយន្ដជាបន្ដបន្ទាប់នោះ ផ្ទុយទៅវិញកញ្ញា អ៊ុន អាលីហ្សា ជាតារាសម្ដែងមានបទពិសោធ និងទេពកោសល្យខ្ពស់ហាក់ដូចជាឃ្វាងគ្នាជាមួយការងារទាំងនេះ ពោលគឺនាងពុំសូវជាស្វះស្វែងជាមួយការសម្ដែងដូចមុនឡើយ។

    កញ្ញា អ៊ុន អាលីហ្សា បញ្ជាក់ថា ថ្មីៗនេះនាងក៏ទទួលបានការសម្ដែងខ្លះដែរ មិនមែនកាត់ផ្ដាច់ទាំងស្រុងទេ។ នាងបន្ដថា កន្លងមកមានផលិតកម្មជាច្រើនបានទាក់ទងនាងឱ្យសម្ដែងទាំងរឿងភាគ និងរឿងដុំ តែរូបនាងពុំសូវហ៊ានទទួលយកការងារច្រើនពេកទេព្រោះនាងខ្លាចធ្វើការងារឱ្យគេពុំបានល្អ ពុំទាន់ពេលវេលាបណ្ដាលឱ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះនាងដែលខំសាងមកយូរហើយ។ តើកញ្ញាអ៊ុន អាលីហ្សា ជាប់រវល់ការងារអ្វីទើបនាងសុខចិត្ដបដិសេធលុយនៅហ្នឹងមុខបែបនេះ?

    តារាសម្ដែងរូបនេះបានបញ្ជាក់ថា បច្ចុប្បន្ននាងកំពុងតែរវល់ជាមួយការងារខាងក្រៅច្រើន ហើយវាក៏ជាលក្ខណៈសិល្បៈដែរ តាមរយៈការច្រៀងពេលយប់នៅកន្លែងកម្សាន្ដចំនួន3 មាន Town Club, M2 និង Stone Café ពិសេសច្រៀងតាមកម្មវិធីមង្គលការ ព្រមទាំងកម្មវិធីនានា។ នាងបញ្ជាក់ថា៖ «ក្រៅពីធ្វើការងារទាំងនេះហើយ បច្ចុប្បន្នខ្ញុំជានិស្សិតផ្នែកយោធាដែលខ្ញុំត្រូវចំណាយពេលហ្វឹកហ្វឺននៅក្នុងសាលារយៈពេល6ខែ អ៊ីចឹងក្នុងរយៈពេលនេះខ្ញុំពុំអាចសម្ដែងបានទេ»។

    កញ្ញា អ៊ុន អាលីហ្សា បញ្ជាក់ថា មូលហេតុដែលធ្វើឱ្យនាងមានចំណូលចិត្ដចង់ធ្វើជាយោធាព្រោះនាងចង់ចូលរួមក្នុងការងារសង្គម។ ម្យ៉ាងនាងបានសម្លឹងទៅមើលប្រទេសជិតខាង ពិសេសលើពិភពលោកតែម្តងមានស្ដ្រីជាច្រើនបានចូលរួមបម្រើក្នុងការងារកងទ័ព ភាគច្រើនជាស្រ្ដីស្អាត។ នាងបញ្ជាក់ថា៖ «នៅស្រុកខ្មែរយើងអត់សូវមានស្រ្ដីចង់ចូលបម្រើការងារយោធាទេ ដូច្នេះក្នុងនាមខ្ញុំជាអ្នកសិល្បៈខ្ញុំក៏ចង់ចូលរួមការពារប្រទេសជាតិដែរ»។

    កញ្ញា អ៊ុន អាលីហ្សា ក៏បានបង្ហាញពីគោលជំហរថា មុនពេលសម្រេចចិត្ដចូលហ្វឹកហ្វឺនផ្នែកយោធា នាងបានតាំងចិត្ដជាស្រេចហើយ ដូច្នេះរាល់ការលំបាក និងឧបសគ្គនានា នាងត្រូវតែជម្នះធ្វើឱ្យបាន។

    នាងបន្ថែមថា៖ «ការងារនេះប្រសិនបើយើងចេះតែធ្វើទៅ ក៏វាល្អដែរ ព្រោះខ្ញុំជាស្រ្ដីពេលខ្លះចំណេះជំនាញទាំងនេះក៏អាចការពារខ្លួនបានទៀតផង។ ម្យ៉ាងខ្ញុំមានក្ដីស្រមៃមួយថា នៅពេលដែលមានគណៈប្រតិភូអន្ដរជាតិមកកាន់ស្រុកខ្មែរ គឺចង់ឱ្យពួកគាត់មើលឃើញថា កម្ពុជាក៏មានស្រី្ដស្អាតធ្វើជាយោធាច្រើនដែរ»។ ទោះយ៉ាងណានាងបញ្ជាក់ថា ការងារទាំងនេះកើតចេញពីឆន្ទៈរបស់នាង មិនមែនជាការផ្ដល់យោបល់ ឬជំរុញពីគ្រួសាររបស់នាងឡើយ៕

  • ក្មេង​អាយុ​តិចជាង2ខួប គួរ​ចៀសវាង​អាហារ​អី្វ​ខ្លះ?

    ក្មេង​អាយុ​តិចជាង2ខួប គួរ​ចៀសវាង​អាហារ​អី្វ​ខ្លះ?

    ទោះជា​កូនតូច​ជាទី​ស្រឡាញ់​របស់​យើង​អាច​ញាំុអាហារផ្សេងៗក្រៅពី​ទឹកដោះ​បាន​តាំងពី​អាយុ 6ខែ​ឡើងទៅ​ក៏ដោយ តែដោយសារ​តែ​រាងកាយ​របស់គេ​នៅ​មិនទាន់​រឹងប៉ឹង និង​មិនទាន់​វិ​វ​ឌ្ឍ​បាន​
    ពេញទំហឹង ទើប​មិនអាច​ញាំុអាហារ​បាន​គ្រប់យ៉ាង​នោះទេ ដូច្នេះ​អាហារ​ដែល​ក្មេង​តូច​អាយុ​តិចជាង 2ខួប​គួរ​ចៀសវាង​នោះ​មាន​ដូចខាងក្រោម​នេះ ៖

    ទឹកឃ្មុំ
    អ្នក​ម្តាយ​ជាច្រើន​និយម​ដាក់​ទឹកឃ្មុំ​លាយ​នៅក្នុង​ថ្នាំ​ដែលមាន​រសជាតិ​ល្វីង​ឱ្យ​កូន​ញ៉ាំ តែ​ដឹង​ឬទេ​ថា ទឹកឃ្មុំ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ពោះវៀន​របស់​ក្មេងតូចៗបាន ដោយ​វា​នឹងធ្វើ​ឱ្យ​កើត​អាការ​ចុកពោះ ឆ្អល់​ទល់លាមក និង​នៅលើ​ក្មេង​ខ្លះ​អាច​នឹង​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ប្រព័ន្ធ​ខាងក្នុង​រាងកាយ​គាំង​ដោយសារ​ខ្វះ​ជាតិ​ទឹក​ក៏មានដែរ ដូច្នេះ​មិនគួរ​ឱ្យ​កូនតូច​ដែលមាន​អាយុ​តិចជាង 2 ឆ្នាំ​ញ៉ាំ​ទឹកឃ្មុំ​ជាដាច់ខាត ទោះជា​ទឹកឃ្មុំ​ដែល​ឆ្លងកាត់​ការសម្លាប់​មេរោគ​ហើយក៏​ដោយ។

    ម្ហូបអាហារ​ស្ទើរ​ឆៅ ស្ទើរ​ឆ្អិន
    អាហារ​ប្រភេទ​ស្ទើរ​ឆៅ ស្ទើរ​ឆ្អិន ភាគច្រើន​នឹងមាន​មេរោគ​បាក់តេរី និង​សត្វល្អិត (អៀន ព្រូន)ដែល​រាងកាយ​របស់​ក្មេងតូចៗដែលមាន​អាយុ​ក្រោម2ឆ្នាំ​មិនអាច​តតាំង​ជាមួយ​មេរោគ​ទាំងនោះ​បានទេ ទើប​អាចធ្វើឱ្យ​ក្មេង​តូច​មាន​អា​ការឈឺ​ថ្កាត់ និង​ទទួលរងគ្រោះថ្នាក់​បាន ដូច្នេះ​ការ​ចម្អិន​អាហារ​ឱ្យ​កូនតូច គួរ​ចម្អិន​ឱ្យបាន​ឆ្អិន​ល្អជា​និច្ច មិនថាតែ​ស៊ុតមាន់​ទា ឬ​សាច់សត្វ​អ្វី​ក៏ដោយ និង​គួរ​ចម្អិន​ឱ្យ​ផុយ​ទន់ ដើម្បីឱ្យ​កូនតូច​ងាយស្រួល​ទំពា​ផង។

    អាហារ​ដែលមាន​រសជាតិ​ផ្អែម
    សម្រាប់​ក្មេង​ដែលមាន​អាយុ​តិចជាង2ឆ្នាំអាហារ​ដែលមាន​រសជាតិ​ផ្អែម​ខ្លាំង ឬ​មានការ​បន្ថែម​រសជាតិ​ដោយ​ស្ករ​ច្រើន ក៏​ជា​មុខម្ហូប​មួយទៀត​ដែល​ក្មេង​តូច​គួរ​ចៀសវាង​ដែរ ព្រោះ​ភាព​ផ្អែម​ទាំងនោះ​អាចធ្វើឱ្យ​កូនតូច​ប្រថុយប្រថាន​នឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម​តាំងពីក្មេង កើតរោគ​ធាត់ និង​អាច​ក្លាយជា​មនុស្ស​ដែល​ញៀន​រសជាតិ​ផ្អែម​នៅពេល​ធំ​ទៅ។ មិនមែន​ត្រឹមតែ​អាហារ​ប៉ុណ្ណោះ​ទេ តែ​រួមទាំង​ភេសជ្ជៈផ្សេងៗ ជាពិសេស​ទឹក​ភេសជ្ជៈ​កំប៉ុង និង​ភេសជ្ជៈ​ដែលមាន​លាយ​ដោយ​ស្ករ​ផងដែរ។

    អាហារ​រសជាតិ​ប្រៃ
    ដោយសារក្មេង​តូច​វ័យ​តិចជាង2ឆ្នាំ ក្រលៀន​របស់​ពួកគេ​នៅ​មិនទាន់​អាចធ្វើ​ការ​បាន​ពេញទំហឹង និង​ស្ថិតក្នុង​អំឡុងពេល​អភិ​វឌ្ឍនោះ ទើប​មិនអាច​ត្រង​ចម្រាញ់​អាហារ​ដែលមាន​រសជាតិ​ប្រៃ​ខ្លាំង​នោះបានទេ ដែល​វា​នឹង​ហុច​ផល​ឱ្យ​ក្រលៀន​ត្រូវ​ធ្វើការ​ធ្ងន់ និង​ខ្លាំង​ជាង​ប្រក្រតី រហូត​អាច​នឹង​ប្រថុយ​នឹង​ការកើត​ជំងឺ​ក្រលៀន​នៅ​ទីបំផុត។ ដូច្នេះ​អ្នក​ម្តាយ​មិនគួរ​ឱ្យ​កូនតូច​ញ៉ាំ​អាហារ​ណា​ដែលមាន​រសជាតិ​ប្រៃ​ខ្លាំង ឬ​អាហារ​ដែល​បន្ថែម​គ្រឿង​ដោយ​អំបិល​ឡើយ ព្រោះ​យ៉ាងណា​ក៏​នៅក្នុង​សាច់សត្វ និង​បន្លែផ្សេងៗនោះ​តែងមាន​រសជាតិ​ល្អ​ស្រាប់​ហើយ។

    អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់
    ការ​ញ៉ាំ​អាហារ​ដែលមាន​ខ្លាញ់​ច្រើន នឹងធ្វើ​ឱ្យ​កូនតូច​មាន​បញ្ហា​កើតរោគ​ធាត់ និង​អាចមាន​ផល​អាក្រក់​ប៉ះពាល់​ដល់​សុខភាព​ជាច្រើន​ទៀត​តាម​មក​នាពេល​អនាគត​ទៀតផង ដូច្នេះ​ដើម្បី​សុខភាព​ដ៏​ល្អ​របស់​កូន គួរ​ចៀសវាង​អាហារ​ដែលមាន​ខ្លាញ់ ឬ​ជាតិ​ខ្លាញ់​ច្រើនយ៉ាង​ដាច់ខាត។ ទាំងអស់នេះ​គឺ​អាហារ​ដែល​កូនតូច​វ័យ​តិចជាង2ឆ្នាំ​គួរតែ​ចៀសវាង ព្រោះ​សុទ្ធតែ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​កូន​ខ្លាំងបំផុត ដូច្នេះក្មេង​ក្នុង​វ័យ​នេះ ឪពុកម្តាយ​គួរតែ​យកចិត្តទុកដាក់​ក្នុង​រឿង​អាហារ​ការហូបចុក​ជា​ចម្បង ដោយ​ធ្វើការ​ជ្រើសរើស​ភោជនាហារ​ណា​ដែល​ល្អ​សម្រាប់​គេ និង​ចៀស​ពី​អាហារ​ហាមឃាត់​គ្រប់​ប្រភេទ៕

  • ក្រសួង 3 ឯកភាពបង្កើតយន្ដការដើម្បីជំរុញវិស័យអេកូទេសចរណ៍សហគមន៍ឱ្យមានប្រសិទ្ធភាព

    ក្រសួង 3 ឯកភាពបង្កើតយន្ដការដើម្បីជំរុញវិស័យអេកូទេសចរណ៍សហគមន៍ឱ្យមានប្រសិទ្ធភាព

    ភ្នំពេញ – រដ្ឋមន្រ្ដី 3 រូបមកពីក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានគ្រោងនឹងដាក់សំណើរួមមួយជូនទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សុំបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីជំរុញការងារគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍។

    ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បញ្ជាក់ថា ក្រសួងទាំងបីបានឯកភាពគ្នាដាក់ចេញយុទ្ធសាស្រ្តមួយចំនួន ដើម្បីជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ ប៉ុន្តែកិច្ចការងារអាចធ្វើទៅបានលុះត្រាតែមានគណៈកម្មការអន្តរក្រសួងមួយដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលជាមុនសិន។ ឯកឧត្ដមបន្ដថា គោលបំណងនៃការរៀបចំការងារនេះគឺធ្វើយ៉ាងណាដើម្បីជួយដល់សហគមន៍ដែលបច្ចុប្បន្នមានសហគមន៍មួយចំនួនមានការគ្រប់គ្រង និងអភិវឌ្ឍបានល្អហើយ ប៉ុន្ដែសហគមន៍មួយចំនួនទៀតនៅមិនទាន់មានការគ្រប់គ្រងបានល្អនៅឡើយទេ។

    ដូច្នេះដើម្បីទទួលបានការអភិវឌ្ឍប្រកបដោយនិរន្ដរភាពត្រូវតែមានការគ្រប់គ្រងល្អ គឺការបែងចែកផលប្រយោជន៍ក្នុងសហគមន៍ប្រកបដោយសមធម៌។ ក្នុងនោះយើងត្រូវមានការពង្រឹងចាប់ពីគុណភាពសេវា ដូចជាបញ្ហាផ្ទះស្នាក់នៅ ផ្ទះសំណាក់ សេវាស្នាក់នៅ សេវាដឹកជញ្ជូន សេវាមគ្គុទេសក៍ និងសេវាម្ហូបអាហារ ជាដើម ដែលត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលដើម្បីយកទៅបម្រើដល់សហគមន៍។

    គម្រោងនេះត្រូវបានលើកឡើងក្នុងឱកាសកិច្ចប្រជុំបូកសរុបស្ដីពីការងារគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ គម្រោងនេះត្រូវធ្វើឡើងដើម្បីសំដៅប្រែក្លាយតំបន់សហគមន៍ទាំងជាង2ពាន់កន្លែង នៅទូទាំងប្រទេសកម្ពុជាអាចទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន។

    ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពជំរុញឱ្យមានការរៀបចំបង្កើតក្រុមការងារថ្នាក់ជាតិអន្ដរក្រសួងមួយដើម្បីត្រូតពិនិត្យរួមគ្នាតាមរយៈការចុះពិនិត្យដល់ទីតាំងសហគមន៍ជាក់ស្ដែងថា តើសហគមន៍ណាមានសក្ដានុពលអ្វី ហើយក្រុមការងារត្រូវដាក់ឈ្មោះសហគមន៍នោះឈ្មោះអ្វី? ពោលគឺត្រូវធ្វើទៅតាមស្ថានភាពជាក់ស្ដែង ឬមួយក្រសួងកសិកមុ្មសង្កេតឃើញថា តំបន់នោះអាចដាក់បញ្ចូលអេកូទេសចរណ៍បាន យើងនឹងកោះប្រជុំដើម្បីដាក់បញ្ចូលតែម្ដង។

    ជាមួយគ្នាដែរ ឯកឧត្ដមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងដោយចាត់ទុកថា ការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីជំរុញការងារគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ ជាឱកាសល្អមួយដែលអាចប្រែក្លាយអេកូទេសចរណ៍ទៅជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចជាតិដទៃទៀតផងដែរ។

    គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសហគមន៍ទូទៅប្រមាណជាង 2,000សហគមន៍ (ការពារព្រៃឈើ សត្វព្រៃ សត្វស្លាប នេសាទ ទេសចរណ៍ជាដើម) ក្នុងនោះមានសហគមន៍ទេសចរណ៍ចំនួន 56 នៅក្នុងខេត្តចំនួន16៕

  • Dortmund ប្រាប់ថា Aubameyang នឹងមិនបានចាកចេញឡើយក្រោយផ្តួល AC Milan

    Dortmund ប្រាប់ថា Aubameyang នឹងមិនបានចាកចេញឡើយក្រោយផ្តួល AC Milan

    ក្លិបយក្សអាល្លឺម៉ង់ Borussia Dortmund បានប្រាប់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ថា រូបគេនឹងមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីក្លិបនៅរដូវក្តៅនេះឡើយ។ ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះត្រូវបានទាក់ទងឲ្យផ្ទេរចេញពីក្លិបស្ថិតក្នុងក្របខ័ណ្ឌ Bundesliga ប៉ុន្តែ Dortmund បានផ្តល់ឲ្យរូបគេនូវថ្ងៃកំណត់មួយ នៅមុនពេលរូបគេត្រូវតែចាកចេញពីក្លិបនេះ ហើយថ្ងៃកំណត់នោះ បានផុតអស់ទៅហើយ។

    ក្រោយពីខ្សែប្រយុទ្ធ Aubameyang បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ដើម្បីជួយឲ្យក្រុម Dortmund ផ្តួលក្រុម AC Milan ក្នុងលទ្ធផល3-1 ក្នុងការប្រកួតមិត្តភាពដណ្តើមពាន International Champions Cup នៅទឹកដីចិន លោក Michael Zorc ប្រធានផ្នែកកីឡារបស់ Dortmund បាននិយាយកាលពីថ្ងៃអង្គារថា៖ «យើងគិតថា ទីផ្សារដោះដូរគឺត្រូវបានបិទហើយ ពេលវេលានៃការសម្រេចចិត្តបានឈានដល់ទីបញ្ចប់ហើយ»។

    Aubameyang ដែលបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតលីកចំនួន31គ្រាប់សម្រាប់ការប្រកួត32លើកកាលពីរដូវកាលមុននោះ ត្រូវបានរំពឹងទុកថា នឹងផ្ទេរទៅកាន់ប្រទេសចិន ក្របខ័ណ្ឌ Premier League ឬក៏ទៅកាន់ក្លិប AC Milan ក្នុងក្របខ័ណ្ឌ Serie A ប៉ុន្តែរូបគេត្រូវបានបញ្ជាក់ប្រាប់ថា រូបគេនឹងត្រូវបន្តអាជីពរបស់គេក្នុងក្លិប Dortmund ដដែល។

    ក្លិប Chelsea ត្រូវបានរំពឹងទុកថា នឹងដាក់សំណើដេញថ្លៃទិញដែរ ខណៈដែលពួកគេកំពុងសម្លឹងរកមើលខ្សែប្រយុទ្ធដើម្បីជំនួសកន្លែងរបស់ Diego Costa បើទោះបីការដាក់សំណើជាផ្លូវការមិនទាន់ត្រូវបានធ្វើឡើងទៅកាន់ក្លិប Dortmund ក៏ដោយ ហើយកីឡាករជាអាទិភាពរបស់គេនៅតែជាខ្សែប្រយុទ្ធ Alvaro Morata របស់ក្លិប Real Madrid ដដែល៕
    ប្រភពពី៖ The Guardian

  • ឧកញ៉ា គួច ម៉េងលី៖ មុននឹងរកស៊ី យុវជនគួររៀនឱ្យច្រើនជាមុនសិន

    ឧកញ៉ា គួច ម៉េងលី៖ មុននឹងរកស៊ី យុវជនគួររៀនឱ្យច្រើនជាមុនសិន

    ការសិក្សាគឺជាមូលដ្ឋានគ្រឹះសំខាន់បំផុតនៃភាពជោគជ័យគ្រប់យ៉ាងក្នុងដំណើរជីវិតរបស់បុគ្គលម្នាក់ៗទាំងលើវិស័យការងារមុខជំនួញ និងសង្គម។

    អគ្គនាយកនៃក្រុមហ៊ុន Mengly J. Quach Group លោកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា មុននឹងចាប់ផ្តើមការងារសំខាន់ៗដើម្បីស្វែងរកឧត្តមភាពសម្រាប់ជីវិត យុវជនគ្រប់រូបត្រូវតែបុកគ្រឹះឱ្យបានរឹងមាំ សំលៀងឱ្យមុត ហើយចាក់ឱ្យធ្លុះលើផ្នែកចំណេះដឹង និងបទពិសោធការងារជាមុនសិន។ មិនថាការធ្វើការឱ្យគេ ឬបង្កើតអាជីវកម្មខ្លួនឯងនោះទេ ជម្រើសទាំងអស់សុទ្ធតែអាចធ្វើឱ្យមនុស្សមានភាពថ្កុំថ្កើងប្រសិនបើពួកគេមានមូលដ្ឋានគ្រឹះរឹងមាំ។ បុគ្គលដែលមានសមត្ថភាពគ្រប់គ្រាន់ បើទោះបីជាគាត់បម្រើការងារក្នុងស្ថាប័នរបស់អ្នកដទៃ ក៏ប្រាក់ចំណូលរបស់គាត់ពេលខ្លះខ្ពស់ជាងអ្នករកស៊ីទៅទៀត ខណៈអ្នករកស៊ីទាំងអស់មិនប្រាកដថា នឹងទទួលបានជោគជ័យឡើយ។

    លោកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា៖ “យុវជនខ្មែរមួយចំនួននាពេលបច្ចុប្បន្ននេះមាននិន្នាការមួយគឺចង់រកស៊ីនៅវ័យក្មេង និងមិនសូវផ្តល់តម្លៃលើការសិក្សាអប់រំនោះទេ។  ពួកគាត់ធ្វើអ្វីមួយតាមគ្នាដោយគ្មានមូលដ្ឋានច្បាស់លាស់ដែលធ្វើឱ្យអាជីវកម្មរបស់សហគ្រិនក្មេងៗទាំងអស់នោះភាគច្រើនមានអាយុកាលខ្លី។

    អគ្គនាយកនៃក្រុមហ៊ុន Mengly J. Quach Group បានបន្ថែមទៀតថា ការធ្វើជំនួញរបស់យុវជនមួយចំនួនដែលគ្មានចំណេះដឹង ជំនាញ និងបទពិសោធច្បាស់លាស់គឺប្រៀបបានទៅនឹងថ្ងៃរះដល់ចំណុចខ្ពស់មួយក៏លិចទៅវិញម្តងហើយម្តងទៀត។ ហេតុនេះដើម្បីទប់ស្កាត់ហានិភ័យរហូតទទួលបានជោគជ័យប្រកបដោយនិរន្តរភាពយុវជនត្រូវរៀនឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ដោយចាប់ផ្តើមពីបុគ្គលិកដែលធ្វើការឱ្យគេយុវជននឹងអាចមានឱកាសរៀនបានច្រើនបំផុតព្រោះនៅពេលដែលប្រឡូកក្នុងពិភពការងារជាក់ស្តែងពួកគេនឹងមើលឃើញពីគន្លឹះសំខាន់ៗក្នុងការដោះស្រាយបញ្ហាការប្រឈមនៅក្នុងអាជីវកម្ម និងចំណុចដែលនឹកស្មានមិនដល់ជាច្រើនទៀតដែលគ្មានបង្រៀនក្នុងសាលា។

    តាមការសិក្សាស្រាវជ្រាវបានរកឃើញថា អ្នកមានទ្រព្យសម្បត្តិដែលមាននិរន្តរភាពនៅក្នុងបណ្តាប្រទេសធំៗគឺមានអាយុច្រើនជាង50ឆ្នាំហេតុនេះយុវជនកម្ពុជាគួរកុំប្រញាប់ចង់បង្កើតអាជីវកម្មនៅវ័យក្មេងពេកនោះទេប្រសិនបើមិនមានជំនាញច្បាស់លាស់។

    មុននឹងបង្កើតអាជីវកម្មយុវជនគួរស្វែងយល់ពីចំណេះដឹងស្តីពីធនធានមនុស្សការស្វែងរកទុនវិនិយោគវិធីអភិវឌ្ឍន៍គុណភាពផលិតផលឬសេវាកម្មការជ្រើសរើសទីកន្លែងឱ្យស្របទៅនឹងគោលដៅនៃអាជីវកម្មនិងវិធីសាស្ត្រគ្រប់គ្រងជាដើម។
    ដើម្បីបំពេញចំណុចសំខាន់ៗទាំងអស់នេះសហគ្រិនត្រូវការអ្នកជំនាញជាច្រើនរូបជាចាំបាច់សម្រាប់ដឹកនាំផ្នែកនីមួយៗឱ្យទទួលបានជោគជ័យហេតុនេះមុននឹងក្លាយជាសហគ្រិនម្នាក់ការឈានជើងពីបុគ្គលិកធម្មតារហូតក្លាយជាអ្នកដឹកនាំលើផ្នែកណាមួយក្នុងស្ថាប័នជាវិធីល្អបំផុតដែលផ្តល់ឱកាសឱ្យយុវជនមានពេលគ្រប់គ្រាន់ក្នុងការរៀនសូត្រ និងបង្កើតភាពចាស់ទុំផ្នែកគំនិតអាជីវកម្ម៕

  • តារាកំប្លែងមុខអាក្រក់ជាងគេនៅប្រទេសថៃ បានសម្រេចក្ដីស្រមៃមួយហើយ​…

    តារាកំប្លែងមុខអាក្រក់ជាងគេនៅប្រទេសថៃ បានសម្រេចក្ដីស្រមៃមួយហើយ​…

    ពិតជាគួរឱ្យព្រឺសម្បុរណាស់ដែលក្មេងប្រុសមានរូបសម្បត្តិអាក្រក់ជាងគេនៅក្នុងប្រទេស បានក្លាយជាតារាបង្ហាញម៉ូដភេទទីបីដ៏ល្បីឈ្មោះមួយរូបគឺ នាង មេយ៉ា សាន់សាន់ ដោយតារាម៉ូដភេទទីបីរូបនេះមានអាយុ19ឆ្នាំ ធ្លាប់បានឆ្លងកាត់ការសិក្សាជំនាញនៅមហាវិទ្យាល័យសិល្បៈតូរ្យតន្ត្រី ក៏ប៉ុន្តែនាងត្រូវបានលើកទឹកចិត្ត និងជំរុញឱ្យចូលប្រកួតក្នុងការសម្ដែងត្លុកដែលមានការអះអាងថា ទម្រង់មុខរបស់នាងស័ក្ដិសមជាតារាកំប្លែងបំផុត។

    ផ្ដើមចេញពីមនុស្សភេទទីបីដែលមានមុខមាត់រូបសម្បត្តិអាក្រក់បំផុត តែសម្រេចក្ដីស្រមៃក្លាយជាតារាកំប្លែង និងជាតារាបង្ហាញម៉ូដដ៏ល្បី បានចូលខ្លួនមកផ្ដល់បទសម្ភាសក្នុងកម្មវីធី PAMAR SQUARE ថា នាងកើតមកមានជំងឺប្រចាំកាយ ដែលបណ្ដាលឱ្យនាងមានរូបរាងមិនប្រក្រតី ហើយមិនអាចទ្រាំទ្រនឹងអាកាសធាតុក្ដៅបាន ដោយនាងបានពន្យល់ថា នាងគ្មានរន្ធរោមនៅលើស្បែកដែលអាចទប់ទល់ជាមួយកម្ដៅបានឡើយ ហើយនៅពេលស្ថិតក្រោមកម្ដៅថ្ងៃនឹងបណ្ដាល​ឱ្យនាងមានអាការវិលមុខ រកខ្យល់គភ្លាមមួយរំពេច ក៏ប៉ូន្ដែអ្វីដែលសំខាន់នោះគឺ រោគទាំងអស់នេះមិនបានក្លាយជាអាវុធបំផ្លាញក្ដីស្រមៃរបស់នាងឡើយ។

    គួរបញ្ជាក់ផងដែរថា តារាភេទទីបីរូបនេះបានអភិវឌ្ឍខ្លួនពី Net IDol ( តារានៅក្នុងបណ្ដាញសង្គម) ក្លាយខ្លួនជាតារាកំប្លែង និងបង្ហាញម៉ូដដ៏ល្បីឈ្មោះមួយរួបដែលបានបោះជំហាននៅលើឆាកអន្ដរជាតិលំដាប់ពិភពលោក តំណាងឱ្យប្រទេសថៃ និងទទួលបានការគាំទ្រ និងក្ដីស្រឡាញ់ពីបណ្ដាអ្នកគាំទ្រនាងជាច្រើន ហើយ Facebook Page របស់នាងនៅពេលនេះ មានអ្នកស្រឡាញ់ចូលចិត្ត និងតាមដានដល់ទៅ 441,989 នាក់ហើយ៕

  • ក្រុមហ៊ុនជប៉ុនដែលប្រតិបត្តិការជាមួយអេស៊ីលីដាកើនជាង 1,000ក្រុមហ៊ុន

    ក្រុមហ៊ុនជប៉ុនដែលប្រតិបត្តិការជាមួយអេស៊ីលីដាកើនជាង 1,000ក្រុមហ៊ុន

    ភ្នំពេញៈ ក្រុមហ៊ុនជប៉ុនដែលបាន និងកំពុងធ្វើប្រតិបត្តិការទូទាត់សាច់ប្រាក់ជាមួយធនាគារអេស៊ីលីដាបានកើនដល់ជាង1,000ក្រុមហ៊ុនហើយនៅដំណាច់ឆមាសទី1ឆ្នាំនេះ។

    លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាប្រចាំកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនជប៉ុនដែលចូលមកវិនិយោគនៅកម្ពុជាបាន និងកំពុងកើនឡើង ដោយបច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មធំៗបានកើនពី289ក្រុមហ៊ុនដល់310ក្រុមហ៊ុន ធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងក្រុមហ៊ុនឯកគ្គតជនតូចៗបានកើនរហូតដល់716ក្រុមហ៊ុនហើយ។

    លោកបន្តថា “នេះជាចំនួនក្រុមហ៊ុនជប៉ុនដែលបានធ្វើការទូទាត់សាច់ប្រាក់ជាមួយអេស៊ីលីដា និងមិនទាន់គិតបញ្ចួលពីក្រុមហ៊ុនដែលធ្វើការងារដោយផ្ទាល់ជាមួយធនាគារជប៉ុនដែលបានបើកនៅកម្ពុជានោះទេ”។ លោកបន្តថា “ការកើនឡើងនូវចំនួនក្រុមហ៊ុនជប៉ុននៅកម្ពុជាគឺជាការឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់អ្នកវិនិយោគជប៉ុននៅកម្ពុជា ព្រោះមុនពេលពួកគេសម្រេចចិត្តទៅវិនិយោគនៅប្រទេសណាមួយ ពួកគេសិក្សាល្អិតល្អន់ណាស់”។

    កត្តាសំខាន់ៗចំនួន3 ដែលទាក់ទាញអ្នកវិនិយោគជប៉ុនមកកម្ពុជា ដូចជា កំណើនសេដ្ឋកិច្ចរឹងមាំ ស្ថិរភាពសង្គមកិច្ច ស្ថិរភាពនយោបាយ និងកត្តាអំណោយផលលើវិស័យច្បាប់ពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមលោក អ៊ិន ចាន់នី បញ្ជាក់។

    លោកជំទាវ លឹម ឈីវហូ អគ្គនាយិកាក្រុមហ៊ុនអ៊ែដវូត ដែលបានវិនិយោគតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងទាក់ទាញអ្នកវិនិយោគជប៉ុនបានច្រើនជាង50ភាគរយនៃក្រុមហ៊ុនទាំងអស់84ដែលបានវិនិយោគនៅតំបន់នោះបានថ្លែងថា ក្រុមហ៊ុនជប៉ុនកាន់តែច្រើនបាន និងកំពុងមកវិនិយោគនៅកម្ពុជា ហេតុនេះយើងត្រូវធ្វើការងារឲ្យបានល្អ ដើម្បីទាក់ទាញពួកគេមកវិនិយោគបន្ថែម។ លោកជំទាវបានបន្តថា ប្រសិនជាអ្នកវិនិយោគជប៉ុនតែ2ភាគរយនៅប្រទេសថៃមកវិនិយោគនៅកម្ពុជា ប្រជាជនកម្ពុជានឹងមានជីវភាពធូរធារទាំងអស់គ្នា។

    លោកជំទាវបានបន្តថា “ពីមុនមកពេលយើងហៅគេមកវិនិយោគ ពួកគេប្រាប់យើងថា ពួកគេបារម្ភពីអំពើពុករលួយនៅកម្ពុជា ប៉ុន្តែខ្ញុំបានធានានឹងពួកគេថា នឹងមិនមានអំពើពុករលួយនៅទីនេះទេ ទីបំផុតពួកគេសម្រេចចិត្តមកវិនិយោគនៅកម្ពុជាកាន់តែច្រើន”៕

  • Angelina Jolie នាំកូនៗទៅជួបអតីតស្វាមីស្ងាត់ៗ

    Angelina Jolie នាំកូនៗទៅជួបអតីតស្វាមីស្ងាត់ៗ

    កាលពីអំឡុងខែកញ្ញា ឆ្នាំមុននេះ អ្នកមេម៉ាយបបូរមាត់ស្រស់ Angelina Jolie បានដាក់ពាក្យលែងលះអតីតស្វាមី ក្នុងករណីដែល Brad Pitt បានប្រើអំពើហឹង្សាមកលើកូនប្រុសចិញ្ចឹម Maddox នៅលើយន្ដហោះឯកជន ព្រមទាំងទះតប់មកលើរូបនាងទៀតផង។ រហូតដល់តារាហូលីវូដស្រីរូបនេះសម្រេចចិត្តចែកផ្លូវគ្នា ហើយកូនប្រុស ស្រី 6 នាក់ទៀត ក៏ក្លាយជាកូនកំព្រាឪពុក និងក្លាយជាគ្រួសារដែលមានស្ថានភាពតានតឹងក្នុងអារម្មណ៍បំផុត។

    ប៉ុន្តែមួយរយៈក្រោយមកនេះទំនាក់ទំនងរវាង Angelina Jolie ជាមួយអតីតស្វាមីរបស់នាង លោក Brad Pitt បានប្រែជាប្រសើឡើងវិញហើយ និងសង្កេតមើលទៅហាក់បីដូចជាមានសន្ដិភាពផ្លូវចិត្តនឹងគ្នាជាថ្មីម្ដងទៀតក្នុងការបើកឱកាសឱ្យអតីតស្វាមីរូបនេះបានជួបជុំសួរសុខទុក្ខកូនៗទាំង 6 នាក់របស់គេ។ យោងតាមប្រភពព័ត៌មាន Hollywood Life បានឱ្យដឹងថា លោក Brad Pitt រមែងណាត់ជួបជាមួយអ្នកនាង Angelina Jolie ជាមួយកូនៗទាំង 6 នាក់នោះនៅក្នុងហាងទំនិញមួយដែលស្ថិតនៅក្បែរផ្ទះរបស់លោក ហើយពួកគេបានអង្គុយពិភាក្សាទល់មុខគ្នាដោយលួចលាក់ និងស្ងាត់ៗទៀតផង។

    នេះជាហេតុផលមួយដែលអ្នកនាង Angelina Jolie មិនអាចនាំកូនៗទៅជួបលោក Brad Pitt នៅក្នុងផ្ទះរបស់លោកបាន ដោយសារតែនាងមិនចង់ខូចចិត្ត និងមើលទៅហាក់បីដូចជានាងចង់វិលទៅរកអតីតស្វាមីម្នាក់នេះវិញផងដែរ។ ដូច្នេះហើយទើបការជួបគ្នារបស់ពួកគេម្ដងៗ ពួកគេត្រូវរកន្លែងណាមួយដែលស្ងប់ស្ងាត់ មានសុវត្ថិភាពបំផុត និងកំបាំងពីភ្នែករបស់មជ្ឈដ្ឋានមហាជន និងអ្នកសារព័ត៌មានទៀតផង៕

  • Neymar ទទួលយកសំណើពី PSG ខណៈក្លិបត្រៀមចំណាយប្រាក់195លានផោន

    Neymar ទទួលយកសំណើពី PSG ខណៈក្លិបត្រៀមចំណាយប្រាក់195លានផោន

    ខ្សែប្រយុទ្ធដ៏មានឥទ្ធិពល Neymar បានទទួលយកសំណើពីក្លិប Paris Saint-Germain ក្រោយពីក្លិបយក្សរបស់បារាំងមួយនេះបានយល់ព្រមចំណាយប្រាក់ទិញរំលាយកិច្ចសន្យាចំនួន 195លានផោន (ស្មើនឹង254លានដុល្លារអាមេរិក)។ នេះបើយោងទៅតាមប្រភពព័ត៌មាននានាក្នុងប្រទេសប្រេស៊ីល។

    បណ្តាញសារព័ត៌មានប្រេស៊ីល Esporte Interativo បានចេញផ្សាយថា តារាឆ្នើមរបស់ក្លិប Barcelona រូបនេះបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗជាមួយនឹងក្លិប PSG នៅមុនពេលការផ្ទេរក្នុងតម្លៃខ្លួន195លានផោន។ PSG បានឆ្លើយតបទៅនឹងការចេញផ្សាយបែបនេះតាមរយៈការបញ្ជាក់ប្រាប់កាសែតកីឡា L’Equipe របស់បារាំងថា ពួកគេមិនមែនជាតួឯកក្នុងរឿងរ៉ាវទាក់ទងនឹង Neymar នេះទេ និងបានបញ្ជាក់ថា ការស្នើសុំតម្លៃខ្លួនដ៏ខ្ពស់នេះនៅតែមិនអាចទៅរួចឡើយ។

    រឿងរ៉ាវនៃការផ្ទេរ Neymar បានផ្ទុះឡើងកាលពីថ្ងៃចន្ទ នៅពេលដែលកាសែត Sport ក្នុងទីក្រុង Barcelona បានចេញផ្សាយអត្ថបទមួយដែលបង្ហើបពីប្រភពក្នុងប្រទេសប្រេស៊ីលថា រូបគេមិនរីករាយក្នុងក្លិបនេះឡើយ ពីព្រោះរូបគេនៅតែដើរជាតួរងបន្ទាប់ពីតារាឆ្នើម Leonel Messi និង Luis Suarez។ កាសែត MailSport យល់ឃើញថា មន្ត្រីសំខាន់ៗមួយចំនួនក្នុងក្លិបនេះបានធុញទ្រាន់ទៅនឹងការលើកឡើងផ្សេងៗថា រូបគេចង់ចាកចេញពីកីឡដ្ឋាន Camp Nou ហើយ និងយល់ព្រមឲ្យចាកចេញ ប្រសិនបើក្លិបណាមួយហ៊ានឲ្យតម្លៃខ្លួន Neymar ក្នុងទឹកប្រាក់ចំនួន195លានផោន៕
    ប្រភពពី៖ Daily Mail

  • ធនាគារពិភពលោក គ្រោងផ្តល់ហិរញ្ញប្បទាន 540លានដុល្លាររួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា

    ធនាគារពិភពលោក គ្រោងផ្តល់ហិរញ្ញប្បទាន 540លានដុល្លាររួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា

    ភ្នំពេញៈ ធនាគារពិភពលោក (World Bank) គ្រោងផ្តល់ហិរញ្ញប្បទានទឹកប្រាក់ចំនួន 540លានដុល្លារ ដើម្បីអភិវឌ្ឍកម្ពុជា ក្នុងគោលដៅប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ2030។

    មានប្រសាសន៍ក្នុងជំនួបជាមួយទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នកាលពីល្ងាចថ្ងៃម្សិលមិញ លោកជំទាវ អេឡែន ហ្គូលស្ទីន (Ellen Goldstein) នាយិកាធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត និងប៉ាស៊ីហ្វិកបានថ្លែងលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី18 ខែកក្តដាម្សិលមិញនេះថា ដើម្បីបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធនាគារពិភពលោកនឹងផ្តល់ថវិកាចំនួន540លានដុល្លារអាមេរិកដែលជាចំណែកមួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជាលើការចាប់ផ្តើមអនុវត្តតាមការងារក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ សម្រាប់គម្រោងដែលមានរយៈពេល2ឆ្នាំ គឺចាប់ពីឆ្នាំ2018 ដល់ឆ្នាំ2021។

    លោកជំទាវបានបន្តដោយសន្យាជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្រូបទាញយកថវិកានេះ មកប្រើប្រាស់ឱ្យអស់តាមផែនការក្នុងការរៀបចំគម្រោងអនុវត្តជាក់ស្តែង ដើម្បីឲ្យស្របតាមតម្រូវការអាទិភាពពិតប្រាកដរបស់រាជរដ្ឋាភិបាល ដូចដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ2015-2025ផងដែរ ដើម្បីសម្រេចតាមគោលដៅនៃការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ2030នាពេលខាងមុខ។

    លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនូវអំណរគុណចំពោះធនាគារពិភពលោកដែលមានសុឆន្ទៈខ្ពស់ និងពិតប្រាកដក្នុងការចូលរួមចំណែកដល់កិច្ចអភិវឌ្ឍនៅកម្ពុជា ជាពិសេសការបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការបន្ថែមទៀត។ ជំនួយនេះបានឆ្លុះបញ្ចាំងអំពីជំនឿជឿជាក់ដ៏មុតមាំរបស់ធនាគារពិភពលោកចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

    លោកទេសរដ្ឋមន្រ្តីបានលើកឡើងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គឺកំពុងមានមហិច្ឆតាថ្មីមួយទៀតលើការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលអាចផ្តល់វិភាគទានដល់សហគមន៍អន្តរជាតិវិញតាមរយៈការអភិវឌ្ឍអន្តរជាតិរបស់ធនាគារពិភពលោក ដើម្បីចូលរួមចំណែកគាំទ្រកិច្ចអភិវឌ្ឍរបស់បណ្តាប្រទេសក្រីក្រផ្សេងៗទៀត ដូចដែលកម្ពុជាធ្លាប់បានឆ្លងកាត់នៅក្នុងអន្តរកាលកន្លងមកហើយ៕