Category: សង្គម និងសេដ្ឋកិច្ច

  • សញ្ញា​បង្ហាញថា​កូន​ឆ្លាត​ប៉ុនណា ​

    សញ្ញា​បង្ហាញថា​កូន​ឆ្លាត​ប៉ុនណា ​

    តើ​ធ្វើ​ម៉េច​ទើប​ដឹងថា កូន​របស់​អ្នកជា​ក្មេង​ដែល​ឆ្លាត​វាងវៃ ឬ​ជា​ក្មេង​ដែលមាន​ខួរក្បាល​ដែល​លឿន​រហ័ស​មិន​ស្ពឹក​ស្រពន់​នោះ? មិន​ពិបាក​ទេ លោកឪពុក​អ្នក​ម្តាយ​អាច​ដឹងបាន​តាមរយៈ​ការសង្កេតមើល​ឥរិយាបថ ទង្វើ និង​សញ្ញា​មួយចំនួន​របស់​កូន​ដូចខាងក្រោម​នេះ ៖

    1. កូន​មានការ​ចងចាំ​បានល្អ
    New Kid’s Center បាន​ប្រាប់ថា បើ​កូន​របស់​អ្នក​អាច​ចងចាំ​ហេតុការណ៍​ដែល​កន្លងមក ដូចជា រឿងងាយៗដូចជា​របស់​លេង​លាក់ទុក​នៅ​កន្លែង​ណា ឬ​អាច​ចំណាំ​មុខ​អ្នកឯទៀត និង​ទីកន្លែងផ្សេងៗបាន​យ៉ាង​ល្អ​នោះអាច​និយាយបានថា ជា​រឿង​មួយ​ដែល​ល្អ​ខ្លាំងណាស់។ សូម​សាកល្បង​ពិសោធ​កូន​តាមរយៈ​ការលេង​ហ្គេម​ពាក់ព័ន្ធ​នឹង​ការចងចាំ ឬ​សាកល្បង​ធ្វើ​កិច្ចការងារ​ហ្វឹកហាត់​ការចងចាំ ដើម្បី​ធ្វើឱ្យ​កូន​អភិវឌ្ឍ​ផ្នែក​ការចងចាំ​បាន​ខ្លាំង​ឡើង។

    2. កូន​សម្លឹងមើល​វត្ថុ​អ្វីមួយ​យ៉ាង​រិះគិត
    បើ​កូន​របស់​អ្នក​ចូលចិត្ត​សម្លឹងមើល​វត្ថុផ្សេងៗ ព្រមទាំង​រិះគិត​ពីអ្វី​ម្យ៉ាង​ផង​នោះ​គឺជា​សញ្ញា​ដែល​ល្អ​មួយ​ថា កូន​អាច​ចេះ​ប្រើ​គំនិត​បាន​យ៉ាង​ស៊ីជម្រៅ​ហើយ។ ពេលដែល​កូន​សម្លឹងមើល​អ្វី​ម្យ៉ាង ឬ​សម្លឹងមើល​ទីកន្លែង​ណាមួយ ពេលនោះ​កូន​អាច​កំពុងតែ​រៀន​យល់ដឹង​ពីអ្វី​ម្យ៉ាង​ក៏​អាច​ថា​បានដែរ ព្រោះ​ការពិតទៅក្មេងៗតែង​ក្រេប​យកអ្វីៗគ្រប់យ៉ាង​ដែល​នៅក្បែរ​ខ្លួន​បាន​យ៉ាង​ល្អ រហូត​ពេលខ្លះ​ដល់​ថ្នាក់​ធ្វើឱ្យ​មនុស្ស​ធំ​ភ្ញាក់ផ្អើល​ទៀតផង។

    3. កូន​មាន​សមត្ថភាព​ក្នុង​ការតភ្ជាប់​រឿងរ៉ាវ
    ការដែល​មនុស្ស​យើង​អាច​សរុប និង​ត​ភ្ជាប់​រឿងរ៉ាវ​បាន​អំពី​ទង្វើ​មួយចំនួន ដូចជា ការដែល​ឃើញ​នរណាម្នាក់​កំពុង​ធ្វើ​នំ​សាំង​វិចក៏​នឹង​ដឹងបាន​ភ្លាម​ថា មនុស្ស​ម្នាក់​នោះ​ឃ្លាន និង​កំពុង​ចង់​ទទួលទាន​អាហារ​ហើយ។ នេះ​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​ធំ តែ​មិនមែន​ថា ក្មេង​ទូទៅ​ទាំងអស់​នឹង​អា​ចត​ភ្ជាប់​ព័ត៌មាន​ចូលទៅ​ជាមួយ​អ្វីដែល​កើតឡើង​នោះបានភ្លាមៗទេ នេះ​គឺជា​ភាព​ឆ្លាត​វៃ​ម្យ៉ាង។ បើ​ក្មេង​ម្នាក់​ណា​ធ្វើបាន មានន័យថា ក្មេង​នោះ​ពូកែ​ក្នុង​រឿង​ហ្នឹង ឪពុកម្តាយ​ត្រូវ​ព្យាយាម​បង្ហាត់​កូន​តទៅទៀត។

    4. កូន​ចូលចិត្ត​មនុស្ស​មាន​អាយុ​ច្រើនជាង
    បើ​កូន​ចូលចិត្ត​ទៅធ្វើ​កិច្ចការងារ​ជាមួយ​មនុស្ស​ដែលមាន​អាយុ​ច្រើនជាង នោះ​ក៏​ជា​សញ្ញា​មួយ​ដែល​ល្អ​ដូចគ្នា​ដែរ​ ព្រោះ​ការដែល​ស្ថិតក្នុង​ចំណោម​ក្មេង​ដែលធំៗជាង នឹងធ្វើ​ឱ្យ​កូន​រៀន​យល់ដឹង​រឿង​ដែល​នៅក្បែរ​ខ្លួន​បានច្រើនឡើង ហើយ​មនុស្ស​ដែលធំៗជាង​នោះ​ក៏​នឹង​ក្លាយជា​ផ្នែក​មួយ​ដែល​ជួយ​អភិវឌ្ឍ​ចំណេះដឹង​កូន​របស់​អ្នក​បាន​យ៉ាង​ល្អ។

    5. កូន​មាន​សមត្ថភាព​ផ្នែក​ភាសា
    បើសិន​កូន​ពូកែ​និយាយ អាចនិយាយបាន​លឿន​ជាង​ក្មេង​ក្នុង​វ័យ​ដូចគ្នា​នោះ​បង្ហាញថា កូន​យើង​មាន​ភាព​ឆ្លាត​វៃ​មិន​ចាញ់​នរណា​ឡើយ ចូរ​កុំអាល​ធុញទ្រាន់ បើ​កូន​សួរ​ញឹកញាប់ ឬ​បបួល​ម្តាយ​ជជែក​ឥត​ឈប់​នោះ ព្រោះនេះ​គឺជា​ការហ្វឹកហាត់​អភិវឌ្ឍ​ផ្នែក​ភាសា​របស់​កូន​ហើយ។

    6.កូន​គេង​មិនសូវ​លក់​ល្អ
    អាច​នឹង​មើលទៅ​រាង​ចម្លែក​បន្តិច​ហើយ ព្រោះថា បើ​កូន​គេង​មិនសូវ​លក់​ម៉េច​នឹង​ឆ្លាត​កើត​ទៅ? តែ​យ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត Ruf បាន​បង្ហើប​ឱ្យដឹងថា ក្មេង​ដែលមាន​ទេពកោសល្យ​ច្រើនតែ​គេង​លក់​មិនសូវ​បានល្អ​ទេ ព្រោះ​គេ​នឹង​គិត​គ្រប់ពេលវេលា ធ្វើឱ្យ​ខួរក្បាល​ត្រូវ​ជំរុញ​ជាប់​រហូត ទើប​ពិបាក​គេង​លក់​ជាង​ក្មេង​ប្រក្រតី។

    7. កូន​ចូលចិត្ត​អាន​សៀវភៅ​ច្រើន
    តើ​កូន​របស់​អ្នកជា​ដង្កូវ​សៀវភៅ(ចូលចិត្ត​នៅតែ​ជាមួយ​សៀវភៅ) និង​ចូលចិត្ត​រៀន​យល់ដឹង​រឿងរ៉ាវផ្សេងៗតាមរយៈ​តួអក្សរដែរឬទេ? បើជា​បែប​នោះ​មែន មានន័យថា កូន​របស់​អ្នកមាន​ទេពកោសល្យ​ល្អ​ណាស់ ព្រោះ​កុមារ​ដែល​ចូលចិត្ត​រៀន​យល់ដឹង នឹង​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​ដែលមាន​ចំណេះ និង​អភិវឌ្ឍ​ខ្លួន​បាន​ឆ្ងាយ​ល្អ​ណាស់៕

  • តារាចម្រៀង Ed Sheeran រងការរិះគន់ខ្លាំងដោយសារឈុតក្នុងរឿង Game of Thrones

    តារាចម្រៀង Ed Sheeran រងការរិះគន់ខ្លាំងដោយសារឈុតក្នុងរឿង Game of Thrones

    បើទោះបីជារឿងភាគល្បី Game of Thrones បានទទួលការគាំទ្រយ៉ាងខ្លាំង ខណៈកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ព្រមទាំងមានទស្សនិកជនរាប់លាននាក់កំពុងតែជក់ចិត្តដិតអារម្មណ័ក្នុងការទស្សនារឿងនេះមែន  តែទីបំផុតតារាចម្រៀងប្រុស Ed Sheeran បានក្លាយជាជនរងគ្រោះយ៉ាងចំៗពីអ្នកគាំទ្រ បើទោះបីជាលោកទើបតែបានបើកឆាកបង្ហាញខ្លួនលើកដំបូងជាមួយតារាស្រី Maisie Williams ក៏ដោយ។ នេះបើតាមសារព័ត៌មាន Daily Mail បានចេញផ្សាយ។

    តារាចម្រៀងប្រុសវ័យ 26 ឆ្នាំរូបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គម និងជាអ្នកគាំទ្ររាល់បទចម្រៀងរបស់លោក រិះគន់យ៉ាងខ្លាំងៗចំពោះការមិនឆ្លើយសារតបទៅកាន់អ្នកគាំទ្រទាំងអស់នៅលើបណ្ដាញសង្គមធ្វីធើរ ជាបណ្ដាញសង្គមដែលជនជាតិអាមេរិកនិយមប្រើប្រាស់។ ដោយឡែកក្នុងការឆ្លើយតបទៅកាន់បណ្ដាអ្នកគាំទ្ររបស់លោកទាំងអស់វិញ ម្ចាស់បទល្បី Shape of you រូបនេះបានសរសេរនៅលើធ្វីធើរផ្ទាល់របស់លោកថា​ “ខ្ញុំមិនបានប្រើធ្វីធើរយូរណាស់ហើយ គួរតែតាមដានខ្ញុំ​នៅលើអ៊ីនស្ដាក្រាមដែលមានឈ្មោះ @teddysphotosជំនួសវិញ”។

    ទន្ទឹមនឹងនោះ នៅព្រឹកថ្ងៃនេះ ធ្វីធើររបស់តារាប្រុសរូបនេះបានប្រែមកមានសកម្មភាពដូចដើមវិញ និងអ្វីដែលនឹកស្មានមិនដល់ជាងនោះទៅទៀតគឺ មិនដឹងថាលោកពិតជាបានបោះបង់ចោលដូចសម្ដីលោកពោលមែនឬមិនមែនទៀតផង? ក៏ប៉ុន្ដែគេកត់សម្គាល់ឃើញមិនមានកំណែថ្មីណាមួយនៃការប្រើប្រាស់ធ្វីធើរដូចមុនពិតមែន គ្រាន់តែមានពាក្យចុងក្រោយដែលលោកធ្លាប់បាននិយាយនៅលើ ធ្វីធើរគឺ “ប្រសិនបើអ្នកបានអានសារនេះហើយលុបចោលដោយខ្លួនអ្នកផង វាគ្មានអ្វីសំខាន់ឡើយ ទោះជាអ្នកជានរណាក៏ដោយ គួរតែសង្ស័យខ្លួនឯងថា ហេតុអ្វីអ្នកគិតបែបដូច្នោះ”៕

  • ថ្ងៃនេះ TOP ចូលខ្លួនទទួលការសម្រេចទោសពីតុលាការ ករណីប្រើប្រាស់កញ្ឆាខុសច្បាប់

    ថ្ងៃនេះ TOP ចូលខ្លួនទទួលការសម្រេចទោសពីតុលាការ ករណីប្រើប្រាស់កញ្ឆាខុសច្បាប់

    តារាចម្រៀងរ៉េប TOP សមាជិកក្រុមចម្រៀង Big Bang បានចូលខ្លួនបង្ហាញវត្តមាននៅក្នុងសាលជំនុំជម្រះក្ដី Seoul Central District Court នៅក្នុងថ្ងៃនេះ បន្ទាប់ពីបានទទួលដីកាកោះហៅចំនួន2ដង។ តារានៅជ្រកក្រោមដំបូលរបស់ផលិតកម្ម YG ត្រូវបានតុលាការសម្រេចកាត់ទោសពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងផ្ទះ និងមានមិត្តស្រីជាអ្នកបង្ហាត់បង្រៀនលោកប្រើបា្រស់ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ2016 ហើយអ្នកទាំងពីរបានរួមសមគំនិតគ្នាប្រើប្រាស់ និងប្រព្រឹត្តល្មើសនឹងច្បាប់របស់ប្រទេសកូរ៉េ ។

    សេចក្ដីសម្រេចចុងក្រោយនេះ តុលាការបានកាត់ទោសលោក Choi Seung Hyun ហៅ TOP  ឱ្យជាប់ពន្ធនាគារចំនួន 2 ឆ្នាំ ដោយបង់ប្រាក់ចំនួន 12,000 វ៉ុន ដែលចាប់ផ្តើមអនុវត្តសាលក្រមលើរូបលោកចាប់ពីខែតុលា និងដកហូតតំណែងជាមន្ត្រីការពារជាតិ ព្រមទាំងបិទសិទ្ធិចូលហាត់ទាហានរហូតមួយជីវិត និងការងារទាំងអស់ដែលលោកមានក៏ត្រូវបញ្ឈប់ទាំងអស់ដែរ៕

  • កុមារីអាយុ9ឆ្នាំ ធ្លាប់ប្តូរតម្រងនោមបានប៊ូតុងមាសនៅ America’s Got Talent

    កុមារីអាយុ9ឆ្នាំ ធ្លាប់ប្តូរតម្រងនោមបានប៊ូតុងមាសនៅ America’s Got Talent

    ព័ត៌មានទើបតែចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា កុមារី Angelica Hale កាលពីអាយុ4ឆ្នាំ នាងធ្លាប់ទទួលការវះកាត់ផ្លាស់ប្តូរតម្រងនោម ដោយសារតែនាងទទួលរងគ្រោះដោយ​ជំងឺជាច្រើននៅពេលនោះ និងគ្រប់គ្នាបាន​អរគុណដល់​អ្នកស្រី Eva Hale ជាម្តាយរបស់​កុមារីវ័យ9ឆ្នាំម្នាក់នេះដែលបានបរិច្ចាគក្រលៀន (តម្រងនោម) ដល់កូនស្រី​កម្សត់របស់គាត់ ទើបនាងអាចបន្តជីវិតរស់នៅដូចសព្វថ្ងៃបាន។

    មិនធម្មតាទេសម្រាប់អ្នកដែលហ៊ានយកបទពិបាកៗដូចជាបទ girl on fire ជាដើម ទៅឡើងច្រៀង​សម្តែងសមត្ថភាពលើឆាកនោះ ប៉ុន្តែកុមារីមួយរូបដែលទើបតែមានវ័យ9ឆ្នាំ បែរជាអាចច្រៀងបទនេះបានយ៉ាងពិរោះ និងមានសំឡេងប្រកប​ដោយថាមពល ដែលតារាចម្រៀងមួយចំនួនសុំខ្មាស ហើយអ្វីដែលអស្ចារ្យទៀតនោះ គឺគណៈកម្មការប្រុស​មួយរូបនៃកម្មវិធី Got Talent នៅអាមេរិកមិនអាចទប់នឹងអារម្មណ៍ស្ញប់ស្ញែងរបស់ខ្លួនចំពោះកុមារីនោះបាន ក៏ងើបឡើងទះ​ប៊ូតុងមាសធ្វើឲ្យប្រិយមិត្តទស្សនិកជនហ៊ោកញ្ច្រៀវទះដៃអបអរសាទរស្ទើរតែផ្ទុះវេទិកាប្រកួត។

    បទចម្រៀង girl on fire ជាបទដ៏ល្បីកក្រើកអន្តរជាតិរបស់តារាចម្រៀង Alicia Keys កាលពីឆ្នាំ2012 ហើយត្រូវបានគេ​ទទួលស្គាល់ថា ជាបទដែលពិបាកច្រៀងតាមបំផុត  ប៉ុន្តែខណៈដែលគ្រប់គ្នាខ្លាចមិនហ៊ានយកបទនេះមកប្រកួត កុមារី Angelica Hale បែរជាយកវាមកសម្តែងសមត្ថភាពបានយ៉ាងល្អអស្ចារ្យនៅលើឆាករបស់ America’s Got Talent ទៅវិញ ដែលធ្វើឲ្យគ្រប់គ្នារំភើបទាំងនៅក្នុងកន្លែងប្រកួត និងអ្នកទស្សនានៅគេហដ្ឋាន ហើយជាពិសេសទៀតនោះ គឺវីដេអូបកស្រាយចម្រៀងរបស់ Hale ត្រូវបានបង្ហោះ និងចែកចាយតាមបណ្តាញសង្គម ដោយបានទាក់ទាញ​អ្នកគាំទ្រ ព្រមទាំងកោតសរសើររាប់លាននាក់។

    ទោះបីជាអាចច្រៀងបានយ៉ាងប្រសើរក្រៃលែងយ៉ាងណាក៏ដោយ ក៏ Angelica Hale មិនធ្លាប់ដែលជឿថា ខ្លួនឯងអាចធ្វើបានរហូត​ដល់ថ្នាក់ទទួលបានប៊ូតុងមាស Golden Buzzer ដូច្នេះដែរ។ កុមារី Hale បានបង្ហោះលើបណ្តាញ Twitter របស់នាងថា «ខ្ញុំកំពុងតែហាត់ច្រៀងនៅឡើយ!!! ខ្ញុំមិនដែលគិតថា វានឹងកើតឡើងបែបនោះឡើយ!»៕

    https://www.youtube.com/watch?v=EExwffrNBMg&t=74s

  • សិស្សវិទ្យាល័យ អាចនឹងមានសមត្ថភាពសរសេរបានល្អចាប់ពីពេលនេះតទៅ

    សិស្សវិទ្យាល័យ អាចនឹងមានសមត្ថភាពសរសេរបានល្អចាប់ពីពេលនេះតទៅ

    បន្ទាប់ពីការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឯកសារជំនួយស្មារតី និងលំហាត់គំរូជាច្រើនដើម្បីដាក់ឱ្យសិស្សរៀនដោយឥតគិតថ្លៃលើបណ្តាញទំនាក់ទំនងសង្គម និងគេហទំព័រផ្លូវការរបស់ខ្លួន។

    ឯការទាំងអស់នេះ ភាគច្រើនជាគំរូនៃមេរៀនសំខាន់ៗដែលអាចនឹងចេញប្រឡង ឬយកទៅប្រើក្នុងការរស់នៅប្រចាំថ្ងៃថែមទៀតផង។ ថ្មីៗនេះ ដើម្បីជំនួយដល់ការសរសេរតែងសេចក្តីរបស់សិស្សវិទ្យាល័យ ក្រសួងអប់រំ យុវជន និងកីឡា បានចេញផ្សាយសៀវភៅ «វិធីសាស្រ្តនៃការតែងសេចក្តីសម្រាប់មធ្យមសិក្សាទុតិយភូមិថ្នាក់ទី10 ទី11 និងទី12»។ ឯកសារយ៉ាងសំខាន់នេះ នឹងអាចជួយពង្រឹងលើកកម្ពស់ការសិក្សាភាសាខ្មែរ និងអក្សរសាស្រ្ត ជាពិសេសផ្នែកសរសេរតែងសេចក្តីប្រកបដោយគុណភាព និងប្រសិទ្ធភាព។ វាក៏ជាឯកសារដើម្បីជំនួយដល់ការរៀន និងការបង្រៀនតែងសេចក្តីដែលជាមូលដ្ឋានក្នុងការជួយលោកគ្រូ អ្នកគ្រូ និងអ្នកសិក្សាទាំងអស់ដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិនាប៉ុន្មានថ្ងៃទៀតនេះ។

    នៅក្នុងឯកសារនោះ នឹងផ្តោតលើធាតុផ្សំសំខាន់ៗមួយចំនួនដូចជា បញ្ញត្តិនៃការតែងសេចក្តី ប្រភេទនៃការតែងសេចក្តី វិធីសាស្ត្រក្នុងការតែងសេចក្តី និងគំរូលំហាត់តែងសេចក្តីមួយចំនួនទៀត៕

  • សិស្សបច្ចុប្បន្ន អាចឈានមួយជំហានទៀតដើម្បីរៀនតាមអនឡាញ

    សិស្សបច្ចុប្បន្ន អាចឈានមួយជំហានទៀតដើម្បីរៀនតាមអនឡាញ

    ការសិក្សានៅក្នុងសម័យបច្ចេកវិទ្យានេះបានសម្រួលដល់សិស្សលើបញ្ហាជាច្រើនជាពិសេសគឺការស្វែងរកឯកសារ និងការស្រាវជ្រាវនានា។

    សាកលវិទ្យាល័យ និងអ្នកអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រនៅលើពិភពលោក បានព្យាយាមបង្កើតកម្មវិធីថ្មីៗយ៉ាងច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សនិស្សិតទាំងផ្នែកកម្សាន្ត និងការអប់រំ។ នៅក្នុងនោះដោយសារតែយុវជននាសម័យបច្ចុប្បន្នមានភាពស្និទ្ធខ្លាំងជាមួយនឹងបច្ចេកវិទ្យាពួកគេបានជ្រើសរើសយកការស្រាវជ្រាវ និងការសិក្សាតាមបណ្តាញអនឡាញដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឆ្ពោះទៅរកអាជីពការងារជាក់លាក់មួយនាថ្ងៃអនាគត។

    ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា សម័យបច្ចុប្បន្ននេះជាសម័យបច្ចេកវិទ្យាហេតុនេះបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ។កាលពីមុនយើងធ្វើការចងក្រងឯកសារឬស្រាវជ្រាវតាមវិធីបុរាណតែនៅសម័យនេះអ្វីៗចាប់ផ្តើមផ្លាស់ប្តូកាន់តែប្រសើរឡើង។នៅបណ្តាប្រទេសជឿនលឿនមួយចំនួនការសិក្សាតាមប្រព័ន្ធអនឡាញជាការសិក្សាដ៏ពេញនិយម និងទទួលបានជោគជ័យក្នុងការអភិវឌ្ឍ។

    រដ្ឋមន្ត្រីក្រសួងអប់រំ បានមានប្រសាសន៍ថា៖ “ការសិក្សាតាមប្រព័ន្ធអនឡាញ អាចធ្វើឱ្យអ្នកសិក្សាចំណេញពេលវេលាច្រើនព្រោះអ្នកសិក្សាមិនចាំបាច់អង្គុយរៀនដោយផ្ទាល់ ជាមួយគ្រូគ្រប់ពេលនោះទេ។ រដ្ឋមន្ត្រីក្រសួងអប់រំក៏ធ្លាប់លើកឡើងផងដែរថាតាមរយៈកម្មវិធីសិក្សាអនឡាញយើងអាចផ្សព្វផ្សាយនូវកម្មវិធីសិក្សា និងឯកសារដល់សិស្សបានយ៉ាងទូលំទូលាយមានប្រសិទ្ធភាព និងមានភាពងាយស្រួល។  យុវជនជាច្រើននៅកម្ពុជាបានចាប់ផ្តើមងាកមកប្រើប្រាស់បណ្តាញបច្ចេកវិទ្យាដើម្បីធ្វើការសិក្សាស្រាវជ្រាវលើឯកសារសំខាន់ៗដែលបម្រើដល់ការសិក្សារបស់ពួកគេ។ ថ្មីៗនេះក្រសួងអប់រំយុវជន និងកីឡានៅកម្ពុជាបានបង្កើតមេរៀនជាច្រើនដើម្បីដាក់ឱ្យសិស្សទាញយកទៅប្រើប្រាស់តាមបណ្តាញបច្ចេកវិទ្យា។

    ព្រមជាមួយគ្នានេះក្រសួងក៏បានដាក់បង្ហាញមេរៀនជាវីដេអូបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅក្នុងកម្រិតមធ្យមសិក្សាដើម្បីឱ្យសិស្សានុសិស្សក៏ដូចជាគ្រូបង្រៀនមើល និងយកជាបទពិសោធក្នុងការរៀន និងបង្រៀន។តាមរយៈគេហទំព័រផ្លូវការនិងបណ្តាញសង្គម Facebook របស់ក្រសួងសិស្សនៅកម្ពុជាអាចទាញយកឯកសារបានជាច្រើនដើម្បីជាគំរូដោះស្រាយលំហាត់ត្រៀមប្រឡងថ្នាក់ជាតិសំខាន់ៗ៕

  • ឥណទានប្រាសាក់មានកំណើនខ្ពស់នៅឆ្នាំនេះ

    ឥណទានប្រាសាក់មានកំណើនខ្ពស់នៅឆ្នាំនេះ

    ភ្នំពេញៈ ការផ្តល់ឥណទានរបស់មីក្រូហិរញ្ញវត្ថុប្រាសាក់រក្សាបានកំណើនខ្ពស់នៅដំណាច់ឆមាសទី1ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទំហំទឹកប្រាក់បានកើនពី 1030លានដុល្លារ ដល់ 1247លានដុល្លារ។

    លោក សាយ សូនី នាយកប្រតិបត្តិផ្នែកទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី20 កក្កដានេះថា ឥណទានរបស់ប្រាសាក់សម្រេចបានកំណើន 21ភាគរយដោយទំហំទឹកប្រាក់បានកើនពី 1,030លានដុល្លារកាលពីដំណាច់ឆ្នាំមុនដល់ 1247លានដុល្លារនៅដំណាច់ឆមាសទី1ឆ្នាំនេះ។ លោកបន្តថា ចំណែកការដាក់ប្រាក់បញ្ញើក៏មានកំណើនខ្ពស់ផងដែរ ដោយទំហំទឹកប្រាក់បានកើនពី 619លានដុល្លារកាលពីដំណាច់ឆ្នាំមុនដល់ 784លានដុល្លារនៅដំណាច់ឆមាសទី1ឆ្នាំនេះ។

    លោកបន្តថា “យើងមានការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាននៅត្រីមាសទី1 ដើមឆ្នាំនេះដែលធ្វើឲ្យលំហូរឥណទានមានកំណើនយឺត ប៉ុន្តែចូលដល់ត្រីមាសទី2 តម្រូវការឥណទានមានកំណើនខ្ពស់ ដោយសារតម្រូវការប្រើប្រាស់បានកើនឡើង”។ លោកបន្តថា “ជាមួយគ្នានេះ អតិថិជនក៏បានពង្រីកអាជីវកម្មរបស់ខ្លួនផងដែរ ដែលធ្វើឲ្យប្រាសាក់សម្រេចពង្រីកទំហំឥណទានរហូតដល់20ម៉ឺនដុល្លារ និងរយៈពេលសងត្រឡប់វែងជាងមុន”។

    ប្រាសាក់បច្ចុប្បន្នមានសាខារហូតដល់180សាខាទូទាំងប្រទេស និងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជាផងដែរ។

    លោកឧកញ៉ា ហួត អៀងតុង នាយកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា រហូតមកទល់ពេលនេះ សុខភាពឥណទាននៅតែមានភាពល្អប្រសើរ ទោះបីជាធនាគារជាតិនៃកម្ពុជាបានដាក់របារការប្រាក់ពីជាង30ភាគរយមកនៅត្រឹម18ភាគរយយ៉ាងណាក៏ដោយ។ លោកបន្តថា ទោះជាយ៉ាងណា រហូតមកទល់ពេលនេះទិន្នន័យនៃការផ្តល់ឥណទានទូទាំងវិស័យនេះមិនទាន់ប្រមូលបាននៅឡើយ៕

  • Nokia លេងក្បួនស៊ីក្លូបញ្ជាក់ពីការមកដល់របស់ Nokia 6

    Nokia លេងក្បួនស៊ីក្លូបញ្ជាក់ពីការមកដល់របស់ Nokia 6

    ក្រោយចេញលក់ទូរស័ព្ទ Nokia 3 និង Nokia 5កាលពី 10 ថ្ងៃមុនរួចមក ឥឡូវនេះរៀមច្បងអេក្រង់ធំ សមត្ថភាពខ្លាំង Nokia 6 ត្រូវបានក្រុមហ៊ុន Nokia ប្រកាសចេញលក់ដែរហើយសម្រាប់ទីផ្សារកម្ពុជានៅថ្ងៃស្អែកនេះតាមរយៈព្រឹត្តិការណ៍ដង្ហែក្បួនស៊ីក្លូដ៏វែងមួយក្នុងរាជធានីភ្នំពេញ។

    តាមការឱ្យដឹងពីអ្នកតំណាងក្រុមហ៊ុន Nokia ប្រចាំកម្ពុជាបានប្រាប់ថា ក្រោយទទួលបានការគាំទ្រយ៉ាងច្រើនចំពោះម៉ូដែលទូរស័ព្ទ Nokia 3 Nokia 5 និង Nokia 3310 កាលពីដើមខែមក ថ្ងៃនេះក្រុមហ៊ុននឹងនាំយកម៉ូដែលថ្មី ដែលជារៀមច្បងនៃត្រកូលដែលប្រើប្រព័ន្ធ Android គឺទូរស័ព្ទ Nokia 6 មកតាមការសន្យាហើយសម្រាប់ទីផ្សារកម្ពុជាយើងតាមរយៈព្រឹត្តិការណ៍ដង្ហែក្បួនស៊ីក្លូ ដែលក្រុមហ៊ុនបានធ្វើកាលពីថ្ងៃទី18 គឺយើងចង់បង្ហាញដល់អ្នករស់នៅក្នុងរាជធានីភ្នំពេញម្ដងទៀតអំពីវត្តមានទូរស័ព្ទប្រើប្រាស់ប្រព័ន្ធ Android របស់យើងទាំងអស់សម្រាប់ទីផ្សារកម្ពុជា។

    លោកបន្តថា សម្រាប់ទូរស័ព្ទ Nokia 6 ជាស៊េរីប្រណីតជាងគេក្នុងចំណោមបងប្អូនទាំង 3 ដែលម៉ូដែលនេះមានតួខ្លួនស្រោបដោយលោហធាតុមាន CPU Snapdragon 430 មានRam ទំហំ 3GB និង Memory ផ្ទុកទិន្នន័យទំហំ 32GB អាចបន្ថែមបានដល់ទំហំ 128GB ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Nougat 7.1.1។ ទូរស័ព្ទនេះមានកាមេរ៉ាក្រោយទំហំ 16MP និងមុខទំហំ 8MP អាចថតរូបច្បាស់ ហើយមានអេក្រង់ទំហំ 5.5 អ៊ីញ អាចបង្ហាញរូបភាពទំហំ Full HD ហើយមានភ្ជាប់នូវបច្ចេកវិទ្យា Smart Amplifier និងបច្ចេកវិទ្យាសំឡេង Dolby Atmos ដោយដាក់លក់ក្នុងតម្លៃ 229 ដុល្លារ។

    ដោយឡែកសម្រាប់ទូរស័ព្ទ Nokia 5 មានទំហំអេក្រង់ 5.2 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពបានក្នុងកម្រិត HD ឬ 720p។ បំពាក់មកជាមួយនូវឈីប CPU របស់ Qualcomm លេខ Snapdragon 430 SoC អមមកជាមួយ RAM ទំហំ 2GB និងមានកាមេរ៉ាខាងក្រោយទំហំ 13 MP ដំណើរការដោយ Android ជំនាន់ចុងក្រោយគេ Nougat និងមានតម្លៃ 193 ដុល្លារ ហើយទូរស័ព្ទ Nokia 3 អេក្រង់ IPS ទំហំ 5.0 អ៊ីញ ប្រភេទ HD ស្រោបដោយផ្ទៃកញ្ចក់ Corning® Gorilla® និងមានកាមេរ៉ាមុខក្រោយ ទំហំ 8MP ដាក់លក់ក្នុងតម្លៃ 143 ដុល្លារ៕

  • PSG នឹងពិភាក្សាជាមួយ Barcelona ជុំវិញការផ្ទេរ Neymar ក្នុងតម្លៃខ្លួន…

    PSG នឹងពិភាក្សាជាមួយ Barcelona ជុំវិញការផ្ទេរ Neymar ក្នុងតម្លៃខ្លួន…

    ក្លិបយក្ស Paris Saint-Germain ក្នុងក្របខ័ណ្ឌលីកកំពូលរបស់បារាំងកំពុងតែរៀបចំធ្វើការពិភាក្សាជុំវិញការផ្ទេរមួយក្នុងតម្លៃខ្លួន222លានអឺរ៉ូ (ស្មើនឹង255.8លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែប្រយុទ្ធ Neymar ពីក្លិប Barcelona។ បើទោះបី Barca បានបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះនឹងបន្តនៅជាមួយនឹងពួកគេក៏ដោយ ប៉ុន្តែក្លិប PSG កំពុងតែមានសុទិដ្ឋិនិយមថា ពួកគេអាចចុះហត្ថលេខាជាមួយនឹងកីឡាករដ៏ឆ្នើម Neymar បាន។

    PSG មិនបោះបង់ការតាមប្រមាញ់ទិញរបស់ខ្លួនឡើយ ក្រោយពីបានគិតថា ពួកគេបានឈានដល់ការព្រមព្រៀងគ្នាមួយរួចជាស្រេចហើយសម្រាប់ Neymar កាលពីរដូវក្តៅមុន នៅមុនពេលខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះបានសម្រេចចិត្តបន្តកុងត្រារបស់គេនៅឯកីឡដ្ឋាន Camp Nou។ ប៉ុន្តែ ទោះបីជាយ៉ាងណា ពួកគេមានបំណងក្នុងការរៀបចំការពិភាក្សាផ្សេងទៀតជាមួយនឹងឪពុករបស់ Neymar និងជឿជាក់ថា ការព្រមព្រៀងគ្នាមួយអាចនឹងកើតឡើង។

    ពួកគេអាចផ្តល់តម្លៃខ្លួនរំលាយកិច្ចសន្យាក្នុងទឹកប្រាក់222លានអឺរ៉ូដោយងាយ និងប្រាក់ខែដ៏ច្រើនសន្ធឹកសន្ធាប់ដែល Neymar នឹងទាមទារ។

    លោក Nasser al-Khelaifi ប្រធានក្លិបរបស់ PSG បានបើកចំហទ្វារយល់ព្រមឲ្យមានការផ្ទេរនេះជាថ្មី ហើយលោក Antero Henrique ដែលជាប្រធានផ្នែកកីឡាកំពុងតែស្ថិតក្នុងការពិភាក្សាជាមួយនឹងឪពុករបស់ Neymar ដែលបានរក្សាទំនាក់ទំនងជាមួយនឹងក្លិប PSG ចាប់តាំងពីដូវកាលមុនមក៕
    ប្រភពពី៖ The Guardian

  • ខុនដូតម្លៃ 10លានដុល្លារសម្រាប់ប្រជាជនមានជីវភាពមធ្យមត្រៀមសាងសង់

    ខុនដូតម្លៃ 10លានដុល្លារសម្រាប់ប្រជាជនមានជីវភាពមធ្យមត្រៀមសាងសង់

    ភ្នំពេញៈ ក្រុមហ៊ុនលំនៅដ្ឋាន អឹលកម្ពុជាភ្នំពេញ គ្រោងបោះទុន10លានដុល្លារដើម្បីសាងសង់ខុនដូថ្មីមួយសម្រាប់ប្រជាជនមានជីវភាពមធ្យមស្ថិតក្នុងសង្កាត់បឹងទំពុន រាជធានីភ្នំពេញ។

    លោក ទុយ ប៊ុន ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនលំនៅដ្ឋានអឹលកម្ពុជាភ្នំពេញបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី20 កក្កដានេះថា ខុនដូនេះនឹងសាងសង់នៅខែសីហាខាងមុខនេះ ដោយមានផ្ទះសរុបចំនួនជាង400យូនីត និងមានកម្ពស់22ជាន់ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចូលវត្តដំបូកខ្ពស់ចម្ងាយប្រមាណ300ម៉ែត្រ។ លោកបន្តថា ផ្ទះក្នុងគម្រោងនេះមានទំហំចាប់ពីជាង32ម៉ែត្រការ៉េ រហូតដល់ជាង60ម៉ែត្រការ៉េ និងលក់ក្នុងតម្លៃ800ដុល្លារក្នុងមួយម៉ែត្រការ៉េ។

    លោកបន្តថា អគារខុនដូកម្ពស់22ជាន់នេះនឹងទុក5ជាន់សម្រាប់ចំណតយានយន្ត និងមានក្លឹបហាត់ប្រាណ ព្រមទាំងSky Barផងដែរ ដើម្បីបម្រើដល់ការកម្សាន្ត និងសុខមាលភាពរបស់អ្នករស់នៅលើអគារនេះ។ លោកបន្តថា អគារនេះសាងសង់នៅលើផ្ទៃដីជាង2,000ម៉ែត្រការ៉េ និងគ្រោងបញ្ចប់ការសាងសង់រយៈពេល2ឆ្នាំកន្លះខាងមុខនេះ។

    យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា គិតរហូតដល់ដំណាច់ឆ្នាំនេះ ខុនដូចំនួន7,000យូនីតទៀតនឹងដាក់ចូលទីផ្សារ ខណៈខុនដូចំនួន5,000យូនីតបាន និងកំពុងប្រើប្រាស់នៅលើទីផ្សាររួចហើយ។

    អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុនCBRE CAMBODIAបានថ្លែងថា ទីផ្សារខុនដូបច្ចុប្បន្ននៅតែដំណើរការលក់បានជាធម្មតា ប៉ុន្តែខុនដូដែលផ្តោតលើប្រជាជនមានជីវភាពមធ្យមមានទីផ្សារល្អជាងខុនដូដែលមានតម្លៃខ្ពស់៕