Category: សង្គម និងសេដ្ឋកិច្ច

  • កញ្ញាឃឹម ចរិយា ប្រឹងមួយប្រាវទទួលបានជោគជ័យខ្លាំងក្នុងអាជីព

    កញ្ញាឃឹម ចរិយា ប្រឹងមួយប្រាវទទួលបានជោគជ័យខ្លាំងក្នុងអាជីព

    ពិធីការិនី ឃឹម ចរិយា កំពុងតែមានឈ្មោះបោះសំឡេងក្នុងវិថីសិល្បៈ  ជាពិសេសថ្មីៗនេះនាងបានចូលរួមសម្ដែងជាមួយតារាសម្ដែងជើងចាស់លោក ខៃ ប្រសិទ្ធ ទៀតផង  តែនាងបានបញ្ជាក់ថា ទម្រាំតែបានដូចបច្ចុប្បន្ន នាងខំប្រឹងប្រែងជិត១០ឆ្នាំឯណោះ។

    កញ្ញា ឃឹម ចរិយា ត្រូវបានគេទទួលស្គាល់ថា មានឈ្មោះបោះសំឡេងខ្លាំងនៅចុងឆ្នាំ2016 ពិសេសក្រោយពីនាងបានចូលប្រឡូកក្នុងការងារជាពិធីការិនីក្នុងស្ថានីយទូរទស្សន៍ PNN ដែលធ្វើឱ្យនាងទទួលបានប្រជាប្រិយភាពជាខ្លាំង។

    អតីតកញ្ញាឯករងសាប៊ូលុច្សឆ្នាំ2007 កញ្ញា ឃឹម ចរិយា បានប្រាប់ថា មូលហេតុនាងចូលសិល្បៈយូរឆ្នាំហើយមិនសូវល្បីនោះ មិនមែនមកពីនាងគ្មានសមត្ថភាពនោះទេ ពោលគឺក្រុមគ្រួសាររបស់នាងពុំសូវពេញចិត្ដនឹងការងារសិល្បៈ និងពុំបានផ្ដល់កម្លាំងចិត្ដដល់នាងឡើយ។ នាងបន្ដថា ឪពុកម្ដាយនាងតែងតែបារម្ភពេលនាងត្រូវចេញទៅថតនៅទីឆ្ងាយៗម្ដងៗ ជាពិសេសពេលត្រឡប់មកផ្ទះវិញនៅពេលយប់ព្រលប់ ដូច្នេះទើបនាងបណ្ដោយខ្លួនទៅតាមដំណើរ ល្បីមិនល្បីមិនមែនជាបញ្ហា។

    ពិធីការិនីរូបស្រស់ម្នាក់នេះបញ្ជាក់ថា៖ «ខ្ញុំបានចូលសិល្បៈជិត10ឆ្នាំហើយ នៅតែមិនទាន់មានឈ្មោះនឹងគេ ទើបខ្ញុំសម្រេចចិត្ដចូលឱ្យពេញទំហឹងតែម្ដង។ តែទោះយ៉ាងណាក៏ខ្ញុំបានជម្រាបហេតុផលទៅឪពុកម្ដាយវិញថា កូនធំហើយ កូនអាចមើលថែទាំខ្លួនឯងបានហើយ  សូមម៉ាក់ និងប៉ាកុំបារម្ភអី ទើបគាត់លែងសូវគិតបារម្ភលើបញ្ហានេះដូចមុន»។

    ​ជាការពិតណាស់  ក្រោយពីនាងសម្រេចចិត្ដហើយ គឺពិតជាត្រឹមត្រូវ ពោលគឺរយៈពេល2ឆ្នាំចុងក្រោយនេះ កេរ្ដិ៍ឈ្មោះ និងការងារដែលនាងទទួលបានពិតជាធ្វើឱ្យនាងបានសមដូចបំណងប្រាថ្នាមែន  ព្រោះបច្ចុប្បន្ននាងកំពុងតែមមាញឹកជាមួយការងារពិធីការិនីទាំងនៅ PNN និងថតខ្សែភាពយន្តភាគរឿង ”ពេលណាកូនមានម្ដាយ” ដែលត្រៀមដាក់បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍ CTV8HD ទៀតផង។

    ជុំវិញបញ្ហាផ្ទាល់ខ្លួនវិញ ត្រូវបាននាងថ្លែងក្នុងលក្ខណៈលេងសើចថា កុំឃើញអាយុប៉ុណ្ណឹង តែក៏មានអ្នកស្រឡាញ់ច្រើនដែរណា៎។ សព្វថ្ងៃនាងកំពុងតែសម្លឹងមើលចិត្តបុរសម្នាក់ ម្យ៉ាងនាងក៏មិនទាន់ប្រាកដថា នឹងជ្រើសយកបុរសណាធ្វើជាគូជីវិតដែរ ដូច្នេះនាងត្រូវការពេលវេលាគិតគូរចំពោះរឿងនេះឱ្យល្អិតល្អន់បន្តិចសិន៕

  • គិម វិសាល ផលិតករវ័យក្មេង៖ «ធ្វើវីដេអូអប់រំមិនសូវល្បី និងគ្មានអ្នកគាំទ្រដូចរឿងកំប្លែង»

    គិម វិសាល ផលិតករវ័យក្មេង៖ «ធ្វើវីដេអូអប់រំមិនសូវល្បី និងគ្មានអ្នកគាំទ្រដូចរឿងកំប្លែង»

    «ធ្វើវីដេអូអប់រំមិនសូវល្បី និងគ្មានអ្នកគាំទ្រដូចរឿងកំប្លែង» ប្រយោគមួយឃ្លានេះត្រូវបានផលិតករវ័យក្មេងមានឈ្មោះថា គិម វិសាល បានប្រាប់ពីការខកចិត្តទៅកាន់អ្នកយកព័ត៌មានរបស់គេហទំព័រឡារ៉ែន។ ដោយការតស៊ូព្យាយាម និងជម្នះរាល់ឧបសគ្គទាំងឡាយ ផលិតកវ័យក្មេងររូបនេះបានសម្រេចចិត្តផលិតវីដេអូកំប្លែងវិញម្ដង ដែលមានការចូលរួមសម្ដែងពីមិត្តភ័ក្ដិជិតស្និទ្ធរបស់លោកជាច្រើននាក់ដូចជា យុវតី កែប សុម៉ាលី ជាដើម ដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងជាងគេនៅក្នុងរឿងនីមួយៗ។

    ដោយមិនលាក់បាំង ផលិតករវ័យក្មេងរូបនេះបានប្រាប់ថា “ខ្ញុំបានធ្វើវីដេអូអប់រំចំនួនពីររឿងដែលមានចំណងជើងថា «លោកគ្រូ» និងរឿង «កុំខ្លាច» ហើយបានយកទៅដាក់ប្រកួតនៅក្នុងកម្មវិធីមហោស្រពភាពយន្ដខ្នាតខ្លីដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប៉ុន្ដែជាអកុសលមិនបានជាប់ជយលាភីឡើយ”។ គិម វិសាល បានបន្ដទៀតថា យ៉ាងណាមិញក៏លោកមិនបានបាក់ទឹកចិត្តក្នុងការផលិតភាពយន្ដខ្លីនេះដែរ ព្រោះថា នេះជាចំណង់ចំណូលចិត្ត និងជាការស្រឡាញ់របស់លោកតាំងពីនៅវ័យកុមារមកម្ល៉េះ ហើយបានសម្រេចចិត្តបែរមកផលិតវីដេអូខ្លីដែលមានលក្ខណៈបែបកំប្លែងវិញម្តងដែលជាទស្សនីយភាពទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុត។

    បច្ចុប្បន្នផលិតករវ័យ 25 ឆ្នាំរូបនេះទទួលបានភាពជោគជ័យចំពោះឃ្លីបរយៈពេលមិនលើសពី 5 នាទី និងមានការឧបត្ថម្ភពីបណ្ដាផលិតកម្មនានាដែលបានគាំទ្រ និងសម្លឹងឃើញមានអ្នកគាំទ្រជាច្រើនតាមរយៈវីដេអូដែលលោកបានផលិត។ មិនតែប៉ុណ្ណោះ លោក គិម វិសាល បានប្រាប់អ្នកយកព័ត៌មានគេហទំព័រឡារ៉ែនថា ថ្មីៗនេះលោកទទួលបានការចរចាជាមួយអ្នកផលិតកម្មវិធីទូរទស្សន៍ប៉ុស្ដិ៍លេខ 9 ក្នុងការផលិតវីដេអូកំប្លែង និងមានលាយបញ្ជូលនូវការអប់រំផងដែរ ក៏ប៉ុន្ដែនៅមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ ពោលគឺកំពុងស្ថិតក្នុងការពិចារណារៀងៗខ្លួន។

    ជាចុងក្រោយ ផលិតករវ័យក្មេងបានបញ្ជាក់ប្រាប់ថា លោកមានគម្រោងធ្វើរឿងភាគស្នេហា មនោសញ្ជេតនាស៊ីអារម្មណ៍រវាងស្នេហាភេទដូចគ្នា និងស្នេហាតាមបែបធម្មជាតិប្រុស និងស្រី ដែលដកស្រង់ចេញពីជីវិតរស់នៅរបស់យុវវ័យសម័យបច្ចុប្បន្នខ្មែរយើងនេះ ក៏ប៉ុន្ដែលោកថា មិនបោះបង់ចោលនូវខ្លឹមសារអប់រំឡើយ ព្រោះថា ការអប់រំមានសារៈសំខាន់សម្រាប់យុវជនកម្ពុជាខ្លាំងណាស់៕

  • ញាក់សាច់! Ronaldo សម្ញែងយន្តហោះឯកជន ក្រោយពីប្រកាសថា មិត្តស្រីរបស់ខ្លួនមានផ្ទៃពោះ

    ញាក់សាច់! Ronaldo សម្ញែងយន្តហោះឯកជន ក្រោយពីប្រកាសថា មិត្តស្រីរបស់ខ្លួនមានផ្ទៃពោះ

    ខ្សែប្រយុទ្ធ Cristiano Ronaldo បន្តរស់នៅក្នុងជីវិតបែបទំនើបរបស់គេ ខណៈដែលវាគ្មានអ្វីត្រូវភ្ញាក់ផ្អើលឡើយនៅពេលឃើញរូបគេឈរក្បែរយន្តហោះឯកជនរបស់ក្រុមហ៊ុន Nike នោះ។ ខ្សែប្រយុទ្ធដ៏ឆ្នើមវ័យ32ឆ្នាំរូបនេះកំពុងតែសម្រាកលំហែពីដំណើរប្រកួតរបស់ក្លិប Real Madrid ទៅកាន់ទីក្រុង Los Angeles ក្រោយពីបានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់របស់គេឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Confederations Cup នៅប្រទេសរុស្ស៊ី។

    ក្រុមហ៊ុន Nike មានយន្តហោះឯកជនផ្ទាល់ខ្លួនរបស់ពួកគេដែលមានមូលដ្ឋានទៅរដ្ឋ Oregon និងត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនមនុស្សសំខាន់ៗទូទាំងពិភពលោក។ ហេតុនេះ Ronaldo ក៏ជាសមាជិកម្នាក់របស់ពួកគេផងដែរ។ រូបគេនៅសល់រយៈពេលជាច្រើនសប្តាហ៍ទៀតដើម្បីសម្រាកលំហែ ខណៈដែល Ronaldo មិនតម្រូវឲ្យធ្វើការបង្ហាញខ្លួននៅឯក្លិប Real Madrid ឡើយរហូតដល់ចុងខែនេះ។ ក្រោយពីបានក្លាយជាឪពុករបស់កូនប្រុសវ័យ7ឆ្នាំឈ្មោះថា Cristiano Ronaldo Jr កីឡាករ Ronaldo កាលពីពេលថ្មីៗនេះ បានស្វាគមន៍កូនភ្លោះដែលមានឈ្មោះថា Eva និង Mateo ក្រោយពីម្តាយពពោះជំនួសបានផ្តល់កំណើតដល់ពួកគេនៅក្នុងប្រទេសសហរដ្ឋអាមេរិក។ Ronaldo បានទទួលស្គាល់ថា កូនៗដែលទើបតែកើតរបស់គេ ពិតជាមានតម្លៃណាស់ ហើយថា រូបគេមានរឿងជាច្រើនដែលត្រូវរៀនសូត្រ ដូចជាពេលផ្លាស់ប្តូរខោទឹកនោមឱ្យកូនៗជាដើម៕
    ប្រភពព័ត៌មាន៖ The Sun

  • រុស្ស៊ី សហការជាមួយកម្ពុជា ក្នុងការធ្វើពាណិជ្ជកម្មឧស្សាហកម្មគ្រឿងយន្ត

    រុស្ស៊ី សហការជាមួយកម្ពុជា ក្នុងការធ្វើពាណិជ្ជកម្មឧស្សាហកម្មគ្រឿងយន្ត

    ភ្នំពេញ៖ គណៈប្រតិភូរបស់ក្រុមហ៊ុន RSTradehouse នៃសហព័ន្ធរុស្ស៊ីដឹកនាំដោយលោកបណ្ឌិត សឺហ្គេ ប៉ូ្រនីន (Sergey Pronin) នាយកប្រតិបត្តិក្រុមហ៊ុនបានជួបពិភាក្សាការងារជំនួញជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំវេទិកាធុរកិច្ចរួមគ្នាមួយនៅដើមខែធ្នូ ឆ្នាំ2017 ក្នុងគោលដៅបង្ហាញពីសក្តានុពលវិនិយោគរបស់ក្រុមហ៊ុន RSTradehouse នៅលើផ្សារកម្ពុជា។

    ក្នុងជំនួបនោះលោកបណ្ឌិត Sergey Pronin បានបង្ហាញពីប្រភេទជំនួញ និងការផ្គត់ផ្គង់របស់ក្រុមហ៊ុន RSTradehouse ដែលរួមមាន ឧបករណ៍អេឡិចត្រូនិក សេវាកម្មផ្នែកព័ត៌មាន និងទំនាក់ទំនង រថយន្ត និងគ្រឿងយន្តធុនធ្ងន់។ បន្ថែមពីលើនេះទៀត ភាគីក្រុមហ៊ុនរុស្ស៊ីមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជាដែលជាទីផ្សារកំពុងរីកចម្រើននៅអាស៊ាន ហើយបានចាត់ទុកវេទិកាធុរកិច្ចនាពេលខាងមុខនេះ ជាដំណើរចាប់ផ្តើមដ៏ល្អនៃទំនាក់ទំនងធុរកិច្ចរវាងភាគីទាំងពីរ។

    ក្នុងជំនួបនោះលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងស្វាគមន៍ដ៏កក់ក្តៅចំពោះវិនិយោគិនរុស្ស៊ីក្នុងការចូលមកវិនិយោគនៅលើទីផ្សារកម្ពុជាចំពោះឧបករណ៍អេឡិចត្រូនិក និងឧស្សាហកម្មគ្រឿងយន្តនេះ។ លោកជំទាវក៏បានជម្រាបជូនលោកបណ្ឌិត Sergey Pronin អំពីសេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច បរិយាកាសធុរកិច្ច និងវិស័យដែលមានសក្តានុពលខ្លាំងដែលបានចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ និងអាចរក្សាកំណើនក្នុងរង្វង់ 7.7% ដែលក្នុងនោះរួមមានវិស័យឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ សំណង់ ទេសចរណ៍ និងកសិកម្មរបស់កម្ពុជា ហើយក៏កំពុងមានតម្រូវការលើឧបករណ៍អេឡិចត្រនិក និងគ្រឿងយន្តធុនធ្ងន់ផងដែរ។

    លោកជំទាវក៏បានជម្រាបជូនតំណាងគណៈប្រតិភូដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុន និងទិញផលិតផលកសិកម្មរបស់កម្ពុជា រួមមាន អង្ករ កៅស៊ូ ម្រេច និងពោតជាដើម។ ក្រៅពីនេះសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនដោយសង្ខេបអំពីសកម្មភាពជំនួញរបស់ខ្លួន និងបានលើកឡើងអំពីប្រភេទអាជីវកម្មដែលមានសក្តានុពលនៅកម្ពុជា រួមមានសេវាសុខភាព អប់រំ សំណង់ និងធនាគារ និងហិរញ្ញវត្ថុជាដើម។ ក្រោយជំនួបពិភាក្សានេះក្រសួងពាណិជ្ជកម្ម និង ប្រតិភូក្រុមហ៊ុន RSTradehouse បានព្រមព្រៀងនឹងជំរុញការចូលរួមពីក្រុមហ៊ុនឯកជនតាមវិស័យសំខាន់ៗ និងរៀបចំវេទិកាធុរកិច្ចរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីនាពេលខាងមុខឱ្យប្រកបដោយភាពរលូន និងជោគជ័យ៕

  • AC Milan បំពេញការចុះហត្ថលេខាជាមួយ Bonucci ពីក្លិប Juventus

    AC Milan បំពេញការចុះហត្ថលេខាជាមួយ Bonucci ពីក្លិប Juventus

    ក្លិប AC Milan បានចុះហត្ថលេខាជាមួយនឹងខ្សែការពារអន្តរជាតិអ៊ីតាលី Leonardo Bonucci ពីក្លិប Juventus ក្នុងតម្លៃខ្លួន40លានអឺរ៉ូ (ស្មើនឹង46.5លានដុល្លារអាមេរិក)។

    Bonucci វ័យ 30ឆ្នាំបានចុះហត្ថលេខាលើកុងត្រារយៈពេល 5ឆ្នាំជាមួយនឹងក្រុមម្ចាស់ជើងឯក18សម័យកាលមួយនេះ ដែលបានចំណាយប្រាក់អស់ប្រមាណជា178លានអឺរ៉ូហើយក្នុងរដូវកាលនេះទៅលើការទិញចូលកីឡាករថ្មីៗ។ លោក Vincenzo Montella គ្រូបង្វឹករបស់ក្លិប AC Milan បានឲ្យដឹងថា៖ «ជាបច្ចេកទេស ខ្ញុំគិតថា រូបគេ និង Sergio Ramos ជាខ្សែការពារដ៏រឹងមាំបំផុតក្នុងពិភពលោក»។ ស្របពេលជាមួយគ្នានេះដែរ Juventus បានបំពេញមកវិញនូវការចុះហត្ថលេខាជាមួយខ្សែការពារ Mattia de Sciglio វ័យ24ឆ្នាំមកពីក្លិប AC Milan វិញក្នុងតម្លៃខ្លួន12លានអឺរ៉ូ។

    Juventus បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ក្លិប Juventus កំពុងតែបន្ថែមកីឡាករម្នាក់ដែលមានទេពកោសល្យដ៏អស្ចារ្យ និងពោរពេញដោយបទពិសោធអន្តរជាតិ»។ ការផ្ទេររបស់ Bonucci មានន័យថា រូបគេនឹងក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងវ័យ30ឆ្នាំ ឬច្រើនជាងនេះ ដោយច្រើនជាងតម្លៃខ្លួន25លានអឺរ៉ូ ដែលក្លិប Roma ធ្លាប់បានចំណាយទិញខ្សែប្រយុទ្ធ Gabriel Batistuta ពីក្លិប Fiorentina កាលពីឆ្នាំ2000ទៅទៀត។

    Bonucci វ័យ30ឆ្នាំបានចំណាយពេល7ឆ្នាំនៅឯក្លិប Juventus ដោយបានធ្វើការបង្ហាញខ្លួន319លើក និងឈ្នះពានរបស់ក្របខ័ណ្ឌ Serie A ចំនួន6លើក។ ក្លិប AC Milan បានឲ្យដឹងថា៖ «ក្រោយពីការផ្ទេរចេញគូប្រជែងដ៏គួរឲ្យគោរព ទៅកាន់ក្លិប AC Milan យើងសូមស្វាគមន៍ចំពោះ Leonardo»៕
    ប្រភពព័ត៌មាន៖ BBC

  • តារាឯកប្រុសក្នុងរឿង The Amazing Spider-Man សារភាពថា ខ្លួនជា…

    តារាឯកប្រុសក្នុងរឿង The Amazing Spider-Man សារភាពថា ខ្លួនជា…

    តារាឯកប្រុសនៅក្នុងរឿង The Amazing Spider-Man មានឈ្មោះថា Andrew Garfield បានចេញមុខសារភាពនៅក្នុងកម្មវិធីសម្ភាស RuPaul’s Drag Race ថា ខ្លួនជាមនុស្សប្រុសស្រឡាញ់ភេទដូចគ្នា គ្រាន់តែលោកមិនសម្ដែងឱ្យមហាជនបានឃើញតែប៉ុណ្ណោះ។

    អាថ៌កំបាំងរបស់តារាសម្ដែងប្រុសរូបសង្ហាម្នាក់នេះបានក្លាយជាព័ត៌មានល្បីបំផុត និងប៉ះពាល់ដល់អាជីពការងាររបស់លោក បើទោះបីជាលោកព្យាយាមបិទបាំងខ្លួនលោកប៉ុនណាក៏ដោយ ក៏នៅតែមិនអាចលាក់បាំងភ្នែកមហាជនបានដែរ។ ជាមួយគ្នានោះដែរ តារាឯកប្រុសវ័យ 33 ឆ្នាំរូបនេះបាននិយាយនៅក្នុងបទសម្ភាសនោះថា “ប្រាកដណាស់ តែមិនមែនខ្ញុំចង់មានន័យដូចនោះទាំងអស់ឡើយ ការផ្ដល់បទសម្ភាសពីមុនមក គឺនិយាយសំដៅដល់ការសម្ដែងដែលមានភាពស៊ីជម្រៅ វាជាសេចក្ដីស្នេហារបស់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា LGBTQ តែប៉ុណ្ណោះ ខ្ញុំនិយាយពីការត្រៀមខ្លួនសម្ដែង មិនបានសំដៅដល់ទង្វើរបស់ខ្ញុំទេ”។

    ក្រៅពីនេះ តារាប្រុសរូបនេះបានផ្ដល់ការគាំទ្រចំពោះក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា LGBTQ ដោយបាននិយាយថា “វាជារឿងសំខាន់ណាស់ ខ្ញុំរីករាយនឹងសម្ដែងរឿងប្រភេទបែបនោះ ចំពោះរឿងអារម្មណ៍ក្នុងការសម្ភាសកន្លងមក ខ្ញុំចង់បញ្ជាក់ពីការតាំងចិត្តក្នុងការសម្ដែង ដើម្បីបង្ហាញពីអ្វីដែលខ្ញុំចូលចិត្ត និងសមត្ថភាពរបស់ខ្ញុំដែលចេញពីធម្មជាតិ”។
    គួរបញ្ជាក់ផងដែរថា រឿងដែលនឹកស្មានមិនដល់នេះ បានធ្វើឱ្យអ្នកគាំទ្ររបស់លោកខកចិត្តនឹងទង្វើរបស់លោកយ៉ាងខ្លាំង៕

  • ក្លិប West Ham យល់ព្រមលើលក្ខខណ្ឌផ្សេងៗ ដើម្បីបំពេញការផ្ទេរ Hernandez

    ក្លិប West Ham យល់ព្រមលើលក្ខខណ្ឌផ្សេងៗ ដើម្បីបំពេញការផ្ទេរ Hernandez

    ក្លិប West Ham United បានយល់ព្រមលើលក្ខខណ្ឌផ្សេងៗជាមួយនឹងក្លិប Bayer Leverkusen ដើម្បីចុះហត្ថលេខាជាមួយនឹង Javier Hernandez ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United ក្នុងការផ្ទេរមួយដែលត្រូវបានគេជឿជាក់ថា មានតម្លៃខ្លួន16លានផោន (ស្មើនឹង20.75លានដុល្លារអាមេរិក)។

    ក្លិបញញួរធំ West Ham បានប្រកាសថា ខ្សែប្រយុទ្ធអន្តរជាតិម៉ិកស៊ិកវ័យ29ឆ្នាំរូបនេះ នឹងធ្វើដំណើរទៅដល់ទីក្រុងឡុងដ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដើម្បីបំពេញលក្ខខណ្ឌផ្ទាល់ខ្លួន និងទទួលការត្រួតពិនិត្យសុខភាព។ Hernandez ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិម៉ិកស៊ិកនោះនឹងក្លាយជាកីឡាករចំណូលថ្មីទី3សម្រាប់ក្រុមរបស់លោក Slaven Bilic និងការនាំយកខ្សែការពារ Pablo Zabaleta និងអ្នកចាំទី Joe Hart។

    លោក Bilic ពិតជាចង់ចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធថ្មីម្នាក់ ក្រោយពីការរងរបួសរបស់កីឡាករ Andy Carroll និង Diafra Sakho ដែលធ្វើឲ្យក្លិប West Ham បញ្ចប់រដូវកាលមុនដោយមានតែខ្សែប្រយុទ្ធកម្ចី Jonathan Calleriម្នាក់ប៉ុណ្ណោះដែលលេងក្នុងតំបន់ប្រយុទ្ធ និងបានស៊ុតបាល់បញ្ចូលទីបាន1គ្រាប់ក្នុងការបង្ហាញខ្លួន19លើក ។

    Hernandez គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់ក្នុងក្របខ័ណ្ឌ Premier League ក្រោយពីបានស៊ុតបាល់បញ្ចូលទីសរុប59គ្រាប់ ក្នុងអំឡុងការចំណាយពេល4ឆ្នាំនៅឯកីឡដ្ឋាន Old Trafford។ កីឡាកររូបនេះដែលត្រូវបានគេស្គាល់ថាជា Chicharito នោះបានផ្ទេរទៅកាន់ក្លិប Real Madrid ក្នុងនាមជាកីឡាករកម្ចីកាលពីឆ្នាំ2014 ហើយរយៈពេល1ឆ្នាំក្រោយមក រូបគេបានចុះហត្ថលេខាទៅកាន់ក្លិប Leverkusen ជាដែលកន្លែងរូបគេបានស៊ុតបាល់បញ្ចូលទី28គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga 54លើក៕
    ប្រភពពី៖ The Guardian

  • ប្រជាជនកម្ពុជា នឹងមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ2030

    ប្រជាជនកម្ពុជា នឹងមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ2030

    ភ្នំពេញ៖ ដោយឈរលើកំណើនសេដ្ឋកិច្ចរឹងមាំថេរ 7% ជារៀងរាល់ឆ្នាំក្នុងរយៈពេលជិត2ទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យកម្ពុជាចេញផុតពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ2016 កន្លងទៅ។

    តាមរបាយការណ៍របស់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ប្រសិនបើគ្មានឧបសគ្គ ឬមិនមានវិបត្តិសេដ្ឋកិច្ចទេនោះ កម្ពុជានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ2030 ហើយចាប់តាំងពីការផ្លាស់ប្ដូរប្រព័ន្ធទីផ្សារមកកាន់សេដ្ឋកិច្ចទីផ្សារសេរីក្នុងឆ្នាំ1998មក កម្ពុជាបានធ្វើការកែទម្រង់ស៊ីជម្រៅ និងបានអនុវត្តផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិប្រកបដោយប្រសិទ្ធភាពរហូតសម្រេចបានកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លាគិតជាមធ្យម 7% រៀងរាល់ឆ្នាំចាប់ពីឆ្នាំ2000ដល់ឆ្នាំ2017នេះ។

    ជាមួយនឹងកំណើនរឹងមាំក្នុងឆ្នាំ2017នេះ ផលិតផលសរុបក្នុងស្រុក(ផ.ស.ស) បច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ 22.2 ប៊ីលានដុល្លារអាមេរិកដែលធ្វើឱ្យផ.ស.ស សម្រាប់មនុស្សម្នាក់អាចនឹងកើនចំណូលឡើងដល់ 1,434 ដុល្លារអាមេរិកក្នុង1ឆ្នាំ។

    លើសពីនេះកម្ពុជាអាចរក្សាបាននូវអតិផរណាដែលស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ដោយអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ប្រមាណថា នឹងមានអត្រា 3.8% ក្នុងឆ្នាំ 2017 កើនពី 3.0% ក្នុងឆ្នាំ2016 ដោយសារនិន្នាការកើនឡើងនៃថ្លៃប្រេងក្នុងទីផ្សារអន្តរជាតិ និងតម្លៃម្ហូបអាហារក្នុងស្រុក។

    យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាសមាមាត្រនៃប្រជាជនដែលមានការងារធ្វើ រកចំណូលបានក្រោម 1.90 ដុល្លារក្នុងមួយថ្ងៃស្មើនឹង33.6% ហើយប្រជាជនដែលរស់នៅក្រោមបន្ទាត់ក្រីក្រមានចំនួន 14%៕

  • ចាំយូរទេ? ពេលនេះទូរស័ព្ទ Galaxy S8 ពណ៌ទឹកសមុទ្រចេញលក់នៅកម្ពុជាហើយ

    ចាំយូរទេ? ពេលនេះទូរស័ព្ទ Galaxy S8 ពណ៌ទឹកសមុទ្រចេញលក់នៅកម្ពុជាហើយ

    ក្រោយចេញលក់ទូរស័ព្ទ Galaxy S8 និង S8Plus ជាផ្លូវការកាលពីដើមខែឧសភា ជាមួយនឹងពណ៌ខ្មៅ ពណ៌ប្រផេះបែកស្វាយ និងទឹកមាសរួចមក ថ្មីៗនេះ Samsung ប្រចាំកម្ពុជាបានប្រកាសដាក់ចេញនូវពណ៌ទឹកសមុទ្រមួយទៀតសម្រាប់អ្នកចង់បានទូរស័ព្ទពណ៌ប្លែកៗបែបធម្មជាតិ។

    លោក Seungho Choi នាយកគ្រប់គ្រងនៃ Samsung សាខាកម្ពុជាបានឱ្យដឹងថា សម្ទុះនៃការលក់ទូរស័ព្ទ Galaxy S8 និង S8 Plus មានកម្រិតខ្លាំងនៅតាមខេត្តធំៗក្នុងព្រះរាជាណាចក្រកម្ពុជា លើសពីអ្វីដែលក្រុមហ៊ុនបានរំពឹងទុក ហើយពណ៌ថ្មីនេះជាពណ៌ទី 4 ដែលស្រស់ស្អាតប្លែកភ្នែក ទាក់ចិត្តអ្នកគាំទ្រឱ្យអន្ទះសាចង់បានគ្រប់ៗគ្នា។ ក្នុងរយៈពេល 3 ខែចុងក្រោយនេះ ទូរស័ព្ទទាំង 2 ស៊េរីបានបង្កើតនូវភាពជឿទុកចិត្តដល់អ្នកប្រើប្រាស់ចំនួន 9.8 លាននាក់ជុំវិញពិភពលោក។

    ចំពោះទូរស័ព្ទ Galaxy S8/S8+ ពណ៌ទឹកសមុទ្រនេះ គឺមិនមានលក្ខណៈសម្បត្តិអ្វីខុសគ្នាពីទូរស័ព្ទពណ៌មុនៗនោះទេ ដោយវាទាំង 2 នៅតែបំពាក់ជាមួយនឹងកញ្ចក់ Super AMOLED ប្រើ CPU មកពីក្រុមហ៊ុន Qualcomm ប្រភេទ Snapdragon 835 ជំនាន់ថ្មី មានសមត្ថភាពខ្លាំងក្នុងទីផ្សារបច្ចុប្បន្ន ប្រភេទ Quad-core រត់នៅក្នុងល្បឿន 2.45GHz ខ្លាំងជាង S7 និង S7 edge ចំនួន 10% និងមាន GPU Adreno 540 ថ្មី ដែលធ្វើឱ្យការលេងហ្គេមធំៗដំណើរការទៅយ៉ាងរលូនល្អ ហើយនិងការប្រើប្រាស់ទៅលើកិច្ចការប្រចាំថ្ងៃជាច្រើនរាប់មិនអស់ទៀតនៅតែគ្មានបញ្ហា ខណៈដែលវាមាន Ram ទំហំ 4GB ក៏ដោយ។

    ដោយឡែកផ្នែកកាមេរ៉ា Samsungនៅតែរក្សាទំហំ 12 MP ដដែល តែបានពង្រីកផ្នែកខាងមុខឡើងដល់ 8 MP ព្រមជាមួយនឹងការបន្ថែមបច្ចេកវិទ្យា Dual Pixel ដែលអាចឱ្យវាធ្វើការ Focus បានរហ័ស និងពិសេសអាចថតរូបបានលឿនជាងមុន។ កាមេរ៉ាខាងក្រោយ Galaxy S8/S8+ មានកម្រិត Aperture ធំបំផុត f/1.7 ជាមួយទំហំ Pixel 1.4um ធ្វើឱ្យវាអាចស្រូបពន្លឺបានច្រើន ពិសេសផលិតរូបភាពបានក្នុងកម្រិតដិតច្បាស់ និងដាច់ល្អ ភ្ជាប់ជាមួយនឹងមុខងារ Manual អាចឱ្យអ្នកប្រើធ្វើការកំណត់ការប្រើប្រាស់ដូចការប្រើកាមេរ៉ាអាជីពដែរ និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Nougat ជំនាន់ 7.0 ចេញពីប្រអប់ស្រោបខ្លួនដោយ UI Touchwiz ជំនាន់ថ្មី ងាយស្រួលប្រើ និងទំនើបជាងមុន៕

  • តារាចម្រៀងក្នុងក្រុម «Linkin Park» ធ្វើអត្តឃាត…ស្លាប់យ៉ាងកណ្ដោចកណ្តែង

    តារាចម្រៀងក្នុងក្រុម «Linkin Park» ធ្វើអត្តឃាត…ស្លាប់យ៉ាងកណ្ដោចកណ្តែង

    នេះជាព័ត៌មានមួយដែលកំពុងធ្វើឱ្យភ្ញាក់ផ្អើលពេញពិភពលោកទាំងមូលដែលតារាចម្រៀង “Chester Bennington” ជាប្រធានក្រុម Linkin Park បានធ្វើអត្តឃាតនៅថ្ងៃទី21 ខែកក្កដា ឆ្នាំ2017 នេះ។

    សារព័ត៌មានបរទេសបានអះអាងថា Chester Bennington វ័យ 41 ឆ្នាំ បានស្លាប់បាត់បង់ជីវីតដោយសារការធ្វើអត្តឃាតចងក នៅក្នុងផ្ទះស្នាក់នៅផ្ទាល់ខ្លួនមួយកន្លែងក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ដែលខណៈនេះ មន្ត្រីប៉ូលិសនៅក្នុងតំបន់ក៏កំពុងស៊ើបអង្កេតលើករណីមួយនេះ។

    ទន្ទឹមនឹងនេះ តារាប្រុសរូបនេះ ត្រូវបានគេដឹងថា លោករស់នៅយ៉ាងឯកោជាយូរណាស់មកហើយ និងតែងប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងដែលមានជាតិអាល់កុលខ្លាំង ព្រមទាំងបានបន្សល់គ្រឿងញៀនទាំងនោះក្នុងផ្ទះរបស់លោកទៀតផង។

    គួររំឭកផងដែរថា លោក Chester Bennington កើតនៅថ្ងៃទី20 ខែមីនា ឆ្នាំ1976 បានរៀបការ និងមានកូនចំនួន 6 នាក់ ហើយលោកបាននិពន្ធបទចម្រៀងបែបរ៉ុកបានចំនួន 2,000បទ ដែលសុទ្ធសឹងជាបទល្បីៗទូទាំងពិភពលោក។ ក្រុមចម្រៀង Linkin Park បានលក់អាល់ប៊ុមចម្រៀងចុងក្រោយរបស់ខ្លួនបាន 27.8 លានដុល្លារនៅសហរដ្ឋអាមេរិក នេះបើតាមគេហទំព័រ Nielsen Music បានឱ្យដឹង៕