Category: សង្គម និងសេដ្ឋកិច្ច

  • G-Dragon អះអាងថា ក្រុមចម្រៀង BIGBANG និងត្រឡប់មកវិញជាថ្មីម្ដងទៀត

    G-Dragon អះអាងថា ក្រុមចម្រៀង BIGBANG និងត្រឡប់មកវិញជាថ្មីម្ដងទៀត

    ទន្ទឹមនឹងលេចឮព័ត៌មានពាក់ព័ន្ធពីការជាប់ពន្ធនាគារបស់សមាជិកក្រុមចម្រៀង BIGBANG គឺលោក TOP នោះបានធ្វើឱ្យក្រុមអ្នកគាំទ្រមានការខកចិត្តយ៉ាងខ្លាំង ប៉ុន្ដែនាពេលថ្មីៗនេះ តារាចម្រៀង G-Dragon ជាសមាជិកក្រុមចម្រៀងដដែលនេះបានចេញមកអះអាងថា BIGBANG និងត្រឡប់មកវិញជាថ្មីម្ដងទៀតនាពេលឆាប់ៗនេះ ដោយមិនធ្វើឱ្យអ្នកគាំទ្រទាំងអស់ខកចិត្តឡើយ។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀងប្រុស G-Dragon ទើបតែបញ្ចប់ការប្រគំតន្ត្រី M.O.T.T.E World Tour លើកទី 3 ដោយទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងនោះបាននិយាយថា លោកនៅតែលើកទឹកចិត្តដល់សមាជិកក្រុមទាំងអស់ និងអ្នកគាំទ្រមិនឱ្យមានការបាក់កម្លាំងចិត្តដោយសារតែរឿង TOP នេះទេ។ ដោយឡែកលោកបានបង្ហោះនៅលើបណ្ដាញទាក់ទងសង្គម អ៊ីនស្ដាក្រាមរបស់លោកដើម្បីឱ្យអ្នកគាំទ្រទាំងអស់បានយល់ថា នៅអំឡុងពេលខាងមុខទៀតនេះនឹងមានការជួបជុំក្រុមចម្រៀង BIGBANG ដូចមុន ហើយពួកគេនឹងវិលមកជុំគ្នាគ្រប់រូបទាំងអស់។

    ជាចុងក្រោយនេះ ការថ្លែងនូវក្ដីសង្ឃឹមទៅកាន់បណ្ដាហ្វ៊ែនៗនេះអាចចាត់ទុកបានថា ក្រុមចម្រៀង BIGBANG នឹងគ្មានថ្ងៃរំលាយក្រុមឡើយ៕

  • តោខៀវ Chelsea ប្រកាសពីការបំពេញការផ្ទេរ Morata ក្នុងកិច្ចសន្យា 5ឆ្នាំ

    តោខៀវ Chelsea ប្រកាសពីការបំពេញការផ្ទេរ Morata ក្នុងកិច្ចសន្យា 5ឆ្នាំ

    ក្លិបតោខៀវ Chelsea បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Alvaro Morata ពីក្លិប Real Madrid ក្នុងកិច្ចសន្យារយៈពេល5ឆ្នាំ។ ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ គឺជាកីឡាករចំណូលថ្មីទី3របស់ Chelsea នៅរដូវក្តៅនេះ ក្រោយពីការផ្ទេររបស់ខ្សែការពារ Antonio Rudiger មកពីក្លិប Roma និងខ្សែបម្រើ Tiemoue Bakayoko មកពីក្លិប Monaco ហើយ Morata ត្រូវបានគេជឿជាក់ថា មានតម្លៃខ្លួន58លានផោន (ស្មើនឹង 75លានដុល្លារអាមេរិក)។ Morata វ័យ24ឆ្នាំ បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការមកទីនេះ។ វាជាការរំជួលចិត្តដ៏មិនគួរឲ្យជឿ ក្នុងការក្លាយជាសមាជិករបស់ក្លិបដ៏ធំមួយនេះ។

    ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅកាន់ការធ្វើការងារដ៏លំបាក និងស៊ុតបាល់បញ្ចូលទីឲ្យបានច្រើនតាមដែលខ្ញុំអាច និងឈ្នះពានឲ្យបានច្រើនតាមដែលអាចធ្វើបាន។ Morata ត្រូវបានរំពឹងទុកថា នឹងត្រូវចូលជំនួសកន្លែងមិត្តរួមជាតិរបស់គេគឺ Diego Costa ដែលត្រូវបានប្រាប់ដោយលោកគ្រូបង្វឹក Antonio Conte ថា អនាគត រូបគេមិនមានវត្តមាននៅក្លិប Chelsea ឡើយ។ Costa ត្រូវបានរំពឹងទុកថា នឹងទៅចូលរួមជាមួយនឹងក្លិប Atletico Madrid វិញ ក្រោយពីបានផ្ទេរទៅកាន់ក្លិប Chelsea កាលពីខែកក្កដា ឆ្នាំ2014 ក្នុងតម្លៃខ្លួន32លានផោន។

    លោក Michael Emenalo ប្រធានក្លិប Chelsea បាននិយាយថា Morata អាចបង្កើតឲ្យមានឥទ្ធិពលដ៏ធំទាំងក្នុងការប្រកួតលីកក្នុងស្រុក និងក្របខ័ណ្ឌ Champions League។ លោក Emenalo បានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ក្នុងការបំពេញការចុះហត្ថលេខា Alvaro និងសូមស្វាគមន៍រូបគេមកកាន់ក្លិបនេះ។ យើងជឿជាក់ថា រូបគេនឹងបង្កើតភាពអស្ចារ្យសម្រាប់ Chelsea»៕
    ប្រភពពី៖ The Guardian

  • ម្ដងនេះច្បាស់ហើយ! Galaxy Note 8 ត្រៀមបង្ហាញខ្លួននៅខែក្រោយ

    ម្ដងនេះច្បាស់ហើយ! Galaxy Note 8 ត្រៀមបង្ហាញខ្លួននៅខែក្រោយ

    ម្ដងនេះច្បាស់ហើយ និងគ្មានអ្វីត្រូវសង្ស័យទៀតទេ ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung បានធ្វើការចែកជូនលិខិតអញ្ជើញភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានចូលរួមក្នុងព្រឹត្តិការណ៍ Unpacked នៅទីក្រុង New York ថ្ងៃទី23 ខែសីហា ឆ្នាំ2017 ព្រមជាមួយនឹងការផ្សាយបន្តផ្ទាល់នៅលើគេហទំព័ររបស់ Samsung ទៀតផង។

    តាមរយៈគេហទំព័រ រួមជាមួយ Page Facebook របស់ក្រុមហ៊ុន Samsung កម្ពុជា យើងបានឃើញមានការផ្លាស់ប្ដូរ Cover ទៅជារូបទូរស័ព្ទអមដោយប៊ិកពណ៌មួយដើម ដោយមានសរសេរដាក់ថា «រង់ចាំមើលមើល៍ថា តើនៅថ្ងៃទី23 ខែសីហា ឆ្នាំ2017 នឹងមានព្រឹត្តិការណ៍ធំអ្វីកើតឡើង?»។

    ទោះនៅក្នុងរូបមិនបានបញ្ជាក់ថាជាទូរស័ព្ទអ្វីមែន ប៉ុន្ដែតាមរយៈរូបប៊ិកមួយនោះ យើងអាចសម្គាល់បានយ៉ាងច្បាស់ថា វាជាទូរស័ព្ទ Galaxy Note ជំនាន់ថ្មី គឺ Note 8 តែម្ដង។ ចំពោះស្មាតហ្វូនថ្មីនេះ ជាទម្លាប់ គឺSamsungនឹងបំពាក់អេក្រង់ខ្នាតធំជាងត្រកូល S ដទៃទៀតជានិច្ច ព្រមជាមួយនឹងប៊ិក S-Pen មួយដែលមានមុខងារថ្មីៗពីមួយជំនាន់ទៅមួយជំនាន់។

    យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបញ្ជាក់ពីសមត្ថភាព ក៏ដូចជាលក្ខណសម្បត្តិអ្វីទាំងអស់លើស្មាតហ្វូនមួយនេះ ប៉ុន្តែតាមដំណឹងបែកធ្លាយគឺ Galaxy Note 8 អាចនឹងមានអេក្រង់ទំហំ 6.3 អ៊ីញ អេក្រង់ Super AMOLED ជំនាន់ថ្មី 18.5:9 aspect ratio ដូចនឹងត្រកូល S ដទៃទៀតដែរ។ មិនតែប៉ុណ្ណោះ វាអាចនឹងមានប្រើនូវ បន្ទះឈីបជំនាន់ចុងក្រោយរបស់ Exynos និង Snapdragon ហើយមាន Ram ទំហំ 6GB។ ក្នុងនោះ វាក៏អាចជាស្មាតហ្វូនដំបូងគេផងដែរដែលបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះរបស់ Samsung និងមានថាមពលថ្ម 3300mAh៕

  • ទីផ្សារអាផាតមិន ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង

    ទីផ្សារអាផាតមិន ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង

    ភ្នំពេញៈ ទីផ្សារអាផាតមិន បាននិងកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង ដោយសារតែការកើនឡើងនូវការផ្គត់ផ្គង់ បើទោះបីជាតម្រូវការមានការកើនឡើងក៏ដោយ។

    លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលបានវិនិយោគលើអគារអាផាតមិនចំនួន1កន្លែងនៅតំបន់បឹងត្របែកបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី21 កក្កដានេះថា ទីផ្សារអាផាតមិនបានស្ថិតក្នុងសភាពទ្រឹង ដោយសារតែមានការប្រកួតប្រជែងកើនឡើង ព្រោះមានការផ្គត់ផ្គង់កាន់តែច្រើននៅក្នុងទីផ្សារបើទោះជាតម្រូវការជួលក៏មានកំណើនដែរក៏ដោយ ប៉ុន្តែនិន្នាការទីផ្សារបានផ្លាស់ប្តូរ ដោយសារខុនដូសម្រាប់ប្រជាជនមានជីវភាពមធ្យមបានផ្តល់ការបង់រំលស់ត្រឹមមួយខែពី 400ទៅ 500ដុល្លារ ដែលបានធ្វើឲ្យអ្នកជួលអាផាតមិនក្នុងតម្លៃប្រហាក់ប្រហែលគ្នានេះងាកមកសម្រេចចិត្តទិញខុនដូបង់រំលស់ជំនួសវិញ។

    លោកបន្តថា “ទោះជាមានការប្រកួតប្រជែងខ្លាំងក្តី ក៏ប៉ុន្តែតម្លៃជួលអាផាតមិនមិនទាន់ធ្លាក់ចុះនៅឡើយទេ ដោយសារអ្នកជួលអាផាតមិនមានជម្រើសកាន់តែច្រើនដើម្បីជ្រើសរើសទីតាំងនៅជិតកន្លែងធ្វើការរបស់ពួកគេ”។

    អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងស្រដៀងគ្នាថា ទីផ្សារអាផាតមិនពិតជាមានការប្រកួតប្រជែងខ្ពស់ ដោយសារចំនួនយូនីតថ្មីៗដែលដាក់ចូលទីផ្សារបានកើនឡើងខ្ពស់ ស្របពេលចំនួនខុនដូបញ្ចប់ការសាងសង់ក៏បានកើនឡើងព្រមគ្នាផងដែរ។លោកបន្តថា តាមការព្យាកររហូតដល់ដំណាច់ឆ្នាំនេះនឹងមានអាផាតមិនចន្លោះពី7,000ទៅ8,000យូនីតត្រូវបានដាក់ចូលទីផ្សារ ដែលចំនួននេះមានភាពប្រហាក់ប្រហែលគ្នានឹងចំនួនខុនដូផងដែរ។

    លោកបន្តថា “បច្ចុប្បន្នខ្ញុំសង្កេតឃើញទីផ្សារអាផាតមិនមិនទាន់ប្រឈមបញ្ហាធ្ងន់ធ្ងរទេ ប៉ុន្តែរយៈពេល2ទៅ3ឆ្នាំខាងមុខ តម្លៃអាផាតមិននឹងធ្លាក់ចុះ ព្រោះចរន្តនៃការប្រកួតប្រជែងកាន់តែលំបាក”៕

  • ថ្ងៃបង្ហាញ Nokia 8 ជាថ្ងៃដែលអ្នកផលិតស្មាតហ្វូនមួយនេះ លាលែងចេញពីការងារ

    ថ្ងៃបង្ហាញ Nokia 8 ជាថ្ងៃដែលអ្នកផលិតស្មាតហ្វូនមួយនេះ លាលែងចេញពីការងារ

    លោក Arto Nummela បានលាលែងចេញពីតំណែងជានាយកប្រតិបត្តិ (CEO ) របស់ក្រុមហ៊ុន HMD Global នាថ្ងៃតែមួយនឹងថ្ងៃបើកសម្ពោធទូរស័ព្ទ Nokia 8 និងត្រូវបានដាក់ជំនួសមកវិញដោយលោក Florian Seiche ជានាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនដែលទើបនឹងរីកលូតលាស់មួយនេះ។

    ការលាលែងពីតំណែងមួយនេះអាចធ្វើមុនមួយថ្ងៃ ឬចំថ្ងៃសម្ពោធ Nokia 8 តែម្ដង ហើយព័ត៌មានមួយនេះមិនត្រូវបានក្រុមហ៊ុន HMD Global បញ្ជាក់ប្រាប់ពីមូលហេតុលម្អិតថាយ៉ាងណានោះទេ ខណៈដែលអ្នកតាមដានរឿងនេះជាច្រើននាក់យល់ឃើញថា លោក Arto Nummela ជាមនុស្សមានស្នាដៃល្អក្នុងការដឹកនាំក្រុមហ៊ុន ដោយលោកបានធ្វើឱ្យម៉ាកសញ្ញា Nokia រស់ឡើងវិញម្ដងទៀតក្រោមយុទ្ធសាស្រ្តទីផ្សារដ៏ល្អរបស់គាត់។

    ក្រោមការដឹកនាំរបស់លោក Arto ក្រុមហ៊ុនHMD Global បានដាក់ចេញនូវស្មាតហ្វូន Android ចំនួន 3 ធំៗគឺ Nokia 3, Nokia 5, Nokia 6 និងទូរស័ព្ទ Nokia 3310 (2017) ហើយចុងក្រោយនេះ គឺ Nokia 8 ដែលវាបានក្លាយជាសមិទ្ធផលចុងក្រោយបន្ទាប់ពីលោកចាកចេញ។

    លោក Sam Chin អគ្គនាយករបស់ក្រុមហ៊ុន HMD Global បានឱ្យដឹងថា លោក Arto Nummela បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតប្រតិបត្តិការរបស់ក្រុមហ៊ុន HMD Global ការកសាងក្រុមការងារ និងការបង្ហាញនូវផលិតផលដំបូងៗជាច្រើន ហើយការចាកចេញនេះវាជាកិច្ចព្រមព្រៀងរវាងគាត់នឹងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន៕

  • សាស្ត្រាចារ្យ សំអាង សម៖ យុវជនបានដើរតួនាទីសំខាន់ក្នុងកិច្ចអភិវឌ្ឍសហគមន៍វប្បធម៌

    សាស្ត្រាចារ្យ សំអាង សម៖ យុវជនបានដើរតួនាទីសំខាន់ក្នុងកិច្ចអភិវឌ្ឍសហគមន៍វប្បធម៌

    យុវជនជាអ្នកបន្តវេនលើគ្រប់វិស័យក្នុងសង្គមហើយស្ថានភាពយុជននាពេលបច្ចុប្បន្នបានឆ្លុះបញ្ចាំងពីអនាគតរបស់សង្គមទាំងមូល។

    លោកសាស្ត្រាចារ្យសំអាង សមព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈអក្សរសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបានថ្លែងនៅក្នុងសិក្ខាសាលាស្តីពីកីឡាស្នេហា និងការអប់រំនៅសតវត្សរ៍ទី21ថា យុវជននាពេលបច្ចុប្បន្នបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍសហគមន៍វប្បធម៌ជាពិសេសតួនាទី និងកាតព្វកិច្ចរបស់យុវជនខ្មែរក្នុងការជំរុញលើវិស័យកីឡាការងារស្ម័គ្រចិត្តការស្វែងយល់ពីសុភមង្គលគ្រួសារ និងការអភិវឌ្ឍខ្លួនការកសាងឧត្តមភាពសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម និងការផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយទៅកាន់យុវវ័យដទៃទៀតដើម្បីបង្កើនគុណភាពធនធានមនុស្សនៅកម្ពុជា។

    លោកសាស្ត្រាចារ្យ សំអាង សម បានមានប្រសាសន៍ថា៖ «ជាមោទនភាពរបស់យើងដែលយើងឃើញថាយុវជនខ្មែរមានភាពទទួលខុសត្រូវខ្ពស់ដោយយុវវ័យដឹកនាំយុវវ័យខ្លួនឯងយុវវ័យដោះស្រាយបញ្ហាយុវវ័យដោយខ្លួនឯងយុវវ័យបង្រៀនយុវវ័យគ្នាឯង និងយុវវ័យចូលរួមយ៉ាងសកម្មជាចំណែកមួយក្នុងការអភិវឌ្ឍសង្គម»។

    លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា ការងារសំខាន់ និងមានន័យដែលយុវវ័យបានធ្វើនាពេលបច្ចុប្បន្ននេះជាសក្ខីភាពគួរឱ្យកត់សម្គាល់ និងសរសើរដែលយុវជនយុវនារីមានគំរូល្អធ្វើជាមគ្គុទេសក៍ក្នុងការចូលរួមអភិវឌ្ឍសង្គមវប្បធម៌ជាតិឱ្យរីកច្រើនទៅអនាគតប្រកបដោយឆន្ទៈនិងសមត្ថភាពខ្ពស់។

    ចំណុចនេះបង្ហាញថា យុវវ័យជំរុញកម្លាំងចិត្តពង្រឹងសមត្ថភាព និងបទពិសោធបង្កើតបណ្តាញស្ម័គ្រចិត្តជួយឈឺឆ្អាលដល់អ្នកដទៃស្គាល់តួនាទីរបស់ខ្លួន និងកាតព្វកិច្ចរបស់ខ្លួនលើសពីការគិតពីប្រយោជន៍ផ្ទាល់ខ្លួនដោយគិតពីប្រយោជន៍នៃការកសាងធនធានមនុស្សប្រកបដោយការបំផុសគំនិតដល់អ្នកឯទៀតជំរុញទឹកចិត្តដាស់តឿនដាស់ស្មារតីជាពិសេសយុវជនយុវនារីខ្មែរឱ្យចាប់អារម្មណ៍និងយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្រ និងកិច្ចការរបស់សហគមន៍យើងផងដែរ។

    ជាបណ្តាំផ្ញើលោកសាស្ត្រាចារ្យសំអាង សមបានមានប្រសាសន៍ថា យុវជនយុវនារីខ្មែរត្រូវមានសតិសម្បជញ្ញៈស្មារតីថែរក្សាបន្តវេនជាទំពាំងស្នងឫស្សីខិតខំសិក្សារៀនសូត្រពីវប្បធម៌អរិយធម៌ជាតិរបស់ខ្លួនដើម្បីឱ្យយល់កាន់់តែច្បាស់អំពីតម្លៃសារៈសំខាន់ភាពសម្បូរបែបនៃសម្បត្តិបេតិកភណ្ឌរបស់ជាតិដែលមានបង្កប់នូវអត្តសញ្ញាណជាតិដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍសង្គម។ យុវវ័យជាកតាលិករយ៉ាងសំខាន់បំផុតដើម្បីការផ្លាស់ប្តូរ និងប្រកាន់ខ្ជាប់នៅក្នុងខ្លួនឱ្យមានវិន័យក្នុងគំនិតការតស៊ូស្វិតស្វាញហើយ និងសេចក្តីព្យាយាមដើម្បីឆ្ពោះទៅរកឧត្តមភាពនៃជីវិត៕

  • រដ្ឋមន្ត្រីក្រសួងកិច្ចការនារីថា អ្នកប្រព្រឹត្តអំពើហិង្សាសាហាវ ភាគច្រើនជាអ្នកទទួលការអប់រំទាប

    រដ្ឋមន្ត្រីក្រសួងកិច្ចការនារីថា អ្នកប្រព្រឹត្តអំពើហិង្សាសាហាវ ភាគច្រើនជាអ្នកទទួលការអប់រំទាប

    អំពើហិង្សាជារឿងរសើបមួយក្នុងសង្គមកម្ពុជា ហើយតាមការស្រាវជ្រាវបានរកឃើញថា អំពើហិង្សាក្នុងគ្រួសារភាគច្រើនតែងតែកើតមានលើស្ត្រី។

    នៅក្នុងពិធីចុះហត្ថលេខាលើប្រកាសរួមស្តីពីក្របប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានពីអំពើហិង្សាស្ត្រី លោកជំទាវ អ៊ឹង គន្ថាផាវី បានលើកឡើងថា ដើម្បីទប់ស្កាត់អំពើហិង្សា គឺត្រូវការឱ្យមានការចូលរួមពីគ្រប់សមាសភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទៀតផងដើម្បីអប់រំដល់សង្គម។  លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «អ្នកដែលប្រព្រឹត្តអំពើហិង្សាសាហាវ ច្រើនតែជាអ្នកដែលមិនទទួលបានការអប់រំខ្ពស់»។

    បន្ថែមពីលើនេះផងដែរ លោកជំទាវបានបញ្ជាក់ថា ការរាយការណ៍ព័ត៌មានកន្លងរបស់អ្នករាយការណ៍ព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការប្រើអំពើហិង្សាចំពោះស្ត្រីនៅមានភាពអវិជ្ជមានទាក់ទងទៅនឹងអំពើហិង្សាលើស្ត្រី ជាពិសេសកង្វះការចូលរួមអប់រំសីលធម៌ក្នុងសង្គម។ លោកជំទាវបានស្នើសុំឱ្យមានការរួមគ្នាលុបបំបាត់វប្បធម៌ហិង្សា និងបង្កើតសីលធម៌ល្អទុកឱ្យអ្នកជំនាន់ក្រោយរក្សាបន្តពីយើងទាំងអស់គ្នា៕

  • រាជរដ្ឋាភិបាលកម្ពុជា ស្នើភាគីថៃជួយគាំពារ និងសង្រ្គោះពលករដែលត្រូវគេជួញដូរ

    រាជរដ្ឋាភិបាលកម្ពុជា ស្នើភាគីថៃជួយគាំពារ និងសង្រ្គោះពលករដែលត្រូវគេជួញដូរ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងការងារបានស្នើសុំភាគីថៃជួយផ្តល់សេវាគាំពារ និងសង្រ្គោះពលករកម្ពុជាដែលត្រូវបានគេជួញដូរទៅកាន់ប្រទេសថៃ។

    ក្នុងជំនួបជាមួយលោក អាឌុល សែងស៊ីកែវ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គមថៃកាលពីថ្ងៃម្សិលមិញ លោកអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើទៅកាន់ភាគីថៃលើចំណុចមិនប្រក្រតីមួយចំនួនផងដែរ ក្នុងនោះគឺរឿងពលករដែលត្រូវបាននាំចូលទៅធ្វើការនៅប្រទេសថៃខុសច្បាប់ គឺជាជនរងគ្រោះដែលត្រូវបានគេជួញដូរដែលគួរតែមានការគាំពារ ជួយសង្រ្គោះ និងផ្តល់សេវា។ នេះជាចំណុចដែលភាគីទាំងពីរគួរនាំគ្នាដោះស្រាយ។ មួយវិញទៀត រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាក៏បានលើកឡើងពីប្រពន្ធ និងកូនដែលទៅជាមួយពលករខ្មែរយើងនោះផងដែរ ដែលគួរតែមានការគាំពារ ផ្តល់សេវាកម្មផ្សេងៗ អប់រំ និងសេវាសុខាភិបាលដល់ពួកគេ។

    លោករដ្ឋមន្រ្តីក្រសួងការងារក៏បានលើកពីគម្រោងដែលចង់ឲ្យភាគីថៃបង្កើតឱ្យមានជាមជ្ឈមណ្ឌលគាំពារពលករមួយសម្រាប់ទទួលយកពលករដែលជាជនរងគ្រោះដោយការជួញដូរដើម្បីធ្វើការប្រឹក្សាណែនាំដល់ពួកគេកុំឱ្យចាញ់បោកមេខ្យល់ទៀត ហើយភាគីថៃអាចបញ្ជូនពួកគេមកវិញតាមរយៈមជ្ឈមណ្ឌលនេះ។

    ជាការឆ្លើយតបលោក អាឌុល សែងស៊ីកែវ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសង្គមថៃបានទទួលយក និងឯកភាពនឹងការលើកឡើងរបស់ភាគីកម្ពុជា ហើយលោកនឹងបន្តឆន្ទៈអនុវត្តខ្លឹមសារក្នុងអនុស្សរណៈដែលបានចុះកិច្ចព្រមព្រៀងគ្នាកន្លងមក។ ជាក់ស្តែងថ្មីៗនេះភាគីថៃបានដោះស្រាយបញ្ហាជួញដូរមនុស្សបានជាង100ករណី ហើយរឹបអូសទ្រព្យសម្បត្តិបានជាង790លានបាត និងកាត់ទោសឱ្យជាប់គុកលើមន្ត្រី និងអ្នកនយោបាយរបស់ខ្លួនដែលបានប្រព្រឹត្តបទល្មើសនេះប្រមាណជា130នាក់ផងដែរ។

    ពលករកម្ពុជាដែលបម្រើការងារនៅក្នុងប្រទេសថៃបច្ចុប្បន្នមានប្រមាណជា 1,050,000 នាក់ ក្នុងនោះជាង70ម៉ឺននាក់មានភាពស្របច្បាប់ហើយ និងប្រមាណ30ម៉ឺននាក់ទៀតមិនទាន់មានភាពស្របច្បាប់នៅឡើយ។ ហើយថ្មីៗនេះ រដ្ឋាភិបាលថៃបានធ្វើការកែទម្រង់ច្បាប់ថ្មីដើម្បីគ្រប់គ្រងពលករបរទេសដែលមានភាពតឹងរ៉ឹងជាមុន ហើយធ្វើការផាកពិន័យធ្ងន់ធ្ងរជាងមុនចំពោះនិយោជក។ ភាគីថៃក៏បានចេញសេចក្តីប្រកាសឱ្យមានការពន្យាពេលក្នុងការអនុវត្តច្បាប់នេះ៦ខែដែលឯកឧត្តមមើលឃើញថា
    នេះជាឱកាសមួយសម្រាប់ប្រទេសទាំងពីររួមគ្នាដោះស្រាយបញ្ហាពលករទេសន្តរប្រវេសន៍ សំដៅបង្កើតភាពស្របច្បាប់ និងការការពារសិទ្ធិ ព្រមទាំងការរំលោភបំពានផ្សេងៗ៕

  • វិធី​កាត់បន្ថយ​សភា​ពភ័យខ្លាច​ក្នុង​ថ្ងៃ​ប្រសូតបុត្រ និង​សាង​ភាពសប្បាយ​ចិត្ត​ដល់​អ្នក​ម្តាយ​ថ្មីថ្មោង

    វិធី​កាត់បន្ថយ​សភា​ពភ័យខ្លាច​ក្នុង​ថ្ងៃ​ប្រសូតបុត្រ និង​សាង​ភាពសប្បាយ​ចិត្ត​ដល់​អ្នក​ម្តាយ​ថ្មីថ្មោង

    ពេញ​មួយ​រយៈពេល​នៃ​ការ​ពពោះ ស្ត្រី​មានគភ៌​តែងតែមាន​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​កើតឡើង​ជានិច្ច​ មិនថាតែ​អាការ​ចាញ់កូន អាការ​ឈឺពោះ​ធ្ងន់​កន្តុក​ទៅ​ក្រោម ឈឺ​ខ្នង ឬ​ឈឺ​បត់ជើងតូច​ញឹកញាប់​ជាដើម។ អាការ​ទាំងនោះ​អាច​សាង​ក្តីកង្វល់​ចិត្ត​ដល់​ស្ត្រី​មានគភ៌​ឱ្យមាន​អារម្មណ៍​មួម៉ៅ​ជា​ញឹកញាប់ តែ​នៅពេល​ថ្ងៃ​ប្រសូត​មកដល់ ស្ត្រី​មានគភ៌​អាច​នឹងមាន​អារម្មណ៍​នឹក​កង្វល់​ឡើង​ទ្វេដង​ទៅទៀត​ជាមួយនឹង​ការត្រៀមខ្លួន ដើម្បី​ទប់ទល់​នៅពេល​ប្រសូត។ ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ពាក្យ​ណែនាំខ្លះៗដើម្បី​ជួយ​ឱ្យ​ស្ត្រី​មានគភ៌​កាត់បន្ថយ​សភាវ​វិតក្ក​កង្វល់​បាន​ដូចតទៅ។

     

    ទប់​ទល់នឹង​ការឈឺចាប់
    សម្រាប់​ស្ត្រី​មានគភ៌​កូនតូច​លើកដំបូង ក្រោយពី​ឆ្លង​ផុត​អាការ​អ្នកមាន​ផ្ទៃពោះផ្សេងៗរួចមក នៅពេល​ជិត​ដល់​ថ្ងៃ​ប្រសូត ស្ត្រី​មានគភ៌​ច្បាស់ជាមាន​ក្តីកង្វល់​ជាមួយនឹង​រឿង​ការឈឺចាប់​ពេលប្រសូត​ជា​រឿង​ធម្មតា ហេតុនេះ ឡា​រ៉ែ​ន សូម​ណែនាំ​ថា ចូរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ទប់ទល់​នឹង​ការឈឺចាប់​ទាំងនោះ។ ទាំងអស់នោះ​គឺ​ដើម្បីឱ្យ​រូបអ្នក​បានទទួល​នូវ​ពាក្យ​ណែនាំ​ដែល​ល្អ​បំផុត​ក្នុងការ​ត្រៀមខ្លួន ត្រៀម​ចិត្ត​ក្នុង​ថ្ងៃ​ប្រសូត​បាន​យ៉ាងពេញទំហឹង។ ជាមួយគ្នានេះដែរ ស្ត្រី​មានគភ៌​ដែលជិត​ប្រសូត​គួរ​គិតតែ​រឿង​ដែល​វិជ្ជមានល្អៗ ដោយ​អាច​នឹង​គិតថា ទោះជា​ឈឺចាប់​ប៉ុនណាតែ​នៅពេលដែល​អ្នក​បានឃើញ​មុខ​កូន​សម្លាញ់​ដែល​ទើប​ប្រសូត​ចេញមក អ្នក​នឹងមាន​ស្នាមញញឹម​ដ៏​ស្រស់ស្រាយ​ភ្លាម​មិន​ខាន ព្រោះ​ជីវិត​របស់​អ្នកកំពុងតែ​បានទទួល​នូវ​កាដូ​ដ៏​មានតម្លៃ​បំផុត​មួយ​ហើយ។ ចំណុច​នេះ​ច្បាស់​ជា​ធ្វើឱ្យ​ខ្លួន​អ្នកមាន​អារម្មណ៍ល្អ​ប្រសើរឡើង ធូរស្រាល បាត់អស់​ក្តីកង្វល់​លើ​រឿង​ឈឺចាប់​នៅពេល​ប្រសូត និង​ញញឹមឡើង​តែម្នាក់ឯង​មិន​ខាន។

    ជ្រើស​រើសយក​វិធី​ប្រសូត​ដែល​ល្អ​បំផុត
    ការ​ប្រសូត​បុត្រ​តាមបែប​ធម្មជាតិ ឬ​ប្រសូត​ដោយ​ខ្លួនឯង គឺជា​វិធី​ប្រសូត​ដែល​ល្អ​បំផុត ហើយ​រាងកាយ​ថែមទាំង​អាច​រឹងប៉ឹង​មាំមួន​ឡើងវិញ​បានឆាប់រហ័ស​ទៀតផង តែ​សម្រាប់​រាងកាយ​របស់​ស្ត្រីម្នាក់ៗក៏​អាច​នឹងមាន​ភាព​ត្រៀម​ជាស្រេច​ក្នុងការប្រសូត​ខុសប្លែក​ពីគ្នា​ដែរ។ ស្ត្រី​ណា​ដែល​រាងកាយ​មាន​សភាវ​ខុស​ប្រក្រតី គ្រូពេទ្យ​អាច​នឹង​ប្រើ​វិធី​ការ​វះ​ប្រសូត តែបើ​ស្ត្រី​មានគភ៌​ណា​មាន​សុខភាព​រាងកាយ​រឹងប៉ឹង​ល្អ​ទាំង​កាយ និង​ចិត្ត ក៏​ស័ក្តិសមនឹង​ការ​ប្រសូត​ដោយ​វិធី​ធម្មជាតិ​ខ្លាំង​បំផុត។ តែ​យ៉ាងណាក៏ដោយ ស្ត្រី​មានគភ៌​កូន​ដំបូង សូមកុំ​ភ្លេច​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​រឿង​វិធី​ការ​ប្រសូត​ដែល​ស័ក្តិសម​នឹង​ខ្លួនឯង​ផង។

    ពេល​តាំង​គភ៌​ចូរ​ឧស្សាហ៍​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់​គ្រប់ពេល
    ក្នុងអំឡុងពេល​នៃ​ការតាំង​គភ៌ គ្រូពេទ្យ​តែងតែ​ណាត់ជួប ​ដើម្បី​ពិនិត្យ​រាងកាយ និង​គភ៌​យ៉ាង​ជាប់លាប់ ព្រោះ​បើសិន​ជាមាន​អ្វី​ខុស​ប្រក្រតី គ្រូពេទ្យ​នឹង​បាន​ទប់​ទប់​ព្យាបាល​យ៉ាង​ទាន់ពេលវេលា ហើយ​ការ​ឧស្សាហ៍​ទៅ​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់​គ្រប់ពេល​ថែមទាំង​មាន​លទ្ធផល​ល្អ​ក្នុង​ការជួយកាត់បន្ថយ​ស្ថានការណ៍​ប្រថុយប្រថាន ដែល​អាច​កើតមាន​ក្នុងពេល​ប្រសូត​បាន​ច្រើន​ទៀតផង។

    ដោយសារ​ការ​បានផ្តល់​កំណើ​ត​កូនតូច​ជាទី​ស្រឡាញ់​នេះ​អាច​រាប់បាន​ថា ជាការ​ទទួលបាន​កាដូ​ដ៏​សែន​មានតម្លៃ​មួយ​ដែល​ព្រះជាម្ចាស់​ប្រទាន​មកឱ្យ និង​សម្រាប់​អ្នក​ម្តាយ​ថ្មោងថ្មី​ថែមទាំង​រឹត​តែមាន​អារម្មណ៍​ថា នេះ​គឺជា​វត្ថុ​ដ៏​មានតម្លៃ​សម្រាប់​ជីវិត​ខ្លាំង​បំផុត​ផង​នោះ ដូច្នេះ​ការធ្វើ​ចិត្តឱ្យសប្បាយៗ បន្ធូរ​អារម្មណ៍ មិន​ធុញថប់​តានតឹង និង​សម្លឹង​ពិភពលោក​ក្នុងន័យ​វិជ្ជមាន​ជានិច្ច គួបផ្សំ​នឹង​ការ​បើ​មាន​កង្វល់​រឿង​ការឈឺចាប់​ហើយ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ គឺជា​រឿង​មួយ​ដែលស្ត្រី​មានគភ៌​គ្រប់រូប​ត្រូវធ្វើ ដើម្បីឱ្យ​រូបអ្នក​បាន​សប្បាយចិត្ត និង​ទទួលបាន​ការមើល​ថែទាំ​ពី​គ្រូពេទ្យ​ខណៈពេល​ប្រសូត​យ៉ាង​ល្អ​ទៀតផង។

    ក្រៅពីនេះ កម្លាំងចិត្ត​ពី​មនុស្ស​ជុំវិញខ្លួន​ក៏​ជារឿង​សំខាន់បំផុត​ដែរ ស្វាមី និង​អ្នក​ឯទៀត​ក្នុង​គ្រួសារ​គួរតែ​ផ្តល់​កម្លាំងចិត្ត​ដល់​ស្ត្រី​មានគភ៌​ក្នុង​ថ្ងៃ​ប្រសូត​ឱ្យបាន​ច្រើន​បំផុត នៅពេល​ស្ត្រី​មានគភ៌សប្បាយ​ចិត្តខ្លាំង​ឡើង វា​ច្បាស់​ជា​កាត់បន្ថយ​សភាវ​ភ័យខ្លាច​ក្នុង​ថ្ងៃ​ប្រសូត​បាន​ច្រើន​តាម​នោះដែរ​មិន​ខាន៕

  • ក្រសួងសាងសង់ផ្លូវរថភ្លើងថ្មី សម្រាប់ដឹកជញ្ជូនអ្នកដំណើរឡើងយន្តហោះ

    ក្រសួងសាងសង់ផ្លូវរថភ្លើងថ្មី សម្រាប់ដឹកជញ្ជូនអ្នកដំណើរឡើងយន្តហោះ

    ភ្នំពេញ៖ ដើម្បីកាត់បន្ថយការកកស្ទះ និងខកពេលធ្វើដំណើរឡើងយន្តហោះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសហការជាមួយក្រុមហ៊ុន Royal Railway Co,. LTD កំពុងសាងសង់ផ្លូវរថភ្លើងថ្មីខ្នាតតូចមួយតភ្ជាប់ពីស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

    ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឱ្យដឹងថា ផ្លូវរថភ្លើងកំពុងត្រូវបានសាង់សង់ជាបណ្តើរៗហើយ តែធ្វើតែពេលយប់ ហើយអាចនឹងចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅក្នុងខែមេសា ឆ្នាំ2018ខាងមុខ។ ផ្លូវរថភ្លើងមួយខ្សែថ្មីនេះនឹងត្រូវសាងសង់ឡើងចំកណ្តាលទ្រូងផ្លូវនៃមហាវិថីសហព័ន្ធរុស្ស៊ី ដែលអាចអនុញ្ញាតឱ្យរថយន្ត និងម៉ូតូធ្វើចរាចរណ៍នៅលើផ្លូវនោះបានដូចធម្មតា និងមិនប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋឡើយ។

    ឯកឧត្តមបានគូសបញ្ជាក់ថា ក្រៅពីភ្ញៀវដែលត្រូវឡើងយន្តហោះហើយ ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរទៅមកពីព្រលានយន្តហោះអន្តរជាតិភ្នំពេញមកកាន់រាជធានីភ្នំពេញក៏អាចជិះរថភ្លើងនេះបានដែរ ដោយចំណាយពេលពី20 ទៅ25នាទីដែលមានបំពាក់ម៉ាស៊ីនត្រជាក់ផ្តល់ផាសុកភាពជូនអ្នកដំណើរទៀតផង។

    គួរបញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុន Royal Railway Co,. LTD ដែលជាសម្ព័ន្ធក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាទិញរថភ្លើងខ្នាតតូចចំនួន4គ្រឿងពីប្រទេសម៉ិចស៊ីក ដែលអាចដឹកអ្នកដំណើរមួយជើងបានប្រមាណជា 100នាក់។ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រុមហ៊ុននេះនឹងដឹកអ្នកដំណើររយៈពេល1ខែដំបូង ដោយមិនយកប្រាក់ដើម្បីជាចំណងដៃនៅថ្ងៃសម្ពោធដាក់ដំណើរការ៕