Category: សង្គម និងសេដ្ឋកិច្ច

  • Mendy ពិនិត្យសុខភាព មុនពេលបំពេញការផ្ទេរពីទៅ Man City

    Mendy ពិនិត្យសុខភាព មុនពេលបំពេញការផ្ទេរពីទៅ Man City

    Benjamin Mendy បានធ្វើដំណើរទៅកាន់ទីក្រុង Los Angeles ដើម្បីពិនិត្យសុខភាពនៅមុនពេលបំពេញការផ្ទេរទៅកាន់ក្លិប Manchester City ក្នុងតម្លៃខ្លួន52លានផោន (ស្មើនឹង67.6លានដុល្លារអាមេរិក) ពីក្លិប Monaco ដែលជាម្ចាស់ជើងឯករបស់បារាំង។

    លោក Pep Guardiola បានចាត់ទុកខ្សែការពារអន្តរជាតិបារាំងវ័យ23ឆ្នាំរូបនេះ ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាសក្តានុពលក្នុងការទិញចូលកាលពីចុងរដូវកាលមុន ក្រោយពីការចាកចេញរបស់ខ្សែការពារ Gael Clichy ប៉ុន្តែ Man City បានរងនូវការច្រានចោលចំពោះសំណើ3លើកដំបូងរបស់ខ្លួនសម្រាប់ Mendy នេះ។ ការផ្ទេរនេះមានន័យថា Monaco នឹងចំណេញប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្រោយពីពួកគេបានទិញ Mendy ពីក្លិប Marseille ក្នុងតម្លៃខ្លួនតែ11លានផោន កាលពីឆ្នាំ2016។ រូបគេបានបង្ហាញខ្លួនច្រើនជាង100លើកសម្រាប់ Marseille ក្នុងរយៈពេល3រដូវកាល នៅមុនពេលចុះហត្ថលេខារយៈពេល5ឆ្នាំនៅឯក្លិប Monaco កាលពីរដូវក្តៅមុន។

    តម្លៃខ្លួនរបស់គេនឹងខ្ពស់ជាងទឹកប្រាក់45លានផោន ដែលក្លិប Man City ធ្លាប់បានចំណាយទិញខ្សែការពារស្លាបស្តាំ Kyle Walker កាលពីដើមខែនេះ និងទឹកប្រាក់47.5លានផោន សម្រាប់ខ្សែការពារ John Stones កាលពីរដូវក្តៅមុន។

    Monaco បានឈ្នះពានក្របខ័ណ្ឌ Ligue 1 ជាលើកទី1បើគិតចាប់តាំងពីឆ្នាំ2000មក និងបានឈានទៅប្រកួតក្របខ័ណ្ឌ Champions League ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប៉ុន្តែ បច្ចុប្បន្ន Mendy ក្លាយជាកីឡាករចុងក្រោយគេបំផុតក្នុងការចាកចេញពីក្លិបមួយនេះ ក្រោយពីការចាកចេញរបស់ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Bernardo Silva ទៅកាន់ Man City ក្នុងតម្លៃខ្លួន42លានផោន ហើយខ្សែបម្រើ Tiemoue Bakayoko ចូលរួមជាមួយនឹងក្លិប Chelsea ក្នុងតម្លៃខ្លួន34លានផោន៕
    ប្រភពពី៖ The Guardian

  • «Reset» រឿងប្រឌិតបែបវិទ្យាសាស្ត្រផលិតដោយ Jackie Chan​ (ឈិន ឡុង)

    «Reset» រឿងប្រឌិតបែបវិទ្យាសាស្ត្រផលិតដោយ Jackie Chan​ (ឈិន ឡុង)

    ភាពយន្ដខ្នាតធំដែលមានចំណងជើងថា « Reset » គឺជាការបើកទំព័ររឿងវិទ្យាសាស្ត្រថ្មីមួយរវាងក្រុមហ៊ុនផលិតកុនចិន សហការជាមួយក្រុមហ៊ុនកូរ៉េ ដែលដឹកនាំការផលិត និងដឹកនាំរឿងដោយលោក Jackie Chan ហៅ ឈិន ឡុង និងអ្នកដឹកនាំរឿងកូរ៉េ លោក Chang ព្រមទាំងមានវត្តមានតារាសម្ដែងស្រីល្បីឈ្មោះគឺនាង Mini Yang និងតារាឯកប្រុស Wallace Huo។

    Reset ជាខ្សែភាពយន្ដដែលនិយាយអំពីស្រីមេម៉ាយកូនមួយម្នាក់ ដែលមានការងារជាជំនួយការស្រាវជ្រាវបច្ចេកវិទ្យាម្យ៉ាង ដែលជួយឱ្យមនុស្សវិលត្រឡប់ទៅរកអតីតកាលវិញបាន។ ថ្ងៃមួយកូនប្រុសរបស់នាង Dou Dou ត្រូវបានបុរសអាថ៌កំបាំងម្នាក់ (Wallace Huo) ចាប់ជំរិត ហើយបង្ខំឱ្យនាងប្រគល់គម្រោងការស្រាវជ្រាវឱ្យទៅគេ។ នាងបានផ្សងនឹងគ្រោះថ្នាក់ធ្វើដំណើរត្រឡប់ទៅអតីតកាលវិញរយៈពេល 1 ម៉ោង និង 50 នាទីមុនរឿងហេតុកើតឡើង ហើយសង្ឃឹមថា នឹងជួយកូននាងទាន់ពេលវេលា។

    ផលិតករខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រលោក Jackie Chan បានរៀបរាប់ថា ការបង្វិលពេលវេលារបស់រឿង Reset គឺជាការបើកទំព័រថ្មីមួយរវាងក្រុមហ៊ុនផលិតកុនចិន និងកូរ៉េ ចាប់ដៃគ្នាសហការ។ មិនតែប៉ុណ្ណោះលោក Chang ផលិតករកូរ៉េ ក៏បាននិយាយដែរថា រឿងនេះនឹងមានសម្ទុះលឿនដូចជាការផ្លាស់ប្ដូរកាយវិការដ៏រហ័សរបស់ Jackie Chan ហើយក៏រំពឹងទុកថា និងកើបលុយមិនក្រោម 25 លានដុល្លារដូចកាលពីឆ្នាំ 2013 ផងដែរ៕

  • កសិកររអ៊ូរទាំរឿងអំពៅធ្លាក់ថ្លៃខ្លាំងដោយសារមានអ្នកដាំច្រើន

    កសិកររអ៊ូរទាំរឿងអំពៅធ្លាក់ថ្លៃខ្លាំងដោយសារមានអ្នកដាំច្រើន

    ភ្នំពេញ៖ កសិករខ្មែរត្រូវបានគេមើលឃើញថា ចូលចិត្តធ្វើរបរកសិកម្មតាមៗគ្នា បើសិនជាកសិករណាម្នាក់ដាំដំណាំកសិកម្មអ្វីមួយលក់បានថ្លៃនោះគេនឹងឃើញកសិករដទៃទៀតដាំតាមគ្នាព្រោងព្រាតធ្វើឱ្យការផ្គត់ផ្គង់កើនលើសតម្រូវការហើយមានការធ្លាក់ថ្លៃយ៉ាងគំហុកតែម្តង។ ងាកទៅមើលកសិករដាំអំពៅនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ឆ្នាំនេះតម្លៃអំពៅបានធ្លាក់ចុះយ៉ាងគំហុកលើសឆ្នាំកន្លងៗមកធ្វើឱ្យកសិករខាត់បង់ច្រើនដោយសារទម្លាប់ដាំតាមគ្នានេះឯង។

    លោក យឿន សំអាង មានទីលំនៅភូមិឃុំខាងលើបានប្រាប់ថា លោកបានប្រកបរបរដាំអំពៅនេះយូរឆ្នាំមកហើយ ពោលគឺដាំតពីឪពុកម្តាយមក ប៉ុន្តែមិនដែលមានឆ្នាំណាអំពៅចុះថោកដូចឆ្នាំនេះទេ។ លោកបន្តថា កាលពីឆ្នាំមុនអំពៅធុនអន់ណាស់ 1បាច់ក៏បានតម្លៃ 8000រៀលដែរ ចំណែកឯលេខ 2តម្លៃ 10000 ទៅ 12000រៀល ហើយបើលេខ 1វិញនៅ1បាច់ 18000 ទៅ 20000រៀលឯណោះ ប៉ុន្តែឆ្នាំនេះអំពៅលេខ1បានតម្លៃតែ5000 ទៅ 5500 រៀលប៉ុណ្ណោះ ធ្វើឱ្យអ្នកដាំខាតបះដៃបះជើងគ្រប់ៗគ្នា។

    កសិករដដែលក៏បាននិយាយដែរថា អំពៅចាប់តាំងពីដាំរហូតបានកាប់ត្រូវប្រើរយៈពេល10 ទៅ12ខែ និងត្រូវមើលថែទាំខ្លាំងណាស់ តែដល់ពេលបានផលលក់បែជាថោកដូច្នេះ ស្ទើរតែអស់កម្លាំងចិត្តនឹងធ្វើហើយ។ អំពៅមុនពេលដាំគេត្រូវភ្ជួរដីហាលចោល 2លើក ដោយ 1លើកៗហាលចោលរយៈពេលកន្លះខែទើបយកពូជមកដាំ ហើយបើនៅខែប្រាំងត្រូវកប់ក្នុងដីជម្រៅ 1តឹក ប៉ុន្តែបើរដូវភ្លៀវវិញនោះគឺកប់ត្រឹមតែ 2ហ៊ុនប៉ុណ្ណោះ។ អំពៅនៅទីនេះគេដាំក្នុងចន្លោះខែមិថុនា ហើយដាំបាន 2ខែត្រូវភ្ជួរដីលប់គល់ និងបាន 3ខែត្រូវសកស្លឹកចោលដើម្បីឱ្យអំពីលូតលាស់ល្អមានថ្នាំងវែងៗ លុះអំពៅបាន6ខែ ត្រូវកាប់ដើមចេញខ្លះ ដោយក្នុង 1គុម្ពៗទុកត្រឹមតែ 5ទៅ 7ដើមប៉ុណ្ណោះ ដើម្បីឱ្យអំពៅមានដើមធំល្អ។

    លោកក៏បានប្រាប់ដែរថា បានជាអំពៅចុះថ្លៃដូច្នេះមកពីមានអ្នកដាំច្រើនពេក ព្រោះកាលពីឆ្នាំទៅបានថ្លៃ ទើបនាំគ្នាប្តូរពីការដាំដំណាំផ្សេងៗមកដាំអំពៅ ហើយមួយវិញទៀតខេត្តផ្សេងៗក៏មានគេដាំច្រើនដែរ ដូចជា កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង បាត់ដំបង…ជាដើម។

    ចំណែកឯ លោក ចេក រស់នៅភូមិព្រែកស្នង ឃុំព្រែកគយ ដែលជាកសិករដាំអំពៅ និងជាឈ្មួញកណ្តាលម្នាក់ដែរនោះបានប្រាប់ដែរថា ឆ្នាំនេះអំពៅពិតជាចុះថោកខ្លាំងមែនដោយសារតែឆ្នាំនេះមានអ្នកដាំច្រើន ទើបបានជាធ្វើឱ្យជន់ធ្លាក់តម្លៃយ៉ាងដូច្នេះ ហើយក្នុង1បាច់តម្លៃចន្លោះពី1000ទៅ5000រៀលប៉ុណ្ណោះ។ លោកបានបន្ថែមដែរថា អំពៅគឺត្រូវការការថែទាំខ្លាំង សូម្បីតែជីក៏ត្រូវការប្រើច្រើនជាងដំណាំផ្សេងៗដែរ ដោយរយៈពេលកន្លះខែត្រូវដាក់ជីម្តង ហើយតម្លៃជីនោះទៀតសោតឡើងថ្លៃស្រេចតែនៅលើមាត់ឈ្មួញ ពេលដែលកសិករត្រូវការប្រើ ឡើងថ្លៃភ្លាម ពីក្នុង1បាវ 80000រៀលរហូតដល់ទៅជាង12ម៉ឺនរៀលឯណោះ។ និយាយរួមទៅគឺធ្វើឱ្យប៉ះពាល់ដល់ជីវភាពកសិករខ្លាំងណាស់ ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា បើទោះបីជាតម្លៃអំពៅធ្លាក់ចុះយ៉ាងនេះក្តី ក៏លោកមិនតូចចិត្តដែរព្រោះទីផ្សារវាតែងមានការឡើងចុះមិនលែងទេ បើមិនសូវសម្បូរវាបានថ្លៃ តែបើសម្បូរវារមែងថោកអ៊ីចឹងហើយ ប៉ុន្តែក៏សូមសំណូមពរឱ្យរាជរដ្ឋាភិបាលជួយគិតគូរអំពីតម្លៃជីនេះផង កុំអោយស្រេចតែមាត់អ្នកលក់នោះ៕

  • Manchester City ចុះហត្ថលេខា​ជាមួយ Danilo មកពីក្លិប Real

    Manchester City ចុះហត្ថលេខា​ជាមួយ Danilo មកពីក្លិប Real

    ក្លិបយក្ស​អង់គ្លេស Manchester City បាន​បំពេញ​ការចុះ​ហត្ថលេខា​ជាមួយ​នឹង​ខ្សែការពារ Danilo របស់​ក្លិប​អេ​ស្ប៉ាញ Real Madarid ក្នុង​តម្លៃ​ខ្លួន​មួយ​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា មាន​ចំនួន​26.5​លានផោន (ស្មើ​នឹង​34.4​​លាន​​ដុល្លារ​អាមេរិក)​​។

    ខ្សែ​ការ​ពារ​អន្តរ​ជាតិប្រេស៊ីល​វ័យ​26​ឆ្នាំ​រូបនេះ បាន​ចុះហត្ថលេខា​រយៈ​ពេល​5​ឆ្នាំ ហើយ​នឹង​ត្រូវ​ចូល​រួម​ជាមួយនឹង​ក្លិប Man City ក្នុង​ដំណើរ​ប្រកួតមុន​បើក​រដូវកាល​របស់​ពួក​គេនៅលើ​ទឹក​ដី​សហ​រដ្ឋ​អាមេ​រិក​។ Danilo អាច​លេង​បានក្នុង​តំបន់​ការ​ពារ​ស្លាប​ទាំង​​សង​ខាង ក៏ដូច​ជា​តំបន់​បម្រើការ​ពារ និង​ជា​កីឡាករ​ចំណូលថ្មី​ទី​4​របស់​ក្លិប Man City នៅ​រដូវក្តៅ​នេះ​។ Danilo បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​រីករាយណាស់​ក្នុងការ​បានចូល​រួម​ជាមួយនឹងក្លិប Manchester City​។ មាន​នូវការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្លិប​ផ្សេងទៀតដែរ  ប៉ុន្តែវា​តែង​តែ​ជា​មហិច្ឆ​តា​របស់​ខ្ញុំ​ក្នុង​ការលេង​ឲ្យ​លោក Pep Guardiola​។ ការ​ផ្ទេរ​របស់ Danilo នឹង​ត្រូវ​រង់​ចាំ​រហូត​ទាល់​​តែ​​រូប​គេ​ទទួល​បាន​សៀវ​ភៅ​ការ​ងារ​ឲ្យ​ធ្វើការ​ជាមុន​សិន ដែលមាន​ន័យ​ថា​ រូប​គេ​ប្រហែល​ជាមិន​អាច​បង្ហាញ​ខ្លួន​ជាលើក​ទី​1​របស់គេ​​បាន​ឡើយ នៅពេល​ដែល Man City ត្រូវ​ប្រកួត​ជាមួយនឹង​អតីតក្លិប​របស់​គេ​គឺ Real Madrid នៅ​ថ្ងៃ​ពុធ ខាងមុខនេះ ក្នុង​ទីក្រុង Los Angeles​។ អតីតកីឡាករ​របស់ក្លិប Santos រូបនេះបាន​ចូល​រួម​ជាមួយ​នឹង Real Madridដោយចេញពីក្លិប Porto កាលពីឆ្នាំ​2015 ប៉ុន្តែ បាន​ចូល​លេងក្នុង​ក្រប​ខ័ណ្ឌ La Liga ត្រឹម​តែ​17​ប្រកួត​ប៉ុណ្ណោះ កាល​ពី​រដូវ​កាលមុន​។

    ក្នុង​រយៈ​ពេល​2​ឆ្នាំ​របស់​គេ​នៅ​ឯកីឡដ្ឋាន Bernabeu រូប​គេ​បាន​ឈ្នះ​ពាន La Liga  ពានChampions Leagues 2លើក ពាន​ Uefa Super Cup និង​ពាន Fifa Club World Cup​​។ លោក Guardiola តែង​តែ​មាន​គោលបំណង​ចង់​បាន​ខ្សែ​ការ​ពារ ក្រោយ​ពី​បាន​អនុ​ញ្ញាត​ឲ្យកីឡាករ Gael Clichy, Pablo Zabaleta និង Bacary Sagna ចាក​ចេញកាលពី​​ចុង​រដូវកាលមុន​៕

    ប្រភព​ពី៖ BBC

  • ឆមាសទី1 ឆ្នាំ2017 ទ្រព្យសកម្មក្នុងវិស័យធនាគារមានកំណើន150%

    ឆមាសទី1 ឆ្នាំ2017 ទ្រព្យសកម្មក្នុងវិស័យធនាគារមានកំណើន150%

    ភ្នំពេញ៖ គិតត្រឹមឆមាសទី1ឆ្នាំ2017 ចំនួនទ្រព្យសកម្មក្នុងវិស័យធនាគារមានកំណើនដល់150% នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស) ប្រាក់បញ្ញើមានកំណើនដល់85%នៃផ.ស.ស ហើយឥណទានទៅកាន់វិស័យឯកជនបានកើនឡើងដល់92% នៃផ.ស.ស។

    ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍នៅក្នុងឱកាសបូកសរុបលទ្ធផលការងារប្រចាំឆមាសទី1 និងទិសដៅការងារសម្រាប់ឆមាសទី2 ឆ្នាំ2017 នៅព្រឹកថ្ងៃទី22 ខែកក្កដានេះថា បើយោងតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ការអភិវឌ្ឍវិស័យធនាគាររបស់កម្ពុជាក្នុងតំណាក់កាលបច្ចុប្បន្ននៅតែបន្តជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

    ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្នតាមតំណាក់កាលជាបន្តបន្ទាប់ ស្របតាមស្ថានភាពជាក់ស្តែង ព្រមទាំងពង្រឹងការត្រួតពិនិត្យវិស័យធនាគារ ជាពិសេសផ្អែកលើហានិភ័យ និងទស្សនៈអនាគតសំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ម្យ៉ាងទៀតប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវបានពង្រឹង និងធ្វើឱ្យប្រសើរឡើងដើម្បីរួមចំណែកក្នុងការកាត់បន្ថយហានិភ័យឥណទាន និងបង្កើនតម្លាភាព។ លើសពីនេះគម្រោងការពារអ្នកដាក់ប្រាក់បញ្ញើក៏កំពុងត្រូវបានអភិវឌ្ឍសម្រាប់ពង្រឹងជំនឿទុកចិត្តរបស់អ្នកដាក់ប្រាក់បញ្ញើក្នុងវិស័យធនាគារបន្ថែមទៀតដែរ។

    ដើម្បីជួយសម្រួលបន្ទុករបស់ប្រជាពលរដ្ឋឱ្យទទួលបានឥណទានក្នុងតម្លៃសមរម្យសម្រាប់បង្កបង្កើនផល និងពង្រីកអាជីវកម្មផ្សេងៗទប់ស្កាត់បំណុលវណ្ឌក និងចៀសវាងព្រឹទ្ធិកម្មរបស់គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនតូច ធនាគារជាតិនៃកម្ពុជាបានសម្រេចដាក់ពិដានអត្រាការប្រាក់ 18% ចំពោះឥណទានដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទនៅកម្ពុជាក្រោយពីបានសិក្សាយ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយពីផលប៉ះពាល់។ ការដាក់ពិដាននេះក៏មានចេតនាជំរុញឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានទាំងនោះបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មតាមរយៈការកាត់បន្ថយចំណាយ ឬការច្របាច់បញ្ចូលគ្នាផងដែរ។

    គួរបញ្ជាក់ផងដែរថា គិតត្រឹមឆមាសទី1នេះប្រជាជនពេញវ័យប្រមាណជា54% នៃប្រជាជនពេញវ័យសរុបកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលមានដូចជា សេវាដាក់ប្រាក់បញ្ញើឥណទាន ទូទាត់ និងភតិសន្យាហិរញ្ញវត្ថុ៕

  • បក្សីមេគង្គរមណីយដ្ឋានអេកូទេសចរណ៍ដែលមិនគួរមើលរំលង

    បក្សីមេគង្គរមណីយដ្ឋានអេកូទេសចរណ៍ដែលមិនគួរមើលរំលង

    ភ្នំពេញៈ ស្ថិតនៅប្របតាមដងទន្លេមេគង្គ រមណីយដ្ឋាន បក្សីមេគង្គ បានលាក់បាំងខ្លួនជាមួយធម្មជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែផ្លូវក្រួសក្រហមចូលរមណីយដ្ឋានដែលមានមនុស្សប្លែកមុខចូលមកកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺការមកដល់របស់ភ្ញៀវទេសចរ។

    លោក ថោង ប្រសើរ ជាអ្នកខេត្តក្រចេះ និងភរិយាបានជាប់ចិត្តនឹងសម្រស់នៃដងទន្លេមេគង្គ ទើបលោកសម្រេចចិត្តចាប់ផ្តើមវិនិយោគទីរមណីយដ្ឋាននេះឡើងដោយដាក់ឈ្មោះថា បក្សីមេគង្គ ព្រោះលោកគិតថា ចង់ឲ្យឈ្មោះនេះមានភាពទាក់ទាញដែលសមស្របនឹងទីតាំងដែលស្ថិតនៅប៉ែកខាងកើតក្រុងស្ទឹងត្រែង។

    សម្រាកមួយយប់ ឬច្រើនជាងនេះ អ្នកអាចស្រូបយកខ្យល់អាកាសត្រជាក់ស្រេង គយគន់ទឹកទន្លេហូរខ្មួលខ្មាញ់ និងអាចដកដង្ហើមបានយ៉ាងធូរស្រួល ព្រោះសួតរបស់លោកអ្នកលែងបានស្រូបផ្សែងយានយន្តនៅទីក្រុង ហើយទទួលយកសម្រស់ធម្មជាតិ និងអាកាសធាតុដ៏មនោរម្យមួយដែលលោកអ្នកទំនងជាមិនធ្លាប់ជួប។

    រមណីយដ្ឋាននេះស្ថិតនៅក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ជាខេត្តមួយក្នុងចំណោមខេត្តទាំងបួននៃតំបន់ភូមិភាគឦសានដែលមនុស្សជាច្រើនតែងតែមើលរំលង និងគិតថា ជាខេត្តមួយដែលមិនមានអ្វីគួរឲ្យចាប់អារម្មណ៍។

    ប៉ុន្តែគ្រប់គ្នាទំនងជាបានគិតខុស និងយល់ច្រឡំពីសក្តានុពលទេសចរណ៍របស់ខេត្តដ៏ស្រស់ស្អាតនេះហើយ ព្រោះខេត្តនេះមានលក្ខណៈពិសេសជាច្រើន ដូចជា មានការជូបគ្នារវាងទន្លេទាំងបី គឺទន្លេមេគង្គ ទន្លេសេសាន និងទន្លេសេកុង មានឆ្នេរខ្សាច់ដែលត្រូវបានប្រសិទ្ធនាមថា “ខ្សាច់ប្តូររាង និងប្តូរទិស ឫសឈើក្រង ទស្សនាថ្ងៃលិចនៅកោះភ្លុក ជិះទូកកាយ៉ាក់ចេញពីរមណីយដ្ឋានបក្សីមេគង្គ ទស្សនាអន្លង់ផ្សោត” ដែលមានរឿងនិទានដ៏គួរឲ្យចាប់អារម្មណ៍។ នេះបើតាមលោកថោង ប្រសើរម្ចាស់រមណីយដ្ឋាន បក្សីមេគង្គប្រាប់ឲ្យដឹង។

    ជាមួយនឹងការផ្តល់សេវាកម្មផ្តល់ការជិះទូកកម្សាន្ត ជិះទូកកាយ៉ាក់កម្សាន្ត តាមឆ្នេរខ្សាច់ គយគន់ដងព្រៃលិចទឹកដែលត្រូវបានចាត់ទុកជាតំបន់រាំសា គយគន់ទេសភាពថ្ងៃលិច ហ្វូងក្អែកទឹក ហ្វូងស្មោញ ដែលហិចហើរងងឹតមេឃតាមដងទន្លេ លោកថោង ប្រសើរក៏បានផ្តល់សេវាផ្ទះស្នាក់នៅដែលមានតម្លៃសមរម្យ និងមានការរចនាបង្កប់លាក់ខ្លួនជាមួយធម្មជាតិដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ។

    ជាមូយស្នាមញញឹមយ៉ាងស្រស់ លោកថោង ប្រសើរ បានជាប់ចិត្តនឹងធម្មជាតិ នៃខេត្តស្ទឹងត្រែងយ៉ាងងប់ងុល ទើបលោកសម្រេចចិត្តវិនិយោគទឹកប្រាក់ចន្លោះពី30 ទៅ 40ម៉ឺនដុល្លារ ដើម្បីបង្កើតរមណីយដ្ឋានបែបអេកូទេសចរណ៍នេះឡើង។
    ជាមួយការងារជាមន្រ្តីរាជការនៅក្រសួងមួយនៃទឹកដីក្រុងភ្នំពេញ លោកប្រសើរ តែងតែធ្វើដំណើរឡើងចុះក្រុងស្ទឹងត្រែងរៀងរាល់សប្តាហ៍ ដើម្បីមកមើលការខុសត្រូវរមណីយដ្ឋានរបស់លោកដែលបង្កប់ខ្លួនកណ្តាលព្រៃនេះដែលជា ពិសេសមានមុខម្ហួបដ៏ឈ្ងុយឆ្ងាញ់ ដូចជា មាន់ដុត ប្រហិតត្រី បាយក្តាំងពិសេស ម្ជូរក្បាលត្រីសណ្តាយស្រស់ៗ។ លើសពីនេះគ្រឿងផ្សំ និងបន្លែបន្លុកទទួលទានសុទ្ឋតែជារបស់ធម្មជាតិគ្មានជាតិគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ។

    ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោក ហូ វណ្ឌី បានថ្លែងថាខេត្តស្ទឹងត្រែងមានរមណីយដ្ឋានធម្មជាតិដ៏ច្រើនដែលមានភាពទាក់ទាញ ប៉ុន្តែដោយសារការផ្សព្វផ្សាយនៅមានកម្រិត ទើបប្រជាពលរដ្ឋកម្ពុជាមើលរំលងខេត្តនេះ និងតែងគិតថា ខេត្តមិនមានរមណីយដ្ឋានកម្សាន្ត ប៉ុន្តែការពិតខេត្តស្ទឹងត្រែងពិតជាមានអ្វីពិសេសជាច្រើនលើសពីអ្វីដែលយើងបានគិតទៅទៀត ប៉ុន្តែប្រសិនជាពួកគេបានមកទស្សនាខេត្តនេះ និងស្គាល់ពីកន្លែងកម្សាន្ត ភាពជក់ចិត្តនឹងកើតមានក្នុងអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិមិនខាន។

    លោកបន្តថា នៅកម្ពុជាមានសហគមន៍ទេសចរណ៍ធម្មជាតិចំនូន34 និងរមណីយដ្ឋានបែបធម្មជាតិដែលវិនិយោគដោយវិស័យឯកជនជាច្រើនទៀតនៅតំបន់ភូមិភាគឦសាន ដែលរមណីយដ្ឋានបែបនេះបានផ្តល់ផលចំណូលដោយផ្ទាល់ និងប្រយោលដល់សហគមន៍មូលដ្ឋាន ស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍ គឺការកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍។

    លោកបន្តថា “នៅកម្ពុជាមានរមណីយដ្ឋាន និងសក្តានុពលទេសចរណ៍ច្រើនណាស់ដែលយើងមិនទាន់យកទាញយកអស់នូវសក្តានុពលមកប្រើប្រាស់ និងផ្តល់ផលចំណូលដល់មូលដ្ឋាន និងសេដ្ឋកិច្ចជាតិនៅឡើយ”។ លោកបន្តថា “ការវិនិយោគរមណីយដ្ឋានបែបនេះមិនត្រឹមតែជួយលើកកម្ពស់គោលនយោបាយរបស់ក្រសួងទេសចរណ៍ប៉ុណ្ណោះទេ តែជាការជួយបង្កើតការងារ និងជួយដល់សហគមន៍នៅក្នុងតំបន់ឲ្យទទួលបានចំណូលផងដែរ”៕

  • Sanchez ជួប​ជាមួយ​ប្រធាន​កីឡា​របស់ PSG មុន​នឹង​​​ផ្ទេរ​ចេញពី Arsenal

    Sanchez ជួប​ជាមួយ​ប្រធាន​កីឡា​របស់ PSG មុន​នឹង​​​ផ្ទេរ​ចេញពី Arsenal

    Alexis Sanchez បាន​រៀប​ចំ​ការ​ពិភាក្សា​ផ្សេង​ៗ​ជា​មួយ​នឹងក្លិប PSG នៅ​​ឯ​សណ្ឋា​គារ​មួយ​ក្នុង​ទីក្រុង​ប៉ា​រីសខណៈ​ដែល​​​តា​រាឆ្នើម​របស់​ក្លិប Arsenal រូបនេះបាន​ស្នាក់​នៅ​សណ្ឋា​គារ Royal Monceau Raffles ដើម្បី​ជួប​ជាមួយ​នឹង​លោក Antero Henrique ប្រធាន​ផ្នែក​កីឡា​របស់​ក្លិប PSG​។ នេះ​បើយោង​តាម​ការ​ចេញ​ផ្សាយ​របស់​កា​សែត The Sun​។ ប្រភព​​ជាក់​លាក់​ជាច្រើននៅ​ទីក្រុង​ប៉ារីសបាន​អះ​អាង​​ថា Sanchez វ័យ​28​ឆ្នាំបាន​ទៅ​ដល់​សណ្ឋា​​គារ Royal Monceau Raffles កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​មក លោក Henrique ត្រូវ​បាន​គេ​ឃើញ​​​ចាក​ចេញពី​សណ្ឋា​គារ​នោះកាល​ពី​ថ្ងៃ​សុក្រ​។ ប្រភព​នោះ​បាន​បញ្ជាក់​ថា៖ «ការ​ងារ​របស់​Sanchez នៅ​ទីនេះពិត​ជាមាន​មែនប៉ុន្តែយើង​ស៊ាំ​ទៅ​នឹង​ការ​ដែលមាន​តារា​បាល់​ទាត់​ឆ្នើម​ៗ​​មកស្នាក់​នៅ​ទីនេះ​ទៅហើយ​»​។ PSG ពិត​ជា​ចង់​​បាន​ខ្សែ​ប្រយុទ្ធ Sanchez និង Neymar ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​ក្រប​ខ័ណ្ឌ Champions League​។ Arsenal បាន​សង្ឃឹម​ថាអាច​បញ្ចុះ​បញ្ចូល​ឲ្យ​រូប​គេ​បន្ត​នៅ​តាមរយៈ​ការ​​ផ្តល់​​ប្រាក់​បៀ​វត្សរ៍​275,000​ផោន​ក្នុង​មួយ​សប្តាហ៍ស្រប​ពេល​ដែល PSG អាច​នឹង​ដាក់​សំណើ​ដេញ​ថ្លៃ​ក្នុង​ទឹក​ប្រាក់​45​លាន​ផោន(ស្មើ​នឹង​58.5​លាន​ដុល្លារ​អាមេ​រិក) សម្រាប់ Sanchez ដែល​ចង់​លេង​ក្នុង​ក្រប​ខ័ណ្ឌ Champions League​៕

    ប្រភព​ពី៖ The Sun

  • រកឃើញអ្នកឈ្នះពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាប្រចាំឆ្នាំ 2017

    រកឃើញអ្នកឈ្នះពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាប្រចាំឆ្នាំ 2017

    ពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ 2017 ត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកួតប្រជែងមួយ ដែលផ្តល់នូវពានរង្វាន់ចំពោះសមិទ្ធិផលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដែលមានភាពច្នៃប្រឌិតខ្ពស់បំផុតក្នុងប្រទេស ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដើម្បីបង្ហាញនូវអ្នកឈ្នះពានរង្វាន់ប្រចាំឆ្នាំនេះ។

    បេក្ខភាពដែលទទួលបានជ័យលាភីចំនួន 3រូប ត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខភាពចំនួន 37 មកពីបណ្តាក្រសួង ក្រុមហ៊ុនឯកជន ក្រុមហ៊ុនធុរកិច្ចដែលទើបនឹងបង្កើត រួមជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ។ រាល់បេក្ខភាពចូលរួមតម្រូវឱ្យការពារគម្រោងរបស់ពួកគេនៅចំពោះមុខចៅក្រមដែលមកពីវិស័យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសង្គមស៊ីវិល ក្រោមការចូលរួមគាំទ្រពីក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Ezecom ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន E.co ក្រុមហ៊ុន T.O. Group ក្រុមហ៊ុន ប្រៃសណីយ៍កម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា។

    សម្រាប់អ្នកឈ្នះមេដាយមាស (JAILBREAK The Game ) បានបង្កើតឡើងដោយ Direct Play ដោយពានរង្វាន់មានទឹកប្រាក់ចំនួន 10,000ដុល្លារ។ JAILBREAK The Game គឺជាហ្គេមទូរស័ព្ទផ្លូវការមួយដែលបានរចនាឡើងបន្ទាប់ពីខ្សែភាពយន្តខ្មែរមានចំណងជើងថា Jailbreak ។ វាគឺជាហ្គេមសកម្មមួយ ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ហើយត្រូវបានអភិវឌ្ឍន៍នៅប្រទេសកម្ពុជាដោយអ្នកអភិវឌ្ឍន៏ជនជាតិខ្មែរក្នុងភាពជាដៃគូជាមួយផលិតករខ្សែភាពយន្ត។ ត្រឹមតែរយៈពេល 48ម៉ោង បន្ទាប់ពីការដាក់បង្ហាញ ហ្គេមនេះបានទទួលការដោនឡូតរហូតដល់ 20K ហើយបច្ចុប្បន្នមានអ្នកលេងហ្គេមជាង 104 K ។

    អ្នកឈ្នះមេដាយប្រាក់ (Bong Pheak) បង្កើតឡើងដោយ Open Institute ។ Open Institute ទទួលបានពានរង្វាន់ទី 2 ដែលមានទឹកប្រាក់ចំនួន 3,000 ដុល្លារ សម្រាប់កម្មវិធី Bong Pheak ។ Bong Pheak គឺជាសេវាកម្មការងារដែលបានបើកដំណើរការនៅខែតុលាឆ្នាំ 2016 ដែលដាក់បង្ហាញនូវការងារគ្មានជំនាញ និងការងារប្រើជំនាញតិចតួច។
    ផ្អែកតាមការស្ទាបស្ទង់ភាគច្រើនប្រពន្ធ័អ៊ីនធើណេតតែម្យ៉ាងមិនមានភាពគ្រប់គ្រាន់ក្នុងការទៅដល់អ្នកដែលមិនអាចធ្វើការចូលទៅកាន់ទិន្នន័យនោះបានឡើយ ដូច្នេះ Bong Pheak នឹងធ្វើការផ្សព្វផ្សាយការងារតាមអ៊ីនធើណេត និងតាមរយៈសម្លេងដោយស្វ័យប្រវត្តិដែលបញ្ជូនទៅឱ្យកម្មករសក្តានុពលតាមរយៈការហៅទូរស័ព្ទ។ សេវាកម្មនេះមានអ្នកតាមដានតាមរយៈហ្វេសប៊ុកចំនួន 100,000 នាក់រួចហើយ ហើយមានការបង្ហាញផងដែរនូវការងារចំនួន 6,000 ដំណែង ក្នុងរយៈពេល7ខែ ដែលនាំឱ្យមានបេក្ខជនដាក់ពាក្យចំនួន 4,000នាក់ ។

    អ្នកឈ្នះមេដាយសំរឹទ្ធិ (ប្រព័ន្ធចុះបញ្ជីរថយន្តស្វ័យប្រវត្តិ) បង្កើតដោយក្រសួងសាធារណការនិងដឹកជញ្ជូន ។ ចុងបញ្ចប់អ្នកឈ្នះរង្វាន់ទី 3 នៃការប្រកួតគឺបានទៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានចំនួនទឹកប្រាក់1,000ដុល្លារ ដើម្បីយកអភិវឌ្ឍគម្រោងរបស់ខ្លួនបន្តទៀតលើផ្នែកយានយន្តស្វ័យប្រវត្តិ និងត្រូវបានប្រគល់ជូនរង្វាន់ល្អបំផុតផងដែរក្នុងវិស័យសាធារណៈ។ ប្រព័ន្ធថ្មីនេះអនុញ្ញាតឱ្យពលរដ្ឋចុះឈ្មោះរថយន្តរបស់ពួកគេតាមរយៈកម្មវិធីអនឡាញ ដែលអាចសន្សំសំចៃពេលវេលានិងថវិកា និងលុបបំបាត់ជាលំដាប់នូវការបង់ប្រាក់ក្រៅផ្លូវការ។ ការចុះឈ្មោះនិងការទូទាត់ប្រាក់ត្រូវបានធ្វើឡើងតាមប្រពន្ធ័អ៊ីនធើណេត។ មួយឬពីរថ្ងៃក្រោយមក ប្រជាពលរដ្ឋអាចទទួលបានបណ្ណ័សំគាល់យានយន្ត និងស្លាកលេខ។ វិធានការនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី3 នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានបំណងសម្រួលដំណើរការនិងកាត់បន្ថយការធ្វើក្រដាសស្នាម ៕

  • ក្រសួងមហាផ្ទៃចាប់ផ្តើមបង្កើតមណ្ឌលប្រចាំបញ្ជាដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

    ក្រសួងមហាផ្ទៃចាប់ផ្តើមបង្កើតមណ្ឌលប្រចាំបញ្ជាដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

    ភ្នំពេញៈ ក្នុងគោលដៅឆ្លើយតបនឹងកង្វល់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាសណ្តាប់ធ្នាប់នានានៅទីក្រុងភ្នំពេញ ក្រសួងមហាផ្ទៃបាននិងកំពុងរៀបចំបង្កើតមណ្ឌលប្រចាំបញ្ជា ដើម្បីដោះស្រាយលើបញ្ហានេះ។

    លោក មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី21 កក្កដាម្សិលមិញនេះថា ក្រសួងមហាផ្ទៃកាលពីថ្ងៃទី18 កក្កដានេះបានប្រកាសបង្កើតមណ្ឌលប្រចាំបញ្ជានេះឡើងដើម្បីសម្រួលសណ្តាប់ធ្នាប់ សន្តិសុខ និងករណីផ្សេងៗទៀតនៅទីក្រុងភ្នំពេញតាមរយៈការបំពាក់កាមេរ៉ាតាមផ្លូវសំខាន់ៗជាង 1,000កន្លែងដើម្បីពិនិត្យមើលបញ្ហាខាងលើនេះ។ លោកបន្តថា មណ្ឌលប្រចាំបញ្ជានេះនឹងមានមន្រ្តីប្រចាំការចំនួន4ក្រុម និងមួយក្រុមមានគ្នាចំនួន16នាក់ ដែលពួកគេជាអ្នករង់ចាំទទួលព័ត៌មាន24ម៉ោង។

    លោកបន្តថា ពេលមន្រ្តីទាំងនេះទទួលព័ត៌មានតាមរយៈទូរស័ព្ទសាធារណៈសម្រាប់ប្រជាពលរដ្ឋអាចតេចូលបាន គឺមន្រ្តីទាំងនោះនឹងផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ចតាមផ្នែកនីមួយៗ ដើម្បីឲ្យពួកគេអាចចុះអន្តរាគមន៍បានទាន់ពេលវេលា។

    លោក ម៉េត មាសភក្តី បានបន្តថា ការិយាល័យមណ្ឌលប្រចាំបញ្ជា គឺស្ថិតនៅក្នុងនៅសាលាក្រុងភ្នំពេញ ហើយការងារនេះកំពុងតែរៀបចំដំណើរការ និងរំពឹងអាចធ្វើការពេញលេញបម្រើប្រជាពលរដ្ឋនៅពេលឆាប់ៗនេះ ព្រោះការបំពាក់កាមេរ៉ាសម្រេចបានប្រមាណ80ភាគរយរួចហើយ៕

  • DJ ល្បីឈ្មោះម្នាក់នៅប្រទេសថៃ រិះគន់ការធ្វើអត្តឃាតរបស់តារាចម្រៀងក្នុងក្រុម Linkin Park

    DJ ល្បីឈ្មោះម្នាក់នៅប្រទេសថៃ រិះគន់ការធ្វើអត្តឃាតរបស់តារាចម្រៀងក្នុងក្រុម Linkin Park

    រឿងរ៉ាវដែលបានកើតឡើង និងកំពុងមានការចាប់អារម្មណ៍ខ្លាំងបំផុតនាពេលនេះ គឺការធ្វើអត្តឃាតរបស់ Chester Bennington នៅក្នុងវ័យ 41ឆ្នាំ ជាតារាចម្រៀងល្បីឈ្មោះដែលមានការសង្ស័យមួយចំនួននៃការស្លាប់របស់លោកព័ន្ធជាមួយគ្រឿងញៀន និងមានជំងឺប្រព័ន្ធប្រសាទផងដែរ។

    ហេតុការណ៍ដែលកើតឡើងនេះ មានតែអ្នកគាំទ្របានចូលរួមក្នុងការរំលែកទុក្ខចំពោះតារាចម្រៀងខាងលើនេះ ប៉ុន្ដែខុសគេតែ DJ ល្បីឈ្មោះនៅប្រទេសថៃម្នាក់ដែលមានឈ្មោះថា Plakung 001បានរិះគន់ការធ្វើអត្តឃាតរបស់តារាចម្រៀងក្នុងក្រុម Linkin Parkនេះថា “តាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ និយាយត្រង់ៗ បងប្រុស ( Chester Bennington) មិនគួរធ្វើបែបនេះទេ ទោះជាដោយប្រការណាមួយក៏ដោយ សូមប្រាប់ត្រង់ៗទៅចុះថា ខ្ញុំមិនគោរពចំពោះការសម្រេចចិត្តរបស់បងទេ សូម្បីតែបន្ដិចក៏គ្មានដែរ”។

    ការបញ្ចេញមតិបែបនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម និងអ្នកគាំទ្រក្រុមចម្រៀង Linkin Park នៅក្នុងប្រទេសថៃ មានការផ្ទុះកំហឹងចំពោះ DJ Plakung ដែលមានមតិរិះគន់បែបនេះ ព្រមទាំងទទូចទាមទារឱ្យតារាចម្រៀងរ៉ុក និងជាDJ ល្បីល្បាញរូបនេះធ្វើការសុំទោសចំពោះវិញ្ញាណក្ខន្ធ Chester Bennington ជាសាធារណៈទៀតផង៕