Category: សង្គម និងសេដ្ឋកិច្ច

  • ខ្សែការពារ Pique ថា Neymar នឹងបន្តនៅជាមួយក្លិប Barcelona

    ខ្សែការពារ Pique ថា Neymar នឹងបន្តនៅជាមួយក្លិប Barcelona

    តារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar នឹងបន្តនៅ និងលេងឲ្យក្លិប Barcelona ដដែល។ នេះបើយោងតាមមិត្តរួមក្រុមរបស់គេគឺខ្សែការពារ Gerard Pique ដែលបានបង្ហោះសារមួយតាមរយៈបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យ។

    ខ្សែការពារអន្តរជាតិអេស្ប៉ាញ Pique បានបញ្ជាក់នៅលើទំព័រគណនី Twitter របស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះថា Neymar នឹងបន្តនៅកីឡដ្ឋាន Camp Nou តាមរយៈការបង្ហោះរូបថតរបស់ Neymar ជាមួយនឹងចំណងជើងថា «រូបគេនឹងបន្តនៅ»។ ការបង្ហោះសារនេះបានកើតឡើង ត្រឹមតែរយៈពេលប៉ុន្មានម៉ោង ក្រោយពី Neymar បានផ្តល់នូវការដាស់អារម្មណ៍មួយដល់អ្នកគាំទ្រក្រុម Barcelona ទៅលើទម្រង់លេងដ៏ល្អឥតខ្ចោះរបស់គេ តាមរយៈការស៊ុតបាល់បញ្ចូលទី2គ្រាប់ក្នុងពេលក្រុមយក្សរបស់អេស្ប៉ាញមួយនេះបានផ្តួលក្រុម Juventus ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល កាលពីថ្ងៃសៅរ៍ ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។

    តារាឆ្នើមអន្តរជាតិប្រេស៊ីលវ័យ25ឆ្នាំរូបនេះ កំពុងតែស្ថិតចំកណ្តាលនៃពាក្យចចាមអារ៉ាមផ្សេងៗទាក់ទងនឹងការផ្ទេររបស់គេក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកចំនួន 222លានអឺរ៉ូ (ស្មើនឹង256.8លានដុល្លារអាមេរិក) ទៅកាន់ក្លិប Paris Saint-Germain។ កាសែតរបស់បារាំង Le Parisien បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីល្ងាចថ្ងៃអាទិត្យថា ការផ្ទេរ Neymar ទៅកាន់ PSG អាចនឹងត្រូវបំពេញជាផ្លូវការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។

    ដោយឡែក គេហទំព័ររបស់ ESPN បានចេញផ្សាយដោយបង្ហើបពីប្រភពមិនបញ្ចេញឈ្មោះមួយថា Neymar មិនដឹងពីមូលហេតុដែល Pique បានបង្ហោះពីរូបថត និងសារផ្សេងៗឡើយ។ គេហទំព័រដដែលនេះ ក៏បានបញ្ជាក់ផងដែរថា ប្រភពជាច្រើន បានបញ្ជាក់ថា Neymar ចង់ផ្ទេរទៅកាន់ក្លិបរបស់បារាំង និងបានយល់ព្រមលើលក្ខខណ្ឌផ្សេងៗទៅលើការផ្ទេរមួយរួចជាស្រេចហើយ៕
    ប្រភពពី៖ The Guardian

  • រឿង  “វិកលចរិត” នឹងដកចំណូលពីការលក់សំបុត្រទាំង 3 ប្រទេសទៅជួយកុមារកំព្រា

    រឿង  “វិកលចរិត” នឹងដកចំណូលពីការលក់សំបុត្រទាំង 3 ប្រទេសទៅជួយកុមារកំព្រា

    ដើម្បីអបអរការដាក់បញ្ចាំងរឿង “វិកលចរិត” ក្នុង 3 ប្រទេសដំណាលគ្នា រួមមាន កម្ពុជា ថៃ ឡាវ នៅថ្ងៃទី3 ខែសីហា ឆ្នាំ 2017 ខាងមុខនេះ រាល់ការទិញសំបុត្រទស្សនារឿងនេះ និងត្រូវបរិច្ចាគជួយដល់កុមារកំព្រា និងក្មេងៗបាត់បង់សតិបញ្ញានៅកម្ពុជាចំនួន 1 ដុល្លារសហរដ្ឋអាមេរិកក្នុងមួយសន្លឹក ដែលទង្វើសប្បុរសធម៌នេះនឹងក្លាយជាកម្លាំងជំរុញចិត្តដល់កុមារនៅកម្ពុជាផងដែរ។

    ក្នុងនាមជាកូនខ្មែរដែលស្នេហាជាតិ និងគោរពដូនតាប្រទេសកំណើតរបស់ខ្លួន លោក ហ៊ុយ យ៉ាឡេង ឬឈ្មោះហៅក្រៅថា មាតុចក្រ ដែលជាអ្នកដឹកនាំរឿង និងជាតួសម្ដែងនៅក្នុងរឿងខាងលើនេះបានចេញសារមួយនៅលើទំព័រ Facebook Page ថា “ដើម្បីតបស្នងសងគុណដល់ប្រជាជាតិខ្ញុំ! ដើម្បីអបអរសាទររឿង “វិកលចរិត” ដែលបាន​ចាក់បញ្ចាំងក្នុង​៣ប្រទេសព្រមគ្នា ខ្មែរ ថៃ ឡាវនោះ រាល់តម្លៃសំបុត្រ១សន្លឹកទូទាំងបីប្រទេសនោះនឹងត្រូវដកចំនួន១ដុល្លារដើម្បីជួយដល់កុមារកំព្រា និងក្មេងៗបាត់បង់ស​តិបញ្ញានៅកម្ពុជា”។ ទន្ទឹមនឹងនោះលោកក៏បានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន ថា ” រឿង វិកលចរិត គ្រោងធ្វើការសម្ពោធជាថ្មីម្ដងទៀតនៅថ្ងៃទី26 ខែកក្កដា ឆ្នាំ2017 នេះ”។

    គួររំឭកផងដែរថា ដោយសារតែអ្នកដឹកនាំរឿងរូបនេះសង្កេតឃើញថា នៅមានកូនខ្មែរជាអ្នកស្រឡាញ់ និងគាំទ្រវិស័យភាពយន្ដខ្មែរជាច្រើននាក់ទៀតមិនទាន់បានទស្សនារឿង “វិកលចរិត” នេះ និងដើម្បីបានទស្សនាជាថ្មីម្ដងទៀតនោះ លោកសង្ឃឹមថា កូនខ្មែរគ្រប់រូបនឹងមិនខកខានក្នុងការទស្សនារឿងដ៏ល្អមើលមួយនេះឡើយ ដូចគ្នានោះដែរ ទស្សនិកក៏នឹងបានចូលរួមចំណែកក្នុងការចូលរួមបរិច្ចាគថវិកាជួយដល់កុមារកំព្រា និងក្មេងៗបាត់បង់សតិបញ្ញានៅកម្ពុជាផងដែរ។ ដូច្នោះហើយ ប្រសិនបើជាជនរួមជាតិណាមិនទាន់បានទស្សនារឿងនោះ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ សូមអញ្ជើញទៅទស្សនាទាំងអស់គ្នានៅគ្រប់រោងភាពយន្តទូទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕

  • Mendy បំពេញការផ្ទេរជាផ្លូវការពី Monaco ទៅកាន់ Man City

    Mendy បំពេញការផ្ទេរជាផ្លូវការពី Monaco ទៅកាន់ Man City

    ខ្សែការពារ Benjamin Mendy កាលពីថ្ងៃចន្ទ បានចុះហត្ថលេខារយៈពេល5ឆ្នាំជាមួយនឹងក្លិប Manchester City ក្រោយពីបំពេញការផ្ទេរជាផ្លូវការពីក្លិប Monaco ដើម្បីធ្វើឲ្យរូបគេក្លាយជាខ្សែការពារមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោក។

    កីឡាករវ័យ 23ឆ្នាំរូបនេះ ដែលបានចូលរួមជាមួយនឹងក្រុមម្ចាស់ជើងឯករបស់បារាំងដោយចេញពីក្លិប Marseille ក្នុងតម្លៃខ្លួន11លានផោនពីរដូវក្តៅមុននោះ បានយល់ព្រមទៅលើការផ្ទេរមួយដែលមានតម្លៃខ្លួន 52លានផោន (ស្មើនឹង 67លានដុល្លារអាមេរិក)។ ខ្សែការពារអន្តរជាតិបារាំងរូបនេះ នឹងចូលរួមជាមួយនឹងមិត្តរួមក្រុមថ្មីរបស់គេនៅលើទឹកដីសហរដ្ឋអាមេរិក ខណៈដែលក្រុម Man City របស់លោក Pep Guardiola កំពុងតែរៀបចំសម្រាប់ការប្រកួតមិត្តភាពជាលើកទី2 របស់ពួកគេ នៅពេលជួបក្រុម Real Madrid ក្នុងទីក្រុង Los Angeles។

    Mendy បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការបានចូលរួមជាមួយនឹងក្លិប Manchester City។ ពួកគេជាក្លិបមួយក្នុងចំណោមក្លិបកំពុងនាំមុខនៅតំបន់អឺរ៉ុប ហើយជាមួយនឹងការមានលោក Pep Guardiola ពួកគេមានអ្នកចាត់ការទូទៅម្នាក់ដែលមានការប្តេជ្ញាចិត្តក្នុងការលេងកីឡាបាល់ទាត់បែបវាយសម្រុក។ ខ្ញុំជឿជាក់ថា នៅរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ទៅទៀតនេះ យើងនឹងទទួលជោគជ័យ»។

    ការផ្ទេរនេះមានន័យថា Man City បានចំណាយប្រាក់ច្រើនជាង200លានផោនសម្រាប់កីឡាករថ្មីៗនៅរដូវក្តៅនេះ ក្រោយពីបាននាំយកខ្សែការពារស្លាបឆ្វេង Danilo ពីក្លិប Real Madrid ក្នុងតម្លៃខ្លួន26.5លានផោន ខ្សែការពារ Kyle Walker ក្នុងតម្លៃខ្លួន45លានផោន ខ្សែបម្រើ Bernardo Silva ក្នុងតម្លៃខ្លួន43.6លានផោន និងអ្នកចាំទី Ederson ក្នុងតម្លៃខ្លួន34.9លានផោន៕
    ប្រភពពី៖ Sports.yahoo

  • តារាចម្រៀង យីង លី បន្ទាប់ពីមានអាការហើមហើយ ឥឡូវនាងកាន់តែ…

    តារាចម្រៀង យីង លី បន្ទាប់ពីមានអាការហើមហើយ ឥឡូវនាងកាន់តែ…

    តារាចម្រៀងស្រីល្បីឈ្មោះក្នុងបទចម្រៀងចង្វាក់បែបជនបទ អ្នកនាង យីង លី និងជាតារាចម្រៀងប្រចាំផលិតកម្ម GMM Grammy បានកើតអាការហើមមុខហើមមាត់ និងតាមខ្លួនប្រាណ ដោយសារតែរាងកាយរបស់នាងបានប្រតិកម្មជាមួយការប្រើប្រាស់ថ្នាំងងុយគេងដែលនាងបានប្រើអស់ជាច្រើនគ្រាប់ ទើបបណ្ដាលឱ្យនាងកើតជំងឺហើម ហើយត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យអស់រយៈពេលជាច្រើនខែ។

    មិនតែប៉ុណ្ណោះកាលពីពេលមុននេះ តារាស្រីរូបនេះធ្លាប់បានព្យាបាលដោយការវះកាត់យកខ្លាញ់នៅលើស្បែកមុខចេញ ដោយសារតែមុខរបស់នាងហើមខ្លាំងពេក តែរហូតមកដល់សព្វថ្ងៃនេះសម្រស់របស់នាងបានវិលមកដូចសភាពដើមវិញហើយ និងនៅទីបំផុតគឺនាងកាន់តែស្អាតលើសដើមទៅទៀត។ នៅថ្ងៃទី24 ខែកក្កដា ឆ្នាំ2017 នេះ តារាវ័យ ៣៤ ឆ្នាំរូបនេះបានបង្ហោះរូបមួយចំនួនដែលធ្វើឱ្យអ្នកគាំទ្រនាងបានឃើញពីស្ថានភាពបច្ចុប្បន្នរបស់នាង ដោយសរសេរចំណងជើងថា ” នៅពេលនេះ អាការហើមបានប្រសើរឡើងហើយ នាងខ្ញុំសប្បាយចិត្ត និងគិតថា រូបរាង និងមុខមាត់ខ្ញុំ បានត្រឡប់មករកសភាពដើមវិញហើយ តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ?”។

    គួរបញ្ជាក់ផងដែរថា នៅពេលនេះរូបរាង និងមុខមាត់របស់តារាស្រីរូបនេះមានភាពប្រសើឡើងច្រើនជាងមុនហើយ បើប្រៀបធៀបនិងអាការដែលហើមកាលពីខែមុនៗ និងអំឡុងពេលដែលកំពុងថែររក្សា និងដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងឡាយដូចខាងក្រោមនេះ ៖

  • ឯកឧត្តម ហ៊ុន ម៉ានី៖ យុវជនជោគជ័យ គឺជាអ្នកចេះតាមដានការអភិវឌ្ឍរបស់ខ្លួនឯង

    ឯកឧត្តម ហ៊ុន ម៉ានី៖ យុវជនជោគជ័យ គឺជាអ្នកចេះតាមដានការអភិវឌ្ឍរបស់ខ្លួនឯង

    បង្ហាញវត្តមាននៅចំពោះមុខយុវជនជាច្រើនពាន់នាក់លើវេទិកាជជែកពិភាក្សា The Perspectives Cambodia ឯកឧត្តម ហ៊ុន ម៉ានី ម្ចាស់ពានរង្វាន់ ASEAN People និង Gusi Peace Prize បានចែករំលែកនូវគំនិតយោបល់ និងទស្សនៈនៃការយល់ឃើញយ៉ាងមានតម្លៃជាច្រើនទៅកាន់យុវជនកម្ពុជា ដែលត្រៀមខ្លួនដើម្បីក្លាយជាអ្នកបន្តវេនប្រកបដោយគុណភាពសម្រាប់កម្ពុជា។

    ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ «យុវជនដែលជោគជ័យ គឺជាអ្នកដែលចេះតាមដានការអភិវឌ្ឍរបស់ខ្លួនឯង»។
    បើតាមឯកឧត្តម ហ៊ុន ម៉ានី ពីមួយជំហានទៅមួយជំហាន យើងត្រូវសិក្សាឱ្យបានច្បាស់លាស់ពីខ្លួនឯង នៅពេលដែលយើងស្គាល់ខ្លួនឯងច្បាស់ និងដឹងពីការអភិវឌ្ឍខ្លួនឯងហើយ យើងនឹងឃើញពីផ្លូវដែលយើងត្រូវអភិវឌ្ឍខ្លួនបន្តទៀត។

    ឯកឧត្តម បានលើកឡើងផងដែរថា សម្រាប់ការចូលរួមប្រកួតនៅក្នុងកម្មវិធី The Perspectives Cambodia នេះ ភាពចាញ់ ឬឈ្នះគឺជារឿងសំខាន់ តែអ្វីដែលកាន់តែសំខាន់ទៅទៀតនោះគឺ ការដែលយើងទទួលបាននូវចំណេះដឹង និងការបណ្តុះបណ្តាលល្អ ហើយក្លាយជាបុគ្គលដែលមានកម្រិតនៃគំនិតកាន់តែប្រសើរ។ យើងគួរប្រៀបធៀបខ្លួនឯងថា មុនចូលរួមកម្មវិធី យើងមានកម្រិតនៃការយល់ដឹងប៉ុណ្ណា ហើយបន្ទាប់ពីចូលរួមកម្មវិធីហើយ យើងស្ថិតក្នុងកម្រិតប្រសើរប៉ុណ្ណាហើយ។ នៅពេលនោះយើងនឹងបានមើលឃើញពីការអភិវឌ្ឍរបស់ខ្លួនឯង ដើម្បីជាកម្លាំងជំរុញឱ្យយើងកាន់តែខិតខំប្រឹងប្រែងខ្លាំងឡើងថែមមួយកម្រិតទៀត៕

  • តើ​គួរ​ធ្វើយ៉ាងណា​នៅពេលដែល​ក្អក​មិន​បាត់?​

    តើ​គួរ​ធ្វើយ៉ាងណា​នៅពេលដែល​ក្អក​មិន​បាត់?​

    អាការ​ក្អក អាច​កើតឡើង​ច្រើនបែប​អាស្រ័យ​លើ​មូលហេតុ​របស់​វា មនុស្ស​យើង​មិនអាច​ជ្រើសរើស​ថា​នឹង​ក្អក​បែបណា​បាន​នោះទេ តែ​ជ្រើសរើស​ក្នុងការ​ចាត់ការ​វា​ឱ្យ​ធូរស្រាល​ទៅវិញ​យ៉ាង​ឆាប់រហ័ស​បាន។ ដូច្នេះហើយ​ទើប​ខាង​វេជ្ជសាស្ត្រ​បែងចែក​អាការ​ក្អក​ចេញ​ជាច្រើន​បែបច្រើនយ៉ាង ដូចជា ក្អក​ស្ងួត និង​ក្អកមាន​ស្លេស្ម៍ ឬ​ក្អក​រយៈពេល​ខ្លី និង​ក្អក​រ៉ាំរ៉ៃ​ជាដើម។ មនុស្ស​ក្នុង​យុគសម័យ​នេះ​កើត​អាការ​ក្អក​ច្រើន​គ្នា​ណាស់ ដោយសារតែ​បច្ច័យ​អាកាសធាតុ និង​បច្ច័យ​ខាងក្នុង​រាងកាយ​គឺ ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ចុះខ្សោយ ទើប​ចេះតែ​ក្អក​មិន​បាត់។

    ក្នុង​ខាង​វេជ្ជសាស្ត្រ​បាន​បែងចែក “អាការ​ក្អក” ចេញ​ជា2បែប ដើម្បីឱ្យ​លោកអ្នក​សម្រេចចិត្តថា នឹង​ចាត់ការ​ជាមួយ​វា​យ៉ាងដូចម្ដេច​ដូចតទៅ​នេះ ៖

    1) ក្អក​ទូទៅ គឺ​ក្អក​ដោយសារ​ប្រព័ន្ធ​ដកដង្ហើម​មាន​បញ្ហា ដូចជា ក្អក​ដោយសារ​ឈ្លក់​នឹង​ល្អងធូលី​ដី ឬ​ផ្សែង​អ័​ព្ធ​ជាដើម ក្អក​ដោយសារ​កើត​ជំងឺ​ផ្តាសាយ​តឹង​ច្រមុះ​ធម្មតា ឬ​ក្អក​ដោយសារ​កើត​ប្រតិកម្ម​ចាញ់​ទីកន្លែង។ល។

    2) ក្អក​មួយទៀត​ដែល​ត្រូវ​ប្រយ័ត្ន​នោះ​គឺថា តើ​ត្រូវ​ទៅរក​គ្រូពេទ្យ​ឬក៏​អត់ គឺ​ក្អក​រ៉ាំរ៉ៃ​យូរអង្វែង ក្អក​រួមជាមួយ​ហត់​ដង្ហក់​ដកដង្ហើម​មិន​រួច ក្អក​ដោយសារ​ឆ្លង​មេរោគ​ចូល​ធ្ងន់ធ្ងរ ឬ​មាន​គ្រុនក្តៅ​ខ្លួន​ផង ដែល​ទាំង3រោគសញ្ញា​នេះ​គឺជា​អាការ​ហើម​សួត (សួត​ឆ្លង​មេរោគ)។

    ការរក្សា​ព្យាបាល​អាការ​ក្អក​បែប​ទី1 (ក្អក​ទូទៅ) មានការ​បឋម​ព្យាបាល​ដោយ​ខ្លួនឯង​បែបងាយៗដូចតទៅ ៖
    • ចាប់ផ្តើម​ដោយ​ការ​គេង​សម្រាក​ឱ្យបាន​ច្រើន ចូល​គេង​យ៉ាងយូរបំផុត​នៅ​ម៉ោង10យប់ ដើម្បីឱ្យ​រាងកាយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ។
    • ពាក់​ស្រោម​ជើងពេល​គេង​យប់ ព្រោះ​បើ​ចង់ឱ្យ​សុខភាព​ល្អ ត្រូវតែ​ឱ្យ​ចុងជើង​ក្តៅឧណ្ហៗជានិច្ច។
    • ទទួលទាន​ផ្លែ​ត្របែក ផ្លែ​ប៉េងប៉ោះស្រស់ៗ និង​ទទួលទាន​ទឹក​ផ្លែក្រូច​វ​ល្លិ៍ (ផ្លែ​ផា​សិន) ឱ្យបាន​ញឹកញាប់។
    • ផ្លុំ​សក់ ឬ​ជូត​សក់​ឱ្យ​ស្ងួត​មុនពេល​គេង ហាម​គេង​ទាំង​សក់​ក្បាល​សើម​ជាដាច់ខាត ព្រោះ​ភាព​សើម​នឹង​ធ្វើឱ្យ​មេរោគ​ផ្តាសាយ​រីក​សាយភាយ​បានល្អ​នៅក្នុង​ច្រមុះ និង​ផ្លូវដង្ហើម។

    សម្រាប់​ករណីនេះ មាន​រូបមន្ត​ភេសជ្ជៈ​ពិសេស​ការពារ​អាការ​ក្អក​បានពិតៗគឺ “ទឹកឃ្មុំ​ផ្សំ​ជាមួយ​ទឹកក្រូច​ឆ្មារ” ដោយ​ផ្សំ​ក្នុង​អត្រា​ស្មើគ្នា និង​មាន​គន្លឹះ​ពិសេស​មួយ​គឺ មិន​លាយ​ជាមួយ​ទឹក ឬ​ដាក់​ទឹកកក​ឡើយ គ្រាន់តែ​កូរ​ឱ្យចូល​គ្នា​សព្វ ផ្អែមជូរៗ រួចហើយ​ក្រេប​បំបាត់​អាការ​ក្អក​បាន។

    ចំណែក​អាការ​ក្អក​បែប​ទី2 គួរតែ​ទៅ​ជួប​គ្រូពេទ្យ បើ​មាន​អាការ​បន្ថែម​ដូចខាងក្រោម ៖
    • ក្តៅខ្លួន38.9អង្សា C ឡើង
    • ក្អកមាន​ស្លេស្ម៍ លាយ​ឈាម មាន​ពណ៌ក្រហមៗ ឬ​ខៀវ
    • មាន​អាការ​ហត់​ដង្ហក់
    • ពិបាក​ដកដង្ហើម
    • ឈឺ​ដើមទ្រូង​ខ្លាំង​ទាំង​ពេល​ក្អក និង​មិន​ក្អក
    • ក្អកជាប់ៗគ្នា​យូរ​ជាង2សប្តាហ៍

    តែ​ជា​សរុបទៅ បើ​លោកអ្នក​នៅតែ​មិនបាន​ធូរស្រាល​ពី​អាការ​ក្អក​សោះ​នោះ គួរតែ​ទៅ​ជួប​លោក​គ្រូពេទ្យ​ជាបន្ទាន់ ហើយ​កុំ​ភ្លេច​រៀបរាប់​អំពី​អាការ​ក្អក​ឱ្យបាន​លម្អិត​ផង ព្រោះ​អ្វីដែល​អ្នក​រៀបរាប់​ប្រាប់​លោកគ្រូ​ពេទ្យ​នោះ​អាចជួយ​ក្នុងការ​វិនិច្ឆ័យ​រោគ និង​ការព្យាបាល​បាន​ច្រើនណាស់៕

  • ទូរស័ព្ទ LG G6 ចេញលក់ព្រឹកមិញក្នុងទីផ្សារកម្ពុជា ទូរស័ព្ទ LG G6 ចេញលក់ព្រឹកមិញក្នុងទីផ្សារកម្ពុជា 

    ទូរស័ព្ទ LG G6 ចេញលក់ព្រឹកមិញក្នុងទីផ្សារកម្ពុជា ទូរស័ព្ទ LG G6 ចេញលក់ព្រឹកមិញក្នុងទីផ្សារកម្ពុជា 

    បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនខែ ក្រោយពីបានបង្ហាញខ្លួនកាលពីព្រឹត្តិការណ៍ Mobile World Congress 2017 នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញតាំងពីខែកុម្ភៈមក ពេលនេះទូរស័ព្ទ LG G6 ចាប់ផ្ដើមមានលក់ហើយកាលពីព្រឹកមិញនេះក្នុងទីផ្សារកម្ពុជា ជាមួយនឹងតម្លៃប្រមាណ 666ដុល្លារ។

    លោក ប៉ិច មករា ប្រធានផ្នែកផលិតទូរស័ព្ទនៃក្រុមហ៊ុន Ggear ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផលិតផល LG ក្នុងទីផ្សារកម្ពុជាបានឱ្យដឹងថា ទូរស័ព្ទ LG G6 ចាប់ផ្ដើមមានវត្តមានក្នុងទីផ្សារកម្ពុជាយើងហើយកាលពីព្រឹកថ្ងៃទី24 ខែកក្កដា ឆ្នាំ2017 នេះ នៅគ្រប់ហាង LG Brand Shop និងតាមហាងលក់រាយធំៗមួយចំនួន ហើយមាន 2ពណ៌គឺ ខ្មៅ និងប្រផេះបែកខៀវតិចៗ។

    លោកបន្តថា ទូរស័ព្ទ LG G6 បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ រាប់ចាប់ពីអេក្រង់ កាមេរ៉ា និងសមត្ថភាពដំណើរការ។ LG G6 មានអេក្រង់ទំហំ 5.7 អ៊ីញប្រភេទIPS LCD FullVision អាចបង្ហាញរូបភាពកម្រិត 18:9 Aspect Ratio និងកម្រិតភាពច្បាស់2880×1440 ភិចសេលជាមួយនឹងកម្រិតដង់ស៊ីតេ 565ppi ។

    សម្រាប់ផ្នែកខាងក្រោយ G6 ប្រើនូវកាមេរ៉ាភ្លោះ Wide Angle ទំហំ13 MP និង Normal ដែលមានទំហំ 13 MP ដែលខុសពីកាមេរ៉ាភ្លោះរបស់ LG G5 ប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះ 16MP + 8MP ។ ដោយផ្នែក Normal ប្រើប្រាស់នូវមុខងារ OIS និង Autofocus ហើយកាមេរ៉ាមុខមានទំហំ 5 MP។

    ស្មាតហ្វូនមួយនេះបំពាក់នូវបន្ទះឈីប Snapdragon 821 និងមាន Ram 4GB ម៉េម៉ូរីក្នុងម៉ាស៊ីនទំហំ 32GB / 64GB ហើយវាក៏មានរន្ធដោតបន្ថែមនូវ microSD កាតថែមទៀតដែរ។ វាដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat និងប្រើប្រាស់នូវប្រព័ន្ធ Google Assistant ហើយមានថាមពលថ្មខ្លាំងកម្លាំង 3300mAh និងបច្ចេកវិទ្យា QuickCharge 3.0 ដែលអាចបញ្ជូលថ្មពេញបានក្នុងរយៈពេល 96នាទី និងអាចបញ្ចូលថ្មបាន50% ដោយចំណាយពេលត្រឹមតែ 32 នាទីប៉ុណ្ណោះ។ ក្នុងនោះ វាជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនដែលបំពាក់មុខងារការពារជម្រាបទឹក និងការពារធូលី (IP68)៕

  • ដំណឹងល្អសម្រាប់កសិករខ្មែរ៖ ចិនផ្តល់បច្ចេកទេសរក្សាទឹកទុកស្រោចស្រពដំណាំកសិកម្មនៅរដូវប្រាំង

    ដំណឹងល្អសម្រាប់កសិករខ្មែរ៖ ចិនផ្តល់បច្ចេកទេសរក្សាទឹកទុកស្រោចស្រពដំណាំកសិកម្មនៅរដូវប្រាំង

    ភ្នំពេញ៖ ដើម្បីបញ្ចៀសកង្វះទឹកប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មរបស់កសិករ តាមបណ្តាខេត្តនៅរដូវប្រាំងដូចកាលពីឆ្នាំកន្លងទៅ រដ្ឋាភិបាលចិនតាមរយៈក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្រ្តបានសហការផ្តល់ជំនួយបច្ចេកទេស និងថវិកាដល់មន្រ្តីជំនាញកម្ពុជាដើម្បីបណ្តុះបណ្តាលបច្ចេកទេសប្រព័ន្ធស្រោចស្រពដំណាំកសិកម្មដើម្បីចៀសវាងកុំឱ្យកសិករជួបបញ្ហាកង្វះទឹកប្រើប្រាស់ដូចឆ្នាំមុនទៀត។

    ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពីការកែលម្អការគ្រប់គ្រងទឹក និងប្រព័ន្ធស្រោចស្រពកសិកម្មឱ្យមានប្រសិទ្ធភាពនៅប្រទេសកម្ពុជាកាលពីចុងសប្តាហ៍មុនបានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយបច្ចេកទេស និងថវិកាសម្រាប់រៀបចំប្រព័ន្ធស្រោចស្រព ដំណាំកសិកម្មកម្ពុជានៅរដូវប្រាំងដើម្បីចៀសវាងកុំឱ្យកសិករជួបកង្វះទឹកប្រើប្រាស់ដូចរដូវប្រាំងឆ្នាំមុន។

    វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល 5ថ្ងៃ និងមានសិក្ខាកាមចូលរួមចំនួន 38នាក់ខាងលើធ្វើឡើងដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ៖
    (1).វិធីសាស្រ្តដែលអាចធ្វើឱ្យប្រសើរឡើងសម្រាប់ការគ្រប់គ្រងទឹក បច្ចេកវិទ្យាប្រព័ន្ធស្រោចស្រពតាមរយៈការប្រមូលផលទឹកភ្លៀង និងការផ្គត់ផ្គង់ទឹកនៅតាមជនបទ។
    (2)ការពិភាក្សាពីឱកាស និងបញ្ហាប្រឈមទាក់ទងនឹងការគ្រប់គ្រងធនធានទឹក ការថែទាំទឹកលើដី និងទឹកភ្លៀងទាំងគុណភាព ទាំងបរិមាណ និង (3)ការផ្តល់ជាគំនិតក្នុងការស្រាវជ្រាវវិទ្យាសាស្រ្តសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារវាងកម្ពុជា និងចិនជាពិសេសជាមួយវិទ្យាស្ថានគ្រប់គ្រងធនធានទឹក ហ្គាន់ស៊ូ។

    ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា ស្ថិតក្នុងបរិការណ៍នេះ ដើម្បីសម្រេចបាននូវការធ្វើទំនើបកម្ម និងការលើកកម្ពស់ផលិតភាពកសិកម្មប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ត្រូវកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពបម្រើដល់វិស័យកសិកម្មដែលមានប្រសិទ្ធភាពជាងមុន ងាយស្រួលជាងមុន និងមានតម្លៃថោកជាងមុន។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្រ្តីក៏បានដាក់ចេញនូវអនុសាសន៍សំខាន់ពីរគឺ៖
    (1).លើកកម្ពស់បច្ចេកវិទ្យាស្រោចស្រពនៅក្នុងកសិដ្ឋានដែលមានប្រព័ន្ធធារាសាស្រ្ត រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងការប្រមូលទឹកទុក និងគាំទ្រដល់ការរៀបចំផែនការ និងបែងចែកទឹករបស់សហគមន៍កសិករ និងអ្នកប្រើប្រាស់ទឹក។
    (2).កែលម្អការប្រមូលផលទឹកភ្លៀង និងតាមដានអង្កេតសក្តានុពលទឹកក្រោមដីសម្រាប់ការផ្គត់ផ្គង់ទឹកហូបចុក ការដាំបន្លែ និងការចិញ្ចឹមសត្វជាដើម។

    ក្នុងឱកាសនោះឯកឧត្តម Tan Qingsheng ឯកអគ្គរដ្ឋទូតស្តីទីនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាមានប្រសាសន៍ថា រដ្ឋាភិបាលចិននៅតែបន្តគាំទ្រថវិកា និងបច្ចេកទេសដល់កម្ពុជា ដោយសារកម្ពុជាមានប្រវត្តិទំនាក់ទំនងទាំងវប្បធម៌ និងសេដ្ឋកិច្ចជាយូរលង់មកហើយ និងជឿជាក់ថា ជំនួយបច្ចេកទេសនេះនឹងជួយឱ្យកសិករមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ស្រោចដំណាំនៅក្នុងរដូវប្រាំងខាងមុខ មិនឱ្យជួបការខ្វះខាតទឹកដូចឆ្នាំកន្លងទៅនោះទេ៕

  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ផ្តល់កម្ចីតាមអនឡាញដំបូងគេនៅកម្ពុជា

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ផ្តល់កម្ចីតាមអនឡាញដំបូងគេនៅកម្ពុជា

    ភ្នំពេញ៖ មុននឹងផ្តល់កម្ចីគេសង្កេតឃើញថា មន្រ្តីឥណទានតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗតែងចុះទៅពិនិត្យទីតាំងដល់លំនៅដ្ឋាន និងពិនិត្យមើលឯកសារយ៉ាងល្អិតល្អន់ ដើម្បីចៀសវាងការបោកប្រាស់ពីអតិថិជន។ ប៉ុន្តែសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសំរិទ្ធិស័កវិញ បែជាប្រកាសផ្តល់កម្ចីតាមអនឡាញដើម្បីផ្តល់ភាពងាយស្រួលតាមអនឡាញ។

    មន្រ្តីទំនាក់ទំនងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សំរិទ្ធិស័ក លីមីតធីត បានផ្តល់បទសម្ភាសថា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានសម្រេចផ្តល់កម្ចីជូនអតិថិជនដោយគ្រាន់តែចុះឈ្មោះ និងបំពេញសំណុំបែបបទតាមប្រព័ន្ធអនឡាញប៉ុណ្ណោះ។ កម្ចីនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសំរិទ្ធិស័កមានច្រើនប្រភេទទៅតាមការចង់បានរបស់អតិថិជនប៉ុន្តែកម្ចីអនឡាញនេះគឺ ផ្តល់ជូនសម្រាប់តែអ្នកធ្វើការតែប៉ុណ្ណោះ ដែលតម្រូវឱ្យផ្ញើឯកសារតាមប្រព័ន្ធអនឡាញ ហើយភ្នាក់ងារឥណទាន និងធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅវិញ។

    យ៉ាងណាក៏ដោយការផ្តល់កម្ចីតាមអនឡាញនេះ គឺផ្តល់ជូនប្រាក់កម្ចីស្មើនឹងលិខិតបញ្ជាក់ប្រាក់ខែតែប៉ុណ្ណោះ (បើប្រាក់ខែ 500ផ្តល់ជូន 500ដែរ) មិនអាចផ្តល់ឱ្យច្រើនគុណនឹង 5ដងឬ 10ដងនៃប្រាក់ខែ ដូចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃនោះទេ គឺបានប្រហែលនឹងការធ្វើ VISA Card ប៉ុណ្ណោះ តែខុសគ្នាត្រង់ថា Visa Card យើងទិញទំនិញតាមអនឡាញ ហើយកម្ចីរបស់សំរិទ្ធិស័ក អាចដកជាលុយសុទ្ធដើរទិញទំនិញបាន។

    ដើម្បីអាចចុះឈ្មោះស្នើសុំកម្ចីនេះបានសូមចូលទៅគេហទំព័រគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសំរិទ្ធិស័ក ហើយចូលទៅកាន់ពាក្យស្នើសុំកម្ចី (Loan Request) ដែលមានការណែនាំក្នុងវីដេអូ ដូចខាងក្រោម ៖

  • សូរ្យ អេនណា កំពុងតែបារម្ភលើរូបភាពសិចស៊ីរបស់ខ្លួន

    សូរ្យ អេនណា កំពុងតែបារម្ភលើរូបភាពសិចស៊ីរបស់ខ្លួន

    ថ្មីៗនេះគេសង្កេតឃើញថា តារាសម្ដែង និងម៉ូដែលកញ្ញា សូរ្យ អេនណា បានបង្ហោះរូបភាពសិចស៊ីក្នុងឈុតប៊ីគីនីជាច្រើនសន្លឹកតាមរយៈបណ្ដាញសង្គម និងតាមរយៈរូបភាពទាំងនេះបានធ្វើឱ្យប្រុសៗមួយចំនួនដែលបានឃើញហើយខំសម្លឹងស្ទើរតែជ្រុះគ្រាប់ភ្នែក។

    កញ្ញា សូរ្យ អេនណា ត្រូវបានគេស្គាល់ថា ជាពិធីការិនី តារាសម្ដែង និងតារាម៉ូដែលមានឈ្មោះបោះសំឡេង ហើយអ្វីដែលធ្វើឱ្យនាងមានភាពលេចធ្លោលើវិស័យបង្ហាញម៉ូដនេះ គឺដោយសារតែនាងធ្លាប់ជាប់ជា Miss Global តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតនៅប្រទេសហ្វីលីពីនកាលពីឆ្នាំ2016។ ក្រោយពីបានបង្ហោះរូបសិចស៊ីដ៏ស្រស់ស្អាតគួរឱ្យខ្នាញ់បែបនេះរួច ត្រូវបានបុរសមួយចំនួនលាន់មាត់ថា គេកម្របានឃើញរូបភាពតារាសិល្បៈខ្មែរហ៊ានថត និងបញ្ចេញភាពស្រស់ស្អាតបែបនេះណាស់ រូបភាពនោះឃើញហើយឡើងចង់ក្ដៅខ្លួនតែម្ដង។

    កញ្ញា សូរ្យ អេនណា បញ្ជាក់ថា កន្លងមកនាងពុំធ្លាប់បង្ហោះរូបភាពបែបនេះទេ ប៉ុន្ដែដោយសារតែនាងជាតារាម៉ូដែលទើបនាងសម្រេចចិត្ដបង្ហោះរូបទាំងនោះជាសាធារណៈឱ្យបានឃើញពីទេពកោសល្យនៃការថតរូបបែប Fashion របស់នាង។ កញ្ញាបន្ដថា រូបភាពនេះត្រូវបានថតដោយជាងថតជនជាតិបារាំងដោយគេបានសំណូមពរនាងឱ្យធ្វើជាម៉ូដែល ដើម្បីយកទៅ Update page របស់គេ។

    តារាម៉ូដែលរូបនេះបញ្ជាក់ថា ពីដំបូងក្រោយពីបង្ហោះរូបភាពទាំងនោះភ្លាម នាងពុំសូវមានការបារម្ភអ្វីទេ ប៉ុន្ដែក្រោយពីមានសារព័ត៌មានក្នុងស្រុកជាច្រើនចាប់អារម្មណ៍លើរូបនាង នាងក៏ចាប់ផ្ដើមគិតខ្លះដែរទៅលើការរិះគន់ពីសង្គមមកវិញ។ អេនណា បញ្ជាក់ថា៖ «ខ្ញុំដឹងថា សង្គមខ្មែរយើងហាក់មិនទាន់ទទួលយកនូវរូបភាពបែបនេះទេ ប៉ុន្ដែអ្វីដែលធ្វើឱ្យខ្ញុំសម្រេចចិត្ដបង្ហោះរូបនេះឡើងដោយសារតែខ្ញុំគិតថា ខ្លួនជាតារាម៉ូដែល។ ម្យ៉ាងភាពសិចស៊ីរបស់ខ្ញុំនៅមានកម្រិតនៅឡើយ វាមិនទាន់ជ្រុលហួសហេតុនៅឡើយទេ»។

    ត្រង់ចំណុចនេះកញ្ញា សូ អេនណា ចង់បញ្ជាក់ថា មិនមែននៅសុខៗនាងទៅថតរូបសិចស៊ីលេងយកមកបង្ហោះនោះទេ គឺវាជាការងារ ម្យ៉ាងភាពសិចស៊ីរបស់នាងគឺចំពេលវេលា និងកាលៈទេសៈ ព្រោះនាងស្លៀកពាក់បែបប៊ីគីនីត្រូវតែថតនៅជិតអាងទឹក ឬបែបកម្សាន្ត មិនមែនស្លៀកប៊ីគីនីឈរកណ្ដាលផ្លូវឱ្យគេថតទេ។ ទោះយ៉ាងណានាងក៏នៅតែមានក្ដីបារម្ភពីការរិះគន់ ខណៈកម្ពុជាហាក់មានការរិតត្បិតខ្លាំងទៅលើផ្នែកប្រពៃណី៕