Category: សង្គម និងសេដ្ឋកិច្ច

  • ដឹងអត់?? តារាថៃណាខ្លះដែលមានជម្លោះជាមួយអ្នកសារព័ត៌មាន

    ដឹងអត់?? តារាថៃណាខ្លះដែលមានជម្លោះជាមួយអ្នកសារព័ត៌មាន

    1.Ekky Ekkachai

    Ekky Ekkachai ជាតារាសម្ដែង និងពិធីករភេទទី3 ហើយតារារូបនេះមានជម្លោះជាមួយអ្នកសារព័ត៌មាន TV Pool បន្ទាប់ពីលោកមានការរិះគន់ និងត្រូវបានទិតៀនពីពិធីការិនីល្បីឈ្មោះម្នាក់នៃគេហទំព័រ Maya Channel។

    2.Katreeya English

    តារាស្រីរូបនេះ ធ្លាប់បានបង្ហោះ និងអះអាងពីការរិះគន់សារព័ត៌មានមួយដែលធ្លាប់បានប្រើពាក្យសម្ដីមិនល្អ និងចេញផ្សាយរូបអាក្រក់របស់នាងកាលពីពេលកន្លងទៅ ព្រមទាំងសរសេរចំណងជើងអាក្រក់ៗអំពីនាង ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកអានទៀតផង។

    3.May pitchanart

    នាង May pitchanart ធ្លាប់មានជម្លោះជាមួយបណ្ដាអ្នកសារព័ត៌មានដែលបានសរសេរអាក្រក់ៗពីនាង និងអំពីទំនាក់ទំនងជាមួយមិត្តប្រុសរបស់នាងទៀតផង និងថែមទាំងមិនបានសុំទោសនាងទៀត ទើបបង្កជាជម្លោះនឹងគ្នាឡើងតែម្ដង។

    4.Pok Patsonkorn

    តារាសម្ដែងប្រុសរូបនេះ ធ្លាប់បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងអ៊ីនស្តាក្រាមផ្ទាល់ខ្លួនអំពីការឈ្លោះជាមួយអ្នកសារព័ត៌មាន ដោយសារតែការសរសេរអាក្រក់ៗអំពីលោក ជាមួយនឹងតារាសម្ដែង​ Margie Rasri។ សារព័ត៌មាននោះបានចេញផ្សាយថា តារាសម្ដែង Pok Patsonkorn ​និង​ Margie Rasri ចូលចិត្តបើកបរលឿន​ និងមិនគោរពពេលវេលាការងារ។

    5.Boon Panadda

    តារាសម្ដែងស្រីរូបនេះ មិនសូវមានព័ត៌មានថ្មីៗចេញមកទៀតទេ ព្រោះថា នាងតែងតែបញ្ចេញប្រតិកម្មជាមួយសារព័ត៌មានណាដែលសរសេរជ្រុងមិនល្អអំពីនាង ព្រមទាំងបង្ហោះនៅលើអ៊ីនស្ដាក្រាមដៀលត្មះអ្នកសារព័ត៌មានទៀតផង។

    6.PLoy Chermarn

    ជាម្ដងម្កាល តារាស្រី PLoy Chermarn ធ្លាប់មានការមិនពេញចិត្ត និងរិះគន់អ្នកសារព័ត៌មាន តែមិនសូវចេញមុខខ្លាំង និងចំៗឡើយ នាងបានត្រឹមតែនិយាយបញ្ឆិតបញ្ឆៀង ហើយជាពិសេសនាងតែងតែនិយាយ និងមានសំណូមពរនានានៅចំពោះមុខសារព័ត៌មានផ្ទាល់ៗ ខណៈដែលនាងកំពុងតែសម្ភាសតែម្ដង ជាប្រការមួយក្នុងការការពារខ្លួន ខ្លាចអ្នកសារព័ត៌មានសរសេរចំណងជើង និងនិយាយអាក្រក់ៗពីនាង៕

     

     

  • ឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ៖ ចង់ជោគជ័យត្រូវវិនិយោគលើខ្លួនឯង

    ឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ៖ ចង់ជោគជ័យត្រូវវិនិយោគលើខ្លួនឯង

    ផ្តើមចេញពីយុវជន ដែលពោរពេញទៅដោយការតាំងចិត្ត និងមានសមត្ថភាពខ្ពស់ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ជាអ្នកជំនួញវ័យក្មេងមួយរូបដែលពោរពេញទៅដោយភាពជោគជ័យក្នុងអាជីវកម្ម និងជាអគ្គនាយកក្រុមហ៊ុន Luxury Smile Cambodia Co., Ltd ដែលចូលចិត្តការចែករំលែកគំនិតយុវជនជាច្រើននាក់ផ្សេងទៀតនៅកម្ពុជា។

    សហគ្រិនវ័យក្មេងរូបនេះបានប្រកាន់ភ្ជាប់នូវគំនិតមួយសម្រាប់ជាការអភិវឌ្ឍខ្លួនឯង និងសម្រាប់ជាដើមទុនសំខាន់ដើម្បីធ្វើអាជីវកម្ម នោះគឺ «ការវិនិយោគលើខ្លួនឯង»។  លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានលើកឡើងថា៖ «ជាដើមទុនដំបូងសម្រាប់ការធ្វើអាជីវកម្មឱ្យទទួលបានជោគជ័យគឺ គំនិត ចំណេះដឹង កម្លាំងចិត្ត ទំនុកចិត្ត និងការកសាងធនធានមនុស្ស។ ចំណុចទាំងអស់នេះត្រូវការចាប់ផ្តើមពីខ្លួនឯង ហើយការកសាងចំណុចទាំងអស់នេះគឺជាការវិនិយោគលើខ្លួនឯង»។

    បើតាមលោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ការកសាងសមត្ថភាព និងចំណេះដឹងសម្រាប់ខ្លួនឯងគឺជាការវិនិយោគយ៉ាងធំមួយសម្រាប់ខ្លួនឯង ព្រោះមិនថា ធ្វើការងារឱ្យគេ ឬធ្វើអាជីវកម្មនោះទេ អ្នកទាំងអស់គ្នាសុទ្ធតែត្រូវការចំណេះដឹងទាំងក្នុងសាលា និងក្រៅសាលា។ ចំណេះដឹង ផ្តើមចេញពីការសិក្សា ការស្រាវជ្រាវ ការធ្វើការឱ្យគេ និងបន្ទាបខ្លួនស្តាប់យកមតិយោបល់របស់មនុស្សជាច្រើននៅជុំវិញខ្លួន។ នៅពេលដែលយើងមានបទពិសោធជីវិតច្រើន មានព័ត៌មានច្រើននៅក្នុងខ្លួន យើងនឹងអាចអភិវឌ្ឍអាជីវកម្មឱ្យជោគជ័យជាមួយនឹងភាពបត់បែនខ្ពស់ទៅតាមស្ថានការណ៍សង្គម។

    លើសពីនេះទៅទៀតសហគ្រិនវ័យក្មេងខាងលើបានបញ្ជាក់ផងដែរថា ត្រឹមតែមានសមត្ថភាព មិនទាន់រាប់ថាក្លាយជាអ្នកចេះវិនិយោគខ្លួនឯងបានល្អនោះទេ យើងក៏ត្រូវមានកម្លាំងចិត្តរឹងមាំ ជាមួយនឹងទំនុកចិត្តដែលមនុស្សគ្រប់គ្នាផ្តល់ឱ្យ។ ការរកស៊ី ទាមទារឱ្យមានការតាំងចិត្តខ្ពស់ ហើយទាមទារឱ្យមានភាពរឹងមាំផ្នែកផ្លូវចិត្តដើម្បីទប់ទល់ជាមួយនឹងឧបសគ្គដែលចូលមកជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកទាំងអស់គ្នា អាចមានកម្លាំងចិត្តរឹងមាំ នៅពេលនោះ យើងនឹងមានភាពវិជ្ជមានក្នុងការដកស្រង់យកចំណេះដឹងដែលបានរៀនយកមកអនុវត្ត ហើយទទួលបានគុណតម្លៃជាប្រយោជន៍ជាក់ជាមិនខាន។

    លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានលើកឡើងផងដែរថា៖ «ការសិក្សាដោយមិនយកមកអនុវត្ត គឺប្រៀបបានទៅនឹងសៀវភៅដែលគេទុកចោលដូច្នោះដែរ។ យើងមិនអាចទទួលជោគជ័យបានទេ ប្រសិនបើយើងគ្មានកម្លាំងដើម្បីអនុវត្តចំណេះដឹងរបស់យើងនៅក្នុងអាជីវកម្មបានល្អ ហើយកម្លាំងចិត្តគឺសំខាន់បំផុតដើម្បីរុញច្រានយើងឱ្យទទួលបានជោគជ័យ»។

    លោកលើកឡើងផងដែរថា ជាធម្មតា បន្ទាប់ពីយើងមានចំណេះដឹងច្បាស់លាស់ហើយ មានគំនិតអភិវឌ្ឍល្អ និងមានកម្លាំងចិត្តល្អ យើងទាមទារឱ្យមានភាពទុកចិត្តបានផងដែរ ទើបយើងអាចរកស៊ីបានល្អ។ ការកសាងទំនុកចិត្តគឺត្រូវការទំនុកចិត្តខ្លាំងបំផុត ប្រសិនបើយើងមានគ្រប់យ៉ាង តែខ្វះភាពទុកចិត្តបាន យើងនឹងពិបាកទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម ហេតុនេះអ្នករកស៊ីត្រូវកសាងទំនុកចិត្តខ្ពស់បំផុត។

    ដើម្បីឱ្យគេទុកចិត្តលុះត្រាតែយើងកសាងកេរ្តិ៍ឈ្មោះខ្លួនឯងឱ្យបានល្អ ហើយបង្ហាញភាពស្មោះត្រង់ទៅកាន់មនុស្សទូទៅ បន្ទាប់យើងធ្វើល្អទៅកាន់មនុស្សគ្រប់គ្នា ពួកគាត់នឹងចាប់ផ្តើមផ្តល់តម្លៃមកយើងវិញ ដែលធ្វើឱ្យដំណើរចរចានានានៅក្នុងអាជីវកម្មអាចធ្វើទៅបានដោយរលូន។

    ចំពោះការកសាងធនធានមនុស្សវិញ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានលើកឡើងថា ដំណើរក្រុមហ៊ុនអាចទៅមុខបានដោយរលូនគឺទាមទារឱ្យមានបុគ្គលិក និងធនធានមនុស្សពូកែៗ។ ទន្ទឹមនឹងភាពពូកែរបស់បុគ្គលិក អ្នកគ្រប់គ្រងក៏ត្រូវចេះទាញយកបេះដូងបុគ្គលិកឱ្យបានផងដែរតាមរយៈ ការផ្តល់តម្លៃដល់បុគ្គលិក ហើយចាត់ទុកបុគ្គលិកដូចជាបងប្អូន ដែលត្រូវធ្វើការងារសំខាន់ៗរួមគ្នា។ ចំណុចទាំងអស់នេះ ជាការវិនិយោគលើខ្លួនឯងដែលអាចរុញច្រានឱ្យក្រុមហ៊ុន និងដំណើរជីវិតទទួលបានជោគជ័យ៕

  • Honda ចេញរថយន្ត Pickup ឆ្នាំ2018 តម្លៃក្បែរ 3 ម៉ឺនដុល្លារ

    Honda ចេញរថយន្ត Pickup ឆ្នាំ2018 តម្លៃក្បែរ 3 ម៉ឺនដុល្លារ

    ក្រុមហ៊ុន Honda របស់ជប៉ុនបានដាក់ចេញនូវរថយន្ត Pickup ធុនស្រាល Ridgeline ឆ្នាំ2018 មានតម្លៃចាប់ពី 29,630 ដុល្លារសម្រាប់ទីផ្សារបរទេសជាមួយនឹងពណ៌ថ្មីបន្ថែម 2 ទៀត។

    រថយន្តនេះមានម៉ាស៊ីន V-6-Cylinder Engineទំហំ 3.5-Literជាមួយកម្លាំងបង្វិលជុំ 280hp និង 262lb- ftដែលត្រូវបានភ្ជាប់ទៅនឹងការបញ្ជូនដោយស្វ័យប្រវត្តិ 6 ល្បឿន។ រថយន្តនេះក៏មានបំពាក់នូវប្រព័ន្ធ Android Auto និង Apple CarPlay ដែលជួយសម្រួលដល់ការកម្សាន្ត និងគ្រប់គ្រងទូទៅក្នុងរថយន្តជាមួយនឹងអេក្រង់ Touchscreen។ ចំពោះតម្លៃចាប់ផ្តើមពី29,630 ដុល្លារសម្រាប់ប្រភេទ2WD RT រហូតដល់ 43.120 ដុល្លារសម្រាប់ស៊េរី AWD Black Edition នៅសហរដ្ឋអាមេរិក៕

  • ឧកញ៉ា សៀ រិទ្ធី ចាប់ផ្តើមពង្រីកការវិនិយោគទៅប្រទេសក្នុងតំបន់

    ឧកញ៉ា សៀ រិទ្ធី ចាប់ផ្តើមពង្រីកការវិនិយោគទៅប្រទេសក្នុងតំបន់

    ភ្នំពេញៈ លោកឧកញ៉ា សៀ រិទ្ធី បានចាប់ផ្តើមឈានមួយជំហានទៀតដើម្បីបោះទុនវិនិយោគនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ដោយសារលោកមើលឃើញពីសក្តានុពលសេដ្ឋកិច្ចនៃបណ្តាប្រទេសទាំងនោះ។

    លោកឧកញ៉ាអគ្គនាយកក្រុមហ៊ុន World Bridge Group រូបនេះបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី25 កក្កដានេះថា លោកបានវិនិយោគលើផ្នែក Logistic នៅប្រទេសវៀតណាម វិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសឡាវ និងបានវិនិយោគលើវិស័យភេសជ្ជៈ និងម្ហូបអាហារនៅប្រទេសមីយ៉ាន់ម៉ា ដោយសារតែប្រទេសនេះមានប្រជាជនច្រើន។
    ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីទុនវិនិយោគនៅក្នុងបណ្តាប្រទេសក្នុងតំបន់ទាំងអស់ខាងលើនេះទេ។

    ទាក់ទងនឹងបរិយាកាសវិនិយោគក្នុងតំបន់ និងកម្ពុជា លោកឧកញ៉ាសៀ រិទ្ធីបានថ្លែងថា បរិយាកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរ ហើយលើកលែងតែប្រទេសសិង្ហបុរីមួយ គឺមានតែកម្ពុជាប៉ុណ្ណោះ ដែលមានការគាំទ្រ និងលើកទឹកចិត្តអ្នកវិនិយោគបរទេសច្រើនជាងគេ និងមានប្រព័ន្ធអនុគ្រោះច្រើនជាងគេផងដែរ ដែលជនបរទេសមានសិទ្ធិកាន់កាប់ភាគហ៊ុនរហូតដល់100ភាគរយ។

    អ្នកវិនិយោគកម្ពុជាកាន់តែច្រើននាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមឈានទៅវិនិយោគនៅតាមបណ្តាប្រទេសក្នុងតំបន់ ដូចជា ក្រុមហ៊ុន World Bridge Group ធនាគារ Acleda PLc, ក្រុមហ៊ុន Sabay និងក្រុមហ៊ុន Monument Book ជាដើម៕

  • សឿន ផានផាភួង សុខចិត្ដចោលសង្សារស្រវាឪពុកម្ដាយ

    សឿន ផានផាភួង សុខចិត្ដចោលសង្សារស្រវាឪពុកម្ដាយ

    មានអ្នកគាំទ្ររបស់កញ្ញា សឿន ផានផាភួង ជាច្រើនមានចម្ងល់ថា ហេតុអ្វីបានជាតារាសម្ដែងរូបនេះមិនធ្លាប់លេចឮនូវដំណឹងសេ្នហាអ្វីសោះ? អ្នកខ្លះថែមទាំងលើកជាសំនួរថា តើនាងជាប្រភេទស្រីស្រលាញ់ស្រីគ្នាឯងឬក៏យ៉ាងណា ព្រោះកន្លងមកឃើញតែបង្ហោះរូបភាពស្និទ្ធស្នាលតែជាមួយស្រីៗដូចគ្នា?។

    កញ្ញា សឿន ផាភួង បានបញ្ជាក់ថា កាលពីចូលសិល្បៈដំបូងៗនាងពិតជាមិនចង់ពាក់ព័ន្ធនឹងរឿងស្នេហាសោះឡើយ គោលដៅរបស់នាងគឺធ្វើយ៉ាងណាដើម្បីសាងកេរ្ដិ៍ឈ្មោះក្នុងសិល្បៈតែប៉ុណ្ណោះ។ នាងបន្ដថាក្រោយពេលចូលសិល្បៈបានរយៈពេល 3ឆ្នាំ មានមហាជនជាច្រើនស្គាល់រូបនាងមក ពេលនោះក៏ចាប់ផ្ដើមមានអ្នកសុំស្នេហ៍ ប៉ុន្ដែនាងមិនរវល់ ក៏មិនមែនបានន័យថា នាងស្រឡាញ់ស្រីគ្នាឯងដែរ។

    តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «ខ្ញុំក៏ចេះមានស្នេហានឹងគេដែរតើ? កន្លងមកខ្ញុំក៏ធ្លាប់មើលចិត្ដបុរសម្នាក់ដែលគាត់រស់នៅប្រទេសអាមេរិកដែរ។ ពួកយើងស្រឡាញ់ និងយល់ចិត្ដគ្នាខ្លាំង ប៉ុន្ដែទាស់តែបញ្ហាមួយប៉ុណ្ណោះដែលខ្ញុំសម្រេចចិត្ដបែកពីគាត់ គឺគាត់សំណូមពរដល់ខ្ញុំថាក្រោយពីរៀបការរួចហើយ ត្រូវតែចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយគាត់។ ក្រៅពីនេះពួកយើងគ្មានបញ្ហាអ្វីនឹងគ្នាឡើយ»។

    ផាភួង បន្ដថា នាងបានសម្រេចចិត្ដមិនទទួលយកសំណូមពរនោះ ដោយសារតែសង្សាររបស់នាងតម្រូវដាច់ខាតត្រូវតែឱ្យនាងចេញទៅរស់នៅទីនោះ ចំណែកនាងមិនអាចចេញទៅរស់នៅបានព្រោះមានកាតព្វកិច្ចត្រូវនៅមើលថែឪពុកម្ដាយ និងក្មួយតូចៗជាច្រើននាក់ទៀត។ នាងប្រាប់ទៀតថា ការបែកគ្នាជាមួយសង្សារធ្វើឱ្យមានការសោកស្ដាយខ្លះដែរ ប៉ុន្ដែនាងត្រូវតែកាត់ចិត្ដព្រោះលក្ខខណ្ឌរបស់សង្សារ នាងទទួលយកពុំបាន។ ដោយសារតែនាងទើបតែបែកគ្នាជាមួយសង្សារ ទើបបច្ចុប្បន្ននេះនាងពុំទាន់ចង់ពាក់ព័ន្ធនឹងស្នេហាទៀតឡើយ៕

  • ទៅមួយទៀតហើយ! Microsoft បញ្ចប់ជីវិតកម្មវិធី Paint

    ទៅមួយទៀតហើយ! Microsoft បញ្ចប់ជីវិតកម្មវិធី Paint

    រយៈពេលជាង 32 ឆ្នាំ ក្រោយការបង្កើតកាលពីឆ្នាំ1985 និងដាក់ឱ្យប្រើក្នុងប្រព័ន្ធប្រតិបត្តិការ Windows កន្លងមកនោះ ឥឡូវក្រុមហ៊ុន Microsoft គ្រោងនឹងបញ្ចប់ជីវិតកម្មវិធីក្រាហ្វិក Paint ហើយត្រឹមឆ្នាំ 2017 នេះ បន្ទាប់ពីក្រុមហ៊ុននឹងដាក់ចេញនូវ Windows 10 Fall Creators Update នៅពេលខាងមុខ។

    ការដកចេញនេះ ដោយហេតុថា កម្មវិធីមួយនេះហាក់មិនសូវពេញនិយមពីអ្នកប្រើប្រាស់ និងដល់ពេលត្រូវលុបចេញពីប្រព័ន្ធ ខណៈ Microsoft អាចនឹងមានអ្វីថ្មីមកជំនួសវិញ។ យ៉ាងណាមិញ កម្មវិធីមួយនេះធ្លាប់ក្លាយជាកម្មវិធីដ៏ពេញនិយមកាលពីជំនាន់មុន Windows 1.0 កាលពីឆ្នាំ1985។

    ក្នុងបញ្ជីមួយដែលរៀបរាប់អំពីមុខងារផ្សេងៗ ដែលមិនសូវដំណើរការនឹងត្រូវលុប ឬដកចេញ (not in active development and might be removed in future releases) ចេញពី Windows 10 Fall Creators Update កម្មវិធី Paint ត្រូវបានក្រុមហ៊ុនដាក់ឈ្មោះយ៉ាងច្បាស់។ Microsoft នឹងជំនួសមកវិញនូវកម្មវិធី Paint 3D គឺនៅលើ Windows 10 Creators Update ប៉ុន្តែក្រុមហ៊ុនមិនទាន់បញ្ជាក់ឱ្យដឹងទេថា កម្មវិធីខាងលើនឹងត្រូវដកចេញនៅពេលណានោះទេ៕

  • “សេចក្តីស្មោះត្រង់”  មាននៅក្នុងមនុស្សគ្រប់ៗគ្នា…តែម្នាក់ៗបែរជារត់គេចចេញពីវា!! រឿងនិទានអប់រំ និងការពិតដែលកើតឡើងលើពិភពលោកយើងនេះ…

    “សេចក្តីស្មោះត្រង់”  មាននៅក្នុងមនុស្សគ្រប់ៗគ្នា…តែម្នាក់ៗបែរជារត់គេចចេញពីវា!! រឿងនិទានអប់រំ និងការពិតដែលកើតឡើងលើពិភពលោកយើងនេះ…

    ស្មោះត្រង់” ត្រូវអ្នកកំលោះម្នាក់ឈ្មោះ “ឆ្លាត” បោះចោលទៅក្នុងទឹកសមុទ្រ។ ស្មោះត្រង់ ខំព្យាយាមហែលទឹករហូតមកដល់កោះមួយ។ ពេលឡើងមកដល់លើកោះហើយ ស្មោះត្រង់ ក៏ដេកសម្រាកនៅលើឆ្នេរខ្សាច់នោះ គេព្យាយាមគិតរិះរកវិធីក្នុងការត្រឡប់ទៅដីគោកវិញ ហើយអ្វីដែលស្មោះត្រង់នឹកសង្ឃឹមនោះគឺ នឹងមានទូករបស់នរណាម្នាក់ឆ្លងកាត់មកដល់កោះនេះ។

    នៅសុខៗ ស្មោះត្រង់ ក៏បានឮសំឡេងភ្លេងរសាត់មកពីចម្ងាយ គេប្រញាប់ក្រោកឡើង និងសម្លឹងមើលទៅប្រភពសំឡេងនោះ។ មានទូកមួយគ្រឿងកំពុងតម្រង់មករកកោះនេះ។ នៅលើទូកនោះមានទង់ជ័យតូចមួយផ្ទាំងកំពុងបក់រវិចៗ នៅលើទង់ជ័យនោះមានសរសេរអក្សរថា “សេចក្តីសុខ“។ អូ! ការពិតគឺជាទូករបស់សេចក្តីសុខទេតើ! ស្មោះត្រង់ ក៏ស្រែកហៅ សេចក្តីសុខ “អេ! សេចក្តីសុខ! សេចក្តីសុខ! ខ្ញុំគឺស្មោះត្រង់ អ្នកជួយនាំខ្ញុំត្រឡប់ទៅដីគោកវិញផងបានទេ?”

    ពេលសេចក្តីសុខបានឮហើយ ក៏ឆ្លើយមកស្មោះត្រង់វិញថា ៈ

    “មិនបានទេ បើខ្ញុំនាំឯងឡើងមកលើទូកខ្ញុំដែរ ខ្ញុំនឹងលែងមានសេចក្តីសុខមិនខាន ឯងមើលទៅមើល៍ មនុស្សម្នាច្រើនណាស់នៅក្នុងសង្គមសម័យនេះដែលនិយាយការពិតហើយ តែបែរជាគ្មានសេចក្តីសុខទៅវិញ  សុំទោសណា៎ ស្មោះត្រង់ ខ្ញុំទទួលឯងឱ្យឡើងមកលើទូកខ្ញុំមិនបានទេ!”  និយាយចប់ សេចក្តីសុខក៏ចាកចេញទៅ។

    កន្លងទៅមួយសន្ទុះធំ “មុខតំណែង” ក៏ឆ្លងកាត់មកដល់។ ស្មោះត្រង់ ស្រែកហៅមុខតំណែង “អេ! មុខតំណែង មុខតំណែង ខ្ញុំគឺស្មោះត្រង់ ខ្ញុំសុំអាស្រ័យទូករបស់ឯងទៅដីគោកវិញផងបានទេ?”

    គ្រាន់តែមុខតំណែងបានឮប៉ុនហ្នឹង ក៏ប្រញាប់បែរក្បាលទូកចេញទៅឆ្ងាយ ហើយងាកមកស្រែកប្រាប់ស្មោះត្រង់ វិញថា ៈ “មិនបានទេ មិនបានទេ! ស្មោះត្រង់ឯងចង់ឡើងមកជិះជាមួយខ្ញុំមិនបានទេ  ឯងដឹងទេ ទម្រាំតែខ្ញុំទទួលបានមុខតំណែងនេះមកវាលំបាកលំបិនប៉ុនណា បើខ្ញុំនាំឯងមកនៅជាមួយដែរ ខ្ញុំនឹងស៊យធំមិនខាន ខ្ញុំអាចនឹងបាត់បង់មុខតំណែងទៅវិញដោយសារតែស្មោះត្រង់ឯង ដូច្នេះយ៉ាងណាៗក៏ខ្ញុំមិនអាចនៅជាមួយឯងបានដែរ”។

    ស្មោះត្រង់ទឹកភ្នែករលីងរលោង សម្លឹងមើលមុខតំណែងដែលប្រញាប់ចេញទូកទៅឆ្ងាយយ៉ាងអស់សង្ឃឹម​។ មានអារម្មណ៍វិលវល់ច្របូកច្របល់ចំពោះខ្លួនឯងយ៉ាងខ្លាំង  តែអ្វីដែលគេអាចធ្វើបាននៅពេលនេះគឺ រង់ចាំ រង់ចាំ និងរង់ចាំតែប៉ុណ្ណោះ។

    សុខៗ ចង្វាក់តន្រ្តីដែលមិនសូវជាស៊ីចង្វាក់គ្នាប៉ុន្មាន ក៏លាន់ឮឡើង ទូកធំមួយគ្រឿងផ្ទុក “ប្រកួតប្រណាំង” ដ៏ច្រើនកំពុងឆ្លងកាត់មក។ ស្មោះត្រង់ក៏ស្រែកហៅ “ប្រកួតប្រណាំង! ប្រកួតប្រណាំង! ខ្ញុំសុំឡើងជិះទូកឯងទៅផងបានទេ?”

    “ឯងជានរណា? ហើយឯងមានប្រយោជន៍ប៉ុនណាដែរសម្រាប់ពួកយើង?” ប្រកួតប្រណាំង ស្រែកសួរមកវិញ។

    ស្មោះត្រង់មិនចង់និយាយអ្វីច្រើនទេ ព្រោះខ្លាចថា ខកខានឱកាសដូចគ្រាកន្លងមក  តែស្មោះត្រង់ ក៏នៅតែ ស្មោះត្រង់…។

    “ខ្ញុំគឺស្មោះត្រង់ ណា៎…”

    “ហ្អ៎ា! ឯងគឺស្មោះត្រង់ហ្អេ៎!? បើពួកខ្ញុំមានឯងនៅជាមួយ តើពួកខ្ញុំនឹងទៅប្រកួតប្រណាំងជាមួយអ្នកណាបានទៅ?” និយាយចប់ ក៏បែរក្បាលទូកចាកចេញទៅយ៉ាងរហ័ស។

    ក្នុងខណៈដែលស្មោះត្រង់ កំពុងតែអស់សង្ឃឹម អង្គុយឱនមុខជ្រប់ សុខៗក៏មានសំឡេងទន់ភ្លន់ដ៏មានក្តីមេត្តាមួយបន្លឺឡើង ៈ

    “កូនអ៊ើយ ឡើងទូកមក!”

    ពេលស្មោះត្រង់ងើបមុខឡើង ក៏ឃើញតាចាស់សក់សព្រោងម្នាក់កំពុងឈរនៅលើទូក “ខ្ញុំគឺ តាចាស់នៃពេលវេលា

    “ហេតុអីបានលោកតាត្រូវមកជួយខ្ញុំ?” ស្មោះត្រង់ សួរទៅវិញ ដោយក្តីចង់ដឹង។

    មានតែពេលវេលាទេ ដែលដឹងថា សេចក្តីស្មោះត្រង់មានតម្លៃប៉ុនណាតាចាស់នៃពេលវេលា និយាយចេញមកដោយស្នាមញញឹម។

    នៅលើដំណើរត្រឡប់ទៅកាន់ដីគោកវិញ តាចាស់នៃពេលវេលា បាននិយាយទៅកាន់ សេចក្តីសុខ  មុខតំណែង និងប្រកួតប្រណាំងដែលទាំងអស់គ្នាកំពុងតែលិចទូកនៅកណ្តាលសមុទ្រថា៖

    “ចៅៗទាំងឡាយ ចូរចាំទុកថា បើប្រាសចាកសេចក្តីស្មោះត្រង់ហើយនោះ សេចក្តីសុខនឹងមិនអាចនៅបានយូរទេ  មុខតំណែងដែលបានមកក៏ជាមុខតំណែងក្លែងក្លាយ  ការប្រកួតប្រណាំងក៏នឹងជួបតែក្តីបរាជ័យ និងដួលរលំយ៉ាងអស់ក្បាច់ប៉ុណ្ណោះ”៕

    រៀបរៀងដោយ ទិទីតំតាតូ

  • Juventus ចុះហត្ថលេខាជាមួយ Bernardeschi ក្នុងតម្លៃខ្លួន40លានអឺរ៉ូ

    Juventus ចុះហត្ថលេខាជាមួយ Bernardeschi ក្នុងតម្លៃខ្លួន40លានអឺរ៉ូ

    ក្លិបសេះបង្កង់ Juventus បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Federico Bernardeschi ពីក្លិប Fiorentina ក្នុងកិច្ចសន្យារយៈពេល5ឆ្នាំ ក្នុងការផ្ទេរមួយនេះដែលមានតម្លៃខ្លួន40លានអឺរ៉ូ (ស្មើនឹង46.5លានដុល្លារអាមេរិក)។ កីឡាករវ័យ23ឆ្នាំរូបនេះ ដែលបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតលីកកាលពីរដូវកាលមុននោះ បានចំណាយពេល3រដូវកាលជាមួយនឹងក្លិប Fiorentina។

    Bernardeschi ដែលបានបង្ហាញខ្លួនជាអន្តរជាតិចំនួន9លើកសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលីនោះ បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ អំឡុងពេលនៃយុទ្ធនាការ European Under-21 Championship នៅរដូវក្តៅនេះ ហើយ Juventus បានចាត់ទុករូបគេជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏មានទេពកោសល្យបំផុតប្រចាំទ្វីបអឺរ៉ុប។ Juventus កំពុងតែសម្លឹងរកការឈ្នះពានក្របខ័ណ្ឌ Serie A ជាលើកទី7ជាប់ៗគ្នារបស់ពួកគេ។

    នៅមុនពេលចុះហត្ថលេខាជាមួយនឹង Bernardeschi ពួកគេបាននាំយកអ្នកចាំទី Wojciech Szczesny ខ្សែបម្រើប្រយុទ្ធ Juan Cuadrado ខ្សែការពារ Medhi Benatia និងខ្សែបម្រើ Medhi Benatia រួចជាស្រេចហើយនៅរដូវក្តៅនេះ។ Bernardeschi បច្ចុប្បន្នត្រូវបានរំពឹងទុកថា នឹងធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងដំណើរប្រកួតមុនបើករដូវកាលជាមួយនឹងក្លិប Juventus។

    Juventus បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា៖ «ក្លិបកីឡាបាល់ទាត់ Juventus សូមប្រកាសថា យើងបានបំពេញការព្រមព្រៀងគ្នាជាមួយនឹងក្លិប ACF Fiorentina សម្រាប់ការបំពេញការផ្ទេរជាផ្លូវការរបស់កីឡាករ Federico Bernardeschi ហើយ»៕
    ប្រភពពី៖ BBC

  • តម្លៃ​អង្ករ​ទីផ្សារ​ក្នុងស្រុក​ និង​អន្តរជាតិ​រើប​ឡើងវិញ

    តម្លៃ​អង្ករ​ទីផ្សារ​ក្នុងស្រុក​ និង​អន្តរជាតិ​រើប​ឡើងវិញ

    តម្លៃ​អង្ករ​លើ​ទីផ្សារ​អន្តរជាតិ​បាន​បង្ហាញ​សញ្ញា​ងើប​ឡើង​វិញ​បន្តិច​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ ដែល​នេះ​ជា​ក្តី​សង្ឃឹម​ថ្មី​មួយ​សម្រាប់​អ្នក​មាន​អាជីវកម្ម​ពាក់​ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករកម្ពុជា ខណៈ​នា​ពេល​កន្លង​មក​មាន​ការ​ត្អូញត្អែរ​ជា​ច្រើន​ទាក់​ទង​នឹងបញ្ហា​​តម្លៃ​ស្រូវ​អង្ករ​នេះ​​។

    យោង​តាម​តារាង​តម្លៃ​អង្ករ​របស់​នាយក​ដ្ឋាន​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​នៃ​​​ប្រទេស​ថៃ តម្លៃ​អង្ករ​ក្រអូប​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត គឺ​630​ដុល្លារ​ក្នុង​មួយ​តោន​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន និង​​បាន​ឡើង​បន្តិច​វិញ​នៅ​ខែ​បន្ទាប់​​ គឺ​​​ដល់ ​682​ដុល្លារ​ក្នុង​មួយ​
    តោន។ តែ​ទោះ​បី​យ៉ាង​ណា​តម្លៃ​អង្ករ​បាន​បន្ត​ស្ថិត​នៅ​ក្រោម​ 700​ដុល្លារ​ក្នុង​1តោន​រហូត​ដល់​ខែ​មេសា ឆ្នាំ​2017។

    សម្រាប់​រយៈពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ តម្លៃ​អង្ករ​បានស្ទុះ​​ងើប​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ក្នុង​ខែ​ឧសភា ​តម្លៃ​អង្ករ​ស្ថិត​នៅ​717​ដុល្លារ​ក្នុង​មួយ​តោន និង​បាន​ហក់​ឡើង​ដល់​799​ដុល្លារ​ក្នុង​មួយ​តោន​នៅ​ក្នុង​ខែ​មិថុនា។ ទីផ្សារ​ប្រភេទ​អង្ករ​ផ្សេង​ទៀត​ដូចជា​អង្ករស (​បាក់​25%) ជា​ដើម​មាន​ការ​ប្រែប្រួល​ក្នុង​ពេល​ដូច​គ្នា តែ​ការ​ប្រែ​ប្រួល​តម្លៃ​ស្ថិត​ក្នុង​រង្វង់​តិច​តួច។

    ក្រឡេក​មក​មើល​ទីផ្សារ​អង្ករ​នៅ​កម្ពុជា យោង​តាម​តារាង​តម្លៃ​អង្ករ​ដែល​ស្រង់​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​អង្ករ​នាំ​ចេញ​គិត​តម្លៃ​នៅ​ច្រក​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ គឺ​700​ដុល្លារ​ក្នុង​មួយ​តោន​សម្រាប់​ប្រភេទ​អង្ករ​ក្រអូប ខណៈ​អង្ករស​ មាន​តម្លៃ​420​ដុល្លារ​ រីឯ​អង្ករ​សែន​ក្រអូប​ដែល​មាន​ភាព​សុទ្ធ​90%​មាន​តម្លៃ​620​​ដុល្លារ។ តម្លៃ​អង្ករ​ក្រអូប​បាន​ហក់​ឡើង​25​ដុល្លារ​ក្នុង​មួយ​តោន ធៀប​នឹង​តម្លៃ​កាល​ពី​ខែ​ឧសភា។

    នាយក​មជ្ឈ​មណ្ឌល​សិក្សា​គោល​នយោបាយ និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ច័ន្ទ សុផលបាន​​និយាយ​​ថា តម្លៃ​អង្ករ​ងើប​ឡើង​វិញ​ជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា។ លោក​អះអាង​ថា៖​“ខ្ញុំ​រំពឹង​ថា​តម្លៃ​ស្រូវ​សម្រាប់​កសិករ​កម្ពុជា​នឹង​បាន​ប្រសើរ​ជាង​កាលពី​ឆ្នាំ​មុន។ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​អង្ករ​ដ៏​ធ្ងន់ធ្ងរ​ដែល​បង្ក​ដោយ​គោល​នយោ​បាយ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ លោកស្រី យីងឡាក់ បាន​កន្លង​ផុត​ហើយ។ ខ្ញុំ​យល់​ថា ​ស្រូវ​អង្ករ​បាន​ឆ្លង​ផុតពី​ការ​ធ្លាក់​ថ្លៃ​ខ្លាំង​ហើយ”។

    របាយកាណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ បាន​បង្ហាញ​ថា ក្នុង​ឆមាស​ទី1 ឆ្នាំ2017 ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សម្រេច​បាន​ក្នុង​បរិមាណ​​ជិត​29​ម៉ឺន​តោន ពោល​គឺ​​កើន​ឡើង​7.6% បើ​ធៀប​ទៅ​នឹង​រយៈ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

    ក្នុង​ចំណោម​ប្រទេស​ទាំង​56 ដែល​បាន​ទិញ​អង្ករ​ពី​កម្ពុជា ចិន​គឺ​ជា​ប្រទេស​ដែល​បាន​ទិញ​អង្ករ​កម្ពុជា​ច្រើន​ជាង​គេ​ដល់​ទៅ​បរិមាណ​ជិត​9.5​ម៉ឺន​តោន ហើយ​កំណើន​នៃ​ការ​ទិញ​របស់​ចិន​បាន​កើន​ឡើង​​​ដល់​ទៅ​100%​​។ ចំណែក​ប្រទេស​ដែល​ទិញ​អង្ករ​កម្ពុជា​ច្រើន​បន្ទាប់​ពី​ចិន ​មាន​ដូចជា ប្រទេស​បារាំង​ដែល​បាន​ទិញ​ជាង​​3.7ម៉ឺន​តោន និង​ប្រទេស​ប៉ូឡូញ ក្នុង​បរិមាណ​ជិត​2.6​ម៉ឺន​តោន។

    ជា​អ្នក​ផ្គត់​ផ្គង់​អង្ករ​ដល់​ក្រុមហ៊ុន​ធំ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី លោក ហេង ផេង ដែល​ជា​ម្ចាស់​រោង​ម៉ាស៊ីន​ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ ថ្មគោល​រ៉ាយ មាន​មូលដ្ឋាន​នៅ​ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបងបាន​ប្រាប់​ថា តម្រូវ​ការ​ទីផ្សារ​អង្ករ និង​តម្លៃ​អង្ករ​មានភាព​ល្អ​ប្រសើរ​បន្តិច​វិញ​ក្នុង​រយៈ​ពេល​នេះ ដោយ​កាត់​បន្ថយ​សម្ពាធ​ខ្លាំង​ក្នុង​ពេល​កន្លង។ លោក​បាន​បន្ត​ថា កត្តា​នេះ​បាន​រុញ​ច្រាន​សម្ពាធ​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប​ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ប្រមូល​ផល​ច្រើន​ពី​សប្តាហ៍​ទី1 នៃ​ខែសីហា​ ដល់​ចុងខែ​កញ្ញា ខាង​មុខ។

    តាម​ការ​ព្យាករ​​របស់​លោក ហេង ផេង ទិន្នផល​ស្រូវ​សែន​ក្រអូប​ក្នុង​ឆ្នាំ​នេះ​នឹង​មាន​បរិមាណ​មិន​តិច​ជាង​ឆ្នាំ​មុន​ឡើយ ដោយ​សារ​ភាព​អំណោយ​ផល​ពី​ធម្មជាតិ​ មាន​ភ្លៀង​ធ្លាក់​ល្អ​ចាប់​ពី​ដើមទី​ ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កសិករ​ក្នុង​ការ​ដាំ​ដុះ។

    តែ​ទោះ​ជា​យ៉ាងណា លោក​នៅ​តែ​មាន​កង្វល់​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ ដោយ​សារ​គុណភាព​ស្រូវ​​រង​ផលប៉ះពាល់ ដោយ​សារ​ទឹក​ភ្លៀង​បន្ត​អូស​បន្លាយ​ពេល​យូរ​នៅ​ពេល​កសិករ​ប្រមូល​ផល ហើយ​កសិករ​នឹង​ចំណាយ​ពេល​យូរ​សម្រាប់​ប្រមូល​ផល។

    លោក​ឧកញ៉ា ភួ ពុយ ប្រធាន​ក្រុមហ៊ុន​ធនាគារ​ស្រូវ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដែល​ជា​អ្នក​អនុវត្ត​គម្រោង​សាង​សង់​ឃ្លាំង​ស្តុក​ស្រូវ​ប្រមាណ ​20​ម៉ឺន​តោន និង​ឡ​សម្ងួត​ស្រូវ​ 6,000​តោន​ក្នុង​មួយ​ថ្ងៃ បាន​លើក​ឡើង​ថា ឃ្លាំង និង​ឡ​សម្ងួត​នោះ​កំពុង​ដំណើរ​ការ​សាង​សង់​តាម​ការ​គ្រោង​ទុក​ដើម្បី​ជួយ​រំដោះ​ស្ថាន​ភាព​លំបាក​ក្នុង​ពេល​ប្រមូល​ផល​ស្រូវ​នាពេល​ខាង​មុខ។

    កាល​ពី​ខែមេសា ធនាគារ​អភិវឌ្ឍន៍​ជនបទ​ បាន​ទម្លាក់​ថវិកា​15​លាន​ដុល្លារ​ដល់​ក្រុម​ហ៊ុន​ធនាគារ​ស្រូវ ដែល​ដឹកនាំ​ដោយ លោក​ឧកញ៉ា ភួ ពុយ សម្រាប់​ដំណើរ​ការ​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ដែល​មាន​សមត្ថ​ភាព​អាច​​ស្តុក​ស្រូវ​បាន​រហូត​ដល់​ទៅ​ 20​ម៉ឺន​តោន​ និង​ឡ​សម្ងួត ដែល​អាច​សម្ងួត​បាន​រហូត​ដល់​ទៅ ​6,000​តោន​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ដោះស្រាយ​ស្ថាន​ភាព​លំបាក​ក្នុង​វិស័យ​ស្រូវ​អង្ករ។

    លោក​ឧកញ៉ា ភួ ពុយ មាន​ប្រសាសន៍​ថា៖ “ក្នុង​ពេល​នេះ​ស្រូវ​ខ្លះ​ត្រូវ​បាន​គេ​ច្រូត​កាត់​បណ្តើរៗ​ហើយសម្រាប់​អ្នក​ដែល​បាន​ដាំ​ដុះ​មុន ដោយ​សារ​មាន​ប្រភព​ទឹក​គ្រប់​គ្រាន់​”៕

  • ក្រសួងអប់រំប្រើ Facebook ជាវិធីសំខាន់មួយសម្រាប់ផ្សព្វផ្សាយពីការប្រឡងបាក់ឌុប

    ក្រសួងអប់រំប្រើ Facebook ជាវិធីសំខាន់មួយសម្រាប់ផ្សព្វផ្សាយពីការប្រឡងបាក់ឌុប

    បន្ទាប់ពីមានកំណែទម្រង់ប្រព័ន្ធអប់រំ និងស្របពេលដែលបច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនកាន់តែខ្លាំងឡើង ក្រសួងអប់រំ បានចាប់ផ្តើមបង្កើនវិធីសាស្រ្តក្នុងការផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាពឡើង។

    ឆ្នាំនេះជាឆ្នាំទី3 នៃការធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិដែលក្រសួងបានយកពាក្យថា អ្នកចេះគឺជាប់ ជាឃ្លាចម្បងសម្រាប់រំឭកបេក្ខជនឱ្យបានដឹង និងត្រៀមខ្លួនឱ្យបានល្អដើម្បីប្រឡង។ ទន្ទឹមនឹងក្រសួងបានធ្វើការរឹតបន្តឹងចំពោះការប្រឡង ក្រសួងក៏បានផលិតឯកសារជាច្រើនដើម្បីឆ្លើយតបជាមួយនឹងតម្រូវការរបស់សិស្សដែលត្រៀមប្រឡងក្នុងសម័យប្រឡងមួយដែលមានលក្ខណៈសុក្រិតត្រឹមត្រូវ ដោយគ្មានការបើកចម្លង។

    ប្រភពឯកសារដែលក្រសួងបានផលិត មានដូចជាលំហាត់សម្រាប់មុខវិជ្ជាវិទ្យាសាស្រ្តពិត ឯកសារជំនួយស្មារតីសម្រាប់សិស្សវិទ្យាសាស្ត្រសង្គម និងព័ត៌មាននានាជុំវិញលក្ខខណ្ឌនៃការប្រឡងបាក់ឌុប រួមទាំងព័ត៌មានជាច្រើនទៀតដែលអាចជួយសម្រួលដល់ការសិក្សារបស់សិស្ស។ កម្រងឯកសារទាំងអស់នោះ ត្រូវបានក្រសួងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងបណ្តាញ Facebook របស់ខ្លួនដែលមានអ្នកចូលមើលប្រមាណជាង 2លាននាក់ ដោយក្នុងនោះក្រសួងក៏បានបង្ហាញជាសាធារណៈផងដែរថាការផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រទុតិយភូមិគឺនឹងផ្សាយនៅក្នុង Facebok ជាផ្លូវការរបស់ខ្លួន៕