Category: សង្គម និងសេដ្ឋកិច្ច

  • Real Madrid ខិតកាន់តែកៀកក្នុងការនាំយក Mbappe ក្នុងតម្លៃខ្លួន 180លានអឺរ៉ូ

    Real Madrid ខិតកាន់តែកៀកក្នុងការនាំយក Mbappe ក្នុងតម្លៃខ្លួន 180លានអឺរ៉ូ

    ក្លិប Real Madrid បានឈានដល់ការព្រមព្រៀងគ្នាក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកមួយ ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Kylian Mbappe ពីក្លិប Monaco ក្នុងតម្លៃខ្លួន180លានអឺរ៉ូ (ស្មើនឹង210លានដុល្លារអាមេរិក) ដើម្បីបញ្ចប់ការផ្ទេរមួយក្នុងចំណោមដំណើរការផ្ទេរដ៏ក្តៅគគុកបំផុតនៅរដូវក្តៅនេះ។

    កាសែតកីឡាប្រចាំថ្ងៃរបស់អេស្ប៉ាញ Marca ដែលបានបង្ហើបឱ្យដឹងពីប្រភពជិតដិតទៅនឹងការចរចានេះបានចេញផ្សាយថា ខ្សែប្រយុទ្ធវ័យក្មេង Mbappe ដែលបានបង្ហាញពីទម្រង់លេងយ៉ាងល្អអស្ចារ្យកាលពីរដូវកាលមុននោះ ត្រូវបានរំពឹងទុកថា នឹងចូលរួមជាមួយនឹងក្លិប Real ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងកិច្ចសន្យារយៈពេល6ឆ្នាំ ជាមួយនឹងចំណូល7លានអឺរ៉ូ ក្នុងមួយឆ្នាំ។ កាសែតបារាំង Le Parisien និង Nice Matin បានចេញផ្សាយភ្លាមៗថា ក្លិប Monaco បានច្រានចោលចំពោះការលើកឡើងរបស់កាសែតអេស្ប៉ាញ Marca។ ប៉ុន្តែការផ្ទុះឡើងនូវពាក្យចចាមអារ៉ាមទៅលើការផ្ទេរថ្មីៗចុងក្រោយនេះ បានបង្កើតឲ្យមានការលើកឡើងម្តងទៀតជុំវិញអនាគតរបស់តារាឆ្នើមវ័យក្មេងប្រកបដោយទេពកោសល្យបំផុតរបស់អឺរ៉ុបរូបនេះ។

    ប្រសិនបើការផ្ទេរនេះត្រូវបានបំពេញជាផ្លូវការ ក្លិប Real នឹងបំពេញការងារដ៏ធំមួយតាមរយៈការនាំយកកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតក្នុងវិស័យកីឡាបាល់ទាត់ ក្រោមការប្រជែងទិញពីសំណាក់ក្លិបធំៗរបស់អឺរ៉ុបជាច្រើនក្នុងនោះរាប់បញ្ចូលទាំងក្លិប PSG និងក្លិបយក្សរបស់ក្របខ័ណ្ឌ Premier League ដូចជា Manchester City ផងដែរ។

    កាសែត Marca ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងក្លិប Real Madrid នោះ បានបញ្ជាក់ថា Real នឹងត្រូវចំណាយប្រាក់ចន្លោះពី150 ទៅ160លានអឺរ៉ូ រួមជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែមផ្សេងទៀតពីចន្លោះ20 ទៅ30លានអឺរ៉ូសម្រាប់ការនាំយក Mbappe នេះ៕
    ប្រភពពី៖ AFP

  • លោក Mourinho ថា Tottenham នឹងក្លាយជាគូប្រជែងដ៏ចម្បងសម្រាប់ពាន Premier League

    លោក Mourinho ថា Tottenham នឹងក្លាយជាគូប្រជែងដ៏ចម្បងសម្រាប់ពាន Premier League

    លោក Jose Mourinho បានចាត់ទុក Tottenham ជាគូប្រជែងដ៏ខ្លាំងក្នុងការឈ្នះពានក្របខ័ណ្ឌ Premier League នៅរដូវកាលខាងមុខនេះ និងបានធ្វើការប្រៀបធៀបការប្រជែងរបស់លោកនៅឯក្លិប Manchester United ទៅនឹងការប្រជែងដែលលោកធ្លាប់បានជួបប្រទះកាលពីមុនក្នុងពេលដឹកនាំក្លិប Real Madrid តាមរយៈការបញ្ជាក់ថា ក្លិបនេះ ត្រូវបានគេមើលរំលងទៅលើ «ការវិវឌ្ឍនៃកីឡាបាល់ទាត់» នៅពេលលោកបានចូលកាន់តំណែងជំនួសលោក Louis van Gaal កាលពីរដូវក្តៅមុន។

    លោក Mourinho តែងតែបានឈ្នះពានជើងឯកក្នុងរាល់រដូវកាលទី២នៃអាជីពដឹកនាំរបស់លោក ប៉ុន្តែ គេជឿជាក់ថា ការសម្រេចបាននូវសមិទ្ធផលនេះម្តងទៀត នឹងក្លាយជារឿងដ៏លំបាកក្នុងយុទ្ធនាការខាងមុខនេះ។ គ្រូបង្វឹករូបនេះមានអារម្មណ៍ថា Man United គឺជាបេក្ខភាពក្នុងការប្រជែងដណ្តើមពានលីកជាលើកទី21របស់ពួកគេ ប៉ុន្តែបានចាត់ទុក Spurs គឺជាបេក្ខភាពដ៏ចម្បងពីព្រោះពួកគេបានរក្សាទុករាល់កីឡាករសំខាន់ៗទាំងអស់ លើកលើកលែងតែ Kyle Walker ម្នាក់ប៉ុណ្ណោះ។

    ខ្សែការពារអន្តរជាតិអង់គ្លេសរូបនេះ ត្រូវបានលក់ទៅឲ្យក្លិប Manchester City ពីព្រោះអ្នកជំនួសកន្លែងរបស់គេគឺកីឡាករ Kieran Trippier ក៏ជាតារាឆ្នើមផងដែរ។ នៅពេលដែលត្រូវបានចោទសួរឲ្យលោកធ្វើការប៉ាន់ប្រមាណទៅលើឱកាសរបស់លោកក្នុងការជួយឲ្យក្រុម Man United ក្លាយជាម្ចាស់ជើងឯកម្តងទៀតនោះ លោក Mourinho បានឆ្លើយថា៖ «ខ្ញុំគិតថា យើងមិនមែនជាបេក្ខភាពដ៏ធំឡើយសម្រាប់ការឈ្នះពាន ប៉ុន្តែយើងគ្រាន់តែជាបេក្ខភាពមួយប៉ុណ្ណោះ។

    គ្រប់គ្នានិយាយអំពីទំហំនៃការបណ្តាក់ទុនលើកីឡាករថ្មីៗនៅឯ Man City ប៉ុន្តែមានក្រុមមួយផ្សេងទៀតដែលខ្ញុំមានអារម្មណ៍ថា ទំហំនៃការបណ្តាក់ទុនរបស់ពួកគេក៏ស្ថិតក្នុងកម្រិតអស្ចារ្យផងដែរ គឺ Tottenham។ ពួកគេរក្សាទុក Dele Alli, Harry Kane និង Toby Alderweireld ហើយពួកគេក៏ទុក Eric Dier ផងដែរ។ ពួកគេចង់ទុករាល់កីឡាករដែលពួកគេចង់ទុក»៕
    ប្រភពពី៖ The Guardian

  • រឿងអាស្រូវ T.O.P  បានធ្វើឱ្យប៉ូលិសកូរ៉េកំណត់ការចូលហ្វឹកហ្វឺនយោធាជាថ្មី

    រឿងអាស្រូវ T.O.P  បានធ្វើឱ្យប៉ូលិសកូរ៉េកំណត់ការចូលហ្វឹកហ្វឺនយោធាជាថ្មី

    ដោយយោងតាមចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap News នៅថ្ងៃទី24 កក្កដា ឆ្នាំ2017 បានឱ្យដឹងថា ប៉ូលិសបានចេញមកអះអាងពីការដកហូតតំណែង និងលុបចោលសិទ្ធិចូលហ្វឹកហាត់ទាហានរបស់តារាចម្រៀង T.O.P ទាំងស្រុងនៅឆ្នាំ 2023 ។ ប្រព័ន្ធដំណើរការស្វ័យប្រវត្តិនឹងលុបចោលរាល់ឯកសារសិទ្ធិចុះចូលហ្វឹកហាត់យោធាម្ដងមួយៗឱ្យអស់នៅក្នុងឆ្នាំនេះ ព្រោះតារាប្រុសរូបនេះ ត្រូវបានប៉ូលិសចាប់ខ្លួនក្នុងករណីប្រើប្រាស់គ្រឿងញៀន ប្រភេទកញ្ឆា ដែលជាទង្វើខុសច្បាប់។

    ថ្មីៗនេះ ប៉ូលិសបានចេញមកបញ្ជាក់ថា នៅក្នុងឆ្នាំ 2018 ខាងមុខនេះនឹងមិនត្រូវបានជ្រើសរើសតារាល្បីៗ និងអ្នកល្បីឈ្មោះមួយចំនួនឱ្យចូលហ្វឹកហ្វឺនយោធាឡើយ​ ព្រោះដោយសារតែករណីលោក T.O.P បានក្លាយជាមេរៀនមួយសម្រាប់ប៉ូលិស។ តាមការអះអាងពីមន្ត្រីប៉ូលិសបែបនេះ ក្នុងនោះតារាល្បីៗមួយចំនួន និង អ្នកមានកេរ្តិ៍ឈ្មោះល្បីៗក្នុងសង្គមជាច្រើនបានចេញមករិះគន់ ព្រមទាំងបញ្ចេញប្រតិកម្មត្អូញត្អែរចំពោះការកំណត់របស់ប៉ូលិសនៅក្នុងគ្រានេះ មិនមែនយោងតាមរឿងអាស្រូវរបស់ T.O.P ទើបតម្រូវឱ្យមានការលុបសិទ្ធិចំពោះមនុស្សគ្រប់គ្នានោះឡើយ។

    គួរបញ្ជាក់ផងដែរថា នៅឆ្នាំក្រោយនេះ នឹងមានសមាជិកក្រុមចម្រៀង JYJ លោក Junsu សមាជិកក្រុមចម្រៀង TVXQ លោក Changmin និងក្រុម Super Junior លោក Siwon និងមនុស្សផ្សេងៗជាច្រើនទៀតដែលកំពុងត្រៀមចូលហ្វឹកហាត់យោធាបានក្រោកឡើងប្រតិកម្មចំពោះការកំណត់នេះ ហើយរំពឹងទុកថា ប៉ូលិសនឹងធ្វើការពិចារណាឡើងវិញ៕

  • ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​កម្ពុជា​យ៉ាង​ហោច​85​% ​ប្រើប្រាស់ផ្លូវ​ទឹក

    ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​កម្ពុជា​យ៉ាង​ហោច​85​% ​ប្រើប្រាស់ផ្លូវ​ទឹក

    ការ​ដឹក​បញ្ជូន​ទំនិញ​រវាង​កម្ពុជា​ជា​មួយ​អន្តរជាតិ​មាន​ច្រើន​លើស​លប់​ជា​សម្លៀក​បំពាក់​ និង​ផលិត​ផល​កសិកម្ម​ ដែល​មធ្យោបាយ​ដឹកជញ្ជូន​នោះ​គឺ​ប្រើ​ប្រាស់​ផ្លូវ​ទឹក​យ៉ាង​ហោច​ណាស់​85​%​​នៃ​ការ​ដឹកជញ្ជូន​សរុប​។

    លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា ​បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ​ការ​បញ្ជូន​ទំនិញ​ខ្នាត​ធំ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​គ្មាន​មធ្យោបាយ​ណាផ្សេង​ក្រៅ​ពី​បញ្ជូន​តាម​កប៉ាល់​នោះ​ទេ ព្រោះ​ ការ​ដឹក​ជញ្ជូនតាម​ផ្លូវ​ទឹក​​មាន​តម្លៃ​ថោក​ជាង​ការ​ដឹក​ជញ្ជូន​តាម​មធ្យោបាយ​ផ្សេងៗ​ឆ្ងាយ​ណាស់​។ លោក​អះអាង​ថា ការ​បញ្ជូន​ទំនិញ​តាម​យន្ត​ហោះ​ ត្រូវ​គេ​ប្រើ​តាម​រដូវ​កាល​និង​ផលិត​ផល​ចាំ​បាច់​ខ្លះ​តែ​ប៉ុណ្ណោះ​ ដូច​ជា​ពេល​នេះ​នៅ​អឺរ៉ុប​ជិត​ដល់​ពេល​វិស្សមកាល​ ហើយ​ទំនិញ​មួយ​ចំនួន​ដើម្បី​បញ្ជូន​ទៅ​ដល់​ទីផ្សារ​បាន​ឆាប់​គឺ​ត្រូវ​ប្រើ​យន្ត​ហោះ ដោយ​សារ​ការ​បញ្ជូន​តាម​កប៉ាល​សមុទ្រ​ត្រូវ​ប្រើ​ពេល​1​ខែ​ទើប​ទៅដល់​គោល​​ដៅ។

    លោកបាន​ឱ្យ​ដឹង​ទៀត​​​ថា ទំនិញ​ដែល​គេ​និយម​បញ្ជូន​តាម​យន្តហោះ​មានសម្លៀក​បំពាក់​ថ្លៃៗ របស់​របរ​​មាន​តម្លៃ​ផ្សេងៗ​ទៀត តែ​ចំពោះ​អង្ករ​ដែល​ជា​ទំនិញ​នាំ​ចេញ​សំខាន់​មួយ​របស់​កម្ពុជា​​នោះ គេ​មិនបានប្រើ​យន្តហោះ​សម្រាប់​ការ​ដឹក​ជញ្ជូន​ទេ។ លោក​លើក​ឧទាហរណ៍​ថា ទំនិញ​ទម្ងន់​10​តោន​ក្នុង​មួយកុងទីន័រ​ដឹក​ដល់​ទីផ្សារ​អាមេរិក​អស់​ថ្លៃ​សេវា​ 3,000​ដុល្លារ​តាម​កប៉ាល់​ តែ​បើ​ដឹក​តាម​យន្ត​ហោះ​អាច​អស់​លើស​3​ម៉ឺន​ដុល្លារ​។

    លោកថ្លែងថា​៖ “រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​មាន​​​មធ្យោបាយ​អ្វីថ្មី​ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ជូន​ទំនិញ​ដែលធានា​ទាំង​តម្លៃ និង​សុវត្ថិភាព​ធៀប​នឹង​ការ​ដឹក​ជញ្ជូន​តាម​កប៉ាល់​នោះ​ទេ​។ យើង​​ដឹង​ពី​គម្រោង​តភ្ជាប់​របស់​ប្រទេស​ចិន​ទាក់​ទង​នឹង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុងតំបន់​ភ្ជាប់​ទៅ​អឺរ៉ុប តែ​នេះ​វា​ជា​ជម្រើស​មួយ​ស្ថិត​នៅ​ឆ្ងាយ​នៅ​ឡើយ​”។

    ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​​ក៏​សង្កេត​ឃើញ​ផង​ដែរថា សម្រាប់​ការ​ដឹក​បញ្ជូន​ទំនិញ​តាម​យន្តហោះ​ក៏​មាន​ការ​រីក​ចម្រើន​ដែរ​សម្រាប់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ដោយ​សារ​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​​សុទ្ធ​ប្រមាណ​3​ក្រុមហ៊ុន​កំពុង​ផ្តល់​សេវា​នេះ​នៅ​កម្ពុជា។ កន្លង​មក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​ធ្លាប់​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​ផ្នែក​ឯកជន​ ដោយ​មាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា សមាគម​ដឹក​ជញ្ជូន​ទំនិញ​ផ្លូវគោក​កម្ពុជា និង​សមាគម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​​ផ្លូវគោក​កម្ពុជា ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ដឹក​ជញ្ជូន​ដែល​គេ​ចោទ​ប្រកាន់​ថា មាន​តម្លៃ​ខ្ពស់​ជា​ប្រទេស​ជិត​ខាង ដែល​នាំ​ទៅ​ដល់​ការ​បាត់បង់​ភាព​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់។ សម្រាប់​ការ​ដឹក​បញ្ជូន​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ទំនិញ​ភាគ​ច្រើន​លើស​លប់​ត្រូវ​ឆ្លង​កាត់​កំពង់ផែ​ក្រុង​ព្រះសីហនុ។

    កាល​ពី​ឆ្នាំ2016 កន្លង​ទៅ​កំពង់ផែ​សមុទ្រ​មួយ​នេះ​ទទួល​បាន​ទំនិញ​ឆ្លងកាត់​សរុប​ទាំង​ចេញ​ទាំង​ចូល​ចំនួន​ 400,187 TU ដោយ​​កើន​ឡើង​2.15% បើ​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​​ឆ្នាំ2015 ហើយ​ទំនិញ​ឆ្លង​កាត់​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ មាន​ចំនួន​​151,781 TU កើនឡើង​​4.8%​ ធៀប​នឹង​ឆ្នាំ2015។ទំនិញ​នាំ​ចូល​ឆ្លង​កាត់​កំពង់ផែ​ទាំង​ពីរ​របស់​កម្ពុជា មាន​ភាគ​ច្រើន​ជា​សម្ភារ​សំណង់ សម្លៀកបំពាក់​ អាហារ និង​ភេសជ្ជៈ ​រីឯ​ផលិតផល​នាំ​ចេញ​ មាន​សម្លៀកបំពាក់ ​ស្បែកជើង អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត។

    អ្នក​នាំ​ពាក្យ​​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរស៊ីវិល បាន​អះអាងថា​​ស្ថានភាព​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​​អាច​នឹង​ប្រែប្រួល​ច្រើន​នៅ​ពេល​អនាគត។ អាកាស​យានដ្ឋាន​អន្តរជាតិ​កងកេង ដែល​ស្ថិត​ក្នុង​​​ខេត្ត​ព្រះសីហនុ​ នឹង​ទទួល​បាន​កំណើន​ខ្ពស់​សម្រាប់​រយៈពេល​10-20​ឆ្នាំ​ខាងមុខ។

    ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គ​នាយករង​បច្ចេកទេស​នៃរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិលធ្លាប់​បាន​លើក​ឡើង​ថា ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​10​ឆ្នាំ​ទៅ​20​ឆ្នាំ​ខាង​មុខ មាន​តែ​អាកាស​យានដ្ឋាន​ខេត្ត​ព្រះសីហនុ​ទេ ដែល​ធំ​ជាង​គេ​ និង​មាន​សក្តានុពល​ជាង​គេ។ ផ្អែក​តាម​គោល​នយោបាយ​ទេសចរណ៍​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​ប៉ូល​អភិវឌ្ឍន៍​ទេសចរណ៍​សំខាន់ៗ​ចំនួន​4 គឺ​ទី​1 ភ្នំពេញ ទី2 សៀមរាប ទី​3 តំបន់​មាត់​សមុទ្រ និង​ទី​4 គឺ​តំបន់​ឦសាន្ត៕

  • Nicki Minaj បើកបង្ហាញ Snapchat ជាសាធារណៈ

    Nicki Minaj បើកបង្ហាញ Snapchat ជាសាធារណៈ

    តើយ៉ាងដូចម្តេចទៅវិញ បានជាតារាចម្រៀងរ៉េប និងជាម្ចាស់បទល្បី Anaconda ដូចជា Nicki Minaj ចង់សាកល្បងលេងបណ្ដាញទំនាក់ទំនងសង្គម Snapchat យ៉ាងដូច្នេះ? តែយ៉ាងណាក៏ដោយ ជាអកុសលនាងមិនអាចចុះឈ្មោះចូលទៅក្នុងគណនីរបស់នាងបានទេ ដូច្នេះហើយទើបនាងដោះស្រាយបញ្ហានេះដោយការថតរូបដាក់លើអេក្រង់ ហើយបង្ហោះសួរអ្នកគាំទ្ររបស់នាងនៅលើអ៊ីនស្ដាក្រាមតែម្ដង។

    ដំណឹងបានភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់នាងទាំងអស់ដែលបានដឹងថា Nicki Minaj បានចាប់ផ្ដើមលេងបណ្ដាញ Snapchat ហើយ។ នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម Nicki បានសរសេរថា “យ៉ូ! តើអ្នកទាំងអស់គ្នាអាចជួយបង្រៀនខ្ញុំលេងកម្មវិធីនេះផងបានទេ? យ៉ាប់មែនតែម្តង ខ្ញុំពិតជាចង់បង្ហាញអ្នកទាំងអស់គ្នាថា នេះពិតជាការលេងដ៏យ៉ាប់សម្រាប់ខ្ញុំនៅគ្រាដំបូងមែន”។

    ទន្ទឹមនឹងនោះ នាងបានបន្ដឆ្លងឆ្លើយអំពីការចុះឈ្មោះចូលប្រើប្រាស់គណនីជាមួយអ្នកគាំទ្របណ្ដើរៗថា “នៅពេលនេះខ្ញុំបើកលេងបានជាសាធារណៈហើយ តើខ្ញុំអាចមើលអ្នកតាមដានខ្ញុំបានយ៉ាងដូចម្ដេចទៅ? ហើយចុះបើខ្ញុំបើកឱ្យអ្នកទាំងអស់គ្នាតាមដានជាសាធារណៈវិញនោះ អ៊ីចឹងមិនដល់ 30 នាទីផងនឹងមានអ្នក Video Chart មករាប់ពាន់អ្នកហើយ អូ៎ព្រះជាម្ចាស់អ៊ើយ!”។ គួរបញ្ជាក់ផងដែរថា នៅពេលនេះ ម៉ោងនេះ Snapchat របស់តារាស្រីរ៉េបភើរ៍រូបនេះបានបើកលេងបានជាសាធារណៈហើយ៕

  • តើអ្នកណាខ្លះដឹងពីអត្ថន័យរូបសញ្ញាក្រសួងអប់រំ?

    តើអ្នកណាខ្លះដឹងពីអត្ថន័យរូបសញ្ញាក្រសួងអប់រំ?

    អ្នកគ្រប់គ្នាសុទ្ធតែបានឃើញរូបសញ្ញានៃក្រសួងអប់រំ យុវជន និងកីឡា ដែលមាននៅគ្រប់សៀវភៅសិក្សារបស់ក្រសួង សាលារៀន និងទីកន្លែងសំខាន់ៗជាច្រើនទៀត រួមទាំងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមថែមទៀតផង តែមានមនុស្សជាច្រើនមិនទាន់បានដឹងថារូបសញ្ញានេះមានអត្ថន័យយ៉ាងណានោះទេ។

    ទន្ទឹមនឹងនេះក៏មិនទាន់មានមនុស្សច្រើនប៉ុន្មានទេដែលដឹងពីប្រវត្តិនៃការកកើតរូបសញ្ញានេះ ថាកើតឡើងនៅពេលណា ហើយផ្នែកនីមួយៗនៅក្នុងរូបសញ្ញានេះបង្កប់អត្ថន័យអស្ចារ្យអ្វីខ្លះ?

    តាមរយៈទស្សនាវដ្តីគ្រូបង្រៀនលេខ 1 ដែលសរសេរដោយលោក យ៉ង់ ធី បានបង្ហាញថា ក្រសួងអប់រំ យុវជន និងកីឡា មានសញ្ញាសម្គាល់ផ្ទាល់ខ្លួនតាំងពីឆ្នាំ 1948 ដែលសញ្ញានេះកើតឡើងដោយព្រះរាជក្រឹត្យលេខ 13 ស.ន ចុះថ្ងៃទី20 ខែមករា ឆ្នាំ1948។ អត្ថន័យនៃរូបសញ្ញានេះ ត្រូវបានគេកំណត់ និងបង្ហាញពីខ្លឹមសារដែលបានស្នើសុំប្រើប្រាស់ជាថ្មីនៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ1993 ដោយក្រសួងអប់រំបានបែងចែកជាផ្នែកៗដូចជា៖

    – រូបសញ្ញាមានរង្វង់មូលព័ទ្ធជុំវិញដោយក្បាច់ភ្ញីទេសពណ៌មាស ជាតំណាងឱ្យវប្បធម៌ខ្មែរ និងជានិមិត្តរូបស្រទាប់យុវជនកំពុងសិក្សាអប់រំ ដែលមានការរីកចម្រើនលូតលាស់ជាផ្កា ជាផ្លែ របស់ប្រទេសជាតិទៅអនាគត ។
    – នៅចំកណ្ដាលពីលើកម្រងផ្កាក្បាច់ភ្ញីទេស មានកងរង្វង់មូលទ្រភ្លើងពណ៌មាស ជានិមិត្តរូបវិស័យកីឡា ដែលមានយុវវ័យជាអ្នកទ្រទ្រង់ និងបន្តវេន ។
    – នៅលើផ្ទៃសញ្ញា មានកាំរស្មីពណ៌មាសចាំងបំភ្លឺគ្រប់ទិសទីលើផ្ទៃពណ៌ផ្ទៃមេឃ ជាពន្លឺនៃវិជ្ជាអប់រំ សតិបញ្ញា ស្មារតីដល់ប្រជាពលរដ្ឋខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ។
    – ក្រណាត់ខ្សែបូ ពណ៌ផ្ទៃមេឃដែលមានចារឹកអក្សរពណ៌មាសក្រសួងអប់រំ យុវជន និងកីឡា ទ្រពីក្រោមជានិមិត្តរូបវិស័យអប់រំសិក្សា ដែលមានទំនាក់ទំនងជាមួយអន្តរជាតិ៕

  • អេមមី អុមសៈវ៉ាន់ ពីតារាសិចស៊ីក្លាយទៅជាដូនជី ព្រោះតែ…

    អេមមី អុមសៈវ៉ាន់ ពីតារាសិចស៊ីក្លាយទៅជាដូនជី ព្រោះតែ…

    នៅក្នុងសង្គមសិល្បៈថៃកំពុងតែមានការភ្ញាក់ផ្អើលចំពោះតារាសម្ដែងសិចស៊ីមួយរូបឈ្មោះ អេមមី អុមសៈវ៉ាន់បានសម្រេចចិត្តទៅសាងផ្នួសបួសជាដូនជីនៅក្នុងវត្ត សៈធានថាំមៈស្ថាន ដើម្បីសុំសីល និងសាងកុសល។ កន្លងមកតារាស្រីរូបនេះធ្លាប់បានប្រាប់អ្នកសារព័ត៌មានថៃថា ការសម្រេចចិត្តទៅបួសជាដូនជីបែបនេះព្រោះតែចង់សម្ដែងភាពកតញ្ញូកតវេទិតាដល់បុព្វការីជនរបស់នាង និងកសាងអំពីល្អជាគំរូដល់កូនទាំងពីរនាក់របស់នាងឱ្យបានឃើញផងដែរ។

    បច្ចុប្បន្នតារាស្រីរូបនេះកំពុងតែសិក្សាព្រះធម៌ និង តាំងសមាធិយ៉ាងស្ងប់ស្ងាត់នៅក្នុងអារាម។ គួរបញ្ជាក់ផងដែរថាគ្រាន់តែទទួលបានដំណឹងថា នាងទៅសាងផ្នួសបួសជាដូនជីភ្លាមនោះ អ្នកគាំទ្រទាំងអស់ និងតារាថៃជាច្រើនដួងចាប់ផ្ដើមភ្ញាក់ផ្អើល ហើយនឹករន្ធត់ក្នុងអារម្មណ៍យ៉ាងមិននឹកស្មានដល់ថានាងសម្រេចចិត្តទៅបួសដូច្នេះសោះ។ រូបភាពទាំងអស់ខាងក្រោមនេះ ជាស្ថានភាពបច្ចុប្បន្នរបស់ដូនជី អេមមី អុមសៈវ៉ាន់ ដែលមិនសិចស៊ីដូចមុនទៀតឡើយ៕

  • យ៉ែម ស្រីពេជ្រ មិនរួញរាជាមួយតួអង្គខ្មោច ក្រោយពីជួបហេតុការណ៍ចម្លែកៗ

    យ៉ែម ស្រីពេជ្រ មិនរួញរាជាមួយតួអង្គខ្មោច ក្រោយពីជួបហេតុការណ៍ចម្លែកៗ

    គ្រាដែលរឿង «សសរកន្លោង» ជាវណ្ណកម្មទីពីររបស់ផលិតកម្ម ឥន្រ្ទានិម្មិត ជិតដល់ពេលចូលចាក់បញ្ចាំងនៅក្នុងរោងភាពយន្ដ កញ្ញា យ៉ែម ស្រីពេជ្រ ដែលជាតួឯកស្រីក្នុងរឿងនេះបានបង្ហើបប្រាប់ថា ពេលថតរឿងនេះនាងមានអារម្មណ៍ភិតភ័យជាខ្លាំង។

    តើបញ្ហាអ្វីទៅដែលធ្វើឱ្យកញ្ញា យ៉ែម ស្រីពេជ្រ មានអារម្មណ៍ភ័យខ្លាចនៅពេលថតរឿង «សសរកន្លោង» នេះ? បើតាមការលើកឡើងពីតារាសិល្បៈមួយចំនួនដែលបានចូលរួមសម្ដែងនៅក្នុងរឿងនេះបានប្រាប់ថា នៅពេលថតរឿងនេះ តារាមួយចំនួនបានជួបនឹងហេតុការណ៍ចម្លែកៗពាក់ព័ន្ធទៅនឹងព្រលឹងខ្មោច ហើយទំនងជាស្រីពេជ្រក៏បានជួបហេតុការណ៍ដូច្នេះដែរហើយ បានជានាងមានអារម្មណ៍ភ័យខ្លាចបែបនេះ។

    កញ្ញា យ៉ែម ស្រីពេជ្រ បានបញ្ជាក់ថា «សសរកន្លោង» ជារឿងទីមួយនៃការសម្ដែងជាតួអង្គខ្មោចរបស់នាង។ មុនពេលនាងសម្ដែងរឿងនេះនាងក៏ធ្លាប់មានចិត្ដចង់សម្ដែងជាតួអង្គខ្មោចដែរ ដើម្បីឱ្យដឹងថា តើការសម្ដែងជាតួអង្គខ្មោចនេះ វាមានការលំបាកយ៉ាងណាខ្លះ? ជាងនេះទៅទៀតនាងបានតាំងចិត្ដរួចស្រេចហើយថា នឹងមិនខ្លាចអ្វីទេ។

    ទោះយ៉ាងណា តារាសម្ដែងរូបនេះបញ្ជាក់ថា ពេលនាងសម្ដែងនៅតាមកន្លែងផ្សេងៗក្នុងរឿងនេះ ពុំមានបញ្ហាអ្វីឡើយ ប៉ុន្ដែពេលមកថតនៅក្នុងផ្ទះមួយក្នុងស្រុកកៀនស្វាយក៏ស្រាប់តែមានអ្នកនិយាយថា បានឮសូរដូចជាសំឡេងចាក់ស៊ីឌីដែលជាម៉ាស៊ីនស៊េរីចាស់ទុកចោលយូរហើយ។ លុះពេលនាងចូលទៅដល់ក្នុងផ្ទះនោះក៏បានឮសូរសំឡេងដូចអ្វីដែលគេបានលើកឡើងនោះមែន ពេលនោះនាងក៏ចាប់ផ្ដើមអុចធូបភ្លាមតែម្តង។


    ក្រោយពីនាងអុចធូបរួចហើយសំឡេងនោះក៏បាត់ទៅវិញដែរ។ នាងបន្ដថា៖ «មិនមែនមានរឿងហេតុតែប៉ុណ្ណឹងទេ វាក៏មានរឿងផ្សេងទៀតដែរ ដូចជាឮថាបងស្រីចាងហ្វាងផលិតកម្ម គាត់ប្រាប់ថា នៅសុខៗក៏ដូចជាមានឮសំឡេងអីមិនដឹងទេ មកបបួលគាត់ឱ្យចុះទៅក្រោមអគារផ្ទះនោះ»។


    តារាសម្ដែងរូបនេះបញ្ជាក់ថា កន្លងមកនាងពុំដែលជឿលើរឿងអបិយជំនឿនេះទេ ប៉ុន្ដែក្រោយពីបានដឹងឮរឿងហេតុ និងបានជួបហេតុការណ៍ដោយខ្លួនឯង ទើបនាងចាប់ផ្ដើមជឿ។ តែទោះយ៉ាងណាកញ្ញា យ៉ែម ស្រីពេជ្រ បានបញ្ជាក់ថា៖ «ខ្ញុំអត់ខ្លាច ឬចុះចាញ់ទេ បើទោះជាជួបហេតុការណ៍បែបនេះក៏ដោយ ខ្ញុំនឹងនៅតែបន្ដទទួលយកការសម្ដែងជាតួអង្គខ្មោចទៀត ឱ្យតែមានផលិតកម្មណាហៅ ខ្ញុំនឹងថត ព្រោះខ្ញុំជឿតែលើអំពើល្អដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ ធ្វើល្អគឺត្រូវតែបានល្អ»៕

  • MFI មួយចំនួនចាប់ផ្តើមកង្វះទុនសម្រាប់ប្រតិបត្តិការ

    MFI មួយចំនួនចាប់ផ្តើមកង្វះទុនសម្រាប់ប្រតិបត្តិការ

    ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ចាប់ផ្តើមកង្វះទុនសម្រាប់ប្រតិបត្តិការរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលដាក់ពិដានការប្រាក់ ដែលធ្វើឲ្យពួកគេជួបការលំបាកក្នុងការទទួលបានឥណទានពីបរទេស។

    លោកឧកញ៉ា ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី25 កក្កដានេះថា រហូតមកទល់ពេលនេះមានស្ថាប័នមីក្រូហិរញ្ញវត្ថុតូចៗមួយចំនួនបានចាប់ផ្តើមកង្វះទុនសម្រាប់ប្រតិបត្តិការរបស់ខ្លួនហើយ ហើយនាពេលអនាគតប្រសិនជាគ្មានការកែប្រែ បញ្ហានេះនឹងកាន់តែមានភាពធ្ងន់ធ្ងរ។ លោកបន្តថា ជាមួយគ្នានេះអ្នកវិនិយោគបរទេសភាគច្រើនក៏បានចាប់ផ្តើមមានការរារែកផងដែរក្នុងការផ្តល់កម្ចីដល់កម្ពុជាបន្ទាប់ពី
    រដ្ឋាភិបាលដាក់ពិដានការប្រាក់មក។ ទោះជាយ៉ាងណាលោកមិនបញ្ចេញឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលរងផលប៉ះពាល់នោះទេ។

    លោកបន្តថា “មានភាពរារែករបស់ម្ចាស់ប្រាក់នៅបរទេស ពួកគេមានការរារែកក្នុងការផ្តល់កម្ចីដល់យើង ព្រោះបើពួកគេផ្តល់កម្ចី ពួកគេក៏ត្រូវបញ្ចុះអត្រាការប្រាក់ផងដែរ”។ លោកបន្តថា “យើងចង់បង្វែរមកស្វែករកប្រភពទុនពីធនាគារក្នុងស្រុកផងដែរ ប៉ុន្តែធនាគារក្នុងស្រុកនៅតែមានអត្រាការប្រាក់ថ្លៃ ដែលយើងមិនអាចខ្ចីបាន”។

    លោកបន្តថា បញ្ហានេះវាមិនបណ្តាលឲ្យមានវិបត្តិនោះទេ តែវាធ្វើឲ្យលំហូរទឹកប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុចូលក្នុងចរន្តសេដ្ឋកិច្ច មានចំនួនតិចដែលអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវផងដែរ។

    តើរដ្ឋាភិបាលគួរដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច? លោកឧកញ៉ា ហួត អៀងតុង បានថ្លែងថា រដ្ឋាភិបាលគួរតែបើកទូលាយបន្តិច ទាក់ទងនឹងអត្រាការប្រាក់ គួរមានសភាពដូចប្រទេសវៀតណាម ឬប្រទេសថៃ ដែលមានអត្រាការប្រាក់ប្រមាណ 22ភាគរយ៕

  • មជ្ឈមណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្តទី3 ត្រូវបានដាក់ឱ្យប្រើប្រាស់ផ្លូវការ

    មជ្ឈមណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្តទី3 ត្រូវបានដាក់ឱ្យប្រើប្រាស់ផ្លូវការ

    ភ្នំពេញ៖ ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋជាម្ចាស់យានយន្ត ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្ពោធដាក់ឱ្យប្រើប្រាស់នូវមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាបឹងស្នោ) នៅព្រឹកថ្ងៃអង្គារ ទី2៥ ខែកក្កដា ឆ្នាំ2017នេះ នៅក្នុងទីតាំងមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (សាខាបឹងស្នោ) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ1 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហួសបុរីប៉េងហួតបឹងស្នោប្រហែល 1គីឡូម៉ែត្រ។

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តសាខាថ្មីនេះឡើង គឺដើម្បីពង្រីក និងបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងការចំណាយផ្សេងៗរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅ និងខណ្ឌដែលនៅជាប់ៗនោះអាចយកយានយន្តរបស់ខ្លូនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅទីតាំងថ្មីនេះបាន។

    សូមជម្រាបថា មកទល់ឆ្នាំ 2017នេះ ប្រទេសកម្ពុជាមានមជ្ឈមណ្ឌលត្រួតពិនិត្យយានយន្តចំនួន3ទីតាំងហើយ ដែលទីតាំងទី1ស្ថិតនៅផ្លូវជាសុផារ៉ា ក្នុងខណ្ឌឬស្សីកែវ និងសាខាទី2 ស្ថិតនៅទល់មុខខ្លោងទ្វារវត្តជើងឯក ក្នុងខណ្ឌដង្កោ និងទីតាំងទី3 ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅនេះឯង។ ក្រៅពីនេះក្រសួងក៏បានដាក់ឱ្យប្រើប្រាស់ ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត ដើម្បីត្រួតពិនិត្យរថយន្តនៅតាមបណ្តាខេត្តផងដែរ៕