Category: សង្គម និងសេដ្ឋកិច្ច

  • Selena Gomez រួមដៃជាមួយ Taylor Swift ឌឺដងដាក់ Katy Perry ទៀតហើយ

    Selena Gomez រួមដៃជាមួយ Taylor Swift ឌឺដងដាក់ Katy Perry ទៀតហើយ

    ព្រឹត្តិការណ៍ដ៏កក្រើកលំដាប់ពិភពលោក  2017 MTV Video Music Awards បានធ្វើការផ្សាយផ្ទាល់នៅលើបណ្ដាញទំនាក់ទំនងសង្គម អ៊ីនស្ដាក្រាម ក៏ប៉ុន្ដែមានរឿងមួយដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ការបកស្រាយបទចម្រៀងរបស់កល្យាណមិត្តរវាង  Selena Gomez និងTaylor Swift បានរួមដៃគ្នាលើកយកបទចម្រៀង ដែលមានចំណងជើងឌឺដងទៅកាន់តារាចម្រៀងស្រី Katy Perry ដែលកន្លងមកធ្លាប់មានជម្លោះជាមួយ Taylor Swift។

    ទោះបីជាមានការសុំទោសពីតារាចម្រៀង Katy Perry ចំពោះ Taylor Swift ហើយក៏ដោយ តែនាង Selena Gomez និងTaylor Swift នៅតែបន្ដដំណើររួមដៃគ្នាទៅមុខទៀតក្នុងការវាយប្រហារបញ្ឈឺបញ្ឆិតបញ្ឆៀងទៅកាន់ Katy Perry ដដែល។ នៅក្នុងថ្ងៃនោះដែរ Gomez បានលើកបទចម្រៀងចំនួនពីរបទ ដែលមានចំណងជើងថា “We Don’t Talk Anymore” និងបទ “Charlie Puth” មកច្រៀង។ រីឯតារាស្រី Taylor Swift  វិញបានជ្រើសរើសបទចម្រៀងដូចជា “I Don’t Wanna Live Forever” ច្រៀងរូមគ្នាជាមួយ  Zayn Malik ហើយមានបទ Bad Blood ផងដែរ។

    គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់តារាស្រីពីរដួងនេះត្រូវបានបំផុសគំនិតដល់អ្នកគាំទ្រឱ្យគិតថា ពួកនាងនៅតែបន្ដចាប់ដៃគ្នាឌឺដងដាក់តារាស្រី Katy Perry ដដែល។ គួររំឭកទៀតផងដែរថា កន្លងមក Taylor Swift ធ្លាប់បាននិយាយថា «អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលខ្ញុំបានគិតថា តើនាង(Katy Perry)ជាមិត្តនឹងខ្ញុំដែរឬទេ? ដូចកាលពេលដែលទទួលពានរង្វាន់អ៊ីចឹង នាងបានឃើញខ្ញុំហើយ តែមិនបានដើរមករកខ្ញុំទេ បែរជាដើរហួសធ្វើមិនឃើញ តើនាងចង់ផ្ដល់នូវការប្រមាថដ៏ឃោរឃៅបំផុតសម្រាប់ជីវិតខ្ញុំមែនទេ?»៕

     

  • ឧកញ៉ា សៀ រិទ្ធីៈ ទីផ្សារខុនដូទាំងមូលជួបបញ្ហាឬអត់ មិនអាស្រ័យលើទីផ្សារទាំងមូលទេ

    ឧកញ៉ា សៀ រិទ្ធីៈ ទីផ្សារខុនដូទាំងមូលជួបបញ្ហាឬអត់ មិនអាស្រ័យលើទីផ្សារទាំងមូលទេ

    ភ្នំពេញៈ មនុស្សជាច្រើនចាប់ផ្តើមឮពាក្យថា ខុនដូ ប៉ុន្តែពួកគេទំនងជាមិនទាន់យល់ពីការប្រើប្រាស់ខុនដូច្បាស់លាស់ទេ ដែលវាធ្វើឲ្យមានការបារម្ភថា ចំនួនខុនដូនឹងផ្គត់ផ្គង់លើសតម្រូវការជាក់ស្តែង។

    លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group បានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលមិញថា អ្នកដែលធ្វើមុនគេជាអ្នកដឹកនាំទីផ្សារនឹងទទួលបានជោគជ័យ ប៉ុន្តែអ្នកដែលគ្រាន់តែដើរតាមគេមិនបានសិក្សាពីទីផ្សារច្បាស់លាស់នឹងជួបបញ្ហា ហើយគម្រោងខុនដូរបស់លោកដែលបានសាងសង់ឡើង ជាគម្រោងដែលមានរចនាបទប្លែកពីគេ ខុសពីគម្រោងដទៃ ព្រោះមុនសាងសង់អ្វីមួយយើងបានសិក្សាទីផ្សារច្បាស់លាស់ ហើយដៃគូរបស់លោកក៏មានជំនាញច្បាស់លាស់ដែរ។

    លោកបន្តថា “ទីផ្សារខុនដូទាំងមូលជួបបញ្ហាឬអត់ មិនអាស្រ័យលើទីផ្សារទាំងមូលទេ វាអាស្រ័យលើការអភិវឌ្ឍនោះបានគិតគូរ ឬចាប់យកអតិថិជនមួយណា ហើយត្រូវសាងសង់ទៅតាមតម្រូវការទីផ្សារនោះ”។ លោកបន្តថា “អ្នកទិញខុនដូមិនមែនសម្រាប់គេងទេ គឺសម្រាប់ជីវិតបែបស៊ីវិល័យរបស់គាត់ដែលគម្រោងនេះមានសេវាប្រើប្រាស់ជាមូលដ្ឋានប្រចាំថ្ងៃរបស់គាត់”។ គម្រោងនោះត្រូវមានផ្សារទំនើប អាងហែលទឹក កន្លែងហាត់ប្រាណ ការិយាល័យធ្វើការ និងមន្ទីរពេទ្យជាដើម។

    លោកឧកញ៉ា សៀ រិទ្ធី បានបន្តថា មូលដ្ឋាននៃការប្រើប្រាស់ប្រចាំថ្ងៃ គឺអ្នកស្នាក់នៅមិនចាំបាច់ចេញទៅរកសេវាកម្មនៅខាងក្រៅនោះទេ ហើយបើនិយាយពីខុនដូ គឺវាផ្តោតសំខាន់លើទីតាំង ទីតាំង និងទីតាំង ប៉ុន្តែបើទិញខុនដូនៅជាយក្រុងដែលមានតម្លៃទាប គឺមិនមានសេវាកម្មផ្សេងៗប្រើប្រាស់ប្រចាំថ្ងៃនោះទេ ដូច្នេះខុនដូប្រភេទនេះមិនផ្តល់ផាសុកភាពសម្រាប់រស់នៅទេ។

    លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ទីផ្សារខុនដូមិនជួបបញ្ហានោះទេសម្រាប់គម្រោងដែលអ្នកវិនិយោគមានមូលដ្ឋានថវិកាគ្រប់គ្រាន់សម្រាប់សាងសង់បញ្ចប់គម្រោងរបស់ខ្លួន ប៉ុន្តែប្រសិនជាម្ចាស់គម្រោងលក់គម្រោងនោះដើម្បីយកលុយមកសាងសង់ ពួកគេនឹងមិនទទួលបានជោគជ័យនោះទេ។

    លោកបន្តថា “ដោយសារគម្រោងខុនដូកើនឡើងច្រើន បានធ្វើឲ្យអតិថិជនមានជម្រើសកាន់តែច្រើនសម្រាប់ជ្រើសរើស ជាហេតុធ្វើឲ្យទីផ្សារលក់ហាក់មានភាពយឺតយ៉ាវ ប៉ុន្តែការពិតមិនមែនដូច្នោះទេ”៕

  • លោក Donald Trump រំឭកដល់ការសន្យារបស់នាយក Apple

    លោក Donald Trump រំឭកដល់ការសន្យារបស់នាយក Apple

    លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានថ្លែងរំឭកម្ដងទៀតអំពីការសន្យារបស់នាយកប្រតិបតិ្តក្រុមហ៊ុន Apple គឺលោក Tim Cook ដែលថា នឹងសាងសង់ “រោងចក្រធំៗចំនួន 3” នៅសហរដ្ឋអាមេរិកនៅក្នុងបទសម្ភាសជាមួយកាសែត The Wall Street Journal។

    លោក Trump បានប្រាប់ថា៖ «ខ្ញុំបាននិយាយទៅកាន់លោក Cook ហើយគាត់បានសន្យាថា នឹងធ្វើឱ្យខ្ញុំនូវគម្រោងធំៗ 3»។ នេះមិនមែនជាលើកទីមួយទេដែលលោក Trump បាននិយាយថា គាត់បាននិយាយជាមួយ Cook អំពីការបង្កើតរោងចក្រផលិតកម្មធំមួយក្នុងទឹកដីសហរដ្ឋអាមេរិក។ ខណៈកាលពីក្នុងអំឡុងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក លោក Trump បានហៅ CEO របស់ក្រុមហ៊ុន Apple ជាច្រើនដងដើម្បីឱ្យមកបង្កើតរោងចក្រនៅលើទឹកដីកំណើតវិញ។

    គិតមកដល់ពេលនេះក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ចំពោះដំណើរនៃការបង្កើតរោងចក្រក្នុងទឹកដីសហរដ្ឋអាមេរិកនេះ បើទោះបីជាលោកនាយកប្រតិបត្តិ Tim Cook ធ្លាប់បានឆ្លើយប្រាប់ទៅពិធីករលោក Jim Cramer នៅក្នុងបទសម្ភាស Mad Money របស់ប៉ុស្តិ៍ CNBC កាលពីថ្ងៃទី03 ខែឧសភា ឆ្នាំ2017 កន្លងទៅថា ក្រុមហ៊ុនលោកបានត្រៀមខ្លួននឹងធ្វើការវិនិយោគមួយដ៏ធំសម្រាប់ពលរដ្ឋអាមេរិកដើម្បីឆ្លើយតបនឹងការស្នើសុំរបស់លោកប្រធានាធិបតី។ ទឹកប្រាក់ 1 ពាន់លានដុល្លារ នឹងត្រូវបានត្រៀមសម្រាប់ការសាងសង់រោងចក្រ និងសម្ភារជាច្រើនទៀត ដើម្បីបម្រើដល់ចង្វាក់ផលិតកម្មទូរស័ព្ទ iPhone៕

  • IMF ថា៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ និងឆ្នាំក្រោយនឹងសម្រេចកំណើន 7%

    IMF ថា៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ និងឆ្នាំក្រោយនឹងសម្រេចកំណើន 7%

    ភ្នំពេញៈ មូលនិធិរូបិយប័ណ្ណអន្តរជាតិ ហៅកាត់ IMF បានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ និងឆ្នាំ2018នឹងសម្រេចបានកំណើន7ភាគរយ ប៉ុន្តែស្ថាប័នអន្តរជាតិនេះបានជំរុញឲ្យរដ្ឋាភិបាលបង្កើនការប្រមូលពន្ធដើម្បីកាត់បន្ថយសម្ពាធដែលរដ្ឋាភិបាលបានចំណាយ។

    លោក Jarkko Turunen សេដ្ឋវិទូនៅ IMF បានឲ្យដឹងក្នុងសន្និសីទកាលពីព្រលប់ថ្ងៃម្សិលមិញបន្ទាប់ពីបញ្ចប់ការពិគ្រោះយោបល់មាត្រាIV ប្រចាំឆ្នាំរបស់ខ្លួនថា ក្រុមសេដ្ឋវិទូមានចក្ខុវិស័យវិជ្ជមានដ៏ទូលំទូលាយសម្រាប់សេដ្ឋកិច្ចកម្ពុជាជាមួយកំណើនដែលនៅតែខ្លាំងក្នុងអត្រា7ភាគរយសម្រាប់ឆ្នាំនេះ និងឆ្នាំ2018 ទោះបីជាមាន «ការធ្លាក់ចុះការវិនិយោគឯកជន» ដោយសារការបោះឆ្នោតទាក់ទងនឹងភាពមិនច្បាស់លាស់កាលពីដើមឆ្នាំនេះក៏ដោយ។

    លោកថ្លែងថា “យើងបានមើលឃើញពីកំណើនកាន់តែខ្លាំងក្នុងការចំណាយរបស់វិស័យទេសចរណ៍ និងសំណង់ ខណៈវិស័យកាត់ដេរចុះខ្សោយបន្តិច”។ជាមួយគ្នានេះដែរ សេដ្ឋវិទូរូបនេះបានបង្ហាញថា ការគ្រប់គ្រងសារពើពន្ធដោយប្រុងប្រយ័ត្នក្នុងរយៈពេលជាច្រើនឆ្នាំថ្មីៗនេះរក្សាបានឱនភាពសារពើពន្ធស្ថិតក្រោមការគ្រប់គ្រង ហើយបំណុលសាធារណៈស្ថិតក្នុងកម្រិតទាប។
    លោកបន្ថែមថា ការបង្កើនការប្រមូលពន្ធកាលពីឆ្នាំ2016បានបង្កើនប្រាក់ចំណូលដល់ជាង15ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ប៉ុន្តែនៅឆ្នាំនេះឱនភាពសារពើពន្ធត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រហែល3.7ភាគរយនៃGDP ដោយសារប្រាក់ឈ្នួលវិស័យសាធារណៈ និងការចំណាយបច្ចុប្បន្នផ្សេងទៀតកាន់តែខ្ពស់។

    លោកJarkko Turunen បានបន្តថា ទោះជាយ៉ាងណាប្រទេសកម្ពុជាក្នុងរយៈពេលខ្លីនឹងប្រឈមនឹងវិធានការដ៏សំខាន់មួយចំនួនទាក់ទងនឹងការអភិវឌ្ឍដែលរួមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែចំណូលរបស់កម្ពុជាកើនឡើង ហើយប្រភពប្រាក់ចំណូលរបស់រដ្ឋាភិបាលនឹងផ្លាស់ប្តូរ ហើយប្រទេសនេះនឹងទទួលបានការផ្ដល់ជំនួយកាន់តែតិចដោយសារជាប្រទេសមានប្រាក់ចំណូលកាន់តែខ្ពស់ស្របពេលទុនបម្រុងបរទេសបន្តកើនឡើងដល់7.9ពាន់លានដុល្លារនៅត្រឹមចុងខែមិថុនាកន្លងមក៕

  • Mario Maurer ឆ្លើយតបតារាចម្រៀងសិចស៊ី ឡាំយ៉ៃ ហៃថងខាំ យ៉ាងស្ពឹកមុខ

    Mario Maurer ឆ្លើយតបតារាចម្រៀងសិចស៊ី ឡាំយ៉ៃ ហៃថងខាំ យ៉ាងស្ពឹកមុខ

    បន្ទាប់ពីផ្ទុះបទចម្រៀងរបស់ ឡាំយ៉ៃ ហៃថងខាំ ដែលមានចំណងជើងថា “ผู้สาวขาเลาะ”( ភូសាវខាឡក់) ស្រាប់តែ តារាសម្ដែងប្រុស Mario Maurer ទទួលបានការទាក់ទងឱ្យសម្ដែងក្នុងបទចម្រៀង និងរឿងរបស់តារាស្រី ឡាំយ៉ៃ ដោយសម្តែងជាតួឯកជាមួយគ្នាទៀតផង ក៏ប៉ុន្ដែជាអកុសលមិនទាន់ដឹងអីផងត្រូវបានតារាឯកប្រុសរូបនេះបដិសេធមុនបាត់ទៅហើយ។

    មុននេះបន្ដិច មានព័ត៌មានមួយបានចេញផ្សាយថា ក្រុមហ៊ុនផលិតភាពយន្តដ៏ធំមួយគឺ សហមង្គលហ្វ៊ីមល៍ ត្រៀមថតខ្សែភាពយន្ដរឿង “ผู้สาวขาเลาะ”( ភូសាវខាឡក់) ដោយមានតារាឯកស្រីគឺជាតារាចម្រៀងម្ចាស់បទនោះផ្ទាល់តែម្ដង ហើយគ្រោងឱ្យសម្ដែងជាមួយតារាឯកប្រុស Mario Maurer ទៀតផង។ តែយ៉ាងណាមិញនៅទីបំផុត កាលពីថ្ងៃទី25 ខែកក្កដា ឆ្នាំ2017 តារាឯកប្រុសរូបនេះបានឆ្លើយតបទៅវិញថា «ទទួលបានការទាក់ទងឱ្យសម្តែងភាពយន្ដរឿងនេះពិតប្រាកដមែន ក៏ប៉ុន្ដែតារាងការងារពេញអស់ហើយ ច្រើនពេក ទើបត្រូវឡើងទៅនិយាយជាមួយហ៊ា ចៀង ជាម្ចាស់ផលិតកម្មដោយផ្ទាល់ថា មិនអាចទទួលការងារនេះបានទេ ព្រោះបើទទួលទៀតពិតជាទៅមិនរួចទេ ទើបហ៊ា ចៀង បានប្រាប់មកវិញថា ចង់ឱ្យសាកល្បងអានសាច់រឿងនេះបន្ដិច ខ្ញុំក៏បានសាកល្បងអានអត្ថបទ និងព្យាយាមរកពេលទំនេរ តែពុំមានឱកាសសោះ ទើបមានតែរង់ចាំពេលក្រោយ»។

    គួរបញ្ជាក់ផងដែរថា ការឆ្លើយតបបែបនេះហាក់បីដូចជាបំបាក់អំនួតតារាស្រី ឡាំយ៉ៃ ហៃថងខាំ បន្តិចដែរ ព្រោះថា បច្ចុប្បន្ននេះនាងកំពុងតែឡើងកូដខ្លាំងមែនទែន ហើយអ្នកណាៗក៏ចង់សម្តែងក្នុងខ្សែភាពយន្តជាមួយនាងដែរ ព្រោះនាងល្បីល្បាញរហូតដល់ថ្នាក់គ្រាន់តែជាបទដំបូងរបស់នាងសោះ ស្រាប់តែមានការទិញយកទៅផលិតជាខ្សែភាពយន្ដខ្នាតធំទៅហើយ៕

  • គីម ច័ន្ទបរមី មិនអាចបោះបង់ចោលសិល្បៈក្រោយមានគម្រោងបង្កើតអាជីវកម្ម

    គីម ច័ន្ទបរមី មិនអាចបោះបង់ចោលសិល្បៈក្រោយមានគម្រោងបង្កើតអាជីវកម្ម

    ក្រោយពីទំនាក់ទំនងស្នេហាជាមួយចៅប្រុសរបស់ថ្នាក់ដឹកនាំប្រទេសត្រូវបានប្រកាសជាសាធារណៈមកគេសន្និដ្ឋានថា គឹម ច័ន្ទបរមីនឹងផ្អាកពីការងារសិល្បៈមិនខាន។ តែផ្ទុយទៅវិញ នាងនៅតែបន្ដការងារក្នុងអាជីពនេះដដែល ខណៈដែលនាងក៏គ្រោងនឹងបង្កើតអាជីវកម្មផ្ទាល់ខ្លួនផងដែរ។

    កញ្ញា គឹម ច័ន្ទបរមី បញ្ជាក់ថា បច្ចុប្បន្ននាងកំពុងតែបន្ដអាជីពសិល្បៈរបស់ខ្លួនជាធម្មតា ព្រោះវាជាការងារដែលនាងស្រឡាញ់តាំងពីយូរមកហើយ ម្យ៉ាងសង្សារនាងក៏ពុំបានហាមប្រាមទៅលើការងារនេះដែរ។ បរមីបញ្ជាក់ថា៖ «បច្ចុប្បន្នខ្ញុំកំពុងតែថតបញ្ចប់រឿងដែលទទួលបានពីឆ្នាំចាស់ និងទើបតែបញ្ចប់ការថតរឿងចំនួនពីរដែលរឿងទាំងនេះគ្រោងនឹងចាក់បញ្ចាំងនៅក្នុងលើកញ្ចក់ទូរទស្សន៍នាពេលខាងមុខ»។

    នាងបន្ដថា នាងពិតជាពិបាកដកខ្លួនចេញឱ្យដាច់ពីការងារសិល្បៈទាំងស្រុងណាស់ ខណៈនាងកំពុងតែសិក្សាទៅលើផ្នែកថែរក្សាសម្ផស្ស ដើម្បីបើកអាជីវកម្មក្នុងការនាំចូលផលិតផលថែរក្សាសម្ផស្ស ដែលការងារសិល្បៈក៏វាផ្សារភ្ជាប់ជាមួយនឹងអាជីវកម្មដែលនាងគ្រោងនឹងបើកនេះដែរ។ កញ្ញាគីម ច័ន្ទបរមី ប្រាប់ថា៖ «ប្រសិនបើខ្ញុំបើកអាជីវកម្មនេះគឺគ្រាន់តែនាំយកផលិតផលមកលក់ប៉ុណ្ណោះ មិនបើកជាកន្លែងវះកាត់អ្វីឡើយ»។ នាងបន្ដថា គម្រោងអាជីវកម្មនេះមិនទាក់ទងនឹងសង្សាររបស់នាងទេ គឺជាគំនិតរបស់គ្រួសារនាងចង់ឱ្យនាងចាប់អាជីព ឬប្រកបអាជីវកម្មអ្វីមួយដែលមានលក្ខណៈរឹងមាំជាងការងារសិល្បៈ។

    ជាមួយគ្នានេះដែរ កញ្ញាគីម ច័ន្ទបរមី បញ្ជាក់ថា ក្រោយពីទំនាក់ទំនងស្នេហារបស់នាងបានកើតឡើងរយៈពេលពីរឆ្នាំមកហើយនោះ ឃើញថា វាបានបង្ហាញពន្លឺយ៉ាងល្អ ខណៈនាងអះអាងថា ស្នេហារបស់នាងគឺជាស្នេហាពិតប្រាកដ។ មិនតែប៉ុណ្ណោះនឹងអាចឈានទៅដល់ការដឹកដៃគ្នាចូលរោងជ័យក្នុងរង្វង់3ឆ្នាំខាងមុខទៀតផង៕

  • ការប្រមូលចំណូលពន្ធអាករនៅឆមាសទី1 កើនឡើងជាង32%

    ការប្រមូលចំណូលពន្ធអាករនៅឆមាសទី1 កើនឡើងជាង32%

    ភ្នំពេញ៖ ក្នុងរយៈពេល 6ខែដើមឆ្នាំ2017នេះ ចំណូលពន្ធអាករសរុបដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន 4,769.62​លាន​រៀល ស្មើនឹង 1,112.40លានដុល្លារអាមេរិក ស្មើនឹង69.49% នៃគោលដៅកំណត់។

    ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលឆមាសទី1 ឆ្នាំ2017នេះថា ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ2016 ឃើញថាចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់រយៈពេល06ខែ ឆ្នាំ2017 នេះមានការកើនឡើង 1,060.25ពាន់លានរៀល (ប្រមាណជា 265.07លានដុល្លារអាមេរិក) ឬស្មើនឹងអត្រាកំណើន 32.14%។

    ក្នុងឆមាសទី1នេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានការកើនឡើងនូវប្រាក់ពន្ធ ស្ទើរគ្រប់ប្រភេទពន្ធ ជាពិសេសប្រភេទពន្ធ-អាករសំខាន់ៗមានជាអាទិ៍៖ ពន្ធលើប្រាក់ចំណូល កើនឡើង32.8% អាករលើតម្លៃបន្ថែមកើនឡើង45.1% ខណៈដែលអាករពិសេសកើនឡើង 10.7% និងពន្ធលើប្រាក់បៀរវត្សរ៍មានការកើនឡើងចំនួន 5.0%។

    ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើរចំពោះកិច្ចប្រឹងប្រែង ព្រមទាំងផ្តល់ការគាំទ្រ និងឯកភាពចំពោះវិធានការដែលបានដាក់ចេញដោយប្រតិភូរាជរដ្ឋាភិបាលក្នុងន័យបង្កើនផលិតភាពក៏ដូចជាការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងកម្មវិធីកំណែទម្រង់ ជាពិសេសការពិនិត្យកែសម្រួល និងរៀបចំលខិតបទដ្ឋានគតិយុត្តនានាដើម្បីធានាបាននូវសង្គតិភាពការងារ អនុវត្តការងារគ្រប់គ្រងប្រមូលពន្ធ។

    ជាមួយគ្នានេះដែរ ឯកឧត្តមបានជំរុញឱ្យមានការប្តេជ្ញាផ្តល់សេវាកម្មជូនអ្នកជាប់ពន្ធឱ្យកាន់តែប្រសើរ តាមរយៈការពង្រឹងសមត្ថភាពមន្រ្តី និងបំពាក់សម្ភារបរិក្ខារបច្ចេកវិទ្យា ព្រមទាំងពង្រឹងកិច្ចសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ទៅតាមការចាំបាច់។

    លើសពីនេះត្រូវបន្តធ្វើបច្ចុប្បន្នភាពលើអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណាឱ្យការប្រមូលពន្ធប្រភេទនេះប្រព្រឹត្តទៅដោយរលូន។ យ៉ាងណាក៏ដោយឯកឧត្តមបានជំរុញឱ្យមានការយកចិត្តទុកដាក់ពន្យល់ណែនាំអ្នកជាប់ពន្ធតូចៗ និងលើកទឹកចិត្តឱ្យពួកគាត់ចុះបញ្ជីសម្រាប់អ្នកជាប់ពន្ធដែលមានផលរបរប្រចាំឆ្នាំចាប់ពី250លានរៀលឡើងទៅ ប៉ុន្តែចៀសវាងដាច់ខាត កុំសម្លុតគំរាមកំហែងផ្សេងៗដល់អ្នកជាប់ពន្ធ៕

  • កុំមើលរំលងកុមារ ព្រោះពួកគេអាចជាធនធានយ៉ាងប្រសើរនៅថ្ងៃខាងមុខ

    កុំមើលរំលងកុមារ ព្រោះពួកគេអាចជាធនធានយ៉ាងប្រសើរនៅថ្ងៃខាងមុខ

    កុមារជាអ្នកបន្តវេននៅលើគ្រប់វិស័យ ហើយអនាគតរបស់កុមារតូចអាចឆ្លុះបញ្ចាំងពីអនាគតរបស់សង្គមទាំងមូល។ ផ្តើមចេញពីការអភិវឌ្ឍសមត្ថភាពរបស់កុមារ យើងអាចនឹងទទួលបានយុវជនដែលពោរពេញទៅដោយភាពច្នៃប្រឌិតនាប៉ុន្មានឆ្នាំបន្ទាប់ ស្របពេលដែលគ្រប់ប្រទេសទាំងអស់លើពិភពលោកចាប់ផ្តើមងាកចំណាប់អារម្មណ៍លើការអភិវឌ្ឍធនធានមនុស្ស។

    តាមការបង្ហាញរបស់អង្គការ UNICEF នៅកម្ពុជា បានលើកឡើងថា កុមារគ្រប់រូបចាប់កំណើតលើលោកនេះ មានការស្រមើស្រមៃ និងសក្តានុពលដែលគ្មានដែនកំណត់។ សូមកុំចាត់ទុកកុមារថា គាត់ត្រឹមតែជាមនុស្សតូច ព្រោះតាមពិតទៅពួកគាត់ គឺអាចជាអ្នកវិទ្យាសាស្រ្តវ័យក្មេង។ ការលើកឡើងបែបនេះគឺផ្អែកលើការស្រាវជ្រាវពី គុណសម្បត្តិរបស់កុមារតូចដែលមានលក្ខណៈប្លែកពីមនុស្សធំ និងរឿងអស្ចារ្យជាច្រើនទៀតដែលមនុស្សធំធ្វើមិនដូច។

    រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន ធ្លាប់បានលើកឡើងផងដែរថា ការបង្កើនសមត្ថភាពរបស់កុមារតូចមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាណាព្យាបាល ហើយវាកាន់តែសំខាន់ទៅទៀតសម្រាប់សង្គមទាំងមូល ហេតុនេះហើយទើបក្រសួងអប់រំ បានសហការជាមួយដៃគូនានាដើម្បីផ្តល់ការបណ្តុះបណ្តាលកុមារតាំងពីនៅបឋមសិក្សា។
    ក្រសួងក៏បានបញ្ចូលនូវការបណ្តុះបណ្តាលផ្នែកជំនាញទន់បន្ថែមទៀតផងដែរដើម្បីឱ្យធនធានមនុស្សរបស់កម្ពុជាមានគុណភាពឆ្លើយតបជាមួយនឹងតម្រូវការសង្គមតាំងពីនៅក្មេងៗ ហើយអ្វីទាំងអស់នោះគឺបង្ហាញឱ្យឃើញពីជំហានវិជ្ជមានមួយ ដែលគ្រប់គ្នាសង្ឃឹមថាកម្ពុជាអាចនឹងទទួលបានធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីអភិវឌ្ឍសង្គមទាំងមូលនាថ្ងៃអនាគត៕

  • វិធី Block លេខទូរស័ព្ទ Call រំខានទាំង Android iOS និងWindows Phone

    វិធី Block លេខទូរស័ព្ទ Call រំខានទាំង Android iOS និងWindows Phone

    ការប្រើប្រាស់ទូរស័ព្ទក្នុងការទំនាក់ទំនងអាចនិយាយបានថា ចៀសមិនផុតឡើយពីរឿងមិនចង់ឱ្យនរណាម្នាក់ Call ចូល ឬអ្នកដែលតែងតេមករំខានយើង។ ហេតុផលនេះ គេហទំព័រ ឡារ៉ែន សូមលើកយកមកជូននូវវិធីសាស្រ្ដមួយទៀតដែលប្រិយមិត្តអាចធ្វើការបិទលេខទូរស័ព្ទ(Block Phone Number) មិនឱ្យតេមករំខានយើងទាំងក្នុងប្រព័ន្ធ Android iOS និង Windows Phone

    វិធី Block លេខទូរស័ព្ទលើទូរស័ព្ទ iPhone
    មុនដំបូងចូលទៅកាន់ Phone, FaceTimes ឬ Messages លើទូរស័ព្ទ iPhone បន្ទាប់មកចុចលើ Contact ដែលអ្នកចង់ធ្វើការ Block។ បន្ទាប់មកទៀតអូសចុះទៅក្រោមហើយចុចលើពាក្យ ‘Block this caller’។ ចុងក្រោយចុចលើ Block Contact។ មួយជម្រើសទៀត អ្នកអាចចូលទៅ Settings > Phone > Call Blocking & Identification > Block Contact។

    សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធ Android
    ចំពោះប្រិយមិត្តដែលកំពុងប្រើទូរស័ព្ទ Android ជំនាន់ Marshmallow ឬ Nougat អាចចូលទៅកន្លែងតេចេញ/ចូល ហើយជ្រើសយកលេខណាដែលចង់ Block/Report Spam។ សម្រាប់អ្នកប្រើ Lollipop សូមចូលទៅ Phone ជ្រើសយក Call Settings > Call Rejection (ouch) > Auto Reject List ហើយវាយលេខទូរស័ព្ទដែលចង់បិទជាការស្រេច។
    វីដេអូ៖

    ចុងក្រោយគេ គឺ Windows
    សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Windows Phone លោកអ្នកអាចចូលទៅ Block Calls និង Messagesដោយគ្រាន់តែចូលទៅ Settings និង Call+SMS Filter, ចុច accept the Terms of Use and Privacy Policy ប្រសិនបើអ្នកមិនទាន់ចុច ហើយជ្រើសយក Block Calls ទៅ On។ ចុងក្រោយទៅកន្លែង Phone app ចុចសង្កត់លើលេខទូរស័ព្ទដែលចង់ Block ហើយជ្រើសយក Block Number ជាការស្រេច៕

  • Yoona សន្យានឹងទៅជួប Lim Si Wan នៅមូលដ្ឋានទ័ពរបស់លោក

    Yoona សន្យានឹងទៅជួប Lim Si Wan នៅមូលដ្ឋានទ័ពរបស់លោក

    តារាសម្ដែងនៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ MBC ដែលមានចំណងជើងថា «The King in Love » បានមករួបរួមគ្នាបង្ហាញវត្តមានក្នុងថ្ងៃសម្ពោធរឿងថ្មីនេះ រួមមានវត្តមានតារាឯកស្រី Yoona និង តារាឯកប្រុស Lim Si Wan ផងដែរ។

    ជាការលាគ្នា តារាឯកប្រុស Lim Si Wan បានតាំងចិត្តប្រមូលផ្ដុំតារាសម្ដែងក្នុងរឿងនេះទាំងអស់ ដើម្បីរៀបចំកម្មវិធីជួបជុំគ្នាមុនមួយថ្ងៃរួចហើយ ហើយថ្ងៃសម្ពោធរឿងនេះគឺជាថ្ងៃចុងក្រោយ មុនពេលដែលលោកត្រូវចូលទៅហ្វឹកហាត់យោធានាពេលខាងមុខឆាប់ៗនេះ។ តែអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ តារាស្រី Yoona បានផ្ដល់ក្ដីសង្ឃឹម និងកម្លាំងចិត្តជូនតារាឯកប្រុសរូបនេះ ដោយបានសន្យាថា នាងនឹងទៅជួបលោកនៅឯមូលដ្ឋានទ័ពរបស់លោកដោយផ្ទាល់ នៅពេលដែលនាងនឹកលោកខ្លាំង។

    នៅក្នុងនោះដែរ តារាស្រីវ័យក្មេងរូបនេះបាននិយាយថា «នាងខ្ញុំបាននិយាយទៅកាន់គាត់ (Lim Si Wan ) មួយថ្ងៃមុនពេលគាត់ចូលទៅហ្វឹកហាត់យោធា ដែលនោះគឺជាឱកាសល្អ សម្រាប់ពួកយើងបានជួបជុំគ្នាទាំងអស់គ្នា ក៏ប៉ុន្តែដោយសារតែតារាងការងាររវល់ពេក ទើបខ្ញុំមិនអាចទៅជួបគាត់បានមុនមួយថ្ងៃ មុនពេលគាត់នឹងចាកចេញទៅ។ យ៉ាងណាមិញ គាត់បានប្រាប់ថា គាត់នឹងត្រឡប់មកវិញឆាប់ៗនេះ ហើយខ្ញុំសូមឱ្យអ្នកទាំងអស់គ្នាទៅជួបគាត់នៅឯមូលដ្ឋានទ័ពជាមួយគ្នាផងដែរ»។

    គួរបញ្ជាក់ផងដែរថា បើទោះបីជាតារាស្រីរូបនេះមិនបានបង្ហាញថា នាងមានទំនាក់ទំនងស្នេហាក្រៅសិល្បៈជាមួយ Lim Si Wan ក៏ដោយ តែក្ដីបារម្ភ និងអារម្មណ៍នឹកនារបស់នាងនៅតែមិនអាចបិទបាំងពីភ្នែកមជ្ឈដ្ឋានមហាជនបានឡើយ៕