Category: សង្គម និងសេដ្ឋកិច្ច

  • Man City បំបាក់​ក្រុម Real Madrid យ៉ាងចាស់​ដៃ ខណៈ Inter ផ្តួល Bayern

    Man City បំបាក់​ក្រុម Real Madrid យ៉ាងចាស់​ដៃ ខណៈ Inter ផ្តួល Bayern

    ក្រុម Manchester City របស់​លោក Pep Guardiolaបាន​​ចំណាយប្រាក់ដ៏ច្រើន​សន្ធឹកសន្ធាប់​ដើម្បីពង្រឹង​តំបន់​ការពារ​របស់​ពួក​គេ​នៅ​រដូវក្តៅនេះហើយ​ពួក​គេ​បាន​បង្ហាញ​ថាពួកគេ​នឹងក្លាយ​ជា​ក្រុម​ដែល​ត្រូវ​តែ​​ទទួល​បាននូវ​ការ​ចាប់​អារម្មណ៍នៅ​រដូវកាល​ខាងមុខនេះក្រោយ​ពី​បាន​បំបាក់ក្រុម Real Madrid យ៉ាង​ចាស់​ដៃ​ក្នុងលទ្ធ​ផល 4-1ក្នុង​ការ​ប្រកួត​មិត្ត​ភាពកាល​ពីថ្ងៃព្រហស្បតិ៍​។
    ការ​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​ក្នុង​តង់​ទី​២​នៅពីមុខ​អ្នក​គាំ​ទ្រ​ចំនួន​93,000​នាក់ ក្នុង​ទីក្រុង Los Angelesបាន​ជួយ​ឲ្យក្រុម Man City កត់ត្រា​ជ័យជម្នះ​ក្នុង​ការ​ប្រកួតមិត្ត​ភាព​ជាលើក​ទី​1​របស់​ពួកគេយ៉ាងកក់ក្តៅ​។ ក្រុមReal Madrid មិន​អាច​​ធ្វើការ​រា​​រាំងក្រុម Man City របស់​លោក Guardiola បាន​ឡើយក្រោយ​ពី​ពួក​គេ​បាន​​ដាក់​សម្ពាធ​ត្រឹម​តែ​មួយលើកគត់​នៅដើម​តង់​ទី​2​។
    ការ​ចំណាយ​ប្រាក់​​ចំនួន​28.5​លាន​ផោន (ស្មើ​នឹង​37លាន​ដុល្លារ​អាមេរិក) របស់ក្រុម Man Cityដើម្បី​ទិញ​ខ្សែការពារ Nicolas Otamendi កាលពី​​2ឆ្នាំ​មុនហាក់​​បានផ្តល់នូវ​ការ​ប្រែ​ប្រួល​តិច​តួចណាស់មុននឹង​​ពួក​គេ​បាន​ចំណាយ​ប្រាក់​ដ៏ច្រើន​សន្ធឹកសន្ធាប់​ដើម្បីនាំ​យក​​​ខ្សែ​ការពារ Kyle Walker, John Stonesនិង Benjamin Mendy ក្នុង​រយៈ​ពេល​12​​ខែ​​ចុងក្រោយ​នេះ​។ ប៉ុន្តែ ក្រោយ​​ពី Otamendiបាន​ស៊ុត​បាល់​ពីចម្ងាយ​ចូល​ទី​យ៉ាងល្អ1គ្រាប់មក ក្រុម Man City បាន​បន្ត​បង្ហាញពី​​ទម្រង់លេង​យ៉ាង​រឹងមាំដើម្បី​​រក​​គ្រាប់​បាល់​បញ្ចូល​ទី​3​​គ្រាប់​បន្ត​បន្ទាប់​គ្នា មុន​ពេល Realបាន​ធ្វើការ​វាយ​បក​បាន​1​​គ្រាប់​វិញនៅ​ជិត​បញ្ចប់​ការ​ប្រកួត​។
    ស្រប​ពេល​ជាមួយ​គ្នា​នេះដែរ នៅក្នុងការប្រកួតមួយទៀត ខ្សែ​ប្រយុទ្ធ Eder បាន​ស៊ុត​បាល់បញ្ចូល​ទី​2គ្រាប់ដើម្បី​​ជួយ​ឲ្យក្រុម Inter Milan កត់ត្រា​ជ័យជម្នះ​ដ៏មិន​នឹក​ស្មាន​​ដល់​ក្នុង​លទ្ធផល 2-0នៅ​ពេល​ប្រកួត​ជាមួយ​នឹងក្រុមម្ចាស់​ជើង​ឯក​អាល្លឺម៉ង់ Bayern Munich កាល​ពីថ្ងៃ​ព្រហស្បតិ៍ក្នុងការ​ប្រកួត​មិត្ត​ភាព​នៅ​លើ​ទឹក​ដី​សិង្ហ​បុរី​៕
    ប្រភព​ពី៖ Skysport

  • Rooney វិល​មកវិញ ក្នុង​ពេល Everton ឈ្នះ​វគ្គ​ជម្រុះ Europa League

    Rooney វិល​មកវិញ ក្នុង​ពេល Everton ឈ្នះ​វគ្គ​ជម្រុះ Europa League

    ខ្សែ​ប្រយុទ្ធ Wayne Rooney បាន​ធ្វើការ​បង្ហាញខ្លួន​ជា​លើក​ទី​2​របស់​គេ​សម្រាប់ក្លិប​ Evertonកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែល​ខ្សែ​ការពារ Leighton Baines បាន​ជួយ​ឲ្យក្រុមពួក​គេទទួល​ជ័យជម្នះ​ក្នុងលទ្ធផល1-0 លើ​ក្រុម MFK Ruzomberok របស់ស្លូ​វ៉ា​គី ក្នុងការប្រកួត​ជម្រុះនៃក្រប​ខ័ណ្ឌ Europa League ជុំ​ទី​3​។
    អតីត​​តា​រាឆ្នើម​របស់​ក្រុម Manchester United និងក្រុម​​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះបាន​បញ្ជាក់​នៅមុន​ពេល​​ការប្រកួត​នៅ​​កីឡដ្ឋាន Goodison Park ថាវា​បានក្លាយ​ជា​មហិច្ឆ​តា​​យូរ​មកហើយ​ក្នុងការលេង​ឲ្យ​ក្រុម Everton ​ក្នុងក្រប​ខ័ណ្ឌអឺ​រ៉ុបនេះ​។ រយៈ​ពេល​13​​ឆ្នាំក្រោយ​​​ចាក​ចេញ​​ពី Everton ដើម្បី​​ទៅ​ចូល​រួម​ជាមួយនឹង​ Man United ទី​បំផុតខ្សែ​ប្រយុទ្ធ Rooneyបាន​បំពេញ​មហិច្ឆ​តា​របស់​ខ្លួន បើ​ទោះ​បី​​​វា​បាន​​ក្លាយ​ជា​​ថ្ងៃ​ដ៏​ខក​ចិត្ត​សម្រាប់​​អ្នក​ចាត់ការ​ទូទៅ​លោកRonald Koeman និងក្រុម Everton ក៏ដោយ​​។ Rooney វ័យ​31ឆ្នាំ បាន​ប្រាប់​ថា៖«វា​ជា​អ្វីមួយ​ដែល​ខ្ញុំ​​បាន​រង់​ចាំ​​សម្រាប់​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​។វា​ពិត​ជា​អស្ចារ្យណាស់សម្រាប់ការ​​ស្ថិតនៅក្នុងកីឡដ្ឋាន Goodison ដោយ​ពាក់​អាវ​ពណ៌​ខៀវ​។វា​ជា​អារម្មណ៍​ដ៏អស្ចារ្យមួយ​​។ ប៉ុន្តែ វា​ជាការ​ប្រកួត​​​ដ៏សំខាន់មួយ​សម្រាប់យើងហេតុនេះ​ខ្ញុំ​ត្រូវ​តែ​ទុក​ការ​រំ​ជួល​ចិត្តមួយឡែកសិន​​ដើម្បីខ្ញុំ​អាច​ផ្តោត​អារម្មណ៍​ទៅលើការ​ប្រកួត​បាន​ច្រើន​ជាងមុន​»​។
    ការ​លែង​ខ្សែ​ប្រយុទ្ធ Romelu Lukaku ក្នុង​តម្លៃ​ខ្លួន​75​លានផោន (ស្មើនឹង​98​លានដុល្លារ​អាមេរិក) ទៅ​ឲ្យ​ក្លិបMan United បាន​ផ្តល់​មូលនិធិ​ដល់ក្លិប Everton ក្នុង​ការ​ទិញ​ចូលកីឡាករបាន​ជាច្រើន ហើយ Rooney
    បាន​ចូល​រួម​ជាមួយ​នឹង​ខ្សែការពារ Michael Keane ខ្សែ​បម្រើ Davy Klaassen និង​ខ្សែការពារ Cuco Martinaដើម្បី​បង្ហាញខ្លួន​ជាលើក​ទី​1​របស់​ពួកគេ​៕
    ប្រភព​ពី៖ Sport24

  • ប្រាប់ឱ្យហើយ! អ្នកមានដីនៅតំបន់មាត់បឹង ឬទន្លេ កុំអាលលក់ប្រយ័ត្នស្ដាយក្រោយ

    ប្រាប់ឱ្យហើយ! អ្នកមានដីនៅតំបន់មាត់បឹង ឬទន្លេ កុំអាលលក់ប្រយ័ត្នស្ដាយក្រោយ

    ភ្នំពេញ – តាមការព្យាកររបស់អ្នកជំនាញលើផ្នែកអចលនវត្ថុជាច្រើនបានបញ្ជាក់ថា នាពេលអនាគតឆាប់ៗខាងមុខនេះ ការអភិវឌ្ឍបែបធម្មជាតិដែលកាន់តែខិតទៅជិតតំបន់មាត់បឹង និងទន្លេនឹងមានការផុលផុសធ្វើឱ្យតម្លៃអចលនទ្រព្យនៅទីនោះនឹងឡើងថ្លៃខ្ពស់។

    លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21Mekong បានលើកឡើងថា កម្ពុជាមានការអភិវឌ្ឍលើវិស័យអចលនទ្រព្យលឿនគួរឱ្យកត់សម្គាល់ ប៉ុន្ដែកម្ពុជាហាក់ដូចជាដើរបញ្ច្រស់ទៅនឹងប្រទេសអភិវឌ្ឍន៍មួយចំនួន ព្រោះគេមើលឃើញថា វិស័យនេះចាប់ផ្ដើមអភិវឌ្ឍចេញពីតំបន់ឧស្សាហកម្ម ពោលគឺតម្លៃដីនៅតាមតំបន់ឧស្សាហកម្មមួយចំនួន និងនៅតំបន់សេដ្ឋកិច្ចពិសេសមានការកើនឡើងខ្ពស់ដោយសារតែសម្បូរទៅដោយរោងចក្រ សហគ្រាសធំៗ។

    អគ្គនាយកក្រុមហ៊ុន Century 21Mekong បានបញ្ជាក់ថា៖ «មូលហេតុតម្លៃដីនៅតំបន់ឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេសមានតម្លៃខ្ពស់ ព្រោះនៅទីនោះមានមនុស្សទៅរស់នៅភាគច្រើនជាកម្មករដែលអ្នកអភិវឌ្ឍន៍ទៅទីនោះច្រើនតែសង់ផ្ទះជួលសម្រាប់កម្មករស្នាក់នៅជាដើម និងអ្នកខ្លះទៅរស់នៅដើម្បីធ្វើការលក់ដូរ ដែលធ្វើឱ្យមានលំហូរសេដ្ឋកិច្ចល្អ។ ទោះជាយ៉ាងណាគេមើលឃើញថា វាជាការវិនិយោគរយៈពេលខ្លី»។

    ទោះយ៉ាងណាលោក សុខនីម បញ្ជាក់ថា បច្ចុប្បន្នអ្នកវិនិយោគនៅក្នុងស្រុកចាប់ផ្ដើមយល់កាន់ច្បាស់ពីអត្ថប្រយោជន៍ការអភិវឌ្ឍបែបធម្មជាតិហើយ ដូច្នេះហើយទើបយើងឃើញថា មានគម្រោងធំៗជាច្រើនចាប់ផ្ដើមងាកទៅរកការអភិវឌ្ឍនៅតំបន់ជាប់មាត់បឹង ឬទន្លេវិញម្តង ដូចជាគម្រោងអ័រគីដេវីឡា និងគម្រោងរបស់ក្រុមហ៊ុន OCIC ជាដើម បានចូលទៅដល់ក្នុងតំបន់ជ្រោយចង្វាហើយ ព្រោះអ្នកវិនិយោគទាំងនោះមានទស្សនវិស័យវែងឆ្ងាយក្នុងការវិនិយោគរយៈពេលយូរដោយពួកគាត់ជឿថា ទៅអនាគតគម្រោងក៏ដូចជាអចលនទ្រព្យ នឹងមានការឡើងថ្លៃខ្លាំង។ ជាមួយគ្នានេះលោកសង្កត់ធ្ងន់ថា៖ «កាលពីមុនប្រជាជនយើងរស់នៅឱ្យតែបានៗ មិនប្រកាន់អ្វីច្រើនទេ លុះសេដ្ឋកិច្ចគ្រួសារដើរល្អមានលុយច្រើនហើយ គាត់ចាប់ផ្ដើមគិតពីការរស់នៅប្រកបដោយផាសុកភាព និងភាពស្ងប់សុខដែលចំណុចទាំងនេះវាកើតចេញពីការអភិវឌ្ឍបែបធម្មជាតិនៅជិតមាត់បឹង ឬជិតមាត់ទន្លេនេះឯង»។

    លោក ច្រឹក សុខនីម បន្ដថា ទៅអនាគតការអភិវឌ្ឍតាមបែបធម្មជាតិមិនមែនកើតឡើងតែក្នុងតំបន់ជ្រោយចង្វាមួយទេ ពោលគឺតំបន់ណាដែលជាប់ទៅនឹងបឹងទន្លេ នឹងត្រូវមានការអភិវឌ្ឍដូចគ្នាដែលធ្វើឱ្យតម្លៃដីមានការកើនឡើងខ្ពស់កប់ពពកជាក់ជាមិនខាន។ អ្វីដែលធ្វើឱ្យលោកហ៊ានអះអាងបែបនេះ ព្រោះយោងតាមបទពិសោធនៃប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួនដូចជា ប្រទេសអាមេរិកដែលលោកបានទៅដល់ជាដើម។ ក្នុងនោះលោកបញ្ជាក់ថា៖ «យើងអាចមើលឃើញនៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជា អាមេរិក តម្លៃផ្ទះជាប់ទន្លេ បឹង ព្រៃភ្នំមានតម្លៃថ្លៃណាស់ កន្លែងខ្លះមានតម្លៃដល់ទៅរាប់លានដុល្លារ ព្រោះការរស់នៅក្នុងតំបន់បែបនេះវាធ្វើឱ្យអ្នករស់នៅមានសុខភាពល្អ ទាំងរាងកាយ និងប្រាជ្ញាស្មារតី ពិសេសការរស់នៅតំបន់នេះអាចធ្វើឱ្យអ្នករស់នៅកាត់បន្ថយភាពស្មុគស្មាញពីការងារបានច្រើន»។

    ដោយឡែកលោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានទទួលស្គាល់ថា តំបន់អភិវឌ្ឍន៍ជាប់មាត់ទន្លេ ពិសេសតំបន់ជ្រោយចង្វាជាតំបន់ដែលមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍទាំងទៅលើគម្រោងលំនៅឋាន និងខុនដូសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត។

    អគ្គនាយកក្រុមហ៊ុន KFA បញ្ជាក់ថា៖ «មូលហេតុតំបន់ជាប់មាត់ទន្លេ ពិសេសតំបន់ជ្រោយចង្វាមានសក្ដានុពលសម្រាប់ការអភិវឌ្ឍ និងការរស់នៅ ព្រោះតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធល្អទៅហើយ វាក៏ជាតំបន់ដែលមានហុងស៊ុយល្អ មានទាំងទន្លេ ខ្យល់អាកាសត្រជាក់ដែលជាអំណោយផលដល់អ្នករស់នៅទីនោះអាចទទួលយកបានការរស់នៅបែបធម្មជាតិ ប្រកបដោយផាសុកភាព និងភាពសប្បាយរីករាយក្នុងសង្គមគ្រួសារ»៕

  • កម្ពុជាជិតផុតកូតានាំសម្លៀកបំពាក់ទៅអឺរ៉ុប ថៅកែរោងចក្រចាប់ផ្តើមដើរចេញបណ្តើរៗ

    កម្ពុជាជិតផុតកូតានាំសម្លៀកបំពាក់ទៅអឺរ៉ុប ថៅកែរោងចក្រចាប់ផ្តើមដើរចេញបណ្តើរៗ

    ភ្នំពេញ៖ លំហូរវិនិយោគផ្ទាល់ពីបរទេស(ថៅកែរោងចក្រ)ទៅក្នុងវិស័យកាត់ដេរបានធ្លាក់ចុះប្រមាណជា30% ក្នុងឆមាសទី1 ឆ្នាំ2017នេះ បើធៀបនឹងការធ្លាក់ចុះក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ2016ដែលមានត្រឹម5%ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចំពោះវិស័យកាត់ដេរ។

    របាយការណ៍បានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបប្រចាំឆមាសទី1 ឆ្នាំ2017បានធ្លាក់ចុះមកនៅត្រឹម4% ខណៈដែលឆមាសទី1 ឆ្នាំ 2016 កន្លងទៅ ការនាំចេញមានកំណើនដល់ទៅ 9% ឯណោះ។ ក្នុងនោះការនាំចេញទៅកាន់ទីផ្សារអាមេរិកធ្លាក់ចុះប្រមាណជា 2.3% ប៉ុន្តែកំណើនការនាំចេញទៅកាន់ប្រទេសអង់គ្លេស កាណាដា និងជប៉ុន នៅមានភាពល្អប្រសើរជាងមុនបន្តិច។

    ការធ្លាក់ចុះនេះបណ្តាលមកពីកត្តាមួយចំនួនដូចជា 1.ការកើនឡើងនៃការប្រកួតប្រជែងនាំសម្លៀកបំពាក់ចេញពីប្រទេសនៅក្នុងតំបន់ ជាពិសេសប្រទេសវៀតណាម មីយ៉ាន់ម៉ា គួបផ្សំនឹងកត្តាខាងក្នុងដូចជាការដំឡើងប្រាក់ឈ្នួលអប្បបរមា(ប្រាក់ឈ្នួលខ្ពស់)ដែលធ្វើឱ្យតម្លៃដើមផលិតកើនឡើងជាដើម និង 2. ការថយចុះនៃភាពទាក់ទាញវិនិយោគក្នុងវិស័យនេះ ដោយសារកម្ពុជានឹងលែងទទួលបានការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបក្នុងរយៈពេល3ឆ្នាំជាប់ៗគ្នាខាងមុខ បន្ទាប់ពីប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ក្នុងឆមាសទី1នេះការនាំចេញសម្លៀកបំពាក់មានសមាមាត្រ 67% នៃការនាំចេញក្រោមប្រព័ន្ធអនុគ្រោះ ថយចុះពី 74% និង28%រៀងគ្នា ខណៈដែលសមាមាត្រនាំចេញទៅកាន់ទីផ្សារជប៉ុនមានកំណើនទ្វេដងក្នុងរយៈពេល2ឆ្នាំចុងក្រោយរហូតដល់ 14% នៃការនាំចេញសរុបក្នុងវិស័យនេះ។

    គួរកត់សម្គាល់ថា ស្ថិតក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងងើបឡើង ការនាំចេញវិស័យកាត់ដេរនៃប្រទេសជិតខាងបានកើនឡើងខ្ពស់ដូចជា កំណើននៃការនាំចេញសម្លៀកបំពាក់របស់ប្រទេសវៀតណាមកើនឡើងខ្ពស់រហូតដល់ 11.2% ជាពិសេសការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដែលជាទីផ្សារធំជាងគេរបស់វៀតណាម ខណៈដែលការនាំចេញរបស់កម្ពុជាមានកំណើនយឺតជាងមុន ដោយសមាមាត្រនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានថយចុះជាបន្តបន្ទាប់ចាប់ពីឆ្នាំ 2011 មក៕

  • ព្រឺសម្បុរ និងស្រក់ទឹកភ្នែកក្នុងព្រឹត្តិការណ៍សម្ពោធរឿង “វិកលចរិត” ម្ដងទៀត

    ព្រឺសម្បុរ និងស្រក់ទឹកភ្នែកក្នុងព្រឹត្តិការណ៍សម្ពោធរឿង “វិកលចរិត” ម្ដងទៀត

    កាលពីរាត្រីថ្ងៃទី26 ខែកក្កដា ឆ្នាំ2017 នៅបរិវេណរោងភាពយន្ដទំនើប Major Cineplex ក្នុងផ្សារទំនើប AEON មានរៀបចំកម្មវិធីអបអរ និងបើកសម្ពោធការចាក់បញ្ជាំងរឿង “វិកលចរិត” ព្រមៗគ្នា3ប្រទេស រួមមាន កម្ពុជា ថៃ ឡាវ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនេះគឺ ចំណូលដែលបានពីការចាក់បញ្ជាំងរឿងនេះក្នុងទាំង3ប្រទេសនោះនឹងត្រូវដក 1 ដុល្លារពីតម្លៃសំបុត្រកុន1សន្លឹកដើម្បីយកទៅបរិចា្ចគដល់កុមារកំព្រា និងកុមារបាត់បង់សតិបញ្ញានៅកម្ពុជាផងដែរ។

    ព្រឹត្តិការណ៍ដែលនឹកស្មានមិនដល់នៅរាត្រីថ្ងៃនោះបានធ្វើឱ្យអ្នកទស្សនា និងអ្នកគាំទ្រដែលស្រឡាញ់​វិស័យភាពយន្ដ ព្រមទាំងទស្សនិកជនដែលបានមកចូលរួមក្នុងកម្មវិធីសម្ពោធរឿង “វិកលចរិត” ទាំងក្នុង និងក្រៅកម្រាលព្រំក្រហមបានព្រឺសម្បុររំភើប និងចេញទឹកភ្នែករលីងរលោង ខណៈដែលប្អូនៗកុមារកំព្រាដែលមកពីមណ្ឌុលកុមារកំព្រាលោកតា ហ្វ៊ុយ សូ ចេញមកសម្ដែងនូវចម្រៀងមួយបទដែលមានចំណងជើងថា “ជីវិតក្មេងកំព្រា”​ អមទៅដោយពន្លឺភ្លើងទៀនដែលបង្ហាញពីភាពកក់ក្ដៅឡើងវិញ ព្រោះកន្លងមកធ្លាប់តែរស់នៅក្នុងភាពឯកា កណ្ដោចកណ្ដែង ជាហេតុធ្វើឱ្យមានកម្លាំងជំរុញទឹកចិត្ត និងជំពប់អារម្មណ៍ទស្សនិកជនដែលបានចូលរួមទាំងអស់ឱ្យទប់ទឹកភ្នែកស្ទើរតែមិនបាន។

    ក្នុងនោះដែរលោក មាតុចក្រ ឬ ហ៊ុយ យ៉ាឡេង បានប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែនថា គោលគំនិតដែលលោកបាននឹកឃើញយកទស្សនីយភាពពន្លឺភ្លើងទៀនដែលសម្ដែងដោយកុមារកំព្រាទាំងអស់នេះមកជូន ក៏ព្រោះតែលោកចង់បង្ហាញអំពីស្មារតីរួបរួមគ្នា សាមគ្គីភាពគ្នាដែលផ្ដល់នូវភាពកក់ក្ដៅទៅកាន់កុមារកំព្រាកម្ពុជាទាំងអស់ឱ្យទស្សនិកជនបានដឺង ព្រមទាំងមកទស្សនារឿងនេះទាំងអស់គ្នាទោះជាអ្នកខ្លះធ្លាប់បានទស្សនាហើយ និងមិនទាន់ហើយក្ដី ព្រោះថា ការទស្សនាម្ដង ស្មើនឹងបានរួមចំណែកបរិច្ចាគ 1 ដុល្លារទៅកាន់កុមារកំព្រា និងកុមារបាត់បង់សតិបញ្ញាទាំងអស់ដែលជាជនជាតិខ្មែរយើង។

    គួរបញ្ជាក់ផងដែរថា អ្នកដឹកនាំរឿងរូបនេះបានបញ្ជាក់ហើយបញ្ជាក់ទៀតថា នេះអាចចាត់ទុកថា ជាប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជាហើយដែលកុនរបស់កូនចៅខ្មែរយើងបានដាក់បញ្ជាំងដល់ទៅ 3 ប្រទេសរួមគ្នា និងបានចូលរួមបរិច្ចាគថវិកាពី 3 ប្រទេស កម្ពុជា ថៃ ឡាវ ទៅដល់មន្ទីរពេទ្យកុមាជាតិ និងកុមារកំព្រានៅក្នុងប្រទេសកម្ពុជា ព្រោះថា ទម្រាំតែទទួលបានការយល់ព្រមឱ្យចាក់បញ្ជាំងនៅស្រុកគេ គឺមានការឆ្លងកាត់ការសម្រិតសម្រាំងជាច្រើនដំណាក់កាល។

    ដូច្នេះជាចុងក្រោយនេះ កូនខ្មែរ និងជាអ្នកដឹកនាំរឿងរូបនេះមានក្ដីរំពឹង និងសង្ឃឹមថា កូនខ្មែរដែលស្រឡាញ់កុនខ្មែរ និងសិល្បៈវប្បធម៌ខ្មែរទាំងអស់នឹងទៅជួយគាំទ្រលើកស្ទួយខ្សែភាពយន្ដខ្មែរមួយនេះដែលការចូលទស្សនារបស់អ្នកគឺ ស្មើនឹងការជួយសង្គមជាតិដោយបានបរិច្ចាគទៅដល់ប្អូនៗកុមារដែលកំពុងរង់ចាំជំនួយពីអ្នកទាំងអស់គ្នាជាទស្សនិកជន៕

  • នៅពេលភរិយាមានសេចក្តីសុខ ស្វាមីរឹតតែមានសេចក្តីសុខខ្លាំងជាងទៅទៀត

    នៅពេលភរិយាមានសេចក្តីសុខ ស្វាមីរឹតតែមានសេចក្តីសុខខ្លាំងជាងទៅទៀត

    អ្វីទៅដែលធ្វើឱ្យបុរសរៀបការហើយមានសេចក្តីសុខ? មានលទ្ធផលនៃការស្រាវជ្រាវថ្មីមួយបានបង្ហាញឱ្យដឹងថា រឿងនោះវាអាស្រ័យលើមនុស្សដែលជាភរិយាថា តើនាងមានសេចក្តីសុខឬទេ?

    ក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ រ៉ាត់ជើរ៍ និងមហាវិទ្យាល័យ មិឈិហ្គែន បានធ្វើការជំរឿនគូអាពាហ័ពិពាហ៍ជិត 400 គូដែលរៀបការជាមធ្យមក្នុងអាយុ 38 ឆ្នាំ ដោយក្រុមគោលដៅទាំងនោះត្រូវឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងក្តីពេញចិត្តក្នុងជីវិតគូ។

    លទ្ធផលនៃការស្រាវជ្រាវបានរកឃើញថា នៅពេលកម្រិតក្តីពេញចិត្តក្នុងជីវិតគូរបស់ភរិយាឡើងខ្ពស់ជាងកម្រិតមធ្យម ស្វាមីក៏មានសញ្ញាថានឹងមានសេចក្តីសុខច្រើនជាងនោះទៅទៀត តែក្នុងផ្លូវផ្ទុយគ្នាវិញ នៅពេលស្វាមីមានសេចក្តីសុខខ្លាំងក្នុងជីវិតក្រោយការរៀបការ ភរិយាបែរជាមើលទៅហាក់ដូចជាមានសេចក្តីសុខត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។

    អ្នកស្រាវជ្រាវអធិប្បាយថា លទ្ធផលនៃការពិនិត្យបានធ្វើឱ្យមើលឃើញនូវការពិតថា នៅពេលភរិយាពេញចិត្តជាមួយនឹងការរៀបការ និងជីវិតបន្ទាប់ពីអាពាហ៍ពិពាហ៍នោះ នាងមានទំនោរក្នុងការធ្វើអ្វីដើម្បីផ្គាប់ចិត្តស្វាមីច្រើនឡើង ដែលវានឹងហុចផលវិជ្ជមានដល់ជីវិតរបស់ស្វាមី។

    អ្នកស្រាវជ្រាវបានបញ្ជាក់ថា សេចក្តីពេញចិត្តក្នុងជីវិតអាពាហ័ពិពាហ៍ នឹងនាំឆ្ពោះទៅរកជីវិតគូដែលស្ថិតស្ថេរយូរអង្វែង ដែលនឹងជួយការពារបញ្ហាការឈឺចាប់ខាងផ្លូវចិត្តដែលកើតពីភាពតានតឹងធុញថប់ក្នុងជីវិត ហើយនឹងជួយគូអាពាហ៍ពិពាហ៍ឱ្យអាចចាត់ការឧបសគ្គផ្សេងៗក្នុងជីវិតបានទៀតផង៕
    ដោយ ៖ អ្នកគ្រូ ឆវី

  • ទស្សនាវដ្តីអាសអាភាសល្បីមួយ ទាក់ទងតារាស្រី Sulli ថតអាក្រាត

    ទស្សនាវដ្តីអាសអាភាសល្បីមួយ ទាក់ទងតារាស្រី Sulli ថតអាក្រាត

    បន្ទាប់ពីរឿង “Real” បញ្ចេញឈុតអាក្រាតកាយរបស់តារាឯកស្រី Sulli ហើយមក គេបានកត់សម្គាល់ឃើញថា នាងកាន់តែមានប្រជាប្រិយភាពឡើងមួយកម្រិតទៀត រហូតដល់មានទស្សនាវដ្តីអាសអាភាសដ៏ល្បីល្បាញលំដាប់ពិភពលោកមួយបានទាក់ទងនាងឱ្យថតបង្ហាញម៉ូដអាកា្រតកាយ តែនាងបានចេញមុខមកបដិសេធរឿងនេះ។

    ដំបូងឡើយនោះ ព័ត៌មានដែលបានចេញផ្សាយដោយទស្សនាវដ្តីអាសអាភាសមួយអំពីតារាស្រីរូបនេះ បានឱ្យដឹងថា Sulli អាចនឹងឡើងលើគម្របទស្សនាវដ្តី Playboy ច្បាប់ភាសាកូរ៉េ ដែលនឹងមានរូបភាពសិចស៊ីរោលរាលតិចជាងមុន ហើយនឹងមិនលើសកំណត់ច្បាប់ទស្សនាវដ្តីដូចនៅតាមបណ្ដាប្រទេសលោកខាងលិចទេ។

    គួរបញ្ជាក់ផងដែរថា ខាងក្រុមហ៊ុនផលិតកម្ម SM Entertainment ដែលជាអ្នកគ្រប់គ្រងតារារូបនេះ បានបដិសេធ និងច្រានចោលទាំងស្រុងអំពីព័ត៌មាននេះ ដោយលោក Dong A ជាអ្នកគ្រប់គ្រងបានពោលថា ” យើងកំពុងតែតាមដានរកប្រភពព័ត៌មាននេះ គឺជាកំហុសឆ្គងធ្ងន់ធ្ងរបំផុត”។

    យ៉ាងណាមិញខាងទស្សនាវដ្តី Playboy Korea នៅមិនអាចបំភ្លឺបញ្ជាក់បន្ថែមពីបញ្ហានេះបាននៅឡើយទេ និងដោយឡែកសារព័ត៌មានកូរ៉េ ក៏កំពុងទាក់ទងទៅសូមការបញ្ជាក់ពីតារាស្រី Sulli បន្ថែមទៀតផងដែរ៕

  • ឥណទានអម្រឹត មានកំណើន 11% ក្នុងរយៈពេល 6ខែ

    ឥណទានអម្រឹត មានកំណើន 11% ក្នុងរយៈពេល 6ខែ

    ភ្នំពេញៈ ការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅតែរក្សាបានកំណើនល្អប្រសើរ ជាក់ស្តែងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតសម្រេចបានកំណើន11ភាគរយក្នុងដំណាច់ឆមាសទី1ឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត លោក ជា ផល្លារិន បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី27 កក្កដានេះថា ស្ថានភាពនៃឥណទានរបស់យើងនៅឆ្នាំនេះនៅតែរក្សាបានកំណើនល្អ ដោយទំហំទឹកប្រាក់បានកើនពី594លានដុល្លារកាលពីដំណាច់ឆ្នាំមុនដល់630លានដុល្លារនៅដំណាច់ត្រីមាសទី2ឆ្នាំនេះ ស្មើនឹងកំណើន11ភាគរយ និងប្រាក់បញ្ញើបានកើនពី283លានដុល្លារកាលពីដំណាច់ឆ្នាំមុនមកដល់330លានដុល្លារនៅដំណាច់ឆមាសទី1ឆ្នាំនេះ។

    លោកបន្តថា កម្រិតនៃឥណទានរបស់យើងមិនមានបញ្ហានោះទេទោះបីជាដ្ឋាភិបាលកំណត់ពិដានការប្រាក់ក្តី ប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់ស្ថាប័នរបស់លោកមិនប្រឈមមុខនឹងកង្វះទុនសម្រាប់ធ្វើប្រតិបត្តិការនោះទេ។

    លោក ជា ផល្លារិន បានបន្តថា “ទោះជាមានបញ្ហាខ្លះក្តី ប៉ុន្តែយើងអាចយកប្រាក់ចំណេញពីផ្នែកផ្សេងទៀតមកប៉ះប៉ូវបាន ហើយយើងកំពុងពង្រឹងបុគ្គលិករបស់យើងឲ្យកាន់តែមានសមត្ថភាពដើម្បីធ្វើឲ្យប្រាកដថា ឥណទានដែលយើងបានបញ្ចេញទៅជាឥណទានមានគុណភាព។ សម្រាប់អម្រឹតមិនមានបញ្ហាទេ ប្រសិនជាស្ថិតក្នុងស្ថានភាពដូចសព្វថ្ងៃនេះ”៕

  • អ៉ិន សុភិន សប្បាយស្ទើរហោះជាមួយជ័យជម្នះ ក្រោយពីការប្រកួតដ៏ស្វិតស្វាញ

    អ៉ិន សុភិន សប្បាយស្ទើរហោះជាមួយជ័យជម្នះ ក្រោយពីការប្រកួតដ៏ស្វិតស្វាញ

    ក្រោយពីជួបគ្នាសងសឹកចំនួន 2 លើក រវាងក្រុមតារាសម្ដែងក្នុងផលិតកម្មមហាហង្ស និង ក្រុមកីឡាករបាល់ទាត់បុរីរិទ្ធិដែលទទួលបានលទ្ធផលស្មើគ្នាទាំងពីរលើករួចមក កាលពីថ្ងៃទី26 ខែកក្កដាកន្លងទៅនេះក្រុមទាំងពីរនេះបានជួបគ្នាជាលើកទី3 ដោយក្រុមតារាសម្តែងរបស់ផលិតកម្មមហាហង្សបានទទួលជ័យជម្នះក្នុងលទ្ធផលទទួល 4 – 3 ដែលធ្វើឱ្យលោក អ៉ិន សុភិន លោតកញ្ជ្រោលដោយក្តីត្រេកអរយ៉ាងខ្លាំងក្រោយពេលបញ្ចប់ការប្រកួត។

    វាពិតជាគួរឱ្យចាប់អារម្មណ៍ជាខ្លាំងក្នុងការប្រកួតពេញរយៈពេល 90នាទីនៅលើទីលានពហុកីឡដ្ឋានវេស្ទើននៅម្ដុំទួលគោកដែលកីឡាករទាំងអស់បានប្រឹងបញ្ចេញសមត្ថភាពរៀងៗខ្លួនខណៈក្រុមទាំងពីរនេះជួបធ្វើការសងសឹកគ្នា។

    លោក អ៉ិន សុភិន ជាអ្នកដឹកនាំក្រុមតំណាងឱ្យផលិតកម្មមហាហង្ស ដែលត្រូវគេឃើញលោតកញ្ជ្រោលសម្ដែងនូវអារម្មណ៍រីករាយជាខ្លាំងគ្រាដែលក្រុមរបស់លោកយកឈ្នះលើក្រុមបុរីរិទ្ធិ 1គ្រាប់នៅតង់ទីពីរបានថ្លែងប្រាប់ដោយក្តីរំភើបថា លោកបានរៀបចំក្រុមតារាសម្ដែងត្រៀមចូលរួមប្រកួតបាល់ទាត់លើកនេះប្រមាណជា 3 ខែមកហើយ។

    លោកបានអះអាងថា ក្រុមទាំងពីរជួបប្រកួតគ្នា 2លើកមកហើយ ដោយទទួលបានលទ្ធផលស្មើគ្នាទាំង 2 លើក ដោយលើកទី 1ទទួលបានលទ្ធផល 1ស្មើ ទើបធ្វើឱ្យក្រុមទាំង 2 មិនអស់ចិត្ត និងបានសុំជួបសងសឹកជាលើកទី 2 ហើយលទ្ធផលនៅតែរក្សាការស្មើដូចមុនដដែល គឺ 2ទល់នឹង2 អ៊ីចឹងហើយទើបធ្វើឱ្យក្រុមបុរីរិទ្ធិរឹតតែមិនអស់ចិត្ត ហើយសុំប្រកួតសងសឹកជាថ្មីម្ដងទៀត ដោយកំណត់យកថ្ងៃទី26 ខែកក្កដា នេះឯង។

    ចាងហ្វាងផលិតកម្មរូបនេះបញ្ជាក់ថា ទោះបីជាទទួលបានលទ្ធផល 4ទល់នឹង 3ក៏ដោយ តែខ្ញុំចាត់ទុកថា ជាមោទនភាពរបស់ក្រុមយើង ព្រោះក្រុមបុរីរិទ្ធិជាក្រុមមួយដែលខ្លាំង យើងអាចដឹងសមត្ថភាពពួកគាត់តាមរយៈការប្រកួតកន្លងមក។ ម្យ៉ាងលទ្ធផលនេះយើងទទួលបានមកដោយការខំប្រឹងប្រែង និងការប្រកួតដ៏ស្វិតស្វាញបំផុត»។ លោកបន្ដថា ជ័យជម្នះនេះនឹងធ្វើឱ្យក្រុមរបស់លោកកាន់តែមានមុខមាត់ក្នុងការត្រៀមប្រកួតមិត្តភាពជាមួយក្រុមផ្សេងៗដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន និងសហគ្រាសដូចគ្នា បន្ទាប់ពីបានយកឈ្នះលើក្រុមសប្បាយដែលជាក្រុមល្អមួយផងដែរ។

    ការប្រកួតនាថ្ងៃទី26 កក្កដា ម្សិលមិញនេះមានកីឡាករចូលប្រកួត ដូចជាលោក អ៉ិន សុភិន លោក ភឹម តារាវិបុល លោកហេង នរៈកក្កដា លោកហ៊ូ ប៉ូសេង លោកជា សុវណ្ណនរាហ៍ និង លោកប៉ែន តុលា ជាដើម ដោយក្រៅពីនោះក៏មានតារាសិល្បៈច្រើននាក់ទៀតចូលរួមទស្សនា និងលើកទឹកចិត្តផងដែរ។

    លោក អ៉ិន សុភិន បញ្ជាក់ថា៖ «ទោះបីជាមានការសងសឹកគ្នាដើម្បីយកជ័យជម្នះដែលជាកិត្ដិយសរបស់ក្រុមក៏ដោយ ប៉ុន្ដែការបង្កើតក្រុមកីឡានេះ ខ្ញុំធ្វើឡើងដើម្បីជំរុញទឹកចិត្ដយុវជនឱ្យចូលរួមលេងកីឡាដើម្បីសុខភាពតែប៉ុណ្ណោះ»។ លោកបន្ដថា ក្រៅពីទេពកោសល្យ និងរូបសម្រស់ហើយ កាយសម្បទា និងសុខភាពល្អក៏ជាកត្តាសំខាន់ដែលជំរុញឱ្យតារាសិល្បៈទទួលបានប្រជាប្រិយភាពខ្លាំងដែរ។

    ដូច្នេះក្នុងនាមលោកជាថ្នាក់ដឹកនាំផលិតកម្មមួយរូបលោកត្រូវតែពង្រឹងសមត្ថភាព និងជំរុញតារាសម្ដែងទាំងអស់ឱ្យចេះថែរក្សាសម្រស់ឱ្យបានស្រស់ស្អាត សង្ហា និងជាពិសេសមានសុខភាពល្អ៕

  • Mark Zuckerberg ៖ គ្រប់គ្នាគួរជួយប្រទេសរបស់ខ្លួន ទោះបីជាអ្នកមានតួនាទីជាអ្វីក៏ដោយ

    Mark Zuckerberg ៖ គ្រប់គ្នាគួរជួយប្រទេសរបស់ខ្លួន ទោះបីជាអ្នកមានតួនាទីជាអ្វីក៏ដោយ

    លោក Mark Zuckerberg ត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានឥទ្ធិពលម្នាក់ក្នុងពិភពលោក ព្រោះបណ្តាញសង្គមដែលគាត់បានបង្កើតជាបណ្តាញដែលជួយដល់មនុស្សច្រើនបំផុតលើលោកយើងនេះ។

    ផ្តើមចេញពីនិស្សិតនៃសាកលវិទ្យាល័យ Harward លោកបានបង្កើតបណ្តាញសង្គម Facebook ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលខណៈរូបលោកផ្ទាល់សន្យាក្នុងចិត្តថា លោកនឹងបញ្ចប់សញ្ញាបត្រពីសាកលវិទ្យាល័យល្បីនេះឱ្យបានបើទោះបីជាលោកបានចាកឆ្ងាយសាលាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។

    គំនិត និងគំរូល្អរបស់សហគ្រិនលំដាប់ពិភពលោករូបនេះ បានធ្វើឱ្យមនុស្សជាច្រើនកត់ត្រាទុក រហូតអ្នកខ្លះយកមកសរសរជាសៀវភៅ អ្នកខ្លះយកជាក្បួនធ្វើអាជីវកម្ម ជាក្បួនសម្រាប់ការរស់នៅ និងមានស្ថាប័នអប់រំខ្លះក៏បានអញ្ជើញរូបគាត់ឱ្យទៅចែករំលែកគំនិតដល់និស្សិតរបស់ខ្លួនផងដែរ។

    ថ្មីៗនេះ លោក Mark Zuckerberg បានសរសេរនៅក្នុងបណ្តាញសង្គមរបស់លោកថា៖ «អ្នកគ្រប់គ្នាគួរជួយសង្គមរបស់ខ្លួន ទោះបីជាអ្នកមានតួនាទីជាអ្វីក៏ដោយ (Everyone should be able to serve their country — no matter who they are.)»។

    គំនិតមួយនេះ ជាចំណុចមួយដែលអាចដាស់មនុស្សលើពិភពលោកឱ្យបានឃើញពីតម្លៃខ្លួនឯង ក្នុងនាមជាប្រជាជននៃប្រទេសមួយ។ មិនថាលក្ខខណ្ឌណាក៏ដោយ ឬអ្នកជាអ្នកណាក៏ដោយ ជានិស្សិត ជាបុគ្គលិកធម្មតា ជាអ្នកជំនួញ ជាអ្នកធ្វើការក្នុងស្ថាប័នសំខាន់ៗ ឬជាអ្នកសម្រេចចិត្តក្នុងសង្គមនោះទេ អ្នកគួរតែប្រើគ្រប់លទ្ធភាពរបស់ខ្លួនដើម្បីជួយដល់សង្គមរបស់ខ្លួន ព្រោះថាទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ អ្នកនៅតែអាចជួយប្រទេសរបស់ខ្លួនបាន ប្រសិនបើអ្នកចង់ជួយ។

    ការជួយសង្គម មិនមែនទាល់តែជួយដល់មនុស្សច្រើន ឬជួយការពារសង្គមទាំងមូលទើបរាប់ថាជាការជួយសង្គមនោះទេ។ ការគោរពច្បាប់ ការខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាធនធានមនុស្សខ្លាំងក្នុងសង្គម ការផ្សព្វផ្សាយពីអំពើល្អ ការបង្កើតសមិទ្ធផលថ្មីៗ និងការជួយក្នុងកិច្ចការងារសង្គមនានា សុទ្ធតែជាសកម្មភាពដែលគ្រប់គ្នាអាចធ្វើបាន។ ហេតុនេះការចាប់ផ្តើមជួយខ្លួនឯងឱ្យបានល្អបំផុត ក៏រាប់ថាជាការជួយសង្គមបានដែរ ហើយមិនចាំបាច់រង់ចាំថ្ងៃណានោះទេ សូមចាប់ផ្តើមពីថ្ងៃនេះ ដើម្បីត្រៀមខ្លួនជាប្រជាជនល្អរបស់ប្រទេសរបស់ខ្លួន និងជាសមាជិកល្អម្នាក់របស់ពិភពលោក៕