Category: សង្គម និងសេដ្ឋកិច្ច

  • ផ្សារទំនើបខ្នាតយក្សមួយទៀតមកពីកូរ៉េខាងត្បូងត្រៀមដំណើរការនៅកម្ពុជា

    ផ្សារទំនើបខ្នាតយក្សមួយទៀតមកពីកូរ៉េខាងត្បូងត្រៀមដំណើរការនៅកម្ពុជា

    ភ្នំពេញ៖ បន្ទាប់ពីមានវត្តមានផ្សារទំនើបល្បីៗបានមកបណ្តាក់ទុនជាបន្តបន្ទាប់នៅកម្ពុជាដូចជា ផ្សារ AEON​ ផ្សារ Makro Cambodia ដែលបាននិងកំពុងមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំងនោះឥឡូវនេះផ្សារទំនើបខ្នាតយក្សដែលជាប់កំណត់ត្រាពិភពលោកប្រសើរបំផុតបានត្រៀមចូលមកដំណើរការនៅលើទីផ្សារកម្ពុជាមួយទៀតហើយ។

    កាលពីម្សិលមិញនេះផ្សារទំនើបខ្នាតយក្ស EMART ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Shinsegac Group នៃសាធារណរដ្ឋកូរ៉េតំណាងដោយលោក Lee Gab Soo នាយកប្រតិបត្តិនៃក្រុមហ៊ុន EMART បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Royal Group តំណាងដោយអ្នកឧកញ៉ា គិត ម៉េងក្រោមអធិបតីភាពឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដើម្បីត្រៀមដំណើរការនៅកម្ពុជា។

    ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍​ថា អនុស្សារណៈ​យោគ​យល់នេះគឺ តំណាងឱ្យវឌ្ឍនភាពថ្មីនៃទំនាក់ទំនងសេដ្ឋកិច្រវាងព្រះ​រាជា​ណា​​ចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ដោយក្នុងរយៈពេលជាង2ទសវត្សរ៍កន្លងមកនេះកម្ពុជាបានរីករាយជាមួយនឹងផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដែលសម្រេចបានក្នុងរង្វង់ 7% ជារៀងរាល់ឆ្នាំ។ តាមរយៈវឌ្ឍនភាពសេដ្ឋកិច្ចកម្រិតនេះបានផ្តល់ឱកាសដល់ប្រជា​ជនកម្ពុជាក្នុងការទទួលបានផលិតផល និងសេវាកម្មស្ទើរគ្រប់ប្រភេទ រួមទាំងបទពិសោធនៃការទិញទំនិញថ្មីៗដែលក្រុមហ៊ុន EMART
    នឹងផ្តល់ជូនអតិថិជនកម្ពុជាទូទាំងប្រទេស។

    ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះក្រុមហ៊ុន EMART ដែលសម្រេចបានកំណត់​ត្រាប្រសើរបំផុតក្នុងការបំពេញប្រតិបត្តិការរបស់ខ្លួនចាប់តាំងពីឆ្នាំ1990 និងមានជំនឿយ៉ាងមុតមាំថា ជាមួយនឹង​បទពិសោធរឹងមាំក្នុងការចែកចាយ និងធ្វើទីផ្សាររបស់ក្រុមហ៊ុន EMART ព្រមទាំងការដឹកនាំក្នុងវិស័យជាច្រើនរបស់ Royal Group ការចាប់ដៃគូរវាងក្រុមហ៊ុនទាំងពីរនឹងផ្តល់អត្ថប្រយោជន៍ពិតប្រាកដចំពោះទីផ្សារកម្ពុជាតាមរយៈការនាំមកនូវបទពិសោធជំនាញបណ្តាញទីផ្សារទំនើប និងកម្រិតខ្ពស់បែបច្នៃប្រឌិតព្រមទាំងឱកាសការងារដ៏សម្បូរបែបដែលនឹងរួមចំណែកដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច។

    គេរំពឹងថា ក្រៅពីចូលរួមជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជាហើយនោះ ផ្សារទំនើបខ្នាតយក្ស EMART នេះអាចនឹងផ្តល់ការងារដល់ពលរដ្ឋខ្មែរបានជាច្រើននាក់ទៀត ទាំងអ្នកមានជំនាញ និងមិនមានជំនាញដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារខ្មែរយើងផងដែរ៕

  • PSG និង Monaco ត្រៀម​ជួប​គ្នាក្នុង​ពាន Champions Trophy នៅ​រាត្រីនេះ

    PSG និង Monaco ត្រៀម​ជួប​គ្នាក្នុង​ពាន Champions Trophy នៅ​រាត្រីនេះ

    ខ្សែប្រយុទ្ធ Neymar នឹង​​មិនមាន​វត្តមានទេ ប៉ុន្តែតា​រា​ឆ្នើម Kylian Mbappe នឹង​មាន​វត្តមាន ខណៈ​ដែល​ក្រុម
    Monaco និង Paris Saint-Germain នឹង​ត្រូវ​ជួប​គ្នា​ក្នុង​ការប្រកួត​​ដណ្តើម​​ពាន Champions Trophy
    ដែល​ជា​យុទ្ធនាការ​​បើក​រដូវកាល​ក្នុងក្រប​ខ័ណ្ឌ​បារាំងនៅលើ​ទឹក​នៃ​ប្រទេសម៉ា​រ៉ុកនៅ​រាត្រីនេះ​​។
    កីឡាករ​​ទាំង​ពីរ​កំពុង​តែ​ស្ថិត​​​ចំកណ្តាល​នៃ​ពាក្យ​ច​ចាម​អារ៉ាម​លើ​ការ​​ដោះដូរកីឡាករនៅ​រដូវក្តៅនេះ
    ស្រប​ពេល​ដែលក្លិប PSG កំពុង​តែ​ត្រៀម​លក្ខ​ខណ្ឌ​រួច​រាល់​ក្នុងការ​​ទិញ​ខ្សែ​ប្រយុទ្ធ Neymar ពីក្លិប Barcelona
    ហើយ​ក្លិប Monaco កំពុង​តែ​រក្សា​ជំហរ​របស់​ខ្លួន​ទៅ​លើ​​តា​រាឆ្នើម​វ័យ​ក្មេង Mbappe​។ ប៉ុន្តែ
    បើ​ទោះបី​មាន​ការ​លេច​ឮជាច្រើន​ថា ក្លិប PSG កំពុង​តែ​ត្រៀម​ចំណាយ​ប្រាក់​ដល់​ទៅ​​222​លាន​អឺ​រ៉ូ
    (ស្មើនឹង​261លាន​ដុល្លារ​អាមេ​រិក) ដើម្បី​​ទិញ​រំលាយ​កិច្ច​សន្យា​របស់​ខ្សែ​ប្រយុទ្ធ Neymar ក៏ដោយ
    ប៉ុន្តែតា​​រា​ឆ្នើម​អន្តរ​ជាតិ​ប្រេស៊ី​ល​រូបនេះនៅ​តែ​ស្ថិត​លើ​ទឹក​ដីសហ​រដ្ឋ​អាមេ​រិកជាមួយ​នឹងក្លិប Barcelona
    នៅឡើយនៅ​ពេលនេះ​​។ PSG នឹង​​ធ្វើ​ដំណើរ​ទៅកាន់​ការ​ប្រកួតនេះ
    ក្រោយ​ពីបាន​​ចំណាយពេល​ប្រកួតមិត្ត​ភាព​​មុន​ពេលបើក​រដូវកាល​នៅ​​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេ​រិកហើយខ្សែ​ការ​ពារ Thiago Silva
    ដែល​ត្រូវ​បាន​ប្រធានក្លិប​បង្ខំ​​ឲ្យ​ឆ្លើយ​សំណួរ​ជាច្រើន​ទាក់​​ទងនឹងមិត្ត​​រួម​ជាតិ​ប្រេស៊ីល​របស់​គេកាល​ពីថ្ងៃ​សុក្រ​នោះ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ដឹង​ថា វា​ពិត​ជា​សំខាន់​ណាស់ពីព្រោះ​ខ្ញុំ​បាន​លេង​ជាមួយ​នឹង​គេ​ក្នុង​កម្រិត​អន្តរ​ជាតិ​។ ប៉ុន្តែ ពេល​នេះវា​មិនមែន​ជា​ពេល​វេលា​ដ៏ល្អ​ក្នុង​ការ​ពិភាក្សា​ទៅ​លើ​បញ្ហា​នេះទេ។ យើងមាន​ការ​ប្រកួតមួយនៅថ្ងៃ​សៅរ៍
    ហើយក្រោយ​ពីការប្រកួតនេះ យើងនឹង​អាច​ធ្វើការ​ពិភាក្សា​លើ​បញ្ហា​នោះបាន​»​​។
    ខ្សែ​ការ​ពារ​រូបនេះ​បានប្រាប់​បន្ត​ថា៖ «គ្រប់​គ្នា​ដឹង​ពីអ្វី​ដែល​ខ្ញុំ​គិត​អំពី Neymar​​។ រូបគេ​ជាមិត្ត​ភក្តិ​របស់​ខ្ញុំយើង​បាន​លេង​ជា​មួយ​គ្នា​ក្នុងកម្រិតអន្តរ​ជាតិ​អស់​រយៈ​ពេល​7​ឆ្នាំ​មក​ហើយ​។
    យើង​មាន​ទំនាក់​ទំនង​យ៉ាង​បើក​​ចំហ​។ នេះ​ជា​ពេល​វេលា​ដែល​រូប​គេ​ត្រូវ​តែ​សម្រេច​ចិត្ត​»​​។
    ការ​ប្រកួត​នេះ​នឹង​ចាប់ផ្តើមនៅម៉ោង​2ទៀប​ភ្លឺ​ (ម៉ោងនៅកម្ពុជា)​៕

  • ឡូយម៉ង់! មានតែកម្មវិធីនេះ អស់បារម្ភរឿងច្បាប់ចរាចរណ៍ផ្លូវគោក

    ឡូយម៉ង់! មានតែកម្មវិធីនេះ អស់បារម្ភរឿងច្បាប់ចរាចរណ៍ផ្លូវគោក

    គ្មានអ្វីត្រូវបារម្ភទៀតទេ សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដើម្បីបង្កើនចំណេះដឹងផ្នែកទ្រឹស្តីនៃច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋាននានា ជាមួយនឹងកម្មវិធីទូរស័ព្ទរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទើបដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។

    កម្មវិធីនេះមានឈ្មោះថា Cambodia Driving Rules ដោយត្រូវបានក្រសួង បង្កើតឡើងសម្រាប់បង្កើនចំណេះដឹងផ្នែកចរាចរណ៍ផ្លូវគោក ដែលក្នុងកម្មវិធីនេះមាន 4 ផ្នែកធំៗ។

    ទី 01 ផ្នែកទ្រឹស្ដីនៃការបើកបរ៖ ដោយនៅផ្នែកនេះ អ្នកប្រើប្រាស់អាចចូលទៅមើលច្បាប់ចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ផ្សេង វិធីសង្រោះបន្ទាន់ លក្ខណៈបច្ចេកទេសយានយន្ត ការផ្ទុកមនុស្ស និងទំនិញ រួមនឹងចំណេះដឹងទូទៅជាដើម។

    ទី 02 ផ្នែក ច្បាប់ និងលិខិតបទដ្ឋាន៖ ចំណុចនេះ ក្រសួងបានដាក់បញ្ចូលនូវច្បាប់ផ្សេងៗដែលទាក់ទងនឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផាកពិន័យ ការគ្រប់គ្រងការកែច្នៃ ការកំណត់ល្បឿនជាដើម។

    ទី 03 ការប្រឡងសាកល្បង៖ ជាផ្នែកពិសេសមួយសម្រាប់ប្រិយមិត្តដែលចង់ធ្វើការសាកល្បងប្រឡង ឬមានបំណងទៅប្រលងយកបណ្ណបើកបរ នូវប្រភេទបណ្ណទាំង 5 ប្រភេទ។

    ទី 04 ផ្នែកលេងកម្សាន្ត៖ កម្មវិធីនេះ បានផ្ដល់នូវការកម្សាន្តបែបចំណេះដឹង ជាមួយនឹងការសាកល្បងឆ្លើយសំនួរផ្សេងៗ ដើម្បីយកពិន្ទុក សម្រាប់យករង្វាន់ពីក្រសួងរៀងរាល់ចុងសប្ដាហ៍។

    សម្រាប់កម្មវិធីនេះ ប្រិយមិត្តអាចទាញយក និងតម្លើងកម្មវិធីនេះដោយអត់គិតថ្លៃ (FREE Download)
    – App Store (iOS): https://dr.mpwt.gov.kh/ios
    – Play Store (Android): https://dr.mpwt.gov.kh/android៕

  • សម្រស់តារាកូរ៉េ ស្រដៀងនឹងម្ចាស់ក្សត្រិយក្នុងរឿងតុក្កតារបស់ក្រុមហ៊ុន Disney

    សម្រស់តារាកូរ៉េ ស្រដៀងនឹងម្ចាស់ក្សត្រិយក្នុងរឿងតុក្កតារបស់ក្រុមហ៊ុន Disney

    ក្រុមតារាចម្រៀងស្រី Girls’ Generation ត្រូវបានកត់សម្គាល់ឃើញថា មានសម្រស់ស្រស់ស្អាតដូចជាម្ចាស់ក្សត្រិយនៅក្នុងរឿងតុក្កតារបស់ក្រុមហ៊ុន Disney  ហើយប្រសិនបើយើងផ្គូផ្គងរវាងសមាជិកក្រុមចម្រៀងខាងលើនេះ ជាមួយនឹងរូបតុក្កតាផងនោះ គឺអ្នកនឹងបានឃើញថា សម្រស់ពួកនាងពិតជាស្អាតដូចម្ចាស់ក្សត្រិយមែន។

    1.Taeyeon និងម្ចាស់ក្សត្រិយ Aurora នៅក្នុងរឿង Sleeping Beauty

    “ស្អាតណាស់  នាងចូលចិត្តគេងនៅក្នុងប្រាសាទ ហើយនាងមិនដែលបោះបង់ប្រាសាទនោះទេ” មួយឃ្លានេះ គឺជាសម្ដីដកស្រង់ចេញពីរឿង Sleeping Beauty ដែលស័ក្ដិសមទៅនឹងតារាស្រីTaeyeon មែនទែន។

    2.Sunny និងម្ចាស់ក្សត្រិយ Ariel នៅក្នុងរឿង The Little Mermaid

    ជាស្មារតីនៃការស្រឡាញ់ការច្រៀង មានភាពរស់រវើក និងរស្មីដែលនឹងភ្លឺទៅតាមសម្រេចក្ដីស្រមៃរបស់នាង ដូចជាតារាស្រី​ Sunny ម្នាក់នេះអ៊ីចឹងដែរ។

    3.Tiffany និងព្រះនាង Rapunzel នៅក្នុងរឿង Tangled

    តារាស្រីរូបនេះ នាងមានភាពរស់រវើក និងមានការព្យាយាម រហ័សរហួស មានលក្ខណៈស្រដៀងនឹងព្រះនាង Rapunzel។

    4.Hyoyeon និងព្រះនាង Cinderella នៅក្នុងរឿង Cinderella

    Hyoyeon ​ដូចជាព្រះនាង Cinderella នៅពេលដែលនាងរាំនៅពេលរាត្រីដែលមានព្រះអង្គម្ចាស់ជាច្រើនលង់ស្នេហ៍នឹងសម្រស់នាង។

    5.Yuri និងព្រះនាង Jasmine នៅក្នុងរឿង Aladdin និងចង្កៀងទិព្វ

    តារាចម្រៀងស្រី Yuri ជាតារាចម្រៀងមានចិត្តទូលាយ និងគំនិតបើកចំហសម្រាប់មនុស្សជុំវិញខ្លួន ព្រមទាំងមានភាពម្ចាស់ការលើខ្លួនឯងទៀតផង។

    6.Sooyoung និងព្រះនាង Tiana នៅក្នុងរឿង The Princess and the Frog

    នាងជាតារាស្រីដែលចូលចិត្តបំពេញសេចក្ដីត្រូវការរបស់ខ្លួនឯង ដូចជាអាហារដែលនាង​ឱ្យនិយមន័យថា អាហារ គឺពិភពលោកឆ្ពោះទៅកាន់ព្រះនាង Tiana។

    7.Yoona និងព្រះនាង Snow White នៅក្នុងរឿង Snow White and the Seven Dwarves

    ភាពទន់ភ្លន់ និងស្នាមញញឹមនៅពេលស្រែកច្រៀង ជាអត្តចរិតរបស់ Yoona ប្រៀបបីដូចជាព្រះនាង Snow White ដែរ។

    8.Seohyun និងព្រះនាង Belle នៅក្នុងរឿង Beauty and the Beast

    ជាចុងក្រោយ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅមានទស្សនាវដ្តីកូរ៉េដ៏ល្បីមួយបានធ្វើការប្រៀបធៀបតារាស្រីរូបនេះ ទៅនឹងព្រះនាង  Belle នៅក្នុងរឿង Beauty and the Beast ដែលមានអត្តចរិតស្រដៀងគ្នា៕

  • ឆ្នាំមុន Smart…ឆ្នាំនេះ Cellcard វ៉ៃយក

    ឆ្នាំមុន Smart…ឆ្នាំនេះ Cellcard វ៉ៃយក

    កាលពីដើមឆ្នាំ 2016 ក្រុមហ៊ុន Smart Axiata បានទទួលឈ្មោះថា ជាក្រុមហ៊ុនដែលមានបណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា ដែលផ្ដល់ដោយស្ថាប័ន Ookla ដែលជាម្ចាស់នៃគេហំទំព័រ Speedtest.net ក្នុងចំណោមក្រុមហ៊ុនបណ្ដាញទូរស័ព្ទធំៗក្នុងស្រុក។ ប៉ុន្តែឆ្នាំ 2017 នេះ តំណែងជើងឯកមួយនេះបានធ្លាក់ទៅលើក្រុមហ៊ុន Cellcard ក្រោយពីក្រុមហ៊ុនមួយនេះបន្តពង្រីកតំបន់សេវាខ្លួនកាន់តែខ្លាំងជាងមុន។

    ក្រុមហ៊ុន Cellcard បានប្រកាសកាលពីថ្ងៃទី26 ខែកក្កដា ឆ្នាំ2017 នេះថា ខ្លួនបានគ្រងតំណែងជាក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជា ដោយឈ្នះពានរង្វាន់ Ookla Speedtest Award ដែលជាពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ2017 កន្លងទៅ លើល្បឿនអ៊ីនធើណិតជាមធ្យម 13.81 Mbps (ល្បឿនអាប់ឡូតជាមធ្យម 11.91Mbps និងល្បឿនដោនឡូត 14.77 Mbps)។

    សេចក្ដីសម្រេចមួយនេះបានចេញក្រោយពេលដែល Cellcard បានពង្រីក និងកែលម្អគុណភាពសេវារបស់ខ្លួន ដោយបង្កើនចំនួនទីតាំងអង់តែន 4G ពី200អង់តែនក្នុងឆ្នាំ2016 កើនរហូតដល់2000អង់តែននាពេលបច្ចុប្បន្ន និងគ្រោងបង្កើនរហូតដល់ 3000 អង់តែនក្នុងដំណាច់ឆ្នាំនេះ។ ស្ថាប័ន Ookla បានធ្វើការប្រៀបធៀប ល្បឿនពីអ្នកប្រើប្រាស់លើកម្មវិធីតេស្តល្បឿន Speedtest លើប្រតិបត្តិការ iOS និង Android ពីគ្រប់សេវាក្រុមហ៊ុនទូរស័ព្ទទាំងអស់នៅកម្ពុជា។

    Ookla ជាស្ថាប័នឈានមុខគេនៅលើពិភពលោក ក្នុងការធ្វើតេស្តល្បឿនអ៊ិនធើណិតសម្រេចបានដោយសារក្រុមហ៊ុនបានធ្វើការវិនិយោគថ្មីៗបន្ថែមទៀត ទៅលើបច្ចេកវិទ្យាទំនើបក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រោមចក្ខុវិស័យបន្តអភិវឌ្ឍផ្នែកទិន្នន័យអ៊ិនធើណិត ដើម្បីក្លាយជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណិតចល័តល្បឿនលឿនបំផុតនៅកម្ពុជា៕

  • ឈប់ភ័យជាមួយការការពារ Assignment ដោយចាប់ផ្តើមអនុវត្តវិធីសាស្រ្តងាយៗ

    ឈប់ភ័យជាមួយការការពារ Assignment ដោយចាប់ផ្តើមអនុវត្តវិធីសាស្រ្តងាយៗ

    និស្សិតជាច្រើនដែលកំពុងសិក្សានៅមហាវិទ្យាល័យនានា សុទ្ធតែមានបញ្ហាស្រដៀងគ្នាមួយ គឺពួកគេមានភាពភ័យខ្លាចនៅពេលដែលការពារកិច្ចការស្រាវជ្រាវ (Assignment) របស់ខ្លួននៅចំពោះមុខមនុស្សច្រើន។ ភាពភ័យខ្លាចទាំងអស់នោះ កើតចេញពីរឿងផ្សេងៗ ហើយវាទាមទារឱ្យមានវិធីសាស្រ្តដើម្បីទប់ស្កាត់ភាពភ័យខ្លាច ហើយបញ្ចេញឱ្យអស់នូវសក្តានុពលរបស់ខ្លួនឯងនៅក្នុងថ្នាក់។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួន ដែលធ្វើឱ្យអ្នកធ្វើបទបង្ហាញបានល្អ។

    1. អានឱ្យចប់មុនធ្វើបទបង្ហាញ
    អ្នកសិក្សាភាគច្រើនជួបរឿងភ័យខ្លាចព្រោះមិនយល់ច្បាស់ពីអត្ថន័យសំខាន់ដែលមាននៅលើប្រធានបទដែលខ្លួនបានស្រាវជ្រាវឡើង ហេតុនេះជម្រើសល្អបំផុតសម្រាប់ពួកគេ គឺអានឱ្យចប់នូវឯកសារនោះដើម្បីធានាថាយើងបានយល់ច្បាស់ពីប្រធានបទ។ ក្នុងករណីដែលមានចម្ងល់ត្រូវព្យាយាមសួរសមាជិកក្រុមភ្លាម ដើម្បីស្រាវជ្រាវរកចម្លើយចៀសវាងមិនយល់ពេលត្រូវបានគេសួរ។

    2. សាកល្បងធ្វើបទបង្ហាញត្រៀម
    អ្នកធ្វើបទបង្ហាញដែលល្អជាមនុស្សដែលពោរពេញទៅដោយភាពក្លាហាន និងវោហាស័ព្ទយ៉ាងមានថាមពល ហេតុនេះយើងគួរព្យាយាមឱ្យអស់លទ្ធភាពដើម្បីកសាងសេចក្តីក្លាហានតាមរយៈការធ្វើបទបង្ហាញត្រៀម។ ការធ្វើបទបង្ហាញត្រៀមមុនពេលនិយាយពិតប្រាកដអាចធ្វើឱ្យនិស្សិតមានសេចក្តីក្លាហាន និងមានភាពបត់បែនបានល្អ។

    3. សម្លឹងមើលមនុស្សឱ្យបានគ្រប់គ្នា
    នៅមុនពេលដែលអ្នកចាប់ផ្តើមធ្វើបទបង្ហាញ អ្នកគួរតែមើលទៅមនុស្សគ្រប់គ្នាដែលកំពុងស្តាប់ដើម្បីឱ្យខួរក្បាលអាចទទួលយករូបភាពបានល្អ និងកាត់បន្ថយភាពភ័យខ្លាច។ នៅពេលដែលអ្នកបានមើលមនុស្សសព្វអស់ហើយ អ្នកអាចសម្រួលអារម្មណ៍ ហើយផ្តោតតែលើចំណុចសំខាន់នៃប្រធានបទតែមួយមុខគត់។ ពេលនោះអ្នកនឹងអាចធ្វើបទបង្ហាញដោយមិនសូវមានភាពភ័យខ្លាច ហើយអាចឆ្លើយសំណួរដោយប្រើក្រសែភ្នែកប្រកបដោយភាពជឿជាក់ទៅគ្រប់ជ្រុងនៃអ្នកចូលរួមឬវេទិកា៕

  • ទឹកផ្លែឈើ5ប្រភេទជួយសម្រួលបញ្ហាទល់លាមក

    ទឹកផ្លែឈើ5ប្រភេទជួយសម្រួលបញ្ហាទល់លាមក

    ទទួលទានទឹកមិនគ្រប់គ្រាន់, អាហារដែលទទួលទានជាប្រចាំមិនមានជាតិសរសៃគ្រប់គ្រាន់, រោគសញ្ញានៃជំងឺពោះវៀន, មហារីកពោះវៀនធំ, អង្គុយយូរពេក, ជាតិអាល់កុល, ស្ត្រេស, មានផ្ទៃពោះ, ការប្រើឱសថ, ប្តូររបបអាហារភ្លាមៗ, ជំងឺទឹកនោមផ្អែម ឬ ជំងឺផ្សេងៗមួយចំនួនទៀត អាចជាមូលហេតុដែលនាំឱ្យអ្នកប្រឈមនឹងការកើតអាការទល់លាមក។ សូមកុំគិតថាអាការទល់លាមកជារឿងធម្មតា ប៉ុន្តែត្រូវគិតថារាល់បញ្ហាដែលកើតមានចំពោះសុខភាពអ្នកត្រូវតែប្រញាប់ស្វែងរកដំណោះស្រាយ ហើយបើអ្នកជាមនុស្សម្នាក់ក្នុង ចំណោមមនុស្សមួយចំនួនទៀត ដែលកំពុងមានបញ្ហាទល់លាមកនោះឡារ៉ែន សូមណែនាំឱ្យអ្នកសាកល្បងទទួលទានទឹកផ្លែឈើទាំង5 ប្រភេទដូចខាងក្រោមនេះ៖

    ទឹកផ្លែព្រូន : ផ្លែព្រូន 5ផ្លែ ត្រាំទឹកក្តៅឧណ្ហៗ5នាទី រួចបកសម្បកនិងយកគ្រាប់ចេញ, ទឹកឃ្មុំកន្លះស្រាបព្រាបាយ, ម្សៅ Cumin កន្លះស្លាបព្រា បាយនិងទឹកក្តៅតិចៗ1ពែង ដាក់ចូលក្នុងម៉ាស៊ីនក្រឡុកចូលគ្នា រួចទទួលទាន។

    ទឹកផ្លែសារី: ក្រឡុកផ្លែសារីជាមុនសិន បន្ទាប់មកចាក់ដាក់ចូលកែវរួច សឹមដាក់ទឹកក្រូចឆ្មារ (2ស្លាបព្រាកាហ្វេ) និងអំបិលបន្តិចចូលរួចកូរវាឱ្យរលាយចូលគ្នាមុនទទួលទាន។

    ទឹកផ្លែប៉ោម : ប៉ោមមួយផ្លែចិតសម្បក និងយកគ្រាប់ចេញ, ម្សៅ Fennel កន្លះស្លាបព្រាកាហ្វេ និងទឹកកន្លះពែង ដាក់ក្រឡុកចូលគ្នាជាការស្រេច រួមសឹមយកមកទទួលទាន។

    ទឹកក្រូច : ដោយគ្រាន់តែយកសាច់ក្រូចទៅច្របាច់ឬកិនដោយម៉ាស៊ីនក្រឡុក។ មុនពេលទទួលទានគ្រាន់តែបន្ថែមអំបិលបន្តិចហើយកូរវាឱ្យរលាយចូលគ្នានោះអាចទទួលទានបានហើយ។

    ទឹកក្រូចឆ្មារ : យកទឹកក្តៅឧណ្ហៗមួយពែង បន្ថែមក្រូចឆ្មារមួយចំហៀងផ្លែ ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និងម្សៅ Cumin កន្លះស្លាបព្រាកាហ្វេ កូរឱ្យរលាយចូលគ្នាមុនទទួលទាន។

    សូមបញ្ជាក់ថា ផ្លែឈើទាំង5ប្រភេទខាងលើនេះសុទ្ធតែជាប្រភេទផ្លែឈើដែលមានជាតិកាកសរសៃ វីតាមីនC និងជាតិរ៉ែខ្ពស់ អាចជួយដល់ការរំលាយអាហារ ជួយបណ្តេញជាតិពុលចេញមកខាងក្រៅ និងជួយសម្រួលដល់ការធ្វើការរបស់ពោះវៀនធំយ៉ាងល្អប្រសើរ។ ដ្បិតថាទឹកផ្លែឈើទាំងនេះមានសមត្ថភាពក្នុងការជួយសម្រួលដល់អាការទល់លាមកក៏ពិតមែន តែវាក៏អាចផ្តល់នូវលទ្ធផលអវិជ្ជមានមួយចំនូនដែរដូចជា កម្រិតជាតិស្ករក្នុងឈាមកើនឡើង ដែលអាចធ្វើឱ្យមានផលវិបាកសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ហើយសម្រាប់អ្នកដែលមានបញ្ហារលាកពោះវៀនវិញគឺអាចនឹងមានការប៉ះពាល់ខ្លះដែរ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាទាំងពីរប្រភេទដូចរៀបរាប់នេះគួរតែស្វែងរកវិធីនៃការកម្ចាត់បញ្ហាទល់លាមកដោយវិធីផ្សេងវិញល្អជាង។

    ក្រៅពីទឹកផ្លែឈើទាំង5មុខខាងលើនេះហើយ អ្នកក៏គួរតែបន្ថែមសារធាតុអាហារសំខាន់ៗមួយចំនួនទៀតដូចជា ផ្លែឈើ ផ្លែចេក ផ្លែឪឡឹក និងផ្លែល្ហុងជាដើម, បន្លែ ដូចជា (ស្ពៃ ប្រូខូលី ការ៉ុត និងឆៃថាវជាដើម, ប្រូតេអុីន សណ្តែកគ្រប់ប្រភេទ ធញ្ញជាតិ ខ្លាញ់ និងប្រេងអូលីវ) ព្រមទាំងសារធាតុរាវ (ទឹក ទឹកដូង ទឹកដោះគោ និងទឹកផ្លែឈើស្រស់ជាដើម)៕

  • កម្ពុជាមានអ្នកជំពាក់បំណុលធនាគារជាង 2លាននាក់

    កម្ពុជាមានអ្នកជំពាក់បំណុលធនាគារជាង 2លាននាក់

    ភ្នំពេញ៖ នៅក្នុងឆមាសទី1 ឆ្នាំ2017នេះចំនួនទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានកើនឡើង21.8% មានចំនួនជាទឹកប្រាក់126.8ទ្រីលានរៀលដែលគាំទ្រដោយកំណើនមូលនិធិកម្ចីដើមទុនរបស់សាមីគ្រឹះស្ថាន និងប្រាក់បញ្ញើរបស់អតិថិជនដែលនេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗ។

    របាយការណ៍ដែលត្រូវបានចែកផ្សាយនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី1 និងលើកទិសដៅការងារឆមាសទី2 ឆ្នាំ2017នេះបង្ហាញថា មូលនិធិកម្ចីបានកើនឡើង29.5% ដល់12ទ្រីលានរៀល ក្នុងនោះដើមទុនមានកំណើន26%ដល់23.7ទ្រីលានរៀល ប្រាក់បញ្ញើអតិថិជនបានកើនឡើង23.4%ដល់70.8ទ្រីលានរៀល និងឥណទានបានកើនឡើង20.4% ដល់76.5ទ្រីលានរៀល។ ទន្ទឹមនឹងនេះចំនួនអ្នកដាក់ប្រាក់បញ្ញើកើនដល់ 4.8លាននាក់ ហើយចំនួនអ្នកខ្ចីប្រាក់ពីធនាគារមានចំនួនដល់ទៅ 2.6លាននាក់ឯណោះ។

    ដោយសារកំណើននៃការខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះហើយ បច្ចុប្បន្នស្ថាប័នទាំងនេះបានពង្រីកវិសាលភាពដែនសេវាកម្មតាមរយៈការបង្កើនសាខា និងបណ្តាញប្រតិបត្តិការនៅតាមរាជធានីខេត្ត-ក្រុង ការបង្កើនចំនួនម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) និងការផ្តល់សេវាទូទាត់អេឡិចត្រូនិក។ ជាក់ស្តែងសាខា និងបណ្តាញប្រតិបត្តិការ មានចំនួន 2,286 កន្លែង និងម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ស្វ័យប្រវត្តិកើនដល់ 1,722កន្លែង ម៉ាស៊ីន(17.6%) ហើយសេវាផ្ទេរប្រាក់ទូទាត់សងប្រាក់អេឡិចត្រូនិកត្រូវបានប្រើប្រាស់ទូលំទូលាយ និងងាយស្រួលជាងមុន។

    ជាមួយគ្នានេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានរក្សានូវភាពគ្រប់គ្រាន់នៃដើមទុន និងសន្ទនីយភាពយ៉ាងរឹងមាំដែលបង្ហាញតាមរយៈអនុបាតសាធនភាពជាមធ្យមប្រមាណ 23.6% និង22.2% និងអនុបាតសន្ទនីយភាពប្រមាណជា132.1% និង203% រៀងគ្នា។

    បន្ថែមពីនេះ គ្រឹះស្ថានបានគ្រប់គ្រងឥណទានយ៉ាងមានប្រសិទ្ធភាព ដោយរក្សាបាននូវអនុបាតឥណទានមិនដំណើរការមានកម្រិតទាប ជាមធ្យមប្រមាណ2.5%សម្រាប់គ្រឹះស្ថានធនាគារ និង2%សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

    គួរបញ្ជាក់ថា មកទល់បច្ចុប្បន្នកម្ពុជាមានធនាគារពាណិជ្ជចំនួន39 ធនាគារឯកទេស15 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសាធារណជន7 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ66 ប្រតិបត្តិការឥណទានជនបទ267 ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ12 អ្នកដំណើរការតតិយភាគី13 ក្រុមហ៊ុនក្រេឌីតប្យូរ៉ូកម្ពុជា1 ការិយាល័យតំណាងធនាគារឯកទេស6 និងអាជីវករប្តូរប្រាក់មានចំនួន 2,437 ទីតាំង៕

  • រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ លំហូរវិនិយោគលើវិស័យ4 បន្តជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

    រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ លំហូរវិនិយោគលើវិស័យ4 បន្តជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា លំហួរទុនវិនិយោគផ្ទាល់ពីបរទេសលើវិស័យសំខាន់ៗចំនួន4 ដែលជាកម្លាំងចលករនៃសេដ្ឋកិច្ចបានជួយ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

    មានប្រសាសន៍នៅក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រចេះថ្មីកាលពីម្សិលមិញ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជម្មបានលើកឡើងថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល អ្វីៗដែលជាបញ្ហាប្រឈមត្រូវបានកាត់បន្ថយ និងជម្នះបានជាជំហានៗ។

    លំហូរនៃការវិនិយោគពីខាងក្រៅលើវិស័យទេសចរណ៍ ផលិតកម្មកសិកម្ម ឧស្សាហកម្ម រួមទាំងវិស័យវាយនភណ្ឌនៅតែបន្ដទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

    ជាមួយនឹងពិធីតែងតាំងនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តីមានជំនឿថា មន្ត្រីនៅទីនេះសុទ្ធតែមានបទពិសោធការងារយូរឆ្នាំគួបផ្សំនឹងសមត្ថភាពជំនាញខ្លាំងច្បាស់ជានឹងសម្រេចបាននូវលទ្ធផលការងារធំៗថ្មីៗជូនអង្គភាពខេត្ត និងក្រសួង និងទទួលបានការគាំទ្រពីមហាជនខ្លាំងមិនខាន។

    ក្រៅពីចំណងសាមគ្គីភាពផ្ទៃក្នុងហើយ ចំណុចសំខាន់មួយទៀតដែលមិនអាចខ្វះបាន គឺត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការល្អ និងស្អិតល្មួតជាមួយគ្រប់ស្ថាប័ន អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ និងគោរពតាមការចង្អុលណែនាំរបស់ក្រុមប្រឹក្សាខេត្ដ គណៈអភិបាលខេត្ដ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងផងដែរ។

    លោក ប៉ែន លីណាត អភិបាលស្តីទីនៃគណៈអភិបាលខេត្តក្រចេះបានជម្រាបពីសកម្មភាព និងលទ្ធផលការងាររបស់ខេត្តក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងផែនការអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងបង្ហាញពីលទ្ធផលបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងស្នាដៃអនុវត្តការងារយ៉ាងល្អរបស់អតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រចេះនាពេលកន្លងមកផងដែរ៕

  • ចាំអង្កាល់ទៀត! ឱកាសសម្រាប់កសិករកម្ពុជាបានមកដល់ហើយ

    ចាំអង្កាល់ទៀត! ឱកាសសម្រាប់កសិករកម្ពុជាបានមកដល់ហើយ

    ភ្នំពេញ – បច្ចុប្បន្នកសិករកម្ពុជាជាច្រើនកំពុងតែព្រួយបារម្ភអំពីកសិផលរបស់ខ្លួនពិបាករកទីផ្សារក្រោយពីការប្រមូលផលរួចហើយ យោងតាមព័ត៌មានចេញផ្សាយពីផ្សារម៉ាក្រូ ខេមបូឌា ( Makro Cambodia) ថា ខ្លួនកំពុងតែស្វែងរកកសិករដែលដាំបន្លែ ផ្លែឈើគ្រប់ប្រភេទមកធ្វើជាដៃគូអាជីវកម្ម។

    ប្រភពព័ត៌មានពីទីផ្សារម៉ាក្រូ ខេមបូឌា បានប្រកាសស្វែងរកកសិករដាំបន្លែ ផ្លែឈើគ្រប់ប្រភេទមកធ្វើជាដៃគូអាជីវកម្មដែលគ្រប់គ្រងទាំងការចំណាយ និងគុណភាព។ ព័ត៌មាននេះត្រូវបានគេចាត់ទុកថា ជាដំណឹងល្អបំផុតសម្រាប់ប្រជាកសិករកម្ពុជា ក្នុងការធ្វើការងារដោយផ្ទាល់ជាមួយផ្សារម៉ាក្រូ ខេមបូឌា។ តាមរយៈកិច្ចសហការរវាងកសិករកម្ពុជាដែលមកទំនាក់ទំនងជាមួយផ្សារមានលក្ខណៈស្ដង់អន្ដរជាតិបែបនេះគេមើលឃើញថា វាមានចំណុចល្អច្រើនដែលកសិករនឹងទទួលបានទាំងវិធីរក្សាគុណភាព និងកាត់បន្ថយការកេងចំណេញពីឈ្មួញកណ្ដាលបានទាំងស្រុង ដែលធ្វើឱ្យប្រជាកសិករអាចទទួលបានចំណូលខ្ពស់ក្នុងការចិញ្ចឹមជីវិត និងលើកស្ទួយជីវភាពគ្រួសារ។

    ឯកឧត្ដម អ៊ាង សុផល្លែត ជាអ្នកជំនាញផ្នែកកសិកម្មបានលើកឡើងថា ម៉ាក្រូត្រូវបានគេមើលឃើញថា ជាទីផ្សារមួយតម្រូវឱ្យមានស្ដង់ដារខ្ពស់សម្រាប់កសិផលកម្ពុជា ដូច្នេះកសិករត្រូវតែធ្វើការដាំដុះកសិផលយ៉ាងណាឱ្យស្របតាមអ្វីដែលគេចង់បាន។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ «ខ្ញុំគិតថានេះជាការចាប់ផ្ដើមដ៏ល្អមួយ ខណៈប្រជាកសិករយើងកំពុងតែត្រូវការទីផ្សារចែកចាយកសិផលរបស់គាត់។ ខ្ញុំសូមចូលរួមលើកទឹកចិត្ដដល់ប្រជាកសិករទាំងអស់ឱ្យផលិតកសិផលស្របតាមស្ដង់ដារក្នុងការផ្គត់ផ្ដង់ដល់ទីផ្សារមួយនេះ ដើម្បីធ្វើឱ្យកសិផលរបស់គាត់អាចធ្វើការប្រកួតប្រជែងជាមួយទីផ្សារអន្ដរជាតិបាន»។

    ជាមួយគ្នានេះឯកឧត្ដមបានបន្ដថា នៅពេលកសិករកម្ពុជាមានសមត្ថភាពផ្ដត់ផ្គង់ផលិតផលខ្លួនចូលទៅក្នុងទីផ្សារស្ដង់ដារអន្ដរជាតិបែបនេះហើយ គាត់អាចបង្កើនចំណូលរបស់គាត់បន្ថែម។ ពិសេសគាត់អាចពង្រីកទីផ្សារប្រកួតប្រជែងទៅក្រៅប្រទេសឱ្យកាន់តែមានសកម្មភាពខ្លាំងក្លាថែមទៀត។ ពោលតាមរយៈការចាប់ផ្ដើមនេះនឹងធ្វើឱ្យអនាគតទីផ្សារកសិផលរបស់ពួកគាត់មានពន្លឺល្អ។ ដូច្នេះកសិករត្រូវមានភាពឈ្លាសវៃក្នុងការដាំដុះកសិផលណាដែលត្រូវតាមស្ដង់ដារដែលទីផ្សារម៉ាក្រូទទួលយកបាន។

    ម៉ាក្រូ ជាផ្សារមានលក្ខណៈស្ដង់ដារអន្ដរជាតិត្រូវបានបង្កើតជាលើកដំបូងនៅទីក្រុង Amsterdam នៅក្នុងឆ្នាំ1968 និងបានបន្ដបើកដំណើរការនៅក្នុងប្រទេសជាច្រើនទៀតនៅក្នុងសហគមន៍អឺរ៉ុប។ ក្នុងអំឡុងទសវត្សរ៍1970-1980 ម៉ាក្រូបានពង្រីកមុខជំនួញទៅកាន់សហរដ្ឋអាមេរិក និងអាស៊ី ដោយផ្សារនេះទទួលបានភាពល្បីល្បាញជាខ្លាំងនៅប្រទេសថៃ និងបានចូលមកដល់ប្រទសកម្ពុជាក្នុងឆ្នាំ2017នេះ។

    កសិករ ច័ន្ទ ឌីណា រស់នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាល ដែលដាំដំណាំខាត់ណាបានលើកឡើងទាំងក្ដីរីករាយគ្រាដែលបានដឹងដំណឹងល្អបែបនេះ ព្រោះលោកចាត់ទុកថាជាការបើកផ្លូវសម្រាប់រូបលោក ក៏ដូចជាប្រជាកសិករដទៃទៀតឱ្យអាចស្វែងរកទីផ្សារដ៏ធំក្មុងការចែកចាយកសិផល។

    លោកបញ្ជាក់ថា៖ «នៅពេលមានទីផ្សារដ៏ធំក្នុងការចែកចាយកសិផល ខ្ញុំហាក់មានក្ដីសង្ឃឹម និងលែងព្រួយបារម្ភពីទីផ្សារសម្រាប់ចែកចាយកសិផលដែលខ្ញុំដាំដុះដែលនឹងធ្វើឱ្យខ្ញុំអាចបង្កើនប្រាក់ចំណូលបន្ថែមទៀត។ តាមរយៈការកាត់ផ្ដាច់ការចែកចាយតាមរយៈឈ្មួញកណ្ដាលនឹងធ្វើឱ្យខ្ញុំទទួលបានប្រាក់ចំណេញច្រើនប្រកបដោយស្ថិរភាព»៕