Category: សង្គម និងសេដ្ឋកិច្ច

  • កម្ពុជាខាតបង់ថវិកា200លានដុល្លារក្នុងមួយឆ្នាំដោយសារការជួសជុលផ្លូវ

    កម្ពុជាខាតបង់ថវិកា200លានដុល្លារក្នុងមួយឆ្នាំដោយសារការជួសជុលផ្លូវ

    ភ្នំពេញ៖ យ៉ាងហោចណាស់ទឹកប្រាក់ប្រមាណជា 200 លានដុល្លារត្រូវបានរដ្ឋាភិបាលចំណាយលើការសាងសង់ និងជួសជុលផ្លូវខូចនៅទូទាំងប្រទេសកម្ពុជាដែលភាគច្រើនផ្លូវខូចទាំងនេះបណ្តាលមកពីរថយន្តធុនធំដឹកលើសទម្ងន់ ហើយអាជ្ញាធរមូលដ្ឋានមិនបានចាត់វិធានការទប់ស្កាត់។

    ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្តសាខាសែនសុខ កាលពីសប្តាហ៍មុននេះឱ្យដឹងថា  រាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗបានចំណាយថវិការដ្ឋប្រមាណ200លានដុល្លារ សហរដ្ឋអាមេរិកដើម្បីស្ថាបនា និងជួសជុសផ្លូវឡើងវិញ ក្រោយពីផ្លូវទាំងនោះភាគច្រើនត្រូវបានខូចខាត និងបំផ្លាញដោយសារក្រុមហ៊ុនឈ្មូញគ្រាក់ៗដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់។

    ករណីនេះឯកឧត្តមបានស្នើទៅដល់មន្រ្តីមានសមត្ថកិច្ចរួមនឹងអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្រ្តីប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្តនៅគ្រប់បណ្តាផ្លូវជាតិទាំងអស់ត្រូវយកចិត្តទុកដាក់ទប់ស្កាត់អំពើអសកម្មទាំងនេះដើម្បីកុំឱ្យឈ្មួញដឹកទំនិញលើសទម្ងន់បង្កការខូចខាតផ្លូវបណ្តាលឱ្យខាតបង់ថវិការដ្ឋច្រើនសន្ធឹកសន្ធាប់បែបនេះទៀត។ ហើយឯកឧត្តមក៏បានអំពាវនាវផងដែរ ទៅដល់ឈ្មួញដឹកទំនិញចេញចូលក្នុងប្រទេស ធ្វើយ៉ាងណាកុំដឹកលើសទម្ងន់ និងត្រូវចូលរួមថែរក្សាផ្លូវដើម្បីទុកប្រើប្រាស់ឱ្យបានយូរអង្វែង ចៀសវាងក្រសួងចំណាយលុយច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំដូច្នេះទៀត៕

     

  • អៀង លីនដា៖ យុវជន​ឆ្នើម ​គឺជាអ្នកដែលមាន​គំនិត​ផ្តួចផ្តើមសម្រាប់អ្វីដែល​ថ្មី

    អៀង លីនដា៖ យុវជន​ឆ្នើម ​គឺជាអ្នកដែលមាន​គំនិត​ផ្តួចផ្តើមសម្រាប់អ្វីដែល​ថ្មី

    សង្គម​ និង​យុវជន​ប្រៀប​បាន​ទៅនឹង​បេះដូង ​និង​សរសៃ​ឈាម​ដែល​តភ្ជាប់​គ្នា​ឥត​ដាច់​ក្នុងការ​ទ្រទ្រង់​ដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គម​ជាតិ​ឱ្យមាន​ភាព​ល្អ​ប្រសើរ​ឡើង។ ភាពជា​យុវជន​ឆ្នើម​មាន​សារៈ​សំខាន់​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​សង្គម​ ព្រោះ​គុណភាព​នៃ​ធនធាន​មនុស្ស គឺ​ប្រៀបបាន​ទៅ​នឹង​ទ្រព្យ​សម្បត្តិ​មហាសាល​ដែល​អាច​ប្រើប្រាស់​បាន​ដោយ​មិន​ចេះរីងស្ងួត។ កាលណា​ប្រ​ទេស​​ជាតិ​មួយ​មាន​ភាព​សម្បូរ​បែប​ទៅ​លើ​យុវជន​ឆ្នើម​នោះ​ពិតជា​ធ្វើ​ឱ្យ​សង្គម​ជាតិ​មាន​កម្លាំង​ស្នូល​ប្រកប​ទៅ​ដោយ​គុណភាព​ខ្ពស់​ក្នុង​ការ​ផលិត​នូវ​សមិទ្ធផល​គំនិត​យ៉ាង​សម្បូរ​បែប​ក្នុងការ​ជំរុញ​ដល់​សង្គម​ឱ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ។

    កញ្ញា អៀង លីនដា គ្រូបង្វឹកនៃ​កម្មវិធី The Perspectives Cambodia និងជាម្ចាស់​ពាន​រង្វាន់​អ្នក​បន្ត​វេន​រដូវ​កាល​ទី3 នៃ​វិទ្យាស្ថាន​សាធាណរដ្ឋ​អន្តរជាតិ(IRI) បាន​បង្ហាញ​ថា ភាពជា​យុវជន​ឆ្នើម​ត្រូវតែ​ជា​មនុស្ស​ដែល​រឹងមាំ​ហើយ​ហ៊ាន​ធ្វើការ​សម្រេច​ចិត្ត​សម្រាប់​ជា​គំរូ​ដល់​អ្នក​ដទៃ។ លក្ខណៈ​ពិសេស​មួយទៀត​សម្រាប់​យុវជន​ឆ្នើម ​គឺមាន​គំនិត​ផ្តួចផ្តើម​សម្រាប់​អ្វីដែល​ថ្មី ហើយ​មាន​ប្រយោជន៍​សម្រាប់​​អភិវឌ្ឍ​ដូចជា​ការលើក​ទឹកចិត្ត​ឱ្យ​ស្ត្រី​ចូលរួម​នៅក្នុង​វិស័យ​ដឹកនាំ​ ឬ​ផ្លាស់ប្តូរ​ការ​គិត​អវិជ្ជមានសម្រាប់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ជាដើម។ សម្រាប់​យុវជន​ជា​ពិសេស​ស្ត្រី​កម្ពុជា​ត្រូវ​តែ​ហ៊ាន​ធ្វើ​អ្វីដែល​ខ្លួន​គិតថា​អាច​ធ្វើ​បាន​បើ​ទោះ​បី​ជា​មាន​បុគ្គល​ខ្លះ​គិតថា​​មិន​អាច​ធ្វើបាន​ក៏​ដោយ​អ្វីដែល​សំខាន់​គឺ​ចាប់ផ្តើម​សម្រេច​វា​ឱ្យបាន​ដោយ​ភាពជឿជាក់​លើ​ខ្លួនឯង។

    កញ្ញា​ លីនដា បាន​បង្ហាញ​ថា៖ «ខ្ញុំ​ធ្លាប់​ត្រូវ​គេ​រិះគន់ថា​ជា​ក្មេងស្រី​ដែល​មាន​មាឌ​ល្អិតហើយទាបគ្មាន​ក្រុមហ៊ុន​​ណា​គេ​ជ្រើសរើស​ឱ្យ​ធ្វើ​ការ​នោះទេ​កុំថា​ឡើយ​ស្រមៃ​ចង់​ក្លាយជា​មេដឹកនាំ តែខ្ញុំនៅតែ​ជម្នះ​គំនិតទាំងអស់នោះដោយការខិតខំប្រឹងប្រែង ហើយបង្ហាញពីលទ្ធផលវិជ្ជមានជាក់ស្តែង​ទៅកាន់មនុស្សគ្រប់គ្នា»។

    ម្ចាស់ពានរង្វាន់ និងជាអ្នកជំនាញ​និយាយសាធារណៈខាងលើ បានលើកឡើងផងដែរថាការដែលកញ្ញា ចូលរួមក្នុងសកម្មភាពសង្គម និងគ្រប់គ្រងគម្រោងមួយចំនួន​គឺដើម្បីបង្ហាញឱ្យឃើញពី​ភាពវិជ្ជមានមួយសម្រាប់ស្ត្រីកម្ពុជា ថាទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ការមានទំនុកចិត្តលើខ្លួនឯង ហើយចាប់ផ្តើមធ្វើនូវអ្វីដែលថ្មីប្រកបដោយភាពត្រឹមត្រូវនឹងអាចធ្វើឱ្យយើងទទួលបានជោគជ័យទាំងក្នុងការសិក្សា និងការងារ៕

     

  • ណត្ថិយា  អះអាងថា លុយទិញខុនដូបានមកពីមុខរបររបស់នាង

    ណត្ថិយា  អះអាងថា លុយទិញខុនដូបានមកពីមុខរបររបស់នាង

    កញ្ញា ណត្ថិយា មានមហាជនជាច្រើនស្គាល់នាងតាមរយៈការសម្ដែងកាយវិការក្នុងបទចម្រៀង «សន្សំលុយចងដៃអូន» និងបទ «រាំតាមពូ» ដែលជាការបកស្រាយរបស់លោក ខេមរៈ សិរីមន្ដ។ ថ្មីៗនេះបានលេចឮដំណឹងថា ក្រោយពីបានចូលប្រឡូកសិល្បៈមួយប្រាវមក នាងអាចមានលទ្ធភាពទិញខុនដូ នៅម្ដុំផ្សារបឹងត្របែកបានហើយ។

    ក្រោយពីទទួលបានប្រជាប្រិយភាពមួយប្រាវរួចមក ស្រាប់តែបាត់មុខនាងឈឹង។ ធ្វើឱ្យអ្នកគាំទ្រនាងគិតថា នាងទំនងជាបោះបង់ចោលសិល្បៈទៅចាប់យកអាជីវកម្មថ្មីតាមរយៈការបើកហាងសាឡនពេញទំហឹងហើយមើលទៅ  តែផ្ទុយទៅវិញមិនត្រឹមតែនាងមិនបោះបង់ចោលអាជីពសិល្បៈប៉ុណ្ណោះទេ ថែមទាំងមានដំណឹងល្អជាមួយការទិញខុនដូទៀតផង។

    ជាមួយនឹងដំណឹងរីករាយនេះមានអ្នកគាំទ្រនាងជាច្រើនបានសរសើរពីសមត្ថភាពរបស់នាង ដ្បិតអីនាងទើបតែចូលប្រឡូកសិល្បៈបានមួយប្រាវសោះ តែអាចមានលទ្ធភាពទិញខុនដូរស់នៅបាត់ទៅហើយ។

    កញ្ញា ណត្ថិយាបានលើកឡើងថា សូមអ្នកគាំទ្រនាងទាំងអស់កុំមានការយល់ច្រឡំឱ្យសោះទៅលើការទិញខុនដូនេះ ព្រោះវាជាលុយរបស់នាងសុទ្ធសាធ។ នាងបញ្ជាក់ថា៖ «ខ្ញុំទិញវាក្នុងតម្លៃជាង10ម៉ឺនដុល្លារ ហើយលុយទិញខុនដូនេះជាលុយដែលបានមកពីការរកស៊ីធ្វើការរបស់ខ្ញុំនាពេលកន្លងមក។ ពេលសម្រេចចិត្ដទិញខុនដូ  ខ្ញុំបានគិតគូរវែងឆ្ងាយណាស់ ដោយសារទីតាំងនៅចំកណ្ដាលក្រុង ដូច្នេះខ្ញុំមិនបាច់ជួលកន្លែងបើកហាងលក់ផលិតផលអ្វីទេ ខ្ញុំយកកន្លែងរស់នៅធ្វើជាការិយាល័យសម្រាប់ដាក់លក់ផលិតផលតែម្ដង»។

    ជាមួយនឹងការដកខ្លួនមួយរយៈនោះនាងប្រាប់ថា នាងមិនបានឈប់ពីការងារសិល្បៈទេ គ្រាន់តែមួយរយៈមុននាងរវល់រៀបចំរបររកស៊ីឱ្យមានដំណើរការល្អសិន  ដូច្នេះហើយទើបនាងរយាលពុំបានចេញមុខក្នុងសិល្បៈ។ នាងបញ្ជាក់ថា៖ «ហាងសាឡនរបស់ខ្ញុំបានផ្អាកដំណើរការទៅហើយ​ ដោយ​សារ​តែខ្ញុំគ្មានពេលមើលការខុសត្រូវ ព្រោះខ្ញុំរស់នៅភ្នំពេញតែម្នាក់ឯង រីឯបងប្អូនរស់នៅឯខេត្ដបាត់ដំបងទាំងអស់ ចង់ឱ្យពួកគាត់ជួយក៏មិនកើត ដូច្នេះទើបខ្ញុំសម្រេចបិទហាងសាឡននៅភ្នំពេញនេះចោល ហើយទៅបើកហាងលក់បុកល្ហុងនៅឯខេត្ដបាត់ដំបងវិញ»។

    តារាសម្ដែងរូបនេះបន្ដថា ​ទោះបីជានាងបិទហាងសាឡនពិតមែន ប៉ុន្ដែមុខរបរលក់ផលិតផលថែរក្សាសម្ផស្សដែលបានដំណើរការជាយូរមកហើយនោះ  នាងនៅតែបន្ដលក់តាមរយៈ Online ដោយនាងពុំបានបោះបង់ចោលទេ។ រីឯហាងបុកល្ហុង ដែលចំណាយទុនជិតមួយម៉ឺនដុល្លារសម្រាប់ដំណើរការនោះ នាងត្រូវទុកឱ្យបងស្រីរបស់នាងជាអ្នកមើលការខុសត្រូវជំនួស៕

     

  • អាថ៌កំបាំងរូបមន្ដពិសេស ធ្វើឱ្យសក់ភ្លឺរលោងតាមបែបធម្មជាតិ

    អាថ៌កំបាំងរូបមន្ដពិសេស ធ្វើឱ្យសក់ភ្លឺរលោងតាមបែបធម្មជាតិ

    ជឿថា នារីគ្រប់រូបប្រហែលជាចង់បានសរសៃសក់រឹងមាំ មិនបែកចុង ព្រមទាំងទន់ភ្លឺរលោង និងមិនជំពាក់គ្នាមិនខាន ថ្ងៃនេះគេហទំព័រ ឡារ៉េន សូមពាំនាំនូវវិធីសាស្ត្រអាថ៌កំបាំងនៃការថែរក្សាសរសៃសក់ឱ្យមើលទៅមានសុខភាពល្អ ភ្លឺរលោងដោយផលិតផលធម្មជាតិមកជម្រាបជូន។

    – ស្លឹកគ្រៃ គឺជាបន្លែឱសថបុរាណបែបធម្មជាតិ ដែលមាននៅក្នុងផ្ទះបាយរបស់នារីយើងសឹងតែគ្រប់គ្នា ហើយស្លឹកគ្រៃមានប្រយោជន៍ល្អដល់សរសៃសក់យ៉ាងមិននឹកស្មានដល់ទៀតផង។ គុណសម្បត្តិរបស់វា គឺជួយបំប៉នសរសៃសក់ ការពារសក់បែកចុង ការពារមិនឱ្យសក់ជ្រុះដែលនាំឱ្យសក់ស្តើង ជួយឱ្យសក់ទន់ភ្លឺរលោង ស្រស់ស្អាតបែបធម្មជាតិ ដោយសារតែស្លឹកគ្រៃមានសារធាតុចិញ្ចឹម និងសារៈសំខាន់គឺ វីតាមីន C វីតាមីន​ A និងមានសារធាតុផ្សំនៅក្នុងប្រេងក្រអូបសម្រាប់ម៉ាស្សា ដូចជា ជាតិមេនថល និងកាបូនCitrus ជាដើម។

    វិធីធ្វើ៖

    1.យកដើមស្លឹកគ្រៃ(ទាំងគល់ទាំងស្លឹក)មកលាងឱ្យស្អាតចំនួ​ន 3 ដើម។

    2.យកមកបុកឱ្យល្អិត រួចពូតយកតែទឹក។

    3.បន្ទាប់ពីកក់សក់ស្អាតរួចហើយ យកទឹកស្លឹកគ្រៃមកកក់សក់ឱ្យសព្វ ហើយប្រើដៃម៉ាស្សាលើស្បែកក្បាលថ្នមៗ និងទុករយៈពេល 10 នាទី រួចសឹមលាងទឹកចេញ។

     

    វិធីសាស្ត្រនេះ ឡារ៉ែនសូមណែនាំឱ្យធ្វើជាប្រចាំរៀងរាល់ពេលកក់សក់ប្រមាណជា 2 -3 ខែ នោះអ្នកនឹងសង្កេតឃើញថា សក់របស់អ្នកនឹងឡើងទន់ភ្លឺរលោង ហើយរឹងមាំ និងស្រស់ស្អាតបែបធម្មជាតិទ្វេឡើងៗមិនខាន៕

     

     

     

  • ក្រុមហ៊ុនផ្ដល់សេវាអ៊ិនធើណេតចំនួន 3 ត្រូវបាន(ន.ទ.ក)លុបអាជ្ញាប័ណ្ណ

    ក្រុមហ៊ុនផ្ដល់សេវាអ៊ិនធើណេតចំនួន 3 ត្រូវបាន(ន.ទ.ក)លុបអាជ្ញាប័ណ្ណ

    ក្រុមហ៊ុនចំនួន 3 ត្រូវបាននិយតករទូរគមនាគមន៍កម្ពុជា (ន.ទ.ក)លុបអាជ្ញាប័ណ្ណប្រតិបត្ដិការផ្ដល់សេវាទូរគមនាគមន៍ក្នុងទីផ្សារកម្ពុជា ខណៈក្រុមហ៊ុនទាំងនោះធ្វើខុសនឹងលក្ខន្តិកៈបុគ្គលិក និងបទបញ្ជាផ្ទៃក្នុង។

    ន.ទ.ក បានធ្វើសេចក្ដីសម្រេចស្ដីពីការលុបចោលអាជ្ញាប័ណ្ណដែលបានផ្តល់ជូនក្រុមហ៊ុនចំនួន3 រួមមាន៖ លុបអាជ្ញាប័ណ្ណប្រតិបត្ដិការផ្ដល់សេវាទូរគមនាគមន៍តាមប្រព័ន្ធ VSAT ចុះថ្ងៃទី19 ខែមីនា ឆ្នាំ2015 ដែលបានផ្ដល់ជូនក្រុមហ៊ុន Acumen Cambodia Co., Ltd. និងក្រុមហ៊ុន E-Cloud Co., Ltd ប្រតិបត្ដិការផ្ដល់សេវាអ៊ិនធើណេត(ISP) និងអាជ្ញាប័ណ្ណប្រតិបតិ្ដការសេវាសំឡេងតាមរយៈពិធីការអ៊ិនធើណេត(VoIP) ចុះថ្ងៃទី27 ខែមេសា ឆ្នាំ2015 ហើយចុងក្រោយគេ គឺសម្រេចលុបអាជ្ញាប័ណ្ណប្រតិបត្ដិការផ្ដល់សេវាអ៊ិនធើណេត(ISP) និងអាជ្ញាប័ណ្ណប្រតិបតិ្ដការសេវាសំឡេងតាមរយៈពិធីការអ៊ិនធើណេត (VoIP) ចុះថ្ងៃទី02 ខែតុលា ឆ្នាំ2006 ដែលបានផ្ដល់ជូនក្រុមហ៊ុន G-Tell (Cambodia) Investment Group Co., Ltd. (MEGA)។ និយតករទូរគមនាគមន៍កម្ពុជា មិនបានបញ្ជាក់បន្ថែមពីផ្សេងទៀតទេ អំពីដំណើរការនៃរឿងរ៉ាវដែលរហូតឈានដល់ការលុបអាជ្ញាប័ណ្ណប្រតិបត្ដិការទាំងនេះ៕

  • ចិត្តសាស្ត្រទំនាក់ទំនង បង្កើនគុណភាពជីវិតរបស់ប្រជាជនខ្មែរ

    ចិត្តសាស្ត្រទំនាក់ទំនង បង្កើនគុណភាពជីវិតរបស់ប្រជាជនខ្មែរ

    គ្មានមនុស្សណាម្នាក់អាចរស់នៅតែម្នាក់ឯងបានទេនៅលើលោកយើងនេះ ហេតុនេះមនុស្សកើតមកជាមួយនឹងទំនាក់ទំនង តាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ ទំនាក់ទំនងមានសារៈសំខាន់ណាស់ ព្រោះប្រសិនបើ​មនុស្សបង្កើតទំនាក់ទំនងល្អ វានឹងផ្តល់ផលវិជ្ជមាន​មកដល់ខ្លួនយើងយ៉ាងច្រើន ដូចជាសុភមង្គលក្នុងគ្រួសារ ភាពជោគជ័យក្នុងការងារ អាជីវកម្ម និងក្នុងសង្គម តែប្រសិនបើ​យើងមិនមានការប្រុងប្រយ័ត្ន ហើយបណ្តោយឱ្យគ្រប់ទំនាក់ទំនងកើតឡើងដោយភាពមិនល្អវិញ វានឹងអាចបំផ្លាញជីវិតរបស់យើងឱ្យជួបវិបត្តិម្តងហើយម្តងទៀតជាក់ជាមិនខាន។

    ដោយមើលឃើញពីគុណសម្បត្តិនៃការ​ទំនាក់ទំនងនេះហើយ ទើប​ក្រុមយុវជនមួយដែលមានឈ្មោះថា Daily Plus បានបង្កើត​កម្មវិធីបណ្តុះបណ្តាលមួយដែលមានឈ្មោះថា «ចិត្តសាស្រ្តទំនាក់ទំនង» ដើម្បី​ជាទុននៃការពិចារណា ក៏ដូចជាចំណេះដឹង​សម្រាប់ប្រជាជនកម្ពុជាឱ្យ​បង្កើតទំនាក់ទំនងកាន់តែល្អឡើង។

    លោក ពេជ្រ វិសាល ស្ថាបនិករបស់ Daily Plus បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលស្តីពី «ចិត្តសាស្ត្រទំនាក់ទំនង» ត្រូវបានបង្កើតឡើង​ក្នុងគោលបំណង​ផ្តល់ឱកាសឱ្យយុវជន អាចអភិវឌ្ឍ​ខ្លួនឯង​លើផ្នែកទំនាក់ទំនង​ដើម្បីឈានទៅដល់ភាពជាបុគ្គលដែលពោរពេញទៅដោយសមត្ថភាពសម្រាប់ចូលរួមចំណែកជួយដល់សង្គមរបស់យើងទាំងអស់គ្នា។

    លោក វិសាល បានលើកឡើងថា៖ «តាមរយៈសិក្ខាសាលានេះ យុវជន​នឹងមានសមត្ថភាពក្នុងការទំនាក់ទំនងតាមរយៈការទទួលយកចំណេះដឹង គន្លឹះសំខាន់ៗ និងបទពិសោធ​តាមរយៈ​គ្រូបង្វឹក​ដែលមានជំនាញ និងជោគជ័យ​ក្នុងអាជីវកម្ម»។​

    វាគ្មិនដែលបានចូលរួមក្នុងវេទិកាយ៉ាងមានសារៈសំខាន់នេះ មានដូចជាលោកឧកញ៉ា ជា ដែន អគ្គនាយក​ក្រុមហ៊ុនសម្ព័ន្ធ វ៉ា​ន់ សុភី គ្រុប លោកឧកញ៉ា តាំង ណាំស្រ៊ុន អគ្គនាយក​ក្រុមហ៊ុន ហង្សនាគ និងលោក កែវ ឡង់ឌី នាយក​អភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន Baby Outlet Cambodia៕

  • ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5 អបអរភាពជោគជ័យរបស់ខ្លួនក្រោយពីថតបញ្ចប់រឿងចំនួន2

    ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5 អបអរភាពជោគជ័យរបស់ខ្លួនក្រោយពីថតបញ្ចប់រឿងចំនួន2

    បន្ទាប់ពីស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 5 បានផលិតរឿងភាគចំនួន2រឿង គឺរឿង «ចម្ការលាក់ស្នេហ៍» និងរឿង «ជីវិតនាងរចនា» ចប់ជាស្ថាពរហើយនោះ កាលពីថ្ងៃទី29  ខែកក្កដា កន្លងទៅអ្នកគ្រប់គ្រងនៃស្ថានីយទូរទស្សន៍ក៏ដូចជាអ្នកគ្រប់គ្រងការផលិតទាំងអស់បានរៀបចំពិធីជប់លៀងលើកទឹកចិត្ដដល់តារាសម្ដែងគ្រប់ៗគ្នា។

    ក្នុងពិធីនេះគេឃើញសង្កេតឃើញថា ក្រុមតារាសម្ដែងនៅក្នុងរឿងទាំងពីរដែលចូលរួមញ៉ាំអាហារនៅភោជនីយដ្ឋានទន្លេបាសាក់ បានសម្ដែងអារម្មណ៍សប្បាយរីករាយជាខ្លាំង ដើម្បីជាការអបអរដល់ភាពជោគជ័យរបស់ពួកគេក្រោយបញ្ចប់ការងារសម្ដែងទាំងស្រុង។

    មានតារាសម្ដែងជាច្រើនបានលើកឡើងស្រដៀងគ្នាថា គេកម្រឃើញស្ថានីយទូរទស្សន៍ណាដែលចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ដើម្បីរៀបចំពិធីជប់លៀងបែបនេះណាស់។ ជាមួយគ្នានេះដែរពួកគេចាត់ទុកថា វាជាការលើកទឹកចិត្ដដល់ក្រុមការងារផលិតដើម្បីឱ្យពួកគេប្រឹងប្រែងធ្វើការងារនៅរឿងក្រោយៗជាបន្ដបន្ទាប់ទៀតឱ្យបានកាន់តែល្អខ្លាំងបន្ថែមទៀត៕

     

     

     

  • Matic ពិនិត្យ​សុខ​ភាព មុននឹង​ផ្ទេរពីក្លិប Chelsea ​ទៅ Man United

    Matic ពិនិត្យ​សុខ​ភាព មុននឹង​ផ្ទេរពីក្លិប Chelsea ​ទៅ Man United

    ក្លិប​បិសាចក្រហម Manchester United កំពុង​តែ​ស្ថិតយ៉ាងប្រកៀកក្នុង​ការ​ចុះហត្ថលេខា​ជាមួយនឹង Nemanja Matic ពីក្លិបតោ​ខៀវ Chelsea សម្រាប់​តម្លៃ​ខ្លួន​40លាន​ផោន (ស្មើនឹង​52.53​លានដុល្លារ​អាមេ​រិក) ក្រោយពី​ខ្សែ​បម្រើអន្តរ​ជាតិ​ស៊ែ​ប៊ី​រូប​នេះបាន​ត្រួត​ពិនិត្យ​សុខ​ភាពកាលពីថ្ងៃអាទិត្យរួចមក​។ Matic វ័យ​28​ឆ្នាំ នឹងក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​3​របស់​ក្លិប Man United នៅ​រដូវក្តៅនេះ ក្រោយពីការនាំ​យកខ្សែការពារ Victor Lindelof ពីក្លិប Benfica ក្នុង​តម្លៃ​ខ្លួន​31លានផោន និង​ខ្សែ​ប្រយុទ្ធ Romelu Lukaku ពីក្លិប Everton ក្នុង​តម្លៃខ្លួន​75​លាន​ផោន​។ នៅមុនពេល​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល 3-0 លើក្រុម Valerenga ក្នុង​ការ​ប្រកួតមិត្ត​ភាពមុន​បើក​រដូវកាល​របស់​ពួក​គេកាល​ពីថ្ងៃ​​អាទិត្យ លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់ Man United បាន​ឲ្យ​ដឹង​ថា៖ «យើង​កំពុង​តែ​រង់​ចាំនូវ​ព័ត៌​មាន​ផ្សេង​ៗ​។ Matic ​ពិត​ជា​ចង់​ផ្ទេរ​​ខ្លាំង​ណាស់​។ ខ្ញុំ​គិត​ថា យើង​មាន​ឱកាស​មួយ​។ លេខ​31 គឺ​ជា​លេខ​ដែលនៅ​ទំនេរ​​»​។ ការ​​ផ្ទេរ​នេះ មានន័យ​ថា វា​គឺ​ជាលើក​ទី​2​ហើយ​ដែលលោក Mourinho បាន​ទិញ​ Matic ក្រោយ​ពី​ការ​នាំ​យក​រូបគេពីក្លិប Benfica ​ទៅកាន់​ក្លិប Chelsea ​។ Chelsea បាន​ចំណាយ​ប្រាក់​21​លានផោន កាល​ពី​ខែ​មក​រា ឆ្នាំ​2014 ទៅឱ្យក្លិប Benfica ដើម្បី​ចុះ​ហត្ថលេខា​ជាមួយនឹង Matic ជាលើក​ទី​2 នៅ​ឯ​កីឡដ្ឋាន Stamford Bridge​។ Matic មា​ន​តម្លៃ​ខ្លួន​តិច​ជាង​5​លានផោន​ប៉ុណ្ណោះ​កាល​ពី​ខែមករា ឆ្នាំ​2011 នៅពេល​ដែល​រូបគេ​បាន​ចាក​ចេញពីក្លិប Chelsea ទៅកាន់​ប្រទេស​ព័រ​ទុយហ្គាល់ ដើម្បី​បើក​ផ្លូវ​ឲ្យ​ខ្សែការ​ពារ David Luiz ទៅកាន់​ក្រុមតោ​ខៀវ​។

    ខ្សែ​បម្រើ​រូប​នេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​1​គ្រាប់ក្នុងការ​បង្ហាញខ្លួនក្នុងក្រប​ខ័ណ្ឌ Premier League ចំនួន​35​លើក អំឡុង​ពេល​រដូវកាល​ឈ្នះ​ពាន​ឆ្នាំ​2016-2017 របស់ Chelsea ប៉ុន្តែ ក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​ដ៏​សំខាន់​ផង​ដែរ ក្នុង​ពេលក្រុមខ្លួន​ទទួល​ជ័យ​ជម្នះ ក្នុង​ការប្រកួត​ពាន FA Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ លើក្រុម Tottenham កាល​ពី​​ខែ​​មេសា​៕

    ប្រភព​ពី៖ BBC

     

  • ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដាធ្លាក់ចុះជិត10ភាគរយក្នុងឆមាសទី1

    ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដាធ្លាក់ចុះជិត10ភាគរយក្នុងឆមាសទី1

    ភ្នំពេញៈ​ ប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដា ភីអឹលស៊ីបានធ្លាក់ចុះជិត10ភាគរយ ក្នុងដំណាច់​ឆមាសទី1ឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអឹលស៊ី ដែល​ជាធនាគារធំជាងគេនៅកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី31 កក្កដា​នេះថា កាលពីឆមាសទី1ឆ្នាំមុន ប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដា​សម្រេចបានទំហំទឹកប្រាក់59.4លានដុល្លារ ប៉ុន្តែឆ្នាំនេះយើងទទួលបានប្រាក់ចំណេញត្រឹមតែ53.3លានដុល្លារប៉ុណ្ណោះ គឺផលចំណេញបានធ្លាក់ចុះជិត10ភាគរយ។

    លោកបន្តថា “ការថយចុះនូវប្រាក់ចំណេញនេះ គឺដោយសារទំហំឥណទាន​របស់​យើងមិនមានកំណើនខ្ពស់ គឺសម្រេចបានត្រឹម0.73ភាគរយប៉ុណ្ណោះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។ លោកបន្តថា “ការលក់ឥណទានមិនដាច់ និងការថមថយនូវតម្លៃផលិតផលកសិកម្ម ជាផ្នែកសំខាន់នៃការថមថយចុះនូវប្រាក់ចំណេញ និងទំហំឥណទាន”។

    លោក អ៊ិន ចាន់នី បានបន្តថា ជាមួយនឹងការថយចុះនេះ ធនាគារកំពុងគិតគូរផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួនដើម្បីសម្រេចបានកំណើនឡើងវិញ ព្រោះពី​មុនយើងផ្តោតលើកសិកម្មច្រើន។ ធនាគារនឹងផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សារជារឿងចាំបាច់ ប៉ុន្តែមិនមែនជាការថយចេញពីវិស័យកសិកម្មនោះទេ។

    ការថមថយចុះនៃឥណទានរបស់អេស៊ីលីដាមិនឆ្លុះបញ្ចាំងពីវិស័យនេះទាំងមូលនោះទេ ព្រោះយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា កម្រិតឥណទានទូទាំងវិស័យនេះ សម្រេចបានកំណើន18ភាគរយក្នុងឆមាសទី1​ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

     

  • Pique ជួយ​ឲ្យ Barcelona ផ្តួល Real ដើម្បីលើក​ពាន International Champions Cup

    Pique ជួយ​ឲ្យ Barcelona ផ្តួល Real ដើម្បីលើក​ពាន International Champions Cup

    ខ្សែ​ការពារ Gerard Pique បាន​រកគ្រាប់បាល់​ឈ្នះ​ឲ្យក្រុម Barcelona ក្នុង​ពេលប្រកួត​ជាមួយនឹងក្រុម Real Madrid កាលពីព្រឹក​ថ្ងៃអាទិត្យម្សិលមិញ(ម៉ោងនៅកម្ពុជា) ខណៈ​ការ​ប្រកួត​ដែលមាន​ឈ្មោះ​ថា El Clasico នៅលើ​ទឹក​ដីនៃ​រដ្ឋ Miami នេះបានផ្តល់នូវការ​​រំភើបយ៉ាង​ខ្លាំង​។

    ខ្សែ​ការ​ពារអន្តរ​ជាតិ​អេ​ស្ប៉ាញ​រូប​នេះបាន​រកគ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទីពីការ​ស៊ុត​បាល់ពិន័យ​ Free-kick របស់ Neymar នៅនាទីទី​50 ដើម្បី​ជួយ​​ឲ្យក្រុមខ្លួន​ទទួល​ជ័យជម្នះ 3-2 លើក្រុម Real Madrid នៅមុខអ្នក​ទស្សនា​សរុប​ចំនួន​66,014នាក់​នៅ​​ឯកីឡដ្ឋាន Hard Rock​។ ខ្សែ​ប្រយុទ្ធ Lionel Messi ដែល​បាន​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​ឥត​ខ្ចោះក្នុង​រយៈ​ពេលនៃការ​លេង​64​នាទី​របស់​គេនោះ បាន​រក​គ្រាប់​​បាល់បើក​ឆាក ក្រោយ​ពី​លេង​បាន​រយៈពេលត្រឹម​តែ​3​នាទី ហើយ​បន្ទាប់ពីនោះ​ខ្សែ​បម្រើ Ivan Rakitic បាន​បន្ថែមគ្រាប់​បាល់​ទី​2​ភ្លាម​ៗដែរ បន្ទាប់ពីខ្សែការ​ពារ​​របស់ក្រុម Real Madrid ហាក់​ស្ថិតក្នុង​សភាព​ទន់ខ្សោយ​។ ប៉ុន្តែ ក្រុមរ​បស់​លោក Zinedine Zidane បាន​ស្តារ​មុខមាត់​ឡើងវិញ​ភ្លាម​ៗ និង​នៅ​ជិត​បញ្ចប់ការប្រកួតនៃ​តង់​ទី​1 គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Mateo Kovacic និង Marco Asensio បាន​ជួយ​ឲ្យក្រុម​ស្តេចឈុត​ស​មួយនេះ តាម​ស្មើ​វិញ​តែម្តង​។ ទោះបី​ជា​យ៉ាងណា Pique បាន​រកគ្រាប់​បាល់​កាត់សេចក្តី ដើម្បី​ជួយ​​ឲ្យក្រុម Barcelona ឈ្នះពាន​ពីការ​ប្រកួត​មិត្ត​ភាពមុន​បើក​រដូវកាល​មួយនេះ​តែម្តង​។ លទ្ធផលនៃ​ការ​ប្រកួតមិត្ត​ភាព​​មុន​បើក​រដូវ​កាល​នេះ មិន​ជះ​ឥទ្ធិ​ពល​ទៅលើ​កំណត់ត្រា​ជា​រួម​នៃ​ការ​ប្រកួត​ដែល​ឈ្មោះ​ថា El Clasico ឡើយ​រវាងក្រុម​ទាំងពីរនេះ ខណៈ​ដែល Real Madrid បានកត់ត្រា​ជ័យជម្នះ​សរុប​93លើក ហើយ Barcelona ឈ្នះ​91​លើក​៕

    ប្រភព​ពី៖ BBC