Category: សង្គម និងសេដ្ឋកិច្ច

  • ធនាគារស្រូវចំណាយ 1លានដុល្លារក្នុង 1ថ្ងៃ ដើម្បីទិញស្រូវតាមរយៈផ្សារនៅតាមសហគមន៍

    ធនាគារស្រូវចំណាយ 1លានដុល្លារក្នុង 1ថ្ងៃ ដើម្បីទិញស្រូវតាមរយៈផ្សារនៅតាមសហគមន៍

    ភ្នំពេញៈ ធនាគារស្រូវកម្ពុជាបានចំណាយប្រាក់មួយថ្ងៃប្រហែល1លានដុល្លារដើម្បីប្រមូលទិញស្រូវនៅតាមសហគមន៍នានា បន្ទាប់ពីការបង្កើតផ្សារនៅតាមសហគមន៍ដើម្បីប្រមូលទិញស្រូវបាន និងកំពុងរៀបចំដំណើរការ។

    លោកឧកញ៉ា ភួ ពុយ អគ្គនាយកធនាគារស្រូវកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញថា ធនាគារស្រូវក្រោមការសហការផ្តល់ឥណទានពីធនាគារអភិវឌ្ឍន៍ជនបទបាន និងកំពុងចាប់ផ្តើមបង្កើតផ្សារនៅតាមភូមិ និងឃុំនៅតាមបណ្តាខេត្តនាភូមិភាគពាយ័ព្យ ដូចជាពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យមុននឹងពង្រីកទៅកាន់ខេត្តផ្សេងៗទៀត។

    លោកបន្តថា ពីមុនមកកសិករផលិតបានពិបាករកអ្នកទិញ ហេតុនេះទើបយើងត្រូវបង្កើតផ្សារនៅជិតគាត់តែម្តងដើម្បីឲ្យពេលប្រមូលផល ពួកគាត់មានទីផ្សារសម្រាប់លក់ស្រាប់ និងមិនមានការទម្លាក់តម្លៃពីសំណាក់ឈ្មួញនានា។

    លោកឧកញ៉ាបានបន្តថា ផ្សារនៅតាមភូមិ និងឃុំនេះមានគោលដៅសំខាន់ៗចំនួន2 គឺទី1 កាត់បន្ថយថ្លៃដើមនៃការផលិត ទាក់ទងនឹងការប្រើប្រាស់ពូជ ជី ដែលមានតម្លៃទាបជាងមុនដែលធ្វើឲ្យកសិករចំណេញ40ដុល្លារក្នុងមួយហិកតា និងទី2 ចូលរួមកាត់បន្ថយថ្លៃដើមនៅពេលប្រមូលផល ព្រោះកន្លងមកអ្នកមានដីឆ្ងាយៗពីផ្លូវជាតិពិបាករកទីផ្សារ និងត្រូវឈ្មួញទម្លាក់តម្លៃ ប៉ុន្តែតាមរយៈទីផ្សារនៅតាមសហគមន៍នេះ កសិករនឹងទទួលបានផលចំណេញ200ដុល្លារក្នុងមួយហិកតា។

    លោកឧកញ៉ា ភួ ពុយ បានបន្តថា ផ្សារសហគមន៍នេះនឹងមានចំនួន1ឬ2នៅតាមភូមិនីមួយៗអាស្រ័យលើភូមិធំ ឬតូច ហើយការចំណាយប្រាក់លើការប្រមូលទិញកសិផលមានទំហំទឹកប្រាក់1លានដុល្លារអាមេរិក។ ការប្រមូលផលបានចាប់ផ្តើមហើយសម្រាប់ស្រូវរដូវប្រាំង ឬស្រូវបង្កើនរដូវដែលស្រូវនៅរដូវប្រមូលផលនេះមានតម្លៃ1,000រៀលសម្រាប់ស្រូវសើម និង1,200រៀលសម្រាប់ស្រូវស្ងួតក្នុង1គីឡូក្រាម។

    រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម វេង សាខុន បានថ្លែងថា ធនាគារស្រូវរបស់លោកឧកញ៉ា ភួ ពុយ មានទុនពិសេសពីធនាគារអភិវឌ្ឍន៍ជនបទលើការបង្កើតផ្សារនៅតាមសហគមន៍ដើម្បីប្រមូលទិញស្រូវពីកសិករដែលគោលនយោបាយនេះទទួលបានការគាំទ្រពីសម្តេចតេជោហ៊ុន សែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបន្តថា គោលនយោបាយនេះមិនប៉ះពាល់ដល់យន្តការទីផ្សារសេរីនោះទេ ខណៈដែលការប្រមូលផលស្រូវបង្កើនរដូវកំពុងទទួលបានទិន្នផលល្អ និងធ្វើឲ្យកសិករសប្បាយចិត្ត៕

  • Neymar ស្ថិតក្នុងភាពស្ងប់ស្ងាត់ ពេលវិលទៅកាន់ក្លិប Barcelona វិញ

    Neymar ស្ថិតក្នុងភាពស្ងប់ស្ងាត់ ពេលវិលទៅកាន់ក្លិប Barcelona វិញ

    តារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar បានធ្វើដំណើរវិលទៅកាន់ក្លិប Barcelona វិញកាលពីល្ងាចថ្ងៃអង្គារ ខណៈដែលរូបគេបានគេចវេះមិនធ្វើការបកស្រាយណាមួយទៅលើការលើកឡើងផ្សេងៗពីការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកទៅកាន់ក្លិប Paris Saint-Germain ឡើយ។

    ខ្សែប្រយុទ្ធរបស់ក្លិប Barcelona វ័យ25ឆ្នាំរូបនេះបានធ្វើដំណើរចេញពីប្រទេសចិនវិញហើយនៅមុននេះបន្តិច រូបគេបានបង្ហោះរូបភាពវីដេអូនៅលើបណ្តាញសង្គម ដែលហាក់ចង់បង្ហាញថា រូបគេកំពុងតែចេញដំណើរពីអាកាសយានដ្ឋាននៃទីក្រុងដូហា ស្របពេលដែលមានការលើកឡើងផ្សេងៗថា រូបគេអាចនឹងចាកចេញទៅកាន់ក្លិប PSG។ រូបគេនៅតែស្ថិតក្នុងភាពស្ងប់ស្ងាត់ ស្របពេលដែលមានពាក្យចចាមអារ៉ាមជាច្រើនថា រូបគេនឹងចូលរួមជាមួយនឹងក្លិបយក្សរបស់បារាំងដែលកំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការចំណាយប្រាក់222លានអឺរ៉ូ (ស្មើនឹង260លានដុល្លារអាមេរិក) ដែលជាចំនួនទឹកប្រាក់ដ៏សម្បើមមួយក្នុងការរំលាយកិច្ចសន្យារបស់គេនៅឯកីឡដ្ឋាន Camp Nou។

    Neymar ដែលបានស្ថិតក្នុងប្រទសចិនកាលពីថ្ងៃចន្ទ ដើម្បីបំពេញកាតព្វកិច្ចសម្រាប់ម្ចាស់ឧបត្ថម្ភរបស់គេនោះ ក៏បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្តាញសង្គម Instagram ផងដែរ ដោយសរសេរជាភាសាព័រទុយហ្គាល់ថា៖ «ញ៉ាំអាហាថ្ងៃត្រង់នៅពាក់កណ្តាលផ្លូវ»។ ក្នុងរូបភាពវីដេអូមួយផ្សេងទៀតពីក្នុងយន្តហោះដែលNeymar ហាក់បានបង្ហាញថា រូបគេពិតជាបានទៅដល់ទីក្រុង Barcelona ពិតប្រាកដមែន។ ប្រភពព័ត៌មានជាច្រើនបានចេញផ្សាយនៅមុននេះថា រូបគេបានចាកចេញពីប្រទេសចិនទៅកាន់ទីក្រុងដូហា ដើម្បីជួបជាមួយនឹងម្ចាស់កម្មសិទ្ធិរបស់ក្លិប PSG និងទទួលការត្រួតពិនិត្យសុខភាព នៅមុនពេលផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក៕
    ប្រភពពី៖ Sport24

  • ស្ថាប័នពាក់ព័ន្ធដាក់ចេញនូវយុទ្ធសាស្រ្ដធ្វើឱ្យតម្លៃពោតមានស្ថិរភាព

    ស្ថាប័នពាក់ព័ន្ធដាក់ចេញនូវយុទ្ធសាស្រ្ដធ្វើឱ្យតម្លៃពោតមានស្ថិរភាព

    ភ្នំពេញ- ក្រោយពីកើតមានបញ្ហាពាក់ព័ន្ធនៃការធ្លាក់ចុះនូវតម្លៃពោតយ៉ាងគំហុកនៅក្នុងខេត្ដបាត់ដំបងនាពេលកន្លងមក បានធ្វើឱ្យប្រជាកសិករពុំមានការសប្បាយចិត្ដឡើយ។ ថ្មីៗនេះរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានបង្ហាញពីមូលហេតុដែលបណ្ដាលឱ្យតម្លៃកសិផលមួយនេះធ្លាក់ចុះ និងបានដាក់ចេញនូវយុទ្ធសាស្រ្ដមួយចំនួនដើម្បីរក្សាស្ថិរភាពនៃតម្លៃកសិផលមួយនេះឡើងវិញ។

    ឯកឧត្ដម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការធ្លាក់ថ្លៃនៃកសិផលគឺបណ្ដាលមកពីកត្តាជាច្រើនទាមទារឱ្យមានការចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចបញ្ហាតម្លៃកសិផលពោតដែលបានធ្លាក់ថ្លៃយ៉ាងគំហុកនៅខេត្ដបាត់ដំបងនាពាក់កណ្ដាលខែកក្កដា ឆ្នាំ2017 កន្លងទៅនេះជាដើម។ ក្រសួងពាណិជ្ជកម្មក៏បានសហការជាមួយមន្ទីរពាណិជ្ជកម្មចុះដោះស្រាយដោយផ្ទាល់ដើម្បីធ្វើឱ្យតម្លៃពោតមានការកើនឡើងវិញ និងបានកោះប្រជុំភ្លាមៗដើម្បីស្រាវជ្រាវរកពីមូលហេតុ និងបានរកឃើញមូលហេតុ5 យ៉ាងសំខាន់ៗដែលបណ្តាលឱ្យតម្លៃពោតមានការធ្លាក់ចុះ។

    រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា មូលហេតុ5សំខាន់ៗនោះមានដូចជា៖
    1.កត្តាអាកាសធាតុនៅក្នុងឆ្នាំនេះមានភ្លៀងធ្លាក់ច្រើនធ្វើឱ្យកសិករជួបការលំបាកក្នុងការហាលសម្ងួតទិន្នផលពោតរបស់ពួកគាត់។
    2.កត្តាប្រាក់កម្ចី កសិករភាគច្រើនបានកាច់ពោតមុនពេលកំណត់ ដើម្បីយកទៅលក់យកប្រាក់ដើម្បីសងត្រឡប់ទៅធនាគារវិញ។
    3.កត្តាហេដ្ឋារចនាសម្ព័ន្ធ មានការកង្វះខាតឡសម្ងួត ដើម្បីធ្វើការសម្ងួតពោត និងខ្វះខាតឃ្លាំងស្តុកទិន្នផលដើម្បីរក្សាទុកឱ្យបានរយៈពេលយូរ។
    4.កត្តាកម្រៃក្រៅផ្លូវការ ម្ចាស់សៃឡូដែលទិញពោតពីកសិករត្រូវបង់ចំណាយលើសេវាមួយចំនួនជូនមន្រ្ដីពាក់ព័ន្ធនៅតាមច្រកព្រំដែន។
    5.កត្តាលើសបរិមាណនៅប្រទេសថៃក្នុងរដូវប្រមូលផល គឺទិន្នផលរបស់គេពេញប្រៀបនៅក្នុងឡសម្ងួតដែរ ជាហេតុធ្វើឱ្យពាណិជ្ជករថៃមិនអាចទទួលទិញទិន្នផលពោតពីខ្មែរបានច្រើនដូចការគ្រោងទុកបានឡើយ។

    ជាមួយគ្នានេះដែរ ឯកឧត្ដម ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា៖ «ក្រសួងពាណិជ្ជកម្មមានអគ្គនាយកដ្ឋានកាំកុងត្រូលជាសេនាធិការបានសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងធនាគារអភិវឌ្ឍន៍ជនបទបានពិនិត្យ និងធ្វើគោលការណ៍ស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីបញ្ឈប់ការយកកម្រៃលើការនាំចេញកសិផលខ្មែរ។
    ជាងនេះក្រសួងពាណិជ្ជកម្មក៏នឹងចងក្រងជារបាយការណ៍រួមដើម្បីស្នើសុំរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធដើម្បីកាត់បន្ថយចំណាយក្រៅផ្លូវការឱ្យបាន100%»។

    ឯកឧត្ដមបន្ដថា ធនាគារអភិវឌ្ឍន៍ជនបទបានត្រៀមខ្លួននឹងដាក់កញ្ចប់ឥណទានពិសេសរង្វង់ទឹកប្រាក់ 27លានដុល្លារជាមួយអត្រាការប្រាក់រង្វង់ 5-7% ក្នុងមួយឆ្នាំសម្រាប់ធ្វើការជាមួយម្ចាស់សៃឡូ ឬកសិករដែលត្រូវការខ្ចីប្រាក់ដើម្បីទិញកសិផលពោត ឬឡសម្ងួតក្នុងការពង្រីកការស្តុកកសិផលទុក។ ជាមួយគ្នានេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន និងកំពុងធ្វើការសិក្សានូវលទ្ធភាពនៃការបន្ថយពន្ធលើប្រាក់ចំណេញលើកសិផលគ្រប់ប្រភេទ។

    ចំណែកក្រសួងយើងនឹងបន្ដយុទ្ធនាការទិញផលិតផលខ្មែរដើម្បីបំផុសប្រជាពលរដ្ឋឱ្យងាកមករកទិញទំនិញដែលជាកសិផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេសវិញ។

    ឯកឧត្ដមប៉ាន សូរស័ក្ដិ បានបញ្ជាក់នៅចុងបញ្ចប់ថា៖ «ពាក់ព័ន្ធនឹងពោតក្រហមយើងបានជជែកគ្នាជាមួយនឹងក្រុមហ៊ុន CP រួចហើយ ដោយគាត់បានសន្យាថា នឹងធ្វើការប្រមូលទិញពីកសិករនៅក្នុងលក្ខខណ្ឌដែលប្រសើរជាងមុន»៕

  • រាជធានីភ្នំពេញអាចនឹងធ្លាក់ពីបេក្ខភាពទីក្រុងស្អាតអាស៊ាន បើសិនដោះស្រាយបញ្ហាសំរាមមិនចេញ

    រាជធានីភ្នំពេញអាចនឹងធ្លាក់ពីបេក្ខភាពទីក្រុងស្អាតអាស៊ាន បើសិនដោះស្រាយបញ្ហាសំរាមមិនចេញ

    ភ្នំពេញ៖ សំរាមនៅតែជាបញ្ហាក្តៅគគុកនៅឡើយ សម្រាប់រាជធានីភ្នំពេញ បើទោះបីជាមានក្រុមហ៊ុនស៊ីនទ្រីជាអ្នកទទួលខុសត្រូវដឹកសំរាមចេញទៅចាក់ចោលនៅក្រៅក្រុងក៍ដោយ ក៏បញ្ហាសំរាមនេះនៅតែប្រឈមនឹងការរិះគន់ពីសាធារណជន ជាពិសេសពេលភ្លៀងខ្លាំងម្តងៗ បង្កជាការស្ទះលិចលង់តំបន់ជាច្រើននៅក្នុងរាជធានីភ្នំពេញផងដែរ។

    នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតដែលបានរៀបចំកិច្ចប្រជុំស្តីពីចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានមានប្រសាសន៍ថា «បេក្ខភាពទីក្រុងទេសចរណ៍ស្អាតអាស៊ានត្រូវដោះស្រាយបញ្ហាសំរាម សណ្ដាប់ធ្នាប់ បង្គន់អនាម័យសាធារណៈ និងមណ្ឌលព័ត៌មានទេសចរណ៍ដើម្បីប្រជែងយកជយលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននៅដើមឆ្នាំ2018នេះ»។

    កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងការចូលរួមរបស់ក្រុង-ខណ្ឌបេក្ខភាពដោយក្នុងនោះមានរាជធានី-ខេត្តចំនួន 7 ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី1នេះ ដែលរួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម ហើយពិធីប្រកាសជយលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះនឹងប្រព្រឹត្តទៅនាឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) 2018 នៅប្រទេសថៃ។

    ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ានដែលមានកម្ពុជាជាប្រទេសនាំមុខក្នុងការរៀបចំត្រូវបានអនុម័តជាផ្លូវការក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាននាឱកាសវេទិកាទេសចរណ៍អាស៊ាន ATF 2015។ ស្តង់ដារថ្នាក់តំបន់នេះត្រូវបានរៀបចំដោយផ្អែកលើគំរូ និងបទពិសោធនៃការអនុវត្តស្តង់ដារទីក្រុងស្អាតរបស់កម្ពុជា ហើយរួមមាន 7 សូចនាករគោល (1.ការគ្រប់គ្រងបរិស្ថាន 2.ភាពស្អាត 3.ការគ្រប់គ្រងកាកសំណល់ 4.ការបញ្ជ្រាបការយល់ដឹងអំពីកិច្ចការពារបរិស្ថាន និងភាពស្អាត 5.តំបន់បៃតង 6.សុវត្ថិភាពសុខាភិបាល សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង 7.ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍) និង8 សូចនាករលម្អិត ហើយត្រូវបានដាក់ពិន្ទុតាមរយៈលក្ខណវិនិច្ឆ័យចំនួន108។

    ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះនឹងចូលរួមបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍ក្នុងតំបន់ព្រមទាំងជាផ្នែកមួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីៗនៅតាមទីក្រុង (Secondary destinations) ផងដែរ។

    ដើម្បីពង្រឹងការចូលរួមរបស់ក្រុង-ខណ្ឌបេក្ខភាព ឯកឧត្តមរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានដាក់ចេញនូវអនុសាសន៍ចំនួន20ចំណុច ដោយក្នុងនោះផ្តោតសំខាន់ទៅលើ ទី1.ការពង្រឹងការគ្រប់គ្រងកាកសំណល់រឹង (ការវេចខ្ចប់ទុកដាក់ និងសេវាប្រមូលសំរាម) ទី2. ការរក្សាភាពស្អាតនៅតាមទីសាធារណៈ សួនច្បារ ផ្លូវសំខាន់ៗក្នុងក្រុង និងផ្លូវចូលក្រុង ទី3.ការរៀបចំ និងថែទាំបង្គន់អនាម័យសាធារណៈ ទី4.ការរៀបចំសាងសង់បន្ថែម និងពង្រឹងការគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ឱ្យបានសមស្របតាមទំហំ និងកំណើនទេសចរ ទី5.ការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

    គួរបញ្ជាក់ថា មកដល់បច្ចុប្បន្នអាស៊ានបានរៀបចំដាក់ចេញនូវស្តង់ដារគុណភាពទេសចរណ៍កម្រិតតំបន់រួមមាន 7 ស្តង់ដាររួមមាន៖ ស្តង់ដារសណ្ឋាគារបៃតងអាស៊ាន ស្តង់ដារផ្ទះស្នាក់នៅអាស៊ាន ស្តង់ដារស៉្បា និងផាសុកភាពអាស៊ាន ស្តង់ដារបង្គន់សាធារណៈអាស៊ាន ស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងស្តង់ដារបន្ទប់ប្រជុំអាស៊ាន (MICE Venue) សំដៅសម្រេចឲ្យបាននូវចក្ខុវិស័យនៃការបង្កើនភាពប្រកួតប្រជែងទេសចរណ៍អាស៊ាន ក៏ដូចជាដើម្បីធានាការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ាន ប្រកបដោយនិរន្តរភាព និងសមធម៌ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន 2016-2025 ។

    សាធារណជនបានលើកឡើងថា ចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ជាការជំរុញឱ្យថ្នាក់ដឹកនាំនីមួយៗខិតខំអភិវឌ្ឍទីក្រុងរបស់ខ្លួន ពិសេសដោះស្រាយបញ្ហាសំរាមចៀសវាងការរិះគន់ពីសាធារណជន ហើយសម្រាប់រាជធានីភ្នំពេញក៍ដូចជាទីក្រុងមួយចំនួនទៀត បើសិនដោះស្រាយបញ្ហាសំរាមមិនបានទេនោះនឹងមិនអាចប្រឡងជាប់ក្នុងកម្មវិធីចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាននៅចុងឆ្នាំ2018នេះទេ៕

  • ករុណា ពេជ្រ ពន្យារពេលបើកក្រុមហ៊ុន ព្រោះមិនចង់ធ្វើការងារចុងដៃចុងជើង

    ករុណា ពេជ្រ ពន្យារពេលបើកក្រុមហ៊ុន ព្រោះមិនចង់ធ្វើការងារចុងដៃចុងជើង

    កន្លងមកលោក ករុណា ពេជ្រ ជាតារាចម្រៀង និងជាអ្នកគ្រប់គ្រង់ទូទៅនៅផលិតកម្មថោន ធ្លាប់បានប្រាប់ថា ក្រោយពីលោកត្រលប់មកពីច្រៀងនៅប្រទេសអាមេរិកភ្លាម លោកនឹងចាត់ចែងបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយ សម្រាប់បម្រើសេវាកម្មរៀបចំក្នុងពិធីការ ប៉ុន្ដែថ្មីៗនេះលោកបញ្ជាក់ថា គម្រោងការនេះត្រូវបានពន្យាពេលហើយនិងមិនទាន់រកថ្ងៃកំណត់ត្រូវដំណើរការឃើញនៅឡើយទេ។

    បច្ចុប្បន្នលោក​ ករុណា ពេជ្រ ត្រូវបានគេដឹងថា ​ក្រៅពីអាចរកប្រាក់ចំណូលពីអាជីពចម្រៀងបានហើយ លោកក៏អាចទទួលបានប្រាក់ចំណូលពីការរៀបចំក្នុងពិធីការនានាផងដែរ ពិធីមង្គលការ និងជប់លៀង ជាដើម ទើបធ្វើឱ្យលោកមានបំណងចង់បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន។

    អ្នកគ្រប់គ្រង់ទូទៅនៅផលិតកម្មថោនរូបនេះ បង្ហើបប្រាប់ថា គម្រោងដែលលោកគ្រោងនឹងបើកក្រុមហ៊ុនផ្ទាល់ខ្លួន ដើម្បីធ្វើការងារទៅលើសេវាកម្មពិធីការនានានោះ ត្រូវបានពន្យាពេលហើយ ព្រោះបច្ចុប្បន្នលោកកំពុងតែរវល់ក្នុងការងារសិល្បៈ។ ករុណា ពេជ្រ បញ្ជាក់ថា៖«ពីដំបូងខ្ញុំពិតជាចង់បើកក្រុមហ៊ុនមែន ប៉ុន្ដែក្រោយពីត្រលប់មកពីសហរដ្ឋអាមេរិក ខ្ញុំទទួលបានការងារច្រើនគឺការគ្រប់គ្រងនៅក្នុងផលិតកម្មថោន និង Town Club ជាការងារស្នូលធំៗដែលខ្ញុំត្រូវធ្វើវាឱ្យបានល្អ»។

    តារាចម្រៀងរូបនេះបញ្ជាក់ថា  វាមិនមែនជាងាយស្រួលនោះទេក្នុងការគ្រប់គ្រងគេ។ កាលពីមុនលោកធ្លាប់តែធ្វើការងារឱ្យគេក្នុងនាមជាអ្នកចម្រៀងធម្មតាគ្មានបញ្ហាចោទទេ ប៉ុន្ដែឈានមកដល់ដំណាក់កាលគ្រប់គ្រងគេលោកត្រូវធ្វើយ៉ាងណាឱ្យក្រុមហ៊ុនទាំងមូលមានដំណើរការល្អដែលទាមទារឱ្យអារម្មណ៍របស់បុគ្គលិកទាំងអស់មានភាពសប្បាយរីករាយធ្វើការងារ។ លោកបញ្ជាក់ថា៖«ពិបាកបំផុតគឺខ្ញុំត្រូវយល់ពីការងារឱ្យច្បាស់ហើយ ត្រូវស្វែងយល់ពីទឹកចិត្ដសមាជិកខ្លួនឯងទៀត ចំណុចនេះហើយជាការលំបាកដើម្បីសម្របសម្រួលការងារឱ្យដំណើរការទៅមុខរលូន»។ ទោះយ៉ាងណាលោក ករុណា ពេជ្រ បញ្ជាក់ថា នៅពេលលោកឈរមកដល់ចំណុចកំពូលបែបនេះហើយក្នុងគំនិតរបស់លោកគិតការងាររួមជាធំ ដោយមិនអាចគិតផលប្រយោជន៍ផ្ទាល់ខ្លួនបាននោះទេ។

    ករុណា ពេជ្រ បញ្ជាក់ថា៖«ខ្ញុំត្រូវគិតធ្វើយ៉ាងណាចែករំលែកផលប្រយោជន៍តារាចម្រៀងឱ្យបានស្មើៗគ្នា និងធ្វើឱ្យអ្នករួមការងារទាំងអស់សប្បាយចិត្ដ ដោយខ្ញុះមិនគិតពីប្រយោជន៍ខ្លួនឯងនោះទេ»។ ដូច្នេះបច្ចុប្បន្នលោកមិនអាចច្រៀងបានទេ ព្រោះការច្រៀងត្រូវការពេលវេលាហ្វឹកហាត់សំឡេងទើបធ្វើទៅបានល្អ។ ជាមួយគម្រោងបើកក្រុមហ៊ុនលោកមិនទាន់ច្បាស់ថា នឹងបើកដំណើរការនៅពេលណានោះទេ ពោលគឺលោកដំណើរការងារទាំងនោះជាធម្មតាជាមុនសិន ព្រោះការបើកក្រុមហ៊ុនមិនមែនជារឿងលេងសើចទេ ត្រូវការពេលវេលាគ្រប់គ្រងឱ្យបានដិតដល់។ ករុណា ពេជ្រ សង្កត់ធ្ងន់ថា៖«លុយសម្រាប់បើកក្រុមហ៊ុនខ្ញុំមាន ប៉ុន្ដែបើគ្មានពេលវេលាគ្រប់គ្រងវាឱ្យហ្មត់ចត់មិនខុសពីយកលុយទៅបោះចោលនោះទេ»៕

  • លោក Pochettino ៖ Tottenham ត្រូវតែទិញចូលកីឡាករថ្មី ដើម្បីប្រជែងដណ្តើមពាន

    លោក Pochettino ៖ Tottenham ត្រូវតែទិញចូលកីឡាករថ្មី ដើម្បីប្រជែងដណ្តើមពាន

    លោក Mauricio Pochettino មានការព្រួយបារម្ភថា ក្រុមមាន់ខ្នាយមាស Tottenham នឹងមិនអាចធ្វើការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League បានទេ ប្រសិនបើលោកមិនទិញចូលកីឡាករថ្មីៗដែលអាចបង្ខំឲ្យខ្សែប្រយុទ្ធ Harry Kane ខ្សែបម្រើ Dele Alli និងកីឡាករសំខាន់ៗជាច្រើនផ្សេងទៀត បង្កើនកម្រិតលេងរបស់ពួកគេទេនោះ។

    លោក Pochettino ទទួលស្គាល់ថា Tottenham មិនអាចធ្វើការប្រជែងផ្នែកហិរញ្ញវត្ថុជាមួយនឹងក្លិបដែលមានទ្រព្យធនច្រើនឡើយ ប៉ុន្តែ លោកមានការប្តេជ្ញាចិត្តក្នុងការនៅជាមួយក្រុមរបស់លោកដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីក្រុម Chelsea កាលពីរដូវកាលមុន។ គ្រូបង្វឹករូបនេះ មិនទាន់បានទិញចូលកីឡាករណាម្នាក់នៅរដូវក្តៅនេះឡើយ ខណៈដែលខ្សែការពារ Kyle Walker បានចាកចេញពី Spurs ទៅកាន់ក្លិប Manchester City ក្នុងតម្លៃខ្លួនដ៏ខ្ពស់មួយ។ អ្នកចាត់ការទូទៅរូបនេះ ជឿជាក់ថា ភាពរឹងមាំក្នុងក្រុមអាចនឹងបាត់បង់ ប្រសិនបើកីឡាករដែលមានស្រាប់មិនមានការប្រកួតប្រជែងជាមួយនឹងកីឡាករចំណូលថ្មី ឬក៏ធ្វើឲ្យកៅអីរបស់ពួកគេក្នុងក្រុមស្ថិតក្នុងការគំរាមទេនោះ។ លោក Pochettino បានឲ្យដឹងថា៖ «តើក្លិប Manchester City, Liverpool, Chelsea និងក្លិបផ្សេងទៀតបានព្យាយាមក្នុងការធ្វើឲ្យរដូវកាលរបស់ពួកគេកាន់តែល្អប្រសើរឡើងយ៉ាងដូចម្តេច?

    ការនាំយកកីឡាករ និងព្យាយាមដាក់សម្ពាធបន្ថែមទៀតទៅលើតារាឆ្នើមៗ និងកីឡាករសំខាន់ៗរបស់ពួកគេ គឺជារឿងដែលយើងត្រូវតែធ្វើដែរសម្រាប់ក្រុមរបស់យើង»។

    ក្រោយពីបានចូលរួមជាមួយនឹងក្លិប Tottenham កាលពីឆ្នាំ2014មក លោក Pochettino បានបញ្ជាក់ថា ការរំពឹងទុកផ្សេងៗបានផ្លាស់ប្តូរ ស្របពេលមានការព្រួយបារម្ភថា កីឡាករឆ្នើមៗអាចនឹងចាកចេញ ប្រសិនបើក្លិបនេះ មិនបានឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ទេនោះ៕
    ប្រភពព័ត៌មាន៖ The Guardian

  • កុំព្យូទ័ររបស់ Google តម្លៃជាង 100ដុល្លារតិចតួចនៅខ្មែរ…ល្មមទិញប្រើ

    កុំព្យូទ័ររបស់ Google តម្លៃជាង 100ដុល្លារតិចតួចនៅខ្មែរ…ល្មមទិញប្រើ

    សម្រាប់ប្រិយមិត្តដែលត្រូវការកុំព្យូទ័រខ្នាតតូចមានតម្លៃធូរថ្លៃយកទៅប្រើប្រាស់ក្នុងការសិក្សា និងធ្វើការងារក្នុងការិយាល័យទាក់ទងនឹងការវាយអត្តបទ និងការងារលើអ៊ិនធើណេតមួយចំនួននោះ ក្រុមការងារគេហទំព័រឡារ៉ែន សូមណែនាំនូវប្រភេទកុំព្យូទ័រ Chromebooks របស់ក្រុមហ៊ុន Google ដែលសហការជាមួយនឹងក្រុមហ៊ុនHPមួយម៉ូដែលដែលមានតម្លៃប្រមាណជា139ដុល្លារ ដែលទើបត្រូវបាននាំចូលមកក្នុងទីផ្សារកម្ពុជា យើងកាលពីចុងខែកក្កដា នេះឯង។

    តាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុននាំចូលបានឱ្យដឹងថា Google Chromebook នេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការសិក្សាតាមសាកលវិទ្យាល័យ រួមជាមួយនឹងការធ្វើការងារក្នុងក្រុមហ៊ុនឯកជនមួយចំនួនទៀតព្រោះជាកុំព្យូទ័រខ្នាតតូច ងាយស្រួលដាក់ប្រើតាមខ្លួន ខណៈម៉ូដែលនេះមានទំហំ 11.6 អ៊ីញ មានកម្រិតភាពច្បាស់1366×768 Pixel កញ្ចក់ប្រភេទIPS Screenហើយវាមានរូបរាងរឹងមាំទៀតផងក្នុងការប្រើប្រាស់។

    លោកថា៖«កុំព្យូទ័រប្រភេទនេះ នៅអាមេរិកគេប្រើច្រើននៅតាមសាលារៀន ហើយការនាំចូលក្នុងទីផ្សារកម្ពុជានេះ ក្រុមហ៊ុនក៏ចង់ផ្ដោតសំខាន់លើវិស័យអបរំផងដែរ»។ កុំព្យូទ័រនេះដំណើរការជាមួយបន្ទះឈីប Samsung Exynos 5250 processor ប្រភេទ Dual-core ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Chrome OS និងមាន Ram ផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 2GB និងថាសរឹងផ្ទុកទិន្នន័យទំហំ16GB ហើយវាក៏ផ្តល់នូវសេវាកម្ម Cloud Storage សម្រាប់រក្សាទុកទិន្នន័យជាច្រើនដោយឥតគិតថ្លៃទៀតផង។

    ក្រៅពីនេះ វាក៏មានភ្ជាប់មកនូវសេវាកម្ម Google Classroom – សេវាកម្ម Cloud Based Management Tools សម្រាប់ប្រើប្រាស់សេវាកម្មទាំងអស់របស់ GSuite ដូចជា Docs, Sheets, Slides, Drive និងជាច្រើនទៀត។ សម្រាប់ទីផ្សារកម្ពុជាយើង កុំព្យូទ័រ Chromebooks នេះ ក្រុមហ៊ុនបានដាក់លក់ក្នុងតម្លៃប្រមាណ 139 ដុល្លារ ដែលអតិថិជនទាំងអស់អាចរកជាវបាននៅក្រុមហ៊ុន MYTEB៕

  • កសិករកុំអស់សង្ឃឹម! បង់ក្លាដែសចុះកិច្ចព្រមព្រៀងទិញអង្ករ 1លានតោនពីកម្ពុជា

    កសិករកុំអស់សង្ឃឹម! បង់ក្លាដែសចុះកិច្ចព្រមព្រៀងទិញអង្ករ 1លានតោនពីកម្ពុជា

    ភ្នំពេញ៖ នៅថ្ងៃទី2 ខែសីហា ឆ្នាំ2017 ស្អែកនេះ រដ្ឋមន្រ្តីក្រសួងស្បៀងអាហារនៃប្រទេសបង់ក្លាដែស នឹងដឹកនាំប្រតិភូមន្រ្តីជាន់ខ្ពស់បង់ក្លាដែសមកចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) មួយ ជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាដើម្បីទិញអង្ករពីកម្ពុជាចំនួន1លានតោន ក្នុងរយៈពេល5ឆ្នាំក្រោយនេះ។

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី1 ខែសីហានេះបានឱ្យដឹងថា ជំនួបទ្វេភាគី និងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសនឹងនាំមកនូវអត្ថប្រយោជន៍ដ៏ធំធេងចំពោះវិស័យស្រូវអង្ករនៅកម្ពុជា ដោយក្នុងនោះរដ្ឋាភិបាលបង់ក្លាដែសនឹងធ្វើការទិញអង្ករគ្រប់ប្រភេទពីប្រទេសកម្ពុជាចំនួន1លានតោន ក្នុងរយៈពេល5ឆ្នាំ ចាប់ពីឆ្នាំ2017នេះតទៅ។

    អនុស្សារណៈនេះ នឹងគ្របដណ្តប់លើប្រតិបត្តិការទិញ/លក់អង្ករទាំងអស់ ហើយនឹងត្រូវអនុវត្តដោយក្រុមហ៊ុន ហ្គ្រីនត្រេដ (GTC) ដែលជាក្រុមហ៊ុនសហគ្រាសសាធារណៈ ចំណុះឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយអគ្គនាយកដ្ឋានម្ហូបអាហារ (DGF) ដែលជាក្រុមហ៊ុនសហគ្រាសសាធារណៈ ចំណុះឱ្យក្រសួងស្បៀងអាហារនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។

    ដំណឹងល្អនេះក្រុមហ៊ុន និងសហការជាមួយកសិករកម្ពុជា ដើម្បីបង្កើនការដាំដុះដំណាំស្រូវឱ្យកាន់តែមានចំនួនច្រើនឡើងក្នុងគោលដៅផ្គត់ផ្គង់អង្ករឱ្យបានគ្រប់តាមចំនួនដែលបានចុះក្នុងអនុស្សារណៈព្រមព្រៀងនាំចេញចំនួន1លានតោនក្នុងរយៈពេល 5ឆ្នាំនោះ៕

  • បន្លែ3ប្រភេទដែលផ្ទុកសារធាតុគីមីខ្ពស់ជាងគេដែលអ្នកបរិភោគត្រូវប្រុងប្រយ័ត្ន!

    បន្លែ3ប្រភេទដែលផ្ទុកសារធាតុគីមីខ្ពស់ជាងគេដែលអ្នកបរិភោគត្រូវប្រុងប្រយ័ត្ន!

    ភ្នំពេញ៖ ការទទួលទានបន្លែ គឺជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់គ្រួសារពលរដ្ឋខ្មែរយើងគ្រប់ៗគ្នា ប៉ុន្តែបើសិនយើងមិនបានប្រុងប្រយ័ត្នទេនោះ វានឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់យើង ដែលវាអាចបង្កទៅជាជំងឺផ្សេងៗដែលត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់សម្រាប់ព្យាបាលទៀតផង។

    លោក អ៊ូ ម៉ានូរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាលដែលបានដឹកនាំមន្ត្រីជំនាញយករថយន្តចល័តសម្រាប់ពិនិត្យបន្លែ ត្រីសាច់ ម្ហូបអាហារផ្សេងៗ ដែលដាក់លក់នៅតាមទីផ្សារនានានៅក្នុងខេត្តកណ្តាលបានមានប្រសាសន៍ថា បន្លែដែលទើបរកឃើញថ្មីមួយទៀតកាលពីព្រឹកថ្ងៃទី1 ខែសីហានេះគឺ ស្លឹកគូឆាយដែលយើងរកឃើញថា មានផ្ទុកសារធាតុគីមីខ្ពស់ដែលត្រូវបានហាមមិនឱ្យលក់ដូរនៅលើទីផ្សារ។ លោកបញ្ជាក់ដូច្នេះថា «នៅក្នុងការចុះត្រួតពិនិត្យនៅព្រឹកនេះ គឺមន្រ្តីជំនាញយើងបានរកឃើញបន្លែស្លឹកគូឆាយដែលកសិករដាំដោយប្រើថ្នាំសម្លាប់សត្វល្អិត ដែលថ្នាំសម្លាប់សត្វល្អិតនេះមិនមែនជាថ្នាំដែលត្រូវហាមមិនឱ្យប្រើនោះទេ​ គ្រាន់តែថា កសិករបាញ់ថ្នាំនោះរួចហើយ គាត់ប្រញាប់កាត់យកមកលក់លឿនពេក តាមពិតគេតម្រូវឱ្យទុកចោលរយៈពេល5ថ្ងៃក្រោយការបាញ់ថ្នាំសម្លាប់សត្វល្អិតនេះរួចទើប អាចកាត់យកមកលក់ ឬហូបបាន តែភាគច្រើន​ពួកគាត់បាញ់ថ្នាំហើយតែ2ថ្ងៃប៉ុណ្ណោះ ក៏កាត់យកមកលក់តែម្តង»។

     

    គួរបញ្ជាក់ថា នៅក្នុងការចុះពិនិត្យបន្លែនាំចូលពីប្រទេសវៀតណាម មន្រ្តីជំនាញកាំកុងត្រូលក៏បានរកឃើញបន្លែផ្ទុកសារធាតុគីមីជាបន្តបន្ទាប់ដែរ ដោយបន្លែដែលមានផ្ទុកខ្លាំងជាងគេនោះគឺផ្លែម្ទេស ដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារទទួលទានជារៀងរាល់ថ្ងៃហើយស្ទើរមិនអាចអត់បានទៀតផង និងបន្លែមួយប្រភេទទៀតនោះគឺ ផ្កាខាត់ណាហ្នឹងឯង។ លោក អ៊ូ ម៉ានូរិន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការទទួលទានបន្លែទាំង3ប្រភេទនេះ ពិសេសកសិករគួរកុំប្រើប្រាស់ថ្នាំពុលសម្លាប់សត្វល្អិតដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នោះហួសកម្រិតពេក ព្រោះថាទាំងអ្នកដាំ ទាំងអ្នកទទួលទានគឺសុទ្ធតែរងផលប៉ះពាល់ដល់សុខភាពដូចគ្នាទាំងអស់ ហើយអ្នកដាំរងផលប៉ះពាល់ខ្លាំងជាងអ្នកទទួលទានទៅទៀត។

    ការទទួលទានបន្លែផ្ទុកសារធាតុគីមី គឺអាចបង្កផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែង។ រយៈពេលខ្លីធ្វើឱ្យយើងពុល រាករូស ក្អួតចង្អោរជាដើម តែបើរយៈពេលវែងគឺវាបង្កឱ្យកើតជាជំងឺរុំារ៉ៃផ្សេងៗ ដូចជាជំងឺបេះដូង លើសជាតិខ្លាញ់ ខ្លាញ់ក្នុងសរសៃឈាម ដាច់សរសៃឈាមខួរក្បាល លើសឈាម លើសជាតិស្ករ និងលើសជាតិអាស៊ីតជាដើម ដែលភាគច្រើនជំងឺទាំងនេះសុទ្ធតែពិបាកព្យាបាល និងអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរទៀតផង៕  

     

  • លាង ឧត្ដម ចែករំលែកបទពិសោធដល់តារាសិល្បៈស្រករក្រោយ

    លាង ឧត្ដម ចែករំលែកបទពិសោធដល់តារាសិល្បៈស្រករក្រោយ

    លោក លាង ឧត្ដម ជាតារាសិល្បៈដែលបានឈរជើងលើអាជីពសម្តែងអស់រយៈពេលជាង10ឆ្នាំមកហើយ ប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់លោកទើបតែលោតឡើងប្រហែលជា3ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។ ជាមួយប្រជាប្រិយភាពដែលកំពុងតែទទួលបាននេះ ត្រូវបានលោកបញ្ជាក់ប្រាប់ថា វាមិនមែនជារឿងចៃដន្យទេដែលលោកបានឈានមកដល់ដំណាក់កាលនេះ។

    ជុំវិញបទពិសោធក្នុងអាជីពសិល្បៈត្រូវបានលោក លាង ឧត្ដម ប្រាប់ថា អ្វីដែលជំរុញឱ្យលោកទទួលបានការងារ និងការគោរពស្រឡាញ់ពីអ្នកដឹកនាំរឿងជាច្រើននោះ ព្រោះតែលោកមានការតាំងចិត្ដ និងបានដាក់កំហិតខ្លួនឯងឱ្យត្រូវតែអនុវត្ដនូវកិច្ចការ និងវិន័យមួយចំនួន។ លោកបន្ដថា៖ « ក្រៅពីខ្ញុំមានទេពកោសល្យសម្ដែងបែបធម្មជាតិហើយ ខ្ញុំតែងគោរពម៉ោងពេល និងវេលាការងារមិនដែលធ្វើឱ្យអ្នករួមការងារលំបាកដោយសារខ្ញុំឡើយ។ ការប្រាស្រ័យទាក់ទងល្អជាមួយក្រុមការងារ យើងត្រូវតែប្រកាន់ខ្ជាប់ជានិច្ច ពិសេសនៅពេលដែលខ្ញុំសម្ដែង វាមិនមែនសុទ្ធតែធ្វើបានល្អរហូតនោះទេ ប៉ុន្ដែនៅពេលអ្នកដឹកនាំរឿងពន្យល់ណែនាំ ខ្ញុំទទួលយកដោយក្ដីរីករាយ និងឆាប់ចាប់យកបានអ្វីដែលពួកគាត់ប្រាប់»។

    លោក លាង ឧត្ដម បញ្ជាក់ថា លោកចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ2006មកម្ល៉េះ ប៉ុន្ដែកាលនោះវិស័យសិល្បៈហាក់នៅទ្រឹង ស្របគ្នាទៅនឹងបទពិសោធ ទេពកោសល្យនៃការសម្ដែងរបស់លោកពេលនោះក៏នៅមានកម្រិត ទើបធ្វើឱ្យលោកពុំទាន់ទទួលបានភាពល្បីល្បាញ។  ក្រោយពីចំណាយពេលក្នុងអាជីពសិល្បៈអស់រយៈពេលជាង10ឆ្នាំមក ពិសេសក្នុងរយៈពេល 3ឆ្នាំចុងក្រោយនេះដែលវិស័យសិល្បៈហាក់មានសកម្មភាពផុសផុលឡើងនោះ ទើបធ្វើឱ្យលោកអាចទទួលបានការងារច្រើន និងទទួលបានប្រជាប្រិយភាពខ្លាំង រហូតធ្វើឱ្យលោកអាចទទួលបានឱកាសសម្ដែងនៅក្នុងរឿងធំៗជាច្រើនបន្ដបន្ទាប់ក្នុងឆ្នាំនេះ។

    មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា មានទាំងការគាំទ្រ និងការរិះគន់ទៅលើក្រុមតារា ខណៈពួកគេបានប្រព្រឹត្ដនូវអំពើមិនល្អដែលបានកើតឡើងដំណាលៗគ្នា ជាហេតុធ្វើឱ្យតារាសម្ដែងរូបនេះមានការបារម្ភពីផលប៉ះពាល់ដល់វិស័យសិល្បៈទាំងមូល។

    ដូច្នេះទើបលោក លាង ឧត្ដមបានសំណូមពរដល់ទស្សនិកជនថា ប្រសិនបើទស្សនិកជនមិនពេញចិត្ដ ឬស្អប់តារាសិល្បៈណាម្នាក់ សូមស្អប់តែបុគ្គលម្នាក់នោះចុះ កុំស្អប់លើតារាសិល្បៈទាំងអស់អី។ ក្នុងនាមយើងជាតារាសិល្បៈដូចគ្នា ដើម្បីឱ្យទស្សនិកជនស្រឡាញ់ និងផ្តល់ការគាំទ្រមកលើយើង គប្បីយើងទាំងអស់គ្នាគួរតែប្រព្រឹត្ដនូវសកម្មភាព និងទង្វើល្អៗ និងគួរតែប្រឹងប្រែងពង្រឹងទេពកោសល្យ ជំនាញរបស់ខ្លួនឱ្យខ្លាំងឡើងដើម្បីបម្រើអារម្មណ៍របស់ពួកគាត់ឱ្យមានភាពជក់ចិត្ត និងសប្បាយរីករាយ៕