Category: សង្គម និងសេដ្ឋកិច្ច

  • តារាសម្ដែងភាពយន្តបែបវិទ្យាសាស្ត្រដ៏ល្បីបំផុតនៅក្នុងរឿង The Right Stuff ទទួលមរណភាពហើយ

    តារាសម្ដែងភាពយន្តបែបវិទ្យាសាស្ត្រដ៏ល្បីបំផុតនៅក្នុងរឿង The Right Stuff ទទួលមរណភាពហើយ

    ជារឿងសោកសៅមួយទៀតហើយ នៅក្នុងសង្គមសិល្បៈហូលីវូដ សម្រាប់តារាសម្ដែងបែបវិទ្យាសាស្ត្រជើងចាស់មួយរូបដែលធ្លាប់មានឈ្មោះល្បីល្បាញខ្លាំង តាមរយៈខ្សែភាពយន្ដ  The Right Stuff  គឺលោក Sam Shepard បានទទួលមរណភាពក្នុងអាយុ 73 ឆ្នាំ ដោយសារតែមានរោគជំងឺសាច់ដុំទន់ខ្សោយគ្មានកម្លាំង(ALS)។

    ជាអ្នកនិពន្ធ និងជាតារាសម្ដែងវ័យ 73 ឆ្នាំមានស្នាដៃនិពន្ធអត្ថបទភាពយន្ដធំៗចំនួន 50 រឿង និងធ្លាប់ទទួលបានពានរង្វាន់ Pulitzer នៅក្នុងឆ្នាំ 1979 និងទទួលបានពានរង្វាន់អូស្កាពីភាពយន្ដល្បីដែលមានចំណងជើងថា Buried Child ហើយទទួលបានតំណែងជាតារាឯកប្រុសល្បីល្បាញ នៅក្នុងរឿង The Right Stuff ដែលជារឿងដំបូងនិយាយអំពីការហោះហើរទៅកាន់ពិភពអវកាសរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ1984។

    ទន្ទឹមនឹងនោះ លោកនៅមានស្នាដៃជាច្រើនទៀតដែលបានបន្សល់ទុកមានជាអាទិ August: Osage County, Black Hawk Down ជាដើម ហើយចំពោះការងារសម្ដែងរឿងភាគទូរទស្សន៍ លោកល្បីខ្លាំងបំផុតនៅក្នុងរឿង  Bloodline ទាំងពីររដូវកាល ដែលមានការចែកចាយរឿងដោយក្រុមហ៊ុន Netflix ។ រីឯរឿងចុងក្រោយដែលលោកបាននិពន្ធ និងសម្ដែងមុនពេលលាចាកលោកនេះទៅ គឺរឿង  Paris និង Texas ៕

     

     

     

  • នាង Kim Ji Won បដិសេធមិនធ្លាប់មានស្នេហាជាមួយក្រុមការងារថតកុន

    នាង Kim Ji Won បដិសេធមិនធ្លាប់មានស្នេហាជាមួយក្រុមការងារថតកុន

    ក្នុងនាមជាតារាសម្ដែងស្រីនៅក្នុងរឿង Descendants of The Sun នាង Kim Ji Won បានរៀបរាប់ពីស្នេហាផ្អែមល្ហែមរវាង Song Joong Ki និង Song HyeKyo ខណៈដែលនាងបានរួមការងារថតរឿងភាគទូរទស្សន៍មួយនេះជាមួយគ្នាដែរ។

     

    ស្របពេលដែល Song Joong Ki និង Song HyeKyo កំពុងតែជិតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ហើយនោះ តារាស្រីរូបនេះ បានរៀបរាប់ពីរឿងរ៉ាវរបស់តួឯកទាំង2ដួងនេះថា “នាងខ្ញុំបានដឹងដំណឹងមួយនេះពីព័ត៌មានចេញផ្សាយ”។ នាង Ji Won បានបន្តទៀតថា “នាងខ្ញុំគិតថា ពួកគេប្រហែលជាទទួលបានសារ និងការសម្ដែងសេចក្ដីត្រេកអរយ៉ាងសប្បាយរីករាយច្រើនណាស់មើលទៅ ដូច្នេះហើយខ្ញុំក៏មិនបានទាក់ទងទៅពួកគេទៀតឡើយ ក៏ប៉ុន្ដែតាមការពិតទៅ នាងខ្ញុំមានអារម្មណ៍រីករាយជាមួយពួកគេខ្លាំងណាស់ ការដែលបានជួបមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្ត និងចំណាយពេលវេលាដែលមាននៅជាមួយគ្នា ធ្វើអ្វីដែលល្អជាច្រើននោះ ។ នាងខ្ញុំមានអារម្មណ៍ថា ច្រណែនខ្លាំងណាស់…”។

    តារាស្រីវ័យ 24 ឆ្នាំរូបនេះបានបន្ថែមទៀតថា “នាងខ្ញុំជាតារាសម្ដែងវ័យក្មេងបំផុតនៅក្នុងរឿងខាងលើ និងកំពុងតែស្ថិតនៅក្នុងការទទួលខុសត្រូវចំពោះតួនាទីខ្លួនឯង ទើបខ្ញុំមិនបានចាប់អារម្មណ៍ និងសង្កេតពួកគេពីការចាប់ផ្ដើមមានទំនាក់ទនងគ្នានៅពេលថតរឿង”។

    ជាចុងក្រោយនាងបានបញ្ជាក់ថា “ខ្ញុំនៅតែមិនដែលធ្លាប់គិតពីមុនមកសោះថា នឹងត្រូវលង់ស្រឡាញ់នរណាម្នាក់នៅក្នុងក្រុមការងារថតកុន តែខ្ញុំគិតថា ជួនកាលវាក៏មិនអាចដូចការគិតបែបនេះរហូតដែរ”៕

     

     

  • គ្រប់គ្នាមើលរំលងបញ្ហាចរាចរណ៍ ទើបទីក្រុងកកស្ទះស្ទើរគ្រប់ពេល

    គ្រប់គ្នាមើលរំលងបញ្ហាចរាចរណ៍ ទើបទីក្រុងកកស្ទះស្ទើរគ្រប់ពេល

    បញ្ហាចរាចរណ៍ជាបញ្ហាមួយដែលមនុស្សគ្រប់គ្នាត្រូវយកចិត្តទុកដាក់ តែជាអកុសលមនុស្សម្នាជាច្រើនបានគិតថា វាជារឿងសាមញ្ញ ជារឿងធម្មតាដែលអ្នកណាក៏ដឹង ឬគិតថា ជារឿងតូចតាចបំផុតទៅវិញ។ នៅពេលដែលមនុស្សមើលមិនឃើញចរាចរណ៍ ការគោរពច្បាប់ និងសណ្តាប់ធ្នាប់នានាត្រូវបានគេបំភ្លេចចោល ដែលកត្តាទាំងអស់នេះធ្វើឱ្យមានការបំពានច្បាប់ស្ទើរគ្រប់ពេលនៅទីប្រជុំជនសំខាន់ៗ។

    ជារៀងរាល់ថ្ងៃ គ្រាន់តែបើកភ្នែកឡើងភ្លាម មនុស្សគ្រប់គ្នាសុទ្ធតែបានឃើញ ឥរិយាបថមិនត្រឹមត្រូវ និងការបំពានច្បាប់ចរាចរណ៍នៅនឹងមុខផ្ទះរបស់ខ្លួនរៀងៗខ្លួន ដែលអ្នកខ្លះហៅបញ្ហានេះថា ជាជំងឺមហារីក អ្នកខ្លះគិតថា វារឿងធម្មតា ខណៈអ្នកខ្លះទៀតគិតថា វាជារឿងឈឺក្បាលទាំងព្រឹកដែលគាត់ត្រូវជួប។ ការកកស្ទះចរាចរណ៍ មិនមែនកើតឡើងមកពីបញ្ហាកំណើនយានយន្តតែមួយមុខប៉ុណ្ណោះនោះទេ តែអ្វីជាបញ្ហាសំខាន់គឺ អ្នកបើកបរយានយន្តមិនមានចំណេះដឹងក្នុងការបញ្ជាវាឱ្យត្រូវទិសដៅអាទិភាព និងមិនព្រមគោរពសីលធម៌នៃការបើកបរតែម្តង។

    មានមនុស្សជាច្រើនណាស់ ដែលរអ៊ូពីភាពយឺតយ៉ាវ ភាពអនាធិបតេយ្យ និងខ្លះទៀតខឹង ហើយជេរគ្នាលើដងផ្លូវខណៈខ្លួនឯងកំពុងបើកបញ្ច្រាស។ មានមនុស្សមួយចំនួនទៀត ស្រែកឡូឡាផ្អើលអ្នកផងទាំងព្រឹក នៅពេលដែលខ្លួនឯងបើកបរទទឹងទិសប៉ះគេហើយ មិនដឹងខ្លួនឯងថាខុស។

    ថារឿងខាងដើមចុះជារឿងពិបាកនិយាយ មានអ្នកខ្លះទៀតគឺកាន់តែមិនដឹងថា និយាយថាយ៉ាងម៉េច ព្រោះរាល់ពេលបើកបរគឺគាត់ ខំរុលឱ្យតែបានទៅមុន ទោះផ្លូវអាទិភាពអ្នកណាក៏មិនឈឺក្បាលដែរ អ្វីដែលសំខាន់គឺគាត់ថា រឿងល្មើសច្បាប់ចរាចរណ៍នេះជារឿងរបស់មនុស្សគ្រប់គ្នា មិនមែនខុសតែគាត់ទេ ហើយគាត់ក៏មិនចង់ធ្វើជាមនុស្សត្រឹមត្រូវតែឯងដែរ។

    បញ្ហាមិនដឹងថា ខ្លួនខុសនេះកើតឡើងមកពីចន្លោះប្រហោងនៃបញ្ហាការអប់រំច្បាប់ ហើយកង្វះខាតទាំងអស់នេះមួយចំនួនបានបន្សល់មកពីស្រមោលអតីតកាល ដែលពីមុនមកមានការទិញ ឬការសូកលុយដើម្បីទទួលបានប័ណ្ណបើកបរ ហេតុនេះហើយទើបធ្វើឱ្យអ្នកកាន់ប័ណ្ណបើកបរចាស់ៗមួយចំនួនខុសពីអ្នកកាន់ប័ណ្ណបើកបរនាពេលបច្ចុប្បន្នដែលមានចំណេះដឹងពីចរាចរណ៍ត្រឹមត្រូវ។ បញ្ហាអ្នកកាន់ប័ណ្ណបើកបរខ្វះសមត្ថភាព បានធ្វើឱ្យមានបញ្ហាជាច្រើននៅក្នុងទីក្រុង ហើយអ្វីដែលកាន់តែអាក្រក់ទៅទៀតនោះ គឺរាល់ពេលមានការផ្សព្វផ្សាយពីចរាចរណ៍ម្តងៗ ទស្សនិកជនយើងមិនដែលយកចិត្តទុកដាក់ស្តាប់នោះទេ ហើយខ្លះទៀតថែមទាំងជេរកូនជេរចៅថា ចាយពេលឥតប្រយោជន៍មើលរឿងដដែលៗមិនបានការទៅវិញ។

    កង្វះការយកចិត្តទុកដាក់នេះហើយ ទើបធ្វើឱ្យមានមនុស្សមួយចំនួនធំ ស្តាយក្រោយអស់មួយជីវិតព្រោះការធ្វេសប្រហែសរបស់ខ្លួនបានបណ្តាលឱ្យមានការបាត់បង់មនុស្សជាទីស្រឡាញ់។ ហើយខ្លះទៀតក៏ចាប់ផ្តើមនឹកចង់គោរពច្បាប់បន្ទាប់ពីជួបគ្រោះថ្នាក់ដោយខ្លួនឯងផ្ទាល់ តែដូចពាក្យចាស់ពោលមិនខុសនោះទេ ថា បើម្ចុលមិនចាក់ចំសាច់ខ្លួនឯងនោះប្រាកដជាមិនដឹងឈឺនោះទេ ហេតុនេះនៅពេលដែលធ្វើដំណើរតាមដងផ្លូវម្តងៗ មានអ្នកខ្លះមានឆន្ទៈគោរពច្បាប់ចេញពីចិត្ត អ្នកខ្លះគោរពច្បាប់ព្រោះធ្លាប់ជួបរឿងព្រលឹងចុងសក់ដោយខ្លួនឯងផ្ទាល់ ខណៈមនុស្សមួយចំនួនធំកំពុងប្រកួតគ្នាយកចាញ់ឈ្នះលើដងផ្លូវ ព្រោះមិនទាន់ជួបរឿងស្តាយក្រោយនៅឡើយ។

    ជាធម្មតាទេ គ្មានអ្នកណាចង់ឱ្យជីវិតមានបញ្ហានោះទេ តែប្រសិនបើមើលរំលងពីបញ្ហាចរាចរណ៍តែប៉ុន្មានដង្ហើមតែប៉ុណ្ណោះជីវិតអាចមានបញ្ហាភ្លាម។ គ្រោះថ្នាក់ចរាចរណ៍គ្មានអ្នកណាអាចទាយដឹងមុននោះទេ ហើយសំណាងល្អក៏មិនកើតមានច្រើនដងដែរ ស្របពេលដែលយើងគ្រប់គ្នាសុទ្ធតែបានឃើញមនុស្សស្លាប់នៅលើដងផ្លូវជារៀងរាល់ថ្ងៃ។ ចំណុចនេះ អាចទាញការគិតជារួមមកថា បញ្ហាចរាចរណ៍ជារឿងជីវិត បើមនុស្សមិនបានគិតវានឹងធ្វើឱ្យមានក្តីអន្តរាយ។

    មនុស្សគ្រប់គ្នាដែលបានមើលងាយបញ្ហាចរាចរណ៍ អាចពិចារណាជាថ្មីថា តើបញ្ហាដែលធ្វើឱ្យអ្នកខកខានការងារ និងពេលវេលាជារៀងរាល់ថ្ងៃកើតមកពីអ្វី? បញ្ហាដែលធ្វើឱ្យមនុស្សរាប់ម៉ឺនរាប់លាននាក់ក្តៅក្រហាយនៅលើដងផ្លូវជារៀងរាល់ថ្ងៃមកពីអ្វី?

    បញ្ហាដែលធ្វើឱ្យមានមនុស្សហូរទឹកភ្នែកនៅលើដងផ្លូវស្ទើរគ្រប់ពេលមកពីអ្វី? ហើយបញ្ហាអនាធិបតេយ្យស្ទើររាល់ពេលធ្វើដំណើរក្នុងទីក្រុងកើតឡើងដោយសារអ្វី? គ្រប់យ៉ាងគឺកើតឡើងពីចរាចរណ៍! ហេតុនេះការព្យាយាមបិទខួរក្បាលខ្លួនឯងមើលរំលងបញ្ហាចរាចរណ៍ជាកត្តាចម្បងមួយដែលនាំឱ្យមានបញ្ហាធំកើតឡើងបានគ្រប់ពេល៕

  • Liverpool ខកចិត្តធំ ក្រោយពីចាញ់ Atletico ក្នុង Audi Cup វគ្គផ្តាច់ព្រ័ត្រ

    Liverpool ខកចិត្តធំ ក្រោយពីចាញ់ Atletico ក្នុង Audi Cup វគ្គផ្តាច់ព្រ័ត្រ

    ខ្សែបម្រើ Jordan Henderson បានស៊ុតបាល់ប៉េណាល់ទីមិនចូលទី ខណៈដែលក្រុមហង្សក្រហម Liverpool បានរងបរាជ័យក្នុងការប្រកួតមិត្តភាពដណ្តើមពាន Audi Cup វគ្គផ្តាច់ព្រ័ត្រ ដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល 5 – 4 ក្រោមស្នាដៃក្រុម Atletico Madrid របស់អេស្ប៉ាញកាលពីថ្ងៃពុធ។ ខ្សែបម្រើប្រយុទ្ធ Roberto Firmino បានជួយឲ្យ Liverpool រកគ្រាប់បាល់តាមស្មើតាមរយៈការស៊ុតបាល់ពិន័យ11ម៉ែត្រ ក្រោយពីខ្សែប្រយុទ្ធ Keidi Bare បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុម Atletico ក្នុងតង់ទី1 ហើយការប្រកួតនេះបានបន្តស្ថិតក្នុងលទ្ធផលស្មើរហូតដល់ចប់ 90នាទី។

    ប៉ុន្តែ ក្រុមហង្សក្រហមរបស់ Jurgen Klopp បានជួបនឹងការខកចិត្តយ៉ាងធំ និងបានបាត់បង់ឱកាសក្នុងការឈ្នះពានជាលើកទី2របស់ពួកគេក្នុងយុទ្ធនាការប្រកួតមិត្តភាពមុនបើករដូវកាល នៅពេលដែល Henderson បានស៊ុតបាល់មិនចូលទីនៅពេលការប្រកួតនេះត្រូវបានកាត់សេចក្តីដោយបាល់ប៉េណាល់ទី ក្រោយពីការស៊ុតរបស់គេត្រូវបានសង្គ្រោះម្តងរួចមកដោយអ្នកចាំទី Miguel Angel Moya។ បន្ទាប់មក Filipe Luis អតីតខ្សែការពាររបស់ក្លិប Chelsea បានស៊ុតបាល់ពីចំណុច11ម៉ែត្រចូលទីយ៉ាងល្អដើម្បីផ្តល់ជ័យជម្នះដល់ក្រុមរបស់ក្របខ័ណ្ឌ La Liga តែម្តង។ លោក Klopp បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរកីឡាករដល់ទៅ9នាក់ទៅលើក្រុមដែលបានផ្តួលក្រុម Bayern Munich ក្នុងលទ្ធផល 3-0 កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ។

    Liverpool ដែលបានឈ្នះពាន Asia Cup កាលពីខែមុននោះ បច្ចុប្បន្ននឹងត្រូវត្រៀមជួបក្រុម Athletic Bilbao ក្នុងការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេ នៅមុនពេលយុទ្ធនាការលីករបស់ពួកគេចាប់ផ្តើមនៅលើទឹកដីក្រុម Watford នាថ្ងៃទី12 ខែសីហាខាងមុខ៕
    ប្រភពពី៖ The Sun

  • គណៈកម្មការមូលបត្រកម្ពុជា គ្រោងបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ

    គណៈកម្មការមូលបត្រកម្ពុជា គ្រោងបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ

    ភ្នំពេញៈ ក្រុមគណៈកម្មការមូលបត្រកម្ពុជាបានអនុម័តលើសេចក្តីព្រាងប្រកាស ស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ គឺកំណត់លក្ខខណ្ឌ យន្តការ បែបបទ និតិវិធី រួមជាមួយការប្រកាសទទួលស្គាល់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលផងដែរ។

    ក្រុមគណៈកម្មការបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី47នេះ ដែលអង្គប្រជុំបានសម្រេចអនុម័តលើសេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ប្រកាសនេះបានកំណត់ពីលក្ខខណ្ឌ យន្តការ បែបបទ នីតិវិធី នឹងការបោះផ្សាយលក់មូលបត្របំណុល (សញ្ញាប័ណ្ណសាជីវកម្ម) ជាសាធារណៈ រួមមានសញ្ញាប័ណ្ណធម្មតា សញ្ញាប័ណ្ណមានវត្ថុធានា និងសញ្ញាប័ណ្ណមានបុគ្គលធានា។

    កិច្ចប្រជុំគណៈកម្មការនេះក៏បានអនុម័តលើសេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់ភ្នាក់ងារតំណាង ម្ចាស់មូលបត្របំណុល ដោយមានគោលបំណងកំណត់ពីលក្ខខណ្ឌតម្រូវ និងនីតិវិធីដើម្បីផ្តល់ការទទួលស្គាល់ដល់បុគ្គលដែលមានបំណងធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ព្រមទាំងកំណត់ពីកាតព្វកិច្ចរបស់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលផងដែរ ។

    គណៈកម្មការមូលបត្រកម្ពុជាក៏បានអនុម័តលើសេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់ភ្នាក់ងារវាយតម្លៃលទ្ធភាពសង គឺមានគោលបំណងកំណត់ពីលក្ខខណ្ឌតម្រូវ និងនីតិវិធីដើម្បីផ្តល់ការទទួលស្គាល់ដល់បុគ្គលដែលមានបំណងធ្វើជាម្ចាស់ភ្នាក់ងារវាយតម្លៃលទ្ធផលសង ព្រមទាំងកំណត់ពីកាតព្វកិច្ចរបស់ភ្នាក់ងារវាយតម្លៃលទ្ធភាពសង ក្នុងនោះការទទួលស្គាល់ត្រូវបានបែងចែកជាពីរ គឺការទទួលលើបុគ្គលដែលមានបំណងផ្តល់សេវា ដោយតម្រូវឲ្យបំពេញលក្ខខណ្ឌតាមប្រកាសនេះ និងការទទួលជាស្វ័យប្រវត្តិនូវភ្នាក់វាយតម្លៃលទ្ធភាពសងជាអន្តរជាតិ នឹងត្រូវរៀបចំនូវបញ្ជីឈ្មោះ ដើម្បីស្នើសុំការពិនិត្យសម្រេចពីគណៈកម្មការមូលបត្រកម្ពុជាផងដែរ៕

  • Sigurdsson ស្ថិតយ៉ាងប្រកៀកក្នុងការផ្ទេរទៅ Everton

    Sigurdsson ស្ថិតយ៉ាងប្រកៀកក្នុងការផ្ទេរទៅ Everton

    លោក Paul Clement គ្រូបង្វឹករបស់ក្លិប Swansea City បានបញ្ជាក់ថា ការផ្ទេរដែលត្រូវបានស្នើសុំរបស់ខ្សែបម្រើ Gylfi Sigurdsson ទៅកាន់ក្លិបទូកក្តោង Everton អាចនឹងត្រូវបំពេញជាផ្លូវការក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ខណៈដែលក្លិបទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាទៅលើការផ្ទេរក្នុងតម្លៃខ្លួន 50លានផោន (ស្មើនឹង 66លានដុល្លារអាមេរិក) របស់គេ។

    Everton បានដាក់សំណើដេញថ្លៃក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបក្នុងចន្លោះពី40 ទៅ45លានផោន ប៉ុន្តែត្រូវបានច្រានចោលសម្រាប់ការនាំយកខ្សែបម្រើអន្តរជាតិអ៊ីស្លង់រូបនេះ ដែលបានចូលរួមក្នុងវគ្គហ្វឹកហាត់នៅកីឡដ្ឋាន Liberty កាលពីថ្ងៃពុធ។ ក្រោយពីវគ្គហ្វឹកហាត់នេះ លោក Clement បានប្រកាសថា ការចរចាផ្សេងៗទៅលើការផ្ទេររបស់គេ បានវិវឌ្ឍទៅមុខ មុននឹងបំពេញការផ្ទេរមួយដែលអាចនឹងឲ្យក្លិប Swansea ទទួលបានចំណូល50លានផោនតាមស្នើសុំ សម្រាប់កីឡាករវ័យ27ឆ្នាំរូបនេះ។

    លោក Clement បានឲ្យដឹងថា៖ «Sigurdsson នឹងមិនលេងក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុម Sampdoria នៅថ្ងៃសៅរ៍នេះទេ។ ការពិភាក្សាផ្សេងៗនៅតែបន្ត ហើយជាការរំពឹងទុកយើងនឹងទទួលបានព័ត៌មានខ្លះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។ ការផ្ទេរនេះ ត្រូវតែផ្តល់អត្ថប្រយោជន៍ដ៏ល្អបំផុតសម្រាប់ភាគីទាំងពីរ ហើយយើងមានរដូវកាលដ៏សំខាន់មួយនៅចំពោះមុខរបស់យើង»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងដឹងពីអ្វីដែលបានកើតឡើងកាលពីរដូវកាលមុន ប្រសិនបើយើងមិនធ្វើឲ្យបានល្អក្នុងពេលចាប់ផ្តើមទេនោះ ហើយយើងមិនចង់ឲ្យបញ្ហានោះកើតឡើងម្តងទៀតឡើយ»៕
    ប្រភពពី៖ The Guardian

  • សុខ ស្រីម៉ុច បដិសេធគ្មានអ្នកជួយនៅពីក្រោយ

    សុខ ស្រីម៉ុច បដិសេធគ្មានអ្នកជួយនៅពីក្រោយ

    តារាសម្ដែង សុខ ស្រីម៉ុច មួយរយៈចុងក្រោយនេះហាក់មានការតុបតែងខ្លួនប្លែកខុសពីពេលមុនៗ ភាគច្រើននាងនិយមប្រើប្រាស់សម្ភារថ្លៃៗ។ ជុំវិញសកម្មភាពនេះត្រូវបានគេសន្និដ្ឋានថា ទំនងជានាងមានគូកំណាន់ចិត្ដនៅពីក្រោយខ្នងចាំជួយឧបត្ថម្ភរូបនាងជាមិនខាន។

    ជួបជាមួយកញ្ញាសុខ ស្រីម៉ុច នាងបានច្រានចោលចំពោះការលើកឡើងបែបនោះដោយនាងបញ្ជាក់ថា៖ ”គ្មានបុរសណាគេយកលុយមកចំណាយលើខ្ញុំនោះទេ។ មួយថ្ងៃៗ ខ្ញុំប្រឹងធ្វើការងារសិល្បៈស្ទើរគ្មានពេលសម្រាក បែរជាមានគេនិយាយបែបនេះទៅវិញ ខ្ញុំពិតជាហួសចិត្ដខ្លាំងណាស់  ព្រោះខ្ញុំមិនមែនជាតារាដែលយកវិស័យសិល្បៈធ្វើជាស្ពានទេ”។

    នាងបញ្ជាក់បន្ថែមថា បច្ចុប្បន្នការងារសិល្បៈរបស់នាងមានការមមាញឹកជាងបណ្ដាឆ្នាំកន្លងទៅ ហើយក៏រកប្រាក់ចំណូលបានក្រែលគួរសមដែរ តែមិនទាន់អាចជួយលើកស្ទួយកម្រិតជីវភាពរបស់នាងឱ្យធូរធារបាននៅឡើយទេ។ នាងបន្ដថា អ្វីដែលមហាជនមើលឃើញពីភាពហ៊ឺហារខាងក្រៅរបស់នាងនោះវាគ្រាន់តែជាការរៀបចំខ្លួនតែប៉ុណ្ណោះ ព្រោះនាងជាតារាសិល្បៈបើនាងមិនចេះតុបតែងខ្លួនឱ្យប្លែកទេ វាក៏មិនអាចទាក់ទាញយកទីផ្សារការងារបានដែរ។

    កញ្ញាសុខ ស្រីម៉ុច ទស្សនិកជនបានស្គាល់នាងតាមរយៈការសម្ដែងរឿង ”ពន្លកស្នេហ៍ក្បែរជាយដែន” និងរឿង ”ជីវិតនាងរក្សា” ព្រមទាំង ”ល្បិចនាយកម្សត់” ជាដើម។​ គ្រាដែលនាងបោះជំហានចូលសិល្បៈដំបូងៗ នាងមិននិយមការតុបតែងខ្លួនទេ ព្រោះនាងមិនចង់ចំណាយថវិកាខ្ជះខ្ជាយ ខណៈនាងត្រូវការប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពនាង។

    តារាសម្ដែងមានបទពិសោធរូបនេះបញ្ជាក់ថា៖ ”ការពិតចំណូលដែលខ្ញុំរកបានពីការងារសិល្បៈមកបានច្រើនគួរសម ប៉ុន្ដែវាគ្រាន់តែយកមកទប់ទល់ នឹងចំណាយលើសម្ភារប្រើប្រាស់ និងគ្រឿងតុបតែងខ្លួនប៉ុណ្ណោះ វាមិនទាន់នៅសល់សម្រាប់ឱ្យខ្ញុំយកមកសន្សំទុកដាក់សម្រាប់ធ្វើការរកស៊ីទៅអនាគតបានឡើយ”។

    កញ្ញា ស្រីម៉ុច បញ្ជាក់ថា យើងជាតារាសិល្បៈមិនអាចធ្វើខ្លួនឱ្យសាមញ្ញពេកទេ ពេលខ្លះយើងដឹងថា សម្ភារដែលប្រើប្រាស់ទាំងនោះវាថ្លៃ  តែក៏មិនដល់ថ្នាក់ខ្ជះខ្ជាយថវិកាពេកដែរ យើងត្រូវចេះប៉ាន់ស្មានទៅតាមលទ្ធភាពដែលខ្លួនធ្វើទៅបាន ។ នាងបន្ថែមថា៖”សម្ភារទិញថ្លៃមែន  ប៉ុន្ដែនៅពេលប្រើប្រាស់  វាអាចជួយលើកមុខមាត់យើងក្នុងសង្គមសិល្បៈបាន ពិសេសមិត្ដភ័ក្ដិ និងអ្នកដឹកនាំរឿង ឬកម្មវិធីផ្សេងៗក៏ឱ្យតម្លៃយើងតាមហ្នឹងដែរ”៕

     

  • កម្ពុជា​នឹង​ចរចា​ស្នើ​សុំ​ឱ្យ​រួច​ពន្ធ​នាំ​ចូល​ផលិត​ផល​ស្បែក​ជើង

    កម្ពុជា​នឹង​ចរចា​ស្នើ​សុំ​ឱ្យ​រួច​ពន្ធ​នាំ​ចូល​ផលិត​ផល​ស្បែក​ជើង

    មន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ថ្នាក់​ដឹកនាំ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC) បាន​អះអាង​ថា នៅ​ពេល​នេះ​ក្រុម​ការងារ​របស់​ស្ថាប័ន​ទាំង​ពីរ​កំពុង​ធ្វើ​ការងារ​ជាមួយ​គ្នា​ដើម្បី​ត្រៀម​ស្នើ​ទៅ​សហរដ្ឋ​អាមេរិក​ឱ្យ​លើក​លែង​ពន្ធ​នាំ​ចូល​សម្រាប់​ផលិតផល​ស្បែក​ជើង​ពី​​កម្ពុជា។

    ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) លោក​ឧកញ៉ា វ៉ាន់ ស៊ូអៀង បាន​និយាយ​ថា កន្លង​មក​កម្ពុជា​ទទួល​បាន​ការ​វិនិយោគ​ថ្មីៗ​ក្នុង​ការ​ផលិត​កាបូប​ជាង​ 20​ក្រុមហ៊ុន បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នាំចូល​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​លើ​ផលិត​ផល​ “កាបូប​ដាក់​សម្ភារ​ធ្វើ​ដំណើរ ឬ Travel Goods” តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដែល​ភាគី​ទាំង​ពី​បាន​ចុះ​ហត្ថលេខា​កាលពី​ខែ​មិថុនា ឆ្នាំ2016។

    លោក​ឧកញ៉ា មាន​ប្រសាសន៍​ថា៖​“យើង​គិត​ចុះ​គិត​ឡើង​ក្នុង​រង្វង់​ពីរ​សប្តាហ៍ មាន​រោង​ចក្រ​1​ចូល​មក​ស្រុក​ខ្មែរ​សម្រាប់​ផលិត​កាបូប។ ខ្ញុំ​គិត​ថា​ល្អ​មែន​ទែន ហើយ​យើង​ត្រូវតែ​បន្តទៀត”។ លោក​ឧកញ៉ា​បាន​បង្ហាញ​ពី​មហិច្ឆតា​ក្នុង​ការ​បញ្ចុះ​បញ្ចូល​សហរដ្ឋ​អាមេរិក​ឱ្យ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ដល់​ផលិត​ផល​ស្បែក​ជើង​ពី​កម្ពុជា ដោយ​បច្ចុប្បន្ន​កម្ពុជា​មាន​រោងចក្រ​ផលិត​ស្បែក​ជើង​ជាង​60។ ឧកញ៉ា បញ្ជាក់​ថា រោងចក្រ​ដេរ​ស្បែកជើង​សុទ្ធ​តែ​ជា​រោងចក្រ​ខ្នាត​ធំ ដោយ​រោងចក្រ​នីមួយៗ​មាន​កម្មករ​ចន្លោះ​ពី​ 4,000-5,000​នាក់។

    ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា៖ “បើ​យើង​សុំ​បាន​ចូល​អាមេរិក​ដោយ​មិនចាំ​បាច់​បង់​ពន្ធ​សម្រាប់​ផលិតផល​ស្បែកជើង ប្រហែល​ជា​យើង​អាច​ទាក់​ទាញ​បាន​ក្រុមហ៊ុន​ជាង ​100​ទៀត​មក​បង្កើត​រោងចក្រ​នៅ​កម្ពុជា។ ខ្ញុំ​រួម​ជាមួយ​សមាជិក​សមាគម​កាត់ដេរ ព្រមទាំង​ដៃគូ​នៅ​អាមេរិក​កំពុង​តែ​គិត​ពី​រឿង​សុំ​ចូល​ទៅ​កាន់​ទីផ្សារ​អាមេរិក ដោយ​មិនបាច់​បង់ពន្ធ​សម្រាប់​ផលិតផល​ស្បែកជើង។ យើង​នឹង​សាក​មើល បើសិន​យើង​បាន គឺ​ល្អ​ណាស់”។

    លោក ហូ ស៊ីវយ៉ុង ប្រធាន​នាយកដ្ឋាន​នាំ​ចេញនាំចូល នៃ​ក្រសួង​ពាណិជ្ជកម្ម ប្រាប់​ថា ក្រុមការងារ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា កំពុង​ធ្វើការ​ងារ​នេះ​ជា​មួយគ្នា​ដើម្បី​ស្នើ​សុំ​ការ​លើក​លែង​ពន្ធ​នាំចូល​ពី​សហរដ្ឋ​អាមេរិក។ លោក​បញ្ជាក់​ថា​៖ “យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​នៅ​ពេល​ផលិតផល​ស្បែក​ជើង​ទទួល​បាន​ការ​លើក​លែង​ពន្ធ​នាំចូល​ ព្រោះ​វា​នឹង​អាច​ទាក់​ទាញ​ការ​វិនិយោគ​ថ្មីៗ ដើម្បី​បង្កើត​ការងារ​បន្ថែម​ដល់​យុវជនខ្មែរ”។

    ក្រោយ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ក្នុង​ពេល​កន្លង​មក​ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់សហរដ្ឋ​អាមេរិក ដែល​រួម​មាន​ផលិតផល​វ៉ាលី កាបូប​ស្ពាយ កាបូប​យួរដៃ និង​កាបូបដៃ ចាប់​ពី​ថ្ងៃទី​01 ខែកក្កដា ឆ្នាំ​2016 តទៅ​មិន​តម្រូវ​ឱ្យ​បង់ពន្ធ​នោះ​ទេ ខណៈ​មុន​ការ​លើក​លែង​ពន្ធ​ការ​នាំ​ចេញ​ទំនិញ​ទាំង​នេះ​ទៅ​អាមេរិក​ត្រូវ​ជាប់​ពន្ធ​ក្នុង​អត្រា​ចន្លោះ​ពី​4.5%​ទៅ 20%​ឯណោះ៕

  • ទីបំផុត Neymar ត្រូវត្រៀម​បំពេញ​ការផ្ទេរ​ទៅ PSG មែន!

    ទីបំផុត Neymar ត្រូវត្រៀម​បំពេញ​ការផ្ទេរ​ទៅ PSG មែន!

    ខ្សែ​ប្រយុទ្ធ Neymar នឹង​ត្រូវ​បំពេញការផ្ទេរក្នុងតម្លៃខ្លួន​ជាកំណត់ត្រា​ពិភព​លោក​ទៅកាន់ក្លិប Paris Saint-Germain ក្នុង​ទឹកប្រាក់​ប្រមាណ​ជា​502លានអឺ​រ៉ូ (ស្មើនឹង​595លាន​​ដុល្លារ​អាមេរិក) បើ​បូក​ទាំង​តម្លៃ​ខ្លួន និង​ប្រាក់​បៀ​​វត្សរ៍ ក្រោយ​ពី​រូបគេបានប្រាប់​ក្លិប Barcelona ថា រូបគេ​នឹង​ចាក​ចេញ​។

    PSG បាន​យល់​ព្រម​ទៅលើ​ក្នុងការ​ចំណាយ​ប្រាក់​​ទិញ​រំលាយកិច្ច​សន្យា​​ចំនួន​222​លាន​អឺ​រ៉ូ (ស្មើនឹង​260លាន​ដុល្លារអាមេរិក) ​ដែលនឹង​ត្រូវ​ប្រគល់​ឲ្យ​ការិយាល័យ​សហ​ព័ន្ធកីឡា​បាល់​ទាត់​អេ​ស្ប៉ាញ ខណៈ​ដែលនេះ​គឺ​ជា​បែប​បទ​ដែល​តម្រូវ​ឲ្យ​ធ្វើ​ក្នុងការ​ជម្រះ​ការ​ផ្ទេរ​។ Neymar ដែល​​បាន​ធ្វើ​ដំណើរ​​ទៅកាន់​ទីក្រុង Porto កាលពីថ្ងៃពុធ ដើម្បី​ទទួល​ការ​ត្រួតពិនិត្យសុខភាពនោះត្រូវ​បាន​រំពឹង​ទុក​ថា នឹង​បង្ហាញខ្លួន​ជាផ្លូវ​ក្នុង​ទីក្រុង​ប៉ា​រីសនៅ​សប្តាហ៍នេះ​។ កាលពីថ្ងៃពុធ​ដដែល​នោះ Neymar ដែលរួម​ដំណើរ​​ដោយ​ឪពុក​របស់គេផងនោះបាន​ធ្វើការ​បញ្ជាក់​ប្រាប់​ក្លិប Barcelona នៅ​ឯ​ទីលានហ្វឹកហាត់​របស់​ពួក​គេ អំពី​គោល​​បំណង​​របស់គេក្នុង​ការ​ចាក​ចេញ​។ ក្លិប​យក្ស​​របស់អេ​ស្ប៉ាញមួយនេះបាន​ឆ្លើយ​តប​តាមរយៈ​ការ​និយាយ​ថា ទឹក​ប្រាក់​​ទិញ​រំលាយ​កិច្ច​សន្យា​នឹង​ត្រូវ​តែ​បង់​ក្នុង​ចំនួនពេញ​លេញ​។

    ស្របពេល​ជាមួយ​គ្នានេះ ខ្សែ​ប្រយុទ្ធ Lionel Messi ដែល​ជាមិត្ត​រួមក្រុម​របស់ក្លិប Neymar បាន​បង្ហោះ​​សារ​លា​គ្នា នៅ​លើបណ្តាញ​សង្គមទៅកាន់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីលរូបនេះ ខណៈ​ដែលលោក Wagner Ribeiro ដែល​ជា​ភ្នាក់​ងារ​តំណាង​របស់​គេត្រូវ​បានដក​ស្រង់​សម្តី​ខណៈ​និយាយ​ថា PSG នឹង​ចំណាយ​​ប្រាក់​ស្រប​​តាម​តម្លៃខ្លួន​ដែល Barcelona ​បានស្នើ​សុំ​​។ លោក Ribeiro បានបញ្ជាក់បន្ថែមទៀត​ថា Neymar កំពុង​ស្ថិតនៅលើ​ផ្លូវ​ឆ្ពោះទៅកាន់​ការផ្ទេរមួយនេះ​ហើយ។ Ribeiro បានប្រាប់​ស្ថានី​យវិទ្យុ​របស់​អេ​ស្ប៉ាញ Cadena COPE ថា៖ «PSG នឹង​ចំណាយ​ប្រាក់​រំលាយកិច្ច​សន្យា​ចំនួន​222លាន​អឺ​រ៉ូ របស់ Neymar នៅ​ថ្ងៃនេះ ហេតុនេះ រូប​គេអាច​បង្ហាញ​ខ្លួន​ជាផ្លូវការ​នៅ​ចុង​សប្តាហ៍នេះ​​»​។ Neymar បាន​ផ្ទេរមកពី​ក្លិប Santos កាលពី​ឆ្នាំ​2013 ក្នុង​តម្លៃ​ខ្លួន​ជិត​100​លាន​អឺ​រ៉ូ ហើយ​រូបគេ​​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ទទួល​បាន​​ចំណូល​ជាង​1​លាន​ដុល្លារ​ក្នុងមួយ​សប្តាហ៍ នៅ PSG មុន​ពេល​កាត់​​ពន្ធ​​៕

    ប្រភព​ពី៖ The Guardian

  • ក​ម្មវិធីកំប្លែងខ្លី «ដូច្នឹងផង!» របស់ ប៊ុន រតនា ជោគជ័យយ៉ាងខ្លាំង!!

    ក​ម្មវិធីកំប្លែងខ្លី «ដូច្នឹងផង!» របស់ ប៊ុន រតនា ជោគជ័យយ៉ាងខ្លាំង!!

    កម្មវិធីកំប្លែងថ្មីដែលផលិតកម្ម និងស្ថានីយ៍ទូរទស្សន៍ថោនដាក់ចេញក្រោមចំណងជើងថា «ដូច្នឹងផង!» កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០១៦ ជាមួយឃ្លិបវីដេអូជាច្រើនកំពុងធ្វើឲ្យមហាជនផ្ទុះសំណើចយ៉ាងខ្លាំងក្លាទាំងនៅលើកញ្ចក់ទូរទស្សន៍  លើយូធូប និង​ កាន់តែផ្ទុះខ្លាំងបំផុតទៅទៀត គឺនៅលើហ្វេសប៊ុកតែម្តង ខណៈដែលការជោគជ័យនេះត្រូវបានគេកត់សម្គាល់ថា ការបញ្ចាំង​រឿងដុំនៅលើកញ្ចក់ទូរទស្សន៍ថោនក៏ទទួលបានការគាំទ្រយ៉ាងកក្រើក​ពីមហាជនយ៉ាងផ្ទួនៗដូចគ្នាដែរ។

    លោក ប៊ុន រតនា ដែលគេស្គាល់តាមរយៈការដឹកនាំបទមនោសញ្ចេតនាល្បីៗ បានឲ្យដឹងកាលពីពេលថ្មីៗនេះ ថា ​លោកបានចូលទៅគ្រប់គ្រងផ្នែកផលិតកម្មវិធីនៅស្ថានីយ៍ទូរទស្សន៍ Town Full HDTV ជាមួយកម្មវិធីថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន​។

    អ្នកដឹកនាំបទចម្រៀង «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» រូបនេះ​បានបន្តថា កម្មវិធីថ្មី​ដែ​ល​លោ​ក​កំ​ពុង​ផ​លិ​ត​រួ​ម​​ជា​មួ​យ​ក្រុ​​​​ម​កា​រ​​ងារ​​ផ​លិ​ត​ក​ម្ម ​និ​ងស្ថា​​នី​យ៍ទូ​រ​ទ​​ស្ស​ន៍​ថោ​ន​​ដែលបា​ន​ផ្សា​យ​ចេ​ញបណ្តើរៗ​ ​រា​ប់​រ​យ​ឃ្លិ​ប​នោះ​ ​ជា​ក​ម្មវិធីកំប្លែងខ្លី «ដូច្នឹងផង!» ដោយដាក់បញ្ចាំងចាប់រៀងរាល់ថ្ងៃពីច័ន្ទ ដល់អាទិត្យវេលាម៉ោង7.០០នាទី ដល់ម៉ោង9.០០នាទីយប់។

    លោក ប៊ុន រតនា ហៅ សេម បានបន្តទៀតថា ដូចយើងដឹងស្រាប់ហើយ កម្មវិធីកំប្លែងវាពិបាកណាស់ ដើម្បីធ្វើឲ្យមនុស្សសើចបាន តែទីបំផុតខាងផលិតកម្មថោន និងស្ថានីយ៍ទូរទស្សន៍ថោនយើង​អាចធ្វើវាបាន ដោយ​ជាក់ស្តែងយើងឃើញថា វាអ៊ីចឹងមែន មហាជនចូលចិត្តមើលច្រើនណាស់។

    គួរបញ្ជាក់ផងដែរថា លោក ប៊ុន រតនា ជា​ផលិតករដឹកនាំបទកំសត់ៗ ដូចជាបទ «I am Sorry» បទ «អស់ឱកាស» បទ«ហេតុអ្វីឱ្យបងស្គាល់អូន» បទ «ពេលនេះម៉ោងនេះ ខ្ញុំឈឺចាប់ជាទម្ងន់» និង បទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» និងគ្មាននរណាមិននឹកស្មានថា លោកអាចផលិតកម្មវិធី​កំប្លែងខ្លី ធ្វើឲ្យមហាជនផ្ទុះសំណើចបែបនេះសោះ ៕

     

    ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

    https://www.youtube.com/watch?v=eCxEw69zrXU

    https://www.youtube.com/watch?v=dn6_kGrdkrg