Category: សង្គម និងសេដ្ឋកិច្ច

  • រដ្ឋមន្រ្តី៖ ទិន្នផលស្រូវឆ្នាំនេះ នឹងកើនលើស 10លានតោន

    រដ្ឋមន្រ្តី៖ ទិន្នផលស្រូវឆ្នាំនេះ នឹងកើនលើស 10លានតោន

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងថា ទិន្នផលស្រូវឆ្នាំនេះនឹងកើនឡើងលើសពី 10លានតោន ធៀបនឹងទិន្នផលដែលប្រមូលបានកាលពីឆ្នាំមុនតែប្រមាណជាង 9លានតោន។

    លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទិន្នផលស្រូវឆ្នាំនេះនឹងសម្រេចបានជាង10លានតោន ដោយសារទិន្នផលកើនឡើង និងការប្រើប្រាស់គ្រឿងចក្រពីប្រជាពលរដ្ឋបានកើនឡើងខ្ពស់ផងដែរ ពិសេសក្រសួងបាន និងកំពុងដាក់ចេញពូជស្រូវថ្មីគឺ ខា14 ខា15 និងខា16 ជាពូជស្រូវដែលទើបស្រាវជ្រាវរកឃើញដែលធន់នឹងជំងឺ និងធាតុអាកាស ពិសេសទទួលបានទិន្នផលច្រើន។

    លោកបន្តថា “ការដាក់ចេញនូវគោលនយោបាយចាស់ និងសកម្មភាពថ្មីដោយសម្តេចតេជោ ហ៊ុន សែន កាលពីដើមឆ្នាំ2013 បានធ្វើឲ្យផ្ទៃដីកសិកម្មកើនឡើង ហើយការផលិតផលិតផលកសិកម្មក៏បានកើនឡើងខ្ពស់ដែរ រាប់ទាំងស្រូវ ដំឡូងមី ពោត និងកៅស៊ូជាដើម”។ លោកបន្តទៀតថា “ការកើនឡើងនូវផលិតផលកសិកម្មទាំងនេះបានធ្វើឲ្យលើសតម្រូវការទីផ្សារ ពិសេសការបញ្ជាទិញពីប្រទេសជិតខាងមានកម្រិតបានធ្វើឲ្យទិន្នផលកសិកម្មជាប់គាំង និងធ្លាក់ចុះតម្លៃដែលជាបញ្ហាមួយរបស់កសិករ”។

    លោក វេង សាខុន បានបន្តថា ប្រទេសថៃ និងវៀតណាមជាទីផ្សារធំរបស់យើង ពួកគេមិនបានគិតថា ផលិតផលកសិកម្មរបស់យើងកើនឡើងខ្លាំងដូច្នេះឡើយ ទើបធ្វើឲ្យសមត្ថភាពទទួលយករបស់ពួកគេមានកម្រិតដែលធ្វើឲ្យទិន្នផលរបស់ពួកគេមិនអាចឆ្លើយតបបាននឹងការកើនឡើងយ៉ាងគំហុកនូវទិន្នផលកសិកម្មរបស់កម្ពុជា៕

  • ដឹងវិធីមួយនេះហើយ អ្នកជិះរថយន្ដ Prius នឹងលែងភ័យនៅពេលជួបបញ្ហា

    ដឹងវិធីមួយនេះហើយ អ្នកជិះរថយន្ដ Prius នឹងលែងភ័យនៅពេលជួបបញ្ហា

    រថយន្ត Toyota Prius ជារថយន្តធុនតូចមួយម៉ូដែលដែលត្រូវបានប្រជាជនកម្ពុជាយើងនិយមចូលចិត្តប្រើច្រើន ខណៈម៉ូដែលនេះអាចជួយសន្សំសំចៃប្រេងសាំងបានខ្ពស់ជាងរថយន្តធម្មតា ប៉ុន្តែវាក៏មានបញ្ហាកើតឡើងច្រើនដែរ ពេលប្រើយូរទៅ។ ថ្ងៃនេះ គេហទំព័រ ឡារ៉ែន សូមលើកពីវិធីសាស្ត្រមួយដែលអាចដោះស្រាយបានភ្លាមៗ ក្នុងករណីម៉ាស៊ីនមិនដំណើរការ ដោយសារម៉ូទ័របូមទឹកខាងមុខមានបញ្ហា។

    ជាទូទៅនៅពេលដែលម៉ូទ័របូមទឹកខូច ម៉ាស៊ីននឹងចាប់ផ្ដើមឡើងកម្ដៅខ្លាំងនាំឱ្យប្រព័ន្ធគ្រប់គ្រងរបស់រថយន្តធ្វើការផ្ដាច់ចរន្ដភ្លើងហើយនឹងមានធុំក្លិនឈ្ងៀមឡើង ពេលនោះរថយន្តរបស់លោកអ្នកនឹងមិនអាចបន្ដដំណើរទៅណាកើតទាំងអស់ ប្រសិនបើមិនដឹងពីវិធីដោះស្រាយ។ ចំណុចនេះ ដើម្បីកែបញ្ហាឱ្យបាន និងធ្វើឱ្យអាចបន្ដដំណើរទៅមុខទម្រាំរកកន្លែងជួសជុលបាននោះ លោកអ្នកត្រូវបើកគម្របម៉ាស៊ីនឡើង ហើយផ្ដាច់ចេញពីគ្នានូវឌុយភ្លើងមួយ (មើលរូប 01 ) បន្ទាប់មក បើកប្រអប់ហ្វ៊ុយស៊ិប ហើយដោះដូរ ហ្វ៊ុយស៊ិបភ្លើងមួយដែលដាច់ (មើលរូប) ដោយយកហ្វ៊ុយស៊ិបថ្មីដែលនៅផ្នែកខាងឆ្វេងដៃមកដាក់ជំនួសវិញ។

    បន្ទាប់ដោះដូរហ្វ៊ុយស៊ិបភ្លើងហើយ សូមបិទគម្របម៉ាស៊ីនវិញ ប៉ុន្តែកុំដោតឌុយភ្លើងដែលបានដកចេញហើយនោះ គឺទុកវាចោល ទើបម៉ាស៊ីនអាចដំណើរការ និងយើងអាចបើកបរទៅមុខបាន។ ក្នុងករណីនេះ ម៉ាស៊ីនរថយន្តគឺអាចដំណើរការបានធម្មតា ប៉ុន្តែយើងមិនអាចប្រើប្រាស់ម៉ាស៊ីនត្រជាក់បានទេ៕

  • ប៉ុស្តិ៍លេខ3 អះអាងៈ Yaya និង Nadech គ្រងតំណែងតួឯករឿង ណាឃី វគ្គ 2

    ប៉ុស្តិ៍លេខ3 អះអាងៈ Yaya និង Nadech គ្រងតំណែងតួឯករឿង ណាឃី វគ្គ 2

    ថ្មីៗនេះស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ 3 បានចេញមកអះអាងហើយថា រឿងភាគទូរទស្សន៍ដ៏ល្បីល្បាញប្រចាំឆ្នាំ គឺរឿង ណាឃី វគ្គ 2 គឺមាន Yaya និង Nadech គ្រងតំណែងជាតួឯកក្នុងរឿងនេះ ក្រោមស្នាដៃដឹកនាំសម្ដែងរឿងដោយ លោក អហ្វ ផុងផាត់ វ៉ាត់ឈីរ៉ាក់បានចុងដដែល។

    បន្ទាប់ពីព័ត៌មានពាក់ព័ន្ធនឹងរឿងតារាឯកក្នុងរឿង ណាឃី វគ្គ 2នេះត្រូវបានទម្លាយចេញមក បានធ្វើឱ្យអ្នកគាំទ្រទាំងឡាយនឹកស្មានមិនដល់ឡើយថា បានទៅលើតារាឯកប្រុសស្រីដូចជា Yaya និង Nadech នេះ តែគេទាំងពីរនាក់សុទ្ធតែជាតារាវ័យក្មេង និងមានសមត្ថភាពសម្ដែងកម្រិតកំពូល ហើយល្បីល្បាញដូចគ្នា និងដែលធ្លាប់ឡើងទទួលពានរង្វាន់រឿងភាគលេចធ្លោប្រចាំឆ្នាំជាច្រើនរង្វាន់រួចមកហើយ ព្រមទាំងធ្វើឱ្យអ្នកគាំទ្រមួយចំនួនទស្សន៍ទាយខុសទៀតផងថា ជាតារាឯកស្រី ផេនខេក។

    ទីបំផុត នៅថ្ងៃទី6 ខែសីហា 2017 នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ 3 ក៏បានបង្ហោះថា “តារាដែលនឹងគ្រងតំណែងជាតួឯកក្នុងរឿង ណាឃី វគ្គ 2 គឺ Yaya និង Nadech មិនមែនតារាឯកស្រី នាងតែវ ទេ “៕

  • ម៉ៅ គីមធីតា ខ្លាចជាប់ឈ្មោះជាស្រីមានចិត្ដរាយមាយ ក្រោយល្បីថា មានស្នេហាច្រើនក្នុងពេលតែមួយ

    ម៉ៅ គីមធីតា ខ្លាចជាប់ឈ្មោះជាស្រីមានចិត្ដរាយមាយ ក្រោយល្បីថា មានស្នេហាច្រើនក្នុងពេលតែមួយ

    ក្រោយពីតារាសម្ដែងស្រី ម៉ៅ គីមធីតា ទទួលបានការគាំទ្រលើការសម្ដែងនៅក្នុងរឿង «មន្ដស្នេហ៍លេខា» រួចមក ថ្មីៗនេះក៏ស្រាប់តែលេចឮថា ជីវិតក្រៅឆាករបស់នាងបានធ្វើឱ្យមហាជនចាប់អារម្មណ៍មិនតិចឡើយ ដោយសារតែនាងជាតារាសម្ដែងនិយមលេងល្បែងស្នេហាច្រើននាក់។

    ថ្មីៗនេះមានការលើកឡើងថា តារាសម្ដែងញញឹមស្រស់ថ្ពាល់ខួចរូបនេះមានទំនាក់ទំនងស្នេហាស្ងាត់ៗជាមួយតារាសិល្បៈ3រូបក្នុងពេលតែមួយ គឺលោក ហាក់ សុធារិទ្ធ ម្ចាស់បទ «មេឃកំពុងភ្លៀងហើយ» លោក ហង្ស សម្បើមស័ក្តិ និងលោក គូម៉ា។

    ជួបកញ្ញា ម៉ៅ គីមធីតា នាងបានលើកឡើងទាំងសំដីហួសចិត្ដថា៖ «ងាប់ហើយបង! នរណាទៅមានសង្សារមួយឆ្នាំដល់ទៅ3នាក់នោះ។ គ្មានទេ! ពួកយើងស្រឡាញ់រាប់អានគ្នាជាមិត្ដភ័ក្ដិតែប៉ុណ្ណោះ។ ខ្ញុំទទួលស្គាល់ថា តាមរយៈភាពស្និទ្ធស្នាលរបស់ខ្ញុំជាមួយពួកគាត់កន្លងមក ពិតជាបានធ្វើឱ្យមហាជនមានការយល់ច្រឡំក៏ពិតមែន ក៏ប៉ុន្ដែខ្ញុំចង់បញ្ជាក់ថា ខ្ញុំរាប់អានពួកគាត់ដូចជាបងប្អូនទេ»។

    តារាសម្ដែងរូបនេះបន្ដថា មូលហេតុដែលធ្វើឱ្យមានការយល់ច្រឡំបែបនេះ ដោយសារតែនាងធ្លាប់រួមការងារជាមួយតារាប្រុសៗទាំង3រូបនោះ។ នាងជានារីម្នាក់ចូលចិត្ដលេងសើចច្រើន និងរាប់អានពិតប្រាកដ ដូច្នេះពេលចប់ពីការងារ ឬពេលទំនេរក៏ឧស្សាហ៍ចេញទៅញ៉ាំអាហារខាងក្រៅជាមួយគ្នាដោយមិនបានគិតថា ខ្លាចគេមើលឃើញ ឬប៉ះពាល់ដល់ប្រជាប្រិយភាពអ្វីទេ ដូច្នេះហើយទើបធ្វើឱ្យមហាជនមានការយល់ច្រឡំ។ ធីតា បញ្ជាក់ថា៖ «នៅពេលមានការលើកឡើងបែបនេះ ខ្ញុំក៏មានការបារម្ភដែរ ព្រោះខ្ញុំជាស្រ្ដី លោតែមានគេថា ខ្ញុំជាស្រ្ដីមានចិត្ដរាយមាយ ចប់បណ្ដោយ ខ្ញុំខូចឈ្មោះអស់»។

    ទោះយ៉ាងណាកញ្ញា ម៉ៅ គីមធីតា បញ្ជាក់ថា ចំពោះក្រុមគ្រួសាររបស់នាងដែលធ្លាប់តែរិតត្បិតជាមួយរឿងផ្ទាល់ខ្លួននាងនោះ ពេលនេះពិតជាគ្មានបញ្ហាអ្វីឡើយ ព្រោះនាងបានបកស្រាយប្រាប់ឪពុកម្ដាយនាងអស់ហើយ។ ម្យ៉ាងនាងក៏ទទួលបានការទុកចិត្ដពីក្រុមគ្រួសាររួចទៅហើយដែរ ខុសពីពេលនាងចូលសិល្បៈដំបូងៗដែលឪពុកម្ដាយតែងតែបារម្ភខ្លាចកូនចាញ់បោកគេ៕

  • កាហ្វេតាមដងផ្លូវសោះ តែមនុស្សតម្រង់ជួរទិញមិនចាញ់កាហ្វេទំនើបមកពីបរទេស

    កាហ្វេតាមដងផ្លូវសោះ តែមនុស្សតម្រង់ជួរទិញមិនចាញ់កាហ្វេទំនើបមកពីបរទេស

    ភ្នំពេញ៖ និន្នាការនៃការទទួលទានកាហ្វេនាសម័យកាលបច្ចុប្បន្ន ភាគច្រើនត្រូវបានគេងាកទៅរកកាហ្វេមានឈ្មោះល្បីដែលនាំ Franchise មកពីបរទេស។ ប៉ុន្តែដោយសារចង់លើកកម្ពស់ផលិតផលខ្មែរ និងចង់ផ្តល់កាហ្វេមានរសជាតិឈ្ងុញឆ្ងាញ់មិនចាញ់កាហ្វេក្នុងហាងទំនើបៗ ជូនកូនខ្មែរឱ្យបានទទួលទានគ្រប់ៗគ្នានោះ កូនខ្មែរម្នាក់បានសម្រេចចិត្តទិញម៉ាស៊ីនកិនកាហ្វេទំនើប និងគ្រាប់កាហ្វេល្អមកកិនលក់លើចិញ្ចើមផ្លូវ ហើយត្រូវបានអ្នកនិយមទទួលទានកាហ្វេតម្រង់ជួរគ្នាទិញឥតដាច់ជារៀងរាល់ថ្ងៃ។

    បើគេធ្វើដំណើរតាមផ្លូវ57 កែង370 ខាងជើងផ្សារបឹងកងកងនោះ គេនឹងឃើញមានមនុស្សម្នាឈរជុំៗតម្រង់ជួរចាំទិញកាហ្វេយ៉ាងច្រើនកុះករ ហើយបើឃើញមួយភ្លែតស្មានតែមានអ្វីកើតឡើង ប៉ុន្តែទីនោះហើយគឺកន្លែងលក់កាហ្វេ បូតា (Bota Coffee) ដែលគេឃើញអ្នកលក់3-4នាក់កំពុងញាប់ដៃញាប់ជើងកិនកាហ្វេលក់ជូនអតិថិជន។

    ឆ្លៀតពេលទំនេរដៃបន្តិច អ្នកនាង ធាម នារតី ម្ចាស់ហាងកាហ្វេបូតាលក់លើចិញ្ចើមផ្លូវខាងលើបានឆ្លៀតពេលសម្ភាសថា «ពិតជាមានមនុស្សច្រើនមែនបង ចាប់តាំងពីពេលបើកលក់ម៉ោង7.00នាទីព្រឹក គឺភ្ញៀវចាប់ផ្តើមមកបណ្តើរៗហើយ ហើយចន្លោះត្រឹមតែម៉ោង8.00ទៅម៉ោង9.00នាទីឡើងទៅ គឺភ្ញៀវមកកាន់តែច្រើនឡើងៗកិនកាហ្វេលក់សឹងមិនទាន់ឱ្យភ្ញៀវ ពេលខ្លះភ្ញៀវគាត់ប្រញាប់ មិនអាចរង់ចាំបានគាត់ក៏ជិះហួសទៅ រហូតដល់ទំនេរពីការងារទើបមកទិញវិញ ឬកុម្ម៉ង់ឱ្យយកទៅឱ្យតាមក្រោយក៏មាន»។

    អ្វីដែលធ្វើឱ្យកាហ្វេតាមដងផ្លូវមួយនេះ ត្រូវបានអតិថិជនគាំទ្រច្រើនដូច្នេះ គឺដោយសារតែរសជាតិ និងក្លិនដ៍ឈ្ងុញឆ្ងាញ់នៃរសជាតិគ្រាប់កាហ្វេកិនឱ្យភ្ញៀវភ្លាមៗ មិនដូចកាហ្វេដែលគេកិនទុកយូរនោះទេ ឬកាហ្វេដែលមានសារធាតុគីមីមួយចំនួនដែលនិយមរុញលក់តាមរទេះនៅតាមដងផ្លូវផ្សេងៗ។ អ្នកនាង នារតី បន្តថា កាលដែលបើកលក់ដំបូងនោះហាក់មិនទាន់មានអ្នកស្គាល់ច្រើនភ្លាមនោះទេ គឺលក់ដាច់មួយៗទេ ប៉ុន្តែបន្ទាប់ពីសម្រិតសម្រាំងកែច្នៃរសជាតិបន្តិចម្តងៗទៅតាមការចង់បានរបស់អតិថិជនធ្វើឱ្យភ្ញៀវស្គាល់តៗគ្នាកាន់តែច្រើនឡើងៗហើយមកទិញច្រើនជារៀងរាល់ថ្ងៃមិនចាញ់កាហ្វេនាំចូលពីបរទេសនោះឡើយ។ គ្រាប់កាហ្វេដែលយកមកកិនលក់នេះ គឺជាកាហ្វេមណ្ឌលគិរី និងកាហ្វេរបស់កសិករនៅខេត្តស្ទឹងត្រែង លាយជាមួយនឹងគ្រាប់កាហ្វេឡាវផងដែរទើបធ្វើឱ្យរសជាតិកាហ្វេខ្មែរយើងមិនចាញ់រសជាតិកាហ្វេប្រ៊ែនដ៍នាំចូលពីក្រៅប្រទេសនោះទេ។

    អ្នកនាងនារតីបន្តដូច្នេះថា «អ្វីដែលខ្ញុំមកកិនកាហ្វេលក់នេះ គឺចង់ផ្តល់ជូនអ្នកដែលមានប្រាក់ខែល្មមអាចមានលទ្ធភាពហូបកាហ្វេឆ្ងាញ់ដូចកាហ្វេហាងធំៗដែរ ដោយលក់ក្នុងតម្លៃសមរម្យត្រឹមតែ1ដុល្លារ មិនដូចកាហ្វេបរទេសក្នុងហាងទំនើបៗចាប់ពីជាង 2ដុល្លារឡើងទៅ បើសិនអ្នកមានប្រាក់ខែ500ដុល្លារក៏គាត់មិនអាចមានលទ្ធភាពហូបបានរាល់ថ្ងៃនោះដែរ»។ តាមពិតទៅការលក់តាមដងផ្លូវនេះ គឺដើម្បីកុំឱ្យមានការចំណាយច្រើន ចំណាយថ្លៃជួលហាងទំនើបធ្វើកន្លែងដេគ័រហាងល្អៗ ប្រសិនបើយើងចំណាយថ្លៃដើមច្រើន ក៏យើងលក់ថ្លៃទៅតាមនោះដែរមិនអាចលក់បានធូរថ្លៃដូច្នេះទេ។

    អតិថិជនដែលទៅទិញកាហ្វេនៅទីនោះ មានគ្រប់វ័យ រាប់ទាំងពីសិស្សសាលា មនុស្សចាស់ វ័យកណ្តាល ប៉ុន្តែភាគច្រើនគឺជាអ្នកធ្វើការដោយគាត់មកទិញជាក្រុមការងារ អង្គុយជជែកគ្នាលេងពីនេះពីនោះ ជជែកការងាររបស់គាត់ លើសពីនេះអ្នកធ្វើការជាមន្រ្តីទូត ក៍គាត់មកកុម្ម៉ង់ទិញច្រើនដែរ ដោយកុម្ម៉ង់យកទៅកន្លែងគាត់ម្តងចាប់ពី5កែវទៅដល់10កែវក៏មាន។ ប៉ុន្តែមិនមែនសុទ្ធតែទទួលទានកាហ្វេទាំងអស់គ្នាទេ អ្នកខ្លះកុម្ម៉ង់កាហ្វេ អ្នកខ្លះកុម្ម៉ង់ផ្លែឈើក្រឡុក ដូចជាប៊័រក្រឡុក ទៀបក្រឡុក និងសូដាប៉ាស្យុងជាដើម។ល និងល។

    នៅពេលសួរថា តើមួយថ្លៃលក់បានប៉ុន្មានកែវ? អ្នកនាងហាក់ស្ទាក់ស្ទើរក្នុងការឆ្លើយប្រាប់ ប៉ុន្តែថា ចាប់ពី100កែវឡើងទៅ។ ចុះបើមួយកែវតម្លៃមួយដុល្លារ មួយថ្ងៃគិតត្រឹមតែ100កែវ ក៍100ដុល្លារផងដែរ។ចំណាយផ្សេងៗថ្លៃជួលបុគ្គលិកលក់អស់ពាក់កណ្តាល ក៍នៅសល់ពាក់កណ្តាលដែរ ដែលចំណូលអ្នកធ្វើការក្នុងអូហ្វីសម៉ាស៊ីនត្រជាក់មួយចំនួនសុំខ្មាស។ ដោយសារមានអ្នកគាំទ្រច្រើនដូចនេះ ម្ចាស់ហាងកាហ្វេបូតានេះ គ្រោងនឹងបើកកន្លែងលក់មួយទៀតក្នុងពេលឆាប់ៗនេះ នៅម្តុំសាលារៀនសន្ធរម៉ុក៕

  • នេះជារូបមន្តដ៏អស្ចារ្យសម្រាប់បុរសសក់មិនក្រាស់ ឬក្បាលទំពែក

    នេះជារូបមន្តដ៏អស្ចារ្យសម្រាប់បុរសសក់មិនក្រាស់ ឬក្បាលទំពែក

    បុរសជាច្រើនរមែងតែងជួបប្រទះបញ្ហាសក់ជ្រុះច្រើន និងមិនដឹងថា ត្រូវព្យាបាលដោយរបៀបណា និងត្រូវព្យាបាលតាមវិធីណាដើម្បីកុំឱ្យអស់ថវិកាច្រើន។ បញ្ហានេះបណ្ដាលមកពីដំណើរវិវឌ្ឍន៍នៃវ័យចំណាស់ដែលស្របទៅតាមដំណើរធម្មជាតិ។ ថ្ងៃនេះទស្សនាវដ្តី និងគេហទំព័រឡារ៉ែនសូមនាំមកជូននូវវិធីសាស្ត្រល្អៗ សម្រាប់ព្យាបាលបញ្ហាសក់ជ្រុះខ្លាំងចំពោះបុរសតាមវិធីបែបធម្មជាតិ ព្រមទាំងធ្វើឱ្យសក់លូតលាស់ឡើងវិញ ហើយមានសភាពក្រាស់ជាងមុន ដែលកាន់តែធ្វើឱ្យបុរសមានភាពក្មេងជាងវ័យទៀតផង។

    ដំណោះស្រាយ និងវិធីដែលយើងនឹងបង្ហាញនៅថ្ងៃនេះគឺ ទឹកឃ្មុំ ខ្ទឹមស ក្រូចឆ្មារ សម្រាប់ព្យាបាលបញ្ហាក្បាលទំពែករបស់បុរស។

    គ្រឿងផ្សំមាន៖
    ទឹកឃ្មុំ 1 គីឡូក្រាម
    ខ្ទឹមស 3 មើម
    ក្រូចឆ្មារ 4 ផ្លែ
    ប្រេង flaxseed oil 200 ក្រាម

    វិធីធ្វើ៖
    យកគ្រឿងផ្សំទាំងអស់ដូចជា ទឹកឃ្មុំ ខ្ទឹមស ក្រូចឆ្មារ និងប្រេង flaxseed oil មកចាក់ចូលម៉ាស៊ីនទឹកក្រឡុក រួចក្រឡុកឱ្យហ្មត់ជាល្បាយស្មើសាច់តែមួយ ហើយចាក់ដាក់ចូលក្នុងដប ក្លាស្សេទុកក្នុងទូទឹកកក។ ពិសាម្ដង 1 ស្លាបព្រាកាហ្វេ មុនពេលទទួលទានអាហារទាំង3ពេល 30 នាទីជារៀងរាល់ថ្ងៃ។
    រូបមន្ដនេះនឹងធ្វើឱ្យសក់របស់អ្នកដុះឡើងវិញហើយក្រាស់ជាមុន ដែលជាទីគាប់ចិត្តសម្រាប់បុរសគ្រប់រូប លែងមានកង្វល់រឿងបញ្ហាជ្រុះសក់៕

  • កុំវេចបង្វេចស្វែងរកសុភមង្គល តែសូមបង្កើតវានៅពេលនេះ

    កុំវេចបង្វេចស្វែងរកសុភមង្គល តែសូមបង្កើតវានៅពេលនេះ

    សុភមង្គលមានន័យយ៉ាងណា? សុភមង្គលនៅទីណា?សុភមង្គលមានរូបរាងដូចម្តេច? មិនទាន់មានអ្នកណាកំណត់ឱ្យបានច្បាស់លាស់នៅឡើយហើយក៏គ្មានអ្នកប្រាជ្ញណាម្នាក់អាចធានាថានឹងបង្កើតសុភមង្គលដែលមានលក្ខណៈអមតៈគ្រប់សម័យកាលបាននោះដែរ។

    ចំពោះបញ្ហាអត្ថន័យនៃសុភមង្គលបើទោះបីជាមនុស្សជាច្រើនរួមទាំងអ្នកប្រាជ្ញមួយចំនួនផងបានឱ្យនិយមន័យទៅតាមការយល់ឃើញខុសៗគ្នាច្រើនបែបយ៉ាងក៏ដោយក៏ជាទូទៅពួកគេបានយល់ស្របលើចំណុចរួមគ្នាមួយថាសុភមង្គលគឺជាសេចក្តីសុខសប្បាយ (សុខកាយសប្បាយចិត្ត)ក្នុងផ្លូវត្រូវឬការរីកចម្រើនក្នុងផ្លូវដ៏សមប្រកបដែលពោរពេញទៅដោយសេចក្តីស្កប់ស្កល់ក្នុងតម្រូវការទាំងឡាយដូចជាមានទ្រព្យសម្បត្តិគ្រប់គ្រាន់ មានចំណេះដឹង (ចំណេះទាំងក្រៅនិងក្នុងសាលា)គ្រប់គ្រាន់ដែលសមនឹងទទួលបាននូវជីវភាពថ្លៃថ្នូរមួយក្នុងសង្គមឬមានសេចក្តីស្រឡាញ់ដ៏សមប្រកប និងច្បាស់លាស់មួយជាដើម។

    សុភមង្គលពិតជាមានអត្ថន័យល្អគួរឱ្យប្រាថ្នាសម្រាប់ជីវិតហើយមនុស្សគ្រប់គ្នាក៏តែងតែចង់បាននិងធ្វើការស្វែងរកសុភមង្គលនេះផងដែរ។មានអ្នកខ្លះវេចបង្វេចស្វែងរកសុភមង្គលរាប់ឆ្នាំជាអកុសលពួកគេមិនអាចរកឃើញសុភមង្គលនោះទេផ្ទុយទៅវិញពួកគេតែងតែត្អូញត្អែរថាគេមានអំណាចមានប្រាក់មានគ្រួសារតែពួកគេនៅតែមិនមានសុភមង្គលព្រោះអ្វីដែលពួកគេមានគឺសម្បកសុភមង្គល។សម្បកសុភមង្គលនេះបានធ្វើឱ្យគេត្រូវទទួលរងនូវទារុណកម្មជីវិតយ៉ាងធ្ងន់ធ្ងរដោយការសម្តែងធ្វើជាមានសុភមង្គលទាំងបង្ខំចិត្តទាំងខ្លួនមិនដែលស្គាល់សុភមង្គលម្តងណាសោះ។

    មានមនុស្សខ្លះរៀបការដើម្បីតែទ្រព្យសម្បត្តិដើម្បីតែមុខមាត់ដើម្បីតែអំណាចដើម្បីតែមហិច្ឆតានិងសេចក្តីលោភលន់ដោយឥតលក្ខខណ្ឌរបស់ពួកគេទាំងជំនឿយ៉ាងងងឹតងងល់ថាមានតែវត្ថុក្រៅខ្លួនទាំងអស់នោះទេដែលនាំឱ្យពួកគេមានសុភមង្គលពិតប្រាកដ។ផ្ទុយទៅវិញក្រោយពេលដែលពួកគេរៀបការហើយទទួលបាននូវអ្វីដែលពួកគេតែងតែស្រមៃចង់បានក្នុងមហិច្ឆតាដែលពោរពេញទៅដោយជំនឿមិនត្រឹមត្រូវទាំងនោះពួកគេបែរជាស្រងាកចិត្តហើយស្តាយក្រោយទៅវិញ។អ្វីដែលពួកគេគិតថាអស្ចារ្យកាលពីមុនបានប្រែក្លាយទៅជារឿងរាក់កំភែលព្រោះតែមហិច្ឆតាមិនសមស្របបានធ្វើឱ្យពួកអ្នកវេចបង្វិចស្វែងរកសុភមង្គលទាំងនោះលង់ខ្លួនជ្រៅទៅៗរហូតស្ទើរតែមិនអាចខិតទៅជិតសុភមង្គលសោះក្នុងជីវិត។អំណាចដែលពួកគេចង់បានក៏ប្រែក្លាយទៅជាច្រវាក់ចងជើងគេជាប់មិនឱ្យរើខ្លួនរួចហើយស្នាមញញឹមដែលពួកគេញញឹមគឺជាស្នាមញញឹមដែលខ្វះសន្តិភាពព្រោះពួកគេតែងតែភិតភ័យគ្រប់វិនាទីពីការយាយីទាំងឡាយណាដែលអាចប៉ះពាល់ដល់អំណាចរបស់គេ។

    ចំណែកឯសេចក្តីស្រឡាញ់ដែលពួកគេមានក្នុងចំណងអាពាហ៍ពិពាហ៍វិញគឺជាសេចក្តីស្រឡាញ់ចំពោះអំណាចតែប៉ុណ្ណោះមិនមែនសេចក្តីស្រឡាញ់ចំពោះគូរស្រករនោះឡើយ។ក្រៅពីនេះអាពាហ៍ពិពាហ៍ដែលរៀបចំឡើងដើម្បីតែទ្រព្យសម្បត្តិនោះក៏អាចធ្វើឱ្យមនុស្សងាយក្នុងការបែកបាក់បានដែរការបែកបាក់នោះប្រាកដជាក្លាយទៅជាស្នាមខ្មៅមួយក្នុងជីវិតដែលខ្វះសុភមង្គលព្រោះអ្វីដែលគេស្រឡាញ់បំផុតមិនមែនជាប្តីឬប្រពន្ធរបស់គេនោះទេតែអ្វីដែលគេយកចិត្តទុកដាក់នោះគឺទ្រព្យសម្បត្តិ។ទ្រព្យសម្បត្តិបានធ្វើឱ្យពួកគេរកចំណុចឆ្អែតឆ្អន់មិនឃើញហើយដើម្បីតែទទួលបានទ្រព្យសម្បត្តិប្តីឬប្រពន្ធអាចនឹងក្បត់គ្នាឬរស់នៅក្នុងភាពលាក់បាំងមិនចុះសម្រុងរហូតដល់ចំណុចបញ្ចប់។

    សុភមង្គលពិតប្រាកដគឺជាសុភមង្គលដែលកើតចេញពីចិត្តនិងការដែលចេះឱ្យតម្លៃគ្នាក្នុងការរស់នៅដែលពោរពេញទៅដោយសេចក្តីស្រឡាញ់។ភាពប្រាកដនិយមនៃមនុស្សដែលយល់ពីវត្ថុបំណងនៃជីវិតបានធ្វើឱ្យមនុស្សអាចបង្កើតសុភមង្គលដោយខ្លួនឯងមិនចាំបាច់វេចបង្វេចស្វែងរកនោះឡើយ។ការរៀបការដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ពិតប្រាកដមិនមែនសំដៅតែលើអំណាចទ្រព្យសម្បត្តិឬបុណ្យស័ក្តិច្បាស់ជាអាចធ្វើឱ្យពួកគេអាចរស់នៅក្នុងជីវភាពគ្រួសារមួយដែលពោរពេញទៅដោយស្នាមញញឹម។ពួកគេស្រឡាញ់គ្នាយោគយល់គ្នាតស៊ូជាមួយគ្នាដោយចាប់ផ្តើមពីនាទីដំបូងរហូតដល់ចំណុចកំពូលនៃជីវិតនឹងបង្កើតបានជាអនុស្សាវរីយ៍ល្អៗជាច្រើនដែលធ្វើឱ្យពួកគេមិនអាចបំភ្លេចគ្នាបានហើយសេចក្តីស្រឡាញ់ក៏នឹងជ្រាលជ្រៅឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

    ចំពោះបញ្ហាទ្រព្យសម្បត្តិវិញក៏ប្រាកដជាអាចរកបានទៅតាមសេចក្តីត្រូវការនៃជីវភាពរស់នៅបើពួកគេមានចំណេះដឹងល្មមសម្រាប់ការកសាងនូវកិត្តិយសនិងទ្រព្យសម្បត្តិរួមគ្នាក្នុងសង្គមដែលមានទំនាក់ទំនង។ ម្យ៉ាងទៀតបើពួកគេបានអភិវឌ្ឍនូវអ្វីដែលពួកគេមានទៅតាមសុចរិតភាពនិងលទ្ធភាពដែលកើតចេញពីការតស៊ូខិតខំប្រឹងប្រែងប្រកបទៅដោយទឹកចិត្តស្រឡាញ់ពួកគេប្រាកដជាអាចរស់នៅក្នុងសុភមង្គលពិតដែលមានទាំងកេរ្តិ៍ឈ្មោះល្អក្នុងសង្គមមានទាំងទ្រព្យសម្បត្តិសមល្មមក្នុងជីវភាពរស់នៅនិងមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅដែលអាចកំដរគ្នាដើលើវិថីនៃអាពាហ៍ពិពាហ៍រហូតដល់ចំណុចបញ្ចប់នៃជីវិត៕

  • កម្ពុជា-ចិន ឯកភាពគ្នាឱ្យមានជើងហោះហើរត្រង់ទៅមក

    កម្ពុជា-ចិន ឯកភាពគ្នាឱ្យមានជើងហោះហើរត្រង់ទៅមក

    ភ្នំពេញ៖ ដើម្បីបង្កភាពងាយស្រួលដល់វិនិយោគិន ក៍ដូចជាអ្នកទេសចរក្នុងការធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ ឥឡូវនេះចិនបានឯកភាពគ្នាជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងទៀងទាត់ពីក្រុងស៊ីអាន ខេត្តសាន់ស៊ីមកកាន់កម្ពុជា និងបានគាំទ្រគម្រោងវិនិយោគផលិតផលទេសចរណ៍នានារបស់អ្នកវិនិយោគខេត្តសាន់ស៊ីនៅលើទឹកដីកម្ពុជាផងដែរ។

    កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងកិច្ចពិភាក្សាការងារជាមួយលោក Hu Heping អភិបាលខេត្តសាន់ស៊ីនៃសាធាណរដ្ឋប្រជាមានិតចិនលើគម្រោងវិនិយោគផលិតផលទេសចរណ៍នានារបស់អ្នកវិនិយោគខេត្តសាន់ស៊ីនៅលើទឹកដីកម្ពុជា។ កម្ពុជាក៏មានបំណងចង់បង្កើតឱ្យមានការរៀបចំជាស្ថានតំណាង ឬការិយាល័យទេសចរណ៍កម្ពុជាប្រចាំខេត្តសាន់ស៊ីដើម្បីជំរុញការផ្សព្វផ្សាយ និងសម្រួលដល់ភ្ញៀវទេសចរទាំងពីរប្រទេសដែលចង់ទៅមកទស្សនាកម្ពុជា និងចិន។

    លោកអភិបាលខេត្តបានគាំទ្រ និងឯកភាពជំរុញឱ្យមានការហោះហើរត្រង់ និងទៀងទាត់ ដែលបច្ចុប្បន្នទើបតែមានការហោះហើរជាលក្ខណៈ Charter flight ប៉ុណ្ណោះ។ ព្រមជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៏បានស្នើឱ្យក្រសួងទេសចរណ៍កម្ពុជា ជួយគាំទ្រគម្រោងវិនិយោគផលិតផលទេសចរណ៍នានាពីខេត្តសាន់ស៊ីមកកម្ពុជាផងដែរ។

    ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ពីការគាំទ្រ និងចូលរួមជានិច្ចរបស់កម្ពុជាចំពោះយុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងវិថី» ដែលជាក្របខ័ណ្ឌនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាលចិនគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សរ៍ទី21។ លោកបានរៀបរាប់អំពីការីកចម្រើនរបស់វិស័យទេសចរណ៍កម្ពុជា ក្នុងនោះបានគូសបង្ហាញពីការត្រៀមដ៏ល្អរបស់កម្ពុជា ក្នុងកាទទួលទេសចរចិន (China-Ready) ទៀតផង៕

  • ព្យាបាលដោយមិនអស់ថវិកា! ហើមជើង និងអាការហើមដោយសារជំងឺទឹកនោមផ្អែម

    ព្យាបាលដោយមិនអស់ថវិកា! ហើមជើង និងអាការហើមដោយសារជំងឺទឹកនោមផ្អែម

    ហើមជើង ជាអាការដែលគួរឱ្យស្អប់ និងមិនគួរឱ្យចង់ជួបប្រទះឡើយសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ព្រោះជើងជាផ្នែកមួយនៃរាងកាយ ដែលត្រូវរងទុក្ខវេទនាដោយសារការទ្រទម្ងន់ពីរាងកាយ។ សភាវៈហើមបែបនេះ អាចបណ្ដាលមកពីការឡើងទម្ងន់ជ្រុល ហើយបើអ្នកឈរក្នុងរយៈពេលយូរក្នុងពេលធ្វើការ ឬអ្នកត្រូវអង្គុយមួយកន្លែងក្នុងអំឡុងពេលយូរផងដែរនោះ គឺជាមូលហេតុមិនខុសគ្នាប៉ុន្មានទេ ។ កត្តាដែលបានពោលមកនេះ ប្រឈមមុខនឹងការនឿយហត់ និងទម្ងន់ក៏ឡើងខ្លាំងទៀតផង ហើយចុងក្រោយក្លាយជាអាការហើម និងមានអារម្មណ៍មិនសប្បាយចិត្តដែលឃើញសភាពជើងខ្លួនឯងបែបនេះ។

    ថ្ងៃនេះគេហទំព័រ ឡារ៉ែន បានពាំនាំអត្ថបទបំបាត់អាការហើមជើង ទោះបីជានៅលើមនុស្សធម្មតា ឬអ្នកជំងឺទឹកនោមផ្អែមក៏ដោយ ក៏នឹងជាសះស្បើយហើយនិងស្រកជាធម្មតាទៅវិញបានដោយមិនចាំបាច់អស់ថវិកាច្រើនឡើយ។

    1.ម៉ាញេស្យូម
    បន្ទាប់ពីអ្នកធ្វើការនឿយហត់ពេញមួយថ្ងៃ ហើយសង្កេតឃើញជើងរបស់អ្នកហើម នោះអាចមកពីរាងកាយរបស់អ្នកបានទទួលសារធាតុម៉ាញេស្យូមមិនគ្រប់គ្រាន់ ដូច្នោះអ្នកគួរតែទទួលទានអាហារណាដែលមានជាតិម៉ាញេស្យូមឱ្យបានច្រើន វានឹងជួយបន្ថយអាការហើមជើងនេះបានល្អប្រសើរ។

    2.មើមខ្ទឹមស
    ខ្ទឹមសគឺជាគ្រឿងផ្សំអាហារមួយដែលល្អបំផុត និងជាអាហារដែលមានប្រយោជន៍សម្រាប់រាងកាយ ព្រមទាំងជាឱសថបុរាណសម្រាប់បំបាត់អាការហើម ព្រោះវាជួយពង្រីកបំពង់សរសៃឈាម។

    3.ទឹក
    ប្រសិនបើអ្នកមានអាការហើមជើងញឹកញាប់ អ្នកគួរតែព្យាយាមបន្ថែមជាតិទឹកឱ្យបានច្រើនចូលទៅក្នុងរាងកាយ វិធីនេះ នឹងជួយកម្ចាត់អំបិលចេញពីរាងកាយបានយ៉ាងល្អប្រសើរ និងជួយបម្រុងសុខភាពឱ្យល្អឡើងវិញ៕

  • Sterling ត្រូវបាននារីរកស៊ីផ្លូវភេទចាត់ទុកថា ជាមនុស្សកំណាញ់ ក្រោយពីតវ៉ាលើតម្លៃខ្លួន

    Sterling ត្រូវបាននារីរកស៊ីផ្លូវភេទចាត់ទុកថា ជាមនុស្សកំណាញ់ ក្រោយពីតវ៉ាលើតម្លៃខ្លួន

    ខ្សែបម្រើប្រយុទ្ធ Raheem Sterling បានរួមភេទជាមួយនឹងនារីរកស៊ីផ្លូវភេទម្នាក់ក្នុងតម្លៃខ្លួន3,០០០ផោន (ស្មើនឹង3,900ដុល្លារអាមេរិក) ក្នុងមួយយប់ ក្នុងពេលស្ថិតក្នុងដំណើរប្រកួតមុនបើករដូវកាលនៅលើទឹកដីសហរដ្ឋអាមេរិកជាមួយនឹងក្លិប Manchester City។

    ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេសវ័យ22ឆ្នាំរូបនេះបានដេកជាមួយនឹងនារីម្នាក់ដែលមានមុខមាត់ដូចនាង Kim Kardashian អ៊ីចឹង ក្នុងទីក្រុង Los Angeles កាលពីខែមុន។ ប៉ុន្តែ ក្រោយមក Sterling បានធ្វើការតវ៉ាទៅលើតម្លៃខ្លួនរបស់នាង ប៉ុន្តែបានឲ្យប្រាក់ទៅនាងដោយដាក់ក្នុងស្រោមសំបុត្រមួយ។ Raheem ដែលរកចំណូលបាន18ម៉ឺនផោនក្នុងមួយសប្តាហ៍នោះ បានផ្ញើសារដើម្បីបង្ហាញពីកំហឹងរបស់គេនៅលើបណ្តាញសង្គម WhatsApp ទាក់ទងនឹងតម្លៃខ្លួន នៅមុនពេលកីឡាកររបស់ក្លិប Man City រូបនេះ ចាកចេញដោយទុកប្រាក់ឲ្យ1500ផោនសម្រាប់នារីរកស៊ីផ្លូវភេទរូបនោះ។

    ស្ត្រីម្នាក់នោះបាននិយាយថា៖ «Raheem ដូចជាមហាសេដ្ឋីម្នាក់ ប៉ុន្តែរូបគេជាមនុស្សកំណាញ់។ រូបគេហាក់បានគិតថា គេនឹងអាចដេកជាមួយនឹងខ្ញុំ និងមិនបង់ប្រាក់ឲ្យខ្ញុំ។ បើគិតពីប្រាក់ដែលគេទទួលបាន តម្លៃខ្លួនខ្ញុំប៉ុននេះពិតជាថោកណាស់»។ ក្រោយមក Sterling បានធ្វើការទាក់ទងនឹងនារីរូបនោះ ដោយនិយាយថា រូបគេស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំងពេក ដែលមិនអាចចងចាំអ្វីបាននៅរាត្រីដែលពួកគេនៅជាមួយគ្នា។ ឥរិយាបថរបស់គេអាចនឹងធ្វើឲ្យមិត្តស្រីរបស់នាងគឺនាង Paige ដែលជាស្រ្តីកូនមួយផ្ទុះកំហឹង ហើយក៏អាចធ្វើឲ្យលោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ Man City ខឹងសម្បាផងដែរ៕
    ប្រភពពី៖ The Sun