Category: សង្គម និងសេដ្ឋកិច្ច

  • Song Joong Ki និង Song Hye Kyo ជ្រើសបានសណ្ឋាគារសម្រាប់រៀបចំមង្គលការហើយ

    Song Joong Ki និង Song Hye Kyo ជ្រើសបានសណ្ឋាគារសម្រាប់រៀបចំមង្គលការហើយ

    នៅមុននេះបន្ដិច អ្នកគាំទ្រតារាសម្ដែងជាគូស្នេហ៍នឹងគ្នានៅក្នុងរឿង Descendants of the Sun បានឮពីការប្រកាសរៀបអាពាហ៍ពិពាហ៍ជាផ្លូវការហើយនៅថ្ងៃទី31 ខែតុលា ឆ្នាំ2017 នេះរួចមកហើយ។

    ឥឡូវនេះ Song Joong Ki និង Song Hye Kyo បានសម្រេចជ្រើសរើសយកសណ្ឋាគារ Shilla Hotel Seoul ក្នុងការរៀបចំពិធីរៀបមង្គលការរបស់ខ្លួន ព្រោះវាជាសណ្ឋាគារមួយដែលប្រណីតបំផុត។ គួររំឭកផងដែរថា មានតារាកូរ៉េជាច្រើនគូរួចមកហើយដែលបានរៀបមង្គលការ និងបានស្បថស្បែនៅក្នុងសណ្ឋាគារនេះ មានដូចជា Jang Dong Gun, Go So Young, Kwon Sang Woo, Son Tae Young, Jeon Ji Hyun និងប្តីរបស់នាង Choi Jun Hyuk, Hwang Jung Eum និង Lee Young Don ជាដើម៕

  • ចំណុច​សំខាន់ៗដែលអ្នក​ត្រូវ​ដឹង ​ដើម្បី​ទិញ​ដីឡូត៍​កុំ​ឱ្យ​ជួប​ហានិភ័យ

    ចំណុច​សំខាន់ៗដែលអ្នក​ត្រូវ​ដឹង ​ដើម្បី​ទិញ​ដីឡូត៍​កុំ​ឱ្យ​ជួប​ហានិភ័យ

    ភ្នំពេញ – បច្ចុប្បន្ន​នេះ​សកម្មភាព​នៃ​ការ​ទិញ-លក់​ដីឡូត៍ កំពុង​មាន​ភាព​ផុលផុស​យ៉ាង​ខ្លាំង ខណៈ​ដែល​គម្រោង​នីមួយៗ​សុទ្ធ​តែ​បាន​ផ្តល់​នូវ​លក្ខខណ្ឌ​ងាយៗ​សម្រាប់​អតិថិជន​ដូច​ជា​ការ​កំណត់​តម្លៃ​ទាប និង​វិធីសាស្រ្ត​បង់​ប្រាក់​តាម​ដំណាក់​កាល​រយៈ​ពេល​វែង ជា​ដើម។ ទន្ទឹម​នឹង​លក្ខខណ្ឌ​ងាយ​ស្រួល​ទាំង​អស់​នេះ មាន​អតិថិ​ជន​មួយ​ចំនួន​ហាក់​ពុំ​បាន​ដឹង​ថា តើ​ការ​ទិញ​ដីឡូត៍​គេ​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​អ្វី​ខ្លះ​ដើម្បី​កុំ​ឱ្យ​ជួប​ហានិភ័យ​នោះ​ទេ?

    លោក ថាវ លី​ណា អគ្គ​នាយ​កក្រុមហ៊ុន Camblossom Development & Investment Co,ltd ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គំរោងសុរិន្ទភូមិ​ និង​មាន​ដីឡូត៍​ពុះ​លក់​នៅ​តំបន់​ភាគខាង​ត្បូង​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​កម្ពុជា​ពុំទាន់​មាន​នីតិវិធី​គតិ​យុត្ត​ណា​កំណត់​ឱ្យ​បាន​ជាក់​លាក់​ស្ដីពី​ការ​ពុះ​ដី​ឡូត៍​លក់​នោះ​ទេ ដូច្នេះ​ប្រជាជន ឬ​អតិថិជន​ដែល​មាន​បំណង​ចង់​ទិញ​ដីឡូត៍ត្រូវ​ទាមទារ​ឱ្យ​មាន​ចំណេះដឹង​ក្នុង​ការ​ពិនិត្យ​ឯកសារ​ពាក់​ព័ន្ធ​មួយ​ចំនួន ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​ឡើង​ជាយថាហេតុ។

    អគ្គ​នាយក​ក្រុមហ៊ុន សុរិន្ទ​ភូមិ បាន​បញ្ជាក់​ថា មាន​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដែល​គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដូច​ជា ៖
    1. តើនរណា​ជា​អ្នក​អភិវឌ្ឍន៍ ជា​ក្រុមហ៊ុន ឬ​ជា​បុគ្គល និង​កេរ្ដិ៍ឈ្មោះ​អ្នក​អភិវឌ្ឍន៍?
    ក្នុង​ករណី​ក្រុមហ៊ុន​ គឺ​យើង​ត្រូវ​ពិនិត្យ​មើល​កេរ្ដិ៍ឈ្មោះ ឬ​ឯកសារ​ផ្លូវ​ច្បាប់​របស់​ក្រុមហ៊ុន​នោះ​ឱ្យ​ច្បាស់​លាស់​។ ករណី​ជា​បុគ្គល​យើង​ត្រូវ​មើល​ថា តើ​គាត់​មាន​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់​ដែរ ឬទេ? តើ​គាត់​កាន់​កាប់​ជា​ប្លង់​រឹង ឬ​ប្លង់​ទន់? ដី​កាន់​កាប់​មាន​វិវាទ​ដែរ ឬទេ? ពោល​យើង​ត្រូវ​មើល​ពី​ស្នូល​នៃ​អ្នក​អភិវឌ្ឍន៍​ឱ្យ​បាន​ច្បាស់ ​ព្រោះ​នេះ​ជា​ចំណុច​សំខាន់​បំផុត​ដែល​ទាមទារ​ឱ្យ​អតិថិជន​ត្រូវ​សិក្សា​ឱ្យបាន​ច្បាស់​លាស់​បំផុត​។

    2. គម្រោង​អភិវឌ្ឍន៍​(Master Plan) យើង​ត្រូវ​មើលថា​ តើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​Master Plan គូរ​ដោយ​សា្ថបត្យករ​ត្រឹម​ត្រូវ​ដែរ ឬទេ​?
    តើ​ប្លង់​នោះ​ជា​ប្លង់​សម្រាប់​សាង​សង់​ពិត​ប្រាកដ ឬ​គ្រាន់​តែ​ជា​គំនូរ ​3D សម្រាប់​យក​មក​ដាក់​លក់​ជូន​អតិថិជន? ក្រៅ​ពី​នេះ​យើង​ត្រូវ​មើល​ទៅ​លើ​ប្លង់​វិស្វកម្ម​ថែម​ទៀត ព្រោះ​ចំណុច​ទាំង​នេះ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ការ​រស់​នៅ​របស់​អតិថិជន​ទៅ​ថ្ងៃ​ក្រោយ។ យើង​ត្រូវ​មើល​ថា តើ​តំបន់​នោះ​មាន​ការ​អភិវឌ្ឍ​គិត​ពី​តំបន់​បៃតង​ដែរ ឬទេ? ពាក្យ​ថា អភិវឌ្ឍន៍​បៃតង​មិនមែន​សំដៅ​តែ​ទៅ​លើ​ការ​ដាំ​ដើមឈើ​មួយ​មុខ​នោះ​ទេ គឺ​ត្រូវ​គិត​ពី​ប្រព័ន្ធលូ ក្លិន​ ទឹក​ស្អុយ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ជាដើម។ មូលហេតុ​យើង​ត្រូវ​ពិនិត្យ​លើ​ចំណុច​ទាំងនេះ ព្រោះ​វា​ជា​ប្រយោជន៍​របស់​អ្នក​ប្រើ​ប្រាស់​ដើម្បី​ឱ្យ​ដឹង​ថាការអភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​នឹង​ត្រូវ​រៀបចំ​ឱ្យ​អតិថិជន​ដែល​បាន​ទិញ​ដី​របស់​គាត់​អាច​រស់​នៅ​កន្លែង​នោះ​ប្រកប​ដោយ​ផាសុកភាព និង​សុខុមាលភាព​ទៅ​ថ្ងៃអនាគត​ដែរ ឬទេ? បន្ទាប់​មក​អតិថិជន​ត្រូវចេះ​ទៅ​ធ្វើ​បច្ចុប្បន្ន​ភាព​នៅ​ក្នុងការដ្ឋាន ឬ​ដី​កំពុង​អភិវឌ្ឍន៍​នោះ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​ដឹង​ថា តើ​ក្រុមហ៊ុន ឬ​ម្ចាស់​ដី​នោះ​គាត់​បាន​បំពេញ​ការ​អភិវឌ្ឍ​ទៅ​តាម​លក្ខខណ្ឌ​នៅ​ពេល​ធ្វើ​កិច្ចសន្យា​ទិញ​លក់​ដែរ ឬទេ?

    3. កិច្ចសន្យា​ទិញ-លក់
    ចំណុច​នេះ​យើង​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់ ព្រោះ​ជួន​កាល​ក្រុមហ៊ុន​អាច​ប្រើ​លក្ខខណ្ឌ​មួយ​ចង​មក​លើ​អតិថិ​ជនខ្លួន ​ច្រើន​ជាង​ចង់​ទៅ​លើ​ក្រុមហ៊ុន​ខ្លួនឯង​។ ឧទាហរណ៍ ដូច​ជា​ក្រុមហ៊ុន​របស់​ខ្ញុំ នៅ​ពេល​ធ្វើ​កិច្ច​សន្យា​ទិញ-លក់​ដី ខ្ញុំ​បាន​កំណត់​ពេលវេលា​មួយ​អាច​ឱ្យ​អតិថិជន​ចូល​សាង​សង់​លំនៅឋាន​របស់​គាត់​បាន ប្រសិន​បើ​ខ្ញុំ​ធ្វើ​មិន​បាន​តាម​កិច្ច​សន្យា​ គាត់​អាច​ពិន័យ​មក​ក្រុម​ហ៊ុន​បាន​តាម​រយៈ​ការ​សង​ត្រឡប់​ទៅវិញ​ជា​ការ​ប្រាក់។ ផ្ទុយ​ទៅ​វិញ​អតិថិជន​ត្រូវ​បង់​លុយ​ឱ្យ​ក្រុម​ហ៊ុន​តាម​ពេលវេលា​ដែល​បាន​កំណត់​ក្នុង​កិច្ចសន្យា​ដូច​គ្នាប្រសិន​បើ​យឺត​យ៉ាវ​ខ្ញុំ​ក៏​ត្រូវ​ពិន័យ​លើ​គាត់​វិញ​ដែរ យើង​ធ្វើ​បែប​នេះ​ដើម្បី​ទទួល​បាន​ភាព​ស្មើគ្នា។ មាន​ន័យ​ថា បើ​ក្រុមហ៊ុន​ខ្ញុំ​ធ្វើ​អ្វី​ខុស​ចំពោះ​អតិថិជន ពួក​គាត់​មាន​សិទ្ធិ​ពិន័យ តែ​បើ​អតិថិជន​ធ្វើ​អ្វី​ខុស​ក្រុមហ៊ុន​ក៏​អាច​ពិន័យ​គាត់​វិញ​​ដូចគ្នា។ ​ដូច្នេះ​កិច្ច​សន្យា​​ទិញ-លក់ ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព។

    4. ត្រូវ​ចេះ​ធ្វើ​បច្ចុប្បន្នភាព​ទៅ​ប្លង់​រឹង
    អតិថិជន​ត្រូវ​ចេះ​តាម​ដាន​ប្លង់រឹង​រៀងរាល់​3ខែ ឬ6ខែ​ម្ដង ទំរាំ​អតិថិជន​ខ្លួន​ឯង​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់ ​ឬ​ប្លង់រឹង មាន​ន័យ​ថា យើង​ត្រូវ​ដឹង​ថា​ ដី​ឡូត៍​ដែល​យើង​ទិញ​វា​នៅ​តែ​មាន​ស្ថិរ​ភាពល្អ​ ឬទេ? មូលហេតុ​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ព្រោះ​យើង​បារម្ភ​ខ្លាច​មាន​ករណី​ពេល​ទិញ​ដី​នោះ​វា​ជា​ប្លង់រឹង​ពិត​មែន លុះ​បី​ខែ​ក្រោយ​មក​ម្ចាស់​ដី ឬ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​យក​ប្លង់​រឹង​នោះ​ទៅ​ដាក់​បញ្ចាំ​នៅ​ក្នុងធនាគារ ដែល​អាច​ធ្វើ​ឱ្យ​យើង​ជួប​ហានិភ័យ​ក្នុង​ការ​ទទួល​បាន​កម្មសិទ្ធិ​ស្រប​ច្បាប់។ ចំណុច​នេះ​មាន​ក្រុមហ៊ុន​ខ្លះ​អាច​នឹង​ធុញទ្រាន់​នៅ​ពេល​អតិថិជន​ទៅ​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ប្លង់រឹង​នោះ ប៉ុន្ដែ​បើ​ក្រុមហ៊ុន​ស្របច្បាប់​ដែល​រកស៊ី ឬ​អភិវឌ្ឍន៍​ពិត​ប្រាកដ​គេ​កាន់​តែ​សប្បាយ​ចិត្ត​នៅ​ពេល​​អតិថិជន​ធ្វើ​បែប​នេះ ព្រោះ​វា​កាន់​តែ​បង្កើន​ទំនុក​ចិត្ដ​ជូន​អតិថិជន បើ​គាត់​ជឿ​លើ​ក្រុមហ៊ុន​ណា​មួយ​ហើយ​នោះ នៅ​ពេល​ក្រុមហ៊ុន​មាន​គម្រោង​ថ្មី​ពួក​គាត់​នឹង​ជួយ​ផ្សព្វផ្សាយ​បន្ដ ឬ​អាច​ទិញ​បន្ថែម​ទៀត។ ដោយ​ឡែក​សម្រាប់​ក្រុមហ៊ុន​ខ្ញុំ អតិថិជន​អាច​មក​ធ្វើ​បច្ចុប្បន្ន​ភាព​គ្រប់​ពេល ព្រោះ​ខ្ញុំ​មាន​ក្រុម​អ្នកច្បាប់​សម្រាប់​រក្សា​ឯកសារ​ទាំង​នោះ​នៅ​រង់ចាំ​ធ្វើ​ការងារ​ជាមួយ​អតិថិជន​លើ​រឿង​នេះ។ ការ​ធ្វើ​បែបនេះ​វា​ឆ្លុះ​បញ្ចាំង​ពី​ភាព​ស្អាតស្អំ​របស់​ក្រុមហ៊ុន​ក្នុង​នាម​ជា​​អ្នក​អភិវឌ្ឍន៍​ពិតប្រាកដ។ ឧទាហរណ៍​ក្រុមហ៊ុន​ខ្ញុំ​បាន​សន្យា​ថា ក្រោយ​ពេល​អតិថិជន​ប្រគល់​លុយ​គ្រប់​ឱ្យ​ក្រុមហ៊ុន​ យើង​នឹង​កាត់​ប្លង់​ឱ្យ​គាត់​ ដូច្នេះ​យើង​នឹង​ធ្វើ​ទៅតាម​កិច្ចសន្យា​ដោយ​ពុំ​ពន្យារ​ពេល​អ្វី​ឡើយ ព្រោះ​ប្លង់​រឹង​របស់​យើង​ពុំ​បាន​ជាប់​បន្ទុក​ដាក់​ធានា​បំណុល​ធនា​គារ​ឡើយ។

    ជា​មួយ​គ្នា​នេះដែរ ​លោក ​ថាវ លីណា បញ្ជាក់ថា ប្រសិនបើ​អ្នក​ប្រកប​អាជីវកម្ម​លើ​ការ​ពុះ​ដី​ឡូត៍​បច្ចុប្បន្ន​នាំ​គ្នា​អនុវត្ដ​ន៍​សកម្មភាព​នៃ​ការទិញ-លក់​ឱ្យមាន​តម្លាភាព ​និង​ភាព​ស្អាត​សំ្អ​​ចំពោះ​អតិថិជន​វា​ជា​រឿង​ល្អ​បំផុត ព្រោះ​វា​នឹងធ្វើ​ឱ្យ​ការទិញ​លក់​កើតមាន​ផុសផុល ជា​ចំណែក​មួយ​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ចកម្ពុជា​​ផងដែរ៕

  • លឹម លីឆាយ៖ កុំខ្លាចនឹងប្រឈមជាមួយបញ្ហាជីវិត តែត្រូវគិតឱ្យខ្លាំងលើគោលដៅ

    លឹម លីឆាយ៖ កុំខ្លាចនឹងប្រឈមជាមួយបញ្ហាជីវិត តែត្រូវគិតឱ្យខ្លាំងលើគោលដៅ

    យុវនារី​ម្នាក់​ដែល​កើតចេញពី​ត្រកូល​កសិករ​នៅ​ខេត្តកំពង់ចាម កញ្ញា លឹម លី​ឆាយបានធ្វើការ​ផ្លាស់ប្តូរ​ដំណើរ​ជីវិត​របស់ខ្លួន​ដ៏​គួរឱ្យភ្ញាក់ផ្អើលតាមរយៈ​​ការធ្វើដំណើរ​ទៅ​សិក្សា​នៅ​ប្រទេស​ជាច្រើនដើម្បី​ស្វែងយល់​ពី​បញ្ហា​នៃ​ការរស់នៅ​ក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង​កំពុង​អភិវឌ្ឍន៍។ យុវតី​ស្រដី​ផ្អែមនិង​ក្លាហាន​ខាងលើ​បាន​ឆ្លងកាត់​បញ្ហា​ព្យុះភ្លៀង​ជាច្រើន​ក្នុង​ជីវិត​សិក្សា ដោយ​ត្រូវ​ជម្នះ​បញ្ហា​ជីវភាព​ និង​យោបល់​អវិជ្ជមាន​របស់​អ្នកជិតខាង​ដែល​មិនសូវ​ឱ្យ​តម្លៃ​លើ​ជីវិត​កូនស្រី​នៅក្នុង​ការសិក្សា។

    កញ្ញា លឹម លីឆាយ ជានិស្សិតអាហារូបករណ៍ដែលបានបញ្ចប់​ការសិក្សាមុខវិជ្ជានយោបាយ ទស្សនវិជ្ជា និង​សេដ្ឋកិច្ច(PPE: Politic, Philosophy and Economic) នៅ​សាកលវិទ្យាល័យ​អាស៊ី​សម្រាប់​ស្ត្រី (Asian University of Women) នៅ​ប្រទេស​បង់​ក្លា​ដែ​ស។

    កញ្ញា លីឆាយ​ បាន​និយាយថា៖ «ទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ សូមកុំខ្លាចនឹងប្រឈមជាមួយបញ្ហាក្នុងជីវិតតែត្រូវគិតឱ្យខ្លាំងលើគោលដៅ នោះទើបយើងមានកម្លាំងជំរុញ​ដើម្បីប្រឈមជាមួយនឹងរឿងពិបាកនានា»។

    បើតាម​កញ្ញា លីឆាយ យុវជនកម្ពុជា ជាពិសេស​និស្សិតជាស្ត្រីដែលភាគច្រើនជាមនុស្សដែលត្រូវប្រឈមច្រើនជាមួយនឹង​ឧបសគ្គនានាក្នុងសង្គម ប្រពៃណី និង​ស្ថានភាពជាក់ស្តែងក្នុងការសិក្សាគួពង្រឹងភាពរឹងមាំរបស់ខ្លួនហើយរកឱ្យឃើញនូវអ្វីដែលខ្លួនស្រឡាញ់ដើម្បី​បង្កើតជាគោលដៅឱ្យបានច្បាស់លាស់។ ការរស់នៅក្នុងសង្គម គឺត្រូវការភាពរឹងមាំ ហើយមានគោលជំហរផ្ទាល់ខ្លួនដើម្បីធ្វើជាគំរូល្អដល់ស្ត្រីដទៃទៀត និងដើម្បីបង្ហាញ​ឱ្យច្បាស់ទៅមនុស្សមួយចំនួនដែលធ្លាប់មានគំនិតអវិជ្ជមានលើយើង។ ក្រោយពេលមានគោលដៅច្បាស់លាស់ហើយ យើងនឹងមានផ្លូវសម្រាប់ដើរ​ជាក់លាក់ហើយរូបភាពនៃក្តីស្រមៃទាំងអស់នោះ​នឹងបង្កើត​សុភមង្គលក្នុងគំនិត​ដែលវាជា​រូបភាព​ជំរុញឱ្យមនុស្សមានការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់។

    ដើម្បីបង្ហាញពីភាពរឹងមាំពិតប្រាកដយុវតីដែលប្រកាន់គំនិតយ៉ាងច្បាស់លាស់ខាងលើ បាន​ព្យាយាមចេញទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ផ្សេងៗដើម្បី​ស្វែងយល់ និង​ចែករំលែក​ពី​ការតស៊ូ​ដើម្បី​ទទួលបាន​ការអប់រំ​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​អន្តរជាតិ។ កញ្ញា លីឆាយ បាន​ចេញទៅ​សិក្សា​ទៅ​ដកស្រង់យក​បទពិសោធ​ និង​សិក្សា​នៅ​ទីក្រុង​ហុងកុង​លើ​ជំនាញ​សេដ្ឋកិច្ច​នយោបាយចេញទៅ​ប្រទេស​ហ្វីលីពីន​ដើម្បី​សិក្សា​ពី​បញ្ហា​សង្គម​ពាក់ព័ន្ធ​នឹង​គ្រោះទឹកជំនន់ និង​រញ្ជួយ​ដី និង​ចេញទៅ​សហរដ្ឋអាមេរិក​ក្នុង​កម្មវិធី​កម្មសិក្សា ស្តីពី​ភាពជា​អ្នកដឹកនាំ(Leadership and International Cooperation)។ បទពិសោធ​ដែល​ទទួលបាន​ពី​ប្រទេស​អភិវឌ្ឍ​ន៍ទាំងអស់នោះ ត្រូវបាន​កញ្ញា លឹម លី​ឆាយយកមកចែក​រំលែក​ជាមួយ​យុវជន​នៅក្នុង​ប្រទេស​ដែល​នៅជិតៗសាកលវិទ្យាល័យ​របស់​គាត់ និង​ប្រទេស​កម្ពុជា​ដែលជា​ស្រុកកំណើត​របស់គាត់​ផងដែរ។

    កញ្ញា លឹម លី​ឆាយ នឹង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​លើ​ជំនាញ​របស់គាត់ និង​ចេញទៅ​ធ្វើការ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​សិនមុននឹង​ត្រឡប់មក​ធ្វើការ​ងារ​ដែល​គាត់​ពេញចិត្ត​នៅ​កម្ពុជា​វិញ៕

  • សុខ ពិសី «ចិត្ដមិនអស់ស្នេហ៍ តែខំបំភ្លេច» សម្ដែងឡើងស៊ីអារម្មណ៍

    សុខ ពិសី «ចិត្ដមិនអស់ស្នេហ៍ តែខំបំភ្លេច» សម្ដែងឡើងស៊ីអារម្មណ៍

    បទ «ចិត្ដមិនអស់ស្នេហ៍ តែខំបំភ្លេច» របស់កញ្ញា សុខ ពិសី ដែលមហាជនធ្លាប់តែស្ដាប់អស់រយៈពេល 4ឆ្នាំមកហើយ តែក្រោយពីបានចេញជាMV រយៈពេលមួយខែមកនេះ គេសង្កេតឃើញថា បទនេះមានសម្ទុះនៃការគាំទ្រច្រើនមែនទែន។

    យើងជឿថា អ្នកគាំទ្ររបស់កញ្ញា សុខ ពិសី ជាច្រើនប្រាកដជានៅចាំបទ “«ចិត្ដមិនអស់ស្នេហ៍ តែខំបំភ្លេច”» នេះមិនខាន ព្រោះបទនេះបានចេញជា Audio ច្រើនឆ្នាំមកហើយ រហូតមានមហាជនជាច្រើនធ្លាប់បានយកបទនេះទៅច្រៀងត្រាប់តាមនៅក្នុងកម្មវិធីប្រឡងចម្រៀងផ្សេងៗជាច្រើនទៀតផង។

    ប៉ុន្តែបន្ទាប់ពីបទចម្រៀងមួយនេះត្រូវបានផលិតចេញជា MV បានមួយខែមក គេសង្កេតឃើញមានអ្នកចូលមើលកាន់តែកើនច្រើនឡើង បញ្ជាក់ថា ការធ្វើ MV បទនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជនដែលនិយមបទបែបមនោសញ្ចេតនា ខណៈការសម្ដែងរបស់កញ្ញា សុខ ពិសី ជាមួយអតីតហ្វ្រេសស៊ី ប៊យបានដាក់មនោសញ្ចេតនាចូលទៅក្នុងបទនោះយ៉ាងស៊ីជម្រៅ ធ្វើឱ្យអ្នកទស្សនា និងអ្នកគាំទ្ររបស់នាងជាច្រើនស្លុងអារម្មណ៍តាម និងមានការពេញចិត្ដជាខ្លាំងជាមួយសកម្មភាពសម្ដែងរបស់កញ្ញា សុខ ពិសី។

    ជាមួយភាពសប្បាយរីករាយ និងការសាទររបស់ហ្វ៊ែនៗរបស់នាង មានមនុស្សជាច្រើនគាំទ្របទ «ចិត្ដមិនអស់ស្នេហ៍ តែខំបំភ្លេច»យើងជឿថា អារម្មណ៍របស់កញ្ញា សុខ ពិសី កាន់តែសប្បាយចិត្ដជាងហ្វ៊ែនៗរបស់ខ្លួនទៅទៀត ចំពោះអ្វីដែលជាការខំប្រឹងប្រែងរបស់នាង ហើយទទួលបានលទ្ធផលវិជ្ជមានល្អបែបនេះ។ ហើយវាក៏ស្របទៅនឹងអ្វីដែលនាងធ្លាប់ចង់បានដែរ នោះគឺចង់ឱ្យអ្នកគាំទ្រចាប់អារម្មណ៍ពីស្នាដៃ ក៏ដូចជាចម្រៀងរបស់នាងច្រើនជាងរឿងផ្ទាល់ខ្លួន៕

  • បើញ៉ាំឪឡឹករយៈពេល 7 ថ្ងៃជាប់គ្នា តើនឹងមានអ្វីកើតឡើងចំពោះសុខភាពរបស់អ្នក?

    បើញ៉ាំឪឡឹករយៈពេល 7 ថ្ងៃជាប់គ្នា តើនឹងមានអ្វីកើតឡើងចំពោះសុខភាពរបស់អ្នក?

    មនុស្សមួយចំនួនមិនសូវនិយមញ៉ាំទឹកប៉ុន្មានទេ អ្នកខ្លះទៀតខំប្រឹងធ្វើការងាររហូតដល់មិនបាននឹកនារឿងញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ឡើយ។ ផ្លែឪឡឹកត្រូវបានអ្នកស្រាវជ្រាវផ្នែកភោជនាហារ និងសុខភាពទទួលស្គាល់ថា ជាផ្លែឈើដែលសម្បូរទៅដោយជាតិទឹកច្រើន និងមានវីតាមីនជាច្រើននៅក្នុងសាច់របស់វា។ ដោយហេតុថា វាមានអត្ថប្រយោជន៍ជាច្រើនបែបនេះហើយ ទើបបានជាអ្នកជំនាញផ្នែកសុខភាពបានណែនាំឱ្យអ្នក ដែលមិនសូវនិយមញ៉ាំទឹកច្រើនឱ្យងាកមកញ៉ាំផ្លែឪឡឹកជំនួសទឹកវិញ ដើម្បីឱ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់ និងមានសម្បុរស្បែកភ្លឺថ្លា។

    ក្រុមអ្នកវេជ្ជសាស្ត្របានពិសោធលើអ្នកជំងឺដែលបាត់បង់ជាតិទឹកដោយឱ្យទទួលទានផ្លែឪឡឹកក្នុងរយៈពេល 7ថ្ងៃជាប់គ្នា ហើយក៏សង្កេតឃើញថា រាងកាយរបស់អ្នកជំងឺមានភាពល្អប្រសើរជាងមុន ដូច្នោះហើយបានជាយើងគួរតែដឹងថា ការញ៉ាំឪឡឹក 7 ថ្ងៃជាប់ៗគ្នានឹងមានអ្វីកើតឡើងចំពោះសុខភាពរបស់យើងខ្លះ?

    ខាងក្រោមនេះ ជាគុណសម្បតិ្តក្នុងការទទួលទានឪឡឹករយៈពេល 7 ថ្ងៃជាប់ៗគ្នា៖
    1.រក្សាសុខភាពតម្រងនោមបានល្អ
    2.ប្រឆាំងជំងឺមហារីក
    3.បង្កើនសុខភាពភ្នែក
    4.ប្រឆាំង និងការពាររោគផ្សេងៗ
    5.បន្ថែមថាមពល
    6.សម្រកទម្ងន់ និងរក្សារាងបានស្អាត
    7.សម្រួលប្រព័ន្ធឈាម និងបេះដូង
    8.ការពាររោគរលាកផ្សេងៗ
    9.ព្យាបាលជំងឺបាក់ទឹកចិត្ត

    សម្រាប់ព័ត៌មានលម្អិតអំពីចំណុចនៃអត្ថប្រយោជន៍ផ្នែកវេជ្ជសាស្រ្តរបស់ឪឡឹក សូមមើលវីដេអូខាងក្រោមនេះ៖

  • លោក Zidane បង្ហើបថា Ronaldo នឹងចូលលេងពេលប៉ះ Man Utd យប់នេះ

    លោក Zidane បង្ហើបថា Ronaldo នឹងចូលលេងពេលប៉ះ Man Utd យប់នេះ

    លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងចូលលេងក្នុងការប្រកួតដណ្តើមពាន UEFA Super Cup ជាមួយនឹងក្រុម Manchester United ក្រោយពីបានធ្វើដំណើររួមជាមួយនឹងក្រុមរបស់លោកទៅកាន់ទីក្រុង Skopje កាលពីថ្ងៃចន្ទ។

    Ronaldo ត្រូវបានបញ្ចូលឈ្មោះទៅក្នុងក្រុមរបស់ម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលអឺរ៉ុបមួយនេះបែបមិននឹកស្មានដល់សម្រាប់ការប្រកួតនៅរាត្រីនេះ ក្នុងរដ្ឋធានីរបស់ប្រទេសម៉ាសេដ្វាន ក្រោយពីទើបតែបានវិលទៅធ្វើការហ្វឹកហាត់វិញជាមួយនឹងក្លិបរបស់គេកាលពីចុងសប្តាហ៍មុននេះ។


    រដូវក្តៅរបស់គេបានស្ថិតក្នុងរឿងអាស្រូវដោយសារតែការចោទប្រកាន់ទាក់ទងនឹងការបន្លំការបង់ពន្ធក្នុងប្រទេសអេស្ប៉ាញដែលនាំឲ្យរូបគេត្រូវធ្វើការបង្ហាញខ្លួនក្នុងតុលាការកាលពីសប្តាហ៍មុន និងបង្កើតឲ្យមានពាក្យចចាមអារ៉ាមផ្សេងៗ ជុំវិញអនាគតរបស់គេ។ បើយោងតាមរបាយការណ៍មួយពីស្ថានីយវិទ្យុរបស់អេស្ប៉ាញ Cadena Ser កីឡាករ Ronaldo បានប្រាប់តុលាការថា រូបគេចង់វិលទៅកាន់ប្រទេសអង់គ្លេសវិញ ដោយសារតែបញ្ហានៃការបង់ពន្ធក្នុងប្រទេសអេស្ប៉ាញ។


    កីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោករូបនេះ ត្រូវបានអនុញ្ញាតឲ្យបន្តសម្រាកវិស្សមកាលនៅរដូវក្តៅនេះ ក្រោយពីលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ក្នុងយុទ្ធនាការ Confederations Cup ក្នុងប្រទេសរុស្ស៊ីរួចមក។ ប៉ុន្តែ បើទោះបីជាបែបនោះក៏ដោយ ក៏លោក Zidane បានឲ្យដឹងថា៖ «មានរឿងជាច្រើនដែលកំពុងតែកើតឡើង និងមានសំឡេងរំខានជាច្រើនកើតឡើងជុំវិញរូបគេ ប៉ុន្តែរូបគេមិនមានបញ្ហាអ្វីឡើយ»។

    ការបង្ហាញខ្លួនជាលើកចុងក្រោយរបស់ Ronaldo សម្រាប់ក្លិបនេះ បានកើតឡើងកាលពីដើមខែមិថុនានៅពេលដែលរូបគេបានស៊ុតបាល់បញ្ចូលទី2គ្រាប់ធ្វើឱ្យក្រុមរបស់ខ្លួនទទួលជ័យជម្នះ 4-1 លើក្រុម Juventus ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីដើមខែមិថុនា ខណៈដែល Real Madrid បានការពារពានរបស់ខ្លួនយ៉ាងជោគជ័យ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង1:45ទៀបភ្លឺ៕
    ប្រភពពី៖ The Daily Star

  • កុល ដាវី បុកពោះខ្លាចអ្នកទីបីមកជ្រែកស្នេហ៍

    កុល ដាវី បុកពោះខ្លាចអ្នកទីបីមកជ្រែកស្នេហ៍

    ក្រោយពីបានសាងស្នេហ៍ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ថ្មីៗនេះកញ្ញា កុល ដាវី ចាប់ផ្ដើមភ័យបុកពោះហើយក្រោយពីមានការសង្ស័យថា មាននារីម្នាក់មកជ្រែកស្នេហ៍រវាងនាងនិងលោក សុខ រក្សា។

    តាមរយៈគណនីហ្វេសប៊ុករបស់នាងដែលបានសរសេរពាក្យជាច្រើនឃ្លាធ្វើឱ្យមហាជនមានការសង្ស័យ «ខ្ញុំមិនដឹងថា អ្នកជាមនុស្សប្រុស ឫក៏ស្រី ឫស្រីម្នាក់ក្នុងរូបហ្នឹងទេ អ្នកបង្កើតរឿងនេះឡើងចង់ឱ្យខ្ញុំខឹងគាត់មែន? សុំទោសផង អត់ខឹងទេ រឹតតែស្រឡាញ់គាត់ថែមទៀត ព្រោះបេះដូងស្មោះដែលគាត់ប្រគល់ឱ្យខ្ញុំ និងការយកចិត្តទុកដាក់ថ្នាក់ថ្នមខ្ញុំទាំងផ្លូវកាយ និងផ្លូវចិត្ត គ្មានអ្វីមកបំបែកបានទេ ចង់ផ្តាំថា បើទំនេរគួរតែយកកញ្ចក់មកឆ្លុះហើយស្វែងរកចំណុចអាក្រក់ខ្លួនឯងឱ្យឃើញហើយកែទៅ ដើម្បីកុំឱ្យធ្វើខ្លួនគួរឱ្យសង្វេគអ៊ីចឹងទៀត» 😜😜😜😜😜😜😜😜😜😜😜😜😜😜😜😜

    តាមរយៈពាក្យសំដីខាងលើត្រូវបានគេសន្និដ្ឋានថា នាងកំពុងតែមានការបារម្ភពីចំណងស្នេហ៍នាង និងលោក សុខ រក្សា ខ្លាចមានជនទីបីមកជ្រែកស្នេហ៍របស់ខ្លួន គ្រាដែលពុំទាន់បានស្គាល់អត្ដសញ្ញាណអ្នកដែលចង់បំបែកបំបាក់ស្នេហ៍របស់នាងនៅឡើយ។

    គួរបញ្ជាក់ថា ចំណងស្នេហ៍រវាងកញ្ញា កុល ដាវី និងលោក សុខ រក្សា​ត្រូវបានកើតឡើងក្នុងអំឡុងឆ្នាំ2015 ខណៈពួកគេបានទៅសម្ដែងរួមគ្នានៅប្រទេសអាមេរិក និងកាណាដា។ ពិសេសក្រោយពេលពួកគេបានចាប់ផ្ដើមបង្កើតមុខជំនួញរួមគ្នាដែលមានទាំងភោជនីយដ្ឋាន និងវង់តន្រ្ដីដែលត្រូវចាយទុនរួមគ្នាអស់ជាច្រើនម៉ឺនដុល្លារ៕

  • គ្រាន់តែទាញយកកម្មវិធីនេះមួយមក ចង់មើលរឿងអ្វីក៏មានដែរ Free Free ទៀត!!

    គ្រាន់តែទាញយកកម្មវិធីនេះមួយមក ចង់មើលរឿងអ្វីក៏មានដែរ Free Free ទៀត!!

    ថ្មីហើយប្លែកសម្រាប់អ្នកដែលនិយមចូលចិត្តទស្សនានូវខ្សែភាពយន្តដែលល្បីល្បាញ និងខ្សែភាពយន្តដែលទទួលបានការពេញនិយមបំផុតនៅលើឆាកអន្តរជាតិ និងរឿងភាគក្នុងស្រុក រួមនឹងខ្សែភាពយន្តរបស់លោកខាងលិចទៀតផង ដោយលោកអ្នកអាចសាកល្បងទាញយក និងដំឡើងកម្មវិធីមួយនេះដាក់លើទូរស័ព្ទ ឬ Tablet ដើម្បីបានចូលទស្សនា Free Free។

    កម្មវិធីមួយនេះមានឈ្មោះថា iflix វាជាសេវាកម្មវីដេអូតាមតម្រូវការ (SVoD) ឈានមុខគេក្នុងទីផ្សារដែលកំពុងតែមានការរីកចម្រើនទាំងក្នុងតំបន់ និងពិភពលោក ដោយពេលនេះវាអាចដំណើរការសម្រាប់ទីផ្សារកម្ពុជាយើងបានហើយកាលពីព្រឹកថ្ងៃទី7 ខែសីហា ឆ្នាំ 2017 នេះ ជាមួយនឹងការផ្ដល់នូវការសាកល្បង Free រយៈពេល 3 ខែដោយឥតគិតថ្លៃ បន្ទាប់មកកម្មវិធីនេះនឹងតម្រូវឱ្យបង់ប្រាក់ប្រចាំខែ 3 ដុល្លារ/ខែ។ កម្មវិធីនេះនឹងផ្ដល់ជូននូវខ្សែភាពយន្តដែលល្បីៗដូចជា រឿងThe Flash និង The Magicians និងខ្សែភាពយន្តកូរ៉េ Goblin រឿង The Legend of the Blue Sea និង The Bride of Habaek ជាដើម។

    មិនតែប៉ុណ្ណោះ ខ្សែភាពយន្ដ និងកម្មវិធីទូរទស្សន៍ដែលមានប្រជាប្រិយបំផុតរបស់ iflix នឹងត្រូវចាក់បញ្ចាំងដោយមានអក្សរជាភាសាខ្មែររត់ (Subtitles) ពីខាងក្រោមទៀតផង ដោយកម្មវិធីនេះនឹងដាក់ឱ្យដំណើរការក្នុងប៉ុន្មានខែដ៏ខ្លីខាងមុខនេះ។

    សម្រាប់អ្នកមានគណនីលើកម្មវិធី iflix លោកអ្នកអាចប្រើប្រាស់លើឧបករណ៍បានចំនួន 5 ផ្សេងគ្នាក្នុងពេលតែមួយដូចជា ទូរស័ព្ទ ថេប្លេត (Tablet) កុំព្យូទ័រលើតុ ទូរទស្សន៍ និង Smart TV ជាដើម។ កម្មវិធី iflix នេះអាចទាញយកបានពី Google Play Store ឬ Apple App Store ៕

  • Liverpool ប្តេជ្ញារក្សាទុក Coutinho ទោះបី Barcelona ផ្តល់តម្លៃខ្លួន100លានផោនក៏ដោយ

    Liverpool ប្តេជ្ញារក្សាទុក Coutinho ទោះបី Barcelona ផ្តល់តម្លៃខ្លួន100លានផោនក៏ដោយ

    ការប្តេជ្ញាចិត្តរបស់ក្រុមហង្សក្រហម Liverpool ក្នុងការរក្សាទុក Philippe Coutinho មិនបានផ្លាស់ប្តូរឡើយ បើទោះបីមានការបញ្ជាក់ថា ក្លិប Barcelona ត្រៀមចំណាយប្រាក់ដល់ទៅ100លានផោន (ស្មើនឹង130.3លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើអន្តរជាតិប្រេស៊ីលដ៏មានឥទ្ធិពលរូបនេះក៏ដោយ។

    Barcelona បានរងនូវការច្រានចោលចំពោះការដាក់សំណើដេញថ្លៃក្នុងតម្លៃខ្លួន 72លានផោន សម្រាប់តារាឆ្នើមរបស់ក្លិប Liverpool រូបនេះ កាលពី2សប្តាហ៍មុន ហើយបច្ចុប្បន្ន ក្រោយពីទទួលបានប្រាក់រហូតដល់ទៅ 200លានផោន (ស្មើនឹង 264លានដុល្លារអាមេរិក) ពីការលក់ខ្សែប្រយុទ្ធ Neymar ទៅឲ្យក្លិប Paris Saint-Germain ហើយនោះ ពួកគេនៅតែរក្សាការចាប់អារម្មណ៍ទៅលើកីឡាករវ័យ 25ឆ្នាំរូបនេះដដែល។

    បើទោះបីប្រភពព័ត៌មានជាច្រើននៅអេស្ប៉ាញអះអាងថា Barcelona សង្ឃឹមថា អាចបំពេញការផ្ទេរនេះនៅថ្ងៃអង្គារក៏ដោយ ប៉ុន្តែ ក្លិប Liverpool មិនទាន់បានទទួលសំណើដេញថ្លៃជាលើកទី2 សម្រាប់ Coutinho នៅឡើយ។ ប៉ុន្តែ វានៅតែមានការទាក់ទងគ្នាបន្ថែមទៀត ចាប់តាំងពីសំណើជាលើកទី1របស់ពួកគេត្រូវបានច្រានចោល ខណៈដែលក្លិប Barcelona បញ្ជាក់ថា ពួកគេកំពុងតែមានបំណងធ្វើឲ្យ Coutinho ក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតលំដាប់ទី2 ក្នុងប្រវត្តិសាស្ត្របាល់ទាត់។

    ជំហរបស់ Liverpool មិនមានការផ្លាស់ប្តូរឡើយ ខណៈដែលលោក Jurgen Klopp និងក្រុមហ៊ុន Fenway Sports Group ដែលជាម្ចាស់កម្មសិទ្ធិក្លិប Liverpool បានបញ្ជាក់ថា Coutinho នឹងមិនត្រូវបានលក់ចេញនៅរដូវក្តៅនេះឡើយ។ ជំហរនោះត្រូវបានបង្ហាញដល់ក្លិប Barcelona ហើយ Liverpool នៅតែជឿជាក់ ក្រោយពី Coutinho បានបន្តកុងត្រាថ្មីរយៈពេល5ឆ្នាំកាលពីខែមករា ដោយគ្មានលក្ខខណ្ឌនៃការទិញរំលាយកិច្ចសន្យា។

    Liverpool បានចុះហត្ថលេខារួចជាស្រចហើយជាមួយនឹងខ្សែបម្រើ Mohamed Salah ក្នុងតម្លៃខ្លួន 36.9លានផោន ខ្សែប្រយុទ្ធ Dominic Solanke និងខ្សែការពារស្លាបឆ្វេង Andy Robertson ពីក្លិប Hull City នៅរដូវកាលនេះ៕
    ប្រភពពី៖ The Guardian

  • គ្រាន់តែសំរាមធ្វើមិនបានផង តើទៅដោះស្រាយបញ្ហាធំៗម៉េចនឹងកើត?

    គ្រាន់តែសំរាមធ្វើមិនបានផង តើទៅដោះស្រាយបញ្ហាធំៗម៉េចនឹងកើត?

    សំរាម! មនុស្សរាល់ថ្ងៃដើររស់នៅជិតសំរាម ដេកជិតសំរាម ដើរជិតសំរាម ទទួលទានអាហារក្បែរសំរាម និងជាអ្នកបង្កើតសំរាម តែភាគច្រើនពួកគេមើលងាយបញ្ហាសំរាម។ នៅគ្រប់ផ្ទះសុទ្ធតែមានកន្លែងទុកសំរាម មិនថាបន្ទប់គេង បន្ទប់ទទួលភ្ញៀវ ឬក៏ផ្ទះបាយនោះទេ សំរាមតែងតែនៅក្បែរមនុស្សគ្រប់ទីកន្លែង តែពេលខ្លះសំណល់កខ្វក់ទាំងអស់នេះត្រូវបានគេបំភ្លេចចោល ហើយមិនព្រមចូលរួមចំណែកគិតគូរពីបញ្ហាប្រឈមដែលកើតឡើងពីវា។

    ជាទូទៅគំនរសំរាមធំៗកើតចេញពី បំណែកសំណល់តូចៗរបស់មនុស្ស បន្ទាប់មកក៏គរធំឡើងៗរហូតក្លាយជាបណ្តុះនៃរបស់កខ្វក់ និងអាចបំផ្លាញការរស់នៅរបស់មនុស្សវិញ។ បើយើងគិតដល់ទិដ្ឋភាពមួយនេះ យើងនឹងនឹកឃើញដល់គំនិតរបស់មនុស្សដូចគ្នា ការដែលមើលងាយថារឿងសំរាមជារឿងកំប៉ិកកំប៉ុក អាចនឹងធ្វើឱ្យបញ្ហាតូចៗទាំងអស់នោះផ្តុំគ្នាទៅជារឿងធំ ហើយមានពេលខ្លះអាចធ្វើឱ្យជីវិតធ្លាក់ចុះស្ទើរដល់ចំណុចសូន្យដោយសារសំរាមថែមទៀតផង។

    មិនបាច់រកនឹកទៅដល់ណាឆ្ងាយទេពីបញ្ហាខាងលើ យើងគ្រប់គ្នាគ្រាន់តែក្រឡេកមើលជុំវិញខ្លួននាពេលនេះយើងនឹងឃើញថាលើដងផ្លូវនៅស្រុកយើងនៅតែមានសំរាមនៅក្រៅធុង ជុំវិញផ្សារនានានៅតែមានគំនរស្អុយដែលជាប្រភពនៃមេរោគ ពេលភ្លៀងម្តងៗនៅតែមានសំរាមអណ្តែតរាយប៉ាយពាសវាលពាសកាល ហើយរឿងដែលកាន់តែទាក់ទាញចំណាប់អារម្មណ៍ ឬធ្វើឱ្យយើងព្រួយបារម្ភទៅទៀតនោះគឺពេលដែលឃើញកូនតូចៗជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាត្រូវដើរលើកំណាត់ផ្លូវដែលកខ្វក់។

    បញ្ហាទាំងអស់នេះគួរបន្ទោសអ្នកណា? បើគិតលំៗបែបធម្មតា មនុស្សគ្រប់គ្នានឹងបន្ទោសអ្នកគ្រប់គ្រងទីផ្សារ គ្រប់គ្រងតំបន់ គ្រប់គ្រងសាលា ឬគ្រប់គ្រងទីកន្លែងដែលខ្លួនរស់នៅភ្លាមថាបណ្តែតបណ្តោយឱ្យមានសំរាមកខ្វក់ មិនព្រមចាត់ចែងឱ្យមានរបៀប តែបើគិតឱ្យល្អិតបន្តិចទៀតយើងនឹងឃើញថា អ្នកទាំងអស់គ្នាជាចំណែកដែលនាំឱ្យមានកំហុសយ៉ាងធំមួយនេះ។

    ជាការពិតណាស់ ដែលយើងឃើញមនុស្សនៅស្រុកយើងជាពិសេសនៅក្នុងទីក្រុងរវល់តែយកចិត្តទុកដាក់លើរឿងនានាដែលគាត់គិតថាវាជារឿងធំៗសម្រាប់ជីវិត ដូចជារឿងការងារ រឿងសេដ្ឋកិច្ច រឿងរកស៊ី ឬរឿងអប់រំជាដើម។ នៅពេលដែលពួកគេរវល់គិតរឿងធំៗទាំងអស់នោះពេកទៅ គាត់ក៏ភ្លេចគិតពីបញ្ហាសំរាម ហើយធ្វើឱ្យខាតពេលយ៉ាងមានតម្លៃរបស់ពួកគាត់មកអង្គុយរអ៊ូពីភាពកខ្វក់ក្នុងទីក្រុងមិនស្អាត ទាំងមិនសូវខ្វល់ពីការចូលរួមបញ្ចេញសកម្មភាព ខណៈមានអ្នកខ្លះទៀតបង្កើតសំរាមរាប់មិនអស់ តែមិនព្រមចូលរួមសូម្បីតែសកម្មភាពតិចតួចដើម្បីសម្អាតទីក្រុង។

    អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាជនបរទេសដែលមកដល់ប្រទេសកម្ពុជាហាក់យកចិត្តទុកដាក់ខ្លាំងម្ល៉េះជាមួយនឹងបញ្ហាសំរាម ហើយម្តងម្កាលគេឃើញមានក្រុមជនបរទេសដើររើសសំរាមថែមទៀតផង។ បញ្ហាទាំងអស់នេះគឺមកពីពួកគាត់ធ្លាប់រស់នៅកន្លែងដែលគ្មានសំរាម ហើយនៅពេលដែលគាត់ឃើញដងផ្លូវ និងទីសាធារណៈពោរពេញដោយសំរាម គាត់ប្រាកដជាមិនអាចទម្លាប់ខ្លួនបាននោះទេ ខុសពីមនុស្សមួយចំនួនដែលដើររំលងវាហើយ ថែមទាំងបង្កើនសំរាមថែមទៀត។

    តាមពិតទៅ គ្រាន់តែរឿងសំរាមសោះមិនគួរនាំគ្នាមកអំពល់ទុក្ខនោះទេ ប្រសិនបើយើងទាំងអស់គ្នាចាប់ផ្តើមគិតគូរ ហើយរួមគ្នាដោះស្រាយវានោះ។ សម្រាប់ប្រជាជនទូទៅគួរតែចាប់ផ្តើមដោះស្រាយដោយបង្កើតទម្លាប់ល្អចាប់ពីខ្លួនឯង ហើយធ្វើគំរូល្អដល់ក្មេងៗ។ ឈប់រអ៊ូរទាំពីរឿងសំរាម ហើយរួមគ្នារើសវាចេញពីមុខផ្ទះ រើសវាចេញពីដងផ្លូវ ហើយរើសវាចេញគ្រប់កន្លែងដែលគិតថាទើស។
    គ្រាន់តែបោះចោលសំរាមទៅក្នុងធុងវាមិនមែនជារឿងអស្ចារ្យពេកនោះទេ តែប្រសិនបើមិនបោះវាចោលវិញ យើងនឹងក្លាយជាមនុស្សដែលត្រូវគេវាយតម្លៃថាមិនល្អភ្លាម ចុះហេតុអ្វីបានជាមិនព្រមធ្វើ ហើយបន្តអប់រំគ្នា។

    គិតដល់ចំណុចនេះ មានមនុស្សមួយចំនួនប្រាកដជាប្រតិកម្មហើយថា ខ្លួនគាត់រាល់ថ្ងៃបានធ្វើល្អហើយ តែគាត់ម្នាក់ឯងធ្វើមិនកើតទេ ព្រោះមានមនុស្សជាច្រើននាក់ផ្សេងទៀតបានពង្រាយពាសវាលពាសកាល ទាល់តែអាជ្ញាធរចាត់វិធានការទើបអាចធ្វើទៅបាន។ ជារួម មិនមែនគ្រប់រឿងត្រូវបន្ទោសអាជ្ញាធរនោះទេ តែទោះជាយ៉ាងណាក៏ដោយក៏អាជ្ញាធរមិនអាចគេចពីការទទួលខុសត្រូវនេះដែរ។ ជាក់ស្តែង ពួកគាត់មិនមែនមានការងារតែមួយមុខនេះទេ តែបញ្ហាសំរាមក៏មិនអាចមើលរំលងបានដែរ ព្រោះថាមនុស្សទូទៅតែងតែភ្ជាប់រឿងជាក់ស្តែងទៅនឹងការងារសំខាន់ដទៃទៀត ហេតុនេះការមិនមើលពីបញ្ហាសំរាមអាចធ្វើឱ្យគាត់ខាតបាន។ រឿងប្រជាពលរដ្ឋធ្វើខុសជារឿងមួយ តែប្រសិនបើមានចាត់វិធានការល្អប្រាកដជាមានប្រសិទ្ធភាព។ រាល់អ្នកចោលសំរាមផ្តេសផ្តាសលើដងផ្លូវត្រូវផាកពិន័យឱ្យធ្ងន់ធ្ងរជាការព្រមាន ហើយធ្វើឱ្យច្បាស់លាស់ នៅពេលនោះប្រជាជននឹងចាប់ផ្តើមរៀបចំខ្លួនឱ្យមានវិន័យទៅតាមនោះដែរ។

    អ្នកទាំងអស់គ្នាសាកស្រមៃទៅមើលថា បើគ្រប់គ្នារួមគ្នាធ្វើរឿងដែលសាមញ្ញទាំងអស់គ្នាបាន តើទីក្រុងនឹងទៅជាយ៉ាងណា? ភាពស្រស់បំព្រងនឹងកើតមានឡើង ហើយទីក្រុងទាំងមូលនឹងពោរពេញទៅដោយសោភ័ណភាពដូចបណ្តាប្រទេសអភិវឌ្ឍនានា។ ហេតុនេះសូមចាប់ផ្តើមពីរឿងតូចៗទាំងអស់នេះ ដើម្បីខ្លួនឯង និងសង្គម ព្រោះគ្រាន់តែការចូលរួមគ្នាសម្អាតគ្រប់ទីកន្លែង គឺស្មើនឹងការរួមគ្នាលើកមុខមាត់ប្រទេសរបស់យើងដូចគ្នា កុំឱ្យគេគិតថាត្រឹមរឿងសំរាមយើងធ្វើមិនបានផង ចុះទម្រាំរឿងសំខាន់ផ្សេងទៀតឱ្យធ្វើបានយ៉ាងម៉េចទៅ៕