Category: សង្គម និងសេដ្ឋកិច្ច

  • ទស្សនា​កម្សាន្ត​តំបន់​ពិសេស​ចំនួន 2 របស់​ក្រុង​កូ​ឡា​ឡាំ​ពួរ

    ទស្សនា​កម្សាន្ត​តំបន់​ពិសេស​ចំនួន 2 របស់​ក្រុង​កូ​ឡា​ឡាំ​ពួរ

    កូ​ឡា​ឡាំ​ពួរ គឺជា​ទីក្រុង​ដ៏​ស្រស់ស្អាត​មួយ​ដែល​ស្ថិតនៅក្នុង​ក្រសែភ្នែក​បណ្តា​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​នៅលើ​សាកលលោក ហើយក៏​ជា​ក្រុង​ដែល​ធំជាងគេ​បំផុត​ប្រៀបបាន​ទៅនឹង​បេះដូង​របស់​ប្រទេស​ម៉ាឡេស៊ី។ ជាមួយគ្នានេះ ទីក្រុង​កូ​ឡា​ឡាំ​ពួរ ដែល​ពោរពេញ​ទៅដោយ​រូប​សម្រស់​ឆើតឆាយ​លម្អ​ទៅដោយ​ផ្លូវ​កាត់​ខ្វាត់ខ្វែង និង​តួ​អគារខ្ពស់ៗស្គឹ​ម​ស្កៃ​ឈរ​បង្ហាញ​រាង​ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​កំពូល​របស់​ពិភពលោក​នោះ បាន​ផ្ដល់នូវ​រសជាតិ​ជីវិត​ថ្មី​ដល់​បណ្តា​ភ្ញៀវទេសចរ តាមរយៈ​នៃ​ការបង្ហាញ​ពី​វប្បធម៌​ដ៏​យូរ​ឡុង រួមផ្សំ​នឹង​ភាព​រួ​សារាយ​រាក់ទាក់​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​បាន​ភ្លក្ស​អាហារ​បែប​ប្រពៃណី​នៃ​ជនជាតិភាគតិច​ប្រចាំ​តំបន់ ជាពិសេស សម្បូរ​ទៅដោយ​តំបន់​កម្សាន្ត​ជាច្រើន​កន្លែង​តែម្ដង។

    ប៉ម​អគារ​ភ្លោះ ប៉េ​ត្រូ​ណាស់ ៖
    ប៉េ​ត្រូ​ណាស់ គឺជា​អគារ​ភ្លោះ​ដ៏​ធំ ខ្ពស់​ស្គឹ​ម​ស្កៃ​ដែលមាន​កម្ពស់​រហូតដល់170 ម៉ែត្រ និង​មាន​ស្ពាន​ឆ្លង​ពី​តួ​អគារ​មួយ​ទៅកាន់​តួ​អគារ​មួយទៀត ហើយក៏​ជាប់​ចំណាត់ថ្នាក់​ជា​ស្ពាន2ជាន់ ដែល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក។ នៅទីនេះ ត្រូវបាន​គេ​ដាក់​បម្រាម​យ៉ាង​ម៉ត់ចត់​ចំពោះ​អ្នកខ្លាច​ទី​ខ្ពស់ មិន​អនុញ្ញាតឱ្យ ឡើង​នោះឡើយ ប៉ុន្តែ​បើ​ចំពោះ​អ្នកមាន​ភាពក្លាហាន​មិន​ញញើត​ជាមួយ​អគារ​ដ៏​ខ្ពស់សន្លឹម​មួយ​នេះ នឹង​បាន​ទស្សនា​ពី​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នៃ​ទីក្រុង កូ​ឡា​ឡាំ​ពួរ​ទាំងមូល ជាពិសេស​សម្រស់​នាពេល​រាត្រី ដែល​ពោរពេញ​ទៅដោយ​ពន្លឺ​ភ្លើងពណ៌​ចម្រុះ​នៅតាម​អគារ​នានា​ក្នុង​តំបន់។

    រូងភ្នំ​បា​ទូ ៖

    រូងភ្នំ​បា​ទូ គឺជា​ទីសក្ការៈ​ដ៏​ពិសិដ្ឋ​សម្រាប់​ពលរដ្ឋ​ដែល​កាន់សាសនា​ហិណ្ឌូ​ដែល​រស់នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី មាន​ចម្ងាយ​ប្រមាណ​ជាង12គីឡូម៉ែត្រ  ខណៈដែល​អ្នក​ទាំងនោះ​សុទ្ធ​តែមាន​ជំនឿ​ជឿជាក់ថា រូងភ្នំ​បា​ទូ ជា​កន្លែង​ដែលមាន​ឫទ្ធិ​បារមី​ពូកែ​ស័ក្តិសិទ្ធិ​បំផុត ហើយ​ជា​រៀងរាល់ឆ្នាំ នៅពេល​ចូលដល់​វេលា​កំណត់​អ្នកមាន​ជំនឿ​រាប់ម៉ឺន​នាក់ តែង​នាំគ្នា​មក​ប្រារព្ធ​ពិធី​តាម​ទំនៀប​ទម្លាប់​នៅទីនេះ​មិនដែល​ខាន។ ដោយឡែក​សម្រាប់​លោកអ្នក​ដែល​ចង់​ឡើងទៅ​ទស្សនា​រូងភ្នំ​បែប​អច្ឆរិយ​មួយ​នេះ ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តាម​ជណ្ដើរថ្ម​ចំនួន272កាំ។ លុះ​ក្រោយពេល​ឡើង​ទៅដល់​គោលដៅ​នឹង​បានឃើញ​ពី​ភាព​អស្ចារ្យ​ជាច្រើន ដែល​ក្រៅពី​មាន​រូងភ្នំធំៗចំនួន3 រូងភ្នំតូចៗរាប់សិប​កន្លែង ថែមទាំង​បាន​ទស្សនា​រូបចម្លាក់​យ៉ាង​ស្អា​ក​ស្កះ​ក្នុង​លក្ខណៈ​បែប​សាសនា​ហិណ្ឌូ ជាពិសេស​រូបសំណាក​ព្រះ​ទេវៈ​យ៉ាង​ធំ​ច​ង្រឹ​ង​ឈ​នៅ​ចំ​ពីមុខ​ច្រកចូល​ដែលមាន​កម្ពស់​ប្រមាណ 42 ម៉ែត្រ៕

  • ស្បែក​ក្លៀក «ស» ស្អាត គ្មាន​រោម ដោយ​ប្រើ​រូបមន្តងាយៗ

    ស្បែក​ក្លៀក «ស» ស្អាត គ្មាន​រោម ដោយ​ប្រើ​រូបមន្តងាយៗ

    ស្ត្រី​ខ្មែរ​យើង​មិនមាន​ទម្លាប់​ទុក​រោមក្លៀក​ឱ្យនៅ​ព្រោងព្រាត​ដូច​ជនជាតិ​បរទេស​មួយចំនួន​នោះទេ គ្រប់​ពេលដែល​បានឃើញ​ថា មាន​រោម​ដុះ​នៅលើ​ស្បែក​ត្រង់​ក្លៀក​គឺ​ពិតជា​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ខ្មាស​គេ មិន​ហ៊ាន​ពាក់អាវ​វៀល​ក្លៀក​នោះទេ។ ការដក​រោមក្លៀក​ម្តង​មួយសរសៃៗ ត្រូវ​ចំណាយពេល​យូរ ឈឺ​ក៏​ឈឺ ហើយ​ដែល​សំខាន់​នោះ​ស្បែក​ក៏​ឡើង​គ្រើម​ទៀត ហើយ​ងាក​មករក​ការ​កោរ​វិញ ឃើញថា​វា​ឆាប់​រួចរាល់ មិន​ឈឺចាប់ និង​ចំណាយពេល​តែមួយ​ភ្លែត​ក៏ពិតមែន ប៉ុន្តែ​បើ​ខាន​ពិនិត្យ​តែ 2-3ថ្ងៃ ប្រាកដជា​បានឃើញ​រោម​ថ្មី​ដុះ​មក​ថែម និង​ខ្មៅ​ជាង​មុន​ជាមិនខាន។

    សម័យនេះ ការព្យាបាល​មាន​ច្រើន តែ​វា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​បន្តិច ដូច្នេះ​បើ​អ្នក​មិន​ចង់​ចំណាយ​ប្រាក់ មិន​ចង់​ដក ឬ​មិន​ចង់​កោរ​នោះ ឡា​រ៉ែ​ន មាន​វិធី​មួយ​យកមក​ជម្រាបជូន​មិត្ត​អ្នកអាន​ទាំងអស់​សាកល្បង ហើយ​វិធី​នេះ​ត្រូវការ​តែ​វត្ថុធាតុដើម​តិចតួច​បំផុត។ តោះ! សាកល្បង​អាន​ទាំងអស់គ្នា!
    សារធាតុ​ផ្សំ
    – មាន​ស្ករស (2ពែង), ទឹកក្រូច​ឆ្មារ (1/4ពែង), ទឹក (1/4ពែង) និង​ទឹកឃ្មុំ (1/4ពែង)។
    របៀប​ធ្វើ
    ដំបូង​អ្នក​ត្រូវយក​ទឹក​ទៅ​ដាក់​ដាំ​ឱ្យ​ពុះ​រួច​ដាក់​សារធាតុ​ផ្សំ​ទាំងអស់​ចូល ហើយ​កូរ​ឱ្យ​សព្វ។ បើកភ្លើងតិចៗរំងាស់​វា​ចោល​ប្រហែលជា​កន្លះ​ម៉ោង នៅពេលដែល​ល្បាយ​នោះ​ឡើង​ពណ៌​ត្នោត និង​ឡើង​ស្អិត​សឹម​ដាក់ចុះ រួច​ទុកឱ្យ​ត្រជាក់។ នៅពេល​វា​ត្រជាក់​ហើយ​អ្នក​ត្រូវ​សម្អាត​ក្លៀក​របស់​អ្នក​ឱ្យ​ស្អាត​និង​ជូត​ឱ្យ​ស្ងួត ដើម្បី​ជម្រះ​ញើស​ចេញ​ឱ្យអស់។ យក​ម្សៅ​កូនក្មេង​មក​លាប​ឱ្យ​សព្វ​លើ​ក្លៀក​របស់​អ្នក ព្រោះ​ការធ្វើ​បែបនេះ​គឺ​ដើម្បី​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​នៅសល់​ឱ្យចេញ​អស់ពី​ក្លៀក។

    ឥឡូវ​អ្នក​ត្រូវយក​ល្បាយ​នោះមក​ដាក់​លើ​ស្បែក​ក្លៀក ហើយ​យក​ស្លាបព្រា​រលោង​មួយ​មក​ប៉ាត​ល្បាយ​នោះ​ឱ្យ​ស្មើ ហើយ​ត្រូវ​ចាំ​ថា ត្រូវ​ប៉ា​តវាស្តើងៗបាន​ហើយ ព្រោះ​ក្រាស់​ពេក​វា​អាចធ្វើឱ្យ​ប្រតាក។ ទុក​វា​ចោល​មួយសន្ទុះ លុះដល់​ពេល​វា​ស្ងួត​ហើយ​នោះ​អ្នក​ត្រូវ​ប្រើ​ដៃ​មួយ​ចំហៀង​ទៀត​ដើម្បី​បក​វា​ចេញ (សូមប​កវា​ចេញ​ឱ្យ​លឿន ព្រោះ​បើ​យឺត​វា​អាចធ្វើឱ្យ​ស្បែក​ត្រង់នោះ​ជ្រួញ​ពិបាក​ក្នុងការ​បក)។ វា​ជាការ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​សម្អាត​ស្បែក​ត្រង់នោះ​ឱ្យ​ស្អាត​ជាមួយ​សាប៊ូ​និង​ទឹកស្អាត ហើយ​បន្ទាប់ពី​ជូត​ស្ងួត​ល្អ​ហើយ​នោះ​អ្នក​ត្រូវ​បន្ថែមសំណើម​ដល់​វា​ផង ដើម្បី​រក្សា​ស្បែក​ក្លៀក​អ្នក​ឱ្យ​ទន់​រលោង។

    ដោយសារ​ប្រភេទ​ស្បែក​របស់​មនុស្សម្នាក់ៗវា​មិន​ដូចគ្នា ដូច្នេះ​មុនពេល​អនុវត្ត ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​លោកអ្នក​ធ្វើការ​សាកល្បង​យក​ល្បាយនេះ​ដាក់​លើ​ស្បែក​ត្រង់​កន្លែង​ផ្សេង​ជាមុនសិន ហើយ​បើ​សង្កេតឃើញថា​វា​មិនមាន​បញ្ហា​ប្រ​ត្តិ​កម្ម​ទេនោះ លោកអ្នក​អាចយ​កវា​មក​អនុវត្ត​ផ្ទាល់លើ​ស្បែក​ក្លៀក​បាន​ហើយ។ ម្យ៉ាងទៀត សម្រាប់​ល្បាយ​ដែល​លាយ​រួចហើយ​ប្រើ​មិនទាន់​អស់ អ្នក​អាចយ​កវា​រក្សាទុក​ក្នុង​ទូរ​ទឹកកក លុះ​ពេល​យកមកប្រើ​លើក​ក្រោយ​អ្នក​គ្រាន់តែ​យក​វា​មក​កម្តៅ​វិញ​គឺអាច​ប្រើ​បាន​ហើយ៕

  • សូមសរសើរ! ជិះឡានរាប់ពាន់គីឡូម៉ែត្រឆ្លង 2ប្រទេសដើម្បីភាពយន្ត

    សូមសរសើរ! ជិះឡានរាប់ពាន់គីឡូម៉ែត្រឆ្លង 2ប្រទេសដើម្បីភាពយន្ត

    ក្រោយពីបាននាំយកខ្សែភាពយន្ដរឿង “វិកលចរិត” ទៅចាក់បញ្ជាំងនៅលើឆាកអន្ដរជាតិរួចមក អ្នកដឹកនាំរឿងនេះបានលាន់មាត់ថា ទោះមិនទទួលបានផលច្រើនមែន តែនេះជាជំហានដំបូង ផ្លែផ្កាដំបូងហើយដែលលោកហ៊ុយ យ៉ាឡេងទទួលបានពីការខំប្រឹងប្រែងដើម្បីស្វែងរកទីផ្សារភាពយន្តក្រៅស្រុក ហើយក៏ជាបទពិសោធមួយសម្រាប់ខ្សែភាពយន្ដខ្មែរយើងដែរ។

    ដោយសារត្រូវជិះរថយន្ដរាប់ពាន់គីឡូម៉ែត្រឆ្លងប្រទេស2ដើម្បីខ្សែភាពយន្តខ្មែរយើង លោក ហ៊ុយ យ៉ាឡេង បានបា្រប់អ្នកសារព័ត៌មាន ឡារ៉ែនថា “រឿងរបស់យើងមិនទាន់ទទួលបានផ្លែផ្កា និងមានទស្សនិកជនចូលរួមទស្សនាច្រើននៅឡើយទេ ទាំងប្រទេសថៃ និងឡាវ ដោយហេតុថា គេមិនទាន់ស្គាល់រឿងខ្មែរ ព្រមទាំងអ្នកដែលបានចូលទៅទស្សនា ភាគច្រើនគឺជាយុវវ័យ ដូច្នោះហើយ គឺនៅមិនទាន់មានភាពទូលំទូលាយក្នុងការស្គាល់អំពីខ្សែភាពយន្ដខ្មែរ រួមទាំងគំនិតជាតិនិយមរបស់ជនជាតិថៃ និងឡាវផងដែរ”។ មិនតែប៉ុណ្ណោះ អ្នកដឹកនាំរឿងរូបនេះក៏បានបន្ថែមថា “នេះជាបទពិសោធលើកដំបូងហើយ ដែលយើងបានយល់ដឹងអំពីការនាំភាពយន្ដទៅកាន់ឆាកអន្ដរជាតិ”។

    ដោយឡែក ពីដំបូងឡើយលោក ហ៊ុយ យ៉ាឡេង ធ្លាប់បានបញ្ចេញព័ត៌មានអំពីការដកប្រាក់ពីការទិញសំបុត្រចំនួន 1 ដុល្លារ ហើយបរិច្ចាគចំពោះកុមារបាត់បង់សតិបញ្ញា និងកុមារកំព្រានៅកម្ពុជា តែផ្ទុយទៅវិញបែរជាខកបំណង ព្រោះថា ភាពយន្ដមួយនេះមិនទទួលបានផ្លែផ្កាច្រើនពីប្រទេសថៃ និងឡាវឡើយ គឺមានតែប្រទេសកម្ពុជាមួយតែប៉ុណ្ណោះ ដែលទទួលបានការគាំទ្រ។

    គួរបញ្ជាក់ដែរថា លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា “មានតែកម្ពុជាទេដែលទទួលបានអ្នកទស្សនាច្រើនជាងគេ បើគិតពីថ្ងៃដាក់បញ្ជាំងរហូតមកដល់ពេលនេះ ហើយទោះជាយើងមិនបានកម្រៃពីការដាក់បញ្ចាំងនៅបរទេសក៏ដោយ ក៏លោកនៅបន្ដបរិច្ចាគដោយទឹកចិត្តសប្បុរសធម៌ទៅកាន់កុមារកំព្រា និងបាត់បង់សតិបញ្ញា នៅកម្ពុជាយើងដែរ ព្រោះថា នេះជាប្រវត្តិសាស្ត្រដំបូងដែលកុនខ្មែរបានទៅបញ្ជាំងនៅអន្តរជាតិ ហើយចូលរួមកម្មវិធីសប្បុរសធម៌ផងដែរ”។

    ទោះបីជាមិនទទួលបានផ្លែផ្កា និងមានការតស៊ូនឿយហត់ជាច្រើនក៏ដោយ តែក៏ទទួលបានមកវិញនូវបទពិសោធថ្មីៗជាច្រើន ព្រោះថា វាធ្វើឱ្យយើងមើលឃើញថា ប្រជាជនគេនៅតែគាំទ្រភាពយន្តគេខ្លាំងជាងភាពយន្តបរទេស តែភាពយន្តមួយនេះទទួលបានចំណុចល្អត្រង់ថា ទស្សនិកជនទាំងអស់ចូលមើលរឿងខ្មែរយើងហើយមិនដើរចេញពាក់កណ្តាលទីទេ គឺមើលរហូតដល់ចប់ ហើយសរសើរភាពយន្តយើងថាល្អមើលណាស់ គ្រាន់តែនេះជាលើកដំបូង នៅមិនមានការផ្សព្វផ្សាយទាក់ទាញឱ្យពួកគាត់ចូលមើលភាពយន្តខ្មែរយើង៕

     

  • ធនាគារ​ជាតិ​នៃ​កម្ពុជា ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ​យកចិត្តទុកដាក់​លើអក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ

    ធនាគារ​ជាតិ​នៃ​កម្ពុជា ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ​យកចិត្តទុកដាក់​លើអក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ

    ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) និង​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូទាត់​ប្រាក់​សកល Visa បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​មួយ​ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​អំពី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែលអាច​​ជា​បច្ច័យ​មួយ​នាំ​ឱ្យ​មាន​ការ​សេចក្តី​សម្រេច​ចិត្ត​បាន​ល្អិតល្អន់​ជាង​មុន។

    លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេក​ទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​សហការ​ជាមួយ​ស្ថាប័ន​សាធារណៈ និង​ឯក​ជន ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​។ ធនាគារ​ជាតិ​នៃ​កម្ពុជា​តែង​​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ព្រោះ​ថា​នៅពេល​ដែល​​ប្រជាពល​រដ្ឋ​មាន​ចំណេះ​ដឹង​ផ្នែក​នេះ​ច្រើន​​វា​នឹង​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​មានភាព​រឹង​មាំ​ប្រកប​ដោយ​ចីរភាព។ ការ​ជួយ​គាំទ្រ​របស់​ក្រុមហ៊ុន Visa ចំពោះ​យុទ្ធនាការ​“តោះ!​ និយាយ​ពី​លុយ” និង​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត គឺ​ជា​គន្លឹះ​មួយ​ដ៏​សំខាន់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន។

    លោកជំទាវ បាន​ថ្លែង​ថា៖“វា​ជា​ចំណុច​ល្អ​ដែល​យើង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​​​ចំពោះ​ក្មេងៗ​តាំង​ពី​នៅ​តូច​។ ទាំង​នេះ​ជា​វិធីសាស្ត្រ​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ឱ្យ​ពួក​គេ​មាន​ចំណេះ​ដឹង​ និង​បាន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នាពេល​អនាគត”។

    លោក​ជំទាវ​បាន​បន្ដ​ថា អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ គឺ​ជា​ប្រព័ន្ធ​ការពារ​ដំបូង​សម្រាប់​អតិថិជន​ ពី​ព្រោះ​នៅ​ពេល​ដែល​អតិថិ​ជន​អាច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​បាន​ល្អិតល្អន់​ ពួក​គាត់​អាច​ការពារ​ខ្លួន​ដោយ​ចៀស​ផុត​ពី​ការ​កេង​បន្លំ និង​អាច​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​ឱ្យ​បាន​ប្រសើរ​ជាង​មុន​ តាម​រយៈ​ការ​ជ្រើស​រើស និង​ប្រើ​ប្រាស់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ត្រឹម​ត្រូវ។

    ក្នុង​អនុស្សរណៈ​យោគយល់​គ្នា​នេះ ក្រុម​ហ៊ុន Visa បាន​គាំទ្រ​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ផលិត​សៀវភៅ​អក្ខរកម្ម​ហិរញ្ញវត្ថុ “តោះ! និយាយ​ពី​លុយ” ចំនួន​30,000​ក្បាល​ដែល​នឹង​ត្រូវ​ចែកចាយ​នៅ​តាម​សាលារៀន​នានា​សម្រាប់​រយៈពេល ​3​ឆ្នាំ និង​ជួយ​អភិវឌ្ឍន៍​ផែនការ​អក្ខរកម្ម​ហិរញ្ញវត្ថុ​រយៈ​ពេល ​5​ឆ្នាំ​សម្រាប់​ប្រទេស​កម្ពុជា។ កម្មវិធី​សិក្សា​អំពី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ នឹងធ្វើ​ការ​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​នៅ​តាម​សាលារៀន​ដើម្បី​ឱ្យ​ពួកគាត់​អាច​ចែក​រំលែក​ជំនាញ​អក្ខរកម្ម​ហិរញ្ញវត្ថុ​ជា​មួយ​សិស្ស​របស់​ខ្លួន។

    លោក Sean Preston នាយក​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ​ បាន​ប្រាប់​ថា លោក​ជឿ​ថា​ ឧបករណ៍​ហិរញ្ញវត្ថុ​ដ៏​
    សំខាន់​បំផុត​សម្រាប់​អភិវឌ្ឍ​បុគ្គល និង​សេដ្ឋកិច្ច​នោះ គឺ​ចំណេះ​ដឹង។ ដូច្នេះ​ហើយ​បាន​ជា Visa ធ្វើ​ការ​សហការ​ជា​មួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដើម្បី​អភិវឌ្ឍ​កម្មវិធី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែល​វា​នឹង​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ជីវិត​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​​ទូទាំងប្រទេស។

    អស់​រយៈពេល​ជាង​20​ឆ្នាំ ក្រុមហ៊ុន Visa បាន​សហការ​ជាមួយ​រដ្ឋាភិបាល សាលារៀន ធនាគារ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​កម្មវិធី​អក្ខរ​កម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែល​បង្រៀន​បុគ្គល​ពី​របៀប​ចំណាយការ​សន្សំ និង​រៀបចំ​ថវិកា​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ។ កម្មវិធី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Visa មាន​លក្ខណៈ​ងាយ​ស្រួល និង​ទូលំ​ទូលាយ​ទូទាំង​ពិភពលោក។ បញ្ហា​ប្រឈម​ផ្នែក​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ គឺ​មាន​ភាព​ខុសៗ​គ្នា ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន Visa បាន​បង្កើត​មាតិកា​ដែល​បំពេញ​តាម​តម្រូវការ​វប្បធម៌ ភាសា និង​ភាព​ស្មុគ​ស្មាញ​ខុសៗ​គ្នាដោយ​មិន​គិត​ពី​អាយុ ការអប់រំ ឬ​ភូមិសាស្ត្រ​ឡើយ៕

  • កាណាដា ឯកភាពលើកកម្ពស់ផលិតផលវាយនភណ្ឌខ្មែរ ខណៈវិស័យនេះជិតផុតកូតានាំទៅអឺរ៉ុប

    កាណាដា ឯកភាពលើកកម្ពស់ផលិតផលវាយនភណ្ឌខ្មែរ ខណៈវិស័យនេះជិតផុតកូតានាំទៅអឺរ៉ុប

    ភ្នំពេញ៖ ខណៈដែលម្ពុជាជិតផុតកូតានាំផលិតផលវាយនភណ្ឌកាត់ដេរចេញទៅប្រទេសក្នុងសហគមន៍អឺរ៉ុបនៅរយៈពេល3ឆ្នាំខាងមុខទៀតនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតប្រទេសកាណាដាប្រចាំកម្ពុជាដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា ជាពិសេសលើការនាំចេញផលិតផលវាយនភណ្ឌពីកម្ពុជា។

    ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ដើម្បីសម្រួលដល់កិច្ចការធុរកិច្ចក្នុង និងក្រៅប្រទេស ក្រសួងបានធ្វើការកែទម្រង់ការងារជាច្រើន រួមមានការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO)តាមអនឡាញ និងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជាកន្លងមកដែលបានជួយឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខលើបណ្តាប្រទេសក្រីក្រនានាខាងផ្នែកកិច្ចសម្រួលពាណិជ្ជកម្ម។

    មុនពេលធ្វើកំណែទម្រង់បែបបទនៃការនាំចេញដែលមានភាពស្មុគស្មាញ និងត្រូវចំណាយរយៈពេលរង់ចាំយូរដល់ទៅជាង2សប្តាហ៍ ប៉ុន្តែឥឡូវនៅសល់ត្រឹមតែ48ម៉ោងប៉ុណ្ណោះ ហើយឯកសារតម្រូវក៏មានតិចជាងមុន ពោលគឺក្រសួងតម្រូវឱ្យក្រុមហ៊ុនស្នើសុំ CO តែមួយមុខប៉ុណ្ណោះ ហើយនាពេលខាងមុខនឹងមិនតម្រូវឱ្យមានការស្នើសុំ CO ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបនោះឡើយ។

    លោកជំទាវឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ស៊ីជម្រៅដើម្បីសម្រួលដល់បរិយាកាសវិនិយោគនៅកម្ពុជាព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់របស់កម្ពុជាក្នុងការផ្គត់ផ្គង់ទំនិញគុណភាពខ្ពស់ទៅកាន់កាណាដាដោយលក្ខខណ្ឌចំណាយកម្លាំងពលកម្មទាបជាមួយផលិតភាពការងារខ្ពស់។

    លោកជំទាវបានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យបន្តខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ កាត់បន្ថយថ្លៃដើមផលិតកម្ម លើកកម្ពស់ការគ្រប់គ្រងរោងចក្រ ព្រមទាំងសម្របសម្រួលឯកសារ និងបែបបទនាំចេញសម្រាប់វិស័យឯកជនថែមទៀត។ ជាមួយគ្នានេះដែរ លោកជំទាវក៏បានស្នើឱ្យមានការរៀបចំវេទិកាសម្រាប់បង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកទិញនៅកាណាដាជាមួយអ្នកផលិតនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តដល់និសិ្សតកម្ពុជាក្នុងការស្វែងរកអាហារូបករណ៍ផ្នែកវិស្វកម្មវាយនភណ្ឌដែលផ្តល់ដោយរាជរដ្ឋាភិបាលកាណាដា។

    ជាមួយគ្នានេះលោកជំទាវបានលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សារវាងវិស័យឯកជននៃប្រទេសទាំងពីរដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែល្អប្រសើរផងដែរ។ គួរបញ្ជាក់ថា នៅចន្លោះឆ្នាំ2001-2016 ទំហំនៃការនាំចេញពីកម្ពុជាទៅកាន់កាណាដា មានកំណើនប្រមាណ100ដង ហើយសម្រាប់ឆមាសទី1 នៃឆ្នាំ២០១៧នេះ ទំហំនាំចេញមានកំណើន18,36%។

    ចាប់តាំងពីឆ្នាំ1999មក កម្ពុជាបានផ្សារភ្ជាប់លក្ខខណ្ឌការងារនៃអង្គការពលកម្មអន្តរជាតិ(ILO)ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ទាប់មកគម្រោង Better Factory Cambodia (BFC) បានកើតចេញជារូបរាងឡើង ដោយបានបន្តសាជាថ្មីចំនួន5លើកដែលជាហេតុធ្វើឱ្យលក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរ ហើយប្រាក់ខែអប្បបរិមារបស់នយោជិតកម្ពុជាបានកើនឡើងរហូតដល់153ដុល្លារក្នុងមួយខែទៀតផងសម្រាប់ឆ្នាំ2017នេះ៕

  • Liverpool ច្រានចោលសំណើលើកទី2របស់ Barcelona សម្រាប់ Coutinho

    Liverpool ច្រានចោលសំណើលើកទី2របស់ Barcelona សម្រាប់ Coutinho

    ក្លិប Liverpool បានប្រាប់ក្លិប Barcelona ម្តងទៀតថា ខ្សែបម្រើដ៏ឆ្នើម Philippe Coutinho មិនសម្រាប់លក់ឡើយ ក្រោយពីបានច្រានចោលសំណើដេញថ្លៃក្នុងទឹកប្រាក់100លានអឺរ៉ូ (ស្មើនឹង117.5លានដុល្លារអាមេរិក) សម្រាប់តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ។

    សំណើដេញថ្លៃជាលើកទី2របស់ក្លិប Barcelona ដែលមានតម្លៃខ្លួនជាគោល85លានអឺរ៉ូ បូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗចំនួន 15លានអឺរ៉ូ ទៀតនោះ ត្រូវបានច្រានចោលភ្លាមៗ។

    Barelona បានព្យាយាមដាក់សំណើជាលើកទី2របស់ខ្លួនសម្រាប់តារាឆ្នើមវ័យ25ឆ្នាំរូបនេះកាលពីថ្ងៃពុធ ក្រោយពីសំណើជាលើកដំបូងរបស់ខ្លួនក្នុងទឹកប្រាក់80លានអឺរ៉ូ ក៏ត្រូវបានច្រានចោលកាលពីខែមុនផងដែរ។ សំណើថ្មីចុងក្រោយរបស់ពួកគេ បានជួបការឆ្លើយតបដូចកាលពីមុនដែរ។ ក្លិបហង្សក្រហម Liverpool បានច្រានចោលសំណើនេះ និងបានបញ្ជាក់ប្រាប់ក្លិប Barcelona ម្តងទៀតថា ពួកគេនឹងមិនពិចារណាទៅលើការលក់កីឡាករដ៏មានឥទ្ធិពលរបស់ពួកគេនៅរដូវក្តៅនេះឡើយ។

    ការច្រានចោលសំណើជាលើកទី2នេះ បានកើតឡើង ក្រោយពីបណ្តាញសារព័ត៌មានជាច្រើនរបស់អេស្ប៉ាញ បានចេញផ្សាយថា ការផ្ទេរនេះកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈានដល់ទីបញ្ចប់។ វាមិនទាន់ច្បាស់នៅឡើយទេថា ការបញ្ជាក់បែបនេះ នឹងរារាំងមិនឲ្យក្លិប Barcelona ដាក់សំណើដេញថ្លៃជាលើកទី3 ឬយ់ាងណានោះទេ ខណៈដែលការព្យាយាមរបស់ពួកគេកាលពេលថ្មីៗនេះនាំឲ្យមានការជឿជាក់ថា Coutinho ពិតជាចង់ផ្ទេរទៅកាន់កីឡដ្ឋាន Camp Nou។ ក្លិប Liverpool បានរក្សាជំហររបស់ខ្លួនថា Coutinho មិនមែនសម្រាប់លក់ឡើយ ខណៈដែលកាលពីសប្តាហ៍មុន លោក Jurgen Klopp បានបញ្ជាក់ថា ជំហររបស់ក្លិបនេះមិនមានការប្រែប្រួលឡើយ៕
    ប្រភពពី៖ The Guardian

  • ឡូយ! ចំណាយ 3ពាន់រៀល Download ហ្គេមល្បីៗ និងថ្មីបំផុតពី Gameloft ឥតកំណត់

    ឡូយ! ចំណាយ 3ពាន់រៀល Download ហ្គេមល្បីៗ និងថ្មីបំផុតពី Gameloft ឥតកំណត់

    ពិសេសទៀតហើយសម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តលេងហ្គេមលើទូរស័ព្ទដៃ និងថេបប្លេត ដោយពេលនេះលោកអ្នកអាចទាញយកហ្គេមល្បីៗ និងថ្មីៗបំផុតដែលមិនទាន់ទាំងមានលក់លើ App Store និង PlayStore ផងនោះបានដោយឥតមានកំណត់ ដោយគ្រាន់តែចំណាយប្រាក់ត្រឹមតែ 3,000 រៀលប៉ុណ្ណោះ។

    ការផ្ដល់ជូននេះ ត្រូវបានក្រុមហ៊ុនបណ្ដាញទូរស័ព្ទសែលកាតប្រកាសកាលពីព្រឹកមិញថា ខ្លួនបានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Gameloft ដ៏ល្បីរបស់ប្រទេសបារាំងដើម្បីផ្ដល់ឱ្យអតិថិជនរបស់ខ្លួនអាចមានលទ្ធភាពទាញយកកម្មវិធីហ្គេមថ្មីៗ ឥតមានកំណត់ ដោយគ្រាន់តែចំណាយ 3,000 រៀលក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ។ ការសហការនេះ Gameloft នឹងដាក់ឱ្យទាញយកគ្រប់ហ្គេមទាំងអស់ រួមទាំងហ្គេមដែលមិនទាន់ដាក់លក់លើ App Store និង PlayStore ទៀតផង។

    លោក Jew Kee Lim នាយកផ្នែកផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនសែលកាតបានឱ្យដឹងថា កិច្ចសហការនេះ អតិថិជនសែលកាតទាំងអស់អាចចូលទៅទាញយកហ្គេមពី Gameloft Game Club ដែលមានប្រភេទហ្គេមដ៏សម្បូរបែប ដែលហ្គេមមួយចំនួនត្រូវបានបង្កើតឡើងដោយមានការសហការគ្នាជាមួយអ្នកផលិតហ្គេមធំៗដូចជា Disney Universal Music និង Marvel ជាដើមទៀតផង។ ចំណែកឯការទូទាត់វិញ មានភាពងាយស្រួលមែនទែន ដោយគ្រាន់តែធ្វើការកាត់ទឹកប្រាក់ពីសមតុល្យសែលកាតរបស់លោកអ្នកជាការស្រេច។

    លោក Lim ថ្លែងថា៖ «វាជារឿងល្អមួយ ដែលកាលពីមុនយើងត្រូវទាញយកហ្គេមល្អៗលេងមួយបានត្រូវចំណាយច្រើន តែពេលនេះត្រឹម 3,000 រៀល តែទាញយកតាមចិត្ត»។

    Gameloft គឺជាក្រុមហ៊ុនផលិតហ្គេម និងចែកចាយធំជាងគេរបស់ពិភពលោក ដោយឆ្នាំ 2016 ចំនួនទាញយកហ្គេមមានសរុបប្រមាណជាង 1 ពាន់លានហ្គេមនៅជុំវិញពិភពលោក ហើយមានប្រភេទហ្គេមថ្មីៗប្រមាណជាង 2.8 លានរបស់ Gameloft ត្រូវបានគេទាញយកទៅលេងជារៀងរាល់ថ្ងៃ៕

  • ហុងកុងចាប់ផ្តើមទទួលពលករកម្ពុជាទៅធ្វើការ

    ហុងកុងចាប់ផ្តើមទទួលពលករកម្ពុជាទៅធ្វើការ

    ភ្នំពេញៈ ទីក្រុងហុងកុងចាប់ផ្តើមអនុញ្ញាតឲ្យកម្ពុជាបញ្ជូនពលករទៅធ្វើការ​នៅតំបន់រដ្ឋបាលពិសេសរបស់ខ្លួនហើយ ដោយក្រុមហ៊ុនចំនួន6ត្រូវបានអនុញ្ញាតឲ្យជ្រើសរើសពលករពីក្រសួងការងារ។

    លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានថ្លែងក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងនីតិវិធីនៃការជ្រើសរើសបណ្តុះបណ្តាលបញ្ជូននិងគ្រប់គ្រងពលការិនីជំនួយការមេផ្ទះទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង នៅព្រឹកថ្ងៃទី9ខែសីហានេះថា ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាចំនួន6ដែលមានសិទ្ធិស្របច្បាប់ជ្រើ​សរើសនោះរួមមាន ក្រុមហ៊ុនថប មេនផៅវ័រ ក្រុមហ៊ុន អានីរីតា បេស មែនផៅវ័រ, ក្រុមហ៊ុន អ៉ឹង រិទ្ធី គ្រុប, ក្រុមហ៊ុន អេលីត មេនផៅវ័រ អេជេនស៊ី និងក្រុមហ៊ុន វីន វីន មេនផៅវ័រ។ ក្នុងនោះមានទីភ្នាក់ងារខ្លះមានបទពិសោធក្នុងការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលការិនី ជំនួយការមេផ្ទះនៅប្រទេសសិង្ហបុរីនាពេលកន្លងមក និងមានមួយចំនួនទៀតជាទីភ្នាក់ងារមានការគ្រប់គ្រងបានល្អ និងពុំសូវមានវិវាទជាមួយពលករ។

    ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងការងារក៏បានស្នើសុំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើ​នកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ និងចាត់វិធានការតឹងរ៉ឹងចំពោះមេខ្យល់ខុសច្បាប់ឬក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណក្នុងការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលការិនីជំនួយការមេផ្ទះធ្វើ​យ៉ាង​ណាកុំឲ្យបងប្អូនប្រជាពលរដ្ឋខាតបង់ប្រាក់ដោយការចាញ់បោកជនខិលខូចទាំងនេះនិងស្នើឲ្យទីភ្នាក់​ងារទាំង6ដែលទទួលបានអាជ្ញាប័ណ្ណ​​ពីក្រសួងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធ្វើយ៉ាងណាត្រូវផ្គត់ផ្គង់ធនធានមនុស្សដែលមានគុណភាពដល់និយោជកនៅហុងកុង៕

  • Sharp បញ្ចេញស្មាតហ្វូនកាមេរ៉ាភ្លោះ និងមានអេក្រង់គ្មានគែមថ្មីសន្លាង

    Sharp បញ្ចេញស្មាតហ្វូនកាមេរ៉ាភ្លោះ និងមានអេក្រង់គ្មានគែមថ្មីសន្លាង

    ស្ងាត់ៗ Sharp ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុន បានដាក់បង្ហាញនូវស្មាតហ្វូនថ្មីមួយម៉ូដែល ដើម្បីជំនួសតំណែងទូរស័ព្ទ Aquos Crystal​ដែល​ចេញកាលពីឆ្នាំ 2015 កន្លងទៅ។ ស្មាតហ្វូនថ្មីនេះមានឈ្មោះថា Sharp Aquos S2 ដែលវាត្រូវបានក្រុមហ៊ុនដាក់បំពាក់នូវកាមេរ៉ាភ្លោះនិងផ្ទៃខាងមុខជាមួយនឹងអេក្រង់លាតស្មើ និងស្ទើរគ្មានគែមកោងព័ទ្ធកាមេរ៉ាមុខផ្នែកខាងលើ។

    Aquos S2 មានអេក្រង់ទំហំ 5.5 អ៊ីញ និងមានកម្រិត Aspect ratio 17:9 អាចបង្ហាញរូបភាពបាន 1080 x 2040 ភិកសែល ជា​ប្រភេទ​អេក្រង់IPS LCD ។ ទូរស័ព្ទនេះ ប្រើនូវបន្ទះឈីប Snapdragon 660 មានស៊ីភីយូ 8 គ្រាប់ដោយ 4 គ្រាប់រត់បានល្បឿន 2.2 GHz ប្រភេទ Kryo 260 និង 4គ្រាប់ទៀត រត់បានល្បឿន 1.8 GHz Kryo, Ram ទំហំ 6GB, ទំហំផ្ទុក 128GB និង GPU Adreno 512។ វាអាចប្រើស៊ីមកាតបាន 2 ឬបន្ថែម SD Card បានដល់ 256GB និងមានទំហំថ្ម 3020 mAh អាចសាកថ្មលឿន 4.0 ប្រើ USB C 3.1 ព្រមទាំង Support Bluetooth 5.0 ទៀតផង។ ចំពោះ កាមេរ៉ា Aquos S2 មានកាមេរ៉ាភ្លោះ មួយគ្រាប់ទំហំ 12MP ជាប្រភេទ PDAF មានកម្រិត Aperture f/1.8 អាចថតបាន ភ្លឺច្បាស់ល្អ និងមួយគ្រាប់ទៀត ទំហំ 8MP អាចថតរូបភាពដាច់ផ្ទៃខាងក្រោយបានស្អាតល្អ រីឯកាមេរ៉ាខាងមុខវិញ មានទំហំ 8MP មានកម្រិត Aperture f/2.0៕

  • Barcelona យល់ព្រមលើតម្លៃខ្លួន​108.8​លានផោន ដើម្បី​ទិញ Coutinho  

    Barcelona យល់ព្រមលើតម្លៃខ្លួន​108.8​លានផោន ដើម្បី​ទិញ Coutinho  

    ក្លិប Barcelona បានយល់ព្រមលើតម្លៃខ្លួន108.8លាន​ផោន (ស្មើនឹង​141​លានដុល្លារ​អាមេ​រិក) ជាមួយនឹងក្លិប​ហង្សក្រហម Liverpool ដើម្បី​​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិពល Philippe Coutinho​។ នេះបើយោង​តាម​ប្រភព​​ដ៏គួរ​ឲ្យ​ជឿ​ជាក់​ជាច្រើននៅក្នុង​​ប្រទេស​អេ​ស្ប៉ាញ​។

    ក្លិបយក្ស​របស់ក្រប​ខ័ណ្ឌ La Liga មួយនេះបាន​តាមប្រមាញ់​ទិញ Coutinho ​តាំងពី​ខែមុនមក​ម្ល៉េះ ហើយ​បច្ចុប្បន្ន ពួកគេ​ជឿ​ជាក់​ថា ពួកគេ​បាន​ឈានដល់​ការព្រមព្រៀ​ង​គ្នាមួយជាមួយនឹង Liverpool ហើយសម្រាប់​​តារាឆ្នើម​រូប​នេះ ដើម្បី​ធ្វើ​ឲ្យរូបគេក្លាយ​ជាកីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់បំផុត​​លំ​ដាប់​ទី​2​ក្នុងប្រវត្តិ​សាស្ត្រកីឡា​បាល់​ទាត់​។ ទូរ​ទស្សន៍ ESPN បាន​​ចេញផ្សាយ​ថា គ្រូ​បង្វឹក​របស់ Liverpool បាន​ទទួល​យក​កញ្ចប់​ថវិកានេះដែលនឹង​ធ្វើ​ឲ្យ Coutinho ត្រូវ​ចាក​ចេញពីកីឡដ្ឋាន Anfield ដើម្បី​ផ្ទេរ​ទៅកាន់កីឡដ្ឋាន Nou Camp។ បណ្តាញ​សារ​ព័ត៌​មាន​ដ៏គួរ​ឲ្យ​ជឿ​ជាក់​មួយនេះ បាន​បញ្ជាក់​ថា ក្រុម​មន្ត្រីមួយក្រុម​របស់ Barcelona បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Liverpool កាលពីថ្ងៃ​ចន្ទ ដើម្បី​​រៀប​ចំការ​ពិភាក្សាផ្សេង​ៗ ជា​មួយ​នឹង​​ក្រុមគ្រូ​បង្វឹក​របស់ Liverpool ក្រោយ​ពី​រង​ការ​ច្រានចោល​​ចំពោះការដាក់​សំណើចំនួន2លើក​របស់ខ្លួនសម្រាប់​កីឡាករ​រូបនេះ​​។

    វា​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ ខ្សែ​បម្រើ​ប្រយុទ្ធអន្តរ​ជាតិប្រេស៊ីល Coutinho បានប្រាប់​ក្លិប Liverpool កាលពី​ថ្ងៃ​ម្សិល​មិញ​ថា រូប​គេ​នឹង​ពេញ​ចិត្តក្នុងការ​ផ្ទេរ​ទៅ​កាន់​​អេ​ស្ប៉ាញ ប្រសិន​បើ​ការ​ផ្ទេរមួយនេះ​អាច​ត្រូវ​បាន​ឈានដល់ការឯកភាព​រវាង​ក្លិប​ទាំងពីរ​។ ការ​សម្រេច​ចិត្តនេះ ហាក់​បាន​បន្ទន់​ឥរិយាបថរបស់ Liverpool ក្រោយ​ពីបាន​បញ្ជាក់​ថា តា​រាឆ្នើម​របស់ពួកគេមិនមែនសម្រាប់លក់​ឡើយ​»​៕

    ប្រភព​ពី៖ The Sun