Category: សង្គម និងសេដ្ឋកិច្ច

  • Lukaku បំពេញចិត្ត​លោក Mourinho នៅ​ថ្ងៃ​បង្ហាញខ្លួន​ជា​លើកដំបូង​ឲ្យ Man Utd

    Lukaku បំពេញចិត្ត​លោក Mourinho នៅ​ថ្ងៃ​បង្ហាញខ្លួន​ជា​លើកដំបូង​ឲ្យ Man Utd

    ខ្សែប្រយុទ្ធ Romelu Lukaku បាន​ឆ្លើយតប​ចំពោះ​ការទាមទារ​របស់លោក Jose Mourinho ដែលថា រូបគេ​គួរតែ​ក្លាយជា​អ្នកដឹកនាំ​របស់​ក្រុម Manchester United នោះ​តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់​នៅ​ថ្ងៃ​នៃ​ការបង្ហាញ​ខ្លួន​ក្នុង​ក្របខ័ណ្ឌ Premier League ជា​លើកដំបូង​របស់គេ​ក្នុងនាម​ជា​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម ខណៈដែល​ពួកគេ​បាន​ផ្តួល​ក្រុម West Ham United យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 4-០ នៅ​កីឡដ្ឋាន Old Trafford កាលពី​ថ្ងៃអាទិត្យ។

    Lukaku បា​នរក​គ្រាប់​បាល់​បើកឆាក​នៅ​នាទី​ទី33 មុនពេល​បន្ថែម​ការនាំ​មុខ​ឱ្យ​ក្រុម Man Unitedមួយ​គ្រាប់​ទៀត​នៅ​នាទី​ទី8នៃ​តង់​ទី2។ ការរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បន្ថែមទៀត​ពី​សំណាក់​ខ្សែប្រយុទ្ធ Anthony Martial និង​ខ្សែបម្រើ Paul Pogba នៅ​នាទី​ទី87 និង9០ បាន​ជួយ​ឲ្យ​ក្រុម​របស់លោក Mourinho ឡើងទៅ​ឈរ​នៅលើ​កំពូល​តារាង ដោយសារ​តែមាន​គ្រាប់​បាល់​ច្រើនជាងគេ។ បន្ទាប់មក Lukaku ដែល​បាន​ផ្ទេរ​មកពី​ក្លិប Everton ក្នុងតម្លៃ​ខ្លួន75លាន​ផោន (ស្មើនឹង96លាន​ដុល្លារ​អាមេរិក) នោះបាន​ប្រកាសថា រូបគេ​កំពុងតែ​ឆ្លើយតប​ទៅនឹង​ការទទួលខុសត្រូវ និង​បន្ទុកផ្សេងៗដែល​លោក Mourinho បានដាក់​លើ​ស្មា​របស់គេ។ ខ្សែប្រយុទ្ធ​វ័យ24ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «អ្នកចាត់ការ​ទូទៅ​ចង់​ឲ្យ​ខ្ញុំ​ក្លាយជា​អ្នកដឹកនាំ​ម្នាក់​សម្រាប់​ក្រុម​នេះ និង​បង្កើត​ភាព​អស្ចារ្យ​ឲ្យ​បាន​ច្រើន​តាម​ដែល​ខ្ញុំ​អាច»។ Lukaku បាន​ប្រាប់​បន្តថា៖ «យើង​បានធ្វើ​ការងារ​ដ៏​លំបាក​ក្នុងពេល​ហ្វឹកហាត់ ហើយ​វាទ​ទួលបាន​ផល​តបស្នង​មកវិញ។ នៅពេលដែល​អ្នកលេង​ឲ្យ​ក្រុម Manchester United អ្នកមាន​ការងារ​មួយ​ក្នុង​ការធ្វើ ហើយ​ការងារ​របស់ខ្ញុំ​គឺ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​បាន​ច្រើន​បំផុត»។

    Lukaku បាន​បន្ថែមទៀតថា៖ «វា​គឺជា​ពាក្យសន្យា  អ្នកគាំទ្រ​ចង់ឃើញ​ការប្រកួត​បាល់ទាត់​ដ៏​គួរ​ឲ្យ​ទាក់ទាញ ហើយ​យើង​ត្រូវតែ​រក្សា និង​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​បែប​នោះ។ ពួកគេ​នឹង​រីករាយ​នៅថ្ងៃនេះ។ នេះ​វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ។ យើង​ត្រូវតែ​រក្សា​ការធ្វើការ​តាម​គម្រោង​របស់​អ្នកចាត់ការ​ទូទៅ»៕

    ប្រភពពី៖ The Guardian

  • សុវណ្ណ មករា លេងឈឺៗដាក់ ហេង ឡុង និងចន ច័ន្ទលក្ខិណា

    សុវណ្ណ មករា លេងឈឺៗដាក់ ហេង ឡុង និងចន ច័ន្ទលក្ខិណា

    ថ្មីៗនេះអតីតតារាសម្ដែងល្បីឈ្មោះ សុវណ្ណ មករា បានវាយប្រហារលោក ហេង ឡុង និងអ្នកនាង ចន ចន័្ទលក្ខិណា ឈឺៗតែម្ដង។ ពាក្យឌឺដងគ្នាតាមរយៈបណ្ដាញសង្គមនេះបានធ្វើឱ្យមហាជនកំពុងមានការចាប់អារម្មណ៍ និងចង់ដឹងជាខ្លាំងថា តើរឿងហេតុនោះវានឹងទៅជាយ៉ាងណា?។

    លោក សុវណ្ណ មករា បានសរសេរថា៖ «ឡុងអើយឡុង បើឡុងឯងជាមនុស្សប្រុសពិតមែន ត្រូវហ៊ានទទួលស្គាល់នូវអ្វីដែលឡុងឯង Share and Post កាលពីលើកទី1 កុំ Edit ច្រើនពេក ឬក៏ឡុងឯងយកចនច័ន្ទមកធ្វើជាខែលបិទបាំងភាពជាប្រុស និងមុខរបររបស់ឡុងឯង? ហើយរឿងមួយទៀតគឺរឿងប្រាក់មូលនិធិសិល្បៈ កុំថាគេមិនដឹងឲ្យសោះ កុំឱ្យលេចឮថា កិបកេងយកប្រាក់មូលិនិធិសិល្បៈទៅប្រើប្រាស់រឿងបំណុលផ្ទាល់ខ្លួនឱ្យសោះ ខ្ញុំគ្រាន់តែបារម្ភជំនួសក្នុងន័យមិត្តភាពប៉ុណ្ណោះSic »

    បន្ទាប់ពីមានការលើកឡើងបែបនេះអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បៈខ្មែរក្នុងអាណត្ដិថ្មី ហាក់មានអារម្មណ៍មិនសូវស្រួលបានលេបខាយពាក្យសំដីទៅកាន់លោក សុវណ្ណ មករា ដែលគេមើលឃើញថា ពាក្យទាំងនោះហាក់បំណងនិយាយដៀមដាមដល់តារាសម្ដែងនោះថា ជាអ្នកបោកប្រាស់បងប្អូនជីដូនមួយរបស់នាង។​

    ទោះយ៉ាងណាលោក សុវណ្ណ មករា​ ក៏មិនបាននៅស្ងៀមដែរ ដោយបានបន្ថែមទៅទៀតថា៖ «អ្នកនាងចនច័ន្ទ អើយ អ្នកនាងចនចន្ទ័ តើត្រង់ណាទៅដែលថា ខ្ញុំបោកបងប្អូនជីដូនមួយរបស់អ្នកនាង ចនច័ន្ទឯងហ្នឹង? ទំនេរៗ មិនព្រមគិតមើលពីការងារសមាគមទេ ឥឡូវធុំក្លិនមិនស្រួលហើយឮថា លុយរៃអង្គាសរបស់សមាគមលើកមុនហ្នឹង បាត់អស់រលីងហើយឥឡូវហ្នឹង»។ ជាមួយនេះដែរក៏មានសារថ្មីបន្ដថា៖ «ផ្ដាំទៅចនច័ន្ទបន្តិច ដែលអ្នកឯងថា ខ្ញុំបោកបងប្អូនជីដូនមួយរបស់អ្នកឯងហ្នឹង ការពិតគាត់គឺជាអតីតភរិយារបស់ខ្ញុំដែលនៅប្រទេសហ្វាំងឡង់ ហើយមានតែគាត់ទេដែលដឹងច្បាស់ អ្នកឯងអាចសួរគាត់បាន ឮហើយឬនៅលោកស្រីប្រធានជាទីរាប់អាននៃខ្ញុំអើយ? ហើយរឿងមួយទៀតដែលលោកស្រីប្រធានចោទថា ខ្ញុំដើរបោកស្រីៗហ្នឹង បើលោកស្រីប្រធានមានពេលទំនេរ សូមអញ្ជើញពួកគាត់ទាំងអស់នោះមកជួបបន្តិចមើល តើមានអ្នកណាខ្លះ? ព្រោះខ្លួនខ្ញុំផ្ទាល់ ក៏មិនបានដឹងដែរ? ម្យ៉ាងវិញទៀត ខ្ញុំមិនដែលចង់ប៉ះពាល់លោកស្រីប្រធានឯងហ្នឹងទេ ខ្ញុំគ្រាន់តែចង់តបតជាមួយនឹងប្រុសកំពូលស្នេហ៏របស់លោកស្រីប្រធានតែប៉ុណ្ណឹងឯង ហើយជួយបកស្រាយប្រាប់ពីចម្ងល់ដែលខ្ញុំ និងអ្នកគ្រប់គ្នាសួររឿងប្រាក់មូលនិធិសិល្បៈដែលចាយវាយខុសទិសដៅនោះផងលោកស្រីប្រធាន????»

    សង្រ្គាមពាក្យសំដីរវាងអតីតតារាសម្ដែងមានប្រជាប្រិយភាព និងលោកស្រីប្រធានសមាគមដែលបានកើតឡើងនេះ មិនទាន់មាននរណាហ៊ានកាត់សេចក្ដីថា អ្នកណាត្រូវ ឬអ្នកណាខុសនោះទេ?។ ផ្ទុយទៅវិញសាធារណជនជាច្រើនគ្រាន់តែចង់ដឹងថា តើការលើកឡើងខាងលើរបស់លោក សុវណ្ណ មករា វាអាចជាការពិតដែរឬទេ? ទោះជាយ៉ាងណាយើងមិនហ៊ានសន្និដ្ឋានថា បែបណានៅឡើយ យើងបានត្រឹមតែរង់ចាំមើលថា តើលោកហេង ឡុង ឬក៏អ្នកនាង ចន ច័ន្ទលក្ខិណានឹងមានប្រតិកម្មបែបណាខ្លះចំពោះការលើកឡើងនេះ ព្រោះវាអាចជះឥទ្ធិពលមិនល្អដល់ប្រជាប្រិយភាព និងកេរ្ដិ៍ឈ្មោះរបស់ខ្លួន៕

  • Neymar បង្កើត​ភាព​អស្ចារ្យ​នៅ​ថ្ងៃ​បង្ហាញខ្លួន​លើកដំបូង​ឲ្យ PSG

    Neymar បង្កើត​ភាព​អស្ចារ្យ​នៅ​ថ្ងៃ​បង្ហាញខ្លួន​លើកដំបូង​ឲ្យ PSG

    ខ្សែប្រយុទ្ធ Neymar មិនបាន​ខ្ជះខ្ជាយ​ពេលវេលា​ក្នុងការ​បង្កើត​ភាព​អស្ចារ្យភ្លាមៗនៅលើ​ទីលាន​សម្រាប់​ក្រុម Paris Saint-Germain ឡើយ ក្រោយពី​រូបគេ​បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 3-0 នៅលើ​ទឹកដី​ក្រុម Guingamp កាលពី​ថ្ងៃអាទិត្យ និង​បាន​បញ្ជាក់ថា រូបគេ​មាន​អារម្មណ៍​ថា ហាក់​មាន​ភាពរស់រវើក​ជាង​មុន។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ ត្រូវបាន​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង ដោយ​លោកគ្រូ​បង្វឹក Unai Emery សម្រាប់​ការប្រកួត​នៅ​ទីក្រុង Brittany ក្នុង​រយៈពេល2ថ្ងៃ ក្រោយពី​បានទទួល​លិខិត​ឲ្យ​ធ្វើ​ការងារ​សម្រាប់​ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក​របស់គេ​ក្នុង​ទឹកប្រាក់​ចំនួន 222លាន​អឺរ៉ូ (ស្មើនឹង261លាន​ដុល្លារ​អាមេរិក) ពី​ក្លិប Barcelona រួចមក។ តារា​ឆ្នើម​វ័យ 25ឆ្នាំ​រូបនេះ​ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​ពណ៌​លឿង​របស់​ក្រុម PSG នោះបាន​លេង​ក្នុងតួនាទី​ដ៏​សំខាន់​ក្នុងពេល​កីឡាករ Jordan Ikoko បានធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នៅ​ដើមតង់​ទី2។

    បន្ទាប់មក រូបគេ​បាន​ជួយ​ឲ្យ​ខ្សែប្រយុទ្ធ Edinson Cavani រកបាន​គ្រាប់​បាល់​ទី2សម្រាប់​ក្រុម​ខ្លួន តាមរយៈ​ការ​អូស​បាល់​ផុត​ខ្សែការពារ​របស់​ក្រុម Guingamp រួច​បញ្ជូន​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​មុនពេល​បំពេញ​ជ័យជម្នះ​ដ៏​កក់ក្តៅ​មួយ​សម្រាប់​ក្រុម​ថ្មី​របស់ខ្លួន​ជាមួយនឹង​គ្រាប់​បាល់​ទី3នៃ​ក្រុម​របស់គេ​នៅ​ជិត​បញ្ចប់​ការប្រកួត ខណៈដែល PSG បាន​កត់ត្រា​ជ័យជម្នះ2លើក​ពី​ការប្រកួត​ទាំង2លើកដំបូង​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ​របស់​បារាំង។ Neymar បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «មនុស្ស​ជាច្រើន​គិតថា ការចាកចេញ​ពី​ក្លិប Barca នឹងធ្វើ​ឲ្យ​ស្លាប់ ប៉ុន្តែ​មិនមែន​ទេ វា​ផ្ទុយស្រឡះ​ពី​ការគិត​បែប​នោះ។ ខ្ញុំ​មាន​ភាពរស់រវើក​ជាង​មុន។ ខ្ញុំ​អាច​លេង ហើយ​ខ្ញុំ​ពិតជា​រីករាយ​ណាស់។ កីឡាបាល់ទាត់​មាន​លក្ខណៈ​ដូចគ្នា ប៉ុន្តែ​មានតែ​ប្រទេស ទីក្រុង និង​ក្រុម​នេះ​ប៉ុណ្ណោះ​ដែល​អាច​ផ្លាស់ប្តូរ»៕

    ប្រភពពី៖ Sky Sport

  • កុំ​ចោល​សម្បក​ស៊ុតមាន់ ទុក​បោក​សម្លៀកបំពាក់​បា​នស​ស្អាត​ដូច​ទិញ​ថ្មី

    កុំ​ចោល​សម្បក​ស៊ុតមាន់ ទុក​បោក​សម្លៀកបំពាក់​បា​នស​ស្អាត​ដូច​ទិញ​ថ្មី

    តើ​លោក​អ្នកដឹង​ដែរឬទេ​ថា សម្បក​ស៊ុតមាន់​មាន​អត្ថប្រយោជន៍​អ្វីខ្លះ? ចាប់ពី​ថ្ងៃនេះ​ទៅ សូមកុំ​បោះចោល​សម្បក​ស៊ុតមាន់​ឱ្យសោះ ព្រោះថា​សម្បក​ស៊ុត​អាច​យកទៅ​ច្នៃ​ធ្វើជា​ម្សៅ​បោក​សម្លៀកបំពាក់​បាន​ស្អាត ជាពិសេស​គឺ សម្លៀកបំពាក់​ដែលមាន​ព័ណ៌​ស​ស្អាត ឱ្យមាន​សភាព​ភ្លឺ​រលាង​ដូច​ទិញ​ថ្មី​អ៊ីចឹង។ គន្លឹះល្អៗបែបនេះ គេហទំព័រ ឡា​រ៉ែ​ន មិនអាច​ដឹង​តែម្នាក់ឯង​បានទេ តែ​នឹង​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន​ឱ្យបាន​ដឹង​ទាំងអស់គ្នា​ផងដែរ។

    សម្បក​ស៊ុតមាន់ យើង​អាច​ច្នៃ​ជំនួស​ម្សៅ​សាប៊ូ​បោក​ខោអាវ​បាន ដោយ​វី​ធី​រំលីង​ស៊ុតមាន់​ឱ្យ​ស្ងួត​ដើម្បី​ឱ្យចេញ​នូវ​សារធាតុ Calcium hydroxide ហើយ​បុក​ឱ្យ​ម៉ដ្ឋ រួច​លាយ​ជាមួយ​ទឹក បន្ទាប់មក​ប្រើ​ជំនួស​សាប៊ូម្សៅ​បោក​ខោអាវ​បាន​តាម​ធម្មតា ជា​វិធីសាស្ត្រ​មួយ​ដែល​ជួយ​សន្សំសំចៃ​ថវិកា​បាន​មួយចំណែក​ផងដែរ។

    វិធី​ធ្វើ៖ យក​សម្បក​ស៊ុតមាន់​ដែល​អ្នក​បក​ហើយ 10-20 សម្បក​ទៅ​រំលីង​នៅលើ​កម្តៅភ្លើង​ក្តៅឧណ្ហៗ រហូតដល់​សម្បក​ស៊ុត​ទាំងនោះ​ឡើង​ស្ងួត នឹង​ស្រួយ​ផុយ​ងាយស្រួល​បុក បន្ទាប់មក​បុក​សម្បក​ស៊ុត​រំលីង​រួច​នោះ​ឱ្យ​ម៉ដ្ឋ​ក្លាយជា​ម្សៅ រួច​ដួស​ដាក់​ក្រឡ​ទុក​ប្រើ​សម្រាប់​បោក​សម្លៀកបំពាក់​នៅ​ថ្ងៃក្រោយ​ទៀត៕

  • SME ថៃ​កំពុងតែ​ចាប់អារម្មណ៍​លើ​ទីផ្សារ​នៅ​កម្ពុជា​យ៉ាងខ្លាំង

    SME ថៃ​កំពុងតែ​ចាប់អារម្មណ៍​លើ​ទីផ្សារ​នៅ​កម្ពុជា​យ៉ាងខ្លាំង

    ភ្នំពេញ- ខណៈ​មាន​ក្រុមហ៊ុនធំៗជាច្រើន​មកពី​ប្រទេស​ថៃ​កំពុងដំណើរការ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា សហគ្រាស​ខ្នាតតូច -មធ្យម (SME)នៃ​ប្រទេស​ថៃ​កំពុងតែ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​ទីផ្សារ​មួយ​នេះ។

    លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល តំណាង​ពាណិជ្ជកម្ម​ថៃ ប្រចាំ​ខេត្ដ​សៀមរាប បានបញ្ជាក់​នៅក្នុង​ឱកាស​សន្និសីទកាសែត​នា​ព្រឹក​មិញ​ថា បន្ទាប់ពី​ការធ្វើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ថៃ​ជាច្រើន​តាមរយៈ​ការនាំយក​នូវ​ផលិតផល​ថៃ​ដែលមាន​គុណភាព​មក​ចែកចាយ​នៅក្នុង​ទីផ្សារ​កម្ពុជា​ទទួលបាន​ជោគជ័យ​រហូត​មានការ​និយាយតៗគ្នា​ថា កម្ពុជា​មានការ​គាំទ្រ​ខ្លាំង​ទៅលើ​ផលិតផល​របស់​ប្រទេស​ថៃ​មក​នោះ បានធ្វើឱ្យ ​SME នៃ​ប្រទេស​ថៃ​កំពុងតែ​មានបំណង​មក​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ផងដែរ។

    តំណាង​ពាណិជ្ជកម្ម​ថៃ​ប្រចាំ​ខេត្ដ​សៀមរាប​បាន​បន្តថា ទាំងអស់​នេះហើយ​ដែលជា​ដើមចម​បង្កើតឱ្យមាន​ការរៀបចំ​ធ្វើ​ពិព័រណ៍​ផលិតផល​ថៃ2017 ជា​លើក​ទី2 នៅ​ថ្ងៃ17-20 សីហា​ខាងមុខ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ឡើង  ព្រោះ​មាន​សំណូមពរ​ពី​ម្ចាស់ SME ដែលមាន​ជាង200ក្រុមហ៊ុន​ស្នើសុំ​ឱ្យ​យើងខ្ញុំ​រៀបចំ​ពិព័រណ៍​ជា​លក្ខណៈ​ឯកជន​ឡើង ដើម្បី​ផ្ដល់ឱកាស​ដល់​ពួកគាត់​ក្នុងការ​ផ្សព្វផ្សាយ​ផលិតផល​ពី​តាម​បណ្ដា​ខេត្ដ​ដែលមាន​សក្ដានុពល​មក​ពី​ប្រទេស​ថៃ។

    ពិព័រណ៍​ផលិតផល​ថៃ ឬ​Thailand Products Expo 2017លើក​ទី2នេះ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ចំនួន200 និង​មាន250ស្ដង់ ក្នុងនោះ​មាន​ទំនិញ​ដែល​ត្រូវបាន​រៀបចំ​ចំនួន100ស្ដង់​មកពី​ខេត្ដ Chanthaburi  ក្រៅពីនេះ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​នានា​មកពី​បណ្ដា​ខេត្ដ​ជាច្រើន​ដទៃទៀត​នៃ​ប្រទេស​ថៃ។ ផលិតផល​ទាំងនោះ​មានដូចជា សម្ភារ​គ្រឿងសំណង់  គ្រឿងបន្លាស់​ម៉ាស៊ីន អាហារ និង​ភេសជ្ជៈ សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ សុខភាព និង​សម្ផស្ស សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​សម្ភារ​ផ្ទះបាយ  វត្ថុ​អនុស្សាវរីយ៍ និង​តុបតែង​ផ្ទះ និង​ទំនិញ​OTOP របស់​ថៃ​ជាច្រើន​ទៀត។

    លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល បញ្ជាក់ថា៖ «បច្ចុប្បន្ន​មិនមែន​មានតែ​ខេត្ដ Chanthaburi ទេ​ដែលមាន​ការចាប់អារម្មណ៍​មក​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា គឺមាន​ខេត្ដ​ដែលមាន​សក្ដានុពល​ជាច្រើន​ទៀត​នៅតាម​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​ខេត្ដឆ្ងាយៗពី​ព្រំដែន ដូចជា​ខេត្ដ រ៉ាក់យ៉ង ត្រាត ស៊ីសាកេត ជាដើម​ពួកគាត់​សុទ្ធតែ​មានបំណង​ចង់​មក​ចាប់​ដៃគូ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា។ ពោលគឺ​ពួកគាត់​មានការ​តាំងចិត្ដ​ខ្ពស់​រហូត​មាន​ក្រុមហ៊ុន​ខ្លះមក​ធ្វើ​ពិព័រណ៍​នៅ​កម្ពុជា5ដង​ទើប​ចាប់បាន​ដៃគូ​ពាណិជ្ជកម្ម»។

    តំណាង​ពាណិជ្ជកម្ម​ថៃ ប្រចាំខេត្ត​សៀមរាប បន្ដថា បើទោះជា​ការតាំងពិព័រណ៍​នេះ​ត្រូវបាន​ធ្វើជា​លក្ខណៈ​ឯកជន​ក៏ដោយ​ប៉ុន្ដែ​ទំនិញ​ដែល​នាំ​ចូលមក​សុទ្ធតែជា​ទំនិញ​មានគុណ​ភាព និង​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ថៃ​ទាំងអស់  ពិសេស​នៅក្នុង​ប្រទេស​កម្ពុជា​ក៏មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​លើ​គុណភាព​មុននឹង​ឱ្យ​ដាក់តាំង​បង្ហាញ​ដើម្បី​ផ្សព្វផ្សាយ​ផងដែរ៕

  • តួ​ស្រី​ក្នុង​បទ «Despacito» តាមពិត​គឺជា​អតីត…អីចឹង​បានជា​ស្អាត​ម្ល៉េះ!

    តួ​ស្រី​ក្នុង​បទ «Despacito» តាមពិត​គឺជា​អតីត…អីចឹង​បានជា​ស្អាត​ម្ល៉េះ!

    «Despacito» ជា​បទ​ចម្រៀង​ដែល​កំពុង​ល្បីល្បាញ​ទូទាំង​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ ដែល​បទ​នេះ បកស្រាយ​ជា​ភាសា​អេ​ស្ប៉ា​ញ និង​ច្រៀ​ន​ដោយ​តារាចម្រៀង​ប្រុស Luis Fonsi និង Daddy Yankee ជាពិសេស​គឺ​បទ​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​កំពូល​នៅក្នុង​តារាង Billboard។

    អ្វីដែល​គេ​ចាប់អារម្មណ៍​ទៅលើ​បទ​ចម្រៀង​នេះ​គឺ តួ​ស្រី ដែលមាន​រាង​សិច​ស៊ី តូច​ច្រឡឹង ស្រស់ស្អាត និង​ទាក់ទាញ រហូតដល់​ក្រុមអ្នកលេង​បណ្ដាញ​សង្គម​តើ​ជា​ចម្ងល់ និង​ចង់ដឹងថា នាង​គឺជា​នរណា​គេ?

    យោងតាម​ការចុះផ្សាយរ​បស់ Daily Mail បាន​ឲ្យ​ដឹងថា នាង Zuleyka Rivera គឺជា​អតីត​បវរកញ្ញា Miss Universe 2006 ជនជាតិ​ព័រ​តូ​រី​កូ មាន​វ័យ 29 ឆ្នាំ។ នៅ​ឆ្នាំ 2006 នាង​មាន​អាយុ 18ឆ្នាំ បានឈ្នះ​ការប្រកួត​បវរកញ្ញា Miss Universe Puerto ក៏ប៉ុន្ដែ​នាង​បាន​ក្លាយខ្លួនជា​តារា​បង្ហា​ញ​ម៉ូដ ដែលមាន​សម្រស់​ស្រស់ស្អាត​ជាងគេ​នៅក្នុង​តំបន់​អាមេរិក​ឡាទីន​តាំងពី​នាង​មាន​វ័យ 14 ឆ្នាំ​មកម្ល៉េះ។

    ចាប់តាំងពី​នាង​បាន​ពាក់​ម្កុដ Miss Universe 2006 មក នាង​បាន​បាត់​មុខ​ពី​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ រហូតមកដល់​ឆ្នាំ 2013 នាង​ក៏បាន​ចូលរួម​ប្រកួត​កម្មវិធី​ប្រឡង​រាំ Mira Quien Baila ហើយ​ទទួលបាន​ពានរង្វាន់​ពី​ស្ថានីយ៍ទូរទស្សន៍​ផងដែរ ក៏ប៉ុន្ដែ​នាង​មិនត្រូវ​បាន​គេ​ចាប់អារម្មណ៍ និង​កត់សម្គាល់ថា ជា​បវរកញ្ញា​ឡើយ។ លុះ​មកដល់​ថ្ងៃទី12 ខែមករា ឆ្នាំ2017 នាង​ក៏បាន​បង្ហាញមុខ​ជាថ្មី​ម្ដងទៀត​នៅក្នុង​បទ​ចម្រៀង​អេ​ស្ប៉ា​ញ​ខាងលើនេះ ទើប​នាង​ត្រូវបាន​ជនជាតិ​អេ​ស្ប៉ា​ញ​ស្គាល់​អត្តសញ្ញាណ​ច្បាស់​តែម្តង។

    គួរបញ្ជាក់​ផងដែរ​ថា តារា​ស្រី​រូបនេះ​បានបញ្ចប់​ការសិក្សា​នៅ​សាលា New York Acting School ហើយ​កំពុងមាន​អាជីព​ជាតា​រា​សម្ដែង​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​កូ៕

  • បើ​ត្រូវការ​កុំព្យូទ័រ​ខ្លាំង អា​មួយ​នេះ​អាចជា​ជម្រើស​ល្អ​របស់​អ្នក 

    បើ​ត្រូវការ​កុំព្យូទ័រ​ខ្លាំង អា​មួយ​នេះ​អាចជា​ជម្រើស​ល្អ​របស់​អ្នក 

    សម្រាប់​ប្រិយមិត្ត​ដែល​កំពុង​សម្លឹង​រកមើល​កុំព្យូទ័រ​យួរដៃ​ថ្មី​មួយ​ដែលមាន​សមត្ថភាព​ខ្លាំង រូបរាង​ស្អាត​សមរម្យ​ដើម្បី​បំពេញការងារ​ផ្នែក​ឌី​ហ្សា​ញ លេង​ហ្គេមធំៗ រួមទាំង​ការងារផ្សេងៗទៀតផង​នោះ ថ្ងៃនេះ​ឡា​រ៉ែ​ន​សូម​ណែនាំ​នូវ​កុំព្យូទ័រ​មួយ​របស់ MSI ដែលមាន​អេក្រង់​ទំហំ 17.3 អ៊ី​ញ និង​ប្រើ CPU ជំនា​ន់ទី​7th មក​បង្ហាញជូន។

    កុំព្យូទ័រ​មួយ​នេះ​មាន​ឈ្មោះថា MSI GE73VR 7RF RAIDER ដែល​វា​ត្រូវបាន​ក្រុមហ៊ុន​បង្កើតឡើង​សម្រាប់ Gamer ជាពិសេស ដោយ​វា​ត្រូវបាន​រចនា​រូបរាង​ឡើង​ដោយ​ភាព​ស៊ីវីល័យ និង​រឹងមាំ​ជាមួយនឹង​អេក្រង់​ទំហំ17.3 អ៊ី​ញ UHD (3840×2160), IPS level panel, 100% Adobe RGB ដែល​វា​ត្រូវបាន​ផលិតឡើង​យ៉ាង​ពិសេស​បំផុត​សម្រាប់​បំពេញ​តាម​តម្រូវការ​របស់​អ្នក​ដែល​ចូលចិត្ត​ការលេង​ហ្គេម​នៅលើ​កុំ​ព្យួ​ទ័​រ​ផ្ទាល់​តែម្តង ធានាបាន​នូវ​ក្រាហ្វិក​ច្បាស់ និង​ឌី​ហ្សា​ញ ព្រោះ​វា​ត្រូវបាន​បំពាក់​នូវ​បច្ចេកវិទ្យា​អេក្រង់ 4K ទ្រទ្រង់​ជាមួយ​ផលិតផល VR ងាយស្រួល​ក្នុង​ការលេង​ហ្គេម​ជាមួយគ្នា​បាន​យ៉ាង​រលូន​តែម្តង។

    កុំ​ព្យួ​ទ័​រ​នេះ​បំពាក់​នូវ CPU ជំនាន់​ទី​ប្រាំពីរ  7th Gen. Intel® Core™ i7 processor, Ram DDR4-2400, 2 Slots, Max 32GB, Hard Disk ប្រភេទ M.2 SSD Combo (NVMe PCIe Gen3 / SATA)2 HDD1x 2.5″ SATA HDD, បន្ទះ​ឈី​ប​ប្រភេទ Intel® HM175, អង្គ​ក្រាហ្វិក  Latest GeForce® GTX 1070 8GB GDDR5 ដែល​ជួយ​ធ្វើឱ្យ​ការប្រើប្រាស់​បាន​គ្រប់​កិច្ចការ​តែម្តង ពិសេស​គឺ​សម្រាប់​ការ​ដំណើរ​ហ្គេម​បាន​យ៉ាង​ល្អ​គ្មាន​ទាស់ចិត្ត​ឡើយ និង​បំពាក់​ដោយ​ថ្ម 6-Cell , 51 Whr។

    ក្រៅពីនេះ​វា​ក៏មាន​ប្រើ​នូវ​បច្ចេកវិទ្យា Cooler Boost 4 Technology, Nahimic 2 Sound Technology , Audio Boost 2 enhancing, True Color Technolog, Matrix Display supporting 4K ជាមួយនឹង Keyboard ប្រភេទ Per-Key RGB បញ្ចេញ​ពន្លឺ​គ្រប់​ពណ៌ និង​ទ្រទ្រង់​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 Pro/Home៕

  • ក្រុមហ៊ុន​កសិកម្ម​កូន​ខ្មែរ​ដំបូង ទទួលបាន​វិញ្ញាបនបត្រ​ស្តង់ដារ​គុណភាព​ពី​អឺរ៉ុប

    ក្រុមហ៊ុន​កសិកម្ម​កូន​ខ្មែរ​ដំបូង ទទួលបាន​វិញ្ញាបនបត្រ​ស្តង់ដារ​គុណភាព​ពី​អឺរ៉ុប

    ភ្នំពេញ៖ ក្រុមហ៊ុន​សហករណ៍​ស​រី​រា​ង្គ​ខ្មែរ​ដែលជា​ក្រុមហ៊ុន​កសិកម្ម​មួយ​នៅក្នុង​ប្រទេស​កម្ពុជា បានទទួល​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​កសិកម្មសរីរាង្គ​ស្តង់ដារ​សហគមន៍​អ៊ឺរ៉ុប​ដែលជា​នេះ​ជា​វិញ្ញាបនបត្រ​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​សម្រាប់​ដំណាំ​ចម្ការ​បន្លែ​ផ្លែឈើ។

    ស្ថាបនិក​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ លោក អៀង សុធា​រ៉ា មានប្រសាសន៍ថា ដោយ​មើលឃើញថា បញ្ហា​បន្លែ​ផ្លែឈើ​មាន​ជាតិគីមី​ជា​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​ប្រឈម​ចំពោះ​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​អនាគត​នោះ ក្នុងនាម​លោក​ជា​ស្ថាបនិក​ក្រុមហ៊ុន​ខាងលើ​បានរួម​ចំណែក​ក្នុងការ​លើកកម្ពស់​ធ្វើ​កសិកម្ម​បែប​សរីរាង្គ។ លោក​បន្តថា ក្រុមហ៊ុន​លោក​បាន​ចំណាយធនធាន និង​ពេលវេលា​ច្រើន​ឆ្នាំ​ក្នុងការ​ស្នើសុំ​វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដារ​អឺរ៉ុប​នេះ​ដើម្បី​បង្កើន​ទំនុកចិត្ត​អតិថិជន។ វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដារ​អឺរ៉ុប​នេះ​ត្រូវបាន​ផ្តល់​ទៅលើ​បន្លែ និង​ផ្លែឈើ​ចំនួន58ប្រភេទ​ក្នុង​កសិដ្ឋាន2កន្លែង​របស់​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ គឺ​កសិដ្ឋាន​រមណីយដ្ឋាន​ពិ​កនិក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ 4 ក្នុង​ខេត្ត​ព្រះសីហនុ និង​កសិដ្ឋាន Eco-Agri Farm ស្ថិតក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង។

    លោក អៀង សុធា​រ៉ា អះអាងថា ដើម្បី​ជំរុញ​ការធ្វើ​កសិកម្មសរីរាង្គ ក្រុមហ៊ុន​លោក​នឹង​បន្តធ្វើ​ការផ្សព្វផ្សាយ បណ្តុះបណ្តាល និង​ជំរុញ​ការអនុវត្ត​កសិកម្មសរីរាង្គ​តាមបែប​កិច្ចសន្យា​ជាមួយ​កសិករ​ផ្ទាល់។ លោក​ថា ការទទួលបាន​វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដា​អឺរ៉ុប​នេះ នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​កសិករ ព្រមទាំង​រួមចំណែក​ថែរក្សា​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​ទៀតផង។

    លោក គ្រី សុជាតិ ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៅ​ក្រុមហ៊ុន Control Union ដែលជា​ស្ថាបនិក​វាយតម្លៃ និង​ចេញ​វិញ្ញាបនបត្រ​សរីរាង្គ​ខាងលើ​មានប្រសាសន៍ថា មុននឹង​ផ្តល់​វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដារ​អឺរ៉ុប​ទៅឱ្យ​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ ក្រុមហ៊ុន​លោក​បាន​ត្រួតពិនិត្យ​វាយតម្លៃ និង​ឆ្លងកាត់​បែបបទសំខាន់ៗជាច្រើន​ដំណាក់កាល ទាំង​ការវាយតម្លៃ​រៀបចំ​ឯកសារ​នៅ​ក្រុមហ៊ុន និង​នៅ​កសិដ្ឋាន​ផ្ទាល់។

    លោក ទែន រ៉ា ទីប្រឹក្សាបច្ចេកទេស​ស្តង់ដារ​អង្គការ​អាល្លឺម៉ង់ GIZ ដែល​បាន​ចូលរួម​ជួយ​គាំទ្រ​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ​ស្តង់ដា​សរីរាង្គ​នេះ បានឱ្យដឹងថា GIZ មាន​គម្រោង​មួយ​ដែល​ធ្វើការ​លើ​ស្តង់ដា​ពាណិជ្ជកម្ម​ស្បៀងអាហារ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ គម្រោង​នេះ​អនុវត្ត​នៅក្នុង​ប្រទេស​ចំនួន5ក្នុង​តំបន់​អាស៊ី​រួមទាំង​កម្ពុជា​ផងដែរ។

    ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ស្តង់ដារ​ខាងលើ ដោយយោង​ផងដែរ​ទៅលើ​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​លើកកម្ពស់​ការបរិភោគ​បន្លែ និង​ផ្លែឈើ​សរីរាង្គ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងតម្លៃ​សមរម្យ។ ក្រៅពីនេះ​ក្រុមហ៊ុន​ក៏បានផ្តល់​ជា​សម្ភារ​បច្ចេកទេស និង​ចំណេះដឹងសំខាន់ៗជាច្រើន​ដល់​បណ្តា​កសិករ​នៅតាម​បណ្តា​ខេត្ត​នានា​ដើម្បី​អាចមាន​លទ្ធភាព​ដាំ​ដំណាំ​បាន​ដោយ​ខ្លួនឯង។ លើសពីនេះ​ការអនុវត្ត​នូវ​ការដាំដុះ​បែប​សរីរាង្គ​នេះ គឺ​វា​ជួយ​ថែរក្សា​បរិស្ថាន​ឱ្យមាន​និរន្តរភាព​ផងដែរ។

    គួរ​បញ្ជាក់ថា បន្លែ​ផ្លែឈើ​សរីរាង្គ និង​បន្លែ​ផ្លែឈើ​ធម្មជាតិ​មាន​រសជាតិ និង​វីតាមីន​មិន​ដូចគ្នា​នោះទេ ហើយ​ការដាំដុះ និង​ថែទាំ​វិញ​ក៏​មិន​ដូចគ្នា​ដែរ។ ការដាំដុះ​បែប​សរីរាង្គ​គឺជា​ការដាំដុះ​មួយ​ដែល​អ្នកបច្ចេកទេស​ត្រូវ​ត្រួតពិនិត្យ​ទាំង​ទីតាំង​ដី​ដែល​ត្រូវ​ដាំ​ដុះ ការដាក់​ជីសរីរាង្គ និង​ថ្នាំពុល​សរីរាង្គ​ជាដើម។ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​បន្លែ​ផ្លែឈើ​សរីរាង្គ​មាន​រសជាតិ និង​សារធាតុចិញ្ចឹម​ច្រើនជាង​បន្លែ​ផ្លែឈើ​ធម្មជាតិ។ រីឯ​ការដាំដុះ​តាមបែប​ធម្មជាតិ​វិញ គឺ​ពុំមាន​ការគិតគូរ​ពី​ទីតាំង​ដែល​ត្រូវបាន​ដាំ​ដុះ​នោះទេ ពោលគឺ​ដូចជា​ការដាំ​ដំណាំ​នៅក្បែរ​ផ្ទះ​ដោយ​ដាំ​ពឹងផ្អែក​ទៅលើ​ដី​នោះ​មាន​ជីវជាតិ​ស្រាប់​ដោយ​មិនចាំបាច់​ដាក់​ជី​អ្វី​បន្ថែម​នោះទេ គ្រាន់តែ​ដាក់​លាមក​សត្វ និង​កាកសំណល់ផ្សេងៗតែប៉ុណ្ណោះ៕

  • មាន​ដី​ទំនេរ​កុំ​ទុកចោល ដាំ​ឫស្សី​ពីងពង់​ក៍​អាច​កាប់​លក់​រក​ចំណូល​ចូល​គ្រួសារ​បានដែរ

    មាន​ដី​ទំនេរ​កុំ​ទុកចោល ដាំ​ឫស្សី​ពីងពង់​ក៍​អាច​កាប់​លក់​រក​ចំណូល​ចូល​គ្រួសារ​បានដែរ

    ភ្នំពេញ៖ បើ​គេ ធ្វើដំណើរ​កាត់​តាមផ្លូវ​ជាតិ​ឆ្ពោះទៅ​បណ្តា​ខេត្តផ្សេងៗមិន​ថា​ខេត្ត​ណាមួយ​នោះទេ​នៅក្នុង​ប្រទេស​កម្ពុជា យើង​សង្កេតឃើញថា កសិករ​តែង​ទុក​ដី​ឱ្យ​ទំនេរ​ចោល​រាប់សិប​ហិកតា និង​រាប់មិនអស់ ដោយ​មិនបាន​យក​ដី​ទាំងនោះ​ទៅ​ដាំ​ដំណាំ​កសិកម្ម​អ្វី​ឱ្យ​កើតជា​ប្រយោជន៍​ដល់​គ្រួសារ​ឡើយ តែ​បែ​ជា​នាំគ្នា​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ​នៅ​ទីឆ្ងាយៗវិញ។

    ងាក​ទៅ​មើល​ជីវភាព​កសិករ​រស់នៅ​ភូមិ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង​ដែលជា​ភូមិ​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម​ឯណោះ​វិញ ពួកគាត់​មិនបាន​ទុក​ដី​ឱ្យ នៅ​ទំនេរ​ចោល​ទេ គឺ​ពួកគាត់​តែង​នាំគ្នា​ដាំ​ឫស្សី​ពីងពង់ ហើយ​អាច​កាប់​លក់​ទទួលបាន​ប្រាក់ចំណូល​ធូរធារ​ទៀតផង​នៅពេល​ប្រមូល​ផល​លក់​ទៅឱ្យ​ឈ្មួញ​មកពី​ប្រទេស​វៀតណាមម្តង។

    កសិករ​ថា ឫស្សី​ពីងពង់​ជា​ប្រភេទ​ឫស្សី​ដែល​រឹងមាំ អាច​ធន់​នឹង​អាកាសធាតុ មិន​ងាយ​ពុកផុយ​ដែល​គេ​តែង​យកទៅ​ច្នៃ​ធ្វើជា​គ្រឿងសង្ហារិម ធ្វើជា​សម្ភារ​ប្រើប្រាស់ផ្សេងៗ ឬ​ច្នៃ​ធ្វើជា​ម៉ូដ​ហាង​ឱ្យស្អាតៗបង្កើន​សម្រស់​ហាង​ទាក់ទាញ​អតិថិជន​ទៀតផង។ ដោយសារ​តែមាន​តម្រូវការ​បែបនេះ ទើប​សព្វថ្ងៃ​ប្រជាពលរដ្ឋ​ដែលមាន​ដើម​ឫស្សី​ពីងពង់​មានចិត្ត​សប្បាយរីករាយ​ខ្លាំង និង​ធ្វើឱ្យ​ជីវភាព​បាន​ធូរធារ​មួយកម្រិត​ឡើង​ទៀត​ដោយសារ​មាន​ឈ្មួញ​វៀតណាម​ឡើងមក​ទិញ​ដល់​ភូមិ​ឃុំ​របស់​ពួកគាត់​តែម្តង ។

    ឫស្សី​ពីងពង់​ប្រភេទ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្លះ​ដើរ​ប្រមូល​ទិញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ក្នុងស្រុក​រមាសហែក​យកមក​លក់​បន្ត​ឱ្យ​ឈ្មួញ​វៀតណាម ហើយ​ឈ្មួញ​ដឹក​យកទៅលក់​បន្តទៀត​នៅឯ​ប្រទេស​វៀតណាម ដោយ​ឫស្សី​ដើម​ជា​ប្រភេទ​លេខ1មានតម្លៃ 5000រៀល លេខ2បាន​តម្លៃ4000ពាន់​រៀល និង​ប្រភេទ​លេខ3 លក់បាន1500ទៅ2500រៀល​ក្នុង​មួយ​ដើម។

    ចំណែក​អ្នកភូមិ​បា​ត្រាស់​នៅក្នុង​ស្រុក​រមាសហែក​ដែរនោះ​បានឱ្យដឹង​ទៀតថា ឫស្សី​ពីងពង់​នេះ​គេ​យកទៅ​ធ្វើជា​គ្រឿងសង្ហារិម​មាន​តុ កៅអី និង​ធ្វើ​ផ្ទះសំបែង​ទៀតផង។ ហើយ​បើ​ពុំមាន​ការដាំ​ឡើងវិញ​ទេ ច្បាស់​ជា​ឫស្សី​ប្រភេទ​ពីងពង់​នេះ​នឹង​បាត់​ពូជ​បន្តិចម្តងៗ និង​អាចឈាន​ទៅដល់​ការបាត់បង់​ទាំងស្រុង​ទៀតផង ព្រោះ​ឈ្មួញ​វៀតណាម​មាន​តម្រូវការ​ច្រើន​ដើម្បី​យកទៅ​ផ្គត់ផ្គង់​ទីផ្សារ​នៅឯ​ប្រទេស​របស់គេ។ ពលរដ្ឋ​ខាងលើ​បាន​ប្រាប់ទៀតថា ឫស្សី​ពីងពង់​នេះ​បើ​ដាំ​វា គឺមាន​រយៈពេល​យូរ​ទម្រាំ​បាន​ផល គឺ​ដាំ​តាម​ធម្មជាតិ ចន្លោះ​ពី4ទៅ6ឆ្នាំ​ឯណោះ​ទើប​កាប់​វា​យក​ផល​បាន តែ​មិន​ពិបាក​ថែរក្សា​ស្រោច​ទឹក​បោចស្មៅ​នោះទេ គ្រាន់តែ​ដាំ​ហើយ​ទុកចោល ឬ​ស្សី​អាច​ល្អ​ទៅតាម​សណ្ឋាន​ដី ក្នុង​មួយ​គុម្ព​ជួនកាល​មាន​ចំនួន​ជាង100ដើម​ឯណោះ។

    ដោយឡែក​ចំពោះ​ឈ្មួញកណ្តាល​វិញ​ក៏បាន​ធ្វើការ​ជំរុញ​ដល់​ប្រជាពលរដ្ឋ​សូមឱ្យ​បង្កើន​ការដាំ​ឫស្សី​ពីងពង់​នេះ​ឱ្យបាន​ច្រើន​បន្ថែមទៀត​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ ព្រោះ​ឫស្សី​ពីងពង់​នេះ​មាន​ទីផ្សារ​ដោយមាន​តម្លៃ​សមរម្យ​ដែល​អាច​ទទួលយកបាន និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​បាន​មួយកម្រិត​ផងដែរ វា​ជាជាង​ទុក​ដី​ឱ្យនៅ​ទំនេរ​ចោល​ឥតប្រយោជន៍៕

  • ទៅលេង​សៀមរាប​លែង​បារម្ភ​ថា អត់​អី​ជិះ​ទៀតហើយ​ បើ​ស្គាល់​កន្លែង​ជួល​កង់​អគ្គិសនី​មួយ​នេះ

    ទៅលេង​សៀមរាប​លែង​បារម្ភ​ថា អត់​អី​ជិះ​ទៀតហើយ​ បើ​ស្គាល់​កន្លែង​ជួល​កង់​អគ្គិសនី​មួយ​នេះ

    សម្រាប់​អ្នក​ដែល​ចង់​ទៅលេង​ខេត្តសៀមរាប​នឹង​អស់​បារម្ភ​ពី​រឿង​ថា ពិបាក​រក​កន្លែង​ជួល​យានជំនិះ​សម្រាប់​ជិះ​កម្សាន្តជិតៗក្នុង​តំបន់​ប្រាសាទបុរាណ​នានា​ទៀតហើយ ព្រោះ​ពេលនេះ លោកអ្នក​អាច​រក​ជួល​កង់​អគ្គិសនី​ជិះ​បាន​យ៉ាង​ងាយស្រួល​ជាមួយនឹង​តម្លៃ​សមរម្យ និង​លក្ខខណ្ឌ​ដ៏​ងាយ​បំផុត។

    ម្ចាស់​ហាង Ovelocity e-Bike Rental បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យដឹងថា សម្រាប់​លោកអ្នក​ដែល​មកលេង​ខេត្តសៀមរាប​ហើយ​ចង់​ជួល​កង់​ជិះ​កម្សាន្ត​ជុំវិញ​ខេត្ត អាច​មករក​សេវា​ជួល​កង់​អគ្គិសនី​ជិះ​យ៉ាង​ស្រួល​នៅទីនេះ​បាន​ជាមួយនឹង​តម្លៃ​ធូរ​ថ្លៃ ងាយស្រួល និង​មិន​ពិបាក​កក់​លុយ​អ្វី​ទាំងអស់។ លោក​បន្ដថា ចំពោះ​សេវា​ខាង​លោក​មាន​គិត​ជា​ម៉ោង​ដោយ​ត្រឹម​មួយ​ម៉ោង3ដុល្លារ 6ម៉ោង​តម្លៃ 8ដុល្លារ 24ម៉ោង​ឬមួយ​ថ្ងៃ​តម្លៃ10ដុល្លារ និង​ការជួល​ជិះ​ជា​លក្ខណៈ​ក្រុមការងារ​មានតម្លៃ​ចាប់ពី 30ដុល្លារ​ឡើងទៅ។

    ម្ចាស់​ហាង​ខាងលើ​បញ្ជាក់ថា៖ «ពីមុន អ្នក​មកលេង​សៀមរាប​ភាគច្រើន​ពិបាក​រក​កន្លែង​ជួល​កង់​ម៉ូតូ​ជិះ​ណាស់ អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​សម្រេច​បើក​សេវាកម្ម​មួយ​នេះ​ឡើង ដោយ​មិនចាំបាច់​កក់​លុយ ឬ​បញ្ចាំ​របស់​អ្វី​ទេ ត្រឹមតែ​ទុក​អត្ត​ស​ញ្ញណ​ប័ណ្ណ ឬ​លិខិតឆ្លងដែន​ជាការ​ស្រេច»។

    លោក​បន្ថែម​ឱ្យដឹងទៀតថា កង់​អគ្គិសនី​អាច​ជិះ​បាន​ពី30 ទៅ 45Km ក្រោយពេល​សាក​ពេញម្ដងៗ ហេតុនេះ​ភ្ញៀវ ឬ​អ្នក​មកលេង​តំបន់​ប្រាសាទបុរាណ ទៅ​អង្គរវត្ត អង្គរធំ បារាយណ៍​ខាងកើត និង​ជិះ​ត្រឡប់មក​ហាង​វិញ​ដោយ​គ្មានអ្វី​គួរឱ្យ​បារម្ភ​ទេ​ជាមួយនឹង​ល្បឿន 25Km/h ។ មួយវិញទៀត ខាង​ហាង​ក៏បាន​បង្កើត​មាន​ស្ថានីយ​សម្រាប់​សាក​បញ្ចូល​ថាមពល​ថ្ម​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តសៀមរាប​ដោយ​ឥត​ថ្លៃ​ទៀតផង។ សម្រាប់​កង់​អាគុយ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នេះ​ត្រូវបាន​នាំចូល​ពី​ប្រទេស​ចិន​ដោយ​ប្រិយមិត្ត​អាច​ជួល​ម្នាក់ឯង ឬ​ជា​ក្រុម​បាន ខណៈ​ហាង​មាន​កង់​រហូតដល់70គ្រឿង​ឯណោះ​សម្រាប់​ឱ្យ​ជួល៕