Category: សង្គម និងសេដ្ឋកិច្ច

  • រាជរដ្ឋាភិបាល​បញ្ចេញ​ទុន 50លាន​ដុល្លា រលើ​ការប្រមូល​ទិញស្រូវ

    រាជរដ្ឋាភិបាល​បញ្ចេញ​ទុន 50លាន​ដុល្លា រលើ​ការប្រមូល​ទិញស្រូវ

    ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​នឹង​ផ្តល់ទុន​បង្វិល​ចំនួន50លាន​ដុល្លារ​ដល់​វិស័យ​ឯកជន​ដើម្បី​ប្រមូល​ទិញស្រូវ​ពី​កសិករ ហើយ​រដ្ឋាភិបាល​នឹង​ផ្តល់ទុន​បន្ថែមទៀត​ប្រសិនបើ​ការប្រមូល​ទិញស្រូវ​នៅតែមាន​តម្រូវការ។

    រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក វ​ង្សី វិស្សុត បាន​ថ្លែង​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​យន្តការ​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រមូល​ទិញស្រូវ​សម្រាប់​ឆ្នាំ2017 និង​ឆ្នាំ2018 នៅ​ទីស្តីការក្រសួង​ថ្ងៃទី14 ខែសីហា ឆ្នាំ2017នេះ​ថា សម្រាប់​គោលការណ៍​នៃ​ការប្រមូល​ទិញស្រូវ ដើម្បី​ជួយ​លើកស្ទួយ​តម្លៃ​ស្រូវ​របស់​ប្រជាកសិករ​កម្ពុជា រាជរដ្ឋាភិបាល​នឹង​បង្កើន​តាមរយៈ​អន្តរាគមន៍​កញ្ចប់​ថវិកា​ជាច្រើន ក្នុងនោះ​សម្រាប់​គម្រោងការ​បង្កើត​ឡស​ម្ងួ​ត គឺមាន​ទំហំ​ទឹកប្រាក់​ពី15លាន ទៅ30លាន​ដុល្លារ​អាមេរិក ហើយ​មកដល់ពេលនេះ​សម្រាប់​កញ្ចប់​ថវិកា15លាន​ដុល្លារ គឺ​យើង​បាន​យកទៅ​អភិវឌ្ឍ​នៅក្នុង​ខេត្តបាត់ដំបង និង​ខេត្តកំពង់ធំ​រួចហើយ។ ជាមួយនេះដែរ រាជរដ្ឋាភិបាល​នឹង​ជំរុញ​បង្កើត​គ្រោង​ឡស​ម្ងួ​ត​ចំនួន3កន្លែង​ទៀត គឺ​នៅក្នុង​ខេត្តព្រៃវែង កំពង់ធំ និង​ខេត្តតាកែវ​ផងដែរ។

    លោក​រដ្ឋលេខាធិការ​ក៏បាន​អំពាវ​ដល់​អាជ្ញាធរ​នៅតាម​បណ្តា​ខេត្ត​ទាំងអស់​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ និង​ជំរុញ​ការប្រមូល​ទិញស្រូវ​ឲ្យ​មាន​តម្លាភាព ជាពិសេស​ចូលរួម​លុបបំបាត់​ឲ្យ​អស់​លើ​ករណី​ទារលុយ​ខុសច្បាប់ ខណៈដែល​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការប្រមូល​ទិញស្រូវ​នៅក្នុង​គម្រោង​ផែនការ​ឆ្នាំ2017 ឆ្នាំ2018នេះ៕

  • អ្នក​ពិការ​ដើរ​មិន​រួច មានសង្ឃឹម​ហើយ…បើ​បច្ចេកវិទ្យា​ខាងក្រោម​នេះ​ជោគជ័យ

    អ្នក​ពិការ​ដើរ​មិន​រួច មានសង្ឃឹម​ហើយ…បើ​បច្ចេកវិទ្យា​ខាងក្រោម​នេះ​ជោគជ័យ

    អ្នកវិទ្យាសាស្ត្រ​មួយក្រុម​កំពុង​សាកល្បង​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​នឹង​ជួយ​ដល់​អ្នក​ពិការ​ជើង​ដើរ​មិនកើត​ឱ្យមាន​លទ្ធភាព​ដើរ​បាន​ឡើងវិញ ក្រោយពី​បំពាក់​នូវ​ឧបករណ៍​យន្ត​ជំនួយ​ដែល​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​នេះ​កំពុង​បង្កើតឡើង។

    តាមរយៈ Channel YouTube ដែលមាន​ឈ្មោះថា Movie 7 P2 EXO បាន​បង្ហោះ​នូវ​វីដេអូ​មួយ​បង្ហាញ​ពី​ការធ្វើ​តេស្ដ​សាកល្បង​នូវ​បច្ចេកវិទ្យា​ថ្មី​ដែល​វា​ប្រៀបដូចជា​ឧបករណ៍​យន្ដ​ជំនួយ​សម្រាប់​បំពាក់​លើ​ខ្លួន​មនុស្ស​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​រវាង​ខួរក្បាល​មនុស្ស​ទៅនឹង​កុំព្យូទ័រ ដើម្បី​បញ្ជា​សកម្មភាព​ទៅ​ជើង ដៃ។ ទាំងអស់នេះ គឺជា​បច្ចេកវិទ្យា​ថ្មី​មួយទៀត​ដែលមាន​ប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់​មនុស្សជាតិ ប្រសិនបើ​ទទួលបាន​ជោគជ័យ។ ដើម្បីឱ្យ​កាន់តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

    https://www.youtube.com/watch?v=-MK-AXjpI2w&feature=youtu.be

  • ដាំ​ដំណាំ​លក់​ត្រូវ​រក​ទីផ្សារ​ទុកជាមុន បើ​ពុំ​ដូច្នោះ​ទេ​កសិករ​ប្រយ័ត្ន​ខាតបង់!

    ដាំ​ដំណាំ​លក់​ត្រូវ​រក​ទីផ្សារ​ទុកជាមុន បើ​ពុំ​ដូច្នោះ​ទេ​កសិករ​ប្រយ័ត្ន​ខាតបង់!

    កសិករ​ក្នុងប្រទេស​កម្ពុជា ភាគច្រើន​តែង​ធ្វើ​ដំណាំ​កសិកម្ម​តាម​ទម្លាប់​ចាស់ ដោយ​ដាំ​ដំណាំ​ទៅតាម​រដូវ​កាលនីមួយៗ និង​មិនបាន​ស្វែងរក​ទីផ្សារ​សម្រាប់​លក់​ផលដំណាំ​ទុកជាមុន​នោះទេ ជាហេតុ​ធ្វើឱ្យ​នៅពេល​ប្រមូល​ផលម្តងៗតែង​ជួបនឹង​បញ្ហា​កង្វះ​ទីផ្សារ​លក់ ហើយ​ពេលខ្លះ​គ្មាន​ឈ្មួញ​ទិញ​ទៀតផង។ ឧទាហរណ៍​ដូចជា​កសិករ​ដាំ​ល្ហុង​នៅ​ភូមិ​ដូន​ហែម បាន​រអ៊ូរទាំ​ថា រដូវ​ទឹក​ឡើង​ឆ្នាំនេះ ផ្លែ​ល្ហុង​ធ្លាក់​ថ្លៃ​ខ្លាំង​ហៅ​លែង​ឮ ហើយ​ថែមទាំង​គ្មាន​ឈ្មួញ​ទិញ​ទៀត ដែល​ធ្វើឱ្យ​ពួកគាត់​បង្ខំចិត្ត​ទុកឱ្យ​ល្ហុង​ទុំ​ជ្រុះ​ចោល​ពេញ​ចម្ការ​តែម្តង។

    អ្នកស្រី ចក់ នាង មាន​ទីលំនៅ​នៅ​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​បាន​ប្រាប់​ឱ្យដឹងថា 2ឆ្នាំ​ចុង​ក្រោយនេះ​ផ្លែ​ល្ហុង​ធ្លាក់​ថ្លៃ​ហៅ​មិនឮ និង​គ្មាន​ម៉ូយ​ចុះមក​ទិញ​ទៀតផង ជាហេតុ​ធ្វើឱ្យ​កសិករ​បង្ខំចិត្ត​កាប់​ដើម​ចោល និង​ទុក​ផ្លែ​ឱ្យ​ទុំ​ជ្រុះ​ចោល​ពេញ​ចម្ការ។

    កាលពីមុន​ល្ហុង1គីឡូក្រាម​ពេល​ដើមដៃ​យ៉ាងហោចណាស់​ក៏​លក់បាន800រៀល​ដែរ លុះ​ពា​ក់ណ្តាល​ដៃ​បាន500ទៅ600រៀល ហើយ​ចុងដៃ​ក៏បាន300រៀល​ដែរ​ក្នុង1គីឡូក្រាម និង​ម៉ូយ​ថែមទាំង​មក​ទទួល​ទិញ​ដល់​មាត់កំពង់​ទៀតផង។ ប៉ុន្តែ 2ឆ្នាំ​ចុង​ក្រោយនេះ​ល្ហុង​ចុះថោក​ទាល់តែ​មែនទែន 1គីឡូក្រាម​បានត្រឹមតែ100រៀល​ហើយ​គ្មាន​ម៉ូយ​ទិញ​ទៀត ដូច្នេះ​មានតែ​បង្ខំចិត្ត​ទុកឱ្យ​ទុំ​ជ្រុះ​ចោល និង​កាប់​ចោល​ដាំ​ដំណាំ​ផ្សេង ហើយ​បើ​នៅតែ​គ្មាន​ទីផ្សារ​ដូច្នេះ​ទៀត អ្នកចម្ការ​គឺ​ចប់​ហើយ ដូច្នេះ​សូមឱ្យ​ថ្នាក់លើ​មេត្តាជួយ​រក​ទីផ្សារ​ឱ្យ និង​ទប់ស្កាត់​ការនាំ​ចូល​ពី​ប្រទេស​វៀតណាម​ផង។

    កសិករ​ម្នាក់ទៀត​គឺ​អ្នកស្រី វ៉ាន់ សៀ​ប បាន​រៀបរាប់ថា ល្ហុង​មុនពេល​ដាំ​គឺ​ត្រូវ​បណ្តុះ​កូន​ទុក​ជាមុនសិន លុះ​កូន​ល្ហុង​ដុះ​ទើប​យក​កូន​ទៅ​កាប់​រណ្តៅ​ដាក់​ដាំ ហើយ​បើ​ក្រោយពី​ដាំ5ថ្ងៃ​មិនមាន​ភ្លៀង យើង​ត្រូវ​បូមទឹក​ស្រោច។ លុះ​អាយុ​បាន​ជាង1ខែ​ទើប​គេ​ភ្ជួរ​លុប​គល់ ហើយ​ឆូត​ជា​ប្រឡាយ​ទប់​សងខាង​នឹងត្រូវ​បូមទឹក​ដាក់​ក្នុង1សប្តាហ៍​ម្តង ហើយ​ល្ហុង​គឺ​ចាប់​ដាំ​ពី​ខែតុលា រហូតដល់​ខែ​មិនា គឺអាច​បេះ​បានជាបណ្តើរៗរហូតដល់​ខែឧសភា​ទើប​អាច​បេះ​បាន​ច្រើន និង​មកទល់​ខែសីហា​ក៏​នៅតែ​បេះ​បានដែរ គឺ​កុំ​ឱ្យតែ​ទឹក​ឡើង​លិច​ចម្ការ។

    ជាមួយគ្នា​នោះដែរ ឈ្មួញ​ដែល​ទទួល​ទិញ​ផ្លែ​ល្ហុង​យកទៅលក់​បន្ត​នៅឯ​ផ្សារ​នាគ​មាស​រាជធានី​ភ្នំពេញ អ្នកស្រី ម៉ឺ​ត ង៉ា និយាយថា ឆ្នាំនេះ​ល្ហុង​ពិតជា​ធ្លាក់​ថ្លៃ​មែន ពិសេស​នៅ​រដូវ​ទឹក​ដំឡើង​នេះ​តែម្តង ព្រោះ​ល្ហុង​ត្រូវបាន​គេ​នាំមក​លក់​ពី​គ្រប់ទិសទី មានដូចជា​ស្រុក​ស្អាង កោះធំ ល្វាឯម និង​ពី​ប្រទេស​វៀតណាម​ផងដែរ ហើយ​ក្នុង1ថ្ងៃ​គាត់​ទិញ​ប្រមាណ​ជាង2តោន​ប៉ុណ្ណោះ បើ​ទិញ​ច្រើន​លក់​មិន​អស់​នឹង​សល់​ចោល និង​ដោយសារ​មាន​អ្នក​យកមក​លក់​បោះ​ដុំ​ច្រើន។

    លោក ប៊ុន ទួន​ស៊ី​បូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កណ្តា ល​បាន​មានប្រសាសន៍ថា ឆ្នាំ2017នេះ​នៅ​ទូទាំង​ខេត្តកណ្តាល​បាន​អនុវត្ត​ការដាំដុះ​បន្លែ​គ្រប់​ប្រភេទ​លើ​ផ្ទៃដី3,443ហិកតា ហើយ​ជាធម្មតា​ទេ​នៅ​រដូវ​ទឹក​ដំឡើង​នេះ​តម្លៃ​ល្ហុង​រមែង​មានការ​ធ្លាក់​ថ្លៃ ព្រោះ​ដោយសារ​ចម្ការ​ល្ហុង​ត្រូវ​ទឹក​លិច ហើយ​ម្ចាស់​បង្ខំ​បេះ​យកទៅលក់ ទើប​ធ្វើឱ្យ​ជន់​នៅលើ​ទីផ្សារ និង​បាន​តម្លៃថោក។ ដូច្នេះ​បងប្អូន​ត្រូវតែ​ចេះ​ពិនិត្យមើល​អំពី​តម្រូវការ​នៅលើ​ទីផ្សារ​ថា តើ​កំពុងមាន​តម្រូវការ​អ្វី យើង​ដាំ​ដំណាំ​នោះ​ទៅ វា​នឹង​បាន​ថ្លៃ ហើយ​យក​ល្អ​កុំ​ចេះតែ​ដាំ​ដុះ​តាម​គ្នា និង​គួរ​បង្កើតឱ្យមាន​តំបន់​មួយ​ផលិតផល​មួយ ពិសេស​ការដាំដុះ​គួរ​រក​ទីផ្សារ​ទុកជាមុន​ទើប​ជាការ​ប្រសើរ ដើម្បី​កុំឱ្យ​ខាតបង់​ដូច្នេះ៕

  • លោក អ៊ិន សុ​ភិន ស្រឡាញ់​កូន​របស់​ប៉ែន ចំ​រ៉ុង ដូច​កូនពៅ

    លោក អ៊ិន សុ​ភិន ស្រឡាញ់​កូន​របស់​ប៉ែន ចំ​រ៉ុង ដូច​កូនពៅ

    បើទោះជា​មានកូន៣នាក់ធំៗទៅហើយ​ក៏ដោយ ក៏​ម្ចាស់​ផលិតកម្ម​ល្បីឈ្មោះ​លោក អ៉ិន សុ​ភិន បាន​អះអាងថា លោក​ស្រឡាញ់​កូន​របស់​ប៉ែន ចំ​រ៉ុង លើសពី​កូនបង្កើត​របស់ខ្លួន​ទៅទៀត ដើម្បីឱ្យ​ភិន សុ​ដា​លី​ស បាន​រួច​បន្ទុក ហើយ​មាន​សេរីភាព​ទៅណា​មក​ណា​ដូច​ក្រមុំ។ លោក​ថា មិន​ត្រឹមតែ​បំពេញ​តួនាទី​ជា​ជីតា​ប៉ុណ្ណោះ ទេ គឺ​លោក និង​ភរិយា​សព្វថ្ងៃ​មិន​ខុសពី​ឪពុកម្ដាយ​បង្កើត​របស់​កូនស្រី​របស់​ភិន សុ​ដា​លី​ស​ឡើយ។

    លោក អ៉ិន សុ​ភិន និយាយ​ទៅ​គឺ​ខុសពី​ជីតា​ទូទៅ ដែល​គ្រាន់តែ​ជួយ​សម្រួល​មើល​កិច្ចការ​ខុសត្រូវ​បន្តិចបន្តួច​ចំពោះ​ចៅ  តែ​លោក​សឹងតែ​លើសពី​ឪពុក​បង្កើត​មួយចំនួន​ទៅទៀត​ចំពោះ​ចៅស្រី​ម្នាក់នេះ ដោយ​លោក​បាន​បញ្ជាក់ថា ពេលខ្លះ​កូនស្រី​របស់លោក គឺ​ភិន សុ​ដា​លី​ស អាច​មិនដឹង​ពី​សុខទុក្ខ​របស់​កូន​ច្រើនជាង​លោក​ផង។ លោក​ថា សប្បាយចិត្ត​ណាស់​នៅពេល​ឃើញ​ចៅស្រី​ដំបូង​នេះ​កាន់តែ​ធំឡើងៗ ជាពិសេស​នៅពេល​ចៅស្រី​ចេះ​សើច និង​ចេះ​លេង​ជាមួយ​លោក ដែល​ធ្វើឱ្យ​លោក​សប្បាយចិត្ត​ខ្លាំងណាស់។

    លោក​ថា រាល់ថ្ងៃ​ចៅស្រី​ម្នាក់នេះ មិន​ខុសពី​មាន​ជីតា​ជា​ឪពុក​នោះទេ ដោយសារតែ​គ្រប់​កាលៈទេសៈ​គឹ​លោក​ចាត់ទុក​នាង​តូច​មិន​ខុសពី​កូនបង្កើត​របស់ខ្លួន​ឡើយ។ លោក​ប្រកាសថា បើ​តាមតែ​ធ្លាប់​មានកូន៣នាក់​រួចហើយ លោក​គួរតែ​ធុញទ្រាន់​ក្នុងការ​មើលថែ​ក្មេង​តូច ប៉ុន្តែ​នេះ​មកពី​លោក​ចេះតែ​គិត និង​អាណិត​ចៅស្រី​ម្នាក់នេះ ទើប​ធ្វើឱ្យ​កាន់តែ​ស្រឡាញ់ ហើយ​ស្រឡាញ់​ខ្លាំង​ទៀត គឺ​ស្រឡាញ់​លើសពី​ចៅ ដែល​មិន​ខុសពី​កូនពៅ​របស់លោក​ឡើយ។ លោក​បាន​ទាំង​ត្រៀម​ចំណែក​មរតក​ទុកឱ្យ​នាង​តូច មិន​ខុសគ្នា​ពី​កូនម្នាក់ៗរបស់លោក​នោះទេ ដោយ​លោក​បាន​បញ្ជាក់ថា បំណាច់​នាង​កើតមក​មិនមាន​ឪពុក​ទៅហើយ គឺ​លោក​សុខចិត្ត​រ៉ាប់រង​ទាំង​ការ​មើលថែ ទាំ ទាំង​ការ​ថ្នាក់ថ្នម និង​ការបែងចែក​ចំណែក​ទ្រព្យ​ឱ្យ ដើម្បីឱ្យ​ពេល​ចៅ​ធំ​ឡើង​មិនមាន​អារម្មណ៍​តូចចិត្ត៕

  • ខាត់ សុ​ឃីម ប្រកាស​ឱ្យ​តារាចម្រៀង​គ្មាន​លទ្ធភាព​ទៅយក​សម្លៀកបំពាក់​ពី​នាង

    ខាត់ សុ​ឃីម ប្រកាស​ឱ្យ​តារាចម្រៀង​គ្មាន​លទ្ធភាព​ទៅយក​សម្លៀកបំពាក់​ពី​នាង

    មាន​អ្នកសិល្បៈ​ជាច្រើន​តែង​ត្អូញត្អែរ​អំពី​បញ្ហា​សម្លៀកបំពាក់ ខណៈដែល​ពួកគេ​ស្រឡាញ់ និង​បាន​ចូលប្រឡូក​ក្នុង​អាជីព​តែ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទិញ​សម្លៀកបំពាក់  តែ​ឥឡូវនេះ​អ្នកនាង ខាត់ សុ​ឃីម បានប្រកាស​បរិច្ចាគ​នូវ​សម្លៀកបំពាក់​របស់ខ្លួន​ទាំងចាស់​ទាំងថ្មី​ជាច្រើន​ដល់​អ្នកសិល្បៈ​ដែលមាន​ការខ្វះខាត​ទាំងនោះ​ហើយ។

    វីដេអូ​ឃ្លី​ប​ដែល​ទើបតែ​បង្ហោះថ្មីៗនេះ​បានបង្ហាញ​ពី​សកម្មភាព​អ្នកនាង ខាត់ សុ​ឃីម ដើរ​មើល​សម្លៀកបំពាក់​របស់​ខ្លួន​ដែលមាន​ជាច្រើន​កុំ​ប្លេ​ដែល​នាង​បាន​ទិញ​យកមក​ស្លៀក​សម្រាប់​ការឡើង​ច្រៀងម្តង។ ជាមួយគ្នានេះដែរ នាង​ក៏បាន​ប្រកាសថា នាង​នឹង​បរិច្ចាគ​សម្លៀកបំពាក់​ទាំ​ង​នោះ​ដល់​តារាចម្រៀង​ស្រី​ដែលមាន​ការខ្វះខាត​នូវ​សម្លៀកបំពាក់។

    នាង​បញ្ជាក់ថា៖ «សម្លៀកបំពាក់​នេះ​ខ្ញុំ​បាន​សន្សំ​វា​ទុកជា​យូរ​ឆ្នាំ​មកហើយ មាន​ទាំង​សម្លៀកបំពាក់​ដែល​ខ្ញុំ​ស្លៀក​ឡើង​ច្រៀង និង​សម្លៀកបំពាក់​ធម្មតាខ្លះៗ តែ​អ្វីដែល​សំខាន់​នោះ គឺ​ខ្ញុំ​កំពុងតែ​ចង់​បរិច្ចាគ ដូច្នេះ​សូមឱ្យ​បងប្អូន​យើង​ជា​អ្នកចម្រៀង​ដែល​មិនសូវ​មានលទ្ធភាព​ឱ្យ​អាចមាន​ខោអាវ​ស្លៀក​នោះ សូម​ទាក់ទង​មក​ខ្ញុំ​មក ខ្ញុំ​នឹង​រៀបចំ​ជូន​ជា​អនុស្សាវរីយ៍​ជា​សម្លៀកបំពាក់​របស់ខ្ញុំ​ជូន ដូច្នេះ​សូម​បងប្អូន​ខ​ល​មក​ខ្ញុំ​តាម​លេខ​ទូរស័ព្ទ 012 222221»៕

  • ដឹង​ទេ​ថា ប្រទេស​ណាខ្លះ​ជាទី​ផ្សារ​អង្ករ​ធំជាងគេ​របស់​កម្ពុជា?

    ដឹង​ទេ​ថា ប្រទេស​ណាខ្លះ​ជាទី​ផ្សារ​អង្ករ​ធំជាងគេ​របស់​កម្ពុជា?

    ភ្នំពេញ៖ បរិមាណ​នាំ​អង្ករ​ចេញ​ក្នុង​ខែកក្កដា ឆ្នាំ2017នេះ​មាន​ចំនួន 27,354តោន មានការ​កើនឡើង​ចំនួន 3,267 តោន​ស្មើនឹង 13.50% ដែលមាន​ចំនួន​ច្រើនជាង​បរិមាណ​នាំ​អង្ករ​ចេញ​ក្នុង​ខែកក្កដា ឆ្នាំ2016កន្លងទៅ​ដែលមាន​ចំនួន24.087តោន។

    របាយការណ៍​ក្រសួងកសិកម្ម​បង្ហាញថា បរិមាណ​សរុប​នៃ​ការនាំ​អង្ករ​ចេញ​ក្នុង​រយៈពេល7ខែ ឆ្នាំ2017  មាន​ចំនួន 315,916តោន មាន​កំណើន23,639តោន កើនឡើង8.10% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016។ ក្នុងនោះ​ប្រទេស​ចិន​ឈរ​លំដាប់​ទី1ដែល​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ​មាន​ចំនួន 97,752តោន ប្រទេស​លំដាប់​ទី2.គឺ​ប្រទេស​បារាំង មាន​ចំនួន 42,367តោន ប្រទេស​ប៉ូឡូញ​ឈរ​លំដាប់​ទី3 មាន​ចំនួន 28,386 តោន និង​ឈរ​លេខ​រៀង​បន្តបន្ទាប់​គ្នា រួមមាន​ប្រទេស​អង់គ្លេស ប្រទេស​ណេ​ដឺ​លែ​ន ប្រទេស​បែ​ល​ហ្ស៊ី​ក ប្រទេស​ឆេ​ក និង​ប្រទេស​ជាច្រើន​ទៀត​សរុប​មាន​ចំនួន57ប្រទេស។

    ប្រភេទ​អង្ករ​ដែល​នាំចេញ​ច្រើនជាង​គឺ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​នាំចេញ​រយៈពេល7ខែ មាន​ចំនួន 165,993តោន ស្មើនឹង52.54% អង្ក​រស​គ្រប់​ប្រភេទ​មាន​ចំនួន 113,434តោន ស្មើនឹង 35.91% និង​អង្ករ​ចំហុយ​មាន​ចំនួន 36,489តោន ស្មើនឹង11,55%។ ក្នុងចំណោម​អង្ករ​ក្រអូប​នោះ​អង្ករ​ក្រអូប​ចម្រុះ​មាន​បរិមាណ​នាំចេញ 72,285តោន ស្មើនឹង 22.88% អង្ករ​ផ្ការំដួល/ផ្កាម្លិះ​មាន​ចំនួន 84,188តោន ស្មើនឹង 26.65%។

    ចំណែក​ក្រុមហ៊ុន​កម្ពុជា​ដែល​នាំ​អង្ករ​ចេញ​បាន​ច្រើនជាងគេ គឺ Cristal Rice មាន​ចំនួន 32,611តោន ទី2.ក្រុមហ៊ុន Baitang Kampuchea មាន​ចំនួន 30,057តោន និង​ឈរ​លំដាប់​ទី3គឺ​ក្រុមហ៊ុន Apsara Rice ដែលមាន​ចំនួន​សរុប 26,418តោន រួម​នឹង​ក្រុមហ៊ុនធំៗមួយចំនួនទៀត៕

  • ទីក្រុង​នឹង​ស្អាត​ដូច​ប្រទេស​អភិវឌ្ឍន៍ បើ​អាជ្ញាធរ​រក្សា​សកម្ម​ភាពល្អ​ដូច​ពេលនេះ​បានយូរ

    ទីក្រុង​នឹង​ស្អាត​ដូច​ប្រទេស​អភិវឌ្ឍន៍ បើ​អាជ្ញាធរ​រក្សា​សកម្ម​ភាពល្អ​ដូច​ពេលនេះ​បានយូរ

    ចាប់ផ្តើម​ពី​ការកែប្រែ​វិធីសាស្ត្រ​រៀបចំ​រាជធានី​ប្រកបដោយ​ប្រសិទ្ធភាព​របស់​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី ប្រជាជន​បាន​ចូលរួម​អបអរសាទរ​យ៉ាងច្រើន នៅពេលដែល​បានឃើញ​សកម្មភាព​ជាក់ស្តែង​នៅ​គ្រប់​ដងផ្លូវធំៗនានា។

    ប្រជាជន​នៅក្នុង​រាជធានី​ដែល​ពោរពេញ​ទៅដោយ​ភាពអនាធិបតេយ្យ​លើ​ដងផ្លូវ​ចាប់ផ្តើម​ស្គាល់​ភាពស្រស់ស្អាត ដងផ្លូវ​ដែល​ធ្លាប់តែ​ហុយ​ដូច​នៅ​កណ្តាល​វាលស្រែ ក៏​ចាប់ផ្តើម​មាន​សម្រស់​ស្រស់ស្អាត​ដូច​ផ្លូវ​នៃ​ប្រទេស​អភិវឌ្ឍន៍ ហើយ​ភាព​រញ៉េរញ៉ៃ​នៃ​សំរាម​ក៏បាន​កាត់បន្ថយ​បើទោះបីជា​នៅមាន​បញ្ហា​ខ្លះ​ក៏ដោយ។ នាពេលថ្មីៗនេះ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​កោះ​ថ្នាក់ដឹកនាំ​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​ប្រជុំ​ដាក់​ផែនការ​រៀបចំ​ក្រុង​នៅតាម​តំបន់​របស់ខ្លួន​ឱ្យមាន​សណ្តាប់ធ្នាប់។ ភ្លាមៗ បន្ទាប់ពី​មានការ​ប្រជុំ​នេះ អភិបាលខណ្ឌនីមួយៗ ក៏បាន​ដុតដៃដុតជើង ចាត់វិធានការ​សម្អាត​ដងផ្លូវ និង​រៀបចំ​តំបន់​របស់ខ្លួន​រហូត​ដល់​ប្រជាជន​មើលឃើញ​ពី​សោភ័ណភាព និង​ភាពខុសប្លែក​ដែល​ល្អភ្លាមៗ តែ​ក៏មាន​ប្រជាជន​មួយចំនួន​នៅ​បារម្ភ​ដែរ​ពី​រឿងនេះ។ មាន​អ្នកខ្លះ​សាទរ​ទាំង​ក្នុង​ចិត្ត​សង្ឃឹម​តែ 50% នោះទេ​ថា​តំបន់​ដែល​គាត់​រស់នៅ​អាច​ស្អាត​បានយូរ​អង្វែង ព្រោះ​កន្លងមក​គាត់​ឃើញ​រូបភាពស្អាតៗខ្លះ​ដែរ​តែ​ក្នុង​រយៈពេល​ខ្លី​ពេក។ ក្រោយ​ពេលដែល​អាជ្ញាធរ​ឈប់​ចុះមក​រៀបចំ ក៏​កើត​ឡើងជា​បញ្ហា​អនាធិបតេយ្យ​ដដែល ព្រោះ​ប្រជាជន​មួយចំនួន​ខ្វះ​ការចូលរួម។

    ប្រជាពលរដ្ឋ​ទាំងអស់​កំពុង​រង់ចាំ​មើល​ទាំង​ចិត្ត​រំភើប អរ និង​បារម្ភ លាយឡំ​គ្នា ព្រោះ​មិនដឹងថា​សកម្មភាព​ទាំងអស់នេះ​ត្រូវបាន​គេ​ធ្វើឱ្យ​ល្អមើល ឬ​ជា​ចំណុច​ចាប់ផ្តើម​ភាពស្រស់​បំព្រង​ពិតប្រាកដ។ តែ​ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​អារម្មណ៍​ទាំងអស់នោះ ក្តីសង្ឃឹម​ក៏​នៅ​លាយឡំ​គ្នា​ផងដែរ​ក្នុង​គំនិត​ប្រជាពលរដ្ឋ ព្រោះថា​ចំណាត់ការ​របស់​អភិបាល​រាជធានី​ថ្មី ហាក់​មាន​ភាពល្អ​ប្លែក​ខុសពី​ស្ថានភាព​ដែល​គាត់​ធ្លាប់​ជួប ហើយ​នៅពេលនេះ​ប្រជាជន​មួយចំនួន​ក៏​កំពុង​តាមដាន និង​រង់ចាំ​ចូលខ្លួន​សហការ​ផងដែរ បើទោះបីជា​ប្រជាជន​មួយចំនួនទៀត​នៅមាន​មន្ទិល ឬ​មិនទាន់​ចង់​ចូលរួម​ក៏ដោយ។

    បើ​ងាកមើល​សេចក្តីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​វិញ យើង​ឃើញថា ចំណាត់ការ​ក្តៅ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​មិនមែន​ធ្វើភ្លាមៗឱ្យ​ល្អមើល​ទេ។ ថ្នាក់ដឹកនាំ​ក្រុង​ចាប់ផ្តើម​ធ្វើជា​តំណាក់កាលសន្សឹមៗ ដោយ​ចាប់ផ្តើម​ពី​មហាវិថីធំៗចំនួន 11 ជាមុនសិន មុននឹង​ឈានទៅដល់​វិថីសំខាន់ៗផ្សេងទៀត​នៅ​ភ្នំពេញ។ ក្នុងនោះ​មានដូចជា​មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ព្រះមុនីវង្ស មហាវិថី​កម្ពុជា​ក្រោម មហាវិថី​ម៉ៅ​សេទុង មហាវិថី​ព្រះសីហនុ និង​មហាវិថី​នេ​រុ​ហ៍ មហាវិថី​ព្រះ​នរោត្តម មហាវិថី​សម្តេច​មុនី​រ៉េត ផ្លូវ​ឧកញ៉ា​ទេព​ផន មហាវិថី​ហ្សា​ល​ដឺ​ហ្គោល មហាវិថី​យោធពលខេមរភូមិន្ទ (ផ្លូវ 271) ផ្លូវ​ឧកញ៉ា​ឃ្លាំងមឿង និង​មហាវិថី​ព្រះស៊ីសុវត្ថិ។ ក្នុង​ចំណាត់ការ​ក្តៅ​នោះ សាលា​រាជធានី​ភ្នំពេញ​បានចេញ​បទបញ្ជា ដោយ​បញ្ឈប់​មិនឱ្យ​មានការ​ចត​យានយន្ត​លើ​ទ្រូងផ្លូវ មិន​ឱ្យមាន​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ និង​ធ្វើការ​ហ៊ុមព័ទ្ធ​ការដ្ឋាន​លើ​ចិញ្ចើមផ្លូវ​លើសពី 1/3 ឬ​ប្រើប្រាស់​ទ្រូងផ្លូវ​ដើម្បី​ទុក​សម្ភារ​សំណង់​របស់ខ្លួន​ជាដើម។

    សាលា​រាជធានី​ភ្នំពេញ​ក៏បាន​ដាក់បទបញ្ជា​ផងដែរ​ចំពោះ​រថយន្ត​ដឹកទំនិញធំៗ ត្រូវ​ចេញចូល​គោរព​តាម​ការណែនាំ​ត្រឹមត្រូវ​ចៀសវាង​ការប្រើប្រាស់​ទ្រូងផ្លូវ​ដើម្បី​ផ្ទេរ​ទំនិញ ឬ​បាញ់​បេតុង។ ចំពោះ​ការរៀបចំ​សម្ភារ​ទំនិញ ម៉ូតូ និង​រថយន្ត​ដាក់តាំង​លក់​អាច​ប្រើប្រាស់​ចំណែក​ចិញ្ចើមផ្លូវ​ត្រឹម 1/3 ហើយ​អាច​ទុកជា​បណ្តោះអាសន្ន​តែប៉ុណ្ណោះ​ដោយ​ទុក​ផ្លូវុ​ក​ផ្លូវ 2/3 សម្រាប់​អ្នក​ថ្មើរជើង។

    ចំពោះ​ខណ្ឌ​វិញ សាលា​រាជធានី​បាន​ណែនាំ​ឱ្យធ្វើ​ការអប់រំ​ដល់​ប្រជាពលរដ្ឋ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ឱ្យចូល​រួមការ​អនុវត្ត​តាម​សេចក្តីណែនាំ​នានា​ដែល​ក្រុង​បានដាក់​ចេញ ហើយ​ប្រសិនបើ​មិន​ព្រម​អនុវត្ត អាជ្ញាធរ​ខណ្ឌ​ត្រូវធ្វើ​កំណត់ហេតុ និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវធ្វើ​ការផាកពិន័យ​តាមច្បាប់ ឬ​អាច​ឈានដល់​វិធានការ​តាមច្បាប់​ជា​ធរមាន។ ចំណែកឯបញ្ហាសំខាន់ៗផ្សេងទៀត​ត្រូវ​តាមដាន និង​ឃ្លាំមើល​ឱ្យបាន​ទៀងទាត់​ដើម្បី​ចាត់វិធានការ​ឱ្យបាន​ទាន់ពេលវេលា។

    ចំណាត់ការ​ដូចដែល​បានលើកឡើង​ខាងលើ​ជា​ចំណាត់​ការដែល​សុទ្ធតែ​អាចអនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​នាពេល​បច្ចុប្បន្ននេះ​ប្រជាជន​គ្រប់គ្នា​ក៏​សុទ្ធតែ​បានឃើញ​ច្បាស់លាស់​ហើយ​ថា អាជ្ញាធរ​គ្រប់​ខណ្ឌ​កំពុង​ធ្វើបាន​ស្ទើរតែ 100%។ សកម្មភាព​នេះ បាន​បង្កើន​សម្រស់​ទីក្រុង​ភ្នំពេញ​ឱ្យ​មើលទៅ​ពោរពេញ​ទៅដោយ​សោភ័ណភាព តែ​កន្លងមក​យើង​ឃើញថា ចំណាត់ការ​របស់​សាលា​រាជធានី​គឺ​សុទ្ធតែ​ល្អ ហើយ​អនុវត្ត​ក៏​ល្អ តែ​ទាស់​ត្រង់​អនុវត្ត​សកម្មភាព​ទាំងអស់នោះ​ក្នុងពេល​ខ្លី​ពេក ហើយក៏​បង្កឱ្យមាន​ភាព​អនាធិបតេយ្យ​ដដែល​ជា​ដដែល ព្រោះ​ខាង​ថ្នាក់ក្រោម​មិន​ព្រម​អនុវត្ត​បន្ត​ឱ្យមាន​ប្រសិទ្ធភាព។ ប្រជាជន​នៅ​រាជធានី សុទ្ធតែ​ឃ្លាំមើលគ្រប់ៗគ្នា ហើយ​រំពឹងថា សកម្មភាព​ទាំងអស់នោះ ប្រសិនបើ​អាចអនុវត្ត​បានយូរ​អង្វែង ប្រជាជន​នឹង​ស្គាល់​ច្បាស់​ពី​ជីវភាព​រស់នៅ​ប្រកបដោយ​ភាពស្រស់ស្អាត និង​សណ្តាប់ធ្នាប់ ហើយ​នៅពេលនោះ គាត់​នឹង​ពិបាក​មក​រស់នៅក្នុង​ស្ថានភាព​អ​នា​ធិ​ប​តយ្យ​វិញ​ណាស់ ព្រោះ​គាត់​លែង​ស៊ាំ​ជាមួយនឹង​ភាព​រញ៉េរញ៉ៃ​ដូច​មុន​ទៀតហើយ៕

  • Foxconn ខកចិត្ត​នឹង​ប្រាក់ចំណូល​

    Foxconn ខកចិត្ត​នឹង​ប្រាក់ចំណូល​

    ក្រុមហ៊ុន​ដំឡើង​ទូរស័ព្ទ iPhone ឱ្យ​ក្រុមហ៊ុន Apple មានការ​ខកចិត្ត​នឹង​របាយការណ៍​ប្រាក់ចំណូល​របស់ខ្លួន​នៅ​ត្រីមាស​ចុងក្រោយ​នេះ ប្រៀបធៀប​នឹង​អ្វីដែល​ក្រុម​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ព្យាករ​ទុក​កាលពី​ត្រីមាស​ទី1 នៃ​ឆ្នាំ 2017 ។

    ប្រាក់ចំណូល​ដែល​ក្រុមហ៊ុន​ទទួលបាន​រយៈពេល 3 ខែ​ចុងក្រោយ គិត​ត្រឹម​ខែមិថុនា​មា​នន​ត្រឹមតែ 589 លាន​ដុល្លារ​ប៉ុណ្ណោះ ធ្លាក់ចុះ 25% ខណៈដែល អ្នកជំនាញ​បាន​រំពឹងទុក​ដល់​ទៅ 781.5 លាន​ដុល្លារ។ ការធ្លាក់ចុះ​នេះ ដោយហេតុ​មានការ​ប្រែប្រួល​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ក្នុងពេល​បច្ចុប្បន្ន ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរស័ព្ទ​មួយចំនួន​ចាប់ផ្ដើម​បង្កើត​រោងចក្រ​ដោយ​ខ្លួនឯង លែង​ត្រូវ​ការជួល​រោងចក្រ​គេ​ក្នុង​ដំឡើង​បន្តទៀត ដែលជា​ហេតុនាំឱ្យ Foxconn ជា​រោងចក្រ​ទទួល​ដំឡើង និង​ផ្គត់ផ្គង់​គ្រឿងបន្លាស់​មិនសូវ​មមាញឹក​ដូច​មុន ទើប​ធ្វើឱ្យ​ប្រាក់ចំណូល​ធ្លាក់ចុះ។

    គិត​មកដល់ពេលនេះ Foxconn ត្រូវបាន​ទទួលស្គាល់ថា ជា​អ្នកផ្គត់ផ្គង់​គ្រឿងបន្លាស់​សម្រាប់​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក និង​ជា​ក្រុមហ៊ុន​ទទួល​ដំឡើង​ទូរស័ព្ទ​ឱ្យ Apple ជិត 10 ឆ្នាំ​មកនេះ។ តាម​ព័ត៌មាន​ដែល​ចុះ​ផ្សាយបាន​បន្ថែមទៀតថា Foxconn អាច​នឹង​គ្រោង​កាត់បន្ថយ​ចំណាយ​តាមរយៈ​ការប្រើប្រាស់ Robots ស្វ័យប្រវត្តិ​ជំនួស​កម្លាំង​មនុស្ស​វិញ សម្រាប់ធ្វើ​ការងារ​នៅក្នុង​ការផលិត​នេះ៕

  • តើ​ទីផ្សារ​ភាគហ៊ុន​ចាប់ផ្ដើម​ពី​ពេលណា? នេះ​ជា​ប្រវត្តិ​ទីផ្សារ​ភាគហ៊ុន

    តើ​ទីផ្សារ​ភាគហ៊ុន​ចាប់ផ្ដើម​ពី​ពេលណា? នេះ​ជា​ប្រវត្តិ​ទីផ្សារ​ភាគហ៊ុន

    ទស្សនៈ​សម័យ​ទំនើប​នៃ​ការបង្កើត​ទីផ្សារ​ភាគហ៊ុន បានចាប់ផ្ដើម​តាំងពី​ចុង​សតវត្ស​ទី16។ ទីផ្សារ​ភាគហ៊ុន​ត្រូវបាន​ចាប់ផ្ដើម​នៅពេល​បណ្ដា​ប្រទេស​នៅក្នុង​ទ្វីបអាមេរិក (The New World) បានចាប់ផ្ដើម​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃទៀត​ដែលមាន​ដូចជា​ហូ​ឡង់ ព័រ​ទុយ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ។ ខណៈពេលដែល​ឈ្មួញធំៗនៅ​អឺរ៉ុប​មានបំណង​ចាប់ផ្ដើម​អាជីវកម្ម​ទំហំ​ធំ​ដែល​ទាមទារ​ឱ្យមាន​ចំនួន​ទឹកប្រាក់​ច្រើន ពុំមាន​ឈ្មួញ​ណា​ម្នាក់ មាន​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ចាប់ផ្ដើម​អាជីវកម្ម​ដ៏​ធំ​តែម្នាក់ឯង​បាន​នោះទេ។ ជា​លទ្ធផល វិនិយោគិន បាន​យកប្រាក់​សន្សំ​របស់​ពួកគេ​ទៅ​ដាក់ទុន​រួម ហើយ​បាន​ក្លាយជា​ដៃគូ​អាជីវកម្ម និង​ជា​សហកម្មសិទ្ធិ​ជាមួយនឹង​ចំណែក​ភាគហ៊ុន​របស់ខ្លួន​នៅក្នុង​អាជីវកម្ម​មួយ​ដែលមាន​ទម្រង់​រួម​ទុន។ ក្រុមហ៊ុន​រួម​ទុន​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ហូ​ឡង់​បាន​ក្លាយជា​គំរូ​អាជីវកម្ម​មួយ​សម្រាប់​អាជីវកម្ម​ដទៃ​ដែល​កំពុង​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ។ នៅក្នុង​ឆ្នាំ1602 ក្រុមហ៊ុន ឌឺ ឌា​ច​ហ៍ អី​ស ឥណ្ឌា (The Dutch East India Co.) បាន​បោះផ្សាយ​ក្រដាស​តំណាង​ភាគហ៊ុន​ជា​លើកដំបូង។ ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​នេះ អនុញ្ញាតឱ្យ​ភាគ​ហ៊ុ​និក​មាន​ភាពងាយស្រួល​ក្នុង​ការទិញ-លក់ និង​ធ្វើការ​ជួញដូរ​ភាគហ៊ុន​របស់ខ្លួន​ជាមួយនឹង​ម្ចាស់​ភាគហ៊ុនផ្សេងៗ និង​វិនិយោគិន​ដទៃទៀត។

    គំនិត​នេះ ទទួលបាន​ជោគជ័យ​ដោយ​ការលក់​ភាគហ៊ុន​បាន​រីក​រាលដាល​ដល់​ប្រទេស​មហាអំណាច​ដែនសមុទ្រ​ផ្សេងទៀត​ដូចជា​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ អេ​ស្ប៉ា​ញ និង​បារាំង។ នៅ​ទីបំផុត ការអនុវត្ត​គំនិត​នេះ​ក៏បាន​រីក​រាលដាល​ដល់​ចក្រភព​អង់គ្លេស។ ឧស្សាហកម្ម​ដទៃទៀត​ក្នុងកំឡុងពេល​បដិវត្ត​ន៍​ឧស្សាហកម្ម បានចាប់ផ្ដើម​ប្រើការ​លក់​ភាគហ៊ុន​ជា​វិធី​ដើម្បី​ប្រមូល​មូលធន​សម្រាប់ធ្វើ​អាជីវកម្ម។ ការហូរចូល​នៃ​មូលធន​នេះ បាន​បន្ត​ឱ្យមាន​ការរកឃើញ និង​ការអភិវឌ្ឍ​នៃ​ពិភពលោក​ថ្មី (The New World) និង​ការរីកលូតលាស់​នៃ​ឧស្សាហកម្ម​សម័យ​ទំនើប។

    ការកើនឡើង​នូវ​បរិមាណ​ជួញដូរ​ភាគហ៊ុន បាន​ជំរុញឱ្យមាន​ការបង្កើត​ទីកន្លែង​ច្បាស់លាស់​មួយ​សម្រាប់​ជួញដូរ។ ជា​លទ្ធផល ពាណិជ្ជករ​ភាគហ៊ុន​បានសម្រេច​ចិត្ត​ទៅ​ជួបគ្នា​នៅ​ហាង​កាហ្វេ​មួយ​នៅ​ទីក្រុង​ឡុង​ដ៍។ ក្រោយមក ហាង​កាហ្វេ​នោះ​ត្រូវបាន​ពាណិជ្ជករ​ភាគហ៊ុន​ទិញយក ហើយ​ប្រែ​ឈ្មោះ​ក្លាយជា​ទីផ្សារ​ភាគហ៊ុន​ដែលមាន​ការរៀបចំ និង​គ្រប់គ្រង​ត្រឹមត្រូវ​នៅក្នុង​ឆ្នាំ១៧៧។  ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ឡុង​ដ៍ (The London Stock Exchange) ជាទី​ផ្សារភាគហ៊ុន​ផ្លូវការ​ដំបូង​គេ។ គំនិត​នៃ​ការរៀបចំ​បែបនេះ ក៏បាន​ហូរ​ចូលទៅក្នុង​ប្រទេស​អាមេរិក ហើយក៏​បានចាប់ផ្ដើម​នៅ​ទីក្រុង​ភី​ឡា​ឌែ​ល​ភី​យ៉ា (Philadelphia) ក្នុង​ឆ្នាំ១៧៩០៕

    អត្ថបទ៖ លោក ណង សេរី​វុ​ធ មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ​នៃគណៈកម្មការ​មូល​ប​ត្រ​កម្ពុជា

  • ឈប់​យក​លេស​ថា រវល់ ហើយ​ចាប់ផ្តើម​អាន​ជាមួយ​វិធីសាស្ត្រ​ដែលមាន​ប្រសិទ្ធភាព

    ឈប់​យក​លេស​ថា រវល់ ហើយ​ចាប់ផ្តើម​អាន​ជាមួយ​វិធីសាស្ត្រ​ដែលមាន​ប្រសិទ្ធភាព

    មនុស្ស​ជាច្រើន​នៅ​កម្ពុជា​កំពុង​រអ៊ូ​ពី​ភាព​រវល់​របស់ខ្លួន ហើយ​មិន​ព្រម​ចាប់ផ្តើម​អាន បើទោះបីជា​ដឹងថា ការអាន​មាន​សារៈសំខាន់​សម្រាប់​ជីវិត​ក៏ដោយ។ មាន​អ្នកខ្លះ ចាយ​ពេលទំនេរ​ជាច្រើន​នៅក្នុង​ចន្លោះពេល​រវល់​ដោយ​ឥតប្រយោជន៍ ហើយ​មិន​ព្រម​អាន ខណៈ​អ្នក​ខ្លះទៀត​មិនដឹង​ជាមាន​វិធី​អ្វី​អាចឱ្យ​ខ្លួន​អាច​អាន​បាន​នៅពេលដែល​ការងារ​មមាញឹក​រាល់ថ្ងៃ។

    ខាងក្រោម​នេះ ជា​វិធីសាស្ត្រងាយៗមួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​សម្រាប់​អ្នក​រវល់​ឱ្យ​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ទទួលបាន​ចំណេះដឹង និង​ប្រភព​នៃ​ព័ត៌មានថ្មីៗសម្រាប់​ជីវិត​តាមរយៈ​ការអាន។

    1.យក​សៀវភៅ​តាម​ខ្លួន

    មនុស្ស​មួយចំនួន​គិតថា វា​ជា​រឿង​ដែល​គួរឱ្យ​ខ្មាស​គេ​នៅពេលដែល​អង្គុយ​អាន​តែម្នាក់ឯង​នៅ​កន្លែង​រង់ចាំ​ឡានក្រុង នៅពេល​រង់ចាំ​អ្នកណាម្នាក់​ក្នុង​ហាង​កាហ្វេ នៅមុខ​ការិយាល័យ នៅក្នុង​ឡាន ឬ​នៅតាម​ទីសាធារណៈ​មួយចំនួន។ តាមពិត​បញ្ហា​នេះ​នឹង​លែង​កើតជា​បញ្ហាសំខាន់​ទៀតហើយ​ប្រសិនបើ​យើងទាំងអស់គ្នា​ដាក់ចិត្ត​ថា​ធ្វើ​វា បើទោះបីជា​នៅ​កម្ពុជា​មិនសូវមាន​អ្នកអាន​ច្រើន​ក៏ដោយ។ អ្នក​ទាំងអស់គ្នា​អាច​សាកល្បង​គិត​ទៅ​មើលថា តើ​ក្នុង​មួយ​សប្តាហ៍​យើង​អាច​អាន​បាន​ប៉ុន្មាន​ទំព័រ​ដោយ​គ្រាន់តែ​ចំណាយពេល​ប្រមាណ​ជា 20នាទី ឬ​ច្រើនជាង​នេះ​នៅពេល​រង់ចាំ​នោះ។

    ប្រសិនបើ​អ្នក​ដាក់ចិត្ត​ដាក់​កាយ​ក្នុង​ការអាន​សៀវភៅ​ដោយ​មិន​ប្រកាន់​ពេលវេលា​នោះ អ្នកនឹង​ទទួលបាន​នូវ​ការ​សម្រាក​យ៉ាង​ល្អ ព្រោះ​អ្នកទទួលបាន​ព័ត៌មានថ្មីៗរៀងរាល់ថ្ងៃ​ដោយ​ការអាន​បន្ត​ភាគ មួយថ្ងៃបន្តិចៗរហូតដល់​ចប់ និង​បន្តទៅ​ឯកសារ​សំខាន់ផ្សេងៗទៀត។

    1. យក​ការអាន​ដើម្បី​ធ្វើ​ជាការ​សម្រាក​មុននឹង​បន្តការងារ​ថ្មី

    នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អ្នកធ្វើការ​ការិយាល័យ​បាន​កើនឡើង ហើយ​ទម្លាប់​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​ក៏មាន​ការផ្លាស់ប្តូរ ដោយ​រស់នៅក្នុង​ភាព​ស៊ី​វិ​ល័យ តែ​មមាញឹក​កាន់តែខ្លាំង​ជាមួយនឹង​ការងារ​នៅក្នុង​ស្ថាប័ន​ដែល​ខ្លួន​ធ្វើការ។ ការ​មមាញឹក​ខ្លាំង​ធ្វើឱ្យ​មនុស្ស​ភាគច្រើន​កាត់ផ្តាច់​ខ្លួនឯង​កាន់តែ​ឆ្ងាយ​ពី​ការអាន​ដោយ​សំអាង​លើ​ហេតុផល​ថា “គ្មាន​ពេល​អាន‟ តែ​តាមពិតទៅ​នៅ​ចន្លោះពេល​ដកឃ្លា​ពី​ការងារ ការអាន​ជា​វិធី​ល្អ​បំផុត​សម្រាប់​បង្កើន​ថាមពល​ការងារ។ សម្រាប់​អ្នកធ្វើការ​រវល់​អ្នក​អាច​ឆ្លៀតពេលខ្លះៗក្នុងពេល​ការងារ​ដើម្បី​អាន​មុននឹង​ចាប់ផ្តើម​ការងារ​បន្ត ចៀសវាង​ធ្វើឱ្យ​ខ្លួនឯង​ស្មុគស្មាញ​ជាមួយនឹង​រឿង​ដែល​មិន​នាំ​ប្រយោជន៍​ដល់​ខ្លួនឯង។ នៅពេលដែល​មនុស្ស​ម្នាក់​ធ្វើ​ការងារ​ច្រើន​ម៉ោង ខួរក្បាល​ប្រាកដជា​មាន​ភាព​នឿយហត់ ហេតុនេះ​អ្នក​អាច​ដកឃ្លា​ពី​ការងារ​ប្រមាណ​ជា15នាទី​ដើម្បី​អាន ហើយ​ទើប​ចាប់ផ្តើម​ការងារ​ថ្មី​បន្តបន្ទាប់​ទៀត នោះ​អ្នកនឹង​ឃើញ​ពី​ប្រសិទ្ធភាព​ជាក់​ជាមិនខាន។ ការធ្វើ​បែបនេះ​គឺជា​ការប្រើប្រាស់​អស់​លទ្ធភាព​ដែល​ខ្លួន​មាន​ដើម្បី​ធ្វើ​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព វា​មិន​ខុសពី​យើង​យួរ​របស់របរ​ដៃ​ឆ្វេង​អស់កម្លាំង​យើង​ក៏​ផ្លាស់ប្តូរ​មក​យួរ​នៅ​ដៃស្តាំ​មួយរយៈ​មុននឹង​ផ្លាស់​ទៅ​ដៃ​ឆ្វេង​វិញ។

    1. បង្កើត​ទម្លាប់​អានខ្លីៗនៅពេល​ល្ងាច

    វា​ជា​រឿង​ពិបាក​មួយ​ដែល​ពេល​សម្រាក​ពី​ការងារ ហើយ​ទៅដល់​ផ្ទះ​ត្រូវ​អាន​សៀវភៅ តែ​ប្រសិនបើ​អ្នកជា​អ្នក​ចូលចិត្ត​អាន អ្នកនឹង​ដឹងថា ការអាន​សៀវភៅ​ជាការ​សម្រាក​យ៉ាង​មាន​សេចក្តីសុខ​សម្រាប់​ជីវិត។ ប្រសិនបើ​អ្នក​បាន​ចំណាយពេល​តិចតួច​សម្រាប់​ខ្លួនឯង​ដើម្បី​អាន​មុននឹង​ប្រើ​ពេលនោះ​សម្រាប់​គ្រួសារ អ្នកនឹង​អាច​ទទួល​សុភមង្គល​ជាច្រើន​សម្រាប់​ជីវិត។ ដើម្បី​សម្រេច​ជោគជ័យ​លើ​វិធី​នេះ​អ្នក​ត្រូវតែ​បង្កើត​ទម្លាប់​នៃ​ការអាន​ជាមុនសិន​ព្រោះ​ប្រសិនបើ​អ្នក​មិនមាន​ទម្លាប់​នៃ​ការអាន​ទេ អ្នកនឹង​ទៅជា​ងងុយដេក ហើយ​ធុញ​លើស​ដើម។

    ដើម្បី​បង្កើត​ទម្លាប់​នៃ​ការអាន​ឱ្យ​ជោគជ័យ អ្នក​អាច​សាកល្បង​ចាយ​ពេល​ត្រឹមតែ 15 ទៅ 20 នាទី​រៀងរាល់ថ្ងៃ ហើយ​ឱ្យ​ទៀងទាត់​ដើម្បី​អាន​នូវ​អ្វីដែល​អ្នក​ចូលចិត្ត​បំផុត​រាល់ថ្ងៃ។ ពេលនោះ​អ្នក​នឹងមាន​អារម្មណ៍​សប្បាយចិត្ត​ជាមួយ​នឹង​ការ​សម្រាក​ដែល​ខ្លួន​ពេញចិត្ត ហើយ​បន្ត​ទៅជា​អត់​អាន​មិនបាន និង​អាច​អភិវឌ្ឍ​ទៅជា​អ្នកអាន​សៀវភៅ​រាប់រយ រាប់ពាន់​ក្បាល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ដោយ​ចាយ​ពេលវេលា​តិចតួច​តែប៉ុណ្ណោះ។ ការមិន​មើលរំលង​រឿង​តូច ហើយ​ចាប់ផ្តើម​ធ្វើការ​សន្សំ​ចំណេះដឹង​ម្តងបន្តិចៗ និង​ធ្វើឱ្យ​អ្នក​ចំណេញ​ច្រើន​រហូត​ស្មាន​មិន​ដល់៕