Category: សង្គម និងសេដ្ឋកិច្ច

  • រុក្ខជាតិ​បណ្ដេញ​សត្វ​មូស​ដ៏​ពូកែ​ដែល​អ្នក​គួរ​ដាំ​នៅក្នុង​ផ្ទះ

    រុក្ខជាតិ​បណ្ដេញ​សត្វ​មូស​ដ៏​ពូកែ​ដែល​អ្នក​គួរ​ដាំ​នៅក្នុង​ផ្ទះ

    សត្វ​មូស​ចង្រៃ​ចូលចិត្ត​រស់នៅក្នុង​ទឹក​ដែល​ដក់​នៅតាម​កន្លែងផ្សេងៗ ព្រោះ​ជា​ជម្រក និង​ជា​កន្លែង​បង្ក​កំណើត​ពូជ​មូស​ជាច្រើន​ពាន់​ក្បាល​ទៀត ហើយ​នៅក្នុង​ចំណោម​សត្វ​មូស​ទាំងអស់នោះ​គឺមាន​មូស​ខ្លា​ជាស​ត្វ​ដែល​ចម្លង​មេរោគ​គ្រុនឈាម ដូច្នោះ​ហើយ​នៅ​រដូវភ្លៀង​ធ្លាក់ យើង​ចាំបាច់​ត្រូវតែ​បំផ្លាញ​សត្វ​មូស និង​មិនត្រូវ​បណ្ដោយឱ្យ​សត្វល្អិត​កំណាច​នេះ​បានចាប់កំណើត​ច្រើនឡើង​នៅក្នុង​បរិវេណ​ផ្ទះ​របស់​យើង​ឡើយ ដើម្បី​ចៀសវាង​កុំឱ្យ​បុត្រ​ធីតា​របស់​យើង​ត្រូវ​សត្វ​មូស​ខាំ ដែលជា​ហេតុ​ធ្វើឱ្យ​កើត​ជំងឺគ្រុនឈាម និង​គ្រុនក្ដៅ​បាន។

    ថ្ងៃនេះ គេហទំព័រ​ឡា​រ៉ែ​ន សូម​លើក​យកមក​ជម្រាបជូន​នូវ​រុក្ខជាតិធម្មតាៗដែល​យើង​ធ្លាប់​ស្គាល់​ហើយ​មួយចំនួន​ដែលមាន​សមត្ថភាព​ក្នុងការ​បណ្ដេញ​សត្វ​មូស​ចេញពីផ្ទះ​របស់​អ្នកតា​មរយៈ​ក្លិន​របស់​វា។

    1.ស្លឹកគ្រៃ

    ស្លឹកគ្រៃ ជា​ប្រភេទ​រុក្ខជាតិ​ដែលមាន​ក្លិន​ឈ្ងុយ​ប្រហើរ តែ​ផ្ទុយទៅវិញ​ក្លិន​របស់​វា​នេះ​មាន​ឥទ្ធិពល​បណ្ដេញ​សត្វ​មូស​យ៉ាង​ពូកែ និង​ម្យ៉ាងវិញទៀត ការដាំ​ស្លឹកគ្រៃ​នៅក្បែរ​ផ្ទះ គឺជា​រឿង​ដែល​ល្អ​បំផុត​មួយ ព្រោះ​វា​ជួយ​បណ្ដេញ​សត្វ​ចង្រៃ​មួយចំនួន​ដូចជា ពស់ ក្អែប ជាដើម​មិន​ឱ្យមក​ជិត។

    2.ជីរអង្កាម

    ជា​រុក្ខជាតិ​ឱសថ​បុរាណ​មួយ​ប្រភេទ​ទៀត​ដែលមាន​សមត្ថភាព​បណ្ដេញ​សត្វ​មូស​បាន ព្រោះ​នៅក្នុង​ជីរអង្កាម​មាន​ក្លិន ម៉​ង់​តុល ឬ​ក្លិនប្រហើរ​លាយ​ហឹរតិចៗ ដែល​ធ្វើឱ្យ​មូស​ចាញ់ និង​ស្លាប់​បាន។ មិន​ត្រឹមតែ​មូស​ទេ នៅមាន​សត្វ​ស្រមោច កន្លាត ឃ្មុំ ក៏​ចាញ់​ក្លិន​ជីរអង្កាម​នេះ​ផងដែរ។

    3.ជីរនាងវង

    ជនជាតិខ្មែរ​យើង​ពេញនិយម​ក្លិន​ជីរនាងវង​ខ្លាំងជាងគេ​ក្នុង​ការបង់​សម្ល ឬ​ស្ងោរជ្រក់​ជាដើម តែ​ក្លិន​របស់​ជីរ​មួយ​ប្រភេទ​នេះ​ក៏​អាចជួយ​កម្ចាត់​សត្វ​មូស​ឱ្យ​ចេញពីផ្ទះ​របស់​យើង​បានដែរ។

    4.ជី​រប​ហោ

    ជីប​ហោ (រូបរាង ទ្រង់ទ្រាយ​ដើម​ស្លឹក​ដូច​ជីរនាងវង តែមាន​ពណ៌​ស) មិន​ត្រឹមតែ​ជា​ឱសថ​បុរាណ​ព្យាបាល​ជំងឺ​ប្រព័ន្ធ​ផ្លូវដង្ហើម​ប៉ុណ្ណោះ​ទេ តែ​វា​អាច​កម្ចាត់​សត្វ​មូស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ព្រោះ​សត្វ​មូស​ចង្រៃ​មិន​ចូលចិត្ត​ក្លិន​របស់​ជី​រប​ហោ​នេះ​ទេ៕

  • គ​ន្លឺះ 4 យ៉ាង​សម្រាប់​អ្នក​ចង់​ថតរូប​បានស្អាតៗ ដោយ​ប្រើ​ត្រឹម​កាមេរ៉ា​ស្មា​ត​ហ្វូ​ន

    គ​ន្លឺះ 4 យ៉ាង​សម្រាប់​អ្នក​ចង់​ថតរូប​បានស្អាតៗ ដោយ​ប្រើ​ត្រឹម​កាមេរ៉ា​ស្មា​ត​ហ្វូ​ន

    កាលពីមុន​បើ​និយាយ​ពី​ការថតរូប​បានល្អ​ស្អាត គេ​តែង​ឱ្យ​តម្លៃ​ទៅលើ​ប្រភេទ​កាមេរ៉ា​អាជីព DSLR ប៉ុន្តែ​ចូលដល់​យុគសម័យ​ស្មា​ត​ហ្វូ​ន​នេះ បើ​ត្រឹម​ចង់​ថតរូប​ស្អាត​គ្រាន់​ទុក​មើល វា​មិនមែនជា​រឿង​ពិបាក​ប៉ុន្មាន​ឡើយ ខណៈ​ស្មា​ត​ហ្វូ​ន​ជាច្រើន​មាន​សមត្ថភាព​កាមេរ៉ា​ខ្លាំង ថតរូប​បាន​ច្បាស់​អាច​ទទួលយកបាន។ យ៉ាងណាមិញ បន្ថែម​ពីលើ​សមត្ថភាព​ដែលមាន​លើ​ស្មា​ត​ហ្វូ​ន​ហើយ វា​ក៏​ទាមទា​ឱ្យ​អ្នក​ត្រូវ​យល់ដឹង​ពី​គន្លឹះ​មួយចំនួន​នៃ​ក្បួនច្បាប់​ការថតរូប​ផងដែរ។ ខាងក្រោម​នេះ ជា​គន្លឹះសំខាន់ៗមួយចំនួន​ដែល​អ្នក​ចង់​ថតរូប​ដោយ​ប្រើ​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​គួរស្វែងយល់៖

    បើតាម​ការបញ្ជាក់​ឱ្យដឹងពី​អ្នកជំនាញ​ថត​ដោយ​ទូរស័ព្ទដៃ លោក បង ជីប បានឱ្យដឹងថា ត្រឹម​ចង់បាន​រូបថត​ស្រស់ស្អាត​មួយ មិនចាំបាច់​ត្រូវ​ប្រើ​កាមេរ៉ា​ដែលមាន​សមត្ថភាព​ខ្លាំង តម្លៃ​ថ្លៃ​នោះទេ ត្រឹម​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​ដែលមាន​សមត្ថភាព​កាមេរ៉ា​សមល្មម រួម​នឹង​ទេពកោសល្យ និង​ជំនាញ​ប្រើ​កម្មវិធី​កែ​រូប គឺជា​រឿង​គ្រប់គ្រាន់​ហើយ។  រឿងនេះ លោកអ្នក​ត្រូវ​គិត​លើ 4 ចំណុច ដើម្បី​ទទួលបាន​រូបថត​ល្អ​ស្អាត​មួយ​សន្លឹក។

    1- ការយល់ដឹង​ពី​សិល្បៈ និង​ពន្លឺ៖ ការថតរូប​ក៏​ជា​សិល្បៈ​មួយ​ដែរ ទាំងអស់នេះ​តម្រូវឱ្យមាន​តិច​និក និង​គំនិត​ច្នៃប្រឌិត​ខ្ពស់ ទាំង​បច្ចេកទេស និង​ការចាប់​ប្លង់​ថត។ មនុស្សម្នាក់ៗមាន​សិល្បៈ​ថតរូបខុសៗគ្នា។ មនុស្ស​ពីរ​នាក់​ថត​ប្លង់​ជាមួយគ្នា មិន​ប្រាកដថា រូបថត​ល្អ​ដូចគ្នា​នោះទេ គឺ​អាស្រ័យ​លើ​សិល្បៈ​ក្នុង​ខ្លួន​របស់​ពួកគេម្នាក់ៗថា តើ​អាច​ចាប់យក​ប្លង់ និង​បន្ថែម​ទិដ្ឋភាពផ្សេងៗទៅក្នុង​រូប​បាន​ពូកែ​ប៉ុនណា។

    ទាក់ទង​នឹង​ពន្លឺ​នេះ អ្នក​ថត​ត្រូវ​ដឹង​ពី​ពន្លឺ​ប៉ុនណា​ដែល​ទូរ​សព្ទ័​របស់​យើង​អាច​ចាប់​រូបភាព​បានល្អ ដូចជា​ទូរស័ព្ទ​ខ្លះ​អាច​ថត​បាន​គ្រប់​ស្ថានភាព​ពន្លឺ ចំណែក​ទូរស័ព្ទ​ខ្លះទៀត​អាច​ថត​បានតែ​ក្នុង​កន្លែង​ដែលមាន​ពន្លឺ​គ្រប់គ្រាន់​ប៉ុណ្ណោះ។

    2- ការចាប់​ប្លង់ និង​អត្ថន័យ៖ ការ​ជ្រើស​យក​ប្លង់​ក៏​ជា​ចំណុច​សំខាន់​មួយ បើ​ចង់បាន​រូប​ស្អាត​ក្រោម​ក្រសែភ្នែក​មនុស្ស​ទូទៅ អ្នក​ថតរូបម្នាក់ៗត្រូវការ​ចាំបាច់​ក្នុង​ការចេះ​ស្វែងយល់​ពី​ប្លង់ និង​ក្បួនច្បាប់​មូលដ្ឋាន​ដែលជា​គ្រឹះ​ដ៏​សំខាន់​បន្ថែម​ពីលើ​ការដែល​ត្រូវ​មានគំនិត​ច្នៃប្រឌិត ច្បិច​យក​ប្លង់​ណា​ដែល​ប្លែក តែមាន​ភាពល្អ​ស្អាត និង​ទាក់ទាញ​ខុសពី​គេ។ ឧទាហរណ៍​ដូចជា ប្លង់​ចាំង​ឆ្លុះ​ផ្ទៃ​ទឹក ប្លង់​ថ្ងៃ​លិច ប្លង់​ទេសភាព​ជនបទ ប្លង់​ពន្លឺភ្លើង​ក្នុង​ទីក្រុង ប្លង់​សត្វល្អិត ជាដើម។ល។

    ចំពោះ​ប្លង់​ក្នុង​ច្បាប់​នៃ​ការថតរូប​មាន 9 ដូចជា Rule of third, Leading line, Framing, Pattern ….។ល។ ដូចនេះហើយ​យើង​ត្រូវ​ដឹងថា ត្រូវយក​ច្បាប់​មួយណា​មក​ប្រើ។

    ចំពោះ​ក្នុងនោះ អត្ថន័យ​ក៏​ជា​រឿង​សំខាន់​ដែល​អ្នក​ថតរូប​ត្រូវ​គិត​ដំបូង​គេ​ដែរ ព្រោះ​រូប​ទាំងនោះ វា​នឹង​បង្ហាញ​ពីអ្វី​ដែល​យើង​ចង់​ប្រាប់​ទៅ​អ្នកមើល  ដោយ​វា​មិនមែន​ត្រឹមតែ​ជា​រូបភាព​ស្អាត​ធម្មតា​ប៉ុណ្ណោះ​ទេ។ មុនពេល​ថតរូប​មួយ​យើង​ត្រូវ​គិតថា តើ​រូប​ដែល​យើង​ថត​នោះ​ចង់បង្ហាញ​ពីអ្វី​ដល់​អ្នកមើល តើ​រូបនោះ​អាចមាន​ប្រយោជន៍​ដល់​អ្នកមើល ឬក៏​អត់? ហើយ​គេ​អាចមាន​អារម្មណ៍​វិជ្ជមាន ឬ​អវិជ្ជមាន​ពេលដែល​ឃើញ​រូបភាព​មួយ​នោះ​ហើយ។

    3- ស្វែងយល់​ឱ្យ​ច្បាស់​ពី​បច្ចេកវិទ្យា​កាមេរ៉ា​ទូរស័ព្ទ​ដែល​ខ្លួន​កំពុងកាន់​ប្រើ៖ សម្រាប់​ស្មា​ត​ហ្វូ​នកំពូលៗរបស់​ក្រុមហ៊ុន​មួយចំនួន សុ​ទ្ទ​សឹង​បំពាក់​នូវ​កាមេរ៉ា​ដែលមាន​សមត្ថភាព​ខ្លាំង និង​មាន​មុខងារ​ថតរូប​ដែល​ដូចនឹង​កាមេរ៉ា​អាជីព​ដែរ។ ដូច្នេះ មុន​ចាប់ផ្ដើម​ថត អ្នក​គួរ​សិក្សា​ឱ្យ​ច្បាស់​ពី​កាមេរ៉ា​ទូរស័ព្ទ​នោះ មានមុខ​ងារ និង​សមត្ថភាព​កម្រិតណា ទាក់ទង​នឹង Shutter speed, ISO, White balance, និង manual focus។ ក្នុងនោះ បើ​ទូរស័ព្ទ​នោះ​មាន​មុខងារ​កំណត់​បាន​ទៅ File Raw ក៏​កាន់តែ​ពិសេស​ទៅទៀត ព្រោះ​វា​អាច​ងាយស្រួល​ក្នុងការ​កែសម្រួល​រូប​ក្រោយពេល​ថត​បាន។

    4- ការប្រើ​កម្មវិធី​កែ​រូប​ជំនួយ៖ ជាការ​ពិត ទោះ​អ្នកជំនាញ​ប្រើ​កាមេរ៉ា DSLR ក៏ត្រូវ​ការប្រើ​កម្មវិធី​ជំនួយ​ក្រោយពេល​ថត​ដែរ ដូច្នេះ​សម្រាប់​អ្នក​ប្រើ​កាមេរ៉ា​ទូរស័ព្ទ​ក៏​ដូចគ្នា​ដែរ គឺ​ទាមទារ​ឱ្យ​យើង​ចេះ​កែលម្អ​បន្ថែម​ទាក់ទង​ជាមួយ​ពណ៍ និង​ពន្លឺ​រូបភាព​បន្ថែមទៀត​ដែរ។

    កម្មវិធី​កែ​រូប​មាន Snapseed, Pixlr, Mix, Adobe Photoshop Express, និង​ Lightroom ជាដើម៕

  • ទង្វើ​អ្វីខ្លះ​ដែល​កំណត់ឱ្យ​សិស្ស​ប្រឡង​បាក់​ឌុប​ធ្លាក់ ហើយ​ផ្អាក​មិនឱ្យ​ប្រឡង​មួយឆ្នាំ?

    ទង្វើ​អ្វីខ្លះ​ដែល​កំណត់ឱ្យ​សិស្ស​ប្រឡង​បាក់​ឌុប​ធ្លាក់ ហើយ​ផ្អាក​មិនឱ្យ​ប្រឡង​មួយឆ្នាំ?

    ការប្រឡង​បាក់​ឌុប3ឆ្នាំ​ចុង​ក្រោយនេះ​មាន​លក្ខណៈ​ខុសប្លែក​ពី​ការប្រឡងមុនៗ ព្រោះ​ក្រសួង​បាន​សហការ​ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​ធានា​ការប្រឡង​នេះ​ឱ្យមាន​លក្ខណៈ​សុក្រឹត។ បេក្ខជន​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន ព្រោះ​ទង្វើ​មួយចំនួន​ដែល​សិស្ស​ទាំងអស់​ស្មាន​មិន​ដល់ អាចធ្វើឱ្យ​ពួកគេ​ធ្លាក់ ហើយ​ត្រូវ​ផ្អាក​មិនឱ្យ​ប្រឡង​មួយឆ្នាំ​ថែមទៀត។

    ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ​ពី​សកម្មភាព​មួយចំនួន​ដែល​អាចធ្វើឱ្យ​បេក្ខជន​ប្រឡង​បាក់​ឌុប​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ និង​ផ្អាក​មិនឱ្យ​ប្រឡង​មួយឆ្នាំ ដែល​ក្នុងនោះ​មាន​សកម្មភាព​ដូចជា៖

    • បេក្ខជន​ដែល​ធ្វើជា​មេខ្លោង​ប្រមូល​លុយ ឬ​ណែ​នាំឱ្យ​បេក្ខជន​ដទៃ​ប្រមូល​លុយ ឬ​យកលុយ​ឱ្យ​អនុរក្ស។
    • បេក្ខជន​ដែល​យក​សន្លឹក​កិច្ចការ​អ្នកដទៃ​មក​ធ្វើជា​សន្លឹក​កិច្ចការ​របស់ខ្លួន។
    • បេក្ខជន​ដែល​ហែក ឬ​លាក់​សន្លឹក​កិច្ចការ​អ្នកដទៃ។
    • បេក្ខជន​ដែល​ដណ្តើមយក​សន្លឹក​កិច្ចការ​អ្នកដទៃ​មក​ចម្លង។
    • បេក្ខជន​ដែល​បង្កជម្លោះ​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ដោយ​គំរាមកំហែង​លើ​បេក្ខជន​ដទៃ។
    • បេក្ខជន​ដែល​បោះ​ប្រធាន​វិញ្ញាសា​ចេញ​ក្រៅ​បន្ទប់​ប្រឡង ឬ​ចេញ​ទៅយក​សំណៅ​ឯកសារ ឬ​ចម្លើយ​ពាក់ព័ន្ធ​នឹង​ប្រធាន​វិញ្ញាសា​ចូលក្នុង​បន្ទប់​ប្រឡង​វិញ ក្នុង​ពេលធ្វើ​វិញ្ញាសា។
    • បេក្ខជន​ដែល​សរសេរ​លើ​សន្លឹក​កិច្ចការ​អ្នកដទៃ។
    • បេក្ខជន​ដែល​ឱ្យ​អ្នកដទៃ​សរសេរ​លើ​សន្លឹក​កិច្ចការ​របស់ខ្លួន។
    • បេក្ខជន​ដែល​ឱ្យ​សន្លឹក​កិច្ចការ ឬ​សំណៅ​ក្រដាស​ព្រាង​របស់ខ្លួន​ទៅ​អ្នកដទៃ​ចម្លង។
    • បេក្ខជន​ដែល​ផ្លាស់កន្លែង​អង្គុយ (លុប​លេខ​តុ​ពី​កន្លែង​ដែល​បានកំណត់ ទៅ​សរសេរ​លេខ​តុ​របស់ខ្លួន​នៅ​កន្លែង​ផ្សេង)។
    • បេក្ខជន​ដែល​ហែក​សន្លឹក​កិច្ចការ ឬ​មិន​ព្រម​ប្រគល់​សន្លឹក​កិច្ច​ការជូន​អនុរក្ស។
    • បេក្ខជន​ដែល​ដើរ​ចុះឡើង​ចេញពី​កន្លែង​អង្គុយ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អនុរក្ស។

    ទាំងអស់នេះ​ជា​ទង្វើ​អាក្រក់​ដែល​ធ្លាប់​បានធ្វើ​ដោយ​សិស្ស​ដែល​ប្រឡង​នៅ​សម័យ​ប្រឡង​កាលពីឆ្នាំមុនៗ ហេតុនេះ​សូម​សិស្ស​ដែល​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​មេត្តា​ប្រយ័ត្ន​ដើម្បី​ចៀសវាង​ត្រូវ​ធ្លាក់ និង​ផ្អាក​មិនឱ្យ​ប្រឡង​មួយឆ្នាំ​បន្ទាប់៕

  • តារា​សម្ដែង​ស្រី​នៅក្នុង​រឿង Deadpool 2 ជួប​គ្រោះថ្នាក់​ដល់​ស្លាប់​ពេល​កំពុង​ថត​រឿង

    តារា​សម្ដែង​ស្រី​នៅក្នុង​រឿង Deadpool 2 ជួប​គ្រោះថ្នាក់​ដល់​ស្លាប់​ពេល​កំពុង​ថត​រឿង

    តាមរយៈ​សារព័ត៌មាន Thansettakij បានចេញ​ផ្សាយ​នៅថ្ងៃនេះ​ថា តារា​សម្ដែង​ជំនួស​តួឯក​ស្រី​នៅក្នុង​រឿង Deadpool 2 បាន​ស្លាប់បាត់​បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈពេល​កំពុង​សម្ដែង​ក្នុង​ឈុត​ជិះ​ម៉ូតូ​ធំ​ដោយសារតែ​ខុស​បច្ចេកទេស។

    បន្ទាប់ពី​កើតហេតុ​ការណ៍​នោះភ្លាមៗ តារា​ឯក​ប្រុស​លោក Ryan Reynolds មាន​វ័យ 40 ឆ្នាំ ដែល​បាន​សម្ដែង​ជា​តួ Deadpool បាន​បញ្ចេញ​នូវ​អារម្មណ៍​សោកស្ដាយ និង​ទុក្ខសោក​ចំពោះ​ការបាត់បង់​តារា​សម្ដែង​ស្រី​ម្នាក់​នោះ​តាមរយៈ​សារ​នៅលើ​បណ្ដាញ​សង្គម​ធ្វី​ត​ធើ​រថា “នៅថ្ងៃនេះ យើង​បាន​បាត់បង់​សមាជិក​ក្រុមការងារ​ម្នាក់ ខណៈ​កំពុង​ថត​រឿង Deadpool 2 ។ យើង​សោកស្តាយ​ខ្លាំងណាស់ ស្ទើ​តែ​គាំងបេះដូង​ស្លាប់ ព្រោះ​មិន​នឹកស្មានថា មាន​ករណីបែបនេះ​កើតឡើង។ សូម​ចូលរួម​សម្តែង​ការសោកស្តាយ និង​ជា​កម្លាំងចិត្ត​ដល់​ក្រុមគ្រួសារ​របស់​នាង​ផង”។

    គួរបញ្ជាក់​ផងដែរ​ថា តារា​សម្ដែង​ស្រី​ដែល​បាន​បាត់បង់​ជីវិត​នោះ​មាន​ឈ្មោះថា Joy SJ Harris ត្រូវបាន​អ្នកដឹកនាំ​រឿង​ដាក់ឱ្យ​នាង​សម្ដែង​ក្នុង​ឈុត​ជិះ​ម៉ូតូ​ធំ​ជំនួស​តារា​ឯក​ស្រី Zazie Beetz ព្រោះថា នាង​គឺជា​កីឡាការិនី និង​ជា​អ្នកជំនាញ​ខាង​ជិះ​ម៉ូតូ​ធំ​អាជីព ហើយ​នាង​បាន​ថត​ទាំងអស់​ចំនួន 5 ឈុត​រួចមកហើយ ក៏ប៉ុន្ដែ​ដោយសារ​ឈុត​ចុងក្រោយ​មួយ​នេះ តម្រូវ​ឱ្យប្រើ​ល្បឿន​លឿន​ក្នុង​ការបើកបរ ធ្វើឱ្យ​មានការ​ភ្លាត់ស្នៀត​ខាង​បច្ចេកទេស ទើប​បណ្ដាលឱ្យ​រងគ្រោះ​ដល់​ជីវិត​នៅនឹងកន្លែង​បែបនេះ​តែម្តង៕

  • វិធានការ​ក្ដៅ ដើម្បី​រក្សា​សន្ដិសុខ​រាជធានី​ភ្នំពេញ​ត្រូវបាន​អនុវត្ដ​ហើយ…

    វិធានការ​ក្ដៅ ដើម្បី​រក្សា​សន្ដិសុខ​រាជធានី​ភ្នំពេញ​ត្រូវបាន​អនុវត្ដ​ហើយ…

    ភ្នំពេញ –  ដើម្បី​ចូលរួម​រៀបចំ​សណ្ដាប់ធ្នាប់ រក្សា​សន្ដិសុខ ក៏ដូចជា​ការទប់ស្កាត់​អំពើចោរកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ដែរនោះ ថ្មីៗនេះ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌ​មួយចំនួន​បានចាប់ផ្ដើម​បញ្ចេញ​សកម្មភាព ឬ​វិធានការ​ក្ដៅ​ក្នុង​ការចុះ​ត្រួតពិនិត្យ​កុងស៊ីបញ្ចាំ​ខុសច្បាប់​ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​កុងស៊ី​ទទួល​បញ្ចាំ​របស់​ខុសច្បាប់។

    ដោយមាន​ការណែនាំ​ពី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ និង​ទប់ស្កាត់​បទល្មើស​ចោរកម្ម បាន​តម្រូវឱ្យ​កុងស៊ីបញ្ចាំ​ខុសច្បាប់​ទាំងអស់​ត្រូវ​ផ្អាក​ដំណើរការ និង​សុំច្បាប់​ធ្វើ​អាជីវកម្ម​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​ផ្លូវច្បាប់។ បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌនីមួយៗនឹង​ចាប់ផ្ដើម​បញ្ចេញ​សកម្មភាព​ក្នុង​ការចុះ​ត្រួតពិនិត្យ​ជា​បន្ដបន្ទាប់​ហើយ។ យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​Live ផ្ទាល់​នូវ​សកម្មភាព​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​មួយចំនួន ដូចជា​ខណ្ឌទួលគោក  និង​ខណ្ឌ​សែន​សុខ​ជាដើម ក្នុងការ​ចុះបង្ក្រាប​កុងស៊ីបញ្ចាំ​ខុសច្បាប់។

    គួរ​បញ្ជាក់ថា នេះ​មិនមែនជា​វិធានការ​ក្ដៅ​លើកទីមួយ​ទេ​ដែល​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បានរៀបចំ​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​បែបនេះ​នៅក្នុង​រាជធានី​ភ្នំពេញ។ ជាមួយនឹង​សកម្មភាព​នេះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​សាទរ​ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ចង់ឃើញ​សកម្មភាព​ទាំងនេះ នៅតែ​បន្ដធ្វើ​ឱ្យបាន​ជាប់​រហូត​ដូច​ភ្លៀងរលឹម ខណៈពេលដែល​ឯកឧត្ដម ឃួ​ង ស្រេង ទើបតែ​ឡើងកាន់តំណែង​បានតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ៕

  • អគារ​ពាណិជ្ជកម្ម​លំដាប់​កម្រិត (A) EXCHANGE SQUARE ផ្តើម​ដំណើរការ​ជា​ផ្លូវការ

    អគារ​ពាណិជ្ជកម្ម​លំដាប់​កម្រិត (A) EXCHANGE SQUARE ផ្តើម​ដំណើរការ​ជា​ផ្លូវការ

    ភ្នំពេញៈ គម្រោង​អគារ​ពាណិជ្ជកម្ម Exchange Square ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Hongkong Land បាន​បើកសម្ពោធ​ជា​ផ្លូវការ​ហើយ ដោយបាន​នាំយកមក​នូវ​គំរូ​ស្តង់ដារ​អគារ​ពាណិជ្ជកម្ម​ដែលមាន​ការិយាល័យ និង​ហាង​លក់ទំនិញ​ល្បី​កម្រិត ​A ថ្មី​មួយ​នៅ​ទីក្រុង​ភ្នំពេញ។

    តំណាង​ក្រុមហ៊ុន Hongkong Land លោកស្រី ដន ស៊ូ បាន​មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​អគារ​ពាណិជ្ជ​កម្មនេះ នៅ​ព្រឹក​ថ្ងៃទី16 ខែសីហា​នេះ​ថា អ៊ិ​ច​ឆេង ស​ឃ្វែរ (EXCHANGE SQUARE)គឺជា​គម្រោង​អភិវឌ្ឍន៍​ពេញ​ដោយ​កិត្យានុភាព​ថ្មី​ចុងក្រោយ​បំផុត​របស់ Hongkong Land នៅក្នុង​តំបន់​ដែលមាន​ពាណិជ្ជកម្ម​រីកលូតលាស់​របស់​អាស៊ាន ហើយ​យើង​ជឿជាក់ថា គម្រោង​នេះ​នឹង​នាំមក​នូវ​មុខមាត់​ថ្មី​ដល់​រាជធានី​ភ្នំពេញ។ លោកស្រី​បន្តថា ផលប្រយោជន៍ និង​ការប្ដេជ្ញាចិត្ត ដែល​យើង​បាន​មើលឃើញ​ពី​ការជួល​អគារ គឺជា​សញ្ញា​មួយ​ដែល​បង្ហាញថា EXCHANGE SQUARE កំពុង​ប្រែក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហាង​លក់ទំនិញ​នៅក្នុង​រាជធានី​យ៉ាង​ឆាប់រហ័ស ហើយ​យើង​សម្លឹង​ទៅរក​ភាព​រីកចម្រើន​រួមគ្នា ជាមួយ​ទីក្រុង​ដ៏​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​នាពេល​អនាគត។

    លោកស្រី​បន្តថា Hongkong Land ត្រូវបាន​ទទួលស្គាល់​ដោយសារ​គុណភាព​សំណង់ ការគ្រប់គ្រង​អចលនទ្រព្យ និង​សេវា​បម្រើ​អតិថិជន​នៅ​ទូទាំង​តំបន់ ហើយ​គេ​រំពឹងថា EXCHANGE SQUARE នឹង​ក្លាយជា​គំរូ​ស្ដង់ដារ​នៃ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​នៅ​ភ្នំពេញ និង​កម្ពុជា។ ក្រុមហ៊ុន​ក៏មាន​ការិយាល័យ​កម្រិត A អចលនទ្រព្យ​សម្រាប់​ការប្រើប្រាស់​ចម្រុះ និង​ហាង​លក់ដូរ​ទំនិញ​នៅ​ហុងកុង ចិន សិង្ហ​បុរី ឥណ្ឌូនេស៊ី ថៃ និង​វៀតណាម​ផងដែរ។ Hongkong Land គឺជា​ក្រុម​សម្ព័ន្ធ​វិនិយោគ គ្រប់គ្រង និង​អភិវឌ្ឍ​អចលនទ្រព្យ​មាន​ចុះ​បញ្ជិកា​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ1889។ ធុរកិច្ច​របស់ Hong kong Land ត្រូវបាន​កសាងឡើង​ដោយ​ឈរលើ​ឧត្តមភាព សុចរិត​ភាព និង​ភាពជា​ដៃគូ។

    អគារ​ពាណិជ្ជកម្ម​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អាជីវកម្មធំៗដែលមាន​តម្រូវ​ការជួល​អគារ​ដូចជា Hard Rock Café, Legend Premium Cinema, Lucky Premium Supermarket និង Nham Central ដែលជា​បណ្ដុំ​អាហារ​ដ្ឋា​ន​ទំនើប​ក្នុង​រយៈពេល​ត្រឹមតែ2ខែ បន្ទាប់ពី​បាន​បើក​ដំណើរការ​កាលពី​ខែមិថុនា។ អគារ​នេះ​មាន​ការិយាល័យ​កម្រិត A ចំនួន16ជាន់​ដែលមាន​ផ្ទៃក្រឡា 39,700 ម៉ែត្រការ៉េ ផ្នែក​ខាងក្រោម​ចំនួន4ជាន់​សម្រាប់​ហាង​លក់ទំនិញ និង​អាហារ​ដ្ឋា​ន​ដែល​បាន​ដំណើរការ70ភាគរយ​ហើយ៕

  • មិនមែន​ធម្មតា​ទេ!  បទ​ថ្មី​របស់ ហេង ពិ​ទូ ពីរោះ​ឡើង​ព្រឺ​សម្បុរ…

    មិនមែន​ធម្មតា​ទេ!  បទ​ថ្មី​របស់ ហេង ពិ​ទូ ពីរោះ​ឡើង​ព្រឺ​សម្បុរ…

    កន្លែងចាស់​មិនបាន​ផ្លាស់ប្ដូរ​ឡើយ​សូម្បីតែ​បន្ដិច តែ​អនុស្សាវរីយ៍​ស្នេហ៍​ផ្អែមល្ហែម​របស់​មនុស្ស​ពីរ​នាក់​ដែល​ស្រឡាញ់គ្នា ត្រូវបាន​ផ្លាស់ប្ដូរ។ ហេតុតែ​ស្រឡាញ់ ហេតុតែ​នឹក ហេតុតែ​បារម្ភ ទើប​ធ្វើឱ្យ​បុរស​ម្នាក់​ឈឺ​ចុកចាប់​ដោយសារ​ស្រមោល​ស្នេហ៍​អតីតកាល​នៅនឹងកន្លែង​ដែល​គេ​តែងតែ​មក​រំឭក និង​ដាស់​អារម្មណ៍​ខ្លួនឯង​ជានិច្ច។

    មនោសញ្ចេតនា​របស់លោក ហេង ពិ​ទូ ត្រូវបាន​ចងក្រង​ជា​សាច់រឿង​មួយ ហើយ​តាក់តែង​ជា​បទ​ចម្រៀង កំពុង​រៀបរាប់​ពី​អារម្មណ៍​ដ៏​សោកសៅ​ទាំងនោះ និង​កំពុងតែ​ទាក់ចិត្ត​យុវវ័យ​យ៉ាងខ្លាំង។

    មេ​ឡូ​ឌីមួយៗ យឺតៗ ជា​លក្ខណៈ​ប្រភេទ​បទ​ស្ល៊ូ​រ៉ុ​ក ស្ដាប់​ហើយ​មាន​អារម្មណ៍​ថា លន្លង់លន្លោច ស្រណោះ​ស្តាយ និង​ពីរោះ​ខ្លាំង​បំផុត​ដល់​ថ្នាក់​ព្រឺ​សម្បុរ​ខ្ញាក​មួយ​បទ​នេះ មាន​ចំណងជើង​ថា «គេច​ង់ ឬ She wanted» បាន​បង្ហោះ​នៅលើ Page Facebook ផ្ទាល់​របស់លោក ហេង ពិ​ទូ កាលពី 16 ម៉ោង​មុននេះ ឥឡូវនេះ​មាន​ទស្សនិកជន​គាំទ្រ​ទស្សនា​រហូតដល់​ទៅ 185K Views ទៅហើយ។

    ចង់ដឹងថា តើ​ពីរោះ​ប៉ុនណា​នោះ តោះ! មក​ស្ដាប់​ទាំងអស់គ្នា​តាមរយៈ​វីដេអូ​ខាងក្រោម​នេះ ៖

  • ម៉ៃ ដាវី​កា បញ្ចេញ​ឈុត​សិច​ស៊ី​ញាក់សាច់

    ម៉ៃ ដាវី​កា បញ្ចេញ​ឈុត​សិច​ស៊ី​ញាក់សាច់

    តាមរយៈ​សារព័ត៌មាន Tvpoolonline បានឱ្យដឹងថា តារា​សម្ដែង​ឯក​ស្រី​ល្បីឈ្មោះ​រូប​សម្ផស្ស​ស្រស់ស្អាត​របស់​ប្រទេស​ថៃ នាង​ម៉ៃ ដាវី​កា កំពុងតែ​ក្លាយជា​ចាប់​ទី​អារម្មណ៍​របស់​សុភាពបុរស​ជាច្រើន​ខ្លាំង​បំផុត ព្រោះថ្មីៗនេះ​នាង​បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នៅលើ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដា​ក្រាម​របស់ខ្លួន​ដែល​បានបង្ហាញ​ពី​ភាព​សិច​ស៊ី​ខ្លាំង​គួរឱ្យ​ញាក់សាច់។

    តាមរយៈ​រូបភាព​ទាំងនោះ​បានបង្ហាញ​ឱ្យឃើញ​ថា នាង​ស្លៀក​ឈុត​ប៊ី​គី​នី​ហែល​ទឹក​បញ្ចេញ​សាច់​ដើមទ្រូង​សខ្ចី​មូលក្លំ ព្រមទាំង​គល់ភ្លៅ​ដ៏​ស​ស្រ​ឡូ​ន​ទាំងពីរ​របស់​នាង​នៅក្រោម​ពន្លឺព្រះអាទិត្យ ព្រមទាំង​បញ្ចេញ​ស្ទីល​សិច​ស៊ី​ដ៏​រោលរាល​នៅក្នុង​ទឹក​ដែល​ជាទី​ទាក់ចិត្ត​ដិតអារម្មណ៍​បំផុត​សម្រាប់បុរស។

    គួរបញ្ជាក់​ផងដែរ​ថា រូបថត​ប៉ុន្មាន​សន្លឹក​របស់​តារា​ស្រី​ម៉ៃ ដាវី​កា​នៅលើ​ឆ្នេរសមុទ្រ Maldive នេះ​ត្រូវបាន​ថត​ដោយ​ជាង​ថតរូប​ល្បីឈ្មោះ​ម្នាក់​ដែលមាន​ឈ្មោះថា ណង​ណាយ ណៈ​ផាត់៕

  • អត្រា​បោះបង់​ការសិក្សា​របស់​សិ​ស្ស​កម្ពុជា​នៅមាន​ចំនួន​ខ្ពស់​នៅឡើយ

    អត្រា​បោះបង់​ការសិក្សា​របស់​សិ​ស្ស​កម្ពុជា​នៅមាន​ចំនួន​ខ្ពស់​នៅឡើយ

    សិស្ស​បោះបង់​ការសិក្សា​ជា​ចំណុច​អាទិភាព​មួយ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​យកចិត្តទុកដាក់ ព្រោះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក្រសួង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​ចំនួន​សិស្ស​ដែល​បោះបង់ចោល​ការសិក្សា ដើម្បី​បង្កើន​ចំនួន​ធនធានមនុស្ស​ឱ្យ​កាន់តែ​កើនឡើង​ក្នុងសង្គម។

    ការខិតខំ​ប្រឹងប្រែង​ទាំងអស់នេះ​បានផ្តល់​លទ្ធផល​ជា​វិជ្ជមាន​ជាច្រើន​តាមរយៈ​ការថយចុះ​នូវ​អត្រា​បោះបង់​ការសិក្សា​នៅ​ថ្នាក់បឋមសិក្សា តែ​ចំនួន​សិស្ស​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ នៅមាន​ចំនួន​ច្រើន​នៅឡើយ។

    យោងតាម​សុច​នាករ និង​ទិន្នន័យ​ដែល​ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ឆ្នាំ​សិក្សា 2015-2016 ដែល​ដកស្រង់​ដោយ​អង្គការ UNICEF បានបង្ហាញ​ឱ្យឃើញថា ចំនួន​សិស្ស​ដែល​បោះបង់ចោល​ការសិក្សា​នៅ​កម្រិត​អនុវិទ្យាល័យ​មាន​ចំនួន 17% និង​សិស្ស​វិទ្យាល័យ​មាន​ចំនួន​អ្នក​បោះបង់​ការសិក្សា​ប្រមាណ 19%។ ទិន្នន័យ​នេះ​ជា​ចំនួន​ធំ​មួយ​នៅឡើយ​ប្រសិនបើ​គិតពី​ចំនួន​សិស្ស​សរុប​នៅ​កម្ពុជា​ដែលមាន​ចំនួន​រាប់ម៉ឺន​នាក់។

    ការបោះបង់​ការសិក្សា​ត្រូវបាន​ក្រសួង​អប់រំ និង​ដៃគូ​នានា​មើលឃើញថា មកពី​កត្តា​ជាច្រើន​ដូចជា បញ្ហា​ថវិកា បញ្ហា​នៃ​ការធ្វើដំណើរ និង​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ។ នៅពេលដែល​សិស្ស​បាន​ចូលរៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ វ័យ​របស់​ពួកគេ​គឺជា​វ័យ​ដែល​ត្រូវ​បម្រើ​ការងារ​នានា​ដើម្បី​ស្វែងរក​ចំណូល​សម្រាប់​ធ្វើការ ហេតុនេះ​ការបោះបង់ចោល​ការសិក្សា​សម្រាប់​សិស្ស​នៅ​ជនបទ​គឺ​នៅតែ​ជា​ចំណុច​ប្រឈម​មួយ​ដែល​ត្រូវ​ដោះស្រាយ៕

  • អ្នក​ចូលចិត្ត​ញ៉ាំ​បង្គា​គួរ​ប្រយ័ត្ន​ផង ព្រោះ​មាន​ផ្ទុក​ជាតិ Formaline ច្រើនណាស់!!!

    អ្នក​ចូលចិត្ត​ញ៉ាំ​បង្គា​គួរ​ប្រយ័ត្ន​ផង ព្រោះ​មាន​ផ្ទុក​ជាតិ Formaline ច្រើនណាស់!!!

    ភ្នំពេញ៖ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​កម្សាន្ត​ទៅ​តំបន់ឆ្នេរ​សមុទ្រ​កំពត ឬ​កំពង់សោម តែង​ប្រាថ្នា​បរិភោគ​បង្គា​ស្រស់​ដែល​ដាក់លក់​នៅ​ទីនោះ ដោយ​គិតថា​ជា​ប្រភេទ​បង្គា​ដែល​អ្នកនេសាទ​ស្រង់​មកថ្មីៗពី​សមុទ្រ​គ្មាន​សារធាតុ​គីមី ប៉ុន្តែ​វា​មិនមែន​ដូច្នោះ​ទាំងអស់​នោះទេ បង្គា​មួយចំនួន​ត្រូវបាន​រកឃើញថា មាន​ផ្ទុក​ទៅដោយ​សារធាតុ​គីមី​ហ្វ័​រក​ម៉ុ​ល(Formaline)ទៀតផង។

    កាល​ព្រឹក​ថ្ងៃទី15 ខែសីហា ឆ្នាំ2017កន្លងទៅនេះ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ​បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព និង​សុវត្ថិភាព​ម្ហូបអាហារ និង​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ និង​ធ្វើតេស្ត​លើ​អាហារ​សមុទ្រ​ស្រស់(បង្គា មឹក) ប្រហិត​ចម្រុះ បន្លែ និង​សរសៃ​គុយទាវ​ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​លើ​ម្ហូបអាហារ​ដែល​ដាក់តាំង​លក់​នៅក្នុង​ផ្សារលើ​ក្នុង​ក្រុងព្រះសីហនុ។

    ជា​លទ្ធផល ការធ្វើ​តេស្ត​បឋម​លើ​គ្រឿង​សមុទ្រ​ស្រស់ មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​រកឃើញ និង​ដកហូត​បង្គា​ចំនួន13គីឡូក្រាម​ដែលមាន​ដាក់​លាយ​សារ​ធាតុគីមី (Formaline) ហាមឃាត់​និង​បានឱ្យ​ម្ចាស់​បង្គា​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រើប្រាស់​សារធាតុ​គីមី​នេះ​បន្តទៀត និង​ក្នុងករណី​មិន​រាងចាល​នឹង​អនុវត្តតាម​ផ្លូវច្បាប់​ជា​បន្ត។ ក្រោយពី​ធ្វើការ​ដកហូត​រួច ក្រុមការងារ​បានធ្វើកា​រ​ដុត​កម្ទេចចោល ដោយមាន​ការយល់ព្រម និង​ចូលរួម​ពី​ម្ចាស់​ទំនិញ​ផងដែរ។

    គួរ​បញ្ជាក់ថា ជាទូទៅ​សារធាតុ​ហ្វ័​រក​ម៉ុ​ល ហៅ​ជា​ភាសា​អង់គ្លេស​ថា Formaline នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ជាមួយ​សាកសព​ដើម្បី​រក្សា​សភាព​ទុកឱ្យ​បានយូរ​កុំឱ្យ​ធំក្លិន​សាយភាយ ប៉ុន្តែ​អាជីវករ និង​ជនខិលខូច​មួយចំនួន​បាន​យក​សារធាតុ​ហ្វ័​រក​ម៉ុ​ល​នេះ​មក​ដា​ក់លើ​ត្រី​សាច់​ដើម្បី​រក្សាទុក​បានយូរ កុំឱ្យ​ស្អុយ ហើយ​ប្រសិនបើ​អ្នក​មិនដឹង ទទួលទាន​អាហារ​ដែល​ផ្ទុក​សារធាតុ​ហ្វ័​រក​ម៉ុ​ល​នេះ​ចូលទៅ វា​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព៕