Category: សង្គម និងសេដ្ឋកិច្ច

  • Nokia 8 ៖ ថា​ភ្លោះ ភ្លោះ​មែន!

    Nokia 8 ៖ ថា​ភ្លោះ ភ្លោះ​មែន!

    ក្រោយពី​វិល​រក​មិត្ត​ចាស់​ដែល​បាន​បែក​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក Nokia បានធ្វើឱ្យ​ពិភព​ស្មា​ត​ហ្វូ​ន​មានការ​ភ្ញាក់ផ្អើល​ឡើងវិញ បន្ទាប់ពី​វត្តមាន​ទូរស័ព្ទ Nokia 8 បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ត្រូវបាន​បង្ហាញខ្លួន​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ​ហើយ។ រូបរាង និង​សមត្ថភាព​របស់​ស្មា​ត​ហ្វូ​ន​នេះ វា​ដូច​ទៅនឹង​អ្វីដែល​ព័ត៌មាន​ចចាមអារ៉ាម​បាន​ចុះផ្សាយ​ស្ទើរ​គ្មាន​ខុស។

    ការឈាន​ជំហាន​ថ្មី​នេះ Nokia 8 ត្រូវបាន​បំពាក់​នូវ​បច្ចេកវិទ្យា​កាមេរ៉ា LensCarl Zeiss optic ពី​ក្រុមហ៊ុន Carl Zeiss AG របស់​អាល្លឺម៉ង់ ក្រោយពី​ចាប់ដៃគ្នា​ម្ដងទៀត​កាលពី​ខែ​មុន។ ស្មា​ត​ហ្វូ​ន​នេះ​មាន​អេក្រង់​ទំហំ 5.3 អ៊ី​ញ ប្រភេទ IPS LCD2.5D Gorilla Glass 5អាច​បង្ហាញ​រូបភាព​ដល់​កម្រិត QHD ដោយមាន​គែម​អេក្រង់​កោង​បន្តិច និង​មាន​តួខ្លួន​ផលិត​ពី​អាលុយមីញ៉ូម 6000 series រឹង​ដូច Nokia 6 ដែរ។

    ចំពោះ​កាមេរ៉ា​របស់​វា Nokia បានឱ្យដឹងថា វា​អាច​ថតរូប​បាន​ច្បា​ស់ទាំង​ខាងមុខ និង​ខាងក្រោយ ដោយ​ខាងក្រោយ​មាន​ទំហំ 13MP ទាំង 2 គ្រាប់ ដោយ​មួយ​ជា​ប្រភេទ​ពណ៌ មួយទៀត​ជាMonochrome1.12µm pixels f/2.0 Aperture។ កាមេរ៉ា​នេះ​ក៏មាន​ប្រើ​បច្ចេកវិទ្យា​ទប់​លំនឹង​នៅពេល​ថត optical image stabilization (OIS) និង Laser autofocus ។ ក្នុងនោះ​វា​ក៏មាន​មុខងារ​ពិសេស អាច Livestream វីដេអូ​ផ្ទាល់​ចូលក្នុង​YouTube និង Facebook ពី​កាមេរ៉ា​មុខក្រោយ​ក្នុងពេល​តែមួយ​ដែល​ក្រុមហ៊ុន​ហៅថា Dual-Sight ។

    Nokia ក៏បាន​បន្ថែម​មុខងារ​ថត​សំឡេង​ថ្មី OZO អាច​ថត​បាន​ទំហំ 360 ឌឺ​ក្រេ ប្រភេទ Surround ច្បាស់​ល្អ​លើស​បច្ចេកវិទ្យា Stereo ហើយ​មួយទៀត​ទូរស័ព្ទ​នេះ​ក៏មាន​សមត្ថភាព​អាច​ថត​វីដេអូ​ដល់​កម្រិត 4K បាន។ ដោយឡែក​សមត្ថភាព​ម៉ាស៊ីន Nokia 8 ប្រើ​នូវ​បន្ទះ​ឈី​ប Snapdragon 835 ទំហំ​ផ្ទុក 64GB និង​ដំណើរការ​ដោយ​ប្រព័ន្ធ​Android 7.1 ចេញពី​ប្រអប់ ប៉ុន្តែ​វា​អាច Update ទៅ Android O ពេល​វា​ដាក់ចេញ​ជា​ផ្លូវការ។ ចំពោះ​តម្លៃ​ស្មា​ត​ហ្វូ​ន​នេះ​ត្រូវបាន​ក្រុមហ៊ុន​បង្ហើប​ថា មានតម្លៃ​ប្រមាណ 600 អឺរ៉ូ ប្រហែល​នឹង 700 ដុល្លារ ដោយ​ត្រៀម​ដាក់លក់​នៅក្នុង​ខែកញ្ញា​ខាង​មុននេះ៕

     

     

     

  • ឱកាស​របស់​ក្រុមហ៊ុន​កម្ពុជា​បានមក​ដល់​ហើយ ដើម្បី​ឈានទៅ​ក្លាយជា​អ្នកជំនាញ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗ  

    ឱកាស​របស់​ក្រុមហ៊ុន​កម្ពុជា​បានមក​ដល់​ហើយ ដើម្បី​ឈានទៅ​ក្លាយជា​អ្នកជំនាញ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗ  

    ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ថៃ នាពេល​កន្លងមក​ប្រទេស​ថៃ​បាន​ប្រឹងប្រែង​បង្កើន​សកម្មភាព​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​រួមគ្នា។ ថ្មីៗនេះ​តំណាង​ពាណិជ្ជកម្ម​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗនៅ​ប្រទេស​ថៃ (events Organizer) កំពុងមាន​ចំណាប់អារម្មណ៍​ក្នុង​ការធ្វើ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​នៅ​កម្ពុជា​ជាខ្លាំង។

    លោក ជី​រ៉ា​វុ​ឍ សុវណ្ណ​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​ថា​ដោយ​ផ្អែកទៅលើ​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​ដែលមាន​ការរីកចម្រើន​ខ្លាំង គួបផ្សំ​នឹង​ការរក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​រៀងរាល់ឆ្នាំ បានធ្វើឱ្យ​ពាណិជ្ជករ​ថៃ​ក៏ដូចជា​ក្រុមហ៊ុនធំៗជាច្រើន​មានការ​ចាប់អារម្មណ៍​លើ​ទីផ្សារ​កម្ពុជា​យ៉ាងខ្លាំង។ លោក​បន្ដថា ក្រៅពី​មាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ផ្នែក​សំណង់ សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ម្ហូបអាហារ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​និង​ការផលិត​ភាពយន្ដ​ជាដើម​បានមក​ធ្វើ​កិច្ច​សហការគ្នាជាមួយ​ក្រុម​ហ៊ុន​នៅ​ប្រទេស​កម្ពុជា​ហើយ បច្ចុប្បន្ន​ក៏មាន​ក្រុមហ៊ុន​ដែលមាន​អាយុកាលចំណាស់ៗនៅ​ប្រទេស​ថៃ​មាន​ជំនាញ​លើ​ការងារ​រៀបចំ​កម្មវិធី​ព្រឹ​ត្ដិ​ការណ៍ធំៗ (events Organizer)ជាច្រើន​ចាប់អារម្មណ៍​ចង់​សហការ​ជាមួយនឹង​ក្រុមហ៊ុន​នៅ​កម្ពុជា។

    អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ បន្ថែមថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​នៅ​បណ្ដា​ប្រទេស​រីកចម្រើន​មួយចំនួន​នៅក្នុង​តំបន់​កំពុងតែ​មានការ​ចាប់អារម្មណ៍​លើ​ផ្នែក​នេះ ពិសេស​ពួកគេ​ក៏​កំពុង​តែមាន​សក្ដានុពល​នៅក្នុង​តំបន់​ផងដែរ ដូចជា​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ជាដើម។ ដូច្នេះ​លោក​មានជំនឿថា ប្រសិនបើ​ក្រុមហ៊ុន​នៅ​កម្ពុជា និង​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ​រួម​សហការគ្នា​លើ​ការងារ​នេះ នឹង​អាច​ជំ​រុញឱ្យ​ប្រទេស​ទាំងពីរ​មាន​សក្ដានុពល​លើ​ផ្នែក​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗ ដូច​បណ្ដា​ប្រទេស​ទាំង​នោះដែរ។

    លោក ជី​រ៉ា​វុ​ឍ សុវណ្ណ​អាត សង្កត់ធ្ងន់ថា៖«តាមរយៈ​កិច្ចសហការ​នេះ​ក្រៅពី​បានធ្វើឱ្យ​ក្រុមហ៊ុន​នៅ​កម្ពុជា​មានដំណើរ​ការល្អ​លើ​ការរៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗឈានទៅ​ក្លាយជា​ក្រុមហ៊ុន​ជំនាញ និង​មាន​សក្ដានុពល​ខ្លាំង​ហើយ យុវជន​កម្ពុជា​ក៏មាន​ឱកាស​បាន​រៀនសូត្រ​ពីបទ​ពិសោធ​ជាច្រើន​ពី​ដៃគូ​មកពី​ប្រទេស​ថៃ​ផងដែរ ព្រោះ​ក្រុមហ៊ុន​ទាំងនោះ​មាន​បទពិសោធ​មិនតិចជាង50ឆ្នាំ​ទេ ពោល​ចាប់តាំងពី​ប្រទេស​ថៃ​បើក​ទីផ្សារសេរី​មកម្ល៉េះ ម្យ៉ាង​ពួកគេ​ក៏មាន​គំនិត​ច្នៃ​បង្កើតថ្មី(Creative)ច្រើន​ដែរ ។ ខ្ញុំ​សង្ឃឹមថា តាមរយៈ​កិច្ចសហការ​នាពេល​អនាគត ក្រុមហ៊ុន​ថៃ​នឹង​ផ្ដល់​ការអប់រំ ឬក៏​អាច​បញ្ជូន​យុវជន​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​ផ្ទាល់​តែម្ដង លើ​ផ្នែក​ជំនាញ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​បំពេញ​កិច្ចការងារ​ឱ្យមាន​ប្រសិទ្ធភាព»។

    គួរ​បញ្ជាក់ថា នៅ​ខែវិច្ឆិកា ឆ្នាំ2017ខាងមុខ ក្រុមហ៊ុន​មាន​បទពិសោធ​លើ​ការងារ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗប្រមាណ20ក្រុមហ៊ុន​នឹង​មកដល់​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ដៃគូ​សហការគ្នាជាមួយ​ក្រុមហ៊ុន​នៅ​កម្ពុជា។ កម្មវិធី​នេះ​នឹងត្រូវ​រៀបចំឡើង​ដោយ​តំណាង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា​ផងដែរ៕

  • ក្រសួង​ចំនួន4 រួមគ្នា​ដោះស្រាយ​បញ្ហា​ទីផ្សារ​ផលិតផល​ខ្មែរ

    ក្រសួង​ចំនួន4 រួមគ្នា​ដោះស្រាយ​បញ្ហា​ទីផ្សារ​ផលិតផល​ខ្មែរ

    ភ្នំពេញៈ ក្រសួង​ចំនួន4 បាន​បើក​សិក្ខាសាលា​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិផល និង​ផលិតផល​ខ្មែរ​ដែល​ផលិត​ក្នុងស្រុក​ដើម្បី​ជំរុញ​ការនាំចេញ ក្នុងនោះ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​ជំរុញ​ឲ្យ​វិស័យ​ឯកជន​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ផង។

    ក្រសួង​ទាំង4 នោះ​រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួងទេសចរណ៍។

    ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​នា​ព្រឹក​ថ្ងៃទី១៧ សីហា​នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​សុំ​ឲ្យ​វិស័យ​ឯកជន​រួមគ្នា​ដោះស្រាយ​បញ្ហា​ទីផ្សារ​ផលិតផល​របស់​ពួកគេ​ដើម្បី​ជំរុញ​ការនាំចេញ​របស់​កម្ពុជា និង​បាន​ជំរុញ​ឲ្យ​តំណាង​វិស័យ​ឯកជន​ធ្វើការ​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ដើម្បី​លើក​ជា​សំណូមពរផ្សេងៗមកកាន់​គណៈអធិបតី​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ការ​សមស្រប។

    ឯក​ឧ​ត្ក​ម​បាន​បន្តថា នេះ​ជា​លើក​ទី2ហើយ​ដែល​ក្រសួងពាណិជ្ជកម្ម​បា​នស​ហ​ការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងទេសចរណ៍​ធ្វើ​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង​ដើម្បី​កំណត់​នូវ​បញ្ហា​ប្រឈម និង​ដាក់ចេញ​នូវ​វិធានការ​ឆ្លើយតប​នានា​សំដៅ​លើកកម្ពស់​ចង្វាក់​ផលិតកម្ម និង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​សម្រាប់​ផលិតផល​ខ្មែរ។

    រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ក៏បាន​លើកយក​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ដែល​សម្រេច​បានជា​មធ្យ​ម7ភាគរយ​ក្នុង​រយៈពេល2ទសវត្សរ៍​ចុងក្រោយ និង​ការប្តេជ្ញាចិត្ត​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការបន្ត​ស្វែងរក​ទីផ្សារ​ជូន​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​នៅ​កម្ពុជា។ លើសពីនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ជំហរ​គាំទ្រ ចំពោះ​ការចាប់​ដៃគូ​ធុរកិច្ច​រវាង​ម្ចាស់​ផលិតផល និង​អ្នកទទួល​ទិញ​នៅក្នុង​សិក្ខាសាលា​ដែលជា​វឌ្ឍនភាព​ថ្មី​មួយទៀត​សម្រាប់​លើកកម្ពស់​កិត្យានុភាព​របស់​ផលិតផល​ខ្មែរ៕

  • ធ្លាយ​រឿង Seungri លួច​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​តារា​ស្រី​ហ្វី​លី​ពី​ន

    ធ្លាយ​រឿង Seungri លួច​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​តារា​ស្រី​ហ្វី​លី​ពី​ន

    តាមរយៈ​សារព័ត៌មាន​កម្សាន្ដ​រប​ស់​ប្រទេស​ថៃ Teenee ដែល​ចេញផ្សាយ​នៅថ្ងៃនេះ​ថា ជា​ព័ត៌មាន​មួយ​ដែល​កំពុង​ល្បី​ពេញ​ប្រទេស​កូរ៉េខាងត្បូង​ដែល​តារាចម្រៀង​ប្រុស លោក Lee Seung Hyun ឬ Seungri សមាជិក​ចម្រៀង​ក្រុម Big Bang កំពុង​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​បង្ហាញ​ម៉ូដ​ស្រី​ល្បីឈ្មោះ​មួយរូប​របស់​ប្រទេស​ហ្វី​លី​ពី​ន​យ៉ាងស្ងាត់ៗនៅលើ​ទឹកដី​កោះ​បាលី។

    សារព័ត៌មាន​ខាងលើ​បានឱ្យដឹង​បន្ដទៀតថា នៅក្នុង​ពិធីជប់លៀង​ដ៏​ធំ​មួយ​នៅលើ​ទឹកដី​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី តារា​បង្ហាញ​ម៉ូដ​ស្រី​ជនជាតិ​ហ្វី​លី​ពី​ន នាង Ellen Adarna បាន​អង្គុយ​ក្បែរ​តារាចម្រៀង​ប្រុស Seungri យ៉ាង​ស្និទ្ធស្នាល​ផ្អែមល្ហែម និង​នែបនិត្យ​រហូតដល់​សាច់​ប៉ះ​សាច់​ទៀតផង។

    គួរបញ្ជាក់​ផងដែរ​ថា ព័ត៌មាន​នេះ​កំពុងតែ​ផ្ទុះឡើង និង​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​បណ្ដាញ​ពិភព​សិល្បៈ​កូរ៉េ ដែល​រហូត​មកទល់ពេលនេះ​នៅ​មិនទាន់មាន​តំណាង ឬ អ្នកគ្រប់គ្រង​តារា​នៅក្នុង​ផលិតកម្ម YG Entertaiment ណាមួយ​ចេញមក​បំភ្លឺ​អំពី​រឿងនេះ​នៅឡើយ​ទេ៕

  • Paris Hilton រងគ្រោះ ព្រោះ​លេច​ធ្លាយ​វីដេអូ​សិច​របស់ខ្លួន

    Paris Hilton រងគ្រោះ ព្រោះ​លេច​ធ្លាយ​វីដេអូ​សិច​របស់ខ្លួន

    ថ្មីៗនេះ​អតីត​តារាចម្រៀង​ស្រី​ស៊េរី​ចាស់​ល្បីឈ្មោះ​ម្នាក់  Paris Hilton បានផ្ដល់​បទ​សម្ភាស​ជាមួយ​ទស្សនា​វ​ដ្តី Marie Claire  ដោយ​នាង​បាន​រៀបរាប់​ពី​អារម្មណ៍​ពិត​របស់ខ្លួន អំពី​ការ​លេច​ធ្លាយ​នូវ​វីដេអូ​សិច​របស់​នាង ដែលមាន​ចំណងជើង​ថា “One Night In Paris” ឬ​យប់​មួយ​នៅក្នុង​ទីក្រុង​ប៉ារីស កាលពី​ឆ្នាំ 2014។

    វីដេអូ​សិច​ទាំងមូល​បានបង្ហាញ​ពី​ភាពស្រស់ស្អាត​របស់​សណ្ឋាគា​រ Hilton Hotel Group ជាទី​កន្លែង​ដែល​នាង​ជួបនឹង​ភាពអាម៉ាស និង​សោកស្ដាយ​ខ្លាំង​បំផុត​នៅក្នុង​ឆាកជីវិត ហើយ​វីដេអូ​នេះ​ផងដែរ​ត្រូវបាន​ថត​ដោយ​អតីត​សង្សារ​របស់​នាង​ឈ្មោះ Rick Salomon នៅ​ទីក្រុង​ប៉ារីស​ដែល​បាន​បញ្ចេញ​ខ្សែ​វីដេអូ​របស់​នាង​ដោយ​គ្មាន​ការអនុញ្ញាត​អំពី​នាង​ឡើយ។

    Paris Hilton បាន​បន្ដ​ប្រាប់​ទស្សនាវដ្ដី Marie Claire ថា “ជាការ​ពិតណាស់ ខ្ញុំ​ឈឺចាប់​ខ្លាំងណាស់​ដោយសារ​តែមួយ​ជីវិត​នេះ ខ្ញុំ​ស្រឡាញ់​ជីវិត​ដូចជា​ម្ចាស់​ក្ស​ត្រី Diana  ដែល​ពោរពេញ​ទៅដោយ​ភាពស្រស់ស្អាត និង​មាន​រាង​ស្វែ​ល​ស្អាត​ជាង​ស្ត្រី​ដ៏​ទៃ ហើយ​ទទួលបាន​ពរជ័យ​គ្រប់​ក្តី​ប្រាថ្នា​ទាំងអស់។ ខ្ញុំ​គួរតែ​មានជីវិត​បែប​នោះ ប៉ុន្តែ​ដោយសារតែ​វីដេអូ​នោះ ទើប​ខ្ញុំ​ត្រូវបាន​គេ​វិនិច្ឆ័យ និង​និយាយដើម​ក្នុង​ផ្លូវ​អាក្រក់​ជាមួយ​មិត្ត​ប្រុស​របស់ខ្ញុំ”។

    គួរបញ្ជាក់​ផងដែរ​ថា រឿងអាស្រូវ​ដ៏​គួរឱ្យ​អាម៉ាស​នេះ បាន​រីក​សាយភាយ​ពេញ​ពិភពលោក ដែលជា​ហេតុ​បណ្ដាលឱ្យ​នាង​ក្លាយជា​មនុស្ស​ស្រី​ម្នាក់​បាត់បង់​ការងារ និង​អាជីព​ដែល​ខ្លួន​ស្រឡាញ់ ។ Paris Hilton បានបញ្ជាក់​ប្រាប់ថា “បើ​គ្មាន​វីដេអូ​សិច​នោះទេ ម្លេះ​ខ្ញុំ​បានក្លាយ​ទៅជា​ម្ចាស់​ក្ស​ត្រី Diana បាត់ទៅហើយ”៕

  • ទៀតហើយ! អាហារ​ដែល​យើង​ញ៉ាំ​រាល់​ព្រឹក​ត្រូវបាន​រកឃើញថា មាន​ផ្ទុក​សារធាតុ​គីមី​ខ្ពស់

    ទៀតហើយ! អាហារ​ដែល​យើង​ញ៉ាំ​រាល់​ព្រឹក​ត្រូវបាន​រកឃើញថា មាន​ផ្ទុក​សារធាតុ​គីមី​ខ្ពស់

    ភ្នំពេញ៖ កាលពី​សប្តាហ៍​កន្លងទៅ​នេះ គេហទំព័រ​កាសែត​ឡា​រ៉ែ​ន បានចេញ​ផ្សាយ​ជា​បន្តបន្ទាប់​អំពី​អាហារ និង​បន្លែផ្សេងៗដែល​ផ្ទុក​សារ​ធាតុគីមី​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព ឥឡូវនេះ​ស្រាប់តែ​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​រកឃើញ​មាន​សារធាតុ​គីមី​ខ្ពស់​នៅលើ​អាហារ​ដែល​យើង​ញុំ​ា​រាល់​ព្រឹក​ទៀតហើយ និង​បាន​ហាមឃាត់​មិនឱ្យ​ចរាចរ​លក់​នៅលើ​ទីផ្សារ​ជា​បន្ត​ទៀតផង។

    ការរកឃើញ​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី16 ខែសីហា ឆ្នាំ2017ម្សិលមិញ​នេះ​បន្ទាប់​រថយន្ត​ពិសោធ​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​បាន​ចុះទៅ​ត្រួតពិនិត្យ​ទំនិញ បន្លែ ផ្លែឈើ​នៅក្នុង​ផ្សារ​តាកែវ ដោយបាន​ធ្វើការ​ដកហូត​បន្លែ​ផ្លែឈើ​ជា​គំរូ​ចំនួន56គំរូ​សម្រាប់​យកទៅ​ពិសោធ​ក្នុង​រថយន្ត​ចល័ត។ ជា​លទ្ធផល​ក្រោយពី​បានធ្វើ​តេស្ត​ពិសោធ​លើ​បន្លែ​ផ្លែឈើ និង​ស​សៃ​គុយទាវ​រួចហើយនោះ មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​រកឃើញ​នូវ​សំណល់​ថ្នាំ​កសិកម្ម​នៅលើ​ស្លឹក​ជីររណា និង​សារធាតុ​ប៉ូ​រ៉ា​ក់លើ​សរសៃ​គុយទាវ​បាញ់​កាញ់។ ទំនិញ​ដែល​រកឃើញ​នូវ​សារ​ធាតុគីមី​ហាមឃាត់ និង​សំណល់​ថ្នាំ​កសិកម្ម​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ចាត់វិធានការ​ដោយ​ហាម​លែងឱ្យ​ចរាចរ​លក់​លើ​ទីផ្សារ​តទៅទៀត​ទេ ព្រោះ​វា​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​មនុស្ស​យ៉ាងធ្ងន់ធ្ងរ។

    នៅក្នុង​យុទ្ធនាការ​ត្រួតពិនិត្យ​ទំនិញ បន្លែ ផ្លែឈើ​ដោយ​រថយន្ត​ពិសោធ​ចល័ត​របស់​កាំកុងត្រូល​នេះ បានធ្វើ​ឡើង​ក្រោម​ការដឹកនាំ និង​ចូលរួម​ដោយ​លោក ខាន់ សុខា អភិបាលរង​ខេត្ត លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយនឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ត្រីនគរបាល​ប្រចាំការ​នៅ​ផ្សារ​តាកែវ។

    គួរ​បញ្ជាក់ថា ម្សៅ​ប៉ូ​រ៉ា​ក់​ត្រូវបាន​គេ​ដាក់​ក្នុង​ប្រហុក ផ្អក ណែម ជើងមាន់ ឬ​សរសៃ​គុយទាវ​ដើម្បីឱ្យ​សាច់​វាស ស្វិត និង​រក្សាទុក​បានយូរ ប៉ុន្តែ​សារធាតុ​ទាំងនេះ​ជា​សារធាតុ​គីមី ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​យ៉ាងខ្លាំង​ទើប​មានការ​ហាមប្រាម​មិនឱ្យ​ចរាចរ​លក់​នៅលើ​ទីផ្សារ​ជាដាច់ខាត៕

  • Real Madrid ផ្តល់​ភាពអាម៉ាស​ដល់ Barcelona ដើម្បី​លើក​ពាន Super Cup

    Real Madrid ផ្តល់​ភាពអាម៉ាស​ដល់ Barcelona ដើម្បី​លើក​ពាន Super Cup

    ខ្សែប្រយុទ្ធ Marco Asensio បានបង្ហាញ​ឲ្យ​ឃើញ​ពី​មូលហេតុ​ដែល​រូបគេ​កំពុងតែ​ស្ថិតក្នុង​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ក្លិបកំពូលៗនៅ​អឺរ៉ុប ក្រោយពី​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី1គ្រាប់ ក្នុងពេល​ក្រុម Real Madrid បាន​បំបាក់​ក្រុម​ជើង​ខ្លាំង Barcelona 2 – ០ ដើម្បី​លើក​ពាន Super Cup របស់​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ពុធ។

    ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 3-1 ពី​ការប្រកួត​ជើង​ទី1 រួចមក  Real បានបង្ហាញ​ពី​ភាពច្បាស់លាស់​នៃ​ការលើក​ពាន​បើក​រដូវ​កាល​នេះ ក្រោយពី​លេង​បានត្រឹមតែ4នាទី ខណៈដែល​តារា​ឆ្នើម Asensio វ័យ21ឆ្នាំ បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ខណៈពេលដែល​មិត្ត​រួម​ក្រុម​របស់គេ បាន​រត់​ទៅកាន់​តំបន់​ប្រយុទ្ធ​យឺត​ពេល​បន្តិច​នោះ  Asensio បាន​ស៊ុត​បាល់​ពី​ចម្ងាយ​ចូលក្នុង​ទី​របស់​អ្នកចាំទី Marc-Andre ter Stegen នៃ​ក្រុម Barcelona តែម្តង។

    ខ្សែប្រយុទ្ធ Karim Benzema បាន​បន្ថែម​គ្រាប់​បាល់1គ្រាប់​ទៀត​ដើម្បី​បំពេញ​ការទទួល​ជ័យជម្នះ​របស់​ក្រុម​ខ្លួន​តែម្តង ខណៈដែល​លោក Ernesto Valverde គ្រូបង្វឹក​របស់​ក្រុម Barcelona បាន​គិតទុក​រួចស្រេច​ទៅហើយ​ថា នឹងត្រូវ​ប្រឈមមុខ​នឹង​ការងារ​ដ៏​លំបាក​មួយ​ក្នុងការ​ប្រជែង​ជាមួយនឹង Real Marid ដើម្បី​ឈ្នះ​ពាន​នៅ​រដូវ​កាល​នេះ។ Real Madrid បានចាប់ផ្តើម​យ៉ាង​ល្អឥតខ្ចោះ ហើយ​ពួកគេ​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​ក្នុង​តង់​ទី1 មុន​នឹងរង​សម្ពាធ​វិញ​ក្នុង​តង់​ទី2។

    ក្រុម Barcelona បាន​ព្យាយាម​វាយបក​វិញ​តាមរយៈ​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​ក្នុង​តង់​ទី2 ប៉ុន្តែ មិនអាច​រក​គ្រាប់​បាល់​បានឡើយ ខណៈដែល Lionel Messi និង Luis Suarez សុទ្ធសឹង​បាន​ស៊ុត​បាល់​ទៅ​ប៉ះ​នឹងរ​បាទី​ទាំងអស់។ ការទទួល​ជ័យជម្នះ​នេះ​បាន​បន្តធ្វើ​ឲ្យ​ក្រុម Real ទទួលជោគជ័យ​ក្រោម​ការដឹកនាំ​របស់លោក Zinedine Zidane ខណៈដែល​ក្រុម​ម្ចាស់​ជើងឯក​អឺរ៉ុប​មួយ​នេះ បច្ចុប្បន្ន​បានឈ្នះ​ពាន​ចំនួន៧ ក្នុង​រយៈពេល20ខែ ក្រោម​ការដឹកនាំ​របស់​លោក Zidane៕

    ប្រភពពី៖ The Sun

  • Matuidi ពិនិត្យ​សុខភាព​ជាមួយ Juventus មុននឹង​បំពេញ​ការផ្ទេរ​ពី​ក្លិប PSG

    Matuidi ពិនិត្យ​សុខភាព​ជាមួយ Juventus មុននឹង​បំពេញ​ការផ្ទេរ​ពី​ក្លិប PSG

    ខ្សែបម្រើ​អន្តរជាតិ​បារាំង Blaise Matuidi កំពុងតែ​ស្ថិត​លើផ្លូវ​ឆ្ពោះទៅកាន់​ការបំពេញ​ការ​ផ្ទេរ​ជា​ផ្លូវការ​ទៅកាន់​ក្លិប  Juventus ដែល​បាន​យល់ព្រម​ចំណាយ​ប្រាក់​ទៅ​ឲ្យ​ក្លិប Paris Saint-Germain ក្នុង​ទឹកប្រាក់​ប្រមាណ​ជា20លាន​អឺរ៉ូ (ស្មើនឹង23.5លាន​ដុល្លារ​អាមេរិក) បូក​រួមទាំង​ប្រាក់ឧបត្ថម្ភផ្សេងៗទៀត ក្រោយពី​ទទួលបាន​ការត្រួតពិនិត្យ​សុខភាព​កាលពី​ថ្ងៃ​ពុធ។ Matuidi ដែល​បានឈ្នះ​ពាន​ក្របខ័ណ្ឌ​លី​ក4លើកជាប់ៗគ្នា​ជាមួយនឹង​ក្រុម PSG នោះ ត្រូវបាន​ស្វាគមន៍​ដោយ​អ្នកគាំទ្រ​ជាច្រើន​នាក់​ក្នុងពេល​រូបគេ​ធ្វើដំណើរ​ទៅដល់​អាកាសយានដ្ឋាន Caselle ក្នុង​ទីក្រុង Torino កាលពី​ថ្ងៃ​ពុធ​មុនពេល​ទទួល​ការត្រួតពិនិត្យ​សុខភាព។

    រូបគេ​ត្រូវបាន​រំពឹងទុក​ថា នឹង​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​ដែល​នឹងធ្វើ​ឲ្យ​ខ្សែបម្រើ​វ័យ30ឆ្នាំ​រូបនេះ​ទទួលបាន​ចំណូល3.5លាន​អឺរ៉ូ (ស្មើនឹង4.1លាន​ដុល្លារ​អាមេរិក) ក្នុង​មួយ​រដូវ​កាល​នេះ។ នេះ​បើ​យោងទៅតាម​ការចេញផ្សាយ​របស់​គេហទំព័រ Gazzetta dello Sport។ ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល​ដែល​ជំនាញ​ខាង​គ្រប់គ្រង​បាល់​យ៉ាងរឹងមាំ និង​មាន​សមត្ថភាព​ក្នុងការ​បញ្ជូន​បាល់​យ៉ាង​ល្អ​ឱ្យទៅ​ដៃគូ​រូបនេះ បាន​ក្លាយជា​គោលដៅ​របស់​ក្លិប Juventus ជា​យូរ​មកហើយ។ Juventus បានប្រកាស​ពី​ការផ្ទេរ​នេះ​តាមរយៈ​ការ​បង្ហោះ​រូបថត​មួយ​នៅលើ​គេហទំព័រ​របស់​ពួកគេ ដែល​បង្ហាញ​ពី Matuidi កំពុងតែ​សើច​ពេលធ្វើ​ដំណើរ​ដល់​កន្លែង​ពិនិត្យ​សុខភាព។

    កីឡាករ​រូបនេះ​នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ទី9របស់ Juventus នៅ​រដូវក្តៅ​នេះ ក្រោយពី​ការនាំយក​កីឡាករ Douglas Costa (Bayern Munich), Mattia Di Sciglio (AC Milan), Federico Bernardeschi (Fiorentina) និង​អ្នកចាំទី Wojciech Szczesny (Roma)៕

    ប្រភពពី៖ Sport24

  • ក្រុមហ៊ុន​រថយន្ត​អាមេរិក​បង្ហាញ​ភាពជោគជ័យ​នៃ​ការលក់​រថយន្ត Pickup នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

    ក្រុមហ៊ុន​រថយន្ត​អាមេរិក​បង្ហាញ​ភាពជោគជ័យ​នៃ​ការលក់​រថយន្ត Pickup នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

    ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក Ford បានបង្ហាញ​ភាពជោគជ័យ​នៃ​ការនាំចេញ​រថយន្ត​ទៅ​លក់​នៅ​ទីផ្សារ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ 2017 ថា​បាន​កើនឡើង 21% ប្រៀបធៀប​នឹង​ឆ្នាំ 2016។

    តាម​របាយការណ៍​ដែល​ចេញ​ដោយ​ក្រុមហ៊ុន Ford បានឱ្យដឹងថា តួលេខ​នៃ​ការលក់​របស់​រថយន្ត Ford Ranger បាន​កើនឡើង​រហូតដល់ 21%  ធៀប​ទៅ​បើ​ប្រៀប​នឹង​ឆ្នាំ 2016 នៃ​ទីផ្សារ​ប្រទេស​អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ហ្វីលីពីន តៃវ៉ាន់ ថៃ និង​វៀតណាម។ ដោយ​ក្នុងនោះ រថយន្ត​នេះ​ជាប់​ចំណាត់ថ្នាក់​ជា​រថយន្ត​លក់ដាច់​បំផុត​នៅ វៀតណាម តៃវ៉ាន់ កម្ពុជា ញូ​ដេលី​ដូ​នី និង​នូ​វែ​ល​សេ​ឡង់។

    តាម​ការបញ្ជាក់​របស់​លោក Mark Ovenden អនុប្រធាន​ផ្នែក​លក់ ទីផ្សារ និង​សេវាកម្ម ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​និយាយថា៖ តម្រូវការ​អតិថិជន​ចំពោះ​រថយន្ត Ford Ranger បាន​បន្ត​កើនឡើង​ជានិច្ច ព្រោះ​ពួកគេ​ចង់បាន​រថយន្ត​ដែល អាច​ប្រើ​បាន​សម្រាប់​ការងារ​និង​ការកម្សាន្ត ផងដែរ។ មួយវិញទៀត ដោយសារ​រថយន្ត Ford Ranger បំពាក់​ដោយ​បច្ចេកវិទ្យា​ឆ្លាត​វៃ​លើស​រថយន្ត Pickup ដទៃ​ទាំង​ការ​រចនា​រូបរាង​ថ្មី សន្សំសំចៃ​ប្រេង និង​ផ្ដល់​ផាសុកភាព​ខ្ពស់ ទាំងនេះ​ជា​អ្វីដែល​អតិថិជន​ចង់បាន ហើយ​យើង​ក៏​រំពឹងថា អត្រា​ការលក់​នឹង​បន្ត​កើនឡើង​នា​ឆ្នាំបន្ទាប់ៗទៀត​ដែរ។

    ប្រទេស​អូស្ត្រាលី​បាន​នាំមុខគេ​ក្នុង​ការលក់​រថយន្ត Ford Ranger នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដោយ​ការលក់​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​បាន​កើនឡើង​ជិត 19% រក្សា​ភាពជា​អ្នក​នាំមុខគេ​នៅក្នុង​ទីផ្សារ​រថយន្ត Pickup ។ នៅ​នូ​វែ​ល​សេ​ឡង់ រថយន្ត Ford Ranger ជា​រថយន្ត​លក់ដាច់​បំផុត ដែល​ចំនួន​នៃ​ការលក់​នេះ​បាន​កើនឡើង​ដល់​ទៅ 24% ក្នុង​ពាក់កណ្ដាល​ឆ្នាំ 2017។

    រីឯ​នៅ​ប្រទេស​ថៃ​វិញ​ចំនួន​រថយន្ត Ford Ranger ដែល​ចរាចរ​លើផ្លូវ​សព្វ​ដ​ថ្ងៃ​បាន​កើនឡើង​យ៉ាង​សន្ធឹក។ បើ​យើង​ងាក​មក​មើល​ចំនួន​នៃ​ការលក់​វិញ​បាន​កើនឡើង​រហូតដល់ 51% និង​មាន​ចំណែក​ទីផ្សារ 11,7 %។ នៅ​ប្រទេស​ហ្វីលីពីន​ការលក់​រថយន្ត Ford Ranger បាន​កើនឡើង​ជិត 16% និង​មាន​ចំណែក 25% នៃ​ទីផ្សារ​រថយន្ត Pickup ទាំងមូល។ រថយន្ត Ford Ranger បន្ត​នាំមុខគេ​ផ្នែក​រថយន្ត Pickup នៅ​ប្រទេស​វៀតណាម​រយៈពេល 4 ឆ្នាំ​ជាប់​គ្នា ដោយ​ការលក់​ពី​ពាក់កណ្ដាល​ឆ្នាំ 2017 មាន​កំណើន 2% និង​មាន​ចំណែក​ទីផ្សារ 57% ក្នុង​ទីផ្សារ​រថយន្ត Pickup ទាំងមូល។

    នៅ​តៃវ៉ាន់ Ford Ranger បាន​រក្សា​ភាព​នាំមុខ​នៅក្នុង​ទីផ្សារ​រថយន្ត Pickup ជាមួយនឹង​ការលក់​កើនឡើង 29% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារតែ​តម្រូវការ​អតិថិជន​កើនឡើង​ជា​លំដាប់។ ក្រុមហ៊ុន Ford Ranger ក៏បាន​រក្សា​តំណែង​ជា​រថយន្ត Pickup លក់ដាច់​បំផុត​នៅក្នុង​ទីផ្សារ​កំពុង​រីកចម្រើនផ្សេងៗដូចជា​ប្រទេស​កម្ពុជា​និង​ទី​ញូ​កាលី​ដូ​នៀ​ជាដើម៕

  • លោក Vitorino៖ កម្ពុជា U23 នឹង​ទទួលបាន​បទពិសោធ​កាន់តែច្រើន​ពេល​ប៉ះ​វៀតណាម​ថ្ងៃនេះ 

    លោក Vitorino៖ កម្ពុជា U23 នឹង​ទទួលបាន​បទពិសោធ​កាន់តែច្រើន​ពេល​ប៉ះ​វៀតណាម​ថ្ងៃនេះ 

    លោក Leonardo Vitorino ជឿជាក់ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម23ឆ្នាំ នឹង​បង្ហាញ​ពី​ទម្រង់​លេង​កាន់តែ​ល្អប្រសើរ និង​ទទួលបាន​បទពិសោធ​កាន់តែច្រើន នៅពេលដែល​ពួកគេ​ប្រកួត​ជាមួយនឹង​ក្រុម​ជើង​ខ្លាំង​វៀតណាម​អាយុ​ក្រោម23 ក្នុងការ​ប្រកួត​ជុំ​ទី2នៃ​ពូ​ល B ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម នាទី​ក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី នៅ​រសៀល​ថ្ងៃនេះ។

    ក្រុម​ជម្រើសជាតិ​កម្ពុជា U23 បាន​ជួប​ការខកចិត្ត​នៅ​ថ្ងៃ​ប្រកួត​បើកឆាក​នៃ​ពូ​ល B កាលពី​ថ្ងៃ​អង្គារ ក្រោយពី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-០ ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន U23 និង​បាន​បាត់បង់​ខ្សែការពារ​ម្នាក់​គឺ​ឆោម ភី​សា ដោយសារតែ​ការទទួល​ការពិន័យ​កាត​ក្រហម​នៅពេល​ជិត​បញ្ចប់​ការប្រកួត។ ប៉ុន្តែ បន្ទាប់ពី​ការប្រកួត​នេះ លោក Vitorino បាន​មើលឃើញថា ក្រុម​របស់លោក​នៅ​ខ្វះ​បទពិសោធ​ក្នុងពេល​លេង​ក្រៅ​ទឹកដី ក៏ដូចជា​បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន ពិសេស​ក្នុង​តង់​ទី2។

    គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «យើង​បានធ្វើ​ឲ្យ​បាត់បង់​បាល់​ជាច្រើន​ក្នុង​តង់​ទី1ពិសេស​នៅ​តំបន់​បម្រើ។ ក្នុងការ​ប្រកួត​តង់​ទី2 យើង​លេង​បានល្អ​ប្រសើរ និង​បាន​បង្កើត​ឱកាស​នៅមុខ​ទី​គូប្រកួត​ជាច្រើន​ដង តែ​ធ្វើ​មិនបាន​សម្រេច។ ក្រុមយុវជន​របស់​យើង​ក៏​នៅ​ខ្វះ​បទពិសោធ​ផងដែរ»។ ដោយឡែក ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម U23 ដែលជា​គូប្រកួត​របស់​កម្ពុជា​នៅថ្ងៃនេះ បានចាប់ផ្តើម​យ៉ាង​ល្អ តាមរយៈ​ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​ទី​ម័​រ យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 4-0 ក្នុងការ​ប្រកួត​ក្នុង​ពូ​ល​ដូចគ្នានេះ។

    វៀតណាម គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ដែល​ត្រូវបាន​រំពឹងទុក​ថា នឹង​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ស្របពេល​ដែល​លោក Vitorino ក៏​ទទួលស្គាល់​ពី​ភាពខ្លាំង​របស់​គូប្រកួត​ដែលជា​ប្រទេសជិតខាង​របស់​កម្ពុជា​មួយ​នេះ​ផងដែរ។ លោក​បាន​ឲ្យ​ដឹងថា៖ «វៀតណាម គឺជា​ក្រុម​ដ៏​ខ្លាំង​មួយ​ប្រចាំ​យុទ្ធនាការ​នេះ។ ពួកគេ​មាន​កម្រិត​នៃ​ការលេង​បាល់ទាត់​យ៉ាង​ល្អ និង​ប្រជុំ​ដោយ​កីឡាករឆ្នើមៗជាច្រើន»។ ប៉ុន្តែ ទោះបីជា​យ៉ាងណា គ្រូបង្វឹក​រូបនេះ​ជឿជាក់ថា ក្រុម​កម្ពុជា U23 នឹង​បង្ហាញ​ពី​ទម្រង់​លេង​បានល្អ​ប្រសើរ​ជាង​ការប្រកួត​លើក​ទី1។ លោក Vitorino បាន​និយាយថា៖ «ជាការ​រំពឹងទុក ខ្ញុំ​ជឿជាក់ថា ក្រុម​របស់ខ្ញុំ នឹង​បន្តធ្វើ​ឲ្យ​បានល្អ​ប្រសើរ​ជាង​មុន ទាំង​ទម្រង់​លេង​ជា​ក្រុម និង​ជា​បុគ្គលិក។ ជាមួយនឹង​ការ​មាន​បទពិសោធ​តិចតួច​ក្នុង​ដៃ ការប្រកួត​ថ្ងៃនេះ នឹង​ផ្តល់​ឲ្យ​ក្រុមយុវជន​កម្ពុជា​ទទួល​បាន​បទពិសោធ​កាន់តែច្រើន»។ ក្នុងការ​ប្រកួត​ក្នុង​ពូ​ល​តែមួយ​នា​ថ្ងៃនេះ​ផងដែរ ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី នឹងត្រូវ​ប៉ះ​ជាមួយនឹង​ហ្វីលីពីន ខណៈដែល​ជើង​ខ្លាំង​ថៃ ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ទី​ម័​រ៕

    កម្មវិធី​ប្រកួត​ថ្ងៃនេះ
    Vietnam U23 Vs Cambodia U23 ម៉ោង 3 រសៀល
    Indonesia U23 Vs Philippines U23 ម៉ោង 7:45 យប់
    Thailand U23 Vs East Timor U23 ម៉ោង 7:45 យប់