Category: សង្គម និងសេដ្ឋកិច្ច

  • អ្នកវិនិយោគ​ខាង​សំណង់​ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យ​ខ្លាំង ចំពោះ​ការសាងសង់​អគារខ្ពស់ៗក្នុង​រាជធានី​ភ្នំពេញ

    អ្នកវិនិយោគ​ខាង​សំណង់​ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យ​ខ្លាំង ចំពោះ​ការសាងសង់​អគារខ្ពស់ៗក្នុង​រាជធានី​ភ្នំពេញ

    ភ្នំពេញ ដោយថ្មីៗនេះ​នៅ​ទីក្រុង​ភ្នំពេញ​ទទួលបាន​បទពិសោធ​នៃ​ការបាក់​ដី​នៅត្រង់ចំណុច​ការដ្ឋាន​សាងសង់​គម្រោង​ដ៏​ធំ​មួយ​មកពី​ប្រទេស​កូរ៉េ​ឈ្មោះថា ប៊ូ​យ៉ុង ដែល​ស្ទើរតែ​បង្កឱ្យមាន​បញ្ហា​ដល់​វិថី​សហព័ន្ធ​រុស្សី​ប្រសិន​គ្មាន​ការទប់ស្កាត់​ទាន់ពេលវេលា​ទេនោះ។ អភិបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​អ្នកវិនិយោគ និង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ទាំងអស់​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​សិក្សា​ឱ្យបាន​ច្បាស់លាស់​ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ដែល​អាច​នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​សំណង់​អគារ និង​ម្ចាស់​គម្រោង​ផ្ទាល់។

    ឯកឧត្ដម ​ឃួ​ង ស្រេង អភិបាល​រាជធានី បានបញ្ជាក់​ពីបទ​ពិសោធ​ដែល​លោក​ធ្លាប់​ជួបប្រទះ​កន្លងមក​ថា នៅពេល​ខ្ញុំ​នៅ​ជា​អភិបាលរង​តែង​ជួបប្រទះជារឿយៗនូវ​បញ្ហា និង​ទទួលបាន​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​នៃ​ខុន​ដូ និង​សំណង់​អគារខ្ពស់ៗនៅក្នុង​រាជធានី​ភ្នំពេញ។ ពិសេស​ក្នុង​ខណ្ឌ​ទាំង4ក្នុង​ទីក្រុង​គ្រា​ដែល​ពួកគាត់​រស់នៅ​ជិត​នោះ​ជួបនឹង​បញ្ហា​ប៉ះពាល់ និង​ខូចខាត​ដល់​ទ្រព្យ​ស​ម្បិ​ត្ដ​ដោយសារតែ​ក្រុមហ៊ុន​មិនបាន​សិក្សា​ឱ្យបាន​ច្បាស់លាស់​ពី​សណ្ឋាន​ដី ព្រោះ​ភាគច្រើន​ទីតាំងនៅ​ក្នុង​ខ​ណ្ឌ​ទាំង4នោះ​ជា​អតីត​ដី​បឹង​ដែល​ត្រូវបាន​ចាក់​បំពេញ​ដោយ​ដីខ្សាច់។ ឯកឧត្ដម​ឃួ​ង ស្រេង បាន​បញ្ជាក់ថា៖«ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​គម្រោង​វិនិយោគ​សូម​សិក្សា​ឱ្យបាន​ច្បាស់លាស់​នឹង​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ហ្មត់ចត់​មុននឹង​ធ្វើការ​ជីកដី​សាងសង់​សំណង់​របស់ខ្លួន។ ភាគច្រើន​អគារខ្ពស់ៗ ឬ​ខុន​ដូ​ទាំងនោះ​ត្រូវ​ជីកដី​ចុះទៅ​ក្រោម​ធ្វើ​ចំណតរថយន្ត​ក្រោម​ដី ដូច្នេះ​មុននឹង​ធ្វើ​ចំណត​ទាំងនោះ​ត្រូវតែមាន​បច្ចេកទេស​ទប់​ស្កាត់​កុំឱ្យ​មានការ​ហូរ​ច្រោះ​បាក់​ដី ធ្វើយ៉ាងណា​កុំឱ្យ​បង្ក​គ្រោះ​ថា្នក់​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ដែល​អាច​នឹង​កើតជា​ទំនាស់ ព្រោះ​នៅពេល​មានទំនាស់​វា​នឹង​ធ្វើឱ្យ​ពួកគាត់​ខាត​ពេលវេលា ខាត​ថវិកា​ព្រោះ​សំណង់​នោះ​នឹងត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន»។

    ជាងនេះទៅទៀត​ឯកឧត្ដម​ក៏បាន​សង្កត់ធ្ងន់​ដល់​ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅការ​សាងសង់​ត្រូវ​សិក្សា​ពី​សណ្ឋាន​ដី​ឱ្យបាន​ច្បាស់លាស់​ថា នៅក្នុង​រាជធានី​ដី​មួយផ្នែកធំ​ជា​ដី​បូម​ខ្សាច់​ចាក់​បំពេញ​មិនមែនជា​ដីឥដ្ឋ ឬ​ដីគោក​មាន​តាំង​យូរយារ​មក​នោះទេ។

    ពាក់ព័ន្ធ​នឹង​ការស្រុត​បាក់​ដី​នេះ ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា យើង​នឹងសិក្សា​មើល​នៅពេល​ក្រោយ​ទៅលើ​គម្រោង​អគារ​ប៊ូ​យ៉ុង​នោះ​ថា តើ​បាន​អនុវត្ដ​ទៅតាម​បទដ្ឋាន​ដែល​ក្រសួង​បាន​ដាក់ឱ្យ​អនុវត្ដ​ដែរឬទេ? ប៉ុន្ដែ​បញ្ហា​ចំពោះមុខ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នឹង​ចុះ​ពិនិត្យ​ផ្ទាល់​ដើម្បី​ទប់ស្កាត់​នូវ​ការបាក់​ដី​បន្ដទៀត​ដែល​វា​អាច​នឹង​បង្ក​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង រហូតដល់​អាច​បណ្ដាល​ឱ្យ​បាក់​ដាច់​ដល់​ផ្លូវ​សហព័ន្ធ​រុស្សី​ជា​វិថី​ស្នូល និង​សំខាន់បំផុត​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​តែង​ធ្វើដំណើរ​ទៅមក​ជាប្រចាំ។

    ឯកឧត្ដម​បន្ដថា៖ «ដោយសារតែ​គិតគូរ​លើ​បញ្ហា​បាក់​ដី​នេះហើយ ទើប​យើងខ្ញុំ​ចុះ​មកដល់​ការដ្ឋាន​ដើម្បីឱ្យ​គាត់​បន្ថែម​គ្រឿងចក្រ និង​បង្កើន​ការចាក់ដី​ទប់​ជើងទេរ ព្រោះ​បើ​យើង​ធ្វើ​កិច្ចការ​នេះ​មិនទាន់​ពេលវេលា​ទេនោះ  បញ្ហា​ធំ​នឹង​អាច​កើតមានឡើង ព្រោះ​ផ្លូវ​នេះ​ជា​ផ្លូវ​ដ៏​សំខាន់ និង​ជា​ផ្លូវ​អន្តរជាតិ​មួយ​សម្រាប់​រាជធានី​ភ្នំពេញ»៕

  • ឯកឧត្តម ម៉ៅ ភិ​រុណ៖ បេក្ខជន​ប្រឡង​ជោគជ័យ​ត្រូវការ​កត្តាធំៗចំនួន4យ៉ាង

    ឯកឧត្តម ម៉ៅ ភិ​រុណ៖ បេក្ខជន​ប្រឡង​ជោគជ័យ​ត្រូវការ​កត្តាធំៗចំនួន4យ៉ាង

    ការប្រឡង​មធ្យមសិក្សា​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជា​ព្រឹត្តិការណ៍​មួយ​ដែល​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​នៅ​កម្ពុជា​យកចិត្តទុកដាក់ និង​ចាប់អារម្មណ៍។ ក្នុងនោះ​ក៏មាន​អភិបាលខេត្ត​ជាច្រើន​ខេត្ត​ចាប់ផ្តើម​រៀបចំ​ពិធី​ផ្តល់​បទពិសោធ និង​លើកទឹកចិត្ត​ឱ្យ​សិស្ស​នៅក្នុង​ខេត្ត​ដែល​លោក​គ្រប់គ្រង​ខិតខំ​ប្រឡង​ឱ្យបាន​ជាប់​និទ្ទេសល្អៗច្រើនជាង​ខេត្ត​ដទៃ​នៅ​កម្ពុជា។

    ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល​បានលើកឡើង​នៅក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយនឹង​សិស្សានុសិស្ស​ត្រៀមប្រឡង​បាក់​ឌុប​នៅ​ក្រុង​តាខ្មៅ​ថា សិស្សានុសិស្ស​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​របស់​សង្គម ដែល​ពួកគេ​ជា​អ្នក​បន្តវេន និង​ជា​ធនធាន​ដែល​សង្គម​ត្រូវការ​ដើម្បី​ដឹកនាំ​នាវា​សង្គម​នា​ថ្ងៃ​អនាគត​ឱ្យ​ឆ្ពោះទៅរក​វ​ឌ្ឍ​ភាព។ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​សិស្ស​ថ្នាក់​ទី 12 នឹងត្រូវ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ហេតុនេះ​សិស្សានុសិស្ស​ត្រូវ​ត្រៀមខ្លួន និង​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ឆ្លងកាត់​ដំណាក់កាល​ដ៏​មានតម្លៃ​មួយ​នេះ។

    ឯកឧត្តម ម៉ៅ ភិ​រុណ បាន​មានប្រសាសន៍ថា៖ «បេក្ខជន​ដែល​ប្រឡង​ប្រកបដោយ​ភាពជោគជ័យ គឺ​អាស្រ័យ​លើ​ការចូលរួម​យ៉ាង​ពី​កត្តាសំខាន់ៗចំនួន4 គឺ កត្តា​គ្រូ កត្តា​សិស្ស កត្តា​សង្គម និង​កត្តា​ប្រព័ន្ធ​អប់រំ»។

    ឯកឧត្តម ម៉ៅ ភិ​រុណ បានលើកឡើង​ផងដែរ​ថា កត្តា​សំខាន់​ទាំង4 នេះ​មាន​តួនាទី​សំខាន់​ក្នុងការ​បណ្តុះបណ្តាល​ដល់​យុវជន ដើម្បី​ស្ថាបនា​ប្រទេស​ឱ្យ​រីកចម្រើន​ដូច​បណ្តា​ប្រទេស​នានា​ក្នុង​សកលលោក។ ក្នុងនោះ លោកគ្រូ​អ្នកគ្រូ​ក៏មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​បណ្តុះបណ្តាល​សិស្ស​ឱ្យមាន​សមត្ថភាព​ខ្ពស់ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់។

    ចំពោះ​សិស្ស​ខ្លួនឯង​វិញ​ក៏ត្រូវ​ខិតខំ​រៀនសូត្រ និង​រំលឹក​មេរៀន​ឱ្យ​បានល្អ​ដើម្បី​ត្រៀមប្រឡង​យក​សញ្ញាបត្រ​ដែល​នឹង​ចូល​មកដល់​នា​ថ្ងៃទី21 ខែសីហា ឆ្នាំ2017 ដោយ​ប្រកាន់យក​ទិស​ស្លោ​កថា «អ្នកចេះ​គឺជា​ប់» និង​ចងចាំ​ផងដែរ​ថា «ផ្លូវ​ទៅកាន់​ភាពជោគជ័យ​គឺ​គ្មាន​ដានជើង​មនុស្ស​ខ្ជិល​នោះទេ»៕

  • កម្ពុជា​ត្រៀម​បំបែក​កំណត់ត្រា​ពិភពលោក តាមរយៈ​ការបង្កើន​ចំនួន​សហគ្រិន​វ័យក្មេង

    កម្ពុជា​ត្រៀម​បំបែក​កំណត់ត្រា​ពិភពលោក តាមរយៈ​ការបង្កើន​ចំនួន​សហគ្រិន​វ័យក្មេង

    កម្ពុជា​កំពុង​ត្រៀមខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​តាមរយៈ​ការបង្កើន​ចំនួន​សហគ្រិន​ក្នុង​យុទ្ធនា​ការរៀន​ធ្វើ​ជំនួញ ឬ #GoBusiness17 ដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា។

    កម្ម​វី​ធី​រៀន​ធ្វើ​ជំនួញ​នេះ ជា​យុទ្ធនាការ​លើកកម្ពស់​កា​រ​យល់ដឹង​របស់​យុវជន​ដែលមាន​អាយុ​ចាប់ពី 15ឆ្នាំ ដល់ 29ឆ្នាំ ចំនួន 3000នាក់ ឱ្យចូល​រួម​វគ្គ​បណ្តុះបណ្តាល​សហគ្រិន​ភាព ជំរុញ​កិច្ចសហការ និង​ការសម្របសម្រួល​រវាង​វិស័យ​នានា​ដើម្បី​គាំទ្រ​ដល់​សហគ្រិន​វ័យក្មេង និង​ដើម្បី​ត្រៀម​ជា​ផ្លូវការ​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក Guinness។

    សកម្មភាព​ដែល​នឹងធ្វើ​នៅក្នុង​យុទ្ធនា​ការរៀន​ធ្វើ​ជំនួញ ឬ#GoBusiness17 នេះ​មាន 4ចំណុចសំខាន់ៗដូចជា សកម្មភាព​ទី1 គឺ​ការប៉ុនប៉ង​ជា​ផ្លូវការ​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក Guinness ស្តីពី​សិក្ខាសាលា​ធុរកិច្ច​ជាក់ស្តែង​ដ៏​ធំ​បំផុត។ ទី2 គឺ​កិច្ចប្រជុំតុមូល​ស្តីពី​ភាពជា​សហគ្រិន ដែលមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល អង្គការ​ជាតិ អន្តរជាតិ អង្គការ​ដែលជា​ដៃគូ អ្នកផ្តល់​សេវា​អប់រំ សហគ្រិន​ជោគជ័យ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត។ ទី3 គឺ​វីដេអូ​ប្រកាស​ពី​សេវាកម្ម​សាធារណៈ​ដើម្បី​លើកកម្ពស់​ឱកាស​សម្រាប់​យុវជន​ក្នុងការ​ទទួលបាន​នូវ​ការបណ្តុះបណ្តាល និង​ការគាំទ្រ​អំពី​សហគ្រិនភាព និង​ទី4 គឺ​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដល់​យុវជន និង​ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ​របស់​យុវជន ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្ហាត់​យុវជន​អភិវឌ្ឍ​សមត្ថភាព និង​ការយល់ដឹង​ពី​សហគ្រិនភាព។

    រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា យុទ្ធនាការ​នេះ អាច​នឹង​បង្កើត​បទពិសោធ​រៀនសូត្រ​របស់​យុវជន​កម្ពុជា​ដោយ​អភិវឌ្ឍ​គំនិត និង​ជំនាញ​ដែល​ចាំបាច់​ក្នុងការ​ប្រែក្លាយ​គំនិត​អាជីវកម្ម​ទៅជា​ការវិនិយោគ​ផ្នែក​ពាណិជ្ជកម្ម​មួយ​ពិតប្រាកដ​សម្រាប់​ការបង្កើត​ការងារ​ដោយ ខ្លួនឯង។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន មានប្រសាសន៍ថា៖ «តាមរយៈ​ការបណ្តុះបណ្តាល​សហគ្រិន​ភាព​នេះ យុវជន​អាច​បង្កើន​ជំនាញ​ទន់ ហើយ​ជួយ​ពួកគេ​ឱ្យ​ត្រៀមខ្លួន​សម្រាប់​ទីផ្សារការងារ ឬ​ការបង្កើត​ការងារ​ដោយ​ខ្លួនឯង​បន្ទាប់ពី​បញ្ចប់​ការសិក្សា។ ជា​រឿង​សំខាន់​ដែល​យុវជន​មាន​ស្មារតី​យល់ដឹង​ពី​សហគ្រិនភាព និង​ភាពជា​អ្នកដឹកនាំ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ»។

    គម្រោង​មួយ​នេះ​មានការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ផ្នែក​ការងារ (ILO) រួមជាមួយ​នឹង​ដៃគូ​សហការ​នានា​ជាច្រើន​ទៀត៕

  • ស្ថាប័ន​មួយ​នៅ​ចក្រភព​អង់គ្លេស​ថា ល្បឿន 4G របស់ Cellcard លឿន​ជាង​ល្បឿន 4G របស់​ពិភពលោក

    ស្ថាប័ន​មួយ​នៅ​ចក្រភព​អង់គ្លេស​ថា ល្បឿន 4G របស់ Cellcard លឿន​ជាង​ល្បឿន 4G របស់​ពិភពលោក

    ស្ថាប័ន​អន្តរជាតិ OpenSignal ដែលមាន​ជំនាញ​លើ​ការធ្វើ​តេស្ត​ល្បឿន​អ៊ី​ន​ធើ​ណេ​ត​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បានចេញ​របាយ​ការណ៍​មួយ​ថា ល្បឿន​អ៊ី​ន​ធើ​ណេ​ត 4G LTE របស់​ក្រុមហ៊ុន Cellcard មាន​ល្បឿន​លឿន​ជាង​អ៊ី​ន​ធើ​ណេ​ត 4G LTE ដែល​កំពុង​ប្រើ​លើ​ពិភពលោក​ទៅទៀត ក្រោយពី​ស្ថាប័ន​មួយ​នេះ​បានធ្វើ​ការសិក្សា​អស់​រយៈពេល 3 ខែ​នៅ​កម្ពុជា។
     

    តាម​របាយការណ៍​ដែល​បាន​ចុះផ្សាយ​កាលពីពេលថ្មីៗនេះ​បាន​បង្ហាញថា Cellcard បាន​ជាប់​លេខ​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​ចល័តធំៗក្នុងប្រទេស​ជាមួយនឹង​ល្បឿន​ដោ​ន​ឡូត 4G LTE របស់ខ្លួន​មាន​ល្បឿន​ជា​មធ្យម​ដល់​ទៅ 19.7 Mbps លឿន​ជាងគេ 2ដង​បើ​ប្រៀបធៀប​ជាមួយ​លទ្ធផល​នៃ​ការធ្វើ​តេស្ដ​ដូចគ្នា​របស់​ក្រុមហ៊ុន Smart Axiata។ លើសពីនេះទៅទៀត OpenSignal បាន​បន្ថែមថា ល្បឿន​នៃ​ការ​ដោ​ន​ឡូត​របស់ Cellcard មាន​ល្បឿន​លឿន​ជាង​ល្បឿន​ដោ​ន​ឡូត 4G LTE របស់​ពិភពលោក​ទៅទៀត ដែលជា​មធ្យម​មាន​ល្បឿន​ត្រឹមតែ16.2 Mbps ប៉ុណ្ណោះ។

    របាយការណ៍​ខាងលើនេះ ត្រូវបាន​ឱ្យដឹង​ក្រោយពី​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ធ្វើការ​សិក្សា​ចាប់ពី​ថ្ងៃទី1 ខែមេសា ដល់​ថ្ងៃទី30 ខែមិថុនា ឆ្នាំ2017កន្លងទៅ លើ​ក្រុមហ៊ុន​ចំនួន 3 គឺ Cellcard, Metfone និង Smart Axiata។ ក្នុងនោះ ក្រៅពី​ល្បឿន​អ៊ី​ន​ធើ​ណេ​ត​4G LTE ហើយ សេវា​គ្របដណ្តប់ 4GLTE របស់ Cellcard ក៏មាន​ភាពទូលំទូលាយ​ផងដែរ ដោយ​ទទួលបាន​ពិន្ទុ​ខ្ពស់ជាង 70% ធ្វើឱ្យ​អតិថិជន​ខ្លួន​អាច​ភ្ជាប់​ទៅ​សេវា 4G បាន​ញឹកញាប់ និង​លឿន​ជាង​មុន។ ការវាស់ស្ទង់​លើ​វិសាលភាព​នៃ​បណ្តាញ​សេវា​របស់ OpenSignal នេះ​ធ្វើឡើង​ដោយ​វាស់​ស្ទង់​លើ​ចំនួន​ដង​នៃ​ការចូល​ទៅប្រើ​បណ្តាញ​សេវា។ តាមរយៈ​ការធ្វើ​តេស្ត​នេះ អ្នកប្រើប្រាស់​អាច​ចូល​ប្រើ​សេវា 4G បាន​រហូតដល់ 7ដង ក្នុងចំណោម10ដង៕

    ប្រភព៖ https://goo.gl/uR22rY

  • លោក Vitorino ទទួលស្គាល់ថា កម្ពុជា U23 ត្រូវការ​បទពិសោធ​បន្ថែមទៀត

    លោក Vitorino ទទួលស្គាល់ថា កម្ពុជា U23 ត្រូវការ​បទពិសោធ​បន្ថែមទៀត

    លោក Leonard Vitorino គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម23ឆ្នាំ បាន​ទទួលស្គាល់ថា ក្រុមយុវជន​របស់លោក​ត្រូវការ​បទពិសោធ​បន្ថែម និង​ទទួល​ការអភិវឌ្ឍ​បន្ថែមទៀត ក្រោយពី​ពួកគេ​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​វៀតណាម​អាយុ​ក្រោម23ឆ្នាំ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​លទ្ធផល 4-1 ក្នុងការ​ប្រកួត​ជុំ​ទី2នៃ​ពូ​ល B ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី29 ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​នៅតែ​ជឿជាក់ថា ក្រុម​របស់លោក​នឹងមាន​ការអភិវឌ្ឍ​កាន់តែ​ល្អប្រសើរ​ក្នុងពេល​អនាគត។

    ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់ពី​បញ្ចប់​ការប្រកួត លោក Vitorino បាន​និយាយថា៖ «យើង​ចាប់ផ្តើម​យ៉ាងរឹងមាំ និង​បាន​បង្កើត​ឱកាស​មួយចំនួន​ក្នុង​តង់​ទី1។ ពិតណាស់ ក្រោយពី​យើង​បាន​ដេញតាម​ពីក្រោយ 1-០ យើង​បាន​ព្យាយាម​ធ្វើការ​វាយបក​វិញ»។ គ្រូបង្វឹក​រូបនេះ​បាន​បន្តថា៖ «ប៉ុន្តែ យើង​មិនអាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បានឡើយ និង​របូត​គ្រាប់​បាល់​ជាច្រើន។ ហេតុនេះ មានន័យថា យើង​ត្រូវការ​បទពិសោធ​បន្ថែម​ជាច្រើន​ទៀត ប៉ុន្តែ​ខ្ញុំ​នៅតែ​ជឿជាក់ថា កម្ពុជា​អាចធ្វើ​ការអភិវឌ្ឍ​ទៅមុខ​បាន»។

    ក្រុម​ជម្រើសជាតិ​កម្ពុជា U23 បាន​ការពារ​យ៉ាងរឹងមាំ​ក្នុង​តង់​ទី1 មុននឹង​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​របស់ខ្លួន​នៅពេល​ជិត​បញ្ចប់​តង់ ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា កម្ពុជា​បាន​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​ដល់​ទៅ3គ្រាប់​ក្នុង​ចន្លោះពេល​ត្រឹមតែ10នាទី​ប៉ុណ្ណោះ​ក្នុង​តង់​ទី2។ ក្រោយមក នេន សុធា​រ័ត្ន បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម​កម្ពុជា​ក្នុង​យុទ្ធនាការ​ស៊ី​ហ្គេម​នេះ ក្រោយពី​បាន​ស៊ុត​បាល់​ពិន័យ11ម៉ែត្រ​ចូល​ទី​យ៉ាងខ្លាំង បន្ទាប់ពី​កីឡាករ​នៃ​ក្រុម​វៀតណាម​បានធ្វើ​ឲ្យ​បាល់​ប៉ះ​ដៃ​ក្នុង​ប្រអប់​គ្រោះថ្នាក់។ លទ្ធផល​នេះ ធ្វើ​ឲ្យ​កម្ពុជា ចាញ់2លើក​ពី​ការប្រកួត​ទាំង2លើកដំបូង​របស់ខ្លួន ខណៈដែល​វៀតណាម​ឈ្នះ​ទាំង2ជើង និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី4គ្រាប់​ដូចគ្នា៕

  • ប្រញាប់​ទៅ​ទិញ​យកមក​ញ៉ាំ​ភ្លាម!  ព្រោះ​វា​អាច​ការពារ​ជំងឺ​បាន​ច្រើន​មុខ

    ប្រញាប់​ទៅ​ទិញ​យកមក​ញ៉ាំ​ភ្លាម!  ព្រោះ​វា​អាច​ការពារ​ជំងឺ​បាន​ច្រើន​មុខ

    ផ្លែ​ប៊័រ នៅ​កម្ពុជា​យើង​មាន​ដាំ​នៅក្នុង​ខេត្តមណ្ឌលគិរី និង​រតនគិរី ហើយ​ជាទូទៅ​សាច់ និង​គ្រាប់​របស់​វា​មានគុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​រាងកាយ និង​សម្រស់។ មិន​ថា​ចំពោះ​បុរស ឬ​នារី​ឡើយ គ្រាន់តែ​អ្នកទទួល​ទាន​ផ្លែ​ប៊័រ ក្នុង​មួយថ្ងៃ តែមួយ​ផ្លែ នោះ​អ្នក​អាច​ចៀស​ផុតពី​ជំងឺ 5 ប្រភេទ​ដោយ​មិនដឹង​ខ្លួន ព្រោះថា នៅក្នុង​ផ្លែ​ប៊័រ​មាននូវ​សារធាតុ​វីតាមីន និង​ធាតុដែក​ជាង20ប្រភេទ​ដូចជា វីតាមីន K វីតាមីន C អាស៊ីត Pantothenic ប៉ូ​តា​ស្យូ​ម វិ​តា​មីន B6 វីតាមីន E ជាដើម។

    ចង់ដឹងថា តើ​ការ​ទទួលទាន​ផ្លែ​ប៊័រ​ជួយ​ការពារ​ជំងឺ​អ្វីខ្លះ? សូម​អាន​អត្ត​បទ​ខាងក្រោម​នេះ៖

    1.កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង

    Avocados ឬ​ខ្មែ​យើង​ហៅថា ផ្លែ​ប៊័រ ត្រូវបាន​អ្នកស្រាវជ្រាវ​អះអាងថា មាន​ផល​វិជ្ជមាន​ចំពោះ​ប្រព័ន្ធ​សរសៃឈាម​បេះដូង​របស់​យើង។ វា​មាន​ផ្ទុក​នូវ​សារធាតុ​ជាច្រើន​ដូចជា សារធាតុចិញ្ចឹម ប៉ូ​តា​ស្យូ​ម និង​លូ​ទីន ព្រមទាំង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា Carotenoids និង​Phenols ជាដើម។

    2.ជួយ​គ្រប់គ្រង​ទម្ងន់

    ការទទួល​ទាន​ផ្លែ​ប៊័រ ពិតជា​ជួយ​អ្នក​ឱ្យ​ស្រក​ទម្ងន់​បាន គ្រាន់តែ​ទទួលទាន​ផ្លែ​ប៊័រ​ពាក់កណ្តាល​ផ្លែ បន្ទាប់ពី​អាហារ​ថ្ងៃត្រង់ អ្នក​ដែល​លើស​ទម្ងន់ ឬ​ធាត់​ជ្រុល​នឹង​ទទួល​បានការ​ស្រក​គីឡូ​ជាទី​គាប់ចិត្ត​មិន​ខាន មិនតែប៉ុណ្ណោះ​វា​ថែមទាំង​ជួយ​គ្រប់គ្រង​ការ​ឃ្លាន​អាហារ​ខុសពេល​បាន​ផងដែរ។

    3.ការពារ​ជំងឺ​ទឹកនោមផ្អែម

    ផ្លែ​ប៊័រ ជួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម ហើយ​វា​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​ទឹកនោមផ្អែម​បាន​ផងដែរ។ នេះ​គឺជា​គុណសម្បត្តិ​មួយ​ក្នុងចំណោម​គុណសម្បត្តិ​ល្អ​ចំពោះ​សុខភាព​របស់​អ្នក ដែល​អ្នក​ត្រូវ​ទទួលទាន​ផ្លែ​ប៊័រ​ជា​រៀងរាល់ថ្ងៃ។

    4.ប្រឆាំង​ការ​រលាក

    វា​ជួយ​ក្នុងការ​ការពារ និង​ប្រឆាំងនឹង​ការ​រលាក​គ្រប់​ប្រភេទ ព្រោះ​វា​មាន​ផ្ទុក​ជាតិ​អាស៊ីត Oleic ដែលជា​ខ្លាញ់​ម្យ៉ាង​ហៅថា  Monounsaturated ដែលមាន​លក្ខណៈសម្បត្តិ​ល្អ​ក្នុងការ​ផ្សះ​មុខរបួស និង​ព្យាបាល​អាការ​រលាក។

    5.ការពារ​ភ្នែក

    ផ្លែ​ប៊័រ​មាន​ផ្ទុក​សារជាតិ​ចិញ្ចឹម Lutein និង Zeaxanthin ដែល​អាចជួយ​ប្រឆាំងនឹង​ជំងឺមហារីក​ភ្នែក មធ្យោបាយ​តែមួយគត់​ដើម្បី​ទទួលបាន​សារធាតុចិញ្ចឹម​ទាំង2នេះ​នៅក្នុង​រាងកាយ​របស់​យើង​និង​ការពារ​សុខភាព​ភ្នែក​របស់​យើង គឺ​ត្រូវ​ទទួលទាន​ផ្លែ​ប៊័រ​ឱ្យបាន​ច្រើន៕

  • ស៊ែរ​ចែកគ្នា​ជាបន្ទាន់! គ្រោះថ្នាក់​របស់​ផ្សែង​ធូប​ដែល​យើង​មិនដឹង​រហូតមក

    ស៊ែរ​ចែកគ្នា​ជាបន្ទាន់! គ្រោះថ្នាក់​របស់​ផ្សែង​ធូប​ដែល​យើង​មិនដឹង​រហូតមក

    តើ​ធូប​ជា​វត្ថុ​មាន​គ្រោះថ្នាក់​ឬទេ? ការដុត​ធូប​ជា​ទំនៀមទម្លាប់​ប្រចាំ​ថ្ងៃមួយ​ដែល​ប្រជាជន​ខ្មែរ​និយម​ធ្វើ​ក្នុងពេល​សែនព្រេន បន់ស្រន់​ដូនតា ឬ​ក្នុង​ពិធី​សាសនាផ្សេងៗ ហើយ​វា​ក៏​ជា​ចំណែក​មួយ​នៃ​ជីវិត​របស់​យើង​ផងដែរ។ ក្លិនក្រអូប​របស់​ផ្សែង​ធូប មាន​បញ្ហា​អាក្រក់​ចំពោះ​សុខភាព​របស់​យើង បើ​យើង​មិនបាន​ប្រយ័ត្ន ហើយ​ស្រូប​វា​ចូលទៅក្នុង​ខ្លួន។  សព្វថ្ងៃនេះ​មិន​ត្រឹមតែ​ផ្សែង​ធូប​ប៉ុណ្ណោះ​ទេ​ដែល​បំពុល​ជីវិត​មនុស្ស​នោះ គឺ​នៅមាន​ផ្សែង​ពុល​ដែល​ចេញពី​តំបន់ឧស្សាហកម្ម​ផ្សេង និង​ផ្សែង​ពី​រថយន្ដ​ក៏​ដូចគ្នា​ដែរ។

    ដូច្នោះ​ហើយ ថ្ងៃនេះ​គេហទំព័រ​ឡា​រ៉ែ​ន នឹង​ជម្រាបជូន​នូវ​ផលប៉ះពាល់​របស់​ផ្សែង​ធូប​ចំពោះ​សុខភាព​ដែល​យើង​គួរតែ​ប្រុងប្រយ័ត្ន។

    1.កើត​ជំងឺមហារីក

    អ្នកស្រាវជ្រាវ​បាន​អះអាងថា ផ្សែង​ធូប​មាន​សារធាតុពុល​ម្យ៉ាង​ដែល​បណ្ដាលឱ្យ​រាងកាយ​មនុស្ស​កើត​ជំងឺមហារីក ដូចជា ឧស្ម័ន​បង់​ហ្ស៊ែ​ន កាបូន​អ៊ី​ត្រាត និង អ៊ី​ដ្រូ​កាបូន​ប៉ួ​លី​អា​រូ​ម៉ា​ទិ​ក ជាតិពុល​របស់​វា​គឺ​ស្ថិតនៅលើ​ប្រភេទ​ឈើ​ដែល​គេ​យកមក​ធ្វើជា​ធូប ហើយ​មាន​គ្រោះថ្នាក់​នៅពេលដែល​យើង​ដុត​វា។

    2.ខូច​ស្បែក និង​ភ្នែក

    ផ្សែង​ធូប​អាច​បណ្ដាលឱ្យ​ស្បែក និង​ភ្នែក​របស់​យើង​រលាក​ក្រហាយ ហើយ​មាន​គ្រោះថ្នាក់​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ធ្វើឱ្យមាន​អារម្មណ៍​ថា រមាស់​នៅលើ​ស្បែក។

    3.ប្រតិកម្ម​ជាមួយ​អ្នក​កើត​ជំងឺហឺត

    សម្រាប់​អ្នក​កើត​ជំងឺហឺត​ដែល​បាន​ស្រូប​ផ្សែង​ធូប​ចូលទៅក្នុង​រាងកាយ​អាចមាន​ផលប៉ះពាល់ និង​គ្រោះថ្នាក់​បំផុត ព្រោះ​វា​អាចមាន​ប្រតិកម្ម​នៅក្នុង​បំពង់ខ្យល់​បាន។

    4.គ្រោះថ្នាក់​ប្រព័ន្ធ​ដង្ហើម

    ក៏​ដូចគ្នា​ដែរ ការ​ស្រូប​ផ្សែង​ធូប​ចូលទៅក្នុង​ខ្លួន មនុស្ស​ទូទៅ​អាច​កើត​ជំងឺមហារីក​ក្នុង​ប្រព័ន្ធ​ដង្ហើម​ក្នុង​កម្រិតណា​នោះ គឺ​វា​អាស្រ័យទៅលើ​ប្រភេទ​នៃ​ធូប​នោះ។

    5.កើត​ជំងឺ​សួត​ប្រភេទ COPD

    សារធាតុ​កាបូន​ម៉ូ​ណុ​ក​ស៊ីត ស៊ុ​ល​ផួ​ឌីអុកស៊ីត និង​សារធាតុ​ម្ស៉ា​ង​ដែល​ហៅថា Formaldehyde ជា​សារធាតុ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ ហើយ​បណ្ដាលឱ្យ​កើត​ជំងឺមហារីក​សួត ជំងឺ​សួត​ប្រភេទ COPD ជំងឺហឺត ជំងឺ​រលាក​ផ្លូវដង្ហើម​ជាដើម៕

  • ប្រយោជន៍​នៃ​ការ​លាបប្រេង លើ​ផ្ចិត និង​ក្បាលពោះ

    ប្រយោជន៍​នៃ​ការ​លាបប្រេង លើ​ផ្ចិត និង​ក្បាលពោះ

    ផ្ចិត​របស់​មនុស្ស​យើង​គឺជា​កូនសោ​ដ៏​សំខាន់​មួយ​ក្នុងការ​ទ្រទ្រង់​ផ្នែក​មួយចំនួន​នៃ​រាងកាយ​ឱ្យ​ដំណើរការ​ទៅបាន​យ៉ាង​ល្អ ហើយ​នេះ​គឺជា​ហេតុផល​ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​ចំពោះ​រន្ធ​ផ្ចិត និង​ក្បាលពោះ​របស់​អ្នក​ឱ្យបាន​ច្រើន ដូចដែល​អ្នកធ្វើ​ចំពោះ​ផ្នែកផ្សេងៗនៃ​រាងកាយ​របស់​អ្នក​ដែរ។ មួយ​ក្នុងចំណោម​វិធី​ជាច្រើន​ក្នុងការ​ថែរក្សា​វា​គឺ លាបប្រេង​ធម្មជាតិ​ឱ្យ​ក្បាលពោះ និង​រន្ធ​ផ្ចិត​របស់​អ្នក​ឱ្យបាន​ទៀងទាត់។

    ផ្តល់​សំណើម​ដល់​ស្បែក​រដូវរងា​ស្បែក​ងាយ​នឹង​ទទួលរង​នូវ​ការខ្វះ​ជាតិ​ទឹក​ដែល​ធ្វើឱ្យ​ស្បែក​ស្ងួត ស្រអាប់​គ្មាន​ជីវជាតិ ប៉ុន្តែ​ការយក​ប្រេង​បន្តិច​មក​ម៉ាស្សា​លើ​ផ្ចិត និង​បរិវេណ​ជុំវិញ​នោះ ក៏ត្រូវ​បាន​ទុក​ថា​ជាការ​ផ្តល់​សំណើម​ដល់​ស្បែក​ផងដែរ។ ប្រេង​ដែល​អ្នក​អាច​យកមកប្រើ​ដើម្បី​លាប​នេះ​មានដូចជា ប្រេង​អូ​លីវ និង​ប្រេងដូង​ជាដើម។ គ្រាន់តែ​បន្តក់​ប្រេង​នេះ3-4ដំណក់​លើ​បាតដៃ ហើយ​យក​វា​ទៅ​លាប​លើ​ក្បាលពោះ និង​ផ្ចិត​ឱ្យបាន​ទៀងទាត់ ហើយ​ប្រសិទ្ធភាព​នឹង​បង្ហាញ​ឱ្យ​អ្នកឃើញ​ក្រោយពេល​ងូតទឹក​សម្អាតខ្លួន​រួច។

    កម្ចាត់​ធូលី​អ្នកណា​ទៅ​ដឹង ជួនកាល​ធូលី​ដី​ដែល​អ្នក​ខំ​សម្អាត​យ៉ាង​ស្អាត​ពី​ខាងលើ​អាចមក​ជាប់​នៅត្រង់​រន្ធ​ផ្ចិត​របស់​អ្នក​ក៏​ថា​បានដែរ ដូច្នេះហើយ​បានជា​វា​ទាមទា​ឱ្យ​អ្នកធ្វើការ​សម្អាត​បរិវេណ​ត្រង់នេះ​ឱ្យបាន​ល្អ ជាពិសេស​ដើម្បីឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា រាងកាយ​របស់​អ្នក​ពិត​ជាមាន​អនាម័យ​គ្រប់កន្លែង​ពិតមែន។ ដើម្បី​សម្អាត​រន្ធ​ផ្ចិត​របស់​អ្នក​ឱ្យបាន​ត្រឹមត្រូវ អ្នក​ត្រូវយក​ប្រេង​គ្រាប់​ទំពាំងបាយជូរ, ផ្កាឈូករ័ត្ន ឬ​ប្រេង​ចូ​ចូ​បា (មួយណា​ក៏បាន) មក​បន្តក់​លើ​សំឡី​មួយ​ដុំ​តូច រួច​ជូត​សម្អាត​ផ្ចិតថ្នមៗជាការ​ស្រេច។ ប្រេង​ទាំងអស់នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ធ្វើឱ្យ​ក្អែល ឬ​ធូលី​ដែល​តោង​ជាប់​ក្នុង​រន្ធ​ផ្ចិត​មាន​សភាព​ទន់​ជាង​មុន និង​ងាយស្រួល​ក្នុងការ​សម្អាត។

    កាត់បន្ថយ​ការឈឺចាប់​ពេល​មាន​រដូវ​ការឈឺចាប់​ក្នុងអំឡុងពេល​មាន​រដូវ​អាចជា​ការឈឺចាប់​ដ៏​អាក្រក់​បំផុត​មួយ ដែល​អាចធ្វើឱ្យ​រំខាន​ដល់​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក ព្រោះ​ក្នុង​សភាព​បែបនេះ​អ្នក​ពិតជា​មិន​ចង់​ធ្វើ​អ្វី​ក្រៅពី​សម្រាក​នោះឡើយ។ ដូច្នេះ​ដើម្បី​ប​ន្ថូ​រ​បន្ថយ​ការឈឺចាប់​ក្នុងពេល​វេលា​ដ៏​គួរឱ្យ​ធុញថប់​នេះ សូម​សាកល្បង​យក​ប្រេង​ណាមួយ​ក្នុងចំណោម​ប្រេង​មួយចំនួន​ដូចជា ប្រេង​ជី​អង្កាម, ប្រេង Clary Sage, ប្រេង​ស្រល់​ចិន ឬ​ប្រេង​ខ្ញី​ជាដើម មក​ម៉ាស្សាថ្នមៗជុំវិញ​ក្បាលពោះ និង​ត្រង់​ផ្ចិត ដើម្បី​បន្ធូរបន្ថយ​ការឈឺចាប់។

    ព្យាបាល​អាការ​ឈឺពោះ​ប្រសិនបើ​អ្នកមាន​បញ្ហា​ឈឺពោះ ហើយ​មិន​ចង់​ទទួលទាន​ថ្នាំពេទ្យ​នោះ អ្នក​អាច​សាកល្បង​ជាមួយនឹង​ការ​លាបប្រេង​លើ​រន្ធ​ផ្ចិត​វិញ ដើម្បី​កាត់បន្ថយ​ការឈឺចាប់។ ការព្យាបាល​នេះ​ស័ក្តិសម​ជាមួយនឹង​អាការ​ឈឺពោះ​ដែល​បណ្តាលមកពី​ការពុល​អាហារ អាហារ​មិន​រំលាយ និង​អាការ​រាក​រួស​ជាដើម។ ប្រេង​ដែល​អ្នក​ត្រូវ​យកមកប្រើ​ក្នុងស្ថានភាព​បែបនេះ​គឺ ប្រេង​ខ្ញី និង​ប្រេង​ជី​អង្កាម ប៉ុន្តែ​មុននឹង​ប្រើ សូម​លាយ​វា​ជាមួយ​ប្រេង​បន្លែ​បន្តិច​ដូចជា ប្រេង​អាល់​ម៉ុ​ន ឬ​ប្រេង​អូ​លីវ​ជាដើម។

    ព្យាបាល​របួស​ក្លាយ​ផ្ចិត​គឺជា​ទីតាំង​មួយ​ដែល​ងាយ​នឹង​កខ្វក់​ខ្លាំងណាស់ នោះ​មានន័យថា វា​ជាទី​តាំង​ដ៏​ល្អ​បំផុត​សម្រាប់​មេរោគផ្សេងៗដើម្បី​លាក់ខ្លួន។ សម្រាប់​អ្នក​ដែលមាន​បញ្ហា​របួស​ក្លាយ​ម្តុំ​ផ្ចិត​ចាំបាច់​ត្រូវ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ ហើយ​ក្នុងនោះ​ការ​លាបប្រេង​ក៏​ជា​វិធី​មួយ​ដែរ។ ប្រេង​ដូចជា ប្រេង Mustard, ប្រេងដូង និង​ប្រេង​ស្លឹក​ប្រេងខ្យល់​អាចជួយ​ការពារ​មិនឱ្យ​មានការ​ចម្លងរោគ​បាន។ អ្នក​គួរ​លាបប្រេង​ណាមួយ​ក៏បាន​ក្នុងចំណោម​ប្រេង​ទាំង3ប្រភេទ​នេះ​នៅលើ​ផ្ចិត2ដង​ក្នុង​មួយថ្ងៃ​រហូតដល់​របួស​ក្លាយ​នោះ​ជា​ស្បះ​ស្បើយ។

    ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា អ្នក​បាន​ប្រើ​ប្រេង​ដែល​ត្រឹមត្រូវ ដើម្បី​ទទួលបាន​លទ្ធផល​ជាទី​គាប់ចិត្ត តែ​សូម​ចាំ​ថា ប្រេង​មួយចំនួន​អាច​នឹង​ខ្លាំង​បន្តិច​រហូត​ធ្វើ​ស្បែក​ប្រតិ​កម្មបាន ដូច្នេះ​យក​ល្អ​គួរតែ​សាកល្បង​កន្លែង​ផ្សេង​ជាមុនសិន សឹម​យកមក​លាប​នៅលើ​ផ្ចិត​របស់​អ្នក៕

  • តូ​តា អួតថា មួយ​តួខ្លួន​នាង​ហ្ស៊ី​ន​ពី​ធម្មជាតិ​ទាំងអស់

    តូ​តា អួតថា មួយ​តួខ្លួន​នាង​ហ្ស៊ី​ន​ពី​ធម្មជាតិ​ទាំងអស់

    គិតពី​ពេលវេលា​នៃ​ការចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​របស់​កញ្ញា ម៉ាក សែន​សូ​នី​តា ហៅ (តូ​តា) គឺមាន​រយៈពេល​ជិត10ហើយ។ ការងារ​សិល្បៈ​ក៏មាន​ការវិវឌ្ឍ​រីកចម្រើន​ជាខ្លាំង​ដែរ ប៉ុន្ដែ​សម្រស់​នាង​នៅតែ​អាច​រក្សាបាន​ភាពស្រស់ស្អាត​ដូច​ពេល​ចូល​សិល្បៈដំបូងៗដដែល។

    មាន​មហាជន​ជាច្រើន​បាន​លើកសរសើរ​មិន​ដាច់​ពី​មាត់​ពី​រូប​សម្រស់ សាច់ឈាម​របស់​នាង​ដែល​នៅតែមាន​ភាពស្រស់ស្អាត តែ​ទោះយ៉ាងណា​ក៏មាន​អ្នក​លើកឡើងថា កុំទៅ​ឆ្ងល់! នាង​ល្បីឈ្មោះ​ប៉ុណ្ណឹង​ហើយ ច្បាស់​ជា​ទៅរក​មជ្ឈមណ្ឌល​ថែ​សម្ផស្ស​ដើម្បី​ជួយ​នាង​មិន​ខាន ដូច្នេះ​មិនមែនជា​សម្រស់​ពី​ធម្មជាតិ 100%ទេ។

    ជាមួយគ្នានេះ​កញ្ញា តូ​តា បាន​អះអាងថា រូប​សម្រស់​នាង​ពេញ​មួយ​តួខ្លួន​គឺជា​អំណោយ​ពី​ធម្មជាតិ​សុទ្ធសាធ​ដោយ​ពុំមាន​ការកែប្រែ​អ្វី​ទាំងអស់។នាង​បន្ថែមថា៖”កាលពី​ខ្ញុំ​ចូល​សិល្បៈ​ដំបូង​ក៏​ធ្លាប់មាន​ចេតនា​ចង់​កែ​សម្ផស្ស​ខ្លះ​ដែរ ប៉ុន្ដែ​ម៉ាក់​ពុំ​សប្បាយ​ចិ​ត្ដ​ឡើយ​ចំពោះ​ការធ្វើ​បែបនេះ ដ្បិតអី​គាត់​យល់ឃើញថា ខ្ញុំ​ស្អាត​ស្រាប់​ហើយ ដូច្នេះ​គាត់​មិន​ចង់ឱ្យ​ពាក់ព័ន្ធ​លើ​ការកែ​សម្រស់​ទេ។ ដូច​បង​ដឹង​ស្រាប់​ហើយ កន្លងមក​គាត់​ធ្លាប់​ប្រាប់ថា បើ​ខ្ញុំ​ហ៊ាន​តែ​កែ​សម្រស់​គាត់​កាត់កាល​ខ្ញុំ​ចោល​តែម្តង (សើច) ទោះបីជា​គាត់​និយាយ​លេង តែ​ខ្ញុំ​ខ្លួនឯង​ក៏​លែង​ចង់​កែ​សម្ផស្ស​អ្វី​ដែរ។ សម្រស់​ធម្មជាតិ​បែបនេះ​ក៏​ម្យ៉ាងដែរ។

    រយៈពេល​ជិត10ឆ្នាំ​មកនេះ យើង​ជឿថា មាន​ទស្សនិកជន​ជាច្រើន​ប្រាកដជា​ស្គាល់ និង​ចាំ​មុខ​កញ្ញា តូ​តា បាន​យ៉ាងច្បាស់ ព្រោះ​ចាប់តាំងពី​នាង​ចូល​សិល្បៈ​រហូតមក​ដល់ពេលនេះ សម្រស់​របស់​នាង​ហាក់​ពុំមាន​ប្រែប្រួល​អ្វី​ឡើយ។

    នាង​បញ្ជាក់ថា រាល់ពេល​នាង​ចេញ​ថតម្ដងៗក៏មាន​ការព្រួយបារម្ភ​នឹង​កម្តៅថ្ងៃ​ដែរ ប៉ុន្ដែ​នាង​បានជ្រើសរើស​ប្រើ​ផលិតផល​មួយចំនួន​មក​ការពារ​ស្បែក​ដៃជើង​ធ្វើយ៉ាងណា​កុំឱ្យ​មានការ​ទទួលរង​ពី​កម្ដៅថ្ងៃ​ខ្លាំងពេក។

    តារា​ញញឹម​ថ្ពាល់ខួច​រូបនេះ​បញ្ជាក់ថា៖”បើទោះជា​មាន​សម្រស់​ពី​ធម្មជាតិ​ក៏ដោយ ក៏​ខ្ញុំ​គិត​ទៅលើ​ការថែទាំ​ខ្លាំង​ដែរ តែ​ខ្ញុំ​ជ្រើសរើស​វិធី​បែប​ធម្មជាតិ ដូចជា​ស្ទី​ម លាប​ឡេ​ការពារ​កម្ដៅថ្ងៃ ឬ​ឡេ​ជំនួយ​ស្បែក​បន្ដិចបន្ដួច​ប៉ុណ្ណោះ។ ទាល់តែ​មានការ​ថែទាំ​ទើប​សម្រស់​ពី​ធម្មជាតិ​អាច​នៅ​គង់វង្ស​បានល្អ។ នាង​បន្ដថា នាង​នឹង​អាច​កែ​សម្ផស្ស​ខ្លះ​ពេល​មាន​អាយុ​ច្រើន ឬ​មាន​ស្វាមី ព្រោះ​ពេលនោះ​វា​នឹង​អាច​បណ្ដាលឱ្យ​បាត់បង់​សម្រស់​ពី​ធម្មជាតិ​ខ្លះ ព្រោះ​នាង​យល់ថា សម្រស់​ជា​ចំណុច​ទាក់ទាញ​ខ្លាំង​សម្រាប់​នារី ប្រសិន​សម្រស់​ត្រូវបាន​បាត់បង់​កន្លែង​ណាមួយ​យើង​គួរតែ​ចេះ​កែច្នៃ​ឱ្យ​វា​វិ​វត្ដ​មករក​ភាពស្រស់ស្អាត​វិញ៕

  • សហគ្រាស​ខ្នាតតូច និង​មធ្យម​កំពុង​បារម្ភ​ពី​កង្វះ​ទីផ្សារ​លក់​ផលិតផល

    សហគ្រាស​ខ្នាតតូច និង​មធ្យម​កំពុង​បារម្ភ​ពី​កង្វះ​ទីផ្សារ​លក់​ផលិតផល

    ភ្នំពេញ៖ ស្រប​ពេលដែល​ផលិតផល​បរទេស​ត្រូវ​បាន​នាំ​ចូលមក​លក់​នៅលើ​ទីផ្សារ​កម្ពុជា យ៉ាងច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ វា​បាន​បង្ក​ជា​ក្តីបារម្ភ​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​អំពី​ការលក់​ផលិតផល​ក្នុងស្រុក​របស់ខ្លួន​មិនសូវមាន​ការគាំទ្រ​ពី​អតិថិជន។

    លោក​ឧកញ៉ា តែ តាំង​ប៉  ប្រធាន​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​រវាង​អ្នក​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ខ្មែរ​ជាមួយ​អ្នកប្រើប្រាស់ និង​អ្នក​ចែកចាយ​បន្ត​ដែល​រៀបចំឡើង​ដោយ​ក្រសួង​ពាក់ព័ន្ធ​ចំនួន4កាលពី​ព្រឹក​ថ្ងៃទី17 ខែសីហា ឆ្នាំ2017 នេះ​ឱ្យដឹងថា ប​ច្ច​ប្បន្ន​ផលិតផល​ក្រៅ​ស្រុក​បាន​សម្រុក​ចូលមក​ល​ក់​យ៉ាងច្រើន​នៅលើ​ទីផ្សារ​កម្ពុជា ដូច​ជាការ​នាំចូល​សម្ភា​រ​ប្រើប្រាស់​ពី​ប្រទេស​ថៃ​មាន ពូក ខ្នើយ សម្លៀកបំពាក់​ជាដើម បាន​ចរាចរ​គ្រប់ទិសទី​តាមរយៈ​ការធ្វើ​ពិព័រណ៍​ពាណិជ្ជកម្ម​ទៅតាម​ខេត្ត​ឆ្ងាយ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​ទៅប្រើ​ប្រាស់​វត្ថុ​នាំចូល​ទាំងនោះ ហើយ​មិនសូវមាន​ការគាំទ្រ​ផលិតផល​ក្នុងស្រុក​ប៉ុន្មាន​ឡើយ​ដោយសារ​មានការ​ប្រកួតប្រជែង​ផ្នែក​តម្លៃ។ លោក​ឧកញ៉ា​បន្តថា ចំពោះ​ទីផ្សារ​នៅតាម​ទីប្រជុំជន ដូចជា​នៅតាម​ផ្សារ​ទំនើប តាម​ស្តា​រ៍​ម៉ា​តតូចៗវិញ​ផលិតផល​ក្នុងស្រុក​ក៏​ពិបាក​ជ្រៀតចូល​ដូចគ្នា​ដែរ ដោយសារ​មាន​ផលិតផល​បរទេស​ច្រើន ហើយ​អតិថិជន​នៅក្នុង​ប្រទេស​ក៏​និយម​ប្រើប្រាស់​សម្ភារ​នាំចូល​ពី​ក្រៅប្រទេស​ទាំងនោះ​ដែរ។

    លោក​ឧកញ៉ា ហាក់ សុ​វណ្ណា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​អ្នក​នាំចេញ​កសិផល​ផ្លែឈើ​កម្ពុជា​មានប្រសាសន៍​ដោយ​សម្តែង​ក្តីបារម្ភ​ថា ខណៈដែល​កសិករ​ផលិត​បាន​ហើយ​គ្មាន​ទីផ្សារ​សម្រាប់​លក់​ចេញ ពិសេស​ផ្លែស្វាយ​មកទល់​បច្ចុប្បន្ន​ទាំង​កំពុង​ប្រមូល​ផល និង​មិនទាន់​ប្រមូល​មាន​សរុប​ប្រមាណ​ជា1លាន​ហិកតា ហើយ​កាលពីពេលថ្មីៗកន្លងមកនេះ​ស្វាយបាន​ធ្លាក់​ថ្លៃ​យ៉ាងគំហុក ដោយសារតែ​មិនសូវមាន​ឈ្មួញ​ពី​ក្រៅប្រទេស​មក​ទិញ។ លោក​ថា បច្ចុប្បន្ន​ទោះជា​មាន​ក្រុមហ៊ុន​កែច្នៃ​ផ្លែស្វាយ​ធ្វើជា​ដំណាប់​ក៍ដោយ តែ​មិនអាច​ទិញ​ទិន្នផល​ផ្លែស្វាយ​មក​កែច្នៃ​ទាំងអស់​នោះបានទេ ដូច្នេះ​លោក​ចង់​ស្នើ​ដ្ឋា​ភិ​បាល​ឱ្យជួយ​ស្វែងរក​ទីផ្សារ​ក្រៅប្រទេស​សម្រាប់​លក់​ផ្លែស្វាយ​នេះ​ផង។

    ឆ្លើយតប​នឹង​ក្តីបារម្ភ​របស់​វិស័យ​ឯកជន ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម  ក៏បាន​លើកឡើង​ពី​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ដែល​សម្រេច​បានជា​មធ្យម 7% ក្នុង​រយៈពេល 2ទសវត្សរ៍​ចុងក្រោយ ហើយ​ក្រសួងពាណិជ្ជកម្ម​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​បន្ត​ស្វែងរក​ទីផ្សារ​ជូន​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​នៅ​កម្ពុជា។ លើសពីនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ជំហរ​គាំទ្រ​ចំពោះ​ការចាប់​ដៃគូ​ធុរកិច្ច​រវាង​ម្ចាស់​ផលិតផល និង​អ្នកទទួល​ទិញ​នៅក្នុង​សិក្ខាសាលា ដែលជា​វឌ្ឍនភាព​ថ្មី​មួយទៀត​សម្រាប់​លើកកម្ពស់​កិត្យានុភាព​ផលិតផល​កម្ពុជា។

    សូមបញ្ជាក់ថា តាមរយៈ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី1ដែល​បានរៀបចំ​ដោយ​ជោគជ័យ​កាលពី​ឆ្នាំមុន បញ្ហា​ប្រឈម​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការជំរុញ​ផលិតផល​កម្ពុជា​ចូល​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​ត្រូវបាន​ដោះស្រាយបាន​មួយកម្រិត​ហើយ។ ដោយឡែក​សិក្ខាសាលា​ឆ្នាំនេះ​ក៏​រំពឹងថា នឹង​អាច​ស្វែងរក​ដំណោះស្រាយ​កាន់តែច្រើន​ថែមទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ​របស់​កម្ពុជា៕