Category: សង្គម និងសេដ្ឋកិច្ច

  • ក្ដៅ!!! ខេមរៈ សិរីមន្ដ ក្លាយជា​សមាជិក​ថ្មី​របស់​ផលិតកម្ម​ហង្ស​មាស

    ក្ដៅ!!! ខេមរៈ សិរីមន្ដ ក្លាយជា​សមាជិក​ថ្មី​របស់​ផលិតកម្ម​ហង្ស​មាស

    តាមរយៈ​គេហទំព័រ​ផ្លូវការ​រ​របស់ Facebook Page ផលិតកម្ម​រស្មី​ហង្ស​មាស បាន​បង្ហោះ​សារ និង​វីដេអូ​ចម្រៀង​ថ្មី ដែលជា​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​របស់​កំពូល​តា​រា​ចម្រៀង លោក ខេមរៈ សិរីមន្ត មកកាន់​ទ្រនំ​រស្មី​ហង្ស​មាស។

    បទ​ចម្រៀង​ថ្មី និង​ដំបូង​បំផុត​របស់ ខេមរៈ សិរីមន្ត នៅក្នុង​ផលិតកម្ម​ហង្ស​មាស គឺមាន​ចំណងជើង​ថា «ស្ទឹងត្រែង​បង​អើយ»។ បទ​នេះដែរ គឺជា​ស្នាដៃ​និពន្ធ​របស់​កវី ខេមរៈ ភា​រុណ ដែល​ត្រូវជា​បង​បង្កើត​របស់លោក រស្មី​ហង្ស​មាស។

    «ស្ទឹងត្រែង​បង​អើយ» ជា​បទ​ចម្រៀង​បង្ហាញ​ពី​មនោសញ្ចេតនា​ជ្រាលជ្រៅ និង​វីរៈភាព​នៃ​ការ​ស្នេហា​ជាតិ ដែល​ធ្វើ​ឲ្យ​មហាជន ក៏ដូចជា​អ្នកគាំទ្រ ស្ដាប់​ហើយ​មាន​អារម្មណ៍​ក្ដុកក្តួល។

    ជាក់ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

  • Taeyeon រង​ការ​បៀតបៀន​កេរ្តិ៍ខ្មាស​នៅ​ព្រលានយន្ដហោះ​ទីក្រុង ចា​ការ​តា

    Taeyeon រង​ការ​បៀតបៀន​កេរ្តិ៍ខ្មាស​នៅ​ព្រលានយន្ដហោះ​ទីក្រុង ចា​ការ​តា

    តារាចម្រៀង​ស្រី Taeyeon សមាជិក​ក្រុម​ចម្រៀង Girls’ Generation បាន​រៀបរាប់​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ព្រលានយន្ដហោះ​ទីក្រុង ចា​ការ​តា ក្នុងប្រទេស​ឥណ្ឌូនេស៊ី ខណៈដែល​នាង​ខ្យល់គ​ដួល និង​ត្រូវ​បៀតបៀន​កេរ្តិ៍ខ្មាស​នៅនឹងកន្លែង​ព្រោះ​តែមាន​អ្នកគាំទ្រ​ណែនណាន់តាន់តាប់​កាលពី​សៀ​ល​ថ្ងៃ​ម្សិលមិញ​នេះ។

    បើតាម​សារពត៌មាន​កូរ៉េ koreaboo បានចេញ​ផ្សាយ​ឱ្យដឹងថា តារាចម្រៀង​ស្រី Taeyeon បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​អ្នកគាំទ្រ​ជាច្រើន​ពាន់​នាក់​ដែល​បានមក​រង់ចាំ​នាង​នៅ​ព្រលានយន្ដហោះ Soekarno Hatta  កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ដែល​ធ្វើឱ្យ​នាង​ថប់ដង្ហើម និង​ខ្យល់គ​ដួល​ភ្លាម​មួយ​រំពេច។ តារា​ស្រី​រូប​បាន​បង្ហោះ​សារ​ថា ” នៅក្នុង​ព្រលានយន្ដហោះ ខ្ញុំ​បានឃើញ​អ្នកគាំទ្រ​ជាច្រើន​បាន​ប្រជ្រៀត​គ្នា​ដោយមាន​ការបន្លំ​ប៉ះ​ដៃជើង និង​រាងកាយ​របស់​អ្នកគាំទ្រ​ជានា​រី​ភេទ​ដែលជា​ហេតុ​បណ្ដាលឱ្យ​នាង​ខ្ញុំ​មានការ​ព្រួយបារម្ភ​អំពី​ការ​បៀតបៀន​កេរ្តិ៍ខ្មាស​យ៉ាងខ្លាំង រហូតដល់​នាង​ខ្ញុំ​ទប់ទឹក​ភ្នែក​មិន​ជាប់ ហើយ​ដួល​នៅនឹងកន្លែង​តែម្ដងទៅ” ។

    “យ៉ាងណាក៏ដោយ នាង​ខ្ញុំ​ស្អប់​ទង្វើ​បំពាន​បែបនេះ​ណាស់ អ្នកគាំទ្រ​ដែល​មក​រង់ចាំ​ខ្ញុំ​ក៏​ទទួលរង​នូវ​ទង្វើ​អកុសល​បែបនេះ ហើយ​រង​នូវ​ការឈឺចាប់​ផងដែរ ដូច្នេះ​បេះដូង​របស់ខ្ញុំ​គ្មាន​អារ​ម្ម​ណ័​ល្អ​ទេ ដែល​មកកាន់​ទីនេះ ហើយ​រាងកាយ​របស់ខ្ញុំ ព្រមទាំង​ដើមទ្រូង​ខ្ញុំ ក៏ត្រូវ​អ្នកគាំទ្រ​ខិលខូច​បន្លំ​មក​ប៉ះ​ផងដែរ។ អារម្មណ៍​របស់ខ្ញុំ​នៅពេលនោះ ខ្មាសអៀន​ជាទីបំផុត និង​មាន​អារម្មណ៍​ថា បានធ្វើ​ខុស​ចំពោះ​ខ្លួនឯង​ខ្លាំងណាស់” ។ នេះ​ជាស​ម្ដី​បញ្ជាក់​បន្ដ​ពី​តារា​ស្រី​ខាងលើនេះ។

    គួរបញ្ជាក់​ផងដែរ​ថា តារា​ស្រី Taeyeon ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​កម្មវិធី Asian Games 2018 Countdown ជាមួយ​តារា​ស្រី Hyoyeon សមាជិក​ក្រុម​ចម្រៀង Girls’ Generation ដូចគ្នា​ផងដែរ៕

    មាន​វីដេអូ

    https://youtu.be/XUK4NZR194w

  • 4ចំណុច​ដែល​ធ្វើឱ្យ​ផលិតផល​ខ្មែរ​មានការ​គាំទ្រ​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ

    4ចំណុច​ដែល​ធ្វើឱ្យ​ផលិតផល​ខ្មែរ​មានការ​គាំទ្រ​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ

    ភ្នំពេញ៖ ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​រវាង​អ្នក​ផលិត និង​អ្នកផ្គត់ផ្គង់​ផលិតផល​ខ្មែរ ជាមួយ​អ្នកប្រើប្រាស់ និង​អ្នក​ចែកចាយ​បន្ត​ដែល​បាន​ប្រារព្ធ​ធ្វើ​រួមគ្នា​រវាង​ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងទេសចរណ៍ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​មានប្រសាសន៍ថា ដើម្បីឱ្យ​ផលិតផល​របស់​ខ្មែរ​ទទួលបាន​ការគាំទ្រ​នៅលើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​នោះ​គឺ​ត្រូវ​ពង្រឹងៈ

    1.គុណភាព
    2.ការ​វេច​ខ្ចប់​ប្រកបដោយ​សោភ័ណភាព
    3.មាន​ស្តង់ដារ
    និង 4.កត្តា​តម្លៃ​សមរម្យ។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​លើកឡើងថា បច្ចុប្បន្ន​និន្នាការ​នៃ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​សកលលោក​កំពុងមាន​ភាព​ប្រកួតប្រជែង​ដ៏​ស្រួចស្រាល់ ហើយ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែលមាន​ប្រទេស​ក្នុង​អាស៊ាន10ជា​សមាជិក​វិញ ការប្រកួត​ក្នុង​តំបន់​មួយ​នេះ​ក៏មាន​លក្ខណៈ​ស្រួចស្រាល់​ខ្លាំង​ណាស់ដែរ ដោយសារ​វា​មាន​លំហូរ​ដោយ​សេរី​នូវ​ទំនិញ សេវា​មូលធន និង​កម្លាំង​ពលកម្ម​ជាដើម ដូច្នេះ​សហគ្រាស​ក៏ដូចជា​ឧស្សាហកម្ម​ក្នុងស្រុក​ត្រូវតែ​ង្រឹ​ង និង​កែច្នៃ​ចង្វាក់​ផលិត​របស់ខ្លួន​ធ្វើយ៉ាងណា​ឱ្យ​ផលិតផល​ឬ​ទំនិញ​របស់​យើង​ផលិត​ចេញមក​មាន«1.គុណភាព 2.ការ​វេច​ខ្ចប់​ប្រកបដោយ​សោភ័ណភាព 3.មាន​ស្តង់ដារ និង4.តម្លៃ​សមរម្យ​ផងដែរ»។

    កន្លងមក​កម្ពុជា​ក្នុងនាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច បាន​ខិតខំ​ក្នុង​ការធ្វើសមាហរណកម្ម​របស់ខ្លួន​ក្នុង​តំបន់ និង​ពិភពលោក ដោយ​កម្ពុ​ជាមាន​សក្តានុពល​ខ្លាំង​តាមរយៈ​ការទទួលបាន​ការអនុគ្រោះ​ពាណិជ្ជកម្ម ដែល​អាច​នាំ​ទំនិញ​ទៅ​ក្រៅប្រទេស​ជាច្រើន​ដោយ​មិន​ជាប់ពន្ធ និង​កូតា​នាំចេញ «កត្តា​នេះ​យើង​គ្រាន់តែ​បាន​ឆ្លងកាត់​ដំណាក់កាល​របាំង​ពន្ធ​ប៉ុណ្ណោះ ក្នុងនោះ​ដើម្បី​មាន​ឧត្តមភាព​ប្រកួតប្រជែង យើង​ត្រូវ​ជម្នះ​របាំង​មួយទៀត​ឱ្យបាន​គឺ​របាំង​មិនមែន​ពន្ធគយ​ឬ​ហៅថា របាំង​បច្ចេកទេស ដែល​ទាក់ទង​ជាសំខាន់​ទៅលើ​កត្តា​អនាម័យ​និង​ភូតគ្រាម​អនាម័យ (SPS) និង​បទដ្ឋាន​ស្តង់ដារ​ជាដើម» ។

    ការខិតខំ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ក្នុងនាម​ដែល​ឯកឧត្តម​ចម ប្រសិទ្ធ ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ​បាន​ជំរុញឱ្យមាន​ការខិតខំ​យក​ស្តង់ដារ​ម្ហូបអាហារ និង​ស្តង់ដារ​ផលិតផល​អន្តរជាតិ​ក៏ដូចជា​ស្តង់ដារ​អាស៊ាន​មក​ធ្វើជា​ស្តង់ដារ​ជាតិ​បាន​ចំនួន 804 ស្តង់ដារ​រួចហើយ ដើម្បីឱ្យ​ការផលិត​ទំនិញ​នៅ​កម្ពុជា​អាច​នាំចេញ​បាន​ដោយ​មិន​ជាប់​របាំង​បច្ចេកទេស។ ចំណែក​ការបន្លំ​ឈ្មោះ​ប្រទេស​អ្នក​ផលិត​វិញ​បើ​ផលិតករ សិប្បករ​ឬ​ឧស្សាហករ​ចង់​រក្សា​ផលិតផល​របស់ខ្លួន​ថា ពិតជា​ផលិត​នៅ​កម្ពុជា​ពិតប្រាកដ​ត្រូវបំពេញ​លក្ខខណ្ឌ​តម្រូវ​មួយចំនួន​ដូចជា៖ ក្រុមហ៊ុន រោងចក្រ ឬ​សហគ្រាស​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម ឬ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ដើម្បី​សុំ​វិញ្ញាបនបត្រ​ដំណើរការ និង​បន្ទាប់មក​ត្រូវ​ចុះបញ្ជី​ផលិតផល​នៅ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា ឬ​បិទ​ Bar Code ដើម្បី​បញ្ជាក់ថា ផលិតផល​នោះបាន​ផលិត​នៅ​កម្ពុជា​ពិតប្រាកដ​មែន៕

  • ប្រយ័ត្ន! មេរោគ Facebook កំពុង​វាយប្រហារ​គណនី​អ្នកប្រើប្រាស់ បើ​អ្នក​ហ៊ាន​ចុច…

    ប្រយ័ត្ន! មេរោគ Facebook កំពុង​វាយប្រហារ​គណនី​អ្នកប្រើប្រាស់ បើ​អ្នក​ហ៊ាន​ចុច…

    ថ្ងៃនេះ កំពុង​មានរឿង​មិន​ស្រួល​មួយ​កើតឡើង​ចំពោះ​គណនី Facebook មួយចំនួន តាមរយៈ​ការ Share បន្ដ​គ្នា​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ឆាត (Chat) ដោយ​គ្រាន់តែ​ចុច​លើ Link នោះ វា​នឹង​លោត​ទៅក្នុង​កម្មវិធី YouTube ជា​វីដេអូ ប៉ុន្តែ​អ្វីដែល​គួរឱ្យខ្លាច​នោះ គឺ​គណនី​របស់​យើង​នឹង​ជួប​បញ្ហា ដូចជា​បាត់​Setting  បាត់​Share កុំព្យូទ័រ​មានដំណើរ​ការមិន​ប្រក្រតី លោតៗ ញាក់ៗជាដើម។

    ក្នុងករណីនេះ ប្រសិនបើ​ប្រិយមិត្ត​ឃើញ​សារ Messenger ដែល​សរសេរថា (Watch my private video and don’t show it to anyone ) ដែល​មិត្ត​ភ័ក្តិ​ក្នុង Facebook ផ្ញើមក​ដែលមាន​សណ្ឋាន​ដូច​ក្នុង​រូប សូមកុំ​ចុច​លើ Link នោះ​ឱ្យសោះ ដើម្បី​សុវត្ថិភាព ព្រោះថា យើង​មិនដឹងថា​មេរោគ​នោះ​ចង់បាន​អ្វី​ឱ្យ​ប្រាកដ​នោះទេ។ បើ​មិន​ដូច្នោះ​ទេ វា​នឹង​ផ្ញើ​សារ (ឆ្លង)ចូលទៅ​គ្រប់​មិត្តភក្តិ​របស់​អ្នក​ស្ទើរតែ​ទាំងអស់​តែម្តង៕

  • ចាំ​គូស្នេហ៍​ក្នុង​រឿង Titanic កាលពី 20 មុន​ឆ្នាំ​បានទេ? ពេលនេះ​នៅតែ​បង្ហាញ​ភាព​ផ្អែមល្ហែម!

    ចាំ​គូស្នេហ៍​ក្នុង​រឿង Titanic កាលពី 20 មុន​ឆ្នាំ​បានទេ? ពេលនេះ​នៅតែ​បង្ហាញ​ភាព​ផ្អែមល្ហែម!

    Jack និង Rose ដែល​គ្រប់គ្នា​មិនអាច​បំភ្លេចបាន​នៅក្នុង​ខ្សែភាពយន្ត Titanic កាលពី២១ឆ្នាំ​មកនេះ នៅតែ​ជា​ខ្សែ​រឿង ភាពយន្ត Hollywood ដែល​ឈរ​នៅ​លំដាប់​កំពូល​ជា​ខ្សែភាពយន្ត​ល្អ​បំផុត​សម្រាប់​មនុស្សជាតិ ដោយសារតែ​ស្នេហា​ស្មោះស្ម័គ្រ ដិតដាម​ជាប់​ក្នុង​បេះដូង ជាពិសេស​គឺ​ការលះបង់​គ្រប់យ៉ាង​របស់​តួអង្គ​បុរស​ចំពោះ​នារី​ដែល​ខ្លួន​ស្រឡាញ់​ស្មើនឹង​ជីវិត ប៉ុន្តែ​សម្រាប់​ជីវិត​ពិត​ជាក់ស្តែង​នៅក្នុង​ឆ្នាំ2017នេះ នាង Rose ដែលមាន​ឈ្មោះ​ពិត Kate Winslet វ័យ 41ឆ្នាំ និង Jack ដែល​ឈ្មោះ​ពិត គឺ​លោក Leonardo Dicaprio វ័យ 42ឆ្នាំ បានបង្ហាញ​នូវ​ស្និទ្ធស្នាល​ភាពខ្លាំង ប៉ុន្តែ​ក្នុងនាម​ជា​មិត្ត​រួម​អាជីព និង​ធ្លាប់​ចែករំលែក​ជោគជ័យ​ធំធេង​រួមគ្នា​ប៉ុណ្ណោះ។

    រូបភាពថ្មីៗដែល​ទើប​ទទួលបាន​នេះ គឺ​បង្ហាញ​អំពី​គូស្នេហ៍​ក្នុង​ខ្សែភាពយន្ត Titatic ទាំងពីរ​រូប​ដើរ​កម្សាន្ត​នៅក្នុង​ទីក្រុង Saint Tropez ដើម្បី​បង្ហាញថា មិត្តភាព​របស់​ពួកគេ​នៅតែ​យូរអង្វែង ខណៈដែល លោក Leonardo កំពុងតែធ្វើការ​ងា​រយ៉ា​ង​សកម្ម​ជាមួយនឹង​មូលនិធិ​ការពារ​បរិស្ថាន​របស់​លោក។ ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​បារាំង​នោះដែរ មិត្ត​ភ័ក្តិ​ដ៏​អមតៈ​ទាំងពីរ​មិន​ត្រឹមតែ​ថតរូប​រួមគ្នាធម្មតាៗប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​នៅបាន​ចុះ​មុជទឹក​លេង​ជាមួយគ្នា​ផងដែរ នៅក្នុង​លំនៅឋាន​ប្រណីត​ផ្ទាល់ខ្លួន​របស់លោក Jack តែម្តង។

    ចង់ដឹង​ពី​អតីត​ស្នាដៃ​ដែល​អ្នក​ទាំងពីរ​ធ្លាប់​ទទួលបាន​ជោគជ័យ​រួមគ្នា និង​ថា​តើ​បច្ចុប្បន្ន​មិត្តភាព​របស់​អ្នក​ទាំងពីរ​ស្អិតល្មួត​យ៉ាងណា​នោះ សូម​ទស្សនា​រូបភាព​នានា​ខាងក្រោម​នេះ៖

  • អ្នកគាំទ្រ​តារាចម្រៀង​កូរ៉េ សប្បាយ​ចិ​ត្ដ​ឱ្យ​ហើយ​ទៅ! UNS TV នឹង​នាំមក​ជូន​នូវ​កម្មវិធី​កម្សាន្ដ​ជាច្រើន

    អ្នកគាំទ្រ​តារាចម្រៀង​កូរ៉េ សប្បាយ​ចិ​ត្ដ​ឱ្យ​ហើយ​ទៅ! UNS TV នឹង​នាំមក​ជូន​នូវ​កម្មវិធី​កម្សាន្ដ​ជាច្រើន

    ភ្នំពេញ – តារាចម្រៀង និង​តារា​សម្ដែងល្បីៗឈ្មោះ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​នឹង​កាន់តែ​មានឱកាស​បានមក​បង្ហាញ​វត្ដ​មាននៅ​ក្នុងប្រទេស​កម្ពុជា​បន្ថែមទៀត!  នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី យូ​លី​ណា ក្នុងឱកាស​នៃ​ពិធី​ការប្រគល់សិទ្ធិ​ពាក់កណ្ដាល​ទៅឱ្យ​ផលិតករ​កូរ៉េ និង​ប្រកាស​ប្ដូ​ឈ្មោះ​ពី​ទូរទស្សន៍ NTV ទៅ​ទូរទស្សន៍​កូរ៉េ UNS TV។

    អ្នកស្រី យូ​លី​ណា ត្រូវបាន​គេ​ស្គាល់​ថា ជា​ម្ចាស់​ជំនួញ​ប្រាក់​វាល់​លាន​ជនជាតិ​កូរ៉េ​សញ្ជាតិ​កម្ពុជា និង​ជា​អ្នករៀបចំ​ព្រឹត្តិការណ៍​តន្ត្រី​សប្បុរស​ធ​ម៍​ដោយមាន​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា ចូលរួម​នោះ បាន​អះអាងថា តារាល្បីៗលំដាប់​ពិភពលោក​របស់​កូរ៉េ​នឹងត្រូវ​ចូលខ្លួន​មក​បង្ហាញ​វត្ដ​មាន​ដើម្បី​កំដរ​អារម្មណ៍​អ្នកគាំទ្រ​កម្ពុជា​ដែល​និយម​ចូល​ចិ​ត្ដបទ​ចម្រៀង និង​ភាពយន្ដ​កូរ៉េ។

    អ្នកស្រី​បន្ដថា តាមរយៈ​ការវិនិយោគទុន​រួមគ្នា​ជាច្រើន​លាន​ដុល្លារ​នេះ​បានធ្វើឱ្យ​កិច្ចព្រមព្រៀង​នៃ​ការប្ដូរឈ្មោះ​ទូរទស្សន៍​ NTV មកជា UNS TV និង​ប្រគល់ឱ្យ​អ្នកស្រី​ទទួលខុសត្រូវ​ដើម្បីឱ្យ UNS TV មាន​កម្មវិធី​ប្រកួតប្រជែង​កម្រិត​អន្តរជាតិ​តាមរយៈ​ការចំណាយ​ប្រាក់​យក​តារាល្បីៗរបស់​កូរ៉េ​មក​ច្រៀង​រាំ​នៅ​កម្ពុជា។ អ្នកស្រី​បញ្ជាក់ថា ក្រៅពី​មានការ​អញ្ជើញ​តារា​សិល្បៈ​កូរ៉េ​មកហើយ​នោះ ទូរទស្សន៍​ក៏មាន​គម្រោង​អញ្ជើញ​តារា​សិល្បៈ​លំដាប់​ពិភពលោក​មក​ចូលរួម​ក្នុង​កម្មវិធី​កម្សាន្ដ​នៅ​កម្ពុជា​ផងដែរ។

    គួរ​បញ្ជាក់ថា ទូរទស្សន៍​ UNS TVជាការ​វិនិយោគ​រួមគ្នា​រវាង​កម្ពុជា-កូរ៉េ ដូច្នេះ​លោក​បណ្ឌិត សំបូរ សាណូ នៅតែ​ជា​អគ្គនាយក​ប្រចាំ​ស្ថានីយទូរទស្សន៍​មួយ​នេះ​ដដែល។ ទុន​ដែល​ត្រូវ​វិនិយោគ​ជាច្រើន​លាន​ដុល្លារ​នេះ​គឺ​ដើម្បី​សាងសង់​ស្ទូ​ឌី​យោ​ស្ថានីយទូរទស្សន៍​ស្ដង់ដារ​មួយ និង​បំពាក់​ដោយ​ឩ​បក​រណ៍​កម្រិត​ទំនើប​ដើម្បី​បម្រើឱ្យ​ការផលិត​កម្មវិធី​ផ្លូវការ និង​កម្មវិធី​កម្សាន្ដ​នានា។

    អ្នកស្រី​បញ្ជាក់ថា មូល​ហេតុដែល​អ្នកស្រី​បោះទុន​វិនិយោគ​នេះ ព្រោះ​វា​ជួយ​ឱ្យ​អ្នកស្រី​ចំណេញ​ពេលវេលា​តិច​ដោយ​គ្រាន់តែ​បន្ត​សាងសង់​ស្ទូ​ឌី​យោ និង​ផលិត​កម្មវិធីបណ្ដើរៗជាការ​ស្រេច។ អ្នកស្រី​ថា ក្នុងពេល​ដ៍​ខ្លី UNS TV នឹង​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ព្រឹត្តិការណ៍​តន្ត្រីធំៗដែលមាន​វត្តមាន​កំពូល​តារាល្បីៗមកពី​ប្រទេស​កូរ៉េ និង​តារា​សិល្បៈ​លំដាប់​ពិភពលោក​ផងដែរ ហើយ​វា​ក៏​ជា​ចំណែក​មួយ​ចូលរួម​ជំ​រុញឱ្យ​ពិភពលោក​កាន់តែ​ចាប់អារម្មណ៍​មក​កម្ពុជា​តាមរយៈ​វត្ដ​មាន​របស់​តារាល្បីៗទាំង​នោះដែរ។

    លោក សាម៉ន បណ្ឌិត្យ តំណាងឱ្យ UNS TV  ភាគី​ខាង​កម្ពុជា​បាន​អះអាងថា  មូលហេតុ​ឈានដល់​ការធ្វើ​កិច្ចព្រមព្រៀង​ព្រោះ​ក្រៅពី​ការបោះ​ទុនវិនិយោគ​ហើយ អ្នកស្រី  យូ​លី​ណា នឹង​ធ្វើឱ្យ​ទូរទស្សន៍ NTV  ដែល​ប្ដូរ​មកជា UNS TV មាន​កម្មវិធី​កម្សាន្ត​ប្រកួតប្រជែង​ច្រើន ពិសេស​អ្នកស្រី​បានប្រកាស​ទិញ​សិទ្ធិ​ពី​កម្មវិធី​របស់​ប្រទេស​កូរ៉េ​មួយចំនួន​យកមក​ផលិត​នៅ​កម្ពុជា​ទៀតផង៕

  • Laura Mam បញ្ជាក់​ពី​មូលហេតុ​ដែល​ក្រុមហ៊ុន​រថយន្ដ Porsche ជ្រើសរើស​ជា​ទូត​សុ​ឆន្ទៈ

    Laura Mam បញ្ជាក់​ពី​មូលហេតុ​ដែល​ក្រុមហ៊ុន​រថយន្ដ Porsche ជ្រើសរើស​ជា​ទូត​សុ​ឆន្ទៈ

    នៅ​ថ្ងៃទី18 ខែសីហា ឆ្នាំ2017 នេះ ក្រុមហ៊ុន​រថយន្ដ​ប្រណីត​លំដាប់​ពិភពលោក​ម៉ាក Porsche  ដែលមាន​សាខា​នៅក្នុង​ប្រទេស​កម្ពុជា​បានរៀបចំ​នូវ​កម្មវិធី​ដាក់​បង្ហាញ​រថយន្ដ​ប្រណីត​ជាច្រើន​ម៉ូ​ដែល ព្រមទាំង​តែងតាំង​តារាចម្រៀង Original Song ស្រី​មួយរូប​ដែលជា​កូនកាត់​ខ្មែរ-កាណាដា គឺ​កញ្ញា Laura Mamជា​ទូត​សុ​ឆន្ទៈ​សម្រាប់​រថយន្ដ​ប្រណីត Porsche នៅក្នុង​បរិវេណ​ហាង Apros Pub & Cafe ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

    ក្នុងឱកាស​ដ៏​វិសេសវិសាល​មួយ​នេះ តារា​ស្រី​រូបនេះ​បានផ្ដល់​បទ​សម្ភាស​អម​ដោយ​ទឹកមុខ​រំភើប​សប្បាយរីករាយ ជាមួយ​អ្នកសារព័ត៌មាន ឡា​រ៉ែ​ន ថា ៖ «ក្នុងនាម​នាង​ខ្ញុំ​ជា​សិល្បការិនី និង​ជា​តារាចម្រៀង​បទ​និពន្ធ​ថ្មី​ឬ Original Song នាង​ខ្ញុំ​មាន​អារម្មណ៍​រំភើប​សប្បាយចិត្ត និង​មាន​កិ​ត្ត​យស​យ៉ាងខ្លាំង​ដែល​ត្រូវបាន​ក្រុមហ៊ុន​រថយន្ដ​ប្រណីត​ម៉ាក​ល្បី​លំដាប់​ពិភពលោក Porsche ជ្រើស​រើសយក​នាង​ខ្ញុំ​ធ្វើជា​ទូត​សុ​ឆន្ទៈ ហើយ​ពួកយើង​មាន​ការងារ​ជាច្រើន​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​តាមរយៈ Porsche ដែល​នេះ​ជា​លើក​ទី 1 ហើយ​សម្រាប់​នាង​ខ្ញុំ»។

    ក្នុងការ​ចាប់ផ្ដើម​ជា​អ្នក​តំណាងឱ្យ​ក្រុមហ៊ុន​ខាងលើនេះ ម្ចាស់​បទ “សុបិន​ស្នេហ៍” បាន​បន្ដ​ប្រាប់ទៀតថា៖ «មូលហេតុ​ដែល​ក្រុមហ៊ុន​រថយន្ដ​លំដាប់​ពិភពលោក​មួយ​នេះ​ជ្រើស​រើសយក​នាង​ខ្ញុំ គឺ​ដោយសារ​នាង​ខ្ញុំ​ជា​តារាចម្រៀង Original Song ហើយ Porsche ក៏​ជា​រថយន្ដ Original ដូចគ្នា ទើប​នាង​ខ្ញុំ​មានឱកាស​បាន​សហការ​រួម​ការងារ​ជាមួយគ្នា ហើយ​ក្នុងនោះ​ផងដែរ ក្រុមហ៊ុន​រថយន្ដ​ប្រណីត​មួយ​នេះ​ក៏បាន​ប្រគល់​រថយន្ដ Porsche មួយគ្រឿង​ឱ្យ​នាង​ខ្ញុំ​បាន​សាកល្បង​ប្រើប្រាស់​ផងដែរ ដែលជា​ម៉ូ​ដែល Macan ពណ៌​ខ្មៅ »។

    គួរបញ្ជាក់​ផងដែរ តារាចម្រៀង Laura Mam នឹងធ្វើ​ជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​រថយន្ដ​ប្រណីត Porsche ដែល​នាំចូល​ពី​ប្រទេស អាល្លឺម៉ង់​នេះ​រយៈពេល 1 ឆ្នាំ ក្នុងការ​ធ្វើការ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជា។ កញ្ញា​ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​មុខងារ​នេះ គឺ​មិនមាន​ផលប៉ះពាល់​ដល់​ការងារ​ផលិត​បទ​ចម្រៀង​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ឡើយ៕

  • អាជីវកម្ម​ចំនួន500ក្រុមហ៊ុន​រួចមកហើយ ដែល​បានមក​ចុះបញ្ជី​យក​ស្លាក​សញ្ញា​ស្តង់ដារ

    អាជីវកម្ម​ចំនួន500ក្រុមហ៊ុន​រួចមកហើយ ដែល​បានមក​ចុះបញ្ជី​យក​ស្លាក​សញ្ញា​ស្តង់ដារ

    ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​ថ្លែងថា រហូតមកទល់​ពេលនេះ​មាន​ម្ចាស់​អាជីវកម្ម ចំនួន500រួចហើយ​ដែល​បានមក​ចុះបញ្ជី​យក​ស្លាក​សញ្ញា​ស្តង់ដារ​ពី​វិទ្យាស្ថាន​ស្តង់ដារ​ជាតិ​កម្ពុជា​ដើម្បី​ទទួលបាន​ការទទួលស្គាល់​ផលិតផល​របស់ខ្លួន និង​ដើម្បី​ជំរុញ​ការនាំចេញ។

    លោក ចាន់ បូ​រិន្ទ ប្រធាន​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១៨ សីហា​នេះ​ថា ទន្ទឹមនឹង​ការខិតខំ​របស់​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ ក្នុងការ​ជម្រុញ​បង្កើតជា​ស្តង់ដារ​ជាតិ​តែមួយ ដែល​ចាត់ទុកជា​គ្រឹះ​យ៉ាងសំខាន់​ដល់​ម្ចាស់​សហគ្រាស សិប្បកម្ម និង​ឧស្សាហកម្ម​នោះ មកដល់ពេលនេះ មាន​ម្ចាស់​ក្រុមហ៊ុន​មួយចំនួន​ដែល​ចង់​ពង្រឹង​ពី​គុណភាព​អនាម័យ លើ​ផលិតផល​របស់ខ្លួន ដើម្បី​ឈានទៅរក​ការប្រកួតប្រជែង​នោះ បច្ចុប្បន្ន​មាន​ម្ចាស់​អាជីវកម្ម​ចំនួន៥០០ក្រុមហ៊ុន​រួចមកហើយ ដែល​បានមក​ចុះបញ្ជី​យក​សញ្ញា​ស្តង់ដារ ក្រោម​ភាព​អនុលោម និង​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ លើ​ការវាយតម្លៃ​ទទួលស្គាល់​ក្រុមហ៊ុន​ទាំងនោះ។

    លោក​បន្តថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ បានអនុម័ត​យក​ស្តង់​ដារ​អន្តរជាតិ និង​ស្តង់ដារ​ក្នុងប្រទេស​អាស៊ាន​ទាំង១០ សរុប​ចំនួន៨៤៨ស្តង់ដារ មកជា​ស្តង់ដារ​ជាតិ​បាន៨០៤ស្តង់ដារ​រួចហើយ ដើម្បី​ជួយ​ជម្រុញ​និង​ជា​ប្រយោជន៍ សម្រាប់​ជួយ​ដល់​ម្ចាស់​ឧស្សាហករ សិប្បកម្ម និង​ដល់​ម្ចាស់​សហគ្រាសផ្សេងៗក្នុងការ​ប្រកួតប្រជែង​នូវ​ផលិតផល​របស់ខ្លួន​ប្រកបដោយ​គុណភាព។

    ប្រធាន​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​បាន​បន្តថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ បាន​បើក​កិច្ចប្រជុំ​ជាច្រើនលើក​ច្រើនសារ ដើម្បី​សម្រេច​អនុម័ត​យក​ស្តង់ដារផ្សេងៗមកជា​ស្តង់ដារ​ជាតិ ក្នុង​គោលបំណង​ជម្រុញ​ដល់​ម្ចាស់​សហគ្រាស សិប្បកម្ម និង​វិស័យ​ឧ​ស្សហកម្ម​នៅ​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​ទៅតាម​ស្តង់ដារ ឲ្យ​មាន​សន្ទុះ​កាន់តែ​ប្រសើរឡើង​ជាង​មុន ដែលជា​ខ្នងបង្អែក​យ៉ាងសំខាន់ សម្រាប់​ព​ន្លឿ​ន​ឧស្សាហកម្ម​របស់ខ្លួន។

    គិត​មកដល់ពេលនេះ ក្រុមប្រឹក្សា​ស្តង់ដារ​កម្ពុជា បានអនុម័ត​យក​ស្តង់​ដារ​អន្តរជាតិ​រួមមាន ស្តង់ដារ ម្ហូបអាហារ​មាន​ចំនួន៤០០ស្តង់ដារ ស្តង់ដារ​អគ្គិសនី​អេ​ឡិច​ត្រូ​និ​ច​ជាង១០០ស្តង់ដារ ស្តង់ដារ​ឈើ ស្តង់ដារ​ផលិត​អំពី ឈើ​និង​ផលិត​អំពី​កៅស៊ូ ក្នុងនោះ​ស្តង់ដារ​ជាតិ​រួមមាន ស្តង់ដារ​ត្រីងៀត ផ្អក ប្រហុក ស្តង់ដារ​បង្គា​បង្កក ស្តង់ដារ​អង្ករ ស្តង់ដារ​មួកសុវត្ថិភាព ស្តង់ដារ​យានយន្ត (មាន​ម៉ូតូ និង​រថយន្ត) សរុប​ទាំងអស់​មាន​ចំនួន៨៤៨ស្តង់ដារ ក្នុងនោះ​កម្ពុជា​បានអនុម័ត​បាន​ចំនួន៨០៤ស្តង់ដារ​ជាតិ​រួចមកហើយ ដើម្បី​ជា​តម្រូវការ​ដល់​ម្ចាស់​សហគ្រាស សិប្បកម្ម ឧស្សាហកម្ម៕

  • ធនាគារជាតិ​ព្រមាន​ផាកពិន័យ10ម៉ឺន​ដុល្លារ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ

    ធនាគារជាតិ​ព្រមាន​ផាកពិន័យ10ម៉ឺន​ដុល្លារ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ

    ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បន្ទាន់​មួយ ព្រមាន​ពិន័យ 400លាន​រៀល​ឬ​ស្មើនឹង10ម៉ឺន​ដុល្លារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងឡាយណា ដែល​មិន​អនុវត្តតាម​សេចក្តីណែនាំ​ក្នុងការ​ផ្តល់​កម្ចី​កំណត់​យក​អត្រា​ការប្រាក់ 18% ក្នុង​មួយឆ្នាំ។

    សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី18 ខែសីហា​នេះ​បាន​បញ្ជាក់ថា​អនុលោម​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន និង​ក្នុង​គោលដៅ​ពង្រឹង​កិច្ច​គាំពារ​អតិថិជន ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច ៖

    1.នឹង​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន 400លាន​រៀល​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយណា​ដែល​មិន​អនុលោម​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ ជាពិសេស​ប្រកាស​ស្តីពី​តម្លាភាព​ក្នុង​ការផ្តល់សេវា​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ។

    2.ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​ Hotline ចំនួន 4ខ្សែ​ដើម្បី​រង់ចាំ​ទទួល​ព័ត៌មាន​អំពី​អតិថិជន​ដែលមាន​បញ្ហា​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ។

    3.បន្ត​ពង្រឹង​ការចុះ​ត្រួតពិនិត្យ​ដល់ទី​កន្លែង​ចំពោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ស្ថិតក្រោម​អាណាព្យាបាល​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា។

    ដើម្បីឱ្យ​ការអនុវត្ត​នេះ​ប្រព្រឹត្ត​ទៅដោយ​តម្លាភាព និង​ផ្តល់​ជា​ប្រយោជន៍​ទៅដល់​អតិថិជន ឬ​ប្រជាពលរដ្ឋ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ដូច​មានចែង​ក្នុង​ជំពូក18, 19 និង20 នៃ​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ចំពោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ណា​ដែល​ប្រព្រឹត្តល្មើស។

    ជាមួយគ្នានេះដែរ ធនាគារជាតិ​បាន​ក្រើនរំឭក​ទៅដល់​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងអស់​ថា ទាំងអស់​គឺជា​គ្រឹះស្ថាន​ឯកជន​រក​ផលចំណេញ ហើយ​គ្រឹះស្ថាន​ទាំងនោះ​មិនមែនជា​របស់​រដ្ឋ​ទេ ដូច្នេះ​រាល់​ការឃោសនា​បោកប្រាស់​ណាមួយ​ដែលថា នឹងមាន​ការ​លុប​បំណុល​របស់​អតិថិជន​នោះ មិនមែនជា​ការពិត​ទេ ហើយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។

    គួរ​បញ្ជាក់ថា ចាប់តាំងពី​ធនាគារជាតិ​តម្រូវឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យកការប្រាក់​ខ្ពស់​បំផុត​ត្រឹម18%ក្នុង​មួយឆ្នាំ​មក​គេ​សង្កេតឃើញថា មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្លះ​មិនបាន​បញ្ចុះ​អត្រា​ការប្រាក់​របស់ខ្លួន​ទេ​សម្រាប់​អតិថិជន​ចាស់ និង​ថ្មី​របស់ខ្លួន គឺអាច​ថា​គិត 2%ក្នុង 1ខែ​ហើយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេងទៀត​យកការប្រាក់ 18%ក្នុង1ឆ្នាំ ​តាម​ធនាគារជាតិ​តម្រូវ តែ​អតិថិជន​ត្រូវ​បង់​សេវាផ្សេងៗជាច្រើន​ដូចជា​ថ្លៃ​សេវា​រដ្ឋបាល គឺ​អតិថិជន​ត្រូវ​បង់ 0.5%ជា​រៀងរាល់ខែ ដូច្នេះ​សរុប​ទាំង​សេវា​រដ្ឋបាល និង​ការប្រាក់​អតិថិជន​ត្រូវ​បង់អស់ 2%ក្នុង1ខែ​ដដែល ចំណែក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេងទៀត​យកការប្រាក់18% ក្នុង1ឆ្នាំ​មែន តែ​អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​រដ្ឋបាលផ្សេងៗ (fee) ទម្លាក់​កម្ចី​ម្តង 3%បើ​ខ្ចី​រយៈពេល 3-6ខែ ឬ 6%បើ​ខ្ចី​រយៈពេល1ឆ្នាំ​ដែល​បើ​សរុប​ទាំង​ការប្រាក់​ផង​គឺ​នៅតែ24% ក្នុង1ឆ្នាំ​ដដែល។

    លោក សេន សុភ័ក្ត្រ ជា​អតិថិជន​ដែល​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​និយាយថា កាលពី​អំឡុងពេល​ខ្ចី​ដំបូង​នៅ​ឆ្នាំ2015 លោក​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន 3,000ដុល្លារ ហើយ​បាន​តម្រូវឱ្យ​បង់​ការប្រាក់1.7%ក្នុង​មួយខែ​ដោយ​មិនមាន​សេវា​រដ្ឋបាល​នោះទេ ប៉ុន្តែ​ក្រោយពី​ធនាគារជាតិ​ប្រកាស​ឱ្យ​ទម្លាក់​អត្រា​ការប្រាក់ 18% ក្នុង​មួយឆ្នាំ​មក ស្រាប់តែ​ខាង​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ​នោះ​តម្រូវឱ្យ​លោក​បង់​សេវា​រដ្ឋបាលផ្សេងៗ សរុប​ទាំង​អស់លោក​ត្រូវ​ចំណាយ​ដល់​ទៅ40ដុល្លារ​ជាង​ឯណោះ ហើយ​នៅពេល​សួរថា ហេតុអ្វី​បាន​យក​សេវា​រដ្ឋបាល​នេះ ខាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាប់ថា ជាគោលការណ៍​ថ្មី៕

  • Tottenham ត្រៀម​បំពេញ​ការផ្ទេរ Sanchez ក្រោយពី​យល់ព្រម​លើ​តម្លៃ​ខ្លួន42លាន​ផោន

    Tottenham ត្រៀម​បំពេញ​ការផ្ទេរ Sanchez ក្រោយពី​យល់ព្រម​លើ​តម្លៃ​ខ្លួន42លាន​ផោន

    ក្លិប Tottenham Hotspur កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង​កីឡាករ​ជា​លើក​ទី1របស់​ពួកគេ​នៅ​រដូវក្តៅ​នេះ ក្រោយពី​បាន​យល់ព្រម​លើ​ការព្រមព្រៀង​គ្នា​មួយ​ជាមួយនឹង​ក្លិប Ajax ដើម្បី​ទិញ​ខ្សែការពារ Davinson Sanchez ។

    ទីបំផុត ក្លិប​មាន​ខ្នាយ​មាស Spurs បានទទួល​ជោគជ័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សម្រាប់​ការផ្ទេរ​ខ្សែការពារ​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ។ ពួកគេ​នឹង​ចំណាយ​ប្រា​ក់លើ​តម្លៃ​ខ្លួន​ជា​គោល28លាន​ផោន (ស្មើនឹង36លាន​ដុល្លារ​អាមេរិក) និង​ប្រាក់ឧបត្ថម្ភផ្សេងៗចំនួន 14លាន​ផោន​ផ្សេងទៀត។ ចំណុច​ដែល​មិនទាន់​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​រវាង​ក្លិប Tottenham និង Ajax គឺ​ពេលវេលា​នៃ​ការទូទាត់​ប្រាក់ ខណៈដែល​ក្លិប Ajax កំពុងតែ​ព្យាយាម​បង្កើនល្បឿន​ទៅលើ​ដំណើរការផ្សេងៗឲ្យ​បាន​លឿន​ជាង​អ្វីដែល​បានគ្រោង​ទុក។

    Sanchez បាន​ប្រាប់​ក្លិប Ajax កាលពី​ថ្ងៃ​ចន្ទ​ថា រូបគេ​ចង់​ចូលរួម​ជាមួយនឹង Spurs បើទោះបី​ក្លិប​នេះ(Ajax )បានផ្តល់​សំណើ​នៃ​ការចុះ​កុងត្រា​ថ្មី​ក្នុង​ទឹកប្រាក់​ដ៏​ច្រើន​ដើម្បី​រក្សាទុក​រូបគេ​ឲ្យ​ស្ថិតក្នុង​ក្លិប​របស់​ហូ​ឡង់​នេះ​ក៏ដោយ។ ខណៈដែល​ការ​ព្រមព្រៀងគ្នា​មួយ​រវាង​ក្លិប​ទាំងពីរ​កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​នៅ​សប្តាហ៍​នេះ Sanchez បាន​ដកខ្លួន​ចេញពី​ក្រុម​របស់ Ajax ដែល​ត្រូវធ្វើ​ការប្រកួត​ក្របខ័ណ្ឌ Europa League វគ្គ Playoff ជាមួយនឹង​ក្រុម Rosenborg កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

    Sanchez វ័យ21ឆ្នាំ បាន​ក្លាយជា​គោលដៅ​មួយ​សម្រាប់​ក្លិប Real Madrid និង Barcelona កាលពី​ឆ្នាំមុន ប៉ុន្តែ​រូបគេ​នឹងត្រូវ​លេង​ឲ្យ​ក្លិប Spurs នៅ​រដូវ​កាល​នេះ​ដើម្បី​ធ្វើការ​ប្រជែង​ជាមួយនឹង Jan Vertonghen និង Toby Alderweireld ក្នុង​តំបន់​ការពារ​កណ្តាល៕

    ប្រភពពី៖ The Telegraph