Category: សង្គម និងសេដ្ឋកិច្ច

  • សំណាង រង​ពិន័យ​កាត​ក្រហម ខណៈ​កម្ពុជា​ធ្លាក់​ចេញពី​ស៊ី​ហ្គេម​ក្រោម​ស្នាដៃ​ថៃ

    សំណាង រង​ពិន័យ​កាត​ក្រហម ខណៈ​កម្ពុជា​ធ្លាក់​ចេញពី​ស៊ី​ហ្គេម​ក្រោម​ស្នាដៃ​ថៃ

    ក្រុម​យុ​ជន​អាយុ​ក្រោម22ឆ្នាំ​របស់​កម្ពុជា បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី29 ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃអាទិត្យ ក្រោយពី​បាន​រង​បរាជ័យ​ជា​លើក​ទី3ក្នុងការ​ប្រកួត3លើកដំបូង​ក្នុង​ពូ​ល B ពេល​ប្រកួត​ជាមួយនឹង​ជើង​ខ្លាំង​ថៃ។

    ក្រុម​កម្ពុជា U22 បាន​ឈានទៅ​កាន់ការ​ប្រកួត​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​ត្រូវការ​ឈ្នះ​ជាដាច់ខាត ដើម្បី​រក្សា​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​យក​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយពី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-០ ពេល​ជួប​ក្រុមយុវជន​ហ្វីលីពីន​កាលពី​ថ្ងៃ​បើកឆាក និង​ចាញ់​ក្រុម​ជម្រើសជាតិ​វៀតណាម U22 ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃ​សុក្រ។ ទោះបីជា​យ៉ាងណា កម្ពុជា U22 បាន​ជួប​ការខកចិត្ត ខណៈដែល​ពួកគេ​បាន​រង​បរាជ័យ​យ៉ាងដំណំ​ក្នុង​លទ្ធផល 3-០ ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ថៃ បើទោះបី​ទាំង​កម្ពុជា និង​ថៃ​បាន​រង​ពិន័យ​កាត​ក្រហម​លើ​កីឡាករ​ម្នាក់​មួយ​ដូចគ្នា​ក៏ដោយ។ ក្នុងពេល​ថៃ​កំពុងតែ​នាំមុខ 1-០ នៅ​ជិត​បញ្ចប់​ការប្រកួត​តង់​ទី1 កំហឹងផ្សេងៗបាន​ផ្ទុះឡើង​ក្រោយពី​កីឡាករ​ថៃ Chaiyawat Buran បាន​ប្រព្រឹត្ត​កំហុស​លើ​កីឡាករ​កម្ពុជា ហើយ​ការចូល​ទៅធ្វើ​អន្តរាគមន៍​ទាំង​ខឹងសម្បា​របស់​កីឡាករ សុខ សំណាង របស់​ក្រុម​កម្ពុជា​បានធ្វើ​ឲ្យ​រូបគេ​រង​ពិន័យ​កាត​ក្រហម បន្ទាប់ពី​អាជ្ញាកណ្តាល​បាន​ពិន័យ​កាត​ក្រហម​ដូចគ្នានេះ​ទៅលើ Chaiyawat ដែរ។

    បើទោះបី​លេង​ជាមួយនឹង​សមាជិក​តែ10នាក់​ដូចគ្នា​ក្តី  ក៏​ក្រុម​ជម្រើសជាតិ​ថៃ​បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី2គ្រាប់​បន្ថែមទៀត ដើម្បី​បំពេញ​ថ្ងៃ​ដ៏​ខកចិត្ត​របស់​កម្ពុជា​បានដែរ។ ប៉ុន្តែ ក្រុម​ជម្រើសជាតិ​ថៃ U22 នៅតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 ដោយមាន7ពិន្ទុ ខណៈដែល​វៀតណាម និង​ឥណ្ឌូនេស៊ី កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ1 និង​លេខ2 ដោយមាន9ពិន្ទុ និង7ពិន្ទុរៀងៗខ្លួន ស្រប​ពេលដែល​មានតែ2ក្រុម​ប៉ុណ្ណោះ​ក្នុង​ពូ​ល B នេះ ដែលមាន​សិទ្ធិ​ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ធ្វើការ​ប្រកួត​បង្គ្រប់កិច្ច​របស់ខ្លួន​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ទី​ម័​រ និង​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​ថៃ នឹងត្រូវ​ជួប​ក្រុម​ហ្វីលីពីន និង​វៀតណាម នៅ​ថ្ងៃ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល៕

  • ការប្រឡង​បាក់​ឌុប​ព្រឹក​នេះ មានការ​ស្ងប់ស្ងាត់​នៅ​ទីក្រុង តែ​ខេត្ត​មួយចំនួន​មាន​ឧបសគ្គ

    ការប្រឡង​បាក់​ឌុប​ព្រឹក​នេះ មានការ​ស្ងប់ស្ងាត់​នៅ​ទីក្រុង តែ​ខេត្ត​មួយចំនួន​មាន​ឧបសគ្គ

    ព្រឹក​ថ្ងៃទី21 ខែសីហា ឆ្នាំ2017 នេះ​ជា​ពេល​បើក​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) ដោយ​ក្នុងនោះ​យើង​ឃើញថា គ្រប់​រាជធានី-ខេត្ត​បានរៀបចំ​គ្រប់​សកម្មភាព​ដើម្បី​សម្រួល​ឱ្យ​ការប្រឡង​ដ៏​សំខាន់​នេះ​ទទួលបាន​ជោគជ័យ។

    យោងតាម​ទំព័រ Facebook ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញថា ដំណើរការ​នៅ​មណ្ឌល​ប្រឡង​វិញ្ញាសា​ទី1 គឺ​ប្រវត្តិសាស្ត្រ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​ផែនដី និង​បរិស្ថានវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​សភាព​ស្ងប់ស្ងាត់ និង​មាន​សណ្តាប់ធ្នាប់​ល្អ​ទាំង​ក្នុង និង​ក្រៅ​មណ្ឌល តែ​នៅ​ខេត្ត​មួយចំនួន​កំពុងមាន​ឧបសគ្គ​ដោយសារ​តែមាន​ភ្លៀង​ធ្លាក់។ ទោះបីជា​យ៉ាងណាក៏ដោយ ដំណើរការ​ប្រឡង​អាចធ្វើ​ទៅបាន​ទាន់ពេលវេលា​កំណត់។

    សម្រាប់​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅថ្ងៃនេះ គឺមាន​ការបើក​វិញ្ញាសា​សម្រាប់​ដំណើរការ​ប្រឡង ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង គណៈ​អភិបាល​រាជធានី-ខេត្ត គណៈមេប្រយោគ​ទូទាំងប្រទេស  ប្រធាន អនុប្រធាន​មណ្ឌល អ្នកត្រួតពិនិត្យ​តាម​អគារ អ្នកសង្កេតការណ៍ និង​អ្នកពាក់ព័ន្ធ​នានា រួមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

    សូមបញ្ជាក់​ផងដែរ​ថា ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ 2017 នេះ​មាន​មណ្ឌល​ប្រឡង 179មណ្ឌល ស្មើនឹង 4,093បន្ទប់ នៅ​ទូទាំងប្រទេស បេក្ខជន​ចូលរួម​ប្រឡង​មាន​ចំនួន101,410នាក់ ក្នុងនោះ​មាន​សិស្សស្រី​ចំនួន 50,049នាក់៕

  • ចង់ឃើញ​ស្នាម​សាក់​របស់ សុខ សោ​ម៉ា​វ​ត្ដី នៅ​ជិត​ចំណុច​ពិសេស​អត់?

    ចង់ឃើញ​ស្នាម​សាក់​របស់ សុខ សោ​ម៉ា​វ​ត្ដី នៅ​ជិត​ចំណុច​ពិសេស​អត់?

    អ្នកនាង សុខ សោ​ម៉ា​វ​ត្ដី ត្រូវបាន​មហាជន​ផ្គូផ្គង​គ្នា​ជាមួយ​កីឡាករ​បាល់ទាត់​រូប​សង្ហា​គឺ​លោក លី វ៉ា​ហេ​ត ក្រោយពី​ពួកគេ​បាន​សម្ដែង​រួមគ្នា​ក្នុង​រឿង «ខូច​ចិ​ត្ដ​អាជីព» គ្រា​ដែល​អ្នក​ទាំងពីរ​កាន់តែ​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយគ្នា​បន្ថែមទៀត​នៅក្នុង​ជីវិត​ខាងក្រៅ។

    ក្រៅពី​បញ្ហា​ផ្ទាល់ខ្លួន​របស់​អ្នក​ទាំងពីរ​ដែល​មហាជន​ទូទៅ​កំពុងតែ​ចាប់អារម្មណ៍​តាមដាន​ហើយ​នោះ  ថ្មីៗនេះ​អ្នកនាង សុខ សោ​ម៉ា​វ​ត្ដី បានបង្ហាញ​ស្នាម​សាក់​នៅក្បែរ​ចំណុច​សំខាន់ ដែល​កាន់តែ​ធ្វើឱ្យមាន​ការទាក់ទាញ​យ៉ាងខ្លាំង​ពី​សាធារណជន។

    តាមពិតទៅ​ការ​សាក់​នៅលើ​ដងខ្លួន​វា​គ្មាន​បញ្ហា​អ្វី​ទាស់ខុស​ឡើយ ពិសេស​នៅតាម​បណ្តា​ប្រទេស​បែក​អឺរ៉ុប​ត្រូវបាន​គេ​ចាត់ទុកថា ការ​សាក់​នេះ​ជា​សិល្បៈ​មួយ​សម្រាប់​លម្អ​ដល់​រាងកាយ​តែប៉ុណ្ណោះ។  ជុំវិញ​ការ​សាក់​នេះ​យើង​ឃើញថា បើទោះជា​នៅ​ប្រទេស​កម្ពុជា​ហាក់​មិនទាន់មាន​ភាព​ពេញនិយម​ខ្លាំងក្លា​ក៏ដោយ ប៉ុន្ដែ​សិល្បៈ​នៃ​ការ​សាក់​រូប​លើ​ដងខ្លួន​ក៏ត្រូវ​បាន​មហាជន  និងតារាៗ ជាពិសេស​សិល្បការិនីល្បីៗជាច្រើនរូប​បាន​សាក់​ផងដែរ ពិសេស​ស្នាម​សាក់ថ្មីៗរបស់​អ្នកនាង សុខ សោ​ម៉ា​វ​ត្ដី​ដែល​ទើបតែ​បង្ហាញ​នេះ​តែម្ដង។

    ជុំវិញ​ការបង្ហាញ​រូបភាព​សាក់​នៅ​ជិត​ចំណុច​សំខាន់​របស់​អ្នកនាង សុខ សោ​ម៉ា​វ​ត្ដី ត្រូវបាន​មហាជន​ជាច្រើន​លើកសរសើរ​ថា ក្រោយពី​នាង​ប្រកាស​ខ្លួន​ថា នៅ​លីវ​មក នាង​ហាក់ដូចជា​បើក​ចិ​ត្ដ​ទូលាយ​ច្រើន​មិនសូវ​គិត ឬ​រិត​ត្បិត​លើ​អារម្មណ៍​ខ្លួនឯង​ខ្លាំង​ដូច​ពេល​មាន​គូជីវិត​នោះទេ។ ពិសេស​ចាប់តាំងពី​លេច​ឮថា នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កីឡាករ​បាល់ទាត់​លី វ៉ា​ហេ​តម​ក ជីវិត​របស់​នាង​ហាក់ដូចជា​លេង​បែប Free Style ច្រើន ពោលគឺ​នាង​ចង់​ធ្វើ​អ្វី នាង​ធ្វើ​ហ្នឹង ចង់​សាក់ ក៏​សាក់ ជាងនេះទៅទៀត​នាង​កាន់​តែមាន​ភាពក្លាហាន​ជាង​មុន​ថែម​ទៀតផង​ក្នុងការ​ទទួលស្គាល់​នូវ​អ្វីដែល​ខ្លួន​បានធ្វើ៕

  • បើ​ឡឹង​កុំ​ខេង! តែបើ​លេង​ខឹង​ប្ដឹង​មែន  លោក សុវណ្ណ មករា!

    បើ​ឡឹង​កុំ​ខេង! តែបើ​លេង​ខឹង​ប្ដឹង​មែន  លោក សុវណ្ណ មករា!

    បើ​ឡឹង​កុំ​ខេង! បើ​លេង​កុំ​ខឹង ប៉ុន្ដែ​ឥឡូវនេះ​លេង​ទៅលេង​មក​ពិតជា​ខឹង​មែនទែន​ហើយ ពោលគឺ​ក្រោយ​មាន​ពាក្យ​ឌឺដង​គ្នា​យ៉ាង​ចាស់ដៃ​រវាង​លោក ហេង ឡុង និង​តារា​សម្ដែង​បទពិសោធ​ក្រាស់ក្រែល សុវណ្ណ មករា និង​ការ​បង្ហើរពាក្យ​ពី​សំណាក់​លោក ហេង ឡុង ថា ត្រៀម​មេធាវី​មិនតិចជាង3នាក់​ទេ និង​បាន​ប្រាប់ថា កុក​ជិត​ជាប់​ជុង​ហើយ​ឱ្យ​ទ្រាំ​បន្តិច​រួចមក ឥឡូវនេះ​ពាក្យបណ្ដឹង​ក៏បាន​ចេញមក​មែន។

    ជុំវិញ​ការប្ដឹង​ពីបទ៖ «បរិហាកេរ្ដិ៍​ជា​សាធារណៈ និង​ជេរប្រមាថ​ជា​សារ​ធាណៈ» ពី​សំណាក់​លោក ហេង ឡុង ទៅកាន់​ចុង​បណ្ដឹង​លោក សុវណ្ណ មករា គេ​សង្កេតឃើញថា តារា​សម្ដែង​រូបនេះ​ហាក់បីដូចជា​មិន​ប្រកែក​តវ៉ា​នឹង​បណ្ដឹង​ទាំង​នោះទេ​គ្រាន់តែ​បង្ហើប​ថា លោក​នឹង​តវ៉ា​ទៅតាម​នោះ​ដោយ​យុត្ដិធម៌​តប​ទៅវិញ។

    `តទៅ​នេះ​ជា​ពាក្យពេចន៍​ដែល​លោក​សុវណ្ណ មករា បាន​សរសេរ​លើ​បណ្ដាញ​សង្គម «អូ! ចង់​លាងខ្លួន​ហើយ អន្ទិត​ចេក​ឡុង​កំពិត​ឯង យក​លេស​ប្តឹង​ដើម្បី​បង្វែរ​ការចាប់អារម្មណ៍​ពី​សំណាក់​ម្ចាស់​ប្រាក់​ដែល​គេ​ចូល​មូលនិធិ​ហ្នឹង​ឬ ? សូម​ប្តឹង​តាម​ក្បាលវ៉ាល់​ឡុង​កំពិត​ឯង​ចុះ ខ្ញុំ​នឹង​តតាំង​ដោយ​យុត្តិធម៌ បើ​ខ្ញុំ​ចាញ់​ដោយ​ការ​បំផ្លើសការពិត​ឡុង​ឯង​មែន ខ្ញុំ​សុខចិត្ត​បង់ប្រាក់​រំលស់​ក្នុង1ខែ 4ម៉ឺន​រៀល តាម​ប្រព័ន្ធ​បក្ស​ CNRP ដែលជា​បក្ស​ឡុង​កំពិត​ឯង​ធ្លាប់​គាំទ្រ​ពីមុន​នោះ ឥឡូវ​ក៏​ឡុង​ឯង​នៅតែ​គាំទ្រ​ដដែល​ហ្នឹង! តែ​មក​យក​ផលប្រយោជន៍​ពី ​CPP ម៉ា​អា​ខ្ទើយ​ថោកទាប! អា​ពស់​ក្បាល​ពីរ! បញ្ចាក់​ម្តងទៀត ត្រូវ​តោង​ជាយ​សារុង​ច​ន​ចាន់​ឲ្យ​ជាប់​វើ​យ! ប្រ​យ​ត្ន័​ច​ន​ចាន់​ធាក់​ក្បាល​ចោល ឡុង​កំពិត​ឯង​ច្បាស់​ជា​គុក​ហើយ អា​គុក អា​ខ្ទើយ​ឯង​បោកប្រាស់​អ្នកសិល្បៈ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួនឯង ម៉ា​អា​ខ្ទើយ​យួន​កាត់​ចិន ឯង​កុំមក​ចង់ស៊ី​ខ្សែលើ​សិល្បៈ​ខ្មែរ​ឲ្យ​សោះ ការពិត​កំពុង​លាតត្រដាង​ហើយ ឡុង​កំពិត​ឯង​វ័ណ្ឌក​ហើយ 😽😽😽😽good by ឆ្មា​ចេក»។

    គ្រា​ដែល​លោក សុវណ្ណ មករា បាន​សរសេរ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា ខ្លួន​សុខចិត្ដត​តាំង​ជាមួយ​លោក​ហេង ឡុង​តាម​យុត្ដិធម៌​នោះ មហាជន​ជាច្រើន​បាន​មើលឃើញ និង​សន្និដ្ឋានថា  ឥឡូវ​លោក សុវណ្ណ មករា ហាក់ដូចជា​ដឹងខ្លួន​ខ្លះ​ដែរ​ថា ខ្លួន​អាច​ខុស។ ប៉ុន្ដែ​រាល់​ការលើកឡើង​ជាច្រើន​រប​ស់លោក​សុវណ្ណ មករា ទៅលើ​លោក​ហេង ឡុង ហាក់ដូច​ផ្ដោត​តែ​ទៅលើ​រឿង​លុយ​របស់​សមាគម​តែម្ដង ដែល​ធ្វើឱ្យ​អ្នកតាមដាន​រឿងនេះ​កន្លងមក​មានការ​ងឿងឆ្ងល់ និង​ចោទ​ជា​សំណួរ​ក្នុង​ចិ​ត្ដ​ថា ចុះបើ​លោក ហេង ឡុង ចង់​ទទួលបាន​ភាព​យុត្ដិធម៌ និង​ចង់​ឈ្នះ​ចិ​ត្ដរប​ស់លោក សុវណ្ណ មករា ពិតមែន ក្រៅពី​ដាក់ពាក្យ​បណ្ដឹង​ហើយ​នោះ​លោក​គួរតែ បញ្ចេញ​ភ័ស្ដុតាង​ពាក់ព័ន្ធ​នឹង​លុយកាក់​នោះ​ទៅ? ព្រោះ​ធ្វើ​យ៉ាងនេះ​លោក សុវណ្ណ មករា នឹង​បិទមាត់​ជិតឈឹង​លែង​ហ៊ាន​សួរ​ពី​រឿងនេះ​ទៀត​មិន​ខាន ម្យ៉ាង​វា​ក៏​ជាការ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​សម្រាប់​លោក និង​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ដែល​ចំណាយ​ពេលវេលា ភាព​នឿយហត់ សេចក្ដីសុខ​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​សង្គម​ដូច​ពាក្យចាស់​ថា មាស​សុទ្ធ​មានរឿង​អី​ត្រូវ​ខា្ល​ច​ភ្លើង ? ហ្នឹងឯង។ ណាមួយ​ក្នុងនាម​មហាជន​ក៏​មិន​ចង់ឱ្យ​អ្នក​នៅក្នុង​សង្គម​សិល្បៈ​ប​ង្ក​ជា​ជម្លោះ​ប្ដឹងផ្ដល់​គ្នា​បែបនេះ​ដែរ៕

  • Neymar រកបាន2គ្រាប់ ខណៈ PSG លត់ Toulouse ចាស់ដៃ

    Neymar រកបាន2គ្រាប់ ខណៈ PSG លត់ Toulouse ចាស់ដៃ

    ខ្សែប្រយុទ្ធ Neymar បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ខណៈដែល​ក្រុម Paris St-Germain បានធ្វើការ​វាយបក​ដើម្បី​ផ្តួល​ក្រុម Toulouse យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-2 ដើម្បី​ដណ្តើមបាន9ពិន្ទុ​ពេញ​ពី​ការប្រកួត​បើកឆាក​ទាំង3លើក​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Ligue 1 កាលពី​ថ្ងៃអាទិត្យ។

    ការទទួល​ជ័យជម្នះ​ដ៏​កក់ក្តៅ​នេះ​បានធ្វើ​ឲ្យ​ក្រុម PSG របស់លោក Unai Emery ឡើងទៅ​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Ligue 1 បើទោះបី​ពួកគេ​បាន​ដេញតាម​ពីក្រោយ​នៅ​កីឡដ្ឋាន Parc des Princes តាមរយៈ​គ្រាប់​បាល់​បើកឆាក​របស់​កីឡាករ Max Gradel នៅ​នាទី​ទី18ក៏ដោយ។ Neymar បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​សម្រាប់​ក្រុម PSG មុនពេល​កីឡាករ Adrien Rabiot រក​គ្រាប់​បាល់​នាំមុខ​សម្រាប់​ក្រុម​ខ្លួន​នៅមុន​ពេល​បញ្ចប់​តង់​ទី1។

    បន្ទាប់មក ខ្សែប្រយុទ្ធ Edinson Cavani បាន​បន្ថែម​គ្រាប់​បាល់​ទី3 ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី2 មុនពេល​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ Thiago Silva បាន​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​វាយបក​បាន1គ្រាប់​វិញ។ ប៉ុន្តែ កីឡាករ Javier Pastore, Layvin Kurzawa និង Neymar ដែលជា​កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​បាន​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​ដើម្បី​ផ្តល់​ជ័យជម្នះ​ដ៏​កក់ក្តៅ​សម្រាប់​ក្រុម​ខ្លួន​តែម្តង។

    ក្រោយពី​បាន​រក​គ្រាប់​បាល់​នៅ​ថ្ងៃ​នៃ​ការ​បង្ហាញខ្លួន​ជា​លើក​ទី1របស់គេ​នៅលើ​ទឹកដី​ក្រុម Guingamp រួចមក  ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Neymar បច្ចុប្បន្ន​បាន​ស៊ុត​បាល់​បញ្ចូល​ទី3គ្រាប់​ក្នុងការ​ប្រកួត2លើក​សម្រាប់​ក្រុម PSG ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Barcelona ក្នុងតម្លៃ​ខ្លួន 222លាន​អឺរ៉ូ (ស្មើនឹង261លាន​ដុល្លារ​អាមេរិក)។

    ក្រោយពី​បញ្ចប់​ការប្រកួត Neymar វ័យ 25ឆ្នាំ​បាន​និយាយថា៖ «ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រីករាយ និង​ធូរស្រាល​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ហាក់ដូចជា​លេង​នៅក្នុង​ផ្ទះ​អ៊ីចឹង។ ខ្ញុំ​កំពុងតែ​សម្រប​ខ្លួន​ឲ្យ​បាន​រហ័ស​តាម​ដែល​អាច​ធ្វើបាន។ ខ្ញុំ​កាន់​តែមាន​ភាពរឹងមាំ​ផ្នែក​រាងកាយ ហើយ​ខ្ញុំ​នៅតែ​អាចធ្វើ​បានល្អ​ប្រសើរ​ជាង​នេះ»៕

    ប្រភពពី៖ The Guardian

  • សុខភាព​របស់​កុមារ​នៅតែ​ជា​បញ្ហា​ធំ​នៅឡើយ​សម្រាប់​កម្ពុជា

    សុខភាព​របស់​កុមារ​នៅតែ​ជា​បញ្ហា​ធំ​នៅឡើយ​សម្រាប់​កម្ពុជា

    ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើនឡើង​ខ្លាំង វិស័យ​វិនិយោគ និង​ផ្នែក​នានា​ក្នុងសង្គម​ក៏​ចាប់ផ្តើម​អភិវឌ្ឍ​ខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ដែរ។ នៅក្នុង​ដំណើរ​នៃ​ការរៀបចំ​សង្គម​ដែល​ប្រកបដោយ​ការប្រកួតប្រជែង​ផ្នែក​អាជីវកម្ម ធនធានមនុស្ស​ចាប់ផ្តើម​ក្លាយជា​ចំណុច​អាទិភាព​ដែល​ត្រូវ​យកចិត្តទុកដាក់ ព្រោះ​គ្រប់​ចង្វាក់​ផលិតកម្ម ឬ​សេវាកម្ម​នានា​សុទ្ធតែ​ត្រូវការ​មនុស្ស​ទៅធ្វើ​ការ។

    ជាក់ស្តែង ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ខំ​ជំរុញឱ្យមាន​ការគិតគូ​រ​ពី​បញ្ហា​សុខភាព និង​ការ​គាំពារ​កុមារ​តាមរយៈ​គម្រោង​នានា​ដូច​ជាការ​គាំពារ​មិន​ឱ្យមាន​អំពើហិង្សា គាំពារ​ផ្នែក​សិទ្ធិ​កុមារ និង​ការ​គាំពារ​ផ្នែក​សុខភាព​ជាដើម។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ របាយការណ៍​ដែល​ចេញ​ដោយ​អង្គការ Unicefនៅ​កម្ពុជា​ឆ្នាំ 2016 បាន​បង្ហាញថា ជំងឺ​កង្វះ​អាហារូបត្ថម្ភ​លើ​កុមារ នៅតែ​ជា​បញ្ហា​ធំ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​កុមារ​ក្រោម​អាយុ 5 ឆ្នាំ ចំនួន 32% មាន​ជំងឺ​ក្រិស​ក្រិន។ តាម​ការរកឃើញ​រប​ស់​អង្គការ​អន្តរជាតិ​មួយ​នេះ​បានបង្ហាញ​ផងដែរ​ថា កុមារ​ចំនួន 10% មាន​បញ្ហា​ស្គមស្គាំង និង​ចំនួន 24% មាន​បញ្ហា​មិន​គ្រប់​ទម្ងន់។

    យោងតាម​របាយការណ៍​របស់ Unicef ដដែល​បានបង្ហាញ​ផងដែរ​ថា នៅ​ឆ្នាំ 2013 មានការ​បាត់បង់​ថវិកា​យ៉ាងហោចណាស់168លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ដោយសារតែ​ផលវិបាក​អវិជ្ជមាន​ផ្នែក​សុខភាព​មួយចំនួន​ដែល​បង្កើតឡើង​ដោយ​អំពើហិង្សា​លើ​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា។

    ទោះជា​យ៉ាងណាក៏ដោយ គេ​សង្កេតឃើញថា ស្ថាប័ន​ពាក់ព័ន្ធ​នានា​បាន និង​កំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នេះ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការជំរុញឱ្យ​អនាគត​ធនធានមនុស្ស​នៅ​កម្ពុ​ជាមាន​លក្ខណៈ​ល្អប្រសើរ​ឡើង៕

  • កម្ពុជា​ផ្ដើម​មាន Concept Store ដូច​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ហើយ

    កម្ពុជា​ផ្ដើម​មាន Concept Store ដូច​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ហើយ

    ជា​លើកដំបូង​ហើយ​សម្រាប់​កម្ពុជា ដែលមាន​កន្លែង​ផ្ដល់នូវ​បទពិសោធ​ក្នុងការ​ធ្វើតេស្ដ​សមត្ថភាព​កុំព្យូទ័រ ដូច​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​វា​នឹង​ផ្ដល់នូវ​ការសម្រេចចិត្ត​ដ៏​ល្អ​មួយ​ដល់​អ្នក​ចង់​ទិញ​កុំព្យូទ័រ​យួរដៃ​យកទៅ​ប្រើប្រាស់​ក្នុង​ការងារ ការសិក្សា និង​កម្សាន្ត​ជាដើម។

    តាម​ការបញ្ជាក់​ពី​លោក Phoung Sam Onn ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន MSI កម្ពុជា​បានឱ្យដឹងថា MSI Concept store នឹង​ជាទី​កន្លែង​តែមួយគត់​ដែល​ផ្ដល់នូវ​បទពិសោធ​នៃ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​នៃ​គ្រប់​ផលិតផល​របស់ MSI ខណៈ​ទីនេះ​មាន​ដាក់តាំង​លក់​គ្រប់​ម៉ូ​ដែល​កុំព្យូទ័រ MSI និង​គ្រឿង​ប្រើប្រាស់ផ្សេងៗទៀត​ដែល​ក្រុមហ៊ុន​នៅ​ប្រទេសក្រៅ​មាន។ លោក​បន្ដថា អ្នកគាំទ្រ​ផលិតផល MSI ទាំងអស់​អាចមក​ទស្ស​នា​នៅទីនេះ​ដើម្បី​មើល និង​ធ្វើតេស្ដ​សាកល្បង​កុំព្យូទ័រ ដៃ​ហ្គេម និង​គ្រឿង​តុបតែង​ផ្សេងទៀត​បាន មុននឹង​សម្រេចចិត្ត​ទិញ។

    លោក​ថ្លែងថា៖«ទីនេះ​ជា​កន្លែង​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា ដែល​យើង​បង្កើតឡើង​ដើម្បីឱ្យ​អ្នកប្រើប្រាស់​បានដឹង​ពី​បច្ចេកវិទ្យា​ដំណាលគ្នា​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែរ»

    លោក​បន្ដទៀតថា MSI ជា​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​បំពាក់ Gaming Feature និង​ផ្គត់ផ្គង់​គ្រប់​ខ្សែស្រឡាយ Gaming Laptop ចាប់ពី​កម្រិត​ទាប​រហូតដល់​កម្រិត​ខ្ពស់ ដើម្បី​បំពេញតម្រូវការ​របស់​អ្នកលេង​ហ្គេម​គ្រប់​ប្រភេទ។

    ហើយ​សម្រាប់​ថ្ងៃនេះ​ដែរ ក្រុមហ៊ុន​ក៏បាន​បញ្ចេញ​នូវ​ម៉ូ​ដែល​ថ្មី​មាន​រាង​ស្អាត សមត្ថភាព GE63/73 Raider ដែល​ត្រូវបាន​រចនា​យ៉ាង​ស្រស់ស្អាត ធ្វើ​ពី​អាលុយមីញ៉ូម បំពាក់​ប្រព័ន្ធ Cooler Boost 5 ចុងក្រោយបង្អស់, Key នីមួយៗមាន​ភ្លើង​ចម្រុះ​ពណ៌ RGB backlight, 120Hz Gaming Display និង Dynaudio Giant Speaker។ រាល់​បច្ចេកវិទ្យា​ដែល​បំពាក់​នៅលើ GE63/73 Raider បាន​នាំមក​ជាមួយ​នូវ​បទពិសោធ​នៃ​ការលេង​ហ្គេម​យ៉ាង​ល្អ​ដល់​អ្នក​ចូលចិត្ត​លេង​ហ្គេម​ទៅលើ​ល្បឿន​ដំណើការ​លឿន កម្រិត​នៃ​ភាពច្បាស់ គុណភាព​សំឡេង ការគ្រប់គ្រង និង​ការភ្ជាប់​ជាមួយ​អ៊ី​ន​ធើ​ណេ​ត​ដោយ​មិនមាន​ការរអាក់រអួល​ឡើយ៕

  • ដឹង​ទេ​ថា វិស័យ​ទេសចរណ៍​រកប្រាក់​ចូលជាតិ​បាន​ប៉ុន្មាន​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន?

    ដឹង​ទេ​ថា វិស័យ​ទេសចរណ៍​រកប្រាក់​ចូលជាតិ​បាន​ប៉ុន្មាន​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន?

    ភ្នំពេញ៖ មិនធម្មតា​ទេ បើ​យើង​ក្រឡេកមើល​ជ្រុង​មួយ​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែល​គេ​ឱ្យឈ្មោះ​ថា​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ឬ​មាន​ផ្សែង​តិចតួច​សោះ តែ​អា​ចរក​ចំណូល​ចូលជាតិ​បាន​រាប់ពាន់​លាន​ដុល្លារ​ក្នុងមួយឆ្នាំៗនោះ។

    ក្រសួងទេសចរណ៍​បានបង្ហាញ​របាយការណ៍​ចុងក្រោយ​មួយ​ឱ្យដឹងថា ប្រាំ​មួយខែ​ដើមឆ្នាំ2017 នេះ​កម្ពុជា​ទទួលបាន​ទេសច​រ​អន្តរ​ជាតិប្រមាណ2,6លាន​នាក់ កើនឡើង​ប្រមាណ12.8% ធៀប​នឹង​ឆ្នាំ2016ក្នុង​រយៈពេល​ដូចគ្នា។ ដោយ​ឈរលើ​គោលការណ៍​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ ទេសចរណ៍​កម្ពុជា​មានការ​កើនឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ជាក់ស្តែង​កាលពី​ឆ្នាំ2016 កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង 5លាន​នាក់​ក្នុង​កំណើន5% និង​នាំ​ចំណូល​ចូលជាតិ​បាន​ប្រមាណ3400លាន​ដុល្លារ​អាមេរិក​ស្មើនឹង13.5% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​បាន​បង្កើត​ការងារ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ62ម៉ឺន​នាក់ ស្មើនឹង13% នៃ​ការងារ​សរុប​នៅក្នុង​វិស័យផ្សេងៗទៀត។

    ជា​ចក្ខុវិស័យ​ឆ្នាំ2020 កម្ពុជា​រំពឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ 7លាន​នាក់​ដែល​អាច​នឹង​នាំ​ចំណូល​ចូលជាតិ​បាន​ប្រមាណ5ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ដោយផ្ទាល់​ជិត1លាន​នាក់ ដូច្នេះ​យុវជន​កម្ពុជា​នឹងមាន​ឱកាស​ការងារ​កា​ន់​តែច្រើនឡើងៗថែមទៀត​នៅក្នុង​វិស័យ​ទេសចរណ៍​នេះ៕

  • អ្នកវិភាគ៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​ឈានដល់​របត់​ថ្មី​មួយ

    អ្នកវិភាគ៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​ឈានដល់​របត់​ថ្មី​មួយ

    ភ្នំពេញៈ ស្របពេល​ការដាក់ចេញ​បទ​ប្បញ្ញត្តិ​នានា​ពី​ធនាគារជាតិ​នៃ​កម្ពុជា កាន់តែ​មាន​ភាព​តានតឹង​ជាង​មុន អ្នកវិភាគកម្ពុជា​បានលើកឡើង​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ឈានដល់​របត់​ថ្មី​មួយ។

    លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​Emerging Market Consulting បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ឈានដល់​របត់​ថ្មី​មួយ​ដែល​អ្នកវិនិយោគ​ក្នុង​វិស័យនេះ​បាននិងកំពុង​យកចិត្តទុកដាក់​ដើម្បី​បន្ត​ឈរជើង​នៅលើ​ទីផ្សារ​ឱ្យបាន​ដោយ​ផ្អែកលើ​មូលដ្ឋាន​មួយចំនួន​ដូចជា៖

    ទី1/ ការតម្រូវ​ឱ្យ​ដំឡើង​ដើមទុន​ចុះបញ្ជី​ដែល​គ្រឹះស្ថានតូចៗមួយចំនួន​ត្រូវ​លក់​ទៅ​ឲ្យ​អ្នកវិនិយោគ​ដែលមាន​លទ្ធភាព ឬ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គ្រឹះស្ថាន​ដទៃ។ នេះ​ជាស​ញ្ញា​ដ៏​វិជ្ជមាន​មួយ ព្រោះ​សព្វថ្ងៃ​កម្ពុ​ជាមាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើនពេក​រហូតដល់62គ្រឹះស្ថាន​ដែល​ធ្វើ​ឲ្យ​ខ្វះ​ប្រសិទ្ធភាព​ក្នុង​ការផ្តល់សេវា។

    ទី2/ សម្ពាធ​ដែល​ត្រូវ​បញ្ចុះ​អត្រា​ការប្រាក់​តាមរយៈ​ការប្រកួតប្រជែង​ខ្លាំង យុទ្ធសាស្ត្រ​រួមមាន កាត់បន្ថយ​ថ្លៃដើម​ប្រតិបត្តិការ បង្កើន​ការផ្តល់​កម្ចី​ខ្នាត​មធ្យម និង​ខ្នាត​ធំ។

    ទី3/ ការប្រើ​បច្ចេកវិទ្យា​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ប្រតិបត្តិការ ដូចជា​ការសង​ត្រឡប់​តាម​ទូរស័ព្ទដៃ​ទំនើប ជាដើម។

    ទី4/ វិស័យនេះ​ត្រូវ​បន្ត​អប់រំ​មហាជន​ពី​ចំណេះដឹង​ហិរញ្ញវត្ថុ ដើម្បី​ឲ្យ​អតិថិជន​ប្រើ​កម្ចី​ត្រូវ​គោលដៅ ព្រោះ​និរន្តរភាព​ជីវភាព​របស់​អតិថិជន គឺជា​និរន្តរភាព​របស់​ស្ថាប័ន និង​វិស័យ​ទាំងមូល។

    លោក ង៉ែត ជូ បាន​បន្តថា “វិស័យ​មីក្រូហិរញ្ញវត្ថុ​បានរួម​ចំណែក​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា ជា​មោទនភាព​គឺ ធនាគារ​អេស៊ីលីដា និង​ធនាគារ​ស្ថាបនា​បាន​ឈាន​ជើង​ចូល​ទីផ្សារ​ប្រទេស​ឡាវ និង​ភូមា”៕

  • CVEA ចុះ MoU ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ថៃ

    CVEA ចុះ MoU ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ថៃ

    ភ្នំពេញៈ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA)បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​សមាគម​អចលនទ្រព្យ​ថៃ​ដើម្បី​បង្កើន​ការផ្លាស់ប្តូរ​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក និង​ផលប្រយោជន៍​ទាំងសងខាង។

    លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​កាលពី​ថ្ងៃទី18 សីហា​កន្លងមកនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​អចលនទ្រព្យ​របស់​ប្រទេស​ថៃ​ក្នុងពេលដែល​លោក និង​ថ្នាក់ដឹកនាំ ព្រមទាំង​សមាជិកសមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​កម្ពុជា​បាន​ចូលរួម​ក្នុង​សន្និសីទ​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ ការចុះហត្ថលេខា​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ទាក់ទាញ​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ។

    លោក គីម ហ៊ាង ធ្លាប់បាន​បង្ហាញ​ពី​មហិច្ឆតា​នាំ​ក្រុមហ៊ុន​ធ្វើការ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​អាច​ទៅធ្វើ​ការរកស៊ី​បាន​ជាមួយ​ប្រទេស​ក្នុង​តំបន់​នាពេល​អនាគត​តាមរយៈ​ការសហការ​ជាមួយ​ដៃគូ និង​សមាគម​ជាមួយ​ប្រទេស​នៅក្នុង​តំបន់។

    ជាមួយគ្នានេះ ក្នុង​អាណត្តិ​កន្លងមក​លោក គីម ហ៊ាង ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​ធ្វើការ​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​ជាច្រើន​ជាមួយ​ប្រទេស​ក្នុង​តំបន់ ពិសេស​សមាគម​ដីធ្លី​នៅ​សហរដ្ឋអាមេរិក​ដែលមាន​សមាជិក​ជាង1លាន​នាក់។

    សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បច្ចុប្បន្ន​មាន​សមាជិក​ជាង100ក្រុមហ៊ុន​ដែលជា​ក្រុមហ៊ុន​ខ្មែរ និង​បរទេស​ដែល​បាននិងកំពុង​ដើរតួនាទី​ជា​ភ្នាក់ងារ​វាយតម្លៃ និង​ផ្តល់​សេវា​ជួល-ទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា៕