Category: សង្គម និងសេដ្ឋកិច្ច

  • តើ​អាយុ​គភ៌​ប៉ុន្មាន​ខែ ទើប​កូន​ចាប់ផ្តើម​រើ?

    តើ​អាយុ​គភ៌​ប៉ុន្មាន​ខែ ទើប​កូន​ចាប់ផ្តើម​រើ?

    ជា​ប្រក្រតី បន្ទាប់ពី​មានការ​ចាប់បដិសន្ធិ តួ​កំណើត​នឹង​ចាប់ផ្តើម​សាង​ប្រព័ន្ធ​ប្រសាទ​ផ្នែក​កណ្តាល​ជាមុន និង​ប្រព័ន្ធ​សរសៃឈាម តាម​ដោយ​ប្រព័ន្ធ​សាច់ដុំ​ច្រើន​ឡើងជា​បណ្តើរ។ បើ​ស្ត្រី​តាំង​គភ៌​បាន​ប្រមាណ6សប្តាហ៍ ពេល​ឆ្លុះ​អេកូ​មើល នឹង​ឃើញ​តួ​កំណើត​តូច​មួយ​ទំហំ​ប៉ុន​គ្រាប់​អង្ករ​នៅឡើយ តែបើ​ឆ្លុះ​មើល​នៅ​សប្តាហ៍​ទី8 ដែល​បេះដូង​របស់​ទារក​ដំណើរការ​ហើយ​នោះ អ្នក​ម្តាយ​នឹង​មើលឃើញថា កូន​ចាប់ផ្តើម​ចេះ​រើ​ហើយ។ អ្នក​ម្តាយ​មួយចំនួន​នឹងមាន​អារម្មណ៍​រំភើប​ញាប់​ញ័រ​រហូតដល់​ស្រក់​ទឹកភ្នែក​ក៏មាន ព្រោះ​នៅពេល​មើលឃើញថា កូន​ចេះ​រើ​បាន​ហើយ ម្តាយ​នឹងមាន​អារម្មណ៍​ថា ខ្លួន​លែងមាន​តែម្នាក់ឯង​ទៀតហើយ តែ​នៅ​មានកូន​នៅក្នុង​ផ្ទៃ​ម្នាក់ទៀត។

    ក្នុងអំឡុង​តាំង​គភ៌ដំបូងៗ ស្ត្រី​មានគភ៌​មិនទាន់មាន​អារម្មណ៍​ដឹងថា កូន​រើ​នៅឡើយ​ទេ ព្រោះ​ខ្លួន​កូន​នៅ​តូច​ណាស់ លាដៃ​លា​ជើង​ទៅខាង​ណា​ក៏​មិនទាន់​ប៉ះ​នឹង​សាច់​ជញ្ជាំង​ខាងក្នុង​ពោះ​ដែរ តែ​ពេល​បន្ទាប់ពី​តាំង​គភ៌​ចុងខែ​ទី4ឡើងទៅ​ហើយ ស្ត្រី​មានគភ៌​ខ្លះ​អាច​នឹងមាន​អារម្មណ៍​ដឹងថា ដូច​មាន​អី្វ​ម្យ៉ាង​រុញ​នៅក្នុង​ពោះតិច។ ស្ត្រី​មានគភ៌​នឹងមាន​អារម្មណ៍​ថា កូន​រើយឺតៗ ឬ​លឿន​ខ្លាំងខុសៗពីគ្នា។ ស្ត្រី​មានគភ៌​លើកដំបូង​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ដឹងថា កូន​ក្នុង​ផ្ទៃ​រើ ក៏​នៅពេលដែល​គភ៌​មាន​អាយុប្រមាណ18-20សប្តាហ៍​ចំណែក​ស្ត្រី​ដែល​ធ្លាប់​តាំង​គភ៌​ហើយ អាច​នឹងមាន​អារម្មណ៍​ដឹងថា កូន​រើ ប្រមាណ​ជា​ក្នុង​សប្តាហ៍​ទី16-18ឡើងទៅ។

    រូបរាងកាយ​របស់​ស្ត្រី​មានគភ៌​ក៏មាន​ចំណែក​ក្នុងការ​រើ​ដោល​របស់​កូន​ដែរ អនាគត​អ្នក​ម្តាយ​ដែលមាន​រូបរាងកាយ​ស្គម​ស្តើង​ក្បាលពោះ​មិនធំ មិន​ក្រាស់ ស្បូន​នឹង​ឆាប់​អណ្តែត​មក​ប៉ះ​នឹង​ស្បែក​ក្បាលពោះ ទើប​ធ្វើឱ្យ​ឆាប់​មាន​អារម្មណ៍​បានដឹងថា កូន​ចាប់ផ្តើម​រើ​លឿន​ជាង​ស្ត្រី​មានគភ៌​ដែល​ធាត់ ត្រគាក​ធំ ក្បាលពោះ​ក្រាស់… រឹតតែ​ស្ត្រី​មានគភ៌​ដែលមាន​មាឌធំ ដងខ្លួន​ក្រាស់​នឹង​រឹតតែ​ធ្វើឱ្យ​ក្រ​មាន​អារម្មណ៍​ដឹងថា កូន​រើ។

    គិត​ពេលវេលា​ជា​ភាគរយ​វិញ ក្នុងមួយថ្ងៃៗ កូន​នឹង​រើ​ប្រមាណ​ជា20% ចំណែក80%ទៀត កូន​នឹង​គេង​លក់។ កូន​នឹង​រើ​ខ្លាំង​ក្នុងអំឡុង​ពេលមុន និង​ក្រោយ​ទទួលទាន​អាហារ​រៀងរាល់​ពេល ហើយនឹង​រើ​ខ្លាំង​ក្នុងអំឡុង​ពេលយប់ តាំងពី​ម៉ោង9រហូតដល់​ប្រមាណ​ជា​ម៉ោង1រំលង​អា​ធ្រា​ត្រ។ជួនកាល​កូន​ក៏​រើ​ខ្លាំង​នៅពេល​ថ្ងៃ​ដែរ គឺ​រើ​មិនសូវ​ជា​ទៀងពេល​ប៉ុន្មាន​ឡើយ ព្រោះ​កូន​មិនទាន់​ស្គាល់​ពេលយប់ ឬ​ពេល​ថ្ងៃ​នៅឡើយ។ ភ្ញាក់​ពេលណា ក៏​រើ​ភ្លាម​តែម្តង ហើយនឹង​រើ​ខ្លាំង​នៅពេលដែល​ម្តាយ​ឃ្លាន ព្រោះ​សំឡេង​កូរពោះ​របស់​ម្តាយ​អាច​ទៅ​រំខាន​ការ​គេង​របស់​កូន ដោយសារតែ​ពោះវៀន​របស់​ម្តាយ​ស្ថិតនៅ​ផ្នែក​ខាងលើ​ស្បូន​ដែលជា​កន្លែង​កូន​នៅ។

    ការ​រើ​របស់​កូន​នៅក្នុង​ផ្ទៃ ជា​សញ្ញា​មួយ​ដែល​ល្អ​ខ្លាំងណាស់​សម្រាប់​ស្ត្រី​មានគភ៌ ព្រោះ​នៅពេល​កូន​រើ វា​គឺជា​ការបញ្ជាក់​ពី​សញ្ញា​ជីវិត​របស់​កូន​ហ្នឹងឯង ដូច្នេះ​ស្ត្រី​មានគភ៌​គួរ​រាប់ការ​រើ​របស់​កូន​ក្នុងមួយថ្ងៃៗផង​ទើប​ជាការ​ល្អ៕

  • សុភាពនារី​គួរ​យល់ដឹង! ឈឺចាប់​ពេល​មក​រដូវ​ទ្រាំ​មិនបាន​គួរ​ធ្វើ​បែបណា?

    សុភាពនារី​គួរ​យល់ដឹង! ឈឺចាប់​ពេល​មក​រដូវ​ទ្រាំ​មិនបាន​គួរ​ធ្វើ​បែបណា?

    ស្ត្រី​យើង​រមែងតែងតែ​ប្រឈមមុខ​ជាមួយនឹង​ភាពឈឺចាប់​នៅមុន​ពេល និង​ក្នុង​នៅ​អំឡុងពេល​មក​រដូវ ហើយ​មាននារីៗជាច្រើន​នាក់​ណាស់​ប្រហែលជា​ធុញទ្រាន់​ជាមួយនឹង​អាការ​ឈឺចាប់​នាពេល​មក​រដូវម្ដងៗនេះ។ ក្នុងថ្ងៃនេះ ឡា​រ៉ែ​ន បាន​ពាំ​នាំនូវ​វិធីខ្លះៗក្នុងការ​ថែរក្សា​សុខភាព​នារី​ដោយ​ខ្លួនឯង ទាំង​មុនពេល និង​ក្នុងអំឡុងពេល​មក​រដូវ​មក​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន​ទាំងអស់ ដើម្បី​ជួយ​បន្ថយ​ភាពឈឺចាប់​បាន​ខ្លះ អីចឹង​សូម​អាន​ទាំងអស់គ្នា ថា​តើ​គួរ​ធ្វើ​បែបណាខ្លះ?

    1/ កំណត់​ការទទួល​ទាន​អាហារ​មួយចំនួន
    អ្នក​គួរ​កំណត់​ការទទួល​ទាន​ជាតិ​ស្ករ អំបិល ជាតិ​កាហ្វេ​អី​ុ​ន ស្រា និង​ភេសជ្ជៈ​មាន​ជាតិ​អាកុល ហើយ​បែរមក​ទទួលទាន​អាហារ​ដូចជា បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​អាហារ​ដែលមាន​សារធាតុ​កាបូន​អី​ុ​ដ្រា​ត​មួយចំនួន ក្រោយពី​សម្រាក​ការងារ ដើម្បី​ថែរក្សា​សុខភាព តែ​មិន​បណ្ដាល​ខ្លួន​ឱ្យ​ធាត់​នោះទេ។

    2/ អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុដែក
    អ្នក​គួរ​ទទួលទាន​អាហារ​ដែលមាន​សារ​ធាតុដែក​ឱ្យបាន​ច្រើន ដែល​សារ​ធាតុដែក​ទាំងនោះ​មាននៅ​ក្នុង ថ្លើម​សត្វ ស៊ុត​លឿង​និង​បន្លែ​ពណ៌​បៃតងចាស់-ល- ដើម្បីឱ្យ​រាងកាយ​បង្កើត​គ្រាប់​ឈាមក្រហមថ្មីៗ និង​គួរ​ទទួលទាន​បន្លែ ផ្លែឈើ​ដែលមាន​វីតាមីន C ច្រើន​ដូចជា ក្រូចឆ្មារ ក្រូចពោធិ៍សាត់ ត្របែក ខាត់ណា និង​ប៉េងប៉ោះ​ជាដើម ព្រោះ​វីតាមីន C នឹង​ជួយ​ឱ្យ​រាងកាយ​ស្រូបយក​សារធាតុចិញ្ចឹម និង​សារ​ធាតុដែក​ចូលទៅក្នុង​រាងកាយ​បាន​យ៉ាង​ល្អប្រសើរ។

    3/ បំបាត់​ការឈឺចាប់​ដោយ​វិធី​ធម្មជាតិ
    នៅក្នុង​អំឡុងពេល​មក​រដូវ ប្រសិនបើ​អ្នកមាន​អាការ​ចុកពោះ និង​ឈឺចាប់​ខ្លាំង​ក៏​សូម​ណែនាំ​ឱ្យ​ឆុងតែ​ឱសថ​បុរាណងាយៗដូចជា តែ Chamomile ឬ​ប្រភេទ​តែ Peppermint ដោយ​ឆុង​ទទួលទានក្ដៅៗ រួច​លេប​វីតាមីន C កាល់​ស្សូម និង​ថ្នាំ Evening Primrose Oil។ ក្រៅពីនោះ អ្នក​គួរតែ​ងូតទឹក​ក្ដៅឧណ្ហៗ និង​ស្អំ​ទឹក​ក្ដៅ​នៅលើ​បរិវេណ​ពោះ​របស់​អ្នក ដើម្បី​កាត់បន្ថយ​អាការ​ឈឺចាប់។

    4/ ហាត់ប្រាណ
    ការហាត់​ប្រាណ​យ៉ាង​ថ្ម​មជារឿយៗ ដើម្បី​ជំរុញ​ឱ្យ​រាងកាយ​មាន​កម្លាំង និង​ថាមពល Endorphine ចេញមកក្រៅ ពីព្រោះ​ថាមពល​សារធាតុ​នេះ អាចជួយ​កាត់បន្ថយ​ការឈឺចាប់​របស់​រាងកាយ​បាន​តាមបែប​ធម្មជាតិ ដោយ​ជួយ​ឱ្យ​រាងកាយ​មាន​អារម្មណ៍​ធូរស្បើយ និង​បំបាត់​អារម្មណ៍​តានតឹង​មួយចំនួន​ដែលជា​ដើមហេតុ​បង្ក​ឱ្យ​កើតមាន​អាការ​ឈឺចាប់​បែបនេះ ដែលជា​ផ្នែក​មួយ​ជួយ​កាត់បន្ថយ​ការឈឺចាប់​នៅមុន និង​ក្រោយពេល​មក​រដូវ។

    នារីៗជាច្រើន​ដែលមាន​អាការ​ឈឺចាប់​ពេល​មក​រដូវ​ខ្លាំង​បំផុត ក៏ត្រូវ​រក​វិធី​កាត់បន្ថយ​ការឈឺចាប់​បន្ថែមទៀត មិន​ថា​ជាការ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ការ​ស្អំ​ទឹក​ក្ដៅ​នៅ​បរិវេណ​ពោះ និង​ក្រោម​ខ្នង ក៏ប៉ុន្ដែ​នៅពេលដែល​ការឈឺចាប់​មិន​បាត់​សោះ ក៏​គួរតែ​ចេញទៅ​ហាត់ប្រាណ​បន្ថែមថ្នមៗ ហើយ​បើ​នៅតែ​មិន​បាត់​ទៀត​នោះ ក៏​គួរតែ​លេបថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា Aspirin, ibuprofen, Naproxen ឬ​លេប​បញ្ចូល​គ្នា​ក៏បាន​ដែរ។ ក្រៅពីនោះ ការប្រើ​ប្រេងកូឡា ឬ​ប្រេងខ្យល់​លាប​នៅ​បរិវេណ​ពោះ ក៏​អាចជួយ​បន្ថយ​អាការ​ឈឺចាប់​បាន​ដូចគ្នា​ដែរ នៅក្នុង​អំឡុងពេល​មក​រដូវ ក៏ប៉ុន្ដែ​ត្រូវ​ប្រើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ទើប​ត្រឹមត្រូវ។ ទោះបីជា​យ៉ាងណាក៏ដោយ​ប្រសិនបើនារីៗយើង ជួប​នូវ​អាការ​ឈឺចាប់​ខ្លាំង​នោះ អ្នក​មិនគួរ​នៅ​សម្ងំស្ងៀម​នោះទេ គួរតែ​រូតរះ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ បើ​សង្កេតឃើញ​មាន​អាការ​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​ព្យាបាល​អ្នក​បានភ្លាមៗទាន់ពេលវេលា។

    ជា​ចុងក្រោយ អាហារ​ដែល​គួរ​ជៀសវាង​ទទួលទាន​នៅក្នុង​អំឡុងពេល​មករ​ដូ​វ​មានដូចជា សាច់​ក្រហម ទឹកដោះគោ និង​អាហារ​ដែលមាន​រសជាតិ​ប្រៃ ព្រោះ​វា​មិនបាន​ជួយ​កាត់បន្ថយ​អាការ​ឈឺចាប់​នៅក្នុងពេល​មក​រដូវរ​បស់​អ្នក​នោះទេ ហើយ​អ្នក​គួរតែ​បែរមក​ទទួលទាន​សាច់​ត្រី​ជំនួស​វិញ ព្រោះ​ជាតិ​ខ្លាញ់​អូ​មេ​ហ្កា 3 ពី​សាច់​ត្រី និង​ត្រី​សមុទ្រ អាចជួយ​កាត់បន្ថយ​ការឈឺ​ចាប់បាន​មួយចំនួន​ដែរ៕

  • “First They Killed My Father” នឹងដាក់​បញ្ចាំង​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា

    “First They Killed My Father” នឹងដាក់​បញ្ចាំង​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា

    តាមរយៈ Facebook Page ផ្លូវការ​របស់ ចៃ​កុន JaiKon បានឱ្យដឹងថា ជា​ដំណឹង​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា ដែល​រឿង “មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ” រឺ “First They Killed My Father” នឹងមាន​ចាក់​បញ្ចាំង​នៅ​គ្រប់​រោងភាពយន្ត​ចាប់ពី​ថ្ងៃទី8 កញ្ញា​នេះហើយ នឹងមាន​ចាក់​បញ្ចាំង​នៅក្នុង​រោងភាពយន្ត​ក្នុងប្រទេស​កម្ពុជា​តែមួយគត់។

    គួរបញ្ជាក់​ផងដែរ​ថា រឿងនេះ​គឺជា​ស្នាដៃ​និពន្ធ​របស់​អ្នកនាង Jolie និង​អ្នកស្រី អ៊ឹង លួង ដែលជា​ជនជាតិខ្មែរ​ធ្លាប់​ឆ្លងកាត់​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏​ខ្មៅ​ងងឹត និង​សាហាវឃោរឃៅ ហើយ​បានចាប់ផ្ដើម​ថត និង​រើស​តួ​សម្ដែង​កាល​ឆ្នាំ2015 ក្រោម​ការដឹកនាំ​សម្ដែង​ដោយ​អ្នកនាង Angelina Jolie។ ហើយ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ក្រុង​សៀមរាប រាជធានី​ភ្នំពេញ ក្រុង​បាត់ដំបង​កាលពី​ខែកុម្ភៈ ឆ្នាំ2017 កន្លងទៅ៕

  • ទិញ iPhone ថ្មី បើ​មិនទាន់​ដឹង​វិធី​បង្កើត Apple ID ទេ អាច​ចូល​អាន​បាន​ទីនេះ

    ទិញ iPhone ថ្មី បើ​មិនទាន់​ដឹង​វិធី​បង្កើត Apple ID ទេ អាច​ចូល​អាន​បាន​ទីនេះ

    វា​មិនមែនជា​រឿង​ថ្មី​អ្វី​ទេ បើ​និយាយ​ពី​រឿង​ការបង្កើត​គណនី Apple ID សម្រាប់​ប្រើ​ទុក​ទាញយក​កម្មវិធី ហ្គេម និង​ទុក​ប្រើ​ក្នុង​សេវាកម្ម​មួយចំនួនទៀត​របស់ Apple នោះ ប៉ុន្តែ​វា​អាចជា​រឿង​ថ្មី​ក៏​ថា​បានដែរ ប្រសិនបើ​ប្រិយមិត្ត​ទើប​រៀន​ប្រើ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ជា​លើកដំបូង ឬ​មានប្រើ​យូរហើយ តែ​យក​គណនី​គេ​ជំនួយ។ ហេតុ​ដូច្នេះហើយ គេហទំព័រ​ឡា​រ៉ែ​ន សូម​លើកយក​វិធី​មួយ​ក្នុងការ​បង្កើត​គណនី Apple ID ដោយ​មិនចាំបាច់​ត្រូវ​ប្រើ Credit Card មក​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន​ម្ដងទៀត​ដូចខាងក្រោម។

    1/- ជា​ជំហាន​ទី1 នៅលើ​ទូរស័ព្ទ iPhone ដែល​មិនទាន់មាន Signed in Apple ID សូម​ចូលទៅ​កាន់ App Store(សម្រាប់​កុំព្យូទ័រ សូម​ចូល​ទៅកាន់​កម្មវិធី iTunes > iTunes store > App Store ហើយ​ធ្វើតាម​លំនាំផ្សេងៗ ដូច​នៅលើ iDevice ដែរ)

    2/- ជ្រើស​រើសយក App មួយ​ដែល​មិន​គិតថ្លៃ (FREE) ហើយ​ចុច​លើ​ប៊ូ​តុង FREE បន្ទាប់មក​ចុច​លើ​ប៊ូ​តុង install

     

    4/-ក្រោយ​នោះ​បន្តិច វា​លោត​ចេញ​ផ្ទាំង Sign In ដោយ​ជ្រើស​រើសយក Create New Apple ID

     

    5/- ជ្រើស​រើសយក​ប្រទេស​ក្នុង​តារាង Country OR Region ករណីនេះ​សូមអ្នក​ធី​កលើ​ប្រទេស Cambodia ឬ​វា​អាច​កំណត់ដោយ​ស្វ័យប្រវត្តិ​តែម្តង បន្ទាប់​អ្នក​អាច​ចុច Nextបាន។

     

    6/- ចុច​លើ​ប៊ូ​តុង Agree ចំនួន 2 ដង​លើ Terms and Conditions

     

    7/- ត្រង់នេះ​ទាមទារ​ឱ្យបំពេញ​ក្នុងការ​បង្កើត User Name / Email និង Password របស់ Apple ID ដោយ​បំពេញ​ត្រង់​ចន្លោះ Email Address, Password ថ្ងៃខែ​កំណើត , សំណួរចម្លើយ​សុវត្ថិភាព 2 ទៅ 3 ចំណុច។ បំពេញ​រួចរាល់​ចុច​លើ​ប៊ូ​តុង Next

     

    8/-ត្រូវ​ជ្រើស​យក None ដើម្បី​មិនចាំបាច់​ប្រើ Credit Card ផ្សេងៗ បន្ទាប់មក​ចុច​លើ​ប៊ូ​តុង Next

     

    ជា​ជំហាន​បញ្ចប់​Apple នឹង​ផ្ញើ​ការទទួលស្គាល់ Apple ID ដែល​បាន​បង្កើត ដោយ​ចូលទៅ​កាន់ Email  ដើម្បី​ទៅ Verify  បន្ទាប់មក​ប្រិយមិត្ត​អាច Log In Apple ID  ដោយ​វា​នឹង​ទាមទារ​ឱ្យ​យើង​បញ្ចូល​អ៊ីមែល និង​លេខ​សម្ងាត់​ម្តងទៀត ចុច Verify Adress ជាការ​ស្រេច។ចុងក្រោយ​ចូលទៅ​កាន់ App Store ម្តងទៀត​ដើម្បី​ទាញយក App ដែល​ប្រិយមិត្ត​ពេញចិត្ត​បាន ប៉ុន្តែ​បានតែ​កម្មវិធី ឬ​ហ្គេម​ដែល​ឥត​គិត (Free)ថ្លៃ​ប៉ុណ្ណោះ៕

  • ពិត​អត់! ក្មេង​ខ្មែរ ហេង ពិ​ទូ និង​អេ​ដា ត្រៀមខ្លួន​ចូល​សាន់​ដេ?

    ពិត​អត់! ក្មេង​ខ្មែរ ហេង ពិ​ទូ និង​អេ​ដា ត្រៀមខ្លួន​ចូល​សាន់​ដេ?

    ស្របពេល​មាន​តារាចម្រៀង​មួយចំនួន ពិសេស​លោក ខេមរៈ សិរីមន្ដ បាន​ចាក​ចេញពី​ផលិតកម្ម​សាន់​ដេ​ទៅកាន់​ផលិតកម្ម​ថ្មី​នោះ ក៏​ស្រាប់​តែមាន​ព័ត៌មាន​លេចឮ​ឡើង​ថា សាន់​ដេ ក៏​មិន​ព្រមឱ្យ​ខ្លួន​អស់​ធនធានមនុស្ស​សម្រាប់​ធ្វើការ​ងារ​ដែរ ពោលគឺ​ផលិតកម្ម​មួយ​នេះ​កំពុង​ត្រៀម​ទទួល​វត្ដ​មាន​តារាចម្រៀងល្បីៗជាច្រើនរូប​បន្ថែមទៀត ដូចជា ក្រុម​ក្មេង​ខ្មែរ លោក ហេង ពិ​ទូ និង​អេ​ដា ជាដើម។

    ដើម្បី​ស្រាយ​នូវ​ចម្ងល់​នេះ លោក ឡាយ សុខ​ចំរើន អ្នកគ្រប់គ្រង​ទូទៅ​នៃ​ផលិតកម្ម​សាន់​ដេ បាន​បញ្ជាក់ថា ការចេញចូល​ទៅមករ​បស់​តារាចម្រៀង​នៅក្នុង​ផលិតកម្មនីមួយៗ វា​ជា​រឿង​ធម្មតា​ទេ ប៉ុន្ដែ​ផលិតកម្ម​នៅតែមាន​ធនធានមនុស្ស​ប្រើ​ជាធម្មតា ពិសេស​គឺ​ផលិតកម្ម​សាន់​ដេ​ក៏បាន​ត្រៀម​បញ្ចូល​ធនធានមនុស្សល្អៗបន្ថែមទៀត ដើម្បី​ដំណើរការ​នៅក្នុង​ទីផ្សារ។

    គ្រាន់តែ​ចោទ​ជា​សំណួរ​ថា តើ​ធនធាន​ថ្មី​នោះ​ជា​ក្រុម​ក្មេង​ខ្មែរ លោក ហេង ពិ​ទូ និង​អេ​ដា ដូច​គេ​លើកឡើង​នោះ​តើ​មែន​ទេ? លោក​ឡាយ សុខ​ចំរើន បញ្ជាក់ថា៖ «អូ! បញ្ហា​នេះ​ខ្ញុំ​មិនអាច​ឆ្លើយ​បានទេ ខ្ញុំ​គ្រាន់តែ​ឮ​មកពី​ខាងក្រៅ​វិញ​តែប៉ុណ្ណោះ ប៉ុន្ដែ​ព័ត៌មាន​ច្បាស់ការ​យ៉ាងណា ខ្ញុំ​ក៏​មិនទាន់​អាច​បញ្ជាក់​បានដែរ»។

    ទោះយ៉ាងណា​អ្នកគ្រប់គ្រង​រូបនេះ បាន​លើកសរសើរ​នូវ​សមត្ថភាព​តារាចម្រៀង​ខាងលើនេះ ដោយ​លោក​បាន​បញ្ជាក់ថា លោក​មានការ​សប្បាយ​ចិ​ត្ដ ព្រមទាំង​ស្វាគមន៍​ជានិច្ច​ចំពោះ​តារាចម្រៀង​ទាំងនោះ ប្រសិនបើ​រឿង​នោះ​កើតឡើង​ពិតប្រាកដ​មែន ព្រោះ​ក្រុមហ៊ុន​មួយ​ដែលមាន​ធនធានមនុស្សល្អៗបែប​ហ្នឹង វា​ងាយស្រួល​ក្នុង​ធ្វើ​ការងារ​ដើម្បី​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យមាន​ភាព​រីកចម្រើន៕

  • ការចិញ្ចឹម​ឃ្មុំ​តាម​បច្ចេកវិទ្យា​ថ្មី​អាចជួយ​ឱ្យ​កសិករ​រកចំណូលបាន​ខ្ពស់

    ការចិញ្ចឹម​ឃ្មុំ​តាម​បច្ចេកវិទ្យា​ថ្មី​អាចជួយ​ឱ្យ​កសិករ​រកចំណូលបាន​ខ្ពស់

    ការចិញ្ចឹម​ឃ្មុំ​តាម​បច្ចេកទេស​ថ្មី​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​កសិករ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដោយសារ​វា​អាចជួយ​គ្រួសារ​ពួកគាត់​រកចំណូលបាន​ខ្ពស់​ពី​ការលក់​ទឹកឃ្មុំ ហើយ​ធ្វើឱ្យ​ជីវភាព​កាន់តែ​ប្រសើរឡើង​ផងដែរ។

    លោក ឈាង ឈូក ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​នៅ​ភូមិ​រហាល ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​មានប្រសាសន៍ថា ដោយ​មើលឃើញ​ពី​តម្រូវការ​ទឹកឃ្មុំ​ខ្ពស់​នៅលើ​ទីផ្សារ​កម្ពុជា​លោក​បាន​សម្រេចចិត្ត​នាំយក​ពូជ​ឃ្មុំ​ចិញ្ចឹម​ពី​អ៊ឺរ៉ុប​មក​ចិញ្ចឹម​ជា​លើកដំបូង​នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ2013កន្លងទៅ ដោយ​សាកល្បង​ចិញ្ចឹម​តាមបែប​បច្ចេកទេស​ថ្មី ហើយក៏​ទទួលបាន​ជោគជ័យ និង​មានការ​គាំទ្រ​ខ្ពស់​នៅលើ​ទីផ្សារ​ទៀតផង «ទឹកឃ្មុំ​នេះ​មានគុណ​ភាពល្អ ហើយ​មាន​តម្រូវការ​ខ្លាំង​នៅលើ​ទីផ្សារ លក់​មិនដែល​សល់​ទេ ដោយសារ​ភាគច្រើន​គេ​យក​ទឹកឃ្មុំ​ទៅធ្វើជា​ថ្នាំ​ព្យាបាល​ជំងឺ»។

    លោក​ថា នៅក្នុង​ឆ្នាំ2013 លោក​បានសម្រេច​ចិត្ត​ទិញ​ពូជ​ឃ្មុំ60ធុង (ក្នុង​មួយ​ធុង​មាន8បង្គង) យកមក​ចិញ្ចឹម​នៅ​ទីតាំង​ខាងលើ​ដែលជា​ទីតាំង​សម្បូរ​ទៅដោយ​ផ្កា​រីក​ស្ទើរ​គ្រប់​រដូវ​ពី​ដើមឈើ​ព្រៃ ដើមឈើ​ហូប​ផ្លែ និង​ដំណាំ​បន្លែផ្សេង។ ក្រោយពី​សាកល្បង​ជោគជ័យ​លោក​បាន​ពង្រីក​ការចិញ្ចឹម​ឃ្មុំ​នេះ​បាន​ដល់​ទៅ​ជាង200ធុង​បន្ថែមទៀត និង​បាន​ចែកចាយ​លក់​បន្ត​ទៅឱ្យ​កសិករ​មកពី​ខេត្តផ្សេងៗយកទៅ​ចិញ្ចឹម​បន្ត ដើម្បី​ជួយ​រក​ចំណូល​បន្ថែម​ដល់​គ្រួសារ​ពួកគាត់។

    សម្រាប់​ឃ្មុំ​មួយ​ធុង​ដែលមាន8-10បង្គង​នេះ នៅពេល​រដូវប្រាំង​ដែល​សម្បូរ​ផ្កា​រីក​ច្រើន​ឃ្មុំ​ឱ្យ​ផល​ក្នុង​មួយខែ​ពីរដង ដោយ​មួយដង​ក្នុង1ធុង​យើង​អាច​ប្រមូលបាន​ទឹកឃ្មុំ2លីត្រ ប៉ុន្តែ​សម្រាប់តែ​ខែ​ដែល​សម្បូរ​ផ្កា​មានតែ3ខែ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ហើយ​ក្រៅពីនោះ​យើង​អាច​ទាញយក​ទឹកឃ្មុំ​បានតែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយខែ។ ជាទូទៅ​ទឹកឃ្មុំ​ចិញ្ចឹម គេ​តែង​គិតថា មិនមាន​គុណភាព​ល្អ​ដូច​ឃ្មុំ​ធម្មជាតិ​នោះទេ ប៉ុន្តែ​វា​មិនមែន​ដូច្នេះ​ឡើយ គឺ​វា​មានគុណ​ភាព និង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ដូចគ្នា ដោយសារ​ឃ្មុំ​ក្រេប​លម្អងផ្កា​ធម្មជាតិ​ដូចគ្នា។ យ៉ាងណា​ក៍ដោយ​លោក ឈាង ឈូក បញ្ជាក់ថា នៅ​រដូវវស្សា​ដោយសារ​មិនមាន​លម្អងផ្កា គេ​អាច​លាយ​ចំណី​មានដូចជា​សណ្តែកសៀង ស្ករ​និង​លម្អង​ស្ងួត​ដាក់ឱ្យ​ឃ្មុំ​បឺត​ដើម្បីឱ្យ​វា​មាន​កម្លាំងរ​ស់បាន តែបើ​យក​ល្អ​គេ​ត្រូវ​ចល័ត​ឃ្មុំ​ទៅរក​ទីតាំង​ណា ដែល​សម្បូរ​ផ្កា​ដើម្បីឱ្យ​ឃ្មុំ​បឺត​បាន​គ្រប់គ្រាន់។

    ជាមួយគ្នានេះដែរ​លោក ប៉ត សុផល ប្រធាន​គ្រប់គ្រង​គម្រោង​អង្គការ​បណ្តុះបណ្តាល​ថ្នាក់មូលដ្ឋាន​ដែលមាន​ទីតាំងនៅ​ឃុំ​ជី​រោ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ឯណោះ​វិញ​ក៏បាន​ចាប់ផ្តើម​គម្រោង​ចិញ្ចឹម​ឃ្មុំ​តាមបែប​បច្ចេកវិទ្យា​ថ្មី​នេះដែរ​ដើម្បី​រក​ចំណូល​បន្ថែម​ផ្គត់ផ្គង់​ដំណើរការ​របស់​អង្គការ និង​ដើម្បី​ចែករំលែក​ពូជ​ឃ្មុំ​ទៅឱ្យ​កសិករ​ក្នុង​សហគមន៍​ចិញ្ចឹម​បន្ត​ដើម្បី​រក​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​ពួកគាត់។

    លោក​ថា ការសម្រេចចិត្ត​ចិញ្ចឹម​ឃ្មុំ​នេះ ដោយសារ​ទីតាំង​នោះ​សម្បូរ​ដើម​កៅស៊ូ និង​សម្បូរ​ទៅដោយ​ចម្ការ​បន្លែ និង​ដំណាំផ្សេងៗរបស់​កសិករ ប៉ុន្តែ​ចម្ការ​ទាំងនោះ​ភាគច្រើន​មានតែ​ក្នុង​រដូវប្រាំង​ប៉ុណ្ណោះ ដូច្នេះ​លោក​បាន​ដាំ​ដើម​ផ្កាឈូករ័ត្ន​ជាច្រើន​ដើម្បី​ទុកឱ្យ​ឃ្មុំ​បឺត​យក​លម្អងផ្កា​បាន​គ្រប់​រដូវ និង​ដើម្បី​ទុក​បេះយក​គ្រាប់​ផ្កាឈូករ័ត្ន​លក់​រក​ចំណូល​បន្ថែម​បាន​ទៀតផង។ យ៉ាងណា​គម្រោង​ដំបូង​នេះ​លោក​សាកល្បង​ទិញ​ឃ្មុំ​តែ6ធុង​ប៉ុណ្ណោះ ហើយ​ខិតខំ​ពង្រីក​ពូជ​ឃ្មុំ​ឱ្យបាន​កាន់​ច្រើន​ថែមទៀត៕

  • សិស្ស​និទ្ទេស A លឹម រស្មី បង្ហាញ​វិធីសាស្ត្រ​ជោគជ័យ​សម្រាប់​ថ្ងៃ​ប្រឡង​បាក់​ឌុប​នេះ

    សិស្ស​និទ្ទេស A លឹម រស្មី បង្ហាញ​វិធីសាស្ត្រ​ជោគជ័យ​សម្រាប់​ថ្ងៃ​ប្រឡង​បាក់​ឌុប​នេះ

    ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា​ការប្រឡង​បាក់​ឌុប ជា​ថ្ងៃ​ប្រឡង​យា់ង​សំខាន់​មួយ​ដែល​សិស្ស​ជាច្រើន​កំពុង​យកចិត្តទុកដាក់ ហើយ​អាណាព្យាបាល​ក៏​សុទ្ធតែ​ចង់ដឹង​ផងដែរ​ពី​គន្លឹះសំខាន់ៗដើម្បី​ប្រឡង​ឱ្យបាន​ជោគជ័យ​ដើម្បី​យក​ដំណឹង​ល្អ​នេះ​ទៅប្រាប់កូនៗរបស់គាត់​ដែល​នឹង​ចូល​ប្រឡង​វិញ​ក្នុងពេល​ប៉ុន្មាន​ម៉ោង​ទៀត​នេះ។

    ដើម្បី​បង្ហាញ​ពី​គន្លឹះ​នៃ​ការប្រឡង​បាក់​ឌុប​ឱ្យ​ទទួលបាន​ជោគជ័យ និង​បាន​ពិន្ទុ​ខ្ពស់ យុវជន លឹម រស្មី ដែលជា​អតីត​សិស្ស​ប្រឡង​ជាប់​និទ្ទេស A នៅ​ឆ្នាំ 2015 ជា​ឆ្នាំ​ទី2 នៃ​កំណែទម្រង់​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ បាន​ចែករំលែក​បទពិសោធរ​បស់​ខ្លួន​ជាច្រើន​ដល់​សិស្ស​ដែល​ប្រឡង​នៅថ្ងៃនេះ និង​ថ្ងៃស្អែក។

    យុវជន លឹម រស្មី បាន​លើកឡើងថា អ្នកណា​ក៏ដូចជា​អ្នកណា​ដែរ នៅពេល​ប្រឡង​មកដល់​ប្រាកដ​ជាមាន​អារម្មណ៍​ភ័យ ព្រោះ​អាចមកពី​ការគិត​ថា​លំ​ហាត់​ដែល​គ្រូ​ដាក់​មក​នឹងមិន​ចេះ ឬ​ព្រួយបារម្ភ​លើ​រឿងផ្សេងៗទៀត។ កត្តា​ទាំងអស់នេះ អាចធ្វើឱ្យ​ពួកគេ​ភ្លេច​រូបមន្ត ឬ​មេរៀន​ដែល​គេ​ធ្លាប់​ចេះ ដែល​វា​អាចជា​គ្រោះថ្នាក់​ធំ​មួយ​សម្រាប់​ពេល​ប្រឡង។

    ជា​គន្លឹះ​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ រស្មី បានផ្តល់​ជា​បទពិសោធ​ថា នៅពេល​ចូលក្នុង​ថ្នាក់​ប្រឡង​គឺ​ត្រូវ​ដកដង្ហើម​ឱ្យវែងៗដើម្បី​ទប់​លំនឹង​អារម្មណ៍​ខ្លួនឯង​កុំឱ្យ​ភ័យ​ខ្លាំងពេក។ បន្ទាប់មក នៅពេលដែល​វិញ្ញាសា​មកដល់​លើ​តុ​ភ្លាម បេក្ខជន​ត្រូវ​មើល​ពីក្រោម​ដល់​លើ​ឱ្យអស់ ហើយ​មើលថា​មាន​រ៉ូ​ម៉ាំង​ប៉ុន្មាន ហើយ​ចំណុច​នៅ​រ៉ូ​ម៉ាំង​ណាខ្លះ​ចេះ និង​ចំណុច​ណាខ្លះ​មិនចេះ។ ក្រោយ​ពេលដែល​មើល​ដឹង​ហើយ យុវជន​ត្រូវ​ចេះ​សន្សំ​ពេលវេលា​ដោយ​ចាប់ផ្តើម​ធ្វើ​លំ​ហាត់​ដែល​ចេះ​ឱ្យអស់​សិន មុននឹង​ឈានទៅដល់​ចំណុច​ដែល​មិនទាន់​ចេះ។

    សិស្ស​ពូកែ​និទ្ទេស A ខាងលើ​បានបង្ហាញ​ផងដែរ​ថា ទោះបីជា​ចំណុច​ណាមួយ​យើង​ចេះ​ហើយ​ក៏ដោយ តែ​យើង​មិនអាច​ប្រហែស​បានដែរ សូម​ធ្វើ​លំ​ហាត់​ទាំងអស់នោះមួយៗ កុំ​រំភើប​ខ្លាំងពេក ព្រោះ​វា​អាចធ្វើឱ្យ​យើង​សរសេរ ឬ​គិត​ខុស។ ចំពោះ​អក្សរ និង​លេខវិញ គឺ​ត្រូវ​សរសេរ​ឱ្យបានច្បាស់ៗ ដកឃ្លា​ឱ្យបាន​ល្មម ហើយ​បើ​មាន​រូប​គឺ​ត្រូវ​គូរ​ឱ្យ​ធំ កុំ​ខ្លាច​អស់​ក្រដាស ព្រោះ​បើ​សន្លឹក​កិច្ចការ​របស់​យើង​ស្អាត អ្នក​កែ​គាត់​អាច​នឹងមាន​អារម្មណ៍ល្អ គាត់​នឹងដាក់​ពិន្ទុ​ឱ្យ​ល្អ​តាម​នោះដែរ។

    ចំណែកឯ​ការសរសេរ​ចម្លើយ គឺ​ត្រូវ​សរសេរ​តាម​ដំណាក់កាល​របស់​វា​កុំ​កាត់​ជាដាច់ខាត ទោះបីជា​យើង​ចេះ​ហើយ​ក៏ដោយ ព្រោះ​ការសរសេរ​កាន់តែច្រើន គឺ​កាន់តែ​ល្អ។ ម្យ៉ាងវិញទៀត នៅពេលដែល​អង្គុយ​ប្រឡង​កុំ​ខ្វល់​ពី​បរិស្ថាន​ជិតខាង ដូចជា​អ្នក​ប្រឡង​ដូចគ្នា អនុរក្ស ឬ​អ្នកសង្កេតការណ៍​ជាដើម ហើយ​អ្វីដែល​យើង​ត្រូវផ្តោត​នោះ​គឺ ត្រូវ​ផ្ចង់អារម្មណ៍​តែ​លើ​ក្រដាស​ខ្លួនឯងបាន​ហើយ។

    យុវជន​ខាងលើ​បាន​បន្ថែមទៀតថា ចំពោះ​វិញ្ញាសា​គណិតវិទ្យា​វិញ សិស្ស​ជាច្រើន​បាន​ត្អូញត្អែរ​លើ​អនុគមន៍​គណិត។ តាមពិតទៅ​លំ​ហាត់​នេះ​ពិបាក​តែមួយ​ចំណុច ឬ​ពីរ​ចំណុច​តែប៉ុណ្ណោះ ក្រៅពីនេះ​គឺ​សុទ្ធតែ​ធម្មតា ហេតុនេះ​ក្រៅពី​ធ្វើ​អ្វីដែល​ចេះ​ខាងលើ​ហើយ យើង​ត្រូវ​បន្តធ្វើ​លំ​ហាត់​ផ្នែកស្រួលៗឱ្យអស់ ព្រោះ​ថាបើ​យើង​ធ្វើ​អស់​ចំណុច​មិនសូវ​ពិបាក​ហើយ ចំណុច​ពិបាក​គឺអាច​សល់​តិចតួច​ប៉ុណ្ណោះ៕

  • ក្រសួង​បញ្ចេញ​ថវិកា 30លាន​ដុល្លារ ត្រៀម​ទប់ស្កាត់​កុំឱ្យ​ឈ្មួញ​ទម្លាក់​តម្លៃ​ទិញស្រូវ

    ក្រសួង​បញ្ចេញ​ថវិកា 30លាន​ដុល្លារ ត្រៀម​ទប់ស្កាត់​កុំឱ្យ​ឈ្មួញ​ទម្លាក់​តម្លៃ​ទិញស្រូវ

    ភ្នំពេញ៖ ដើម្បី​ទប់ស្កាត់​ការទម្លាក់​តម្លៃ​ទិញស្រូវ​ពី​សំណាក់​ឈ្មួញ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចំណាយ​ថវិកា​ប្រមាណ​ជា30លាន​ដុល្លារ​ដើម្បី​ប្រមូល​ទិញស្រូវ​ពី​កសិករ​នៅក្នុង​រដូវ​កាល​ប្រមូល​ផល​ដែល​នឹង​ជិត​ចូលមក​ដល់​នាពេល​ខាងមុខនេះ។

    យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​យន្តការ​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​នៅក្នុង​កា​ប្រមូល​ទិញស្រូវ​បានបញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​រក្សា​ស្ថិរភាព​ថ្លៃ​ស្រូវ​នេះ ក្រសួង​នឹង​បង្កើន​ការវិនិយោគ​ដល់30លាន​ដុល្លារ​លើ​មជ្ឈមណ្ឌល​ប្រមូល​ទិញស្រូវ​ពី​កសិករ និង​បង្កើន​ឥណទាន 50លាន​ដុល្លារ​សម្រាប់​ប្រមូល​ទិញស្រូវ​ក្នុង​អត្រា​ការប្រាក់5%។ យន្តការ​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​នៅក្នុង​ការប្រមូល​ទិញស្រូវ​នេះ​ត្រូវបាន​សម្រេច​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមការងារ នៃ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    ចំណែកឯ​ល្បឿន​នៃ​ការបង្កបង្កើន​ផលដំណាំ​រដូវវស្សា​ឆ្នាំ2017 របស់​ក្រសួងកសិកម្ម​ឱ្យដឹងថា​ការងារ​ប្រមូល​ផល​ស្រូវស្រាល នៅ​ដើមរដូវ​រហូតមកទល់​ខែកក្កដា ឆ្នាំ2017 នេះ​សម្រេចបាន​ប្រមាណ​ជា79,749ហិកតា​លើ​ផ្ទៃដី​សរុប​ទូទាំងប្រទេស​ចំនួន583,486ហិកតា​ដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន324,207តោន កើន​លើស​ឆ្នាំមុន​ប្រមាណ​ជា190,964តោន ដោយ​ក្នុងនោះ​ទិន្នផល​គិត​ជា​មធ្យម​ប្រមាណ​ជា4.065តោន​ក្នុង​មួយ​ហិកតា។ ទិន្នផល​នេះ​ទទួលបាន​ទាប​ជាង​ឆ្នាំមុន​ដោយ​កាលពី​ឆ្នាំ2016ទិន្នផល​គិត​ជា​មធ្យម​ទទួលបាន​ប្រមាណ​ជា 4.066 តោន​ក្នុង​មួយ​ហិកតា។

    គួរ​បញ្ជាក់ថា គោលនយោបាយ​ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ដែល​ត្រូវបាន​ដាក់ចេញ​នៅក្នុង​ឆ្នាំ2010កន្លងទៅ​បានកំណត់​នូវ​គោលដៅសំខាន់ៗចំនួន3គឺ៖

    1.បង្កើន​ផលិតផល​ស្រូវ​លើសពី​សេចក្តីត្រូវការ​ឱ្យដល់ 4 លាន​តោន។
    2.ជំរុញ​ការនាំចេញ​អង្ករ​ឱ្យបាន​យ៉ាងតិច1លាន​តោន។
    3.ធ្វើឱ្យ​អង្ករ​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ឆ្នាំ2015៕

  • ដំណឹង​ល្អ! កម្មករ-កម្មការិនី​អាច​ជិះ​រថយន្តក្រុង​គ្រប់​ខ្សែ​ដោយ​ឥតគិតថ្លៃ

    ដំណឹង​ល្អ! កម្មករ-កម្មការិនី​អាច​ជិះ​រថយន្តក្រុង​គ្រប់​ខ្សែ​ដោយ​ឥតគិតថ្លៃ

    ជា​ដំណឹង​មួយ​ដ៏​គួរឱ្យ​រំភើប សម្រាប់​បងប្អូន​កម្មក​រ-កម្មការិនី​ទាំងអស់គ្នា​ដែល​ចាប់ពីពេលនេះ​តទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្ដីប្រកាស​ឱ្យដឹងថា នឹងមិន​យក​ថ្លៃ​លើ​សេវា​រថយន្តក្រុង​គ្រប់​ខ្សែ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី20 ខែសីហា ឆ្នាំ2017 តទៅ។

    សេចក្ដីជូនដំណឹង​នេះ​បានប្រកាស​ឱ្យដឹងថា កម្មករ-កម្មការិនី​ទាំងអស់​អាច​ជិះ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​រយៈពេល2 ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ចេញ​សេចក្តីប្រកាស​នេះ​រហូតដល់​ថ្ងៃទី20 ខែសីហា ឆ្នាំ2019។

    សេចក្ដីជូនដំណឹង​នេះ​បានធ្វើ​ឡើងភ្លាមៗបន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ចេញ​នូវ​អនុសាសន៍​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី​ចំនួន4,270 នាក់​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​កាលពី​ព្រឹក​ថ្ងៃទី20 ខែសីហា ឆ្នាំ2017 ម្សិលមិញ​នេះ។

    រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​បន្ថែមទៀត​លើ​គណនី Facebook ផ្លូវការ​ទៀតថា នេះ​ជា​កាដូ​ថ្មី​មួយ​បន្ថែមទៀត​ពីស​ម្តេច​តេ​ជោ បន្ទាប់ពី​ការគិតគូរ​ពី​អត្ថប្រយោជន៍ផ្សេងៗជូន​កម្មករ កម្មការិនី​រួមមាន​ការដំឡើង​ប្រាក់ខែ​អប្បបរមា​ជា​រៀងរាល់ឆ្នាំ ការបញ្ចុះ​តម្លៃ​ទឹក​ភ្លើង និង​ត​បណ្តាញ​ដល់ផ្ទះ​ជួល/បន្ទប់​ជួល។ល។ ទន្ទឹមនឹងនេះ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ក៏បាន​កែសម្រួល និង​បន្ថែម​ខ្សែ​រត់ ដើម្បី​ផ្តល់​សេវា​កាន់តែច្រើន​គោលដៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ៕

  • Conte សរសើរ​ពី​ស្មារតី​របស់ Chelsea ខណៈ Huddersfield ឈ្នះ​ម្តងទៀត

    Conte សរសើរ​ពី​ស្មារតី​របស់ Chelsea ខណៈ Huddersfield ឈ្នះ​ម្តងទៀត

    ក្រុម Chelsea ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក​ក្របខ័ណ្ឌ Premier League បានទទួល​នូវ​ការជឿជាក់​ដែល​ពួកគេ​ត្រូវការ​ជា​ចាំបាច់​កាលពី​ថ្ងៃអាទិត្យ ខណៈដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី2គ្រាប់​ពី​សំណាក់​ខ្សែការពារ Marcos Alonso បាន​ជួយ​ឲ្យ​ក្រុម​តោ​ខៀវ​មួយ​នេះ កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-1 លើ​ក្រុម​ម្ចាស់​ជើងឯក​រង​កាលពី​រដូវ​កាល​មុន Tottenham Hotspur ក្នុងការ​ប្រកួត​ជា​លើក​ទី50របស់លោក Antonio Conte ក្នុងនាម​ជា​គ្រូបង្វឹក។

    ខ្សែការពារ​អន្តរជាតិ​អេ​ស្ប៉ា​ញ​វ័យ26ឆ្នាំ​រូបនេះ​បា​នរក​គ្រាប់​បាល់​ឈ្នះ​ខណៈដែល​នៅសល់​រយៈពេល​តិចជាង3នាទី​នៅពេល​ក្រុម Chelsea បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ក្រោយពី​ពួកគេ​ត្រូវបាន​តាម​ស្មើ​វិញ នៅពេលដែល​ខ្សែប្រយុទ្ធ​បម្រុង Michy Batshuayi បានតែ​តបាល់​ចូលក្នុង​ទី​របស់​ខ្លួនឯង​នៅ​រយៈពេល8នាទីចុងក្រោយ។ លោក Conte បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «នេះ​គឺជា​ការឆ្លើយតប​ដ៏​ល្អឥតខ្ចោះ​របស់​ក្រុម​ម្ចាស់​ជើងឯក។ ប៉ុន្តែ ទោះបីជា​យ៉ាងណា យើង​ត្រូវតែ​បន្តធ្វើ​ការងារ​ជានិច្ច»។ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​វ័យ48ឆ្នាំ​រូបនេះ​ដែលមាន​បញ្ហា​ដោយសារតែ​ជម្លោះ​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ Diego Costa នោះ បាន​និយាយថា រូបលោក​មិនអាច​ស្នើសុំ​ការខិតខំ​ប្រឹងប្រែង​ឲ្យ​ខ្លាំង​ជាង​នេះ​ពី​សំណាក់​កីឡាករ​ឡើយ។ លទ្ធផល​នេះ​មានន័យថា ក្រុម Chelsea បាន​បំពេញ​នូវ​ការស្តារ​មុខមាត់​មួយ ក្រោយពី​ចាញ់​ក្រុម Burnley ក្នុង​លទ្ធផល 3-2 លើ​ទឹកដី​ខ្លួនឯង កាលពី​ថ្ងៃ​ប្រកួត​បើកឆាក។

    ក្នុងការ​ប្រកួត​នា​ថ្ងៃ​ដដែល​នេះ​ផងដែរ Huddersfield ដែលជា​ក្រុម​ចំណូល​ថ្មី​ទី3នោះបាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី2ពី​ការប្រកួត​បើកឆាក​ទាំង2លើក​របស់ខ្លួន ក្រោយពី​បាន​ផ្តួល​ក្រុម Newcastle 1-០ ខណៈដែល​កីឡាករ Aaron Mooy គឺជា​អ្នក​រកបាន​គ្រាប់​បាល់​តែមួយ​គ្រាប់​នោះ៕

    ប្រភពពី៖ Sport24