Category: សង្គម និងសេដ្ឋកិច្ច

  • វៀតណាម​សរសើរភរិយារបស់ Rain ថា ស្លៀក​ឈុត​បុរាណ​ស្អាត​ដូច​ម្ចាស់​ដើម

    វៀតណាម​សរសើរភរិយារបស់ Rain ថា ស្លៀក​ឈុត​បុរាណ​ស្អាត​ដូច​ម្ចាស់​ដើម

    តារា​ឯក​ស្រី​វ័យ 37 ឆ្នាំ​ដែល​ទើបតែ​រៀប​អាពាហ៍ពិពាហ៍​ហើយ​ថ្មីថ្មោងជាកំពូលតារាចម្រៀង Rain គឺ​នាង Kim Tae Hee ថ្មីៗនេះ ​នាង​ត្រូវបាន​អ​ញ្ចើ​ញ​ឱ្យ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន Everon ដែល​តម្រូវឱ្យ​នាង​ស្លៀក​សម្លៀកបំពាក់​ឈុត​បុរាណ​របស់​ជនជាតិ​វៀតណាម។

    មួយឈុត​នេះ​មាន​ព័ណ៌​បៃតងខ្ចី ដែលជា​ឈុត​ប្រចាំ​ជាតិ​វៀតណាម ហើយ​ត្រូវបាន​កោតសរសើរ​ថា នាង​ពិតជា​ស្រស់ស្អាត និង​ស័ក្ដិសម​នឹង​ឈុត​នោះ​មែនទែន។ ក្នុងនោះ​មាន​អ្នកគាំទ្រ​នាង​ជាច្រើន​បាន​បង្ហោះ​រូបនេះ​ឡើង​នៅលើ​បណ្ដាញ​សង្គម​អន​ឡាញ​ទៀតផង។ គួរបញ្ជាក់​ផងដែរ​ថា តារា​ស្រី​រូបនេះ​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន ខណៈ​ថត​ស្ប៉ត​ថា “ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់ នាង​ខ្ញុំ​ធ្លាប់​បានឃើញ​ឈុត​វែង​មួយ​នេះ​តាំង​ពីមុន​មកហើយ តែ​មិន​ធ្លាប់បាន​សាកល្បង​ស្លៀក​ឡើយ”។

    ជា​ចុងក្រោយ​នាង​បាន​បញ្ជាក់ថា “នាង​ខ្ញុំ​មាន​អារម្មណ៍​យល់ឃើញថា ចំពោះ​ឈុត​មួយ​នេះ​គឺ​សម្រុង​ខ្លួន​វែង​ល្អ មាន​ភាពជា​ស្ត្រី សុភាព​សាមញ្ញ និង​មាន​ភាព​គួរឱ្យ​គោរព​ចំពោះ​ភាពស្រស់ស្អាត​សម្រាប់​នារី​ដែល​បាន​ស្លៀក​ឈុត​បុរាណ​មួយ​នេះ” ៕

  • រយៈពេល7ខែ រោងចក្រ​បិទ​ច្រើនជាង​បើក​ថ្មី

    រយៈពេល7ខែ រោងចក្រ​បិទ​ច្រើនជាង​បើក​ថ្មី

    ភ្នំពេញៈ រយៈពេល7ខែ​ដើម​ឆ្នាំនេះ ចំនួន​រោងចក្រ​បិទទ្វារ​បាន​កើន​លើស​ចំនួន​រោងចក្រ​ដែល​បាន​បើក​ថ្មី​នៅ​កម្ពុជា នេះ​ជាស​ញ្ញា​មួយ​បង្ហាញថា សុខភាព​ក្នុង​វិស័យ​មួយ​នេះ​មិនល្អ​ប្រសើរ​នោះទេ។

    លោក តោ ដា​រ៉ា​រិ​ទ្ធ មន្ត្រី​ការងារ និង​ច្បាប់​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី22 សីហា​នេះ​ថា គិត​ត្រឹម​ដំណាច់ខែ​កក្កដា​កន្លងមក​នេះ​រោងចក្រ​កាត់ដេរ​ចំនួន49បាន​បិទទ្វារ និង​មាន​រោងចក្រ​ថ្មី​ចំនួន​តែ18ប៉ុណ្ណោះ​ដែល​បាន​បើក​ដំណើរការ។ តួលេខ​នេះ​យើង​និយាយ​តែ​ក្នុង​ក្របខ័ណ្ឌ​រោងចក្រ​ដែលជា​សមាជិកសមាគម​កាត់ដេរ​កម្ពុជា​ប៉ុណ្ណោះ។

    លោក​បន្តថា សមាគម​រោងចក្រ​កាត់ដេរ​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន588 ក្នុងនោះ​រោងចក្រ​ផលិត​ស្បែកជើង និង​កាបូប​មាន​ចំនួន488 រោងចក្រ​ផលិត​ស្បែកជើង​ចំនួន57 និង​រោងចក្រ​ផលិត តែ​មិន​នាំចេញ​មាន​ចំនួន43រោងចក្រ។

    លោក​បន្តថា “វា​ជាស​ញ្ញា​មិនសូវ​ល្អ​ឡើយ​សម្រាប់​វិស័យនេះ​ព្រោះ​តួលេខ​បិទ​មាន​ចំនួន​ច្រើនជាង​តួលេខ​រោងចក្រ​បើក​ថ្មី។

    អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​លោក​បណ្ឌិត កាំ​ង ម៉ូ​នី​កា បាន​ថ្លែងថា ចំនួន​រោងចក្រ​បិទ​ច្រើនជាង​បើក​នេះ និង​ការដំឡើង​ប្រាក់​ឈ្នួល​និយោជិត​ជាស​ញ្ញា​មួយ​គួរ​ឲ្យ​បារម្ភ​ហើយ ប៉ុន្តែ​យើង​កំពុង​រង់ចាំ​មើល​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ពាក់ព័ន្ធ​វិស័យ​កាត់ដេរ និង​ស្បែកជើង​រយៈពេល8ឆ្នាំ​ថា តើ​រដ្ឋាភិបាល​អាចជួយ​អ្វីខ្លះ​សម្រាប់​វិស័យនេះ។

    រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ភាគី​និយោជក និង​តំណាង​សហជីព​នានា​កំពុង​ព្រាង​គោលនយោបាយ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ដើម្បី​អភិវឌ្ឍ​វិស័យនេះ​ឲ្យ​មាន​និរន្តរភាព និង​មាន​ភាពសុខដុមរមនា​រវាង​ភាគី​និយោជក និង​និយោជិត៕

  • វិធី​ដោះខ្លួន​ឱ្យ​រួច​ពី​ស្ថានការណ៍​អាសន្ន

    វិធី​ដោះខ្លួន​ឱ្យ​រួច​ពី​ស្ថានការណ៍​អាសន្ន

    ដោយ​ការរស់នៅ​បែប​ប្រក្រតី​របស់​មនុស្ស​យើង​ដូច​សព្វថ្ងៃនេះ ប្រហែលជា​មិន​ងាយ​ធ្លាក់​ចូលទៅក្នុង​ស្ថានការណ៍​ដែល​អាសន្ន ឬ​អាក្រក់​ប៉ុន្មាន​ឡើយ តែតើ​លោក​អ្នកនឹង​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា ក្នុង​មួយជីវិត​នេះ​លោកអ្នក​នឹងមិន​ជួប​ហេតុការណ៍​អាសន្ន ឬ​អាក្រក់​ណាមួយ​នោះ?  ដូច្នេះ​បើ​លោកអ្នក​ស្គា​ល់ពី​វិធី​ដោះខ្លួន​ឱ្យ​រួច​ផុតពី​ស្ថាន​ការ​អាសន្ន​ទាំង​នោះបាន  ជីវិត​របស់លោក​អ្នក​នឹង​កាន់​តែមាន​សុវត្ថិភាព​ច្រើនឡើង​មិន​ខាន។ ខាងក្រោម​នេះ​គឺជា​វិធី​ដោះខ្លួន​ឱ្យ​រួច​ពី​ស្ថានការណ៍​គ្រោះថ្នាក់ផ្សេងៗដែល​លោកអ្នក​អាច​នឹង​ជួបប្រទះ​នៅ​ថ្ងៃ​ណាមួយ​ក៏​អាច​ថា​បានដែរ។

    1 – វិធី​បង្កាត់ភ្លើង​ពី​ថ្ម​ទូរស័ព្ទដៃ

    ក្នុងអំឡុង​ពេលដែល​លោកអ្នក​ត្រូវ​វង្វេងផ្លូវ និង​ស្ថិតនៅ​កន្លែង​ណាមួយ​ដែល​ឆ្ងាយ​ពី​មនុស្សម្នា និង​ទូរស័ព្ទ​របស់លោក​អ្នក​ក៏​អស់​ថ្ម​មិន​អាចធ្វើ​អ្វី​បាន​ទៀត  តែ​វា​ក៏​មិនបាន​គ្មាន​ប្រយោជន៍​ទាល់តែសោះ​នោះដែរ ព្រោះ​ថ្ម​បាត់​តេ​រី​នៅក្នុង​ទូរស័ព្ទដៃ ឬ​ថេប​ប្លេ​តរបស់​លោកអ្នក​គឺជា​ថ្ម​បាត់​តេ​រី “លិ​ធៀ​ម​អៃ​អន់” ដែល​អាច​យកមក​បង្កា​ត់​ភ្លើង​បាន ដោយ​នៅក្នុង​កម្មវិធី Man VS Wild  របស់ ប៊ែ​រ៍ ហ្គ្រី​ល ធ្លាប់បាន​ណែនាំ​ពី​វិធី​បង្កាត់ភ្លើង​ដោយ​ថ្ម​ទូរស័ព្ទ​នេះ​រួចមកហើយ គឺ​ប្រើ​កាំបិត​ចាក់យឺតៗទៅក្នុង​ថ្ម​បាត់​តេ​រី​នោះ សារធាតុ​គីមី​ដែល​នៅ​ខាងក្នុង​នឹង​បញ្ចេញ​ប្រតិកម្ម​កើតចេញ​ជា​អណ្តាតភ្លើង​ឡើង និង​អ្វីដែល​សំខាន់​នោះ​គឺ លោកអ្នក​គួរ​ត្រៀម​ឱ​ស ឬ​វត្ថុ​សម្រាប់​បំពក់ភ្លើង​ទុកជា​ស្រេច​ឱ្យ​ហើយ។

    2 – ការ​គេចខ្លួន​ឱ្យ​រួច​ពី​ខ្សែទឹក​ហូរ​កួច​បញ្ច្រាស់ (Rip Current)

    ខ្សែទឹក​កួច​បញ្ច្រាស់ ឬ Rip Current ជា​លក្ខណៈ​របស់​ទឹករលក​ដែល​បោក​មកលើ​ច្រាំង ហើយ​ហូរ​កួច​ទៅ​សមុទ្រ​វិញ​តាម​ប្រឡោះ​ផ្ទាំង​ថ្ម ដែល​នេះ​គឺជា​ឃាតករ​លាក់​មុខ​ដែល​សម្លាប់​ជីវិត​មនុស្ស​អស់​ជាច្រើន​មកហើយ ព្រោះ​ពេលដែល​លោកអ្នក​ត្រូវ​ទឹករលក​កួច​ចេញពី​ច្រាំង​ទៅហើយ នឹង​គ្មាន​ផ្លូវ​ហែល​ត្រឡប់​មករក​ច្រាំង​វិញ​បានឡើយ ដូច្នេះ​វិធី​ដោះខ្លួន​ឱ្យ​រួច​ពី​ស្ថានការណ៍​បែបនេះ​គឺ យើង​មិនត្រូវ​ហែល​ត្រឡប់​មករក​ច្រាំង​វិញ​បែបត្រង់ៗតាម​សញ្ជាតិញាណ​របស់​យើង​ឡើយ តែ​ចូរ​យើង​ហែល​ចេញទៅ​ខាងស្ដាំ ឬ​ខាងឆ្វេង​ជាមុនសិន ដើម្បី​គេច​វាង​ពី​ផ្ទាំង​ថ្ម​ដែល​ធ្វើឱ្យ​កើត​ខ្សែទឹក​ហូរ​កួច​បញ្ច្រាស់​នោះ។

    3 – រត់គេច​ពីស​ត្វ​ក្រពើ​ដេញ​ត្របាក់


    បើ​ចៃដន្យ​លោកអ្នក​ទៅ​វាក់អ៊ើ​នឹង​សត្វ​ក្រពើ​បែប​តទល់​មុខ​គ្នា​នោះ ការរត់​គេច​ពី​វា​ទៅមុខត្រង់ៗ គឺជា​កំហុសឆ្គង​មួយ ព្រោះ​វា​អាច​រត់លឿន​ជាង​លោកអ្នក ដូច្នេះ ការរត់​ទៅ​ឆ្វេង​ផង​ទៅ​ស្តាំ​ផង ឬ​រត់​បែប​បត់បែន​ឆ្វេង​ស្តាំ​នឹងធ្វើ​សត្វ​ក្រពើ​ដែលមាន​ជើងខ្លីៗនោះ​នឹងមាន​បញ្ហា​ពេល​បត់ និង​រត់តាម​លោកអ្នក​មិនទាន់ និង​ដែល​សំខាន់ គឺ​ពេល​លោកអ្នក​រត់​រួច​ផុតពី​ខ្សែ​ភ្នែក​របស់​វា​ហើយ នឹងធ្វើ​ឱ្យ​លោកអ្នក​មានឱកាស​រស់​ជីវិត​ច្រើន។

    4 – ច្បាប់​របស់​លេខ 3 សម្រាប់​ជីវិត

    ច្បាប់​ពាក់ព័ន្ធ​នឹង​លេខ 3 ដែលមាន​សម្ព័ន្ធ​ជាមួយនឹង​ការ​ដោះខ្លួន​ឱ្យ​រួច​ជីវិត​របស់​មនុស្ស​យើង​គឺ ជា​មធ្យម​បើ​មនុស្ស​យើង​គ្មាន​ខ្យល់អាកាស​ដកដង្ហើម 3 នាទី នឹង​អាច​សន្លប់​បាត់ស្មារតី  បើ​គ្មាន​ទឹក​បរិភោគ 3 ថ្ងៃ រាងកាយ​នឹង​ចាប់ផ្តើម​ខ្វះ​ជាតិ​ទឹក និង​បើ​គ្មាន​អាហារ​បរិភោគ 3 សប្តាហ៍ នឹង​ហុច​ផល​អាក្រក់​ដល់​រាងកាយ និង​ពិតប្រាកដ​ណាស់ បើសិនជា​យូរ​ជាង​រយៈ​ពេលនេះ វា​នឹង​ហុច​ផល​ឱ្យ​មនុស្ស​យើង​ស្លាប់បាត់​បង់ជីវិត​ជាមិនខាន។

    5 – បើ​មាន​វត្ថុ​អ្វីមួយ​មុត​ជាប់​នៅ​នឹង​របួស

    មនុស្ស​ជាច្រើន​ជឿថា ការដែល​ត្រូវ​វត្ថុ​មុត​ស្រួច ឬ​កម្ទេច​កែវ​មុត​ជាប់​នៅក្នុង​មុខរបួស  រឿង​ដែល​យើង​គួរ​ធ្វើ​មុនគេ​បំផុត​គឺ ការយក​វត្ថុ​នោះ ឬ​កម្ទេច​កែវ​ទាំងនោះ​ចេញពី​មុខរបួស  តែ​នៅក្នុង​ស្ថានភាព​ពិត​វិញ លោកអ្នក​មិនគួរ​ដក ឬ​យក​កម្ទេច​កែវ ឬ​វត្ថុ​អ្វីដែល​មុត​ជាប់​នៅលើ​មុខរបួស​នោះ​ចេញ​ដោយ​ខ្លួនឯង​ឡើយ ព្រោះ​នៅពេលណា​ដែល​លោកអ្នក​ដក ឬ​យក​វា​ចេញ ឈាម​នឹង​ចាប់ផ្តើម​ហូរ​ចេញមក​ឥត​ឈប់​ឡើយ ហើយ​លោកអ្នក​ក៏​មិនអាច​បញ្ឈប់​ឈាម​ដែល​ហូរ​ចេញមក​ច្រើន​នោះ​ដោយ​ខ្លួនឯង​បានដែរ។ រឿង​ដែល​ត្រូវធ្វើ​គឺ នៅ​ឱ្យ​ស្ងៀម ដើម្បី​រង់ចាំ​គេ​នាំទៅ​មន្ទីរពេទ្យ​គឺជា​ការប្រសើរ​បំផុត៕

    ស្រាវជ្រាវ​ដោយ តា​វ៉ែនតា

  • ឈិន ឡុង និង​តារា​ស្រីល្បី​ម្នាក់ បាន​និយាយ​រកគ្នា​វិញ បន្ទាប់ពីឈ្លោះគ្នា​អស់​ 22 ឆ្នាំ

    ឈិន ឡុង និង​តារា​ស្រីល្បី​ម្នាក់ បាន​និយាយ​រកគ្នា​វិញ បន្ទាប់ពីឈ្លោះគ្នា​អស់​ 22 ឆ្នាំ

    តារា​ស្រី យួន យុង អ៊ី ឬ Anita Yuen វ័យ 45 ឆ្នាំ បាន​ចេញមុខ​បកស្រាយ​ពី​ជម្លោះ​ដែល​ធ្លាប់មាន​ជាមួយ​កំពូល​តារា​សម្ដែង​លោក Jackie Chan ឬ ឈិន ឡុង នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម Weibo របស់​នាង​ថា នាង​ធ្លាប់មាន​បញ្ហា​ជាមួយ​កំពូល​តារា​សម្ដែង​ហុងកុង​រូបនេះ នៅ​អំឡុងពេល​ថត​ខ្សែភាពយន្ដ​មួយ ដែល​បាន​សម្ដែង​រួមគ្នា កាលពី 22 ឆ្នាំមុន ហើយក៏​ធ្លាប់​សម្របសម្រួល​គ្នា​ដែរ តែ​នៅតែ​ទើសចិត្ត​រៀងខ្លួន និង​មិនបាន​និយាយ​រកគ្នា​រហូតមក។

    យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន​ចិន បាន​ឲ្យ​ដឹងថា ថ្មីៗនេះ នាង យួន យុង និង​ឈិន ឡុង បាន​ជួបគ្នា​ដោយ​ចៃដន ហើយ​ក៏បាន​ឆ្លៀតឱកាស​នោះ បកស្រាយ​ពី​ជម្លោះ​រវាង​គ្នា ដោយ​នាង​បាន​និយាយថា នាង​មាន​កំហុសឆ្គង​យ៉ាងខ្លាំង តែ​ឈិន​ឡុង​បាន​ប្រាប់​នាង​ថា  លោក​ពិតជា​ចងចាំ​រឿងរ៉ាវ​ទាំងអស់នោះ​មិនបាន​ឡើយ ទើប​នាង​សូម​គាត់​ថតរូប​ជាមួយគ្នា ដើម្បី​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម Weibo របស់​នាង​ឱ្យ​អ្នកគាំទ្រ​យើង​បានឃើញ។

    គួរបញ្ជាក់​ផងដែរ​ថា ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង​កាលពី 22ឆ្នាំមុន​នោះ តារា​ស្រី​រូបនេះ​បាន​ពោលថា « មាន​សារព័ត៌មាន​ជាច្រើន​បានចេញ​ផ្សាយ​ថា លោក ឈិន ឡុង មាន​កំហឹង​ចំពោះ​នាង​ខ្ញុំ ក៏ប៉ុន្ដែ​គាត់​បាន​ប្រាប់​មក​ខ្ញុំ​វិញ​ថា ប្រសិន​នាង​ខ្ញុំ​មិនបាន​និយាយ​រឿងនេះ​ទេ គាត់​ក៏​មិន​ចាំ​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះដែរ គាត់​ភ្លេច​អស់​បាត់ទៅហើយ តែ​វា​ជា​កំហុស​មួយ​របស់ខ្ញុំ​ដូចគ្នា​ដែល​បានធ្វើឱ្យ​គាត់​ខឹង​ខ្លាំង តែ​នៅពេលនេះ​គ្រប់យ៉ាង​វា​បានបញ្ចប់​អស់​ទៅហើយ គួរតែ​គិតពី​អ្វីដែល​ប្រសើ​ឡើងវិញ »៕

  • Smart ដាក់ឱ្យ​ដំណើរការ​បច្ចេកវិទ្យា 4.5G ដោយ​អះអាងថា មាន​ល្បឿន​លឿន​ជាង​មុន 8ដង

    Smart ដាក់ឱ្យ​ដំណើរការ​បច្ចេកវិទ្យា 4.5G ដោយ​អះអាងថា មាន​ល្បឿន​លឿន​ជាង​មុន 8ដង

    ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​ចល័ត Smart កាលពី​ម្សិលមិញ​បានធ្វើ​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា 4.5G មុខ​គេ​បង្អស់​នៅ​កម្ពុជា ដែល​ក្រុមហ៊ុន​មួយ​នេះ​និយាយថា បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ធ្វើឱ្យ​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​របស់ខ្លួន​មាន​ល្បឿន​លឿន​ជាង​មុន​រហូតដល់ 8 ដង​បើ​ប្រៀបធៀប​នឹង​ប្រព័ន្ធ​ចាស់។

    លោក ថូ​ម៉ាស​ហ៊ុន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Smart បានឱ្យដឹងថា បច្ចេកវិទ្យា​ថ្មី​ដែល​ខ្លួន​ទើប​ធ្វើការ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នេះ​មាន​ឈ្មោះថា 4.5G វា​ជា​បច្ចេកវិទ្យា​ថ្មី​ដំបូងបង្អស់​នៅ​កម្ពុជា អាច​បង្កើន​ប្រសិទ្ធភាព​បណ្តាញទូរស័ព្ទ​ដែល​នឹង​ផ្តល់ជូន​អតិថិជន Smart នូវ​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន​ជាង​មុន រួមផ្សំ​ជាមួយ​បទពិសោធ និង​ការកម្សាន្ត​ផ្សេងទៀត​ដែល​ផ្តល់ជូន​ដោយ Smart នៅលើ​សេវា 4G+ និង 4.5G ។ លោក​ថា៖ «បច្ចេកវិទ្យា​ថ្មី​នេះ វា​លឿន​ជាង 4G ធម្មតា​រហូតដល់ 8 ដង ក្នុង​ល្បឿន​អតិបរមា 1Gbps»

    លោក​បន្ដថា បច្ចុប្បន្ន Smart មាន​ស្ថានីយ​បណ្តាញ 2G និង 3G ចំនួន 2300 កន្លែង និង​ស្ថានីយ​បណ្តាញ 4G LTE ចំនួន 1800 កន្លែង​នៅ​ទូទាំង 25 រាជធានី-ខេត្ត។ ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart ក្នុងការ​ផ្តល់​បណ្តាញ​អ៊ិន​ធើ​ណិ​ត​ចល័ត​លឿន និង​ធំ​បំផុត​នៅ​កម្ពុជា​អាច​មើលឃើញ​យ៉ាងច្បាស់​តាមរយៈ​ការបង្កើន​ការវិនិយោគ​របស់ខ្លួន​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ពង្រីក​បណ្តាញ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ដែល​ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែល​ចង់​សម្រេច​ឱ្យ​បានការ​គ្របដណ្តប់​ទូរស័ព្ទ​ចល័ត100% នៅ​ទីក្រុង និង70 % នៅ​ទីជនបទ​ត្រឹម​ឆ្នាំ 2020។

    លោក​បន្ថែមទៀតថា នៅ​ឆ្នាំ 2017 នេះ Smart បាន​បោះទុន​វិនិយោគ​ចំនួន80លាន​ដុល្លារ​ដើម្បី​ពង្រីក និង​កែលម្អ​បណ្តាញ​ដើម្បី​ផ្តល់ជូន​សេវា​អ៊ី​ន​ធើ​ណិ​ត និង​សេវាកម្ម​បែប​ឌីជីថល​នានា​បន្ថែមទៀត។ បន្ទាប់ពី​បានក្លាយ​ជា​ប្រតិបត្តិ​ករ​ដំបូងបង្អស់​ដែល​នាំយក 4G LTE និង 4G + មក​កម្ពុជា ឥឡូវនេះ Smart បាន​នាំមក​នូវ 4.5G ដល់​កម្ពុជា​ទៀតហើយ  ឯ​5G ក៏​នឹង​គង់តែ​នាំមក​ដែរ​មិន​ខាន។

    ក្រុមហ៊ុន​កំពុងតែ​សិក្សា​ពី​លទ្ធភាព​បច្ចេកវិទ្យា 5G ដែល​រួមមាន​បច្ចេកវិទ្យា Massive MIMO ដើម្បី​ធានាថា ខ្លួន​បាន​ត្រៀម​រួចរាល់​សម្រាប់​ពេលដែល​បទដ្ឋាន និង​បច្ចេកវិទ្យា​នេះ​បាន​មកដល់។ 5G នឹង​នាំមក​នូវ​ល្បឿន​ជាច្រើន Gbps សមត្ថភាព​បណ្តាញ​ធំ​ទូលាយ​ភាពយឺតយ៉ាវ​ទាប និង​សមត្ថភាព​ត​ភ្ជាប់ភ្លាមៗទៅនឹង​ឧបករណ៍​ក្នុងពេល​ដំណាលគ្នា ដែល​វា​នឹង​អាច​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ 2020៕

  • Costa ត្រូវបាន​បញ្ជា​ដោយ Atletico ឲ្យ​បង្កើត​សន្តិភាព​ជាមួយ Chelsea

    Costa ត្រូវបាន​បញ្ជា​ដោយ Atletico ឲ្យ​បង្កើត​សន្តិភាព​ជាមួយ Chelsea

    ខ្សែប្រយុទ្ធ Diego Costa ត្រូវបាន​ប្រាប់​ដោយ​ក្លិប Atletico Madrid ឲ្យ​បង្កើត​សន្តិភាព​ជាមួយនឹង​ក្លិប Chelsea នៅមុន​ពេល​ពួកគេ​នឹងធ្វើ​ការពិចារណា​ទៅលើ​ការ​ទិញយក​រូបគេ​ត្រឡប់​ចូល​ក្លិប​វិញ។ វា​មានន័យថា ខ្សែប្រយុទ្ធ​របស់​ក្រុម​តោ​ខៀវ​រូបនេះ បច្ចុប្បន្ន​កំពុងតែ​ស្ថិតក្រោម​សម្ពាធ​កាន់តែ​ធំ​ក្នុង​ការវិល​ទៅកាន់​ប្រទេស​អង់គ្លេស​វិញ ខណៈដែល​ការដោះស្រាយ​លើ​បញ្ហា​របស់​រូបគេ​កំពុងតែ​ក្លាយជា​ដុំ​ពពក​ខ្មៅ​នៅ​ដើមរដូវ​កាល​នេះ។

    ក្លិប​ទាំងពីរ ពិតជា​ចង់​បង្កើត​ឲ្យ​មានការ​ព្រមព្រៀងគ្នា​មួយ បើទោះបី​ពួកគេ​មិន​ចុះសម្រុង​នឹង​គ្នា​ទៅលើ​តម្លៃ​ខ្លួន​ក៏ដោយ។ ក្លិប Chelsea បានស្នើ​សុំ​តម្លៃ​ខ្លួន50លាន​ផោន (ស្មើនឹង64.5លាន​ដុល្លារ​អាមេរិក) ប៉ុន្តែ Atletico ត្រៀម​ផ្តល់​តម្លៃ​ខ្លួន​ត្រឹមតែ​ពាក់កណ្តាល​នៃ​តម្លៃ​ស្នើសុំ​នោះ​ប៉ុណ្ណោះ។ ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​អវត្តមាន​អស់​រយៈពេល5សប្តាហ៍​មកហើយ ក្រោយពី​មាន​ជម្លោះ​ជាមួយនឹង​លោកគ្រូ​បង្វឹក Antonio Conte។ ស្របពេល​ជាមួយគ្នានេះ វា​មាន​សញ្ញា​តិចតួច​ណាស់ដែ​ល​អ្នក​ទាំងពីរ​អាច​ស្រុះស្រួល​គ្នា​វិញ​នោះ។ Costa វ័យ29ឆ្នាំ បាន​និយាយថា រូបគេ​ចង់​លេង​ឲ្យ​តែ​អតីត​ក្លិប​របស់គេ​នៅលើ​ទឹកដី​អេ​ស្ប៉ា​ញ​ប៉ុណ្ណោះ ប្រសិនបើ​រូបគេ​គ្មាន​អនាគត​ជាមួយនឹង Chelsea ដែលជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League។ ប៉ុន្តែ បញ្ហា​ជម្លោះ​នៅ​រដូវក្តៅ​នេះ កំពុងតែ​ស្ថិតក្នុង​ភាពស្រពេចស្រពិល ខណៈដែល​កីឡាករ​រូបនេះ​បាន​បដិសេធ​ក្នុង​ការវិល​ទៅកាន់​ការហ្វឹកហាត់​នៅ​អង់គ្លេស ស្របតាម​ការទាមទារ​របស់​ក្លិប Chelsea។

    Costa បាន​ចោទប្រកាន់ថា រូបគេ​ត្រូវបាន​ចាត់ទុក​ដូចជា «ជនឧក្រិដ្ឋ​ម្នាក់» អ៊ីចឹង ហើយ​ថា រូបគេ​ដូចជា​សំរាម​អ៊ីចឹង ក្រោយពី​លោក Conte បាន​ផ្ញើ​សារ​ប្រាប់​រូបគេ​ថា រូបគេ​លែងមាន​អនាគត​នៅក្នុង​ក្លិប Chelsea ហើយ។ Chelsea អាច​នឹងធ្វើ​ការពិន័យ​ទៅលើ​ប្រាក់បៀវត្សរ៍​របស់គេ​រាល់ពេល2សប្តាហ៍​ម្តង នៅពេលដែល​រូបគេ​អវត្តមាន​ដោយ​គ្មាន​ការអនុញ្ញាត៕

    ប្រភពពី៖ The Sun

  • ស្ដាប់​សំដី​របស់​តូ​តា​ហើយ ប្រុសៗដឹង​តែ​ពេញចិត្ដ​ហ្មង!

    ស្ដាប់​សំដី​របស់​តូ​តា​ហើយ ប្រុសៗដឹង​តែ​ពេញចិត្ដ​ហ្មង!

    បើទោះជា​កញ្ញា​តូ​តា ជា​តារា​សម្ដែង​មានកេរ្ដិ៍ឈ្មោះ​បោះ​សំឡេង និង​រូប​សម្រស់​ស្រស់ស្អាត​ក៏ដោយ តែ​នាង​ធ្លាប់​បញ្ជាក់ថា នាង​ពុំ​ចង់​នៅ​លីវ​យូរពេក​នោះទេ។

    កាលពីមុន​កញ្ញា ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា ធ្លាប់បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ពេល​នាង​មាន​អាយុ​ត្រឹម 24-25 នាង​នឹង​ជ្រើសរើស​គូជីវិត​ហើយ ដ្បិតអី​នាង​មាន​អ្នក​ស្រឡាញ់​ពេញ​បេះដូង​ទៅហើយ។ លុះ​មកដល់​វ័យ​ប៉ុណ្ណឹង​នាង​បែរជា​លើកឡើងថា នាង​មិនទាន់​ចង់​គិត​ទេ រហូតដល់​គេ​គិតថា ការពន្យារ​ពេលនេះ​បែបនេះ​បណ្ដាលមកពី​នាង​ជួប​បញ្ហា​ស្នេហា?

    ជួប​ជាមួយ​កញ្ញា​តូ​តា នាង​បញ្ជាក់ថា សព្វថ្ងៃ​មាន​បុរស​ច្រើនណាស់​ស្រឡាញ់​នាង ម្នាក់ៗសុទ្ធតែជា​បុរស​ល្អ និង​ស្ថិតនៅក្នុង​លក្ខខណ្ឌ​ដែល​នាង​ចង់បាន ដែលមាន​ទាំង​អ្នកធ្វើការងារ​ជា​មន្ដ្រីរាជការ​អាចឱ្យ​នាង​មាន​សិទ្ធិ​ក្នុងការ​សម្រេច​ចិ​ត្ដ​ជ្រើសរើស។ នាង​បន្ដថា៖ «មូលហេតុ​ខ្ញុំ​ចង់​ពន្យារពេល​គិតពី​រឿងនេះ ដោយសារតែ​ខ្ញុំ​ចង់ទុក​ពេលវេលា​មើល​ចិ​ត្ដ​ពួកគាត់​ឱ្យបាន​ច្បាស់​ជាមុនសិន ដ្បិតអី​រឿង​អនាគត​ត្រូវ​គិត​ឱ្យបាន​ល្អិតល្អន់។ ម្យ៉ាង​ក៏​ជា​ពេលវេលា​សម្រាប់​ខ្ញុំ​ចាប់យក​ឱកាស​ការងារ​ក្នុង​សិល្បៈ​ដើម្បី​បន្សល់​កេរ្ដិ៍ឈ្មោះ​ឱ្យបាន​ច្រើន​បន្ដិច​សិន​ដែរ»។

    កញ្ញា​តូ​តា ប្រាប់ថា នាង​ដឹងថា បុរស​ទាំងនោះ​ស្រឡាញ់​នាង តែ​នាង​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ប្រាកដ​ក្នុង​ចិ​ត្ដ​សិន​ថា ការស្រឡាញ់​នោះ​ចេញពី​បេះដូង​ពិត​មិនមែនជា​ក្ដី​ស្រឡាញ់​ក្លែងក្លាយ។ ណាមួយ​នាង​ក៏​ចង់​ទុកពេល​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយ​ដើម្បី​ឱ្យមាន​ភាព​រឹងប៉ឹង​ក្នុង​ជីវិត​ដែរ។ ជាមួយគ្នានេះដែរ តូ​តា ក៏បាន​បង្ហើប​ឱ្យដឹងថា ទោះបី​នាង​ជា​ស្ដ្រី​មែន តែ​ក៏​មិន​ចង់​ដាក់បន្ទុក​ទាំងស្រុង​លើ​ស្វាមី​ក្រោយពេល​រៀបការ​ហើយ​ដែរ។

    នាង​បញ្ជាក់ថា៖ «ចិ​ត្ដ​ខ្ញុំ បើ​ទោះ​មាន​មុខរបរ​ផ្ទាល់ខ្លួន​ធំដុំ​ក៏ដោយ ក៏​យើង​មិនត្រូវ​ធ្វើ​ចរិត​ឆ្មើងឆ្មៃ​ដាក់​ស្វាមី​ដែរ ត្រូវមាន​ការគោរព​គ្នា​ទៅវិញទៅមក​ទៅ​រស់​នៅមាន​សុភមង្គល»៕

  • ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​មួយទៀត​ចូលមក​វិនិយោគ​នៅ​កម្ពុជា

    ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​មួយទៀត​ចូលមក​វិនិយោគ​នៅ​កម្ពុជា

    ភ្នំពេញៈ ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​ថ្មី​មួយទៀត​បានសម្រេច​ចិត្ត​ឈាន​ជើង​ចូលមក​វិនិយោគ​នៅ​កម្ពុជា​តាមរយៈ​ការវិនិយោគ​លើ​គម្រោង ARATA។

    លោក TAKASHI Eguchi អគ្គនាយក​ក្រុមហ៊ុន CREED ASIA (Cambodia) Co,Ltd បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ការិយាល័យ​របស់លោក​នា​ព្រឹក​ថ្ងៃទី21 សីហា​ម្សិលមិញ​នេះ​ថា ការវិនិយោគ​លើ​គម្រោង ARATA ដែល​បាន​សម្ពោធ​កាលពី​ថ្ងៃទី20 សីហា​កន្លងទៅនេះ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជប៉ុន​ថ្មី​មួយទៀត​គឺ​ក្រុមហ៊ុន Hoosiers បានមក​ចាប់​ដៃគូ​ជាមួយ​យើង។លោក​បន្តថា ដូច្នេះ​គម្រោង​វិនិយោគ​ថ្មី​នេះ​មានការ​សហការ​ពី​ក្រុមហ៊ុន​ចំនួន3 គឺ​ក្រុមហ៊ុន CREED GROUP ក្រុមហ៊ុន TRIPLE GEM និង​ក្រុមហ៊ុន Hoosiers។

    លោក​បន្តថា “យើង​មាន​សុទិដ្ឋិនិយម​លើ​ទីផ្សារ​កម្ពុជា ដោយសារ​ចំនួន​ប្រជាជន​កាន់តែ​ច្រើនឡើង​មាន​ប្រាក់ចំណូល​កើនឡើង និង​ប្រជាជន​កម្ពុជា​នៅតែ​ពេញនិយម​រស់នៅ​តាម​លំនៅដ្ឋាន​ក្នុង​បុរី​នានា។ លោក​បន្តថា “កម្ពុជា​ជា​ប្រទេស​មាន​ភាព​បើកចំហ​យ៉ាងខ្លាំង​ដែល​ផ្តល់នូវ​ភាពកក់ក្តៅ​ដល់​អ្នកវិនិយោគ​មក​ប​ណ្តា​ក់​ទុន​នៅទីនេះ។

    គម្រោង​បុរី ARATA ស្ថិតនៅលើ​ផ្ទៃដី​ជាង 12ហិកតា និង​មានផ្ទះ​ជាច្រើន​ប្រភេទ​ដែល​បាន​លក់​ក្នុងតម្លៃ​ចាប់ពី​ជាង 87,000ដុល្លារ ដល់​ជាង 200,000ដុល្លារ​អាមេរិក។

    លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភី​អឹ​ល​ស៊ី​ដែលជា​ធនាគារ​ផ្តល់​សេវា​ទូទាត់​សាច់ប្រាក់​ជាមួយ​អ្នកវិនិយោគ​ជប៉ុន​ជាង1,000ក្រុមហ៊ុន​នោះបាន​ថ្លែងថា អ្នកវិនិយោគ​ជប៉ុន​មុនពេល​ពួកគេ​សម្រេចចិត្ត​វិនិយោគ​នៅ​ប្រទេស​ណាមួយ ពួកគេ​បាន​សិក្សា​ច្បាស់លាស់​ណាស់​លើ​កត្តាសំខាន់ៗចំនួន3 គឺ​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម​ដែល​មិនមាន​អ្វី​ប្រែប្រួល​ជា​ដុំកំភួន និង​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេចបាន។

    លោក​បន្តថា “ក្រៅពី​កត្តា​ទាំង3នេះហើយ បទ​ប្បញ្ញត្តិ និង​ច្បាប់​នានា​ក៏មាន​ភាព​អំណោយផល ពិសេស​ច្បាប់​វិនិយោគ​របស់​កម្ពុជា និង​ច្បាប់​ទាក់ទង​នឹង​ពន្ធ​ដែល​បានផ្តល់​ភាពអនុគ្រោះ និង​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​យ៉ាងខ្លាំង មិនថាតែ​អ្នកវិនិយោគ​ជាតិ ឬ​អន្តរជាតិ​ឡើយ គឺ​រដ្ឋាភិបាល​ប​បាន​អនុវត្តស្មើៗគ្នា​ដោយ​គ្មាន​ការរើសអើង​ឡើយ៕

  • លោក Guardiola បារម្ភ​ពី​ភាព​មុត​ស្រួច​របស់​ក្រុម ក្រោយ Man City ស្មើ​ជាមួយ Everton

    លោក Guardiola បារម្ភ​ពី​ភាព​មុត​ស្រួច​របស់​ក្រុម ក្រោយ Man City ស្មើ​ជាមួយ Everton

    លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester City បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ថា បញ្ហា​នៃ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​របស់​ក្រុម​លោក​នៅតែ​ជា​កង្វល់​មួយ ក្រោយពី​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល 1-1 ជាមួយនឹង​ក្រុម Everton ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League លើ​ទឹកដី​របស់​ពួកគេ​កាលពី​ថ្ងៃ​ចន្ទ។

    ខ្សែប្រយុទ្ធ Wayne Rooney បាន​ជួយ​ឲ្យ​ក្រុម​ទូកក្តោង Everton មាន​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​ទី35 កាលពី​ថ្ងៃ​ចន្ទ ហើយ Man City បាន​បាត់បង់​ខ្សែការពារ Kyle Walker ដោយសារតែ​ការពិន័យ​កាត​ក្រហម​ដ៏​ចម្រូងចម្រាស​មួយ​នៅ​មុនពេល​បញ្ចប់​តង់​ទី1 ប៉ុន្តែ ក្រុម​ម្ចាស់ផ្ទះ​បានធ្វើការ​វាយបក​ដើម្បី​តាម​ស្មើ​វិញ​តាមរយៈ​គ្រាប់​បាល់​របស់​កីឡាករ​បម្រុង Raheem Sterling នៅ​រយៈពេល 8នាទីចុងក្រោយ។ Man City បាន​ជួប​បញ្ហាជារឿយៗក្នុង​ការរក​គ្រាប់​បាល់​ផ្តួល​គូប្រកួត​កាលពី​រដូវ​កាល​មុន តាមរយៈ​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ7លើក​ក្នុង​ការប្រកួត​លើ​ទឹកដី​ខ្លួនឯង​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក។ នៅពេលដែល​ត្រូវបាន​ចោទ​សួរថា តើ​លោក​គិត​យ៉ាងណាដែរ​ចំពោះ​ទម្រង់​លេង​នាពេលថ្មីៗនេះ​របស់​ក្រុម​លោក?

    លោក Guardiola បាន​ឆ្លើយតប​ថា៖ «ពិតណាស់ យើង​បាន​បង្កើត​ឱកាស3លើក ទៅ4លើក​មុនពេល​បាន​គ្រាប់​បាល់​តាម​ស្មើ​នេះ។ ពួកគេ​បានធ្វើការ​វាយ​សម្រុក​ខ្លាំងក្លា ពោលគឺ​មួយ​ទល់នឹង​មួយ ដោយមាន​កីឡាករ​ដល់​ទៅ6 ទៅ8នាក់​នៅក្នុង​តំបន់​ប្រយុទ្ធ។ )។ “(Ashley) Williams, (Phil) Jagielka, (Michael) Keane, (Leighton) Baines សុទ្ធសឹង​ជា​ខ្សែការពារ​ដ៏​រឹងមាំ​ពេល​លេង​មួយ​ទល់​មួយ»។

    គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​ស្ថិត​នៅទីនេះ​ដើម្បី​ដណ្តើម​ឲ្យ​បាន​លទ្ធផល​ល្អ។ ទីបំផុត យើង​ត្រូវតែ​ព្យាយាម​ធ្វើការ​វិភាគ​ទៅលើ​ទម្រង់​លេង​នេះ។ ការប្រកួត​របស់​ក្រុម​មាន​កីឡាករ 10នាក់ ជាមួយនឹង​ក្រុម​មាន​កីឡាករ11នាក់ និង​ជា​ក្រុម​លេង​ក្នុង​ក្របខ័ណ្ឌ Europa League។ យើង​បាន​ខិតខំ​ព្យាយាម ហើយ​យើង​បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន។ បើទោះបី​យើង​បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី ប៉ុន្តែ យើង​មិនអាច​ទទួលបាន​ជ័យជម្នះ​ឡើយ»៕

    ប្រភពពី៖ Sky Sports

  • រូបមន្ដ​ធ្វើ​ភេ​ស្ជ​ជៈ​ព្យាបាល​ក្រួស​ក្នុង​តម្រងនោម​តាមបែប​ធម្មជាតិ

    រូបមន្ដ​ធ្វើ​ភេ​ស្ជ​ជៈ​ព្យាបាល​ក្រួស​ក្នុង​តម្រងនោម​តាមបែប​ធម្មជាតិ

    អាហារូបត្ថម្ភ​ដែល​មិនល្អ គឺជា​កត្តា​ដែលនាំឱ្យ​កើត​សភាវ​មួយ​ដែល​គេ​ហៅថា “ក្រួស​នៅក្នុង​តម្រងនោម” ទើប​ជាហេតុ​បណ្ដាលឱ្យ​អ្នកជំងឺ​នឿយហត់ អស់កម្លាំង ហើយ​ក្រួស​ក្នុង​តម្រងនោម​នេះ​យើង​អាច​កម្ចាត់​បាន​ដោយ​ការទទួល​ទាន​ភេ​ស្ជ​ជៈ​ធ្វើ​ពី​បន្លែ និង​ផ្លែឈើ​ដូចខាងក្រោម​នេះ។

    គ្រឿងផ្សំ​ដែល​ត្រូវការ​មាន៖
    -ទឹកស្អាត 1/2 លីត្រ
    -សាច់​ផ្លែ​ក្រូចថ្លុង 1ផ្លែ
    -ត្រសក់ 1 ផ្លែ
    -ការ៉ុត 1 មើម
    -ខ្ញី 2 ចំណិត
    -ស្លឹក​ជី​អង្កាម 5 សន្លឹក

    វិធី​ធ្វើ៖
    ដាក់​សាច់​ផ្លែ​ក្រូចថ្លុង ការ៉ុត ត្រសក់​ដែល​ហាន់​ជា​ចំណិត​រួច​នោះ​ចូលទៅ​ក្រឡុក​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក បន្ទាប់មក​បន្ថែម​ទឹក​បន្តិច និង​ខ្ញី ក្រឡុក​ចូលគ្នា​ឱ្យ​ម៉ដ្ឋ។

    ក្រោយមក​ដាក់​ស្លឹក​ជី​អង្កាម​ចូលទៅ​ក្រឡុក​ចុង​ក្រោម​ជាការ​ស្រេច។ អ្នក​អាច​ពិសា 2ដង​ក្នុង​មួយថ្ងៃ នៅពេល​ព្រឹក និង​មុន​ពេលបាយ​ថ្ងៃត្រង់។

    គុណប្រយោជន៍​របស់​រូប​ធាតុ​ផ្សំ​ខាងលើនេះ​ដូចជា៖
    1.សាច់​ផ្លែ​ក្រូចថ្លុង៖
    ជា​ផ្លែឈើ​ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​បំផុត វា​ជួយ​ព្យាបាល និង​សម្អាត​សារ​ជាតិពុល​នៅក្នុង​រាងកាយ ក្រៅពីនោះ​វា​សម្បូរ​ដោយ​វីតាមីន​C ដែល​អាចជួយ​រំលាយ​ជាតិ​ខ្លាញ់ និង​បន្ថែម​កម្លាំង​ដល់​រាងកាយ បំបាត់​ភាព​នឿយហត់។

    2.ការ៉ុត៖ ការ៉ុត​ជា​បន្លែ​ដែលមាន​រសជាតិ​ឆ្ងាញ់ ហើយ​ពោ​ពេញ​ទៅដោយ​សារធាតុចិញ្ចឹម អង់​ទី​អុកស៊ីដ​ង់ និង​បេ​តា​ការ៉ូ​ទីន ដែល​រាងកាយ​បំប្លែង​ទៅជា​វីតាមីន A ដែល​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង។

    3.ត្រសក់៖ ជា​ប្រភេទ​បន្លែ​ដែល​សម្បូរ​ទៅដោយ​សារជាតិ​អាហារ​កាក​សរសៃ ជួយ​សម្អាត​ក្រពះ និង​ជា​ឱសថ​បុរាណ​សម្រាប់​ប​ញ្ជុះ​ទឹកមូត្រ​ផងដែរ៕