Category: សង្គម និងសេដ្ឋកិច្ច

  • Mariah Carey បញ្ចេញ​រូបថត​សម្រក​ទម្ងន់​បានសម្រេច

    Mariah Carey បញ្ចេញ​រូបថត​សម្រក​ទម្ងន់​បានសម្រេច

    យោងតាម​សារព័ត៌មាន​កម្សាន្ត​រប​ស់​អាមេរិក បានឱ្យដឹងថា តារាចម្រៀង​ស្រី​ជើងចាស់​សំឡេង​ស្អក នាង Mariah Carey បាន​បញ្ចេញ​រូបភាព​សម្រក​ទម្ងន់​បានសម្រេច ដោយបាន​បង្ហាញឱ្យឃើញ​នូវ​រូបរាងកាយ​ស្រ​ឡូ​ន និង​សិច​ស៊ី​ឡើងវិញ នៅលើ​គម្រប​ទស្សនា​វ​ដ្តី Paper Magazine ពិតជា​គួរឱ្យ​ទាក់ទាញ​បំផុត។

    នៅក្នុង​រូបភាព​នេះ តារា​ស្រី​រូបនេះ​បានបង្ហាញ​ពី​ដៃ និង​ជើង​តូច​ស្រ​ឡូ​ន​របស់​នាង ដែលមាន​ភាពខុសគ្នា​ឆ្ងាយ​កាលពី​ពេលដែល​នាង​ធាត់។ រូបនោះ​មើលទៅ​ពិតជា​ឡូយ​មែន បើទោះបីជា​មានការ​ឌី​ហ្សា​ញ​តាម Photoshop ដល់​កម្រិត​បន្ដិច​ក៏ដោយ។

     គួរបញ្ជាក់​ផងដែរ​ថា រូបភាព​មួយ​នេះ​ត្រូវបាន​ម​ជ្ឍ​ដ្ឋា​ន​មហាជន​គិតថា ជា​រូប​កែ​ច្រើនជាង​រូបនាង​សម្រក​ទម្ងន់​ពិតប្រាកដ ដូច្នេះ​ដើម្បីឱ្យ​កាន់តែ​ជាក់ច្បាស់​ថា តើ​រូបថត​នោះ​ជាការ​កែកុន​តាម​កម្មវិធី Photoshop ឬ​យ៉ាងណា​នោះ សូម​ទស្សនា​រូបភាព​ទាំងឡាយ​ខាងក្រោម​នេះ៕

  • ល្បឿន​លឿន​ជាង​មុន​រហូត 8ដង ប៉ុន្តែ​ប្រើ​បានតែ​ជាមួយ​ស្មា​ត​ហ្វូ​ន 3ម៉ូ​ដែល​ប៉ុណ្ណោះ

    ល្បឿន​លឿន​ជាង​មុន​រហូត 8ដង ប៉ុន្តែ​ប្រើ​បានតែ​ជាមួយ​ស្មា​ត​ហ្វូ​ន 3ម៉ូ​ដែល​ប៉ុណ្ណោះ

    កាលពីដើម​សប្ដាហ៍​នេះ​ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ Smart បានធ្វើ​ការបើក​ឱ្យ​ដំណើរ​ប្រព័ន្ធ​បច្ចេកវិទ្យា 4.5G ជាមួយនឹង​ទំហំ​ទឹកប្រាក់​វិនិយោគ​រហូតដល់​ទៅ 80 លាន​ដុល្លារ ដែល​ក្រុមហ៊ុន​អះអាងថា ធ្វើឱ្យ​ល្បឿន​អ៊ី​ន​ធើ​ណិ​តរបស់​ខ្លួន​មាន​ល្បឿន​លឿន​ជាង​មុន​រហូតដល់​ទៅ 8 ដង ដែល​វា​រឿង​មួយ​គួរឱ្យ​រីករាយ​ណាស់​សម្រាប់​ការប្រើប្រាស់ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​សោកស្ដាយ​នោះ គឺ​ប្រព័ន្ធ​ថ្មី​នេះ​អាច​ប្រើ​បានតែ​លើ​ស្មា​ត​ហ្វូ​ន​ចំនួន 3 ម៉ូ​ដែល​ប៉ុណ្ណោះ​នាពេល​បច្ចុប្បន្ន។

     តាម​ការបញ្ជាក់​ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart លោក ថូ​ម៉ាស ហ៊ុន បានឱ្យដឹងថា បច្ចុប្បន្ន​ប្រព័ន្ធ​បច្ចេកវិទ្យា 4.5G នេះ​មាន​ល្បឿន​អតិបរមា 1Gbps ដោយ​អាច​ប្រើ​បាន​លើ​ទូរស័ព្ទ​ម៉ូ​ដែល​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន Samsung ក្រុមហ៊ុន Sony និង​ក្រុមហ៊ុន Huawei

     លោក​បញ្ជាក់ថា៖«អ្វីដែល​យើង​ច្បាស់​ការណ៍​នៅពេលនេះ គឺមាន​តែ 3 ម៉ូ​ដែល​ប៉ុណ្ណោះ ដែល​អាច​ដំណើរការ​បច្ចេកវិទ្យា 4.5G នេះ​បាន ដូចជា​ទូរស័ព្ទ Samsung Galaxy S8 / S8 Plus, Huawei P10 / P10 Plus និង​ទូរស័ព្ទ Sony Xperia XZ Premium»

     យើង​រំពឹងថា ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​កាន់តែច្រើន​នឹង​បញ្ចូល​មុខងារ​គាំទ្រ​បច្ចេកវិទ្យា​នេះ​តាមរយៈ​ការ Upgrade Software នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ។ ការប្រើប្រាស់​បច្ចេកវិទ្យា 256QAM 4×4 MIMO និង​ពហុ​បណ្តាញ​រួមគ្នា (Multi Carrier Aggregation) បណ្តាញ​សេវា​របស់ Smart អាច​សម្រេចបាន​រហូត​ដល់ 600 Mbps នៅក្នុង​តំបន់​មួយចំនួន គិត​មកដល់​បច្ចុប្បន្ន។

     ទាំងអស់នេះ​មានន័យថា ក្រៅពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​បាន​រៀបរាប់​ខាងលើ គឺ​នៅ​មិនទាន់​អាច​ទទួលបាន​បទពិសោធ​ថ្មី​នៃ​បច្ចេកវិទ្យា 4.5G នេះ​នៅឡើយ​ទេ។ ទោះជា​យ៉ាងណា Smart មិនបាន​បញ្ជាក់​ពី​របៀប​មើល​ដើម្បី​ដឹងថា តើ​ត្រូវ​មើល ឬ​ពិនិត្យ​លើ​លក្ខណសម្បត្តិ​ស្មា​ត​ហ្វូ​ន​យ៉ាងណា​ទើប​ដឹងថា​អាច​ប្រើ​បាន ឬ​មិនបាន​នោះទេ ប៉ុន្តែ​តាម​ការសន្និដ្ឋាន រាល់​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​នូវ​បន្ទះ​ឈី​ប Qualcomm Snapdragon 835 ប្រហែលជា​ប្រើ​បាន​ទាំងអស់ ខណៈ​ស្មា​ត​ហ្វូ​ន​ទាំង 3 ម៉ូ​ដែល​ខាងលើ​នោះ សុទ្ធតែ​បំពាក់​ដោយ​បន្ទះ​ឈី​ប​ស៊េរី​នេះ​ទាំងអស់៕

  • Katy Perry បកស្រាយ​ព័ត៌មាន​សាង​ស្នេហ៍​ជាមួយ​សង្សារ​ចាស់

    Katy Perry បកស្រាយ​ព័ត៌មាន​សាង​ស្នេហ៍​ជាមួយ​សង្សារ​ចាស់

    បន្ទាប់​មាន​លេចឮ​ព័ត៌មាន​ថា តារាចម្រៀង​ស្រី Katy Perry កំពុង​សាង​ស្នេហ៍​លួចលាក់​ជាមួយ​អតីត​សង្សារ​នាង​គឺ​លោក Orlando Bloomនោះ  ថ្មីនេះៗ នាង​បាន​ចេញមុខ​បកស្រាយ​តាមរយៈ​ការសម្ភាស​ជាមួយ​សារព័ត៌មាន Eonline

     

    គួរ​រំឭក​ផងដែរ​ថា លោក Orlando Bloom បាន​ចែកផ្លូវ​គ្នា​ជាមួយ​តារាចម្រៀង​ស្រី Katy Perry កាលពី​ខែមីនា​កន្លងទៅ  ក៏ប៉ុន្ដែ​នៅពេល​ថ្មីនេះៗ អ្នក​ទាំងពីរ​ត្រូវបាន​អ្នកសារព័ត៌មាន​ប្រទះឃើញ​បណ្ដើរគ្នា​ទៅ​ចូលរួម​ការប្រគំ​តន្ត្រី​របស់ Ed Sheeran ជាមួយគ្នា និង​ថែមទាំង​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ទៀតផង។ តើ​មានរឿង​អ្វី​កើត​ឡើងទៅ?

     ជាមួយ​បទ​សម្ភាស​នេះ តារា​ស្រី​រូបនេះ​បាន​ពោលថា “ពិតមែន​ហើយ អ្នក​ក៏បាន​ដឹង​ដែរ នាង​ខ្ញុំ​គិតថា មាន​មនុស្ស​ជាច្រើន​ដែល​បាន​ដើរ​ចូលមកក្នុង​ជីវិត​របស់​អ្នក តែ​ក៏​ជា​រឿង​ល្អ​មួយ​ដែរ ព្រោះ​យើង​បាន​រក្សាទុក​នូវ​មនុស្ស​ដែល​ស្រឡាញ់​យើង​នៅក្បែរ​ខ្លួន”។

     

    គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​បទ​សម្ភាស​នោះ Katy Perry បាន​ផ្ដល់នូវ​តម្រុយ​ថ្មី​មួយ​ដែល​បង្ហាញថា នាង​កំពុងមាន​ស្នេហា​ជាមួយ​មនុស្ស​ដែលមាន​ឈ្មោះ​ចាប់ផ្តើម​ដោយ​អក្សរ L ដូច្នេះ​ប្រហែលជា​មិនមែន Orlando Bloom ទេ។ នាង​បាន​បន្ដទៀតថា “នៅពេល​អ្នក​ចាស់​ទៅ គ្រប់យ៉ាង​ចាប់ផ្ដើម​ធ្វើឱ្យ​វិលមុខ និង​មាន​អារម្មណ៍​ថា ការងារ​រវល់​ច្រើន ខណៈដែល​កំពុងមាន​កា​រ​ប្រគំ​តន្ត្រី​ទេសចរណ៍​នៅក្នុង​ឆ្នាំនេះ​ទៀតផង”៕ 

  • Microsoft ចុះ​បណ្តុះបណ្តាល​ជំនាញ​កុំព្យូទ័រ​ដល់ក្មេងៗនៅ​កន្លែង​ចាក់សំរាម​ស្ទឹងមានជ័យ

    Microsoft ចុះ​បណ្តុះបណ្តាល​ជំនាញ​កុំព្យូទ័រ​ដល់ក្មេងៗនៅ​កន្លែង​ចាក់សំរាម​ស្ទឹងមានជ័យ

    ក្មេងៗនៅ​អតីត​កន្លែង​ចាក់សំរាម​ស្ទឹងមានជ័យ នៃ​មូលនិធិ​កុមារ​កម្ពុជា CCF ប្រមាណ​ជាង 300 នាក់ បានទទួល​ការបណ្តុះបណ្តាល​ថ្មី​លើ​ជំនាញ​ប្រើប្រាស់​កុំព្យូទ័រ​លក្ខណៈ​មូលដ្ឋានគ្រឹះ ការប្រើប្រាស់​បច្ចេកវិជ្ជា​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​វគ្គ​ខ្លី Hour of Code ពី​ក្រុមហ៊ុន Microsoft


    លោកស្រី
    Marija Ralic ប្រធាន​គ្រប់គ្រង​ក្រុមមនុស្ស​ធម៌​របស់​ក្រុមហ៊ុន Microsoft បានឱ្យដឹងថា Microsoft មាន​បេសកកម្ម​ផ្តល់​សិទ្ធិអំណាច​ដល់​មនុស្ស​គ្រប់រូប និង​គ្រប់​អង្គការ​ទាំងអស់​នៅលើ​ភពផែនដី ដើម្បី​សម្រេច​សមិទ្ធផល​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត។ បច្ចុប្បន្ននេះ​ក្រុមហ៊ុន​បានធ្វើការ​ជាមួយ​អង្គការ​ដៃគូ​មិន​រកប្រាក់​ចំណេញ ដូច​អង្គការ CCF ដើម្បី​ធ្វើឱ្យ​យុវជន​គ្រប់រូប​នៅ​ទូទាំង​ពិភពលោក​អាចមាន​លទ្ធភាព​ប្រើប្រាស់​ជំនាញ​ឌីជីថល។

    លោកស្រី​បន្តថា សិស្ស​ដែល​បញ្ចប់​កម្មវិធីសិក្សា​នេះ​នឹង​ទទួលបាន​ការយល់ដឹង​អំពី​គោល​គំនិត និង​ជំនាញ​កុំព្យូទ័រ​ជា​មូលដ្ឋាន។ ក្នុងនោះ​បុគ្គលិក​របស់ Microsoft នឹងធ្វើ​ការស្ម័គ្រចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​សម្របសម្រួល និង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​សមត្ថភាព​សម្រាប់​បុគ្គលិក និង​សិស្សានុសិស្ស​អង្គការ​មូលនិធិ​កម្ពុជា។ ចំពោះ​យុទ្ធនាការ Hour of Code គឺជា​វគ្គ​បណ្តុះបណ្តាលរ​យៈ​ពេល 60 នាទី​បង្ហាត់បង្រៀន​អំពី​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​រៀបចំឡើង​ដើម្បី​ស្វែងយល់​អំពី ការសរសេរ​កូដ​កុំព្យូទ័រ” និង​ដើម្បី​បង្ហាញថា អ្នកណា​ក៏​អាច​រៀន​មូលដ្ឋានគ្រឹះ និង​ពង្រីក​ការចូលរួម​ក្នុងការ​អភិវឌ្ឍ​ឯកសារ​បង្រៀន​នៃ​កម្មវិធី​ហ្គេម Minecraft របស់ Microsoft និង​អង្គការ Code.org បានដែរ។

    លោកស្រី Marija Ralic ថ្លែងថា៖«ឱ្យតែ​និយាយ​រឿង​ការសរសេរ​កូដ អ្នកសិក្សា​ភាគច្រើន​តែង​គិតថា វា​លំបាក និង​ស្មុគស្មាញ ប៉ុន្តែ​ថ្ងៃនេះ​យើង​ចង់បង្ហាញ​ពួកគាត់​ថា វា​មិនមែន​ដូច្នោះ​ទេ»

     កម្មវិធីសិក្សា​ផ្នែក​ចំណេះដឹង​ឌីជីថល​របស់ Microsoft មាន​ចំនួន 5 កម្មវិធី រួមមាន​មូលដ្ឋានគ្រឹះ​កុំព្យូទ័រ​ដោយ​ប្រើប្រាស់​កម្មវិធី​អ៊ី​ន​ធើ​ណេ​ត និង​ផលិតភាព​សុវត្ថិភាព ឯកជន​ភាព និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដែល​សិស្ស​នឹង​ទទួលបាន​ការយល់ដឹង​អំពី​គោល​គំនិត និង​ជំនាញ​កុំព្យូទ័រ​ជា​មូលដ្ឋាន។

     លោក Scott Neeson ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​មូលនិធិ​កុមារ​កម្ពុជា​បានឱ្យដឹងថា តាមរយៈ​ជំនួយឥតសំណង​ពី Microsoft កម្មវិធីសិក្សា​នេះ​កំពុង​ត្រូវបាន​បកប្រែ​ជា​ភាសា​ខ្មែរ​ដើម្បី​ចែកចាយ​ដល់​សាលារៀន និង​អង្គការ​ផ្សេងទៀត​ប្រើប្រាស់ ជាពិសេស​កម្មវិធីសិក្សា​នេះ​មាន​តម្រូវការ​ជា​ចាំបាច់​នៅតាម​បណ្តា​ខេត្ត​នានា​ដែលមាន​អ្នកចេះ​ភាសា​អង់គ្លេស​មាន​កម្រិត​ទាប​ជាង​រាជធានី​ភ្នំពេញ។ សាលាបឋមសិក្សា នី​សិ​គ្រីប បានផ្តល់​ឱកាស​អប់រំ​ប្រកបដោយ​ស្តង់ដារ​ខ្ពស់បំផុត ដល់​កុមារ​ក្រីក្រ​បំផុត​មួយចំនួន​ក្នុងចំណោម​កុមារ​ក្រីក្រ​បំផុត​ទាំងឡាយ​នៅ​កម្ពុជា។ 

    សមិទ្ធផល​នេះ​សម្រេចបាន​តាមរយៈ​ការកែលម្អ​ទីតាំង​សិក្សា​ឱ្យមាន​ភាពប្រសើរឡើង និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ចុងក្រោយ​បំផុត​ដែល​ផ្តោតជាសំខាន់​លើ​ការអប់រំ STEM និង​នៅក្នុង​បរិយាកាស​ដែល​អំណោយផល​ដល់​ការយកចិត្តទុកដាក់​រៀ​ន​សូត្រ និង​ការយល់ដឹង​អំពី​ពិភពលោក។ សាលាបឋមសិក្សា នី​សិ​គ្រីប និង​សាលារៀន​នៅ​សហគមន៍​ចំនួន 5 កន្លែង​របស់​អង្គការ CCF បច្ចុប្បន្ននេះ​ផ្តល់​ការអប់រំ​កុំព្យូទ័រ ដល់​សិស្ស​ចំនួន 1,550 នាក់ តាមរយៈ​ជំនួយឥតសំណង​នៃ​គម្រោង YouthSpark ហើយ​ពេលនេះ​អង្គការ​ក៏បាន​ចុះ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Microsoft មួយទៀត​ដើម្បី​ផ្ដល់នូវ​កម្មវិធីសិក្សា និង​វគ្គ​ជំនាញ​ខ្លី៕

  • កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​មួយ​ក្នុង​ពេលអនាគត

    កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​មួយ​ក្នុង​ពេលអនាគត

    ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បានលើកឡើង​ថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​មួយនា​ពេលអនាគត និង​រំពឹងទុក​ថា សម្រាប់​ដំណាក់កាល​ទាញយក​ប្រេង​ដំបូង​នៅ​តំបន់​1A និង​1Bត្រូវបាន​ប៉ាន់​ស្មានថា អាច​នឹង​លើសពី30លាន​បារ៉ែល​ដែល​អាច​ផ្តល់​លទ្ធភាព​ពាណិជ្ជកម្ម​គ្រប់​គ្រាន់​ក្នុង​ការជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ផលិត​ប្រេង​ឆៅ​ប្រកបដោយ​សក្តានុពល។

    ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​លើកឡើង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្រាប់​ការអភិវឌ្ឍ​ប្រេងកាត​ប្លុក​A រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី ( Kris Energy) នៅ​ព្រឹក​ថ្ងៃទី23 ខែសីហា ឆ្នាំ2017នេះ​ថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង អភិវឌ្ឍន៍​អណ្តូង​ប្រេងកាត​ប្លុក​Aនាពេលនេះ​គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជាការ​ចាប់ផ្តើម​ថ្មី​មួយ​យ៉ាងសំខាន់​ក្នុង​ដំណើរការ​ឆ្ពោះទៅ​ផលិត​ប្រេង​ឆៅ​លើក​ទី1 ចេញពី​ដែនសមុទ្រ​របស់​កម្ពុជា។

    ឯកឧត្តម​បន្តថា បរិមាណ​សក្តានុពល​ប្រេងកាត​ដែល​បាន​សិក្សា​ឃើញ និង​រំពឹងទុក​សម្រាប់​ដំណាក់កាល​ដំបូង 1A និង 1B ត្រូវបាន​ប៉ាន់ប្រមាណ​ថា អាច​នឹង​លើសពី30លាន​បារ៉ែល​ដែល​អាច​ផ្តល់​លទ្ធភាព​ពាណិជ្ជកម្ម​គ្រប់​គ្រាន់​ក្នុង​ការជំរុញ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ឆៅ​ប្រកបដោយ​សក្តានុពល។ ក្នុងនោះ​ការចាប់ផ្តើម​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​ប្លុក​Aនេះ​គឺ​បាន​ជំរុញ​ឲ្យ​មានការ​សិក្សា​ស្វែងរក​ដ៏​ខ្លាំងក្លា​ថែមទៀត​លើ​ប្លុក​ប្រេងកាត​ដែល​នៅ​ទំនេរ​ចំនួន5នៅ​ដែនសមុទ្រ និង18ប្លុក​ផ្សេងទៀត​នៅ​ដែន​គោក​ផងដែរ។

    ឯកឧត្តម​អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើងថា កម្ពុ​ជាមាន​ទិសដៅ​ច្បាស់លាស់ គឺ​មិន​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ចំណូល​ប្រេងកាត និង​ឧស្ម័ន​ជា​ចរន្ត​ដង្ហើម​ស្លាប់​រស់​នៃ​សេដ្ឋកិច្ច​ទេ ប៉ុន្តែ​នឹង​ប្រើប្រាស់​ចំណូល​នេះ​រួមចំណែក​ក្នុងការ​កែទម្រង់​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច ដើម្បី​ធានា​ចីរភាព​កំណើន​ក្នុង​រយៈពេល​មធ្យម និង​វែង​ផងដែរ។

    ឯកឧត្តម​បានលើកឡើង​ទៀតថា កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ទាំង​ក្នុង​ក្របខ័ណ្ឌ​ធនធានមនុស្ស ស្ថាប័ន និង​គោលនយោបាយ​ដើម្បី​បញ្ចៀស​នូវ​បណ្តាសារ​ធនធាន និង​ជំងឺ​ហូ​ឡង់ (Dutch disease) ដោយបាន​សិក្សា​ពីបទ​ពិសោធ​ដ៏​ជូរចត់​កន្លងមក​រប​ស់​ប្រទេស​ផលិត​ប្រេង​មួយចំនួន និង​បាន​គិតគូរ​រួចជាស្រេច​ដើម្បី​ប្រែក្លាយ​ចំណូល​ប្រេងកាត​ទៅជា​កាត​លី​ករ​ពិតប្រាកដ​មួយ​ក្នុងការ​អភិវឌ្ឍ​ពិពិធ​កម្ម និង​ទំនើបកម្ម​សេដ្ឋកិច្ច​ដែលមាន​វិស័យ​ឧស្សាហកម្ម​ដើរតួ​កាន់តែ​សំខាន់​ឡើង​ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030 និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050

    ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រេងកាត​នេះ លោក ខេ​ល​វិ​ន តាំង (Kelvin Tang) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Kris Energy Ltd,បាន​ថ្លែង​នូវ​ការប្តេជ្ញាចិត្តថា បន្ទាប់ពី​ការចុះហត្ថលេខា​ក្នុងពេលឆាប់ៗបន្ទាប់​នេះ ក្រុមហ៊ុន​នឹង​ប្រកាសសេចក្តី​សម្រេច​ចុងក្រោយ​លើ​ការវិនិយោគ និង​បន្ត​សម្រេច​ឲ្យ​បាន​ដំណក់​ប្រេង​ដំបូង​ក្នុង​រយៈពេល24ខែ ក្នុង​ឆ្នាំ2019ខាងមុខនេះ៕

  • រឿង​ស្តេច​កន​ល្បី​ខ្លាំង តែ​គ្មាន​អ្នក​ស្គាល់​ថា ឳ​ពុក​ស្តេច​កន​ជា​នរណា​ឡើយ?

    រឿង​ស្តេច​កន​ល្បី​ខ្លាំង តែ​គ្មាន​អ្នក​ស្គាល់​ថា ឳ​ពុក​ស្តេច​កន​ជា​នរណា​ឡើយ?

    ភាពយន្ដ​បែប​ប្រវត្តិសាស្ត្រ «ហ្លួង​ព្រះស្ដេច​កន» ជា​ភាពយន្ត​កំពុង​ល្បី​រន្ទឺ​បំផុត​នៅ​ទឹកដី​សុវណ្ណ​ភូមិ​នាពេល​បច្ចុប្បន្ននេះ ហើយ​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំងក្លា  ខណៈដែល​កំពុង​ដាក់​បញ្ចាំង​គ្រប់​រោងភាពយន្តទំនើបៗ ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដែលមាន​ទស្សនិកជន​ទាំង​ក្មេង​ទាំងចាស់​ប្រជ្រៀត​គ្នា​ចូល​មើល​រាប់ម៉ឺន​នាក់​ក្នុងមួយថ្ងៃៗ ដោយ​សំបុត្រ​លក់ដាច់​អស់​គ្មាន​សល់​ឡើយ  និង​គ្រប់គ្នា​បាន​ស្គាល់​តែ​តួអង្គ​ហ្លួង​ព្រះស្ដេច​កន​ដែល​សម្ដែង​ដោយ​លោក រស់ សោភ័ណ ប៉ុណ្ណោះ  ប៉ុន្ដែ​ចំពោះ​តួអង្គ​ឪពុក​របស់​ស្ដេច​កន​វិញ មិនមាន​នរណាម្នាក់​ស្គាល់​ឡើយ​ថា តើ​សម្តែង​ដោយ​តារា​ម្នាក់​ណា​ទៅ។

    ថ្ងៃនេះ​គេហទំព័រ​សារព័ត៌មាន ឡា​រ៉ែ​ន សូម​ជម្រាបជូន​ប្រិយមិត្ត​ទាំងអស់គ្នា​ឱ្យបាន​ដឹងថា លោក ជា សំនៀង មាន​វ័យ 62ឆ្នាំ គឺជា​អ្នក​សម្ដែង​ជា​តួអង្គ​ឪពុក​របស់ ស្ដេច​កន ក្រោម​ស្នាដៃ​ដឹកនាំ​ដោយ​ឯកឧត្តម ម៉ៅ អាយុទ្ធ។ លោក សំនៀង គឺជា​អតីត​តួអង្គ “ចៅ​ចិត្ត” ក្នុង​ល្ខោននិយាយ​របស់​មន្ទី​សិល្បៈ​ខេត្តបាត់ដំបង​តាំងពី​ជំនាន់​ជាមួយ​លោក ទេព រិន្ទ​ដា​រ៉ូ មកម្ល៉េះ និង​មាន​ស្រុកកំណើត​នៅក្នុង​ខេត្តបាត់តំបង។

    វិ​រៈ​សិល្បករ​រូបនេះ​ដំបូង​ឡើយ​ត្រូវបាន​លោក ហ៊ុយ យ៉ា​ឡេង អ​ញ្ចើ​ញ​មក​សម្ដែង​ដំបូងបង្អស់​នៅក្នុង​រឿង «ខ្មោច​ដើម​ចេកជ្វា»  បន្ទាប់មក​ក៏បាន​បាត់​មុខ​មួយរយៈ​ទៅវិញ ដោយសារ​រោងកុននៅស្រុកខ្មែរបានបិទទ្វារ និងលក់រោងដើម្បីយកថវិការ។ ក្រោយមកទៀត​លោក យ៉ា​ឡេង ដែលជា​ម្ចាស់​ផលិតកម្ម មាតុ​ចក្រ ក៏បាន​បន្ដ​ទាក់ទង​អ៊ំ​ប្រុស សំនៀង ឱ្យមក​សម្ដែង​រឿង​ជាថ្មី​ម្ដងទៀត​ដូចជា​រឿង “អា​ព្រឿង​ស្លាប់​ហើយ” រឿង “អា​គុក​អា​ច្រវ៉ា” និង​រឿង “ធ្មប់” ជាដើម។

    តាំងពី​គ្រា​នោះមក​អ៊ំ​ប្រុស​ម្នាក់នេះ ក៏​ទទួល​បានការ​ជ្រោមជ្រែង​ឱ្យ​សម្ដែង​ភាពយន្ដ​ខ្នាត​ធំ​ជាច្រើន​រឿង និង​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង បើទោះបីជា​លោក​មាន​វ័យ​ចំណាស់​បន្ដិច​ហើយ​ក្ដី តែ​ទេពកោសល្យ​សម្ដែង​វិញ​ប្រកបទៅដោយ​សមត្ថភាព​ខ្ពស់។ វិ​រៈ​សិល្បករ សំនៀង បាន​ចាក​ចេញពី​ស្រុកកំណើត​មក​រស់នៅ​ទឹកដី​ភ្នំពេញ ដោយសារ​មូលហេតុ​តែ​ម្យ៉ាង​គត់​គឺ ស្រឡាញ់​វិស័យ​សិល្បៈ​សម្ដែង។ ដោយសារ​ឆ្លងកាត់​ការតស៊ូ​ជីវិត និង​ប្រវត្តិ​ជូរចត់​របស់លោក ទើប​ធ្វើឱ្យ​លោក​សម្រេចបាន​ភាពជោគជ័យ​នៅក្នុង​វិស័យ​ភាពយន្ដ ក្នុងនោះដែរ​ក៏មាន​រឿង​ភាគច្រើន និងចូលរួមសម្ដែងជាមួយបទចម្រៀងរបស់​ផលិតកម្មរស្មីហង្ស​មាស ជាមួយលោក ព្រាប សុវត្ថិ ​ផងដែរ។

    គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ​លោក ជា សំនៀង បាន​ចូលនិវត្តន៍​ពី​មន្ទី​សិល្បៈ​ខេត្តបាត់ដំបង​ហើយ ក៏ប៉ុន្ដែ​លោក​នៅតែ​បន្ដ​រក្សា​កេរ្ដិ៍ដំណែល​សិល្បៈ​បុរាណ​ដូនតា​ខ្មែរ  និង​បន្ដ​អាជីព​ជាតា​រា​សម្ដែង​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​តទៅទៀត៕

  • ព្រាប សុវត្ថិ រិះគន់ហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ទេសចរណ៍មួយចំនួន

    ព្រាប សុវត្ថិ រិះគន់ហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ទេសចរណ៍មួយចំនួន

    ក្នុង​វេទិកា​ស្ដីពី​បរិស្ថាន​កាលពី​ម្សិលមិញ​គេ​សង្កេតឃើញ​តារាចម្រៀង​ស្រី មាស សុខ​សោភា លើកឡើង​នូវ​សំណូមពរ 3ចំណុច ដល់​រាជរដ្ឋាភិបាល ដោយឡែក​លោក ព្រាប សុវត្ថិ ហាក់​ពុំបាន​បញ្ចេញមតិ​អ្វី​សោះ គ្រា​ដែល​គេ​មើលឃើញថា លោក​ដូច​ជាមាន​អារម្មណ៍​ភិតភ័យ។

    បើទោះជា​លោក ព្រាប សុវត្ថិ មិនបាន​បញ្ចេញមតិ​អ្វី​ជា​ដុំកំភួន​ក្នុង​វេទិកាសាធារណៈ​នោះ​ក៏ដោយ ប៉ុន្ដែ​ក្នុងការ​ផ្ដល់​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​វិញ លោក​បានលើកឡើង​នូវ​សំណូមពរ​មួយចំនួន​ជុំវិញ​ការអភិវឌ្ឍ​តំបន់​ទេសចរណ៍ ពិសេស​តំបន់​កម្សាន្ដ​ស្ថិតនៅក្នុង​ខេត្ដ​រតនគិរី។ លោក ព្រាប សុវត្ថិ បញ្ជាក់​ប្រាប់ថា ប្រទេស​កម្ពុជា ជា​ប្រទេស​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ពិសេស​តំបន់​ទេសចរណ៍ ដូច្នេះ​យើង​គួរតែ​ចូលរួម​ថែរក្សា​វា​ឱ្យ​បានល្អ​ក្នុង​ចំណែក​នៃ​ការអភិរក្ស និង​អភិវឌ្ឍន៍​យើង​គួរតែមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ដើម្បី​ជួយ​សម្រួល​ដល់​ភ្ញៀវទេសចរ ដូចជា​នៅ​ខេត្ដ​រតនគិរី ជាដើម។

    លោក​បាន​លើក​ឧទាហរណ៍​ថា៖ «តំបន់​បឹង​យក្ស​ឡោម…ពិភពលោក​គេ​ស្គាល់​បឹង​យក្ស​ឡោម ប៉ុន្ដែ​បើ​យើង​មើល​ពី​ផ្លូវ​ចូលទៅ​តំបន់​នោះ​វិញ ហាក់​មិនទាន់​ល្អ​សម្រាប់​ការទាក់ទាញ​នៅឡើយ​ទេ ប្រសិនបើ​យើង​ធ្វើការ​កែលម្អ​ផ្លូវ និង​រៀបចំ​បរិស្ថាន​ឱ្យបាន​កាន់តែ​ល្អ​ថែមទៀត​សម្រាប់​ភ្ញៀវទេសចរ ក៏​វា​កាន់តែ​ល្អ​សម្រាប់​មុខមាត់​ខេត្ដ​នេះ​ផងដែរ»។ លោក​បន្ដថា មាន​ខេត្ដ​ខ្លះ​ពុំមាន​អ្វី​ជា​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ ឬក៏​អាច​យកទៅ​បង្អួត​ដល់​ពិភពលោក​ផង ដូច្នេះ​វា​ជា​ភ័ព្វសំណាង​សម្រាប់​ខេត្ដ​ខ្លះ​ដែលមាន​តំបន់​កម្សាន្ដ​សម្រាប់​បង្អួត​ដល់​គេ​នោះ​ហើយ។

    តារាចម្រៀង​លំដាប់​កំពូល​រូបនេះ​បានលើកឡើង​ទៀតថា ជាក់ស្ដែង​ដូចជា​បទ​លោកតា ស៊ិន ស៊ី​សាមុត ឬ​បទ​របស់លោក​ជាដើម បាន​ចូលរួម​ច្រៀង​លើក​ពី​តំបន់​ទេសចរណ៍​មួយចំនួន​ស្ដាប់ទៅ​ពីរោះ​រហូត​មាន​អ្នកខ្លះ​មាន​ក្ដី​ស្រមៃ​ថា​ចង់ទៅ​ស្គាល់ ព្រោះ​មិនដឹងថា តំបន់​នោះ​ល្អ​ប៉ុនណា​ទេ? ប៉ុន្ដែ​ទិដ្ឋភាព​ជាក់ស្ដែង មិនមែន​ដូច​ក្នុង​ចម្រៀង​ទេ ពោលគឺ​កន្លែង​នោះ​សម្បូរ​ទៅដោយ​សំរាម។ លោក​បញ្ជាក់ថា តំបន់​បឹង​កន្សែង គឺ​យើង​មាន​បទ «អក​បឹង​កន្សែង» ស្ដាប់ទៅ​ពិ​រោះ​រណ្ដំ តែ​ភាពជាក់ស្ដែង​អ្វីដែល​លោក​ក៏ដូចជា​មហាជន​ទូទៅ​អាច​មើលឃើញ​នៅ​បឹង​កន្សែង​នោះ គឺមាន​សំរាម​ច្រើន ដូច្នេះ​គួរតែ​ជួយ​គ្នា​ថែរក្សា​បរិស្ថាន​ឱ្យបាន​ល្អ​ដើម្បី​សោភ័ណភាព និង​សុខមាលភាព​ភ្ញៀវទេសចរ និង​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​ទីនោះ។

    ពាក់ព័ន្ធ​នឹង​កម្រង​ទេសភាព​នៅ​ខេត្ដ​រតនគិរី កន្លងមក​គេ​មើលឃើញថា លោក ព្រាប សុវត្ថិ បាន​បង្ហើរ​សំនៀង​ជាច្រើន​បទ​ដែល​បង្ហាញ​ពី​ភាពស្រស់ស្អាត និង​តំបន់​ទេសចរណ៍​ជាច្រើន​នៅក្នុង​ខេត្ដ​នេះ​ដូចជា​បទ «សាង​ស្នេហ៍​នៅបឹង​យក្ស​ឡា​ម» ជាដើម៕

    https://www.youtube.com/watch?v=30zyd70h3JQ

  • ប្រឡង​បាក់​ឌុប​ឆ្នាំនេះ មាន​អ្នក​អវត្តមាន​ជាង1ពាន់​នាក់ និង​ភាពមិនប្រក្រតី​មួយចំនួន

    ប្រឡង​បាក់​ឌុប​ឆ្នាំនេះ មាន​អ្នក​អវត្តមាន​ជាង1ពាន់​នាក់ និង​ភាពមិនប្រក្រតី​មួយចំនួន

    ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ដំណើរការ​សំណេរ នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ក្នុងសម័យ​ប្រឡង​ថ្ងៃទី 21 ខែសីហា ឆ្នាំ2017 ដើម្បី​បង្ហាញ​ពី​ស្ថានភាព​ទូទៅ និង​សរុប​ស្ថានភាព​ទូទៅ​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ។

    ជា​ស្ថានភាព​ដែល​បង្ហាញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញថា នៅ​ឆ្នាំ 2017 នេះ ការប្រឡង​មាន​ស្ថានភាព​ស្ងប់ស្ងាត់​ល្អ និង​ប្រព្រឹត្ត​ទៅដោយ​រលូន ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន 101,410នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន 178មណ្ឌល ក្នុងនោះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​ចំនួន 108មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន 70មណ្ឌល។ ការប្រឡង​នេះ​ក៏មាន​ការចូលរួម​ពី​អ្នកសង្កេតការណ៍​ចំនួន 4,678នាក់។

    ក្នុង​ដំណើរ​ការប្រឡង​នេះ​មាន​បេក្ខជន​អវត្តមាន​ចំនួន 1,647នាក់ ក្នុងនោះ​មាន​សិស្សស្រី​ចំនួន 584នាក់ គិត​ជា​ភាគរយ​គឺ​ប្រមាណ​ជា 1,62ភាគរយ​នៃ​បេក្ខជន​សរុប។ ចំពោះ​ដំណើរការ​សំណេរ​នៅ​ឆ្នាំនេះ​ថ្វីត្បិតតែ​មាន​លក្ខណៈ​ល្អប្រសើរ​ជាងឆ្នាំមុនៗក៏ដោយ តែ​ក៏មាន​ចំណុច​ខ្លះ​ដែល​គួរឱ្យកត់សម្គាល់​ផងដែរ​ដូចជា​មាន​ភ្លៀង​ធ្លាក់​នៅតាម​បណ្តា​ខេត្ត​ខ្លះ រួមទាំង​មាន​បេក្ខជន​មួយចំនួន​មាន​បញ្ហា​សុខភាព​ដែលជា​ឧបសគ្គ​បន្តិចបន្តួច​ស​ម្រា​ប់​ដំណើរការ​ប្រឡង។

    យោងតាម​ឯកសារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញថា បេក្ខជន​ប្រឡង​ដែលមាន​កំហុសឆ្គង​ត្រូវ​បានរៀបចំ​កំណត់ហេតុ​ពិសេស​មាន​ចំនួន 13ករណី ក្នុងនោះ​ករណី​ដកហូត​ទូរស័ព្ទដៃ6ករណី ប្តូរ​លេខ​តុ​អង្គុយ​មាន1ករណី លួច​ចម្លង​សំណៅ​ឯកសារ 1ករណី លួច​ប្រើ​ម៉ាស៊ីន​គិត​លេខ 1ករណី ប្រឡង​ជំនួស 1ករណី លួច​ប្តូរ​លេខ​តុ1ករណី និង​បុគ្គលិក​អប់រំ​មាន​កំហុសឆ្គង5ករណី (ប្រើប្រាស់​ទូរស័ព្ទ ឱ្យគេ​មក​ជំនួស ខ្ជីខ្ជា​ក្នុងការ​បំពេញភារកិច្ច)។

    ចំពោះ​បញ្ហា​សុខភាព​វិញ ជារួម​ឃើញថា​កើតឡើង​ចំនួន70ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្តទៀត​បាន​បន្ទាប់ពី​ទទួល​ការសង្គ្រោះ​បឋម​ចំនួន 31ករណី និង9ករណី​ផ្សេងទៀត​មិនអាច​បន្ត​ប្រឡង​បាន។ ចំពោះ​បុគ្គលិក​អប់រំ​វិញ មាន​បញ្ហា​សុខភាព​ចំនួន2ករណី៕

  • នៅចាំ​ក្មេងស្រី​ម្នាក់នេះ​ទេ? តួ​ស្រី​ក្នុង​រឿង First Love ឥឡូវ​ស្អាត​ដល់ក…!

    នៅចាំ​ក្មេងស្រី​ម្នាក់នេះ​ទេ? តួ​ស្រី​ក្នុង​រឿង First Love ឥឡូវ​ស្អាត​ដល់ក…!

    តារា​ឯក​ស្រី​ថៃ​នាង បៃ​ហ្វើ​ន ភី​ម​ឆា​ណុ​ក ដែលជា​តារា​ស្រី​ក្នុង​រឿង “First Love” ឬ “สิ่งเล็กๆที่เรียกว่ารัก” ដែល​ធ្លាប់បាន​សម្ដែង​ជា​តួឯក​ស្រី​ជាមួយ​តារា​កូនកាត់​រូប​សង្ហា ម៉ា​រី​អូ ម៉ៅ​រើ ហើយ​បន្ទាប់មក​នាង​ក៏បាន​បាត់​មុខ​ពី​សិល្បៈ​មួយរយៈ​ធំ ក្រោយពី​បញ្ចប់​កុងត្រា​ជាមួយ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ 7 ដែលជា​ទ្រនំ​បាន​សាង​រូបនាង​ឡើង​ក្នុង​ពិភព​សិល្បៈ​រួចមក។

    ដោយឡែកថ្មីៗនេះ តារា​ស្រី​វ័យក្មេង​រូបនេះ​បាន​វិលត្រឡប់​ចូលមកក្នុង​សិល្បៈ​វិញ ដែល​ធ្វើឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​នាង​បាន​ប្ដូរ​ការរៀបចំ​ខ្លួន​ពី​ស្រគត់ស្រគំ ប្រែក្លាយជា​តារា​ស្រី​សិច​ស៊ី​ដ៏​គួរឱ្យ​ទាក់ទាញ​បំផុត។ រូបថត​ប៉ុន្មាន​ស្លឹក​ដែល​ត្រូវបាន​ទស្សនា​វ​ដ្តី MARS ទម្លាយ​ចេញ​ជា​សាធារណៈ​នោះ មើលទៅ​តារា​ស្រី​រូបនេះ​ហាក់បីដូច​ជាមាន​ទំនុកចិត្ត​ក្នុងការ​ថតរូប​បែប​សិច​ស៊ី​ខ្លាំងណាស់។

    គួរបញ្ជាក់​ផងដែរ​ថា ដើមទ្រូង​ដ៏​សខ្ចី​របស់​តារា​ស្រី​រូប​ស្អាត​វ័យក្មេង​រូបនេះ បាន​ទាក់ទាញ​មហាជន និង​ទាញយក​ប្រជាប្រិយភាព​ឡើងវិញ ព្រោះថា នៅពេលនេះ​នាង​កំពុងតែ​សម្ដែង​រឿង​ឱ្យ​ខាង​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត និង​ផលិតកម្ម GMM 25 ជាច្រើន​រឿង ព្រមទាំង​ជាតា​រា​ឯករាជ​ទៀតផង ក៏ប៉ុន្ដែ​នាង​មិនបាន​បញ្ជាក់ថា តម្លៃ​ខ្លួន​របស់​នាង​ទទួលបាន​ប៉ុន្មាន​នោះទេ គ្រាន់តែ​ដឹងថា ថ្លៃ​ជាង​មុន​ទ្វេដង​ប៉ុណ្ណោះ៕

  • តួឯកស្រីក្នុងរឿង Twilight បែកធ្លាយ​រូបអាក្រាត​កាយ​

    តួឯកស្រីក្នុងរឿង Twilight បែកធ្លាយ​រូបអាក្រាត​កាយ​

    តាមរយៈ​សារព័ត៌មាន kenh14 បានឱ្យដឹងថា តារា​ស្រី​ដែល​កំពុង​ល្បីឈ្មោះ Kristen Stewart ថ្មីៗនេះ​នាង​បាន​ក្លាយជា​ជនរងគ្រោះ​មួយរូប​ទៀត​ដែល​ត្រូវ​ជនអនាមិក ​Hack លេខ​សម្ងាត់​ចូល​យក​រូបភាព​អាក្រាតកាយ​របស់​នាង ខណៈដែល​នាង​បាន​ថត​ជាមួយ​គូស្នេហ៍​ស្រី​ដូចគ្នា និង​ជា​តារា​បង្ហាញ​ម៉ូដ​របស់ Stella Maxwell ។

    គួរ​រំឭក​ផងដែរ​ថា តារាល្បីៗជាច្រើនរូប​ដែល​ត្រូវបាន​ជនអនាមិក​Hackយក​រូប​កន្លងមក​មាន Miley Cyrus, Anne Hathaway, Amanda Seyfried, Demi Lovato, Lucy Hale, Kate Hudson, Rose McGowan, Rosario Dawson, Suki Waterhouse, Alison Brie ដោយបាន​យក​រូបអាក្រាត​របស់​ពួកគេ​មក​បង្ហោះ និង​គំរាម​ទារប្រាក់​ជាដើម។ យ៉ាងណាមិញ គេ​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនល្មើស​នោះ​ថា ជា​មនុស្ស​តែ​ម្នាក់ ឬ​យ៉ាងណា​ឡើយ។

    គួរបញ្ជាក់​ផងដែរ​ថា ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់ មាន​ជនរងគ្រោះ​ម្នាក់​ដែលមាន​ត្រកូល​ជា​តារា​ល្បីល្បាញ​គឺ​នាង Sarah Hyland បាន​ចាត់វិធានការ​ផ្លូវច្បាប់ ក្នុងការ​ស្នើសុំ​ឱ្យ​លុប​រូបអាក្រាត​របស់​នាង​ចោល ហើយ Amanda Seyfried និង Lucy Hale ក៏បាន​ស្នើសុំ​មេធាវី​ខ្លួន​ឱ្យជួយ​លុប​រូបថត​នៅលើ​បណ្តាញ​អ៊ីនធឺណិត​បានសម្រេច​ផងដែរ។

    ក្រៅពីនោះ​នៅមាន Kristen, Miley Cyrus, Katharine McPhee, Lindsey Vonn, Nicole Scherzinger, Juno Temple ដែល​មិនទាន់មាន​វិធានការ​ណាមួយ​ក្នុងការ​លុប​រូបថត​អាក្រាតកាយ​របស់ខ្លួន​នៅឡើយ​ទេ៕