Category: សង្គម និងសេដ្ឋកិច្ច

  • Kane រំភើប​ពេល​ប៉ះ Real ខណៈ Spurs នឹងត្រូវ​ជួប Bale ក្នុង Champions League

    Kane រំភើប​ពេល​ប៉ះ Real ខណៈ Spurs នឹងត្រូវ​ជួប Bale ក្នុង Champions League

    ក្រុម​មាន់​ខ្នាយ​មាស Tottenham នឹងត្រូវ​ជួប​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid ក្នុង​វគ្គ​ចែក​ពូ​ល​នៃ​ក្របខ័ណ្ឌ Champions League ក្រោយពី​ការចាប់​ឆ្នោត​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​ក្នុងប្រទេស​ម៉ូ​ណា​កូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។

    ក្រុម Spurs ត្រូវបាន​ចាប់ឆ្នោត​ឲ្យ​ស្ថិតក្នុង​ពូ​ល H រួមជាមួយ​នឹង​ក្រុម​យក្ស Real Madrid របស់​អេ​ស្ប៉ា​ញ ក្រុម Borussia Dortmund របស់​អាល្លឺម៉ង់ និង​ក្រុម Apoel របស់​ប្រទេស​ស៊ើប។ ការចាប់​ឆ្នោត​នេះ ក៏​ធ្វើ​ឲ្យ Tottenham ដែលជា​រងជើង​ឯក​ក្របខ័ណ្ឌ Premier League ត្រូវ​ប៉ះ​ជាមួយនឹង​អតីត​តារា​ឆ្នើម​របស់ខ្លួន Gareth Bale ដែល​បាន​ចាក​ចេញពី​ក្លិប Spurs ទៅកាន់ Real ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក​កាលពី​ឆ្នាំ2013 ហើយ Bale នឹងត្រូវ​ជួប​ជាមួយនឹង​អតីត​ក្រុម​របស់គេ​ជា​លើក​ទី1ដែរ។ ដោយឡែក ក្រុម​ម្ចាស់​ជើងឯក​របស់​ស្កុ​តលែ​ន​ដ៍​Celtic ស្ថិតក្នុង​ពូ​ល​ដ៏​តានតឹង​មួយ ខណៈដែល​ពួកគេ​នឹងត្រូវ​ជួប​ជាមួយនឹង​ក្រុម Bayern Munich, Paris St-Germain និង Anderlecht។

    ក្រុម Chelsea ដែលជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League ត្រូវបាន​ចាប់ឆ្នោត​ឲ្យ​ស្ថិតក្នុង​ពូ​ល​ជាមួយនឹង​ក្រុម Atletico Madrid, Roma និង Qarabag ក្នុង​ពូ​ល C ហើយ​ក្រុម Manchester United ដែលជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ EuropaLeague នឹងត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម Benfica, Basel និង CSKA Moscow ក្នុង​ពូ​ល A។ ខ្សែប្រយុទ្ធ Harry Kane របស់ Tottenham បាន​ឲ្យ​ដឹងថា៖ «វា​ជាការ​ចាប់ឆ្នោត​ដ៏​អស្ចារ្យ​មួយ។ អ្នកនឹង​រំពឹងទុក​ពី​ការលេង​ជាមួយនឹង​ក្រុម​ខ្លាំង​បំផុត​នៅ​អឺរ៉ុប​ក្នុង​ក្របខ័ណ្ឌ Champions League ហើយ​វា​ពិតជា​រំភើប​ខ្លាំងណាស់​សម្រាប់​យើង។ យើង​សម្លឹង​ឆ្ពោះទៅកាន់​ការប្រកួត​នេះ។ យើង​ចង់​សាកល្បង​ខ្លួន​យើង​ជាមួយនឹង​ក្រុម​ខ្លាំង​បំផុត ហើយ Real Madrid គឺជា​ក្រុម​ខ្លាំង​បំផុត​នៅពេលនេះ»។ ការប្រកួត​ជុំ​បើកឆាក​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី12 និង​ទី13 ខែកញ្ញា៕

    ការចាប់​ឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ៈ
    ពូ​ល B

    Bayern Munich, PSG, Anderlecht, Celtic

    ពូ​ល C
    Chelsea, Atletico Madrid, Roma, Qarabag

    ពូ​ល D
    Juventus, Barcelona, Olympiakos, Sporting Lisbon

    ពូក E
    Spartak Moscow, Sevilla, Liverpool, Maribor

    ពូ​ល F
    Shakhtar Donetsk, Manchester City, Napoli, Feyenoord

    ពូ​ល G
    Monaco, Porto, Besiktas, RB Leipzig

    ពូ​ល H
    Real Madrid, Borussia Dortmund, Tottenham, APOEL

     

    ប្រភពពី៖ BBC

     

  • វ៉ាន់ នី​ឡា ធ្វើឱ្យ​អ្នកគាំទ្រ​ភ័យ​អរ និង​លេបទឹកមាត់​ក្អឿកៗ

    វ៉ាន់ នី​ឡា ធ្វើឱ្យ​អ្នកគាំទ្រ​ភ័យ​អរ និង​លេបទឹកមាត់​ក្អឿកៗ

    ថ្មីៗនេះ​កញ្ញា វ៉ាន់ នី​ឡា បានធ្វើឱ្យ​អ្នកគាំទ្រ​របស់ខ្លួន​ពិសេស​មហាជន​និយម​លេង​បណ្ដាញ​សង្គម​ហាក់​មាន​អារម្មណ៍​ព្រឺព្រួច​ភ័យ​អរ​ជាមួយ​វីដេអូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​ពី​សកម្មភាព​នាង​នៅពេល​ស្លៀកពាក់​ឈុត​រ៉ូ​ប​កូនក្រមុំ។

    តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​មហាជន​ព្រឺព្រួច​នោះ? គ្រា​ដែល​វីដេអូ​ឃ្លី​ប​របស់​កញ្ញា វ៉ាន់ នី​ឡា តារា​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN ត្រូវបាន​បង្ហោះ​ខណៈ​នាង​ថត​ស្ប៉ត​ឱ្យ​សម្អាងការ​មួយ​ក្នុង​សម្លៀកបំពាក់​រ៉ូ​ប​កូនក្រមុំ គេ​មើល​សឹងតែ​មិន​ស្គាល់​ថា​ជា​រូបនាង​ផង ព្រោះ​នៅពេល​នាង​តុបតែង​ខ្លួន​ក្នុង​ឈុត​កូនក្រមុំ  រូប​សម្ផស្ស​របស់​នាង​ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់។

    តែ​អ្វីដែល​ពិសេស​នោះ​គឺ នៅពេល​អ្នក​កាន់​ទូរស័ព្ទ​ថត​ចុះឡើង​ដើរ​ក្រឡឹង​ជុំវិញខ្លួន​នាង​នោះបាន​ធ្វើឱ្យ​អ្នក​កំពុងតែ​ទស្សនា​ភ័យអរៗក្នុង​អារម្មណ៍ និង​បុក​ពោះ​ជំនួស​នាង ព្រោះម្នាក់ៗគិតថា ប្រសិនបើ​នាង​ហ៊ាន​ធ្វើ​ប្រហែស​តែ​បន្ដិច ច្បាស់​ជា​លេចចេញ​កន្លែង​សំខាន់​ឱ្យ​គេឯង​ឃើញ​មិន​ខាន ហើយ​ក្នុង​គ្រានោះ​ទៀតសោត មើលទៅ​រូបនាង​ផ្ទាល់​ក៏​ហាក់ដូចជា​ពុំបាន​ដឹងខ្លួន​ឡើយ​ថា ប្រសិនបើ​នាង​ប្រហែស​តែ​បន្តិច អ្នកមើល​ច្បាស់​ជា​បះសក់ និង​លេបទឹកមាត់​ក្អឿ​ក​មិន​ខាន៕

  • មន្ត្រីជាន់ខ្ពស់៖ កម្ពុជា​កំពុង​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​ធុន​កណ្តាល

    មន្ត្រីជាន់ខ្ពស់៖ កម្ពុជា​កំពុង​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​ធុន​កណ្តាល

    ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម​បាន​ថ្លែងថា កម្ពុជា​នឹង​ប្រែក្លាយ​ទៅជា​ប្រទេស​សេដ្ឋកិច្ច​មួយ​ដែលមាន​ប្រាក់ចំណូល​ធុន​កណ្តាល ដោយ​ពឹង​ផ្អែកលើ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម កសិកម្ម ដែលជា​កម្លាំង​ជំរុញ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់។

    រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក សាត សាមី បាន​ថ្លែង​លើកឡើង​នៅក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា-អន្តរជាតិ​ឆ្នាំ2017 និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ​កម្ពុជា-អន្តរជាតិ​ឆ្នាំ2017នា​ព្រឹក​ថ្ងៃទី25 ខែសីហា​នេះ​ថា វិស័យ​ឧស្សាហ​កម្មបាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​នយោបាយ​អ​ភិ​វឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​សម្រាប់​ឆ្នាំ2015-2025 យោងតាម​ទស្សនវិស័យ​ឆ្នាំ2030 និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី3 ក្នុងការ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ក្លាយទៅជា​ប្រទេស​សេដ្ឋកិច្ច​មួយ​ដែលមាន​ប្រាក់ចំណូល​ធុន​កណ្តាល​ដោយ​សង្កត់ធ្ងន់​លើ​តួនាទី​ឧស្សាហកម្ម​ជា​កម្លាំង​ជំរុញ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នៅពេល​អនាគត។

    លោក​បាន​បន្តទៀតថា សម្រាប់​គោលបំណង​របស់​ព្រិ​ត្តិ​ការណ៍​តាំងពិព័រណ៍​នេះ គឺជា​ការជំរុញ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និង​ការវិនិយោគ​បរទេស​នៅ​កម្ពុជា ជាពិសេស​ដើម្បី​ជំរុញ​សកម្មភាព​នាំចេញ និង​នាំចូល ហើយ​ក្នុងពេល​ជាមួយគ្នានេះដែរ គឺជា​ការបង្កើត​ឱកាស​សម្រាប់​បណ្តា​ឧស្សាហករ​ក្នុងការ​លើកកម្ពស់​គ្រឿង​ឧបករណ៍ បរិក្ខារ ការស្វែងរក​កិច្ចសហប្រតិបត្តិការ​គ្នា និង​កាលានុវត្តន៍​ធុរកិច្ចថ្មីៗ ក្នុងនោះ​កម្ពុជា​ត្រូវ​ការធ្វើ​ពិពិធ​កម្ម​លើ​សកម្មភាព​សេដ្ឋកិច្ច និង​ជំរុញ​ការនាំចេញ​ឲ្យ​បានសម្រេច​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​និរន្តរភាព និង​ការអភិវឌ្ឍ​ផលិតផល​បន្ថែមទៀត​លើ​តម្លៃ​ឲ្យ​កាន់តែ​ខ្ពស់៕

  • កម្ពុជា​ស្នើឱ្យ​អាមេរិក គោរព​ការសន្យា​ក្នុងការ​អនុគ្រោះ​ពន្ធ​ក្រោម​ក្របខ័ណ្ឌ WTO

    កម្ពុជា​ស្នើឱ្យ​អាមេរិក គោរព​ការសន្យា​ក្នុងការ​អនុគ្រោះ​ពន្ធ​ក្រោម​ក្របខ័ណ្ឌ WTO

    ភ្នំពេញ៖ ក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Marta Prado នាយិកា​កិច្ចការ​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក អមដោយ​លោកស្រី Desiree GANZ នាយិកា​ផ្នែក​ការងារ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក លោក Scott Schlossberg មន្ត្រី​នយោបាយ​សេដ្ឋកិច្ច និង​លោក David Sequeira មន្ត្រី​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានស្នើ​ឱ្យ​សហរដ្ឋអាមេរិក​បំពេញ​កាតព្វកិច្ច​ដែល​ខ្លួន​បាន​សន្យា​ក្នុងនាម​ជា​ប្រទេស​អភិវឌ្ឍន៍​ថា នឹង​ផ្តល់ជូន​កម្ពុជា និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដទៃទៀត​នូវ​ការអនុគ្រោះ​ពន្ធ​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)។

    ក្នុងជំនួប​នេះ​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​លើកឡើងថា យោងតាម​ស្មារតី​នៃ​សេចក្តីប្រកាស​រួម​របស់​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ទីក្រុង​ហុងកុង រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​សន្យាថា នឹង​ផ្តល់ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច (ក្នុងនោះ​រួមមាន​កម្ពុជា) នូវ​ការអនុគ្រោះ​ពន្ធ​នាំចូល​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក​ឱ្យបាន​យ៉ាងតិច 97% ក្នុង​លក្ខខណ្ឌ​ពន្ធគយ​សេរី-កូតា​សេរី (GSP-DFQF) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ប៉ុន្តែ​គិត​មក​ត្រឹម​ឆ្នាំ2017នេះ ប្រទេស​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី2របស់​កម្ពុ​ជាមួយនេះ​បានផ្តល់​នូវ​ការអនុគ្រោះ​ពន្ធ​ត្រឹមតែ 82,6%តែប៉ុណ្ណោះ។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​បន្តថា ប្រទេស​អភិវឌ្ឍន៍​មួយចំនួនធំ​បាន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ​ទៅតាម​ការសន្យា​របស់​ពួកគេ​រួចរាល់​ហើយ ក្នុងនោះ​មាន​ប្រទេស​អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ ន័​រវេ​ស៍ និង​ស្វ៊ី​ស បានផ្តល់​នូវ​ការអនុគ្រោះ​ពន្ធ​ចំនួន 100% សហគមន៍​អឺរ៉ុប​បានផ្តល់​ចំនួន 99% ក្រោម​ក្របខ័ណ្ឌ EBA (Everything But Arms) កាណាដា 98,6% ជប៉ុន 97,9% ហើយ​ចិន​បានផ្តល់ 97%។

    ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​បន្ថែមថា មុខទំនិញ​ដែល​សហរដ្ឋអាមេរិក​បាន​ផ្តល់ឱ្យ​កម្ពុជា​ក្នុង​រង្វង់ 82,6% នោះ មិនមាន​ផលិតផល​សក្តានុពលសំខាន់ៗណា​ដែល​កម្ពុជា​អាច​ផលិត និង​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក​ក្នុងនាម​ជា​ប្រទេស​ក្រីក្រ​នោះទេ ពោលគឺ​ផលិតផល​សក្តានុពល​ទាំងនោះ​សុទ្ធតែ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា​ដទៃទៀត ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ជាង​កម្ពុជា​ដែរ។ ក្នុងនាម​ក្រសួង ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​ស្នើឱ្យ​សហរដ្ឋអាមេរិក​ដាក់បញ្ចូល​មុខទំនិញសំខាន់ៗរបស់​កម្ពុជា រួមមាន ខោអាវ និង​ផលិតផល​ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​លេខ​កូដ 338, 339, 347, 348, 647, 648, 334, 634, 638, 639, 335និង635ឱ្យ​ស្ថិតក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដើម្បី​ធានាថា កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពិតប្រាកដ​ពី​ការនាំចេញ​ទៅកាន់​សហរ​ដ្ឋ​អាមេរិក។

    ជាការ​ឆ្លើយតប​លោកស្រី Marta Prado បានស្នើ​ឱ្យ​ភាគី​កម្ពុជា​ពិនិត្យឡើងវិញ​នូវ​មុខទំនិញ​ដែល​កម្ពុជា​ទទួល​បានកា​រ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋអាមេរិក ស្រប​ពេលដែល​អាមេរិក​បាននិងកំពុង​ប្រកាស​ឱ្យ​បណ្តា​ប្រទេស​ដែល​នឹងត្រូវ​ទទួលផល​ក្រោម​ច្បាប់​របស់ខ្លួន​ពិនិត្យឡើងវិញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) សម្រាប់​ឆ្នាំ2017។ ភាគី​សហរដ្ឋអាមេរិក​បាន​ស្នើឱ្យ​ក្រសួងពាណិជ្ជកម្ម​ចូលរួម​ពិនិត្យ​បន្ថែម​លើ​សេចក្តីព្រាងច្បាប់​ស្តីអំពី​ប្រាក់​ឈ្នួល​អប្បបរមា និង​សេចក្តីព្រាងច្បាប់​ស្តីអំពី​ការដោះស្រាយ​វិវាទ​ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

    គួរ​រំឭក​ផងដែរ​ថា ជំនួប​ពិភាក្សា​លើក​នេះ​គឺជា​ការពិភាក្សា​ការងារ​បន្ត​ក្រោយពី​កម្ពុជា​បាន​ដឹកនាំ​ប្រតិភូ​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​ស្តីពី​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​លើក​ទី4 នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពីពេល​កន្លងទៅថ្មីៗនេះ។ នៅក្នុង​កិច្ចប្រជុំ​ខាងលើ កម្ពុជា-អាមេរិក​បាន​ឯកភាពគ្នា​បង្កើតឱ្យមាន​ក្រុមការងារ​ជំនាញតូចៗ ដើម្បី​ព​ន្លឿ​ន​ការអនុវត្ត​កិច្ចព្រមព្រៀង TIFA នេះ៕

  • គ្រូបង្រៀន «សាលារៀន​ជំនាន់​ថ្មី NGS» ទទួលបាន​កុំព្យូទ័រ Google Chromebooks ក្នុងការ​បង្រៀន

    គ្រូបង្រៀន «សាលារៀន​ជំនាន់​ថ្មី NGS» ទទួលបាន​កុំព្យូទ័រ Google Chromebooks ក្នុងការ​បង្រៀន

    សាលារៀន​ជំនាន់​ថ្មី (NGS) ដែល​ស្ថិតក្នុង​បរិវេណ​វិទ្យាល័យ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ​ត្រូវបាន​បំពាក់​សុទ្ធតែ​កុំព្យូទ័រ Google Chromebooks សម្រាប់​គ្រូបង្រៀន​ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​ការបង្រៀន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ដល់​សិស្សានុសិស្ស។

    ការដាក់ឱ្យ​ប្រើប្រាស់​កុំព្យូទ័រ​ថ្មី​នេះ ធ្វើឡើង​រវាង​ក្រុមហ៊ុន  MYTEB សហការ​ជាមួយនឹង​អង្គការ  KAPE និង​ក្រសួង​អប់រំ​យុវជន និង​កីឡា (MoEYS) ក្នុង​ការដាក់​សាកល្បង​ឱ្យប្រើ​ប្រាស់​កុំព្យូទ័រ Google Chromebooks សម្រាប់​គ្រូបង្រៀន​នៅក្នុង​សាលារៀន​ជំនាន់​ថ្មី NGS។ គម្រោង​កម្មវិធី​របស់​សាលារៀន NGS មាន​គោលដៅ​ក្នុងការ​បង្កើត​សាលារៀន​ដែល​ជួយ​រៀបចំ​យុវជន​កម្ពុជា​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​នៅក្នុង​សតវត្សរ៍​ទី 21 តាមរយៈ​ការពង្រឹង​ទៅលើ​ការសិក្សា​រៀនសូត្រ​នៅក្នុង​មុខវិជ្ជា​ជាច្រើន​របស់ STEM។

    ឆាប់ៗនេះ គ្រូបង្រៀន​ជាច្រើន​នៅ​សាលារៀន​ជំនាន់​ថ្មី (NGS) ទូទាំងប្រទេស​នឹងមាន​ឱកាស​បាន​ប្រើប្រាស់​កុំព្យូទ័រ HP Chromebook 11 ក្នុងការ​បង្រៀន​ហើយ។ កុំព្យូទ័រ HP Chromebook 11 នឹង​ផ្តល់ឱ្យ​ពួកគេ​នូវ​វិធីសាស្ត្រ​ថ្មី​មួយទៀត​ក្នុងការ​បង្រៀន និង​ការរៀនសូត្រ​ដោយ​បញ្ចូល​នូវ​ដំណោះស្រាយ​ពី​ប្រភព​ដ៏​មាន​ប្រយោជន៍​ជាច្រើន​ដែល​ជួយ​ឱ្យ​ការសិក្សា និង​ការសហការ​របស់​ពួកគេ​កាន់តែ​ប្រសើរឡើង​តាមរយៈ​ការប្រើប្រាស់​សេវាកម្ម Cloud ។

    កុំព្យូទ័រ HP Chromebook 11 ដំណើរការភ្លាមៗ (Instant Boot) មិន​រង់ចាំ​ចំណាយពេល​យូរ​ក្នុង​ការបើក​ដំណើរការ មានការ​ការពារ​ពី​មេរោគ​បាន 100% មានការ​ទាញយក​កម្ម​វិធី​សម្រាប់​សិក្សា​រាប់ពាន់​ចេញពី Chrome Web Store ឥតគិតថ្លៃ និង​ការប្រើប្រាស់​សេវាកម្ម Cloud Storage ឥត​ដែន​កំណត់​សម្រាប់​សាលារៀន។ នេះហើយ​ជាហេតុ​ផល​ដែល​កុំព្យូទ័រ Google Chromebooks ត្រូវបាន​ជ្រើសរើស​ប្រើប្រាស់​នៅក្នុង​សាលារៀន​ច្រើនជាង 50% នៅក្នុង​ទឹកដី​សហរដ្ឋអាមេរិក។

    គួរ​រំឭក​ដែរ​ថា៖ សាលារៀន​ជំនាន់​ថ្មី​ត្រូវបាន​បង្កើតឡើង​ក្រោយពី​មានការ​ចុះ​កិច្ចព្រមព្រៀង​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយនឹង​អង្គការ​សកម្មភាព​សម្រាប់​បឋមសិក្សា​នៅ​កម្ពុជា (KAPE) កាល​ថ្ងៃទី1 ខែតុលា ឆ្នាំ 2015 ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក សៅ វណ្ណា នាយក​ប្រតិបត្តិ​អង្គការ KAPE ។

    គម្រោង “សាលារៀន​ជំនាន់​ថ្មី” ជា​គម្រោង​ពិសេស​ដើម្បី​ណែនាំ​ពី​គោលការណ៍ អភិបាលកិច្ច​ដ៏​មាន​ប្រសិទ្ធភាព ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​វិស័យ​ឯកជន​ទៅដល់​ប្រព័ន្ធ​សាលារៀន​សាធារណៈ ដោយ​ប្រើប្រាស់​គម្រោងការ​គ្រប់គ្រង​បែប​ជា​ដៃគូ​រវាង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ដើម្បី​រក្សា​និរន្តរភាព បរិស្ថាន​សាលា​កុមារ​មេត្រី ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​សិស្សានុសិស្ស​នៅតាម​ជនបទ និង​ជុំវិញ​រាជធានី​ភ្នំពេញ៕

  • Mayweather នឹង​ទទួលបាន​តម្លៃ​ខ្លួន​ច្រើនជាង McGregor ពីរដង ពេល​ប៉ះគ្នា​ថ្ងៃ​សៅរ៍​នេះ

    Mayweather នឹង​ទទួលបាន​តម្លៃ​ខ្លួន​ច្រើនជាង McGregor ពីរដង ពេល​ប៉ះគ្នា​ថ្ងៃ​សៅរ៍​នេះ

    រយៈពេល2ឆ្នាំ ក្រោយពី​ការចូលនិវត្តន៍​ពី​កីឡាប្រដាល់ កីឡាករ Floyd Mayweather នឹងត្រូវ​វិល​ទ​មកកាន់​សង្វៀន​ប្រកួត​វិញ​នៅ​ថ្ងៃ​សៅរ៍​នេះ (ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​នៅ​កម្ពុជា) ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ និង​ទទួលបាន​ប្រាក់​តម្លៃ​ខ្លួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ម្តងទៀត។

    អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់ 66.7គីឡូក្រាម​វ័យ 40ឆ្នាំ​រូបនេះ នឹង​ក្លាយជា​កីឡាករ​ប្រដាល់​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ក្នុងការ​កត់ត្រា​ជ័យជម្នះ​ដល់​ទៅ 50លើក ប្រសិនបើ​រូបគេ​អាច​យកឈ្នះ​លើ​អ្នក​ប្រយុទ្ធ​ក្បាច់គុន​ចម្រុះ  Conor McGregor ដែល​ធ្វើការ​ប្រកួត​ប្រដាល់​អាជីព​ជា​លើក​ទី1របស់គេ។ បើទោះបីជា​ប្រកួត​ក្នុង​ប្រភេទ​កីឡា​ផ្សេងគ្នា​ក៏ដោយ ប៉ុន្តែ​កីឡាករ​ទាំងពីរ​នឹងត្រូវ​ប្រកួត​គ្នា​ក្រោម​ច្បាប់​កីឡាប្រដាល់​អាជីព​រយៈពេល12ទឹក​នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈដែល McGregor សញ្ជាតិ​អៀរ​ឡង់ ត្រូវបាន​គេ​រំពឹងទុក​ថា ជា​កីឡាករ​មាន​ក្តីសង្ឃឹម​តិច​ណាស់​ក្នុងការ​ឈ្នះ​ការប្រកួត​នេះ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ម្ចាស់​ខ្សែក្រវាត់​ពីរ​សម័យកាល​របស់​ស្ថាប័ន​រៀបចំ​ការប្រកួត​យុទ្ធ​គុន​ចម្រុះ UFC របស់​អាមេរិក​រូបនេះ បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា រូបគេ​នឹង​បំបាក់​ឆ្អឹង​របស់ Mayweather ហើយ​និង​បញ្ចប់​ការប្រកួត​នៅត្រឹម​ទឹក​ទី1 ឬ​ទឹក​ទី2ប៉ុណ្ណោះ។

    McGregor វ័យ 29ឆ្នាំ មានកំណត់​ត្រា​ឈ្នះ​ក្នុងការ​ប្រកួត​វាយ​ដាក់​ទ្រុង​ចំនួន21លើក ចាញ់ 3លើក ក្នង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់18លើក។ ជាមួយគ្នានេះដែរ មានមតិ​ជាច្រើន​ទៅលើ​តម្លៃ​ខ្លួន​របស់​កីឡាករ​ទាំងពីរ​សម្រាប់​ការប្រកួត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ បើ​យោងទៅតាម​ការ​ព្យាករ​នានា  Mayweather អាចនឹងទទួល​បាន​តម្លៃ​ខ្លួន 200លាន​ដុល្លារ​អាមេរិក ខណៈដែល McGregor នឹង​ទទួលបាន 100លាន​ដុល្លារ​អាមេរិក៕

    ប្រភពពី៖ ESPN

  • សុវណ្ណ មករា បន្ដ​សំណួរ​ចាក់​ដោត​បេះដូង​គូ​ជម្លោះ​ទៀតហើយ

    សុវណ្ណ មករា បន្ដ​សំណួរ​ចាក់​ដោត​បេះដូង​គូ​ជម្លោះ​ទៀតហើយ

    ក្រោយ​លោក ហេង ឡុង បានដាក់​ពាក្យបណ្ដឹង​ទៅលើ​លោក​សុវណ្ណ មករា ពីបទ​បរិហាកេរ្ដិ៍  និង​នៅ​មិនទាន់មាន​ចំណាត់ការ​ណាមួយ​ពី​សមត្ថកិច្ច​នោះ ស្រាប់តែថ្មីៗនេះ​លោក​សុវណ្ណ មករា បាន​សរសេរ​សារ​ចាក់​ដោត​បេះដូង​លោក ហេង ឡុង ទៀតហើយ។

    វា​មិន​ខុសពី​អ្វីដែល​មហាជន​បានលើកឡើង​នោះទេ ដើម្បី​បញ្ចប់​រឿងរ៉ាវ​ទាំងឡាយ ឬ​ធ្វើឱ្យ​លោក សុវណ្ណ មករា លែង​ហ៊ាន​សួរនាំ​ពី​រឿងនេះ​មានតែ​លោក​ហេង ឡុង ឬ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា បង្ហាញ​ភ័ស្ដុតាង​ដែល​អាច​បញ្ជាក់​ពី​ការចំណាយ​ថវិកា​ដែល​បានមកពី​ការប្រមូល​មូលនិធិ​រាត្រី​កតញ្ញូ​ដោយ​តម្លាភាព​ទេ ទើប​វាច​ប់​រឿង  ព្រោះ​ចាប់តាំងពី​ផ្ទុះ​រឿង​ឡើងមក ស្ទើរតែ​រាល់​លើក​លោក​សុវណ្ណ មករា សរសេរ​សារ​មិនដែល​ចោល​សំណួរ​ដែល​សួរ​ពី​រឿង​លុយ​នោះទេ។

    ទោះយ៉ាងណា​អ្នក​ទាំងពីរ (ហេង ឡុង និង​ច​ន ច័ន្ទ​លក្ខិណា)អាចធ្វើ​តាមរយៈ​បណ្ដាញ​សង្គម ឬ​ធ្វើ​សន្និសីទកាសែត​ក៏បាន ដើម្បីឱ្យ​អ្នកសារព័ត៌មាន​ក្នុងស្រុក​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​បន្ថែមទៀត​ឱ្យ​មហាជន​លែងមាន​ការយល់ច្រឡំ។ ដូច្នេះ សួរថា តើ​លោក​ហេង ឡុង និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ពេញចិត្ដ​បញ្ចប់​រឿងនេះ​ដែរឬទេ? ឬក៏​អ្នក​ទាំងពីរ​មាន​វិធី​អ្វី​ផ្សេង​ដើម្បី​បញ្ចប់​រឿងនេះ? យ៉ាងណា​មហាជន​នឹងរង​ចាំមើល​បន្ដទៀត។

    តទៅ​នេះ​ជា​សារ​ដែល​លោក​សុវណ្ណ មករា សរសេរ​បន្ថែមទៀត៖ «ល្មម​ឆ្លើយបាន​នៅ​ពូ​ថា​តើ​ប្រាក់​ដែល​បានមកពី​មូលនិធិ​រាត្រី កតញ្ញូ ដែល​ធ្វើ​នៅ​អូ​តែ​ល​សុខា មាន​ចំនួន​ទឹកប្រាក់​ដូចជា​ប្រហែល សាមសិប​ប្រាំ​ម៉ឺន​ដុល្លារ​សហរដ្ឋ អាមេរិក នោះ តើ​សល់​ប៉ុន្មាន អី​ប៉ុន្មាន? តើ​ប្រើការ​ទៅលើ​អី​ខ្លះ? អូ​ភ្លេច! រឿង​ដែល​លោក​ប្ដឹង​នោះ ក៏​ប្ដឹងទៅ តែ​ខ្ញុំ​នៅ​ប្រកាន់​គោលការណ៍​ដដែល បើ​ចាញ់ក្ដី​សុំ​សង​តាម​គោលការណ៍​បក្ស​របស់​អ្នកឯង​ដែល​ធ្លាប់​ជ្រកកោន កាល​គ្រា​នៅ​ក្រ។ ទោះ​ឈ្នះ ឬ​ចាញ់​មិន​សំខាន់​ទេ  តែ​អ្វីដែល​សំខាន់​នោះ​គឺ​សូមមេត្តា​ឆ្លើយ​មក តើ​នៅសល់​ប៉ុន្មាន? ហើយ​ចាយ​ទៅលើ​អី​ខ្លះ? បើ​ឃើញតែ​ចែកជូន លោក​អ៊ុំ ពូ​មីង ដូចជា ម្នាក់ៗបើ​គិត​ជា​ប្រាក់​ដុល្លារ​ទៅ​ប្រហែល 200$ ទៅ300$ ដុល្លារ​តែប៉ុណ្ណោះ»៕

  • Dembele ត្រៀម​ផ្ទេរ​ទៅ Barcelona ខណៈ Dortmund យល់ព្រម​លើ​តម្លៃ​ខ្លួន150លាន​អឺរ៉ូ

    Dembele ត្រៀម​ផ្ទេរ​ទៅ Barcelona ខណៈ Dortmund យល់ព្រម​លើ​តម្លៃ​ខ្លួន150លាន​អឺរ៉ូ

    ក្លិប​យក្ស Barcelona បាន​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​ជាមួយនឹង​ក្លិប Borussia Dortmund  ក្នុងតម្លៃ​ខ្លួន150លាន​អឺរ៉ូ (ស្មើនឹង177លាន​ដុល្លារ​អាមេរិក) សម្រាប់​ខ្សែបម្រើ​ស្លាប Ousmane Dembele។ នេះ​បើ​យោងទៅតាម​ប្រភពព័ត៌មាន​ជាច្រើន បើទោះបី​ប្រធាន​ប្រតិបត្តិ​របស់​ក្លិប​អាល្លឺម៉ង់​មួយ​នេះ បា​នប​ដី​សេធ​ក្នុង​ការប្រកាស​ពី​ការផ្ទេរ​នេះ​ក៏ដោយ។

    ការផ្ទេរ​ដុល​ក្នុង​ទឹកប្រាក់120លាន​អឺរ៉ូ​នេះ ត្រូវបាន​ចេញផ្សាយ​ដោយ​កាសែត BeIN Sports កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​កាសែត​បារាំង L’Equipe កាសែត​អាល្លឺម៉ង់ Bild និង​អ្នកយកព័ត៌មាន​សញ្ជាតិ​អេ​ស្ប៉ា​ញ សុទ្ធតែ​បាន​បញ្ជាក់ថា ការផ្ទេរ​នេះ​នឹងមាន​តម្លៃ​ខ្លួន​សរុប150លាន​អឺរ៉ូ បើ​បូក​ទាំង​ប្រាក់ឧបត្ថម្ភផ្សេងៗចំនួន30លាន​អឺរ៉ូ​ទៀតផង​នោះ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Hans-Joachim Watzke ប្រធាន​ប្រតិបត្តិ​របស់​ក្លិប Dortmund បាន​បញ្ជាក់ថា ក្លិប​នេះ​នឹងមិន​ធ្វើការ​បកស្រាយ​ទៅលើ​ស្ថានភាព​របស់ Dembele មុនពេល​ការចាប់​ឆ្នោត​សម្រាប់​ក្របខ័ណ្ឌ Champions League ក្នុង​ទីក្រុង​ម៉ូ​ណា​កូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ។

    នៅពេល​ត្រូវបាន​ចោទសួរ​ពី​ការចេញផ្សាយ​របស់​កាសែត L’Equipe លោក Watzke បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មិនអាច​ធ្វើការ​អះអាង​បានទេ។ យើង​នឹងមិន​ធ្វើការ​បកស្រាយ​អ្វី​ឡើយ»។ ប៉ុន្តែ ទោះបីជា​យ៉ាងណា វា​ត្រូវបាន​គេ​យល់ឃើញថា ក្រោយពី​ក្លិប Barcelona ដែល​កំពុងតែ​ពិចារណា​ទៅលើ​ការដាក់សំណើ​ដេញថ្លៃ​ជា​លើក​ទី4សម្រាប់​ខ្សែបម្រើ Philippe Coutinho របស់​ក្លិប Liverpoolហើយ​នោះ  មន្ត្រី​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​បានជ្រើសរើស​យក​ការចាប់អារម្មណ៍​ទៅលើ Dembele វ័យ20ឆ្នាំ ជំនួស​វិញ ខណៈដែល​ការផ្ទេរ​នេះ​ត្រូវបាន​ឈានដល់​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ អ្នកនាំពាក្យ​ម្នាក់​របស់​ក្លិប Barcelona បានបញ្ជាក់​ប្រាប់​កាសែត Mundo Deportivo ការចរចាផ្សេងៗ បាន​ដំណើរការ​យ៉ាង​ល្អ និង​បាន​បន្ថែមថា ការព្រមព្រៀង​គ្នា​ជាគោលការណ៍​ត្រូវបាន​ឈានដល់ ខណៈដែល Barca ត្រូវបាន​រំពឹងទុក​ថា នឹង​ប្រកាស​ពី​ការផ្ទេរ​នេះ​នៅ​ចុង​សប្តាហ៍​នេះ៕

    ប្រភពពី៖ ESPN

  • អូ​ហូ!! ខាត់ សុ​ឃីម ចំណាស់​ហ្នឹងហើយ​ទទួលបាន​តម្លៃ​ខ្លួន10ម៉ឺន​ដុល្លារ​ទៀត

    អូ​ហូ!! ខាត់ សុ​ឃីម ចំណាស់​ហ្នឹងហើយ​ទទួលបាន​តម្លៃ​ខ្លួន10ម៉ឺន​ដុល្លារ​ទៀត

    ព័ត៌មាន​ផ្លូវការ​ពី​ក្រុមហ៊ុន​ទឹក​សុទ្ធ ដឺ​ផ្លា​ទី​នី​ម ព្រី​មៀម​វ័ធ​ធើ (The Platinum Premium Water) បាន បញ្ជាក់ថា អ្នកនាង ខាត់ សុ​ឃីម ទើបតែ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ធ្វើជា Brand Ambassador ឱ្យ​ផលិតផល​មួយ​នេះ ផ្ដាច់មុខ​ពេញ​រយៈពេល5ឆ្នាំ។

    វា​ក្លាយជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​តារា​កម្ពុជា​ដែល​មានឱកាស​បានក្លាយ​ជា​ Brand Ambassador ឱ្យ​ផលិតផល​នេះ​ផលិតផល​នោះ ប៉ុន្ដែ​លោកអ្នក​ពិតជា​ភ្ញាក់ផ្អើល​មិន​ខាន​នៅពេល​ដឹង​ពី​តម្លៃ​ខ្លួន​របស់​តារា​ស្រី​រូបនេះ។

    តាម​ការ​បង្ហើប​ព័ត៌មាន​មកឱ្យ​ដឹងថា តារា​ចាស់វស្សា​រូបនេះ​ស៊ីថ្លៃ​រហូតដល់​ក្នុង​រង្វង់10ម៉ឺន​ដុល្លារ។ ជា​តម្លៃ​ស្ប៉ត​ពាណិជ្ជកម្ម​មិនធម្មតា​មួយ ដែល​គេ​កម្រ​បានឃើញ​តារា​សិល្បៈ​ណា​ទទួលបាន​ណាស់។ សឹងតែ​អាច​និយាយបានថា តារាស្រីក្មេងល្បីៗនៅក្នុង​ប្រទេស​កម្ពុជា​ពុំទាន់​មាន​នរណា​ទទួល​បានឡើយ​ក្រៅពី​លោក​ព្រាប សុវត្ថិ និង​អ្នកនាង ឱក សុគន្ធ​កញ្ញា។

    អ្នកនាង ខាត់ សុ​ឃីម ប្រាប់ថា កន្លងមក​មិនដែល​មាន​ផលិតផល​ណាមួយ​ជ្រើស​យក​អ្នកនាង​ធ្វើជា​តំណាង​ផ្ដាច់មុខ ឬ​ហៅថា Brand Ambassador តំណាង​ផលិតផល​រហូតដល់5ឆ្នាំ​នោះទេ។នាង​បញ្ជាក់ថា នាង​មានការ​ភ្ញាក់ផ្អើល​មែនទែន​នៅពេល​ក្រុមហ៊ុន​ទឹក​សុទ្ធ The Platinum Premium Water ជ្រើស​យក​នាង​ឱ្យធ្វើ​កុងត្រា ដែល​គ្រាន់តែ​បានឮ​តម្លៃ​ក្នុង​ការងារ​នេះ​ភ្លាម ក៏​អរ​ស្ទើរ​និយាយ​លែងចេញ​ទៅហើយ ដោយ​អ្នកនាង​បាន​ចាត់ទុកថា ទទួលបាន​ទាំង​កិត្តិយស ទាំង​តម្លៃ​ខ្លួន​ខ្ពស់​មិនធម្មតា​ទៀត។

    ទោះបីជា​គ្មាន​ការ​បង្ហើប​ប្រាប់​ពី​តម្លៃ​ខ្លួន​ពិតប្រាកដ​សម្រាប់​ការងារ​ដែល​បាន​កុងត្រា​ផ្ដាច់មុខ​ក្នុង​រយៈពេល5ឆ្នាំ​ក្ដី ប៉ុន្តែ​យោងតាម​ប្រភព​ចេញពី​តំណាង​ក្រុមហ៊ុន​បាន​អះអាងថា អ្នកនាង​នឹង​ទទួលបាន​តម្លៃ​ខ្លួន​រហូតដល់10ម៉ឺន​ដុល្លារ ដោយ​ថវិកា​ដែល​អ្នកនាង​ទទួលបាន​នោះ​គឺ​ក្រុមហ៊ុន​នឹង​ប្រគល់ឱ្យ​ផ្ដាច់ ដោយ​មិនឱ្យ​ជាដំណាក់ៗនោះឡើយ។ ទោះយ៉ាងណា​អ្នកនាង​ខាត់ សុ​ឃីម ក៏​ពុំបាន​បដិសេធ​ពី​តួលេខ​នៃ​ចំនួន​ប្រាក់​តម្លៃ​ខ្លួន​នោះដែរ៕

    ក្នុងអំឡុង5ឆ្នាំនេះ អ្នកនាង ខាត់ សុ​ឃីម ត្រូវ​បង្ហាញមុខ​ថត​ហ្វិ​ក្ស៍ និង​ថត​ស្ប៉ត​ឱ្យ​ក្រុមហ៊ុន​រៀងរាល់3ខែម្ដង និង​សកម្មភាព​ការងារ​ណា​ដែល​មិន​មានចែង​ក្នុង​កិច្ចសន្យា ហើយ​តម្រូវឱ្យ​អ្នកនាង​ធ្វើ គឺ​អ្នកនាង​នឹងត្រូវ​ទទួលបាន​កម្រៃ​បន្ថែម៕

  • ជំនាញ​បច្ចេកទេស ជា​អាជីព​ដែល​កម្ពុជា​កំពុង​ត្រូវការ

    ជំនាញ​បច្ចេកទេស ជា​អាជីព​ដែល​កម្ពុជា​កំពុង​ត្រូវការ

    ក្រាយ​ពេល​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​សិស្ស​ជាច្រើន​កំពុង​ព្រួយបារម្ភ និង​ពិបាក​សម្រេចចិត្ត​ក្នុងការ​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ​ហើយក៏​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ថា​កម្ពុជា​កំពុង​ត្រូវការ​ធនធានមនុស្ស​ផ្នែក​ណាខ្លះ​ហើយ​អាជីព​ណាខ្លះ​ដែល​កំពុងមាន​ទីផ្សារ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​ឯកឧត្តម​ហង់​ជួនណា​រ៉ុ​ន​បាន​លើកឡើងថា​ធនធានមនុស្ស​នៅ​កម្ពុជា​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ទីផ្សារការងារ​ទាំងស្រុង​នៅឡើយ​ទេ​នាពេល​បច្ចុប្បន្ននេះ​ដោយសារតែ​សិស្ស​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​រាប់ម៉ឺន​នាក់​ពុំ​សូវ​មាន​សមត្ថភាព និង​គុណភាព​គ្រប់គ្រាន់​ដើម្បី​ចូល​បម្រើ​ការងារ​ជាពិសេស​គឺ​មិនទាន់មាន​ជំនាញ​ទន់។ ម្យ៉ាងវិញទៀត​សិស្ស​ភាគច្រើន​ចូលចិត្ត​សិក្សា​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ហើយ​មិនសូវ​ចាប់យក​អាជីព​បច្ចេកទេស​ដើម្បី​សិក្សា​នោះឡើយ។

    ឯកឧត្តម​ហង់ ជួនណា​រ៉ុ​ន​បាន​មានប្រសាសន៍ថា៖ «ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ក្រសួង​អប់រំ​យុវជន និង​កីឡា​នឹង​ពង្រឹង​វិស័យ​អប់រំ​តាមរយៈ​ការបង្កើន​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​អប់រំ​ពង្រឹងគុណភាព​គ្រឹះស្ថានសិក្សា​បណ្តុះបណ្តាល​គ្រូបង្រៀន និង​បង្កើន​គម្រោង​ដើម្បី​ជំរុញ​ឬ​អប់រំ​សិស្ស​ឱ្យ​ជ្រើសរើស​ជំនាញ​ស្របទៅនឹង​តម្រូវការ​នៃ​ទីផ្សារ​ជាពិសេស​គឺ​ជំ​រុញឱ្យ​សិស្ស​សិក្សា​ផ្នែក​បច្ចេកទេស​ឱ្យបាន​ច្រើន»។

    បង្ហាញ​លើ​ចំណុច​ដូចគ្នានេះ​ឯកឧត្តម​ពេ​ជ សុ​ភ័ន​រដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​លើកឡើងថា កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ពលកម្ម និង​អ្នកជំនាញ​ផ្នែក​បច្ចេកទេស។ ការកើនឡើង​នូវ​ភាពមិន​ស៊ីចង្វាក់​គ្នា​រវាង​ការផ្គត់ផ្គង់ និង​តម្រូវ​ការជំនាញ​នេះ​បណ្តាលមកពី​ការបណ្តុះបណ្តាល​នៅ​កម្រិត​ទូទៅ និង​កម្រិត​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ទាំង​បរិមាណ និង​គុណភាព។

    ឯកឧត្តម​មានប្រសាសន៍​ថា៖«តាម​ការ​ព្យាករ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​អាច​នឹងមាន​ការកើនឡើង​ច្រើន​នូវ​តម្រូវការ​ពលកម្ម​ជំនាញ​ជាពិសេស​ក្នុង​វិស័យ​សំណង់ និង​កសិកម្ម​បើទោះបី​ជាមាន​ការបើក​ឱ្យមាន​លំហូរ​ពលកម្ម​ដោយ​សេរី​នូវ​ពលកម្ម​ជំនាញ​មួយចំនួន​ដូចជា​វិស្វកម្ម​គិលានុបដ្ឋាក​សេវា​វាស់​ស្ទង់​វិជ្ជាពេទ្យ​ទន្តពេទ្យ​សេវាកម្ម​គណនេយ្យ និង​អ្នកឯកទេស​ទេសចរណ៍​ជាដើម»។

    ឯកឧត្តម​ពេ​ជ សុ​ភ័ន​បាន​បន្ថែមទៀតថា តាមរយៈ​ការយកចិត្តទុកដាក់​លើ​ការធ្វើកំណែទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើឱ្យ​អ្នកវិនិយោគ​ចាប់អារម្មណ៍​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​ក្នុង​វិស័យ​មួយចំនួន​ដូចជា​គ្រឿងយន្ត និង​មេកា​និក​អេឡិចត្រូនិក​កសិឧស្សាហកម្ម និង​ការវិនិយោគ​ដែលមាន​តម្លៃ​ខ្ពស់​បន្ថែម​លើ​ការវិនិយោគ​លើ​ឧស្សាហកម្ម​ដែលមាន​ស្រាប់​ដើម្បី​ផ្តល់ឱកាស​ការងារ​កាន់​តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​និង​ធានាបាន​នូវ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច៕