Category: សង្គម និងសេដ្ឋកិច្ច

  • ខៀវ សាន​សា​ណា ចេញមុខ​ប្រតិ​កម្មរាល់​ព័ត៌មាន​របស់​បងប្រុស

    ខៀវ សាន​សា​ណា ចេញមុខ​ប្រតិ​កម្មរាល់​ព័ត៌មាន​របស់​បងប្រុស

    នៅ​ថ្ងៃទី28 ខែសីហា ឆ្នាំ2017 អ្នកនាង ខៀវ សាន​សា​ណា បានចេញ​សារ​ដែល​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់ខ្លួន ខណៈ​ដែលមាន​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានចេញ​ផ្សាយ​ពី ហេតុការណ៍​ឃាតកម្ម និង​ធ្វើអត្តឃាត​របស់​បងប្រុស​ខ្លួន គឺ លោក ខៀវ កូ​ណែ​ល នៅលើ​បណ្ដាញ​សង្គម Facebook កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​បន្ដិច។

    តាមរយៈ​ពាក្យពេចន៍​ជា​ភាសា​អង់គ្លេស​ប៉ុន្មាន​ឃ្លា ដែលមាន​ន័យ​ជា​ខេមរភាសា​ថា “ខ្ញុំ​មាន​សំណូមពរ​តែមួយគត់ អង្វរ​ចំពោះ​អ្នកសារព័ត៌មាន​នានា សូមមេត្តា​កុំ​សរសេរ​អ្វីមួយ​ដែល​អ្នក​គ្មាន​ភ័ស្តុតាង​នោះ។ សូម​ទុក​រឿងនេះ​ឲ្យ​ប៉ូលិស​បំពេញ​តាម​កាតព្វកិច្ច​របស់​ពួកគាត់​ក្នុងការ​ស៊ើបអង្កេត​ជាមុន​ចុះ។ សូម​អរគុណ​សម្រាប់​ការយោគយល់ និង​សូមជួយ​នាង​ខ្ញុំ​ផង ដើម្បី​ឲ្យ​បងប្រុស​នាង​ខ្ញុំ​ធ្វើដំណើរ​ទៅកាន់​សុគតិភព។ ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំងណាស់ ហើយ​ខ្ញុំ​មិនដឹងថា ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​នេះ​ដោយ​របៀប​ណា​ទេ។ សូម​ទៅកាន់​សុគតិភព​ចុះ បងប្រុស​ជាទី​ស្រឡាញ់​បំផុត​របស់​ប្អូន…”

    យ៉ាងណាមិញ ជំនួសមុខ​ឱ្យ​បុគ្គលិក​សារព័ត៌មាន ឡា​រ៉ែ​ន ទាំងអស់គ្នា​ក៏​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​លោក ខៀវ កូ​ឡា និង​អ្នកនាង ខៀវ សាន​សា​ណា ចំពោះ​វិញ្ញាណក្ខន្ធ​លោក ខៀវ កូ​ណែ​ល និង​អ្នកនាង យេ​ង លក្ខិណា ដែល​បានទទួល​មរណភាព​នៅ​រាត្រី​ថ្ងៃទី27 ខែសីហា ឆ្នាំ2017៕

  • ទឹកប្រាក់​វិនិយោគ​កម្ពុជា​នាំ​ចេញទៅ​អង់គ្លេស​មាន​ច្រើនជាង​អង់គ្លេស​នាំចូល​កម្ពុជា

    ទឹកប្រាក់​វិនិយោគ​កម្ពុជា​នាំ​ចេញទៅ​អង់គ្លេស​មាន​ច្រើនជាង​អង់គ្លេស​នាំចូល​កម្ពុជា

    ភ្នំពេញ៖  ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ប្រភេទ​រថយន្ត​ប្រណី​តទី4 របស់​ក្រុមហ៊ុន Jaguar Land Rover គឺ​រថយន្ត Range Rover Velar ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​រក្សាបាន​នូវ​ទំហំ​មួយ​ដ៏​គួរឱ្យកត់សម្គាល់ គឺ​នៅក្នុង​រង្វង់​ប្រមាណ 800 លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2016 កន្លងទៅ។

    ឯកឧត្តម​បាន​បន្តថា នៅក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ 800 លាន​ដុល្លារ​អាមេរិក​នេះ កម្ពុជា​បាន​នាំចេញ​នូវ​ផលិតផល​ប្រភេទ​កសិកម្ម និង​វាយ​ន​ភណ្ឌ​ទៅកាន់​ចក្រភព​អង់គ្លេស នូវ​ទឹកប្រាក់​ប្រមាណ 767 លាន​ដុល្លារ និង​បាន​នាំចូល​មកវិញ​នូវ​ផលិតផល​អេឡិចត្រូនិក និង​មុខទំនិញ​ផ្សេងទៀត​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ 35 លាន​ដុល្លារ។

    លើសពីនោះ​ទៀត វត្តមាន​របស់​ប្រភេទ​រថយន្ត​ប្រណីត​ថ្មី​នេះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​សក្ខីភាព​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា និង​ការជឿទុកចិត្ត​ពេញទំហឹង​របស់​វិនិយោគិន និង​ពាណិជ្ជករ​ទៅលើ​ស្ថេរភាព​សេដ្ឋកិច្ច-សង្គម​របស់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល។ ម្យ៉ាងវិញទៀត ការនាំ​ចូល​នូវ​រថយន្ត​ថ្មី​មួយ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​សេដ្ឋកិច្ច និង​ជីវភាព​ដ៏​ប្រសើរ​របស់​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ក្រោម​ការខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុងការ​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច គិត​ជា​មធ្យម 7% ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល 2 ទសវត្សរ៍​ចុងក្រោយ៕

  • បវរកញ្ញា​វៀតណាម Tuong Linh ឡើង​កូដ​ខ្លាំង ខ្ពស់​ដោយសារតែ​សម្រស់ Brand Face

    បវរកញ្ញា​វៀតណាម Tuong Linh ឡើង​កូដ​ខ្លាំង ខ្ពស់​ដោយសារតែ​សម្រស់ Brand Face

    បវរកញ្ញា​វៀតណាម Tuong Linh មាន​វ័យ 23 ឆ្នាំ នាង​ជា​កូនពៅ​នៅក្នុង​ក្រុមគ្រួសារ​ដែល​រស់នៅក្នុង​ខេត្ត Phu Yen ប្រទេស​វៀតណាម ហើយ​ម្ដាយ​របស់​នាង​មាន​ឈ្មោះថា Luong Van Chanh ជា​គ្រូបង្រៀន​ផ្នែក​អក្សរសិល្ប៍​មានឈ្មោះ​ល្បី​ម្នាក់ ដែល​ធ្លាប់​ទទួលបាន​ពានរង្វាន់​ក្នុងការ​បង្រៀន​ពី​កម្មវិធី Vietnam Aviation Academy។ នេះ​បើតាម​សារព័ត៌មាន kenh14.vn។

    រហូតដល់​ថ្ងៃទី27 ខែសីហា​ម្សិលមិញ បវរកញ្ញា​រូបនេះ​បាន​ចូលរួម​ប្រកួត​កម្មវិធី The Face Vietnam 2017 ហើយ​បានទទួល​ជ័យជម្នះ​ពានរង្វាន់​លេខ1 ដោយសារតែ​ទម្រង់​មុខ​របស់​នាង​ស្រស់ស្អាត​ដាច់​គេ និង​មាន​នាម​ជា “Brand Face” ព្រមទាំង​ជា​តំណាង​នារី​វៀតណាម​ទៅ​ប្រកួត  Miss Intercontinental 2017 នៅ​ប្រទេស​ឥណ្ឌា​ផងដែរ។

    គួរបញ្ជាក់​ផងដែរ​ថា Tuong Linh បាន​ឡើងកូដខ្លាំង និង​មាន​ភាព​ទាក់ទាញ​បំផុត​ដែល​ធ្វើឱ្យ​ពិភពលោក​បាន​ចាប់អារម្មណ៍​ពី​សម្រស់​ដ៏​ល្អ​ឯក​របស់​នាង។ នាង​មាន​កម្ពស់ 170 សង់ទីម៉ែត្រ មាន​ទំហំ​ទាំងបី​គឺ 83-58-89 និង​អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ​ទៀតផង៕

  • អ្នកជំនាញ៖ ការធ្វើ​អាជីវកម្ម​តាម​គ្នា​ធ្វើ​ឲ្យ​បាត់​ប្រសិទ្ធភាព​សេដ្ឋកិច្ច

    អ្នកជំនាញ៖ ការធ្វើ​អាជីវកម្ម​តាម​គ្នា​ធ្វើ​ឲ្យ​បាត់​ប្រសិទ្ធភាព​សេដ្ឋកិច្ច

    ភ្នំពេញៈ ស្របពេល​អាជីវកម្ម​នៅ​កម្ពុជា​ភាគច្រើន​ជា​អាជីវកម្ម​ធ្វើឡើង​តាម​គ្នា​នោះបាន​ធ្វើ​ឲ្យ​អ្នកជំនាញ​មានការ​ព្រួយបារម្ភ និង​ចាត់ទុកថា​ការធ្វើ​អាជីវកម្ម​បែបនេះ​នឹងធ្វើ​ឲ្យ​បាត់​ប្រសិទ្ធភាព​សេដ្ឋកិច្ច។

    លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ Emerging Market Consulting បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី28 សីហា​នេះ​ថា ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ភាគច្រើន​ធ្វើតាម​គ្នា ដោយសារ​សហគ្រិន​នានា​ខ្វះ​គំនិត​ច្នៃប្រឌិត ហើយ​មិន​ផ្តោតលើ​គុណភាព និង​សេវាកម្ម​នោះឡើយ ពួកគេ​ផ្តោតលើ​តម្លៃ​ជាជាង​គុណភាព និង​សេវាកម្ម​ដែល​ធ្វើ​ឲ្យ​ពួកគេ​ឈឺចាប់​ទាំងអស់គ្នា។ លោក​បន្តថា ពេល​ដំណើរការបាន6ខែ ទៅ1ឆ្នាំ ពួកគេ​មើលឃើញ​ភាព​រើប​ឡើង​នៃ​អាជីវកម្ម​របស់​ពួកគេ ប៉ុន្តែ​ដៃគូ​ប្រកួតប្រជែង​ថ្មី​បានមក​ដល់​ដោយសារ​ពួកគេ​ធ្វើតាម​គ្នា។

    លោក​បន្តថា “ពេល​និយាយ​ពី​ការខិតខំ រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​សហគ្រិនថ្មីៗច្រើន ប៉ុន្តែ​រដ្ឋាភិបាល​គួរ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ដើម្បី​រិះរក​គំនិត​អាជីវកម្មថ្មី។ លោក​បន្តថា “បើទោះបីជា​កម្មវិធីសិក្សា​នៅតាម​មហាវិទ្យាល័យ​មួយចំនួន​បាន​បញ្ចូល​ភាពជា​សហគ្រិន​ក្តី តែ​វា​មិនមាន​លក្ខណៈ​ស៊ីជម្រៅ​នោះឡើយ ហើយ​វា​ជា​គំនិត​របស់គេ។

    លោក ង៉ែត ជូ បាន​បន្តថា ការធ្វើ​អាជីវកម្មថ្មីៗក៏​ជាការ​បង្កើត​នូវ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ផងដែរ ហើយ​ធ្វើ​ឲ្យ​អាជីវកម្ម​ប្រាសចាក​ហានិភ័យ ផ្ទុយទៅវិញ​ការធ្វើ​អាជីវកម្ម​តាម​គ្នា​ធ្វើ​ឲ្យ​បាត់​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ផងដែរ។ ឧទាហរណ៍​ក្នុងភូមិ​មួយ​មាន​ប្រជាជន200គ្រួសារ​កាលពី5ឆ្នាំមុន ហើយ​មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ5ទៅ6ស្ថាប័ន​ប៉ុណ្ណោះ ប៉ុន្តែ5ឆ្នាំក្រោយ ចំនួន​ប្រជាជន​ឡើងដល់250គ្រួសារ​តែ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅ​ភូមិ​ដដែល​នោះបាន​កើនឡើង​ពី40ទៅ50ស្ថាប័ន វា​ប្រៀប​ដូច​មាន​នំ​តូច​មួយ​ហើយ​ចែកគ្នា​ហូប​ច្រើន​នាក់ សួរថា​តើ​អ្នក​ហូប​ទទួលបាន​ចំណែក​ប៉ុន្មាន?។

    អគ្គនាយក​ក្រុមហ៊ុន VTRUST GROUP លោក គុយ វ៉ាត បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ការធ្វើ​អាជីវកម្ម​តាម​គ្នា​មិនមាន​និរន្តរភាព​នោះទេ ប៉ុន្តែ​និន្នាការ​នេះ​បានកើត​មាននៅ​កម្ពុជា​ជា​យូរ​មកហើយ​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ដែល​ធ្វើតាម​គេ និង​គ្មាន​ជំនាញ​បទពិសោធ​ច្បាស់លាស់​ទាំងនោះ​ប្រឈមមុខ​នឹង​ការបរាជ័យ។លោក​បន្តថា ឧទាហរណ៍​នៅ​ទីក្រុង​ភ្នំពេញ​មាន​ហាង​កាហ្វេ​ច្រើន​ដែលជា​ការធ្វើ​តាម​គ្នា​ពីមួយ​ទៅមួយ ប៉ុន្តែ​ហាង​កាហ្វេ​មួយចំនួន​ក៏បាន​បិទទ្វារ​ដោយសារ​ការធ្វើ​តាម​គ្នា​នេះដែរ។

    លោក​បន្តថា ជាក់ស្តែង​យើង​អាច​ក្រឡេកមើល​ភោជនីយដ្ឋាន​នៅតាម​ផ្លូវជាតិ​លេខ​6A ពេល​សម្ពោធ​ស្ពាន​ជ្រោយចង្វារដំបូងៗមាន​ភោជនីយដ្ឋាន​រាប់រយ​នៅ​តំបន់​នោះ ប៉ុន្តែ​ពេលនេះ​មាន​ភោជនីយដ្ឋាន​ប៉ុន្មាន​ដែល​នៅសល់?៕

  • គម្រោង​បង្កើត​សាលា​ជំនាញ​ដីធ្លី​នៅ​កម្ពុជា​នៅ​មិនទាន់មាន​ភាពច្បាស់លាស់

    គម្រោង​បង្កើត​សាលា​ជំនាញ​ដីធ្លី​នៅ​កម្ពុជា​នៅ​មិនទាន់មាន​ភាពច្បាស់លាស់

    ភ្នំពេញ៖  វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នៅតែមាន​សកម្មភាព​រឹងមាំ​នៅឡើយ បើទោះបី​កម្ពុជា​ត្រៀម​រៀបចំ​បោះឆ្នោតជាតិ​នៅ​ឆ្នាំ2018ខាងមុខ​ក៏ដោយ  ហើយ​ដើម្បីឱ្យ​វិស័យនេះ កាន់តែ​រឹងមាំ សមាគម​អចលនទ្រព្យ​កម្ពុ​ជាមាន​គម្រោង​នឹង​បង្កើត​សាលា​ជំនាញ​ដីធ្លី​នេះ​ឡើង ប៉ុន្តែ​នៅ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ។

    លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បានផ្តល់​បទ​សម្ភាស​ពី​ប្រទេស​ម៉ាឡេស៊ី​មក​ថា បើ​មិនមាន​ការប្រែប្រួល​ទេនោះ គម្រោង​បង្កើត​សាលា​ជំនាញ​ដីធ្លី​នឹង​ប្រព្រឹត្តទៅ​នៅ​ដើមឆ្នាំ2018ខាងមុខ​នេះហើយ។ ប៉ុន្តែ​ទោះយ៉ាងណា លុះត្រាតែ​មានការ​ចូលរួម​គាំទ្រ​ពី​សមាជិក​នៅក្នុង​សមាគម​ដែលមាន​ចំនួន​សរុប102ក្រុមហ៊ុន​នោះដែរ។

    លោក​ថា ដើម្បីឱ្យ​គម្រោង​នេះ​មាន​ភាពច្បាស់លាស់ នៅ​ដើមខែ​កញ្ញាឆាប់ៗខាងមុខនេះ លោក​នឹង​កោះហៅ​សមាជិកសមាគម​ទាំងអស់​មក​ចូលរួម​ប្រជុំ​ផ្លាស់ប្តូរ​យោបល់​ដើម្បី​ស្វែងរក​ការគាំទ្រ។ លោក គីម ហ៊ាង បន្តថា «គម្រោង​នេះ​នៅ​មិនទាន់​ច្បាស់​នៅឡើយ លុះត្រាតែ​មានការ​ប្រជុំ​ដែលមាន​ការចូលរួម និង​គាំទ្រ​ច្រើន​ពី​សមាជិកសមាគម​ដែរ មានន័យថា បើ​សមាជិក​គាំទ្រ​ច្រើន គម្រោង​បង្កើត​សាលា​នេះ​នឹង​ដំណើរការ​នៅ​ដើមឆ្នាំ2018 តែបើ​មិនមាន​ការគាំទ្រ​ទេ​គម្រោង​នេះ​ក៍​មិនអាច​ទៅរួច​ដែរ»។

    យ៉ាងណា​ក៍ដោយ សម្រាប់​កញ្ចប់​ថវិកា​ហាក់ដូចជា​មិនមាន​ការលំបាក​នោះទេ ដើម្បី​មានលទ្ធភាព​បង្កើត​វិទ្យាស្ថាន​នេះ​ឡើង ដោយ​គ្រោង​ចំណាយ​ត្រឹមតែ​ជាង10ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ គឺ​សម្រាប់តែ​ប្រធាន​ក្រុមហ៊ុន​ចំនួន2ឬ3ក្រុមហ៊ុន​នឹង​អាចបង្កើត​បាន​ហើយ តែបើ​សិន​មិនមាន​សំឡេងគាំទ្រ​ភាគច្រើន​ពី​សមាជិក​ទាំង102ក្រុមហ៊ុន​ទេ នឹងមិន​អាច​ដំណើរការ​បានឡើយ។

    ចំពោះ​ផែនការ​បង្កើត​សាលា​នេះ នៅ​ដំណាក់កាល​ដំបូង សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ នឹង​ជួល​គ្រូ​ជំនាញ​មកពី​សាកលវិទ្យាល័យ UTM ប្រទេស​ម៉ាឡេស៊ី និង​គ្រូ​ជំនាញ​នៅ​ប្រទេស​សិង្ហ​បុរី​ដែលជា​គ្រូ​ជំនាញ​មានការ​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​មក​បណ្តុះបណ្តាល​គ្រូ​បង្គោល ដែលជា​ប្រធាន​ក្រុមហ៊ុន មាន​សញ្ញាបត្រ​បណ្ឌិត ឬ​អនុបណ្ឌិត​ដែលមាន​បទពិសោធ​ផ្នែក​ដីធ្លី​ច្រើន​ឆ្នាំ។ ហើយ​នៅពេល​បណ្តុះបណ្តាល​គ្រូ​បង្គោល​បាន​ហើយ សមាគម​នឹង​បង្កើត​វិទ្យាស្ថាន​ជំនាញ​ដីធ្លី​នេះ​ឡើង​ដើម្បី​ទទួល​សិស្ស​ចូលរៀន ដែលមាន​វគ្គ​បណ្តុះបណ្តាល​ខ្លី3ខែ ឬ6ខែ និង​ថ្នាក់​បរិញ្ញាបត្ររង​ជាដើម។ លោក គីម ហ៊ាង បញ្ជាក់ថា សិស្ស​ដែល​ចូលរៀន​ដំណាក់កាល​ដំបូង​នេះ ភាគច្រើន​ជា​អ្នក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

    ចំពោះ​ទស្សនវិស័យ​នៃ​ការបង្កើត​សាលា​ជំនាញ​ដីធ្លី​នេះ​ឡើង លោក​គឹម ហ៊ាង បញ្ជាក់​ដូច្នេះ​ថា «ដើម្បី​បង្កើត​ព្រមទាំង​បង្កើន​ចំនួន​ភ្នាក់ងារ​អចលនទ្រព្យ និង​អ្នកវាយតម្លៃ​អចលនទ្រព្យ ដែល​សមត្ថភាព និង​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ល្អ​ក្នុង​ការជួយ​ជំ​រុញឱ្យ​ឧស្សាហកម្ម​អចលនទ្រព្យ​នៅ​កម្ពុជា​ឈានដល់​កម្រិត​មួយទៀត ពិសេស​ដើម្បី​បង្កើន​ចំនួន​អ្នកវិនិយោគទុន​ដែល​ត្រឹមត្រូវ​ឱ្យបាន​ច្រើន នោះ​មាន​ការងារ​ច្រើនណាស់​ដែល​ត្រូវធ្វើ ហើយ​អ្វីដែល​ត្រូវ​ចាប់ផ្តើម​មុនគេ​ជា​អាទិភាព គឺ​ការអប់រំ!  បើ​ឥឡូវ​មិនមែនជា​ពេល​ត្រូវ​បើក​សាលារៀន​ដីធ្លី​នៅ​កម្ពុជា តើ​ពេលណា? »៕

  • សា​រ៉ា​យ ស​ក្ខ​ណា និង​ DJ អា​ណូ កំពុងស្ថិត​នៅក្នុង​តំណែង​តួឯក​នៅ ​CTN

    សា​រ៉ា​យ ស​ក្ខ​ណា និង​ DJ អា​ណូ កំពុងស្ថិត​នៅក្នុង​តំណែង​តួឯក​នៅ ​CTN

    Red Picture ជា​ផលិតកម្ម​ដែល​ទទួលបាន​ភាពជោគជ័យ​យ៉ាងខ្លាំង​ក្នុងការ​ផលិត​រឿង​ជាច្រើន ដូចជា​រឿង «ភូមិ​អត់​មនុស្ស» «ទង់ព្រលឹង» និង «ផ្ទះ​សសរ​កណ្ដាល» ជាដើម។ បច្ចុប្បន្ន​ផលិតកម្ម​មួយ​នេះ​បាន​ពង្រីក​សក្ដានុពល​កា​ន់​តែ​ខ្លាំង​បន្ថែមទៀត តាមរយៈ​ការសហការ​ជាមួយ​ CTN  , KONGCHAK Picture W&H Investment Holding Co.,Ltd,Black magic design។

    ក្នុងឱកាស​សន្និសីទកាសែត​ស្ដីពី​កិច្ចសហប្រតិបត្ដិការ​រ​វាង Red Picture  និង​ស្ថាប័ន​ទាំង4 ត្រូវបាន​លោក ឌៀប សុវណ្ណ​រ៉ា ចាងហ្វាង​លិ​ត​កម្ម Red Picture លើកឡើងថា ក្នុង​កិច្ចសហប្រតិបត្ដិការ​នេះ​ផលិតកម្ម​លោក​គ្រោង​នឹង​ផលិត​រឿង​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍ ​CTN ចំនួន 4រឿង​ក្នុង​មួយឆ្នាំ ដូច្នេះ​ផលិតកម្ម​របស់លោក​ត្រូវការ​តារា​សម្ដែង​ជាច្រើន។ ម្យ៉ាងទៀត ក្រៅពី​ខ្សែភាពយន្ដ​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍ ​CTN ហើយ​នោះ Red ក៏​ផលិត​ខ្សែភាពយន្ដ​ដុំ​ខ្នាត​ធំ​ផងដែរ។

    លោក​បន្ដថា ជំហាន​ដំបូង​ក្នុង​ការផលិត​ភាពយន្ដ​ភាគ Red Picture បាន​សម្លឹង​ឃើញ​តារា​នៅក្នុង​ចិ​ត្ដ​ដើម្បី​យកមក​ធ្វើជា​តួឯក​រួចហើយ គឺ​ទី1 អ្នកនាង​សា​រ៉ា​យ ស​ក្ខ​ណា ទី2 DJ អា​ណូ។លោក​អះអាងថា អ្នក​ទាំងពីរ​សុទ្ធតែជា​តារា​សម្ដែង​មាន​បទពិសោធ និង​មាន​សមត្ថភាព​ដែល​លោក​គិតថា ស័​ក្កិ​សម​ទៅនឹង​សាច់រឿង​ដែល​លោក​គ្រោង​នឹង​ផលិត​នាពេលខាងមុខ។

    ទោះជា​យ៉ាងណា​លោក ឌៀប សុវណ្ណារ៉ា បាន​បញ្ជាក់ថា ពាក់ព័ន្ធ​ជាមួយនឹង DJ អា​ណូ​យើង​គ្រាន់តែ​បាន​បង្ហើប​ដំណឹង​នេះ​ទៅដល់​គាត់​ប៉ុ​ណ្នោះ ប៉ុន្ដែ​កិច្ចការ​លម្អិត​យើង​ត្រូវ​ជជែក​គ្នា​បន្ថែមទៀត​ដើម្បី​ឈានទៅដល់​ការធ្វើ​កុងត្រា​តែម្ដង។

    ដោយឡែក​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា ទើប​ត្រឡប់​មកពី​អាមេរិក​បាន​បញ្ជាក់ថា នាង​មក​ស្រុកកំណើត​ក្នុង​គោលបំណង2 ទីមួយ​មកលេង​ក្រុមគ្រួសារ ទី​ពីរ​មក​ធ្វើការ​ងារ​ដោយ​នាង​បានទទួល​ការងារ​ពី​ផលិតកម្ម ​Red Picture។ នាង​បន្ដថា នាង​មិនទាន់​ដឹងថា នឹង​ចេញ​ថត​នៅពេលណា​នោះទេ ប៉ុន្ដែ​នាង​អះអាងថា ក្នុង​រឿង​ថ្មី​របស់​CTN នាង​ទទួលបាន​តំណែង​ជា​តួ​ស្រី​ហើយ៕

  • ការឱ្យ​ពិន្ទុ​បាក់​ឌុប​ឆ្នាំនេះ​តឹងតែង​ជាង​រាល់​ឆ្នាំ

    ការឱ្យ​ពិន្ទុ​បាក់​ឌុប​ឆ្នាំនេះ​តឹងតែង​ជាង​រាល់​ឆ្នាំ

    ដើម្បី​ធានា​ដល់​ភាព​សុក្រឹត​ក្នុងការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​ការតាមដាន​ការអនុវត្ត និង​នីតិវិធី​តាំងពីដើម​រហូតមកដល់​ដំណាក់កាល​កែ​វិញ្ញាសា និង​អាច​បន្ត​រហូតដល់​ការប្រកាស​លទ្ធផល នៅ​ថ្ងៃទី12 ខែកញ្ញា សម្រាប់​មណ្ឌល​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី13 ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅតាម​ខេត្ត។

    នៅក្នុង​ដំណើរការ​នៃ​ការឱ្យ​ពិន្ទុ​សិស្ស​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ ជាទូទៅ​មាន​ស្ថានភាព​ប្រសើរ និង​តឹងតែង ព្រោះ​ក្រសួង​បាន​ឃ្លាំមើល និង​តាមដាន ការកែ​ដោយ​សហការ​ជាមួយនឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួមជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត។

    ជាក់ស្តែង ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន ក៏បាន​ចុះទៅពិនិត្យ​ដោយផ្ទាល់​នៅតាម​មណ្ឌល​កំណែ​នានា ដែល​ថ្ងៃទី27 ម្សិលមិញ​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ ក៏បាន​ចុះទៅពិនិត្យ​ការធ្វើ​កំណែ​នៅ​មណ្ឌល​កំណែ​ជាស៊ីម​បឹង​កេងកង សម្រាប់​កំណែ​មុខវិជ្ជា​ភូមិវិទ្យា​ជាដើម។ ស្របពេល​ជាមួយគ្នានេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ដាក់​អ្នកសង្កេតការណ៍​សកម្ម​ភាព នៃ​ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន ដោយ​ពួកគាត់​បាន​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​ឃ្លាំមើល និង​អាច​ថត​ទុកជា​ភស្តុតាង​សម្រាប់​ភាពមិនប្រក្រតី​នានា​ផងដែរ៕

  • Liverpool លត់ Arsenal ចាស់ដៃ ខណៈ Morata ជួយ​ឲ្យ Chelsea ផ្តួល Everton

    Liverpool លត់ Arsenal ចាស់ដៃ ខណៈ Morata ជួយ​ឲ្យ Chelsea ផ្តួល Everton

    ខ្សែប្រយុទ្ធ Roberto Firmino, Sadio Mane និង Mohamed Salah របស់​ក្រុម​ហង្ស​ក្រហម Liverpool បាន​ហែក​ក្រុម Arsenal ជាចម្រៀកៗ ខណៈដែល​ក្រុម​របស់លោក Arsene Wenger បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស​ក្នុង​លទ្ធផល 4-០ នៅ​កីឡដ្ឋាន Anfield កាលពី​ថ្ងៃអាទិត្យ។

    តារា​ឆ្នើម​ទាំង3សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​ដើម្បី​ធ្វើ​ឲ្យ​ក្រុម Arsenal រង​បរាជ័យ​ជា​លើក​ទី2ជាប់ៗគ្នា​ក្រោយពី​ចាញ់​ក្រុម Stoke ក្នុង​លទ្ធផល 1-០ ខណៈដែល​ការ​ចាញ់​ទាំង​ពីរលើក​នេះ​បានធ្វើ​ឲ្យ​ពួកគេ​ដេញតាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ Manchester United ចំនួន6ពិន្ទុ​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ16។ ក្រុម Liverpool បាន​ឡើងទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ2 ដោយ​ដេញតាម​ពីក្រោយ​ក្រុម Man United ចំនួន2ពិន្ទុ និង​នាំមុខ1ពិន្ទុ​ពីលើ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Chelsea ដែលមាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី2ក្នុង​លទ្ធផល 2-០ លើ​ក្រុម Everton។ លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បាន​ឲ្យ​ដឹងថា៖ «យើង​ពិតជា​មានការ​រៀបចំ​បានល្អ។ ប្រសិនបើ​យើង​ផ្តល់​ពេលវេលា និង​ឱកាស​ឲ្យ​ក្រុម Arsrenal អ្នកនឹង​ចាញ់ នៅ​មុនពេល​ការប្រកួត​នេះ​ចាប់ផ្តើម ហេតុនេះ ខ្ញុំ​គិតថា ពួកគេ​មិនអាច​ធ្វើ​អ្វី​បាន​ច្រើន​តាម​ដែល​ពួកគេ​ចង់​ឡើយ។ កីឡាករ​ពិតជា​លេង​បានល្អ​មែន ពីព្រោះ​ពួកគេ​ពិតជា​ព្យាយាម​ណាស់»។ ដោយឡែក លោក Wenger បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ប្រសិនបើ​មនុស្ស​មួយចំនួន​មាន​អារម្មណ៍​ថា ខ្ញុំ​គឺជា​បញ្ហា នោះ​ខ្ញុំ​ពិតជា​សុំទោស​ដែល​ខ្ញុំ​គឺជា​បញ្ហា។ ប៉ុន្តែ យើង​ចង់​ឲ្យ​អ្នកគាំទ្រ​របស់​យើង​ស្ថិតនៅ​ជាមួយនឹង​យើង​ក្នុងពេល​បាត់បង់​ទម្រង់​លេង​បែបនេះ»។

    ស្របពេល​ជាមួយគ្នានេះ Tottenham Hotspurs កំពុងតែ​ដេញតាម​ពីក្រោយ​ក្រុម​កំពូល​តារាង​ចំនួន5ពិន្ទុ ក្រោយពី​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ជាមួយនឹង​ក្រុម Burnley៕

    ប្រភពពី៖ Sport24

  • Mayweather ផ្តួល​អ្នក​គុន​ចម្រុះ McGregor សន្លប់​ទឹក​ទី10យ៉ាង​ងាយស្រួល

    Mayweather ផ្តួល​អ្នក​គុន​ចម្រុះ McGregor សន្លប់​ទឹក​ទី10យ៉ាង​ងាយស្រួល

    កីឡាករ​ប្រដាល់ Floyd Mayweather បាន​ផ្តួល​តារា​ប្រយុទ្ធ​ក្នុង​ក្បាច់គុន​ចម្រុះ Conor McGregor សញ្ជាតិ​អៀរ​ឡង់ ឲ្យ​សន្លប់​ដោយ​បច្ចេកទេស​នៅ​ទឹក​ទី10 ក្នុងការ​ប្រកួត​ដែល​ផ្តល់​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​កាលពី​ថ្ងៃ​សៅរ៍ (ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​នៅ​កម្ពុជា) ដើម្បី​រក្សា​កំណត់ត្រា​ឈ្នះ​យ៉ាង​ល្អឥតខ្ចោះ​របស់គេ។

    Mayweather ដែល​បាន​ចាក​ចេញពី​ការចូលនិវត្តន៍​រយៈពេល2ឆ្នាំ​របស់គេ​ក្នុង​វ័យ40ឆ្នាំ​សម្រាប់​ការប្រកួត​នេះ បានធ្វើ​ឲ្យ​កំណត់ត្រា​ឈ្នះ​របស់គេ​កើន​ដល់50លើក មិនដែល​ចាញ់​ដើម្បី​ឡើងទៅ​ឈរ​ពីលើ​អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Rocky Marciano ដែលមាន​កំណត់ត្រា​ឈ្នះ49លើក មិនដែល​ចាញ់ ឬ​ស្មើ។ McGregor ដែលជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​យុទ្ធ​គុន​ចម្រុះ (MMA) និង​បានធ្វើការ​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​ប្រដាល់​អាជីព​ជា​លើក​ទី1របស់គេ​នោះ មិនបាន​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដ៏​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កីឡា​ប្រយុទ្ធ​ឡើយ ប៉ុន្តែ​បានធ្វើ​ឲ្យ​ការប្រកួត​នេះ​បញ្ចប់​ក្នុង​លទ្ធផល​ដែល​លើសពី​ការ​ព្យាករ​របស់​អ្នកជំនាញ​ភាគច្រើន។ ការប្រកួត​នេះ បានបញ្ចប់​នៅពេលដែល McGregor បាន​រង​នូវ​ការ​វាយ​ឲ្យ​ថយ​ទៅ​ជាប់​នឹង​ខ្សែ​រេញ2លើក និង​ត្រូវបាន Mayweather វាយ​ចំ​គោលដៅ​យ៉ាង​ល្អ​ចំនួន2ដៃ។

    McGregor បានចាប់ផ្តើម​យ៉ាង​ល្អ​ក្នុងការ​ប្រកួត​នេះ តាមរយៈ​ការចាប់ផ្តើម​វាយ​សម្រុក​ទៅលើ​ដៃគូភ្លាមៗ ប៉ុន្តែ ចាប់ពី​ទឹក​ទី4ឡើងទៅ Mayweather បានធ្វើការ​គ្រប់គ្រង​លើ​ដៃគូ​របស់ខ្លួន​ទាំងស្រុង។ ក្រោយពី​ការប្រកួត​ដ៏​កក្រើក​នេះ កីឡាករ​មិន​ស្គាល់​ចាញ់​របស់​អាមេរិក​រូប​នេះ​បាន​បញ្ជាក់ថា រូបគេ​នឹងមិន​បង្ហាញខ្លួន​នៅលើ​សង្វៀន​ប្រកួត​ម្តង​ទៀតឡើយ ខណៈដែល​រូបគេ​នឹងធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ការចូលនិវត្តន៍​ជា​អចិន្ត្រៃយ៍។ Mayweather បាន​បញ្ជាក់ថា៖ «ពិតណាស់ នេះ​គឺជា​រាត្រី​នៃ​ការប្រកួត​ចុងក្រោយ​របស់ខ្ញុំ​ហើយ។ រាត្រី​នេះ គឺជា​ការប្រកួត​ចុងក្រោយ​របស់ខ្ញុំ។ នៅ​រាត្រី​នេះ ខ្ញុំ​បានជ្រើសរើស​យកដៃ​គូ​រាំ​ដ៏​ត្រឹមត្រូវ​ដើម្បី​រាំ​ជាមួយ​ហើយ។ Conor គឺជា​ម្ចាស់​ជើងឯក​ដ៏​ខ្លាំង​ម្នាក់»។

    កីឡាករ​អាមេរិក​រូប​នេះ ក៏​នឹងត្រូវ​ទទួលបាន​ប្រាក់​តម្លៃ​ខ្លួន​ប្រមាណ​ជា200លាន​ដុល្លារ​អាមេរិក​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​ចំណូល​សរុប​ក្នុង​អាជីព​របស់គេ​មាន​ចំនួន1ពាន់​លាន​ដុល្លារ​អាមេរិក។ ស្របពេល​ជាមួយគ្នានេះ McGregor ដែលជា​តារា​ប្រដាល់​ក្បាច់គុន​ចម្រុះ​ក្នុង​ស្ថាប័ន Ultimate Fighting Championship នោះ​ត្រូវបាន​រំពឹងទុក​ថា ទទួលបាន​តម្លៃ​ខ្លួន100លាន​ដុល្លារ​អាមេរិក៕

    ប្រភពពី៖ ESPN

  • រឿងរ៉ាវខ្លះៗពាក់ព័ន្ធ​នឹង​ការបាញ់សម្លាប់​ភរិយា រួច​ធ្វើអត្តឃាត​របស់​បងប្រុស ខៀវ សាន​សា​ណា និង​មុន​ថ្ងៃកើតហេតុ

    រឿងរ៉ាវខ្លះៗពាក់ព័ន្ធ​នឹង​ការបាញ់សម្លាប់​ភរិយា រួច​ធ្វើអត្តឃាត​របស់​បងប្រុស ខៀវ សាន​សា​ណា និង​មុន​ថ្ងៃកើតហេតុ

    បន្ទាប់ពី​កើតហេតុ​ការណ៍​បាញ់សម្លាប់​ខ្លួនឯង​រប​ស់លោក ខៀវ កូ​ណែ​ល ត្រូវជា​បងប្រុស​ពិធី​ការិនី ខៀវ សាន​សា​ណា កាលពី​យប់មិញ ដែលជា​អំពើ​ឃាតកម្ម និង​អត្តឃាត​ដ៏​រន្ធត់​រួចមក មហាជន​បាន​នៅតែ​បន្ដ​សង្ស័យថា បញ្ហា​ដែល​បានកើត​ឡើង​នេះ បណ្ដាលមកពី​ភ្លើង​ប្រចណ្ឌ ឬ​មាន​ជម្លោះ​នៅក្នុង​ក្រុមគ្រួសារ?

    យ៉ាងណាមិញ ភាព​ផ្អែមល្ហែម​របស់​ភរិយា​ដែលមាន​ចំពោះ​ស្វាមី ត្រូវបាន​បញ្ចេញ​ឱ្យ​សាធារណជន​បានដឹង​តាម​បណ្ដាញ​សង្គម Facebook បើ​យោងតាម Facebook Page ដែលមាន​ឈ្មោះថា «KonelLeakena» ជា​ឈ្មោះ​ផ្សំ​រវាង​លោក និង​ភរិយា​បាន​សរសេរ​បង្ហោះ​ថា “មនុស្ស​ប្រុស​កើតមក​សម្រាប់តែ​លួង់ មិនមែន​សម្រាប់​ង៉ក់​ងរ​នោះទេ ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​បង្កើត​មនុស្ស​ប្រុស​មក​ឲ្យ​មាន​ដុះ​សាច់​លើស​ហើយ… មិនអាច​មាន​អ្វី​ត្រូវ​លើស​មនុស្ស​ស្រី​បាន​ទៀត​ទេ…លួង​រហូត​ទៅ! សំណព្វ 70 80 90…100 and My Only One!”។ ចំណែកឯ Facebook Page ស្ត្រី​ជា​ភរិយា ដែលមាន​Facebook ឈ្មោះថា «LeakhenaYeng»  បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា “មាន​មនុស្ស​តិច​បំផុត​ដែល​អាច​អត់ធ្មត់​នឹង​ភាព​ឆេវឆាវ​គ្មាន​ហេតុផល​របស់​យើង​បាន តែមាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ក្រៅពី​អ្នកមានគុណ​យើង​ដែល​ព្រម​អភ័យ​អនុគ្រោះ ចំពោះ​កំហុស​គ្រប់យ៉ាង​របស់​យើង ព្រោះ​ម្នាក់​នោះ​ជាម​នុស្ស ដែល​ស្រឡាញ់​យើង​ខ្លាំង​ជាង​ជីវិត​របស់គេ”។

    គួរ​រំឭក​ផងដែរ​ថា នៅ​ថ្ងៃទី8 ខែសីហា កន្លងទៅនេះ​អ្នកនាង យេ​ង លក្ខណា បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នៅលើ​ទឹកដី ខេត្តសៀមរាប ដែល​បាន​រៀបរាប់ថា “ស្នេហា​ក៏ដូចជា​ផ្ទៃមេឃ ទោះបីថា ផ្កាយ​ស្រស់ស្អាត​ប៉ុនណា តែបើ​គេ​ចូលចិត្ត​ព្រះ​ច​ន្ទ័ គេ​ក៏​មិន​ទៅ​សម្លឹងមើល​ផ្កាយ​ដែរ”។ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាងថា ឃាតកម្ម​ខាងលើនេះ ច្បាស់​ជា​បណ្ដាលមកពី​ភ្លើង​ប្រចណ្ឌ​យ៉ាង​ជាក់ច្បាស់។

    គួរបញ្ជាក់​ផងដែរ​ថា បើតាម​ព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា អ្នកនាង យេ​ង លក្ខណា មាន​វ័យ 40 ឆ្នាំ និង ខៀវ កូ​ណែ​ល មាន​វ័យ 33 ឆ្នាំ បាន​រៀប​អា​ពា​ហ័​ពិពាហ៍​ជាមួយគ្នា​អស់​រយៈពេល​ជាង3 ខែ​ហើយ ចាប់តាំងពី​ថ្ងៃទី8 ខែឧសភា ឆ្នាំ 2017 រហូតមកដល់​ថ្ងៃនេះ៕