Category: សង្គម និងសេដ្ឋកិច្ច

  • សេដ្ឋវិទូ​សាទរ​ការសម្រេច​របស់​សម្តេច​តេ​ជោ ​លើ​ការអនុគ្រោះ​ពន្ធ​វិស័យ​កាត់ដេរ

    សេដ្ឋវិទូ​សាទរ​ការសម្រេច​របស់​សម្តេច​តេ​ជោ ​លើ​ការអនុគ្រោះ​ពន្ធ​វិស័យ​កាត់ដេរ

    ភ្នំពេញៈ ក្រុម​សេដ្ឋវិទូ​នានា​បាន​សម្តែង​ការ​សាទរ​ចំពោះ​ការសម្រេចចិត្ត​របស់​ស​ម្តេច​តេ​ជោ​ហ៊ុន សែន​ដែល​បានប្រកាស​ផ្តល់​ការអនុគ្រោះ​ពន្ធ​ដល់​អ្នកវិនិយោគ​ក្នុង​វិស័យ​កាត់ដេរ​រយៈពេល9ឆ្នាំ។

    ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី១ កញ្ញា​នេះ​ថា ការសម្រេចចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​លើកលែង​ពន្ធ​ក្នុង​វិស័យនេះ​គឺជា​សញ្ញា​ល្អ​មួយ​ដែលជា​ការលើកទឹកចិត្ត​ដល់​អ្នកវិនិយោគ ព្រោះ​កម្ពុជា​បាន​យក​ពន្ធលើប្រាក់ចំណេញ20ភាគរយ គឺជា​ចំនួន​មួយ​ច្រើន ហេតុនេះ​ប្រសិនជា​រដ្ឋាភិបាល​សម្រេចចិត្ត​មិន​យក​ពន្ធលើប្រាក់ចំណេញ​នេះ វា​ជា​ការជួយ​រួមចំណែក​ច្រើន​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ។

    លោក ង៉ែត ជូ បាន​បន្តថា លោក​ពិត​ជាមាន​ការអបអ​រ​សាទរ​ចំពោះ​ការសម្រេចចិត្ត​នេះ ប៉ុន្តែ​អ្វីដែល​សំខាន់​ក្នុង​វិស័យនេះ គឺ​ទាមទារ​ការវិនិយោគ​លើ​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​ដើម្បី​បង្កើន​ផលិតភាព និង​ការផ្គត់ផ្គង់​វត្ថុធាតុដើម គឺ​កម្ពុជា​បាន​នាំចូល​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ភាគច្រើន ដូច្នេះ​ប្រសិនជា​រោងចក្រ​ទាំងនោះ​វិនិយោគ​ផលិត​វត្ថុធាតុដើម​នៅ​កម្ពុជា រដ្ឋាភិបាល​គួរ​លើកលែង​ពន្ធ​ទាំងអស់​រយៈពេល5ឆ្នាំ ព្រោះ​ការយក​វត្ថុធាតុដើម​ពី​គេ ធ្វើ​ឲ្យ​អ្វី​យើង​ទទួលបាន​តម្លៃបន្ថែម​ពី​វិស័យនេះ​មាន​កម្រិត និង​ធ្វើ​ឲ្យ​ឧស្សាហ​កម្មនេះ​ងាយ​ចាប់ផ្តើម និង​ងាយ​បិទទ្វារ។

    ក្នុងជំនួប​ជាមួយ​កម្មករ កម្មការិនី​នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ទី2 កាលពី​ថ្ងៃទី30 ខែសីហា​កន្លងមកនេះ​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​ជា​សាធារណៈ​ថា នឹង​ផ្តល់​ការអនុគ្រោះ​ពន្ធ9ឆ្នាំ​ចំពោះ​ការវិនិយោគទុន​លើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ដើម្បី​ដោះដូរ​ទៅនឹង​ការផ្តល់​អត្ថប្រយោជន៍​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​មួយ​នេះ។

    សម្តេច​តេ​ជោ​ហ៊ុន សែន​ថ្លែងបន្តថា តាម​សំណើ​របស់លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានស្នើ​ថា នឹងមាន​ការអនុគ្រោះ​មិន​យកពន្ធ​រយៈពេល9ឆ្នាំ​ដល់​អ្នកវិនិយោគ​កាលពីមុន គឺ​យើង​មានការ​លើកលែង​ពន្ធ​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស​រយៈ​ពេល5ឆ្នាំ។ ការដែល​យើង​ផ្តល់នូវ​ការលើកលែង​ពន្ធ​រយៈពេល9ឆ្នាំ​ចំពោះ​អ្នកវិនិយោគ​ថ្មី​គឺជា​ថ្នូរ​ទៅនឹង​ការដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត និង​អត្ថប្រយោជន៍ផ្សេងៗទៀត​ផងដែរ​ព្រមទាំង​ភាព​រឹង​ដៃជើង​នៃ​សេដ្ឋកិច្ច​ផង។

    អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​លោក​បណ្ឌិត កាំ​ង ម៉ូ​នី​កា បាន​ថ្លែងថា ការអនុគ្រោះ​ពន្ធ​រយៈពេល9ឆ្នាំ ផ្តោតលើ​គម្រោង​វិនិយោគ​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ វា​ជាការ​ទាក់ទាញ​ការវិនិយោគថ្មីៗ តែ​មិន​ជួយ​ឧស្សាហកម្ម​ដែលមាន​ស្រាប់​នោះទេ ប៉ុន្តែ​រដ្ឋាភិបាល​អាច​នឹង​ពន្យារពេល​បង់​ពន្ធលើប្រាក់ចំណេញ​ពី​ប្រចាំខែ មក​ប្រចាំឆ្នាំ​វិញ​ក៏​ជាការ​ល្អ​ដែរ ព្រោះ​ការពន្យារពេល​បង់ពន្ធ​លើ​ប្រាក់ចំណេញ​នេះ​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ។

    លោក​បន្តថា“ការសម្រេចចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល ជា​ការជួយ​សម្រួល​មួយ​ដល់​វិស័យនេះ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​ជួយ​សម្រួល​បន្ថែមទៀត​លើ​ការកាត់បន្ថយ​ការចំណាយ​លើក​ម្រៃ​ឯកសារ​នានា និង​ផ្នែក​ដឹកជញ្ជូន”៕

  • រដ្ឋាករទឹក​ក្រុងភ្នំពេញ គ្រោង​ចាយលុយ 500លាន​ដុល្លារ​ដើម្បី​ពង្រីក​បណ្តាញ

    រដ្ឋាករទឹក​ក្រុងភ្នំពេញ គ្រោង​ចាយលុយ 500លាន​ដុល្លារ​ដើម្បី​ពង្រីក​បណ្តាញ

    ភ្នំពេញៈ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានបង្ហាញ​ផែនការ​រយៈពេល​វែងរ​បស់​ខ្លួន​សម្រាប់​ឆ្នាំ2017 ដល់​ឆ្នាំ 2030 ដោយ​ស្ថាប័ន​ស្វយ័ត​នេះ គ្រោង​បោះទុន​វិនិយោគ​រហូតដល់ 500លាន​ដុល្លារ​អាមេរិក។

    លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី1 កញ្ញា​នេះ​ថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បានរៀបចំ​ផែនការ​យូរអង្វែង​ដែលជា​ផែនការមេ​ដ៏​ធំ​មួយ​ចាប់ពី​ឆ្នាំនេះ​រហូតដល់​ឆ្នាំ2030សម្រាប់​ជំហានធំៗក្នុងការ​វិនិយោគ​លើ​វិស័យ​ទឹកស្អាត​នៅក្នុង​ផែនការ​គិត​ជា​ទឹកប្រាក់​គ្រោង​ចំណាយ​អស់​ប្រមាណ​ជាង500លាន​ដុល្លា​អាមេរិក​ដើម្បី​ជំរុញ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​បាន100ភាគរយ។

    លោក​បន្តថា នៅក្នុង​គម្រោង​ផែនការ​អភិវឌ្ឍ​ទឹកស្អាត​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ចាប់ពី​ឆ្នាំ2018ខាងមុខនេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​គ្រោង​ពង្រីក​បណ្តាញ​ចែកចាយ​ទឹកស្អាត​ឲ្យ​បាន​ចំនួន​ជាង2ម៉ឺន​កុង​ទ័​រ​គឺ​ស្មើ​ជាង2ម៉ឺន​គ្រួសារ​នៅ​តំបន់​ជាយក្រុង​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​ទទួលបាន​សេវា​ប្រើប្រាស់​ទឹកស្អាត។

    លោក ស៊ឹម ស៊ីថា បាន​បន្ត​ទទួលស្គាល់ថា លទ្ធភាព​នៃ​ការ​ចែកចាយ​បណ្តាញទឹក​ស្អាត​នៅ​ក្រុងភ្នំពេញ​គឺ​ពុំទាន់​ឆ្លើយតបបាន​ទៅតាម​សេចក្តីត្រូវការ​នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់​ការអនុវត្ត​គោលការណ៍​ទឹកស្អាត​សម្រាប់​ទាំងអស់គ្នា​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ពង្រីក​បណ្តាញ​ទៅកាន់​ជាយក្រុង​កាន់តែច្រើន បើ​ធៀប​នឹង​តំបន់​នៅក្នុង​ទីក្រុង​ក្នុង​គោលដៅ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ការប្រើប្រាស់​ទឹកស្អាត​ក្នុងតម្លៃ​សមរម្យ​មួយ និង​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​ប្រកបដោយ​គុណភាព៕

  • អនុគណៈកម្មការ​ទាំង​អស់​ត្រូវ​ដកហូត​ទូរស័ព្ទ​ទុក ពេល​បូក​ពិន្ទុ​បាក់​ឌុប

    អនុគណៈកម្មការ​ទាំង​អស់​ត្រូវ​ដកហូត​ទូរស័ព្ទ​ទុក ពេល​បូក​ពិន្ទុ​បាក់​ឌុប

    បន្ទាប់ពី​បាន​បូកសរុប​លទ្ធផល​ការងារ​កែ​វិញ្ញាសា​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ដំណើរការ​នៃ​ការ​បូកសរុប​លទ្ធផល​ក៏ត្រូវ​បានចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី01 ខែតុលា ឆ្នាំ2017 នេះ។

    ដើម្បី​ធានាថា​កិច្ចការ​ស្រង់​ពិន្ទុ​នេះ​ធ្វើ​ទៅដោយ​រលូន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​បង្ហាញ​ពី​ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​លទ្ធផល នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។ កិច្ចប្រជុំ​នេះ​ក៏​ធ្វើឡើង​ដើម្បី​ណែនាំ​មន្ត្រី​ជំនាញ​ទាំងអស់​ឱ្យ​យល់ច្បាស់​ពី​បច្ចេកទេស​នៃ​ដំណើរការ​ស្រង់​ពិន្ទុ​ឱ្យបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ស្របតាម​គោល​កាណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន។

    ការ​បូកសរុប​ពិន្ទុ​នៅ​ព្រឹក​នេះ គឺធ្វើឡើង​ដោយ​ភាពស្ងប់ស្ងាត់ និង​ទុកចិត្តបាន​ព្រោះ​មន្ត្រី​ទាំងអស់​បានធ្វើការ​ដោយ​យកចិត្តទុកដាក់ និង​គោរព​តាម​គោលការណ៍​របស់​ក្រសួង ដែល​សូម្បីតែ​ទូរស័ព្ទ​របស់​អនុគណៈកម្មការ​ក៏ត្រូវ​បាន​ដកហូត​ទុក​នៅក្រៅ​មណ្ឌល​ដែរ៕

  • Mariah Carey បង្ហាញ​គ្រាប់ពេជ្រ​សម្ញែង​Taylor Swift វិញ​ម្ដង

    Mariah Carey បង្ហាញ​គ្រាប់ពេជ្រ​សម្ញែង​Taylor Swift វិញ​ម្ដង

    ដោយ​មើលឃើញ​វីដេអូ​ចម្រៀង​ថ្មី​របស់ Taylor Swift ដែលមាន​ចំណងជើង​ថា “Look What You Made Me Do” កំពុង​ធ្វើឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ចំពោះ​បទ​នេះ ដោយសារតែ​តារា​ស្រី​រូបនេះ​បាន​ប្រើប្រាស់​គ្រាប់ពេជ្រ​សុទ្ធ មាន​ទម្ងន់​រាប់រយ​កា​រ៉ាត់​ក្នុង​ការថត​ទាំង​ឈុត​នៅក្នុង​អាងទឹក និង​ឈុត​អង្គុយ​លើ​បល្ល័ង្ក​ដាំ​គ្រាប់ពេជ្រ​ដែល​សរុប​ទាំងអស់​មានតម្លៃ​ប្រមាណ​ជា 10លាន​ដុល្លារ​សហរដ្ឋអាមេរិក​នោះ។

    ទោះយ៉ាងណា បើ​គិតពី​តម្លៃ​គ្រាប់ពេជ្រ​ដែល​បំពាក់​នៅលើ​ខ្លួន​របស់​តារាចម្រៀង Taylor Swift វិញ​នោះ គឺ​មិន​ស្មើនឹង​តម្លៃ​គ្រាប់ពេជ្រ​ដែល​តារាចម្រៀង​ស្រី​ស៊េរី​ចាស់ Mariah Carey បានទទួល​ក្នុង​បណ្ណាការ​ភ្ជាប់ពាក្យ​ពី​កំលោះ​មហាសេដ្ឋី​អូស្ត្រាលី​ឈ្មោះថា James Packer ជា​គ្រឿងអលង្ការ​តម្លៃ 10លាន​ដុល្លារ និង​ចិញ្ចៀនពេជ្រ 35 ទំហំ​កា​រ៉ាត់​នោះឡើយ។

    គួរបញ្ជាក់​ផងដែរ​ថា បើតាម​សារព័ត៌មាន Rosadro បានសរសេរថា បើទោះបីជា Taylor Swift ខិតខំ​សម្ញែង​គ្រាប់ពេជ្រ​របស់ខ្លួន និង​ព្យាយាម​យកឈ្នះ​តារាចម្រៀង Katy Perry យ៉ាងណាក៏ដោយ ក៏​មិនអាច​ប្រៀប​ស្មើនឹង Mariah Carey  បានដែរ៕

  • ទៀតហើយ!! សុ​គ​ន្ធ​ ​និ​សា ចេញសារប្លែកៗ ក្រោយកវីល្បីឈ្មោះភ្ជា​ប់​ពា​ក្យ​រួច

    ទៀតហើយ!! សុ​គ​ន្ធ​ ​និ​សា ចេញសារប្លែកៗ ក្រោយកវីល្បីឈ្មោះភ្ជា​ប់​ពា​ក្យ​រួច

    ​មួ​​យ​រយៈ​ចុ​ង​ក្រោ​យ​នេះ​ ​តារាចម្រៀងស្រីរូបស្អាតអមតៈ សុ​គ​ន្ធ​ ​និ​សា​ ​តែ​ង​តែ​ប​ង្ហោះ​​នូ​វសា​រ​​ប្លែក​ៗ​​ នៅ​លើ​ផេ​ច​​ហ្វេ​ស​ប៊ុក​រ​ប​ស់​នា​ង​​​ដែល​​ធ្វើ​ឱ្យ​អ្នកគាំទ្រ និងមជ្ឈដ្ឋានម​​​​ហា​​​ជ​នចា​ប់​អា​រ​ម្ម​ណ៍​យ៉ា​ង​ខ្លាំ​ង​ ​រ​​ហូ​ត​មា​ន​អ្ន​ក​ខ្លះគិតក្នុងចិត្តថា​ ​តារាស្រីរូបនេះកំពុងខូចចិត្តជាទម្ងន់ ខណៈអតីតមិត្តប្រុសបានភ្ជាប់ពាក្យមុននាង។​

    គួររំឭកផងដែរថា កាលពីប៉ុន្មានសប្ដាហ៍ក្រោយកវី សុ​ខ​ ​ជំ​នោ​រ​ ​ភ្ជា​ប់​ពា​ក្យ​រួច កញ្ញា សុ​គ​ន្ធ​ ​និ​សា​ ​បា​ន​ស​រ​សេ​រ​នៅ​លើ Facebook Page​ ​ទួ​ញ​សោ​ក​ថា​ ​«ឈឺ​​​ប៉ុ​​​ន្មា​​​ន​​​ថ្ងៃ​​​ហើ​​​យ​​​មិ​​​ន​​​ទា​​​​ន់​​ជា​​​ទេ​ ​​​តែ​​​ជា​​​រឿ​​​ង​​​ធ​​​ម្ម​​​​តា​​ ​​​បើ​​​មិ​​​ន​​​​ឆា​​ប់​​​ព្យា​​​បា​​​ល​ ​​ឈឺ​​​កា​​ន់​​​តែ​​​យូ​​​រ​ ​​​​​ទ​ម្រាំ​​​បា​​​ន​​​ជា​​​ក៏​​​ដ​​​ល់​​​ពេ​​​ល​​​ឈឺ​​​ម្ត​​​ង​​​​ទៀ​​​​​ត​​​​ ​​​​​ជី​​​វិ​​​ត​​​ទៅ​មុ​​​​​ខ​​​មិ​​​ន​​ដឹ​​​ង​​​ត្រូ​​​វ​​​ឈឺ​​​ប៉ុ​​ន្មា​​​ន​ដ​​​ង​​​​​ទៀ​​​ត​​​ ​​​ផ្លូ​​​វ​​​ដើ​​​​រ​​​ទៅ​​​មុ​​​ខ​​មិ​​​ន​​​ដឹ​​​ង​​​ត្រូ​​​វ​​​​ដួ​​​ល​ប៉ុ​​ន្មា​​​ន​​​​ដ​​​​ង​​​ទៀ​​​ត​​​ ​​​​​​បើ​​​នៅ​​​ត​​​ម្អ​​​ក់​​​មិ​​​ន​​​ឆា​​​ប់​​​ព្យា​​​បា​​ល​​​ ជី​​​វិ​​​ត​​​នេះ​​​ស្គា​​​ល់​​​តែ​​​ពា​​​ក្យ​​​​ថា​​​ឈឺ​​​គឺ​​​ជា​​​ជី​​វិ​​​ត​​​​ឈឺ​​​ ​​បើ​​​ដួ​​​​ល​​មិ​​​​ន​​​ងា​​​យ​​​ក្រោ​​​ក​​គឺ​​ជា​ដំ​​ណើ​​​រ​​​ជី​​​វិ​​​ត​​ដែ​​​ល​​​ដួ​ល​​​ ​​​ហើ​​​យ​​​ដើ​​​រ​​​មិ​​​ន​​​ទៅ​មុ​​​ខ​​​​​​​​​​​»។

    រហូតដល់ថ្មីៗនេះ នាងបានចេញសារទួញសោកពីជីវិតឯកជនរបស់នាងថែមទៀតថា «សុភមង្គលគឺជាជោគជ័យមួយនៅក្នុងជីវិត តែជីវិតជោគជ័យមិនប្រាកដថាមានសុភមង្គលទេ ចេះបោះដៃទៅរកអ្វីដែលជាអត្ថន័យពិតនៃជីវិត ព្រោះដៃរបស់យើងគឺជាអ្នកសម្រេចថា ជីវិតនេះគួរឱបទុក្ខ ឬសុខ បោះបង់ទុក្ខ ឬសុខ បើទោះជាពេលខ្លះរបស់ដែលផ្តល់ក្តីសុខនៅពេលនេះនឹងប្តូរជាក្តីទុក្ខនៅពេលក្រោយ ក៏មិនសំខាន់ដែរ សំខាន់គឺបច្ចុប្បន្នយើងបានឱបក្តីសុខឱ្យខ្លួនឯងហើយ បើថ្ងៃក្រោយវាផ្លាស់ប្តូរ ចាំយកការគិតនៅថ្ងៃនេះទៅពិចារណានៅថ្ងៃក្រោយនោះម្តងទៀត ថាគួរឱបបន្ត ឬលែងវាចោល»។

    គួរបញ្ជាក់ផងដែរថា សារប្លែកៗរបស់ សុ​គ​ន្ធ​ ​និ​សា ចេញនៅលើ Facebook Page​ ដែលចេះតែមានជាបន្តបន្ទាប់នេះ នៅតែធ្វើឱ្យមហាជនគិតថា នាងមិនដាច់អាល័យពីកវីនោះឡើយ បើទោះបីជាមានប្រភពច្បាស់ការមួយអះអាងថា នាងលែងនឹកនាហើយក្ដី៕

  • កូនស្រី អេ ភូ​ថង ត្រៀម​បង្ហាញ​សមត្ថភាព​នៅ​ស៊ា​ង​ហៃ ថ្ងៃ​សៅរ៍​នេះ

    កូនស្រី អេ ភូ​ថង ត្រៀម​បង្ហាញ​សមត្ថភាព​នៅ​ស៊ា​ង​ហៃ ថ្ងៃ​សៅរ៍​នេះ

    កីឡាការិនី អេ យ៉ា​នុត ដែលជា​កូនស្រី​ច្បង​របស់​អតីត​កីឡាប្រដាល់​ដ៏​ឆ្នើម​របស់​កម្ពុជា អេ ភូ​ថង កំពុងតែ​សម្លឹង​រក​ការធ្វើ​ឲ្យ​បានល្អ និង​ដណ្តើម​ឲ្យ​បាន​ជ័យជម្នះ​ក្នុងពេល​ប្រកួត​យុទ្ធ​គុន​ចម្រុះ (MMA) ជាមួយនឹង​កីឡាការិនី​ចិន Xu Chun Yan ក្នុង​ទម្ងន់52.2គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍ ONE Championship: Shanghai នៅ​សង្វៀន Shanghai Oriental Sports Center នៅ​ថ្ងៃ​សៅរ៍ ស្អែក​នេះ។

    កីឡាការិនី​វ័យ19ឆ្នាំ​រូបនេះ​នឹងធ្វើ​ការបង្ហាញ​ខ្លួន​ក្នុងការ​ប្រកួត MMA អាជីព​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ស្ថាប័ន ONE Championship ជា​លើក​ទី2 របស់​នាង ក្រោយពី​បាន​ចូល​ប្រកួត​លើក​ទី1កាលពី​ឆ្នាំ2015។ ក្នុងការ​ប្រកួត​នោះ អេ យ៉ា​នុត បាន​រង​បរាជ័យ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​នៅពេល​ជួប​ជាមួយនឹង​កីឡាការិនី វី ស្រី​ខួច នា​ព្រឹត្តិការណ៍ ONE: Kingdom of Khmer ដែល​ត្រូវបាន​រៀបចំឡើង​នៅ​រោង​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ ប៉ុន្តែ បច្ចុប្បន្ន កីឡាការិនី​វ័យក្មេង​រូបនេះ កំពុងតែ​ប្រឈមមុខ​នឹង​ការប្រកួត​ដ៏​ធំ​មួយ​ជាមួយនឹង​កីឡាការិនី​ចិន Chun Yan វ័យ27ឆ្នាំ ដែល​ក៏​ជា​ជើង​ថ្មី​ក្នុង MMA ម្នាក់​ដែរ ប៉ុន្តែ​ជា​ជើង​ខ្លាំង​ក្នុង​ការប្រកួត​ប្រដាល់សកល​អាជីព និង​ជា​អតីត​ម្ចាស់​ខ្សែក្រវាត់ WBCទៀតផង។ មុននឹង​ចេញដំណើរ​ទៅ​ប្រកួត​កាលពី​ថ្ងៃ​ពុធ អេ យ៉ា​នុត បាន​ប្រាប់ថា៖ «ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​បែបនេះ ហើយ​ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ធ្វើ​ឲ្យ​បានល្អ។ ខ្ញុំ​ត្រៀមលក្ខណៈ​រួចរាល់​ហើយ»។ អេ យ៉ា​នុត បាន​ត្រៀម​សម្រាប់​ការប្រកួត​នេះ តាមរយៈ​ការហ្វឹកហាត់​នៅឯ​ក្លិប Cambodia Top Team ក្រោម​ការ​បង្វឹក​ពី​លោក​ហ៊ុន ចាន់​រាជ។

    ក្នុងការ​ប្រកួត​ដែលមាន​រហូតដល់​ទៅ១០គូ​នេះ ក៏មាន​ជើង​ខ្លាំង​ផ្នែក​ចំបាប់ Ben Askren នឹងត្រូវ​ការពារ​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ទម្ងន់77.1គីឡូក្រាម​របស់គេ​ជាមួយនឹង​កីឡាករ Zebaztian Kadestam របស់​ស៊ុយអែត ក្នុងការ​ប្រកួត​កម្រិត​គូ​ឯក​ផងដែរ៕

  • PGS បំពេញ​ការផ្ទេរ Mbappe ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង មុននឹង​ទិញ​ដាច់​នៅ​រដូវ​កាល​ក្រោយ

    PGS បំពេញ​ការផ្ទេរ Mbappe ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង មុននឹង​ទិញ​ដាច់​នៅ​រដូវ​កាល​ក្រោយ

    ក្លិប​យក្ស​របស់​បារាំង Paris St-Germain បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ Kylian Mbappe ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាលពី​ក្លិប Monaco ជាមួយនឹង​ជម្រើស​ក្នុងការ​ទិញយក​ដាច់​ក្នុងតម្លៃ​ខ្លួន165.7លាន​ផោន (ស្មើនឹង214.5លាន​ដុល្លារ​អាមេរិក)។

    ប្រសិនបើ PSG បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​រូបនេះ​ជា​អចិន្ត្រៃយ៍​នោះ  កិច្ចសន្យា​របស់គេ​នឹង​ផុតកំណត់​រហូតដល់​ខែមិថុនា ឆ្នាំ2022។ ការផ្ទេរ​របស់ Mbappe វ័យ18ឆ្នាំ បាន​កើតឡើង​ក្រោយពី​ក្លិប PSG បាន​ចំណាយ​ប្រាក់​ចំនួន222លាន​អឺរ៉ូ (ស្មើនឹង261លាន​ដុល្លារ​អាមេរិក) រួចជាស្រេច​ក្នុង​ការទិញចូល​ខ្សែប្រយុទ្ធ Neymar ពី​ក្លិប Barcelona។

    Mbappe បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​ចង់​ក្លាយជា​សមាជិក​ម្នាក់​ក្នុង​គម្រោង​របស់​ក្លិប​នេះ ដែលជា​ក្លិប​មួយ​ក្នុងចំណោម​ក្លិប​មាន​មហិច្ឆតា​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប»។ ការពន្យារពេល​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង Mbappe ក្នុង​កិច្ចសន្យា​ជា​អចិន្ត្រៃយ៍​នេះ ត្រូវបាន​ចាត់ទុកថា គឺជា​ការសម្រេចចិត្តរ​បស់ PSG ពីព្រោះ​ពួកគេ​មិន​ចង់​ប្រព្រឹត្តល្មើស​ទៅនឹង​ច្បាប់​ប្រកួតប្រជែង​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​យុត្តិធម៌​របស់ UEFA។

    ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ជា​លើក​ទី1របស់គេ​សម្រាប់​ក្រុម​ជម្រើសជាតិ​បារាំង ក្នុងពេល​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ 4-០ លើ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ក្នុងការ​ប្រកួត​ជម្រុះ World Cup កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ក្នុង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​របស់​ប្រទេស​នេះ បើ​គិត​ចាប់តាំងពី​ឆ្នាំ1963។

    លោក Nasser Al-Khelaifi ដែលជា​ប្រធាន​ក្លិប​របស់ PSG បាន​ឲ្យ​ដឹងថា៖ «វា​ពិតជា​សំខាន់​ណាស់​សម្រាប់​កីឡាបាល់ទាត់​បារាំង ដែល​យើង​ត្រូវតែ​រក្សា និង​ជួយ​អភិវឌ្ឍ​កីឡាករ​ដ៏​មាន​ទេពកោសល្យ​ម្នាក់នេះ​ក្នុង​ក្រុម​ជើងឯក​របស់​យើង។ ពិតណាស់ ក្នុងចំណោម​កីឡាករ​អាយុ​ប្រហាក់ប្រហែល​នឹង​រូបគេ គេ​ជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ពិភពលោក ទាំង​ភាពរឹងមាំ បច្ចេកទេស និង​ស្មារតី​ប្រយុទ្ធ»៕

    ប្រភពព័ត៌មាន៖ BBC

  • Tottenham បំពេញ​ការផ្ទេរ Llorente និង Aurier ពី Swansea និង PSG

    Tottenham បំពេញ​ការផ្ទេរ Llorente និង Aurier ពី Swansea និង PSG

    ក្លិប​មាន់​ខ្នាយ​មាស Tottenham បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ Fernando Llorente របស់​ក្លិប Swansea ក្នុង​កិច្ចសន្យា​រយៈពេល2ឆ្នាំ ក្នុងតម្លៃ​ខ្លួន​បិទ​ជិត​មួយ។

    កីឡាករ Fernando Llorente

    ការផ្ទេរ​នេះ​បានកើត​ឡើង ក្រោយពី​ក្រុម Chelsea ដែលជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League បាន​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​វ័យ32ឆ្នាំ​រូបនេះ ក្នុងតម្លៃ​ខ្លួន15លាន​ផោន (ស្មើនឹង19.4លាន​ដុល្លារ​អាមេរិក) ក្រោយពី​រូបគេ​ធ្លាប់បាន​លេង​ក្រោម​ការដឹកនាំ​របស់លោក​គ្រូបង្វឹក Antonio Conte នៅឯ​ក្លិប Juventus រួចមកហើយ។

    ប៉ុន្តែ ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បានជ្រើសរើស​យក​ការចូល​រួមជាមួយ Spurs ជំនួស​វិញ ដើម្បី​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ទី5របស់​ក្លិប​នេះ។ Llorente បាន​ចូលរួម​ជាមួយនឹង​ក្លិប Swansea កាលពី​ខែសីហា ឆ្នាំ2016 និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប 15គ្រាប់ ខណៈដែល​ក្លិប​នេះ​បានគេច​ផុតពី​ការ​កាត់ចេញ​កាលពី​រដូវ​កាល​មុន។ ខ្សែប្រយុទ្ធ​រូបរាង​ខ្ពស់​រូបនេះ បាន​ចំណាយពេល9រដូវ​កាល​ជាមួយនឹង​ក្លិប Athletic Bilbao មុនពេល​មកលេង​នៅឯ​ក្លិប Juventus 2ឆ្នាំ និង​បន្ទាប់មក​ទៅ​ក្លិប Sevilla រយៈពេល​មួយឆ្នាំ។

    កីឡាករ Serge Aurier

    រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី7គ្រាប់​ក្នុងការ​បង្ហាញខ្លួន24លើក​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ហើយក៏​បានឈ្នះ​ពាន World Cup ឆ្នាំ2010 ជាមួយនឹង​ពួកគេ​ផងដែរ។

    ការផ្ទេរ Llorente ទៅកាន់ Spurs ក្រោយពី​ក្លិប​មាន​ខ្នាយ​មាស​មួយ​នេះ​បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែការពារ Serge Aurier ពី​ក្លិប Paris St-Germain ក្នុងតម្លៃ​ខ្លួន 23លាន​ផោន នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការបិទ​ទីផ្សារ​ដោះដូរ​កីឡាករ៕

    ប្រភពព័ត៌មាន៖ BBC

  • ទីក្រុង​ទេសចរណ៍​ទាំង 5 ដែលមាន​ការចាយវាយ​ថោក​បំផុត​លើ​លោក

    ទីក្រុង​ទេសចរណ៍​ទាំង 5 ដែលមាន​ការចាយវាយ​ថោក​បំផុត​លើ​លោក

    ក្នុងពេល​បច្ចុប្បន្ននេះ ការធ្វើដំណើរ​នា​សម័យ​ថ្មី​មាន​ថ្លៃ​ចាយវាយ​តិចជាង​កាលពី​សម័យមុន​ច្រើន តែ​ទោះជា​យ៉ាងនោះ​មែន ក៏​មិនមែន​មានន័យថា ការធ្វើដំណើរ​ទេស​ចេ​ណ៍​ទាំងអស់​នឹងមាន​តម្លៃថោក​ជានិច្ច​នោះដែរ តែ​វា​ស្ថិត​លើ​ការរៀប​ផែនការ​លើ​ការចាយវាយ​របស់លោក​អ្នក រួមទាំង​ផែនការ​ធ្វើដំណើរ​ឱ្យ​បានល្អ​ទៅវិញ​ទេ ដែលជា​អ្នក​ជួយ​សន្សំសំចៃ​ថ្លៃ​ចាយវាយ​ក្នុង​ដំណើរ​ទេសចរណ៍​របស់​លោកអ្នក​នោះ។

    ខាងក្រោម​នេះ​គឺ​បណ្តា​ទីក្រុង​ដែលមាន​ថ្លៃ​ចាយវាយ​ថោក​បំផុត​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​សម្រាប់អ្នកទេសចរ​ដែល​ចូលចិត្ត​សន្សំសំចៃ៖

    1/ ទីក្រុង ហ្លួងព្រះបាង ប្រទេស​ឡាវ

    ក្រៅពី​ការធ្វើដំណើរ​ដែល​ហាក់ដូចជា​ងាយស្រួល និង​នៅជាប់​នឹង​ប្រទេស​យើង​ហើយ​នោះ ហ្លួងព្រះបាង ទីក្រុង​ចម្បង​មួយ​របស់​ប្រទេស​ឡាវ​នៅមាន​ថ្លៃ​ចាយវាយ​ដែល​ថោក​លើ​ការហូបចុក និង​ដើរលេង​កម្សាន្ត​ទៀតផង។ ដោយ​តម្លៃ​របស់​អាហារ​ក្នុងមួយពេលៗគិត​ជា​មធ្យម​ប្រមាណ​ជា2ដុល្លារ​អាមេរិក ឬ​ប្រហែលជា8,200រៀល​ប៉ុណ្ណោះ និង​ថ្លៃ​ចាយវាយ​ក្នុងការ​ធ្វើដំណើរ​ដោយ​រថយន្តក្រុង​សាធារណៈ​វិញ គឺ​ប្រមាណ​ជា0.25ដុល្លារ​អាមេរិក ឬ​ប្រហែលជា1,000រៀល​លុយ​ខ្មែរ​ប៉ុណ្ណោះ។

    2/ ទីក្រុង​ខៃ​រ៉ូ ប្រទេស​អេ​ហ្ស៊ី​ប


    ទោះជា​ប្រទេស​អេ​ហ្ស៊ី​ប​ត្រូវ​រង​ទុក្ខ​បុក​ម្នេញ​ដោយ​វិបត្តិ​នយោបាយ និង​គ្រោះភ័យ​ក្នុង​រូប​បែបផ្សេងៗក៏ដោយ ក៏​មិនបាន​ធ្វើឱ្យ​អ្នកទេសចរ​គេច​ចៀស​ពី​ការធ្វើដំណើរ​ទៅ​ទស្សនា​ប្រាសាទ​ពីរ៉ាមីដ​ដែរ។ ជាពិសេស​ថ្លៃ​ចាយវាយ​ក្នុងការ​ហូបចុក​ស្ថិត​ជា​មធ្យម​ក្នុង​អាហារ​មួយពេល​ត្រឹមតែ3.42ដុល្លារ ឬ​ប្រហែល​នឹង14,000រៀល​ប៉ុណ្ណោះ។ សម្រាប់​ទេសចរណ៍​មួយ​កំណាត់​ថ្ងៃ​ដែល​នឹង​នាំ​លោកអ្នក​ទៅ​ទស្សនា​ប្រាសាទ​ពីរ៉ាមីដ​វិញ​គឺមាន​តម្លៃ​ចាប់ផ្តើម​ត្រឹមតែ 23ដុល្លារ​អាមេរិក ឬ​ប្រមាណ​ជា93,000 រៀល​ហ្នឹងឯង។

    3/ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ប៉ែក​ខាងជើង


    ជា​ប្រទេស​មួយទៀត​ដែល​ស្ថិត​នៅជាប់​នឹង​ប្រទេស​កម្ពុជា​យើង អាចធ្វើ​ដំណើរ​ទៅដល់​តាមរយៈ​រថយន្ត​ក្រុង​បាន។ ប្រទេស​វៀតណាម​ប៉ែក​ខាងជើង​មាន​ទេសភាព​ជួរ​ភ្នំ​ដ៏​លេចធ្លោ និង​ស្រស់ស្អាត​ជាច្រើន។ ចំណែកឯ​តម្លៃ​ទីកន្លែង​ស្នាក់នៅ​ឯកជន​ដែលជា​សណ្ឋាគារ​មានតម្លៃ​ត្រឹមតែ​ពី10-15ដុល្លារ​អាមេរិក ឬ​ប្រមាណ​ជា41,000-62,000រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​យប់ និង​នៅតាម​ផ្ទះសំណាក់​វិញ​មានតម្លៃ 5ដុល្លារ​អាមេរិក ឬ​ស្មើនឹង 20,500រៀល​ប៉ុណ្ណឹង​ឯង។

    4/ ទីក្រុង​លី​ស​បោ​ន ប្រទេស​ព័រទុយហ្កាល់


    ទោះជា​ប្រទេស​ព័រទុយហ្កាល់​ជា​ផ្នែក​មួយ​របស់​ទ្វីបអឺរ៉ុប​ក៏ដោយ តែ​លី​ស​បោ​ន​អាច​រាប់បាន​ថា ជាទី​ក្រុង​មួយ​ដែលមាន​ថ្លៃ​ចាយវាយ​ហាក់ដូចជា​ថោក​ណាស់ បើ​ធៀប​នឹង​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អឺរ៉ុប ហើយ​ថែមទាំង​ជាទី​ក្រុង​ដែលមាន​ប្រវត្តិសាស្ត្រ និង​មណ្ឌល​ទេសចរណ៍ល្អៗជាច្រើន មិន​ខុសពី​ទីក្រុងល្បីៗក្នុង​ទ្វីបអឺរ៉ុប ដូចជា ប៉ារីស ឬ​មី​ឡាន​ប៉ុន្មាន​ឡើយ។ រីឯ​តម្លៃ​បន្ទប់​ស្នាក់​នៅក្នុង​សណ្ឋាគារ​បែប​សន្សំសំចៃ​មាន​ចាប់ផ្តើម​ពី​តម្លៃ 30ដុល្លារ ឬ​ប្រហែល​ជាង120,000រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​យប់។

    5/ ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់


    បន្ទាប់ពី​ប្រទេស​តៃវ៉ាន់​ប្រកាស​លើកលែង​ទិដ្ឋាការ​ទេសចរណ៍​សម្រាប់​អ្នកធ្វើដំណើរ​កម្ពុជា​ហើយ​នោះ ប្រាកដ​ណាស់​ទីក្រុង​តៃប៉ិ​បាន​ក្លាយជា​កន្លែង​មួយ​នៃ​ទីកន្លែង​ជាច្រើន​ទៀត​ដែល​អ្នកទេសចរ​បែប​សន្សំសំចៃ​ទាំងឡាយ​ត្រូវការ​ទៅ​ដើរលេង​កម្សាន្ត។ តម្លៃ​ក្នុង​ការហូបចុក​បី​ពេល​រួមគ្នា​គិត​ជា​ប្រាក់​ដុល្លារ​គឺ​ត្រឹមតែ 9.20 ឬ​ប្រមាណ​ជា​ជិត40,000រៀល​ប៉ុណ្ណោះ និង​ទីកន្លែង​ស្នាក់នៅ​ភាគច្រើន​មាន​ថែម​អាហារ​ពេលព្រឹក​ឱ្យ​ស្ទើរតែ​ទាំងអស់ ធ្វើឱ្យ​លោកអ្នក​បាន​សន្សំសំចៃ​ថ្លៃ​ចាយវាយ​បាន​ច្រើនឡើង​ទៀតផង៕

  • អ្នក​ម្តាយ​ដឹង​ទេ ហេតុ​អី​បានជា​កូន​កណ្តាល​រឹងប៉ឹង​ជាង​កូន​បង និង​កូន​ប្អូន?

    អ្នក​ម្តាយ​ដឹង​ទេ ហេតុ​អី​បានជា​កូន​កណ្តាល​រឹងប៉ឹង​ជាង​កូន​បង និង​កូន​ប្អូន?

    សម្រាប់​គ្រួសារ​ដែលមាន​កូន 3នាក់​ឡើងទៅ តើ​ធ្លាប់​សង្កេត​ឬទេ​ថា កូន​កណ្តាល​ច្រើនតែ​ជាម​នុស្ស​ដែលមាន​ភាព​រឹងប៉ឹង និង​មាំមួន​ជាងគេ​បំផុត ដោយ​អាច​ចាត់ការ និង​កែប​ញ្ហា​ចំពោះមុខផ្សេងៗបាន​យ៉ាង​ល្អ តើ​រឿង​ហ្នឹង​បណ្តាលមកពី​អ្វី​ទៅ? ថ្ងៃនេះ ឡា​រ៉ែ​ន នឹង​នាំ​អាណាព្យាបាល​ទាំងអស់​ទៅ​មើល​ចម្លើយ​ដែល​ពាក់ព័ន្ធ​នឹង​រឿងនេះ​ទាំងអស់គ្នា។

    ចេះ​ចែករំលែក​ជានិច្ច​ការដែល​កូន​កណ្តាល​ត្រូវ​ចេះ​ចែករំលែក​របស់​លេង ឬ​សម្លៀកបំពាក់​ដែល​បានមកពី​បង​ទៅឱ្យ​ប្អូន ហើយ​ថែមទាំង​រូបគេ​សឹងតែ​មិនមាន​អ្វី​ជា​របស់​ខ្លួនឯង​ទៀតផង​នោះ ធ្វើ​ឱ្យគេ​មិន​ប្រកាន់ខ្ជាប់​លើ​វត្ថុ​របស់របរ​ខ្លាំង​នោះទេ បានមក​ហើយក៏​ចែករំលែក​ទៅវិញ ទើប​យើង​ច្រើនតែ​បានឃើញ​ថា កូន​កណ្តាល​គ្មាន​និស្ស័យ​ហួងហែង​របស់របរ​ខ្លួនឯង​នោះឡើយ ហើយ​ថែមទាំង​ចូលចិត្ត​ចែករំលែក និង​មានទឹក​ចិត្តល្អ​ទៀតផង។ នេះ​អាច​និយាយបានថា ជាការ​សាង​ទម្លាប់​និស្ស័យ​មួយ​ដែល​ល្អ​ខ្លាំង​បំផុត។

    ចេះ​ធ្វើ​អ្វី​ដោយ​ខ្លួនឯង​ជានិច្ច​ឪពុកម្តាយ​ភាគច្រើន​ច្រើនតែ​យកចិត្ត​កូន​បង និង​លួង​កូន​ប្អូន​ខ្លាំង​ជាង​ដោយ​មិនបាន​ដឹងខ្លួន​ឡើយ ទើប​ធ្វើឱ្យ​កូន​កណ្តាល​ត្រូវ​ព្យាយាម​ធ្វើ​អ្វី​ដោយ​ខ្លួនឯង​ជានិច្ច រឿងនេះ​ហើយ​ដែល​ធ្វើ​ឱ្យគេ​អាច​រៀន​យល់ដឹង និង​រស់នៅ​ដោយ​ការពឹង​លើ​ខ្លួនឯងបាន​យ៉ាង​មាន​សេចក្តីសុខ ដែល​នៅពេល​ធំ​ឡើង ក៏​នឹង​ធ្វើឱ្យ​រូបគេ​ក្លាយជា​មនុស្ស​ដែល​រឹងប៉ឹង និង​រស់នៅក្នុង​សង្គម​បាន​យ៉ាង​គ្មាន​បញ្ហា​អ្វី​ឡើយ។

    ជា​អ្នក​ហាម​សង្គ្រាម​នៅពេល​កើតការ​ឈ្លោះទាស់ទែង​គ្នា​នៅពេល​កើតមាន​ការឈ្លោះគ្នា​ឡើង​រវាង​កូន​បង និង​កូន​ប្អូន កូន​កណ្តាល​ច្រើនតែ​ធ្វើជា​អ្នក​នៅចាំ​ហាម និង​បញ្ឈប់​ការឈ្លោះគ្នា​នោះ​ជានិច្ច ទើប​ធ្វើ​ឱ្យគេ​រៀន​យល់ដឹង​ក្នុងការ​សម្រប​ខ្លួន​នៅពេល​កើតហេតុ​ការណ៍​ឈ្លោះទាស់ទែង​គ្នា​ឡើង និង​មាន​ជំនាញ​ក្នុង​ការនិយាយ​ដែលល្អៗដើម្បី​បញ្ឈប់​បញ្ហា​ដែល​កំពុង​កើតឡើង​ចំពោះមុខ​ទៀតផង។

    ធ្វើ​អ្វី​ក៏ត្រូវ​មើលឃើញថា​មិនល្អ​ដែរ​កូន​កណ្តាល មិន​ថា​ធ្វើ​អ្វី​ក៏ដោយ ក៏​ច្រើនតែ​ត្រូវបាន​មើលឃើញថា មិនល្អ​ជាប់​ជានិច្ច ឬ​គ្រាន់តែ​ធ្វើ​អ្វី​ខុស​តែ​បន្តិច ក៏​អាច​ត្រូវ​មើលឃើញថា ជា​ក្មេង​មាន​បញ្ហា​តែម្តង ហើយ​រឿង​ទាំង​នេះឯង​ដែល​ធ្វើ​ឱ្យគេ​កើត​សេចក្តីត្រូវការ​ក្នុងការ​រឹងប៉ឹង​ឡើង ធ្វើ​អ្វី​ក៏​តែងតែ​ប្រយ័ត្នប្រយែង និង​ហ្មត់ចត់​បំផុត ព្រោះ​មិន​ចង់​ត្រូវ​ឪពុកម្តាយ​ស្តីបន្ទោស​ហ្នឹងឯង ដែល​វា​ហុច​ផល​ឱ្យ​រូបគេ​ក្លាយជា​ក្មេង​ដែលមាន​ហេតុផល និង​មាន​ភាព​រឹងប៉ឹង​យ៉ាងខ្លាំង។

    មិនសូវ​ជា​ត្រូវបាន​សរសើរ​ប៉ុន្មាន​ឡើយ​បើសិនជា​សាកល្បង​សង្កេតមើល ក៏​នឹង​ឃើញថា ភាគច្រើន​កូន​កណ្តាល​នឹងមិន​សូវ​ត្រូវបាន​កោតសរសើរ​ប៉ុន្មាន​ឡើយ ធ្វើ​ឱ្យគេ​មិន​ភ្លើតភ្លើន​ជាមួយនឹង​ពាក្យ​កោតសរសើរ និង​ចេះ​ក្នុងការ​សាង​នូវ​គុណ​តម្លៃ​ឱ្យ​ខ្លួនឯង​តាំងពីក្មេង ទើប​គេ​អាច​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​ដែល​ទទួលបាន​ភាពជោគជ័យ​ក្នុង​ជីវិត​ច្រើន​បំផុត និង​មាន​ភាព​រឹងប៉ឹង​ខ្លាំង​ទៀតផង។

    ឥឡូវនេះ​ល្មម​នឹង​យល់​ហើយ​មែន​ទេ​ថា តើ​ហេតុ​អី​បានជា​កូន​កណ្តាល​ច្រើនតែ​ជាម​នុស្ស​ដែលមាន​ភាព​រឹងប៉ឹង និង​មាំមួន​បំផុត​នោះ តែ​យ៉ាងណាក៏ដោយ លោកឪពុក និង​អ្នក​ម្តាយ​គួរតែ​ផ្តល់នូវ​ការយកចិត្តទុកដាក់​ចំពោះ​គេ​ឱ្យបាន​ច្រើន និងស្មើៗគ្នា​ផង ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ក្តី​ច្រណែន​ឡើង​នៅក្នុង​ចំណោម​បងប្អូន៕