Category: សង្គម និងសេដ្ឋកិច្ច

  • ប្លែកអារម្មណ៍ណាស់ !! ឈុតចូលរួមពិធីបុណ្យភ្ជុំបិណ្ឌរបស់ មាន សូនីតា

    ប្លែកអារម្មណ៍ណាស់ !! ឈុតចូលរួមពិធីបុណ្យភ្ជុំបិណ្ឌរបស់ មាន សូនីតា

    ប៉ុន្មាននាទីមុននេះបន្ដិច តារាសម្ដែង និងបង្ហាញម៉ូដ មាន សូនីតា បានបញ្ចេញម៉ូដសម្លៀកបំពាក់របស់ខ្លួននាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលមើលឃើញហើយពិតជាប្លែកម៉្យាងដែរ និងមានអារម្មណ៍ថា ហាក់បីដូចជាបានវិលត្រឡប់ទៅកាន់សម័យអតីតកាលក្នុងអំឡុងឆ្នាំ1990 ម្តងទៀតដូច្នោះដែរ។

    គួបញ្ជាក់ផងដែរថា រូបភាព 3 ស្លឹកនៅលើ Facebook Page ដែលបង្ហាញពីការនិយមច្នៃម៉ូដប្លែកៗ និងស្រស់ស្អាតរបស់រាជិនីក្រមារូបនេះ ពិតជាប្លែកមិនធម្មតាមែន គឺមិនអាចមិនសរសើរបានឡើយ។

    ដើម្បីកាន់តែជាក់ច្បាស់សូមទស្សនារូបខាងក្រោមនេះ

  • សៀមរាប​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​កម្មវិធី​ប្រកួត​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន 2018

    សៀមរាប​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​កម្មវិធី​ប្រកួត​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន 2018

    ភ្នំពេញ៖  សៀមរាប​ជាទី​ក្រុង​សម្បូរ​ទៅដោយ​ប្រសាទ​បុរាណ​បន្សល់​ពី​ដូនតា​ដែល​អាច​ទាក់ទាញ​ទេសចរ​មក​ទស្សនា​បាន​ច្រើនជាងគេ​ក្នុងចំណោម​តំបន់​ដែលមាន​ប្រាង្គ​ប្រាសាទបុរាណ​នានា​នៅលើ​ពិភពលោក។

    ដោយ​យោងទៅលើ​សក្តានុពល​ក្នុងការ​ទាក់ទាញ​ទេសចរ​នេះ រដ្ឋាភិបាល​បានសម្រេច​ដាក់បញ្ចូល​ទីក្រុង​សៀមរាប​ជា​បេក្ខភាព​ក្នុង​យុទ្ធនាការ​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ឆ្នាំ2018មួយ​ក្នុងចំណោម​ទីក្រុង​ស្អាត​ដទៃទៀត​របស់​កម្ពុជា។

    ផែនការ​នេះ​ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ការងារ​វិស័យ​ទេសចរណ៍​រដ្ឋ-ឯកជន​កាលពី​ថ្ងៃទី04 ខែកញ្ញា ឆ្នាំ2017ម្សិលមិញ នៅ​សាលា​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ជាតិ​អប្សរា គ្រឹះស្ថាន​អង្គរ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ នគរបាល​ទេសចរណ៍ ស្ថាន​កុងស៊ុល​កូរ៉េ​ប្រចាំ​ខេត្តសៀមរាប ប្រតិបត្តិ​ករ​ទេសចរណ៍ មគ្គុទ្ទេសក៍​ទេសចរណ៍​យុវជន និង​ទេសចរ​ជាតិ-អន្តរជាតិ​សរុប​ប្រមាណ 350នាក់។

    កិច្ចប្រជុំ​នេះ​ផ្តោតជាសំខាន់​លើ​ការដោះស្រាយ​នូវ​សំណូមពរ និង​បញ្ហា​ប្រឈម​នានា​របស់​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ផ្សារភ្ជាប់​នូវ​កម្មវិធី​ផ្សព្វផ្សាយ​ការ​ប្រ​ទ្ប​ង​ប្រណាំង​បង្គន់​សាធារណៈ​កម្ពុជា ចលនា​ប្រ​ទ្ប​ង​ប្រណាំង​ទីក្រុង​ស្អាត​ទេសចរណ៍​អាស៊ាន និង​យុទ្ធនាការ​កម្ពុជា​ស្អាត Cambodia Clean-Up សម្រាប់​ខេត្តសៀមរាប​ផងដែរ។

    ខេត្តសៀមរាប​ត្រូវបាន​ចាត់ទុកជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទាញ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍​មក​កម្សាន្ត។ ជាក់ស្តែង​ក្នុង​រយៈពេល7ខែ ឆ្នាំ2017 ខេត្តសៀមរាប​ទទួលបាន​ទេសចរ​សរុប 3,783,724នាក់ កើន​ទ្បើង 11.94% ធៀប​នឹង​ឆ្នាំ2016 ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន 2,367,696នាក់ កើន​ទ្បើង 11.97% និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន 1,416,028នាក់ កើន​ទ្បើង 11.99%។

    ក្នុងឱកាស​នោះដែរ ឯកឧត្តម ថោង ខុន បាន​ឯកភាព​ដាក់ចេញ​កម្មវិធី​ការងារ​ចាត់តាំង​អនុវត្ត ដើម្បី​បេក្ខភាព​ខេត្តសៀមរាប ជា​បេក្ខភាព​ចលនា​ប្រ​ទ្ប​ង​ប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន 2018 មាន​ដូចខាងក្រោម៖

    1៖ បន្ត​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ល្អ​ដល់​ភ្ញៀវទេសចរ។

    2៖ បន្ត​ពង្រឹង​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ តាម​គោលដៅ​ទេសចរណ៍​សំខាន់ ដោយ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការប្រើប្រាស់​ដី​ចំណីផ្លូវ​សម្រាប់ធ្វើ​អាជីវកម្ម ការចត​ម៉ូតូ រ៉ឺម៉ក រថយន្ត គ្មាន​សណ្តាប់ធ្នាប់ និង​បន្ត​រៀបចំ​ឲ្យ​មាន​ផ្លូវ​ដើរ​សម្រាប់​ទេសចរ​ឲ្យ​បាន​ច្រើន ពិសេស​ពង្រឹង​សណ្តាប់ធ្នាប់​នៅ​តំបន់​ផាប់​ស្ទ្រី​ត។ ក្នុងនោះ​លោក ឃឹម ប៊ុន​សុង បានដាក់​ចេញ​នូវ​ឱសានវាទ​ត្រឹម​ដើមខែ​តុលា ឆ្នាំ2017 ឲ្យ​អាជីវកម្ម​ទាំងអស់​ដែល​បំពាន​យក​ដី​ចំណីផ្លូវ ត្រូវ​រុះរើ​ជាបន្ទាន់ និង​ដាច់ខាត និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរំខាន​ដោយ​សំឡេង​ដែល​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​អាជីវកម្ម​ដទៃទៀត ដោយ​ចុះ​ធ្វើការ​ណែនាំ​ដល់ទី​តាំង​ផ្ទាល់ ក្នុងនោះ​រដ្ឋបាល​ខេត្តសៀមរាប​នឹង​ចាត់វិធានការ​ច្បាប់​ចំពោះ​ម្ចាស់​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ ដែល​បន្ត​មិន​គោរព​តាម​ការណែនាំ​អប់រំ​កិច្ចសន្យា ដោយ​អាច​ឈានដល់​ការបិទ​អាជីវកម្ម​តែម្តង។

    3៖ រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​ច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​សំណល់​រឹង ពិសេស​យន្តការ​ប្រមូល​សំរាម​ក្នុង​តំបន់​ទីប្រជុំជន ផ្សារ និង​តំបន់​ដែលមាន​ការឆ្លងកាត់​ញឹកញាប់ និង​បន្ត​គាំទ្រ​ការពារ និង​ការគ្រប់គ្រង​បរិស្ថាន និង​សំរាម​នៅ​តំបន់​ចុង​ឃ្នា​ស និង​ភ្ជាប់​តំបន់​ទន្លេសាប។

    4៖ បន្ត​ពង្រឹង និង​ពង្រីក​ការសាងសង់​បង្គន់​សាធារណៈ​ឲ្យ​បាន​គ្រប់គ្រាន់ ពិសេស​តាម​គោលដៅ​ទេសចរណ៍សំខាន់ៗ ក្នុង​ខេត្តសៀមរាប យ៉ាងហោច​ឲ្យ​បាន​បង្គន់​សាធារណៈ​កម្ពុជា 8-10កន្លែង​ទៀត ឲ្យ​ស្របតាម​ស្តង់ដារ​បង្គន់​សាធារណៈ​កម្ពុជា និង​ស្តង់ដារ​បង្គន់​សាធារណៈ​អាស៊ាន ដោយ​ជ្រើស​ទីតាំង​ឲ្យ​បាន​ស្រប​នឹង​ចំនួន​ទេសចរ​ដែល​រួម​ជាមួយនឹង​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍ ស្ថានីយ​ចំណតរថយន្ត ឬ​មជ្ឈមណ្ឌល​ពាណិជ​កម្ម ឬ​នៅ​ដាច់ដោយឡែក។

    5៖ ពង្រឹង​ការគ្រប់គ្រង​ទេសចរណ៍​ក្នុង​តំបន់​អង្គរ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ ក្នុងនោះ​ទប់ស្កាត់​ក្មេង​លក់ដូរ​រំខាន​ដល់​ភ្ញៀវទេសចរ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា និង​បន្ត​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ និង​មន្ទីរ​សង្គមកិច្ច និង​អតីត​យុវជន និង​អង្គការ​នានា ដើម្បី​រៀបចំ និង​ដាក់ចេញ​នូវ​វិធាន​ការអប់រំ និង​វិធានការ​រដ្ឋបាល​ជំនួស​ដោយ​ការផ្តល់​ការអប់រំ​ដល់ក្មេងៗ និង​មុខរបរ​ជំនួស​សម្រាប់​ឱ​ពុក​ម្តាយក្មេងៗនោះ។ បន្ត​គាំទ្រ​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍​នៅ​តំបន់​បន្ទាយស្រី ដោយ​តម្រូវ​ឲ្យ​មានការ​សហការ​គោរព​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​អប្សរា និង​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជំនាញ ពិសេស​មន្ទីរ​ទេសចរ​ណ៍ មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម មន្ទីរ​ធនធានទឹក។ល។

    6៖ ដើម្បី​គាំទ្រ​លើ​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​លើកទ្បើង​ដោយ​វិស័យ​ឯកជន​ពាក់ព័ន្ធ និង​សម្រាប់​អនាម័យ​បរិស្ថាន​នៅ​ក្រុង​សៀមរាប អង្គប្រជុំ​បាន​ឯកភាព និង​គាំទ្រ​យុទ្ធនាការ​កម្ពុជា​ស្អាត Cambodia Clean-Up ដោយ​ព្រមព្រៀង​បង្កើត​ក្រុមការងារ​អចិន្ត្រៃយ៍​រួមទាំង​រដ្ឋបាល​ខេត្តសៀមរាប ផ្នែក​ឯកជន ភ្ញៀវទេសចរ យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ចាត់តាំង​អភិវឌ្ឍ​ឲ្យ​មាន​ជា​កម្មវិធី​ជាប្រចាំ​រៀងរាល់​ចុង​សប្តាហ៍។

    7៖ ដើម្បី​គាំទ្រ​បេក្ខភាព​ទីក្រុង​សៀមរាប​ក្នុង​ចលនា​ប្រ​ទ្ប​ង​ប្រណាំង​ទីក្រុង​ស្អាត រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បន្ត​គិតគូរ និង​រៀបចំ​ឲ្យ​មាន​បង្គន់​សាធារណៈ​ស្របតាម​ស្តង់ដារ កន្លែង​ហាត់ប្រាណ សួនច្បារ តំបន់​បៃតង​សម្រាប់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ចំណតរថយន្ត ផ្លូវ​ថ្មើរជើង និង​ពង្រឹង​យន្តការ​គ្រប់គ្រង​ការប្រមូល​សំរាម​ក្នុង​ក្រុង​សៀមរាប​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

    ឯកឧត្តម ថោង ខុន បាន​គូសបញ្ជាក់ថា ទន្ទឹមនឹង​ការគិតគូរ​ដោយ​ការពង្រឹង​ការគ្រប់គ្រង​ក្នុង​ក្រុង​សៀមរាប និង​តំបន់​អង្គរ​ឲ្យ​ស្អាត និង​បៃតង​ចាំបាច់​ត្រូវធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ឲ្យ​បាន​ច្រើន​ថែមទៀត ពិសេស​សហគមន៍​ទេសចរណ៍​ដែលមាន​សក្ដានុពល​នៅ​តំបន់​ជុំវិញ​ខេត្តសៀមរាប ក្នុងនោះ​មាន​សហគមន៍​ជ្រាវ សហគមន៍​កំពង់​ភ្លុក និង​សហគមន៍​បន្ទាយស្រី សហគមន៍​ទេសចរណ៍​ចុង​ឃ្នា​ស​ជាដើម និង​គោលដៅ​អេកូ​ទេសចរណ៍​ព្រែក​ទាល់ ភ្នំ​គូលែន ដើម្បី​បង្កើតជា​ផលិតផល​ទេសចរណ៍​ថ្មី​ផ្តល់ជូន​ភ្ញៀវទេសចរ និង​តាមរយៈ​សហគមន៍​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍ថ្មីៗទាំងនោះ នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន កាត់បន្ថយ​ភាពក្រីក្រ កាត់បន្ថយ​ចំណាកស្រុក និង​ចូលរួម​ដល់​កិច្ចការពារ អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព៕

  • ក្រុម​កម្ពុជា និង​វឌ្ឍនាការ ចង់​ឲ្យ​អ្នកគាំទ្រ​បង្ហាញ​ពី​ភាពស្មោះត្រង់​ពេល​ប៉ះ វៀតណាម ល្ងាច​នេះ

    ក្រុម​កម្ពុជា និង​វឌ្ឍនាការ ចង់​ឲ្យ​អ្នកគាំទ្រ​បង្ហាញ​ពី​ភាពស្មោះត្រង់​ពេល​ប៉ះ វៀតណាម ល្ងាច​នេះ

    ទាំង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ខ្សែប្រយុទ្ធ​ឆ្នើម​ចាន់ វឌ្ឍនាការ សុទ្ធសឹង​បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​បង្ហាញ​ពី​ភាពស្មោះត្រង់ និង​បង្ហាញ​ពី​ការគាំទ្រ​យ៉ាងពិត​ប្រាកដ នៅពេល​ជួប​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​វៀតណាម ក្នុងការ​ប្រកួត​ជម្រុះ Asian Cup ជុំ​ទី3 ក្នុង​ពូ​ល C នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅពេល​ល្ងាច​នេះ។

    ក្រោយពី​ទទួលបាន​លទ្ធផល​ដ៏​សែន​ខកចិត្ត​ក្នុង​យុទ្ធនាការ​ស៊ី​ហ្គេម​កាលពីពេលថ្មីៗនេះ​រួចមក លោក Leonardo Vitorino គ្រូបង្វឹក​នៃ​ក្រុម​កម្ពុជា​បានស្នើ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​បង្ហា​ញ​ភាពជា​អ្នកកីឡា និង​ចូលរួម​គាំទ្រ​ដោយ​ភាពស្មោះត្រង់។

    គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «អ្នកគាំទ្រ​ត្រូវបាន​បង្ហាញ​ពី​ភាពស្មោះត្រង់​របស់ខ្លួន និង​មិនគួរ​ប្រើប្រាស់​កាយវិការ​មិន​សមរម្យ​ណាមួយ​ឡើយ។ យើង​ត្រូវតែ​បង្ហាញ​ពី​ការជឿជាក់​លើ​ក្រុម​របស់​យើង»។ ប៉ុន្តែ ទាំង​គ្រូបង្វឹក​ថ្មី​របស់​វៀតណាម និង​គ្រូបង្វឹក​របស់​កម្ពុជា សុទ្ធសឹង​រំពឹងទុក​ថា ការប្រកួត​នៅ​ថ្ងៃ​អង្គារ​នេះ នឹង​ក្លាយជា​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ ហើយ​ក្រុម​ទាំងពីរ​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការប្រកួត​ដ៏​តានតឹង​មួយ​នេះ។

    លោក   Mai Duc Chung ដែល​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​រប​ស់​វៀតណាម ជំនួស​លោក Nguyen Huu Thang នោះ បាន​ឲ្យ​ដឹងថា៖ «យើង​មិនអាច​មើលស្រាល​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ​បានឡើយ ខណៈដែល​កាលពីពេលថ្មីៗនេះ ពួកគេ​បានបង្ហាញ​ភាពរឹងមាំ​របស់ខ្លួន តាមរយៈ​ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន លើ​ទឹកដី​ខ្លួនឯង»។

    ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ដោយ​ការ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ2 ក្នុង​ពូ​ល ដោយមាន3ពិន្ទុ ពី2ប្រកួត បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន 1-០ កាលពី​ខែមិថុនា និង​ចាញ់​ហ្ស៊​កដា​នី 7-០ កាលពី​ថ្ងៃ​បើកឆាក។ ប៉ុន្តែ ក្រុម​ម្ចាស់ផ្ទះ នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ទាំង​ការជឿជាក់ ខណៈដែល​តារា​ឆ្នើម វឌ្ឍនាការ ក៏​ត្រៀម​បង្ហាញខ្លួន​ផងដែរ។ ក្រោយពី​បានស្នើ​សុំ​ឲ្យ​អ្នកគាំទ្រ​ចូលរួម​ទស្សនា ក៏ដូចជា​បន្ត​គាំទ្រ​ក្រុម​កម្ពុជា វឌ្ឍនាការ បាន​ឲ្យ​ដឹងថា៖ «វៀតណាម​ជា​ក្រុម​ខ្លាំង ប៉ុន្តែ​ខ្ញុំ​ក៏បាន​ត្រៀមលក្ខណៈ​សម្រាប់​ការប្រកួត​នេះ​រួចហើយ​ដែរ»។

    ក្រុម​ជម្រើសជាតិ​វៀតណាម នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ដោយមាន2ពិន្ទុ ពី​ការប្រកួត2លើក ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ពេល​ជួប​ក្រុម​ខ្លាំង​ហ្ស៊​កដា​នី និង​អា​ហ្វ​ហ្គា​នី​ស្ថាន។ ក្នុងការ​ជួបគ្នា​ជា​លើកចុងក្រោយ​រវាង​ក្រុម​ទាំងពីរ​កាលពី​ឆ្នាំ2016 វៀតណាម​បាន​យកឈ្នះ​លើ​កម្ពុជា 2-1៕

  • 5 រឿង​គួរ​ចៀសវាង បើ​ចង់ឱ្យ​កូន​ធំ​ឡើង​ក្លាយជា​យុវជន​ល្អ​ក្នុងសង្គម

    5 រឿង​គួរ​ចៀសវាង បើ​ចង់ឱ្យ​កូន​ធំ​ឡើង​ក្លាយជា​យុវជន​ល្អ​ក្នុងសង្គម

    តើ​អាណាព្យាបាល និង​លោកឪពុក​អ្នក​ម្តាយ​ដឹង​ទេ​ថា សភាព​បរិស្ថាន​ជុំវិញខ្លួន​កូន សុទ្ធ​តែមាន​ឥទ្ធិពល​ដែល​ហុច​ផល​ដល់​ការ​ចម្រើន​ធំធាត់​របស់​ក្មេង​ទាំងអស់ ដែល​រឿងនេះ​គឺជា​រឿង​ដែល​អាច​កំណត់​បាន​ថា កូនតូច​របស់លោក​អ្នក​នឹង​ធំធាត់​ឡើង​ក្លាយជា​យុវជន​ដ៏​ល្អ​ដែរឬទេ? បើ​អ្នកណា​ចង់ឱ្យកូនៗធំធាត់​ឡើង​ក្លាយជា​នុស្ស​ល្អ និង​មាន​អនាគត​ល្អ​ស្រស់ស្រាយ​នោះ គួរឱ្យ​កូនតូច​របស់លោក​អ្នក​ស្ថិតនៅ​ឱ្យ​ឆ្ងាយ​ពីស​ភាព​បរិស្ថាន​ដូចខាងក្រោម​នេះ។

    1/ ការ​ជេរ​ស្តីបន្ទោស ទិតៀន

    ការស្តីបន្ទោស ជេរ​បញ្ចោរ ទិតៀន អាចមាន​ខ្លះ​ដែរ ពេលដែល​កូន​ធ្វើ​ខុស តែ​បើសិនជា​ញឹកញាប់​ជ្រុល​ពេក​ក៏​ប្រហែលជា​មិនល្អ​នោះទេ ព្រោះ​រឿង​នោះ​នឹង​ធ្វើឱ្យ​កូន​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​ច្រងេងច្រងាង និង​កើតមាន​អារម្មណ៍​មិន​ចង់​ធ្វើអំពើ​ល្អ​នៅ​ទីបំផុត ដូច្នេះ​វិធី​ដែល​ល្អ​បំផុត គឺ​ព្យាយាម​ប្តូរ​ពី​ការ​ជេរ​ស្តីបន្ទោស​មកជា​ការនិយាយ​ប្រាប់ ឬ​ប្រដៅ​បែបស្រួលៗ ល្អៗ ដើម្បីឱ្យ​កូន​បាន​យល់ និង​បានទទួល​ដឹងថា ខ្លួនឯង​ធ្វើ​ខុស​វិញ​ប្រសើរ​ជាង។

    2/ ថែទាំ​ថ្នាក់ថ្នម​ជ្រុល​ពេក

    ការចិញ្ចឹម​កូន​ដោយ​ការ​ថ្នាកថ្នម​ជ្រុល​ហួសហេតុ​ពេក គឺជា​ការបំផ្លាញ​កូន​ដោយ​មិនដឹង​ខ្លួន ព្រោះ​ការធ្វើ​បែប​នោះ​នឹងធ្វើ​ឱ្យគេ​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​អាត្មានិយម គិតតែ​ពី​ចិត្ត​ខ្លួនឯង និង​ចូលចិត្ត​តែ​ភាពងាយស្រួល​សប្បាយ​ហួសហេតុ វា​នឹង​ចូល​ទំនង​ដែលថា ធ្ងន់​មិន​ប្រឹង តឹង​មិន​ស៊ូ ដែល​វា​នឹង​ហុច​ផល​មិនល្អ​ដល់​ការរស់នៅ​ក្នុងសង្គម​មិនតិច​តួច​ឡើយ។ ដូច្នេះ ទោះជា​លោកអ្នក​ស្រឡាញ់ និង​បារម្ភ​កូន​ខ្លាំង​ប៉ុនណា​ក៏ដោយ ក៏​គួរតែ​បង្ហាត់បង្រៀន​គេ​ឱ្យ​ចេះ​ធ្វើ​អ្វី​ដោយ​ខ្លួនឯង​ខ្លះ មិនមែន​គិតតែ​ពី​ធ្វើឱ្យ​គ្រប់យ៉ាង រហូតដល់​គេ​មិនអាច​ធ្វើ​អ្វី​បាន​សោះ​នោះឡើយ។

    3/ ការ​ជេរ​ដាក់​ទំនាយ

    មិនមាន​កូន​ណា​ម្នាក់​ចង់​ឮ​ការ​ជេរ​ដាក់​ទំនាយ ឬ​ដាក់​បណ្តាសា​ពី​ឪពុកម្តាយ​ឡើយ ទោះជា​ការនិយាយ​នោះ​មិនមែនជា​ការតាំង​ចិត្ត​ក៏ដោយ ព្រោះ​នៅពេលដែល​និយាយ​ចេញទៅ​ហើយ ក្មេងៗនឹង​ចាំ​ជាប់​ក្នុង​ចិត្ត​នឹងធ្វើ​ឱ្យគេ​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​អាក្រក់​បាន។ ដូច្នេះហើយ ក្នុងការ​បង្ហាត់បង្រៀន​កូន ឪពុកម្តាយ​ចូរ​កុំ​ប្រើ​អារម្មណ៍ កំហឹង ឬ​ភ្លេចខ្លួន​និយាយ​ពាក្យ​ដាក់​ទំនាយ ឬ​ដាក់​បណ្តាសា​កូន​ឱ្យសោះ។

    4/ ការធ្វើ​ត្រាប់​តាម

    ការធ្វើ​ត្រាប់​តាម ទោះ​វា​គ្រាន់តែ​ជាការ​បន្លំ​លេង​បែបសប្បាយៗក៏ដោយ តែ​វា​ក៏​អាច​ហុច​ផលប៉ះពាល់​នៅពេល​កូនតូច​ធំធាត់​ឡើង​បាន​ដូចគ្នា ដែល​នឹងធ្វើ​ឱ្យគេ​ក្លាយជា​មនុស្ស​អៀនខ្មាស​ច្រើន និង​ពិបាក​ក្នុងការ​ចូលរួម​សង្គម​ជាមួយ​អ្នកដទៃ។ ដូច្នេះ​បើ​ឪពុកម្តាយ​មិន​ចង់ឱ្យ​កូន​ក្លាយជា​មនុស្ស​ដែល​បិ​ុ​ន​អៀនខ្មាស​ជ្រុល​ហួសហេតុ​នោះ ចូរ​កុំ​បណ្តោយឱ្យ​កូន​ស្ថិតនៅក្នុង​កណ្តាល​ការ​ត្រូវធ្វើ​ត្រាប់​ចំអក​យ៉ាង​ដាច់ខាត។

    5/ ការខ្វះ​ហេតុផល

    កណ្តាល​បរិស្ថាន​ជុំវិញខ្លួន​ដែល​ខ្វះ​នូវ​ហេតុផល ម្នាក់ៗប្រកាន់​យកតែ​គំនិត​ខ្លួនឯង​ជាធំ ច្រើនតែ​ធ្វើឱ្យ​កុមារ​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​ឆាប់​ខឹង​មួម៉ៅ និង​គ្មាន​ហេតុផល​បាន​ដូចគ្នា ហើយដោយ​ភាពជា​មនុស្ស​ឆាប់​ខឹង​មួម៉ៅ​នេះ​នឹង​ហុច​ផល​អាក្រក់​ដល់​ការរស់នៅ​នាពេល​អនាគត​របស់​ពួកគេ​យ៉ាងខ្លាំង។ ដូច្នេះ​ដើម្បីឱ្យ​កូន​ធំធាត់​ឡើង​យ៉ាង​មាន​ប្រសិទ្ធភាព និង​គុណ​ភាពល្អ​បំផុត​នោះ ឪពុកម្តាយ​ត្រូវតែ​ចាប់ផ្តើម​ពី​ការធ្វើឱ្យ​ខ្លួនឯង​ជា​មនុស្ស​មាន​ហេតុផល​ឱ្យកូនៗមើល​ជា​គំរូ​ជាមុនសិន​ទើប​ជាការ​ល្អប្រសើរ​បំផុត។

    តាមរយៈ​ទាំង5ចំណុច​ដែល ឡា​រ៉ែ​ន បាន​រៀបរាប់​មក សុទ្ធតែជា​សភាព​បរិស្ថាន​ជុំវិញខ្លួន​ដែល​សាង​នូវ​ទម្លាប់ និង​និស្ស័យ​មិនល្អ​ដល់​កូនតូច​នៅពេលដែល​គេ​ធំធាត់​ឡើង​បាន​ទាំងអស់ ហើយ​រឿង​ទាំងអស់នេះ​ភាគច្រើន​គឺ​កើតចេញ​ឪពុកម្តាយ​ទាំងអស់ ដូច្នេះ​ដើម្បីឱ្យកូនៗធំធាត់​ឡើង​យ៉ាង​មានគុណ​ភាពល្អ​បំផុត​នោះ ចូរ​កុំ​ភ្លេចខ្លួន​សាង​សភាព​បរិស្ថាន​ទាំងអស់នេះ​ឡើងមក​ធ្វើបាបកូនៗឱ្យសោះ៕

  • អង់គ្លេស សង្គ្រោះ​ការភិតភ័យ ខណៈ​អាល្លឺម៉ង់ បំបាក់ ន័​រ​វែ​ស ចាស់ដៃ

    អង់គ្លេស សង្គ្រោះ​ការភិតភ័យ ខណៈ​អាល្លឺម៉ង់ បំបាក់ ន័​រ​វែ​ស ចាស់ដៃ

    ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស បាន​សង្គ្រោះ​ការភិតភ័យ​មួយ ខណៈដែល​ពួកគេ​បានធ្វើការ​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ1គ្រាប់ ដើម្បី​ផ្តួល​ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី ក្នុង​លទ្ធផល 2-1 នា​កីឡដ្ឋាន Wembley កាលពី​ថ្ងៃ​ចន្ទ និង​ដើម្បី​បោះជំហាន​ចូលទៅ​កាន់តែ​កៀក​ក្នុងការ​ឈ្នះ​កៅអី​ទៅកាន់​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំក្រោយ ក្នុងប្រទេស​រុស្ស៊ី។

    កីឡាករ Stanislav Lobotka បាន​ដណ្តើមយក​ប្រៀប​លើ​ការធ្វេសប្រហែស​របស់​ក្រុម​អង់គ្លេស​ដើម្បី​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី មាន​គ្រាប់​បាល់​នាំ​មុខមុន1គ្រាប់​ក្រោយពី​លេង​បានត្រឹមតែ3នាទី មុននឹង​ក្រុម​អង់គ្លេស​របស់លោក Gareth Southgate បាន​បើក​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​តបត​វិញ។

    ក្រោយមក​ខ្សែការពារ Eric Dier រកបាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​ចុង​តង់​ទី1 ខណៈ​ខ្សែប្រយុទ្ធ​វ័យក្មេង Marcus Rashford បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន ប៉ុន្តែ​បាន​រក​គ្រាប់​បាល់​ឈ្នះ​ឲ្យ​ក្រុម​អង់គ្លេស​នាំមុខ5ពិន្ទុ​ដាច់​នៅលើ​កំពូល​តារាង​នៃ​ពូ​ល F ខណៈដែល​នៅសល់​ការប្រកួត​ត្រឹមតែ2លើក​ទៀត​ប៉ុណ្ណោះ។

    ស្របពេល​ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធ Timo Werner បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ក្នុងពេល​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​លត់​ក្រុម​ជម្រើសជាតិ​ន័​រ​វែ​ស​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-០ ក្នុង​ទីក្រុង Stuttgart ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក​របស់លោក Joachim Loew បាន​កត់ត្រា​ជ័យជម្នះ8លើក​ពី​ការប្រកួត​ទាំង8លើក​ក្នុង​ការប្រកួត​ក្នុង​ពូ​ល C។

    ប៉ុន្តែ ស្រប​ពេលដែល​ក្រុម​មាន​ចំណាត់ថ្នាក់​លេខ2 អៀរ​ឡង់​ខាង​ជើងបាន​ផ្តួល​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​ឆែក ក្នុង​លទ្ធផល 2-០ ក្នុង​ទីក្រុង Belfast ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នឹង​ត្រូវតែ​រង់ចាំ​រហូតដល់​ការប្រកួត​បន្ទាប់ ពោលគឺ​ការប្រកួត​នៅលើ​ទឹកដី​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង នា​ថ្ងៃទី5 ខែតុលា​ខាងមុខ ដើម្បី​ការ​ឈ្នះ​កៅអី​ជា​ស្វ័យប្រវត្តិ​ទៅកាន់​ប្រទេស​រុស្ស៊ី។

    លោក Loew គ្រូបង្វឹក​របស់​អាល្លឺម៉ង់ បាន​ឲ្យ​ដឹងថា៖ «នោះ​គឺជា​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​នៃ​កីឡាបាល់ទាត់​របស់​យើង»៕

    ប្រភពពី៖ BBC

  • រោងចក្រ​ស៊ីម៉ងត៍​ដ៏​ធំ​របស់​កម្ពុជា នឹង​ដំណើរ​ការផលិត​នៅ​ខែវិច្ឆិកា

    រោងចក្រ​ស៊ីម៉ងត៍​ដ៏​ធំ​របស់​កម្ពុជា នឹង​ដំណើរ​ការផលិត​នៅ​ខែវិច្ឆិកា

    រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​បំពាក់​ដោយ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​របស់​កម្ពុជា នឹង​បើក​ដំណើរការ​ផលិត​ជា​លើកដំបូង​របស់ខ្លួន​នៅ​ខែវិច្ឆិកា ឆ្នាំ 2017។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ក្នុង​យុទ្ធនាការ​ធ្វើតេស្ដ​គុណភាព​នៃ​ស៊ីម៉ងត៍ កាលពី​ព្រឹក​ថ្ងៃទី 04 ខែកញ្ញា ម្សិលមិញ។

    លោក ឧកញ៉ា លាង ម៉េង អគ្គនាយក ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បានឱ្យដឹងថា ក្រុមហ៊ុន​លោក កំពុងតែ​រៀបចំ​បើក​ដំណើរការ​រោងចក្រ​ស៊ីម៉ងត៍​ថ្មី ដ៏​ទំនើប​បំផុត ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​ទូក​មាស ខេត្តកំពត ជាមួយនឹង​ការចំណាយ​ទុន​ទឹកប្រាក់ ចំនួន 262 លាន​ដុល្លា​អាមេរិក ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​ចាប់ពី ខែវិច្ឆិកា​ឆ្នាំ 2017 នេះ​តទៅ។ រោងចក្រ​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន នេះ​នឹង​ក្លាយជា​រោងចក្រ​ស៊ីម៉ងត៍​ដែល​ធំជាងគេ និង​ទំនើប​បំផុត​ដោយ​ប្រើ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ អតិថិជន​នឹង​ទទួលបាន​ផលិតផល​ស៊ីម៉ងត៍​ពី​វត្ថុធាតុដើម​ដែលមាន​គុណភាព​ខ្ពស់បំផុត​ជាមួយនឹង​ប្រព័ន្ធគ្រប់គ្រង​បច្ចេកវិទ្យា​ចុងក្រោយបង្អស់។

    លោក​ឧកញ៉ា​បន្ដថា  ការវិនិយោគ​ដ៏​ធំ​រួមមួយ​នេះ​បានចាប់ផ្តើម​ឡើង​នៅ​ចុងឆ្នាំ 2015 ដោយ​ក្រុមហ៊ុន​ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​ទីផ្សារ​ក្នុងស្រុក និង​ការ​ចែកចាយ​ទីផ្សារ​របស់​ក្រុមហ៊ុន ជីបម៉ុង​គ្រុប​កម្ពុជា ជាមួយនឹង​ក្រុមហ៊ុន ស៊ីម៉ងត៍​ស្យាម របស់​ថៃ​ដែលជា​អ្នកជំនាញ ខាង​វិស័យ​សាងសង់ ជាច្រើន​ទសវត្សរ៍​មកហើយ។ ការវិនិយោគ​រួម​នេះ ផ្តល់​ជំហរ​ដ៏​រឹងមាំ​បំផុត​ក្នុង​ការកំណត់​នូវ​តម្រូវការ និង​ការចង់បាន​របស់​អតិថិជន​ដៃគូ ដែលជា​ជាងសំណង់ និង​អ្នក​សាងសង់​ផ្ទះ​គ្រប់រូប​នៅក្នុង​ទីផ្សារ​កម្ពុជា ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​នេះ។

    លោក​មានប្រសាសន៍ថា៖ «យើង​ចង់ឱ្យ​ប្រជាជន​កម្ពុជា​បាន​ស្គាល់​កាន់តែច្បាស់​ក៏ដូចជា​ធ្វើ ជា​សាក្សី​នូវ​គុណភាព​ដ៏​រឹងមាំ​នៃ​ស៊ីម៉ងត៍​ដែល​ផលិត​នៅក្នុង​ទឹកដី​កម្ពុជា ស៊ីម៉ងត៍​របស់​យើង​មានគុណ​ភាពល្អ​មិន​ចាញ់​ផលិតផល​នាំចូល​ពី​បរទេស​ដែរ។ វា​ជា​ស៊ីម៉ងត៍​ដ៏​រឹងមាំ​បំផុត​មួយ​ក្នុងស្រុក​ដែល​ជាទី​មោទនភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប »។

     

    ចាប់ពី​ខែ​វិ​ចិ្ឆ​កា​នេះ​តទៅ ប្រជាជន​កម្ពុជា​អាច​ចូលរួម​ធ្វើជា​សាក្សី​នៃ​គុណភាព​ដ៏​រឹងមាំ​របស់​ស៊ីម៉ងត៍ ដែល​ផលិត​ក្នុងស្រុក​បាន​ហើយ។ ក្រុមការងារ​របស់​ក្រុមហ៊ុន​ជីបម៉ុង​នឹងធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តាល​ខេត្ត​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី 4 ខែកញ្ញា រហូតដល់​ខែតុលា ឆ្នាំ 2017 ដើម្បីឱ្យ​អ្នកប្រើប្រាស់​យល់​កាន់តែច្បាស់​នូវ​គុណភាព​នៃ​ស៊ីម៉ងត៍​ដែលជា​ផលិត​ក្នុងស្រុក​មួយ​នេះ។

     

    នៅ​ថ្ងៃទី 6 និង​ទី 7 ខែកញ្ញា នេះ​ក្រុមការងារ​ជំនាញ​របស់​ក្រុមហ៊ុន ជីបម៉ុង នឹង​បន្ត​ធ្វើដំណើរ​ទៅ​ជួប​ប្រជាជន​កម្ពុជា នៅ​ផ្សារ​អូ​ឬ​ស្សី និង​ផ្សារ​អូឡាំពិក ដោយ​មានការ​ផ្តល់នូវ​ព័ត៌មាន​ពី​ផលិតផលថ្មីៗ ការលេង​ល្បែង​កម្សាន្ត​ដើម្បី​យក​រង្វាន់ ព្រមទាំង​កម្មវិធីសប្បាយៗជាច្រើន​ទៀត។ ប្រជាជន​កម្ពុជា​អាច​ចូលរួម​ពិសោធន៍​គុណភាព​ស៊ីម៉ងត៍​របស់​កម្ពុជា ជាមួយ​ក្រុម​អ្នកជំនាញ និង​ការបង្ហាញ​នូវ​បច្ចេកទេស​ក្នុងការ​បូក​ស៊ីម៉ងត៍​ឱ្យបាន​រលោង​ស្អាត​ហើយ​ធានា​គុណភាព​កាន់តែ​ជាប់​បានយូរ៕

  • រថយន្ត Q5 បំពាក់បច្ចេកវិទ្យា Quattro ស៊េរីឆ្នាំ 2018 មកដល់ស្រុកខ្មែរហើយ (មានវីដេអូ)

    រថយន្ត Q5 បំពាក់បច្ចេកវិទ្យា Quattro ស៊េរីឆ្នាំ 2018 មកដល់ស្រុកខ្មែរហើយ (មានវីដេអូ)

    ក្រោយទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកប្រើប្រាស់កម្ពុជា ក្រុមហ៊ុន Audi Cambodia កាលពីព្រឹកថ្ងៃទី4 ខែកញ្ញា ឆ្នាំ2017 នេះ បានធ្វើការណែនាំនូវរថយន្ត Audi Q5 ជំនាន់ទី 2 ដែលជារថយន្ត SUV ប្រភេទស្ព័រ និងមានការរចនាផ្ទៃខាងក្នុងយ៉ាងស្រស់ស្អាត ជាមួយនឹងកម្មវិធីកំណត់ប្រកបដោយបច្ចេកវិទ្យាខ្ពស់ Quattro។

    ចំពោះរថយន្ត Audi Q5 ស៊េរីឆ្នាំ 2018 នេះ មាន 2 ប្រភេទ Sport និង Design lines បំពាក់នូវម៉ា​ស៊ីនចំនួន 4 ទំហំ 2.0 L TFSI និងប្រើនូវបច្ចេកវិទ្យា Quattro ដែលផ្ដល់នូវសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលដល់ការបើកបរ។  រថយន្តSUV ថ្មីនេះ ត្រូវបានបង្កើតឡើងជាមួយរូបរាងកាន់តែប្រណីត ស្ទើរតែដូចនឹងAudi Q7 ឆ្នាំ 2017 និងប្លែកពីរថយន្ត Audi Q5 កាលពីឆ្នាំទៅ ហើយមានលក្ខណៈស្រស់ស្អាតនៅពេលបើកបរលើដងផ្លូវ។

    តាមការបញ្ជាក់ពីលោក Antoine Jeanson នាយកផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Audi Cambodia បានមានប្រសាសន៍ឱ្យដឹងថា រថយន្ត Audi Q5 2.0 TFSI Quattroត្រូវបានក្រុមហ៊ុនគិតគូរជាពិសេសសម្រាប់ស្ថានភាពផ្លូវនៅប្រទេសកម្ពុជា។ ដោយបច្ចេកវិទ្យា Quattroជាបច្ចេកវិទ្យាដ៏ទំនើបបំផុតពីក្រុមហ៊ុន Audi ដោយកង់រថយន្តទាំង 4 ដំណើរការព្រមគ្នា ប៉ុន្ដែវានឹងធ្វើកាផ្ដាច់ប៉ុងក្រោយចេញមួយ នៅពេលណាដែលមិនចាំបាច់ហើយនៅពេលចាំបាច់ វាអាចភ្ជាប់ឡើងវិញបានភ្លាមៗដែរ។ ក្នុងនោះ វាក៏មានមុខងារគ្រប់គ្រងស្ថានភាពផ្លូវ ប្រសិនបើកង់ណាមួយជាប់ផុង ឬរអិល Quattro នឹងបញ្ឈប់កង់នោះមិនឱ្យវិល ដោយឱ្យកង់ 3 ទៀតដំណើរការតែប៉ុណ្ណោះ។ ចំណុចនេះ វាធ្វើឱ្យរថយន្តមិនឃ្លោង ឬវៀចចេញពីផ្លូវឡើយ។

    លោកបន្ដថា រថយន្ដ Audi Q5 ក៏មានបំពាក់ភ្លើង LED និងភ្លើងស៊ីញ៉ូបត់គ្រប់ម៉ូដស៊េរីថ្មី មាន Sensor សម្គាល់ពន្លឺ/ភ្លើង និងមុខងារបញ្ចេញពន្លឺយ៉ាងពិសេស សម្រាប់ការបត់ធម្មតា ការបត់លើផ្លូវកោង ​ផ្លូវមមាញឹក និងផ្លូវដែលមានអាកាសធាតុមិនល្អ។ ដោយឡែកចំពោះកម្លាំងម៉ាស៊ីន វាមានសម្ទុះពី 0 ទៅ 100 គម ក្នុងរយៈពេលត្រឹមតែ 6.3 វិនាទី។ មានកម្លាំងបញ្ចេញ 185 kW ស្មើនឹង 252 សេះ និងស៊ីសាំងត្រឹមតែ 6.8 លីត្រប៉ុណ្ណោះក្នុង 100 គ.ម។

    បើប្រៀបធៀបជាមួយនឹងម៉ូដែលមុនៗ រថយន្ត Q5 ថ្មីទាំងអស់បានពង្រីកទំហំរបស់ខ្លួនដែលមានប្រវែង 4.66 ម៉ែត្រ ទទឹង 1.89 ម៉ែត្រ និងកម្ពស់ 1.66 ម៉ែត្រ និងមានគម្លាតពីកង់មុខទៅកង់ក្រោយប្រវែង 2.82 ម៉ែត្រ។ Audi បានកាត់បន្ថយទម្ងន់រថយន្ត 125 គីឡូក្រាមចេញ ឱ្យនៅសល់តែ 1,720 គីឡូក្រាមប៉ុណ្ណោះ។ Audi Q5 ឥឡូវមានតួរថយន្តស្រាលនៅគ្រប់ផ្នែករបស់ខ្លួន ហើយតួរបស់រថយន្តធ្វើឡើងអំពីដែកថែបដ៏រឹងមាំ និង ដែកអាលុយមីញ៉ូមដ៏ពិសេស។

    កាន់តែអស្ចារ្យយ៉ាងខ្លាំងលើការបន្ថែមភាពរឹងមាំលើចំណុចផ្ទេរកម្លាំងពីប្រព័ន្ធហ្រ្វាំង និងម៉ាស៊ីន ទៅតួរថយន្តដែលធ្វើឱ្យការចាប់ហ្រ្វាំងប្រកបដោយ ឌីណាមិក និងរស់រវើក។ Q5 នៅតែស្ថិតក្នុងចំណាត់ថ្នាក់កំពូលលើឌីណាមិកខ្យល់របស់ខ្លួនក្នុងកម្រិត 0.30 ដែលមានដំបូលធ្វើឡើងជាលក្ខណៈឌីណាមិកខ្យល់។ សំឡេងខ្សល់គឺមានកម្រិតទាប ហើយកម្រិតរំញ័រខ្ពស់។ រថយន្ត SUV ស៊េរីថ្មីរបស់ Audi មិនបង្កឱ្យមានសំឡេងរំខាន ហើយធ្វើឱ្យអ្នកបើកបរ និងអ្នកដំណើរមានផាសុកភាពក្នុងការធ្វើដំណើរ។

    លោក Antoine Jeanson ជានាយកផ្នែកប្រតិបត្តិការនៅកម្ពុជា បានមានប្រសាសន៍ថា “ត្រឹមតែពីរបីខែ ក្រោយការចាប់ផ្ដើមនៅទូទាំងពិភពលោករថយន្ដ Audi Q5 ស៊េរីថ្មីនេះ បានមកដល់ប្រទេសកម្ពុជាដើម្បីបន្តភាពជោគជ័យ Audi quattroនៅទីនេះ” និងបានគូសបញ្ជាក់ថា “យើងផ្ដល់ជូនតាមការសន្យារបស់យើងដើម្បីនាំយកម៉ូដែលចុងក្រោយរបស់ Audi ឱ្យបានកាន់តែឆាប់មកជូនអតិថិជននៅកម្ពុជា”។

    រថយន្ត Audi Q5 នាំមកជាមួយនូវប្រព័ន្ធសំឡេង Audi។ ប្រព័ន្ធសំឡេង Bang & Olufsen ដែលមានសំឡេង 3D ដែលល្អប្លែកដាច់ពីគេ គឺជាប្រភពប្រព័ន្ធសំឡេងស្តង់ដារនៅក្នុងរថយន្ដប្រភេទ Sport និង Design lines ។ រថយន្ដ Audi Q5 ស៊េរីថ្មីបានមកដល់ទីក្រុងភ្នំពេញ នៅខែកញ្ញា ឆ្នាំ2017 ។ Audi Q5 នឹងផ្ដល់ជូនការធានារយៈពេលពីរឆ្នាំដោយមិនកំណត់រយៈចម្ងាយបើកបរ។ តម្លៃលក់របស់ Q5 2.0 TFSI Quattro ស៊េរីថ្មីនេះគឺមានតម្លៃចាប់ពី 89,800.00 ដុល្លារ៕

  • នាង Veronica Shiu អរគុណការបោះឆ្នោតជ្រើសរើសបវរកញ្ញាហុងកុងតាមប្រព័ន្ធថ្មី…

    នាង Veronica Shiu អរគុណការបោះឆ្នោតជ្រើសរើសបវរកញ្ញាហុងកុងតាមប្រព័ន្ធថ្មី…

    មិនបាច់ថ្លែងទេ ព្រោះនាង Veronica Shiu ពិតជាមានសម្រស់ស្រស់ផូរផង់ ប្រកបដោយកែវភ្នែកស្រទន់ និងទឹកមុខបង្កប់ភាពស្លូតបូត ដែលស្តែងចេញុយ៉ាងច្បាស់ពេលនាងបានទទួលមហាជោគជ័យក្នុងការគ្រង​មកុដរាជិនីកំពូលសម្រស់ប្រចាំទីក្រុងហុងកុង ហើយអ្វីដែលធ្វើឲ្យអ្នកតាមដានគ្រប់គ្នាកាន់តែរំភើប និងមានមោទនភាព​ចំពោះរូបនាងទៀតនោះ គឺគ្រាន់តែចេញរូបភាពឈ្នះពានរង្វាន់ដ៏ធំធេងនេះភ្លាម នាងក៏បានថ្លែងអំណរគុណ​ចំពោះប្រព័ន្ធបោះឆ្នោតថ្មីមួយ ដែលបានផ្តល់ភាពយុត្តិធម៌ពិតៗដល់ការប្រកួត។

    ក្នុងចំណោមអ្នកបោះឆ្នោតទាំងអស់ចំនួនជាង 2០០,០០០ សំឡេង នាង Shiu តែម្នាក់ឯងទទួលបានរហូតដល់ទៅ 156,០០០សំឡេងទៅហើយ។ នាង Shiu វ័យ 24ឆ្នាំរូបនេះ ពិតជារីករាយខ្លាំងណាស់ ចំពោះលទ្ធផលដែលប្រកបដោយភាពយុត្តិធម៌ដែលទទួលបានពីប្រព័ន្ធបោះឆ្នោតជ្រើសរើសបែបថ្មីនេះគឺ «មនុស្សម្នាក់ ឆ្លោតមួយសន្លឹក ឬមួយសំឡេង» ដែលមានន័យថា អ្នកគាំទ្រម្នាក់អាចបោះឆ្នោតបានតែមួយសំឡេងប៉ុណ្ណោះ។

    គួរបញ្ជាក់ផងដែរថា  ជោគជ័យរបស់នាងកើតមានឡើង​ក្រោយពីគណៈកម្មការទាំងអស់ធ្វើការជ្រើសរើសបានបវរកញ្ញា7រូបចុងក្រោយ ក្នុងចំណោម ១០រូប ដើម្បីទទួលការបោះឆ្នោតគាំទ្រផ្តាច់ព្រ័ត្រតាមប្រព័ន្ធថ្មីពីប្រិយមិត្តនៅហុងកុងងឡាយ៕

  • ការដាក់ពិន័យ​បែប​វិជ្ជមាន​ជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​អប់រំ​កុមារ

    ការដាក់ពិន័យ​បែប​វិជ្ជមាន​ជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​អប់រំ​កុមារ

    ការវាយដំ ការស្តីបន្ទោស និង​សកម្មភាព​គំរាមកំហែង ជា​ទម្លាប់​មិនល្អ​មួយ​ដែល​មនុស្ស​ជំនាន់​មុន​តែងតែ​ប្រើប្រាស់​ដើម្បី​អប់រំកូនៗ ឬ​គ្រូ​ប្រើ​សម្រាប់​ដាក់ទោស​ដល់​សិស្ស​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ពួកគេ​ខំរៀន​ជាដើម។

    សកម្មភាព​ទាំងអស់នេះ​ត្រូវបាន​អ្នក​អប់រំ​ភាគច្រើន​មើលឃើញថា អាច​បណ្តាលឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​ខួរក្បាល​របស់​សិស្ស ឬ​អាចធ្វើឱ្យ​ពួកគេ​បាក់​ស្មារតី មិន​ហ៊ាន​ប្រឈម​ជាមួយនឹង​បញ្ហា ហើយ​មិន​ចង់ទៅ​រៀន។ ផ្តើមចេញពី​ការប្រើប្រាស់​ហិង្សា ក្មេងតូចៗក៏​អាច​ក្លាយជា​មនុស្ស​ដែល​ចូលចិត្ត​ប្រើ​ហិង្សា​ដើម្បី​ដោះស្រាយ​បញ្ហា​ផងដែរ​នៅ​ថ្ងៃ​អនាគត។

    មាន​អាណាព្យាបាល​ជាច្រើន​គិតថា គ្មាន​វិធី​ណា​ផ្សេង​ក្រៅពី​ការប្រើ​អំពើហិង្សា​នោះទេ ដើម្បី​អប់រំ​កូន តែ​តាមពិតទៅ​មាន​វិធីសាស្ត្រ​ជាច្រើន ដែល​ក្នុងនោះ​ការដាក់ពិន័យ​តាមបែប​វិជ្ជមាន ក៏​ជា​វិធី​សំខាន់​មួយ​ដែល​អាចជួយ​ឱ្យ​ក្មេង​ទទួលបាន​ការផ្លាស់ប្តូរ​ប្រកបដោយ​ភាព​វិជ្ជមាន។ ការដាក់ពិន័យ​ដោយ​វិជ្ជមាន​នេះ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយនឹង​អង្គការ UNICEF នៅ​កម្ពុជា ធ្វើការ​បណ្តុះបណ្តាល​ដល់​គ្រូ​នៅ​សាលាបឋមសិក្សា​ចំនួន 172 នៅ​កម្ពុជា ក៏ដូចជា​បណ្តុះបណ្តាល​ដ​ល់​នាយក​សាលា​ផងដែរ។

    យោងតាម​ការបង្ហាញរ​បស់ UNICEF បានឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ជួយ​ឱ្យ​គ្រូ​នៅ​សាលាបឋមសិក្សា​យល់​ពី​អត្ថន័យ​នៃ​អំពើហិង្សា និង​ពី​ផលប៉ះពាល់​របស់​វា​លើ​សុខុមាលភាព​កុមារ​ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង។ គ្រូ​ក៏បាន​ចាប់ផ្តើម​ប្រើប្រាស់​វិធីសាស្ត្រ​នេះ  ដើម្បី​ដាក់វិន័យ​លើ​សិស្ស និង​គ្រប់គ្រង​ថ្នាក់រៀន​តាមបែប​វិជ្ជមាន ជំនួស​ឲ្យ​ការប្រើប្រាស់​អំពើហិង្សា ហើយ​គោល​វិធី​បែបនេះ​បាន​ជួយ​បង្កើត​នូវ​ទំនាក់ទំនង​កាន់តែ​ល្អ​រវាង​សិស្ស និង​គ្រូ​ផងដែរ។ ឧទាហរណ៍ សិស្ស និង​គ្រូ​ចេះ​បង្កើត​បទបញ្ជាផ្ទៃក្នុង​រួមគ្នា​សម្រាប់​ថ្នាក់រៀន ដែល​កំណត់​យ៉ាងច្បាស់​ពី​ឥរិយាបថ ដែល​ចាត់ទុកថា សមស្រប និង​មិន​សមស្រប​នៅក្នុង​ថ្នាក់រៀន។ សិស្ស​ច្រើនតែ​អនុវត្ត​ទៅតាម​បទបញ្ជាផ្ទៃក្នុង​នេះ នៅពេលដែល​ពួកគេ​មានឱកាស​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការរៀបចំ​ការបង្កើត​បទបញ្ជាផ្ទៃក្នុង​ទាំងនេះ​ជាមួយនឹងគ្រូៗរបស់​ពួកគេ៕

  • វិវាទ​ការងារ​ឆ្នាំនេះ មាន​ចំនួន70ករណី តែ​ដោះស្រាយបាន​តិចតួច

    វិវាទ​ការងារ​ឆ្នាំនេះ មាន​ចំនួន70ករណី តែ​ដោះស្រាយបាន​តិចតួច

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង បាន​ថ្លែងថា វិវាទ​ការងារ​ក្នុង​ឆមាស​ទី1ឆ្នាំនេះ​មាន​ចំនួន70ករណី ប៉ុន្តែ​ដោះស្រាយបាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។

    លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ស្តីពី​សេចក្តីព្រាងច្បាប់ ស្តីពី​នីតិវិធី​ជម្រះក្តី វិវាទ​ការងារ នៅ​ព្រឹក​ថ្ងៃទី4 ខែកញ្ញា ឆ្នាំ2017នេះ​ថា ក្នុង​ឆមាស​ទី1 ឆ្នាំ2017 នាយកដ្ឋាន​វិវាទ​ការងារ បាន​ដោះស្រាយ​វិវាទ​បុគ្គល​ចំនួន70ករណី ដោះស្រាយបាន6ករណី មិនទាន់​ដោះស្រាយបាន​ចំនួន56ករណី និង​មោ​ឃៈ​ចំនួន8ករណី និង​ដោះស្រាយ​វិវាទ​ការងារ​រួម​ចំនួន15ករណី ដោះស្រាយបាន3ករណី និង​មិនទាន់​ដោះស្រាយបាន​ចំនួន12ករណី។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ការដោះស្រាយ​វិវាទ​ការងារ​បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​បន្ថែម ក្នុងនោះ​គឺ​បញ្ហា​ប្រឈម​នឹង​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​បច្ចុប្បន្ន​របស់​កម្ពុជា។

    ទាក់ទង​នឹង​ច្បាប់​ថ្មី​មួយ​ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លោក អ៊ិត សំហេង បាន​បញ្ជាក់ថា ច្បាប់​នេះ​នឹង​ធានា​ក្នុង​ការផ្តល់​យុត្តិធម៌​លើ​បណ្តឹង​ការងារ​គ្រប់​ប្រភេទ​ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជន​ទាំងឡាយណា​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​ធានា​សុខដុម​នីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ បរិយាកាស​ល្អ​សម្រាប់​ការវិនិយោគ និង​បង្កើត​ការងារ។

    លោក Alain Pelce អ្នកជំនាញការ​ជាន់ខ្ពស់​ផ្នែក​ច្បាប់​ស្តីពី​ការងារ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ច្បាប់​នេះ​គឺជា​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មី​មួយទៀត​ដែល​បង្កើត​ឲ្យ​មាន​ជា​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​មួយ​ពេញលេញ​ដែល​រួមមាន​ទាំង​ការជំនុំជម្រះ​រឿងក្តី​ការងារ​ដោយ​តុលា​ការងារ ហើយ​ការរៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​ដែល​នឹង​រួមចំណែក​ក្នុងការ​ពង្រឹង​នីតិរដ្ឋ ការធានា​នូវ​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ក៏ដូចជា​រួមចំណែក​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​ឲ្យ​កាន់ តែមាន​ប្រសិទ្ធភាព​បន្ថែម​ផងដែរ៕