Category: សង្គម និងសេដ្ឋកិច្ច

  • មនុស្ស​ចាស់​ដែល​មិនបាន​ចូល​សាលា​ពី​ក្មេង មានសង្ឃឹម​បាន​រៀន​វិញ​ហើយ

    មនុស្ស​ចាស់​ដែល​មិនបាន​ចូល​សាលា​ពី​ក្មេង មានសង្ឃឹម​បាន​រៀន​វិញ​ហើយ

    ទិវា​អក្ខរកម្ម​ជាតិ អន្តរជាតិ ជា​ទិវា​មួយ​ដែល​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី8 ខែកញ្ញា​ជា​រៀងរាល់ឆ្នាំ ដើម្បី​ជំរុញ​ឱ្យ​មនុស្ស​គ្រប់គ្នា​ទទួលបាន​ការអប់រំ ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ សម្រាប់​ជួយ​ដល់​ការរស់នៅ​ក្នុងសង្គម និង​ពិភពលោក។

    សម្រាប់​ឆ្នាំ2017នេះ នៅ​កម្ពុជា​យើង​នឹង​ប្រារព្ធ​ទិវា​អក្ខរកម្ម​ជាតិ អន្តរជាតិ ក្រោម​ប្រធានបទ «អក្ខរកម្ម​ផ្សារភ្ជាប់​នឹង​សហគមន៍» ដែល​បើ​យោងតាម​ក្រសួង​អប់រំ យុវជន និង​កីឡា បានបង្ហាញ​ផងដែរ​ថា ចំណុចសំខាន់ៗដែល​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​កម្មវិធី​យ៉ាង​មាន​សារៈសំខាន់​នោះ គឺ​ផ្តោតលើ​ភាព​សំខាន់​នៃ​អក្ខរកម្ម​សម្រាប់​ការអភិវឌ្ឍ សម្រាប់​សេដ្ឋកិច្ច​គ្រួសារ និង​សម្រាប់​ភាព​សុខដុម​ក្នុង​ជីវិត​របស់​ប្រជាជន​គ្រប់រូប។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា កម្មវិធី​អក្ខរ​កម្មនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ដើម្បី​ធ្វើឱ្យ​ប្រជាជនមាន​ចំណេះដឹង​ជា​មូលដ្ឋាន​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត រួមទាំង​ចាប់យក​ឱកាស​ជាច្រើន​ទៀត​សម្រាប់​ការអភិវឌ្ឍ​ខ្លួនឯង។ ហេតុនេះហើយ​ទើប​ក្រសួង​អប់រំ លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មិនបាន​ចូលរៀន​នៅ​សាលា​អាច​ចូលរៀន​នៅ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ប្រមាណ​ជាង 350 កន្លែង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជា 17,000នាក់​បាន​ចេះអក្សរ។

    លោក គួច គូ​លំអ ប្រធាន​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ នៃ​ក្រសួង​អប់រំ បាន​លើកឡើងថា ការ​ប្រារព្ធ​ទិវា​អក្ខរកម្ម​ជាតិ អន្តរជាតិ​នៅ​ឆ្នាំនេះ យើង​នឹងធ្វើ​នៅ​ខេត្តបាត់ដំបង ហើយ​កម្មវិធី​នេះ​នឹង​ជួយ​ដល់​ប្រជាជន​នៅតាម​មូលដ្ឋាន ព្រោះ​កាលណា​ពួកគាត់​ចេះអក្សរ និង​ចេះ​លេខ ហើយ​មាន​ជំនាញ​ច្បាស់លាស់ គាត់​នឹង​អាច​រកប្រាក់​ចំណូល​បាន។ លើសពីនេះ គាត់​នឹង​អាច​ចេះ​គិតពិចារណា​បាន​ត្រឹមត្រូវ ដោយ​អាច​កាត់បន្ថយ​អំពើហិង្សា​ក្នុង​គ្រួ​សារបាន​ទៀតផង។

    លោក​ប្រធាន​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ​បាន​បន្ថែមទៀតថា កម្មវិធី​អក្ខរកម្ម​ជាតិ​នេះ​បាន​លើកតម្កើង​តម្លៃ​ប្រជាធិបតេយ្យ ជួយ​អភិវឌ្ឍ​ប្រទេស​ឱ្យ​ការរស់នៅ​ជាមួយគ្នា​មាន​ភាពសុខដុមរមនា និង​បង្កើន​សាមគ្គីភាព​សហគមន៍៕

  • Bross La ជោគជ័យបើកហាង មីហិរ 7កម្រិត

    Bross La ជោគជ័យបើកហាង មីហិរ 7កម្រិត

    បន្ទាប់ពីជោគជ័យនៅលើវិថីសិល្បៈយ៉ាងខ្លាំងរួចមក តារាចម្រៀងរ៉េប Bross La បានបើកអាជីវកម្មផ្ទាល់ខ្លួនធំមួយទៀត គឺ ហាងមីហិរ 7កម្រិត ដែលមានសាខាដំបូងគេនៅខេត្តបាត់ដំបង។ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងជាអតិថិជនរបស់លោក ថ្មីៗនេះលោកក៏បានសម្រេចចិត្តបើកសាខាថ្មីបន្ដទៀតនៅក្នុងខេត្តកំពង់ចាម និង ទីក្រុងប៉ោយប៉ែត។

    បើតាមសម្ដីប្រុសឡា បានប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែន ឱ្យដឹងថា ហាង មីហិរ 7 កម្រិត នេះគឺលោកបានទិញ Franchise មកបើកបន្ដពីសាខារាជធានីភ្នំពេញទៅបើកនៅតាមបណ្ដាខេត្តនានា ដូចជា កំពង់ចាម បាត់ដំបង  ជាដើម។ ហើយថ្មីៗនេះលោកថា លោកមានភាពមមាញឹកច្រើនក្នុងការរៀបចំហាងនៅជិតច្រកតំបន់សេដ្ឋកិច្ចអន្តរជាតិខ្មែរ -ថៃ ក្នុងទីក្រុងប៉ោយប៉ែតដែលជាសាខាថ្មីមួយទៀត ដែលគ្រោងនឹងសម្ពោធនាថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដូច្នេះហើយទើបការចេញបទចម្រៀងថ្មីត្រូវបានផ្អាកមួយរយៈសិន។

    ជាចុងក្រោយ តារាចម្រៀងរូបនេះក៏បានផ្ដាំផ្ញើទៅកាន់ប្រិយមិត្តអ្នកគាំទ្រគ្រប់រូបក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ឱ្យធ្វើដំណើរទៅលេងស្រុកកំណើតប្រកបដោយសេចក្ដីសុខសុវត្ថិភាព និងមានសុខភាពល្អ​ ហើយជាពិសេស ប្រសិនបើបងប្អូនណាដែលបានទៅលេងនៅទីក្រុងប៉ោយប៉ែត សូមកុំភ្លេចចូលទៅភ្លក្សរសជាតិមីហិរ នឹងជួយគាំទ្រហាងរបស់លោកទាំងអស់គ្នាផង៕

    សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • FIFA បញ្ជា​ឲ្យ​អាហ្វ្រិក​ខាងត្បូង និង​សេ​ណេ​ហ្គា​ល់ ប្រកួត​ជម្រុះ World Cup ម្តងទៀត

    FIFA បញ្ជា​ឲ្យ​អាហ្វ្រិក​ខាងត្បូង និង​សេ​ណេ​ហ្គា​ល់ ប្រកួត​ជម្រុះ World Cup ម្តងទៀត

    សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា FIFA កាលពី​ថ្ងៃ​ពុធ បាន​បញ្ជា​ឲ្យ​រៀបចំ​ការប្រកួត​ជម្រុះ World Cup រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាហ្វ្រិក​ខាងត្បូង និង​ក្រុម​សេ​ណេ​ហ្គា​ល់ ជាថ្មី​ម្តងទៀត ក្រោយពី​លោក​អាជ្ញាកណ្តាល​បាន​រង​ពិន័យ​ព្យួរការងារ​អស់​មួយជីវិត​ពីបទ​កំណត់​លទ្ធផល​នៃ​ការប្រកួត​ទុកជាមុន។

    ការប្រកួត​រវាង​ក្រុម​ទាំងពីរ​កាលពី​ខែវិច្ឆិកា ឆ្នាំ2016 បានបញ្ចប់​ដោយ​ក្រុម​អាហ្វ្រិក​ខាងត្បូង យកឈ្នះ​ក្នុង​លទ្ធផល 2-1 ក្រោយពី​លោក​អាជ្ញាកណ្តាល​សញ្ជាតិ​ហ្គា​ណា Joseph Lamptey បានផ្តល់​ការពិន័យ​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស​មួយ។ លោក Lamptey ដំបូង​ឡើយ​បាន​រង​នូវ​ការព្យួរ​ការងារ​រយៈពេល៣ខែ ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​ទ្វីបអាហ្វ្រិក​ហៅ​កាត់​ថា CAF សម្រាប់​ការផ្តល់​បាល់​ប៉េ​ណា​ល់​ទី1គ្រាប់ ដែល​មិនមែនជា​កំហុស​ធ្វើ​ឲ្យ​បាល់​ប៉ះ​ដៃ ខណៈដែល FIFA បានផ្តល់​ការពិន័យ​ព្យួរការងារ​អស់​មួយជីវិត​កាលពី​ខែមីនា។

    ព័ត៌មាន​នៃ​ការធ្វើ​ការប្រកួត​ឡើងវិញ​នេះ នឹង​ផ្តល់នូវ​ការជឿជាក់​មួយ​ដល់​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់ ដែល​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 ពោលគឺ​ដេញតាម​ពីក្រោយ​ក្រុម​ជម្រើសជាតិ​កាប់​វែ​រ និង​បួ​គី​ណា​ហ្វា​សូ ចំនួន1ពិន្ទុ ក្នុងការ​ប្រកួត​ជម្រុះ​តំបន់​អាហ្វ្រិក​ក្នុង​ពូ​ល D ខណៈដែល​នៅសល់​ការប្រកួត​ត្រឹមតែ2លើក​ទៀត​ប៉ុណ្ណោះ។ មានតែ​ក្រុម​ឈរ​លេខ1ក្នុង​ពូ​ល​មួយ​ប៉ុណ្ណោះ​ដែល​អាច​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ2018 នៅ​រុស្ស៊ី។

    FIFA បានធ្វើការ​ពន្យល់ថា ការសម្រេចចិត្ត​ក្នុងការ​បញ្ជា​ឲ្យ​មានការ​រៀបចំ​ការប្រកួត​ឡើងវិញ​នេះ កើតឡើង​ក្រោយពី​តុលាការ​អាជ្ញាកណ្តាល​កីឡា​បានប្រកាស​គាំទ្រ​ការដាក់ពិន័យ​ព្យួរការងារ​អស់​មួយជីវិត​ដល់​លោក​អាជ្ញាកណ្តាល Joseph Lamptey ពីបទ​កំណត់​លទ្ធផល​នៃ​ការប្រកួត ក្រោយពី​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាវិន័យ​របស់ FIFA។

    FIFA បាន​បញ្ជាក់ថា ការប្រកួត​នោះ​នឹងត្រូវ​លេង​នៅ​ខែវិច្ឆិកា ឆ្នាំ2017 អំឡុងពេល​ការបើក​យុទ្ធនា​ការប្រកួត​អន្តរជាតិ ខណៈដែល​កាលបរិច្ឆេទ​ជាក់លាក់​នឹងត្រូវ​ប្រកាស​ជា​ក្រោយ៕

    ប្រភពពី៖ Sky Sports

  • កម្ពុជារំពឹងទទួលបាន500លានដុល្លារពីផលិតកម្មប្រេងប្រចាំឆ្នាំ

    កម្ពុជារំពឹងទទួលបាន500លានដុល្លារពីផលិតកម្មប្រេងប្រចាំឆ្នាំ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងថា កម្ពុជានឹងទទួល​បានចំណូលប្រមាណ500លានដុល្លារអាមេរិកពីផលិតកម្មប្រេងលើកដំបូងដែលរំពឹងទទួលបានធនធានប្រេង47លានបារ៉ែលពីតំបន់ប្លុកA។

    រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលោក ម៉េង ស័ក្តិធារ៉ា បានថ្លែងឲ្យដឹងថា បើតាមការសន្និដ្ឋានបរិមាណប្រេងនៅក្នុងប្លុកA ដែលអាចធ្វើការបូមបាននាពេលអនាគត កម្ពុជាអាចទទួលបានប្រមាណ6.5ភាគរយ ស្មើនឹង47លានបារ៉ែល ជាប្រភេទប្រេងឆៅដែ​ល​អាចបូមយកមកលើដីបាន។ លោកបន្តថា ពាក់ព័ន្ធនឹងប្រេងកាតនៅក្នុងប្លុកAនេះ កន្លងមកយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសារពើរពន្ធ និងកិច្ចព្រមព្រៀ​ងបច្ចេកទេសរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន គ្រីស អេនើជី   (Kris Energy) រួចមកហើយដើម្បីដំណើរឆ្ពោះទៅការផលិតប្រេងនៅក្នុងប្លុកនេះ ។

    លោកបន្តថា “បើតាមការសន្និដ្ឋានដែលបានសិក្សាស្រាវជ្រាវកន្លងមក យើងអាចធ្វើការប៉ាន់ស្មានបានថា ប្រេងក្នុងប្លុកAនេះដែលយើងអាចធ្វើការបូមបានមានចំនួនប្រមាណ6.5ភាគរយ ស្មើនឹង47លានបារ៉ែល ជាប្រេងដែលយើងបូមពីក្នុងដីយកមកលើគោកពិតប្រាកដ”។

    លោករដ្ឋលេខាធិការបានបន្តថា ប្រសិនមានការប្រែប្រួលលើលក្ខណៈសណ្ឋានដី និងភាពអំណោយផលនៅលើដីនោះ អត្រានៃការធ្វើអាជីវកម្មនឹងអាចកើនឡើងដល់15ភាគរយជាបន្តទៀត ដោយយើងអាចធ្វើការបូមទាញយកបានប្រមា​ណជា110លានបារ៉ែលថែមទៀត។

    លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុនEmerging Market Consulting បាន​ថ្លែងថា វាជារឿងដែលត្រូវអបអរសាទរចំពោះ​ដំណឹងដ៏ល្អនេះ ប៉ុន្តែជាមួយគ្នានេះកម្ពុជានៅមានរយៈពេលវែងបន្ថែមទៀតដើម្បីរៀបចំបទដ្ឋានច្បាប់ និងបទប្បញ្ញត្តិនានាដើម្បីធ្វើយ៉ាងណាឲ្យធនធានប្រេងទទួលបាន និងទឹកប្រាក់ដែលបានពីប្រេងនេះនឹងត្រូវប្រើប្រាស់បែងចែកច្បាស់លាស់ដើម្បីយកមកអភិវឌ្ឍប្រទេសជាតិ។

    លោកបន្តថា “វិស័យនេះជាវិស័យថ្មីសម្រាប់កម្ពុជា ហេតុនេះការរៀបចំច្បា​ប់បទដ្ឋានច្បាស់លាស់ជារឿងមួយសំខាន់ណាស់ ព្រោះបច្ចុប្បន្នច្បាប់របស់យើងហាក់នៅមានភាពចន្លោះប្រហោងទាក់ទងនឹងវិស័យនេះ”៕

     

  • កម្ពុជានឹងក្លាយជាប្រទេសផលិតប្រេងនៅឆ្នាំ2019

    កម្ពុជានឹងក្លាយជាប្រទេសផលិតប្រេងនៅឆ្នាំ2019

    ភ្នំពេញ- ក្រោយពីមានការសិក្សាអស់រយៈពេលជាច្រើនឆ្នាំមក នៅឆ្នាំ2019ខាងមុខនេះកម្ពុជានឹងមានសមត្ថភាពផលិតប្រេងនៅក្នុងប្លុកA សម្រាប់ការនាំចេញទីកាន់ទីផ្សារអន្ដរជាតិបានហើយ។

    ក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «ដំណើរឆ្ពោះទៅធ្វើជាប្រទេសផលិតប្រេង»  ឯកឧត្ដម ម៉េង ស័ក្ដិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងថា៖​ «នាពេលអនាគតខាងមុខ និងជាដំណើររយៈពេលវែងមួយ ការអភិវឌ្ឍនេះនឹងធ្វើឱ្យកម្ពុជាមានការផ្លាស់ប្ដូរមួយដ៏ធំ និងតាមរយៈការផ្លាស់ប្ដូរនេះយើងនឹងមានការប្រែប្រួលពីបរិមាណនៃការនាំចូលប្រេង ដោយយើងនឹងលែងក្លាយជាប្រទេសពឹងលើការនាំចូលប្រេង100%ហើយ។ ពិសេសប្រទេសយើងនឹងក្លាយជាប្រទេសមានអធិបតេយ្យភាពល្អជាងមុនក្នុងបញ្ហាសន្ដិសុខថាមពលពេលដែលយើងគ្រប់គ្រងលើបញ្ហានេះបាន»។

    ជុំវិញការបូមយកប្រេងនៅក្នុងប្លុកA គឺជាដំណើរការរយៈពេលខ្លី និងមធ្យម ដែលត្រូវបានគេមើលឃើញថា ចង្វាក់ផលិតកម្មនេះមិនត្រឹមតែបង្កើននូវចំណូលថវិកាជាតិដើម្បីយកមកបម្រើជាប្រយោជន៍ក្នុងកិច្ចការសង្គមប៉ុណ្ណោះទេ ប៉ុន្ដែវានឹងផ្ដល់ប្រយោជន៍ដោយប្រយោលដែលធ្វើឱ្យកើតមានពិពិធកម្មនៃវិស័យសេដ្ឋកិច្ច និងការប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម និងការបង្កើនសមត្ថភាពនៃផ្នែកបច្ចេកទេសរបស់ប្រជាជនកម្ពុជា ដែលគេមើលឃើញថាជាលំហៀរដោយប្រយោលពីការអភិវឌ្ឍលើវិស័យប្រេងកាតនេះ។

    រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ដំណើរការផលិតប្រេងនៅប្លុកA ជាការផលិតប្រេងឆៅ។ ដំណាក់កាលដំបូងកម្ពុជាបានកំណត់ទិសដៅយកទីផ្សារប្រេងឆៅគឺ ទីផ្សារអន្ដរជាតិ រីឯប្រេងដែលប្រជាជនកម្ពុជាប្រើប្រាស់សព្វថ្ងៃគឺជាប្រេងដែលត្រូវបានគេកែច្នៃរួចហើយ  ឬប្រេងដល់ដំណាក់កាលចុងក្រោយ។ ដូច្នេះការធ្វើផលិតកម្មប្រេងប្លុកA មិនមានផលទាក់ទងដល់តម្លៃប្រេងដែលប្រជាជនយើងប្រើសព្វថ្ងៃទេ។

    ឯកឧត្ដម ម៉េង ស័ក្ដិធារ៉ា បានសង្កត់ធ្ងន់ថា៖ «ប៉ុន្ដែក្នុងរយៈពេលវែង ក្នុងករណីដែលយើងអភិវឌ្ឍខ្សែចង្វាក់ឧស្សាកម្មផលិតកម្ម ឬឈានទៅដល់ការអភិវឌ្ឍរោងចក្រចម្រាញ់ប្រេងបាន  ពេលនោះហើយកម្ពុជានឹងអាចមានផលិតផលសម្រេចផលិតក្នុងស្រុកបាន។ ដែលយើងមើលឃើញថា វានឹងមានផលប៉ះពាល់ ឬទំនាក់ទំនងគ្នាជាមួយថ្លៃប្រេងដែលប្រជាពលរដ្ឋយើងប្រើប្រាស់សព្វថ្ងៃនេះ»។

    ទោះបីជាដំណើរការផលិតកម្មនេះត្រូវរង់ចាំរហូតដល់ជិតពីរឆ្នាំក៏ដោយ ក៏ប៉ុន្ដែប្រជាជនកម្ពុជាសូមចូលរួមសាទរជាមួយនឹងគម្រោងអភិវឌ្ឍន៍ចង្វាក់ផលិតកម្មនៃការផលិតប្រេងនេះផងដែរ៕

  • Ronaldo សម្ញែង​រថ​យន្ត​ថ្មី​ដ៏​ប្រណីត Ferrari F12 ក្រោយ​ពី​បំពេញកាតព្វ​កិច្ច​ជូន​ជាតិ

    Ronaldo សម្ញែង​រថ​យន្ត​ថ្មី​ដ៏​ប្រណីត Ferrari F12 ក្រោយ​ពី​បំពេញកាតព្វ​កិច្ច​ជូន​ជាតិ

    ពិតណាស់ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo មាន​ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយ​តារា​ឆ្នើម​របស់ក្លិប Real Madrid រូបនេះ បាន​សម្រេច​ចិត្ត​ជះប្រាក់​របស់​ខ្លួន​ទៅលើ​រថ​យន្ត​ថ្មី​​ដ៏ប្រណីត និង​ទំនើប​មួយគ្រឿង​នៅ​សប្តាហ៍នេះ​។ ​

    ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​​ព័រ​ទុយ​ហ្គាល់​រូបនេះ បាន​ទិញ​​រថ​យន្ត​ម៉ាក Ferrari F12 TDf កាលពីថ្ងៃពុធ ខណៈ​ដែល​រថយន្ត​ថ្មី​នេះមាន​តម្លៃ​ប្រមាណ​ជា​45.6ម៉ឺន​ដុល្លារ​អាមេ​រិក ហើយ​តម្លៃ​នោះ​មិន​ទាន់​បូក​​នឹង​តម្លៃ​គ្រឿងតុបតែងផ្សេង​ៗ​ទៀតផង​។

    រថ​យន្ត​ដ៏​ប្រណីត​មួយ​គ្រឿងនេះត្រូវ​បានប​ង្ហាញដោយ Ronaldo នៅលើ​បណ្តាញសង្គម Instagram របស់​គេ ខណៈ​ដែល​កីឡាករ​វ័យ​32​ឆ្នាំ​រូបនេះបានឈរផ្អែក​នឹង​រថយន្តថ្មី​របស់គេពេលដែល​ទ្វាររ​ថយន្តកំពុង​តែ​បើក​ចំហ​។ Ronaldo នឹងអាច​ប្រើ​ប្រាស់​ល្បឿន​​ដល់​ទៅ​60ម៉ាយ ក្នុងមួយ​ម៉ោង (ស្មើនឹង​96.6គីឡូ​​ម៉ែត្រ) ក្នុង​ពេល​​ចាប់ផ្តើម​ចេញ​ដំណើរ​​បាន​ត្រឹម​តែ​2.9​វិនាទី​ខណៈ​ដែល​រថ​យន្ត​អាច​រត់​បាន​ល្បឿនដល់​ទៅ​211ម៉ាយ ក្នុងមួយ​ម៉ោង​។

    អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Manchester United រូបនេះ គឺ​ជា​អ្នក​ចូល​ចិត្ត​រថ​យន្ត​ទំនើប​ៗ ក្រោយ​ពី​រូបគេ​ធ្លាប់បាន​ថត​បង្ហាញពី​រថ​យន្ត Bugatti Veyron មួយ​គ្រៀង និង​រថ​យន្ត Mercedes ជាច្រើន​គ្រឿង​រួច​មកហើយ​។ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ នៅ​តែ​ស្ថិតក្នុង​ចំណាត់​​ថ្នាក់​លេខ​2 ក្នុង​ពូលនៃ​ការ​ប្រកួត​ជម្រុះ World Cup របស់​ពួកគេ បន្ទាប់​ពីក្រុម​ជម្រើស​ជាតិស្វ៊ីស ខណៈ​ដែល​មាន​តែក្រុមមួយ​ប៉ុណ្ណោះ​ដែល​​ត្រូវ​ឈាន​ទៅ​ប្រទេស​រុស្ស៊ី ដោយ​ស្វ័យ​ប្រវត្តិ​៕

    ប្រភព​ពី៖ Daily Mail

     

  • មូលហេតុដែលពលរដ្ឋមិនអាចបង្ហោះ Drone លើ​ដែនដី​រាជធានី​ភ្នំពេញ

    មូលហេតុដែលពលរដ្ឋមិនអាចបង្ហោះ Drone លើ​ដែនដី​រាជធានី​ភ្នំពេញ

    ក្រោយមានសេចក្ដីជូនដំណឹងរបស់សាលា​រាជធានី​ភ្នំពេញពីស្ដីការហាមឃាត់ការថតរូបភាពពីលើអាកាសតាមរយៈការប្រើប្រាស់ឧបករណ៍ Drone នៅលើ​ដែនដី​រាជធានី​ភ្នំពេញកាលពីទី​16 ខែកុម្ភៈ ឆ្នាំ​ 2015 កន្លងមក មានប្រជាពលរដ្ឋមួយចំនួនបង្ហើបពីការងឿងឆ្ងល់ និងសំដែងការមិនពេញចិត្តចំពោះរឿងនេះ តែមានមូលហេតុមួយចំនួន នៅពីក្រោយការហាមឃាត់នេះ។

    មន្ដ្រីម្នាក់ដែលបម្រើការងារនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មានឡារ៉ែន តាមទូរស័ព្ទថា ការហាមឃាត់នេះមិនមែនធ្វើឡើងតែនៅប្រទេសកម្ពុជានោះទេ។ មានប្រទេសជាច្រើនទៀតក្នុងពិភពលោកក៏មានបម្រាមនេះដែរ ប៉ុន្ដែវាអាស្រ័យលើការកំណត់ផ្សេងៗគ្នា។
    លោកថ្លែងថា៖«ជាការពិត បើការបង្ហោះនោះគ្មានកិច្ចការអ្វីផ្សេងនោះ វាមិនអីទេ ប៉ុន្ដែយើងបង្ការរឿងហេតុដែលអាចកើតឡើងផ្សេងៗដូចជាករណី​ភេរវកម្មជាដើម»។

    ក្នុងសេចក្ដីជូនដំណឹងសាលា​រាជធានី​ភ្នំពេញបានចុះផ្សាយថា ការហាមឃាត់ការថតរូបពីលើអាកាសតាមរយៈឧបករណ៍ Drone ដោយខាងរដ្ឋបាលរាជធានីយល់ឃើញថា វាអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិក្នុងការរស់នៅជាឯកជន សន្ដិសុខ សុវត្ថិភាពសាធារណៈ និងភាពអសកម្មមួយចំនួន។ ក្រោយ​ពី​មាន​ករណី​ជន​បរទេស​ម្នាក់​បញ្ជា​ម៉ាស៊ីនឱ្យហោះចូលទៅ​ថតរូប​ក្នុង​ព្រះ​បរម​រាជវាំង ខណៈសម្ដេចយាយយាង​ហាត់​ប្រាណ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​មន្ត្រី​ និង​បុគ្គលិក​ក្នុង​ព្រះ​បរម​រាជវាំង។

    លោកបន្ដថា កន្លងមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ័យជំនះបានសហកាជាមួយកម្លាំងប្រជាការពារសាលាខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនបរទេសម្នាក់នៅចំណុចមុខសណ្ឋាគាររណសិរ្ស ផ្លូវសុធារស ភូមិទី1 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បុគ្គលម្នាក់នេះជាជនជាតិរុស្ស៊ី ត្រូវបានឃាត់ខ្លួនពីបទបង្ហោះយន្តហោះបំពាក់កាមេរ៉ាDroneនៅតំបន់ហាមឃាត់(ក្បែរព្រះបរមរាជវាំង) ។ ក្រោយពីបានឃាត់ខ្លួនហើយ បុគ្គលនេះត្រូវបាននាំខ្លួនមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីសាកសួរ និងណែនាំអប់រំ ។

    មន្ដ្រីខាងលើបញ្ជាក់ទៀតថា ដូចករណី​ប្រើ​ប្រាស់​យន្តហោះ​Drone ហោះ​ចូល​ទៅ​ក្នុង​ព្រះ​បរម​រាជវាំង ខណៈ​សម្តេច​ម៉ែ​កំពុង​យាង​ហាត់​ប្រាណ​នេះ វាមិនមែនជារឿងល្អទេ។ ចុះបើមានរឿងអ្វីផ្សេងកើតឡើង តើវានឹងទៅជាយ៉ាងណា? អ៊ីចឹងហើយបានជាខាងសាលា​រាជធានី​ភ្នំពេញ ចេញសេចក្ដីជូនដំណឹងនេះតែម្តង។ យ៉ាងណាមិញ ចំពោះពលរដ្ឋ ឬជនបរទេសដែលមានការចាំបាច់ចង់ថតរូបភាពពីលើអាកាសនោះ អាចធ្វើការថតបាន ប៉ុន្តែត្រូវសូមច្បាប់អនុញ្ញាតពីរដ្ឋអំណាចនៅតំបន់នោះជាមុនសិន បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បា៕

  • វិធីងាយៗក្នុងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ

    វិធីងាយៗក្នុងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ

    ភ្នំពេញ- នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះដំណើរការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះជិតផុតកំណត់ហើយ តែយ៉ាងណាមហាជនមួយចំនួននៅតែមិនទាន់យល់ច្បាស់ពីវិធីបង់ពន្ធនេះនៅឡើយ ពិសេសអ្នកទើបមានយានជំនិះថ្មីថ្មោង។ ថ្ងៃនេះឡារ៉ែនសូមបង្ហាញពីវិធីងាយៗក្នុងការបង់ពន្ធនេះ។

    ប្រជាពលរដ្ឋទាំងអស់អាចទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះរបស់ខ្លួនបាននៅតាមសាខាពន្ធដារខណ្ឌ សាខាធនាគារកាណាឌីយ៉ា ក.អ  និងសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ទូទាំងប្រទេសបាន។

    វិធីសាស្រ្ដមានពីរ៖

    1.សម្រាប់អ្នកមានប័ណ្ណសម្គាល់ការបង់ពន្ធ លោកអ្នកគ្រាន់តែប្រគល់ប័ណ្ណនោះទៅឱ្យបុគ្គលិកដំណើរការ​ ពួកគេនឹងយកទៅស្គែនបារ៍កូដរបស់លោកអ្នក។

    2.សម្រាប់លោកអ្នកដែលមិនមានប័ណ្ណសម្គាល់ការបង់ពន្ធ ឬក៏ទើបតែមានរថយន្ដថ្មីៗ លោកអ្នកត្រូវបំពេញតាមលិខិតប្រកាស និងក្រោយបំពេញហើយត្រូវប្រគល់ឱ្យបុគ្គលិកបញ្ចូលទិន្នន័យទៅក្នុងកុំព្យូទ័រដោយលោកអ្នកអាចពិនិត្យមើលសាច់ប្រាក់តាមរយៈApp របស់អគ្គនាយកដ្ឋានពន្ធដារបាន។

    បន្ទាប់ពីប្រតិបត្ដិការណាមួយក្នុងវិធីទាំងពីរខាងលើរួចមក លោកអ្នកត្រូវទៅបង់ប្រាក់នៅឯបញ្ជរបង់ប្រាក់នោះជាការស្រេច៕

  • ចំនួនសណ្ឋាគារនៅរាជធានីភ្នំពេញកើនឡើងជិត20ភាគរយ

    ចំនួនសណ្ឋាគារនៅរាជធានីភ្នំពេញកើនឡើងជិត20ភាគរយ

    ភ្នំពេញៈ ស្របពេលការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ និងអ្នកជំនួញកាន់តែច្រើនបានធ្វើឲ្យការផ្គត់ផ្គង់សណ្ឋាគារនៅរាជធានីភ្នំពេញកើនឡើងជិត20ភាគរយក្នុង​ឆមាសទី1ឆ្នាំនេះ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានរកឃើញថា គិតត្រឹមដំណាច់ឆមាសទី1ឆ្នាំនេះ ចំនួនបន្ទប់សណ្ឋាគារនៅរាជធានីភ្នំពេញបាន​កើនឡើងពី16,638បន្ទប់កាលពីឆ្នាំមុនដល់ចំនួន19,854បន្ទប់នៅដំណាច់​ឆមាសទី1ឆ្នាំនេះ ហើយចំនួនសណ្ឋាគារសរុបនៅរាជធានីភ្នំពេញបានកើនពី355ដល់ចំនួន437អគារនៅក្នុងរយៈពេលដដែលនេះ។

    ក្នុងនោះសណ្ឋាគារលំដាប់ផ្កាយពីរមានចំនួន3,856បន្ទប់ ស្មើនឹង110អគារ សណ្ឋាគារផ្កាយបីមានចំនួន7,009បន្ទប់​ ស្មើនឹង194អគារ សណ្ឋាគារកម្រិតផ្កាយបួនមានចំនួន6,159បន្ទប់ ស្មើនឹង121អគារ និងសណ្ឋាគារកម្រិតផ្កាយប្រាំមានចំនួន2,930បន្ទប់ និងស្មើនឹងចំនួន12អគារ។

    ការសិក្សាដដែលបានរកឃើញថា តម្លៃបន្ទប់សណ្ឋាគារបានកើនឡើងតិចតួចនៅឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយតម្លៃបន្ទប់សណ្ឋា​គារផ្កាយ5មានតម្លៃជាមធ្យម200ដុល្លារក្នុងមួយយប់កាលពីឆ្នាំមុន និងបានកើនឡើងជាង200ដុល្លារនៅឆ្នាំនេះ។

    លោក ប៉ែន សុខគា នាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបាន​ថ្លែងថា អ្នកវិនិយោគលើវិស័យសណ្ឋាគារនៅក្រុងភ្នំពេញភាគច្រើនជាអ្នកវិនិយោគក្នុងស្រុក ដោយសារអាជីវកម្មប្រភេទនេះមានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោ​គ ព្រោះការវិនិយោគក្នុងវិស័យនេះមិនសូវមានហានិភ័យនោះទេ ដោយសារចំនួនភ្ញៀវអន្តរជាតិបានកើនឡើងជាបន្តបន្ទាប់។

    លោកបន្តថា “កត្តាសន្តិភាព និងស្ថិរភាពនយោបាយក៏រួមចំណែកជួយជំរុញកំណើនវិនិយោគក្នុងវិស័យនេះផងដែរ”៕

  • ធ្លាប់ដឹងអត់?  ការពិត Seav Jks ជានគរបាលសោះ! (មានវីដេអូ)

    ធ្លាប់ដឹងអត់?  ការពិត Seav Jks ជានគរបាលសោះ! (មានវីដេអូ)

    បន្ទាប់ពីចេញបទចម្រៀង “ស្លៀក​ខ្លី” រួចមក តារាចម្រៀង SeavJksទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងអំឡុងឆ្នាំ 2016 រហូតដល់លោកត្រូវបានអញ្ចើញ និងសហការច្រៀងរួមគ្នាជាមួយតារាចម្រៀងរ៉េប Bross La នូវបទ “ស៊ីក្លូ” ទៀតផង។

    អ្នកគាំទ្រគ្រប់រូបច្បាស់ជាបានស្គាល់តារាចម្រៀងរ៉េបរូបនេះហើយ ក៏ប៉ុន្ដែបច្ចុប្បន្នភាពអំពីជីវិតក្រៅសិល្បៈវិញ មិនសូវមានអ្នកដឹងថា SeavJksគឺជាមន្ត្រីរាជការមួយរូបឡើយ។ លោក សៀវ បានប្រាប់អ្នកយកព័ត៌មាននៃគេហទំព័រ ឡារ៉ែន នៅក្នុងថ្ងៃប្រគំតន្ត្រី ETV Gold តន្ត្រីមហាគ្រួសារ KAP ថា “ខ្ញុំធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ជានគរបាលតាំងពីឆ្នាំ 2014 មកម្ល៉េះ មកទល់ពេលនេះខ្ញុំចូលធ្វើជាមន្រ្តីនគរបាលជាតិបាន 3 ឆ្នាំហើយ”។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀងវ័យ 20 ឆ្នាំរូបនេះ សព្វថ្ងៃមានឋានន្តរស័ក្ដិជា អនុសេនីយត្រី នៃក្រសួងមហាផ្ទៃ។ ហើយក្រៅពីការងារសិល្បៈ និងជាមន្ត្រីរាជការហើយនោះ ថ្មីៗនេះលោកក៏បានសហការជាមួយនឹង ប្រុសឡា បើកអាជីវកម្មផ្ទាល់ខ្លួនមួយ គឺ ហាងមីហិរ 7 កម្រិត ដែលបានទិញសិទ្ធិពីបរទេសមក និងមានសាខានៅខេត្តបាត់តំបង សៀមរាប និងបន្ទាយមានជ័យផងដែរ៕

    សូមទស្សនាវីដេអូខាងក្រោមនេះ៖