Category: សង្គម និងសេដ្ឋកិច្ច

  • ផ្ទុះកំហឹង!! ហេង នរៈកក្កដា តបតជាមួយ ម៉ៃ សុគន្ធ យ៉ាងកប់ៗៗ

    ផ្ទុះកំហឹង!! ហេង នរៈកក្កដា តបតជាមួយ ម៉ៃ សុគន្ធ យ៉ាងកប់ៗៗ

    ថ្ងៃទី 7 ខែកញ្ញា​ ឆ្នាំមុននេះបន្ដិចតារាសម្ដែង ហេង នរៈកក្កដា បានចេញសារតបតទៅតារាចម្រៀង ម៉ៃ សុគន្ធ វិញតាមរយៈ Facebook ផ្ទាល់របស់លោកយ៉ាងក្ដៅៗតែម្ដង។

    ការប្រតិកម្មតបតនេះ បើតាមរយៈ Facebook របស់ ហេង នរៈកក្កដា បានសរសេរចំណងជើងតបតទៅវិញថា ក្ដៅៗ ហុយៗ ទៀតហើយ តែហុយម្តងនេះដូចជាចង់ឆេះមិចទេ សូមទស្សនា Video ទាំងអស់គ្នា ហើយ Videoនេះផ្ញើជូនដល់បងប្រុសកំពូលទើសលើលោក ម៉ៃ សុគន្ធ Big Big តែម្តងបាទ..! Pls share now ឈ្លោះជាមួយអ្នកល្បីមិនឈ្លោះ មកឈ្លោះជាមួយខ្ញុំបង ខ្ញុំអត់មានល្បីអីទេបងអ៊ើយ..! Oh ខ្ញុំភ្លេច បងប្អូនទាំងអស់គ្នា កុំជេគាត់ឈឺៗពេកណា ទុកមុខទុកមាត់អោយគាត់ខ្លះផង “។

    គួរបញ្ជាក់ផងដែរថា នៅក្នុងវីដេអូឡាយផ្ទាល់របស់តារារូបនេះវិញ បានបោះពាក្យសម្ដីថា ឱ្យ ម៉ៃ សុគន្ធ យ៉ាងកប់តែម្ដង លោកថា “ចង់ល្បីខុសរឿងម្លេះ រាល់ថ្ងៃនេះបងឯងគិតអី បានជាដើរឈ្លោះគេ ដើរទើសគេគ្រប់គ្នានេះ ឥឡូវមកដើរទើសខ្ញុំទៀត” ។ ដើម្បីឱ្យកាន់តែច្បាស់សូមមើលខាងក្រោមនេះ៖

  • FlexWash ម៉ាស៊ីនបោកខោអាវ​ទ្វារ 3ដំបូង​គេ​ពី Samsung

    FlexWash ម៉ាស៊ីនបោកខោអាវ​ទ្វារ 3ដំបូង​គេ​ពី Samsung

    ក្រោយ​បញ្ចេញ​នូវ​ម៉ាស៊ីន​បោកគក់​សម្លៀកបំពាក់ AddWash បំពាក់​ទ្វារ2 កាលពី​ឆ្នាំទៅ​រួចមក ពេលនេះ​ក្រុមហ៊ុន Samsung បានធ្វើ​ការណែនាំ​ផលិត​ថ្មី FlexWash™ មាន​ទ្វារ3 ដំបូង​គេ​ក្នុង​ពិភព​អេឡិចត្រូនិក ព្រម​ជាមួយនឹង​ការបំពាក់​មុខងារ​ស​ម្ងួ​ត​ក្រោយពេល​ដំណើរការ​រួចរាល់​ទៀតផង។
    ម៉ាស៊ីន​បោកគក់ FlexWash™ មាន​ទ្វារ​ចំនួន3 និង​មាន​កន្លែង​បោកគក់ 2 កន្លែង​ផ្សេងគ្នា​នេះ អាច​ដំណើរការ​ក្នុងពេល​តែមួយ ដែល​ក្រុមហ៊ុន​បង្កើតឡើង​សម្រាប់​តម្រូវ​ទៅតាម​ប្រភេទ​នៃ​សម្លៀកបំពាក់ ដោយ​ទ្វារ​ខាង​មុខធំ​អាច​បោក​បាន 21 គី​ឡួ​ក្រាម អាច​បោក​សម្លៀកបំពាក់​បាន​ច្រើន ហើយ​វា​អាច​ផ្ទុក​ទឹកបាន​ចំនួន 5 ម៉ែត្រគុប ស្មើនឹង141.50 លីត្រ។

    បន្ថែម​ពីលើ​ទ្វារធំ​មួយ​នោះ វា​នៅ​មានកូន​ទ្វារ​តូច​មួយទៀត​ដែល​ចំណុច​ពិសេស​របស់​វា​គឺ យើង​អាច​ទម្លាក់​សម្លៀកបំពាក់​ប្រឡាក់​បន្ថែមទៀត​ចូលទៅ​បាន​ក្នុងករណី​ដែល​លោកអ្នក​ភ្លេច ឬ​ចង់​ដាក់​បោក​បន្ថែម នៅពេលដែល​ម៉ាស៊ីន​កំពុងដំណើរការ ដូចនឹង​ស៊េរី AddWash ដែរ។ ដោយឡែក​ទ្វារ​ខាងលើ អាច​បោក​សម្លៀកបំពាក់​ក្នុង​ចំនួន​សមល្មម​ដែល​វា​ផ្ទុក​ទឹកបាន​ទំហំ 1 ម៉ែត្រគុប​ស្មើនឹង 28.31លីត្រ ឬ​អាច​បោក​បាន 3.5 គី​ឡួ​ក្រាម។

    ចំណុច​ពិសេស​មួយទៀត គឺ​ម៉ាស៊ីន FlexWash™ មាន​ដំណើរការ​ស្ងាត់ ការបោក​គក់​រហ័ស សន្សំសំចៃ​ភ្លើង​បាន​ច្រើន ការបោក​សម្លៀកបំពាក់​បាន​ស្អាត និង​ស្ងួត​ល្អ ទោះបីជា​មិនបាន​ហាលថ្ងៃ​ក៏ដោយ។ មួយវិញទៀត វា​ក៏មាន​បំពាក់​បច្ចេកវិទ្យា​បោកគក់ទំនើបៗចំនួន3 ដូចជា មុខងារ​បោកគក់​បាន​យ៉ាង​ស្អាត​ដោយ​ចំណាយពេល​តិចជាង​មួយ​ម៉ោង (SuperSpeed™)  មុខងារ​កម្ចាត់​ស្នាម​ប្រ​ទ្បា​ក់​ដែល​ដិត​ជាប់​ខ្លាំង (PowerFoam™) ប្រព័ន្ធ​រំ​ញ័រ​មិនមាន​សំឡេង​រំខាន (Vibration Reduction Technology) និង​បច្ចេកវិទ្យា Digital Inverter Technology ដែល​ជួយ​ឱ្យ​ការប្រើប្រាស់​បានយូរ​កាត់​បន្ថយ​សំឡេង​រំខាន និង​អាច​ភ្ជាប់​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ដើម្បី​តាមដាន​ការ​ដំណើរការ និង​ដាក់​ពេលវេលា​ឱ្យ​ម៉ាស៊ីន​ធ្វើការ​តាមរយៈ​ទូរស័ព្ទ​ពី​គ្រប់​ទីកន្លែង ហើយ​ថែមទាំង​មានការ​ធានា​រហូត​ទៅដល់​រយៈពេល10 ឆ្នាំ​ទៀតផង​ទៅលើ​ម៉ូ​ទ័​រ៕

    វីដេអូ៖

    https://www.youtube.com/watch?v=egVhTDZMyf0&feature=youtu.be

  • អ្នកវិនិយោគ​នឹងមិន​ទុកឱ្យ​អគារ Golden Tower 42 នៅជាប់​គាំង​ដូច្នេះ​ទេ

    អ្នកវិនិយោគ​នឹងមិន​ទុកឱ្យ​អគារ Golden Tower 42 នៅជាប់​គាំង​ដូច្នេះ​ទេ

    ភ្នំពេញ គម្រោង​អភិវឌ្ឍន៍​ក្រោម​ទុនវិនិយោគ 240លាន​ដុល្លារ​អាមេរិក Golden Tower 42 ដែល​ធ្លាប់តែ​ទុកចោល រហូត​គេ​គិតថា គម្រោង​ដ៍​ធំ​ដំបូង​គេ​នៅក្នុង​រាជធានី​មួយ​នេះ​នឹង​លែង​ដំណើរការ តែថ្មីៗនេះ​ត្រូវបាន​ម​ន្រី្ដ​ជំនាញ​បញ្ជាក់ថា គេ​នឹងមិន​ទុក​គម្រោង​នេះ​ឱ្យនៅ​ជាប់គាំង​បែប​ហ្នឹង​ទេ។

    ពាក់ព័ន្ធ​គម្រោង​នេះ​អគ្គនាយក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន YONWOO CAMBODIA Co., Ltd. ដែលជា​ម្ចាស់​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Gold Tower42 ក៏​ធ្លាប់បាន​ផ្ញើលិខិត​ផ្លូវការ​មួយដង​ជា​ពីរដង​រួចមកហើយ​មកកាន់​ទីស្ដីកា​រ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដើម្បី​ស្នើសុំ​បន្ត​សាងសង់​អគារ​នេះ​ទ្បើង​វិញ​នៅក្នុង​ខែកុម្ភៈ ឆ្នាំ2016 ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​នៅតែ​មិនទាន់​ឃើញ​មាន​ដំណើរការ​អ្វី​ឡើយ។

    ឯកឧត្ដម ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើងថា គេ​មិនអាច​ទុកឱ្យ​គម្រោង​ដ៏​ធំ​មួយ​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ស្ថិតនៅក្នុង​ស្ថានភាព​បែប​នោះទេ។ ឯកឧត្ដម​បន្ដថា៖ «សូម​បងប្អូន​មេ​ត្ដា​ជឿ​ចុះ រឿង​អគារ 42 ជាន់​នេះ​គឺ​ម្ចាស់​គម្រោង​នៅតែ​ព្យាយាម​ខិតខំ​ធ្វើឱ្យមាន​ការអភិវឌ្ឍ អត់​មាន​ឈប់​អ៊ីចឹង​ទេ ហើយ​ក្រសួង​ក៏បាន​ទទួល​លិខិត​របស់​ក្រុមហ៊ុន​ថា យ៉ាងនេះ​យ៉ាងនោះ​ដែរ ប៉ុន្ដែ​យើង​ក៏បាន​ធ្វើការ​ឆ្លើយតប​ទៅវិញ ឱ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍឆាប់ៗដើម្បី​លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ​បន្ថែមទៀត»។

    អនុរដ្ឋលេខាធិការ​បា​ន​បន្តទៀតថា អគារខ្ពស់ៗមួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ក៏ត្រូវ​ជាប់គាំង​ដែរ​ព្រោះ​អគារ​មួយចំនួន​ត្រូវការ​កែតម្រូវ​ប្លង់។ គម្រោង​ខ្លះទៀត​ត្រូវបាន​ម្ចាស់​ស្វែងរក​ដៃគូ​ថ្មី អគារ​ខ្លះទៀត​ពាក់ព័ន្ធ​ផ្លូវច្បាប់។ អ៊ីចឹង​ហើយ​ទើប​ធ្វើឱ្យ​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ត្រូវតែ​សិក្សា​ឱ្យ​ច្បាស់លាស់​ទើប​គេ​ដំណើរការ​ទៅមុខទៀត។ ទោះជា​យ៉ាងនេះ​ក្ដី គម្រោង Gold Tower42 ដែល​ទុកចោល​រាប់​ឆ្នាំនេះ គេ​ពុំទាន់​បានដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការផ្អាក​ការសាងសង់​នៅឡើយ​ទេ។

    ឯកឧត្ដម ឡៅ ទិព្វ​សីហា បញ្ជាក់ថា មិនអាច​បញ្ជាក់​ពី​ឧបសគ្គ​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ត្រូវបាន​ផ្អាក​ដំណើរការ​នេះឡើយ ប៉ុន្ដែ​ឯកឧត្ដម រំពឹងថា ដំណើរការ​អភិវឌ្ឍន៍​គម្រោង​នឹង​កើតឡើង​នៅឆ្នាំក្រោយ។

    ទោះជា​គម្រោង​នេះ​ត្រូវ​ទុកចោល​រាប់​ឆ្នាំ​មិនទាន់​ដំណើរការ​ទៀត​ក៏ដោយ ក៏​ត្រូវបាន​ឯកឧត្ដម ឡៅ ទិព្វ​សីហា បញ្ជាក់ថា គម្រោង​នេះ​ក៏មាន​ក្រុមហ៊ុន​ថែទាំ​សោភ័ណភាព និង​គុណភាព​នៃ​សំណង់​អគារ​ទាំងមូល​ឱ្យ​រក្សាបាន​ភាព​យូរអង្វែង​ដែរ​ដោយ​មិន​ទុកឱ្យ​វា​ទ្រុឌទ្រោម​ទៅតាម​ពេលវេលា​នោះឡើយ។ គម្រោង Gold Tower42 ជា​អតីត​គម្រោង​អគារ​ខ្ពស់​ជាងគេ​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ផ្អាក​ការសាងសង់​នៅ​ចុងឆ្នាំ 2008 និង​បានចាប់ផ្តើម​ឡើងវិញ​នៅ​ឆ្នាំ 2010 ដែល​បាន​សាងសង់​រហូតដល់​ជាន់​ទី32 និង​បន្ទាប់មក​ក៏បាន​ផ្អាក​រហូតមកទល់​ពេលនេះ៕

  • ឈុតរតន៍រំដួលរបស់ រំដួលលិចទឹក កក្រើកកម្មវីធីធំមួយនៅភ្នំពេញ

    ឈុតរតន៍រំដួលរបស់ រំដួលលិចទឹក កក្រើកកម្មវីធីធំមួយនៅភ្នំពេញ

    តាមរយៈ Facebook Page រំដួលលិចទឹក បានឱ្យដឹងថា កម្មវិធី មួយម៉ឺនអាល័យ លើកទី2 ជាកម្មវិធីធំមួយដើម្បីចូលរួមអភិរក្សខ្សែភាពយន្តខ្សែពីជំនាន់ដើមដែលជាមរតកមានតម្លៃរបស់ខ្មែរ និងជាកម្មវិធីស្នាដៃ និងសិល្បៈលើកទី 5 ក្រោមប្រធានបទ «គាំទ្រល្ខោនខោលខ្មែរ»។

    ជាការចូលរួមចំណែកមួយដែរ កញ្ញា រំដួលលិចទឹក បានបញ្ចេញចំណាប់អារម្មណ៍ថា “នាងខ្ញុំពិតជាមានក្តីរំភើបពេកក្រៃ សម្រាប់ការផ្តល់កិត្តិយសឱ្យរូបនាងខ្ញុំបានចូលរួមសម្តែងក៏ដូចជាបង្ហាញស្នាដៃសិល្បៈដែលច្នៃប្រឌិតចេញពីស្លឹកទ្រាំង និងស្លឺកត្នោតខ្មែរ”។

    តារាបង្ហាញម៉ូដរូបនេះបានបញ្ជាក់បន្ថែមថា “ឈុតនេះមានឈ្មោះថា រតន៍រំដួល ជាតំណាងឱ្យឈ្មោះ រំដួលលិចទឹកនេះតែម្តង ជាពិសេសឈុតនេះគឺមានការចូលរួមច្នៃដោយបងប្រុស អ៊ិត សុទ្ធា និងនាងខ្ញុំផ្ទាល់ដៃ។ ជាចុងក្រោយខ្ញុំម្ចាស់ នាងខ្ញុំសូមលើកម្រាមដៃដប់ សូមក្រាបថ្វាយអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយដល់ ព្រះអង្គម្ចាស់ក្សត្រីយ៍សម្តេចព្រះរាម នរោត្តម បុប្ផាទេវី ដែលទ្រង់សព្វព្រះហឬទ័យ ហើយយាងមកសួរសុខទុក្ខ និងទ្រង់បានព្រះប្រទានក្តីសរសើរដល់រូបខ្ញុំម្ចាស់ដោយផ្ទាល់ ខ្ញុំម្ចាស់ពិតជាមានក្តីរំភើបឥតឧបមា”៕

     

  • Song Joong Ki ដឹកដៃ ហាន់ ជីអ៊ុន ទៅថត Pre Wedding នៅអាមេរិក

    Song Joong Ki ដឹកដៃ ហាន់ ជីអ៊ុន ទៅថត Pre Wedding នៅអាមេរិក

    នៅថ្ងៃទី7 ខែកញ្ញា ឆ្នាំ 2017 សារព័ត៌មានកូរ៉េបានចេញផ្សាយឱ្យដឹងថា តារាសម្ដែង Song Joong Ki និង Song HyeKyo (ហៅ ហាន់ ជីអ៊ុន) បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងការថតកម្រងរូបថតត្រៀមអាពាហ៍ពិពាហ៍នៅព្រលានយន្ដហោះ និងក្នុងទីក្រុង Los Angeles។

    គួររំឭកផងដែរថា កាលពីថ្ងៃទី3 ខែកញ្ញា​ ឆ្នាំ2017  គូស្នេហ៍មួយគូនេះបានហោះហើរទៅកាន់ទីក្រុង San Francisco  នៃរដ្ឋ California ម្ដងរួចមកហើយដើម្បីប្រកាសទីតាំង និងកាលបរិច្ឆេទថ្ងៃរៀបការនៅក្នុងអំឡុងខែតុលាខាងមុខនេះ។ បើតាមប្រភពស្និទ្ធជាមួយតារាពីរដួងនេះបានប្រាប់សារព័ត៌មានកូរ៉េថា ពួកគេទាំងពីរបានធ្វើដំណើរជាមួយក្រុមផាត់មុខ និងជាងថតរូបល្បីឈ្មោះ Hong Jang Hyun។

    គួរបញ្ជាក់ផងដែរថា អ្នកជំនាញថតរូបល្បីឈ្មោះលំដាប់អន្តរជាតិ Hong Jang Hyun ធ្លាប់បានថតរូបឱ្យគូស្នេហ៍តារាពីរគូរួចមកហើយគឺ  Bae Yong Joon ជាមួយ Park Soo Jin និងគូ Lee Hyori ជាមួយ Lee Sang Soon៕

  • ជំនន់​ទំនាក់ទំនង​អាចធ្វើឱ្យ​មនុស្ស​មាន​បញ្ហា តែ​យើង​អាច​ទប់ស្កាត់បាន

    ជំនន់​ទំនាក់ទំនង​អាចធ្វើឱ្យ​មនុស្ស​មាន​បញ្ហា តែ​យើង​អាច​ទប់ស្កាត់បាន

    ការទំនាក់ទំនង​ជា​រឿង​សំខាន់​សម្រាប់​មនុស្ស ជាពិសេស​គឺ​អ្នករកស៊ី​ដែល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ផ្តល់ឱ្យ និង​ទាញយក​ផលប្រយោជន៍​ពី​ដៃគូ​អាជីវកម្ម និង​អតិថិជន​របស់ខ្លួន។

    ទោះជា​ការទំនាក់ទំនង​មាន​សារៈសំខាន់​យ៉ាងណាក៏ដោយ តែ​ជាទូទៅ​វា​ក៏​ផ្តល់នូវ​ផល​អវិជ្ជមាន​មកកាន់​មនុស្ស​ផងដែរ ប្រសិនបើ​មនុស្សម្នា​ក់មាន​ទំនាក់ទំនង​ជាមួយនឹង​មនុស្ស​ប្រភេទ​ផ្សេងគ្នាច្រើនឡើងៗ ព្រោះ​ដើម្បី​រក្សា​ទំនាក់ទំនង​យើង​ត្រូវ​កាត់បន្ថយ​ពេលវេលា​ផ្ទាល់ខ្លួន និង​គ្រួសារ ដែល​វា​អាចធ្វើឱ្យ​ជីវិត​មាន​បញ្ហា​បាន។

    លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ Cam-Paint បាន​លើកឡើងថា  នៅពេលដែល​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​កាន់តែ​កើនឡើង វា​នឹង​ក្លាយជា​ជំនន់​នៃ​ទំនាក់ទំនង ហើយ​រឿងនេះ​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​យើង។ ហេតុនេះ​យើង​ត្រូវមាន​វិធានការ​ដើម្បី​ដោះស្រាយ​វា។ កត្តា​សំខាន់​ដែល​ត្រូវធ្វើ​គឺ ត្រូវ​បែងចែក​ប្រភេទ​នៃ​ការទំនាក់ទំនង​ឱ្យបាន​ច្បាស់លាស់ ហើយ​កំណត់​ពី​ជំពូក​មនុស្ស​ដែល​ត្រូវ​ទាក់ទង​ដោយផ្ទាល់ និង​មនុស្ស​ដែល​ត្រូវ​ទាក់ទង​ដោយ​ប្រយោល។

    លោក សោម សម្បត្តិ បាន​និយាយថា៖ «មនុស្ស​ម្នាក់​អាចមាន​ទាក់ទង​មនុស្ស​ច្រើន​បាន តែ​អាច​ស្និទ្ធ​ជាមួយ​មនុស្ស​ក្នុង​ចំនួន​តិចតួច​ល្មម​បាន​ហើយ ព្រោះ​ជីវិត​យើង​គ្មាន​ចន្លោះ​សម្រាប់​ដាក់​មនុស្ស​ច្រើនពេក​នោះទេ»។

    បើតាម​លោក សោម សម្បត្តិ អ្នក​ដែល​ពូកែ​ទំនាក់ទំនង ហើយ​មិនមាន​បញ្ហា​ដល់​ជីវិត​ត្រូវ​ចេះ​មើល​កាលៈទេសៈ ហើយក៏​ជា​អ្នក​ដែលមាន​ភាព​ប៉ិនប្រសប់។ យើង​ត្រូវ​មើល​ឱ្យឃើញ​ពី​ពពួកមនុស្ស​ប្រមាណ 20% ដែលមាន​ឥទ្ធិពល​ដល់​អាជីវកម្ម 80% ហើយ​ធ្វើការ​ទាក់ទង​ដោយផ្ទាល់ ព្រោះ​គាត់​ជា​ផ្នែក​សំខាន់​មិនអាច​ខ្វះ​បាន តែ​ចំពោះ​មនុស្ស 80% ទៀត​ដែលមាន​ឥទ្ធិពល​សម្រាប់​អាជីវកម្ម​ត្រឹមតែ 20% វិញ គឺ​យើង​អាចធ្វើ​ការទំនាក់ទំនង​ដោយ​ប្រយោល ដូចជា​ការ​ទុក​តួនាទី​ឱ្យ​អ្នកគ្រប់គ្រង​បន្តបន្ទាប់​ចាត់ចែង​ដោយ​យកចិត្តទុកដាក់​ទៅតាម​ការទទួលខុសត្រូវរៀងៗខ្លួន ព្រោះ​មនុស្ស​ម្នាក់​មិនអាច​មើល​បុគ្គលិក​គ្រប់គ្នា​ដល់​ទៅ​រាប់រយ រាប់ពាន់​អ្នក​នោះទេ៕

  • ​ញាប់ញ័រ!!  C​L បញ្ចេញស្ទីលអត់ពាក់អាវក្នុង

    ​ញាប់ញ័រ!!  C​L បញ្ចេញស្ទីលអត់ពាក់អាវក្នុង

    កាលពីថ្ងៃទី5 ខែកញ្ញា តារាចម្រៀង​ ​​C​L ជាអ​តីត​​​សមាជិក​ក្រុ​មចម្រៀងស្រី​ ​​​2​​​N​​​E​​​1 ​បា​ន​ធ្វើ​ឲ្យ​អ្ន​ក​ដែ​ល​ចូ​ល​រួ​មទស្សនានៅក្នុង​ក​ម្ម​វិ​ធីនាទីក្រុង ហុង​​​កុង ទាំងអស់ផ្តោ​ត​​​អា​រ​ម្ម​ណ៍យ៉ាងខ្លាំងទៅលើរូប​នា​ង​ ​ខ​ណៈ​ដែ​ល​តារាស្រីរូបនេះ​បានបង្ហាញម៉ូដអាវដែលមិនមានអាវទ្រនាប់ធ្វើឱ្យលេចចេញក្បាលសុដន់។ ​​​​នេះ​បើ​តា​ម​ប្រ​ភព​ព័​ត៌​មា​ន​ kenh14 ដែលបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។​

    ការបង្ហាញស្ទីលថ្មីរបស់នាង C​L លើកនេះ មើលទៅហាក់ដូចជាស្ត្រីមានវ័យចំណាស់ 40 ឆ្នាំប្លាយ សូម្បីតែការផាត់មុខ និងម៉ូដសក់របស់នាងនៅក្នុងថ្ងៃកម្មវិធីធំនោះក៏មើលទៅប្លែកដែរ។ គួរបញ្ជាក់ផងដែរថា ក្រៅពីការបង្ហាញឈុតព័ណ៌ស្លាបកំភេមនេះហើយ តារាស្រីរូបនេះបានតាំងចិត្តយ៉ាងមុតមាំក្នុងការប្រកាសប្រាប់ពីព័ត៌មានលម្អិតថា នាងបានក្លាយជាតារាចម្រៀងអាមេរិកាំងហើយ៕

  • ធនាគារ CIMB បើកសម្ពោធ​សាខា​ថ្មី1ទៀត​ដើម្បី​ផ្តល់​សេវាកម្ម​ឱ្យ​កាន់តែ​ងាយស្រួល

    ធនាគារ CIMB បើកសម្ពោធ​សាខា​ថ្មី1ទៀត​ដើម្បី​ផ្តល់​សេវាកម្ម​ឱ្យ​កាន់តែ​ងាយស្រួល

    ភ្នំពេញ៖ ធនាគារ​ស៊ី​អាយ​អឹម​ប៊ី ភីអិលស៊ី បាន​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា បើកសម្ពោធ​សាខា​ថ្មី​របស់ខ្លួន​មួយ​បន្ថែមទៀត​ដែលជា​សាខា​ទី13នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ដើម្បី​បម្រើសេវា​កម្ម​ជូន​អតិថិជន​ឱ្យបាន​កាន់តែ​ល្អប្រសើរ។

    ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះ​លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ស៊ី​អាយ​អឹម​ប៊ី ភីអិលស៊ី​មានប្រសាសន៍ថា ធនាគារ​ស៊ី​អាយ​អឹម​ប៊ី​សម្រេចបាន​ជោគជ័យ​ក្នុងការ​កសាង​នូវ​គ្រឹះស្ថាន​មួយ​ដែល​ពោរពេញ​ដោយ​បុគ្គលិក​ក្នុងស្រុក​ដ៍​មាន​ទេពកោសល្យ​ចំនួន 99.70% គឺជា​ជនជាតិខ្មែរ គិត​ចាប់ពី​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​រហូតដល់​បុគ្គលិក​ទូទៅ។

    ការប្តេជ្ញាចិត្ត​ចំពោះ​គោលដៅ​យូរអង្វែង​របស់​ធនាគា​រ​ក្នុងការ​រួមចំណែក​លើក​កម្ពស់​សមត្ថភាព​ផ្នែក​ធនាគារ​របស់​បុគ្គលិក​ជនជាតិខ្មែរ គឺ​ស្ថិតនៅ​ជា​អាទិភាព​ចម្បង​ដ៍​សំខាន់បំផុត ហើយ​យើង​សង្ឃឹម​ជឿជាក់ថា អាច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការកសាង​អ្នកជំនាញ​ផ្នែក​ធនាគារ​ជំនាន់​ក្រោយ​នៅក្នុង​ប្រទេស។

    លោក​បន្តថា ស៊ី​អាយ​អឹម​ប៊ី ក៍​ជា​ផ្នែក​មួយ​នៃ​ការទទួលខុសត្រូវ​សង្គម​តាមរយៈ​ការជួយ​ត្រឡប់​ទៅដល់​សហគមន៍​ដែល​យើង​បាន​ប្រកប​អាជីវកម្ម ក្នុងនោះ​ធនាគារ ស៊ី​អាយ​អឹម​ប៊ី បានរៀបចំ​យ៉ាង​ជោគជ័យ​នូវ​គម្រោង «សុខភាព​ល្អជា​មួយ​ស៊ី​អាយ​អឹម​ប៊ី» នៅតាម​សាលារៀន​ដាច់ស្រយាល ដែល​ជួប​ការលំបាក​ដើម្បី​លើកកម្ពស់​សារៈសំខាន់​នៃ​ជីវិត​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​សម្រាប់​ឧត្តមភាព​ការសិក្សា​នាពេល​អនាគត។ ក្រៅពីនេះ​យើង​បាន​លើកទឹកចិត្ត​ដល់​និស្សិត​កម្ពុជា​ផងដែរ​ក្នុងការ​ដាក់ពាក្យ​សម្រាប់​កម្មវិធី​អាហារូបករណ៍​តំបន់​អាស៊ាន​របស់​ស៊ី​អាយ​អឹម​ប៊ី និង​មាន​មោទនភាព​ក្រៃលែង​ដែល​និស្សិត​របស់​កម្ពុជា​មួយរូប ត្រូវបាន​ជ្រើសរើស​ជាមួយនឹង​និស្សិត15 រូប​ទៀត​មកពី​អាស៊ាន​ក្នុងនាម​ជា​និស្សិត​ជយលាភី​អាហារូបករណ៍​តំបន់​អាស៊ាន​របស់​ស៊ី​អាយ​អឹម​ប៊ី​សម្រាប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុងប្រទេស​កាណាដា។

    ផ្អែកលើ​កំណើន​អតិថិជន រួម​នឹង​សក្តានុពល​នៃ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា យើង​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការជួយ​អតិថិជន​ឱ្យទទួល​បាន​អត្ថប្រយោជន៍​នេះ​ដើម្បី​ភាពជោគជ័យ​ក្នុង​អាជីវកម្ម​របស់ខ្លួន «ការបើក​សម្ពោធ​សាខា​ទឹកថ្លា​ថ្មី​របស់​យើង​គឺ​ដើម្បី​ឈាន​ឱ្យ​កាន់តែ​ជិត ហើយ​អាច​ផ្តល់នូវ​សេវាកម្ម​កាន់តែ​ល្អប្រសើរ និង​ការរីកចម្រើន​ស្ថិតស្ថេរ​យូរអង្វែង»។

    ជាមួយគ្នានេះដែរ លោក រ័ត្ន សុវណ្ណ​រនៈ តំណាង​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា ជាមួយនឹង​កំណើនសេដ្ឋកិច្ច7% ជា​រៀងរាល់ឆ្នាំ​បានធ្វើឱ្យ​វិស័យ​ធនាគារ​មានការ​រីកលូតលាស់​ឆាប់រហ័ស​ដែល​ធ្វើឱ្យ​ទ្រព្យសកម្ម​ក្នុង​វិស័យ​ធនាគារ​កើនឡើង 20% ស្មើនឹង125%នៃ​ផលិតផល​ក្នុងស្រុក​សរុប ចំណែក​ប្រាក់​បញ្ញើ​បាន​កើនឡើង22% ស្មើនឹង74% នៃ​ផលិតផល ក្នុងស្រុក​សរុប រីឯ​ឥណទាន​កើនឡើង​ប្រមាណ​ជា18% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016។ ដោយឡែក​ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ​ស៊ី​អាយ​អឹម​ប៊ី ភីអិលស៊ី ក៏​កំពុងមាន​ភាពល្អប្រសើរ​ផងដែរ​តាមរយៈ​កំណើន​នៃ​ទ្រព្យសកម្ម កំណើន​ឥណទាន និង​កំណើន​ប្រាក់ចំណេញ​របស់ខ្លួន៕

  • កម្ពុជាចុះអនុស្សរណៈយោគយល់គ្នាជាមួយចិនពង្រឹងលើវិស័យកម្មសិទ្ធិបញ្ញា

    កម្ពុជាចុះអនុស្សរណៈយោគយល់គ្នាជាមួយចិនពង្រឹងលើវិស័យកម្មសិទ្ធិបញ្ញា

    ភ្នំពេញ៖ ក្នុងការពង្រឹងវិស័យកម្មសិទ្ធិបញ្ញា និងការកសាងម៉ាកយីហោ ក្រសួងពាណិជ្ជកម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយរដ្ឋបាលជាតិឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន។

    ពិធីនេះប្រព្រឹត្តទៅក្រោមគណៈអធិបតីភាពឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ម៉ា ហ្សិងគី (Ma Zhengqi) អនុរដ្ឋមន្ត្រីនៃរដ្ឋបាលជាតិឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងនៃការផ្តួចផ្តើមឱ្យមានការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែទូលំទូលាយដោយឈរលើមូលដ្ឋានស្មើភាព និងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកលើវិស័យម៉ាក និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ព្រមទាំងជំរុញការកសាងម៉ាកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា និងចិន។

    អនុស្សរណៈនេះក៏មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកម្មសិទ្ធិបញ្ញាតាមរយៈការគាំពារផលប្រយោជន៍អ្នកប្រើប្រាស់ និងផលិតករឱ្យកាន់តែមានប្រសិទ្ធភាព ខណៈពេលដែលប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានភាពទន់ខ្សោយនៅឡើយចំពោះការទប់ស្កាត់ការលួចបន្លំ។

    តាមរយៈអនុស្សរណៈនេះដែរ ប្រទេសទាំងពីរនឹងធ្វើការចែករំលែកលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ព្រមទាំងធ្វើទស្សនកិច្ចសិក្សាពីគ្នាទៅវិញទៅមកដើម្បីដកស្រង់បទពិសោធនៅលើវិស័យកម្មសិទិ្ធបញ្ញា និងការពង្រឹងកិច្ចការពារម៉ាកពាណិជ្ជកម្ម។

    លើសពីនេះប្រទេសចិនក៏នឹងជួយបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកត្រួតពិនិត្យម៉ាកដល់ប្រទេសកម្ពុជា និងជួយជំរុញឱ្យមានការតាំងពិព័រណ៍ផលិតផលខ្មែរក៏ដូចជាការកសាងម៉ាកយីហោរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិបន្ថែមទៀត៕

  • រោងចក្រ​ផលិត​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​ដំបូង​គេ​របស់​កម្ពុជា លេចចេញ​ជា​រូបរាង​ហើយ

    រោងចក្រ​ផលិត​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​ដំបូង​គេ​របស់​កម្ពុជា លេចចេញ​ជា​រូបរាង​ហើយ

    រោងចក្រ​ផលិត​អគ្គិសនី​ទាញ​ចេញពី​ពន្លឺព្រះអាទិត្យ​នៅ​ខេត្តស្វាយរៀង​ដ៏​ធំ​ដំបូង​គេ​របស់​កម្ពុជា ក្រោម​ការវិនិយោគ​រប​ស់​ក្រុមហ៊ុន Sunseap Group ប្រទេស​សិង្ហ​បុរី​បាន​លេចចេញ​ជា​រូបរាង​ហើយ​កាលពីដើម​ខែកញ្ញា ឆ្នាំ 2017នេះ។

    ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ ធ្វើ​ឡើងលើ​ផ្ទៃដី 21 ហិកតា​ដោយ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ 14 លាន​ដុល្លារ និង​អាច​ផលិត​ថាមពល​បាន​ក្នុង​ទំហំ 10 មេ​ហ្គា​វ៉ា​ត់ (MK) បានចាប់ផ្តើម​ដំណើរការ​ហើយ​នៅ​ទីក្រុង​បាវិត ខេត្តស្វាយរៀង ហើយនឹង​បង្កើន​ថាមពល​បន្ថែម​នៅឆ្នាំក្រោយ។ គម្រោង​មួយ​នេះ បាន​កើតឡើង​ក្រោយពី​មានការ​គាំទ្រ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ក្នុងការ​ផ្តល់ប្រាក់​កម្ចី​ជា​ទឹកប្រាក់ 9,2 លាន​អឺរ៉ូ​ដល់​ក្រុមហ៊ុន Sunseap Group ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី។

    កញ្ចប់​ហិរញ្ញប្បទាន​ដែល​ត្រូវ​បានផ្តល់​ដោយ​នាយកដ្ឋាន​ប្រតិបត្តិការ​វិស័យ​ឯកជន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​រួមបញ្ចូល​ទាំង​ការផ្តល់​សហ​ហិរញ្ញប្បទាន​ពី​ស្ថាប័នហិរញ្ញវត្ថុ​វិស័យ​ឯកជន​តាមរយៈ​កម្មវិធី​ឥណទាន​ខ្នាតតូច​បំផុត​របស់ ADB និង​កម្ចីសម្បទាន​ពី​មូលនិធិ​អាកាសធាតុ​កាណាដា​សម្រាប់​វិស័យ​ឯកជន​នៅ​អាស៊ី (CFPS) ។ កម្ចី​របស់ CFPS  មាន​សារៈសំខាន់​ក្នុង​ការជួយ​ដល់​អ្នក​ឧបត្ថម្ភ​ដើម្បី​ជម្នះ​នូវ​ហានិភ័យ​នៃ​ការផ្លាស់ប្តូរ​ដើមដំបូង និង​បុព្វលាភ​ចំណាយ​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​គម្រោង​ទីមួយ​នៃ​ប្រភេទ​នេះ។

    ឯកឧត្តម កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ក្នុង​ដំណើរចុះ​ពិនិត្យ​ដំណើការ​នៃ​គម្រោង​ឧទ្យាន​ថាមពល​នោះ​ឱ្យដឹងថា រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ គឺជា​គម្រោង​ថាមពល​ស្អាត​មិន​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​គម្រោង​នេះ​បង្ហាញឱ្យឃើញ​នូវ​ការបោះ​ជំហាន​ថ្មី​មួយទៀត​របស់​ប្រទេស​កម្ពុជា​ក្នុងការ​ទាញ​ថាមពល​អគ្គិសនី​ពី​ធម្មជាតិ បន្ទាប់ពី​ការ​ទាញ​ថាមពល​ពី​វា​រី​អគ្គិសនី។

    ឯកឧត្តម​ក៏បាន​បញ្ជាក់​ផងដែរ​ថា គម្រោង​នេះ​ជា​ចំណែក​មួយ​នៅក្នុង​គោលនយោបាយ​ពង្រីក​ថាមពល របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលមាន​ទិសដៅ​តែមួយ​គឺ ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​គ្រប់​ភូមិ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ឱ្យបាន​កាន់តែ​ឆាប់។  ក្រុម Sunseap នឹងធ្វើ​ការលក់​ថាមពល​ទៅឱ្យ​អគ្គិសនី​កម្ពុជា​ក្នុងតម្លៃ​ទាប ក្នុង​រយះពេល 20 ឆ្នាំ ហើយ​បន្ទាប់ពី​ជោគជ័យ អគ្គិសនី​កម្ពុជា​នឹងសិក្សា​គម្រោង​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ​ធំ​មួយទៀត ដែលមាន​ទីតាំងនៅក្បែរៗរាជធានី​ភ្នំពេញ​វិញ​ម្ដង៕