Category: សង្គម និងសេដ្ឋកិច្ច

  • ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​បង្រៀន​ជំនាញ​ទន់ (Soft Skills) ដោយ​ឥតគិតថ្លៃ

    ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​បង្រៀន​ជំនាញ​ទន់ (Soft Skills) ដោយ​ឥតគិតថ្លៃ

    ទីភ្នាក់ងារ​មុខរបរ និង​ការងារ (NEA) ជា​ស្ថាប័ន​យ៉ាងសំខាន់​មួយ​ដែល​ជួយ​ប្រជាជន​កម្ពុជា​ឱ្យទទួល​បានការ​ងារ​ធ្វើ និង​បណ្តុះបណ្តាល​ជំនាញ​នានា​បន្ថែមទៀត​ដល់​សិស្ស និស្សិត ឱ្យមាន​សមត្ថភាព​ក្នុងការ​បំពេញ​កិច្ចការងារ​ឱ្យ​កាន់តែ​ប្រសើរ ព្រមទាំង​ជា​ស្ថាប័ន​ផ្សព្វផ្សាយ​ពី​ទីផ្សារការងារ​យ៉ាងសំខាន់​សម្រាប់​កម្ពុជា។

    នៅក្នុង​សកម្មភាពសំខាន់ៗ របស់​ទីភ្នាក់ងារ​មុខរបរ និង​ការងារ​ទាំងអស់ ការងារ​បណ្តុះបណ្តាល​ត្រូវបាន​គេ​មើលឃើញថា ជា​សកម្មភាព​ថ្មី​មួយ​ប្រកបដោយ​ភាព​ផុលផុស និង​មាន​សក្តានុពល​ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​កាន់​តែមាន​សមត្ថភាព ទាំង​លទ្ធភាព​ធ្វើ​ការងារ សមត្ថភាព​ក្នុង​ការគិត និង​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​ជីវិត​ជាដើម។

    ជាទូទៅ ស្ថាប័ន​ជាតិ​មួយ​នេះ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទន់​ជា​បន្តបន្ទាប់​ដល់​យុវជន​កម្ពុជា​ដោយ​ឥតគិតថ្លៃ ដែល​វគ្គ​នេះ​នឹង​បណ្តុះបណ្តាល​ជំនាញសំខាន់ៗដូចជា ជំនាញ​ប្រាស្រ័យ​ទាក់ទង ជំនាញ​ដោះស្រាយ​បញ្ហា និង​ជំនាញ​ធ្វើការ​ងារ​ជា​ក្រុម។

    យោងតាម​ការបង្ហាញរ​បស់​អ្នកជំនាញ​ការងារ​បាន​ឱ្យដឹងថា ជំនាញ​ដែល​យុវជន​កម្ពុជា​ត្រូវ​ចេះ​ដើម្បី​ទទួលបាន​ការងារ​ល្អ​ធ្វើ បន្ថែម​លើ​ជំនាញ​ក្នុង​សាលា​គឺ ជំនាញ​ភាសាបរទេស ជំនាញ​គ្រប់គ្រង​អតិថិជន ជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​កុំព្យូទ័រ​មូលដ្ឋាន ជំនាញ​ទំនាក់ទំនង​ផ្ទាល់មាត់ ជំនាញ​ធ្វើ​ការងារ​ជា​ក្រុម​ជំនាញ​រៀបចំ​គម្រោង ជំនាញ​ទំនាក់ទំនង​តាមរយៈ​ការសរសេរ ជំនាញ​រដ្ឋបាល ជំនាញ​គិត​លេខ និង​ជំនាញ​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង៕

  • ភី​យ៉ា វេ​កា និង មុន្នី រ័ត្ន  បញ្ចេញ​ឈុត​សិច​ស៊ី​រោលរាល

    ភី​យ៉ា វេ​កា និង មុន្នី រ័ត្ន  បញ្ចេញ​ឈុត​សិច​ស៊ី​រោលរាល

    ថ្មីៗនេះ តារា​ស្រី​ល្បីឈ្មោះ​ពីរ​ដួង​គឺ កញ្ញា ភី​យ៉ា វេ​កា (Piya Vega) និង កញ្ញា មុន្នី រ​ត្ន័ (A Nyroth So) ដែលជា​តារា​បង្ហាញ​ម៉ូដ និង​តួ​សម្តែង​ល្បីឈ្មោះ​បា​នប​ង្អូ​ត​សម្រស់​របស់ខ្លួន​ជាមួយ​ដងខ្លួន​ដ៏​ស្រ​ឡូ​ន ម្រាមដៃ​រៀវ​ស្រួច រាង​តូច​ច្រឡឹង លម្អ​ដោយ​សក់ខ្មៅ​វែង​អន្លាយ ទម្រង់​មុខ​អក្សរ​V ច្រមុះ​ស្រួច កែវភ្នែក​ខ្មៅយង់ បែប​ជានា​រី​ខ្មែរ ក្នុង​ឈុត​ប៊ី​គី​នី​សិច​ស៊ី​ដ៏​រោលរាល​នា​ទឹកដី​ទីក្រុង​សៀមរាប។

    បន្ទាប់ពី​ជាប់​លំដាប់ថ្នាក់​លេខ3 ជា​បវរ​កញ្ញាឯក​ធម្ម​ជាតិ កញ្ញា មុន្នី​រ័ត្ន បាន​ចាប់​អាជីព​ជាតា​រា​បង្ហាញ​ម៉ូដ និង​ក្លាយជា​តារា​បង្ហាញ​ម៉ូដ​របស់ សា​ពណ៌​ម៉ូ​ដែ​លីង ហើយ​ត្រូវប៉ាន់​ខ្លាំង​សម្រាប់​ទីផ្សារ​ខាងក្រៅ​ស្រុក និង​ក្នុងស្រុក។ សម្រាប់​អនាគត កញ្ញា មុន្នី រ​ត្ន័ មានបំណង​ចង់​ចាប់យក​អាជីព​ជា​អ្នកចម្រៀង​មួយទៀត ហើយនឹង​គ្រោង​បើកមុខ​ជំនួញ​មួយ​ដោយ​ខ្លួនឯង​ទៀតផង។  ចំពោះ កញ្ញា ភី​យ៉ា វេ​កា គឺជា​តារា​បង្ហាញ​ម៉ូដ និង​សម្ដែង​ដែល​បច្ចុប្បន្ននេះ​នាង​មាន​ភាព​មមាញឹក​ច្រើន​ក្នុង​ការថត​ស្បត​ឱ្យ​ក្រុមហ៊ុន​សាប៊ូ Clear, Tripple B និង​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Huawei ជាដើម។

    គួរបញ្ជាក់​ផងដែរ​ថា រូបថត​របស់​ស្រី​ស្អាត​ទាំងពីរ​ដែល​ធ្វើឱ្យ​ក្រសែភ្នែកបុរសៗបាក់​ទៅលើ​រូបនាង​នោះ គឺ​មិនមែន​ថត​ដោយ​កាមេរ៉ា​ទំនើប Digital ឡើយ គឺ​នាង​បាន​ប្រើប្រាស់​ត្រឹមតែ​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ផ្ទាល់ខ្លួន​ដែលមាន​គុណភាព​ថតរូប​ភាព​បាន​ច្បាស់​ដូច​កាមេរ៉ាធំៗដែរ​តែប៉ុណ្ណោះ៕

    សូម​ទស្សនា​រូបភាព​ទាំងឡាយ​ខាងក្រោម​នេះ៖

  • ប្រយ័ត្ន​ផង! ចាហួយ​ដូង​ពី​វៀតណាម​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​កុមារ

    ប្រយ័ត្ន​ផង! ចាហួយ​ដូង​ពី​វៀតណាម​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​កុមារ

    ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តកំពង់ធំ បាន​ចុះ​ពិនិត្យ​ទំនិញ​ដែល​អាជីវក​រដាក់​លក់ដូរ​នៅក្នុង​ផ្សារ​បារាយណ៍ ដោយបាន​រកឃើញ​ទំនិញ​ប្រភេទ​ចាហួយ​ដូង និង​តំណាប់​ដូង​មាន​ផ្ទុក​ដោយសារ​ធាតុគីមី​ខ្ពស់​ធ្វើឱ្យប៉ះពាល់​សុខភាព​កុមារ​យ៉ាងធ្ងន់ធ្ងរ។

    លោក លៀង សុភា ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ធំ​បានឱ្យដឹងថា កាលពី​ថ្ងៃទី7 ខែកញ្ញា​នេះ មន្ត្រី​ជំនាញ​បាន​សហការ​ជា​មូ​យ​អាជ្ញាធរ​មូលដ្ឋាន​ដោយបាន​ចុះ​ពិនិត្យ​ទំនិញ​នានា ដែល​ដាក់លក់​នៅលើ​ទីផ្សារ​ដោយ​ក្នុង​នោះបាន​រកឃើញ​ទឹកក្រូច​ម៉ាក​ហ្វា​ន់តា​ចំនួន24ដប ទឹកក្រូច​ម៉ាក​ឌី​ដូ ចំនួន34ដប ទឹកក្រូច​ម៉ា​កកូ​តូ 12ដប និង​ទឹកក្រូច​ចំណុះ220មី​ល្លី​លិ​ត្រ​ចំនួន8ដប ដែល​ផលិត​នៅ​ប្រទេស6ថៃ និង​ទឹកក្រូច​ម៉ាក​ហ៊ី​ដូ​ផលិត​នៅ​ប្រទេស​កូរ៉េ​ផងដែរ ដោយបាន​ពិនិត្យឃើញថា ជា​ប្រភេទ​ទំនិញ​ដែល​ខូចគុណភាព​មិនអាច​លក់​ទៅឱ្យ​អតិថិជន​បានឡើយ។

    លោក​បន្តថា ក្នុងចំណោម​ទំនិញ​ខូចគុណភាព​ទាំង8មុខ​នោះ មន្ត្រី​ជំនាញ​បាន​រកឃើញ​ផងដែរ​ថា ចាហួយ​ដូង ឬ​តំណាប់​ដូង​ដែល​ផលិត​នៅក្នុង​ប្រទេស​វៀតណាម ហើយ​ត្រូវបាន​ចរាចរ​ដាក់លក់​នៅលើ​ទីផ្សារ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​នោះបាន​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ពិសេស​កុមារ ដោយសារតែ​វា​មាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ខ្ពស់។

    ចំណែក​ផលប៉ះពាល់​វិញ​ត្រូវបាន​គេ​ដឹងថា នឹងធ្វើ​ឱ្យ​កុមារ​រាក ក្អួតចង្អោរ រាក​រួស ក្តៅខ្លួន​ជាដើម ហើយ​វា​អាច​បង្ក​ទៅជា​ជំងឺផ្សេងៗបាន​ទៀតផង ដូច្នេះ​អាណាព្យាបាល​គួរ​ប្រុងប្រយ័ត្ន ចៀសវាង​កុំ​បណ្តោយឱ្យ​កូនតូច​ទិញ​នំចំណី​បរិភោគ​ដោយ​ខ្លួនឯង ជាពិសេស​នៅតាម​សាលារៀន​នានា ដែល​លោកគ្រូ​អ្នកគ្រូ​គួរតែ​ជួយ​អប់រំ​កូនសិស្សតូចៗឱ្យបាន​យល់​ពី​បញ្ហា​នេះ​ផង៕

  • ក្រសួង​អប់រំ នឹង​បើក​ថ្នាក់​អក្ខរកម្ម​ឱ្យ​កាន់តែច្រើន​ដល់​កម្មករ​តាម​រោងចក្រ​នៅ​ឆ្នាំនេះ

    ក្រសួង​អប់រំ នឹង​បើក​ថ្នាក់​អក្ខរកម្ម​ឱ្យ​កាន់តែច្រើន​ដល់​កម្មករ​តាម​រោងចក្រ​នៅ​ឆ្នាំនេះ

    ព្រឹក​នេះ ជា​ទិវា​អក្ខរកម្ម​ជាតិ-អន្តរជាតិ​លើក​ទី17 ដែល​ប្រព្រឹត្តទៅ​នៅ​ខេត្តបាត់ដំបង ក្រោម​ប្រធានបទ «អក្ខរកម្ម​ផ្សារភ្ជាប់​ជាមួយនឹង​សហគមន៍»។

    នៅក្នុង​ព្រឹត្តិការណ៍​នេះ​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានលើកឡើង​នៅ​ព្រឹក​នេះ​ថា ទិវា​អក្ខរកម្ម​ជាតិ-អន្តរជាតិ 8កញ្ញា​នេះ ជា​ទិវា​មួយ​ដែលមាន​សារៈសំខាន់ និង​មាន​អត្ថន័យ​ដ៏​ថ្លៃថ្លា​បំផុត​ក្នុងការ​លើកកម្ពស់​ការ​ងារ​អក្ខរកម្ម ព្រមទាំង​ជំរុញ​មនសិការ​របស់​បងប្អូន​ជនរួមជាតិ​យើង​ទាំងអស់​រួមគ្នា​លើកកម្ពស់​ការងារ​នេះ ឱ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​ឧត្ដមប្រយោជន៍​របស់​ក​ម្ពុ​ជា​យើង​ផង និង​មនុស្សជាតិ​ទាំងមូល​ផង។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ «សមិទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​អក្ខរកម្ម​វិជ្ជាជីវៈ​នេះ បានបង្ហាញ​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អង្គការ​យូណេស្កូ និង​ដៃគូ​អភិវឌ្ឍន៍​នានា ជាពិសេស​ពី​កិច្ចខិតខំ​ប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត របស់​មន្ត្រី​អប់រំ​គ្រប់លំដាប់​ថ្នាក់  ព្រះសង្ឃ សិស្ស និស្សិត បញ្ញវន្ត និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​នៅ​ទូទាំងប្រទេស»។

    នៅក្នុង​ឆ្នាំ 2017 នេះ ក្រុមការងារ​អក្ខរកម្ម​បាន​បើក​ថ្នាក់​បន្ថែម​ដើម្បី​បង្រៀន​អក្ខរកម្ម​ដល់ក​ម្មករ-កម្មការិនី នៅ​រោងចក្រ​ចំនួន 11 ដែលមាន​អ្នកចូលរួម​ចំនួន166នាក់ ដោយ​ក្នុងនោះ​មានកម្ម​ការិនី ចំនួន 154នាក់។ កម្មវិធី​នេះ​នឹង​ធ្វើឱ្យ​បងប្អូន​កម្មករ-កម្មការិនី ទទួលបាន​ការរៀនសូត្រ​ផ្នែក​អក្សរ លេខ និង​មានឱកាស​ការងារ​កាន់​តែ​ប្រសើរឡើង។

    ពាក់ព័ន្ធ​ជាមួយនឹង​កម្មវិធី អក្ខរកម្ម​នេះ​ផងដែរ ក៏មាន​បើក​បង្រៀន​សម្រាប់​ប្រជាជន​ទូទៅ នៅ​ទូទាំងប្រទេស​ដែល​ចង់​អភិវឌ្ឍ​ខ្លួនឯង ឬ​ដែល​មិនបាន​ចូល​សិក្សា​កាលពី​នៅ​ក្មេង ដើម្បី​បាន​សិក្សា​ពី​អក្សរ ដែល​វា​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​រៀន​ជំនាញ​ដទៃ សម្រាប់​អភិវឌ្ឍ​មុខរបរ​ប្រចាំថ្ងៃ រួមទាំង​អាចធ្វើឱ្យ​គាត់​ក្លាយជា​អ្នកបច្ចេកទេស​នៅក្នុង​សហគមន៍​របស់​ពួកគាត់​ថែមទៀត​ផង ប្រសិនបើ​គាត់​តស៊ូ​ប្រើ​ចំណេះដឹង​ដែលមាន​ទៅ​សិក្សា​បន្ថែម​លើ​ជំនាញខ្ពស់ៗបន្ថែមទៀត៕

  • កម្ពុជា-ថៃ គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់15ពាន់​លាន​ដុល្លារ

    កម្ពុជា-ថៃ គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់15ពាន់​លាន​ដុល្លារ

    ភ្នំពេញៈ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ​គ្រោង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើន​ឡើងដល់ 15ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ 2020ខាងមុខនេះ ខណៈ​កាលពី​ឆ្នាំមុន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរបាន​កើនឡើង​ដល់​ជិត6ពាន់​លាន​ដុល្លារ​រួចទៅហើយ។

    បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​រួម​លើក​ទី3 រវាង​គណៈរដ្ឋមន្ត្រី​កម្ពុជា និង​គណៈរដ្ឋមន្ត្រី​ថៃ​នៅ​វិមាន​សន្តិភាព​ទីក្រុង​ភ្នំពេញ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ម្សិលមិញ​នេះ​រួចមក សម្តេច តេ​ជោ​ហ៊ុន សែន​បាន​ថ្លែងថា តាមរយៈ​កិច្ចពិភាក្សា​ដោយ​រលូន និង​មានការ​យោគយល់​គ្នា​ទៅវិញទៅមក​រវាង​សម្តេច និង​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ប្រទេស​ទាំងពីរ​បាន​ប្តេជ្ញាចិត្ត​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ និង​បើក​ច្រក​ថ្មី និង​ភ្ជាប់​បណ្តាញ​ផ្លូវគោក ផ្លូវ​រថភ្លើង និង​ផ្លូវទឹក​បន្ថែមទៀត ពិសេស​ប្រទេស​ថៃ​បាន​សន្យា​ជួយ​ទិញ​កសិផល​កម្ពុជា​បន្ថែម​ទៀត ប៉ុន្តែ​សម្តេច​មិនបាន​បញ្ជាក់ថា​ក្នុង​ចំនួន​ប៉ុន្មាន​ជាក់លាក់​នោះទេ។

    សម្តេច​បន្តថា “នៅពេល​មាន​បញ្ហា​កសិផល​មិនអាច​មានការ​នាំចូល​ប្រទេស​ថៃ​បាន​នោះ សម្តេច​បានធ្វើ​អន្តរាគមន៍ និង​មាន​ការជួយ​សម្របសម្រួល​ពី​ភាគី​ថៃ​បាន​ទាន់ពេលវេលា។ សម្តេច​បាន​បន្តថា “បច្ចុប្បន្ន​ប្រទេស​ថៃ​នាំ​ចូលមក​កម្ពុជា5 តែ​កម្ពុជា​នាំចូល​ទៅកាន់​ប្រទេស​ថៃ​វិញ​មានតែ1ប៉ុណ្ណោះ ហេតុនេះ​ទើប​យើង​ត្រូវ​ស្វែងរក​យុទ្ធសាស្ត្រ​ធ្វើយ៉ាងណា​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​កើនឡើង​បន្ថែមទៀត។

    នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ថ្លែងថា ការតភ្ជាប់​រវាង​ប្រទេស​ថៃ និង​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ​មួយ​រវាង​ប្រទេស​ថៃ និង​ប្រទេស​ក្នុង​តំបន់​និង​ជាមួយ​ប្រទេស​កម្ពុជា ហើយ​តាមរយៈ​ការតភ្ជាប់​នេះ​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ពិសេស​តាមរយៈ​ច្បាប់​គយ​ថ្មី​របស់​ប្រទេស​ថៃ​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​នាំចេញ​ទៅកាន់​ប្រទេស​ទី3ផងដែរ។ លោក​បន្តថា យើង​រីករាយ​សហការគ្នា​តាមរយៈ​គោលនយោបាយ​ថៃ​បូក1 និង​កម្ពុជា​បូក1 ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

    លោក​បន្តថា “យើង​នឹង​ដើរ​ទៅមុខ​ជាមួយគ្នា ប្រទេស​ថៃ​នឹងមិន​ទុក​កម្ពុជា​ចោល​ហើយ​រីកចម្រើន​តែម្នាក់ឯង​នោះទេ គឺ​យើង​នឹងធ្វើ​យ៉ាងណា​ឆ្ពោះទៅមុខ​ក្នុង​វិបុលភាព​ជាមួយគ្នា។

    យោងតាម​របាយការណ៍​របស់​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​កម្ពុជា​ក្នុង​រយៈពេល6ខែ​ដើម​ឆ្នាំនេះ​សម្រេចបាន​នូវ​ទឹកប្រាក់2.9ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ10ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

    ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិ​វ​ឌ្ឈ​ន៍​នៃ​ក្រុមហ៊ុន Emerging Market Consuting លោក ង៉ែត ជូ បាន​ថ្លែងថា ដើម្បី​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​តុល្យភាព យើង​ត្រូវតែ​ព្យាយាម​ធ្វើយ៉ាងណា​ដើម្បី​ពង្រឹង និង​បង្កើន​ការផលិត​របស់ខ្លួន​ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេស​ថៃ។

    លោក​បាន​បន្តថា “កម្ពុជា​គួរតែ​ព្យាយាម​ផលិត​អ្វីដែល​មានតម្លៃ​ខ្ពស់ ហើយ​មាន​លក្ខណៈ​ខុសប្លែក​ពី​របស់​ប្រទេស​ដទៃ ដើម្បី​មានលទ្ធភាព​កាន់តែ​ខ្ពស់​ក្នុងការ​ចាប់យក​ទីផ្សារ​ជាមួយ​ប្រទេស​ថៃ និង​បណ្តា​ប្រទេស​ដទៃ​ផ្សេងទៀត​ផងដែរ”៕

  • Coutinho និង Sanchez ត្រៀម​បង្ហាញ​ថ្វី​ជើង ពេល​ប៉ះ Man City និង Bournmouth រៀងៗខ្លួន

    Coutinho និង Sanchez ត្រៀម​បង្ហាញ​ថ្វី​ជើង ពេល​ប៉ះ Man City និង Bournmouth រៀងៗខ្លួន

    លោក Pep Guardiola និង Jurgen Klopp គឺជា​គូប្រជែង​ដែល​រៀបចំ​ក្រុម​ឲ្យ​លេង​កីឡាបាល់ទាត់​បែប​វាយ​សម្រុក​លើ​ដៃគូ ដែល​គួរតែ​ធ្វើ​ឲ្យ​ការប្រកួត​ក្របខ័ណ្ឌ Premier League រវាង​ក្រុម Manchester City និង Liverpool នៅ​ថ្ងៃ​សៅរ៍​នេះ ក្លាយជា​ការប្រកួត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ប្រចាំ​សប្តាហ៍។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា ទាំង​លោក Guardiola របស់​ក្លិប Man City និង​លោក Klopp របស់​ក្លិប Liverpool កំពុងតែ​ស្ថិតក្រោម​សម្ពាធ​ដូចគ្នា​នៅ​រដូវ​កាល​នេះ ក្នុងការ​ផ្លាស់ប្តូរ​ទម្រ​ង់​លេង​បែប​វាយ​សម្រុក​ឲ្យ​ឆ្ពោះទៅរក​ការ​ឈ្នះ​ពាន។

    ស្រប​ពេលដែល​ក្លិប​ទាំង​មាន7ពិន្ទុ​ដូចគ្នា និង​មិន​ស្គាល់​ចាញ់​សោះ​បន្ទាប់ពី​ការប្រកួត3លើក ពួកគេ​សង្ឃឹមថា កីឡាករ​របស់​ពួកគេ​នឹងមិន​បានបង្ហាញ​ពី​ការ​អស់កម្លាំង​ឡើយ ក្រោយពី​ការបំពេញ​កាតព្វកិច្ច​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​រួច។ ទាំង Liverpool និង Man City កំពុងតែ​ដេញតាម​ពីក្រោយ​ក្រុម Manchester United ចំនួន2ពិន្ទុ​ដូចគ្នា ខណៈដែល​ក្រុម​របស់លោក Jose Mourinho មិនទាន់​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​របស់ខ្លួន1គ្រាប់​ណា​នៅឡើយ​ទេ​នៅ​រដូវ​កាល​នេះ មុនពេល​ធ្វើដំណើ​ទៅកាន់​ទឹកដី​ក្រុម Stoke នៅ​ថ្ងៃ​សៅរ៍​នេះ។

    ជាមួយគ្នានេះដែរ កីឡាករ​ជាច្រើន​នឹង​ចាប់ផ្តើម​ធ្វើការ​ប្រជែង​ជាមួយនឹង​ក្លិប​ថ្មី​របស់​ពួកគេ ក្រោយពី​ទីផ្សារ​ដោះដូរ​កីឡាករ​បាន​បិទ​អំឡុងពេល​បំពេញ​កាតព្វកិច្ច​សម្រាប់​ក្រុម​ជម្រើសជាតិ។ Philippe Coutinho អាច​នឹងធ្វើ​ការបង្ហាញ​ខ្លួន​ជា​លើក​ទី1របស់គេ នៅ​រដូវ​កាល​នេះ​សម្រាប់​ក្រុម Liverpool ហើយ​ការចាប់អារម្មណ៍ផ្សេងៗនឹង​ស្ថិតនៅលើ​អារម្មណ៍​របស់គេ ក្រោយពី​រូបគេ​បាន​ខកខាន​ក្នុងការ​ផ្ទេរ​ទៅកាន់​ក្លិប Barcelona។

    ជាមួយគ្នានេះ Alexis Sanchez នឹង​ក្លាយជា​តួអង្គ​ដ៏​សំខាន់​ចំពោះ​ក្លិប Arsenal និង​លោក Arsene Wenger ក្នុង​យុទ្ធនាការ​នៃ​ការ​ប្រជែង​លើក​ពាន​របស់​ពួកគេ។ ប៉ុន្តែ ការត្រៀម​លក្ខណៈ​ផ្នែក​ស្មារតី​របស់​ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី​រូបនេះ ក្រោយពី​ក្លិប Arsenal បដិសេធ​មិន​ឲ្យ​រូបគេ​ចាកចេញ​ទៅកាន់​ក្លិប Manchester City នឹង​ពិតជា​សំខាន់​ណាស់ ដើម្បី​បង្ហាញថា តើ Arsenal នឹង​ទទួលជោគជ័យ​ឬ​យ៉ាងណា។

    Arsenal នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Bournemouth នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈដែល​ពួកគេ​កំពុងតែ​ត្រូវការ​ជ័យជម្នះ​ដ៏​សំខាន់​មួយ ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ ក្រោយពី​ឈ្នះ1លើក និង​ចាញ់2លើក​ពី​ការប្រកួត​បើកឆាក3លើកដំបូង​របស់​ពួកគេ៕

    កម្មវិធី​ប្រកួត​ថ្ងៃ​សៅរ៍​នេះ​មាន

    ថ្ងៃ​សៅរ៍ ទី៩ ខែកញ្ញា
    Manchester City v Liverpool – 6:30 ល្ងាច
    Arsenal v Bournemouth – 9 យប់
    Brighton v West Brom – 9 យប់
    Everton v Tottenham – 9 យប់
    Leicester v Chelsea – 9 យប់
    Southampton v Watford – 9 យប់
    Stoke City v Manchester United – 11:30 យប់

    ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា
    Burnley v Crystal Palace – 7:30 យប់
    Swansea v Newcastle Utd – 10 យប់

    ប្រភពពី៖ The Straits Times

  • Rolin ប៉ះជាមួយ Catherine ធ្វើជាគណៈកម្មការ Cambodian Net IDol

    Rolin ប៉ះជាមួយ Catherine ធ្វើជាគណៈកម្មការ Cambodian Net IDol

    ត្រៀមខ្លួនរួចហើយឬនៅ? តើអ្នកត្រៀមខ្លួនក្លាយជាអាយដលម្នាក់ដែលមានអ្នកគាំទ្រដ៏ច្រើនហើយឬនៅ?

    នេះគឺជាកម្មវិធីថ្មីសន្លាងមួយដែលបង្កើតឡើងដោយ Cellcard គឺកម្មវិធី Cambodian Net IDol ក្នុងការស្វែងរកអាយដល ដែលល្បីល្បាញនៅលើបណ្ដាញសង្គម Facebook ឬ Instagram ដោយគោរពតាមលក្ខខណ្ឌក្នុងការចូលរួមដែលមានភាពងាយស្រួលបំផុត ដោយគ្រាន់តែថតជាឃ្លីបវីដេអូខ្លីៗរយៈពេល 1 នាទីឡើងទៅ ដែលប្រកបដោយគំនិតច្នៃប្រឌិត ផ្ញើមកកាន់ Cambodian Net IDol  Page ដើម្បីទទួលបានការជ្រើសរើសយកទៅប្រកួតប្រជែង មិនតែប៉ុណ្ណោះអ្នកនឹងទទួលបានឱកាសពិភាក្សា និងទទួលយកយោបល់ល្អៗពីគណៈកម្មការទាំង3រូប រួមមាន អ្នកនាងRolin កញ្ញាCatherine និងជាពិសេសគឺលោក ZK កំពូលអ្នកបើកម៉ូតូធំទៀតផង។

    ក្នុងនោះដែរអ្នកនាង Rolin បានផ្ដល់ជាមតិ និងទិចនិកខ្លះៗថា «ក្នុងនាមនាងខ្ញុំផ្ទាល់ ដែលធ្លាប់ធ្វើជាគណៈកម្មការនៅក្នុងបណ្ដាញស្ថានីយទូរទស្សន៍ផ្សេងៗ និងនេះជាលើកទីមួយហើយ ដែលនាងខ្ញុំក្លាយជាគណៈកម្មការលើបណ្ដាញអ៊ីនធឺណិត»។ Rolin បានបន្ដថា «តាមបទពិសោធរបស់នាងខ្ញុំ វីដេអូដែលនាងខ្ញុំបានធ្វើគឺបែបកំប្លែង ឱ្យមើលទៅមានភាពក្រមិចក្រមើម ជាពិសេសគឺយើងត្រូវចៀសវាងប្រើពាក្យអសុរោះ ដូច្នោះគួរតែរកអ្វីដែលប្លែកៗមិនធ្លាប់មាន និងអ្វីដែលសង្គមត្រូវការ»។

    ជាចុងក្រោយ Catherine ដែលជាអាយដលល្បីខាងវោហារស័ព្ទជាសាធារណៈ ក៏បានផ្ដល់ជាគន្លឹះសំខាន់ថា «សំខាន់ក្នុងការធ្វើវីដេអូនេះគឺ ភាពច្នៃប្រឌិត និងភាពក្លាហាន អ៊ីចឹងប្រសិនបើយើងមានតែទេពកោសល្យ តែគ្មានភាពក្លាហាន ក៏យើងមិនអាចធ្វើវីដេអូដែលល្អបានដែរ» ។

    ដើម្បីឱ្យកាន់តែជ្រាបពីព័តមានលម្អិត សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • Premier League នឹង​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​មុន​ចាប់ផ្តើម​រដូវ​កាល​ថ្មី

    Premier League នឹង​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​មុន​ចាប់ផ្តើម​រដូវ​កាល​ថ្មី

    ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានធ្វើការ​បោះឆ្នោត​ដើម្បី​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​បន្ទាប់ពី​បញ្ចប់​រដូវ​កាល​ក្នុង​ឆ្នាំ2017 នៅ​មុនពេល​ចាប់ផ្តើម​យុទ្ធនាការ​ឆ្នាំ2018-2019។

    ក្រោយពី​មានការ​តវ៉ា​ពី​សំណាក់​អ្នកចាត់ការ​ទូទៅ​ជាច្រើន​ថា សកម្មភាព​នៃ​ការដោះដូរ​កីឡាករ​រំខាន​ដល់​ការត្រៀម​លក្ខណៈ​របស់​ពួកគេ​នោះ ក្លិប​ទាំងអស់នោះ​នឹងមិន​អាច​ទិញ​ចូល​កីឡាករ​ថ្មី​បានឡើយ បន្ទាប់ពី​ឆ្លង​ផុត​ថ្ងៃ​ព្រហស្បតិ៍ មុនពេល​រដូវ​កាល​ថ្មី​ចាប់ផ្តើម។

    ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​ក្របខ័ណ្ឌកំពូលៗជាច្រើន​នៅ​អឺរ៉ុប បន្ត​រហូតដល់​ថ្ងៃទី31 ខែសីហា ដែល​មានន័យថា ក្លិប​ទាំងអស់​នៅក្រៅ​ប្រទេស​អង់គ្លេស នៅតែ​អាច​ទិញ​កីឡា​ករពី​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​បាន បន្ទាប់​ពីថ្ងៃ​បិទ​ផ្សារ​ដោះដូរ​កីឡាករ​នៅ​ក្របខ័ណ្ឌ Premier League។ ក្របខ័ណ្ឌ Premier League បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «នៅថ្ងៃនេះ ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League បាន​យល់ព្រម​ទៅលើ​ការកែទម្រង់​ច្បាប់​មួយ​ដែល​នឹងធ្វើ​ឲ្យ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវក្តៅ​ចាប់ពីពេលនេះ​ទៅនឹង​បញ្ចប់​នៅ​ម៉ោង5 (ម៉ោង​ក្នុងស្រុក) ល្ងាច នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅ​មុនពេល​ចាប់ផ្តើម​រដូវ​កាល​ថ្មី។

    សេចក្តីសម្រេច​នេះ​សម្រាប់តែ​ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League ប៉ុណ្ណោះ និង​មិនមាន​ឥទ្ធិពល​ដល់​លី​ក ឬ​យុទ្ធនាការ​ផ្សេង​ឡើយ»។ ក្របខ័ណ្ឌ​លី​កធំៗផ្សេងទៀត​នៅ​អឺរ៉ុប ដូចជា La Liga របស់​អេ​ស្ប៉ា​ញ Serie A របស់​អ៊ីតាលី Bundesliga របស់​អាល្លឺម៉ង់ និង Ligue 1 របស់​បារាំង បច្ចុប្បន្នកំពុង​ប្រឈមមុខ​នឹង​ការ​សម្រេចចិត្តថា តើ​ត្រូវ​ដើរ​តាម​អង់គ្លេស ឬ​យ៉ាងណា?៕

    ប្រភពព័ត៌មាន៖ BBC

  • សេដ្ឋវិទូ និង​អ្នក​ផលិត និយាយ​ពី​ការកាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​កម្ពុ​ជា-ថៃ

    សេដ្ឋវិទូ និង​អ្នក​ផលិត និយាយ​ពី​ការកាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​កម្ពុ​ជា-ថៃ

    ភ្នំពេញៈ ស្របពេល​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា មកកាន់​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក៏បាន​កើនឡើង​ផងដែរ ប៉ុន្តែ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មិនមាន​តុល្យភាព​នៅឡើយ ដោយ​សេដ្ឋវិទូ និង​អ្នក​ផលិត​បានលើកឡើង​ពី​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ។

    ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៧ ខែកញ្ញា​ម្សិលមិញ​នេះ​ថា ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម និង​ធ្វើ​ឲ្យ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​តុល្យភាព កម្ពុជា​ត្រូវតែ​ព្យាយាម​ធ្វើយ៉ាងណា​ពង្រឹង និង​បង្កើន​ការផលិត​របស់ខ្លួន​ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេស​ថៃ។ លោក​បាន​បន្ថែមថា យើង​គួរតែ​ព្យាយាម​ផលិត​អ្វីដែល​មានតម្លៃ​ខ្ពស់ ហើយ​មាន​លក្ខណៈ​ខុសប្លែក​ពី​របស់​ប្រទេស​ដទៃ​ដើម្បី​មានលទ្ធភាព​កាន់តែ​ខ្ពស់​ក្នុង​ចាប់យក​ទីផ្សារ​ជាមួយ​ប្រទេស​ថៃ និង​បណ្តា​ប្រទេស​ដទៃ​ផ្សេងទៀត​ផងដែរ។

    ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​នា​ពាក់កណ្ដាល​ដើមឆ្នាំ2017 នេះ​ត្រូវបាន​ឃើញថា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយមាន​ទំហំ​ទឹកប្រាក់​រហូតដល់ 2.9ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​ជា10ភាគរយ​បើ​ធៀប​ជាមួយ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ចំនួន​ទឹកប្រាក់​ត្រឹមតែ 2.6ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។  នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​បានបង្ហាញ​ដោយ​ខាង​ស្ថានទូត​ថៃ។

    ក្នុង​រយៈពេល​ដូចគ្នានេះ ការនាំចេញ​ផលិតផល​របស់​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​មានការ​ធ្លាក់ចុះ​ប្រមាណ​ជា 20ភាគរយ ដោយ​វា​មានតម្លៃ​ទឹកប្រាក់​ត្រឹម 453លាន​ដុល្លារ​ប៉ុណ្ណោះ។ ផ្ទុយទៅវិញ​ការនាំ​ចូល​ផលិតផល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ មានការ​កើនឡើង18ភាគរយ ស្មើនឹង 2.4លាន​ដុល្លារ។

    ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​លោក​ឧកញ៉ា តែ តាំង​ប៉ បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ប្រទេស​កម្ពុជា​ត្រូវតែ​ធ្វើយ៉ាងណា​ដើម្បី​ជំរុញ​ការនាំចេញ បង្កើន​ផលិតផល​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល។ ក្នុងនោះ​លោក​ក៏បាន​លើកឡើង​បន្ថែមថា ក្នុងករណីនេះ​ប្រទេស​កម្ពុជា​ក៏​អាច​ចរចា​ជាមួយ​ភាគី​ថៃ​ដើម្បី​ឲ្យ​មានការ​បើកទូលាយ​ចំពោះ​ការនាំ​ចូល​ពី​ប្រទេស​កម្ពុជា​វិញ​ដែរ ដោយ​យក​ការ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ដ៏​ច្រើន​មក​កម្ពុជា ធ្វើជា​ឆ្នួន​សម្រាប់​ការចចា។

    លោក​បន្តថា “ជាមួយគ្នានេះ លោក​បានស្នើ​សុំ​ឲ្យ​ប្រជាជន​កម្ពុជា​ជួយ​គាំទ្រ និង​ឲ្យ​តម្លៃ​ដល់​ផលិតផល​ក្នុងស្រុក​របស់ខ្លួន​ផងដែរ ដើម្បី​លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​បន្ថយ​ការប្រើប្រាស់​ទំនិញ​ពី​បរទេស”៕

  • ស្ងាត់ៗ សូ ដានីតា បញ្ចេញវីឡាថ្មីតម្លៃរាប់ម៉ឺនដុល្លារ

    ស្ងាត់ៗ សូ ដានីតា បញ្ចេញវីឡាថ្មីតម្លៃរាប់ម៉ឺនដុល្លារ

    តាមរយៈ Facebook របស់ សូ ដានីតា បានឱ្យដឹងថា នាងទើបតែបញ្ចេញវីឡាថ្មី ដែលធ្វើមិនទាន់រួចរាល់មួយរយភាគរយឱ្យមហាជនបានឃើញ។ តារារូបនេះបានសរសេរថា “ក្នុងរួច ទើសក្រៅ ក្រៅរួច ទើសដំបូល ទាល់ដំបូលរួច ចាំទើសអីទៀត ដានីតា អើយ មិនចេះចប់ មិនចេះហើយសោះ អីចឹងបានលុយចេះតែមិនសល់ ហ៊ឺកំសត់មែនហើយ ព្រោះនៅឌីហ្សាញក្នុងបន្ទប់ទឹក នឹងខាងក្រោយទៀតបន្ថែមទៀត ផ្ទះនៅយូរហើយ ធ្វើមិនចេះអស់ ជំពាក់កម្ម រឿងសង់ផ្ទះថ្មីហើយមើលទៅ មិនចេះចប់មិនចេះហើយសោះ “។

    សូមទស្សនារូបភាពខាងក្រោម៖