តាមរយៈ Facebook Page របស់ អ្នកនាង ចន ចាន់លក្ខិណា បានឱ្យដឹងថា លោក ណូយ វ៉ាន់ណេត បានជួបគ្រោះថ្នាក់ចរាចរណ៍៍ បណ្ដាលឱ្យអ្នកជិះមូតូធំដែលបានបើកបុកគាត់មួយទំហឹងនោះ ម្នាក់បានស្លាប់ និង រងរបួសម្នាក់ នៅម្ដុំផ្លូវគីឡូម៉ែត្រ លេខ5 ជិតស្រែអំបិល ផ្លូវជាតិលេខ 4។





តាមរយៈ Facebook Page របស់ អ្នកនាង ចន ចាន់លក្ខិណា បានឱ្យដឹងថា លោក ណូយ វ៉ាន់ណេត បានជួបគ្រោះថ្នាក់ចរាចរណ៍៍ បណ្ដាលឱ្យអ្នកជិះមូតូធំដែលបានបើកបុកគាត់មួយទំហឹងនោះ ម្នាក់បានស្លាប់ និង រងរបួសម្នាក់ នៅម្ដុំផ្លូវគីឡូម៉ែត្រ លេខ5 ជិតស្រែអំបិល ផ្លូវជាតិលេខ 4។





ប្រសិនបើលោកអ្នកស្ថិតក្នុងចំណោមមនុស្សទាំង 80 លាននាក់ ដែលកំពុងប្រើប្រាស់កម្មវិធីផ្ទុកទិន្នន័យលើអ៊ីនធើណិតរបស់ក្រុមហ៊ុន Google សូមត្រៀមធ្វើការ Backup និងធ្វើការផ្លាស់ប្ដូរកន្លែងផ្ទុកឱ្យហើយទៅ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានប្រកាសពីការផ្អាកដំណើរការនៅឆ្នាំក្រោយ។

Google បានប្រកាសកាលពីខែកក្កដាកន្លងទៅថា ខ្លួននឹងឈប់គាំទ្រដល់កម្មវិធី Google Drive នៅលើកុំព្យូទ័រ ហើយជាថ្មីម្ដងទៀតកាលពីថ្ងៃព្រហស្បតិ៍ម្សិលម្ង៉ៃ Google បានជូនដំណឹងថា ខ្លួននឹងឈប់គាំទ្រកម្មវិធីនេះចាប់ពីថ្ងៃទី11 ខែធ្នូ ឆ្នាំ2017 ហើយនឹងបិទកម្មវិធីនេះទាំងស្រុងត្រឹមថ្ងៃទី12 ខែមិនាឆ្នាំក្រោយតែម្ដង ដោយជំនួសមកវិញនូវកម្មវិធី Backup and Sync app។ ទាំងនេះ ជាដំណឹងអាក្រក់មួយសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក ដែលមានទិន្នន័យផ្ទុកលើ Google Drive។ ដូច្នេះ សូមធ្វើការត្រៀមធ្វើការ Backup កម្មវិធីថ្មីខាងលើ និងរកកន្លែងផ្ទុកផ្សេងទៀត មុនពេលដែលកម្មវិធីនេះត្រូវបានបញ្ជប់ដូចអ្វីដែល Google បានប្រកាស។
គួរបញ្ជាក់ផងដែរថា ការបិទប្រើប្រាស់នេះ គឺបិទសម្រាប់តែកម្មវិធី Google Drive នៅលើកុំព្យូទ័រ តែប៉ុណ្ណោះ។ សម្រាប់អ្នក ដែលមាន ឯកសារក្នុងគណនី Google នៅតែមាន ដដែលទេ៕

ភ្នំពេញ – នៅថ្ងៃទី11 ខែកញ្ញាខាងមុខនេះ មន្ដ្រីជំនាញក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធទាំងអស់នឹងចេញដំណើរទៅប្រទេសថៃ ដើម្បីចាប់ផ្ដើមយុទ្ធនាការ100ថ្ងៃក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋកម្ពុជាដែលបម្រើការងារនៅក្នុងប្រទេសថៃដែលពុំទាន់បានបំពេញលក្ខខណ្ឌស្របច្បាប់នៅតាមរោងចក្រចំនួន 200កន្លែង។
ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រសាសន៍ថាយុទ្ធនាការ100ថ្ងៃនេះត្រូវបានអនុវត្ដតាំងពីថ្ងៃ1 ខែសីហា ឆ្នាំ2017មកម្ល៉េះ ហើយនឹងត្រូវដាក់បន្ថែមក្រុមចល័ត4ក្រុមបន្ថែមទៀតចុះទៅធ្វើការដល់រោងចក្រចំនួន200កន្លែងដែលមានការប្រើប្រាស់ពលករខ្មែរលើសពី70នាក់។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងដំណើរការការធ្វើលិខិតឆ្លងដែនជូនប្រជាពលករខ្មែរនៅក្នុងប្រទេសថៃដោយផ្ទាល់ដោយពុំចាំបាច់ចំណាយពេលវេលាធ្វើដំណើរមកធ្វើលិខិតឆ្លងដែននៅព្រំដែននៃព្រះរាជាណាចក្រកម្ពុជានោះទេ។ ការធ្វើលិខិតឆ្លងដែននេះគឺធ្វើតែមួយថ្ងៃនឹងទទួលបានលិខិតឆ្លងដែរតែម្តងជាមួយនឹងតម្លៃ2350បាត និងគ្រោងធ្វើឱ្យបាន500នាក់ក្នុងមួយថ្ងៃ។ យុទ្ធនាការនោះមន្ដ្រីចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងផ្ដល់ជូននូវលិខិតឆ្លងដែន លិខិតធ្វើដំណើរ ព្រមទាំងប័ណ្ណ COWC។
រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ទៀតថា ប្រសិនបើយុទ្ធនាការ100ថ្ងៃផ្ដល់ភាពស្របច្បាប់ជូនពលករខ្មែរដែលធ្វើជាមួយរាជរដ្ឋាភិបាលថៃបញ្ចប់ទៅប្រកបដោយជោគជ័យនោះ កម្ពុជានឹងពិចារណាថា នឹងបន្ដយុទ្ធនាការផ្ដល់ភាពស្របច្បាប់សម្រាប់ពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ីបន្ដទៀត។
គួររំឭកថា មានប្រជាពលរដ្ឋខ្មែរកំពុងតែបម្រើការងារនៅក្នុងប្រទេសថៃក្នុងរង្វង់1លាន 5ម៉ឺននាក់ ក្នុងនោះមានប្រមាណតែជាង70ម៉ឺននាក់ប៉ុណ្ណោះជាពលករស្របច្បាប់ ចំណែកជាង30ម៉ឺននាក់ទៀតពុំទាន់មានភាពស្របច្បាប់នៅឡើយទេ។ ដូច្នេះទើបរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការសម្រេចធ្វើកិច្ចការនេះឡើងដើម្បីជួយសម្រួលដល់ប្រជាពលករខ្មែរដែលពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើលិខិតឆ្លងដែន និងពុំទាន់បំពេញបែបបទស្របច្បាប់ក្នុងការបម្រើការងារនៅប្រទេសថៃ។
យុទ្ធនាការនេះត្រូវបានដាក់ចេញបន្ទាប់ពីភាគីថៃប្រកាសថា នឹងរឹតបន្ដឹងផ្នែកច្បាប់ដោយដាក់ទោសធ្ងន់ធ្ងរទៅលើពលករបរទេសទាំងឡាយណាដែលទៅធ្វើការនៅប្រទេសខ្លួនដោយមិនស្របច្បាប់ ពិសេសទៅលើថៅកែជនជាតិថៃណានៅតែបន្ដទទួលយកកម្មករមកធ្វើការងារដោយខុសច្បាប់។ ទោះជាយ៉ាងណាភាគីថៃក៏បានពន្យារពេលការអនុវត្ដច្បាប់រឹតបន្ដឹងនេះរហូតដល់6ខែ ដើម្បីទុកលទ្ធភាពឱ្យពលករកម្ពុជាអាចបំពេញលក្ខខណ្ឌឱ្យស្របច្បាប់៕

បើតាមសារព័ត៌មាន TvPool ដែលចេញផ្សាយបានឱ្យដឹងថា នៅរាត្រីថ្ងៃទី7 ខែកញ្ញា ឆ្នាំ2017 កន្លងមក តារាសម្ដែងស្រី ឈុំភូ អារីយ៉ា បានប្រសូតកូនប្រុសភ្លោះដែលជាវិនាទីដ៏គួរឱ្យចាប់អារម្មណ៍ និងគួរឱ្យរំភើបចិត្តបំផុត។ កូនភ្លោះរបស់នាងដែលមានឈ្មោះថា ណងសាយហ្វា (វេហា) និង ណងផាយុ (ខ្យល់ព្យុះ) បានប្រសូតមកឃើញពន្លឺព្រះអាទិត្យ ព្រមទាំងមានរូបឆោមស្រស់ស្អាតដូចម្ដាយទាំងពីរនាក់បងប្អូនតែម្ដង។
គួរបញ្ជាក់ផងដែរថា ការប្រសូតបុត្ររបស់តារាស្រីរូបនេះក៏បានផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ 3 ថៃ តាមរយៈកម្មវិធី 3Zap ផងដែរ ដែលធ្វើឱ្យអ្នកគាំទ្រញាប់ញ័រអារម្មណ៍ និងភ័យព្រួយជំនួសតារាស្រីរូបនេះទៀតផង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖













ខ្សែប្រយុទ្ធ Kylian Mbappe បានរកគ្រាប់បាល់បញ្ចូលទីនៅថ្ងៃនៃការចូលលេងជាលើកដំបូងរបស់គេ ខណៈដែលក្រុម Paris Saint-Germain បានកត់ត្រាជ័យជម្នះយ៉ាងងាយស្រួលក្នុងលទ្ធផល 5-1 នៅលើទឹកដីក្រុម Metz ដែលនៅសល់សមាជិកតែ10នាក់ ក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃសុក្រ។

ការបញ្ជូនបាល់យ៉ាងល្អរបស់ Neymar បានជួយឲ្យខ្សែប្រយុទ្ធ Edinson Cavani រកបានគ្រាប់បាល់បើកឆាកនៅនាទីទី31 នៅមុនពេលកីឡាករ Emmanuel Riviere បានតែតបាល់បញ្ចូលទីដើម្បីរកគ្រាប់បាល់តាមស្មើវិញនៅមុនពេលបញ្ចប់តង់ទី1។
ប៉ុន្តែ ការប្រកួតនេះបានបញ្ចប់ទាំងស្រុងក្នុងចន្លោះពេលត្រឹមតែ3នាទីក្នុងតង់ទី2 ក្រោយពី Benoit Assou-Ekotto បានរងពិន័យកាតក្រហម ដោយសារតែការប្រព្រឹត្តកំហុសទៅលើ Mbappe នៅមុនពេលខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានរកគ្រាប់បាល់បញ្ចូលទីជាលើកទី1របស់គេ។ បន្ទាប់មក ក្រុម PSG បានវាយសម្រុកយ៉ាងខ្លាំងដើម្បីរកគ្រាប់បាល់បន្ថែមទៀត ខណៈដែល Neymar ក៏រកគ្រាប់បាល់បំប៉ោងសំណាញ់ទីបានដែរ នៅមុនពេល Cavani បានរកគ្រាប់បាល់ទី2របស់គេ ហើយ Lucas Moura បានរកគ្រាប់បាល់ទី5ដើម្បីបំពេញការទទួលជ័យជម្នះសម្រាប់ក្រុមខ្លួនតែម្តង។

ជ័យជម្នះនេះ គឺជាការទទួលជ័យជម្នះជាលើកទី5ជាប់ៗគ្នារបស់ PSG នៅដើមរដូវកាលថ្មីនៃក្របខ័ណ្ឌ Ligue 1 មកទល់ពេលនេះ និងបានធ្វើឲ្យពួកគេនាំមុខ3ពិន្ទុជាបណ្តោះអាសន្ននៅលើកំពូលតារាង ពីលើក្រុមម្ចាស់ការពារតំណែងជើងឯក Monaco ដែលនឹងត្រូវប៉ះជាមួយនឹងក្រុម Nice នៅថ្ងៃសៅរ៍នេះ។
Mbappe ត្រូវបានដាក់ឲ្យចូលលេងក្នុងជម្រើសទាំង11នាក់ដំបូងនៅថ្ងៃនៃការបង្ហាញខ្លួនជាលើកទី1របស់គេ ក្រោយពីបានផ្ទេរមកពីក្លិប Monaco ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ជាមួយនឹងជម្រើសក្នុងការទិញយកដាច់ក្នុងតម្លៃខ្លួនមួយដែលអាចនឹងកើនដល់180លានអឺរ៉ូ (ស្មើនឹង216.5លានដុល្លារអាមេរិក)៕
ប្រភពពី៖ Sport24

មុននេះបន្តិច ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសប្តូរថ្ងៃចេញលទ្ធផលប្រឡងមធ្យមសិក្សាពីថ្ងៃទី12 ខែកញ្ញា ឆ្នាំ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី13 ខែកញ្ញា ឆ្នាំ2017 សម្រាប់ខេត្តផ្សេងៗមកថ្ងៃទី 10 វិញសម្រាប់រាជធានីភ្នំពេញ និងទី11 សម្រាប់តាមបណ្ដាខេត្ត (សូមមើលព័ត៌មានលម្អិតតាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួង Facebook.com/moeys.gov.kh ) ។
ការប្រកាសលទ្ធផលនេះត្រូវបានធ្វើឡើងមុនកាលបរិច្ឆេទកំណត់ ដោយសារតែដំណើរការនៃការធ្វើកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័របានប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាពប្រកបដោយស្មារតីយកទុកដាក់ និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធ ទើបធ្វើឱ្យមានការប្រកាសលទ្ធផលលឿនជាងមុន៕


ភ្នំពេញ៖ អង្ករត្រូវបានផ្តល់រហស្សនាមឱ្យថា “មាសស” ដោយសារតែវាជាដំណាំកសិកម្មសំខាន់ជាងគេក្នុងចំណោមដំណាំកសិកម្មផ្សេងៗនៅប្រទេសកម្ពុជាក្នុងការរកចំណូលចូលគ្រួសារកសិករ និងនាំចំណូលចូលរដ្ឋបានច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំ។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបបទការនាំចេញអង្ករបានឱ្យដឹងថា រយៈពេល8ខែក្នុងឆ្នាំ2017ដោយគិតចាប់ពីខែមករា ដល់ខែសីហា កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិប្រមាណជិត 40ម៉ឺនតោន កើនឡើង16ភាគរយបើធៀបរយៈពេលដូចគ្នានៅឆ្នាំ2016។
របាយការណ៍ផ្លូវការខាងលើបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ2017 កម្ពុជាបាននាំចេញអង្ករបានចំនួន 372,190តោន កើនឡើង16.30% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2016 ដែលមានចំនួនត្រឹមតែ 319,989តោនប៉ុណ្ណោះ។
ក្នុងចំណោមប្រទេសទទួលទិញអង្ករខ្មែរទាំង60ប្រទេស ប្រទេសចិន គឺជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេមានចំនួនដល់ទៅជាង10ម៉ឺនតោន បន្ទាប់មកគឺប្រទេសបារាំង ដែលមានចំនួនជិត5ម៉ឺនតោន និងប្រទេសធំទី3ដែលទិញអង្ករពីកម្ពុជាគឺប្រទេសប៉ូឡូញដែលមានចំនួនជាង3ម៉ឺនតោន។
គួររំឭកថា កាលពីឆ្នាំ2016 កន្លងទៅកម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង50ម៉ឺនតោន ហើយគេរំពឹងថា ការនាំចេញអង្ករទៅក្រៅប្រទេសនឹងមានចំនួនកើនឡើងកាន់តែច្រើនថែមទៀតតាមរយៈយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការនាំអង្ករចេញឱ្យបាន1លានតោនក្នុង1ឆ្នាំ៕

តាមរយៈ Facebook របស់តារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា កាលពីថ្ងៃទី7 ខែកញ្ញា ឆ្នាំ2017 បានបង្ហោះសារអរគុណចំពោះអ្នកគាំទ្រ និងមិត្តរួមអាជីពសិល្បៈដែលបានចូលរួមប្រារព្ធពិធីខួបកំណើតជូន ព្រមទាំងមានកាដូ និងសារជូនពរជាច្រើនដល់រូបនាង។


សារខ្លីៗតែមានអត្ថន័យជ្រាលជ្រៅនោះបានរៀបរាប់នៅលើគណនីរបស់ បញ្ញា ថា «អរគុណយ៉ាងខ្លាំងចំពោះអ្នកគាំទ្រជាទីស្រឡាញ់ទាំងអស់សម្រាប់ការរៀបចំធ្វើពិធីខួបកំណើត។ ពួកយើងមានរាត្រីដ៏ស្រស់បំព្រងនេះ ហើយពួកយើងពិតជាសប្បាយរីករាយណាស់។ ខ្ញុំប្រាថ្នាថា នឹងស្ថិតនៅក្នុងបេះដូងរបស់អ្នក និងក្ដីស្រឡាញ់របស់ខ្ញុំដែលមិនផ្លាស់ប្ដូរចំពោះអ្នករហូត។ អរគុណសម្រាប់អ្វីៗគ្រប់យ៉ាង»។

គួរបញ្ជាក់ផងដែរថា បើទោះបីជាកញ្ញា ឈិត សុវណ្ណបញ្ញា កំពុងជ្រកក្នុងទ្រនំថោនហើយក្ដី ក៏មានតារាជាច្រើនដូចជា កញ្ញាឱក សុគន្ធកញ្ញា លោកឆន សុវណ្ណរាជ អ្នកនាងយក់ ថិតរដ្ឋា លោកអ៊ីន ទីតូ បានចូលរួម និងផ្ញើសារជូនពរប្អូនស្រីជាទីស្រឡាញ់ម្នាក់នេះផងដែរ៕






ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងឲ្យដឹងថា កម្ពុជានឹងទទួលបានរ៉ែមាសនៅឆ្នាំ2018 បន្ទាប់ពីក្រុមហ៊ុន1ក្នុងចំណោម2ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងបានស្រាវជ្រាវរកឃើញរ៉ែមាសនៅកម្ពុជា។
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល លោក យស់ មុន្នីរ៉ាត់ បានថ្លែងលើកឡើងនៅក្នុងសិក្ខាសាលាកាលពីម្សិលមិញថា នៅក្នុងការស្វែងរុករករ៉ែលោហៈនេះ ចាប់ពីឆ្នាំ2013មកមានក្រុមហ៊ុនបរទេសជាច្រើនបានមកសុំអាជ្ញាប័ណ្ណដើម្បីធ្វើអាជីវកម្មរុករករ៉ែនេះ ប៉ុន្តែដោយសារការស្វែងរុករកមិនបានជួបប្រទះនូវប្រភពរ៉ែនោះ មានក្រុមហ៊ុនមួយចំនួនបានបញ្ចប់ការស្វែងរុករកជាបណ្តើរៗដែលគិតរហូតមកដល់ឆមាសទី1ឆ្នាំនេះ នៅមានក្រុមហ៊ុនចំនួន63ប៉ុណ្ណោះដែលនៅតែស្វែងរុករករ៉ែ ក្នុងនោះក្រុមហ៊ុនចំនួន4ដែលក្រសួងគ្រោងនឹងដកហូតអាជ្ញាប័ណ្ណលែងឲ្យធ្វើអាជីវកម្មនៅកម្ពុជា។
លោកបន្តថា “ធនធានរ៉ែនៅកម្ពុជាជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងជាវត្ថុធាតុដើមមួយយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់ឧស្សាហកម្មប្រើប្រាស់វត្ថុធាតុដើមរ៉ែដើម្បីផលិតជាផលិតផលផ្សេងៗសម្រាប់បំពេញសេចក្តីត្រូវការនៅក្នុងប្រទេស និងការនាំចេញទៅក្រៅប្រទេស។
លោក យស់ មុន្នីរ៉ាត់ បានបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួនពីរ ក្នុងនោះក្រុមហ៊ុននៅខេត្តរតនគីរីបានស្វែងរុករកឃើញរ៉ែមាសខ្នាតមធ្យមមួយហើយ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីធ្វើអាជីវកម្មដែលយ៉ាងយូរបំផុតនៅពាក់កណ្តាលឆ្នាំ2018យើងនឹងទទូលបានកំណប់ដុំមាសនេះហើយ។ រីឯក្រុមហ៊ុនមួយទៀតដែលជាក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលីក៏បានស្វែងរុករករ៉ែមាសឃើញផងដែរ គឺនៅក្នុងខេត្តមណ្ឌលគីរី និងបច្ចុប្បន្នកំពុងដាក់ពាក្យសុំធ្វើអាជីវកម្ម។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលលោក ឌិត ទីណា បានថ្លែងឲ្យដឹងផងដែរថា កម្ពុជាជាប្រទេសមួយពិតជាមានរ៉ែមែន ប៉ុន្តែប្រភេទរ៉ែទាំងនោះរាជរដ្ឋាភិបាលកម្ពុជាមិនអាចមានលទ្ធភាពវិនិយោគដោយខ្លួនឯងបានឡើយ ដោយសារការស្វែងរុករករ៉ែគឺត្រូវការមានជំនាញច្បាស់លាស់ ជាពិសេសមានឧបករណ៍គ្រប់គ្រាន់ទើបយើងអាចដំណើរការទៅបាន។
សូមរំឭកថា សារពើពន្ធប្រមូលបានពីវិស័យរ៉ែមានចំនួនប្រមាណ ១៦លានដុល្លារអាមេរិក កើនឡើងជាច្រើនដងបើប្រៀបធៀបទៅនឹងឆ្នាំមុន៕

ភ្នំពេញៈ ការយករថយន្តទៅជួសជុលនៅតាមយានដ្ឋានគ្មានស្តង់ដានឹងបង្កហានិភ័យខ្ពស់ដល់អ្នកបើកបរ និងម្ចាស់រថយន្តនានាក្នុងករណីដែលពួកគេជួសជុលមិនបានត្រឹមត្រូវ។ នេះបើតាមការលើកឡើងពីអ្នកជំនាញនានា។
អគ្គនាយកក្រុមហ៊ុន Great Wall Cambodia លោក ពាង ម៉ាន់ ដែលបាននាំចូលរថយន្តមកពីប្រទេសចិនបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី8 កញ្ញានេះថា ជាងជួសជុលរថយន្តនៅតាមយានដ្ឋានជួសជុលរថយន្តថ្មីៗភាគច្រើនមិនមានចំណេះដឹងតាមទាន់ការវិវឌ្ឍនៃបច្ចេកវិទ្យា និងគ្រឿង Software របស់រថយន្តទំនើបៗទាំងនោះទេ ដោយសារការពិនិត្យមើលរថយន្តបច្ចុប្បន្នសុទ្ធតែធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រដែលប្រើប្រាស់ភាសាអង់គ្លេសជាគោលទាំងអស់។ ហេតុនេះប្រសិនជាការយល់ដឹងរបស់គាត់មានកម្រិត និងមិនបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវពួកគាត់មិនអាចជួសជុលរថយន្តទំនើបៗបានទេ។
លោកបន្តថា “ជាងទាំងនោះអាចជួសជុលគ្រឿងក្រោមបាន ប៉ុន្តែលក្ខណៈបច្ចេកទេសយានយន្ត ពួកគេមិនសូវយល់ដឹងនោះទេ ប៉ុន្តែបើជាងដែលមានបទពិសោធចាប់ពី10ឆ្នាំឡើងទៅ ពួកគេមានជំនាញច្បាស់លាស់ហើយ។ លោកបន្តថា “ជាងជួសជុលរថយន្តដែលមានបទពិសោធយូរឆ្នាំ ពួកគេមានសមត្ថភាពខ្លាំងជាងបើធៀបនឹងជាងជួសជុលជាជនជាតិបរទេសផង ដោយសារនៅស្រុកខ្មែរមានរថយន្តច្រើនប្រភេទ។
ទោះជាយ៉ាងណា យានដ្ឋានជួសជុលរថយន្តរបស់ក្រុមហ៊ុននាំចូលរថយន្តថ្មីៗទាំងនោះ គឺផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្តដែលពួកគេនាំចូល និងរថយន្តដែលមានម៉ាកដូចគ្នានឹងរថយន្តនៃក្រុមហ៊ុនដែលពួកគេនាំចូលតែប៉ុណ្ណោះ។
អគ្គនាយកផ្នែកបច្ចេកទេសយានយន្តនៃក្រុមហ៊ុន RMA Cambodia លោកសេង វឹង បានថ្លែងឲ្យដឹងផងដែរថា យានដ្ឋានជួសជុលរថយន្តបែបប្រពៃណី ជាងជួសជុលរថយន្តភាគច្រើនរៀនតាមគ្នា និងមិនសូវមានការយល់ដឹងពីការវិវឌ្ឍនៃបច្ចេកវិទ្យាថ្មីៗនោះទេដែលធ្វើឲ្យពួកគាត់មិនអាចធ្វើការជួសជុលរថយន្តបានត្រឹមត្រូវនោះទេ។ ជាក់ស្តែងជាងរបស់លោកបានចុះទៅយករថយន្តទំនើបៗពីយានដ្ឋានជួសជុលរថយន្តជាច្រើនលើកមកហើយ ដោយសារតែជាងនៅតាមយានដ្ឋានទាំងនោះ មិនទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
លោកបន្តថា “ការជួសជុលរថយន្តនៅយានដ្ឋានគ្មានស្តង់ដារបង្កគ្រោះថ្នាក់ណាស់ដល់ម្ចាស់យានយន្ត ព្រោះការជួសជុលបច្ចុប្បន្នសុទ្ធតែឆែកមើលតាមប្រព័ន្ធកុំព្យទ័រ និងត្រូវចេះភាសាអង់គ្លេស ដូច្នេះបើជាងមិនចេះជំនាញទាំងនេះ ពួកគេរៀបចំប្រព័ន្ធសុវត្ថិភាពយានយន្តមិនបានត្រឹមត្រូវនោះឡើយ។ លោកបន្តថា “ខ្ញុំគិតថា វាគ្រោះថ្នាក់ណាស់សម្រាប់ម្ចាស់យានយន្តត្រូវយករថយន្តទៅជួសជុលដែលពេលខ្លះគ្រឿងបន្លាស់របស់ពួកគេមិនស៊ីគ្នានឹងរថយន្តនោះឡើយ។
លោក សេង វឹង បានបន្តថា សម្រាប់យានដ្ឋានរបស់យើង គឺជាងជួសជុលទាំងអស់ សុទ្ធតែទទួលបានការបណ្តុះបណ្តាលនៅក្រៅប្រទេស និងក្នុងស្រុកជា
ប្រចាំ ព្រោះរថយន្តទំនើបៗមានបច្ចេកវិទ្យាថ្មីៗជាប់រហូត ហេតុនេះយើងទាមទារឲ្យមានការបណ្តុះបណ្តាលជាប់ជាប្រចាំទើបជាងទាំងអស់អាចមានសមត្ថភាពជួសជុលយានយន្តទំនើបៗបាន និងប្រកបដោយស្តង់ដារត្រឹមត្រូវ៕